ចំណុចទីប្រាំបី៖ ពួកគេចង់ឱ្យអ្នកដទៃចុះចូលតែនឹងពួកគេ មិនមែនចុះចូលនឹងសេចក្ដីពិត ឬព្រះជាម្ចាស់ទេ (ភាគពីរ)
ផ្នែកបំពេញបន្ថែម៖ ការពិភាក្សាខ្លីៗអំពីទិដ្ឋភាពបីយ៉ាងនៃភាពជាមនុស្សធម្មតា
នៅក្នុងការប្រកបគ្នារបស់យើងនាពេលនេះ យើងនឹងមិននិយាយរឿងនិទានទេ។ យើងនឹងចាប់ផ្ដើមជាមួយប្រធានបទមួយដែលតែងតែត្រូវបានលើកយកមកពិភាក្សាគឺ៖ តើអ្វីទៅជាភាពជាមនុស្ស។ យើងបាននិយាយជាច្រើនអំពីប្រធានបទនេះកាលពីមុន ហើយឥឡូវនេះក៏យើងនិយាយអំពីវាដែរ។ វាជាប្រធានបទដែលត្រូវបានលើកឡើងជាញឹកញាប់ ជាបញ្ហាដែលមនុស្សម្នាក់ៗជួបប្រទះជារៀងរាល់ថ្ងៃនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ជាប្រធានបទដែលមនុស្សម្នាក់ៗអាចជួបប្រទះ និងឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ប្រធានបទនោះគឺ តើអ្វីទៅជាភាពជាមនុស្ស។ ភាពជាមនុស្សរួមបញ្ចូលនូវរឿងសំខាន់ៗជាច្រើន។ តើអ្វីខ្លះជាការសម្ដែងចេញជាទូទៅនៃភាពជាមនុស្សនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់? (សេចក្ដីសុចរិត និងសេចក្តីថ្លៃថ្នូរ។) មានអ្វីទៀត? សតិសម្បជញ្ញៈ និងហេតុផលមែនទេ? (មែនហើយ។) អ្នករាល់គ្នាតែងតែនិយាយអំពីរឿងទាំងនោះ។ តើមានអ្វីផ្សេងទៀតដែលអ្នករាល់គ្នាមិនសូវនិយាយ? នោះគឺ តើប្រធានបទអ្វីខ្លះដែលជាទូទៅអ្នករាល់គ្នាមិនបានលើកយកមកនិយាយ នៅពេលដែលអ្នករាល់គ្នាជជែកអំពីភាពជាមនុស្ស? សតិសម្បជញ្ញៈនិងហេតុផល សេចក្ដីសុចរិតនិងសេចក្តីថ្លៃថ្នូរ ពោលគឺប្រធានបទទាំងនេះគឺជារឿងដដែលៗដែលមនុស្សម្នាក់ៗតែងតែជួបប្រទះ។ តើសតិសម្បជញ្ញៈ ហេតុផល សេចក្ដីសុចរិត និងសេចក្តីថ្លៃថ្នូរដែលអ្នករាល់គ្នាឧស្សាហ៍ពិភាក្សា មានទំនាក់ទំនងជាមួយជីវិតពិតរបស់អ្នករាល់គ្នាខ្លាំងប៉ុនណា? តើខ្លឹមសារទាំងនោះបានជួយស្អាងខាងវិញ្ញាណ និងជួយដល់ការអនុវត្ត និងការចូលទៅក្នុងជីវិតពិតរបស់អ្នករាល់គ្នាដោយរបៀបណា? តើវាមានប្រយោជន៍កម្រិតណា? ដូច្នេះ តើមានចំណុចអ្វីខ្លះផ្សេងទៀតដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជីវិតមនុស្សធម្មតាប្រចាំថ្ងៃរបស់អ្នករាល់គ្នា? ខ្ញុំនឹងលើកឡើងពីរបីចំណុច ហើយយើងនឹងមើលថាតើវាជាប្រធានបទដែលអ្នករាល់គ្នាជួបប្រទះជាប្រចាំដែរឬទេ។ ជាមួយនឹងខ្លឹមសាររបស់យើងដែលពាក់ព័ន្ធនឹងភាពជាមនុស្ស ដំបូងយើងនឹងទុកមួយឡែកសិនថាតើខ្លឹមសារនោះវិជ្ជមាន ឬអវិជ្ជមាន ហើយថាតើវាទាក់ទងនឹងភាពជាមនុស្សធម្មតា ឬមិនធម្មតា។ លើសពីចំណុចដែលយើងទើបតែបានលើកឡើង ក៏មានចំណុចមួយទៀតដែរ នោះគឺឥរិយាបថរបស់មនុស្សក្នុងការប្រព្រឹត្តទៅលើមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗគ្រប់បែបយ៉ាងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ តើនោះមិនមែនជាចំណុចមួយទេឬ? តើចំណុចនោះមិនពាក់ព័ន្ធនឹងភាពជាមនុស្សទេឬ? (ពាក់ព័ន្ធ។) មានចំណុចមួយទៀត នោះគឺការគ្រប់គ្រងរបស់មនុស្សទៅលើមជ្ឈដ្ឋានជុំវិញខ្លួននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយមួយចំណុចទៀតគឺឥរិយាបថ និងអាកប្បកិរិយារបស់មនុស្សនៅក្នុងការទាក់ទងរបស់ពួកគេជាមួយភេទផ្ទុយគ្នា។ តើចំណុចទាំងបីនេះទាក់ទងនឹងភាពជាមនុស្សដែរឬទេ? (ពិតមែនហើយ។) គឺសុទ្ធតែទាក់ទងទាំងអស់។ សម្រាប់ប្រធានបទដែលយើងនឹងពិភាក្សានៅពេលនេះ យើងនឹងដាក់មួយឡែកនូវប្រធានបទស្ដីពីការដេញតាមសេចក្ដីពិតរបស់មនុស្ស របៀបចូលទៅក្នុងតថភាពនៃសេចក្ដីពិតនៅក្នុងជំនឿរបស់មនុស្សម្នាក់លើព្រះជាម្ចាស់ និងរបៀបប្រកាន់ខ្ជាប់នូវគោលការណ៍ផ្សេងៗទាំងអស់ ហើយយើងនឹងនិយាយតែអំពីភាពជាមនុស្សប៉ុណ្ណោះ។ ដូច្នេះចំណុចទាំងបីនោះ តើទំនាក់ទំនងរបស់វាជាមួយនឹងភាពជាមនុស្សមានសារៈសំខាន់ដែរឬទេ? (មែនហើយ។) តើចំណុចទាំងបីនោះមានអ្វីខ្លះ? សូមរៀបរាប់ឡើងវិញ។ (ទីមួយគឺ ឥរិយាបថរបស់មនុស្សក្នុងការប្រព្រឹត្តចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗគ្រប់បែបយ៉ាងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ទីពីរគឺ ការគ្រប់គ្រងរបស់មនុស្សទៅលើបរិស្ថានជុំវិញខ្លួននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ទីបីគឺ ឥរិយាបថ និងអាកប្បកិរិយារបស់មនុស្សនៅក្នុងការទាក់ទងរបស់ពួកគេជាមួយភេទផ្ទុយគ្នានៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។) ហើយតើចំណុចទាំងបីនោះពាក់ព័ន្ធនឹងអ្វី? (ភាពជាមនុស្ស។) ហេតុអ្វីបានជាយើងនិយាយថាចំណុចទាំងបីនេះពាក់ព័ន្ធនឹងភាពជាមនុស្ស ថាវាទាក់ទងនឹងភាពជាមនុស្ស? ហេតុអ្វីបានជាយើងលើកយកចំណុចទាំងបីនេះមកនិយាយ? ហេតុអ្វីបានជាយើងមិននិយាយអំពីចំណុចដែលទាក់ទងនឹងសតិសម្បជញ្ញៈ និងហេតុផល? ហេតុអ្វីបានជាយើងទុកមួយឡែកនូវទិដ្ឋភាពដែលយើងតែងតែពិភាក្សា ដើម្បីមកនិយាយអំពីចំណុចទាំងបីនេះ? តើចំណុចទាំងបីនេះខ្ពស់ជាង ឬមានមូលដ្ឋានគ្រឹះជាងសតិសម្បជញ្ញៈ ហេតុផល សេចក្ដីសុចរិត និងសេចក្តីថ្លៃថ្នូរទាក់ទងនឹងភាពជាមនុស្ស ដែលយើងបានពិភាក្សាកាលពីមុន? (វាមានមូលដ្ឋានគ្រឹះជាង។) បើដូច្នេះ តើការពិភាក្សាអំពីរឿងទាំងនេះជាការមើលស្រាលអ្នករាល់គ្នាឬ? (មិនមែនទេ។) ដូច្នេះ ហេតុអ្វីបានជាយើងត្រូវពិភាក្សាអំពីវា? (ព្រោះវាជាក់ស្ដែង។) គឺវាជាក់ស្ដែងជាង។ តើនេះជាហេតុផលរបស់អ្នករាល់គ្នាឬ? ហេតុអ្វីបានជាយើងនឹងនិយាយអំពីរឿងនេះ? ពីព្រោះខ្ញុំបានរកឃើញបញ្ហាទាំងឡាយ។ ទាក់ទងនឹងស្ថានភាពជាក់ស្ដែង និងអាកប្បកិរិយាផ្សេងៗដែលបង្ហាញឡើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស ខ្ញុំបានរកឃើញបញ្ហាពីរបីដែលចាក់ស្រេះយ៉ាងជ្រៅជាមួយជីវិតពិតរបស់មនុស្ស ហើយវាចាំបាច់ណាស់ដែលត្រូវលើកយកវាមកប្រកបគ្នាម្ដងមួយៗ។ ប្រសិនបើមនុស្សទុកមួយឡែកនូវជីវិតពិត និងអាកប្បកិរិយាផ្សេងៗនៃភាពជាមនុស្សធម្មតា និងជីវិតប្រចាំថ្ងៃនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ហើយដេញតាមតែសេចក្ដីពិតម្យ៉ាង ដូចជាសេចក្ដីពិតដ៏ជ្រាលជ្រៅនៃការធ្វើជាមនុស្សដែលព្រះជាម្ចាស់ស្រឡាញ់ ចូរប្រាប់ខ្ញុំមក តើបញ្ហាអ្វីខ្លះនឹងកើតឡើង? តើអ្វីជាលក្ខខណ្ឌមូលដ្ឋានដែលនរណាម្នាក់អាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាន នៅក្នុងការដេញតាមសេចក្ដីពិតរបស់ពួកគេ? (ពួកគេត្រូវតែធ្វើវានៅក្នុងជីវិតពិត។) មានអ្វីទៀត? (ពួកគេត្រូវការភាពជាមនុស្សធម្មតា។) ត្រូវហើយ ពោលគឺពួកគេត្រូវតែមានភាពជាមនុស្សធម្មតា ដែលក្រៅពីសតិសម្បជញ្ញៈ ហេតុផល សេចក្ដីសុចរិត និងសេចក្តីថ្លៃថ្នូរ គឺរួមមានចំណុចបីដែលយើងទើបតែបានលើកឡើង។ វាហាក់ដូចជាទទេសូន្យបន្តិចសម្រាប់នរណាម្នាក់ដែលនិយាយអំពីការដេញតាម និងស្វែងរកសេចក្ដីពិត ប្រសិនបើពួកគេមិនអាចរស់នៅតាមបទដ្ឋាន ឬសម្រេចបានភាពធម្មតានៅក្នុងចំណុចទាំងបីនេះដែលទាក់ទងនឹងភាពជាមនុស្ស។ ការដេញតាមសេចក្ដីពិត ការដេញតាមការចូលទៅក្នុងតថភាពនៃសេចក្ដីពិត ការដេញតាមសេចក្ដីសង្គ្រោះ ពោលគឺទាំងនេះមិនមែនគ្រប់គ្នាអាចសម្រេចបាននោះទេ ប៉ុន្តែគឺមានតែមនុស្សភាគតិចប៉ុណ្ណោះដែលស្រឡាញ់សេចក្ដីពិត និងមានភាពជាមនុស្សធម្មតា ទើបអាចសម្រេចបាន។ ប្រសិនបើមនុស្សម្នាក់មិនដឹងថាតើមនុស្សដែលមានភាពជាមនុស្សធម្មតាគួរតែមានអ្វីខ្លះ ឬគួរធ្វើអ្វីខ្លះ ឬគួរមានឥរិយាបថ និងទស្សនៈបែបណាទាក់ទងនឹងមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗមួយចំនួន តើមនុស្សម្នាក់នោះមានសមត្ថភាពអាចសម្រេចបាននូវការចូលទៅក្នុងតថភាពនៃសេចក្ដីពិតដែរឬទេ? តើការដេញតាមសេចក្ដីពិតរបស់ពួកគេអាចបង្កើតផលបានដែរឬទេ? គួរឲ្យសោកស្ដាយណាស់ គឺមិនអាចទេ។
ក. ឥរិយាបថរបស់មនុស្សក្នុងការប្រព្រឹត្តទៅលើមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗគ្រប់បែបយ៉ាង
យើងនឹងចាប់ផ្ដើមការប្រកបគ្នាអំពីចំណុចទីមួយដែលពាក់ព័ន្ធនឹងភាពជាមនុស្ស៖ ឥរិយាបថរបស់មនុស្សក្នុងការប្រព្រឹត្តទៅលើមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗគ្រប់បែបយ៉ាងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ មនុស្សគ្រប់គ្នាយល់ពីអត្ថន័យនៃពាក្យ «ជីវិតប្រចាំថ្ងៃ»។ វាមិនចាំបាច់ត្រូវពន្យល់លម្អិតទេ។ បើដូច្នេះ តើអ្វីខ្លះជាមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗសំខាន់ៗដែលទាក់ទងនឹងភាពជាមនុស្ស? នោះគឺ តើមានអ្វីខ្លះដែលឡើងដល់កម្រិតនៃភាពជាមនុស្សធម្មតា ដែលស្ថិតក្នុងវិសាលភាពរបស់វា ហើយដែលពាក់ព័ន្ធនឹងវា? (ការប្រាស្រ័យទាក់ទងជាមួយមនុស្ស និងរបស់ផ្សេងៗ។) នោះគឺជាផ្នែកមួយរបស់វា។ ក៏មានផងដែរនូវចំណេះដឹង និងជំនាញវិជ្ជាជីវៈដែលមនុស្សម្នាក់គួរតែរៀន ហើយក៏មានចំណេះដឹងទូទៅសម្រាប់ជីវិតប្រចាំថ្ងៃផងដែរ។ ទាំងអស់នេះគឺជាផ្នែកនៃអ្វីដែលមនុស្សម្នាក់មានភាពជាមនុស្សធម្មតាគួរតែយល់ដឹង និងមាន។ ឧទាហរណ៍ មនុស្សខ្លះរៀនធ្វើជាជាងឈើ ឬជាងរៀបឥដ្ឋ ហើយអ្នកផ្សេងទៀតរៀនបើកបរ ឬជួសជុលរថយន្ត។ ទាំងនេះគឺជាជំនាញ ជាមុខរបរ ហើយការចេះនូវមុខរបរបែបនេះ គឺមានន័យថាបានយល់ដឹងពីជំនាញវិជ្ជាជីវៈនៃមុខរបរនោះ។ ដូច្នេះ តើមនុស្សម្នាក់ត្រូវរៀនជំនាញមួយដល់កម្រិតណា និងតាមបទដ្ឋានអ្វី ដើម្បីអាចចាត់ទុកថាជាអ្នកជំនាញ? យ៉ាងហោចណាស់ ពួកគេត្រូវតែអាចផលិតបាននូវផលិតផលសម្រេចមួយស្របតាមបទដ្ឋានដែលអាចទទួលយកបាន។ មានមនុស្សមួយចំនួនដែលធ្វើការងារគ្មានគុណភាពសោះ។ ការងារដែលពួកគេធ្វើគឺមិនត្រឹមត្រូវតាមបទដ្ឋាន រហូតដល់ថ្នាក់មិនអាចទ្រាំមើលបាន។ តើបញ្ហានៅត្រង់ណា? នោះគឺពាក់ព័ន្ធនឹងឥរិយាបថរបស់ពួកគេចំពោះមុខរបររបស់ខ្លួន។ មនុស្សខ្លះគ្មានឥរិយាបថយកចិត្តទុកដាក់ទេ។ ពួកគេគិតថា «ប្រសិនបើរបស់ដែលខ្ញុំផលិតអាចប្រើប្រាស់បាន នោះគឺគ្រប់គ្រាន់ហើយ។ គ្រាន់តែប្រើប្រាស់វាឱ្យបានពីរបីឆ្នាំទៅ រួចចាំជួសជុលវា»។ តើទស្សនៈបែបនេះជាទស្សនៈដែលមនុស្សមានភាពជាមនុស្សធម្មតាគួរតែមានឬ? (ទេ)។ មនុស្សខ្លះមានឥរិយាបថព្រងើយកន្តើយ និងមិនខ្វល់ខ្វាយ។ «ធ្វើល្មមៗបានហើយ» គឺល្អសម្រាប់ពួកគេហើយ។ នេះគឺជាឥរិយាបថដែលគ្មានការទទួលខុសត្រូវ។ ការចាត់ចែងរឿងរ៉ាវដោយខ្ជីខ្ជា និងគ្មានការទទួលខុសត្រូវ គឺជាធាតុមួយនៃនិស្ស័យពុករលួយ៖ វាគឺជាភាពថោកទាបដែលមនុស្សសំដៅដល់ជាញឹកញាប់។ នៅក្នុងគ្រប់រឿងរ៉ាវដែលពួកគេធ្វើ ពួកគេធ្វើវាដល់កម្រិតត្រឹមតែ «វាជិតត្រូវហើយ» និង «ជិតគ្រប់ហើយ»។ វាជាអាកប្បកិរិយាបែប «ប្រហែល» «អាចដែរ» និង «ប្រហាក់ប្រហែល»។ ពួកគេធ្វើរឿងរ៉ាវបែបបង្គ្រប់កិច្ច ពេញចិត្តនឹងធ្វើការឱ្យតិចបំផុត ហើយពួកគេពេញចិត្តនឹងការបោកបញ្ឆោតដើម្បីឱ្យតែរួចខ្លួន។ ពួកគេមើលមិនឃើញចំណុចសំខាន់នៅក្នុងការងារប្រកបដោយយកចិត្តទុកដាក់ ឬកិច្ចការប្រកបដោយភាពហ្មត់ចត់ឡើយ ហើយពួកគេក៏មើលឃើញកាន់តែតិចពីភាពសំខាន់ក្នុងការស្វែងរកគោលការណ៍នៃសេចក្ដីពិតដែរ។ តើនេះមិនមែនជាផ្នែកមួយនៃនិស្ស័យដ៏ពុករលួយទេឬ? តើវាជាការសម្ដែងចេញនូវភាពជាមនុស្សធម្មតាដែរឬទេ? វាមិនមែនទេ។ ការហៅវាថាជាភាពក្រអឺតក្រទមគឺត្រឹមត្រូវ ហើយការហៅវាថាជាការខ្វះវិន័យ ក៏សមរម្យទាំងស្រុងដែរ ប៉ុន្តែដើម្បីពណ៌នាវាឱ្យបានល្អឥតខ្ចោះ ពាក្យតែមួយគត់ដែលនឹងពណ៌នាអំពីវាយ៉ាងល្អនោះគឺជាពាក្យ «ថោកទាប»។ មនុស្សភាគច្រើនមានភាពថោកទាបនៅក្នុងខ្លួន គ្រាន់តែក្នុងកម្រិតផ្សេងគ្នាប៉ុណ្ណោះ។ នៅក្នុងគ្រប់រឿងរ៉ាវ ពួកគេចង់ធ្វើការឱ្យតែរួចពីដៃ រកមើលយកតែរួចខ្លួន ហើយមានក្លិននៃភាពបោកបញ្ឆោតនៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ពួកគេបោកប្រាស់អ្នកដទៃពេលដែលពួកគេអាចធ្វើបាន លេងផ្លូវកាត់ពេលដែលពួកគេអាច ហើយសន្សំពេលវេលាពេលដែលពួកគេអាចសន្សំបាន។ ពួកគេគិតក្នុងចិត្តថា «ដរាបណាខ្ញុំអាចគេចវេះពីការត្រូវបានគេបើកសម្ដែង និងមិនបង្កបញ្ហាអ្វី ហើយខ្ញុំមិនត្រូវបានហៅឱ្យមកទទួលខុសត្រូវ ខ្ញុំអាចប្រឡិមប្រឡុំធ្វើការឱ្យតែបានៗតាមរយៈការធ្វើដូច្នេះ។ ខ្ញុំមិនចាំបាច់ធ្វើកិច្ចការឱ្យបានល្អខ្លាំងនោះទេ នោះគឺសាំញ៉ាំពេកហើយ!» មនុស្សបែបនេះមិនដែលស្ទាត់ជំនាញអ្វីឡើយ ហើយពួកគេមិនមានឆន្ទៈខំប្រឹងខ្លាំង ឬរងទុក្ខ និងបង់ថ្លៃសម្រាប់ការសិក្សារបស់ពួកគេទេ។ ពួកគេចង់ទទួលបានតែចំណេះដឹងសើៗនៃប្រធានបទប៉ុណ្ណោះ ក្រោយមក ហៅខ្លួនឯងថាមានភាពស្ទាត់ជំនាញលើផ្នែកនោះ ដោយជឿថាពួកគេបានជោគជ័យក្នុងការរៀនអំពីវារួចហើយ ហើយបន្ទាប់មក អាងលើការនេះ ដើម្បីប្រឡិមប្រឡុំចំពោះផ្លូវរបស់ខ្លួន។ តើនេះមិនមែនជាអាកប្បកិរិយាមួយដែលមនុស្សមានចំពោះមនុស្ស ព្រឹត្ដិការណ៍ និងរបស់ផ្សេងៗទេឬ? តើវាជាអាកប្បកិរិយាល្អឬ? វាមិនមែនទេ។ និយាយដោយសាមញ្ញទៅ វាគឺជាការ «ធ្វើឱ្យតែរួចពីដៃ»។ ភាពថោកទាបបែបនេះ មាននៅក្នុងមនុស្សជាតិដ៏ពុករលួយទាំងអស់។ មនុស្សដែលមានភាពថោកទាបក្នុងភាពជាមនុស្សរបស់ខ្លួន មានទស្សនៈ និងអាកប្បកិរិយានៃ «ការធ្វើឱ្យតែរួចពីដៃ» ចំពោះគ្រប់យ៉ាងដែលពួកគេធ្វើ។ តើមនុស្សបែបនេះអាចបំពេញភារកិច្ចរបស់ពួកគេបានសមរម្យឬទេ? មិនអាចទេ។ តើពួកគេអាចធ្វើអ្វីៗដោយមានគោលការណ៍ឬទេ? កាន់តែមិនអាចទៀតហើយ។
មនុស្សមួយចំនួនគ្មានការប្តេជ្ញាចិត្តក្នុងកិច្ចការដែលពួកគេធ្វើនោះទេ ប៉ុន្តែពួកគេបែរជាធ្វើការខ្ជីខ្ជា ឱ្យតែរួចពីដៃ និងគ្មានការទទួលខុសត្រូវទៅវិញ។ ឧទាហរណ៍ មានអ្នកខ្លះរៀនបើកឡាន ប៉ុន្តែមិនដែលសួរអ្នកដែលមានបទពិសោធន៍បើកឡានថា ពេលបើកឡានគួរផ្តោតអារម្មណ៍លើអ្វី ឬល្បឿនប៉ុនណាដែលអាចធ្វើឱ្យខូចម៉ាស៊ីនឡាននោះទេ។ ពួកគេមិនសួរ ហើយគិតតែពីបើកឡាន ហើយចុងក្រោយឡានពួកគេត្រូវខូច។ គេធាក់ឡាន ហើយនិយាយថា «ឡាននេះអន់ណាស់។ ឱ្យឡាន ម៉ាសេដេស ឬប៊ីអឹមឌឹបប៊ែលយូមកខ្ញុំជិះវិញ ឡានកញ្ចាស់នេះ ជិះមិនកើតទេ ហួសសម័យហើយ!» តើនេះជាឥរិយាបថអ្វី? ពួកគេមិនថែទាំរបស់របរដោយចិត្តស្រឡាញ់នោះទេ ហើយក៏មិនគិតថានឹងថែរក្សាវាឱ្យបានឋិតថេរដែរ តែបែរជាបំផ្លិចបំផ្លាញ មានចេតនាធ្វើឱ្យខូចទៅវិញ។ មនុស្សខ្លះរស់នៅបែបរញ៉េរញ៉ៃ ជីវិតរប៉ាត់រប៉ាយ។ ពួកគេធ្វើនេះធ្វើនោះពេញមួយថ្ងៃ ដោយប្រញាប់ប្រញាល់ មិនយកចិត្តទុកដាក់ ខ្វល់ខ្វាយអ្វីទាំងអស់។ តើពួកគេជាមនុស្សបែបណា? (មនុស្សដែលមិនយកចិត្តទុកដាក់។) "មនុស្សដែលមិនយកចិត្តទុកដាក់" គឺជាឃ្លាដែលនិយាយយកគួរសមទេ តាមពិតអ្នកគួរតែហៅពួកគេថា "មនុស្សខ្ជីខ្ជា"; "មនុស្សមានសីលធម៌ទាប" ទើបសមជាង។ តើអ៊ីចឹងហួសហេតុពេកទេ? តើគេអាចមើលដឹងពីភាពខុសគ្នារវាងមនុស្សថ្លៃថ្នូរ និងមនុស្សមានសីលធម៌ទាបដោយរបៀបណា? គឺគ្រាន់តែមើលឥរិយាបថ និងសកម្មភាពរបស់ពួកគេចំពោះភារកិច្ច ហើយមើលពីទង្វើដែលពួកគេប្រព្រឹត្ត និងអាកប្បកិរិយានៅពេលមានបញ្ហាកើតឡើង។ មនុស្សដែលមានសេចក្តីសុច្ចរិត និងសេចក្តីថ្លៃថ្នូរ គឺជាមនុស្សដែលមានភាពល្អិតល្អន់ មានសតិសម្បជញ្ញៈ និងឧស្សាហ៍ព្យាយាមក្នុងសកម្មភាពរបស់ពួកគេ ហើយពួកគេសុខចិត្តទទួលខុសត្រូវលើទង្វើរបស់ខ្លួន។ មនុស្សគ្មានសេចក្តីសុច្ចរិត និងសេចក្តីថ្លៃថ្នូរ គឺជាមនុស្សដែលមិនខ្វល់ខ្វាយនឹងទង្វើរបស់ខ្លួន តែងតែមានល្បិចកល ហើយចង់តែធ្វើឱ្យរួចតែពីដៃ។ មិនថារៀនបច្ចេកទេសអ្វីនោះទេ ពួកគេមិនឧស្សាហ៍រៀនសូត្រ រៀនមិនចេះ ហើយមិនថាចំណាយពេលសិក្សាប៉ុន្មានទេ នៅតែល្ងង់ដដែល។ ទាំងនេះ គឺជាមនុស្សដែលមានចរិតទាប។ មនុស្សភាគច្រើន ច្រើនតែបំពេញភារកិច្ចរបស់ខ្លួនឱ្យរួចតែពីដៃ។ តើនេះជានិស្ស័យអ្វី? (ភាពថោកទាប) តើមនុស្សថោកទាបប្រព្រឹត្តដូចម្ដេចខ្លះចំពោះភារកិច្ចរបស់ខ្លួន? ប្រាកដណាស់ ពួកគេមិនមានឥរិយាបថត្រឹមត្រូវចំពោះភារកិច្ចខ្លួនទេ ហើយពួកគេច្បាស់ជាធ្វើវាដើម្បីបង្គ្រប់កិច្ច។ នេះមានន័យថា ពួកគេមិនមានភាពជាមនុស្សធម្មតាទេ។ មនុស្សដែលថោកទាបខ្លាំង គឺដូចជាសត្វធាតុអ៊ីចឹង។ ប្រៀបបីដូចជាមានឆ្កែជាសត្វចិញ្ចឹម៖ ប្រសិនបើអ្នកមិនបានតាមដានវាទេ វានឹងទំពាររបស់របរ និងបំផ្លាញគ្រឿងសង្ហារិម និងរបស់របរផ្សេងៗរបស់អ្នក។ បែបនេះ វាគួរឱ្យស្តាយណាស់។ ឆ្កែ គឺជាសត្វ ពួកវាមិនចេះគិត និងមិនចេះថែទាំរបស់របរដោយសេចក្ដីស្រឡាញ់នោះទេ ហើយអ្នកមិនអាចឱ្យវាមកទទួលខុសត្រូវចំពោះទង្វើទាំងនោះបានឡើយ អ្នកត្រូវតែដោះស្រាយវា។ ប្រសិនបើអ្នកមិនចាត់ការវាទេ តែបែរជាអនុញ្ញាតឱ្យសត្វមួយក្បាលបង្កចលាចល និងរំខានដល់ជីវិតរបស់អ្នក នោះបង្ហាញថា ភាពជាមនុស្សធម្មតារបស់អ្នក គឺខ្វះអ្វីមួយហើយ។ ហើយអ្នកក៏ប្រហែលជាមិនខុសពីសត្វប៉ុន្មានដែរ។ កូតាបញ្ញា (IQ) របស់អ្នកទាបពេក អ្នកគឺអត់ប្រយោជន៍តែម្តង។ ដូច្នេះ តើអ្នកត្រូវដោះស្រាយដោយរបៀបណា? អ្នកត្រូវគិតពីវិធីបង្ខាំងឆ្កែទុកនៅកន្លែងណាមួយ ឬដាក់វាក្នុងទ្រុង ហើយប្រលែងវាចេញពីរ ឬបីដងក្នុងមួយថ្ងៃតាមពេលកំណត់ ធ្វើដូច្នេះ វានឹងមានសកម្មភាពគ្រប់គ្រាន់ដើម្បីធ្វើ។ ការធ្វើបែបនេះ នឹងជួយកាត់បន្ថយការកកេរឥតសំចៃរបស់ពួកវា ហើយឱ្យពួកវាបានហាត់ប្រាណ និងដើម្បីឱ្យវាមានសុខភាពល្អផងដែរ។ វិធីនេះ ឆ្កែត្រូវបានគ្រប់គ្រងបានល្អ ហើយបរិស្ថានរស់នៅរបស់អ្នកក៏ត្រូវបានការពារផងដែរ។ ប្រសិនបើមនុស្សម្នាក់មិនអាចដោះស្រាយរឿងដែលពួកគេជួបប្រទះ និងមិនមានឥរិយាបថត្រឹមត្រូវនោះទេ នោះភាពជាមនុស្សធម្មតារបស់ពួកគេ នឹងខ្វះអ្វីមួយជាមិនខាន។ វាមិនអាចបំពេញតាមស្តង់ដារភាពជាមនុស្សធម្មតាបានឡើយ។ ឬ បើនិយាយពីការធ្វើម្ហូបវិញ៖ មនុស្សទូទៅប្រើតែប្រេងឆាបន្តិចប៉ុណ្ណោះនៅពេលដែលគេឆា ប៉ុន្តែមានស្ត្រីខ្លះប្រើប្រេងឆាយ៉ាងច្រើន។ ទោះបីជាអ្នកជាអ្នកមានក៏ដោយ ក៏អ្នកមិនអាចខ្ជះខ្ជាយប្រេងឆាបានដែរ អ្នកត្រូវប្រើក្នុងបរិមាណមួយដែលសមរម្យ។ ប៉ុន្តែស្ត្រីទាំងនេះ មិនខ្វល់ពីរឿងនោះទេ ប្រសិនបើពួកគេជ្រុលដៃចាក់ប្រេងឆាច្រើនពេកចូលទៅក្នុងខ្ទះហើយ គេគ្រាន់តែដួសចេញបន្តិច ហើយចាក់ចោលទៅលើដី។ ធ្វើអ៊ីចឹង តើមិនមែនជារឿងខ្ជះខ្ជាយទេឬ? តើមនុស្សដែលមានចរិតបែបហ្នឹងចំពោះរបស់របរ គេនិយមហៅយ៉ាងដូចម៉េ្ដច? “ខ្ជះខ្ជាយ” ឬ ពាក្យបែបមើលងាយថា “កញ្ជើរធ្លុះ”។ តើរបស់ទាំងនោះមកពីណា? របស់ទាំងអស់នោះត្រូវបានប្រទានមកពីព្រះជាម្ចាស់។ អ្នកខ្លះនិយាយថា ពួកគេរកបានរបស់របររបស់ពួកគេ ប៉ុន្តែតើអ្នកអាចរកបានប៉ុន្មាន បើព្រះជាម្ចាស់មិនបានប្រទានឱ្យ? ទ្រង់បានប្រទានឱ្យអ្នកនូវជីវិតរបស់អ្នក។ ប្រសិនបើទ្រង់មិនបានប្រទានជីវិតឱ្យអ្នកនោះទេ នោះអ្នកនឹងគ្មានអ្វីទាំងអស់ ហើយអ្នកនឹងមិនមែនជាអ្វីទាំងអស់ ដូច្នេះតើអ្នកអាចនៅមានរបស់របរទាំងនោះបានដែរឬទេ? ព្រះជាម្ចាស់ប្រហែលជាបានប្រទានឱ្យអ្នកច្រើនជាងគ្រួសារផ្សេងទៀត ប៉ុន្តែតើឥរិយាបថ និងទស្សនៈដ៏ខ្ជីខ្ជារបស់អ្នកនោះ ជាទង្វើត្រឹមត្រូវដែរឬទេ? តើទង្វើនេះ គួរឱ្យនិយមន័យដូចម្តេចក្នុងភាពជាមនុស្សធម្មតា? មនុស្សបែបនេះ គឺមានភាពជាមនុស្សអន់។ ភាពហួសហេតុ ភាពខ្ជះខ្ជាយរបស់របរ មិនដឹងថាត្រូវប្រព្រឹត្តិដោយសេចក្តីស្រឡាញ់ដោយរបៀបណា មនុស្សបែបនេះមិនមានភាពជាមនុស្សធម្មតានោះទេ។ មនុស្សមួយចំនួន មិនដែលសូម្បីតែគិតពីការថែទាំដោយយកចិត្តទុកដាក់លើរបស់របរក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ។ របស់របរ គឺជាកម្មសិទ្ធិនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ពួកគេដឹង ក៏ប៉ុន្តែបើឧបមាថាមេឃរៀបនឹងភ្លៀងហើយ ហើយបើរបស់នោះទទឹកគឺមិនល្អនោះទេ តើគេនឹងគិតយ៉ាងដូចម្ដេច? "វាមិនអីទេ បើទទឹក វាមិនមែនជារបស់ខ្ញុំផង។ ខ្ញុំទុកវាចោលទៅ។" បន្ទាប់មក ពួកគេក៏ដើរចេញ។ ឥរិយាបថបែបនេះ គេហៅថាអ្វី? គឺភាពអាត្មានិយម។ តើគេគិតបែបនេះត្រឹមត្រូវដែរឬទេ? បើមិនត្រឹមត្រូវទេ តើវាយ៉ាងម៉េចវិញ? (មនុស្សវៀចវេរ) បើមនុស្សម្នាក់មិនទៀងត្រង់ តើគេជាមនុស្សវៀចវេរមែនដែរឬទេ? តើមនុស្សដែលមិនទៀងត្រង់ក្នុងការគិតរបស់ខ្លួន មានភាពជាមនុស្សធម្មតាដែរឬទេ? ប្រាកដជាគ្មានទេ។ សម្រាប់ចំណុចទីមួយរបស់យើងនោះគឺ ឥរិយាបថរបស់មនុស្សក្នុងការប្រព្រឹត្តចំពោះអ្នកដទៃ ស្ថានភាព និងរបស់របរផ្សេងៗ តើយើងបាននិយាយប៉ុន្មានរឿងហើយឥឡូវនេះ? មានភាពថោកទាប មនុស្សថោកទាប តើមានអ្វីទៀត? (មានសីលធម៌ទាប និងមនុស្សវៀចវេរ) ចំពោះគ្រាមភាសាបែបនេះ តើអ្នកប្រើពាក្យទាំងនេះនៅពេលអ្នកឆ្លុះបញ្ចាំង ស្វែងយល់ និងវិភាគអំពីខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដែរឬទេ? (អត់ទេ) គ្មានអ្នកណាធ្វើបែបនេះនោះទេ។ ដូច្នេះ តើអ្នកគួរប្រើពាក្យអ្វី? អ្នកនិយាយក្នុងន័យមហិមា គ្មាននរណាម្នាក់ប្រើភាសាប្រចាំថ្ងៃបែបនេះនោះទេ។
មនុស្សជាច្រើន មានអារម្មណ៍ថាខ្លួនឯងអស្ចារ្យដោយសារពួកគេជឿលើព្រះជាម្ចាស់។ សម្រាប់អ្នកខ្លះដែលមានជំនាញ និងវិជ្ជាជីវៈ ឬជាពិសេសសូម្បីតែអ្នកមានសញ្ញាបត្រកម្រិតខ្ពស់ក៏ដោយ ក៏ពួកគេអាចមានអារម្មណ៍ថាពួកគេលើសមនុស្សធម្មតាដែរ។ ពួកគេពេញចិត្តនឹងខ្លួនឯង ហើយពួកគេគិតថា “ខ្ញុំថែមទាំងបោះបង់អាជីពដ៏រឹងមាំដែលខ្ញុំមាននៅក្នុងពិភពលោកនេះ ហើយខ្ញុំមិនបានមកដំណាក់របស់ព្រះជាម្ចាស់ដើម្បីញ៉ាំអាហារឥតគិតថ្លៃនោះទេ។ មនុស្សម្នាក់ដែលមានជំនាញដូចជាខ្ញុំ អាចចូលរួមចំណែកក្នុងដំណាក់របស់ព្រះជាម្ចាស់បាន។ ខ្ញុំលះបង់ខ្លួន និងរងទុក្ខដើម្បីព្រះជាម្ចាស់។ ខ្ញុំថែមទាំងចែករំលែកបន្ទប់ និងជិះទូកតែមួយជាមួយមនុស្សសាមញ្ញទាំងនេះ នៅក្នុងជីវភាពរួមជាមួយគ្នាថែមទៀតផង។ ខ្ញុំពិតជាមនុស្សដែលមានគុណភាពដ៏អស្ចារ្យ!” ពួកគេគិតថាពួកគេមានសេចក្តីសុច្ចរិតដែលគួរឱ្យគោរព ដែលថាពួកគេថ្លៃថ្នូរជាងអ្នកដទៃ។ ពួកគេតែងតែរីករាយជានិច្ចនៅក្នុងរឿងនេះ។ ការពិតគឺថា មានរឿងជាច្រើនដែលខ្វះខាតក្នុងភាពជាមនុស្សធម្មតារបស់ពួកគេ ហើយមិនត្រឹមតែពួកគេមិនដឹងនោះទេ ពួកគេថែមទាំងសប្បាយ ហើយកំពុងតែគិតថាពួកគេអស្ចារ្យ ចរិតលក្ខណៈរបស់ពួកគេគឺអស្ចារ្យជាងមនុស្សធម្មតា។ តាមពិតទៅ ក្នុងនោះគ្មានសូម្បីតែមួយចំណុច ដែលស្របទៅនឹងនិយមន័យនៃពាក្យ «ធម្មតា» ដែលនៅពីមុខពាក្យ «ភាពជាមនុស្ស» នៅក្នុងឃ្លា «ភាពជាមនុស្សធម្មតា»។ គ្មានអ្វីនៅក្នុងនោះដែលស្របទៅតាមស្តង់ដារនោះទេ។ អ្វីៗគ្រប់យ៉ាង គឺខ្វះខាតទាំងអស់។ ចុះមនសិការរបស់ពួកគេ? ពួកគេមិនមាននោះទេ។ ចុះចរិតលក្ខណៈរបស់ពួកគេ? វាក៏មិនល្អដែរ។ ចុះសេចក្តីសុចរិត និងគុណភាពរបស់ពួកគេ? គ្មានអ្វីដែលល្អនោះទេ។ ការដែលមានមនុស្សរស់នៅជាមួយគ្នា ពេលដែលអ្នកខ្លះមានរបស់មានតម្លៃ គេមិនហ៊ានទុកវាចោលនៅកណ្តាលវាលនោះទេ។ ហេតុអ្វីបានជាវាបែបនេះ? មូលហេតុមួយនោះគឺ ពួកគេមិនទុកចិត្តអ្នកដទៃ ហើយម្យ៉ាងទៀត នៅកន្លែងដែលមានមនុស្សច្រើន គឺមានមនុស្សមិនគួរឱ្យទុកចិត្ត ហើយអ្នកខ្លះអាចមានម្រាមដៃស្អិត ពួកគេអាចនឹងលួច។ មនុស្សទាំងនេះមានចរិតលក្ខណៈមិនល្អ។ មនុស្សមួយចំនួនទៀត ប្រាថ្នារើសយកម្ហូបដែលល្អបំផុតទុកសម្រាប់ហូប ហើយហូបម្ហូបនោះឱ្យឆ្អែតពោះ មិនថាមានមនុស្សប៉ុន្មាននាក់ទៀតនៅពីក្រោយពួកគេដែលមិនទាន់បានហូបនោះទេ។ តើនេះ មិនមែនជាភាពអាត្មានិយមពេកទេ? មានអ្នកខ្លះគិតដល់អ្នកដទៃទៀតពេលគេហូប។ តើត្រង់នេះ បង្ហាញអ្វីឱ្យយើងដឹង? វាបង្ហាញថា អ្នកខ្លះនោះ គឺជាមនុស្សសមហេតុផលដែលចេះគិតគូរទុកអ្នកដទៃក្នុងចិត្ត។ គេនឹងបន្ថយការហូបបន្តិច ដើម្បីទុកចំណែកខ្លះឱ្យអ្នកដទៃផ្សេងទៀត។ នោះហើយគឺជាអ្វីដែលវាមានន័យថាមានគុណភាព។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មនុស្សខ្លះមានភាពជាមនុស្ស ស្របពេលដែលអ្នកខ្លះទៀតខ្វះបន្តិច។ ពួកគេ មិនមានសូម្បីតែលក្ខណៈគ្រប់គ្រាន់ស្របទៅតាមស្តង់ដារនៃភាពជាមនុស្សធម្មតានោះទេ។ បើក្រឡេកមើលទៅលើអាកប្បកិរិយាដែលខ្ញុំបានលើកឡើង តើមានមនុស្សច្រើនទេដែលមានភាពជាមនុស្សធម្មតាក្នុងចំណោមអ្នកទាំងអស់គ្នា? ឬមិនមានច្រើនទេ? នៅពេលដែលអ្នក បញ្ចេញអាកប្បកិរិយាបែបនេះ តើអ្នកមានសមត្ថភាពក្នុងការមើលដឹងថាពួកគេជាបញ្ហាដែរឬទេ? នៅពេលអ្នកបង្ហាញពីនិស្ស័យពុករលួយ តើអ្នកដឹងអំពីវាដែរឬទេ? ប្រសិនបើអ្នកដឹង ហើយអាចមានអារម្មណ៍អំពីវា ហើយមានឆន្ទៈក្នុងការផ្លាស់ប្តូរ នោះអ្នកនឹងមានភាពជាមនុស្សធម្មតាបន្តិចហើយ គ្រាន់តែថា វាមិនទាន់ដល់កម្រិតភាពប្រក្រតីនៅឡើយទេ។ បើអ្នកមិនបានទាំងដឹងផងនោះ តើឱ្យអ្នកអាចចាត់ទុកថាជាមនុស្សមានភាពជាមនុស្សបានដោយរបៀបណា? មិនបានទេ។ នេះមិនមែនជាសំណួរសំដៅទៅលើភាពជាមនុស្សល្អ ឬអាក្រក់ ធម្មតា ឬមិនប្រក្រតីនោះទេ អ្នកគ្មានភាពជាមនុស្សទេ។ ឧទាហរណ៍ នៅពេលហូបអាហារ មានមនុស្សមួយចំនួនដែលឃើញសាច់ជ្រូកខមួយចានចេញមក ហើយស្រវាយក សាច់ខ្លាញ់ និងសាច់គ្មានខ្លាញ់ អីក៏យក ហើយមិនឈប់សោះ ទាល់តែអស់។ តើអ្នកធ្លាប់ឃើញសត្វខាំគ្នាព្រោះតែចំណីដែរឬទេ? (ធ្លាប់) វាមិនខុសគ្នានោះទេ គ្រាន់តែជាមួយសត្វ ចំពោះមនុស្សយើងវិញ តើការខាំគ្នាបែបនោះជាផ្នែកមួយនៃភាពជាមនុស្សធម្មតាដែរឬទេ? (វាមិនមែនជាភាពជាមនុស្សធម្មតាទេ។) តើមនុស្សដែលមានភាពជាមនុស្សធម្មតា នឹងធ្វើដូចម្តេច? (ពួកគេនឹងពេញចិត្តនូវអ្វីដែលពួកគេទទួលបាន ហើយមិនលោភលន់នោះទេ។) នោះគឺជាការពណ៌នាជាក់ស្តែង។ ដូច្នេះ ធ្វើដូចម្តេចទើបយើងមិនលោភលន់? តើគំនិត និងចំណុចអ្វីខ្លះដែលទាក់ទងនឹងបញ្ហានេះ ដើម្បីបង្កើតជាការគិត ដែលមនុស្សមានភាពជាមនុស្សធម្មតាគួរមាន ហើយដើម្បីយកទៅអនុវត្តឱ្យបានត្រឹមត្រូវ? ទីមួយនោះគឺ ការគិតរបស់អ្នកត្រូវតែត្រឹមត្រូវ។ ឧទាហរណ៍ ស្ត្រីម្នាក់អាចនឹងគិតថា "ថ្ងៃនេះមានសាច់ជ្រូកខច្រើនណាស់។ ខ្ញុំចង់ញ៉ាំទៀត ប៉ុន្តែខ្ញុំខ្មាស់គេបន្តិច ដោយសារខ្ញុំមានបងប្អូននៅជុំវិញខ្លួន។ តើខ្ញុំគួរធ្វើដូចម្តេច? ខ្ញុំគិតថា ខ្ញុំនឹងរង់ចាំបន្តិច ចាំពួកគេបានញ៉ាំគ្រប់គ្នាសិន។ ខ្ញុំមិនចង់ឱ្យអ្នកដទៃឆ្ងល់ថា ស្ត្រីដូចជាខ្ញុំម្តេចនឹងអាចក្លាយជាមនុស្សល្មោភស៊ីដល់ថ្នាក់ហ្នឹងនោះទេ។ វាជារឿងគួរឱ្យអាម៉ាស់មុខណាស់!" ការគិតបែបនេះគឺជារឿងធម្មតាចំពោះមនុស្សស្រី ព្រោះជាទូទៅពួកគេមិនមែនជាមនុស្សមុខក្រាស់នោះទេ។ បុរសភាគច្រើននឹងគិតថា "សាច់ជ្រូកខនេះ ឆ្ងាញ់ណាស់។ ខ្ញុំនឹងហូបឱ្យខ្លួនឯងឆ្អែត"។ ពួកគេនឹងក្លាយជាមនុស្សដំបូង ដែលយកចង្កឹះទៅចាប់ ហើយមិនខ្វល់ថាអ្នកដទៃគិតអ្វីនោះទេ។ ប៉ុន្តែបុរសខ្លះទៀតមានហេតុផលលើសពីនេះ។ បន្ទាប់ពីគេហូបបានមួយម៉ាត់ហើយ គេក៏គិតថា “មានមនុស្សជាច្រើនដែលនៅពីក្រោយខ្ញុំ ដែលមិនទាន់បានហូបនៅឡើយទេ។ ខ្ញុំត្រូវឈប់ ហើយទុកខ្លះឱ្យអ្នកផ្សេង”។ ការដែលគេអាចគិត និងប្រព្រឹត្តបែបនោះ វាបានបង្ហាញថាពួកគេគឺជាមនុស្សមានហេតុផល ពួកគេមានភាពជាមនុស្សធម្មតា។ ចំណែកឯមនុស្សខ្លះទៀត បែរជានិយាយមិនសមហេតុផលថា «ព្រះជាម្ចាស់មិនចង់ឱ្យមនុស្សហូបសាច់ជ្រូកខនេះទេ ដូច្នេះខ្ញុំនឹងមិនហូបឡើយ ទោះបីតែមួយម៉ាត់ក៏ដោយ។ នោះមានន័យថា ខ្ញុំមានភាពជាមនុស្សកាន់តែច្រើន ត្រូវដែរឬទេ? ការគិតបែបនេះ មិនសមហេតុផលនោះទេ។ តើខ្ញុំកំពុងតែចង់បង្ហាញអ្វីនៅក្នុងឧទាហរណ៍នេះ? ខ្ញុំចង់បង្ហាញថា មនុស្សគួរតែប្រកាន់យកឥរិយាបថត្រឹមត្រូវចំពោះមនុស្ស ស្ថានភាព និងរបស់របរគ្រប់ប្រភេទទាំងអស់។ មនុស្សម្នាក់អាចប្រកាន់យកឥរិយាបថត្រឹមត្រូវនេះបាន តាមរយៈគំនិតដែលធ្វើឡើងពីទស្សនៈនៃការត្រិះរិះប្រកបដោយវិចារណញាណ សតិសម្បជញ្ញៈ សេចក្តីសុចរិតភាព និងសេចក្តីថ្លៃថ្នូរនៃភាពជាមនុស្ស។ ប្រសិនបើអ្នកតែងតែធ្វើទង្វើបែបនេះជាមួយនឹងផ្នត់គំនិតបែបនេះ អ្នកនឹងស្របទៅតាមភាពជាមនុស្សធម្មតាមិនខាន។
អាកប្បកិរិយាដែលមនុស្សម្នាក់មានចំពោះអ្នកដទៃ ព្រឹត្តិការណ៍ និងរឿងរ៉ាវណាមួយនោះ គឺគ្មានអ្វីក្រៅពីរបៀបប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅ និងរឿងរ៉ាវដែលជួបប្រទះក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេនោះទេ។ ការសម្តែងចេញមកទាំងនេះ ប្រហែលជាមិនពាក់ព័ន្ធច្រើនជាមួយនឹងកិច្ចការរបស់អ្នកដែលត្រូវធ្វើ ឬពួកគេអាចនៅឆ្ងាយពីវា ប៉ុន្តែជំនឿលើព្រះជាម្ចាស់មិនមែនជារឿងទទេឡើយ៖ អ្នកជឿលើព្រះជាម្ចាស់មិនមែនរស់នៅក្នុងសុញ្ញអាកាសនោះទេ ប៉ុន្តែនៅក្នុងជីវិតពិត។ ពួកគេមិនត្រូវឃ្លាតឆ្ងាយពីជីវិតពិតឡើយ។ តើមនុស្សគួរមានអាកប្បកិរិយា និងការគិតបែបណា មិនថាចំពោះជំនាញវិជ្ជាជីវៈ ឬប្រាជ្ញាទូទៅ ឬចំណេះដឹងអំពីអ្វីមួយ? តើត្រឹមត្រូវទេដែលតែងតែមានផ្នត់គំនិតចង់ធ្វើឱ្យរួចតែពីដៃ? មនុស្សមួយចំនួនតែងតែមានភាពច្របូកច្របល់អំពីរឿងទាំងនេះជានិច្ច ថាតើវាមានប្រសិទ្ធភាពទេ? តើពួកគេមិនដែលមានបញ្ហាជាមួយនឹងទស្សនៈរបស់ពួកគេទេឬ? បញ្ហាជាមួយនឹងទស្សនៈរបស់ពួកគេ គឺជាផ្នែកមួយ លើសពីនេះទៅទៀត វាទាក់ទងនឹងចរិតលក្ខណៈរបស់ពួកគេ។ នាគដ៏ធំមានសម្បុរក្រហមបានគ្រប់គ្រងលើប្រទេសចិនរាប់ពាន់ឆ្នាំមកហើយ ដោយតែងតែចូលរួមក្នុងយុទ្ធនាការ និងការតស៊ូជានិច្ច។ វាមិនអភិវឌ្ឍសេដ្ឋកិច្ចទេ ហើយវាក៏មិនគិតគូរដល់ជីវិតមនុស្សទូទៅដែរ។ ទីបំផុត ប្រជាជនបានចាប់យកនូវភាពថោកទាបមួយប្រភេទ ដោយគ្រាន់តែរស់ទៅតាមខ្សែជីវិតដោយគ្មានគោលបំណង។ មិនថាអ្វីគ្រប់យ៉ាងដែលពួកគេធ្វើទេ ពួកគេធ្វើដោយមិនយកចិត្តទុកដាក់ ហើយធ្វើអ្វីៗដោយគិតតែបែបខ្លីៗ។ ពួកគេមិនប្រាថ្នាចង់បានឧត្តមភាពក្នុងការសិក្សាណាមួយរបស់ពួកគេទេ ហើយពួកគេក៏មិនអាចសម្រេចបានដែរ។ ពួកគេតែងតែធ្វើអ្វីៗដោយគិតតែបែបខ្លីៗ៖ ពួកគេសម្លឹងមើលអ្វីដែលទីផ្សារត្រូវការ បន្ទាប់មកប្រញាប់ប្រញាល់ផលិតវា ដោយមិនគិតអ្វីទៀតឡើយរហូតដល់ពួកគេរកបានទ្រព្យសម្បត្តិ។ ពួកគេមិនអភិវឌ្ឍបន្ថែមពីលើមូលដ្ឋានគ្រឹះនេះ ឬធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្របន្ថែម ឬខិតខំឱ្យកាន់តែល្អឥតខ្ចោះនោះទេ ហើយលទ្ធផលចុងក្រោយ ឧស្សាហកម្មធុនស្រាល ឧស្សាហកម្មធុនធ្ងន់ និងគ្រប់វិស័យទាំងអស់របស់ប្រទេសចិន មិនមានផលិតផលទំនើបនៅលើឆាកពិភពលោកនោះទេ។ ប៉ុន្តែជនជាតិចិនមានអំនួតថា៖ "យើងមានវប្បធម៌ប្រពៃណីចំណាស់ជាងគេ ជាង៥០០០ឆ្នាំនៅទីនេះ ក្នុងប្រទេសចិន។ យើងជនជាតិចិនមានចិត្តល្អ និងឧស្សាហ៍ព្យាយាម"។ ចុះហេតុអ្វីបានជាចិននៅតែផលិតទំនិញក្លែងក្លាយ ដើម្បីបោកប្រាស់មនុស្ស? ទៅវិញ? ហេតុអ្វីបានជាពួកគេស្ទើរតែគ្មានអ្វីយកទៅប្រកួតប្រជែងក្នុងទីផ្សារពិភពលោកបាន? តើមានអ្វីកើតឡើង បានជាអ៊ីចឹង? តើប្រទេសចិនមានផលិតផលទំនើបទេ? ប្រជាជនចិនមានរឿង "ទំនើបបំផុត" មួយ ហើយនោះគឺជាជំនាញរបស់ពួកគេក្នុងការចម្លង និងបង្កើតអ្វីក្លែងក្លាយ ដែលជាការបន្លំ។ ភាពថោកទាបរបស់ពួកគេបង្ហាញច្បាស់នៅក្នុងរឿងនោះ។ អ្នកខ្លះនិយាយថា “ហេតុអ្វីបានជាអ្នកពណ៌នាពីយើងបែបនោះ? តើអ្នកមិនគិតថានេះជាការមើលងាយ និងបង្អាប់យើងទេឬ?” អ៊ីចឹងមែនទេ? បើក្រឡេកទៅមើលរឿងខ្លះដែលជនជាតិចិនធ្វើនោះ វាពិតជាសមដូចអ្វីដែលគេនិយាយមែន។ តើមានជនជាតិចិនណាម្នាក់នៅផ្សារ ឬក្នុងចំណោមប្រជាជនទូទៅដែលធ្វើការងាររបស់ខ្លួនដោយត្រឹមត្រូវនោះ? តិចតួចណាស់ ហើយសម្រាប់មនុស្សមួយចំនួនតូចដែលព្យាយាមធ្វើការងាររបស់ខ្លួនដោយត្រឹមត្រូវ នៅពេលដែលពួកគេមើលឃើញថាបរិយាកាសសង្គមមិនល្អ ហើយមិនលើកទឹកចិត្តឱ្យធ្វើល្អ ពួកគេក៏ឈប់ព្យាយាម ហើយបោះបង់ការខិតខំ។
រឿងទាំងនោះដែលពាក់ព័ន្ធនឹងភាពជាមនុស្ស មានដូចជា អាកប្បកិរិយា គំនិត និងយោបល់ដែលមនុស្សបើកសម្ដែងតាមទង្វើដែលគេធ្វើទៅលើអ្នកដទៃ ស្ថានភាព និងរឿងរ៉ាវផ្សេងៗ គឺពិតជាអាចប្រាប់ឱ្យយើងដឹងច្បាស់។ តើចំណុចទាំងនោះ ប្រាប់យើងពីអ្វី? វាអាចប្រាប់ពីរបៀបដែលមនុស្សម្នាក់អាចមើលឃើញពីចរិតលក្ខណៈរបស់មនុស្សម្នាក់ទៀត ថាតើពួកគេជាមនុស្សសមរម្យ និងទៀងត្រង់ដែរឬទេ។ តើអ្វីទៅជាភាពសមរម្យ និងភាពទៀងត្រង់? ការធ្វើតាមប្រពៃណី តើជាមនុស្សសមរម្យ និងទៀងត្រង់ឬទេ? តើភាពសុភាពរាបសារ និងសុជីវធម៌ មានន័យថាមនុស្សនោះសមរម្យ និងទៀងត្រង់ដែរឬទេ? (ទេ) តើការធ្វើតាមច្បាប់គ្រប់ចំណុចយ៉ាងតឹងរឹង មានន័យថាមនុស្សនោះសមរម្យ និងទៀងត្រង់ដែរឬទេ? (ទេ) ចំណុចទាំងអស់នេះ មិនសមរម្យ និងទៀងត្រង់ទេ។ ដូច្នេះ តើអ្វីទៅជាភាពសមរម្យ និងទៀងត្រង់? ប្រសិនបើនរណាម្នាក់ជាមនុស្សសមរម្យ និងទៀងត្រង់ មិនថាពួកគេធ្វើអ្វីក៏ដោយ ពួកគេធ្វើវាដោយស្មារតីជាក់លាក់៖ “មិនថាខ្ញុំចូលចិត្តធ្វើរឿងនេះ ឬអត់ មិនថាវាមិនស្ថិតក្នុងចំណង់ចំណូលចិត្តរបស់ខ្ញុំ ឬអត់ ឬជាអ្វីមួយដែលខ្ញុំមានចំណាប់អារម្មណ៍តិចតួចនោះទេ គេដាក់ឱ្យខ្ញុំធ្វើ នោះខ្ញុំនឹងធ្វើវាឱ្យបានល្អ។ ខ្ញុំនឹងចាប់ផ្តើមសិក្សាពីវា ហើយពេលដែលខ្ញុំច្បាស់ហើយ ខ្ញុំនឹងធ្វើវាម្តងមួយជំហាន។ នៅទីបញ្ចប់ មិនថាខ្ញុំបានសម្រេចភារកិច្ចដល់កម្រិតណាក៏ដោយ ខ្ញុំដឹងថាខ្ញុំបានខិតខំអស់ពីសមត្ថភាពហើយ»។ យ៉ាងហោចណាស់ អ្នកត្រូវតែមានឥរិយាបថ និងស្មារតីដាក់ខ្លួន។ ប្រសិនបើចាប់ពីពេលដែលអ្នកទទួលភារកិច្ចមួយ អ្នកធ្វើវាឱ្យតែរួចពីដៃ ហើយមិនខ្វល់ពីវាសូម្បីតែបន្តិច ប្រសិនបើអ្នកមិនធ្វើវាឱ្យអស់ពីចិត្ត ហើយស្វះស្វែងរកជំនួយដែលពាក់ព័ន្ធ មិនរៀបចំលម្អិត ឬសុំយោបល់ និងប្រឹក្សាជាមួយអ្នកដទៃ ហើយប្រសិនបើលើសពីនេះទៅទៀត អ្នកមិនបន្ថែមពេលវេលាដើម្បីរៀនអំពីរឿងនេះដើម្បីឱ្យអ្នកមានការរីកចម្រើនជាប្រចាំ ទទួលបាននូវជំនាញ ឬវិជ្ជាជីវៈដ៏ពូកែទេនោះ ហើយបែរជាបន្តនូវអាកប្បកិរិយាគិតថាខ្លួនឈ្លាសវៃ ធ្វើវាបាន និងប្រកាន់យកឥរិយាបថដែលធ្វើឱ្យតែបាន នោះហើយគឺជាបញ្ហានៅក្នុងភាពជាមនុស្សរបស់អ្នក។ តើនេះមិនមែនគ្រាន់តែជាការធ្វើឱ្យរួចតែពីដៃទេឬ? អ្នកខ្លះនិយាយថា “ខ្ញុំមិនចូលចិត្តទេ ពេលអ្នកប្រគល់ភារៈកិច្ចបែបនេះឱ្យខ្ញុំ”។ ប្រសិនបើអ្នកមិនចូលចិត្តទេ កុំទទួលយកវា ហើយប្រសិនបើអ្នកទទួលយកវា អ្នកគួរតែធ្វើវាដោយស្មោះអស់ពីចិត្ត និងប្រកបដោយទំនួលខុសត្រូវ។ នោះគឺជាឥរិយាបថដែលអ្នកគួរតែមាន។ តើនេះមិនមែនជាអ្វីដែលមនុស្សមានភាពជាមនុស្សធម្មតាគួរតែមានទេឬ? នេះជាអ្វីដែលគួរតែធ្វើ ក្នុងនាមជាមនុស្សសមរម្យ និងទៀងត្រង់។ នៅក្នុងទិដ្ឋភាពនៃភាពជាមនុស្សធម្មតានេះ អ្នកត្រូវការយ៉ាងហោចណាស់ ការយកចិត្តទុកដាក់ មនសិការ និងឆន្ទៈក្នុងការទទួលខុសត្រូវ រួមជាមួយនឹងឥរិយាបថដាក់ខ្លួន ស្មោះត្រង់ និងមានការទទួលខុសត្រូវ។ មានចំណុចទាំងអស់នេះ គឺគ្រប់គ្រាន់ហើយ។
មានមនុស្សគ្រប់ប្រភេទនៅក្នុងពួកជំនុំ។ អ្នកដែលស្រឡាញ់សេចក្ដីពិត គឺមានភាពជាមនុស្សល្អប្រសើរ ហើយនៅពេលដែលពួកគេបើកសម្ដែងពីនិស្ស័យពុករលួយ ពួកគេអាចកែតម្រូវបានយ៉ាងងាយ។ អ្នកដែលមិនស្រឡាញ់សេចក្ដីពិត គឺមានភាពជាមនុស្សអាក្រក់ជាងនេះ។ ប្រសិនបើមនុស្សម្នាក់មិនអនុវត្តខ្លួនឯង ហើយមិនទទួលខុសត្រូវចំពោះព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ តើពួកគេសមនឹងទទួលបានកិត្តិយសទេ? ភាពជាមនុស្សបែបនេះ គឺឥតបានការ និងគ្មានតម្លៃ។ វាមានភាពថោកទាប។ អ្នកជឿលើព្រះជាម្ចាស់។ ប្រសិនបើអ្នកអនុវត្តបញ្ជាបេសកកម្មជាមួយនឹងអាកប្បកិរិយាខ្ជីខ្ជា និងគ្មានទំនួលខុសត្រូវ មិនថាជាព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ចំពោះអ្នក ឬចំពោះពួកជំនុំនោះទេ តើអាកប្បកិរិយារបស់អ្នកគឺជាអាកប្បកិរិយាដែមនុស្សមានភាពជាមនុស្សធម្មតាគួរមានដែរឬទេ? អ្នកខ្លះប្រហែលជានិយាយថា៖ «ខ្ញុំមិនយកចិត្តទុកដាក់ខ្លាំងលើរឿងដែលបងប្អូនប្រុសស្រីឱ្យខ្ញុំធ្វើនោះទេ ប៉ុន្តែខ្ញុំធានាថាខ្ញុំនឹងទទួលបានជោគជ័យក្នុងរឿងដែលព្រះជាម្ចាស់ប្រទានឱ្យខ្ញុំធ្វើ។ តើនោះជាការលើកឡើងត្រឹមត្រូវទេ? (ទេ) តើមិនត្រឹមត្រូវដោយរបៀបណា? បុគ្គលណាដែលមិនសក្តិសម និងខ្វះគុណធម៌ ដែលភាពជាមនុស្សរបស់គេខ្វះចំណុចទាំងអស់នេះ តើគេអាចស្មោះត្រង់ចំពោះនរណាបានទេ? គ្មាននរណាម្នាក់ឡើយ។ ទោះបីជារឿងផ្ទាល់ខ្លួនគេក៏ដោយ គេនឹងក្លែងបន្លំ ហើយធ្វើឱ្យតែបង្គ្រប់កិច្ចប៉ុណ្ណោះ។ តើមនុស្សបែបនេះមិនមែនជាមនុស្សថោកទាប និងគ្មានតម្លៃទេឬ? ប្រសិនបើនរណាម្នាក់អាចអនុវត្តភារកិច្ចដែលអ្នកដទៃបង្គាប់ឱ្យពួកគេធ្វើបានដោយខ្លួនឯង ហើយប្រកបដោយការទទួលខុសត្រូវ និងគួរឱ្យគោរព តើពួកគេនឹងបំពេញព្រះរាជបញ្ជាបេសកកម្មដែលពួកគេបានទទួលយកពីព្រះជាម្ចាស់ដោយមិនល្អ យ៉ាងម៉េចនឹងកើត? ប្រសិនបើពួកគេ ជាអ្នកដែលមានសតិសម្បជញ្ញៈ និងហេតុផល យល់ពីសេចក្តីពិត នោះពួកគេមិនគួរបំពេញព្រះរាជបេសកកម្មដែលពួកគេបានទទួលយកពីព្រះជាម្ចាស់ និងភារកិច្ចរបស់ខ្លួន ប្រកបដោយលទ្ធផលមិនល្អនោះទេ។ ពួកគេប្រាកដជាធ្វើបានយ៉ាងល្អជាងអ្នកដែលគ្មានសតិសម្បជញ្ញៈ ដែលខ្វះគុណធម៌។ នោះហើយជាភាពខុសគ្នានៃចរិតលក្ខណៈរបស់ពួកគេ។ អ្នកខ្លះនិយាយថា “ខ្ញុំនឹងមិនយកចិត្តទុកដាក់ខ្លាំងទេ បើអ្នកសុំឱ្យខ្ញុំមើលថែឆ្កែ ឬឆ្មានោះ ប៉ុន្តែប្រសិនបើខ្ញុំត្រូវបានគេចាត់ចែងឱ្យធ្វើរឿងសំខាន់សម្រាប់ព្រះដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំប្រាកដជាធ្វើឱ្យបានល្អ។” ធ្វើអ៊ីចឹងត្រឹមត្រូវទេ? (អត់ទេ) ហេតុអ្វី? បើអ្នកណាម្នាក់មានទស្សនៈត្រឹមត្រូវ មិនថារឿងធំ ឬតូច អ្វីក៏ដោយឱ្យតែជាបេសកកម្មរបស់ខ្លួន ហើយប្រសិនបើពួកគេមានចិត្តត្រឹមត្រូវ និងមានគុណធម៌ខ្ពង់ខ្ពស់ ហើយមានភាពថ្លៃថ្នូរ ហើយគួរជាទីទុកចិត្តបាន និងមានសីលធម៌ក្នុងការប្រព្រឹត្ត នោះទើបពិតជាមានតម្លៃ និងខុសពីអ្នកដទៃ។ មនុស្សបែបនេះ ដោះស្រាយរាល់បញ្ហាណាមួយដោយសុជីវធម៌ និងភាពជឿទុកចិត្តបានរបស់ពួកគេ។ ប្រសិនបើនរណាម្នាក់ដែលគ្មានសុជីវធម៌ និងសេចក្តីទុកចិត្តទេ គេនឹងនិយាយថា "ប្រសិនបើព្រះជាម្ចាស់ដាក់ព្រះរាជបញ្ជាបេសកកម្មណាមួយឱ្យខ្ញុំដោយផ្ទាល់ ខ្ញុំប្រាកដជាដោះស្រាយវាឱ្យបានល្អ" តើនោះជាសេចក្តីពិតទេ? វាគឺជាការបំភ្លើស និងបោកបញ្ឆោតបន្តិចហើយ។ តើអ្នកអាចទុកចិត្តជនដែលគ្មានសតិសម្បជញ្ញៈ ឬហេតុផលដោយរបៀបណា? ពាក្យសម្តីរបស់អ្នកគ្មានខ្លឹមសារអ្វីទាំងអស់ វាគ្រាន់តែជាល្បិចតែប៉ុណ្ណោះ។ ព្រះដំណាក់របស់ព្រះជាម្ចាស់ មានឆ្កែតូចពីរក្បាលដើម្បីយាម។ មានមនុស្សម្នាក់ត្រូវបានគេចាត់ឱ្យមើលថែឆ្កែ ម្នាក់នោះក៏មើលថែឆ្កែ ហើយថែរក្សាឆ្កែដូចជារបស់ខ្លួន។ មនុស្សម្នាក់នោះមិនសូវស្រលាញ់ឆ្កែទេ ប៉ុន្តែគេមើលថែឆ្កែបានយ៉ាងល្អ។ ពេលឆ្កែឈឺ គេព្យាបាលវា ហើយងូតទឹកឱ្យវា ហើយគេតែងតែឱ្យចំណីទាន់ពេល។ គេប្រហែលជាមិនចូលចិត្តសត្វឆ្កែទេ ប៉ុន្តែគេបានចាត់ការថែទាំសត្វឆ្កែជាបេសកកម្ម និងការទទួលខុសត្រូវរបស់គេ។ តើនេះមិនជាអ្វីដែលគួរមាននៅក្នុងភាពជាមនុស្សទេឬ? ពួកគេមានភាពជាមនុស្ស ដូច្នេះពួកគេធ្វើរឿងនេះបានល្អ។ ក្រោយមក ឆ្កែពីរក្បាលនោះ ក៏ត្រូវបានឱ្យទៅមនុស្សម្នាក់ទៀតដើម្បីមើលថែ ហើយក្នុងរយៈពេលត្រឹមតែមួយខែ ពួកវាស្គមស្គាំងគួរឱ្យអាណិត។ តើមានអ្វីកើតឡើង? គ្មាននរណាម្នាក់យកចិត្តទុកដាក់ ឬកត់សម្គាល់នៅពេលដែលសត្វឆ្កែឈឺនោះទេ ហើយអារម្មណ៍មិនល្អរបស់ពួកវា ធ្វើឱ្យពួកវាមិនចង់ស៊ីអាហារ។ នោះហើយជាមូលហេតុធ្វើឱ្យពួកវាឡើងស្គមស្គាំង នោះហើយជារបៀបដែលមនុស្សនោះមើលថែពួកវា។ តើមានភាពខុសគ្នារវាងមនុស្សទាំងពីរនេះទេ? (មាន) ត្រង់កន្លែងណា? (នៅក្នុងភាពជាមនុស្សរបស់ពួកគេ។) តើអ្នកដែលមើលថែសត្វឆ្កែបានល្អនោះ បានយល់ច្បាស់ពីសេចក្តីពិតមួយចំនួនធំដែរឬទេ? មិនប្រាកដទេ។ ហើយអ្នកដែលថែឆ្កែមិនបានល្អនោះ ក៏មិនមានន័យថាគេបានជឿលើព្រះជាម្ចាស់ខ្លីជាងនោះដែរ។ ចុះហេតុអីបានជាមានភាពខុសគ្នាខ្លាំងបែបនេះរវាងពួកគេទាំងពីរ? ព្រោះវាជាចរិតលក្ខណៈរបស់ពួកគេ វាខុសគ្នាត្រង់ហ្នឹង។ មនុស្សខ្លះគួរឱ្យទុកចិត្តបាន។ នៅពេលដែលពួកគេនិយាយទៅកាន់នរណាម្នាក់ ពួកគេនឹងទទួលខុសត្រូវដល់ទីបញ្ចប់ មិនថាពួកគេចូលចិត្តធ្វើឬអត់ទេ។ នៅពេលដែលពួកគេទទួលភារកិច្ចណាមួយ ពួកគេប្រាកដថានឹងធ្វើវាឱ្យបាន មួយជំហានម្តងៗ។ ពួកគេរស់នៅប្រកបដោយកិត្តិយសដែលអ្នកដទៃផ្តល់ឱ្យ ហើយពួកគេរស់នៅស្របតាមចិត្តរបស់ពួកគេ។ ពួកគេមានសតិសម្បជញ្ញៈ ហើយដោយហេតុនេះ ពួកគេថ្លឹងថ្លែងរាល់អ្វីៗទាំងអស់។ មនុស្សខ្លះគ្មានមនសិការ។ ពួកគេនិយាយសន្យា តែធ្វើមិនតាមសន្យាគេទេ។ ពួកគេមិននិយាយថា "គេជឿជាក់លើខ្ញុំ។ ខ្ញុំត្រូវតែធ្វើរឿងនេះឱ្យបានល្អ ដើម្បីរក្សាការជឿជាក់របស់គេ"។ នោះមិនមែនជាដួងចិត្តដែលពួកគេមានទេ ហើយនោះក៏មិនមែនជារបៀបដែលពួកគេគិតដែរ។ តើនោះមិនមែនជាភាពខុសគ្នានៃភាពជាមនុស្សទេឬ? ប្រាប់ខ្ញុំ មើល៎ តើអ្នកដែលធ្វើបានល្អនោះ យល់ថាលំបាកក្នុងការធ្វើដូច្នោះទេ? ពួកគេមិនយល់ថាជាការលំបាក ឬនឿយហត់ពេកទេ។ ពួកគេមិនបានប្រើខួរក្បាលព្យាយាមរកវិធីធ្វើរឿងនោះឱ្យបានល្អទេ ហើយពួកគេក៏មិនបានអធិដ្ឋានញឹកញាប់អំពីរឿងនោះដែរ។ ពួកគេដឹងពីក្នុងចិត្តថាអ្វីជារឿងត្រឹមត្រូវដែលត្រូវធ្វើ ដូច្នេះពួកគេសម្រេចទទួលបន្ទុកនោះ។ អ្នកដែលមិនមានឆន្ទៈទទួលបន្ទុក តែទទួលយកភារកិច្ចធ្វើដែរ នឹងយល់ឃើញថាភារកិច្ចនោះជាការរំខាននៅពេលដែលពួកគេធ្វើ។ ពួកគេខឹងនៅពេលឆ្កែព្រុស ហើយធ្វើបាបឆ្កែ ស្តីឱ្យឆ្កែថា៖ «ហ្អែង ព្រុសហ្អែ៎? តែព្រុសម្តងទៀត អញទាត់ឱ្យងាប់!» តើមិនមានភាពខុសគ្នានៃភាពជាមនុស្សត្រង់ចំណុចនេះទេ? មាន ហើយខុសគ្នាឆ្ងាយទៀត។ មនុស្សមួយចំនួន នៅពេលដែលអ្នកពឹងឱ្យធ្វើអ្វីមួយ ពួកគេនឹងធុញទ្រាន់ គិតថាជាការរំខាន ដូចជាអ្នកកំពុងដកសេរីភាពរបស់ពួកគេចេញអ៊ីចឹង។ "ការងារមួយទៀតមែនទេ? ខ្ញុំមានការងារច្រើនដែលត្រូវធ្វើរួចហើយ ខ្ញុំមិនមែនត្រេតត្រតនៅហ្នឹងទេ!" ដូច្នេះហើយ ទើបគេរកលេសគ្រប់បែបយ៉ាងដើម្បីឱ្យខ្លួនឯង រួចខ្លួន មិនចាំបាច់បំពេញតួនាទី។ ពួកគេគ្មានសតិសម្បជញ្ញៈ ឬហេតុផល ហើយក៏មិនដែលពិនិត្យមើលខ្លួនឯងដែរ ផ្ទុយទៅវិញ គេរកគ្រប់ហេតុផល និងលេសដើម្បីដកខ្លួនពីភាពជាមនុស្សមិនល្អពួកគេ។ នេះគឺជាទង្វើរបស់មនុស្សដែលមានភាពជាមនុស្សមិនល្អ។ តើមនុស្សបែបនេះអាចឈានទៅរកតថភាពនៃសេចក្ដីពិតបានទេ? (អត់ទេ) ហេតុអ្វីអត់បាន? ពួកគេមិនស្រឡាញ់សេចក្តីពិត ហើយពួកគេមិនស្រឡាញ់អ្វីដែលវិជ្ជមាន។ មិនថាអ៊ីចឹង? ពួកគេមិនមានទាំងភាពជាមនុស្សធម្មតា ទាំងតថភាពនៃសេចក្តីវិជ្ជមានផង។ ពួកគេគ្មានសារជាតិនោះក្នុងខ្លួនពួកគេទេ។ ដូច្នេះ តើអ្វីជាទំនាក់ទំនងរវាងសេចក្តីពិត និងភាពជាមនុស្សធម្មតា? តើអ្វីដែលត្រូវមាននៅក្នុងខ្លួនអ្នកដែលមានភាពជាមនុស្ស ដើម្បីឱ្យពួកគេឈានទៅរកតថភាពនៃសេចក្តីពិត និងអនុវត្តសេចក្តីពិត? ពួកគេត្រូវតែមានសតិសម្បជញ្ញៈ និងហេតុផលជាមុនសិន។ មិនថាពួកគេធ្វើអ្វីក៏ដោយ ពួកគេត្រូវតែមានអាកប្បកិរិយាត្រឹមត្រូវ ការគិតត្រឹមត្រូវ និងទស្សនៈត្រឹមត្រូវ។ លុះត្រាតែមានចំណុចទាំងអស់នេះ ទើបមនុស្សម្នាក់អាចមានភាពជាមនុស្សធម្មតាបាន ហើយទាល់តែមានភាពជាមនុស្សធម្មតា ទើបមនុស្សម្នាក់នោះអាចទទួលយក និងអនុវត្តសេចក្តីពិតបាន។
ខ. ការគ្រប់គ្រងមជ្ឈដ្ឋានជុំវិញ ខ្លួនរបស់មនុស្ស
ចំណុចទីពីរ៖ ការគ្រប់គ្រងមជ្ឈដ្ឋានជុំវិញខ្លួនរបស់មនុស្សនៅក្នុងជីវិតប្រចាំថ្ងៃ។ តើចំណុចនេះទាក់ទងនឹងផ្នែកណាខ្លះនៃភាពជាមនុស្សធម្មតា? (នេះ គឺជាផ្នែកមួយនៃបរិស្ថានរស់នៅរបស់បុគ្គលម្នាក់។) ហើយតើបរិស្ថានរស់នៅនោះ រួមមានអ្វីខ្លះ? បរិស្ថានរស់នៅរួមមានផ្នែកធំៗពីរជាចម្បង៖ គឺបរិស្ថានដែលមនុស្សម្នាក់រស់នៅ ដែលសំដៅ ត្រឹមតែ ជីវិតផ្ទាល់ខ្លួនរបស់គេ និងបរិស្ថានសាធារណៈដែលពួកគេបានប្រាស្រ័យទាក់ទងជាញឹកញាប់។ ហើយតើផ្នែកធំៗទាំងពីរនេះរួមមានអ្វីខ្លះឱ្យជាក់លាក់? គឺបែបបទរស់នៅរបស់បុគ្គលម្នាក់ ក៏ដូចជាការគ្រប់គ្រងអនាម័យ និងបរិស្ថានរបស់ពួកគេ។ បើបែងចែកឱ្យកាន់តែលម្អិតទៀត តើបែបបទរស់នៅរបស់បុគ្គលម្នាក់រួមមានអ្វីខ្លះ? គឺការងារ និងការសម្រាក របបអាហារ និងកិច្ចការនានាដូចជា ការថែរក្សាសុខភាពប្រចាំថ្ងៃ និងចំណេះដឹងទូទៅអំពីជីវិតប្រចាំថ្ងៃ។ យើងនឹងចាប់ផ្ដើមពីចំណុចទីមួយ គឺការងារ និងការសម្រាក។ ការងារ និងការសម្រាក គួរតែត្រូវបានអនុវត្តឱ្យបាន ទៀងទាត់ និងទៅតាមកាលវិភាគ។ លើកលែងតែករណីពិសេសដែលតម្រូវឱ្យពួកគេនៅដល់យប់ជ្រៅ ឬ ឬធ្វើការថែមម៉ោងដើម្បីបំពេញការងារតែប៉ុណ្ណោះ មិនដូច្នោះការងារ និងការសម្រាកគឺជារឿងដែលត្រូវ ធ្វើឱ្យបាន ទៀងទាត់ និងទៅតាមកាលវិភាគ។ នោះគឺជារបៀបត្រឹមត្រូវ។ មានមនុស្សមួយចំនួនដែលចូលចិត្តនៅយប់ជ្រៅ។ ពួកគេមិនចូលគេងពីក្បាលព្រលប់ទេ ប៉ុន្តែធ្វើឱ្យខ្លួនឯងរវល់ជាមួយនឹងរឿងនេះ រឿងនោះ គ្រប់រឿង។ ពួកគេមិនចូលគេងរហូតដល់អ្នកដទៃក្រោកពីគេង ហើយចាប់ផ្ដើមធ្វើការងាររបស់ពួកគេតាំងពីព្រឹកព្រលឹម រហូតដល់ម៉ោងគេចូលគេងវិញទៀតទើបពួកគេក្រោកឡើង ហើយចាប់ផ្ដើមធ្វើការ។ តើគ្មានមនុស្សប្រភេទនោះទេឬ? តែងតែមិនស៊ីចង្វាក់ជាមួយអ្នកដទៃ តែងតែធ្វើខ្លួនប្លែកៗពីគេរហូត ពោលគឺមនុស្សប្រភេទនេះមិនសូវមានវិចារណញ្ញាណប្រក្រតីនោះទេ។ ក្នុងស្ថានភាពធម្មតា ចង្វាក់ជីវិតរបស់មនុស្សគ្រប់គ្នាគួរតែស្របគ្នា មិនថាមានករណីពិសេសបែបណាក៏ដោយ។ តើចំណុចបន្ទាប់គឺជាអ្វី? (របបអាហារ។) តម្រូវការ របបអាហារនៃភាពជាមនុស្សធម្មតាគឺងាយស្រួលសម្រេចបាន មិនអ៊ីចឹង? (មែនហើយ។) ចំណុចនេះគឺងាយស្រួល។ ក៏ប៉ុន្តែ មិនមានមនុស្សនៅតែមានទស្សនៈខុសឆ្គងមួយចំនួនជុំវិញ របបអាហារនេះទេឬ? អ្នកខ្លះនិយាយថា៖ «យើងជឿលើព្រះជាម្ចាស់ ហើយអ្វីៗទាំងអស់ស្ថិតក្នុងព្រះហស្ដរបស់ទ្រង់។ គ្មានរបៀបហូបអាហារណាដែលអាចធ្វើឱ្យមនុស្សម្នាក់ឈឺក្រពះឡើយ។ យើងចង់ញ៉ាំអី ញ៉ាំហ្នឹង ស្រេចនឹងចិត្តដោយសេរី។ វាមិនមែនជាបញ្ហាទេ ដោយមានព្រះជាម្ចាស់ការពារយើងហើយ»។ តើមិនមានមនុស្សដែលមានការយល់ឃើញបែបនេះទេឬ? តើការយល់ឃើញបែបនេះមិនមានភាពខុសឆ្គងខ្លះទេឬ? ការយល់ឃើញបែបនោះគឺមិនប្រក្រតីឡើយ អ្នកដែលមានការយល់ឃើញបែបនេះគឺមានការគិតមិនប្រក្រតីទេ។ អ្នកខ្លះទៀតច្រឡំចំណេះដឹងទូទៅធម្មតាសម្រាប់ការរស់នៅ ជាមួយនឹងការគិតគូរដល់សាច់ឈាម។ ពួកគេជឿថា ការយកចិត្តទុកដាក់ចំពោះចំណេះដឹងទូទៅសម្រាប់ការរស់នៅ គឺជាការគិតគូរដល់សាច់ឈាម។ តើមិនមានមនុស្សដែលជឿបែបនោះទេឬ? (មាន។) ឧទាហរណ៍ មនុស្សមួយចំនួនមានបញ្ហាក្រពះ ហើយមិនហូបអាហារហឹរ ឬអាហារដែលធ្វើទុក្ខនោះទេ។ មានអ្នកខ្លះនិយាយទៅកាន់ពួកគេថា៖ «នោះគឺជាចំណង់ចំណូលចិត្តផ្នែកអាហាររបស់អ្នកទេ អ្នកកំពុងតែគិតគូរដល់សាច់ឈាមហើយ។ អ្នកត្រូវតែបះបោរប្រឆាំងនឹងវា។ មានកន្លែងខ្លះដែលអ្នកទៅដល់ មានតែអាហារប្រភេទនោះទេ ហើយអ្នកនឹងត្រូវតែហូបវា។ មិនហូបម៉េចកើត?» តើមិនមានមនុស្សដែលមានការយល់ឃើញបែបនោះទេឬ? (មាន។) មនុស្សមួយចំនួនហូបអាហារខ្លះមិនបានទេ តែប្រឹងជម្នះហូប រហូតដល់ឈឺ ដើម្បីគ្រាន់តែបះបោរប្រឆាំងនឹងសាច់ឈាម។ ខ្ញុំនិយាយថា៖ «អ្នកអាចមិនហូបវាក៏បានដែរ ប្រសិនបើអ្នកមិនចង់។ គ្មានពីណាគេទៅថ្កោលទោសអ្នកទេ ប្រសិនបើអ្នកមិនហូប»។ ពួកគេនិយាយថា៖ «ទេ ខ្ញុំត្រូវតែហូប!» ក្នុងករណីនោះ ការដែលគេឈឺ គឺសមនឹងទទួលហើយ។ ពួកគេនាំរឿងដាក់ខ្លួនឯង។ ពួកគេបង្កើតបទប្បញ្ញត្តិឱ្យខ្លួនឯង ដូច្នេះត្រូវតែអនុវត្តតាមដោយខ្លួនឯងដែរ។ ដូច្នេះ តើការមិនហូបរបស់នោះជារឿងខុសមែនទេ? (ទេ) មិនខុសនោះទេ។ អ្នកខ្លះទៀតដែលមានបញ្ហាសុខភាពពិសេស គឺអាលែកហ្ស៊ីនឹងអាហារមួយចំនួន។ ពួកគេត្រូវតែចៀសវាងរបស់ទាំងនោះ ហើយមិនហូបវាឡើយ។ អ្នកខ្លះអាលែកហ្ស៊ីនឹងម្ទេស ដូច្នេះពួកគេមិនគួរហូបវាទេ ប៉ុន្តែពួកគេនៅតែជម្នះចង់ហូប។ ពួកគេនៅតែហូបវា ដោយជឿជាក់ថា នោះហើយគឺជាអ្វីដែលហៅថាការបះបោរប្រឆាំងនឹងសាច់ឈាម។ តើនោះមិនមែនជាការយល់ឃើញខុសឆ្គងទេឬ? វាជាការយល់ខុសហើយ។ ប្រសិនបើគេមិនអាចហូបអ្វីមួយបាន ពួកគេមិនគួរហូបវាឡើយ។ តើពួកគេកំពុងតែប្រឆាំងនឹងរាងកាយរបស់ខ្លួនដើម្បីអ្វី? តើនោះមិនមែនជាការធ្វើអ្វីដោយមិនគិតពិចារណារបស់ពួកគេទេឬ? (មែនហើយ។) វាមិនចាំបាច់ត្រូវអនុវត្តតាមបទប្បបញ្ញត្តិនោះទេ ហើយក៏មិនចាំបាច់ត្រូវទៅប្រឆាំងនឹងសាច់ឈាមខ្លួនឯងបែប នោះដែរ។ មនុស្សម្នាក់ៗមានស្ថានភាពរាងកាយរៀងៗខ្លួន៖ អ្នកខ្លះមានក្រពះមិនល្អ អ្នកខ្លះមានបេះដូងខ្សោយ អ្នកខ្លះខ្សោយភ្នែក អ្នកខ្លះងាយបែកញើស អ្នកខ្លះមិនដែលបែកញើសសោះ។ ស្ថានភាពរបស់មនុស្សម្នាក់ៗគឺខុសៗគ្នា អ្នកត្រូវតែសម្របខ្លួនឱ្យត្រូវនឹងស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក។ មានប្រយោគមួយដែលអាចតំណាងឱ្យករណីទាំងនេះបាន គឺ៖ រៀនខ្លះៗពីបំនិនជីវិត។ តើ «សតិសម្បជញ្ញៈ» នៅត្រង់នេះមានន័យដូចម្ដេច? វាមានន័យថា អ្នកត្រូវដឹងថាអ្វីដែលហូបទៅបង្កគ្រោះថ្នាក់ដល់អ្នក ហើយអ្វីដែលហូបទៅល្អដល់អ្នក។ ប្រសិនបើរបស់អ្វីមួយមិនឆ្ងាញ់ ប៉ុន្តែវាល្អសម្រាប់សុខភាពរបស់អ្នក នោះអ្នកត្រូវតែហូបវា ដើម្បីសុខភាព។ ប្រសិនបើរបស់អ្វីមួយឆ្ងាញ់ ប៉ុន្តែហូបហើយអ្នកឈឺ នោះកុំហូបវាឱ្យសោះ។ នោះហើយគឺជាសតិសម្បជញ្ញៈ។ លើសពីនេះទៅទៀត មនុស្សក៏ត្រូវ ដឹងពីសតិសម្បជញ្ញៈសាមញ្ញៗមួយចំនួនដើម្បីថែរក្សាសុខភាពផងដែរ។ នៅក្នុងរដូវទាំងបួនក្នុងមួយឆ្នាំៗ ចូរឱ្យពេលវេលា អាកាសធាតុ និងរដូវកាលកំណត់នូវអ្វីដែលអ្នកហូប នេះគឺជាគោលការណ៍ដ៏ចម្បងមួយ។ ចូលកុំប្រឆាំងនឹងរាងកាយរបស់អ្នក នេះគឺជាគំនិត និងការយល់ឃើញដែលមនុស្សដែលមានភាពជាមនុស្សធម្មតាគួរតែមាន។ មនុស្សមួយចំនួនមានជំងឺរលាកពោះវៀន ហើយរាករូសនៅពេលដែលពួកគេហូបអាហារដែលធ្វើទុក្ខ។ ដូច្នេះ ចូរកុំហូបអាហារទាំងនោះ។ ប៉ុន្តែអ្នកខ្លះនិយាយថា៖ «ខ្ញុំមិនខ្លាចទេ។ ព្រះជាម្ចាស់ការពារខ្ញុំហើយ» ហើយជាលទ្ធផល ក៏រាករូសក្រោយពេលហូបអាហាររួច។ ពួកគេថែមទាំងនិយាយថា នោះគឺជាការដែលព្រះជាម្ចាស់កំពុងតែដាក់ពួកគេឱ្យឆ្លងកាត់ការល្បងល និងបន្សុទ្ធពួកគេ។ តើពួកគេមិនមែនជាមនុស្សហួសហេតុទេឬ? ប្រសិនបើពួកគេមិនមែនជាមនុស្សហួសហេតុទេ នោះពួកគេគឺជាមនុស្សល្មោភស៊ីដ៏សែនអាក្រក់ ដែលហូបដោយគ្មានគិតពីផលវិបាកឡើយ។ មនុស្សប្រភេទនេះមានបញ្ហាច្រើនណាស់។ ពួកគេមិនអាចគ្រប់គ្រងសេចក្តីឃ្លានរបស់ខ្លួនបាន ហើយបែរជានិយាយថា៖ «ខ្ញុំមិនខ្លាចទេ។ ព្រះជាម្ចាស់នឹងការពារខ្ញុំ!» តើការយល់ឃើញរបស់ពួកគេចំពោះបញ្ហានេះយ៉ាងម៉េចដែរ? ការយល់ឃើញនេះ គឺខុសឆ្គង ពួកគេមិនយល់ពីសេចក្ដីពិតទេ ប៉ុន្តែអនុវត្តវាទាំងងងឹតងងល់។ ពួកគេមានជំងឺរលាកពោះវៀន ប៉ុន្តែហូបផ្តេសផ្តាស ហើយនៅពេលដែលពួកគេរាករូសជាលទ្ធផល ពួកគេបែរជានិយាយថា នោះគឺជាការដែលព្រះជាម្ចាស់កំពុងតែដាក់ពួកគេឱ្យឆ្លងកាត់ការល្បងល និងបន្សុទ្ធពួកគេទៅវិញ តើនោះមិនមែនជាការអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់ទេឬ? ចំពោះមនុស្សហួសហេតុបែបនេះ ដែលនិយាយពាក្យសម្តីផ្តេសផ្តាសបែបនេះ តើនោះមិនមែនជាការប្រមាថព្រះជាម្ចាស់ទេឬ? តើព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងខ្លួនមនុស្សដ៏គួរឱ្យអស់សំណើចបែបនេះដែរទេ? (ទេ) ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិតទេ អ្នកមិនត្រូវអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់ឡើយ។ តើព្រះជាម្ចាស់នឹងដាក់នរណាម្នាក់ឱ្យឆ្លងកាត់ការល្បងលដោយមិនរើសមុខដែរឬទេ? ពិតជាមិនមែនឡើយ។ អ្នកមិនទាំងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់រឿងនោះផង កម្ពស់របស់អ្នកមិនទាន់គ្រប់គ្រាន់ ដូច្នេះហើយ ព្រះជាម្ចាស់នឹងមិនដាក់អ្នកឱ្យឆ្លងកាត់ការល្បងលឡើយ។ នរណាម្នាក់ដែលមិនដឹងថាអាហារណា ធ្វើឱ្យពួកគេឈឺ គឺជាមនុស្សល្ងង់ខ្លៅដែលមានបញ្ញាមិនប្រក្រតី។ តើមនុស្សដែលមានវិចារណញ្ញាណ និងបញ្ញាមិនប្រក្រតី អាចយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់បានដែរឬទេ? តើពួកគេអាចយល់ពីសេចក្ដីពិតបានដែរឬទេ? (ទេ) ដូច្នេះ តើព្រះជាម្ចាស់នឹងដាក់មនុស្សបែបនេះឱ្យឆ្លងកាត់ការល្បងលដែរឬទេ? ទេ ទ្រង់នឹងមិនធ្វើដូច្នោះឡើយ។ នោះហើយគឺជាអ្វីដែលហៅថា ខ្វះវិចារណញ្ញាណ ហើយនិយាយផ្តេសផ្តាស។ មានគោលការណ៍ជាច្រើនចំពោះការល្បងលមនុស្សរបស់ព្រះជាម្ចាស់ គឺសំដៅលើមនុស្សដែលស្រឡាញ់សេចក្ដីពិត និងដេញតាមសេចក្ដីពិត សំដៅលើមនុស្សដែលព្រះជាម្ចាស់នឹងប្រើប្រាស់ ហើយដែលអាចធ្វើបន្ទាល់ថ្វាយទ្រង់បាន។ ទ្រង់ដាក់មនុស្សដែលមានជំនឿពិត ដែលអាចដើរតាមទ្រង់ និងធ្វើបន្ទាល់ថ្វាយទ្រង់ ឱ្យឆ្លងកាត់ការល្បងល។ គ្មាននរណាម្នាក់ដែលស្វែងរកតែសេចក្តីសុខស្រួល និងការសប្បាយ ហើយមិនដេញតាមសេចក្ដីពិតទាល់តែសោះ ហើយជាពិសេស គ្មាននរណាម្នាក់ដែលមានការយល់ឃើញខុសឆ្គង នឹងមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ បើដូច្នោះមែន តើព្រះជាម្ចាស់នឹងដាក់ពួកគេឱ្យឆ្លងកាត់ការល្បងលដែរឬទេ? នោះគឺជារឿងដែលមិនអាចទៅរួចជាដាច់ខាត។
មនុស្សមួយចំនួនអាចរកបាននូវឱសថបុរាណចិន ឬអាហារបំប៉នសុខភាព ដែលពួកគេទទួលទានផ្ដេសផ្ដាស។ ស្ត្រីមួយចំនួនតែងតែលាបផលិតផលការពារស្បែក ដែលធ្វើឱ្យស្បែកស និងតឹងនៅលើផ្ទៃមុខរបស់ពួកគេ។ ពួកគេចំណាយពេលពីរម៉ោងជារៀងរាល់ថ្ងៃដើម្បីតុបតែងមុខ និងបីម៉ោងដើម្បីលាងសម្អាតវាចេញ ហើយនៅទីបំផុតក៏បានបំផ្លាញស្បែករបស់ពួកគេរហូតដល់មើលលែងស្គាល់។ ពួកគេថែមទាំងនិយាយថា៖ «គ្មាននរណាម្នាក់អាចយកឈ្នះលើច្បាប់ធម្មជាតិនៃភាពចាស់ជរាដែលធ្វើឱ្យសម្រស់បាត់បង់បានឡើយ សូមមើលស្បែកចាស់របស់ខ្ញុំនេះចុះ!» ការពិតគឺថា ពួកគេនឹងមិនមើលទៅចាស់ខ្លាំងបែបនេះទេ ប្រសិនបើពួកគេមិនបានបន្តធ្វើផ្តេសផ្តាសលើផ្ទៃមុខរបស់ពួកគេទេនោះ គឺការលាបផលិតផលទាំងនោះហើយដែលធ្វើឱ្យពួកគេចាស់។ តើអ្នកគិតយ៉ាងណាចំពោះរឿងនោះ? (ពួកគេនាំរឿងដាក់ខ្លួន។) សមមុខពួកគេហើយ! មានចំណេះដឹងមួយចំនួនដែលមនុស្សគ្រប់គ្នាដឹង សម្រាប់ការរស់នៅក្នុងភាពជាមនុស្សធម្មតា ហើយមនុស្សម្នាក់ត្រូវតែយល់ដឹងឱ្យបានច្បាស់ ដូចជាចំណេះដឹងដែលគ្រប់គ្នាសុទ្ធតែដឹងអំពីការថែរក្សាសុខភាព និងការបង្កាជំងឺជាដើម៖ ឧទាហរណ៍ ការដែលប្រអប់ជើងត្រជាក់គឺងាយនឹងធ្វើឱ្យឈឺខ្នង ឬរបៀបដែលមនុស្សម្នាក់គួរតែព្យាបាលជំងឺភ្នែកមើលជិតមិនច្បាស់ដែលកើតឡើងមុនអាយុ ឬអ្វីដែលជាផលប៉ះពាល់នៃការអង្គុយនៅមុខកុំព្យូទ័រយូរពេក។ មនុស្សម្នាក់គួរតែយល់ដឹងខ្លះៗអំពីការថែទាំសុខភាពដែលមនុស្សគ្រប់គ្នាដឹងបែបនេះ។ អ្នកខ្លះអាចនិយាយថា៖ «ដើម្បីជឿលើព្រះជាម្ចាស់ អ្នកគ្រាន់តែត្រូវអានព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ តើការរៀនសូត្រនូវចំណេះដឹងថែទាំសុខភាពដែលមនុស្សគ្រប់គ្នាដឹងទាំងអស់នោះមានប្រយោជន៍អ្វី? អាយុជីវិតរបស់មនុស្សម្នាក់ត្រូវបានកំណត់ដោយព្រះជាម្ចាស់ គ្មានចំណេះដឹងថែទាំសុខភាពណាមួយអាចជួយបានឡើយ។ ដល់ពេលដែលអ្នកត្រូវស្លាប់ គ្មានអ្នកណាម្នាក់អាចសង្គ្រោះអ្នកបានទេ»។ ពាក្យនេះមើលមួយភ្លែតទៅហាក់ដូចជាត្រឹមត្រូវ ប៉ុន្តែតាមពិតទៅ វារាងមិនសមហេតុផលបន្តិច។ នេះគឺជាអ្វីដែលមនុស្សណាម្នាក់គ្មានការយល់ដឹងខាងវិញ្ញាណនឹងនិយាយ។ ពួកគេរៀននិយាយពាក្យពេចន៍ និងគោលលទ្ធិចាស់ៗដែលគេនិយាយតៗគ្នា ហើយហាក់ដូចជាយល់ដឹងខាងវិញ្ញាណណាស់ ទាំងដែលតាមការពិត ពួកគេគ្មានការយល់ដឹងពីភាពបរិសុទ្ធទាល់តែសោះ។ ពួកគេព្យាយាមអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់នៅពេលមានរឿងកើតឡើងចំពោះពួកគេ ដោយនិយាយយ៉ាងពីរោះតាមដែលអាចធ្វើបាន ដោយមិនបានអនុវត្តសេចក្ដីពិតណាមួយឡើយ។ ឧទាហរណ៍ អ្នកខ្លះអាចប្រាប់ពួកគេថា បបរពោតមានជីវជាតិ ហើយវាល្អសម្រាប់សុខភាព។ ពាក្យនោះមិនចូលត្រចៀកពួកគេទេ។ ប៉ុន្តែភ្លាមៗនៅពេលដែលពួកគេឮនរណាម្នាក់និយាយថា សាច់ជ្រូកខល្អសម្រាប់សុខភាព ពួកគេនឹងបរិភោគវារហូតដល់ឆ្អែតនៅពេលក្រោយដែលពួកគេឃើញវា ដោយនិយាយទាំងកំពុងទំពារថា៖ «តើខ្ញុំអាចធ្វើអ្វីបាន? ខ្ញុំត្រូវតែបរិភោគរបស់នេះ វាគឺដើម្បីសុខភាពរបស់ខ្ញុំ!» តើនោះមិនមែនជាពាក្យសម្តីបោកបញ្ឆោតទេឬ? (មែនហើយ។) គឺវាជាការបោកបញ្ឆោត។ ការមាននូវអ្វីដែលមនុស្សមានភាពជាមនុស្សធម្មតាគួរតែមាន ការដឹងនូវអ្វីដែលមនុស្សគួរតែដឹង ការដឹងនូវអ្វីដែលមានសម្រាប់ដឹងនៅដំណាក់កាលនៃជីវិតដែលត្រូវនឹងអាយុរបស់អ្នក នោះហើយគឺជាអ្វីដែលហៅថាការមានភាពជាមនុស្សធម្មតា។ មនុស្សមួយចំនួននៅអាយុខ្ទង់ម្ភៃឆ្នាំបរិភោគផ្ដេសផ្ដាស។ ពួកគេនឹងបរិភោគដុំទឹកកកនៅថ្ងៃដែលត្រជាក់ខ្លាំង។ មនុស្សចាស់ទុំរបស់ពួកគេភ័យខ្លាចនៅពេលឃើញបែបនោះ ហើយជំរុញឱ្យពួកគេឈប់ ដោយប្រាប់ពួកគេថា ពួកគេនឹងឈឺពោះ។ ពួកគេនិយាយថា៖ «ឈឺពោះឬ? ខ្ញុំមិនអីទេ មើលមកខ្ញុំចុះ រាងកាយខ្ញុំមាំមួនណាស់!» ពួកគេមិនយល់អំពីរឿងបែបនេះឡើយនៅវ័យរបស់ពួកគេ។ ចាំមើលរហូតដល់ពួកគេមានអាយុសែសិបឆ្នាំ សឹមយើងឱ្យដុំទឹកកកមួយដុំទៅពួកគេបរិភោគ។ តើពួកគេនឹងបរិភោគវាដែរឬទេ? (ទេ) ហើយនៅពេលដែលពួកគេមានអាយុហុកសិបឆ្នាំ ភ្លេចរឿងបរិភោគទឹកកកទៅ ពួកគេនឹងខ្លាចសូម្បីតែនៅក្បែរវា។ ភាពត្រជាក់របស់វានឹងខ្លាំងពេកដែលរាងកាយរបស់ពួកគេមិនអាចទ្រាំបាន។ នោះហើយដែលហៅថាបទពិសោធ គឺការរៀនមេរៀនជីវិត។ ប្រសិនបើអ្នកណាម្នាក់មានអាយុហុកសិបឆ្នាំហើយនៅតែមិនដឹងថាក្រពះរបស់ពួកគេមិនអាចទ្រាំទ្រនឹងដុំទឹកកកច្រើនពេកបាន មិនដឹងថារាងកាយរបស់ពួកគេមិនអាចទទួលយកវាបាន មិនដឹងថាវានឹងធ្វើឱ្យពួកគេឈឺ តើនោះហៅថាអ្វី? តើពួកគេខ្វះ ភាពជាមនុស្សធម្មតាមែនទេ? ពួកគេគឺខ្វះបទពិសោធជីវិត។ ប្រសិនបើអ្នកណាម្នាក់ដែលមានអាយុហុកសិបឆ្នាំជាងហើយនៅតែមិនដឹងថាភាពត្រជាក់មិនល្អសម្រាប់ខ្នង មិនដឹងថាការដែលប្រអប់ជើងត្រជាក់ធ្វើឱ្យឈឺខ្នង ដូច្នេះ តើពួកគេរស់នៅបានយ៉ាងដូចម្ដេចក្នុងរយៈពេលហុកសិបឆ្នាំជាងនោះ? ពួកគេច្បាស់ជាបានដោះស្រាយរឿងទាំងនោះឲ្យតែបានបានប៉ុណ្ណោះ។ មនុស្សមួយចំនួនយល់ដឹងពីរឿងរ៉ាវជាច្រើនដែលមនុស្សគ្រប់គ្នាដឹង ស្ដីអំពីជីវិត នៅពេលដែលពួកគេឈានចូលដល់វ័យសែសិបឆ្នាំជាង៖ ឧទាហរណ៍ ចំណេះដឹងអំពីសុខភាពដែលមនុស្សគ្រប់គ្នាដឹង ហើយពួកគេមានទស្សនៈត្រឹមត្រូវមួយចំនួនទាក់ទងនឹងវត្ថុធាតុ លុយកាក់ និងការងារ ហើយទាក់ទងនឹងសាច់ញាតិរបស់ពួកគេ កិច្ចការលោកិយ និងជីវិតជាដើម។ ពួកគេមានការយល់ដឹងដ៏បរិសុទ្ធអំពីរឿងទាំងនេះ ហើយទោះបីជាពួកគេមិនជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែយល់ដឹងពីរឿងទាំងនេះបានប្រសើរជាងអ្នកដែលមានវ័យក្មេងជាងពួកគេបន្តិចដែរ។ ទាំងនេះគឺជាមនុស្សដែលដឹងខុសត្រូវ ជាពួកអ្នកដែលមានការគិតប្រក្រតី។ ក្នុងរយៈពេលពីរទសវត្សរ៍ដែលពួកគេបានរស់នៅចាប់តាំងពីអាយុខ្ទង់ម្ភៃឆ្នាំមក ពួកគេបានយល់ដឹងពីរឿងរ៉ាវជាច្រើន ដែលរឿងរ៉ាវខ្លះជិតទៅនឹងសេចក្ដីពិត។ នេះបង្ហាញថាពួកគេជាមនុស្សដែលមានសមត្ថភាពក្នុងការយល់ដឹង ជាមនុស្សដែលមានគុណសម្បត្តិល្អ។ ហើយប្រសិនបើពួកគេជាអ្នកដែលដេញតាមសេចក្ដីពិត ការចូលទៅក្នុងតថភាពនៃសេចក្ដីពិតរបស់ពួកគេនឹងប្រព្រឹត្តទៅបានលឿនជាងមុន ពីព្រោះពួកគេបានឆ្លងកាត់បទពិសោធជាច្រើនក្នុងរយៈពេលម្ភៃឆ្នាំនោះ ហើយទទួលបាននូវរឿងវិជ្ជមានមួយចំនួន។ បទពិសោធរបស់ពួកគេនឹងស្របគ្នាជាមួយតថភាពនៃសេចក្ដីពិតដែលព្រះជាម្ចាស់មានបន្ទូល។ យ៉ាងណាម៉ិញ ប្រសិនបើមានការខ្វះខាតច្រើននៅក្នុងភាពជាមនុស្សរបស់បុគ្គលនោះ ហើយពួកគេគ្មានទស្សនៈត្រឹមត្រូវ ឬការគិតបែបភាពជាមនុស្សធម្មតា ហើយក៏គ្មាន បញ្ញានៃភាពជាមនុស្សធម្មតាទាក់ទងនឹងជីវិត និងទាក់ទងនឹងមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវដែលកើតឡើងក្នុងរយៈពេលម្ភៃឆ្នាំនោះទេ នោះពួកគេនឹងបានរស់នៅក្នុងឆ្នាំទាំងនោះដោយឥតប្រយោជន៍។ នៅកន្លែងជាច្រើនដែលខ្ញុំបានទៅ ខ្ញុំបានរកឃើញថា បងប្អូនស្រីចាស់ៗមួយចំនួនមិនចេះធ្វើម្ហូបទេ។ ពួកគេមិនអាចសូម្បីតែរៀបចំអាហារដែលមានតុល្យភាពបានផង។ ពួកគេស្លជាសម្លទឹកនូវអ្វីដែលគួរតែជាសម្លឆា ហើយស្លជាសម្លឆានូវអ្វីដែលគួរតែជាសម្លទឹក។ បន្លែផ្លែឈើផ្លាស់ប្ដូរទៅតាមរដូវកាល ប៉ុន្តែនៅលើតុរបស់ពួកគេតែងតែមានម្ហូបដដែលៗ។ តើមានរឿងអ្វីកើតឡើងនៅទីនោះ? នោះគឺជាការខ្វះបញ្ញាពិតប្រាកដ មែនទេ? ពួកគេខ្វះគុណសម្បត្តិនៃភាពជាមនុស្សធម្មតា។ ពួកគេមិនអាចសូម្បីតែចម្អិនបន្លែបង្ការដែលពួកគេមាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានផង ដូចជាស្ពៃក្ដោប និងដំឡូងបារាំងជាដើម។ ពួកគេមិនអាចបំពេញភារកិច្ចដ៏សាមញ្ញបំផុតបាន ហើយមិនអាចសម្រេចវាបានឡើយ។ តើពួកគេបានរស់នៅឱ្យតែបានបានក្នុងរយៈពេលហាសិប ឬហុកសិបឆ្នាំចុងក្រោយនេះដោយរបៀបណា? តើអាចទៅរួចទេដែលថាដួងចិត្តរបស់ពួកគេមិនបានទាមទារអ្វីពីជីវិតរបស់ពួកគេសោះ? ប្រសិនបើអ្នកណាម្នាក់មិនអាចទាញយកបទពិសោធពីអ្វីដែលពួកគេធ្វើបានទេ ដូច្នេះតើមនុស្សបែបនោះអាចបំពេញភារកិច្ចអ្វីបានល្អទៅ? ការពិតគឺថា មនុស្សអាចរៀនធ្វើអ្វីៗបាន ប្រសិនបើពួកគេគ្រាន់តែយកចិត្តទុកដាក់ និងហ្វឹកហាត់មួយរយៈ។ ប្រសិនបើអ្នកណាម្នាក់នៅតែមិនអាចធ្វើអ្វីមួយបានបន្ទាប់ពីបានរៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំ នោះបញ្ញា និងគុណសម្បត្តិរបស់ពួកគេច្បាស់ជាអន់ខ្លាំងណាស់!
ឥឡូវនេះ ចូរយើងនិយាយបន្តិចអំពីការគ្រប់គ្រងអនាម័យ។ ថ្មីៗនេះខ្ញុំបានទៅកន្លែងពីរ ដែលបរិស្ថានជុំវិញផ្ទះនៅទីនោះរញ៉េរញ៉ៃខ្លាំងណាស់។ ដើមឡើយ អ្វីៗទាំងអស់នៅទីនោះមានសណ្ដាប់ធ្នាប់ល្អណាស់ ដូច្នេះតើកន្លែងទាំងនោះក្លាយទៅជា «ទ្រុងជ្រូក» បែបនេះដោយរបៀបណា? មូលហេតុគឺថាមនុស្សនៅទីនោះមិនចេះរៀបចំចាត់ចែងទេ។ ពួកគេគ្មានការដឹងខ្លួន និងការទាមទារផ្នែកអនាម័យរបស់ភាពជាមនុស្សធម្មតាឡើយ។ វាមិនមែនគ្រាន់តែថាពួកគេខ្ជិលច្រអូសនោះទេ លើសពីនេះទៅទៀត ពួកគេបានស៊ាំនឹងការរស់នៅក្នុងលក្ខខណ្ឌបែបនេះហើយ។ ពួកគេបោះចោលសំរាមនៅលើដី និងដាក់របស់របរនៅពាសវាលពាសកាល ដោយគ្មានច្បាប់ទម្លាប់ ឬការដាក់កំហិតឡើយ។ នៅពេលដែលពួកគេបានសម្អាតកន្លែងណាមួយហើយ ពួកគេអាចរក្សាវាឱ្យស្អាតបានត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះ ប៉ុន្មានថ្ងៃក្រោយមក វាក៏រញ៉េរញ៉ៃ និងកខ្វក់លើសដើម ដែលពិបាកមើលខ្លាំងណាស់។ ប្រាប់ខ្ញុំមកមើល៍ តើបរិស្ថានបែបនោះហៅថាអ្វី? ហើយមនុស្សនៅទីនោះអាចបរិភោគយ៉ាងឆ្អែតឆ្អន់ និងគេងលក់នៅក្នុងលក្ខខណ្ឌបែបនេះ តើពួកគេជាមនុស្សប្រភេទណា? ពួកគេដូចជាជ្រូកអ៊ីចឹង មែនទេ? ពួកគេគ្មានការដឹងខ្លួន ហើយមិនយល់អ្វីទាំងអស់អំពីអនាម័យ អំពីបរិស្ថានរបស់ពួកគេ អំពីរចនាសម្ព័ន្ធ និងអំពីការគ្រប់គ្រង។ ពួកគេមិនបានកត់សម្គាល់វាទេ ទោះបីជាវាកខ្វក់ ឬរញ៉េរញ៉ៃយ៉ាងណាក៏ដោយ។ វាមិនរំខានពួកគេទេ ពួកគេមិនខ្វល់ខ្វាយ និងមិនរវីរវល់អំពីវាឡើយ។ ពួកគេបន្តរស់នៅដូចដែលពួកគេធ្លាប់រស់នៅដោយគ្មានភាពច្បាស់លាស់ និងដោយគ្មានការទាមទារ។ កន្លែងខ្លះមានអនាម័យ និងរក្សាបរិស្ថានបានយ៉ាងល្អ ហើយអ្នកអាចនឹងគិតថាមនុស្សនៅទីនោះបានយកចិត្តទុកដាក់ចំពោះអនាម័យ ហើយថាពួកគេចេះគ្រប់គ្រងមជ្ឈដ្ឋានជុំវិញរបស់ពួកគេ ប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងឡើយ រហូតទាល់តែមានការអង្កេតដោយមិនប្រាប់ជាមុន ទើបដឹងថាពួកគេបានបញ្ជូនមនុស្សឱ្យទៅសម្អាតកន្លែងនោះជាមុន។ ប្រសិនបើអ្នកប្រាប់ពួកគេជាមុនថាអ្នកនឹងមកកាន់ទីនោះ កន្លែងនោះធានាថាស្អាត ប៉ុន្តែប្រសិនបើអ្នកទៅដោយមិនបានប្រាប់ពួកគេជាមុន អ្នកនឹងឃើញបរិស្ថានខុសប្លែកពីមុន ដែលប្រាកដជារញ៉េរញ៉ៃ និងកខ្វក់។ បន្ទប់របស់ក្មេងស្រីមួយចំនួនមានសម្លៀកបំពាក់ និងស្បែកជើងរាយប៉ាយពាសពេញ ហើយនៅខាងក្រៅ ឧបករណ៍សម្រាប់ធ្វើការដូចជាចបកាប់ និងចបត្រសេះត្រូវបានគរទុកជាមួយសម្លៀកបំពាក់។ អ្នកខ្លះនៅទីនោះអាចនិយាយថា ពួកគេរវល់ខ្លាំងណាស់ ទើបពួកគេគ្មានពេលសម្អាត។ តើពួកគេរវល់ដល់ថ្នាក់នោះមែនទេ? តើពួកគេគ្មានពេលសូម្បីតែដកដង្ហើមមែនទេ? ប្រសិនបើពួកគេគ្មានពេលដកដង្ហើមមែន នោះទើបហៅថារវល់ពិតប្រាកដ ប៉ុន្តែពួកគេប្រាកដជាមិនរវល់ដល់ថ្នាក់នោះទេ។ តើការគ្រប់គ្រងទីកន្លែងរបស់ពួកគេពិបាកខ្លាំងណាស់ទៅឬ? តើការរក្សាបរិស្ថានឱ្យស្អាត និងមានសណ្ដាប់ធ្នាប់នោះ ប្រើកម្លាំងច្រើនណាស់ទៅឬ? តើរឿងនេះពាក់ព័ន្ធនឹងភាពជាមនុស្សដែរឬទេ? ហេតុអ្វីបានជាមនុស្សចូលចិត្តរស់នៅក្នុង «ទ្រុងជ្រូក» ខ្លាំងម្ល៉េះ? ហេតុអ្វីបានជាពួកគេសុខស្រួលនៅក្នុងបរិស្ថានបែបនេះ? តើពួកគេអាចមិនមានប្រតិកម្មអ្វីសោះចំពោះបរិស្ថានបែបនេះដោយរបៀបណាទៅ? តើមានរឿងអ្វីកើតឡើងនៅទីនោះ? តើអ្វីទៅជាមូលហេតុនៃបរិស្ថានដែលគ្រប់គ្រងមិនបានល្អ? ប្រសិនបើខ្ញុំទៅកន្លែងណាមួយម្ដងម្កាល ហើយប្រាប់ពួកគេជាមុន ពួកគេនឹងធ្វើឱ្យវាស្អាតរលោង ប៉ុន្តែពួកគេនឹងឈប់សម្អាត ប្រសិនបើខ្ញុំទៅទីនោះញឹកញាប់។ ពួកគេនិយាយថា៖ «អ្នកមកទីនេះញឹកញាប់ហើយ ដូច្នេះយើងមិនចាំបាច់មានការគួរសមទៀតទេ។ នេះគឺជាសភាពពិតរបស់យើង។ ការសម្អាតគ្រប់ពេលគឺនឿយហត់ណាស់! តើអ្នកណាមានកម្លាំង? យើងរវល់នឹងការងារពេញមួយថ្ងៃ យើងគ្មានពេលសូម្បីតែសិតសក់ផង!» ពួកគេលើកហេតុផលបែបនេះ។ ចុះតើពួកគេលើកហេតុផលអ្វីផ្សេងទៀតទៅ? «ទាំងអស់នេះគឺបណ្ដោះអាសន្នទេ។ យើងមិនចាំបាច់រៀបចំវាឱ្យមានសណ្ដាប់ធ្នាប់ល្អឥតខ្ចោះនោះទេ។ ទុកអីចឹងក៏បានដែរ»។ ពិតមែនហើយ អ្វីៗទាំងអស់គឺបណ្ដោះអាសន្ន ប៉ុន្តែទោះបីជាអ្នកកំពុងរស់នៅក្នុងតង់ក៏ដោយ ក៏អ្នកនៅតែត្រូវថែរក្សាវាដែរ មែនទេ? នោះគឺជាភាពជាមនុស្សធម្មតា។ ប្រសិនបើអ្នកគ្មានសូម្បីតែភាពជាមនុស្សធម្មតាបន្តិចបន្តួចសោះ នោះតើអ្នកខុសពីសត្វតិរច្ឆានដូចម្ដេចទៅ?
មានព្រះវិហារមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលមានទីតាំងល្អ គឺនៅក្បែរភ្នំ និងទឹក។ ផ្លូវមួយខ្សែត្រូវបានសាងសង់នៅទីនោះ ហើយដើមឈើបានដុះជាជួរតាមដងទន្លេ។ វាថែមទាំងមានកញ្ចុះដែលមានផ្ទាំងថ្មលម្អនៅជាប់នឹងវាទៀតផង។ ពិតជាស្រស់ស្អាតណាស់។ ថ្ងៃមួយខ្ញុំបានឃើញពីចម្ងាយនូវវត្ថុពណ៌លឿងតូចមួយនៅលើផ្លូវដ៏ស្អាតនោះ។ ពេលខ្ញុំដើរទៅជិត ឃើញថាវាគឺជាសម្បកក្រូចសោះ។ តើនរណាដែលដឹងថាពួកគេបោះសំរាមរបស់ខ្លួននៅទីនោះដោយគាប់ជួនបែបនេះ? នៅក្នុងកញ្ចុះនោះទៀតសោត ក៏មានមនុស្សកំពុងញ៉ាំគ្រាប់ផ្កាឈូករ័ត្ន ហើយបោះចោលសម្បកពាសពេញផ្ទៃឥដ្ឋផងដែរ។ ប្រាប់ខ្ញុំទៅមើលថា តើនេះឬមនុស្សដែលចេះដឹងច្បាប់ទម្លាប់នោះ? ចំពោះមនុស្សធម្មតា តើមានស្តង់ដារចាំបាច់សម្រាប់អនាម័យ និងបរិស្ថានរបស់មនុស្សម្នាក់ដែរឬទេ ឬក៏មិនមានទេ? អ្នកខ្លះអាចនិយាយថា "តើខ្ញុំមិនមានស្តង់ដារត្រង់ណា? ខ្ញុំលាងជើងរបស់ខ្ញុំរៀងរាល់ល្ងាច។ មនុស្សមួយចំនួនមិនទាំងធ្វើផង។ មនុស្សមួយចំនួនមិនទាំងលុបមុខផង នៅពេលក្រោកពីព្រលឹម"។ ជើងរបស់អ្នកប្រហែលជាស្អាតមែនហើយ ប៉ុន្តែហេតុអ្វីបានជាបរិយាកាសការងាររបស់អ្នកដូចជាទ្រុងជ្រូកអ៊ីចឹង? តើភាពស្អាតបាតបំផុតរបស់អ្នកមានន័យយ៉ាងណា? ចំណុចល្អបំផុត វាបង្ហាញថាអ្នកអាត្មានិយមខ្លាំងណាស់។ អ្នកចង់គ្រប់គ្រងអ្វីៗទាំងអស់ ពោលគឺតើអ្នកអាចធ្វើជាម្ចាស់លើអ្វីគ្រប់យ៉ាងដោយរបៀបណា បើអ្នកមិនអាចទាំងគ្រប់គ្រងបរិវេណជុំវិញបានផងនោះ? ពិតជាគ្មានភាពអៀនខ្មាសមែន! មិនត្រឹមតែមជ្ឍដ្ឋានរបស់ខ្លួនទេ ដែលមនុស្សទាំងនេះមិនអាចគ្រប់គ្រងបាន ពោលគឺពួកគេថែមទាំងមិនអាចគ្រប់គ្រងអនាម័យផ្ទាល់ខ្លួនរបស់ពួកគេបានទៀតផង ហើយបោះសំរាមចោលពាសវាលពាសកាល។ តើពួកគេបង្កើតទម្លាប់នេះដោយរបៀបណា? ពួកគេអាចអះអាងថាទង្វើបែបនេះគឺត្រឹមត្រូវ ដោយសារតែសម្បកផ្លែឈើដែលបោះចោលនៅលើដី វានឹងក្លាយទៅជាជីកំប៉ុស។ តើហេតុអ្វីបានជាមិនដាក់វានៅក្នុងគំនរជីកំប៉ុស ឬធុងសំរាម? ហេតុអ្វីបានជាបោះចោលវានៅលើផ្លូវ ឬនៅក្នុងកញ្ចុះនោះទៅវិញ? តើកញ្ចុះជាកន្លែងសម្រាប់ទុកដាក់ជីកំប៉ុសឬ? តើនោះមិនមែនជាការមិនអើពើនឹងច្បាប់ទម្លាប់ទេឬ? (ពិតមែនហើយ)។ វាជាកង្វះខាតដ៏គួរឱ្យភ័យខ្លាចនៃមនុស្សជាតិ ហេតុផល និងសីលធម៌ ពោលគឺពួកគេជាមនុស្សគ្មានសីលធម៌! ប្រាប់ខ្ញុំទៅមើលថា តើមានវិធីដោះស្រាយបញ្ហានេះទេ? តើវាអាចត្រូវបានបញ្ឈប់ដោយរបៀបណា? តើការត្រួតពិនិត្យនឹងមានប្រសិទ្ធភាពទេ? តើអ្នកណាអាចតាមដានរឿងបែបនេះបាន? តើត្រូវធ្វើអ្វីខ្លះ? (ផាកពិន័យពួកគេ)។ ពិតមែនហើយ នោះគឺជាជម្រើសចុងក្រោយ។ ត្រូវដាក់ឱ្យដំណើរការនូវប្រព័ន្ធដ៏សមស្របមួយ។ គ្មាននិទណ្ឌភាពទៀតទេ។ មនុស្សទាំងនេះគឺកខ្វក់ណាស់ ពោលគឺពួកគេមិនអាចកែតម្រូវបានទេ! នៅកន្លែងខ្លះ មានប្រអប់ក្រដាសកាតុង ឬបន្ទះក្រដាសរលួយ និងបំណែកក្រដាសខ្ចាត់ខ្ចាយពាសពេញ ហើយមនុស្សនៅទីនោះនិយាយថាពួកគេទុកវាសម្រាប់ប្រើប្រាស់នៅពេលក្រោយ។ ដោយសារវាជារបស់មានប្រយោជន៍ ហេតុអ្វីមិនរៀបចំវាតាមប្រភេទ ជាគំនរឱ្យបានស្អាត? តើវាមើលទៅស្អាតជាង និងប្រើប្រាស់កន្លែងតិចជាងមែនទេ? មនុស្សភាគច្រើនមិនដឹងអំពីការថែទាំវាទេ។ របស់របរត្រូវបានដាក់គរលើគ្នា ហើយរាយប៉ាយដោយមិនប្រុងប្រយ័ត្ននៅក្នុងទីតាំងរបស់វា ដូច្នេះគ្មានកន្លែងទំនេរឡើយ។ គំនរទាំងនោះកាន់តែរញ៉េរញ៉ៃនៅពេលដែលវាគរធំឡើងៗ ហើយក៏មានធូលីដីផងដែរ រហូតដល់កន្លែងនោះក្លាយជាកន្លែងចាក់សំរាម ដែលគួរឱ្យខ្ពើមចំពោះអ្នកដែលឃើញវា។ តើមនុស្សដែលរស់នៅក្នុងបរិស្ថានបែបនេះមានចិត្តមនុស្សធម្មតាទេ? តើពួកគេជាមនុស្សល្អទេ ប្រសិនបើពួកគេមិនអាចគ្រប់គ្រងបរិស្ថានដែលពួកគេរស់នៅបាន? តើមានភាពខុសគ្នាអ្វីខ្លះរវាងមនុស្សបែបនេះ និងសត្វតិរច្ឆាន? ផ្នែកមួយនៃហេតុផលដែលមនុស្សភាគច្រើនមិនដឹងពីរបៀបគ្រប់គ្រងទីកន្លែងដែលពួកគេរស់នៅ គឺដោយសារតែគ្មាននរណាម្នាក់មានការយល់ដឹងអំពីអនាម័យ ហើយក៏គ្មាននរណាម្នាក់ដឹងពីរបៀបគ្រប់គ្រងបរិស្ថានរបស់ខ្លួនដែរ។ រឿងទាំងនេះមិនកើតឡើងចំពោះពួកគេទេ ហើយពួកគេមិនដឹងថាបរិស្ថានរស់នៅរបស់មនុស្សគួរមានលក្ខណៈបែបណាដែរ។ ពួកគេដូចជាសត្វ មិនដឹងខ្លួនអំពីប្រភេទបរិស្ថានដែលពួកគេគួររស់នៅឡើយ។ ផ្នែកមួយទៀតគឺទាក់ទងនឹងអ្នកគ្រប់គ្រងដែលមិនចេះពីរបៀបគ្រប់គ្រងរបស់របរទាំងនេះ។ អ្នកគ្រប់គ្រងមិនដឹងពីរបៀបគ្រប់គ្រងរបស់ទាំងនេះទេ ហើយអ្នកគ្រប់គ្រងទាំងនោះមិនមានភាពសកម្ម ឬមិនយល់ដឹងអំពីរបស់របរទាំងនេះ។ នៅទីបំផុត ដោយមាន «ការចូលរួម» របស់មនុស្សទាំងអស់គ្នា កន្លែងនោះប្រែទៅជា «ទ្រុងជ្រូក»។ នៅពេលដែលមនុស្សទាំងនេះបានរស់នៅជុំវិញកន្លែងនោះបានមួយរយៈ ខ្ញុំក៏ចាកចេញដោយអារម្មណ៍ដិតដាមមួយថា “ហេតុអ្វីបានជាកន្លែងនេះមិនដែលស្អាតសោះអញ្ចឹង? ហេតុអ្វីបានជាវាមិនដែលមើលទៅហាក់ដូចជាផ្ទះអ៊ីចឹង?” ប្រាប់ខ្ញុំមកមើល៍ថា តើការឃើញកន្លែងបែបនេះអាចលើកអារម្មណ៍មនុស្សម្នាក់បានទេ? (មិនបានទេ)។ តើការទៅកាន់ទីនោះនឹងធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍ល្អទេ? (យើងមិនមានអារម្មណ៍ច្រើនអំពីវាទេ)។ នោះនឹងជាការឆ្លើយតបពិតរបស់អ្នករាល់គ្នា ពោលគឺមិនមែនជាអារម្មណ៍ច្រើនទេ។ ខ្ញុំបានរៀបចំផែនការសម្រាប់កន្លែងមួយចំនួននោះ ហើយនៅពេលដែលការងារត្រូវបានធ្វើរួចរាល់ របស់របរត្រូវបានរៀបចំឡើងវិញ ហើយមនុស្សគ្រប់គ្នារីករាយជាមួយទិដ្ឋភាពនោះណាស់។ ប៉ុន្តែពីរបីថ្ងៃក្រោយមក អ្វីៗក៏រញ៉េរញ៉ៃម្ដងទៀត។ ខ្ញុំត្រូវរកមើលនរណាម្នាក់ដែលស័ក្តិសមដើម្បីគ្រប់គ្រងភារកិច្ចនេះ ប្រសិនបើត្រូវការអ្នកថែរក្សាផ្នែកអនាម័យ។ នោះដោយសារតែមនុស្សភាគច្រើនមានភាពកខ្វក់ ធ្វើឱ្យរញ៉េរញ៉ៃក្នុងការងារណាមួយដែលពួកគេកំពុងធ្វើ។ មនុស្សមួយចំនួនបេះបន្លែ ហើយមិនដឹងកន្លែងត្រឹមត្រូវដើម្បីលាងសម្អាតវាឡើយ។ ពួកគេទទូចស្វែងរកកន្លែងស្អាតមួយដើម្បីធ្វើវា ដែលជាលទ្ធផលធ្វើឱ្យកន្លែងនោះគឺកខ្វក់។ តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលឃើញរឿងនោះ? តើមនុស្សទាំងនេះមិនមែនជាហ្វូងសត្វទេឬ? ពួកគេគ្មានភាពជាមនុស្សសោះ! ពេលមើលឃើញមនុស្សដែលមិនខ្វល់ពីអនាម័យទាំងនេះ ហើយមិនដឹងពីរបៀបគ្រប់គ្រងបរិស្ថានរបស់ខ្លួន វានឹងធ្វើឱ្យអ្នកខឹងសម្បា! មនុស្សទាំងនេះត្រូវបានផ្ដល់នូវបរិយាកាសដ៏ល្អដើម្បីរស់នៅ ជាមួយនឹងអ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំយ៉ាងល្អ។ ផ្កា និងស្មៅគ្រប់ប្រភេទលេចឡើងនៅនិទាឃរដូវ។ ពួកគេមានភ្នំ ទឹក និងកញ្ចុះ។ ពួកគេមានកន្លែងធ្វើការ និងកន្លែងរស់នៅ ព្រមទាំងគ្រឿងបរិក្ខារគ្រប់ប្រភេទ។ ល្អណាស់! ប៉ុន្តែតើវាបានបញ្ចប់ដោយរបៀបណា? ពួកគេចាត់ទុកវាជារឿងធម្មតា។ ពួកគេមិនបានដឹងគុណចំពោះសេចក្តីសប្បុរសនោះទេ។ ពួកគេគិតថា "នេះជាកន្លែងដ៏ស្រស់ស្អាតជាងកន្លែងភាគច្រើន ប៉ុន្តែវាជាជនបទ។ ដីគ្មានអ្វីក្រៅពីស្មៅ និងភក់ឡើយ"។ ដោយមានគំនិតបែបនោះ ពួកគេបានបំផ្លាញកន្លែងនោះដោយឥតខ្វល់។ ពួកគេមិនបានគិតចង់គ្រប់គ្រងបរិស្ថានរបស់ពួកគេទេ។ មានរឿងជាច្រើនដែលមនុស្សជាតិបែបនេះខ្វះខាត! វាមិនមានរបស់ទាំងឡាយណាដែលមនុស្សជាតិគួរតែមានទេ។ មនុស្សទាំងនោះមិនអាចគ្រប់គ្រងទិដ្ឋភាពផ្សេងៗ នៃបរិស្ថានរស់នៅរបស់ខ្លួនតាមរបៀបសាមញ្ញបំផុតបានទេ។ ប្រាប់ខ្ញុំមកមើលថា តើមនុស្សអាចមិនគិតចង់ឱ្យតម្លៃបរិស្ថានដ៏ស្រស់ស្អាតដែលពួកគេកំពុងរស់នៅបែបនេះដោយរបៀបណា? តើពួកគេអាចមិនគិតចង់ថែរក្សាវាដោយរបៀបណា? ហេតុអ្វី? តើវាដោយសារតែពួកគេរវល់ជាមួយកាតព្វកិច្ចរបស់ខ្លួនខ្លាំងពេក រហូតដល់ខ្វះពេលវេលាមែនទេ? ឬមានអ្វីផ្សេងទៀតកំពុងកើតឡើងជាមួយពួកគេ? តើមាននរណាម្នាក់ដែលមិនរវល់ជាមួយកាតព្វកិច្ចរបស់ខ្លួននោះ? មានអ្នកខ្លះរស់នៅក្នុងបរិស្ថានអាក្រក់ជាងអ្នករាល់គ្នាទៅទៀត ប៉ុន្តែពួកគេថែរក្សាកន្លែងរបស់ពួកគេបានយ៉ាងល្អ។ អ្នកផ្សេងឃើញកិច្ចការនេះហើយ លើកមេដៃឱ្យពួកគេដោយការកោតសរសើរ និងការគោរពចំពោះពួកគេ។ បន្ទាប់មកគឺបរិយាកាសរស់នៅរបស់អ្នករាល់គ្នា ពោលគឺអ្នកដទៃមិនចាំបាច់ចូលទៅខាងក្នុងទេ។ ពួកគេនឹងសើចចំអកឱ្យអ្នក ដោយគ្រាន់តែមើលពីខាងក្រៅ។ តើនេះមិនមែនជាទង្វើរបស់អ្នកខ្លួនឯងទេឬ? សកម្មភាព និងអាកប្បកិរិយារបស់អ្នកបាននាំមកនូវបរិយាកាសរស់នៅដ៏រខេករខាក។ នៅពេលដែលមនុស្សរាល់គ្នាមើលឃើញអំពីបរិយាកាសរស់នៅរបស់អ្នក វាដូចគ្នាទៅនឹងពួកគេមើលឃើញអំពីខ្លឹមសាររបស់អ្នកដែរ។ ដូច្នេះ តើអ្នកអាចបន្ទោសពួកគេចំពោះការសើចចំអកឱ្យអ្នកបានទេ? ថាតើមនុស្សម្នាក់ខ្ពង់ខ្ពស់ឬតូចទាប ថ្លៃថ្នូរឬអន់ថយ មិនមែនត្រូវបានសម្រេចដោយការវាយតម្លៃរបស់អ្នកដទៃទេ ប៉ុន្តែដោយសារអ្វីដែលពួកគេរស់នៅ។ ប្រសិនបើអ្នកមានអ្វីៗដែលជារបស់មនុស្សជាតិធម្មតាមាន អ្នកអាចរស់នៅប្រកបដោយភាពដូចជាមនុស្សប្រក្រតីយ៉ាងពិតប្រាកដ។ អ្នកនឹងអាចបង្ហាញពីគុណភាពថ្លៃថ្នូររបស់អ្នក ហើយអ្នកដទៃនឹងឱ្យតម្លៃ ព្រមទាំងគោរពអ្នកដោយឯកឯង។ ប្រសិនបើអ្នកមិនមានរបស់ទាំងនោះទេ ហើយអ្នកមិនយល់អំពីអនាម័យទូទៅ ហើយអ្នកមិនដឹងពីរបៀបថែរក្សាបរិស្ថានរបស់អ្នកទៀត ដោយធ្វើការរស់នៅពេញមួយថ្ងៃរបស់អ្នកនៅក្នុង "ទ្រុងជ្រូក" ហើយមានអារម្មណ៍ពេញចិត្តនឹងវាទៀត នោះគឺបង្ហាញពីគុណភាពដ៏ព្រៃផ្សៃរបស់អ្នកហើយ។ វាមានន័យថាអ្នកជាមនុស្សអន់ និងថោកទាប។ ដោយជាបុគ្គលអន់និងថោកទាបបែបនេះ ជាមួយនឹងភាពជាមនុស្សអន់និងថោកទាបបែបនេះ ដោយគ្មានការគិតគូរ ទស្សនៈ តម្រូវការ និងការខិតខំប្រឹងប្រែងដែលមនុស្សប្រក្រតីគួរតែមាន។ បើគ្មានរបស់ទាំងនោះទេ តើមនុស្សបែបនេះអាចយល់ពីសេចក្ដីពិតបានទេ? តើពួកគេអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានទេ? (មិនបានទេ)។ អ្នករាល់គ្នាក៏គិតថាពួកគេមិនអាចធ្វើបានដែរ? ហេតុអ្វីមិនអាច? អ្នកខ្លះនឹងនិយាយថា "យើងបានកម្ចាត់របស់ទាំងអស់នោះចោលជាយូរមកហើយក្នុងរយៈពេលជាច្រើនឆ្នាំនៃការជឿលើព្រះជាម្ចាស់។ យើងមិនខ្វល់ពីរបស់ទាំងនោះទេ! ‘ការរស់នៅប្រកបដោយគុណភាព’ គឺជារឿងរបស់លោកិយ!" តើមិនមានអ្នកដែលនិយាយបែបនេះទេឬ? ដូច្នេះតើខ្យល់ដែលអ្នកដកដង្ហើមជារបស់ខាងលោកិយដែរឬ? សម្លៀកបំពាក់ដែលអ្នកស្លៀក របស់របរទាំងអស់ដែលអ្នកប្រើប្រាស់ តើទាំងនោះជារបស់ខាងលោកិយដែរឬ? ហេតុអ្វីបានជាអ្នកមិនរកកន្លែងណាមួយនៅទីវាលដើម្បីជួបជុំគ្នា? ហេតុអ្វីបានជាប្រមូលផ្ដុំគ្នានៅក្នុងបន្ទប់? តើមនុស្សដែលនិយាយបែបនេះមិនចម្លែកទេឬ? ខ្ញុំនឹងប្រាប់អ្នកអំពីការពិតមួយ៖ ប្រសិនបើមនុស្សបែបនេះចង់ចូលទៅក្នុងតថភាពនៃសេចក្ដីពិត នោះវានឹងពិបាកសម្រាប់ពួកគេ។ ប្រសិនបើមនុស្សម្នាក់ចង់ចូលទៅក្នុងតថភាពនៃសេចក្ដីពិត ពួកគេត្រូវតែមានភាពជាមនុស្សប្រក្រតីជាមុនសិន។ ក្រៅពីនេះ ពួកគេត្រូវតែបោះបង់ចោលទម្លាប់អាក្រក់ទាំងនោះនៅក្នុងជីវិតរបស់ពួកគេ ដើម្បីបន្តអ្វីមួយដែលមានរចនាបថ និងគោលដៅក្នុងជីវិតដែលមានគុណភាព សុជីវធម៌ និងសីលធម៌។ តើនេះជាវិធីត្រឹមត្រូវដើម្បីនិយាយដែរឬទេ? ដូច្នេះ តើបញ្ហាទាំងនេះងាយស្រួលនិយាយទេ? តើវាត្រូវចំណាយពេលប៉ុន្មានដើម្បីផ្លាស់ប្ដូររបៀបរស់នៅរបស់មនុស្សម្នាក់ និងបោះបង់ចោលទម្លាប់មិនល្អនៅក្នុងជីវិតរបស់មនុស្សម្នាក់? តើត្រូវប្រើវិធីសាស្រ្តអ្វីដើម្បីចូលទៅក្នុងរឿងនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន? តើមានវិធីសាស្រ្តអ្វីខ្លះក្រៅពីការដាក់ទណ្ឌកម្ម? (ការត្រួតពិនិត្យគ្នាទៅវិញទៅមក)។ ការត្រួតពិនិត្យគ្នាទៅវិញទៅមកគឺជាវិធីសាស្រ្តមួយ។ វាអាស្រ័យលើថាតើមនុស្សទទួលយកវាឬអត់។ ដូចដែលខ្ញុំយល់ឃើញ ការដាក់ពិន័យគឺជាវិធីដ៏មានឥទ្ធិពល និងពិតជាមានប្រសិទ្ធភាពមួយ។ ដរាបណាអ្នកប៉ះពាល់ដល់ការពិន័យជាប្រាក់ភ្លាម គឺអ្នកកំពុងប៉ះពាល់ដល់ផលប្រយោជន៍របស់មនុស្សហើយ។ ពួកគេគ្មានជម្រើសអ្វីក្រៅពីធ្វើតាមនោះទេ ព្រោះខ្លាចថាផលប្រយោជន៍របស់ពួកគេអាចនឹងរងផលប៉ះពាល់។ នោះហើយជាអ្វីដែលសម្រេចបានដោយការដាក់ពិន័យ។ ប៉ុន្តែហេតុអ្វីបានជាគ្មានអ្វីសម្រេចបានដោយការសេពគប់លើសេចក្តីពិតជាមួយមនុស្សទាំងនោះ? ពីព្រោះពួកគេមិនមានភាពជាមនុស្សប្រក្រតី ឬលក្ខខណ្ឌចាំបាច់សម្រាប់ការទទួលយកសេចក្ដីពិត។ នោះហើយជាមូលហេតុដែលការសេពគប់លើសេចក្តីពិតគឺជាវិធីសាស្រ្តដែលគ្មានប្រសិទ្ធភាពជាមួយពួកគេ។ នៅក្នុងបរិយាកាសការងារណាមួយ ដំបូងចូររៀនតម្រៀបរបស់របរតាមប្រភេទជាមុនសិន ទីពីរគឺរក្សាសណ្ដាប់ធ្នាប់ ទីបីគឺរក្សាអនាម័យ និងភាពស្អាតបាតបំផុត ហើយបន្ទាប់មកទៀតដែលសំខាន់បំផុតនោះ គឺបង្កើតទម្លាប់សម្អាតសំរាម។ នោះហើយជាអ្វីដែលភាពមនុស្សប្រក្រតីគួរតែមាន។
មានមនុស្សស្រីមួយចំនួនសិតសក់របស់ខ្លួនហើយចេញទៅក្រៅ ដោយមិនបានបោសសម្អាតសសៃសក់ដែលជ្រុះនោះជាមុនឡើយ។ ពួកគេធ្វើបែបនេះជារៀងរាល់ថ្ងៃ។ តើទម្លាប់បែបនេះអាចផ្លាស់ប្ដូរបានដែរឬទេ? នៅពេលអ្នកសិតសក់របស់អ្នករួចរាល់ហើយ អ្នកត្រូវតែសម្អាតនិងរៀបចំទុកដាក់ភ្លាមៗ។ មិនត្រូវទុកឱ្យអ្នកដទៃជាអ្នកសម្អាតវាទេ ត្រូវគ្រប់គ្រងបរិស្ថានរបស់អ្នកឱ្យបានល្អដោយខ្លួនឯង។ ប្រសិនបើអ្នកចង់គ្រប់គ្រងបរិស្ថានរបស់ខ្លួនឱ្យបានល្អ អ្នកត្រូវតែចាប់ផ្ដើមជាមួយខ្លួនអ្នកផ្ទាល់។ ចូរសម្អាតកន្លែងផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ ក្រៅពីនេះ មនុស្សម្នាក់ត្រូវតែមានគំនិតជាពលរដ្ឋល្អអំពីបរិស្ថានសាធារណៈដែលពួកគេរស់នៅ។ ឧទាហរណ៍ ការទទួលខុសត្រូវគួរតែធ្លាក់ទៅលើមនុស្សគ្រប់គ្នាក្នុងការគ្រប់គ្រងកន្លែងដែលខ្លួនរស់នៅ និងសម្រាក។ ប្រសិនបើអ្នកឃើញសម្បកក្រូចពីរបីបំណែកនៅលើដី អ្នកគ្រាន់តែរើសវាឡើង ហើយបោះវាចូលទៅក្នុងធុងសំរាមជាការស្រេច។ នៅក្នុងការដ្ឋានខ្លះ ពេលដែលការងារត្រូវបានបញ្ចប់ហើយ ប៉ុន្តែយើងឃើញមានកម្ទេចឈើ អាចម៍ដែកឈូស កម្ទេចកម្ទីដែក និងដែកគោលនៅពាសពេញទីកន្លែងនោះ។ ពេលទៅកាន់ទៅទីនោះ អ្នកអាចនឹងជាន់ដែកគោលយ៉ាងងាយ ប្រសិនបើអ្នកមិនប្រយ័ត្ន។ វាមិនមានសុវត្ថិភាពឡើយ។ ហេតុអ្វីបានជាពួកគេមិនបោសសម្អាត និងធ្វើឱ្យរបស់របរមានអនាម័យ នៅពេលដែលពួកគេបានបញ្ចប់ការងាររបស់ខ្លួន? តើវាជាទម្លាប់អាក្រក់អ្វីទៅ? ដោយធ្វើបែបនេះ តើពួកគេអាចពន្យល់ខ្លួនឯងបានទេ? តើមនុស្សនឹងគិតបែបណា នៅពេលឃើញកន្លែងធ្វើការដ៏រញ៉េរញ៉ៃ និងកខ្វក់បែបនេះ? តើនោះមិនមែនជារបៀបដែលសត្វតិរច្ឆានធ្វើការងាររបស់វាទេឬ? មនុស្សដែលមានចិត្តជាមនុស្សត្រូវតែសម្អាតរបស់របរឱ្យបានស្អាតបាត នៅពេលដែលពួកគេធ្វើការងាររួច ហើយអ្នកដទៃនឹងដឹងភ្លាមៗថា ការងារនោះគឺមនុស្សជាអ្នកធ្វើ។ សត្វតិរច្ឆានមិនបោសសម្អាតឡើយ បន្ទាប់ពីពួកវាបានធ្វើការងាររួច ធ្វើដូចជាការបោសសម្អាតមិនមែនជាតួនាទីរបស់ពួកវា ហើយគ្មានអ្វីពាក់ព័ន្ធនឹងពួកវាដែរ។ តើមានអ្វីដែលសមហេតុផលទៅ? ខ្ញុំបានឃើញមនុស្សច្រើនជាងពីរឬបីនាក់ដែលមិនបោសសម្អាត បន្ទាប់ពីពួកគេធ្វើការងាររួច។ ពួកគេទាំងអស់គ្នាសុទ្ធតែមានទម្លាប់អាក្រក់នេះ។ ខ្ញុំបានប្រាប់ពួកគេថា ជារៀងរាល់ថ្ងៃ នៅពេលដែលការងារចប់រួចរាល់ ពួកគេត្រូវតែរៀបចំឱ្យមាននរណាម្នាក់បោសសម្អាតសំរាមដែលមានទាំងអស់ គឺសម្អាតជារៀងរាល់ថ្ងៃ។ ធ្វើបែបនេះ ទីកន្លែងនឹងស្អាត។ ពួកគេត្រូវតែបង្កើតទម្លាប់បែបនេះ។ ដើម្បីបង្កើតទម្លាប់ជីវិត មនុស្សម្នាក់ត្រូវតែចាប់ផ្ដើមដោយការថែរក្សាបរិស្ថាន បន្ទាប់មករង់ចាំឱ្យស៊ាំនឹងវា។ បន្ទាប់មកនៅថ្ងៃណាមួយ ពេលដែលបរិស្ថាននោះផ្លាស់ប្ដូរ ពួកគេផ្ទាល់នឹងមានអារម្មណ៍ថាមិនអាចទទួលយកបានឡើយ ពេលឃើញថាមានអ្វីមួយមិនស្អាត។ វាដូចគ្នានឹងមនុស្សមួយចំនួនដែលបានទៅរស់នៅក្រៅប្រទេសអស់រយៈពេលបី ឬប្រាំឆ្នាំ ដែលគិតថាអ្វីៗនៅទីនោះគឺប្រសើរជាង។ ថ្ងៃមួយពេលដែលពួកគេត្រឡប់មកស្រុកកំណើតវិញ ពួកគេក៏ស្រាប់តែមានអារម្មណ៍ថាក្លាយជាមនុស្សទាន់សម័យ។ ពួកគេក្រលេកមើលដោយចំអកឱ្យអ្នកដទៃដែលមិនខ្វល់ខ្វាយអំពីអនាម័យ ឬមនុស្សដែលមានផ្ទះមិនស្អាត។ ពួកគេមិនអាចទ្រាំទ្រនឹងការមិនងូតទឹកពីរបីថ្ងៃបានឡើយ។ តើបរិស្ថានរបស់ពួកគេមិនមែនជាកត្តាកំណត់រឿងនេះទេឬ? នោះហើយជារបៀបដែលវាដំណើរការ។ ដូច្នេះ អ្នកត្រូវតែចាប់ផ្ដើមដោយការគ្រប់គ្រងអនាម័យផ្ទាល់ខ្លួន និងបរិស្ថានរបស់អ្នក។ នោះជាវិធីដើម្បីមានអារម្មណ៍ថាមានផាសុកភាពក្នុងការបំពេញកាតព្វកិច្ចរបស់អ្នក។ វាក៏ជាអ្វីដែលមនុស្សធម្មតាគួរតែមានផងដែរ។ នៅកន្លែងជាច្រើនដែលខ្ញុំបានទៅ ខ្ញុំបានឃើញបន្ទប់របស់ក្មេងស្រីៗរញ៉េរញ៉ៃ និងគ្មានសណ្ដាប់ធ្នាប់ជាខ្លាំង។ ក្មេងស្រីខ្លះអាចតបមកថា "អ្នកចង់ឱ្យយើងមានសណ្ដាប់ធ្នាប់ តើវាគួរតែដូចនៅក្នុងជំរំហ្វឹកហាត់ឬ?" មិនចាំបាច់ដល់ថ្នាក់ហ្នឹងទេ គ្រាន់តែរៀបចំគ្រែ និងបោសសម្អាតបន្ទប់របស់អ្នករៀងរាល់ថ្ងៃ រក្សាអនាម័យ បង្កើតជាទម្លាប់ប្រចាំថ្ងៃទៅបានហើយ។ ប្រសិនបើអ្នកធ្វើរឿងទាំងនេះជារៀងរាល់ថ្ងៃ វានឹងក្លាយទៅជាទម្លាប់ បទដ្ឋាន និងមានលក្ខណៈស្វ័យប្រវត្តិដូចជាការញ៉ាំអាហារ នោះអ្នកនឹងបានបណ្ដុះទម្លាប់ប្រចាំថ្ងៃបែបនេះ ហើយតម្រូវការរបស់អ្នកចំពោះមជ្ឈដ្ឋានជុំវិញនឹងកើនឡើងមួយកម្រិត។ ហើយនៅពេលដែលវាកើនឡើងមួយកម្រិតនោះហើយ ឥរិយាបថទាំងមូលរបស់អ្នក ទស្សនៈផ្លូវចិត្ត ចំណូលចិត្ត ភាពជាមនុស្ស និងសេចក្តីថ្លៃថ្នូររបស់អ្នកនឹងត្រូវបានលើកកម្ពស់។ ប៉ុន្តែប្រសិនបើអ្នករស់នៅក្នុង "ទ្រុងជ្រូក" វាមិនមែនជាកន្លែងសម្រាប់មនុស្សរស់នៅទេ ប៉ុន្តែវាដូចជារូងសត្វ អ្នកនឹងមិនមានរូបរាងដូចមនុស្សឡើយ។ ជាឧទាហរណ៍ ពេលមនុស្សដើរចូលទៅក្នុងបន្ទប់ ប្រសិនបើពួកគេឃើញថាកម្រាលឥដ្ឋក្នុងបន្ទប់គឺស្រស់ស្អាតគ្មានធូលី ប្រាកដណាស់ពួកគេនឹងដោះស្បែកជើងរបស់ពួកគេទុកនៅខាងក្រៅជាក់ជាមិនខាន។ ទោះបីជាពួកគេមានអារម្មណ៍ថាវាមិនស្អាតខ្លាំង ប៉ុន្តែពួកគេនៅតែដោះស្បែកជើងមុនពេលចូលទៅក្នុងបន្ទប់។ នៅពេលដែលម្ចាស់បន្ទប់ឃើញពួកគេស្អាតបាត និងគោរពគាត់បែបនេះ ម្ចាស់បន្ទប់ក៏នឹងគោរពពួកគេវិញដែរ។ អ្នកផ្សេងទៀតនឹងចូលទៅមុន ដោយមានស្បែកជើងប្រឡាក់ដី ហើយមិនខ្វល់ពីរឿងដែលធ្វើឱ្យដីប្រឡាក់កម្រាលឥដ្ឋឡើយ។ ពួកគេគ្មានអារម្មណ៍អ្វីទាំងអស់ចំពោះរឿងនេះ។ ម្ចាស់បន្ទប់ឃើញថាពួកគេជាប់ទៅដោយភាពធ្វេសប្រហែសនៃការគោរពច្បាប់។ គាត់មើលឃើញពួកគេមិនល្អ ដូច្នេះគាត់ចំអកឱ្យពួកគេ ហើយនឹងមិនអនុញ្ញាតឱ្យពួកគេចូលក្នុងបន្ទប់ទៀតឡើយនៅពេលក្រោយ។ គាត់នឹងឱ្យពួកគេរង់ចាំនៅខាងក្រៅ នេះហើយជាអ្វីដែលនឹងបញ្ជាក់ថា៖ "អ្នកមិនសមនឹងចូលមកខាងក្នុងទេ ពោលគឺអ្នកនឹងបំផ្លាញកន្លែងនោះប្រសិនបើអ្នកធ្វើដូច្នេះ ហើយតើខ្ញុំនឹងចំណាយពេលយូរប៉ុនណាដើម្បីសម្អាតវា!" គាត់នឹងមិនគោរពពួកគេឡើយ។ ពេលគាត់ឃើញថាពួកគេមិនមានលក្ខណៈជាមនុស្សទេ គាត់ក៏មិនគោរពពួកគេផងដែរ។ ប្រសិនបើនរណាម្នាក់ឈានដល់ចំណុចនេះក្នុងជីវិតរបស់ខ្លួន តើពួកគេនៅតែជាមនុស្សដែរឬទេ? សត្វចិញ្ចឹមគឺល្អជាងពួកគេផង។ ដូច្នេះ មនុស្សត្រូវតែរស់នៅតាមរបៀបដូចមនុស្ស ដើម្បីត្រូវបានគេហៅថាជាមនុស្ស ហើយពួកគេត្រូវតែមានភាពជាមនុស្សធម្មតា ដើម្បីរស់នៅតាមរបៀបដូចមនុស្ស។ មិនថាជានរណា រស់នៅកន្លែងណា មានកាតព្វកិច្ចអ្វីក៏ដោយ ពួកគេត្រូវតែគោរពច្បាប់។ ពួកគេត្រូវតែថែរក្សាទីកន្លែងរស់នៅ និងអនាម័យរបស់ខ្លួន មានអារម្មណ៍ទទួលខុសត្រូវ និងមានទម្លាប់រស់នៅល្អ។ ពួកគេត្រូវតែយកចិត្តទុកដាក់ និងហ្មត់ចត់ក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ ហើយបន្តធ្វើរហូតដល់ពួកគេធ្វើរឿងនោះបានយ៉ាងល្អ និងសម្រេចបាននូវស្តង់ដារ។ ក្នុងរបៀបនេះ មនុស្សនឹងឃើញការអនុវត្តកាតព្វកិច្ចរបស់អ្នក និងរបៀបដែលអ្នកប្រព្រឹត្ត ហើយធ្វើកិច្ចការណាដែលដែលយល់ថាអ្នកគឺជាមនុស្សសុចរិត និងត្រឹមត្រូវ ពោលគឺជាមនុស្សល្អ។ ពួកគេនឹងមានអារម្មណ៍កោតសរសើរចំពោះអ្នក ហើយពួកគេនឹងគោរពអ្នកដោយឯកឯង។ ពួកគេនឹងគោរពឱ្យតម្លៃអ្នកផងដែរ ដូច្នេះពួកគេនឹងមិនបោកបញ្ឆោត ឬធ្វើបាបអ្នកឡើយ។ ពួកគេនឹងនិយាយទៅកាន់អ្នកដោយទឹកមុខម៉ឺងម៉ាត់ ដោយគ្មានការចំអក ឬការមើលងាយឡើយ។ ខ្ញុំមិនដឹងថាមនុស្សយល់ឃើញយ៉ាងណាចំពោះរូបរាងរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំមានអារម្មណ៍មួយ៖ នៅពេលដែលខ្ញុំជួបមនុស្សភាគច្រើន ពួកគេមិននិយាយលេង ឬលេងសើចឡើយ។ ខ្ញុំមិនដឹងថាមកពីមូលហេតុអ្វីទេ។ វាអាចប្រហែលជាពួកគេមានអារម្មណ៍ថា៖ «អ្នកគឺជាមនុស្សម៉ឺងម៉ាត់ពេក ហើយអ្នកក៏ម៉ឺងម៉ាត់ទាំងការនិយាយស្ដី និងសកម្មភាពផងដែរ។ អ្នកជាមនុស្សត្រឹមត្រូវ។ ខ្ញុំមិនហ៊ានលេងសើចទេនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកទេ។ វាច្បាស់ណាស់នៅពេលឃើញដំបូងថា អ្នកមិនមែនជាមនុស្សប្រភេទនោះទេ»។ ប្រសិនបើនៅពេលដែលអ្នកទៅកន្លែងណាមួយ ហើយនិយាយ ជជែក ឬធ្វើអន្តរកម្មជាមួយមនុស្ស ពួកគេមានអារម្មណ៍ថាមានអ្វីមួយនៅក្នុងភាពមនុស្ស និងសីលធម៌របស់អ្នក ពួកគេប្រហែលជាមិនអាចនិយាយបានច្បាស់ថាវាជាអ្វីនោះទេ ប៉ុន្តែអ្នកនឹងដឹងថាអ្នកគិតយ៉ាងណាជារៀងរាល់ថ្ងៃ ហើយអ្នកនឹងតែងតែមានគោលការណ៍ និងស្តង់ដារសម្រាប់របៀបដែលអ្នកមើលរបស់របរ និងចូលរួមជាមួយមនុស្ស។ ប្រសិនបើនោះជារបៀបដែលអ្នកចូលរួម និងធ្វើអន្តរកម្មជាមួយអ្នកដទៃ នោះពួកគេនឹងនិយាយថាអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ម៉ឺងម៉ាត់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ មានន័យថាអ្នកមានគោលការណ៍ខ្ពស់។ តើអារម្មណ៍នេះនឹងជំរុញចិត្តពួកគេនៅទីបំផុតយ៉ាងដូចម្ដេច? សូមគិតពិចារណាយឺតៗ។ ប្រសិនបើអ្នកមានចិត្តគំនិតនៃការប្រព្រឹត្តិជាប់ខ្លួនដែលមនុស្សធម្មតាគួរតែមាន វាមិនជាបញ្ហាដែលថាមនុស្សវាយតម្លៃអ្នកនៅពីក្រោយខ្នងរបស់អ្នកយ៉ាងណានោះទេ។ ប្រសិនបើពួកគេមានអារម្មណ៍ជ្រាលជ្រៅក្នុងចិត្តថា អ្នកជាមនុស្សត្រឹមត្រូវ ប្រយ័ត្នប្រយែង ម៉ឺងម៉ាត់ និងមានទំនួលខុសត្រូវចំពោះអ្វីៗទាំងឡាយប្រកបដោយគុណធម៌ខ្ពង់ខ្ពស់ នោះបន្ទាប់ពីផ្សារភ្ជាប់ និងមានអន្តរកម្មជាមួយអ្នកមួយរយៈ ពួកគេនឹងយល់ស្របតាមអ្នក ហើយគោរពអ្នក។ បន្ទាប់មក អ្នកនឹងមានតម្លៃក្នុងនាមជាមនុស្សម្នាក់។ ប្រសិនបើបន្ទាប់ពីទាក់ទងជាមួយអ្នកមួយរយៈហើយ ពួកគេមើលឃើញថាអ្នកមិនធ្វើអ្វីល្អៗទេ ខ្ជិលច្រអូសនិងល្មោភអាហារ មិនចូលចិត្តរៀនសូត្រ ស្តង់ដាររបស់អ្នកលើសពីសមត្ថភាពរបស់អ្នក អ្នកលោភលន់ និងអាត្មានិយម ហើយលើសពីនេះទៅទៀត ឃើញថាអ្នកមិនខ្វល់ពីអនាម័យ ហើយមិនគិតគូរចង់ថែរក្សាបរិស្ថានរបស់អ្នកទេ។ ប្រសិនបើពួកគេមើលឃើញថាអ្នកមិនដឹងពីកំហុសឆ្គងក្នុងការប្រប្រព្រឹត្តិរបស់ខ្លួន ឬមើលឃើញថាអ្នកមានសមត្ថភាពទាប ហើយអ្នកមិនស័ក្តិសមនឹងទទួលបានការកោតសរសើរ មិនអាចធ្វើកិច្ចការណាមួយដែលអ្នកទទួលបានយ៉ាងល្អនោះទេ នោះអ្នកនឹងគ្មានតម្លៃចំពោះមនុស្សទាល់តែសោះ ហើយនឹងមិនត្រូវបានចាត់ទុកថាជាមនុស្សមានតម្លៃឡើយ។ ការមិនឱ្យតម្លៃអ្នកដទៃសោះ មិនមែនជារឿងធំដុំអ្វីនោះទេ អ្វីដែលសំខាន់នោះគឺថា ប្រសិនបើអ្នកគឺជាមនុស្សអន់ តូចទាប និងគ្មានតម្លៃនៅក្នុងចិត្តរបស់ព្រះជាម្ចាស់ដែរ ដូចជាសត្វតិរច្ឆាន គ្មានបេះដូង ឬវិញ្ញាណ នោះអ្នកកំពុងជួបបញ្ហាហើយ។ អ្នកនៅតែឆ្ងាយពីការសង្គ្រោះ! ចំពោះមនុស្សណាដែលចរិតរបស់ពួកគេមិនស្របតាមស្តង់ដារ ពាក្យសម្ដី និងសកម្មភាពរបស់ពួកគេមិនមានការគ្រប់គ្រងទាំងស្រុង ដែលដូចជាសត្វតិរច្ឆាន តើមានសង្ឃឹមក្នុងការត្រូវបានសង្គ្រោះដែរទេ? ដូចដែលខ្ញុំយល់ឃើញ ពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់។ មិនយូរមិនឆាប់ ពួកគេនឹងត្រូវបានជម្រុះចោល។
គ. ឥរិយាបថ និងអាកប្បកិរិយារបស់មនុស្ស នៅក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សភេទផ្ទុយគ្នា
ចំណុចទីបីរបស់យើង គឺនិយាយអំពីឥរិយាបថ និងអាកប្បកិរិយារបស់មនុស្ស នៅក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សភេទផ្ទុយគ្នា នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ នេះគឺជាបញ្ហាដែលមនុស្សគ្រប់គ្នាដែលរស់នៅក្នុងចំណោមអ្នកដទៃនឹងត្រូវប្រឈមមុខ មិនថាពួកគេមានអាយុប៉ុន្មាននោះទេ។ តើបញ្ហានេះពាក់ព័ន្ធនឹងទិដ្ឋភាពអ្វីខ្លះនៃភាពជាមនុស្ស? វាពាក់ព័ន្ធនឹងសេចក្ដីថ្លៃថ្នូរ សេចក្ដីខ្មាសអៀន និងរបៀបនៃការប្រព្រឹត្តរបស់មនុស្សម្នាក់។ មនុស្សមួយចំនួនចាត់ទុកការប្រាស្រ័យទាក់ទងជាមួយមនុស្សភេទផ្ទុយគ្នាជារឿងធម្មតាៗណាស់។ ពួកគេមានអារម្មណ៍ថា ដរាបណាមិនមានអ្វីកើតឡើង នោះវាមិនមែនជារឿងធំដុំអ្វីឡើយ ហើយការបណ្ដោយខ្លួនតាមគំនិតស្រើបស្រាល ឬការបង្ហាញនូវតណ្ហាដ៏អាក្រក់ខ្លះៗ ក៏មិនមែនជារឿងធំដុំអ្វីដែរ។ តើមនុស្សម្នាក់ដែលមានភាពជាមនុស្សធម្មតាគួរតែមានគំនិតបែបនេះដែរឬទេ? តើនេះជាសញ្ញានៃភាពជាមនុស្សធម្មតាដែរឬទេ? នៅពេលដែលអ្នកដល់អាយុរៀបការ ហើយបានទាក់ទងជាមួយមនុស្សភេទផ្ទុយគ្នា ហើយចង់សេពគប់គ្នា នោះចូរធ្វើវាដោយធម្មតាទៅ ហើយក៏គ្មាននរណាម្នាក់នឹងចូលជ្រៀតជ្រែកដែរ។ ប៉ុន្តែមនុស្សមួយចំនួនមិនចង់សេពគប់គ្នាទេ ពួកគេចែចង់នរណាម្នាក់ដែលទាក់ភ្នែកពួកគេបានពីរបីថ្ងៃ ហើយនៅពេលដែលពួកគេជួបនរណាម្នាក់ដែលពួកគេពេញចិត្ត និងត្រូវចិត្តភ្លាម ពួកគេក៏ចាប់ផ្ដើមសម្ញែង។ ហើយតើពួកគេសម្ញែងដោយរបៀបណា? គឺធ្វើជាញាក់ចិញ្ចើម មិចភ្នែក ឬផ្លាស់ប្ដូរសំនៀងនៅពេលនិយាយ ឬក៏ធ្វើកាយវិការបែបណាមួយ ឬចាប់ផ្ដើមនិយាយពាក្យលេងសើចដើម្បីឱ្យគេចាប់អារម្មណ៍។ នេះហើយដែលហៅថា ការសម្ញែង។ នៅពេលមនុស្សម្នាក់ដែលជាធម្មតាមិនមែនបែបនេះ បង្ហាញនូវអាកប្បកិរិយាទាំងនេះ អ្នកអាចប្រាកដក្នុងចិត្តបានថា មានសមាជិកភេទផ្ទុយគ្នាមួយចំនួននៅក្បែរនោះដែលត្រូវចិត្តពួកគេ។ តើមនុស្សប្រភេទនេះជាមនុស្សបែបណា? អ្នកប្រហែលជានិយាយថា ពួកគេមានការប្រព្រឹត្តមិនសមរម្យ និងមិនរក្សាព្រំដែនច្បាស់លាស់រវាងបុរសនិងស្ត្រី ប៉ុន្តែពួកគេមិនបានបង្ហាញនូវ អាកប្បកិរិយាណាមួយដែលអាក្រក់ខ្លាំងនោះទេ។ អ្នកខ្លះប្រហែលជានិយាយថា ពួកគេគ្រាន់តែជាមនុស្សឡេះឡោះប៉ុណ្ណោះ។ និយាយម្យ៉ាងទៀត ពួកគេខ្វះការគោរពខ្លួនឯង។ មនុស្សឡេះឡោះគឺគ្មានគំនិតចង់គោរពខ្លួនឯងឡើយ។ មនុស្សមួយចំនួនបង្ហាញនូវចរិតលក្ខណៈទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃ ប៉ុន្តែវាមិនប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់ពួកគេឡើយ ហើយវាក៏មិនបានប៉ះពាល់ដល់ការ បំពេញកិច្ចការរបស់ពួកគេដែរ ដូច្នេះ តើនេះពិតជាបញ្ហាមែនទេ? អ្នកខ្លះនិយាយថា៖ «ដរាបណាវាមិនរារាំងដល់ការដេញតាមសេចក្ដីពិតរបស់ពួកគេ តើចាំបាច់ត្រូវនិយាយអំពីរឿងនេះធ្វើអ្វី?» តើរឿងនេះទាក់ទងនឹងអ្វី? គឺសេចក្ដីខ្មាសអៀន និងសេចក្ដីថ្លៃថ្នូរនៃភាពជាមនុស្សរបស់បុគ្គលម្នាក់។ ភាពជាមនុស្សរបស់បុគ្គលម្នាក់មិនអាចខ្វះសេចក្ដីខ្មាសអៀន និងសេចក្ដីថ្លៃថ្នូរបានឡើយ ហើយបើគ្មានរបស់ទាំងពីរនេះទេ ភាពជាមនុស្សរបស់ពួកគេក៏មិនអាចជាភាពជាមនុស្សធម្មតាបានដែរ។ មនុស្សមួយចំនួនគួរឱ្យទុកចិត្ត ពួកគេស្មោះត្រង់ មានទំនួលខុសត្រូវ និងខិតខំ ប្រឹងប្រែងនៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ពួកគេគ្មានបញ្ហាធំដុំអ្វីទេ ប៉ុន្តែពួកគេគ្រាន់តែមិនបានយកចិត្តទុកដាក់ចំពោះទិដ្ឋភាពនេះនៃជីវិតរបស់ពួកគេឱ្យបានដិតដល់ប៉ុណ្ណោះ។ នៅពេលដែលអ្នកចែចង់សមាជិកភេទផ្ទុយគ្នា តើនេះជាការស្ថាបនា ឬជាការបំផ្លិចបំផ្លាញ? ចុះបើអ្នកដែលអ្នកចែចង់នោះលង់ស្រឡាញ់អ្នកវិញ តើនឹងទៅជាយ៉ាងណា? អ្នកប្រហែលជានិយាយថា «ខ្ញុំមិនបានចង់បានបែបនោះទេ»។ បើដូច្នេះ ប្រសិនបើអ្នកនៅតែចែចង់នរណាម្នាក់ ទាំងដែលនោះមិនមែនជាអ្វីដែលអ្នកចង់បាន តើវាមិនមែនមានន័យថា អ្នកកំពុងលេងសើចជាមួយពួកគេទេឬ? អ្នកកំពុងធ្វើបាបពួកគេហើយ! នេះគឺជាការខ្វះសីលធម៌មួយបែបដែរ។ មនុស្សដែលធ្វើបែបនេះ មានចរិតលក្ខណៈមិនល្អ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកមិនមានបំណងចង់បន្តសេពគប់គ្នា ហើយក៏មិនច្បាស់លាស់នឹងរឿងនេះដែរ ប៉ុន្តែអ្នកនៅតែញាក់ចិញ្ចើម និងមិចភ្នែកដាក់មនុស្សភេទផ្ទុយគ្នា ហើយសម្ញែងដោយភាពកំប្លុកកំប្លែង និងលេងសើច ធ្វើគ្រប់បែបយ៉ាងដើម្បីបង្ហាញថាអ្នកមានឫកពាឡូយ ថាអ្នកសង្ហា ឬស្រស់ស្អាត។ ប្រសិនបើអ្នកសម្ញែងបែបនេះ តើអ្នកកំពុងធ្វើអ្វីឱ្យប្រាកដ? (កំពុងប្រលោមមនុស្ស។) វាមានចេតនាប្រលោមនៅក្នុងនោះ។ ដូច្នេះ តើអាកប្បកិរិយាប្រលោមបែបនេះជារឿងដ៏ថ្លៃថ្នូរ ឬជារឿងដ៏អាក្រក់? (ជារឿងដ៏អាក្រក់។) នេះគឺជាចំណុចដែលលែងមានសេចក្ដីថ្លៃថ្នូរទៀតហើយ។ តើមនុស្សប្រភេទណានៅក្នុងលោកនេះ ដែលនឹងប្រលោមអ្នកដទៃ? គឺស្រីពេស្យា ស្រីល្មោភកាម មនុស្សពាល មនុស្សទាំងនេះមិនចេះខ្មាសអៀនឡើយ។ តើការមិនចេះខ្មាសអៀនមានន័យដូចម្ដេច? វាមានន័យថា ពួកគេមិនដឹងអ្វីជាភាពអាម៉ាស់ឡើយ។ សេចក្ដីសុចរិត សេចក្ដីខ្មាសអៀន និងកិត្តិយស ក៏ដូចជាសេចក្ដីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះ ពួកគេមិនខ្វល់ពីរបស់ទាំងអស់នេះឡើយ។ មនុស្សបែបនេះដើរសម្ញែង និងចែចង់គ្រប់ទីកន្លែង។ ការចែចង់មនុស្សមួយឬពីរនាក់ គឺមិនគ្រប់គ្រាន់សម្រាប់ពួកគេទេ ហើយពួកគេក៏មិនគិតថា ប្រាំបីឬដប់នាក់ច្រើនពេកដែរ។ គឺទាល់តែមានរាប់ពាន់រាប់ម៉ឺននាក់ ទើបធ្វើឱ្យពួកគេសប្បាយចិត្ត។ ស្ត្រីរៀបការរួចមួយចំនួនមានកូនពីរនាក់ហើយ ប៉ុន្តែគ្មាននរណាម្នាក់នៅខាងក្រៅផ្ទះដឹងរឿងនេះឡើយ។ ហេតុអ្វីបានជាពួកគេមិនឱ្យមនុស្សដឹង? ពួកគេខ្លាចថា នៅពេលដែលពួកគេនិយាយថា ពួកគេរៀបការហើយ និងមានគូហើយ នោះពួកគេនឹងមិនអាចទទួលបានជោគជ័យក្នុងការចែចង់ទៀតទេ ហើយពួកគេនឹងបាត់បង់ភាពទាក់ទាញ និងការទាក់ចិត្តរបស់ពួកគេ។ នោះហើយជាមូលហេតុដែលពួកគេមិនហ៊ានបើកបង្ហាញរឿងនេះ។ តើមនុស្សបែបនេះមិនមែនជាមនុស្សដែលមិនដឹងអ្វីជាភាពអាម៉ាស់ទេឬ? តើភាពជាមនុស្សរបស់នរណាម្នាក់មានសភាពធម្មតាដែរឬទេ ប្រសិនបើវាមានរឿងបែបនេះនៅក្នុងនោះ? គឺមិនធម្មតាទេ។ ន័យបង្កប់នៃរឿងនេះគឺថា ប្រសិនបើអ្នកមានភាពជាមនុស្សបែបនេះ និងអាកប្បកិរិយាបែបនេះ នោះអ្នកកំពុងខ្វះខាតនូវភាពជាមនុស្សធម្មតាហើយ។ វាខ្វះសេចក្ដីខ្មាសអៀន និងសេចក្តីថ្លៃថ្នូរ។ មនុស្សមួយចំនួនចាប់ផ្ដើមអង្អែលសក់ និងរៀបចំសម្លៀកបំពាក់របស់ពួកគេភ្លាមៗ នៅពេលដែលពួកគេនៅក្បែរមនុស្សភេទផ្ទុយគ្នា ឬពួកគេនឹងលាបម្សៅ និងលាប ថ្ពាល់ក្រហមដោយព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យខ្លួនឯងស្អាត។ តើគោលដៅរបស់ពួកគេនៅក្នុងរឿងនេះគឺជាអ្វី? គោលដៅរបស់ពួកគេគឺការប្រលោម។ នេះគឺជាអ្វីដែលមិនគួរមាននៅក្នុងភាពជាមនុស្សធម្មតាឡើយ។ ការដែលអាចទៅប្រលោមមនុស្សបែបនេះ ហើយមិនមានអារម្មណ៍អ្វីសោះ ដោយគិតថាវាជារឿងធម្មតា និងសាមញ្ញបំផុត ថាវាមិនមែនជារឿងធំដុំអ្វីទេ នោះគឺជាការខ្វះសេចក្ដីខ្មាសអៀន ហើយថែមទាំងមិនដឹងថាអ្វីដែលខ្លួនគួរធ្វើ និងមិនគួរធ្វើទៀតផង។ មានមនុស្សមួយចំនួនដែលសុខចិត្តដើរស្រាតនៅតាមផ្លូវ ប្រសិនបើមានមនុស្សឱ្យលុយពួកគេមួយម៉ឺនយន់។ តើពួកគេជាមនុស្សប្រភេទណា? ពួកគេគឺជាមនុស្សដែលគ្មានសេចក្ដីខ្មាសអៀន។ ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីលុយ ដោយគ្មានសេចក្ដីខ្មាសអៀន។ សេចក្ដីសុចរិត ចរិតលក្ខណៈ សេចក្ដីខ្មាសអៀន និងសេចក្ដីថ្លៃថ្នូរ គឺគ្មានន័យ និងគ្មានតម្លៃអ្វីទាំងអស់ចំពោះពួកគេ។ ពួកគេមានអារម្មណ៍ថា សមត្ថភាពរបស់ពួកគេក្នុងការសម្ញែង និងប្រលោមអ្នកដទៃគឺជាទេពកោសល្យរបស់ពួកគេ ហើយសេចក្ដីអំណរតែមួយគត់របស់ពួកគេកើតចេញពីការទទួលបានការពេញចិត្តពីមនុស្សកាន់តែច្រើន និងមានមនុស្សកាន់តែច្រើនដេញតាមពួកគេ។ នោះគឺជាកិត្តិយសដ៏ខ្ពស់បំផុតសម្រាប់ស្ត្រីបែបនេះ វាគឺជាអ្វីដែលពួកគេឱ្យតម្លៃ។ ពួកគេមិនឱ្យតម្លៃរបស់ដូចជា សេចក្ដីថ្លៃថ្នូរ សេចក្ដីខ្មាសអៀន ឬចរិតលក្ខណៈឡើយ។ តើនេះជាភាពជាមនុស្សល្អដែរឬទេ? (មិនមែនទេ។) តើអ្នករាល់គ្នាធ្លាប់បង្ហាញនូវអាកប្បកិរិយាទាំងនេះដែរឬទេ? (យើងធ្លាប់។) បើដូច្នេះ តើអ្នករាល់គ្នាអាចគ្រប់គ្រងវាបានដែរឬទេ? តើអ្នករាល់គ្នាអាចគ្រប់គ្រងវាបានភាគច្រើន ឬអាចធ្វើបានតែភាគតិចប៉ុណ្ណោះ? តើអ្នករាល់គ្នាមានសមត្ថភាពក្នុងការទប់ចិត្តខ្លួនឯងដែរឬទេ? មនុស្សដែលអាចទប់ចិត្តខ្លួនឯងបានគឺជាមនុស្សដែលមានចិត្តចេះខ្មាសអៀន។ មនុស្សគ្រប់គ្នាសុទ្ធតែមានពេលដែលធ្វើតាមសន្ទុះចិត្ត និងពេលដែលបាត់បង់ការគ្រប់គ្រងលើខ្លួនឯង ប៉ុន្តែនៅពេលអ្នកដែលអាចទប់ចិត្តខ្លួនឯងបានធ្វើដូច្នេះ ពួកគេមានអារម្មណ៍ថា អ្វីដែលពួកគេកំពុងធ្វើគឺមិនត្រឹមត្រូវទេ ថាវាបន្ទាបបន្ថោកពួកគេ ថាពួកគេត្រូវតែផ្លាស់ប្ដូរភ្លាមៗ ហើយថាពួកគេមិនត្រូវធ្វើបែបនេះទៀតទេ។ ហើយក្រោយមក នៅពេលដែលពួកគេជួបរឿងបែបនេះម្ដងទៀត ពួកគេក៏អាចគ្រប់គ្រងខ្លួនឯងបាន។ ប្រសិនបើគ្មានសូម្បីតែសមត្ថភាពបន្តិចបន្តួចក្នុងការទប់ចិត្តខ្លួនឯងនៅក្នុងភាពជាមនុស្សរបស់អ្នកទេនោះ តើអ្នកអាចបះបោរប្រឆាំងនឹងអ្វីបាន នៅពេលដែលត្រូវបានតម្រូវឱ្យអនុវត្តសេចក្ដីពិតនោះ? មនុស្សមួយចំនួនមានសំណាងដែលមានរូបរាងស្អាតបាត ហើយតែងតែត្រូវបានមនុស្សភេទផ្ទុយគ្នាដេញតាមញ៉ែជានិច្ច។ កាលណាមនុស្សកាន់តែច្រើនដេញតាមញ៉ែពួកគេ ពួកគេក៏កាន់តែមានអារម្មណ៍ថា ពួកគេអាចសម្ញែងបានកាន់តែខ្លាំង។ តើរឿងនេះមិនគ្រោះថ្នាក់សម្រាប់ពួកគេទេឬ? តើអ្នកគួរធ្វើដូចម្ដេចនៅក្នុងស្ថានភាពនេះ? (ស្គាល់ និងចៀសវាងអន្ទាក់នេះ។) នេះពិតជាអន្ទាក់មួយដែលអ្នកត្រូវតែចៀសវាង។ បើអ្នកមិនធ្វើដូច្នេះទេ អ្នកអាចនឹងឃើញថាមានមនុស្សណាម្នាក់បានដាក់អន្ទាក់អ្នកហើយ។ អ្នកត្រូវតែចៀសវាងអន្ទាក់នេះ មុនពេលដែលអ្នកជាប់អន្ទាក់ នេះហើយដែលហៅថា ការទប់ចិត្តខ្លួនឯង។ មនុស្សដែលមានការទប់ចិត្តខ្លួនឯងគឺមានសេចក្ដីខ្មាសអៀន និងមានសេចក្ដីថ្លៃថ្នូរ។ រីឯអ្នកដែលគ្មានការទប់ចិត្តខ្លួនឯងវិញ អាចត្រូវបានបញ្ឆោតដោយនរណាម្នាក់ដែលប្រលោមពួកគេ ហើយនឹងចាញ់បោកនៅពេលណាដែលមាននរណាម្នាក់ដេញតាមញ៉ែពួកគេ ដែលនេះនឹងនាំមកនូវបញ្ហា។ លើសពីនេះទៅទៀត ពួកគេក៏នឹងសម្ញែង តែងខ្លួន និងស្លៀកពាក់ដោយមានចេតនាផងដែរ ហើយសម្លៀកបំពាក់អ្វីក៏ដោយដែលពួកគេត្រូវស្លៀកដែលអាចធ្វើឱ្យពួកគេមើលទៅកាន់តែសង្ហា កាន់តែទាក់ទាញ និងស្រស់ស្អាត ពួកគេនឹងជ្រើសរើសសម្លៀកបំពាក់ទាំងនោះជាពិសេសដើម្បីស្លៀក ហើយនឹងស្លៀកវាជារៀងរាល់ថ្ងៃ។ នេះគឺគ្រោះថ្នាក់សម្រាប់ពួកគេ ហើយវាបង្ហាញថា ពួកគេគឺជាមនុស្សម្នាក់ដែលកំពុងព្យាយាមប្រលោមអ្នកដទៃដោយចេតនា។ ប្រសិនបើអ្នកមើលទៅទាក់ភ្នែក និងទាក់ទាញខ្លាំងពេកនៅក្នុងសម្លៀកបំពាក់ទាំងនេះ នោះអ្នកត្រូវតែបះបោរប្រឆាំងនឹងសាច់ឈាមរបស់អ្នក ហើយឈប់ស្លៀកសម្លៀកបំពាក់បែបនេះទៀតទៅ។ ប្រសិនបើអ្នកមានការប្ដេជ្ញាចិត្តក្នុងរឿងនេះ នោះអ្នកអាចធ្វើវាបាន។ ក៏ប៉ុន្តែ ប្រសិនបើអ្នកគ្មានការប្ដេជ្ញាចិត្តទេ ហើយអ្នកចង់រកដៃគូ នោះចូរទៅរកម្នាក់ចុះ៖ ចូរប្រាស្រ័យទាក់ទងគ្នាដោយធម្មតា ដោយមិនចែចង់គ្នាទៅវិញទៅមក។ ប្រសិនបើអ្នកមិនមែនកំពុងរកដៃគូទេ ប៉ុន្តែនៅតែចែចង់អ្នកដទៃ នោះរឿងនេះអាចហៅបានត្រឹមតែថាជាការខ្វះសេចក្ដីខ្មាសអៀនប៉ុណ្ណោះ។ អ្នកត្រូវតែដឹងច្បាស់អំពីអ្វីដែលអ្នកកំពុងជ្រើសរើស។ តើអ្នករាល់គ្នាអាចគោរពតាមគោលការណ៍ទាំងនេះបានដែរឬទេ? (យើងមានការប្ដេជ្ញាចិត្តនេះ។) ប្រសិនបើអ្នកមានការប្ដេជ្ញាចិត្តនេះ នោះអ្នកមានកម្លាំង មានកម្លាំងចិត្ត ហើយវានឹងងាយស្រួលក្នុងការគោរពតាមគោលការណ៍ទាំងនោះ។ មនុស្សមួយចំនួនមានសេចក្តីល្អជាមូលដ្ឋានពីធម្មជាតិ ហើយលើសពីនេះទៅទៀត ដោយបានរកឃើញសេចក្ដីជំនឿលើព្រះជាម្ចាស់ ពួកគេក៏ដេញតាមសេចក្ដីពិត ហើយដើរតាមផ្លូវត្រូវ ដូច្នេះពួកគេគ្មានបំណងប្រាថ្នាបែបនោះទេ ហើយក៏មិនឆ្លើយតបនឹងនរណាម្នាក់ដែលព្យាយាមចែចង់ពួកគេដែរ។ មនុស្សមួយចំនួនងាយនឹងធ្វើរឿងនេះណាស់ ខណៈដែលអ្នកផ្សេងទៀតមិនបានយកចិត្តទុកដាក់នឹងវាឡើយ។ មនុស្សមួយចំនួនហាក់ដូចជាមានការប្ដេជ្ញាចិត្តនេះ ប៉ុន្តែសូម្បីតែពួកគេខ្លួនឯងក៏មិនអាចប្រាប់បានថា តាមពិតពួកគេមាន ឬមិនមានដែរ។ ទាក់ទងនឹងការប្រាស្រ័យទាក់ទងជាមួយមនុស្សភេទផ្ទុយគ្នា នេះគឺជារឿងដែលអ្នកត្រូវតែដោះស្រាយឱ្យបានត្រឹមត្រូវ និងពិនិត្យឡើងវិញ ហើយកំណត់ថាវាជាផ្នែកមួយនៃសេចក្ដីថ្លៃថ្នូរ និងសេចក្ដីខ្មាសអៀននៃភាពជាមនុស្សធម្មតា។ តើការខ្វះសេចក្ដីខ្មាសអៀនទាក់ទងនឹងការខ្វះភាពជាមនុស្សយ៉ាងដូចម្ដេច? គឺអាចនិយាយបានថា ប្រសិនបើមនុស្សម្នាក់គ្មានសេចក្ដីខ្មាសអៀនទេ នោះពួកគេគ្មានភាពជាមនុស្សឡើយ។ ហេតុអ្វីបានជាមនុស្សគ្រប់គ្នាដែលខ្វះភាពជាមនុស្សមិនស្រឡាញ់សេចក្ដីពិត? ហើយហេតុអ្វីបានជាយើងនិយាយថា មនុស្សម្នាក់អាច ដេញតាមសេចក្ដីពិតបាន ប្រសិនបើពួកគេមានភាពជាមនុស្ស? ចូរប្រាប់ខ្ញុំមក តើមនុស្សដែលគ្មានសេចក្ដីខ្មាសអៀនដឹងថាអ្វីល្អ និងអ្វីមិនល្អដែរឬទេ? (មិនដឹងទេ។) ដូច្នេះ នៅពេលដែលពួកគេធ្វើអំពើអាក្រក់ដែលទទឹងទិស និងក្បត់នឹងព្រះជាម្ចាស់ ហើយបំពានសេចក្ដីពិត តើពួកគេមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯងដែរឬទេ? (មិនមានទេ។) តើពួកគេអាចដើរលើផ្លូវត្រូវដែរឬទេ ប្រសិនបើសតិសម្បជញ្ញៈរបស់ពួកគេមិនស្ដីបន្ទោសពួកគេនោះ? តើពួកគេអាចដេញតាមសេចក្ដីពិតបានដែរឬទេ? មនុស្សដែលព្រហើនមិនចេះខ្មាសអៀនគឺ ស្ពឹកស្រពន់។ ពួកគេមិនអាចបែងចែកយ៉ាងច្បាស់រវាងរបស់វិជ្ជមាន និងរបស់អវិជ្ជមាន ឬអ្វីដែលព្រះជាម្ចាស់ស្រឡាញ់ និងអ្វីដែលទ្រង់ស្អប់ខ្ពើមបានទេ។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលឱ្យមនុស្សធ្វើជាមនុស្សទៀងត្រង់ ពួកគេនិយាយថា «តើការនិយាយកុហកមានបញ្ហាអ្វី? ការនិយាយមិនពិតមិនមែនជារឿងបន្ទាបបន្ថោកទេ!» តើមនុស្សដែលគ្មានសេចក្ដីខ្មាសអៀននឹងមិននិយាយអ្វីបែបនេះទេឬ? ប្រសិនបើមនុស្សម្នាក់ដែលមានសេចក្ដីខ្មាស់អៀនមិនបានធ្វើជាមនុស្សទៀងត្រង់ ហើយត្រូវបានមនុស្សគ្រប់គ្នាដឹង តើមុខរបស់ពួកគេមិនឡើងក្រហមទេឬ? តើពួកគេមិនមានអារម្មណ៍មិនស្រណុកក្នុងចិត្តទេឬ? (ពួកគេមាន។) ចុះចំណែកមនុស្សដែលមិនចេះខ្មាសអៀនវិញ? «ការធ្វើជាមនុស្សទៀងត្រង់ អ្វីដែលអ្នកដទៃគិត តម្លៃដែលខ្ញុំមានចំពោះពួកគេ ឬទម្ងន់ដែលពួកគេឱ្យមកខ្ញុំ គ្មានអ្វីសំខាន់ចំពោះខ្ញុំទេ!» ពួកគេមិនខ្វល់ឡើយ។ បើដូច្នេះ តើពួកគេនៅតែអាច ដេញតាមសេចក្ដីពិតបានដែរឬទេ? ប្រសិនបើអ្នកសួរពួកគេ បន្ទាប់ពីពួកគេនិយាយកុហករួច ថាតើពួកគេមានអារម្មណ៍មិនសុខក្នុងចិត្ត ឬមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯងដែរឬទេ ពួកគេនឹងនិយាយថា «តើការមានសន្ដិភាពមានន័យដូចម្ដេច? តើអ្វីទៅជាការស្ដីបន្ទោសខ្លួនឯង? ហេតុអ្វីបានជារឿងនេះត្រូវតែពិបាកយ៉ាងនេះ?» ពួកគេគ្មានការដឹងខ្លួនបែបនេះឡើយ។ តើមនុស្សម្នាក់ដែលមានវិចារណញ្ញាណមិនត្រឹមត្រូវបែបនេះ អាចដើរតាមព្រះជាម្ចាស់បានដែរឬទេ? តើពួកគេអាចដេញតាមសេចក្ដីពិតបានដែរឬទេ? ពួកគេមិនដេញតាមវាឡើយ។ សម្រាប់ពួកគេ គឺគ្មានព្រំដែនរវាងរបស់វិជ្ជមាន និងរបស់អវិជ្ជមាន រវាងសេចក្ដីពិត និងអ្វីដែលបំពានវាឡើយ ពោលគឺវាដូចគ្នាទាំងអស់។ ទោះយ៉ាងណាក៏ដោយ ពួកគេគិតថា វានឹងមិនអីទេ ប្រសិនបើមនុស្សគ្រប់គ្នាខិតខំប្រឹងប្រែង ធ្វើភារកិច្ចរបស់ខ្លួន និងលះបង់។ គ្មានអ្វីបែងចែករឿងទាំងនេះឡើយ។ ពួកគេគ្មានអារម្មណ៍ស្ដីបន្ទោសខ្លួនឯងទេ នៅពេលពួកគេបានធ្វើអ្វីមួយដែលទទឹងទិសនឹងព្រះជាម្ចាស់ នៅពេលដែលពួកគេបានធ្វើអ្វីមួយដែលបំពានគោលការណ៍សេចក្ដីពិត នៅពេលពួកគេបានធ្វើអ្វីមួយដែលបង្កការខាតបង់ដល់ផលប្រយោជន៍របស់អ្នកដទៃ ឬនៅពេលពួកគេបានធ្វើអ្វីមួយដែលរំខានដល់កិច្ចការរបស់ពួកជំនុំ។ ពួកគេគ្មានការស្ដីបន្ទោសខ្លួនឯងទាល់តែសោះ។ ក្នុងរឿងនេះ តើពួកគេមិនមែនកំពុងខ្វះសេចក្ដីខ្មាសអៀនទេឬ? មនុស្សដែលគ្មានសេចក្ដីខ្មាសអៀនគឺគ្មានការពិចារណាអំពីរឿងបែបនេះឡើយ។ សម្រាប់ពួកគេ វាគឺអំពីការធ្វើអ្វីក៏ដោយដែលពួកគេចង់បាន។ អ្វីក៏បានដែរ មិនចាំបាច់ប្រើសេចក្ដីពិតដើម្បីធ្វើការវិនិច្ឆ័យឡើយ។ ដូច្នេះ គឺគ្មានផ្លូវសម្រាប់មនុស្សដែលគ្មានសេចក្ដីខ្មាសអៀន អាចយល់ ឬអនុវត្តសេចក្ដីពិតបានឡើយ។ នេះគឺជាទំនាក់ទំនងរវាងការគ្មានសេចក្ដីខ្មាសអៀន និងការខ្វះភាពជាមនុស្ស។ បើដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនអាចនិយាយរឿងនេះបាន? អ្នករាល់គ្នាកំពុងគិតថា «អ្វីដែលទ្រង់កំពុងអធិប្បាយមិនសូវទាក់ទងនឹងសេចក្ដីពិតប៉ុន្មានទេ វាដាច់ឆ្ងាយណាស់ពីសេចក្តីពិត។ ជាធម្មតាយើងអាចមើលឃើញរឿងទាំងនេះយ៉ាងច្បាស់ ដូច្នេះតើយើងនៅតែត្រូវការឱ្យទ្រង់មានបន្ទូលអំពីរឿងទាំងនេះទៀតឬ?» ប្រសិនបើអ្នករាល់គ្នាមានអារម្មណ៍ថា វាមិនទាក់ទងនឹងសេចក្ដីពិតទេនោះ តើអ្នករាល់គ្នាបានចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានប៉ុន្មានហើយ? តើអ្នករាល់គ្នារស់នៅដោយភាពជាមនុស្សធម្មតាដែរឬទេ? តើអ្នករាល់គ្នាពិតជាបានក្លាយជាមនុស្សដែលមានសេចក្ដីពិត និងភាពជាមនុស្សហើយឬនៅ? កម្ពស់របស់អ្នករាល់គ្នាតូចពេកហើយ ហើយមិនអាចយល់សូម្បីតែរឿងទាំងនេះផង ដូច្នេះតើអ្នករាល់គ្នាអាចមានតថភាពនៃសេចក្ដីពិតបែបណាទៅ?
បញ្ញត្តិរដ្ឋបាលមួយក្នុងចំណោមបញ្ញត្តិរដ្ឋបាលទាំងដប់ប្រការនៃដំណាក់របស់ព្រះជាម្ចាស់ចែងថា៖ មនុស្សមាននិស្ស័យពុករលួយ ហើយលើសពីនេះ គេពោរពេញដោយអារម្មណ៍រវើរវាយផង។ ដូចនេះ នៅពេលបម្រើព្រះ គឺត្រូវហាមដាច់ខាត មិនត្រូវមានសមាជិកភេទផ្ទុយគ្នា ធ្វើការជាមួយគ្នាតែពីរនាក់ឡើយ។ បើរកឃើញថា មានបុគ្គលណាប្រព្រឹត្ដបែបនេះ នោះត្រូវបណ្ដេញចេញ ដោយគ្មានការលើកលែងឡើយ។ តើមនុស្សចាត់ទុកបញ្ញត្តិរដ្ឋបាលនេះយ៉ាងដូចម្ដេច? ប្រសិនបើបុរសម្នាក់មានទំនាក់ទំនងមិនត្រឹមត្រូវជាមួយស្ត្រីជាងសាមសិបនាក់ ចូរប្រាប់ខ្ញុំមក តើមនុស្សដែលបានឮរឿងនេះនឹងមានអារម្មណ៍យ៉ាងណាដែរ? (ពួកគេនឹងមិនជឿ។) អ្នកនឹងភ្ញាក់ផ្អើលនៅពេលឮរឿងនេះ អ្នកនឹងតក់ស្លុត ហើយនិយាយថា «ព្រះអើយ ច្រើនម្ល៉េះ! គួរឱ្យខ្ពើមរអើមណាស់ មែនទេ?» ហើយតើបុរសនោះនឹងមានអារម្មណ៍យ៉ាងណាដែរ នៅពេលដែលគាត់ប្រាប់អ្នក? (គាត់នឹងធ្វើហាក់ដូចជាវាមិនមែនជារឿងសំខាន់ចំពោះគាត់។) វានឹងក្លាយជារឿងដែលគ្មានអ្វីគួរឱ្យនិយាយសម្រាប់គាត់។ សួរគាត់ថាតើថ្ងៃនេះគាត់បរិភោគអ្វី៖ «បាយ»។ សួរគាត់ថាតើគាត់ធ្លាប់នៅជាមួយស្ត្រីប៉ុន្មាននាក់ហើយ៖ «សាមសិបនាក់ ឬច្រើនជាងនេះ»។ គាត់នឹងនិយាយរឿងទាំងពីរនេះដោយសំនៀង និងផ្នត់គំនិតដូចគ្នាបេះបិទ។ តើមានសេចក្ដីសង្គ្រោះសម្រាប់មនុស្សម្នាក់ដែលមានភាពជាមនុស្សបែបនេះដែរឬទេ? គឺគ្មានទេ ទោះបីជាគាត់ជឿលើព្រះជាម្ចាស់ក៏ដោយ។ តើហេតុដូចម្ដេចបានជាគាត់មិនចេះខ្មាសអៀន នៅពេលដែលគាត់និយាយរឿងបែបនោះចេញមក? វាជារឿងដែលបន្ទាបបន្ថោកណាស់! បើដូច្នេះ តើហេតុដូចម្ដេចបានជាគាត់អាចនិយាយវាចេញមកបាន? ចូរប្រាប់ខ្ញុំមក តើគាត់នៅមានសល់សេចក្ដីខ្មាសអៀនដែរឬទេ? ទេ គាត់គ្មានទេ។ វិញ្ញាណនៃសតិសម្បជញ្ញៈនៅក្នុងភាពជាមនុស្សរបស់គាត់បានក្លាយទៅជាស្ពឹកហើយ ហើយគាត់លែងមានការយល់ដឹងដោយញាណ ទៀតហើយ។ នេះមិនមែនគ្រាន់តែជារឿងនៃការខូចខិលនោះទេ មនុស្សដែលគ្មានសេចក្ដីខ្មាសអៀន ឬសេចក្ដីថ្លៃថ្នូរ គឺលែងជាមនុស្សទៀតហើយ។ ខាងក្រៅពួកគេនៅតែមើលទៅដូចជាមនុស្ស ប៉ុន្តែវានឹងបែកខ្ចាត់ខ្ចាយភ្លាមៗ នៅពេលដែលពួកគេត្រូវដោះស្រាយអ្វីមួយ។ ពួកគេមានសមត្ថភាពធ្វើអ្វីគ្រប់យ៉ាង ដោយមិនដឹងពីសេចក្ដីខ្មាសអៀន ហើយនោះមានន័យថា ពួកគេលែងជាមនុស្សទៀតហើយ។ ចូរយើងបញ្ចប់ការពិភាក្សារបស់យើងអំពីរឿងទាំងនេះនៅត្រឹមនេះចុះ។
សូមពិចារណាលើទិដ្ឋភាពទាំងបីនៃភាពជាមនុស្សធម្មតា ដែលយើងបានពិភាក្សានៅថ្ងៃនេះ តើទិដ្ឋភាពទាំងនេះ សំខាន់ដែរទេ? តើទិដ្ឋភាពនៃភាពជាមនុស្សធម្មតាទាំងនេះ ត្រូវបានកាត់ផ្តាច់ចេញពីការដេញតាមសេចក្ដីពិតឬ? (ទេ។) ដូច្នេះ តើទិដ្ឋភាពទាំងនេះមានទំនាក់ទំនងអ្វីខ្លះទៅនឹងការដេញតាមសេចក្ដីពិត? ប្រសិនបើភាពជាមនុស្សរបស់អ្នកជឿលើព្រះជាម្ចាស់ មិនមានភាពល្អិតល្អន់ មិនមានភាពទទួលខុសត្រូវ ឬមិនមានសមត្ថភាពផ្ដោតការយកចិត្តទុកដាក់លើសកម្មភាពរបស់ខ្លួនហើយប្រសិនបើពួកគេមិនមានភាពជាមនុស្សបែបនេះទេ តើពួកគេអាចទទួលបានអ្វីខ្លះពីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ និងការដេញតាមសេចក្ដីពិត? យើងបានប្រកបគ្នាពីសេចក្តីពិតជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលជាសេចក្តីពិតនៅគ្រប់ផ្នែក។ ប្រសិនបើមនុស្សមិនអនុវត្តដោយខ្លួនឯង ឬមិនប្រព្រឹត្តិចំពោះសេចក្ដីពិតទាំងនេះដោយផ្នត់គំនិតដែលមានសតិសម្បជញ្ញៈ ដោយធ្វើអ្វីៗមិនខិតខំ និងមិនមានសតិសម្បជញ្ញៈ តើពួកគេអាចសម្រេចបាននូវការយល់ដឹងអំពីសេចក្ដីពិតបែបនេះទេ? មនុស្សមួយចំនួននិយាយថា៖ «ប្រសិនបើខ្ញុំមិនអាចយល់អំពីសេចក្ដីពិតបានទេ តើខ្ញុំមិនអាចគ្រាន់តែទន្ទេញគោលលទ្ធិ និងពាក្យទាំងនេះឱ្យចាំដែរឬ? តើអ្នកនឹងអាចទទួលបានសេចក្ដីពិតតាមវិធីនេះទេ? ប្រសិនបើអ្នកមិនមានភាពជាមនុស្សធម្មតាប្រភេទនេះ ហើយមិនមានអ្វីៗទាំងនេះនៅក្នុងភាពជាមនុស្សរបស់អ្នក មានន័យថាអ្នកមិនមានសតិសម្បជញ្ញៈ ភាពល្អិតល្អន់ ការស្មោះត្រង់ និងអាកប្បកិរិយាទំនួលខុសត្រូវចំពោះរឿងនានា នោះសេចក្ដីពិតប្រែក្លាយទៅជាគោលលទ្ធិ និងពាក្យស្លោកសម្រាប់អ្នក ហើយនឹងក្លាយទៅជាបទប្បញ្ញត្តិ។ អ្នកមិនអាចទទួលបានសេចក្ដីពិតទេ ព្រោះអ្នកមិនអាចយល់ពីវា។ លើសពីនេះ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងបរិយាកាស ទម្លាប់ និងរបៀបរបបនៃជីវិតផ្ទាល់ខ្លួនរបស់អ្នកបានល្អទេ តើអ្នកនឹងអាចអនុវត្តគោលការណ៍ និងឱវាទផ្សេងៗដែលពាក់ព័ន្ធនឹងសេចក្ដីពិតបានដូចម្ដេច? អ្នកនឹងមិនអាចឡើយ។ ជាងនេះទៅទៀត មនុស្សត្រូវតែស្រឡាញ់ចំណុចវិជ្ជមានក្នុងជីវិត ហើយចំពោះចំណុចអវិជ្ជមាន និងអាក្រក់ ពួកគេត្រូវតែរក្សាអាកប្បកិរិយាស្អប់ខ្ពើម និងមិនជាទីគាប់ចិត្ត នៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ។ នេះគឺជាវិធីតែមួយគត់ដើម្បីទទួលបានសេចក្ដីពិតមួយចំនួន។ នេះមានន័យថា ចំពោះការដេញតាមសេចក្ដីពិតរបស់អ្នក អ្នកត្រូវតែមានអាកប្បកិរិយាត្រឹមត្រូវ និងចិត្តគំនិតត្រឹមត្រូវ អ្នកត្រូវតែជាមនុស្សទៀងត្រង់ និងម៉ឺងម៉ាត់។ មានតែមនុស្សបែបនេះទេដែលអាចទទួលបានសេចក្ដីពិត។ ប្រសិនបើមនុស្សម្នាក់គ្មានអារម្មណ៍ខ្មាស់អៀន ហើយនៅតែវង្វេង និងមិនដឹងខ្លួនថាបានប្រព្រឹត្តអំពើអាក្រក់ជាច្រើន អំពើជាច្រើនដែលបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងបំពានលើសេចក្ដីពិត ដោយគិតថាវាមិនមែនជារឿងសំខាន់នោះតើសេចក្ដីពិតនេះមានប្រយោជន៍អ្វីសម្រាប់ពួកគេទៅ? វាគ្មានប្រយោជន៍អ្វីទាល់តែសោះ។ សេចក្ដីពិតមិនមានឥទ្ធិពលលើពួកគេទេ ហើយវាមិនអាចរារាំងពួកគេ បន្ទោសពួកគេ ណែនាំពួកគេ ឬចង្អុលបង្ហាញទិសដៅ និងផ្លូវទៅកាន់ពួកគេទេ ដែលមានន័យថាពួកគេកំពុងជួបបញ្ហា។ តើមនុស្សដែលគ្មានសូម្បីតែការខ្មាសអៀន អាចយល់សេចក្ដីពិតដោយរបៀបណា? ដើម្បីឱ្យមនុស្សអាចយល់ពីសេចក្ដីពិតបាន ពួកគេត្រូវតែមានចិត្តដឹងពីចំណុចវិជ្ជមាន និងអវិជ្ជមានជាមុនសិន។ ពួកគេស្អប់ខ្ពើម ទោះបីជានិយាយ ឬការជួបប្រទះរឿងអវិជ្ជមាន ឬអាក្រក់ក៏ដោយ ហើយប្រសិនបើពួកគេធ្វើរឿងបែបនេះដោយខ្លួនឯង ពួកគេនឹងមានអារម្មណ៍ខ្មាសអៀន និងមិនស្ងប់ចិត្តឡើយ។ ពួកគេមានអារម្មណ៍ស្រឡាញ់សេចក្តីពិត ហើយអាចទទួលយកសេក្ដីពិតក្នុងចិត្តរបស់ពួកគេ; ពួកគេអាចប្រើវាដើម្បីទប់ចិត្តខ្លួនឯង និងកែប្រែសភាពខុសឆ្គងរបស់ពួកគេ។ តើទាំងនេះមិនមែនជារឿងដែលភាពជាមនុស្សធម្មតាគួរតែមានទេឬ? (មែនហើយ គួរតែមាន។) ដោយមានរឿងទាំងនេះ តើវាមិនងាយស្រួលសម្រាប់មនុស្សម្នាក់ក្នុងការដេញតាមសេចក្ដីពិតទេឬ? ហើយប្រសិនបើនរណាម្នាក់មិនមានរឿងទាំងនេះសោះ នោះការនិយាយអំពីការដេញតាមសេចក្ដីពិតគ្រាន់តែជាការនិយាយទទេប៉ុណ្ណោះ តើពួកគេអាចធ្វើបែបនោះបានយ៉ាងដូចម្តេច បើគ្មានរបស់វិជ្ជមាននៅក្នុងចិត្តរបស់ពួកគេនោះ? លុះត្រាតែភាពជាមនុស្សធម្មតារបស់អ្នកមានរឿងទាំងនេះ ទើបសេចក្ដីពិតនឹងចាក់ឫស រីកស្គុសស្គាយ និងបង្កើតផ្លែផ្កានៅក្នុងអ្នក លុះត្រាតែពេលនោះទើបវានឹងបង្កើតជាឥទ្ធិពល។ នៅពេលដែលអ្នកបានយល់ពីសេចក្ដីពិត អ្នកនឹងអាចផ្លាស់ប្ដូរការគិតរបស់អ្នក និងទប់ស្កាត់ឥរិយាបថរបស់អ្នក ហើយគំនិតពុករលួយរបស់អ្នកនឹងកាន់តែតិចទៅៗ។ នេះគឺជាការផ្លាស់ប្ដូរពិតប្រាកដ។
តើអ្នករាល់គ្នាមានការបង្ហាញចេញនៃភាពជាមនុស្សធម្មតាទាំងនេះប៉ុន្មានចំណុច ដែលយើងបានពិភាក្សានៅថ្ងៃនេះ? តើអ្នករាល់គ្នាខ្វះប៉ុន្មានចំណុច? តើអ្នករាល់គ្នាមានអ្វីខ្លះ? (សេចក្ដីខ្មាសអៀន។) សេចក្ដីខ្មាសអៀន នោះគឺជាចំណុចដ៏ល្អមួយ។ សេចក្ដីខ្មាសអៀន ជារឿងមូលដ្ឋានបំផុតដែលអ្នករាល់គ្នាគួរតែមាន។ តើមានអ្វីផ្សេងទៀត? តើអ្នករាល់គ្នាសុទ្ធតែមានផ្នត់គំនិត និងអាកប្បកិរិយាយកចិត្តទុកដាក់ និងល្អិតល្អន់ចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែរឬទេ? ខ្ញុំឃើញថាអ្នករាល់គ្នាធ្វេសប្រហែសចំពោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ ពិតជាស្ពឹកៗមុយៗ និងខ្ជិលច្រអូស ហើយនៅពេលដែលខ្ញុំឃើញរឿងទាំងនោះដែលអ្នករាល់គ្នាធ្វើ សេចក្ដីកង្វល់ក៏កើនឡើងនៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។ តើអ្នករាល់គ្នាអាចរកឃើញបញ្ហាទាំងនេះដោយខ្លួនឯងបានដែរឬទេ? តើអ្នករាល់គ្នាព្រួយបារម្ភដែរឬទេ នៅពេលដែលអ្នករាល់គ្នារកឃើញវា? (មែនហើយ។) តាមរបៀបណា? ចូរនិយាយអំពីវា។ (ឥឡូវនេះ បន្ទាប់ពីខ្ញុំទើបតែបានឮការប្រកបគ្នារបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនសូវមានភាពជាមនុស្សទេ ហើយថាខ្ញុំមានផ្នត់គំនិតឡេះឡោះចំពោះភារកិច្ចរបស់ខ្ញុំ និងព្រឹត្តិការណ៍នៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំនៅឆ្ងាយណាស់ពីស្ដង់ដាដែលត្រូវបានតម្រូវដោយព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិច)។ មានការខ្វះខាតច្រើនពេកនៅក្នុងភាពជាមនុស្សរបស់អ្នក តើមែនទេ? អ្នកមានអារម្មណ៍ថា អ្នកបានជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំ និងបានឮសេចក្ដីពិតជាច្រើន ប៉ុន្តែអ្នកមិនមានសូម្បីតែរឿងជាមូលដ្ឋានគ្រឹះបំផុតនៃភាពជាមនុស្ស តើអ្នកនឹងមិនព្រួយបារម្ភម្ដេចបាន? មនុស្សមួយចំនួនមានជំនាញបច្ចេកទេសបន្តិចបន្តួច ប៉ុន្តែអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើគឺអន់ខ្សោយ។ វាសុទ្ធតែក្រោមស្ដង់ដា មិនត្រូវតាមស្ដង់ដា ហើយពួកគេមិនស្វែងយល់ថាតើវិធីសាស្ត្រដែលជឿនលឿន និង ដែលមានស្ដង់ដាមានលក្ខណៈបែបណានោះទេ។ តើនេះមិនមែនជាគំនិតអន់ថយរបស់ពួកគេទេឬ? ឧទាហរណ៍ ពួកគេធ្លាប់ត្រូវបានគេប្រាប់ឱ្យដំឡើងទ្វារមួយ ហើយពួកគេបាននិយាយថា៖ «នៅកន្លែងដែលខ្ញុំមក ទ្វារភាគច្រើនដែលយើងមានគឺជាទ្វារមួយសន្លឹក។» កន្លែងតូចតាចដែលពួកគេមកនោះ មិន កំណត់ស្ដង់ដាឡើយ។ ពួកគេគួរតែមើលម៉ូតទ្វារនៅក្នុងអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋាននៅក្នុងទីក្រុងធំៗ បន្ទាប់មកធ្វើការងាររបស់ពួកគេដោយផ្អែកលើតថភាពនៃស្ថានភាព។ ប៉ុន្តែនៅទីនេះ ពួកគេហើបមាត់និយាយថា៖ «នៅស្រុកយើង គេមិនធ្វើទ្វារពីរសន្លឹកទេ ហើយនៅទីនេះក៏មិនសូវមានមនុស្សច្រើនដែរ។ ទោះបីជាមានមនុស្សច្រើន ក៏វាមិនមែនជារឿងធំដុំអ្វីដែរ ពួកគេគ្រាន់តែប្រជ្រៀតគ្នាចូលទៅបានហើយ។» មានអ្នកផ្សេងទៀតបាននិយាយថា៖ «ប្រសិនបើមនុស្សប្រជ្រៀតគ្នាចូលយូរពេក វានឹងធ្វើឱ្យខូចស៊ុមទ្វារមិនខាន។ ចូរយើងពិភាក្សាគ្នាពីរឿងនេះ។ លើកនេះ ធ្វើជាទ្វារពីរសន្លឹកទៅ ចាត់ទុកថាជាការលើកលែងចុះ យល់ព្រមទេ?» បន្ទាប់មក ពួកគេបាននិយាយថា៖ «ទេ! ខ្ញុំធ្វើតែទ្វារមួយសន្លឹកទេ ខ្ញុំមិនចេះធ្វើទ្វារពីរសន្លឹកឡើយ។ តើខ្ញុំជាអ្នកចេះធ្វើ ឬក៏អ្នកជាអ្នកចេះធ្វើ? គឺខ្ញុំហើយ ចុះហេតុអ្វីបានជាអ្នកមិនព្រមស្ដាប់ខ្ញុំក្នុងរឿងនេះ? អ្នកត្រូវតែស្ដាប់ខ្ញុំ!» ពួកគេត្រូវបានប្រាប់ឱ្យធ្វើការស្របទៅតាមស្ថានភាព ប៉ុន្តែពួកគេមិនព្រមស្ដាប់ ហើយនៅតែទទូចចង់ធ្វើទ្វារតូចមួយ។ តើនេះមិនមែនជារឿងនាំឱ្យលំបាកទេឬ? នៅពេលដែលត្រូវបានប្រាប់ឱ្យដំឡើងជញ្ជាំងកញ្ចក់ខណ្ឌរវាងខាងក្នុង និងខាងក្រៅ ដើម្បីឱ្យពន្លឺចូល និងកុំឱ្យមើលទៅឃើញកន្លែងនោះតូចចង្អៀត ពួកគេបាននិយាយថា «ហេតុអ្វីយើងត្រូវដំឡើងកញ្ចក់? ធ្វើបែបនោះនឹងមានហានិភ័យផ្នែកសន្តិសុខ មែនទេ? ខ្ញុំមិនដំឡើងកញ្ចក់ទេ មានទ្វារពីរនេះគឺល្អហើយ។ នេះគឺជាប្រភេទទ្វារតែមួយគត់ដែលយើងប្រើនៅកន្លែងដែលខ្ញុំមក»។ ពួកគេតែងតែលើកយករឿងដូចជា «នៅកន្លែងដែលខ្ញុំមក» «នៅស្រុកខ្ញុំ» «ខ្ញុំធ្លាប់រៀនផ្នែកបច្ចេកទេស» ដើម្បីយកមកគៀបសង្កត់ អ្នកដទៃ។ តើរឿងទាំងនោះគឺជាសេចក្ដីពិតដែរឬទេ? (មិនមែនទេ។) ការដែលពួកគេប្រកាន់យកអាកប្បកិរិយាបែបនេះចំពោះរឿងខាងក្រៅ តើមានអ្វីដែលខ្វះខាតនៅក្នុងភាពជាមនុស្សរបស់ពួកគេ? គឺភាពមានវិចារណញ្ញាណ។ ហើយជាពិសេស តើមានអ្វីដែលខ្វះខាតនៅក្នុងភាពមានវិចារណញ្ញាណ របស់ពួកគេ? គឺការយល់ដឹងជ្រៅ។ ពួកគេតែងតែមានអារម្មណ៍ថា អ្វីៗគ្រប់យ៉ាងនៅកន្លែងដែលពួកគេមកគឺត្រឹមត្រូវ ថាវាសុទ្ធតែជារបស់ដែលខ្ពស់បំផុត ថាវាសុទ្ធតែជាសេចក្ដីពិត។ តើភាពមានវិចារណញ្ញាណ របស់ពួកគេមិនអន់ខ្សោយទេឬ? តើភាពមានវិចារណញ្ញាណធម្មតាគួរមានលក្ខណៈបែបណា? ដោយមានភាពមានវិចារណញ្ញាណធម្មតា ពួកគេមុខជានិយាយថា៖ «ខ្ញុំនៅក្នុងមុខរបរ នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែខ្ញុំមិនសូវបានឃើញអ្វីច្រើនទេ។ នេះជារបៀបដែលយើងទាំងអស់ធ្វើទ្វារនៅកន្លែងដែលខ្ញុំមក ដូច្នេះ ចូរយើងមើលថាតើទ្វារនៅទីនេះមានទំហំធំប៉ុនណា។ យើងនឹងធ្វើតាមអ្វីដែលមនុស្សនៅទីនេះធ្វើ។ នេះគឺជាកន្លែងផ្សេងគ្នា ហើយនៅក្នុងកិច្ចការនេះ ខ្ញុំគួរតែចេះបត់បែន»។ តើនេះមិនមែនជាភាពមានវិចារណញ្ញាណទេឬ? (មែនហើយ ជាភាពមានវិចារណញ្ញាណ។) បើដូច្នេះ តើបុគ្គលបែបនេះមានភាពមានវិចារណញ្ញាណនេះដែរឬទេ? ទេ ពួកគេគ្មានវិចារណញ្ញាណទាល់តែសោះ។ ហើយនៅទីបំផុត តើវាត្រូវបានដោះស្រាយយ៉ាងដូចម្ដេច? កិច្ចការនោះត្រូវតែធ្វើឡើងវិញ។ តើការធ្វើកិច្ចការឡើងវិញ មិនមែនជាការខាតបង់ទេឬ? (មែនហើយ ជាការខាតបង់។) គឺពិតជាខាតបង់មែន។ តើមានករណីបែបនេះច្រើនដែរឬទេ? គឺមាន។ បុគ្គលនោះគឺរឹងរូសតាំងពីដើមដល់ចប់។ តើពួកគេរឹងរូសកម្រិតណា? ពួកគេមិនស្ដាប់តាមអ្វីដែលអ្នកណាម្នាក់បាននិយាយឡើយ ពួកគេមិនសូម្បីតែស្តាប់តាមអ្វីដែលខ្ញុំមានបន្ទូល ហើយពួកគេថែមទាំងបានប្រកែកនឹងខ្ញុំទៀតផង។ ខ្ញុំបាននិយាយថា «អ្នកត្រូវតែផ្លាស់ប្ដូររបៀបធ្វើ។ ប្រសិនបើអ្នកមិនព្រមទេ នេះមិនមែនជាការងារសម្រាប់អ្នកឡើយ»។ ហើយពួកគេមានមុខហ៊ាននិយាយថា៖ «ខ្ញុំនឹងធ្វើទ្វារទំហំប៉ុននេះ ទោះបីជាព្រះអង្គមិនត្រូវការខ្ញុំក៏ដោយ!» តើនោះជានិស្ស័យអ្វីទៅ? តើនោះជាភាពជាមនុស្សធម្មតាដែរឬទេ? (មិនមែនទេ។) វាមិនមែនជាភាពជាមនុស្សធម្មតាទេ បើដូច្នេះ តើវាជាភាពជាមនុស្សអ្វីទៅ? តាមដែលខ្ញុំមើលឃើញ ពួកគេរាងដូចជាសត្វតិរច្ឆានបន្តិចហើយ។ វាប្រៀបដូចជានៅពេលដែលសត្វគោស្រេកទឹកអ៊ីចឹង៖ ទោះបីជាវាកំពុងអូសរទេះដឹកទំនិញ ឬមនុស្សច្រើនប៉ុនណាក៏ដោយ ឱ្យតែវាឃើញថ្លុកទឹក ឬទន្លេភ្លាម វានឹងទាញរទេះតម្រង់ទៅទីនោះតែម្ដង។ ទោះមានមនុស្សច្រើនប៉ុនណាក៏មិនអាចទាញវាចេញបានដែរ។ នេះហើយជាសត្វតិរច្ឆានដែលយើងកំពុងនិយាយអំពី។ តើមនុស្សក៏មាននិស្ស័យបែបនេះដែរឬ? នៅពេលដែលពួកគេមាននិស្ស័យបែបនេះ វាមិនមែនជាភាពជាមនុស្សធម្មតាទេ ហើយនោះគឺជាគ្រោះថ្នាក់។ ពួកគេនឹងរកលេសដើម្បីបដិសេធអ្នក ដើម្បីឈប់ស្ដាប់តាម។ ពួកគេពិតជារឹងរូស និងល្ងង់ខ្លៅណាស់។ ចំពោះរឿងបែបនេះនៅក្នុងជីវិតប្រចាំថ្ងៃ ប្រសិនបើអ្នកមិនមានអាកប្បកិរិយាទទួលយកដោយការបន្ទាបខ្លួន នៃការបើកចំហទទួលយកមតិរបស់អ្នកដទៃទេ ប្រសិនបើអ្នកមិនមានអាកប្បកិរិយារៀនសូត្រទេ តើអ្នកនឹងអាចទទួលយកសេចក្ដីពិតបានយ៉ាងដូចម្តេច? តើអ្នកនឹងអាចអនុវត្តវាបានយ៉ាងដូចម្តេច? មនុស្សគ្រប់គ្នានិយាយថា ការធ្វើទ្វារពីរសន្លឹកគឺស័ក្ដិសមជាង។ អ្នកមិនអាចសូម្បីតែធ្វើរឿងនោះផង ហើយវាគឺនៅឆ្ងាយណាស់ពីការអនុវត្តសេចក្ដីពិត ពោលគឺ អ្នកនឹងមិនសូម្បីតែស្តាប់យោបល់ដ៏សមហេតុផលមួយផង។ តើអ្នកនឹងអាចស្ដាប់រឿងដែលពាក់ព័ន្ធនឹងសេចក្ដីពិតបានដែរឬ? អ្នកនឹងមិនស្ដាប់ទេ គឺដូចសព្វមួយដងអ៊ីចឹង។ រឿងដែលពាក់ព័ន្ធនឹងសេចក្ដីពិតនេះ មិនអាចជ្រាបចូលទៅក្នុងបុគ្គលដែលមាននិស្ស័យបែបនេះបានឡើយ ហើយនោះមានន័យថា មានបញ្ហាធំហើយសម្រាប់ពួកគេ។ ប្រសិនបើភាពជាមនុស្សរបស់បុគ្គលណាម្នាក់មិនសូម្បីតែមានវិចារណញ្ញាណបែបនេះទេ នោះតើពួកគេអាចអនុវត្តសេចក្ដីពិតអ្វីបាន? តើពួកគេធ្វើរឿងដែលពួកគេរវល់រាល់ថ្ងៃទាំងនោះ ដើម្បីអ្នកណា? ពួកគេធ្វើរឿងទាំងនោះទាំងស្រុងស្របទៅតាមចំណូលចិត្តផ្ទាល់ខ្លួន និងបំណងប្រាថ្នាដ៏អាត្មានិយមផ្ទាល់ខ្លួនរបស់ពួកគេ។ ជារៀងរាល់ថ្ងៃ ពួកគេមានទស្សនៈបែបនេះចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលនៅជុំវិញពួកគេនៅក្នុងជីវិតប្រចាំថ្ងៃ៖ «ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំចង់ធ្វើ ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំគិត ហើយខ្ញុំនឹងធ្វើតាមអ្វីដែលខ្ញុំជឿ»។ តើនេះហៅថាអ្វី? ពេញមួយថ្ងៃ អ្វីៗ ដែលពួកគេគិតគឺសុទ្ធតែអាក្រក់ទាំងអស់។ ហើយប្រសិនបើពួកគេមានចិត្តអាក្រក់យ៉ាងនេះ តើសកម្មភាពរបស់ពួកគេនឹងទៅជាយ៉ាងណា? តើមានមនុស្សដែលគំនិតរបស់ពួកគេសុទ្ធតែអាក្រក់ ប៉ុន្តែសកម្មភាពរបស់ពួកគេនៅតែស្របតាមសេចក្ដីពិតដែរឬ? នេះគឺមិនត្រឹមត្រូវទេ វាគឺជាភាពផ្ទុយគ្នា។ គំនិតរបស់ពួកគេសុទ្ធតែអាក្រក់ ហើយចំណុចដែលពួកគេចាប់ផ្ដើមពី គឺអាក្រក់ទាំងស្រុង ដូច្នេះ យ៉ាងហោចណាស់ រឿងដែលពួកគេធ្វើនឹងមិនត្រូវបានចងចាំឡើយ។ ហើយក្នុងចំណោមរឿងដែលមិនត្រូវបានចងចាំទាំងនោះ ខ្លះគឺជាការបង្អាក់ និងការរំខាន ខ្លះគឺជាការបំផ្លិចបំផ្លាញ ខណៈដែលរឿងខ្លះទៀតមិនសូវអាក្រក់ប៉ុន្មានទេ។ ប្រសិនបើរឿងទាំងនេះត្រូវបានចាត់ទុកជាបញ្ហាធ្ងន់ធ្ងរ នោះពួកគេ មុខជាត្រូវបានថ្កោលទោសមិនខាន។ រឿងវាគឺបែបនេះឯង។
មនុស្សមួយចំនួនមានទស្សនៈខុសឆ្គងមួយប្រភេទ ដែលអ្នកដទៃយល់ថាគួរឱ្យខ្ពើមរអើមណាស់។ មនុស្សទាំងនេះមានអំណោយទាន ឬចំណុចខ្លាំងមួយចំនួន ឬប្រហែលជាមានជំនាញ សមត្ថភាព ឬទេពកោសល្យពិសេសនៅក្នុងផ្នែកណាមួយ ហើយបន្ទាប់ពីពួកគេបានជឿលើព្រះជាម្ចាស់ ពួកគេគិតថាខ្លួនឯងជាមនុស្សចំណាន។ តើអាកប្បកិរិយានេះត្រឹមត្រូវដែរឬទេ? តើអ្នកគិតយ៉ាងណាចំពោះទស្សនៈនេះ? តើវាជារឿងដែលស្ថិតនៅក្នុងការគិតនៃភាពជាមនុស្សធម្មតាដែរឬទេ? ទេ។ បើដូច្នេះ តើវាជាគំនិតបែបណាទៅ? តើវាមិនមែនជាការខ្វះវិចារណញ្ញាណទេឬ? (មែនហើយ ជាការខ្វះវិចារណញ្ញាណ។) ពួកគេជឿថា៖ «ខ្ញុំខ្ពស់ជាងមនុស្សសាមញ្ញ ពីព្រោះខ្ញុំចេះជំនាញនេះ ហើយខ្ញុំពូកែជាងមនុស្សទូទៅនៅក្នុងដំណាក់របស់ព្រះ។ ខ្ញុំជាមនុស្សម្នាក់ដែលមានជំនាញ និងសមត្ថភាព ហើយខ្ញុំពូកែនិយាយ និងមានទេពកោសល្យ។ ខ្ញុំជាមនុស្សមានមុខមាត់គ្រាន់បើនៅក្នុងដំណាក់របស់ព្រះ។ ខ្ញុំជាមនុស្សអស្ចារ្យបំផុត។ គ្មាននរណាម្នាក់អាចបញ្ជាខ្ញុំបានទេ គ្មាននរណាម្នាក់អាចដឹកនាំខ្ញុំបានទេ ហើយគ្មាននរណាម្នាក់អាចបង្គាប់ឱ្យខ្ញុំធ្វើអ្វីបានឡើយ។ ខ្ញុំមានជំនាញនេះ ដូច្នេះខ្ញុំនឹងធ្វើអ្វីដែលខ្ញុំចង់ធ្វើ។ ខ្ញុំមិនចាំបាច់ខ្វល់ពីគោលការណ៍ឡើយ អ្វីក៏ដោយដែលខ្ញុំធ្វើគឺត្រឹមត្រូវ និងស្របតាមសេចក្ដីពិត»។ តើអ្នកគិតយ៉ាងណាចំពោះទស្សនៈនេះ? តើពុុំមានមនុស្សបែបនេះទេឬ? មនុស្សបែបនេះមិនមែនមានតិចតួចទេ ហើយពួកគេមកដំណាក់របស់ព្រះជាម្ចាស់ដើម្បីបង្អួតខ្លួនឯង។ ប្រសិនបើពួកគេបានប្រើប្រាស់ចំណុចខ្លាំង ឬជំនាញរបស់ពួកគេដើម្បីបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះវាមិនអីទេ ប៉ុន្តែប្រសិនបើពួកគេចេញមកដើម្បីបង្អួតខ្លួនឯង នោះវាគឺជាបញ្ហាដែលមានលក្ខណៈខុសគ្នាហើយ។ ហេតុអ្វីបានជាហៅថា «ការបង្អួតខ្លួនឯង»? ពួកគេមើលឃើញពួកអ្នកជឿលើព្រះជាម្ចាស់ថាជាមនុស្សល្ងង់ខ្លៅ ថាគ្មានបានការអ្វីទាំងអស់។ តើការគិតរបស់ពួកគេមិនមានបញ្ហាទេឬ? តើភាពមានវិចារណញ្ញាណរបស់ពួកគេមិនមានបញ្ហាទេឬ? តើការពិតវាបែបនេះមែនឬ? តើមនុស្សដែលជឿលើព្រះជាម្ចាស់ពិតជាគ្មានតម្លៃមែនឬ? (ទេ។) បើដូច្នេះ ហេតុអ្វីបានជាមនុស្សទាំងនោះមើលឃើញពួកគេបែបនេះ? ហេតុអ្វីបានជាពួកគេមានគំនិតបែបនេះ? តើអ្វីដែលធ្វើឱ្យមានគំនិតបែបនេះកើតឡើង? តើពួកគេរៀនវាពី ពួកអ្នកគ្មានជំនឿឬ? ពួកគេគិតថាមនុស្សដែលជឿលើព្រះជាម្ចាស់គឺគ្មានបានការអ្វីទេ ថាពួកគេសុទ្ធតែជាស្ត្រីមេផ្ទះ និងបុរសមេផ្ទះ ថាពួកគេសុទ្ធតែជាកសិករ ហើយថាពួកគេមកពីស្រទាប់ខាងក្រោមនៃសង្គម។ ទស្សនៈរបស់ពួកគេ គឺជាទស្សនៈរបស់នាគដ៏ធំមានសម្បុរក្រហម។ ពួកគេគិតថាមនុស្សដែលជឿលើព្រះជាម្ចាស់គឺគ្មានសមត្ថភាព ថាមនុស្សទាំងនោះមិនអាចឈរជើងនៅក្នុងសង្គមបានទេ ហើយថាមនុស្សទាំងនោះមកជឿលើព្រះជាម្ចាស់ គឺដោយសារតែគ្មានផ្លូវសម្រាប់ខ្លួននៅខាងក្រៅ គ្មានកន្លែងផ្សេងត្រូវពឹងផ្អែក។ ពួកគេគិតថា ដោយសារតែពួកគេមានសមត្ថភាពខ្លះ ដឹងបន្តិចបន្តួចអំពីវិជ្ជាជីវៈណាមួយ ឬមានចំណេះដឹងផ្នែកបច្ចេកទេសខ្លះ នោះធ្វើឱ្យពួកគេក្លាយជាមនុស្សមានទេពកោសល្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ តើគំនិតនោះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) តើវាខុសត្រង់ណា? ពួកគេជឿថា ពុំមានមនុស្សដែលមានសមត្ថភាពនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេ ហើយជាមួយនឹងចំណេះដឹងផ្នែកវិជ្ជាជីវៈបន្តិចបន្តួចរបស់ពួកគេ ពួកគេចង់ក្ដោបក្ដាប់អំណាច និងចង់មានសិទ្ធិសម្រេចចុងក្រោយលើរឿងផ្សេងៗ។ តើមានមនុស្សបែបនេះនៅខាងក្រៅដែរឬទេ? តើមានមនុស្សបែបនេះនៅក្បែរអ្នករាល់គ្នា ឬនៅក្នុងចំណោមអ្នកដែលអ្នករាល់គ្នាធ្លាប់ស្គាល់ ឬដឹងដែរឬទេ? មានមនុស្សមួយចំនួនដែលមានជំនាញនៅក្នុងផ្នែកណាមួយ ហើយនៅពេលដែលអ្នកឱ្យពួកគេធ្វើជាប្រធានក្រុម ឬអ្នកមើលការខុសត្រូវ ពួកគេមានអារម្មណ៍ហាក់ដូចជាពួកគេទទួលបានតំណែងជាមន្ត្រីអ៊ីចឹង។ ពួកគេមានអារម្មណ៍ថា ពួកគេមានសិទ្ធិសម្រេចចុងក្រោយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ថាគ្មាននរណាម្នាក់ផ្សេងទៀតខ្វល់ខ្វាយពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ដូចពួកគេ ឬការពារផលប្រយោជន៍នេះបានច្រើនជាងពួកគេទេ ហើយថាគ្មាននរណាម្នាក់ស្មោះត្រង់ដូចពួកគេឡើយ។ ពួកគេចង់គ្រប់គ្រង និងចូលរួមក្នុងរឿងគ្រប់យ៉ាង ប៉ុន្តែពួកគេមិនបានគ្រប់គ្រងអ្វីមួយឱ្យបានល្អទេ ហើយពួកគេក៏មិនស្វែងរកគោលការណ៍សេចក្ដីពិតដែរ។ ពួកគេមិនសូម្បីតែស្តាប់តាមអ្វីដែលខ្ញុំមានបន្ទូលផង។ តើមានមនុស្សបែបនេះនៅខាងក្រៅដែរឬទេ? (មាន។) គឺមានមនុស្សបែបនេះមែន។ ក្រោមបដា នៃជំនាញជាក់លាក់ដែលពួកគេមាន ពួកគេចង់គ្រប់គ្រងមនុស្សគ្រប់គ្នា និងកាន់តំណែង។ ឧទាហរណ៍ នៅពេលដែលបងប្អូនប្រុសស្រីមួយចំនួនធ្វើអ្វីមួយដែលមិនត្រូវចិត្តពួកគេ ពួកគេនឹងនិយាយថា៖ «យើងត្រូវតែដោះស្រាយលើមនុស្សទាំងនេះ ពួកគេពិតជាហួសហេតុពេកហើយ!» នៅពេលដែលអ្នកជឿលើព្រះជាម្ចាស់មានបញ្ហា សេចក្ដីពិតត្រូវតែត្រូវបានប្រកបគ្នាជាមួយពួកគេ។ នេះមិនមែនជាបន្ទាយទាហានដែលត្រូវតែអនុវត្តការគ្រប់គ្រងបែបយោធាឡើយ។ ចំពោះបញ្ហានៅក្នុងពួកជំនុំ បញ្ហាអាចត្រូវបានដោះស្រាយតាមរយៈការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការធ្វើឱ្យមនុស្សយល់ពីសេចក្ដីពិតតែប៉ុណ្ណោះ។ អស់អ្នកដែលមិនទទួលយកសេចក្ដីពិត ហើយធ្វើសកម្មភាពតាមតែអំពើចិត្ត និងតាមតែសន្ទុះចិត្ត អាចនឹងត្រូវបានលួសកាត់ គឺមានតែអ្នកដែលតាំងចិត្តដាច់ខាតមិនទទួលយកសេចក្ដីពិតប៉ុណ្ណោះ ទើបអាចនឹងត្រូវបានប្រៀនប្រដៅ។ មានមនុស្សមួយចំនួនដែលធ្លាប់បម្រើការជាអ្នកមើលការខុសត្រូវ ឬជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ដែលច្បាស់ណាស់ថាគ្មានតថភាពនៃសេចក្ដីពិត ប៉ុន្តែនៅតែតែងតែចង់ក្ដោបក្ដាប់អំណាច និងមានសិទ្ធិសម្រេចចុងក្រោយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ តើមនុស្សទាំងនេះមានមនសិការ និងវិចារណញ្ញាណដែរឬទេ? ពួកគេគ្រាន់តែដឹងពីស្នៀតបន្តិចបន្តួចនៃមុខរបរណាមួយប៉ុណ្ណោះ ហើយមិនយល់ពីសេចក្ដីពិតសូម្បីតែបន្តិចសោះ។ ពួកគេគិតថាខ្លួនឯងមានប្រយោជន៍ និងមានសមត្ថភាព ដោយគិតថាពួកគេពូកែជាងមនុស្សទូទៅនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេចង់ធ្វើអ្វីដែលពួកគេចង់ធ្វើនៅក្នុងពួកជំនុំពីតំណែងដែលមានអំណាច ដើម្បីមានសិទ្ធិសម្រេចចុងក្រោយតែម្នាក់ឯង។ ពួកគេមិនស្វែងរកគោលការណ៍សេចក្ដីពិតទេ ប៉ុន្តែធ្វើសកម្មភាពស្របទៅតាមអ្វីដែលពួកគេចង់បាន ស្របទៅតាមចំណូលចិត្តរបស់ពួកគេ។ តើមានបញ្ហាអ្វីនៅទីនេះ? តើនេះមិនមែនជានិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទទេឬ? តើមនុស្សបែបនេះមានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតាដែរឬទេ? ពួកគេគ្មានសូម្បីតែបន្តិច។ យើងនឹងបញ្ចប់ការប្រកបគ្នារបស់យើងអំពីភាពជាមនុស្សធម្មតានៅត្រឹមនេះ។
ការវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្ដីពិត ឬព្រះជាម្ចាស់ទេ
III. ការវែកញែកអំពីការដែលពួកទទឹងនឹងព្រះគ្រីស្ទហាមឃាត់អ្នកដទៃមិនឱ្យចូលអន្តរាគមន៍ សាកសួរ ឬមើលការខុសត្រូវលើពួកគេនៅក្នុងកិច្ចការរបស់ពួកគេ
បន្តពីប្រធានបទនៃការប្រកបគ្នារបស់យើងលើកមុន គឺជាចំណុចទីប្រាំបី ក្នុងចំណោមរបៀបផ្សេងៗដែលពួកទទឹងនឹងព្រះគ្រីស្ទស្ដែងចេញ៖ ពួកគេចង់ឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្តីពិត ឬព្រះជាម្ចាស់ទេ។ យើងបានបែងចែកចំណុចនេះជាបួនផ្នែកតូចៗ។ យើងបានពិភាក្សាពីរចំណុចរួចហើយនៅក្នុងការជួបជុំលើកមុនរបស់យើង៖ ចំណុចទីមួយគឺ ពួកគេគ្មានសមត្ថភាពក្នុងការសហការជាមួយនរណាក៏ដោយ។ ចំណុចទីពីរគឺ ពួកគេមានបំណងប្រាថ្នា និងមហិច្ឆតាក្នុងការត្រួតត្រា និងយកឈ្នះមនុស្ស។ តើចំណុចទីបីគឺជាអ្វី? គឺការហាមឃាត់អ្នកដទៃមិនឱ្យចូលអន្តរាគមន៍ សាកសួរ ឬមើលការខុសត្រូវលើពួកគេនៅក្នុងកិច្ចការណាមួយដែលពួកគេបានទទួលបន្ទុក។ តើកិច្ចការណាមួយដែលពួកគេបានទទួលបន្ទុក អាចរួមមានអ្វីខ្លះ? វារួមមានគម្រោងការងារណាមួយដែលអ្នកដឹកនាំ ឬអ្នកធ្វើការអាចទទួលខុសត្រូវ ក៏ដូចជាកិច្ចការដែលអ្នកមើលការខុសត្រូវក្រុម ឬប្រធានក្រុមអាចទទួលខុសត្រូវ។ វាក៏អាចជាការងារជំនាញនៅក្នុងផ្នែកណាមួយ ឬជាការងាររបស់បុគ្គលម្នាក់ផងដែរ។ បុគ្គលដែលបានទទួលបន្ទុកកិច្ចការណាមួយនេះ អាចជាអ្នកដឹកនាំ ឬអ្នកធ្វើការ ឬអាចជាបងប្អូនប្រុស ឬបងប្អូនស្រីធម្មតាម្នាក់។ ប្រសិនបើពួកគេហាមឃាត់អ្នកដទៃមិនឱ្យចូលអន្តរាគមន៍ចូលអន្តរាគមន៍ សាកសួរ ឬមើលការខុសត្រូវលើពួកគេ តើពួកគេស្ថិតក្នុងសភាពបែបណា? តើមានអាកប្បកិរិយាអ្វីខ្លះដែលទាក់ទងនឹងការហាមឃាត់នេះ? នេះគឺជាឥរិយាបថមួយផ្សេងទៀតដែលស្ថិតនៅក្នុងការស្ដែងចេញទីប្រាំបីនៃពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាការបើកសម្ដែងមួយផ្សេងទៀតអំពីសារជាតិរបស់ពួកគេ។ នៅក្នុងភារកិច្ចនីមួយៗ មានកិច្ចការខ្លះដែលជាកិច្ចការជំនាញ ហើយមានកិច្ចការខ្លះដែលពាក់ព័ន្ធដោយផ្ទាល់នឹងច្រកចូលទៅក្នុងជីវិត។ កិច្ចការជំនាញពាក់ព័ន្ធនឹងគ្រប់ទិដ្ឋភាពនៃរឿងរ៉ាវនានា ដូចជា បច្ចេកទេស ចំណេះដឹង ការរៀនសូត្រ និងការចាត់ចែងបុគ្គលិក។ ចំណុចទាំងនេះសុទ្ធតែត្រូវបានរួមបញ្ចូលនៅក្នុងនោះ។ មនុស្សមួយចំនួន បន្ទាប់ពីបានទទួលបន្ទុកកិច្ចការមួយ ពួកគេក៏ចាប់ផ្ដើមធ្វើការនោះដោយខ្លួនឯង។ ពួកគេមិនពិភាក្សាអំពីកិច្ចការនោះជាមួយអ្នកដទៃទេ ហើយនៅពេលដែលពួកគេមានការលំបាក ពួកគេមិនចង់ស្វែងរកយោបល់ពីអ្នកដទៃឡើយ។ ពួកគេគ្រាន់តែចង់ធ្វើជាអ្នកសម្រេចចិត្តតែម្នាក់ឯង និងជាអ្នកមានសិទ្ធិសម្រេចចុងក្រោយប៉ុណ្ណោះ។ អ្នកដទៃអាចនឹងផ្ដល់គំនិត និងមតិយោបល់របស់ពួកគេ ដោយសង្ឃឹមថានឹងអាចជួយពួកគេបានខ្លះ ប៉ុន្តែ តើពួកគេទទួលយកដែរឬទេ? (ទេ។) ទេ ពួកគេមិនអាចទទួលយកបានឡើយ។ តើនោះជានិស្ស័យប្រភេទណា? តើមាននិស្ស័យអ្វីកំពុងគ្រប់គ្រងពួកគេ ទើបបានជាពួកគេហាមឃាត់អ្នកដទៃមិនឱ្យចូលអន្តរាគមន៍ចូលអន្តរាគមន៍ សាកសួរ ឬមើលការខុសត្រូវលើការបំពេញភារកិច្ចរបស់ពួកគេដូច្នេះ? ពួកគេជឿថា៖ «ខ្ញុំដឹងអំពីកិច្ចការមួយផ្នែកនេះ ហើយខ្ញុំដឹងពីទ្រឹស្ដី។ ពួកជំនុំបានប្រគល់កិច្ចការនេះឱ្យខ្ញុំ។ ដូច្នេះ ខ្ញុំនឹងធ្វើវាដោយខ្លួនឯង»។ ពួកគេតែងតែអះអាងថា ពួកគេយល់ពីជំនាញនេះ ហើយថាពួកគេគឺជាមនុស្សក្នុងវិស័យនេះ ដើម្បីយកធ្វើជាលេសក្នុងការបដិសេធមិនព្រមទម្លាយព័ត៌មានទាក់ទងនឹងកិច្ចការ ឬវឌ្ឍនភាពកិច្ចការណាមួយប្រាប់ដល់អ្នកដទៃ។ ពួកគេមិនទាំងចង់ឱ្យអ្នកដទៃដឹងអំពីកំហុសធ្ងន់ធ្ងរ កំហុសឆ្គង ឬឧប្បត្តិហេតុដែលកើតឡើងនៅក្នុងកិច្ចការនោះផង។ នៅពេលដែលអ្នកណាម្នាក់បានដឹងពីរឿងបែបនេះ ហើយចង់សាកសួរ ចង់ចូលមកពាក់ព័ន្ធ ឬចង់ស្វែងយល់បន្ថែម ពួកគេបដិសេធមិនព្រមឆ្លើយតបឡើយ តែបែរជានិយាយថា៖ «រឿងរ៉ាវដែលស្ថិតនៅក្នុងវិសាលភាពនៃកិច្ចការរបស់ខ្ញុំ គឺជាទឹកដីរបស់ខ្ញុំ។ អ្នកគ្មានសិទ្ធិមកសាកសួរទេ។ ពួកជំនុំមិនបានប្រគល់ភារកិច្ចនេះឱ្យអ្នកទេ គឺប្រគល់ឱ្យខ្ញុំ ហើយខ្ញុំត្រូវតែរក្សាវាជាការសម្ងាត់»។ តើនោះជាលេសដ៏សមហេតុផលដែរឬទេ? តើការដែលពួកគេ «រក្សាការសម្ងាត់» នោះ គឺជារឿងត្រឹមត្រូវដែរឬទេ? (ទេ)។ ហេតុអ្វីបានជាមិនត្រឹមត្រូវ? តើវាចាត់ទុកថាជាការទម្លាយការបែកធ្លាយព័ត៌មានដែរឬទេ ក្នុងការប្រកបជាមួយអ្នកដទៃអំពីសភាពនៃកិច្ចការ កំហុសឆ្គង និងបញ្ហាដែលបានកើតឡើងនៅក្នុងកិច្ចការនោះ ព្រមទាំងផែនការ និងទិសដៅរបស់កិច្ចការនោះ? (ទេ)។ វាមិនមែនជាការការបែកធ្លាយព័ត៌មានទេ លើកលែងតែព័ត៌មានលម្អិតជាក់លាក់មួយចំនួន ដែលអាចបង្កជាហានិភ័យដល់សុវត្ថិភាពរបស់ពួកជំនុំ ប្រសិនបើព័ត៌មានទាំងនោះត្រូវបែកធ្លាយ ហើយវាមិនសមរម្យក្នុងការប្រាប់អ្នកដទៃ។ ក្នុងករណីបែបនេះ ការមិននិយាយប្រាប់ គឺជារឿងត្រឹមត្រូវហើយ។ ប៉ុន្តែ ប្រសិនបើពួកគេកំពុងប្រើការរក្សាការសម្ងាត់របស់ពួកគេធ្វើជាលេស ហើយមិនព្រមឱ្យអ្នកដទៃដឹងពីអ្វីដែលស្ថិតនៅក្នុងវិសាលភាពនៃកិច្ចការរបស់ពួកគេ ព្រមទាំងទាស់ទទឹង និងបដិសេធចំពោះការសាកសួរ ការចោទសួរ ឬការសុំព័ត៌មាន ពីសំណាក់បងប្អូនប្រុសស្រីធម្មតា ក៏ដូចជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការដូចគ្នា តើមានបញ្ហាអ្វីនៅត្រង់នោះទៅ? ជាឧទាហរណ៍ ពួកគេអាចនឹងចង់ធ្វើអ្វីមួយតាមរបៀបណាមួយ។ អ្នកផ្សេងទៀតនិយាយទៅកាន់ពួកគេថា៖ «ប្រសិនបើអ្នកធ្វើបែបនោះ វានឹងបង្កការខាតបង់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ហើយអ្នកនឹងដើរខុសផ្លូវមិនខាន។ ចុះបើពួកយើងធ្វើតាមរបៀបនេះវិញ យ៉ាងម៉េចដែរ?» ពួកគេគិតក្នុងចិត្តថា៖ «ប្រសិនបើខ្ញុំធ្វើតាមអ្វីដែលអ្នកនិយាយ នោះវានឹងបង្ហាញឱ្យអ្នកដទៃឃើញថា របៀបរបស់ខ្ញុំមិនល្អទេ មែនទេ? ហើយបន្ទាប់មក ស្នាដៃសម្រាប់កិច្ចការនេះ នឹងធ្លាក់ទៅលើអ្នក មែនទេ? ធ្វើបែបនោះមិនកើតទេ ខ្ញុំសុខចិត្តដើរខុសផ្លូវ ជាជាងធ្វើតាមរបៀបរបស់អ្នក។ ខ្ញុំត្រូវតែប្រកាន់ខ្ជាប់តាមរបៀបរបស់ខ្ញុំ។ ខ្ញុំមិនខ្វល់ទេ ទោះបីជាវាបង្កការខាតបង់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះក៏ដោយ អ្វីដែលសំខាន់គឺកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ អ្វីដែលសំខាន់គឺកិត្តិនាមរបស់ខ្ញុំ!» សូម្បីតែអ្វីដែលពួកគេធ្វើគឺខុសក៏ដោយ ក៏ពួកគេនៅតែបន្តធ្វើខុសកាន់តែខ្លាំង ហើយមិនអនុញ្ញាតឱ្យនរណាម្នាក់មកចូលអន្តរាគមន៍ចូលអន្តរាគមន៍ឡើយ។ តើនោះមិនមែនជានិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទទេឬអី? (មែនហើយ)។ តើសារជាតិនៃការមិនអនុញ្ញាតឱ្យអ្នកដទៃចូលអន្តរាគមន៍ គឺជាអ្វី? គឺការធ្វើរឿងផ្ទាល់ខ្លួន។ ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ មិនមែនជារឿងសំខាន់សម្រាប់ពួកគេទេ ហើយកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ក៏មិនមែនជាចំណុចផ្ដោតរបស់ពួកគេដែរ។ ពួកគេមិនធ្វើកិច្ចការតាមគោលការណ៍នោះឡើយ។ ផ្ទុយទៅវិញ ពួកគេធ្វើកិច្ចការដោយផ្ដោតលើផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងឋានៈ និងកិត្តិនាមរបស់ពួកគេ។ កិច្ចការ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ត្រូវតែបម្រើដល់ឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ នោះហើយជាមូលហេតុដែលពួកគេមិនបណ្ដោយឱ្យអ្នកដទៃចូលអន្តរាគមន៍ ឬសាកសួរអំពីកិច្ចការរបស់ពួកគេ។ ពួកគេជឿថា ពេលណាដែលមាននរណាម្នាក់មកចូលអន្តរាគមន៍ក្នុងកិច្ចការរបស់ពួកគេ នោះឋានៈ និងផលប្រយោជន៍របស់ពួកគេនឹងរងការគំរាមកំហែង ហើយចំណុចខ្វះខាត និងភាពទន់ខ្សោយរបស់ពួកគេ ក៏ដូចជាបញ្ហា និងសេចក្ដីវៀចវេរនៅក្នុងកិច្ចការរបស់ពួកគេ ងាយនឹងត្រូវបានគេលាតត្រដាងមិនខាន។ ដូច្នេះ ពួកគេតាំងចិត្តដាច់ខាតក្នុងការហាមឃាត់អ្នកដទៃមិនឱ្យចូលអន្តរាគមន៍ក្នុងកិច្ចការរបស់ពួកគេ ហើយពួកគេមិនទទួលយកការសហការ ឬការមើលការខុសត្រូវពីនរណាម្នាក់ផ្សេងទៀតឡើយ។
ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទកំពុងធ្វើកិច្ចការអ្វីក៏ដោយ ក៏ពួកគេខ្លាចខាងលើស្វែងយល់បន្ថែមអំពីវា និងសាកសួរដែរ។ ប្រសិនបើខាងលើពិតជាសាកសួរអំពីសភាពនៃកិច្ចការ ឬការចាត់ចែងបុគ្គលិកមែននោះ ពួកគេគ្រាន់តែរាយការណ៍ឱ្យតែរួចពីដៃនូវរឿងកំប៉ិកកំប៉ុកមួយចំនួន ជាអ្វីដែលពួកគេជឿថាមិនអីទេក្នុងការឱ្យខាងលើដឹង ហើយដែលនឹងគ្មានផលវិបាកអ្វីកើតឡើងពីការដឹងនោះឡើយ។ ប្រសិនបើខាងលើបន្តសាកសួរយ៉ាងស៊ីជម្រៅអំពីរឿងដែលនៅសេសសល់ ពួកគេនឹងជឿថា ខាងលើកំពុងតែចូលអន្តរាគមន៍ក្នុងភារកិច្ចរបស់ពួកគេ និងក្នុង «កិច្ចការផ្ទៃក្នុង» របស់ពួកគេហើយ។ ពួកគេនឹងមិននិយាយអ្វីបន្ថែមទៀតទៅកាន់ខាងលើឡើយ តែបែរជាធ្វើពុតជាល្ងង់ បោកបញ្ឆោត និងលាក់បាំងរឿងរ៉ាវទៅវិញ។ តើពួកគេមិនមែនកំពុងបដិសេធការមើលការខុសត្រូវពីដំណាក់របស់ព្រះជាម្ចាស់ទេឬអី? (មែនហើយ)។ ចុះតើពួកគេនឹងធ្វើដូចម្ដេច ប្រសិនបើមាននរណាម្នាក់រកឃើញបញ្ហារបស់ពួកគេ ហើយបម្រុងនឹងលាតត្រដាងពួកគេ ព្រមទាំងរាយការណ៍រឿងនេះទៅខាងលើនោះ? ពួកគេនឹងរារាំងរឿងនេះ ស្ទាក់រឿងនេះ ថែមទាំងគំរាមកំហែងទៀតថា៖ «ប្រសិនបើអ្នកនិយាយរឿងនេះ ហើយរឿងនេះបណ្ដាលឱ្យពួកយើងត្រូវខាងលើលួសកាត់ នោះកំហុសគឺធ្លាក់លើអ្នកហើយ។ ប្រសិនបើមាននរណាម្នាក់ត្រូវលួសកាត់ នោះគឺជារូបអ្នកហ្នឹងហើយ!» តើពួកគេមិនមែនកំពុងព្យាយាមបង្កើតនគរឯករាជ្យមួយទេឬអី? (មែនហើយ)។ ពួកគេមិនទាំងបណ្ដោយឱ្យខាងលើសាកសួរផង ហើយក៏គ្មាននរណាម្នាក់មានសិទ្ធិដឹងពីរឿងរ៉ាវដែលស្ថិតនៅក្នុងវិសាលភាពនៃកិច្ចការរបស់ពួកគេ ឬចោទសួរពួកគេអំពីរឿងទាំងនោះឡើយ កុំថាឡើយដល់ទៅការផ្ដល់អនុសាសន៍នោះ។ ប្រសិនបើពួកគេបានក្ដោបក្ដាប់កម្មវិធីការងារណាមួយហើយ នោះមានតែពួកគេម្នាក់ឯងគត់ដែលអាចមានសិទ្ធិសម្រេចចុងក្រោយលើបញ្ហាដែលស្ថិតនៅក្នុងវិសាលភាពនៃកិច្ចការនោះ មានតែពួកគេគត់ដែលអាចសម្រេចសេចក្ដីបាន មានតែពួកគេគត់ដែលអាចធ្វើសកម្មភាព និងនិយាយតាមតែអំពើចិត្តរបស់ពួកគេ ហើយទោះបីជាពួកគេធ្វើសកម្មភាពយ៉ាងណាក៏ដោយ ក៏ពួកគេមានលេសសម្រាប់ទង្វើនោះដែរ។ តើពួកគេប្រើវិធីសាស្ត្រអ្វី នៅពេលមាននរណាម្នាក់សាកសួរ? គឺការធ្វើឱ្យតែរួចពីដៃ និងការលាក់បាំង។ ហើយមានអ្វីទៀត? (ការបោកបញ្ឆោត)។ ត្រូវហើយ៖ គឺការបោកបញ្ឆោត ពួកគេថែមទាំងបង្ហាញរូបភាពក្លែងក្លាយឱ្យអ្នកឃើញទៀតផង។ ជាឧទាហរណ៍ នៅក្នុងពួកជំនុំខ្លះ អ្នកដឹកនាំ ឬគ្រូជំនួយផ្នែកផ្សាយដំណឹងល្អម្នាក់ អាចទទួលបានមនុស្សតែបីនាក់ប៉ុណ្ណោះយ៉ាងច្បាស់ក្រឡែត នៅក្នុងពួកជំនុំដែលពួកគេទទួលខុសត្រូវ ក្នុងរយៈពេលមួយខែ ដែលចំនួននេះតិចជាងពួកជំនុំផ្សេងទៀតយ៉ាងខ្លាំង។ ពួកគេមានអារម្មណ៍ថា គ្មានផ្លូវណាអាចពន្យល់រឿងនោះដល់ខាងលើបានឡើយ ដូច្នេះ តើពួកគេធ្វើដូចម្ដេចទៅ? នៅពេលដែលពួកគេរាយការណ៍អំពីកិច្ចការរបស់ពួកគេ ពួកគេថែមលេខសូន្យមួយនៅពីក្រោយលេខបីនោះ ហើយនិយាយថា ពួកគេទទួលបានមនុស្សសាមសិបនាក់។ អ្នកផ្សេងទៀតបានដឹងរឿងនេះ ហើយក៏សួរដេញដោលពួកគេថា៖ «តើនោះមិនមែនជាការបោកបញ្ឆោតទេឬអី?» ពួកគេនិយាយថា៖ «ការបោកបញ្ឆោតឬ? ហេតុអ្វីទៅ វានឹងមិនអីទេ នៅពេលដែលពួកយើងទទួលបានមនុស្សសាមសិបនាក់នៅខែក្រោយដើម្បីបំពេញចំនួននោះវិញ មែនទេ?» ចំពោះរឿងនេះ ពួកគេមានលេសរួចជាស្រេច។ ប្រសិនបើមាននរណាម្នាក់ចាត់ទុករឿងនេះជាបញ្ហាធ្ងន់ធ្ងរ ហើយចង់រាយការណ៍ការពិតទៅខាងលើ ពួកគេជឿថា បុគ្គលនោះកំពុងតែបង្កបញ្ហាដល់ពួកគេ ហើយថាបុគ្គលនោះមានចេតនាប្រឆាំងនឹងពួកគេ។ ដូច្នេះ ពួកគេនឹងគាបសង្កត់បុគ្គលនោះ និងចាត់ការបុគ្គលនោះ ពួកគេនឹងបង្កបញ្ហាដល់បុគ្គលនោះវិញ។ ត្រង់ចំណុចនេះ តើពួកគេមិនមែនកំពុងធ្វើបាបមនុស្សទេឬអី? តើពួកគេមិនមែនកំពុងធ្វើអំពើអាក្រក់ទេឬអី? ពួកគេមិនដែលស្វែងរកគោលការណ៍សេចក្ដីពិតនៅក្នុងកិច្ចការរបស់ពួកគេឡើយ ដូច្នេះ តើគោលដៅរបស់ពួកគេក្នុងការធ្វើកិច្ចការគឺជាអ្វី? គឺដើម្បីធានាដល់ឋានៈ និងការចិញ្ចឹមជីវិតរបស់ពួកគេ។ ទោះបីជាពួកគេធ្វើរឿងអាក្រក់អ្វីក៏ដោយ ក៏ពួកគេមិនប្រាប់មនុស្សពីចេតនា និងកម្លាំងជំរុញចិត្តសម្រាប់អ្វីដែលពួកគេធ្វើឡើយ។ ពួកគេត្រូវតែរក្សារឿងទាំងនោះជាការសម្ងាត់យ៉ាងតឹងរ៉ឹង រឿងទាំងនោះគឺជាព័ត៌មានដែលត្រូវរក្សាជាសម្ងាត់សម្រាប់ពួកគេ។ តើប្រធានបទអ្វីដែលរសើបបំផុតសម្រាប់មនុស្សបែបនេះ? គឺនៅពេលដែលអ្នកសួរពួកគេថា៖ «តើថ្មីៗនេះ អ្នកកំពុងធ្វើអ្វីខ្លះ? តើការបំពេញភារកិច្ចរបស់អ្នកទទួលបានលទ្ធផលអ្វីខ្លះទេ? តើមានការបង្អាក់ ឬការរំខានណាមួយនៅក្នុងតំបន់ដែលស្ថិតក្រោមកិច្ចការរបស់អ្នកដែរឬទេ? តើអ្នកបានដោះស្រាយរឿងទាំងនោះដោយរបៀបណា? តើកិច្ចការរបស់អ្នកបានឈានដល់កម្រិតដែលគួរតែសម្រេចបានហើយឬនៅ? តើអ្នកបានបំពេញភារកិច្ចរបស់អ្នកដោយស្មោះត្រង់ដែរឬទេ? តើការសម្រេចចិត្តលើកិច្ចការដែលអ្នកបានធ្វើ បង្កការខាតបង់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកដឹកនាំដែលមិនស្របតាមស្ដង់ដារ ត្រូវបានដកហូតតំណែងហើយឬនៅ? តើមនុស្សដែលមានគុណសម្បត្តិល្អ និងដែលដេញតាមសេចក្ដីពិតបានគួរសម ត្រូវបានដំឡើងតួនាទី និងត្រូវបានបណ្ដុះបណ្ដាលហើយឬនៅ? តើអ្នកបានគាបសង្កត់មនុស្សដែលមិនចុះចូលនឹងអ្នកដែរឬទេ? តើអ្នកមានការយល់ដឹងអ្វីខ្លះអំពីនិស្ស័យពុករលួយរបស់អ្នក? តើអ្នកជាមនុស្សប្រភេទណា?» ទាំងនេះគឺជាប្រធានបទដែលរសើបបំផុតសម្រាប់ពួកគេ។ ការដែលមានគេសួរសំណួរទាំងនេះ គឺជាអ្វីដែលពួកគេខ្លាចបំផុត ដូច្នេះ ជាជាងរង់ចាំឱ្យអ្នកសួរពួកគេ ពួកគេនឹងប្រញាប់ប្រញាល់ស្វែងរកប្រធានបទមួយផ្សេងទៀត បង្វែងចេញពីសំណួរទាំងនោះ។ ពួកគេចង់បំភាន់អ្នកតាមគ្រប់មធ្យោបាយ ដោយរារាំងអ្នកមិនឱ្យដឹងថាតើស្ថានភាពជាក់ស្ដែងពិតជាយ៉ាងណា ដូចដែលវាកំពុងកើតឡើងនោះទេ។ ពួកគេតែងតែធ្វើឱ្យអ្នកស្ថិតនៅក្នុងភាពមិនដឹងអីជានិច្ច តែងតែរារាំងអ្នកមិនឱ្យដឹងថា តើពួកគេពិតជាបានបំពេញកិច្ចការរបស់ពួកគេដល់កម្រិតណានោះទេ។ គ្មានតម្លាភាពសូម្បីតែបន្តិចនៅត្រង់នោះ។ តើមនុស្សបែបនេះមានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ដែរឬទេ? តើពួកគេមានសេចក្ដីកោតខ្លាចព្រះជាម្ចាស់ដែរឬទេ? ទេ។ ពួកគេមិនដែលរាយការណ៍អំពីកិច្ចការដោយសកម្មឡើយ ហើយពួកគេក៏មិនរាយការណ៍អំពីហេតុការណ៍ខុសឆ្គងដែលកើតឡើងនៅក្នុងកិច្ចការរបស់ពួកគេដោយសកម្មដែរ។ ពួកគេមិនដែលសួរ ស្វែងរក ឬបើកចំហប្រាប់អំពីបញ្ហាប្រឈម និងភាពច្របូកច្របល់ដែលពួកគេបានជួបប្រទះនៅក្នុងកិច្ចការរបស់ពួកគេឡើយ តែបែរជាឈានដល់ការលាក់បាំងរឿងទាំងនោះ ព្រមទាំងបំភាន់ និងបោកបញ្ឆោតអ្នកដទៃទៅវិញ។ គ្មានតម្លាភាពទាល់តែសោះនៅក្នុងកិច្ចការរបស់ពួកគេ ហើយលុះត្រាតែខាងលើបង្ខំឱ្យពួកគេរាយការណ៍ និងពន្យល់តាមការពិត ទើបពួកគេនិយាយប្រាប់បន្តិចបន្តួចទាំងស្ទាក់ស្ទើរ។ ពួកគេសុខចិត្តស្លាប់ ជាជាងនិយាយអំពីបញ្ហាណាមួយដែលពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ ពួកគេសុខចិត្តស្លាប់ ជាជាងនិយាយសូម្បីតែមួយម៉ាត់អំពីរឿងនោះ។ ផ្ទុយទៅវិញ ពួកគេធ្វើពុតជាមិនយល់។ តើនោះមិនមែនជានិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទទេឬអី? តើនេះជាមនុស្សប្រភេទណា? តើបញ្ហាប្រភេទនេះងាយនឹងដោះស្រាយដែរឬទេ? ប្រសិនបើខាងលើផ្ដល់ការចង្អុលបង្ហាញដល់ពួកគេនៅក្នុងកិច្ចការរបស់ពួកគេ តើពួកគេមានអាកប្បកិរិយាបែបណាចំពោះរឿងនោះ? គឺការធ្វើឱ្យតែរួចពីដៃ។ ពួកគេហាក់ដូចជាព្រមទទួល ហើយពួកគេថែមទាំងយកសៀវភៅសរសេរ ឬកុំព្យូទ័រចេញមក ហើយកត់ត្រាយ៉ាងសកម្មទៀតផង ប៉ុន្តែនៅពេលដែលពួកគេកត់ត្រារួច តើពួកគេនឹងយល់ពីការណែនាំនោះ ហើយចាប់ផ្ដើមធ្វើកិច្ចការដែរឬទេ? (ទេ)។ ពួកគេកំពុងធ្វើឫកពាឱ្យអ្នកឃើញ គឺសម្ដែងដើម្បីបំភាន់អ្នកប៉ុណ្ណោះ។ តើពួកគេពិតជាកំពុងគិតអ្វី? «ដោយសារតែកិច្ចការនេះត្រូវបានប្រគល់ឱ្យខ្ញុំធ្វើ ដូច្នេះអ្វីដែលខ្ញុំនិយាយ គឺត្រូវតែអនុវត្តតាម។ គ្មាននរណាម្នាក់អាចមកលូកលាន់នឹងអ្វីដែលខ្ញុំចង់ធ្វើបានឡើយ។ “មន្ដ្រីមូលដ្ឋានមានអំណាចគ្រប់គ្រងច្រើនជាងមន្ត្រីថ្នាក់លើ។” ដូច្នេះ ខ្ញុំមានសិទ្ធិនេះ។ ប្រសិនបើមិនដូច្នោះទេ កុំឱ្យខ្ញុំចាត់ចែងកិច្ចការនេះអី។ ដកហូតតំណែងខ្ញុំទៅ»។ នេះគឺជាអ្វីដែលពួកគេគិត ហើយនេះគឺជាអ្វីដែលពួកគេធ្វើ។ តើនោះជានិស្ស័យអ្វី? តើនោះមិនមែនជានិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទទេឬអី? (មែនហើយ។) នេះជាបញ្ហាហើយ។ អ្នកមិនត្រូវបានអនុញ្ញាតឱ្យចូលអន្តរាគមន៍ ឬសាកសួរ ឬក៏ស៊ើបសួរ និងសួរដេញដោលឡើយ។ ពួកគេពិតជារសើបខ្លាំងណាស់ចំពោះរឿងនោះ។ ពួកគេគិតថា៖ «តើខាងលើកំពុងព្យាយាមត្រួតពិនិត្យបញ្ហារបស់ខ្ញុំ និងត្រួតពិនិត្យកិច្ចការរបស់ខ្ញុំមែនទេ? តើនរណាជាអ្នកទម្លាយរឿងនេះ?» ក្នុងភាពស្លន់ស្លោ ពួកគេខិតខំប្រឹងប្រែងជាខ្លាំងដើម្បីស្វែងរកឱ្យដឹងថា តើនរណាជាអ្នកដែលបានធ្វើឱ្យពួកគេបែកការណ៍។ នៅទីបញ្ចប់ ការសង្ស័យរបស់ពួកគេបានបង្រួមមកនៅត្រឹមមនុស្សពីរនាក់ ហើយពួកគេក៏បណ្ដេញអ្នកទាំងពីរនោះចេញ។ តើនេះជាបញ្ហាអ្វី? វាជានិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ។
តើអ្វីជាលក្ខណៈសម្គាល់ចម្បងនៃនិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ? គឺការប្រកាន់ខ្ជាប់នូវឋានៈ និងការត្រួតត្រាអ្នកដទៃ។ ពួកគេទទួលបានឋានៈ ដើម្បីត្រួតត្រាអ្នកដទៃ។ ដរាបណាពួកគេមានឋានៈ ពួកគេនឹងដាក់មនុស្សឱ្យស្ថិតក្រោមការត្រួតត្រារបស់ពួកគេដោយស្របច្បាប់។ ហេតុអ្វីបានជាខ្ញុំនិយាយថា ពួកគេនឹងធ្វើដូច្នេះដោយស្របច្បាប់? ពីព្រោះកិច្ចការរបស់ពួកគេត្រូវបានចាត់តាំងឱ្យពួកគេដោយដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេត្រូវបានជ្រើសរើសដោយបងប្អូនប្រុសស្រីឱ្យធ្វើកិច្ចការនោះ។ ដូច្នេះ តើពួកគេនឹងមិនមានអារម្មណ៍ថា ពួកគេមានភាពស្របច្បាប់ក្នុងការធ្វើការនោះទេឬអី? (មែនហើយ)។ ដូច្នេះ រឿងនេះក្លាយជាអ្វីមួយសម្រាប់ពួកគេ យកទៅប្រើជាទុន ដោយគិតក្នុងចិត្តថា៖ «អ្នករាល់គ្នាបានជ្រើសរើសខ្ញុំ មែនទេ? ប្រសិនបើអ្នករាល់គ្នាបានជ្រើសរើសខ្ញុំ នោះអ្នករាល់គ្នាត្រូវតែទុកចិត្តខ្ញុំ។ មានពាក្យសម្ដីមួយឃ្លារបស់អ្នកគ្មានជំនឿដែលពោលថា៖ “កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ”»។ នៅត្រង់នេះ ពួកគេថែមទាំងប្រើប្រាស់បាវចនាបែបសាតាំងទៀតផង។ តើពាក្យសម្ដីនេះគឺជាសេចក្ដីពិតដែរឬទេ? (ទេ)។ វាគឺជាសេចក្ដីបង្រៀនខុសឆ្គង និងជាភាពខុសឆ្គងបែបសាតាំង។ ប្រសិនបើអ្នកសាកសួរអំពីកិច្ចការរបស់ពួកគេ ពួកគេនឹងលើកយកទ្រឹស្ដីបែបនេះមកនិយាយថា៖ «”កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ”។ ប្រសិនបើអ្នកប្រើប្រាស់ខ្ញុំ អ្នកមិនអាចសង្ស័យខ្ញុំបានទេ។ ប្រសិនបើអ្នកមិនដឹងថាខ្ញុំជាមនុស្សប្រភេទណាទេ ប្រសិនបើអ្នកមើលមិនធ្លុះពីខ្ញុំទេ នោះកុំប្រើប្រាស់ខ្ញុំអី។ ប៉ុន្តែអ្នកកំពុងតែប្រើប្រាស់ខ្ញុំ ហើយបើដូច្នេះ ខ្ញុំត្រូវតែឈរឱ្យរឹងមាំនៅក្នុងតំណែងនេះ។ អ្វីដែលខ្ញុំនិយាយ គឺត្រូវតែអនុវត្តតាម»។ អ្វីដែលពួកគេនិយាយ គឺត្រូវតែអនុវត្តតាមនៅក្នុងគ្រប់កិច្ចកិច្ចការទាំងអស់។ បើមិនបណ្ដោយតាមពួកគេ ឬរកដៃគូឱ្យពួកគេ ឬឱ្យអ្នកដទៃមកមើលការខុសត្រូវ និងណែនាំពួកគេ គឺដាច់ខាតមិនបានឡើយ។ ប្រសិនបើមាននរណាម្នាក់មកត្រួតពិនិត្យកិច្ចការរបស់ពួកគេ ពួកគេគ្រាន់តែបដិសេធ ដោយពួកគេមានអារម្មណ៍ថា ពួកគេមិនបានធ្វើអ្វីខុសទេ ហើយមិនចាំបាច់ត្រូវគេត្រួតពិនិត្យឡើយ។ ដោយយកសិទ្ធិនិងឋានៈមកអាង ពួកគេកេងចំណេញពីឋានៈ និងសិទ្ធិអំណាចរបស់ពួកគេ ដើម្បីត្រួតត្រាអ្នកដទៃ ត្រួតត្រាកន្លែងធ្វើកិច្ចការ និងត្រួតត្រាកិច្ចការរបស់ពួកជំនុំ។ តើពួកគេមិនមែនកំពុងបង្កើតនគរឯករាជ្យមួយទេឬអី? តើនេះមិនមែនជាទង្វើរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទទេឬអី? ដំណាក់របស់ព្រះជាម្ចាស់អាចនឹងឱ្យពួកគេធ្វើកិច្ចការនេះ និងបំពេញភារកិច្ចនេះ ប៉ុន្តែដំណាក់របស់ព្រះជាម្ចាស់មិនឱ្យពួកគេក្ដោបក្ដាប់អំណាចដូចជាជនផ្ដាច់ការឡើយ។ តើបុគ្គលបែបនេះមិនបានយល់ខុសពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការរៀបចំចាត់ចែងនៃដំណាក់របស់ទ្រង់ទេឬអី? ហេតុអ្វីបានជាពួកគេតែងតែក្រាញននៀលចង់បានឋានៈ និងអំណាច ជាជាងបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អ? (ពួកគេត្រូវបានគ្រប់គ្រងដោយនិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ)។ ត្រូវហើយ នេះហើយជានិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ។ ហេតុអ្វីបានជាពួកគេយល់ខុស នៅពេលដែលពួកជំនុំចាត់ចែងកិច្ចការឱ្យពួកគេ? ពីព្រោះពីសារជាតិមក ពួកគេចូលចិត្តត្រួតត្រាមនុស្ស។ នោះគឺជាសារជាតិធម្មជាតិរបស់ពួកគេ គឺជាសភាពពិតរបស់ពួកគេ។ ពេលចាត់ចែងកិច្ចការឱ្យពួកគេ ពួកគេនឹងមានអារម្មណ៍ថា ពេលនេះពួកគេមានអំណាច និងឋានៈ ហើយដូច្នេះ ពួកគេមានការត្រួតត្រាលើដែនគ្រប់គ្រងរបស់ពួកគេ។ ប្រសិនបើអ្នកទៅកាន់ដែនគ្រប់គ្រងរបស់ពួកគេ អ្នកត្រូវតែធ្វើតាមអ្វីដែលពួកគេនិយាយ។ ជាឧទាហរណ៍ ដំណាក់របស់ព្រះជាម្ចាស់ធ្លាប់បានរៀបចំឱ្យអ្នកដឹកនាំម្នាក់ទៅត្រួតពិនិត្យកិច្ចការរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទម្នាក់។ អ្នកដឹកនាំនោះ និងពួកទទឹងនឹងព្រះគ្រីស្ទ សុទ្ធតែជាអ្នកដឹកនាំពួកជំនុំ ពួកគេមានលំដាប់ថ្នាក់ស្មើគ្នា។ បុគ្គលទទឹងនឹងព្រះគ្រីស្ទបាននិយាយថា៖ «អ្នកគឺជាអ្នកដឹកនាំពួកជំនុំ ហើយខ្ញុំក៏ជាអ្នកដឹកនាំពួកជំនុំដែរ។ ពួកយើងមានលំដាប់ថ្នាក់ស្មើគ្នា។ អ្នកកុំមកលូកលាន់រឿងខ្ញុំ ហើយខ្ញុំក៏មិនលូកលាន់រឿងអ្នកដែរ។ កុំមកប្រកបគ្នាជាមួយខ្ញុំ អ្នកគ្មានឋានៈធ្វើបែបនោះទេ! ហើយអ្នកចង់សួរអំពីស្ថានភាពកិច្ចការនៅពួកជំនុំរបស់យើង តើខាងលើបានបញ្ជាអ្នកឱ្យធ្វើដូច្នេះមែនទេ? បង្ហាញភស្តុតាងមកខ្ញុំមើល»។ អ្នកដឹកនាំនោះបាននិយាយថា៖ «ខាងលើគ្រាន់តែឱ្យខ្ញុំនាំសារមកប៉ុណ្ណោះ។ ទៅសួរខាងលើខ្លួនឯងទៅ ប្រសិនបើអ្នកមិនជឿខ្ញុំទេនោះ»។ បុគ្គលទទឹងនឹងព្រះគ្រីស្ទបាននិយាយថា៖ «ចុះតើអ្វីដែលផ្ដល់សិទ្ធិឱ្យអ្នកមកប្រកបគ្នាជាមួយខ្ញុំ និងចោទប្រកាន់ខ្ញុំនោះ? តើអ្វីដែលផ្ដល់សិទ្ធិឱ្យអ្នកមកសាកសួរអំពីរឿងរ៉ាវដែលស្ថិតនៅក្រោមកិច្ចការរបស់ខ្ញុំ? អ្នកគ្មានឋានៈនឹងធ្វើដូច្នេះទេ!»។ តើពាក្យសម្ដីទាំងនេះស្របតាមសេចក្ដីពិតដែរឬទេ? (ទេ)។ តើវាជាទង្វើបែបណាទៅ? គឺជាទង្វើដែលមានតែបុគ្គលទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះដែលធ្វើ។ មានពាក្យសម្ដីមួយឃ្លាក្នុងចំណោមអ្នកមិនជឿដែលពោលថា៖ «អ្នកមានអំណាចគឺជាអ្នកត្រូវ»។ ពួកគេប្រកួតប្រជែងគ្នាដើម្បីមើលថា តើនរណាមានឋានៈខ្ពស់ជាង នរណាមានកម្លាំងខ្លាំងជាង និងនរណាមានសមត្ថភាពជាង។ ពួកគេប្រកួតប្រជែងគ្នាដើម្បីមើលថា តើនរណាទទួលខុសត្រូវលើមនុស្សបានច្រើនជាង។ ហើយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកទទឹងនឹងព្រះគ្រីស្ទប្រកួតប្រជែងជាមួយអ្នកដទៃដើម្បីមើលរឿងដដែលៗទាំងនេះ។ តើពួកគេមិនមែនមកខុសកន្លែងទេឬអី? តើបុគ្គលដែលមាននិស្ស័យពុករលួយ ប៉ុន្តែមិនមែនជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ ជាធម្មតានឹងគិតបែបនេះដែរឬទេ នៅពេលដែលពួកគេជួបអ្នកដឹកនាំពួកជំនុំដែលមានលំដាប់ថ្នាក់ស្មើនឹងពួកគេនោះ? ពួកគេនឹងបញ្ចេញឱ្យឃើញអ្វីមួយ ប៉ុន្តែពួកគេនឹងអាចប្រកបជាមួយអ្នកដឹកនាំពួកជំនុំនោះបានជាធម្មតា។ ពួកគេដាច់ខាតនឹងមិននិយាយថា៖ «តើអ្នកមានឋានៈមកសាកសួរអំពីកិច្ចការរបស់ខ្ញុំដែរឬទេ?» ឡើយ។ ពួកគេនឹងមិននិយាយបែបនោះទេ ពីព្រោះពួកគេមានវិចារណញ្ញាណធម្មតា ហើយពួកគេមានចិត្ត កោតខ្លាចព្រះជាម្ចាស់។ តើបុគ្គលដែលមានវិចារណញ្ញាណធម្មតានឹងប្រព្រឹត្តខ្លួនបែបណា? ពួកគេនឹងគិតថា៖ «ការដែលឱ្យពួកយើងដឹកនាំពួកជំនុំ នោះគឺជាការដែលព្រះជាម្ចាស់លើកតម្កើងពួកយើង វាគឺជាការផ្ទុកផ្ដាក់របស់ទ្រង់ ហើយវាគឺជាភារកិច្ចរបស់ពួកយើង។ ប្រសិនបើព្រះជាម្ចាស់មិនបានផ្ទុកផ្ដាក់ពួកយើងធ្វើរឿងនេះទេ ពួកយើងនឹងមិនមែនជាអ្វីទេ។ វាមិនមែនជាតំណែងផ្លូវការអ្វីនោះទេ។ ខ្ញុំអាចប្រកបជាមួយអ្នកអំពីកិច្ចការរបស់ពួកជំនុំ និងអំពីស្ថានភាពរបស់បងប្អូនប្រុសស្រី ព្រមទាំងបទពិសោធក្នុងកិច្ចការរបស់ខ្ញុំបាន»។ តើបុគ្គលទទឹងនឹងព្រះគ្រីស្ទនឹងប្រកបគ្នាជាមួយអ្នកដទៃអំពីរឿងទាំងនេះដែរឬទេ? ទេ ពួកគេដាច់ខាតនឹងមិនលាតត្រដាងរឿងទាំងនោះឡើយ។ ដូច្នេះ លក្ខណៈមួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាបំណងប្រាថ្នាចង់បានឋានៈ និងអំណាចដែលលើសពីមនុស្សធម្មតា។ បន្ថែមពីនេះ ពួកគេមានល្បិចកល និងពិសពុលជាងមនុស្សធម្មតាទៅទៀត។ តើល្បិចកល និងភាពពិសពុលរបស់ពួកគេស្ដែងចេញនៅត្រង់ណា? (ពួកគេមិននិយាយអ្វីប្រាប់អ្នកទេ។ ពួកគេមិនប្រាប់អ្នកពីរឿងអ្វីមួយដោយផ្ទាល់ឡើយ)។ គឺត្រង់ថា ពួកគេមានអារម្មណ៍ថា គ្រប់រឿងរ៉ាវទាំងអស់សុទ្ធតែជាការសម្ងាត់ ជាអ្វីដែលពួកគេមិនគួរនិយាយប្រាប់អ្នកដទៃ។ នៅក្នុងគ្រប់រឿងរ៉ាវទាំងអស់ ពួកគេតែងតែប្រយ័ត្នប្រយែងចំពោះអ្នកដទៃ ពួកគេរុំខ្ចប់ បិទបាំង និងលាក់កំបាំងអ្វីៗគ្រប់យ៉ាង។ បើដូច្នេះ តើពួកគេអាចមានអន្តរកម្ម និងការប្រាស្រ័យទាក់ទងធម្មតាក្នុងការទាក់ទងជាមួយអ្នកដទៃដែរឬទេ? តើពួកគេអាចនិយាយអ្វីចេញពីចិត្តបានដែរឬទេ? ទេ។ ពួកគេគ្រាន់តែផ្ដល់នូវពាក្យសម្ដីសើៗប៉ុន្មានឃ្លា និងពាក្យពេចន៍ពីរោះៗប៉ុណ្ណោះ ដើម្បីរារាំងអ្នកមិនឱ្យស្ទាបស្ទង់ដឹងពីស្ថានភាពពិតនៅពីក្រោយនោះ។ បន្ទាប់ពីអ្នកបានទាក់ទងជាមួយពួកគេមួយរយៈ អ្នកនឹងមានអារម្មណ៍ថា៖ «មើលតាមសំបកក្រៅ បុគ្គលនេះហាក់ដូចជាមិនអាក្រក់ទេ ប៉ុន្តែហេតុអ្វីបានជាខ្ញុំតែងតែមានអារម្មណ៍ថា ចិត្តរបស់បុគ្គលនេះនៅឆ្ងាយពីអ្នកដទៃម្ល៉េះ? ហេតុអ្វីបានជាវាតែងតែមានភាពឆ្គាំឆ្គងយ៉ាងនេះ ក្នុងការទាក់ទងជាមួយពួកគេ? ខ្ញុំតែងតែមានអារម្មណ៍ថា ពួកគេមិនអាចវាស់ស្ទង់បានឡើយ»។ តើអ្នករាល់គ្នាមានអារម្មណ៍បែបនោះដែរឬទេ? (មែនហើយ)។ នោះហើយជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ពួកគេតែងតែប្រយ័ត្នប្រយែងចំពោះមនុស្សគ្រប់គ្នា។ ហើយហេតុអ្វីបានជាពួកគេប្រយ័ត្នប្រយែង? ពីព្រោះតាមការមើលឃើញរបស់ពួកគេ នរណាក៏អាចបង្កការគំរាមកំហែងដល់ឋានៈរបស់ពួកគេបានដែរ។ ប្រសិនបើពួកគេមិនប្រយ័ត្ន ប្រសិនបើពួកគេធ្វេសប្រហែស ពួកគេអាចនឹងបណ្ដោយឱ្យអ្នកដទៃដឹងពីអ្វីដែលកំពុងកើតឡើងពិតប្រាកដចំពោះពួកគេ ដឹងពីអត្តសញ្ញាណពិតរបស់ពួកគេ ហើយពេលនោះ ឋានៈរបស់ពួកគេនឹងមិនអាចរក្សាបានឡើយ។ ដូច្នេះ នៅពេលដែលពួកគេជួបប្រទះនឹងនរណាម្នាក់ដែលសាកសួរអំពីសភាពនៃកិច្ចការ និងភារកិច្ចរបស់ពួកគេ ឬសាកសួរអំពីសភាពផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេនឹងលាក់បាំងអ្វីដែលពួកគេអាចលាក់បាំងបាន ហើយបិទបាំងអ្វីដែលពួកគេអាចបិទបាំងបាន។ អ្វីដែលពួកគេមិនអាចបិទបាំងបាន ពួកគេនឹងរកវិធីដើម្បីសម្រួលស្ថានការណ៍ ឬពួកគេនឹងគេចខ្លួនពីអ្នក។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះមាននិស្ស័យចម្លែកមួយ៖ ទោះបីជាពួកគេរស់នៅចំណោមអ្នកដទៃក៏ដោយ ក៏អ្នកនឹងមិនឃើញពួកគេមានអន្តរកម្មធម្មតាជាមួយនរណាម្នាក់ឡើយ ហើយពួកគេក៏គ្មានការប្រាស្រ័យទាក់ទងធម្មតាជាមួយអ្នកដទៃដែរ។ ជារៀងរាល់ថ្ងៃ ពួកគេនៅដាច់ដោយឡែកតែម្នាក់ឯង លេចមុខនៅពេលញ៉ាំអាហារ ហើយក៏បាត់ខ្លួនទៅវិញបន្ទាប់ពីនោះ។ ពួកគេតែងតែបាត់មុខជានិច្ច។ ហេតុអ្វីបានជាពួកគេមិនទាក់ទងជាមួយអ្នកដទៃ? ពួកគេនិយាយគ្រប់រឿងប្រាប់គ្រួសាររបស់ពួកគេ ចុះហេតុអ្វីបានជាពួកគេគ្មានអ្វីត្រូវនិយាយប្រាប់បងប្អូនប្រុសស្រីទៅវិញ? អ្នកគ្មានជំនឿមានពាក្យសម្ដីមួយឃ្លាពោលថា៖ «និយាយច្រើន ខុសច្រើន»។ មនុស្សបែបនេះប្រកាន់ខ្ជាប់នូវគោលការណ៍នេះ ពួកគេមិនបណ្ដោយឱ្យខ្លួនឯងនិយាយដោយមិនប្រុងប្រយ័ត្នឡើយ ពីព្រោះអ្វីដែលពួកគេនិយាយ អាចនឹងធ្វើឱ្យល្បិចរបស់ពួកគេបែកធ្លាយ ហើយលាតត្រដាងភាពទន់ខ្សោយរបស់ពួកគេ។ គ្មាននរណាដឹងថា ពាក្យសម្ដីមួយណានឹងធ្វើឱ្យអ្នកដទៃមើលងាយពួកគេ ហើយឱ្យអ្នកដទៃដឹងពីស្ថានភាពពិតរបស់ពួកគេនោះទេ ដូច្នេះ ពួកគេធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីគេចវេះពីអ្នកដទៃ។ តើការគេចវេះរបស់ពួកគេនេះគឺជារឿងដែលគ្មានចេតនា ឬក៏មានអ្វីមួយនៅខាងក្នុងដែលគ្រប់គ្រងវា? គឺមានអ្វីមួយនៅទីនោះ ដែលកំពុងគ្រប់គ្រងវា។ តើអ្វីនោះជារឿងត្រឹមត្រូវ និងថ្លៃថ្នូរ ឬក៏ជារឿងងងឹតមិនត្រឹមត្រូវ? (វាជារឿងងងឹតមិនត្រឹមត្រូវ)។ ប្រាកដណាស់ វាជារឿងងងឹតមិនត្រឹមត្រូវ។ នេះមិនមែនជារបៀបតែមួយគត់ដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តនោះទេ ភាគច្រើន ពួកគេមិនប្រាស្រ័យទាក់ទង ឬមានអន្តរកម្មធម្មតាជាមួយអ្នកដទៃឡើយ ប៉ុន្តែ ជួនកាល ពួកគេពូកែនិយាយ និងនិយាយបានច្បាស់លាស់ណាស់ ប៉ុន្តែ តើពួកគេនិយាយអំពីរឿងអ្វីខ្លះ? តើខ្លឹមសារដែលពួកគេនិយាយគឺជាអ្វី? ពួកគេអធិប្បាយពីពាក្យពេចន៍ និងគោលលទ្ធិ ដោយអួតពីខ្លួនឯង។ ពួកគេនិយាយថា ពួកគេអាចធ្វើកិច្ចការជាក់ស្ដែង និងដោះស្រាយបញ្ហាជាក់ស្ដែងបាន ប៉ុន្តែតាមពិតទៅ ពួកគេគ្មានសមត្ថភាពពិតប្រាកដអ្វីឡើយ។ សាកសួរពួកគេថា តើពួកគេមានចំណុចខ្វះខាតអ្វីខ្លះ តើពួកគេមាននិស្ស័យក្រអឺតក្រទមដែរឬទេ នោះពួកគេនឹងនិយាយថា៖ «ក្នុងចំណោមមនុស្សជាតិដែលពុករលួយ តើនរណាដែលមិនក្រអឺតក្រទមនោះ?» មើលចុះ សូម្បីតែភាពក្រអឺតក្រទមរបស់ពួកគេក៏មានមូលដ្ឋានរបស់វាដែរ។ វាបានរួមបញ្ចូលមនុស្សគ្រប់គ្នានៅក្នុងនោះ ហាក់ដូចជាភាពក្រអឺតក្រទមរបស់ពួកគេគឺជារឿងសមហេតុសមផលណាស់អ៊ីចឹង។ ពួកគេមិនដែលស្វែងរកសេចក្ដីពិតឡើយ ហើយពួកគេហាក់ដូចជាមើលមិនឃើញថា មានបញ្ហា ឬការលំបាកណាមួយនៅក្នុងកិច្ចការនោះទេ។ ហើយអ្នកនឹងមិនអាចដឹងពីស្ថានភាពពិតបានឡើយ តាមរយៈការសួរពួកគេ។ នៅពេលដែលពួកគេគ្មានអ្វីត្រូវធ្វើ ពួកគេគ្រាន់តែអង្គុយស្ងៀមនៅទីនោះ ហើយនៅពេលណាដែលពួកគេនិយាយ ពួកគេនឹងនិយាយអំពីគុណវុឌ្ឍិរបស់ពួកគេ។ ពួកគេមិនដែលបើកចំហឡើយ ពួកគេមិនដែលនិយាយថា តើមានការបះបោរ ឬបំណងប្រាថ្នាដ៏ហួសហេតុអ្វីខ្លះនៅក្នុងខ្លួនពួកគេ ឬរបៀបដែលពួកគេព្យាយាមធ្វើកិច្ចព្រមព្រៀងជាមួយព្រះជាម្ចាស់ ឬថាពួកគេបាននិយាយកុហកទៅកាន់នរណាម្នាក់ ឬថាតើមហិច្ឆតារបស់ពួកគេក្នុងការធ្វើកិច្ចការគឺជាអ្វីនោះទេ។ ពួកគេមិនដែលលើកឡើងពីបញ្ហាទាំងនេះទេ ហើយនៅពេលដែលអ្នកដទៃលើកឡើង ពួកគេមិនចាប់អារម្មណ៍ឡើយ។ សូម្បីតែចំពោះសំណួរដែលពាក់ព័ន្ធនឹងរឿងរ៉ាវនៅក្នុងវិសាលភាពនៃកិច្ចការរបស់ពួកគេក៏ដោយ ក៏ពួកគេគ្រាន់តែនិយាយបន្តិចបន្តួចឱ្យតែរួចពីដៃប៉ុណ្ណោះ។ សរុបមក នរណាក៏ដោយដែលទាក់ទងជាមួយពួកគេ ទោះក្នុងរយៈពេលណាក៏ដោយ នឹងជួបការលំបាកយ៉ាងខ្លាំង ប្រសិនបើពួកគេចង់ស្វែងយល់បន្ថែមអំពីរឿងអ្វីមួយនៅក្នុងវិសាលភាពនៃភារកិច្ចរបស់ពួកគេ ទោះបីជាវាទាក់ទងនឹងបុគ្គលិក ការអនុវត្តជំនាញ ឬវឌ្ឍនភាពនៃកិច្ចការក៏ដោយ។ ទោះបីជាអ្នកចូលទៅតាមជ្រុងណាក៏ដោយ ទោះបីជាអ្នកព្យាយាមលួចបញ្ចូលសំណួររបស់អ្នកដោយប្រយោល ឬសួរដោយផ្ទាល់ ឬសួរទៅកាន់នរណាម្នាក់ដែលស្និទ្ធនឹងពួកគេក៏ដោយ ក៏អ្នកនឹងមិនទទួលបានលទ្ធផលដោយងាយឡើយ។ វាពិតជាលំបាកខ្លាំងណាស់។ តើនោះមិនមែនជាភាពអាក្រក់លាក់លៀមទេឬអី? (មែនហើយ)។ ហេតុអ្វីបានជាវាលំបាកខ្លាំងម្ល៉េះ ក្នុងការទទួលបានព័ត៌មានអំពីស្ថានភាពជាក់ស្ដែងពិតប្រាកដពីពួកគេ? ហេតុអ្វីបានជាពួកគេលាក់បាំងរឿងរ៉ាវជិតឈឹងម្ល៉េះ? តើគោលដៅរបស់ពួកគេគឺជាអ្វី? ពួកគេចង់រក្សាឋានៈ និងការចិញ្ចឹមជីវិតរបស់ពួកគេឱ្យមានសុវត្ថិភាព។ ពួកគេជឿថា៖ «វាមិនមែនជារឿងងាយស្រួលទេក្នុងការទទួលបានឋានៈនេះ ក្នុងការមកដល់ចំណុចដែលខ្ញុំកំពុងឈរនៅសព្វថ្ងៃនេះ តើវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេឬអី ប្រសិនបើខ្ញុំធ្វើឱ្យខ្លួនឯងអាម៉ាស់ ដោយសារតែការធ្វើខុសក្នុងពេលធ្វេសប្រហែសមួយគ្រានោះ? ម្យ៉ាងវិញទៀត ប្រសិនបើដំណាក់របស់ព្រះបានដឹងពីរឿងអាក្រក់ដែលខ្ញុំបានធ្វើ តើនរណាអាចនិយាយបានថា ពួកគេនឹងចាត់ការខ្ញុំឬអត់នោះ?» មិនថាអ្នកនិយាយអំពីការបើកចំហ ការធ្វើជាមនុស្សស្មោះត្រង់ និងការបំពេញភារកិច្ចដោយស្មោះត្រង់ច្រើនប៉ុនណាក៏ដោយ តើវាអាចជ្រាបចូលទៅក្នុងចិត្តពួកគេដែរឬទេ? ទេ វាមិនអាចទេ។ សម្រាប់ពួកគេ មានគោលជំនឿតែមួយគត់គឺ៖ និយាយច្រើននាំឱ្យខូចការ។ ប្រសិនបើអ្នកប្រាប់អ្នកដទៃគ្រប់យ៉ាង នោះអ្នកគឺជាមនុស្សអសមត្ថភាព ជាមនុស្សដែលគ្មានបានការអ្វីឡើយ! នោះគឺជាគោលជំនឿរបស់ពួកគេ។ នេះហើយជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទកំពុងធ្វើកិច្ចការអ្វីក៏ដោយ ពួកគេហាមឃាត់អ្នកដទៃមិនឱ្យចូលអន្តរាគមន៍ ឬសាកសួរឡើយ ហើយលើសពីនេះទៅទៀត ពួកគេហាមឃាត់ដំណាក់របស់ព្រះជាម្ចាស់មិនឱ្យមើលការខុសត្រូវពួកគេឡើយ។ តើអ្វីទៅជាគោលដៅរបស់ពួកគេក្នុងការធ្វើបែបនេះ? ពួកគេមានបំណងចម្បងចង់គ្រប់គ្រងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ដើម្បីរក្សាឋានៈនិងអំណាចរបស់ពួកគេ ដែលមានន័យថា ពួកគេកំពុងតែរក្សាការចិញ្ចឹមជីវិតរបស់ពួកគេ។ នោះគឺជាគោលដៅចម្បងរបស់ពួកគេ។ ប្រសិនបើអ្នករាល់គ្នាជាអ្នកដឹកនាំ ឬអ្នកធ្វើការ តើអ្នករាល់គ្នាខ្លាចដំណាក់របស់ព្រះជាម្ចាស់សាកសួរ និងមើលការខុសត្រូវកិច្ចការរបស់អ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាខ្លាចថាដំណាក់របស់ព្រះជាម្ចាស់នឹងរកឃើញចំណុចខ្វះខាត និងសេចក្ដីវៀចវេរនៅក្នុងកិច្ចការរបស់អ្នករាល់គ្នា ហើយលួសកាត់អ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាខ្លាចថា បន្ទាប់ពីខាងលើបានដឹងពីគុណសម្បត្តិ និងកម្ពស់ពិតប្រាកដរបស់អ្នករាល់គ្នាហើយ ពួកគេនឹងផ្លាស់ប្ដូរការយល់ឃើញចំពោះអ្នករាល់គ្នា ហើយមិនពិចារណាដំឡើងតំណែងឱ្យអ្នករាល់គ្នាដែរឬទេ? ប្រសិនបើអ្នកមានការភ័យខ្លាចទាំងនេះ នេះបញ្ជាក់ថាបំណងរបស់អ្នកមិនមែនដើម្បីកិច្ចការពួកជំនុំទេ អ្នកកំពុងធ្វើការដើម្បីកេរ្តិ៍ឈ្មោះនិងឋានៈ ដែលបញ្ជាក់ថាអ្នកមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អ្នកងាយនឹងដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយប្រព្រឹត្តអំពើអាក្រក់ទាំងអស់ដែលពួកទទឹងនឹងព្រះគ្រីស្ទបានធ្វើ។ ប្រសិនបើនៅក្នុងចិត្តរបស់អ្នក អ្នកគ្មានការភ័យខ្លាចចំពោះការដែលដំណាក់របស់ព្រះជាម្ចាស់មើលការខុសត្រូវកិច្ចការរបស់អ្នក ហើយអ្នកអាចផ្ដល់ចម្លើយពិតប្រាកដចំពោះសំណួរនិងការសាកសួររបស់ខាងលើដោយមិនលាក់បាំងអ្វីទាំងអស់ ហើយនិយាយឱ្យអស់ពីអ្វីដែលអ្នកដឹងនោះ ទោះបីជាអ្វីដែលអ្នកនិយាយគឺត្រូវឬខុសក៏ដោយ ទោះបីជាអ្នកបានបង្ហាញឱ្យឃើញពីសេចក្ដីពុករលួយអ្វីក៏ដោយ សូម្បីតែអ្នកបានបង្ហាញឱ្យឃើញពីនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏អ្នកនឹងមិនត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទដាច់ខាត។ ចំណុចសំខាន់គឺថា តើអ្នកអាចស្គាល់ពីនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទរបស់ខ្លួនឯង និងស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានេះដែរឬទេ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលទទួលយកសេចក្ដីពិត និស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងខ្លួនអ្នកអាចត្រូវបានកែតម្រង់។ ប្រសិនបើអ្នកដឹងយ៉ាងច្បាស់ថាអ្នកមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែបែរជាមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា ប្រសិនបើអ្នកថែមទាំងព្យាយាមលាក់បាំង ឬកុហកអំពីបញ្ហាដែលកើតឡើង ហើយគេចវេះពីការទទួលខុសត្រូវ ហើយប្រសិនបើអ្នកមិនទទួលយកសេចក្ដីពិតនៅពេលទទួលរងការលួសកាត់នោះទេ នេះគឺជាបញ្ហាធ្ងន់ធ្ងរមួយ ហើយអ្នកក៏មិនខុសពីពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ដឹងហើយថាអ្នកមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហេតុអ្វីបានជាអ្នកមិនហ៊ានប្រឈមមុខនឹងវា? ហេតុអ្វីបានជាអ្នកមិនអាចដោះស្រាយវាដោយត្រង់ៗ ហើយនិយាយថា «ប្រសិនបើខាងលើសាកសួរអំពីកិច្ចការរបស់ខ្ញុំ ខ្ញុំនឹងនិយាយនូវអ្វីទាំងអស់ដែលខ្ញុំដឹង ហើយទោះបីជារឿងអាក្រក់ដែលខ្ញុំបានធ្វើត្រូវបានលាតត្រដាង ហើយខាងលើលែងប្រើប្រាស់ខ្ញុំទៀតនៅពេលដែលពួកគេដឹង ហើយខ្ញុំបាត់បង់ឋានៈរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែនិយាយឱ្យច្បាស់នូវអ្វីដែលខ្ញុំត្រូវនិយាយដែរ»? ការភ័យខ្លាចរបស់អ្នកចំពោះការដែលដំណាក់របស់ព្រះជាម្ចាស់មើលការខុសត្រូវ និងសាកសួរពីកិច្ចការរបស់អ្នក បញ្ជាក់ថា អ្នកស្រឡាញ់ឋានៈរបស់អ្នកជាងសេចក្ដីពិត។ តើនេះមិនមែនជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ការស្រឡាញ់ឋានៈលើសអ្វីៗទាំងអស់ គឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ហេតុអ្វីបានជាអ្នកឱ្យតម្លៃឋានៈខ្លាំងម្ល៉េះ? តើអ្នកអាចទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីឋានៈ? ប្រសិនបើឋានៈនាំមកឱ្យអ្នកនូវមហន្តរាយ ការលំបាក ភាពអាម៉ាស់ និងការឈឺចាប់ តើអ្នកនឹងនៅតែឱ្យតម្លៃវាដែរឬទេ? (ទេ)។ មានអត្ថប្រយោជន៍ច្រើនណាស់ដែលបានមកពីការមានឋានៈ ដូចជាការច្រណែន ការគោរព ការលើកតម្កើង និងការលើកជើងពីអ្នកដទៃ ក៏ដូចជាការកោតសរសើរនិងការគោរពស្ញប់ស្ញែងរបស់ពួកគេផងដែរ។ ក៏មានអារម្មណ៍ដឹងពីឧត្តមភាពនិងឯកសិទ្ធិដែលឋានៈរបស់អ្នកនាំមកឱ្យអ្នកផងដែរ ដែលផ្ដល់ឱ្យអ្នកនូវមោទនភាព និងអារម្មណ៍ដឹងពីតម្លៃខ្លួនឯង។ លើសពីនេះទៀត អ្នកក៏អាចរីករាយនឹងរបស់ដែលអ្នកដទៃមិនអាចទទួលបានដែរ ដូចជាផលប្រយោជន៍នៃឋានៈ និងការចាត់ទុកជាពិសេស។ ទាំងនេះគឺជារឿងដែលអ្នកមិនទាំងហ៊ានគិតដល់ផង ហើយជាអ្វីដែលអ្នកប្រាថ្នាចង់បាននៅក្នុងក្តីសុបិនរបស់អ្នក។ តើអ្នកឱ្យតម្លៃរបស់ទាំងនេះទេ? ប្រសិនបើឋានៈគ្រាន់តែជារបស់ទទេ គ្មានអត្ថន័យពិតប្រាកដ ហើយការការពារវាមិនបម្រើគោលបំណងពិតប្រាកដណាមួយទេ តើវាមិនមែនជាការល្ងង់ខ្លៅទេឬដែលឱ្យតម្លៃវា? ប្រសិនបើអ្នកអាចបោះបង់ចោលរបស់ដូចជាផលប្រយោជន៍ និងការសប្បាយខាងសាច់ឈាមបាន នោះកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈនឹងលែងចងភ្ជាប់អ្នកទៀតហើយ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនឹងការឱ្យតម្លៃ និងការដេញតាមឋានៈ តើត្រូវដោះស្រាយអ្វីជាមុនសិន? ជាដំបូង ត្រូវមើលឱ្យធ្លុះដល់លក្ខណៈបញ្ហានៃការប្រព្រឹត្តអំពើអាក្រក់ និងការប្រើល្បិចកល ការលាក់បាំង និងការបិទបាំង ក៏ដូចជាការបដិសេធការមើលការខុសត្រូវ ការសាកសួរ និងការពិនិត្យពិច័យរបស់ដំណាក់របស់ព្រះជាម្ចាស់ ដើម្បីរីករាយនឹងអត្ថប្រយោជន៍នៃឋានៈ។ តើនេះមិនមែនជាការទាស់ទទឹង និងការប្រឆាំងនឹងព្រះជាម្ចាស់ដោយបើកចំហទេឬ? ប្រសិនបើអ្នកអាចមើលឱ្យធ្លុះដល់លក្ខណៈនិងផលវិបាកនៃការចង់បានអត្ថប្រយោជន៍នៃឋានៈ បញ្ហានៃការដេញតាមឋានៈនឹងត្រូវបានដោះស្រាយ។ ប្រសិនបើអ្នកមិនអាចមើលឱ្យធ្លុះដល់សារជាតិនៃការចង់បានអត្ថប្រយោជន៍នៃឋានៈទេ បញ្ហានេះនឹងមិនអាចដោះស្រាយបានឡើយ។
តើអ្នករាល់គ្នាសហការជាមួយអ្នកដទៃដើម្បីធ្វើកិច្ចការ និងបំពេញភារកិច្ចរបស់អ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាទទួលយកការមើលការខុសត្រូវដែរឬទេ? តើអ្នករាល់គ្នាធ្លាប់បានធ្វើអ្វីមួយដើម្បីរារាំងអ្នកដទៃមិនឱ្យចូលអន្តរាគមន៍ ឬសាកសួរដែរឬទេ? ប្រសិនបើមាននរណាម្នាក់សាកសួរ តើអ្នកទាស់ទទឹងនឹងពួកគេ ហើយនិយាយថា៖ «តើអ្នកគិតថាអ្នកជានរណា ទើបមកលូកលាន់រឿងរបស់ខ្ញុំ? ខ្ញុំមានឋានៈខ្ពស់ជាងអ្នកមួយថ្នាក់ ហើយអ្វីដែលខ្ញុំនិយាយ គឺត្រូវតែអនុវត្តតាមនៅក្នុងកិច្ចការរបស់ខ្ញុំ។ ខាងលើមិនទាន់បានសាកសួរផង ចុះតើអ្វីដែលផ្ដល់សិទ្ធិឱ្យអ្នកមកសួរនោះ?» តើមានរឿងបែបនេះដែរឬទេ? តើនិស្ស័យចម្បងរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី? គឺការកាន់កាប់ឋានៈ និងការក្ដោបក្ដាប់អំណាច ពួកគេមិនធ្វើអ្វីដែលផ្ដល់ប្រយោជន៍ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬអ្វីដែលចេញពីការគិតគូរដល់ផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់ឡើយ តែបែរជាធ្វើឱ្យតែរួចពីដៃ បោកបញ្ឆោត និងធ្វើឱ្យតែបានៗទៅវិញ។ មើលពីសំបកក្រៅ ពួកគេហាក់ដូចជារវល់យ៉ាងសកម្មនឹងភារកិច្ចរបស់ពួកគេណាស់ ប៉ុន្តែសូមមើលរឿងដែលពួកគេធ្វើចុះ ទីមួយ គឺគ្មានវឌ្ឍនភាព ទីពីរ គឺគ្មានប្រសិទ្ធភាព ហើយទីបី គឺមិនសូវមានប្រសិទ្ធផលឡើយ ពោលគឺពួកគេធ្វើឱ្យកិច្ចការនោះក្លាយជាភាពរញ៉េរញ៉ៃទាំងស្រុង។ មានរឿងតែមួយគត់ដែលពួកគេមិនព្រមលែង នោះគឺការទាញយកប្រយោជន៍ពីឱកាសដែលភារកិច្ចរបស់ពួកគេផ្ដល់ឱ្យ ដើម្បីក្ដោបក្ដាប់អំណាច និងមិនព្រមលែង។ ដរាបណាពួកគេមានអំណាច នោះសម្រាប់ពួកគេគឺគ្រប់គ្រាន់ហើយ។ ទោះបីជាពួកគេកំពុងធ្វើភារកិច្ចអ្វីក៏ដោយ មិនថាវាទាក់ទងនឹងជំនាញ កិច្ចការខាងក្រៅ ជំនាញបច្ចេកទេស ឬទិដ្ឋភាពផ្សេងៗទៀតនោះទេ គឺទូទៅគ្មានតម្លាភាពទាល់តែសោះនៅក្នុងកិច្ចការនោះ។ តើការខ្វះតម្លាភាពនេះគឺជារឿងអចេតនាឬ? ទេ អ្វីដែលជាអចេតនា មិនមែនជាបញ្ហានិស្ស័ឡើយ ប៉ុន្តែវាទាក់ទងនឹងការខ្វះគុណសម្បត្តិ និងការមិនដឹងពីរបៀបធ្វើកិច្ចការនោះទៅវិញទេ។ បើដូច្នេះ ហេតុអ្វីបានជាខ្ញុំនិយាយថា និស្ស័យនេះជានិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ? ពីព្រោះពួកគេកំពុងធ្វើសកម្មភាពដោយចេតនា។ ពួកគេមានចេតនានៅក្នុងខ្លួនពួកគេ៖ ពួកគេរារាំងអ្នកមិនឱ្យដឹងពីរឿងទាំងនេះដោយដឹងខ្លួន ហើយលាក់ខ្លួនពីអ្នក និងគេចមុខពីអ្នកដោយដឹងខ្លួន។ ពួកគេកាត់បន្ថយការនិយាយស្ដី និងការប្រាស្រ័យទាក់ទងជាមួយអ្នក ពួកគេកាត់បន្ថយការផ្លាស់ប្ដូរយោបល់ជាមួយអ្នក។ ពួកគេកាត់បន្ថយការបញ្ចេញឱ្យដឹងពីរឿងទាំងនេះ ដើម្បីកុំឱ្យអ្នកតែងតែបន្ទោសពួកគេ និងសាកសួរពួកគេ ដើម្បីកុំឱ្យអ្នកដឹងច្រើនពេកអំពីស្ថានភាពពិត និងដើម្បីកុំឱ្យអ្នកមើលធ្លុះពីមុខមាត់ពិតរបស់ពួកគេ។ តើនោះមិនមែនជាចេតនាទេឬអី? តើមិនមានចេតនានៅក្នុងរឿងនោះទេឬអី? តើចេតនា និងគោលដៅរបស់ពួកគេគឺជាអ្វី? ពួកគេចង់បោកបញ្ឆោតអ្នក ចង់បោកបន្លំឱ្យរួចខ្លួន ពួកគេផ្ដល់ការយល់ឃើញមិនពិតដល់អ្នក និងរារាំងអ្នកមិនឱ្យដឹងពីស្ថានភាពពិត។ តាមរបៀបនោះ ពួកគេនឹងធានាបាននូវឋានៈរបស់ពួកគេ ដែលរឿងនេះនឹងធ្វើឱ្យពួកគេពេញចិត្ត។ តើនោះមិនមែនជាសារជាតិរបស់វាទេឬអី? (មែនហើយ)។ វាជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការបោកបញ្ឆោត បំភាន់ និងលាក់បាំងរឿងរ៉ាវដោយដឹងខ្លួន។ អ្វីៗទាំងអស់សុទ្ធតែធ្វើឡើងដោយដឹងខ្លួន។ ប្រាប់ខ្ញុំមក តើមានគម្រោងកិច្ចការអ្វីទៅ ដែលធ្វើឱ្យមនុស្សរវល់ខ្លាំងរហូតដល់គ្មានពេលជួបជាមួយអ្នកដទៃនោះ? គ្មានទេ មែនទេ? គ្មានគម្រោងកិច្ចការណាដែលធ្វើឱ្យមនុស្សរវល់ខ្លាំងរហូតដល់គ្មានពេលញ៉ាំ ឬគេង ឬគ្មានពេលជួបជាមួយអ្នកដទៃឡើយ។ កិច្ចការមិនទាន់រវល់ដល់ថ្នាក់នោះទេ។ ពេលវេលាសម្រាប់រឿងទាំងនោះ គឺអាចឆ្លៀតបាន។ ចុះហេតុអ្វីបានជាមនុស្សទាំងនេះគ្មានពេល? ពួកគេមិនចង់ជួបជាមួយអ្នកទេ ពួកគេមិនចង់ឱ្យអ្នកសាកសួរអំពីកិច្ចការរបស់ពួកគេឡើយ។ តើនោះមិនមែនជានិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទទេឬអី? (មែនហើយ)។ តើពួកគេជាមនុស្សប្រភេទណា? តើពួកគេមិនមែនជាអ្នកមិនជឿទេឬអី? ពួកគេពិតជាអ្នកមិនជឿមែន ពួកទទឹងនឹងព្រះគ្រីស្ទគ្រប់រូប សុទ្ធតែជាអ្នកមិនជឿ។ ប្រសិនបើពួកគេមិនមែនជាអ្នកមិនជឿទេ ពួកគេនឹងមិនក្ដោបក្ដាប់យកកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬត្រួតត្រាអ្នកដែលដើរតាមព្រះជាម្ចាស់ឱ្យនៅក្រោមអំណាចរបស់ពួកគេផ្ទាល់ឡើយ។ ពួកគេនឹងមិនធ្វើរឿងបែបនោះទេ។ អាកប្បកិរិយាទីមួយនៃអ្នកមិនជឿ គឺពួកគេគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ ពួកគេរៀបចំឧបាយកលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយយកការជឿលើព្រះជាម្ចាស់ធ្វើជាលេស ពួកគេហ៊ានប្រព្រឹត្តដោយមិនញញើត ហើយមិនខ្លាចទាល់តែសោះ។ ការជឿលើព្រះជាម្ចាស់របស់ពួកគេ មិនមែនជាសេចក្ដីជំនឿពិតទេ ប៉ុន្តែគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះ។ ពួកគេគ្មានការកោតខ្លាចដល់ព្រះជាម្ចាស់ទាល់តែសោះនៅក្នុងចិត្តរបស់ពួកគេ។
តើមនុស្សមួយចំនួនប្រកាន់យកអាកប្បកិរិយាបែបណា ពេលឮថាមាននរណាម្នាក់ចង់ជ្រៀតជ្រែក និងមើលការខុសត្រូវលើកិច្ចការរបស់ពួកគេភ្លាមនោះ? «ការមើលការខុសត្រូវគឺមិនអីទេ។ ខ្ញុំទទួលយកការមើលការខុសត្រូវ។ ការសាកសួរក៏មិនអីដែរ ប៉ុន្តែប្រសិនបើអ្នកពិតជាមើលការខុសត្រូវលើខ្ញុំមែន នោះកិច្ចការរបស់ខ្ញុំនឹងមិនអាចឈានទៅមុខបានឡើយ ហើយខ្ញុំនឹងទើសដៃទើសជើងមិនខាន។ ប្រសិនបើអ្នកតែងតែជាអ្នកសម្រេចចិត្តចុងក្រោយ ហើយចាត់ទុកខ្ញុំត្រឹមជាអ្នកអនុវត្ត នោះខ្ញុំនឹងមិនអាចធ្វើការបានទេ។ “ភ្នំមួយមិនអាចមានខ្លាពីរបានទេ”»។ តើនេះមិនមែនជាទ្រឹស្ដីទេឬអី? វាគឺជាទ្រឹស្ដីរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើមនុស្សដែលនិយាយបែបនេះមាននិស្ស័យបែបណា? តើវាជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទមែនទេ? តើពាក្យថា «ភ្នំមួយមិនអាចមានខ្លាពីរបានទេ» នោះមានន័យដូចម្ដេច? ពួកគេមិនព្រមទទួលយកសូម្បីតែការសាកសួររបស់ខាងលើផង។ ប្រសិនបើខាងលើមិនបានសាកសួរទេ តើទង្វើរបស់អ្នកនឹងមិនបំពានលើសេចក្ដីពិតទេឬអី? តើអ្នកនឹងធ្វើអ្វីមួយខុសដោយសារតែការសាកសួរឬ? តើខាងលើនឹងធ្វើឱ្យកិច្ចការរបស់អ្នករាំងស្ទះឬ? ប្រាប់ខ្ញុំមកមើល តើការដែលខាងលើផ្ដល់ការណែនាំលើកិច្ចការ សាកសួរអំពីវា និងមើលការខុសត្រូវលើវា គឺដើម្បីចង់ឃើញកិច្ចការនោះធ្វើបានកាន់តែល្អ ឬកាន់តែអាក្រក់? (កាន់តែល្អ។) ចុះហេតុអ្វីបានជាមនុស្សមួយចំនួនមិនទទួលយកលទ្ធផលដែលកាន់តែល្អទាំងនោះ? (ពួកគេត្រូវបានគ្រប់គ្រងដោយនិស្ស័យបែបពួកទទឹងនឹងព្រះគ្រីស្ទ។) ត្រូវហើយ។ វាជានិស្ស័យបែបពួកទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេ ពួកគេមិនអាចទប់ខ្លួនឯងបានឡើយ។ ពេលមាននរណាម្នាក់សាកសួរអំពីកិច្ចការដែលពួកគេទទួលខុសត្រូវភ្លាម វាក៏ធ្វើឱ្យពួកគេរកាំចិត្ត។ ពួកគេមានអារម្មណ៍ថា ផលប្រយោជន៍របស់ពួកគេនឹងត្រូវបែងចែកទៅឱ្យអ្នកដទៃ ព្រមទាំងឋានៈ និងអំណាចរបស់ពួកគេផងដែរ។ ដូច្នេះ ពួកគេក៏មានអារម្មណ៍មិនស្រួល។ ពួកគេមានអារម្មណ៍ថា ផែនការ និងនីតិវិធីរបស់ពួកគេត្រូវបានធ្វើឱ្យច្របូកច្របល់។ ហើយតើរឿងនោះអាចទៅរួចសម្រាប់ពួកគេដែរឬទេ? ប្រសិនបើខាងលើដំឡើងឋានៈនរណាម្នាក់ ហើយឱ្យបុគ្គលនោះសហការជាមួយពួកគេ ពួកគេគិតថា៖ «ខ្ញុំគ្មានផែនការប្រើប្រាស់មនុស្សនេះទេ ប៉ុន្តែខាងលើនៅតែទទូចថាបុគ្គលនោះល្អ ហើយបានដំឡើងឋានៈបុគ្គលនោះ។ ខ្ញុំមានអារម្មណ៍មិនសូវល្អចំពោះរឿងនេះទេ។ តើខ្ញុំនឹងសហការជាមួយបុគ្គលនោះដោយរបៀបណា? ប្រសិនបើខាងលើប្រើប្រាស់បុគ្គលនោះ ខ្ញុំនឹងឈប់ធ្វើការមិនខាន!»។ ពួកគេនិយាយបែបនេះមែន ប៉ុន្តែតាមពិតទៅ តើពួកគេអាចលះបង់ឋានៈរបស់ពួកគេបានដែរឬទេ? ពួកគេមិនព្រមទេ អ្វីដែលពួកគេកំពុងធ្វើ គឺជាការប្រឆាំងទាស់។ តើពួកគេនឹងយល់ព្រមឱ្យនរណាម្នាក់ធ្វើកិច្ចការដែលគំរាមកំហែងដល់ឋានៈរបស់ពួកគេ ដែលមិនលើកតម្កើងពួកគេ ដែលធ្វើឱ្យខូចស្ថានភាពបច្ចុប្បន្នរបស់ពួកគេដែរឬទេ? ទេ ពួកគេមិនព្រមឡើយ។ ឧទាហរណ៍៖ នៅពេលខាងលើដំឡើងតំណែងនរណាម្នាក់ ឬដកហូតតំណែងនរណាម្នាក់ តើពួកគេគិតយ៉ាងណា? «ពិតជាបាក់មុខមែន! ពួកគេមិនទាំងឆ្លងកាត់ខ្ញុំផង។ កុំនិយាយពីរឿងផ្សេងអី យ៉ាងហោចណាស់ខ្ញុំនៅតែជាអ្នកដឹកនាំម្នាក់ដែរ ហេតុអ្វីបានជាពួកគេមិននិយាយអ្វីប្រាប់ខ្ញុំជាមុនសោះ? យី នេះហាក់ដូចជាខ្ញុំមិនសំខាន់ទាល់តែសោះ!»។ ចុះអ្នកជានរណាទៅ? តើនេះជាភារកិច្ចរបស់អ្នកឬ? ទីមួយ វាមិនមែនជាដែនសមត្ថកិច្ចរបស់អ្នកទេ ហើយទីពីរ មនុស្សទាំងនេះមិនមែនដើរតាមអ្នកទេ ដូច្នេះ ហេតុអ្វីបានជាអ្នកត្រូវតែសំខាន់ខ្លាំងបែបនេះចំពោះពួកគេ? តើនេះស្របតាមសេចក្ដីពិតដែរឬទេ? សេចក្ដីពិតមួយណា? មានគោលការណ៍ចំពោះការដែលខាងលើដំឡើងតំណែងបុគ្គលណាម្នាក់ ឬដកហូតតំណែងបុគ្គលណាម្នាក់។ ហេតុអ្វីបានជាខាងលើដំឡើងតំណែងនរណាម្នាក់? ពីព្រោះកិច្ចការត្រូវការពួកគេ។ ហេតុអ្វីបានជាខាងលើដកហូតតំណែងនរណាម្នាក់? ពីព្រោះកិច្ចការលែងត្រូវការពួកគេទៀតហើយ ពោលគឺពួកគេមិនអាចធ្វើកិច្ចការបានទេ។ ប្រសិនបើអ្នកមិនដកហូតតំណែងពួកគេទេ ហើយថែមទាំងមិនឱ្យខាងលើធ្វើរឿងនេះទៀត តើអ្នកមិនមែនជាមនុស្សដែលមិនស្ដាប់តាមវិចារណញ្ញាណទេឬ? (មែនហើយ។) អ្នកខ្លះនិយាយថា៖ «ការដែលខាងលើដកហូតតំណែងនរណាម្នាក់ ធ្វើឱ្យខ្ញុំបាក់មុខខ្លាំងណាស់។ ប្រសិនបើពួកគេចង់ដកហូតតំណែងនរណាម្នាក់ ពួកគេគួរតែប្រាប់ខ្ញុំជាឯកជន ហើយខ្ញុំនឹងធ្វើវាវិញ។ នោះគឺជាភារកិច្ចរបស់ខ្ញុំ វាគឺជាផ្នែកមួយនៃអ្វីដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្ញុំ។ ប្រសិនបើខ្ញុំដកហូតតំណែងពួកគេ វានឹងបង្ហាញឱ្យមនុស្សគ្រប់គ្នាឃើញថា ខ្ញុំពូកែមើលមនុស្សប៉ុនណា ហើយថាខ្ញុំអាចធ្វើកិច្ចការជាក់ស្ដែងបាន។ នោះពិតជាកិត្តិយសណាស់!»។ តើអ្នករាល់គ្នាគិតបែបនេះដែរឬទេ? មនុស្សមួយចំនួនចង់បានឈ្មោះល្អ និងមុខមាត់ ហើយពួកគេផ្ដល់ការដោះសារបែបនេះ។ តើធ្វើបែបនេះកើតដែរឬទេ? តើវាសមហេតុផលដែរឬទេ? ម្យ៉ាងដំណាក់របស់ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ខ្លួនស្របតាមគោលការណ៍សេចក្ដីពិត ចំណែកម្យ៉ាងទៀត គឺធ្វើការទៅតាមស្ថានភាពជាក់ស្ដែង។ គ្មានរឿងអ្វីដែលហៅថាការរំលងឋានានុក្រមបញ្ជាឡើយ ជាពិសេសនៅពេលនិយាយដល់ការដំឡើងតំណែង និងការដកហូតតំណែងរបស់ខាងលើ ឬការណែនាំ និងការចង្អុលបង្ហាញរបស់ពួកគេសម្រាប់គម្រោងកិច្ចការណាមួយ ក្នុងករណីបែបនេះ វាកាន់តែមិនមែនជារឿងនៃការរំលងឋានានុក្រមបញ្ជាទៅទៀត។ ដូច្នេះ ហេតុអ្វីបានជាបុគ្គលទទឹងនឹងព្រះគ្រីស្ទស្វែងរកកំហុសទាំងនេះ? រឿងមួយដែលប្រាកដនោះគឺ៖ ពួកគេមិនយល់ពីសេចក្ដីពិតទេ ដូច្នេះ ពួកគេវាយតម្លៃកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ដោយប្រើខួរក្បាលជាមនុស្សរបស់ពួកគេ និងនីតិវិធីទាំងឡាយដែលមាននៅក្នុងលោកីយ៍។ លើសពីនេះ គោលដៅចម្បងរបស់ពួកគេនៅតែជាការការពារខ្លួនឯង ហើយពួកគេត្រូវតែរក្សាអំណួតរបស់ពួកគេ។ ពួកគេធ្វើអ្វីៗគ្រប់យ៉ាងដោយរលូន និងក្រឡេចក្រឡុច ពួកគេមិនអាចឱ្យមនុស្សនៅក្រោមបង្គាប់ពួកគេមើលឃើញថា ពួកគេមានគុណវិបត្តិ ឬចំណុចខ្វះខាតណាមួយឡើយ។ តើពួកគេនឹងរក្សាមុខមាត់ដល់កម្រិតណា? ដល់កម្រិតដែលអ្នកដទៃនឹងមើលឃើញថាពួកគេគ្មានកំហុស គ្មានសេចក្ដីពុករលួយ ឬចំណុចខ្វះខាតណាមួយឡើយ។ អ្នកដទៃនឹងមើលឃើញថា វាជារឿងស័ក្ដិសមដែលខាងលើប្រើប្រាស់ពួកគេ ហើយដែលបងប្អូនប្រុសស្រីជ្រើសរើសពួកគេ ពោលគឺគេជាមនុស្សគ្រប់លក្ខណ៍ម្នាក់។ តើនេះមិនមែនជារបៀបដែលពួកគេចង់ឱ្យអ្វីៗកើតឡើងទេឬអី? តើនេះមិនមែនជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? (មែនហើយ។) មែនហើយ នោះគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
ការប្រកបគ្នារបស់យើងអម្បាញ់មិញនេះ គឺអំពីឥរិយាបថ ចម្បងមួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពោលគឺពួកគេហាមឃាត់អ្នកដទៃមិនឱ្យជ្រៀតជ្រែក សាកសួរ ឬមើលការខុសត្រូវលើ ពួកគេនៅក្នុងកិច្ចការរបស់ពួកគេ។ ទោះបីជាដំណាក់របស់ព្រះជាម្ចាស់ធ្វើការរៀបចំអ្វីក៏ដោយដើម្បីតាមដានកិច្ចការរបស់ពួកគេ ឬស្វែងយល់បន្ថែមអំពីវា ឬមើលការខុសត្រូវលើវា ក៏ពួកគេនឹងប្រើប្រាស់ល្បិចកលគ្រប់ប្រភេទដើម្បីរារាំង និងបដិសេធការរៀបចំទាំងនោះ។ ឧទាហរណ៍៖ នៅពេលមនុស្សមួយចំនួនត្រូវបានខាងលើចាត់តាំងឱ្យធ្វើគម្រោងណាមួយពេលវេលាកន្លងផុតទៅមួយរយៈដោយគ្មានវឌ្ឍនភាពអ្វីទាល់តែសោះ។ ពួកគេមិនប្រាប់ខាងលើទេថា តើពួកគេកំពុងធ្វើវាឬអត់ ឬថាតើវាដំណើរការយ៉ាងណាហើយ ឬថាតើមានការលំបាក ឬបញ្ហាណាមួយមករារាំងដែរឬទេ។ ពួកគេមិនផ្ដល់ព័ត៌មានត្រឡប់អ្វីឡើយ។ កិច្ចការខ្លះជារឿងបន្ទាន់ ហើយមិនអាចពន្យារពេលបានទេ ប៉ុន្តែពួកគេបែរជាអូសបន្លាយពេល ដោយទុកវាចោលយ៉ាងយូរដោយមិនព្រមបញ្ចប់កិច្ចការនោះ។ ពេលនោះ ខាងលើត្រូវតែសាកសួរ។ នៅពេលខាងលើធ្វើបែបនេះ មនុស្សទាំងនោះយល់ថាការសាកសួរនោះធ្វើឱ្យពួកគេអាម៉ាស់ខ្លាំងមិនអាចទ្រាំបាន ហើយពួកគេទាស់ទទឹងនឹងការសាកសួរនោះនៅក្នុងចិត្ត៖ «ទើបតែបានដប់ថ្ងៃជាងប៉ុណ្ណោះ តាំងពីខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើការងារនេះ។ ខ្ញុំមិនទាន់ទាំងសម្របខ្លួនបានផង ស្រាប់តែខាងលើមកសាកសួរទៅហើយ។ សេចក្ដីតម្រូវរបស់ពួកគេចំពោះមនុស្សគឺខ្ពស់ពេកហើយ!» ពួកគេធ្វើបែបនេះ គឺកំពុងតែស្វែងរកកំហុសចំពោះការសាកសួរទាំងនោះហើយ។ តើនេះមានបញ្ហាអ្វីទៅនៅត្រង់នេះ? ចូរប្រាប់ខ្ញុំមកមើល តើការដែលខាងលើសាកសួរ មិនមែនជារឿងធម្មតាណាស់ទេឬ? ផ្នែកមួយនៃការសាកសួរនេះគឺចង់ដឹងបន្ថែមអំពីសភាពនៃវឌ្ឍនភាពរបស់កិច្ចការ ក៏ដូចជាការលំបាកអ្វីខ្លះដែលនៅសល់ត្រូវដោះស្រាយ។ បន្ថែមពីលើនេះ គឺចង់ដឹងបន្ថែមថាតើមនុស្សដែលពួកគេបានចាត់តាំងឱ្យធ្វើកិច្ចការនេះ មានគុណសម្បត្តិបែបណា ហើយថាតើមនុស្សទាំងនោះពិតជាអាចដោះស្រាយបញ្ហា និងធ្វើការងារនេះបានល្អដែរឬទេ។ ខាងលើចង់ដឹងពីការពិតតាមសភាពជាក់ស្ដែង ហើយភាគច្រើន ពួកគេសាកសួរក្នុងកាលៈទេសៈបែបនេះឯង។ តើនេះមិនមែនជារឿងដែលពួកគេគួរធ្វើទេឬ? ខាងលើបារម្ភថា អ្នកមិនដឹងពីរបៀបដោះស្រាយបញ្ហា និងមិនអាចរ៉ាប់រងការងារនេះបាន។ នោះហើយជាមូលហេតុដែលពួកគេសាកសួរ។ មនុស្សមួយចំនួនមានអារម្មណ៍ទាស់ទទឹង និងស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះការសាកសួរបែបនេះ។ ពួកគេមិនព្រមឱ្យគេសាកសួរឡើយ ហើយឱ្យតែមានមនុស្សសាកសួរ ពួកគេក៏ទាស់ទទឹង និងមាន ការសង្ស័យ ដោយតែងតែគិតរអ៊ូរទាំក្នុងចិត្តថា៖ «ហេតុអ្វីបានជាពួកគេតែងតែសាកសួរ និងចង់ដឹងបន្ថែមម៉្លេះ? តើមកពីពួកគេមិនទុកចិត្តខ្ញុំ និងមើលងាយខ្ញុំមែនទេ? ប្រសិនបើពួកគេមិនទុកចិត្តខ្ញុំទេ នោះពួកគេមិនគួរប្រើប្រាស់ខ្ញុំឡើយ!» ពួកគេមិនដែលយល់ពីការសាកសួរ និងការមើលការខុសត្រូវរបស់ខាងលើឡើយ ប៉ុន្តែពួកគេបែរជាទាស់ទទឹងនឹងរឿងទាំងនេះទៅវិញ។ តើមនុស្សបែបនេះ មានវិចារណញ្ញាណដែរឬទេ? ហេតុអ្វីបានជាពួកគេមិនព្រមឱ្យខាងលើសាកសួរ និងមើលការខុសត្រូវលើពួកគេ? លើសពីនេះ ហេតុអ្វីបានជាពួកគេទាស់ទទឹង និងផ្គើនម៉្លេះ? តើនេះមានបញ្ហាអ្វីទៅនៅត្រង់នេះ? ពួកគេមិនខ្វល់ថា តើការបំពេញភារកិច្ចរបស់ពួកគេមានប្រសិទ្ធភាព ឬថាតើវានឹងធ្វើឱ្យរាំងស្ទះដល់វឌ្ឍនភាពនៃកិច្ចការឬអត់នោះទេ។ ពួកគេមិនស្វែងរកគោលការណ៍សេចក្ដីពិតនៅពេលបំពេញភារកិច្ចរបស់ពួកគេឡើយ ប៉ុន្តែធ្វើអ្វីតាមតែចិត្តពួកគេចង់។ ពួកគេមិនគិតដល់លទ្ធផល ឬប្រសិទ្ធភាពនៃកិច្ចការឡើយ ហើយក៏មិនគិតទាល់តែសោះពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ កាន់តែមិនគិតដល់បំណងព្រះហឫទ័យ និងអ្វីដែលព្រះជាម្ចាស់តម្រូវទៅទៀត។ ការគិតរបស់ពួកគេគឺ៖ «ខ្ញុំមានរបៀប និងទម្លាប់ផ្ទាល់ខ្លួនក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ។ កុំតម្រូវពីខ្ញុំច្រើនពេក ឬតម្រូវអ្វីដែលលម្អិតពេកអី។ ការដែលខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំបាន គឺល្អគ្រប់គ្រាន់ហើយ។ ខ្ញុំមិនអាចនឿយហត់ពេក ឬរងទុក្ខច្រើនពេកទេ»។ ពួកគេមិនយល់ពីការសាកសួរ និងការព្យាយាមចង់ដឹងបន្ថែមរបស់ខាងលើអំពីកិច្ចការរបស់ពួកគេឡើយ។ ចំពោះការដែលពួកគេខ្វះការយល់ដឹងនេះ តើពួកគេខ្វះអ្វីទៅ? តើវាមិនមែនខ្វះការចុះចូលទេឬ? តើវាមិនមែនខ្វះស្មារតីទទួលខុសត្រូវទេឬ? ចុះភាពស្មោះត្រង់វិញ? ប្រសិនបើពួកគេពិតជាមានការទទួលខុសត្រូវ និងស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ពួកគេមែន តើពួកគេនឹងបដិសេធការសាកសួររបស់ខាងលើអំពីកិច្ចការរបស់ពួកគេដែរឬទេ? (អត់ទេ។) ពួកគេនឹងអាចយល់ពីរឿងនេះបាន។ ប្រសិនបើពួកគេពិតជាមិនអាចយល់ពីរឿងនេះបានមែន នោះមានលទ្ធភាពតែមួយគត់គឺ៖ ពួកគេចាត់ទុកភារកិច្ចរបស់ពួកគេជាមុខរបរ និងជាឆ្នាំងបាយរបស់ពួកគេ ហើយពួកគេទាញយកផលប្រយោជន៍ពីវា ដោយចាត់ទុកភារកិច្ចដែលពួកគេធ្វើ ជាលក្ខខណ្ឌ និងជាថ្នូរដោះដូរដើម្បីទទួលបានរង្វាន់ជានិច្ចកាល។ ពួកគេគ្រាន់តែធ្វើកិច្ចការយកមុខយកមាត់បន្តិចបន្តួច ដើម្បីឱ្យតែរួចខ្លួនជាមួយខាងលើ ដោយមិនព្យាយាមចាត់ទុកការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ជាភារកិច្ច និងជាកាតព្វកិច្ចរបស់ពួកគេឡើយ។ ដូច្នេះ នៅពេលខាងលើសាកសួរអំពីកិច្ចការរបស់ពួកគេ ឬមើលការខុសត្រូវលើវា ពួកគេក៏ធ្លាក់ចូលទៅក្នុងស្ថានភាពផ្លូវចិត្តដែលស្អប់ខ្ពើម និងទាស់ទទឹង។ តើមិនដូច្នេះទេឬ? (មែនហើយ។) តើបញ្ហានេះផ្ដើមចេញពីណា? តើសារជាតិរបស់វាគឺជាអ្វី? នោះគឺអាកប្បកិរិយារបស់ពួកគេចំពោះគម្រោងកិច្ចការគឺខុសឆ្គង។ ពួកគេគិតតែពីភាពងាយស្រួល និងការស្រណុកសុខស្រួលខាងសាច់ឈាម គិតតែពីឋានៈ និងអំនួតផ្ទាល់ខ្លួនប៉ុណ្ណោះ ជាជាងគិតអំពីប្រសិទ្ធភាពនៃកិច្ចការ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ពួកគេមិនស្វែងរកការអនុវត្តស្របតាមគោលការណ៍សេចក្ដីពិតទាល់តែសោះ។ ប្រសិនបើពួកគេពិតជាមានមនសិការ និងវិចារណញ្ញាណបន្តិចបន្តួចមែន ពួកគេនឹងអាចយល់ពីការសាកសួរ និងការមើលការខុសត្រូវរបស់ខាងលើបាន។ ពួកគេនឹងអាចនិយាយចេញពីចិត្តថា៖ «វាជារឿងល្អហើយដែលខាងលើកំពុងសាកសួរ។ បើមិនដូច្នេះទេ ខ្ញុំមុខជាតែងតែធ្វើតាមតែឆន្ទៈផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលនឹងរាំងស្ទះដល់ប្រសិទ្ធភាពនៃកិច្ចការ ឬថែមទាំងធ្វើឱ្យខូចការទៀតផង។ ខាងលើប្រកបគ្នា និងធ្វើការត្រួតពិនិត្យ ហើយវាពិតជាបានដោះស្រាយបញ្ហាជាក់ស្ដែងមែន នេះពិតជារឿងដ៏អស្ចារ្យមែន!» នេះនឹងបង្ហាញថាពួកគេជាមនុស្សដែលមានការទទួលខុសត្រូវ។ ពួកគេខ្លាចថា ប្រសិនបើពួកគេរ៉ាប់រងកិច្ចការនេះដោយខ្លួនឯង ហើយចៃដន្យមានកំហុស ឬចំណុចខ្វះខាតណាមួយ ហើយវាបណ្ដាលឱ្យមានការខាតបង់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ដែលគ្មានវិធីកែប្រែបាន នោះវានឹងក្លាយជាការទទួលខុសត្រូវមួយដែលពួកគេមិនអាចរ៉ាប់រងបានឡើយ។ តើនេះមិនមែនជាស្មារតីទទួលខុសត្រូវទេឬ? (មែនហើយ។) វាគឺជាស្មារតីទទួលខុសត្រូវ ហើយវាគឺជាការបង្ហាញថា ពួកគេកំពុងបំពេញភាពស្មោះត្រង់របស់ពួកគេ។ តើមនុស្សដែលមិនព្រមឱ្យអ្នកដទៃសាកសួរអំពីកិច្ចការរបស់ពួកគេ មានគំនិតយ៉ាងណា? កិច្ចការនេះគឺជារឿងរបស់ខ្ញុំ ដោយសារតែខ្ញុំជាអ្នកដែលត្រូវគេប្រគល់កិច្ចការឱ្យធ្វើ។ ខ្ញុំជាអ្នកសម្រេចចិត្តលើរឿងរបស់ខ្ញុំ ខ្ញុំមិនត្រូវការឱ្យនរណាផ្សេងមកលូកដៃចូលឡើយ!» ពួកគេពិចារណារឿងរ៉ាវដោយខ្លួនឯង ហើយធ្វើអ្វីដែលពួកគេចង់ធ្វើ ទៅតាមបុគ្គលិកលក្ខណៈរបស់ពួកគេ។ ពួកគេធ្វើអ្វីក៏ដោយដែលនឹងផ្ដល់ផលប្រយោជន៍ដល់ពួកគេ ហើយពួកគេមិនអនុញ្ញាតឱ្យនរណាម្នាក់សាកសួរពីរឿងរ៉ាវឡើយ ពោលគឺមិនឱ្យនរណាម្នាក់ដឹងពីសភាពពិតប្រាកដឡើយ។ ប្រសិនបើអ្នកសួរពួកគេថា៖ «តើកិច្ចការនោះដំណើរការយ៉ាងណាហើយ?» ពួកគេនឹងឆ្លើយថា៖ រង់ចាំសិន»។ ប្រសិនបើអ្នកសួរទៀតថា៖ «តើវាវិវឌ្ឍទៅដល់ណាហើយ?» ពួកគេនឹងឆ្លើយថា៖ «ជិតរួចរាល់ហើយ»។ មិនថាអ្នកសួរពួកគេអ្វីក៏ដោយ ក៏ពួកគេនឹងនិយាយតែមួយម៉ាត់ឬពីរម៉ាត់ប៉ុណ្ណោះ។ ពួកគេនិយាយចេញមកបានតែមួយម៉ាត់ឬពីរម៉ាត់ប៉ុណ្ណោះម្ដងៗ ហើយមិនលើសពីនេះទេ ពោលគឺពួកគេមិនផ្ដល់ប្រយោគដែលត្រឹមត្រូវ និងជាក់លាក់ណាមួយឡើយ។ តើអ្នកមិនយល់ថាគួរឱ្យជិនឆ្អន់ទេឬ ពេលនិយាយជាមួយមនុស្សបែបនេះ? ច្បាស់ណាស់ថា ពួកគេមិនចង់និយាយអ្វីបន្ថែមទៀតប្រាប់អ្នកឡើយ។ ប្រសិនបើអ្នកសួរសំណួរបន្ថែម ពួកគេនឹងអស់ការអត់ធ្មត់៖ «អ្នកចេះតែសួរពីរឿងកំប៉ិកកំប៉ុកនេះ ហាក់ដូចជាខ្ញុំមិនអាចធ្វើកិច្ចការបានសម្រេចអ៊ីចឹង ហាក់ដូចជាខ្ញុំមិនស័ក្ដិសមនឹងកិច្ចការនេះអ៊ីចឹង!» ពួកគេគ្រាន់តែមិនព្រមឱ្យគេសួរសំណួរប៉ុណ្ណោះ។ ហើយប្រសិនបើអ្នកបន្តសួរពួកគេ ពួកគេនឹងនិយាយថា៖ «តើខ្ញុំជាអ្វីសម្រាប់អ្នក ជាសត្វលា ឬសត្វសេះសម្រាប់ឱ្យអ្នកបង្គាប់បញ្ជាឬ? ប្រសិនបើអ្នកមិនទុកចិត្តខ្ញុំទេ កុំប្រើខ្ញុំអី ប្រសិនបើអ្នកប្រើខ្ញុំ អ្នកត្រូវទុកចិត្តខ្ញុំ ហើយការទុកចិត្តខ្ញុំ មានន័យថា អ្នកមិនគួរតែងតែសាកសួរនោះទេ!» នេះហើយជាអាកប្បកិរិយារបស់ពួកគេ។ តើពួកគេចាត់ទុកកម្មវិធីកិច្ចការជាភារកិច្ចដែលពួកគេត្រូវធ្វើដែរឬទេ? (អត់ទេ។) ពួកទទឹងនឹងព្រះគ្រីស្ទមិនចាត់ទុកកិច្ចការជាភារកិច្ចរបស់ពួកគេទេ ប៉ុន្តែចាត់ទុកវាជាថ្នូរដោះដូរដើម្បីទទួលបានព្រះពរ និងរង្វាន់។ ពួកគេស្កប់ស្កល់ត្រឹមតែការធ្វើការដោយកម្លាំង ដែលពួកគេចង់ប្ដូរយកព្រះពរ។ នោះហើយជាមូលហេតុដែលពួកគេធ្វើការដោយអាកប្បកិរិយាឱ្យតែរួចពីដៃ។ ពួកគេមិនចង់ឱ្យអ្នកដទៃជ្រៀតជ្រែកក្នុងកិច្ចការរបស់ពួកគេទេ មួយផ្នែកគឺដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ និងអំនួតរបស់ពួកគេ។ ពួកគេជឿថា ភារកិច្ចដែលពួកគេបំពេញ និងកិច្ចការដែលពួកគេធ្វើ គឺជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ ហើយវាជារឿងឯកជនរបស់ពួកគេ។ នោះហើយជាមូលហេតុដែលពួកគេមិនឱ្យអ្នកដទៃជ្រៀតជ្រែក។ មួយផ្នែកទៀតគឺថា ប្រសិនបើពួកគេធ្វើកិច្ចការនោះបានល្អ ពួកគេអាចទាមទារយកស្នាដៃ និងទាមទាររង្វាន់បាន។ ប្រសិនបើមាននរណាម្នាក់ជ្រៀតជ្រែក នោះស្នាដៃនឹងមិនមែនជារបស់ពួកគេតែម្នាក់ឯងទៀតទេ។ ពួកគេខ្លាចអ្នកដទៃដណ្ដើមយកស្នាដៃនោះចេញពីពួកគេ។ នោះហើយជាមូលហេតុដែលពួកគេដាច់ខាតមិនយល់ព្រមឱ្យអ្នកដទៃជ្រៀតជ្រែកក្នុងកិច្ចការរបស់ពួកគេឡើយ។ តើមនុស្សដូចជាពួកទទឹងនឹងព្រះគ្រីស្ទ មិនអាត្មានិយម និងថោកទាបទេឬ? ទោះបីជាពួកគេកំពុងបំពេញភារកិច្ចអ្វីក៏ដោយ ក៏វាហាក់ដូចជាពួកគេកំពុងចាត់ចែងរឿងផ្ទាល់ខ្លួនរបស់ពួកគេអ៊ីចឹង។ ពួកគេមិនឱ្យអ្នកដទៃជ្រៀតជ្រែក ឬចូលរួមឡើយ ទោះបីជាពួកគេធ្វើកិច្ចការនោះបានល្អ ឬមិនល្អដោយខ្លួនឯងក៏ដោយ។ ប្រសិនបើពួកគេធ្វើកិច្ចការនោះបានល្អ ពួកគេនឹងអនុញ្ញាតឱ្យស្នាដៃនោះធ្លាក់មកលើពួកគេតែម្នាក់ឯងប៉ុណ្ណោះ ដើម្បីកុំឱ្យអ្នកផ្សេងទាមទារចំណែកនៃស្នាដៃ និងលទ្ធផលនៃកិច្ចការនោះ។ តើនេះមិនមែនជារឿងបង្កបញ្ហាទេឬ? តើវាជានិស្ស័យអ្វីទៅ? វាជានិស្ស័យរបស់សាតាំង។ នៅពេលសាតាំងធ្វើសកម្មភាព វាមិនអនុញ្ញាតឱ្យនរណាម្នាក់ជ្រៀតជ្រែកឡើយ វាចង់ធ្វើជាអ្នកសម្រេចចិត្តចុងក្រោយលើអ្វីៗគ្រប់យ៉ាងដែលវាធ្វើ និងចង់ត្រួតត្រាលើអ្វីៗគ្រប់យ៉ាង ហើយគ្មាននរណាម្នាក់អាចមើលការខុសត្រូវ ឬសាកសួរអ្វីឡើយ។ ប្រសិនបើមាននរណាម្នាក់មកលូកដៃ ឬជ្រៀតជ្រែក នោះវាកាន់តែមិនអាចអនុញ្ញាតបានទៅទៀត។ នេះជារបៀបដែលអាទទឹងនឹងព្រះគ្រីស្ទធ្វើសកម្មភាព ទោះបីជាពួកគេធ្វើអ្វីក៏ដោយ ក៏ពួកគេមិនអនុញ្ញាតឱ្យនរណាម្នាក់សាកសួរឡើយ ហើយទោះបីជាពួកគេធ្វើសកម្មភាពនៅពីក្រោយខ្នងយ៉ាងណាក៏ដោយ ក៏ពួកគេមិនអនុញ្ញាតឱ្យនរណាម្នាក់ជ្រៀតជ្រែកដែរ។ នេះគឺជាឥរិយាបថរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ពួកគេធ្វើសកម្មភាពបែបនេះ ពីព្រោះម្យ៉ាង គឺពួកគេមាននិស្ស័យក្រអឺតក្រទមយ៉ាងខ្លាំង ហើយម្យ៉ាងវិញទៀត ពួកគេខ្វះវិចារណញ្ញាណយ៉ាងខ្លាំង។ ពួកគេខ្វះការចុះចូលទាំងស្រុង ហើយពួកគេមិនអនុញ្ញាតឱ្យនរណាម្នាក់មើលការខុសត្រូវលើពួកគេ ឬត្រួតពិនិត្យកិច្ចការរបស់ពួកគេឡើយ។ ទាំងនេះពិតជាសកម្មភាពរបស់អារក្សមែន ដែលខុសគ្នាស្រឡះពីសកម្មភាពរបស់មនុស្សធម្មតា។ អ្នកណាដែលធ្វើកិច្ចការ សុទ្ធតែត្រូវការការសហការពីអ្នកដទៃ ពួកគេត្រូវការជំនួយ យោបល់ និងការសហការពីអ្នកដទៃ ហើយទោះបីជាមាននរណាម្នាក់មើលការខុសត្រូវ ឬតាមដានក៏ដោយ ក៏វាមិនមែនជារឿងអាក្រក់ដែរ វាជារឿងចាំបាច់។ ប្រសិនបើចៃដន្យមានកំហុសកើតឡើងនៅក្នុងផ្នែកណាមួយនៃកិច្ចការ ហើយកំហុសទាំងនោះត្រូវបានរកឃើញដោយអ្នកដែលកំពុងតាមដាន និងត្រូវបានកែតម្រូវទាន់ពេលវេលា ព្រមទាំងបញ្ចៀសការខាតបង់ដល់កិច្ចការ តើនេះមិនមែនជាជំនួយដ៏ធំធេងទេឬ? ដូច្នេះ នៅពេលមនុស្សឆ្លាតធ្វើរឿងអ្វីមួយ ពួកគេចូលចិត្តឱ្យអ្នកដទៃមើលការខុសត្រូវ អង្កេត និងសាកសួរ។ ប្រសិនបើចៃដន្យមានកំហុសកើតឡើងមែន ហើយមនុស្សទាំងនេះអាចចង្អុលបង្ហាញពីកំហុសនោះ ហើយកំហុសនោះអាចត្រូវបានកែតម្រូវទាន់ពេលវេលា តើនេះមិនមែនជាលទ្ធផលដែលគេចង់បានខ្លាំងទេឬ? គ្មាននរណាម្នាក់នៅក្នុងពិភពលោកនេះ ដែលមិនត្រូវការជំនួយពីអ្នកដទៃឡើយ។ មានតែមនុស្សដែលមានជំងឺអូទីស្សឹម ឬការធ្លាក់ទឹកចិត្តប៉ុណ្ណោះ ដែលចូលចិត្តនៅម្នាក់ឯង ហើយមិនទាក់ទង ឬប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ នៅពេលមនុស្សរងទុក្ខដោយសារជំងឺអូទីស្សឹម ឬការធ្លាក់ទឹកចិត្ត ពួកគេលែងប្រក្រតីទៀតហើយ។ ពួកគេលែងអាចគ្រប់គ្រងខ្លួនឯងបានទៀតហើយ។ ប្រសិនបើគំនិត និងវិចារណញ្ញាណរបស់មនុស្សមានភាពធម្មតា ប៉ុន្តែពួកគេគ្រាន់តែមិនចង់ប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ហើយពួកគេមិនចង់ឱ្យអ្នកដទៃដឹងពីអ្វីដែលពួកគេធ្វើ ពួកគេចង់ធ្វើរឿងរ៉ាវដោយលួចលាក់ដោយសម្ងាត់ និងធ្វើសកម្មភាពនៅពីក្រោយខ្នង ហើយពួកគេមិនស្ដាប់អ្វីដែលអ្នកផ្សេង និយាយ នោះមនុស្សបែបនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ តើមិនដូច្នេះទេឬ? ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។
មានពេលមួយ នៅពេលខ្ញុំបានជួបអ្នកដឹកនាំពួកជំនុំម្នាក់ ខ្ញុំបានសួរគាត់ថា តើមានរឿងអ្វីកើតឡើងចំពោះការបំពេញភារកិច្ចរបស់បងប្អូនប្រុសស្រី។ ខ្ញុំបានសួរថា៖ «តើបច្ចុប្បន្ននេះ មាននរណាម្នាក់នៅក្នុងពួកជំនុំដែលកំពុងរំខានដល់ជីវិតពួកជំនុំដែរឬទេ?» តើអ្នកអាចទាយបានទេថាគាត់និយាយអ្វី? «អ្វីៗគឺមិនអីទេ គឺល្អធម្មតាទេ»។ ខ្ញុំបានសួរថា៖ «តើបងស្រីឈ្មោះនេះឈ្មោះនោះកំពុងបំពេញភារកិច្ចរបស់គាត់យ៉ាងម៉េចដែរ?» គាត់បាននិយាយថា៖ «មិនអីទេ»។ បន្ទាប់មក ខ្ញុំបានសួរថា៖ «តើគាត់ជឿលើព្រះជាម្ចាស់បានប៉ុន្មានឆ្នាំហើយ?» គាត់បាននិយាយថា៖ «មិនអីទេ»។ ខ្ញុំបាននិយាយថា៖ «តុនេះមិនគួរនៅទីនេះទេ វាត្រូវតែរើចេញ»។ គាត់បាននិយាយថា៖ «ខ្ញុំនឹងគិតពីរឿងនោះ»។ ខ្ញុំបាននិយាយថា៖ «តើដីមួយកន្លែងនេះមិនត្រូវការស្រោចស្រពទេឬអី?» គាត់បាននិយាយថា៖ «យើងនឹងប្រកបគ្នាអំពីរឿងនោះ»។ ខ្ញុំបាននិយាយថា៖ «នេះគឺជាដំណាំដែលអ្នកបានដាំនៅលើដីនេះនៅឆ្នាំនេះ។ តើអ្នកនឹងដាំដំណាំដដែលនេះនៅឆ្នាំក្រោយដែរឬទេ?» គាត់បាននិយាយថា៖ «ក្រុមសម្រេចចិត្តរបស់យើងមានផែនការហើយ»។ គាត់ឆ្លើយបែបនោះឯង។ តើវាផ្ដល់អារម្មណ៍បែបណាដល់អ្នក ពេលឮចម្លើយទាំងនោះ? តើអ្នកយល់អ្វីខ្លះពីចម្លើយទាំងនោះ? តើអ្នកទទួលបានព័ត៌មានអ្វីដែរឬទេ? (គ្មានទាល់តែសោះ។) អ្នកអាចដឹងភ្លាមថា គាត់កំពុងតែឆ្លើយឱ្យតែរួចពីមាត់ជាមួយអ្នក ដោយចាត់ទុកអ្នកជាមនុស្សល្ងង់ ជាអ្នកក្រៅ។ គាត់មិនដឹងច្បាស់ទេថាអ្នកក្រៅជានរណា អ្នកគ្មានជំនឿហៅរឿងនេះថា «ភ្ញៀវធ្វើខ្លួនជាម្ចាស់ផ្ទះ»។ គាត់មិនស្គាល់អត្តសញ្ញាណខ្លួនឯងឡើយ។ ខ្ញុំបាននិយាយថា៖ «កន្លែងអ្នករាល់គ្នាមានមនុស្សរស់នៅច្រើនណាស់ ហើយខ្យល់មិនសូវចេញចូលល្អទេ។ អ្នកគួរតែដាក់កង្ហារមួយ បើមិនដូច្នេះទេ វានឹងក្ដៅពេកនៅទីនេះ ហើយមនុស្សងាយនឹងខ្យល់គរមិនខាន»។ គាត់បាននិយាយថា៖ «យើងនឹងពិភាក្សាពីរឿងនោះ»។ ចំពោះអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានប្រាប់គាត់ គាត់សុទ្ធតែត្រូវពិភាក្សាពីវា ប្រកបគ្នាអំពីវា ហើយគិតពីវាផងដែរ។ ទោះបីជាខ្ញុំបានចាត់ចែងអ្វីក៏ដោយ ទោះបីជាខ្ញុំបាននិយាយអ្វីក៏ដោយ ក៏វាគ្មានតម្លៃសម្រាប់គាត់ឡើយ។ សម្រាប់គាត់ ទាំងនោះមិនមែនជាការចាត់ចែង ឬជាបញ្ជាទេ ហើយគាត់មិនបានអនុវត្តតាមឡើយ។ ចុះតើគាត់ចាត់ទុកព្រះបន្ទូលរបស់ខ្ញុំជាអ្វីទៅ? (ជាយោបល់សម្រាប់ឱ្យគាត់ពិចារណា។) តើខ្ញុំកំពុងផ្ដល់យោបល់ឱ្យគាត់ពិចារណាមែនទេ? ទេ ខ្ញុំកំពុងប្រាប់គាត់ពីអ្វីដែលគាត់គួរធ្វើ អ្វីដែលគាត់ត្រូវតែធ្វើ។ តើមកពីគាត់មិនយល់ពីអ្វីដែលខ្ញុំកំពុងនិយាយឬ? ប្រសិនបើគាត់មិនយល់ទេ នោះមានន័យថាគាត់ជាមនុស្សល្ងង់ខ្លៅ ដែលមិនដឹងថាអត្តសញ្ញាណរបស់គាត់ជាអ្វី ឬកំពុងបំពេញភារកិច្ចអ្វីឡើយ។ មានមនុស្សរស់នៅទីនោះច្រើនណាស់ ដោយគ្មានម៉ាស៊ីនត្រជាក់ក្នុងផ្ទះ ឬខ្យល់ចេញចូលឡើយ។ តើគាត់ឆ្លាតប៉ុនណាទៅ បើគាត់មិនទាំងដាក់កង្ហារមួយផងនោះ? គាត់គួរតែត្រឡប់ទៅផ្ទះវិញភ្លាមទៅ គាត់គឺជាសំរាម ហើយដំណាក់របស់ព្រះជាម្ចាស់មិនត្រូវការសំរាមឡើយ។ មនុស្សមិនដឹងអ្វីៗគ្រប់យ៉ាងអំពីរឿងទាំងអស់នោះទេ ប៉ុន្តែពួកគេអាចរៀនសូត្របាន។ មានរឿងខ្លះដែលខ្ញុំមិនយល់ ដូច្នេះ ខ្ញុំពិភាក្សារឿងទាំងនោះជាមួយអ្នកដទៃ៖ «តើអ្នករាល់គ្នាគិតថា វិធីណាដែលល្អដើម្បីដោះស្រាយរឿងនេះ? អ្នករាល់គ្នាអាចផ្ដល់យោបល់បានដោយសេរី»។ ប្រសិនបើមនុស្សមួយចំនួនគិតថាវិធីណាមួយល្អបំផុត ខ្ញុំនិយាយថា៖ «ល្អ តោះធ្វើតាមអ្វីដែលអ្នកនិយាយចុះ។ យ៉ាងណាមិញ ខ្ញុំមិនទាន់គិតច្បាស់ថា យើងគួរធ្វើអ្វីនៅឡើយទេ។ យើងនឹងធ្វើតាមអ្វីដែលអ្នកនិយាយ»។ តើនេះមិនមែនជាការគិតនៃភាពជាមនុស្សធម្មតាទេឬអី? នេះហើយជាអត្ថន័យនៃការចុះសម្រុងជាមួយអ្នកដទៃ។ ក្នុងការចុះសម្រុងជាមួយអ្នកដទៃ មនុស្សមិនត្រូវបែងចែកថាអ្នកណាខ្ពង់ខ្ពស់ជាង ឬទាបជាង ឬអ្នកណាលេចធ្លោ ឬមិនលេចធ្លោ ឬអ្នកណាជាអ្នកសម្រេចចិត្តចុងក្រោយលើរឿងរ៉ាវឡើយ។ មិនចាំបាច់មានការបែងចែកទាំងនេះទេ ពោលគឺវិធីរបស់អ្នកណាត្រឹមត្រូវ និងស្របតាមគោលការណ៍សេចក្ដីពិត នោះគួរតែស្ដាប់តាមអ្នកនោះហើយ។ តើអ្នករាល់គ្នាអាចធ្វើបែបនេះបានដែរឬទេ? (បាន។) មានមនុស្សមួយចំនួនដែលមិនអាចធ្វើបានទេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចធ្វើបានទេ ពួកគេទទូចចង់កាន់អំណាចសម្រេចចិត្តចុងក្រោយឱ្យខានតែបាន។ តើនេះជារឿងបែបណាទៅ? អ្វីដែលអ្នកដទៃលើកឡើង គឺមិនអាចយកជាការបានឡើយសម្រាប់ពួកគេ ទោះបីជាវាសមហេតុផលក៏ដោយ ពួកគេដឹងថាវាត្រឹមត្រូវ និងសមហេតុផល ប៉ុន្តែពួកគេមិនព្រមទទួលយកអ្វីដែលអ្នកដទៃស្នើឡើងឡើយ ពួកគេសប្បាយចិត្ត ដរាបណាពួកគេជាអ្នកស្នើឡើងនូវអ្វីមួយ។ សូម្បីតែក្នុងរឿងតូចតាចនេះ ក៏ពួកគេដណ្ដើមភាពនាំមុខដែរ។ តើនេះជានិស្ស័យអ្វីទៅ? ជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេឱ្យតម្លៃហួសហេតុទៅលើឋានៈ កេរ្តិ៍ឈ្មោះ និងអំនួត។ តើឱ្យតម្លៃកម្រិតណា? រឿងទាំងនោះសំខាន់សម្រាប់ពួកគេជាងជីវិតរបស់ពួកគេទៅទៀត ពួកគេនឹងការពារឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ ទោះបីជាត្រូវប្ដូរនឹងជីវិតរបស់ពួកគេក៏ដោយ។
ពួកទទឹងនឹងព្រះគ្រីស្ទហាមឃាត់ការជ្រៀតជ្រែក ការសាកសួរ ឬការមើលការខុសត្រូវរបស់អ្នកដទៃនៅក្នុងកិច្ចការណាមួយដែលពួកគេធ្វើ ហើយការហាមឃាត់នេះត្រូវបានស្ដែងចេញតាមវិធីជាច្រើន។ វិធីមួយគឺការបដិសេធដោយត្រង់ៗតែម្ដង។ «ឈប់ជ្រៀតជ្រែក សាកសួរ និងមើលការខុសត្រូវលើខ្ញុំ ពេលខ្ញុំធ្វើកិច្ចការទៅ។ កិច្ចការអ្វីក៏ដោយដែលខ្ញុំធ្វើ គឺជាការទទួលខុសត្រូវរបស់ខ្ញុំ ខ្ញុំមានគំនិតពីរបៀបធ្វើវា ហើយខ្ញុំមិនត្រូវការឱ្យនរណាម្នាក់មកគ្រប់គ្រងខ្ញុំទេ!» នេះគឺជាការបដិសេធដោយត្រង់ៗ។ ការស្ដែងចេញមួយទៀត គឺការធ្វើពុតជាទទួលយក ដោយនិយាយថា៖ «យល់ព្រម តោះប្រកបគ្នា និងមើលថាតើកិច្ចការនេះគួរធ្វើដោយរបៀបណា» ប៉ុន្តែនៅពេលដែលអ្នកដទៃចាប់ផ្ដើមសាកសួរ និងព្យាយាមស្វែងយល់បន្ថែមអំពីកិច្ចការរបស់ពួកគេមែនទែន ឬនៅពេលដែលអ្នកដទៃចង្អុលបង្ហាញពីបញ្ហាមួយចំនួន និងផ្ដល់យោបល់មួយចំនួន តើពួកគេមានអាកប្បកិរិយាបែបណា? (ពួកគេមិនទទួលយកទេ។) ត្រូវហើយ ពួកគេបដិសេធមិនទទួលយកដាច់ខាត ពួកគេរកលេស និងហេតុផលដោះសាដើម្បីបដិសេធយោបល់របស់អ្នកដទៃ ពួកគេបង្វែរខុសទៅជាត្រូវ និងត្រូវទៅជាខុស ប៉ុន្តែតាមពិត នៅក្នុងចិត្តរបស់ពួកគេ ពួកគេដឹងថាពួកគេកំពុងតែបង្ខូចហេតុផល ថាពួកគេកំពុងនិយាយពាក្យសម្ដីដែលស្ដាប់ទៅខ្ពង់ខ្ពស់ ថាអ្វីដែលពួកគេកំពុងនិយាយគ្រាន់តែជាទ្រឹស្ដីប៉ុណ្ណោះ ថាពាក្យសម្ដីរបស់ពួកគេមិនជាក់ស្ដែងដូចអ្វីដែលអ្នកដទៃនិយាយឡើយ។ ប៉ុន្តែ ដើម្បីការពារឋានៈរបស់ពួកគេ ហើយទាំងដែលដឹងច្បាស់ថាពួកគេខុស និងអ្នកដទៃត្រូវ ក៏ពួកគេនៅតែបង្វែរភាពត្រឹមត្រូវរបស់អ្នកដទៃទៅជាខុស និងភាពខុសឆ្គងរបស់ខ្លួនឯងទៅជាត្រូវ ហើយនៅតែបន្តធ្វើបែបនោះ ដោយមិនអនុញ្ញាតឱ្យរឿងដែលត្រឹមត្រូវ និងស្របតាមសេចក្ដីពិត ត្រូវបានណែនាំ ឬអនុវត្តនៅក្នុងដែនកិច្ចការរបស់ពួកគេឡើយ។ តើពួកគេមិនមែនកំពុងចាត់ទុកកិច្ចការនៃពួកជំនុំជាល្បែង ជាការលេងសើចទេឬអី? តើពួកគេមិនមែនកំពុងបដិសេធមិនទទួលយកការសាកសួរ និងការមើលការខុសត្រូវទេឬអី? ពួកគេមិនបង្ហាញពី «ការហាមឃាត់» របស់ពួកគេនេះដោយឥតអៀនខ្មាស ដោយប្រាប់អ្នកថា៖ «អ្នកមិនមានសិទ្ធិមកជ្រៀតជ្រែកកិច្ចការរបស់ខ្ញុំទេ» នោះឡើយ។ អ្វីដែលពួកគេធ្វើមិនស្ដែងចេញបែបនោះទេ ប៉ុន្តែនោះគឺជាផ្នត់គំនិតរបស់ពួកគេ។ ពួកគេនឹងប្រើល្បិចមួយចំនួន ហើយមើលទៅហាក់ដូចជាគោរពកោតខ្លាចព្រះណាស់នៅសំបកក្រៅ។ ពួកគេនឹងនិយាយថា៖ «ចៃដន្យអី យើងពិតជាត្រូវការជំនួយមែន ដូច្នេះ ឥឡូវនេះអ្នកនៅទីនេះហើយ សូមប្រកបគ្នាជាមួយយើងបន្តិចទៅ!» អ្នកដឹកនាំថ្នាក់លើរបស់ពួកគេនឹងជឿថា ពួកគេពិតជាស្មោះត្រង់មែន ដូច្នេះ ក៏ប្រកបគ្នាជាមួយពួកគេ ដោយប្រាប់ពួកគេអំពីស្ថានភាពជាក់ស្ដែង។ ពេលពួកគេបានឮអ្នកដឹកនាំនិយាយហើយ ពួកគេនឹងចាប់ផ្ដើមគិតថា៖ «នោះជារបៀបដែលអ្នកមើលឃើញរឿងរ៉ាវ អញ្ចឹង ខ្ញុំនឹងត្រូវជជែកតតាំងជាមួយអ្នក ដើម្បីបដិសេធ និងបញ្ជាក់ថាទស្សនៈរបស់អ្នកខុស។ ខ្ញុំនឹងធ្វើឱ្យអ្នកខ្មាសគេមិនខាន»។ តើនេះជាអាកប្បកិរិយានៃការទទួលយកឬ? (ទេ)។ ចុះវាជាអាកប្បកិរិយាអ្វីទៅ? វាគឺជាការបដិសេធមិនឱ្យអ្នកដទៃជ្រៀតជ្រែក សាកសួរ ឬមើលការខុសត្រូវលើពួកគេនៅក្នុងកិច្ចការដែលពួកគេធ្វើឡើយ។ ដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទនឹងធ្វើបែបនោះ ចុះហេតុអ្វីបានជាពួកគេធ្វើពុតបង្ហាញរូបភាពក្លែងក្លាយនៅចំពោះមុខមនុស្ស និងធ្វើពុតជាមានអាកប្បកិរិយាទទួលយកទៅវិញ? ការដែលពួកគេបោកបញ្ឆោតមនុស្សតាមរបៀបនេះ បង្ហាញថាពួកគេមានល្បិចកលខ្លាំងប៉ុនណា។ ពួកគេខ្លាចថាមនុស្សនឹងមើលធ្លុះពួកគេ។ ជាពិសេសនៅពេលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួនដែលមានការញែកដឹងកម្រិតណាមួយ ដូច្នេះ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទបដិសេធការមើលការខុសត្រូវ និងជំនួយពីអ្នកដទៃដោយផ្ទាល់ នោះមនុស្សនឹងអាចដឹង និងមើលធ្លុះពួកគេមិនខាន។ ពេលនោះ ពួកគេនឹងបាត់បង់អំណួត និងឋានៈរបស់ពួកគេ ហើយវានឹងមិនងាយស្រួលសម្រាប់ពួកគេក្នុងការត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ឬអ្នកធ្វើការនៅពេលអនាគតឡើយ។ ដូច្នេះ នៅពេលអ្នកដឹកនាំថ្នាក់លើត្រួតពិនិត្យកិច្ចការរបស់ពួកគេ ពួកគេធ្វើពុតជាទទួលយកវា ដោយនិយាយពាក្យសម្ដីផ្គាប់ចិត្ត និងអែបអប ធ្វើឱ្យមនុស្សគ្រប់គ្នាគិតថា៖ «មើលចុះ ថាអ្នកដឹកនាំរបស់យើងមានភក្ដីភាព និងស្វែងរកសេចក្ដីពិតកម្រិតណា! អ្នកដឹកនាំរបស់យើងកំពុងយកចិត្តទុកដាក់ចំពោះជីវិតរបស់យើង និងចំពោះកិច្ចការរបស់ពួកជំនុំ។ ពួកគេទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ យើងនឹងជ្រើសរើសពួកគេម្ដងទៀតនៅក្នុងការបោះឆ្នោតលើកក្រោយ»។ អ្នកណាក៏នឹកស្មានមិនដល់ដែរថា ពេលអ្នកដឹកនាំថ្នាក់លើចាកចេញផុតភ្លាម ពួកទទឹងនឹងព្រះគ្រីស្ទនឹងនិយាយពាក្យសម្ដីបែបនេះថា៖ «អ្វីដែលអ្នកត្រួតពិនិត្យកិច្ចការនោះបាននិយាយ ក៏ត្រឹមត្រូវដែរ ប៉ុន្តែវាមិនប្រាកដថាស័ក្ដិសមនឹងស្ថានភាពនៅពួកជំនុំរបស់យើងឡើយ។ ស្ថានភាពនៅពួកជំនុំនីមួយៗគឺខុសៗគ្នា។ យើងមិនអាចធ្វើតាមអ្វីដែលពួកគេបាននិយាយទាំងស្រុងនោះទេ យើងត្រូវតែពិចារណាវាដោយផ្អែកលើស្ថានភាពពិតប្រាកដរបស់យើង។ យើងមិនអាចចេះតែអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់បានទេ!» ពេលឮបែបនេះ មនុស្សគ្រប់គ្នាក៏គិតថាវាជារឿងត្រឹមត្រូវ។ តើពួកគេមិនមែនត្រូវគេបំភាន់ទេឬអី? ទង្វើមួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺការនិយាយពាក្យសម្ដីផ្គាប់ចិត្ត និងធ្វើពុតជាទទួលយកការមើលការខុសត្រូវរបស់អ្នកដទៃ ប៉ុន្តែភ្លាមៗបន្ទាប់ពីនោះ ពួកគេក៏ចាប់ផ្ដើមបំភាន់ និងលាងខួរក្បាលមនុស្សនៅផ្ទៃក្នុងតែម្ដង។ ពួកគេអនុវត្តផ្នែកទាំងពីរនៃវិធីសាស្ត្រនេះក្នុងពេលតែមួយ។ តើពួកគេមានល្បិចដែរឬទេ? ពិតជាមានច្រើនណាស់! នៅសំបកក្រៅ ពួកគេនិយាយស្ដីបានយ៉ាងពីរោះ និងធ្វើពុតជាទទួលយក ដោយធ្វើឱ្យមនុស្សគ្រប់គ្នាជឿថា ពួកគេមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះកិច្ចការ ថាពួកគេអាចលះបង់តំណែង និងឋានៈរបស់ពួកគេបាន ថាពួកគេមិនមែនជាជនផ្ដាច់ការទេ តែអាចទទួលយកការមើលការខុសត្រូវពីខាងលើ ឬពីអ្នកដទៃបាន។ ហើយស្របពេលជាមួយគ្នានោះ ពួកគេក៏ «ពន្យល់យ៉ាងច្បាស់» ប្រាប់បងប្អូនប្រុសស្រីអំពីគុណសម្បត្តិ និងគុណវិបត្តិនៃរឿងរ៉ាវ ព្រមទាំង «ពន្យល់យ៉ាងច្បាស់» អំពីស្ថានភាពផ្សេងៗ។ តើគោលដៅរបស់ពួកគេគឺជាអ្វី? គឺដើម្បីកុំឱ្យអ្នកដទៃមកជ្រៀតជ្រែក សាកសួរ ឬមើលការខុសត្រូវ និងដើម្បីធ្វើឱ្យបងប្អូនប្រុសស្រីគិតថា ទង្វើរបស់ពួកគេគឺសមហេតុផល ត្រឹមត្រូវ ស្របតាមការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងស្របតាមគោលការណ៍នៃការអនុវត្ត ហើយថា ក្នុងនាមជាអ្នកដឹកនាំ ពួកគេកំពុងតែធ្វើតាមគោលការណ៍។ តាមពិត មានមនុស្សតែមួយក្ដាប់តូចប៉ុណ្ណោះនៅក្នុងពួកជំនុំដែលយល់ពីសេចក្ដីពិត។ ភាគច្រើនគឺច្បាស់ជាគ្មានសមត្ថភាពក្នុងការ ញែកដឹងទេ ពួកគេមិនអាចមើលធ្លុះពីធាតុពិតរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទនេះឡើយ ហើយក៏ត្រូវបុគ្គលនេះបំភាន់ដោយងាយ។ ឧទាហរណ៍៖ មនុស្សមួយចំនួនអត់ដេកមួយយប់ដោយសារមូលហេតុណាមួយ។ ពួកគេនៅទល់ភ្លឺដោយមិនបានដេកទាល់តែសោះ។ ចំពោះរឿងនេះ មានមនុស្សពីរប្រភេទ ដែលការអត់ដេកនេះសម្ដែងចេញតាមរបៀបពីរផ្សេងគ្នា។ ប្រភេទទីមួយ គឺឱ្យតែមានឱកាស ពួកគេនឹងឆ្លៀតដេកបន្តិចនៅពេលថ្ងៃ។ ពួកគេមិនឱ្យអ្នកដទៃដឹងថាពួកគេមិនបានដេកយប់មិញឡើយ។ នេះគឺជាស្ថានភាពមួយ ជារបៀបមួយដែលរឿងកើតឡើង។ គ្មានចេតនាអ្វីនៅពីក្រោយទង្វើនេះឡើយ។ ចំណែកមនុស្សមួយប្រភេទទៀតវិញ ពួកគេងងុយដេកងោកងក់ពេលកំពុងញ៉ាំបាយ ហើយប្រាប់មនុស្សគ្រប់គ្នាថា៖ «យប់មិញខ្ញុំអត់បានដេកសោះ!» មានគេសួរថា៖ «ហេតុអ្វីមិនដេក?» ហើយពួកគេនិយាយថា៖ «មានការជួបជុំតាមអនឡាញ ហើយខ្ញុំបានរកឃើញបញ្ហាមួយចំនួននៅក្នុងកិច្ចការ។ ខ្ញុំនៅទល់ភ្លឺដើម្បីដោះស្រាយបញ្ហាទាំងនោះ»។ ពួកគេចេះតែនិយាយមិនឈប់ ដោយប្រកាសប្រាប់គេឯងថា ពួកគេមិនបានដេកពេញមួយយប់។ តើពួកគេមានការស្ទាក់ស្ទើរក្នុងការដាច់យប់ពេញមួយយប់មែនទេ? ហេតុអ្វីបានជាពួកគេត្រូវពន្យល់ប្រាប់មនុស្សគ្រប់គ្នា? ហើយតើមានអ្វីមួយបង្កប់នៅក្នុងការពន្យល់នោះដែរឬទេ? តើគោលដៅរបស់ពួកគេគឺជាអ្វី? ពួកគេចង់ប្រាប់ពិភពលោកទាំងមូលពីអ្វីដែលពួកគេបានធ្វើ ដោយខ្លាចក្រែងអ្នកដទៃមិនដឹង។ ពួកគេចង់ឱ្យមនុស្សគ្រប់គ្នាដឹងថា ពួកគេបានរងទុក្ខលំបាក ថាពួកគេបាននៅទល់ភ្លឺ ថាពួកគេសុខចិត្តលះបង់នៅក្នុងជំនឿលើព្រះជាម្ចាស់ ថាពួកគេមិនលោភលន់ចង់បានការស្រណុកសុខស្រួលឡើយ។ តាមរយៈការធ្វើបែបនេះ ពួកគេមានបំណងចង់ទទួលបានការអាណិតអាសូរ និងការទទួលស្គាល់ពីបងប្អូនប្រុសស្រី។ ពួកគេទិញទឹកចិត្តមនុស្សតាមរយៈការសម្ដែងរាក់កំផែលបែបនេះ ហើយការធ្វើបែបនេះ គឺដើម្បីឱ្យអ្នកដទៃគោរពកោតសរសើរពួកគេ និងដើម្បីទទួលបានកិត្យានុភាពនៅក្នុងចិត្តមនុស្ស។ ពេលពួកគេមានឋានៈហើយ ពួកគេប្រាកដជានិយាយស្ដីដោយមានអំណាចមិនខាន។ ហើយពេលពួកគេនិយាយស្ដីដោយមានអំណាច តើពួកគេនឹងមិនអាចសោយសុខនឹងឯកសិទ្ធិដែលអមមកជាមួយឋានៈនោះទេឬអី? (មែនហើយ។) តើអ្នកគិតថាពួកគេចេះឆ្លៀតឱកាសនេះបានល្អដែរឬទេ? ចុះអ្នករាល់គ្នាវិញ តើអ្នកធ្លាប់ប្រាប់អ្នកដទៃទេ ពេលអ្នកមិនបានដេក ឬពេលអ្នកនៅទល់ភ្លឺនោះ? (ធ្លាប់។) ពេលអ្នកប្រាប់គេ តើអ្នកប្រាប់ដោយអចេតនា ឬក៏មានចេតនាអ្វីនៅពីក្រោយរឿងនោះ? តើអ្នកគ្រាន់តែប្រាប់នរណាម្នាក់ដោយធម្មតាៗ ឬក៏អ្នកកំពុងតែប្រកាសក្ដែងៗ ដើម្បីសម្ដែងឱ្យគេមើល? (គ្រាន់តែប្រាប់ដោយធម្មតាៗ។) គ្មានចេតនាអ្វីនៅពីក្រោយការនិយាយដោយមិនបានគិតជាមុននោះទេ ហើយវាក៏មិនមែនជាការបញ្ជាក់ថាមានបញ្ហានិស្ស័យដែរ។ ការនិយាយដោយមានចេតនា និងការនិយាយដោយអចេតនា គឺពិតជាមានលក្ខណៈធម្មជាតិខុសគ្នាដាច់ស្រឡះ។ ពេលពួកទទឹងនឹងព្រះគ្រីស្ទធ្វើសកម្មភាព ទោះបីជានៅសំបកក្រៅ ពួកគេហាក់ដូចជាទទួលយកការជ្រៀតជ្រែក និងការសាកសួររបស់អ្នកដទៃក្ដី ឬទោះបីជាពួកគេបដិសេធរឿងទាំងនោះដោយត្រង់ៗក្ដី តើអ្វីទៅជាចេតនានៅពីក្រោយទង្វើរបស់ពួកគេ? ពួកគេកំពុងតែក្រាញននៀលក្ដាប់យកឋានៈ និងអំណាច ហើយពួកគេមិនព្រមលែងវាឡើយ។ តើនេះមិនមែនជាចេតនារបស់ពួកគេទេឬអី? (មែនហើយ។) ត្រូវហើយ ពួកគេដាច់ខាតមិនបណ្ដោយឱ្យអំណាច ឋានៈ និងកិត្យានុភាពដែលពួកគេខំប្រឹងដណ្ដើមបានយ៉ាងលំបាកនោះ របូតបាត់ពីដៃទៅយ៉ាងងាយៗ ដោយសារតែការធ្វេសប្រហែសមួយពេលនោះឡើយ ពួកគេមិនបណ្ដោយឱ្យនរណាម្នាក់មកធ្វើឱ្យកម្លាំង និងឥទ្ធិពលរបស់ពួកគេចុះខ្សោយ តាមរយៈការជ្រៀតជ្រែក ឬការសាកសួរអំពីកិច្ចការរបស់ពួកគេនោះឡើយ។ ពួកគេជឿបែបនេះ៖ ការបំពេញភារកិច្ច ឬការទទួលបន្ទុកគម្រោងកិច្ចការណាមួយ មិនមែនជាភារកិច្ចពិតប្រាកដនោះទេ ហើយពួកគេក៏មិនចាំបាច់ធ្វើវាជាកាតព្វកិច្ចដែរ ផ្ទុយទៅវិញ វាគឺជាការក្ដាប់អំណាចណាមួយ ដើម្បីមានមនុស្សមួយចំនួននៅក្រោមការបញ្ជារបស់ពួកគេ។ ពួកគេជឿថា ពេលមានអំណាច ពួកគេលែងចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយនរណាម្នាក់ទៀតហើយ តែពេលនេះ ពួកគេមានឱកាស និងមានអំណាចដើម្បីធ្វើជាអ្នកចាត់ចែង។ នេះហើយជាអាកប្បកិរិយារបស់ពួកគេចំពោះភារកិច្ច។
មានមនុស្សមួយចំនួនទៀត នៅពេលដែលខាងលើសាកសួរពួកគេអំពីកិច្ចការរបស់ពួកគេ ពួកគេគ្រាន់តែធ្វើឱ្យតែរួចពីដៃប៉ុណ្ណោះ។ ពួកគេសម្ដែងតែសំបកក្រៅ ហើយសួរអំពីរឿងកំប៉ិកកំប៉ុកមួយចំនួន ហាក់ដូចជាពួកគេជាអ្នកដែលស្វែងរកសេចក្ដីពិតអ៊ីចឹង។ ជាឧទាហរណ៍ ប្រសិនបើមានហេតុការណ៍មួយដែលច្បាស់ជាការបង្អាក់ និងការរំខាន ពួកគេនឹងសួរខាងលើថា តើបុគ្គលដែលបង្កហេតុនោះគួរតែត្រូវបានដោះស្រាយដែរឬទេ។ តើរឿងបែបនេះមិនមែនជាផ្នែកមួយនៃការងាររបស់ពួកគេទេឬអី? (មែនហើយ)។ តើពួកគេចង់បានអ្វី ក្នុងការសួរខាងលើអំពីរឿងនេះ? ពួកគេមានបំណងផ្ដល់ឱ្យអ្នកនូវរូបភាពក្លែងក្លាយរបស់ពួកគេ ដើម្បីបង្ហាញអ្នកថា ប្រសិនបើសូម្បីតែរឿងបែបនេះក៏ពួកគេសួរដែរ វាគឺជាភស្តុតាងបញ្ជាក់ថា ពួកគេមិនមែននៅទំនេរទេ គឺពួកគេកំពុងតែធ្វើការ។ ពួកគេគ្រាន់តែបង្កើតរូបភាពក្លែងក្លាយ ដើម្បីបំភាន់អ្នកប៉ុណ្ណោះ។ ការពិតគឺថា ពួកគេមានបញ្ហាជាក់ស្ដែងមួយចំនួននៅក្នុងចិត្តរបស់ពួកគេ ហើយពួកគេមិនដឹងពីរបៀបប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះឡើយ ហើយពួកគេក៏មិនដឹងថា តើគោលការណ៍អ្វីខ្លះដែលពួកគេគួរតែអនុវត្តនោះដែរ។ មានរឿងរ៉ាវដែលពួកគេមិនយល់ច្បាស់ ទាំងក្នុងការចាត់ចែងមនុស្ស និងការចាត់ចែងកិច្ចការ ប៉ុន្តែពួកគេមិនដែលសួរ ឬស្វែងរកអំពីរឿងទាំងនោះឡើយ។ ដោយសារតែពួកគេមិនប្រាកដអំពីរឿងទាំងនេះនៅក្នុងចិត្តរបស់ពួកគេ តើពួកគេមិនគួរសួរខាងលើអំពីរឿងទាំងនោះទេឬអី? (មែនហើយ)។ ពួកគេមិនប្រាកដអំពីរឿងទាំងនោះ ហើយមិនអាចមើលធ្លុះរឿងទាំងនោះបានទេ ប៉ុន្តែនៅតែបន្តធ្វើសកម្មភាពទាំងងងឹតងងល់ តើផលវិបាកនៃរឿងនោះនឹងទៅជាយ៉ាងណា? តើពួកគេអាចទស្សន៍ទាយពីអ្វីដែលនឹងកើតឡើងបានដែរឬទេ? តើពួកគេនឹងអាចទទួលខុសត្រូវចំពោះផលវិបាកទាំងនោះបានដែរឬទេ? ទេ ពួកគេមិនអាចទេ។ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនសួរអំពីរឿងទាំងនេះ? មានការគិតគូរនៅពីក្រោយការមិនសួររបស់ពួកគេ។ ទីមួយគឺការភ័យខ្លាចថាខាងលើនឹងមើលធ្លុះពួកគេ៖ «ប្រសិនបើសូម្បីតែរឿងកំប៉ិកកំប៉ុកនេះ ខ្ញុំមិនអាចដោះស្រាយបានផង ហើយត្រូវសួរអំពីរឿងនេះ នោះខាងលើនឹងគិតថា គុណសម្បត្តិរបស់ខ្ញុំមិនសូវល្អទេ។ តើនេះមិនមែនជាការបណ្ដោយឱ្យខាងលើមើលធ្លុះពីខ្ញុំទេឬអី?» វាក៏មានការគិតគូរផងដែរថា ប្រសិនបើពួកគេពិតជាសួរមែន ហើយការសម្រេចចិត្តរបស់ខាងលើផ្ទុយ និងខុសពីទស្សនៈរបស់ពួកគេផ្ទាល់ នោះពួកគេនឹងពិបាកក្នុងការជ្រើសរើសមិនខាន។ ប្រសិនបើពួកគេមិនធ្វើតាមអ្វីដែលខាងលើនិយាយទេ ខាងលើនឹងនិយាយថា ពួកគេកំពុងបំពានគោលការណ៍នៃកិច្ចការ។ ប្រសិនបើពួកគេធ្វើតាម វានឹងបង្កការខាតបង់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ដូច្នេះ ពួកគេមិនសួរទេ។ តើនោះមិនមែនជាការគិតគូរទេឬអី? (មែនហើយ)។ វាពិតជាអញ្ចឹងមែន។ តើពួកគេជាមនុស្សប្រភេទណា ដែលគិតគូរពីរឿងទាំងនេះ? (ពួកទទឹងនឹងព្រះគ្រីស្ទ)។ ពួកគេពិតជាពួកទទឹងនឹងព្រះគ្រីស្ទមែន។ ចំពោះរឿងអ្វីក៏ដោយ ទោះបីជាពួកគេសួរអំពីរឿងនោះឬអត់ ទោះបីជាពួកគេនិយាយចេញមក ឬគ្រាន់តែគិតក៏ដោយ ក៏ពួកគេមិនស្វែងរកសេចក្ដីពិត ឬចាត់ចែងរឿងនោះស្របតាមគោលការណ៍ឡើយ។ នៅក្នុងគ្រប់រឿងរ៉ាវទាំងអស់ ពួកគេដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនជាអាទិភាព។ ពួកគេមានបញ្ជីមួយនៅក្នុងចិត្តរបស់ពួកគេ អំពីរឿងរ៉ាវដែលពួកគេអាចអនុញ្ញាតឱ្យខាងលើសាកសួរ និងដឹង និងរឿងរ៉ាវដែលពួកគេមិនចង់ឱ្យខាងលើដឹងទាល់តែសោះ។ ពួកគេបានកំណត់ព្រំដែនលើរឿងទាំងនោះ ហើយបែងចែកវាជាពីរប្រភេទ។ ពួកគេនឹងនិយាយច្បោលៗជាមួយខាងលើអំពីរឿងរ៉ាវមិនសំខាន់ទាំងនោះ ដែលមិនអាចបង្កការគំរាមកំហែងដល់ឋានៈរបស់ពួកគេ ដើម្បីគ្រាន់តែបង្គ្រប់កិច្ចជាមួយខាងលើ ប៉ុន្តែចំពោះរឿងរ៉ាវដែលអាចគំរាមកំហែងដល់ឋានៈរបស់ពួកគេ ពួកគេនឹងមិននិយាយសូម្បីតែមួយម៉ាត់។ ចុះប្រសិនបើខាងលើសួរអំពីរឿងទាំងនោះ តើពួកគេត្រូវធ្វើដូចម្ដេច? ពួកគេនឹងប្រើពាក្យពីរបីម៉ាត់ដើម្បីដោះសារឱ្យរួចខ្លួន ពួកគេនឹងនិយាយថា៖ «មិនអីទេ ពួកយើងនឹងពិភាក្សាអំពីរឿងនេះ... ពួកយើងនឹងបន្តមើលសិន...» ពោលគឺពាក្យពេចន៍យល់ព្រមពេញមាត់ចំពោះអ្នក ដោយគ្មានអ្វីដែលអាចចាត់ទុកថាជាការទាស់ទទឹងឡើយ។ មើលតាមសំបកក្រៅ ពួកគេហាក់ដូចជាចុះចូលណាស់ ប៉ុន្តែការពិតគឺថា ពួកគេមានការគិតគូរផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេគ្មានផែនការឱ្យខាងលើជាអ្នកកំណត់ចាត់ចែងឡើយ ពួកគេគ្មានផែនការសុំយោបល់ពីខាងលើ ហើយបណ្ដោយឱ្យខាងលើធ្វើការសម្រេចចិត្ត ឬស្វែងរកផ្លូវណាមួយពីខាងលើឡើយ។ ពួកគេគ្មានផែនការបែបនេះទេ។ ពួកគេមិនចង់អនុញ្ញាតឱ្យខាងលើជ្រៀតជ្រែក ឬដឹងពីអ្វីដែលកំពុងកើតឡើងពិតប្រាកដឡើយ។ នៅពេលដែលខាងលើបានដឹង តើវានឹងបង្កការគំរាមកំហែងអ្វីដល់ពួកគេ? (ពួកគេនឹងមិនមានសុវត្ថិភាពនៅក្នុងឋានៈរបស់ពួកគេទេ)។ វាមិនត្រឹមតែថាពួកគេនឹងមិនមានសុវត្ថិភាពនៅក្នុងឋានៈរបស់ពួកគេប៉ុណ្ណោះទេ គឺផែនការ និងគោលដៅរបស់ពួកគេនឹងលែងអាចដំណើរការបានទៀតហើយ ហើយដូច្នេះ ពួកគេនឹងលែងអាចយកហេតុផលមកធ្វើឱ្យការប្រព្រឹត្តអំពើអាក្រក់របស់ខ្លួនមើលទៅស្របច្បាប់បានទៀតហើយ។ ពួកគេនឹងលែងអាចធ្វើតាមផែនការផ្ទាល់ខ្លួនរបស់ពួកគេដោយស្របច្បាប់ ដោយបើកចំហ និងដោយឥតអៀនខ្មាសបានទៀតហើយ។ នេះគឺជាបញ្ហាដែលពួកគេនឹងត្រូវប្រឈមមុខ។ ដូច្នេះ តើពួកគេអាចដឹងច្បាស់ពីរបៀបធ្វើសកម្មភាពតាមរបៀបដែលផ្ដល់ប្រយោជន៍ដល់ពួកគេដែរឬទេ? ពួកគេប្រាកដជាមានគំនិត និងការគិតគូររបស់ពួកគេអំពីរឿងនេះ។ តើអ្នករាល់គ្នាធ្លាប់ជួបប្រទះនឹងរឿងបែបនេះដែរឬទេ? បើដូច្នេះ តើអ្នករាល់គ្នាគិតយ៉ាងណាអំពីរឿងទាំងនោះ? តើអ្នករាល់គ្នាដោះស្រាយរឿងទាំងនោះដោយរបៀបណា? ខ្ញុំនឹងលើកឧទាហរណ៍មួយ។ ធ្លាប់មានបុរសម្នាក់ដែលបានក្លាយជាអ្នកដឹកនាំ ហើយក៏ជ្រួលជ្រើមនឹងឋានៈនោះយ៉ាងខ្លាំង គាត់តែងតែចូលចិត្តអួតខ្លួននៅចំពោះមុខអ្នកដទៃ ដើម្បីឱ្យគេកោតសរសើរ។ គាត់បានជួបអ្នកគ្មានជំនឿម្នាក់ដែលគាត់ស្គាល់ ដែលចង់ខ្ចីប្រាក់។ អ្នកគ្មានជំនឿនោះបានអង្វរករយ៉ាងគួរឱ្យអាណិត រហូតដល់អ្នកដឹកនាំនោះ ដោយសេចក្ដីរំជួលចិត្តមួយរំពេច និងភាពរំភើបក្នុងពេលនោះ ក៏បានយល់ព្រម បន្ទាប់មក គាត់ក៏បានគិតដោយស្ងប់ចិត្ត និងគ្មានការរំខានចិត្តថា៖ «ខ្ញុំគឺជាអ្នកដឹកនាំពួកជំនុំ ខ្ញុំគួរតែមានសិទ្ធិសម្រេចចុងក្រោយលើប្រាក់របស់ពួកជំនុំ។ នៅពេលនិយាយដល់រឿងរ៉ាវដែលជារបស់ដំណាក់របស់ព្រះ ជារបស់ពួកជំនុំ និងតង្វាយ ខ្ញុំមានតំណែងនេះ ដូច្នេះអ្វីដែលខ្ញុំនិយាយ គឺត្រូវតែធ្វើតាម។ ហិរញ្ញវត្ថុគឺជារបស់ដែលខ្ញុំត្រូវគ្រប់គ្រង ហើយបញ្ហាការចាត់ចែងបុគ្គលិកក៏ជារបស់ដែលខ្ញុំត្រូវគ្រប់គ្រងដែរ ខ្ញុំមានសិទ្ធិសម្រេចចុងក្រោយលើរឿងទាំងអស់នេះ!» ដូច្នេះ គាត់ក៏បានឱ្យអ្នកគ្មានជំនឿខ្ចីប្រាក់នៃដំណាក់របស់ព្រះជាម្ចាស់។ នៅពេលដែលគាត់បានធ្វើដូច្នេះហើយ គាត់មានអារម្មណ៍ថាមិនសូវស្រួលចិត្តបន្តិច ហើយក៏បានពិចារណាថា តើគាត់គួរតែប្រាប់ខាងលើអំពីរឿងនេះដែរឬទេ។ ប្រសិនបើគាត់ប្រាប់ ខាងលើប្រហែលជាមិនយល់ព្រមចំពោះរឿងនេះទេ ដូច្នេះ គាត់ក៏ចាប់ផ្ដើមប្រឌិតពាក្យកុហក និងរកលេសដើម្បីបោកបញ្ឆោតខាងលើ។ ខាងលើបានប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតជាមួយគាត់ ប៉ុន្តែគាត់មិនបានយកចិត្តទុកដាក់ចំពោះគោលការណ៍ទាំងនោះឡើយ។ នោះហើយជារបៀបដែលគាត់បានប្រព្រឹត្តអំពើអាក្រក់ ក្នុងការប្រើប្រាស់តង្វាយដោយមិនត្រឹមត្រូវជាលក្ខណៈឯកជន។ ហេតុអ្វីបានជាបុគ្គលបែបនេះហ៊ានមានគម្រោងមិនត្រឹមត្រូវលើតង្វាយ? អ្នកគ្រាន់តែជាអ្នកដឹកនាំពួកជំនុំម្នាក់ប៉ុណ្ណោះ តើអ្នកមានសិទ្ធិគ្រប់គ្រងតង្វាយដែរឬទេ? តើអ្នកមានសិទ្ធិសម្រេចចុងក្រោយលើបញ្ហាតង្វាយ និងហិរញ្ញវត្ថុដែរឬទេ? តើអ្នកគួរចាត់ចែងតង្វាយរបស់ព្រះជាម្ចាស់ដោយរបៀបណា ប្រសិនបើអ្នកជាមនុស្សដែលមានភាពជាមនុស្សធម្មតា និងវិចារណញ្ញាណ ជាមនុស្សដែលដេញតាមសេចក្ដីពិតនោះ? តើបញ្ហាដែលទាក់ទងនឹងតង្វាយ មិនគួរត្រូវបានដាក់ជូនខាងលើ ដើម្បីមើលថាដំណាក់របស់ព្រះជាម្ចាស់សម្រេចចិត្តយ៉ាងណាទេឬអី? តើខាងលើមិនមានសិទ្ធិដឹងអំពីបញ្ហាដ៏ធំបែបនេះទេឬអី? មែនហើយ។ អ្នកគួរតែច្បាស់អំពីរឿងនេះនៅក្នុងចិត្ត វាគឺជាវិចារណញ្ញាណដែលអ្នកគួរតែមាន។ នៅពេលនិយាយដល់បញ្ហាហិរញ្ញវត្ថុ មិនថាធំឬតូចក្ដី ខាងលើមានសិទ្ធិដឹង។ ប្រសិនបើខាងលើមិនសួរ នោះជារឿងមួយផ្សេងទៀត ប៉ុន្តែនៅពេលដែលខាងលើសួរ អ្នកត្រូវតែឆ្លើយតាមការពិត ហើយអ្នកគួរតែចុះចូលនឹងអ្វីក៏ដោយដែលខាងលើសម្រេចចិត្ត។ តើនេះមិនមែនជាវិចារណញ្ញាណដែលអ្នកគួរតែមានទេឬអី? (មែនហើយ)។ ប៉ុន្តែ តើពួកទទឹងនឹងព្រះគ្រីស្ទអាចធ្វើបែបនេះបានដែរឬទេ? (ទេ)។ នោះហើយជាភាពខុសគ្នារវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សធម្មតា។ ប្រសិនបើពួកគេគិតថា មានភាពប្រាកដមួយរយភាគរយដែលខាងលើនឹងមិនយល់ព្រមចំពោះរឿងនោះ ហើយថាវានឹងធ្វើឱ្យពួកគេខូចមុខមាត់ ពួកគេនឹងគិតរកគ្រប់មធ្យោបាយដើម្បីលាក់បាំងរឿងនេះ។ ពួកគេថែមទាំងគំរាមកំហែងមនុស្សដែលនៅក្រោមបង្គាប់ពួកគេ ហើយនិយាយថា៖ «ប្រសិនបើនរណាម្នាក់ទម្លាយរឿងនេះ អ្នកនោះកំពុងតែប្រឆាំងនឹងខ្ញុំហើយ។ អ្នកនោះនឹងដឹងដៃខ្ញុំមិនខាន។ ទោះមានរឿងអ្វីកើតឡើងក៏ដោយ ខ្ញុំនឹងចាត់ការអ្នកនោះ!» ហើយដោយសារពាក្យសម្ដីដ៏គួរឱ្យខ្លាចទាំងនោះរបស់ពួកគេ គ្មាននរណាម្នាក់ហ៊ានរាយការណ៍រឿងនេះទៅខាងលើឡើយ។ ហេតុអ្វីបានជាពួកគេធ្វើបែបនោះ? ពួកគេជឿថា៖ «រឿងនេះស្ថិតនៅក្នុងដែនសិទ្ធិអំណាចរបស់ខ្ញុំ។ ខ្ញុំមានសិទ្ធិចាត់ចែង និងបែងចែកមនុស្ស ប្រាក់ និងសម្ភារៈដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្ញុំ!» តើគោលការណ៍របស់ពួកគេសម្រាប់ការចាត់ចែង និងការបែងចែកគឺជាអ្វី? ពួកគេរៀបចំតាមតែអំពើចិត្ត ពួកគេប្រើប្រាស់ និងចែកប្រាក់ ព្រមទាំងសម្ភារៈដោយបំពាន ដោយមិនប្រកាន់ខ្ជាប់នូវគោលការណ៍ណាមួយឡើយ ពួកគេបង្ហិន និងខ្ជះខ្ជាយរបស់ទាំងនេះដោយគ្មានការពិចារណា ហើយគ្មាននរណាម្នាក់ផ្សេងទៀតមានសិទ្ធិមកជ្រៀតជ្រែកឡើយ គឺពួកគេត្រូវតែមានសិទ្ធិសម្រេចចុងក្រោយលើរឿងទាំងអស់នេះ។ តើពួកគេមិនគិតបែបនេះទេឬអី? ប្រាកដណាស់ ពួកគេនឹងមិននិយាយរឿងនេះចេញមកក្រៅយ៉ាងច្បាស់ៗបែបនេះទេ ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេ នេះពិតជាអ្វីដែលពួកគេកំពុងគិតមែន៖ «តើការមានតំណែងមានប្រយោជន៍អ្វីទៅ? តើវាមិនមែនសុទ្ធតែជារឿងប្រាក់ រឿងហូបចុក និងសម្លៀកបំពាក់ទេឬអី? ពេលនេះ ខ្ញុំមានតំណែងហើយ ខ្ញុំមានឋានៈនោះហើយ។ តើវាមិនល្ងង់ទេឬអី ប្រសិនបើខ្ញុំមិនកេងប្រវ័ញ្ចអំណាចរបស់ខ្ញុំដើម្បីធ្វើតាមចិត្តនោះ?» តើពួកគេមិនជឿបែបនេះទេឬអី? (មែនហើយ)។ គឺដោយសារតែពួកគេមាននិស្ស័យបែបនេះ ហើយជឿបែបនេះ ទើបពួកគេហ៊ានលាក់បាំងរឿងបែបនេះដោយគ្មានការញញើតសូម្បីតែបន្តិច ដោយមិនខ្វល់ពីផលវិបាកអ្វីទាំងអស់ តាមរយៈគ្រប់មធ្យោបាយ និងវិធីសាស្ត្រដែលពួកគេអាចគិតឃើញ។ តើវាមិនអញ្ចឹងទេឬអី? (មែនហើយ)។ ពួកគេមិនវាយតម្លៃថា តើរឿងនោះត្រូវឬខុស ឬតើអ្វីជារឿងត្រឹមត្រូវដែលត្រូវធ្វើ ឬតើគោលការណ៍គឺជាអ្វីនោះទេ។ ពួកគេមិនពិចារណាពីរឿងទាំងនេះទេ ការពិចារណាតែមួយគត់របស់ពួកគេគឺថា តើនរណានឹងការពារផលប្រយោជន៍របស់ពួកគេ។ បុគ្គលទទឹងនឹងព្រះគ្រីស្ទ គឺជាមនុស្សពិសពុល អាត្មានិយម និងថោកទាប! តើពួកគេថោកទាបកម្រិតណា? វាអាចសង្ខេបមកត្រឹមពាក្យមួយម៉ាត់គឺ៖ ពួកគេឥតអៀនខ្មាស! មនុស្សទាំងនោះមិនមែនជាកម្មសិទ្ធិរបស់អ្នកទេ របស់របរទាំងនោះក៏មិនមែនជាកម្មសិទ្ធិរបស់អ្នកដែរ ហើយប្រាក់នោះរឹតតែមិនមែនជាកម្មសិទ្ធិរបស់អ្នកទៅទៀត ប៉ុន្តែអ្នកបែរជាចង់យកវាធ្វើជារបស់ខ្លួនឯង ដើម្បីចាត់ចែងតាមតែអំពើចិត្តរបស់អ្នកទៅវិញ។ អ្នកដទៃគ្មានសូម្បីតែសិទ្ធិដឹងអំពីរឿងនេះផង ទោះបីជាអ្នកបង្ហិន និងខ្ជះខ្ជាយរបស់ទាំងនោះក៏ដោយ ក៏អ្នកដទៃគ្មានសិទ្ធិសាកសួរដែរ។ តើអ្នកបានធ្លាក់ខ្លួនដល់កម្រិតណាហើយ? អ្នកបានធ្លាក់ចូលទៅក្នុងភាពឥតអៀនខ្មាសហើយ! តើវាមិនឥតអៀនខ្មាសទេឬអី? (មែនហើយ)។ នោះហើយជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ។ តើមនុស្សធម្មតាមានព្រំដែនបែបណាដែលពួកគេមិនហ៊ានបំពាន នៅពេលនិយាយដល់រឿងប្រាក់នោះ? ពួកគេគិតថា ទាំងនោះគឺជាតង្វាយរបស់ព្រះជាម្ចាស់ ហើយតង្វាយត្រូវបានថ្វាយដល់ព្រះជាម្ចាស់ដោយរាស្ដ្ររើសតាំងរបស់ទ្រង់ ដូច្នេះ របស់ទាំងនោះគឺជារបស់ព្រះជាម្ចាស់ ជារបស់ដែលគេអាចនិយាយបានថាជា «ទ្រព្យសម្បត្តិផ្ទាល់ខ្លួន» របស់ទ្រង់។ អ្វីដែលជារបស់ព្រះជាម្ចាស់ មិនមែនជារបស់រួមទេ ហើយក៏មិនមែនជារបស់បុគ្គលណាម្នាក់ដែរ។ តើនរណាជាម្ចាស់នៃដំណាក់របស់ព្រះជាម្ចាស់? (ព្រះជាម្ចាស់)។ មែនហើយ គឺព្រះជាម្ចាស់។ ចុះតើដំណាក់របស់ព្រះជាម្ចាស់រួមមានអ្វីខ្លះ? គឺរួមមានរាស្ដ្ររើសតាំងរបស់ទ្រង់នៅក្នុងពួកជំនុំនីមួយៗ ក៏ដូចជាសម្ភារៈ និងទ្រព្យសម្បត្តិទាំងអស់នៃពួកជំនុំនីមួយៗ។ របស់ទាំងអស់នេះគឺជារបស់ព្រះជាម្ចាស់។ របស់ទាំងនេះដាច់ខាតមិនមែនជារបស់បុគ្គលណាម្នាក់ឡើយ ហើយគ្មាននរណាម្នាក់មានសិទ្ធិយកវាមកធ្វើជារបស់ខ្លួនទេ។ តើពួកទទឹងនឹងព្រះគ្រីស្ទនឹងគិតបែបនោះដែរឬទេ? (ទេ)។ ពួកគេជឿថា តង្វាយគឺជារបស់នរណាក៏ដោយដែលគ្រប់គ្រងវា ជារបស់នរណាក៏ដោយដែលមានឱកាសដកយកពីវា ហើយថាប្រសិនបើបុគ្គលណាម្នាក់ជាអ្នកដឹកនាំ ពួកគេមានសិទ្ធិសោយសុខនឹងតង្វាយទាំងនោះ។ នោះហើយជាមូលហេតុដែលពួកគេតែងតែដេញតាមឋានៈដោយអស់ពីកម្លាំងកាយចិត្តរបស់ពួកគេ។ នៅពេលដែលពួកគេទទួលបានវាហើយ ក្ដីសង្ឃឹមទាំងអស់របស់ពួកគេក៏បានសម្រេចនៅទីបំផុត។ ហេតុអ្វីបានជាពួកគេដេញតាមឋានៈ? ប្រសិនបើអ្នកឱ្យពួកគេដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដោយម៉ត់ចត់ ដោយធ្វើអ្វីៗមានគោលការណ៍ ប៉ុន្តែមិនអនុញ្ញាតឱ្យពួកគេប៉ះពាល់ទ្រព្យសម្បត្តិរបស់ពួកជំនុំ ឬតង្វាយរបស់ព្រះជាម្ចាស់ទេ តើពួកគេនឹងនៅតែសកម្មក្នុងការប្រជែងយកតំណែងខ្ពស់បែបនេះដែរឬទេ? ដាច់ខាតគឺទេហើយ។ ពួកគេនឹងរង់ចាំដោយអសកម្ម ហើយបណ្ដោយឱ្យអ្វីៗប្រព្រឹត្តទៅតាមដំណើររបស់វា។ ពួកគេនឹងគិតថា៖ «ប្រសិនបើខ្ញុំត្រូវបានគេបោះឆ្នោតជ្រើសរើស ខ្ញុំនឹងធ្វើកិច្ចការនោះ ហើយបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ ប្រសិនបើខ្ញុំមិនត្រូវបានគេជ្រើសរើសទេ ខ្ញុំនឹងមិនទៅអែបអបនរណាម្នាក់ឡើយ។ ខ្ញុំនឹងមិននិយាយ ឬធ្វើអ្វីអំពីរឿងនេះទេ»។ គឺដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទគិតថា ក្នុងនាមជាអ្នកដឹកនាំម្នាក់ គេមានសិទ្ធិបង្គាប់បញ្ជា និងសោយសុខនឹងទ្រព្យសម្បត្តិទាំងអស់របស់ពួកជំនុំ ទើបពួកគេប្រឹងប្រែងគិតរកគ្រប់មធ្យោបាយក្នុងការប៉ុនប៉ងឈោងចាប់តំណែងខ្ពស់ រហូតដល់ថ្នាក់ឥតអៀនខ្មាស ដើម្បីទទួលបានឋានៈ និងសោយសុខនឹងអ្វីៗគ្រប់យ៉ាងដែលឋានៈនោះនាំមកឱ្យ។ តើការឥតអៀនខ្មាសមានន័យដូចម្ដេច? វាមានន័យថា ធ្វើរឿងដែលអាម៉ាស់មុខ នោះហើយជាអត្ថន័យនៃការឥតអៀនខ្មាស។ ប្រសិនបើមាននរណាម្នាក់និយាយទៅកាន់ពួកគេថា៖ «អ្វីដែលអ្នកកំពុងធ្វើ គឺពិតជាគួរឱ្យអាម៉ាស់ណាស់!» ពួកគេនឹងមិនខ្វល់ឡើយ តែបែរជាគិតថា៖ «តើមានអ្វីគួរឱ្យអាម៉ាស់ទៅ? តើនរណាដែលមិនចូលចិត្តឋានៈនោះ? តើអ្នកដឹងទេថា ការមានឋានៈមានអារម្មណ៍បែបណា? ការបានគ្រប់គ្រងប្រាក់មានអារម្មណ៍បែបណា? តើអ្នកស្គាល់ក្ដីអំណរនោះទេ? តើអ្នកស្គាល់អារម្មណ៍នៃឯកសិទ្ធិនោះទេ? តើអ្នកធ្លាប់ភ្លក់វាហើយឬនៅ?» នោះហើយជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញឋានៈ នៅក្នុងជម្រៅចិត្តរបស់ពួកគេ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទទទួលបានឋានៈ ពួកគេនឹងចង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាង។ ពួកគេនឹងយកតង្វាយរបស់ព្រះជាម្ចាស់មកដាក់ក្រោមការគ្រប់គ្រងរបស់ពួកគេផងដែរ។ ពួកគេចង់មានសិទ្ធិសម្រេចចុងក្រោយលើផ្នែកណាក៏ដោយនៃកិច្ចការរបស់ពួកជំនុំដែលត្រូវចំណាយប្រាក់ ដោយមិនដែលពិគ្រោះយោបល់ជាមួយខាងលើឡើយ។ ពួកគេក្លាយជាម្ចាស់លើប្រាក់នៃដំណាក់របស់ព្រះជាម្ចាស់ ហើយដំណាក់របស់ព្រះជាម្ចាស់ក៏ក្លាយជារបស់ពួកគេ។ ពួកគេមានសិទ្ធិសម្រេចចុងក្រោយលើប្រាក់នោះ មានសិទ្ធិបញ្ជាថាតើត្រូវធ្វើអ្វីជាមួយវា មានសិទ្ធិឱ្យវាទៅបុគ្គលនេះ ឬបុគ្គលនោះតាមតែចិត្តរបស់ពួកគេ និងមានសិទ្ធិបង្គាប់បញ្ជាថាតើប្រាក់គ្រប់ចំណែកទាំងអស់ត្រូវចំណាយដោយរបៀបណា។ ចំពោះតង្វាយរបស់ព្រះជាម្ចាស់ ពួកគេមិនដែលធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងម៉ត់ចត់ ស្របតាមគោលការណ៍ឡើយ ផ្ទុយទៅវិញ ពួកគេចាយវាយខ្ជះខ្ជាយ ហើយអ្វីដែលពួកគេនិយាយ គឺត្រូវតែអនុវត្តតាម។ បុគ្គលបែបនោះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ។
ធ្លាប់មាននរណាម្នាក់ដែលបានប្រើប្រាស់តង្វាយរបស់ព្រះជាម្ចាស់ដោយមិនត្រឹមត្រូវជាសម្ងាត់ ដែលនេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ។ វាមិនមែនជាអំពើរំលងធម្មតាទេ វាគឺជាបញ្ហាដែលទាក់ទងនឹងសារជាតិធម្មជាតិរបស់ពួកគេ។ នៅពេលដែលពួកគេទាក់ទងជាមួយអ្នកគ្មានជំនឿ ក្នុងពេលចាត់ចែងកិច្ចការមួយចំនួន ពួកគេតែងតែបង្អួតខ្លួន ដើម្បីឱ្យគេគិតថាពួកគេមានប្រាក់ និងអំណាច។ ជាលទ្ធផល មនុស្សម្នាក៏សុំខ្ចីប្រាក់ពីពួកគេ។ បុគ្គលនេះមិនត្រឹមតែមិនបដិសេធពួកគេប៉ុណ្ណោះទេ ថែមទាំងបានសន្យាថានឹងឱ្យពួកគេខ្ចីប្រាក់ទៀតផង ហើយបន្ទាប់មកក៏បានធ្វើដូច្នេះមែន ដោយប្រើល្បិចបោកបញ្ឆោតចំពោះដំណាក់របស់ព្រះជាម្ចាស់។ បុគ្គលនេះមានបញ្ហាធ្ងន់ធ្ងរណាស់។ ចំពោះបញ្ហាដ៏ធំបែបនេះ អ្នកគួរតែធ្វើសេចក្ដីរាយការណ៍ទៅខាងលើ ហើយពន្យល់ពីការពិតនៃរឿងនេះ អ្នកមិនអាចយកតង្វាយរបស់ព្រះជាម្ចាស់ទៅធ្វើជាការយកមុខយកមាត់ជាមួយមនុស្ស ដើម្បីតែមុខមាត់ និងកិត្តិយសផ្ទាល់ខ្លួនរបស់អ្នកបានឡើយ។ នោះហើយជារបៀបដែលមនុស្សដែលមានវិចារណញាណ និងមានចិត្តកោតខ្លាចព្រះជាម្ចាស់ នឹងចាត់ចែងបញ្ហាបែបនេះ នៅពេលដែលពួកគេជួបប្រទះ។ ប៉ុន្តែ តើពួកទទឹងនឹងព្រះគ្រីស្ទធ្វើបែបនោះដែរឬទេ? ហេតុអ្វីបានជាពួកគេត្រូវបានគេហៅថា ពួកទទឹងនឹងព្រះគ្រីស្ទ? ពីព្រោះពួកគេគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់សូម្បីតែបន្តិច ពួកគេធ្វើតាមតែអំពើចិត្តរបស់ពួកគេ ដោយរុញច្រានព្រះជាម្ចាស់ សេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ចោលទៅម្ខាង។ ពួកគេគ្មានការចុះចូលពិតប្រាកដចំពោះព្រះជាម្ចាស់ទាល់តែសោះ ប៉ុន្តែបែរជាផ្ដល់អាទិភាពដល់ផលប្រយោជន៍ផ្ទាល់ខ្លួន កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់ពួកគេទៅវិញ។ ពួកគេប្រើមធ្យោបាយបោកបញ្ឆោត ដើម្បីបំភាន់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការរបស់ពួកជំនុំ ហើយតាមរយៈនោះ ក៏ឱ្យអ្នកគ្មានជំនឿខ្ចីប្រាក់។ តើវាជាប្រាក់របស់ពួកគេឬ? ដោយគ្រាន់តែនិយាយពីរបីម៉ាត់ ពួកគេក៏ឱ្យគេខ្ចីប្រាក់នោះបាត់ទៅ តើនេះមិនមែនជាការធ្វើឱ្យតង្វាយរបស់ព្រះជាម្ចាស់ក្លាយជាអំណោយទេឬអី? នេះគឺជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ ហើយអ្នកខ្លះពិតជាបានធ្វើរឿងបែបនេះមែន។ ដើម្បីឱ្យពួកគេអាចធ្វើរឿងបែបនេះបាន និស្ស័យរបស់ពួកគេច្បាស់ជាគឃ្លើន ក្រអឺតក្រទមយ៉ាងខ្លាំង និងពេញដោយឧបាយកលផងដែរ។ វាក៏ច្បាស់ណាស់ដែរថា ពួកគេល្ងង់ខ្លៅ ល្ងង់ដល់កម្រិតកំពូល ហើយពួកគេច្បាស់ជានឹងធ្លាក់ក្នុងអន្ទាក់ខ្លួនឯងមិនខាន។ ប្រាប់ខ្ញុំមក តើមនុស្សបែបនេះគួរត្រូវបានចាត់ការដោយរបៀបណា? (ពួកគេគួរតែត្រូវបានបណ្ដេញចេញ។) ត្រឹមហ្នឹងឬ? ការបណ្ដេញចេញឬ? តើនរណានឹងសងការខាតបង់ទាំងនេះ? ពួកគេត្រូវតែសងសំណងសិន ទើបបណ្ដេញចេញ។ តើពួកទទឹងនឹងព្រះគ្រីស្ទមិនគឃ្លើនទេឬអី ដែលអាចធ្វើរឿងបែបនេះបាននោះ? តើពួកគេខុសពីមហាទេវតាយ៉ាងដូចម្ដេចទៅ? មហាទេវតានឹងនិយាយយ៉ាងគឃ្លើនថា៖ «គឺខ្ញុំនេះហើយដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ មនុស្សជាតិគឺជារបស់ខ្ញុំសម្រាប់ខ្ញុំត្រួតត្រា!» វាជាន់ឈ្លី និងធ្វើឱ្យមនុស្សជាតិពុករលួយតាមតែអំពើចិត្ត។ នៅពេលដែលបុគ្គលទទឹងនឹងព្រះគ្រីស្ទបានក្ដោបក្ដាប់អំណាច គេនិយាយថា៖ «អ្នករាល់គ្នាត្រូវតែជឿលើខ្ញុំ និងដើរតាមខ្ញុំ។ ខ្ញុំជាអ្នកគ្រប់គ្រងនៅទីនេះ ហើយខ្ញុំជាអ្នកមានសិទ្ធិសម្រេចចុងក្រោយ។ ត្រូវមករកខ្ញុំក្នុងគ្រប់រឿងរ៉ាវទាំងអស់ ហើយយកប្រាក់របស់ពួកជំនុំមកឱ្យខ្ញុំ!» មនុស្សមួយចំនួននិយាយថា៖ «ហេតុអ្វីបានជាពួកយើងត្រូវប្រគល់ប្រាក់របស់ពួកជំនុំទៅឱ្យអ្នក?» ហើយបុគ្គលទទឹងនឹងព្រះគ្រីស្ទនិយាយថា៖ «ខ្ញុំគឺជាអ្នកដឹកនាំ។ វាគឺជាសិទ្ធិរបស់ខ្ញុំក្នុងការគ្រប់គ្រងរឿងនេះ។ ខ្ញុំត្រូវតែគ្រប់គ្រងអ្វីៗគ្រប់យ៉ាង រួមទាំងតង្វាយផងដែរ!» ហើយបន្ទាប់មក ពួកគេក៏ក្ដោបក្ដាប់អ្វីៗគ្រប់យ៉ាង។ ពួកទទឹងនឹងព្រះគ្រីស្ទមិនខ្វល់ថា តើបងប្អូនប្រុសស្រីមានបញ្ហា ឬការលំបាកអ្វីខ្លះនៅក្នុងច្រកចូលទៅក្នុងជីវិតរបស់ពួកគេ ឬថាតើពួកគេខ្វះខាតសៀវភៅសេចក្ដីអធិប្បាយ និងសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់អ្វីខ្លះនោះទេ។ អ្វីដែលពួកគេខ្វល់ គឺថាតើនរណាជាអ្នករក្សាទុកប្រាក់របស់ពួកជំនុំ តើមានប្រាក់ចំនួនប៉ុន្មាន ហើយតើវាត្រូវបានប្រើប្រាស់ដោយរបៀបណា។ ប្រសិនបើខាងលើសាកសួរអំពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកជំនុំនោះ ពួកគេមិនត្រឹមតែមិនប្រគល់ប្រាក់របស់ពួកជំនុំជូនខាងលើប៉ុណ្ណោះទេ ពួកគេថែមទាំងមិនបណ្ដោយឱ្យខាងលើដឹងពីការពិតទៀតផង។ ហេតុអ្វីបានជាពួកគេមិនធ្វើបែបនោះ? ពីព្រោះពួកគេចង់កិបកេង និងយកប្រាក់របស់ពួកជំនុំធ្វើជារបស់ខ្លួនឯង។ ពួកទទឹងនឹងព្រះគ្រីស្ទមានចំណាប់អារម្មណ៍ខ្លាំងបំផុតលើសម្ភារៈ ប្រាក់ និងឋានៈ។ ពួកគេពិតជាមិនដូចអ្វីដែលពួកគេនិយាយនៅលើសំបកក្រៅឡើយ ដែលថា៖ «ខ្ញុំជឿលើព្រះ។ ខ្ញុំមិនដេញតាមលោកីយ៍ទេ ហើយខ្ញុំក៏មិនលោភលន់ចង់បានប្រាក់ដែរ»។ ពួកគេដាច់ខាតមិនដូចអ្វីដែលពួកគេនិយាយឡើយ។ ហេតុអ្វីបានជាពួកគេដេញតាម និងរក្សាឋានៈដោយអស់ពីកម្លាំងកាយចិត្តរបស់ពួកគេ? ពីព្រោះពួកគេចង់កាន់កាប់ ឬត្រួតត្រា និងរឹបអូសយកអ្វីៗគ្រប់យ៉ាងដែលស្ថិតក្រោមសិទ្ធិអំណាចរបស់ ជាពិសេសគឺប្រាក់ និងសម្ភារៈ។ ពួកគេសោយសុខនឹងប្រាក់ និងសម្ភារៈទាំងនេះ ហាក់ដូចជាវាជាផលប្រយោជន៍នៃឋានៈរបស់ពួកគេអ៊ីចឹង។ ពួកគេគឺជាកូនចៅពិតប្រាកដរបស់មហាទេវតា ដែលមានសារជាតិធម្មជាតិរបស់សាតាំងទាំងឈ្មោះ និងធាតុពិត។ អស់អ្នកណាដែលដេញតាមឋានៈ និងឱ្យតម្លៃលើប្រាក់ ច្បាស់ជាមានបញ្ហាជាមួយនឹងសារជាតិនិស្ស័យរបស់ពួកគេមិនខាន។ វាមិនសាមញ្ញត្រឹមតែថាពួកគេមាននិស្ស័យបែបបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះទេ៖ ពួកគេមានមហិច្ឆតាធំណាស់។ ពួកគេចង់ត្រួតត្រាប្រាក់នៃដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើពួកគេត្រូវបានចាត់តាំងឱ្យទទួលខុសត្រូវលើកិច្ចការណាមួយ នោះជាបឋម ពួកគេនឹងមិនបណ្ដោយឱ្យអ្នកដទៃមកជ្រៀតជ្រែកឡើយ ហើយពួកគេក៏មិនទទួលយកការសាកសួរ ឬការមើលការខុសត្រូវពីខាងលើដែរ លើសពីនេះទៅទៀត នៅពេលដែលពួកគេជាអ្នកមើលការខុសត្រូវលើកិច្ចការណាមួយ ពួកគេនឹងរកវិធីដើម្បីអួតបង្ហាញខ្លួន ការពារខ្លួនឯង និងលើកតម្កើងខ្លួនឯង។ ពួកគេតែងតែចង់ឈ្នះគេ និងនៅលើគេ ចង់ក្លាយជាមនុស្សដែលត្រួតត្រា និងគ្រប់គ្រងអ្នកដទៃ។ ពួកគេក៏ចង់ក្ដោបក្ដាប់ឋានៈ និងប្រជែងយកឋានៈកាន់តែខ្ពស់ ហើយថែមទាំងចង់គ្រប់គ្រងគ្រប់ផ្នែកទាំងអស់នៃដំណាក់របស់ព្រះជាម្ចាស់ ជាពិសេសគឺប្រាក់របស់ដំណាក់របស់ព្រះជាម្ចាស់តែម្ដង។ ពួកទទឹងនឹងព្រះគ្រីស្ទមានសេចក្ដីស្រឡាញ់យ៉ាងពិសេសចំពោះប្រាក់។ នៅពេលដែលពួកគេឃើញវា ភ្នែករបស់ពួកគេភ្លឺឡើង នៅក្នុងគំនិតរបស់ពួកគេ ពួកគេតែងតែគិតអំពីប្រាក់ និងខិតខំប្រឹងប្រែងដើម្បីទទួលបានវា។ ទាំងនេះសុទ្ធតែជាសញ្ញា និងភស្តុតាងនៃពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ ឬព្យាយាមស្វែងយល់អំពីសភាពរបស់បងប្អូនប្រុសស្រី ដោយសួរសំណួរដូចជា តើមានប៉ុន្មាននាក់ដែលទន់ខ្សោយ និងអវិជ្ជមាន តើពួកគេម្នាក់ៗទទួលបានលទ្ធផលអ្វីខ្លះនៅក្នុងភារកិច្ចរបស់ពួកគេ ហើយតើនរណាខ្លះដែលមិនស័ក្ដិសមនឹងភារកិច្ចរបស់ពួកគេ នោះពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនចាប់អារម្មណ៍ឡើយ។ ប៉ុន្តែ នៅពេលនិយាយដល់តង្វាយរបស់ព្រះជាម្ចាស់ ដូចជាចំនួនប្រាក់ តើនរណាជាអ្នករក្សាការពារវា តើវាត្រូវបានរក្សាទុកនៅឯណា លេខកូដសម្ងាត់របស់វា និងរឿងផ្សេងៗទៀត នេះគឺជាអ្វីដែលពួកគេខ្វល់ខ្វាយបំផុត។ ពួកទទឹងនឹងព្រះគ្រីស្ទយល់ដឹងច្បាស់ណាស់អំពីរឿងទាំងនេះ។ ពួកគេដឹងពីរឿងទាំងនេះច្បាស់ដូចបាតដៃរបស់ពួកគេអ៊ីចឹង។ នេះក៏ជាសញ្ញាមួយនៃពួកទទឹងនឹងព្រះគ្រីស្ទផងដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទពូកែបំផុតខាងនិយាយពាក្យសម្ដីដែលស្ដាប់ទៅពីរោះ ប៉ុន្តែពួកគេមិនធ្វើកិច្ចការជាក់ស្ដែងឡើយ។ ផ្ទុយទៅវិញ ពួកគេតែងតែជាប់គំនិតចង់សោយសុខនឹងតង្វាយរបស់ព្រះជាម្ចាស់។ ប្រាប់ខ្ញុំមក តើពួកទទឹងនឹងព្រះគ្រីស្ទមិនអសីលធម៌ទេឬអី? ពួកគេគ្មានភាពជាមនុស្សទាល់តែសោះ ពួកគេគឺជាអារក្សតាំងសុទ្ធសាធ។ នៅក្នុងកិច្ចការរបស់ពួកគេ ពួកគេតែងតែហាមឃាត់ការជ្រៀតជ្រែក ការសាកសួរ និងការមើលការខុសត្រូវពីអ្នកដទៃ។ នេះគឺជាឥរិយាបថទីបី នៅក្នុងការស្ដែងចេញទីប្រាំបីនៃពួកទទឹងនឹងព្រះគ្រីស្ទ។
កាលពីពេលមុន ពួកជំនុំនៅប្រទេសមួយបានទិញអគារមួយ ហើយត្រូវការជួសជុលវាឡើងវិញ ហើយចៃដន្យអី អ្នកដឹកនាំពួកជំនុំនៅក្នុងប្រទេសនោះ គឺជាបុគ្គលទទឹងនឹងព្រះគ្រីស្ទម្នាក់ ដែលមិនទាន់បានបង្ហាញធាតុពិតរបស់នាងនៅឡើយ។ បុគ្គលទទឹងនឹងព្រះគ្រីស្ទនោះបានប្រើប្រាស់មនុស្សម្នាក់ដែលគ្មាននរណាស្គាល់ច្បាស់ សម្រាប់ការជួសជុលនោះ ហើយគ្មាននរណាម្នាក់ដឹងថា គាត់មានទំនាក់ទំនងបែបណាជាមួយនាងឡើយ។ ជាលទ្ធផល មនុស្សអាក្រក់នោះបានកេងចំណេញពីស្ថានការណ៍នេះ ហើយប្រាក់យ៉ាងច្រើនដែលមិនគួរចំណាយ ត្រូវបានខ្ជះខ្ជាយក្នុងអំឡុងពេលជួសជុលនោះ។ មានគ្រឿងសង្ហារិមដែលអាចប្រើប្រាស់បានមួយចំនួនដែលមកជាមួយផ្ទះនោះ ត្រូវបានគេជញ្ជូនចេញទាំងអស់ ហើយជំនួសដោយរបស់ថ្មី។ គ្រឿងសង្ហារិមចាស់ៗដែលត្រូវបានជញ្ជូនចេញនោះ បន្ទាប់មកត្រូវបានមនុស្សអាក្រក់នោះលក់យកប្រាក់។ តាមពិត របស់ទាំងនោះមិនទាន់ខូចទេ គឺនៅតែអាចប្រើប្រាស់បាន ប៉ុន្តែ មនុស្សអាក្រក់នោះបានចំណាយប្រាក់បន្ថែមមួយចំនួនទៀតដើម្បីទិញរបស់ថ្មី ក្នុងគោលបំណងរកប្រាក់ និងកេងចំណេញពីស្ថានការណ៍នេះ។ តើបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះដឹងអំពីរឿងទាំងនេះដែរឬទេ? នាងដឹង។ ចុះហេតុអ្វីបានជានាងបណ្ដោយឱ្យគាត់ធ្វើបែបនោះ? ពីព្រោះពួកគេច្បាស់ជាមានទំនាក់ទំនងមិនប្រក្រតីមិនខាន។ មានមនុស្សមួយចំនួនបានឃើញបញ្ហានេះ ហើយបម្រុងនឹងតាមដាន និងត្រួតពិនិត្យការងារជួសជុលនោះ ដើម្បីមើលថាតើវាដំណើរការទៅយ៉ាងណា។ ភ្លាមៗនៅពេលដែលពួកគេនិយាយថា ពួកគេនឹងទៅមើលការងារជួសជុលនោះ បុគ្គលទទឹងនឹងព្រះគ្រីស្ទនោះក៏មានការព្រួយបារម្ភ និងខ្វាយខ្វល់ ហើយនិយាយថា៖ «ទេ! មិនទាន់ដល់ពេលកំណត់ទេ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យមើលឡើយ!» ប្រតិកម្មរបស់នាងគឺខ្លាំងក្លា និងរសើបខ្លាំងណាស់ តើមានរឿងអ្វីមួយលាក់នៅពីក្រោយរឿងនេះឬ? (មែនហើយ)។ មនុស្សទាំងនោះ ពេលនេះចាប់ផ្ដើមមានការព្រួយបារម្ភបន្តិច ក៏បានពិភាក្សាគ្នាអំពីរឿងនេះថា៖ «ធ្វើបែបនេះមិនកើតទេ។ នាងមិនព្រមឱ្យពួកយើងមើលការងារជួសជុលនោះទេ។ ច្បាស់ជាមានបញ្ហានៅទីនេះមិនខាន ពួកយើងត្រូវតែទៅមើលទីតាំងការងារនោះ»។ ប៉ុន្តែ បុគ្គលទទឹងនឹងព្រះគ្រីស្ទនោះនៅតែមិនព្រមឱ្យគេមើល រហូតដល់ពេលដែលកិច្ចការនោះត្រូវប្រគល់ឱ្យ។ ប្រាប់ខ្ញុំមក តើមនុស្សទាំងនោះមិនច្របូកច្របល់ទេឬអី? ការពិតដែលថាបុគ្គលទទឹងនឹងព្រះគ្រីស្ទមិនព្រមឱ្យគេមើលការងារជួសជុលនោះ បានបញ្ជាក់ថាមានរឿងអ្វីមួយកំពុងកើតឡើងហើយ។ ពួកគេគួរតែប្រញាប់រាយការណ៍រឿងនេះទៅខាងលើ ឬរួមគ្នាដកនាងចេញ ឬបង្ខំចូលទៅមើល និងត្រួតពិនិត្យការងារជួសជុលនោះ។ នោះគឺជាការទទួលខុសត្រូវរបស់ពួកគេ។ ប្រសិនបើពួកគេមិនអាចទទួលខុសត្រូវចំពោះរឿងនេះបានទេ នោះមានន័យថា ពួកគេគឺជាមនុស្សគ្មានបានការ និងជាមនុស្សកំសាកអសមត្ថភាពហើយ។ មនុស្សកំសាកអសមត្ថភាពទាំងនោះមិនបានបន្ដតាមដានរឿងនេះឡើយ។ វាមិនមែនជាបញ្ហាផ្ទះរបស់ពួកគេផ្ទាល់ទេ ដូច្នេះ ពួកគេគ្រាន់តែធ្វើមិនអើពើនឹងរឿងនេះប៉ុណ្ណោះ។ នោះហើយជាភាពអាត្មានិយម និងការខ្វះការទទួលខុសត្រូវរបស់ពួកគេ។ ហើយនៅពេលដែលការងារនោះត្រូវបានប្រគល់ឱ្យ ខ្ញុំបានឃើញតាមរយៈវីដេអូថា មានបញ្ហាមួយ។ តើខ្ញុំបានឃើញបញ្ហាអ្វី? មានតុមួយនៅកណ្ដាលបន្ទប់ប្រជុំ ហើយនៅជុំវិញនោះមានកៅអីស្បែក ដូចកៅអីដែលគេប្រើនៅក្នុងការិយាល័យប្រណីតៗអ៊ីចឹង។ កៅអីដែលខ្ញុំអង្គុយ សុទ្ធតែជាកៅអីធម្មតា ដូច្នេះ តើមនុស្សធម្មតាទាំងនោះគួរតែប្រើប្រាស់របស់ប្រណីតៗបែបនេះដែរឬទេ? (ទេ)។ នោះគឺជាប្រភេទគ្រឿងសង្ហារិមដែលអ្នកទាំងពីរនោះបានបំពាក់ ហើយមនុស្សនៅទីនោះមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងក្នុងការអង្គុយលើកៅអីទាំងនោះ។ នៅពេលដែលខ្ញុំបានរកឃើញបញ្ហានេះ ខ្ញុំក៏បានហៅមនុស្សពាលនោះមក ហើយចាប់ផ្ដើមស៊ើបអង្កេតរឿងនេះ។ នៅគ្រប់ទីកន្លែង នៅក្នុងបន្ទប់នីមួយៗ ការត្រួតពិនិត្យបានបង្ហាញឱ្យឃើញបញ្ហាជាច្រើន និងការខាតបង់ហិរញ្ញវត្ថុយ៉ាងសន្ធឹកសន្ធាប់។ គ្រឿងសង្ហារិមដើមមួយចំនួនរបស់ផ្ទះនោះនៅអាចប្រើប្រាស់បាន ប៉ុន្តែ មនុស្សអាក្រក់នោះបានជញ្ជូនវាចេញ ហើយលក់វា ដើម្បីរកប្រាក់ពីរបស់ទាំងនោះ លើសពីនេះទៅទៀត គាត់បានចំណេញប្រាក់ នៅពេលដែលគាត់ទិញគ្រឿងសង្ហារិមថ្មីៗដែលមានតម្លៃថ្លៃទាំងនោះ ហើយបន្ថែមពីនេះ គាត់បានបំពាក់ឧបករណ៍មួយចំនួនដែលមិនគួរមាននៅក្នុងពួកជំនុំឡើយ។ មនុស្សអាក្រក់នោះបានធ្វើរឿងនេះដោយមិនបានពិគ្រោះយោបល់ជាមួយនរណាម្នាក់ឡើយ។ នៅពេលដែលគាត់ធ្វើបែបនេះ តើបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះដឹងអំពីរឿងនេះដែរឬទេ? នាងប្រហែលជាដឹងហើយ។ នាងបានទៅការដ្ឋាននោះជារៀងរាល់ថ្ងៃ ហើយបន្ទាប់ពីបានឃើញរឿងនេះ នាងមិនបានរាយការណ៍ទេ តែបែរជាបណ្ដោយឱ្យគាត់បង្ហិនខ្ជះខ្ជាយទៅវិញ។ ពិតជាថ្លើមធំមែន! តើនាងជាអ្នកជឿលើព្រះជាម្ចាស់ដែរឬទេ? បន្ទាប់ពីជឿលើព្រះជាម្ចាស់អស់រយៈពេល ២០ ឆ្នាំ នាងគួរឱ្យស្អប់ខ្ពើមដល់ថ្នាក់នេះ ហើយបានធ្វើរឿងបែបនេះ តើនាងជាមនុស្សប្រភេទណាទៅ? នាងមិនមែនជាមនុស្សទេ! សូម្បីតែមនុស្សល្អក្នុងចំណោមអ្នកគ្មានជំនឿ ក៏មិនធ្វើបែបនោះដែរ ពិតជាអសីលធម៌មែន! រាល់ពេលដែលខាងលើសួរនាងអំពីរឿងការងារសាងសង់ នាងធ្វើពុតជាល្ងង់ដើម្បីបោកបញ្ឆតខាងលើ ដោយបិទបាំង និងលាក់កំបាំងរឿងរ៉ាវ ហើយនៅទីបញ្ចប់ បញ្ហាជាច្រើនក៏បានកើតឡើង។ បើដូច្នេះ តើវាហួសហេតុពេកទេ ដែលបណ្ដេញនាងចេញ ហើយឱ្យនាងទៅរកការងារធ្វើដើម្បីរកប្រាក់មកសងការខាតបង់ទាំងនោះ? (ទេ)។ ប្រាប់ខ្ញុំមក ទោះបីជាបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះអាចសងប្រាក់នោះវិញក៏ដោយ តើនាងអាចបានសេចក្ដីសុខសាន្តនៅក្នុងជាតិនេះ? តើនាងអាចមានពេលវេលាដ៏សុខស្រួលដែរឬទេ? ខ្ញុំខ្លាចថានាងនឹងត្រូវចំណាយពេលពេញមួយជីវិតរបស់នាងនៅក្នុងការរងទុក្ខទារុណមិនខាន។ ប្រសិនបើនាងដឹងថា ទង្វើរបស់នាងនឹងនាំមកដល់លទ្ធផលបែបនេះ តើហេតុអ្វីបានជានាងធ្វើបែបនោះកាលពីពេលនោះ? ហេតុអ្វីបានជានាងធ្វើបែបនោះតាំងពីដំបូង? វាមិនមែនថានាងទើបតែជឿលើព្រះជាម្ចាស់បានមួយឆ្នាំ ឬពីរឆ្នាំ ហើយមិនដឹងពីច្បាប់ទម្លាប់នៅក្នុងដំណាក់របស់ទ្រង់ ឬមិនដឹងថាការមានចិត្តកោតខ្លាចព្រះជាម្ចាស់គឺជាអ្វី ឬភាពស្មោះត្រង់គឺជាអ្វីនោះទេ បន្ទាប់ពីជឿលើទ្រង់អស់រយៈពេលជាច្រើនឆ្នាំមក នាងមិនបានផ្លាស់ប្ដូរទាល់តែសោះ ហើយទោះបីជានាងអាចបម្រើការបានបន្តិចបន្តួចក៏ដោយ ក៏នាងនៅតែប្រព្រឹត្តអំពើអាក្រក់បែបនេះដែរ! ដោយសារតែភាពគួរឱ្យស្អប់ខ្ពើមដល់ថ្នាក់នេះ នាងគួរតែត្រូវបានជម្រុះចោល និងត្រូវបណ្ដាសា!
ពួកទទឹងនឹងព្រះគ្រីស្ទមានចំណុចរួមមួយនៅក្នុងរបៀបដែលពួកគេធ្វើការ៖ មិនថាពួកគេកំពុងធ្វើកិច្ចការអ្វីក៏ដោយ ពួកគេហាមឃាត់អ្នកដទៃមិនឱ្យជ្រៀតជ្រែក ឬសាកសួរឡើយ។ ពួកគេតែងតែចង់លាក់កំបាំង និងបិទបាំងរឿងរ៉ាវ។ ពួកគេច្បាស់ជាមានរឿងមិនប្រក្រតីអ្វីមួយមិនខាន ពួកគេមិនបណ្ដោយឱ្យមនុស្សម្នារកឃើញបញ្ហានៅក្នុងកិច្ចការរបស់ពួកគេឡើយ។ ប្រសិនបើពួកគេធ្វើរឿងរ៉ាវដោយទៀងត្រង់ និងបើកចំហ តាមរបៀបដែលស្របតាមសេចក្ដីពិត និងគោលការណ៍ ដោយមានមនសិការជ្រះថ្លា តើពួកគេមានអ្វីត្រូវព្រួយបារម្ភទៅ? តើមានអ្វីនៅក្នុងរឿងនោះ ដែលមិនអាចនិយាយចេញមកបានទៅ? ហេតុអ្វីបានជាពួកគេមិនអនុញ្ញាតឱ្យអ្នកដទៃសាកសួរ និងជ្រៀតជ្រែក? តើពួកគេព្រួយបារម្ភពីរឿងអ្វី? តើពួកគេខ្លាចអ្វី? ច្បាស់ណាស់ ពួកគេមានរឿងមិនប្រក្រតីអ្វីមួយហើយ គឺវាច្បាស់ក្រឡែតតែម្ដង! ពួកទទឹងនឹងព្រះគ្រីស្ទធ្វើការដោយគ្មានតម្លាភាពទាល់តែសោះ។ នៅពេលដែលពួកគេបានធ្វើរឿងអាក្រក់អ្វីមួយ ពួកគេគិតរកវិធីដើម្បីលាក់កំបាំង និងបិទបាំងវា ដោយប្រឌិតរូបភាពក្លែងក្លាយ ថែមទាំងបោកបញ្ឆោតដោយចំហទៀតផង។ តើលទ្ធផលនៃរឿងនេះគឺជាអ្វី? ព្រះជាម្ចាស់ពិនិត្យពិច័យអ្វីៗគ្រប់យ៉ាង ហើយទោះបីជាអ្នកដទៃប្រហែលជាមិនដឹងពីរឿងអ្វីមួយមួយរយៈ ហើយប្រហែលជាត្រូវបានគេបំភាន់មួយរយៈក៏ដោយ ក៏ថ្ងៃណាមួយ ព្រះជាម្ចាស់នឹងបើកសម្ដែងវាជាមិនខាន។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្វីៗគ្រប់យ៉ាងគឺបើកចំហ អ្វីៗគ្រប់យ៉ាងត្រូវបានបើកសម្ដែង។ វាគ្មានប្រយោជន៍ទេ ដែលអ្នកលាក់បាំងរឿងអ្វីមួយពីព្រះជាម្ចាស់នោះ។ ទ្រង់មានគ្រប់ព្រះចេស្ដា ហើយនៅពេលដែលទ្រង់សម្រេចព្រះទ័យបើកសម្ដែងអ្នក អ្វីៗគ្រប់យ៉ាងនឹងត្រូវបានលាតត្រដាងយ៉ាងច្បាស់ក្រឡែតនៅកណ្ដាលថ្ងៃត្រង់មិនខាន។ មានតែពួកទទឹងនឹងព្រះគ្រីស្ទ ជាមនុស្សល្ងីល្ងើដែលគ្មានការយល់ដឹងខាងវិញ្ញាណ និងដែលមានធម្មជាតិរបស់មហាទេវតាប៉ុណ្ណោះ ដែលជឿថា៖ «ដរាបណាខ្ញុំបិទបាំងរឿងរ៉ាវឱ្យជិតឈឹង ហើយមិនបណ្ដោយឱ្យអ្នកជ្រៀតជ្រែក ឬសាកសួរ និងមិនបណ្ដោយឱ្យអ្នកមើលការខុសត្រូវរឿងរ៉ាវទាំងនេះទេ នោះអ្នកនឹងមិនដឹងអ្វីឡើយ ហើយខ្ញុំនឹងគ្រប់គ្រងពួកជំនុំនេះបានទាំងស្រុង!» ពួកគេជឿថា ប្រសិនបើពួកគេគ្រប់គ្រងដូចជាស្ដេច ពួកគេនឹងអាចគ្រប់គ្រងស្ថានការណ៍បាន។ តើការពិតវាពិតជាអ៊ីចឹងមែនឬ? ពួកគេមិនដឹងថា ព្រះជាម្ចាស់មានគ្រប់ព្រះចេស្ដាឡើយ ភាពឆ្លាតវៃរបស់ពួកគេ គឺគ្រាន់តែជាអ្វីដែលពួកគេអះអាងដោយខ្លួនឯងប៉ុណ្ណោះ។ ព្រះជាម្ចាស់ពិនិត្យពិច័យអ្វីៗគ្រប់យ៉ាង។ ជាឧទាហរណ៍ ឧបមាថាអ្នកបានប្រព្រឹត្តអំពើអាក្រក់នៅថ្ងៃនេះ។ ព្រះជាម្ចាស់ពិនិត្យពិច័យរឿងនេះ ប៉ុន្តែទ្រង់មិនបើកសម្ដែងអ្នកទេ ទ្រង់កំពុងផ្ដល់ឱកាសឱ្យអ្នកប្រែចិត្ត។ អ្នកប្រព្រឹត្តអំពើអាក្រក់ម្ដងទៀតនៅថ្ងៃស្អែក ហើយអ្នកនៅតែមិនរាយការណ៍អំពីរឿងនេះ ឬប្រែចិត្តដដែល ព្រះជាម្ចាស់នៅតែផ្ដល់ឱកាសឱ្យអ្នក និងរង់ចាំឱ្យអ្នកប្រែចិត្ត។ ប៉ុន្តែ ប្រសិនបើអ្នកនៅតែមិនព្រមប្រែចិត្ត ព្រះជាម្ចាស់នឹងមិនចង់ផ្ដល់ឱកាសនោះដល់អ្នកទៀតឡើយ។ ទ្រង់នឹងខ្ពើមរអើមអ្នក និងស្អប់ខ្ពើមអ្នក ហើយនៅក្នុងជម្រៅព្រះហឫទ័យរបស់ទ្រង់ ទ្រង់នឹងមិនចង់សង្គ្រោះអ្នកឡើយ ហើយទ្រង់នឹងបោះបង់អ្នកចោលទាំងស្រុង។ ក្នុងករណីនោះ វានឹងប្រើពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលទ្រង់បើកសម្ដែងអ្នក ហើយទោះបីជាអ្នកព្យាយាមបិទបាំងរឿងរ៉ាវ ឬរារាំងរឿងនេះយ៉ាងណាក៏ដោយ ក៏វានឹងគ្មានប្រយោជន៍ទាល់តែសោះ។ ទោះបីជាដៃរបស់អ្នកធំប៉ុណ្ណាក៏ដោយ តើអ្នកអាចយកវាទៅបាំងមេឃជិតដែរឬទេ? ទោះបីជាអ្នកមានសមត្ថភាពប៉ុណ្ណាក៏ដោយ តើអ្នកអាចបិទបាំងព្រះនេត្ររបស់ព្រះជាម្ចាស់បានដែរឬទេ? (ទេ)។ ទាំងនោះគឺជាគំនិតល្ងីល្ងើរបស់មនុស្ស។ ចំពោះថាព្រះជាម្ចាស់មានគ្រប់ព្រះចេស្ដាពិតប្រាកដយ៉ាងណានោះ មនុស្សអាចទទួលអារម្មណ៍ពីរឿងនេះបានបន្តិចបន្តួចរួចទៅហើយ នៅក្នុងព្រះបន្ទូលរបស់ទ្រង់។ លើសពីនេះទៅទៀត សមាជិកទាំងអស់នៃមនុស្សជាតិដែលពុករលួយនេះ ដែលបានប្រព្រឹត្តអំពើអាក្រក់យ៉ាងធ្ងន់ធ្ងរ និងបានប្រឆាំងនឹងព្រះជាម្ចាស់ដោយផ្ទាល់ សុទ្ធតែបានជួបប្រទះនឹងការដាក់ទោសផ្សេងៗ ហើយអស់អ្នកដែលឃើញរឿងនេះ សុទ្ធតែជឿជាក់ទាំងស្រុង និងទទួលស្គាល់ថាវាគឺជាការតបស្នង។ សូម្បីតែអ្នកគ្មានជំនឿក៏អាចមើលឃើញថា សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់មិនអាចប្រមាថបានឡើយ ដូច្នេះ អស់អ្នកដែលជឿលើទ្រង់ គួរតែអាចមើលឃើញរឿងនេះកាន់តែច្បាស់មិនខាន។ សព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ គឺមិនអាចវាស់ស្ទង់បានឡើយ។ មនុស្សគ្មានផ្លូវអាចមើលឃើញរឿងទាំងនោះឱ្យបានច្បាស់ឡើយ។ មានបទចម្រៀងមួយបទនោះ តើវាច្រៀងយ៉ាងម៉េចទៅ? («កិច្ចការរបស់ព្រះជាម្ចាស់មិនអាចវាស់ស្ទង់បានឡើយ»)។ នេះគឺជាសារជាតិរបស់ព្រះជាម្ចាស់ ជាការបើកសម្ដែងដ៏ពិតប្រាកដអំពីអត្តសញ្ញាណ និងសារជាតិរបស់ទ្រង់។ មិនចាំបាច់មានការស្មាន ឬការប៉ាន់ស្មានរបស់អ្នកឡើយ។ អ្នកគ្រាន់តែត្រូវជឿលើព្រះបន្ទូលទាំងនោះ នោះអ្នកនឹងមិនធ្វើរឿងល្ងីល្ងើបែបនេះទេ។ មនុស្សគ្រប់គ្នាសុទ្ធតែគិតថាខ្លួនឯងឆ្លាត ពួកគេយកស្លឹកឈើមកបាំងភ្នែកខ្លួនឯង ហើយនិយាយថា៖ «តើព្រះអង្គអាចទតឃើញទូលបង្គំដែរឬទេ?» ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ខ្ញុំមិនត្រឹមតែអាចទតឃើញអ្នកទាំងស្រុងប៉ុណ្ណោះទេ ខ្ញុំថែមទាំងទតឃើញចិត្តរបស់អ្នកផងដែរ ហើយខ្ញុំក៏ដឹងថាអ្នកបានមកកាន់ពិភពមនុស្សប៉ុន្មានដងហើយផងដែរ» ហើយមនុស្សក៏នៅគាំងនិយាយលែងចេញ។ កុំគិតថាខ្លួនឯងឆ្លាត កុំគិតថា៖ «ព្រះជាម្ចាស់មិនជ្រាបអំពីរឿងនេះទេ ហើយទ្រង់ក៏មិនជ្រាបអំពីរឿងនោះដែរ។ គ្មានបងប្អូនប្រុសស្រីណាម្នាក់បានឃើញឡើយ។ គ្មាននរណាម្នាក់ដឹងទេ។ ខ្ញុំមានល្បិចតូចមួយរបស់ខ្ញុំ។ មើលចុះ ខ្ញុំឆ្លាតប៉ុណ្ណា!» គ្មានមនុស្សណាម្នាក់នៅក្នុងពិភពលោកនេះ ដែលមិនយល់ពីសេចក្ដីពិត ឬមិនជឿថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗគ្រប់យ៉ាង ជាមនុស្សឆ្លាតឡើយ។ ទោះបីជាពួកគេនិយាយ ឬធ្វើអ្វីក៏ដោយ នៅទីបញ្ចប់ វាសុទ្ធតែជាកំហុស សុទ្ធតែជាការបំពានលើសេចក្ដីពិត និងសុទ្ធតែជាការទាស់ទទឹងនឹងព្រះជាម្ចាស់។ មានមនុស្សតែមួយប្រភេទប៉ុណ្ណោះដែលឆ្លាត។ តើជាប្រភេទណាទៅ? គឺជាប្រភេទមនុស្សដែលជឿថា ព្រះជាម្ចាស់ពិនិត្យពិច័យអ្វីៗគ្រប់យ៉ាង ថាទ្រង់អាចទតឃើញអ្វីៗគ្រប់យ៉ាង ហើយថាទ្រង់មានអធិបតេយ្យភាពលើអ្វីៗគ្រប់យ៉ាង។ មនុស្សបែបនោះគឺឆ្លាតវៃខ្លាំងណាស់ ពីព្រោះនៅក្នុងគ្រប់រឿងដែលពួកគេធ្វើ ពួកគេចុះចូលនឹងព្រះជាម្ចាស់ អ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ គឺស្របតាមសេចក្ដីពិត ត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ និងទទួលបានព្រះពររបស់ព្រះជាម្ចាស់។ ថាតើបុគ្គលម្នាក់ឆ្លាតឬអត់ គឺអាស្រ័យលើថាតើពួកគេអាចចុះចូលនឹងព្រះជាម្ចាស់បានដែរឬទេ វាអាស្រ័យលើថាតើអ្វីដែលពួកគេនិយាយ និងធ្វើ គឺស្របតាមសេចក្ដីពិតដែរឬទេ។ ប្រសិនបើអ្នកមានគំនិតនេះថា៖ «នេះគឺជាអ្វីដែលខ្ញុំគិតអំពីបញ្ហានេះ ហើយនោះគឺជាអ្វីដែលខ្ញុំចង់ធ្វើ ពីព្រោះវានឹងផ្ដល់ប្រយោជន៍ដល់ខ្ញុំ ប៉ុន្តែខ្ញុំមិនចង់បើកចិត្តប្រាប់អ្នកដទៃអំពីរឿងនេះទេ ហើយខ្ញុំក៏មិនចង់ឱ្យពួកគេដឹងអំពីរឿងនេះដែរ» តើនោះជារបៀបគិតដ៏ត្រឹមត្រូវដែរឬទេ? (ទេ)។ តើអ្នកគួរធ្វើដូចម្ដេច នៅពេលដែលអ្នកដឹងថា នោះមិនមែនជារបៀបគិតដ៏ត្រឹមត្រូវនោះ? អ្នកគួរតែទះកំផ្លៀងខ្លួនឯងមួយដៃឱ្យខ្លាំង ដើម្បីទុកជាមេរៀនសម្រាប់ខ្លួនឯង។ តើអ្នកគិតថា ប្រសិនបើអ្នកមិននិយាយវាចេញមកទេ ព្រះជាម្ចាស់នឹងមិនជ្រាបទេឬអី? ការពិតគឺថា ក្នុងពេលដែលអ្នកកំពុងមានគំនិតនោះ ព្រះជាម្ចាស់ជ្រាបពីចិត្តរបស់អ្នកបាត់ទៅហើយ។ តើទ្រង់ជ្រាបដោយរបៀបណា? ព្រះជាម្ចាស់បានមើលធ្លុះពីសារជាតិធម្មជាតិរបស់មនុស្ស។ ដូច្នេះ ហេតុអ្វីបានជាទ្រង់មិនលាតត្រដាងអ្នកនៅក្នុងបញ្ហានេះទៅ? ទោះបីជាគ្មានការលាតត្រដាងពីទ្រង់ក៏ដោយ ក៏អ្នកនឹងអាចយល់ពីរឿងនេះបន្តិចម្ដងៗដោយខ្លួនឯងបានដែរ ពីព្រោះអ្នកបានហូប និងផឹកព្រះបន្ទូលរបស់ទ្រង់យ៉ាងច្រើនរួចមកហើយ។ អ្នកមានមនសិការ និងវិចារណញ្ញាណ មានគំនិត និងការគិតធម្មតា អ្នកគួរតែអាចដឹងថាអ្វីត្រូវ និងអ្វីខុសដោយខ្លួនឯងបាន។ ព្រះជាម្ចាស់កំពុងផ្ដល់ពេលវេលា និងឱកាសឱ្យអ្នក ដើម្បីគិតគូរពីរឿងរ៉ាវយឺតៗ ដើម្បីមើលថាតើអ្នកល្ងីល្ងើឬអត់។ អ្នកនឹងឃើញលទ្ធផល បន្ទាប់ពីគិតពីរឿងនេះអស់រយៈពេលពីរបីថ្ងៃ៖ ពេលនោះ អ្នកនឹងដឹងថាអ្នកល្ងីល្ងើ និងល្ងង់ខ្លៅ ហើយថាអ្នកមិនគួរព្យាយាមលាក់បាំងរឿងនោះពីព្រះជាម្ចាស់ឡើយ។ នៅក្នុងគ្រប់រឿងរ៉ាវទាំងអស់ អ្នកគួរតែលាតត្រដាងអ្វីៗគ្រប់យ៉ាងថ្វាយព្រះជាម្ចាស់ ហើយអ្នកគួរតែស្មោះត្រង់ នេះគឺជាលក្ខខណ្ឌ និងសភាពតែមួយគត់ដែលគួរតែរក្សាទុកនៅចំពោះព្រះជាម្ចាស់។ ទោះបីជានៅពេលដែលអ្នកមិនបើកចំហក៏ដោយ ក៏អ្វីៗគ្រប់យ៉ាងរបស់អ្នកត្រូវបានលាតត្រដាងនៅចំពោះព្រះជាម្ចាស់រួចទៅហើយ។ តាមទស្សនៈរបស់ព្រះជាម្ចាស់ ទ្រង់ជ្រាបពីការពិត ទោះបីជាអ្នកបើកចំហអំពីរឿងនោះឬអត់ក៏ដោយ។ តើអ្នកមិនល្ងីល្ងើខ្លាំងណាស់ទេឬអី ប្រសិនបើអ្នកមិនអាចមើលធ្លុះពីរឿងនោះបាន? ដូច្នេះ តើអ្នកអាចក្លាយជាមនុស្សឆ្លាតដោយរបៀបណា? គឺតាមរយៈការបើកចំហខ្លួនឯងថ្វាយព្រះជាម្ចាស់។ អ្នកដឹងថាព្រះជាម្ចាស់ពិនិត្យពិច័យ និងជ្រាបអ្វីៗគ្រប់យ៉ាង ដូច្នេះ កុំគិតថាខ្លួនឯងឆ្លាត ហើយគិតថាទ្រង់ប្រហែលជាមិនជ្រាបឱ្យសោះ ដោយសារតែវាជាការពិតប្រាកដថា ព្រះជាម្ចាស់ពិនិត្យអង្កេតដួងចិត្តរបស់មនុស្សដោយសម្ងាត់ មនុស្សឆ្លាតគួរតែបើកចំហជាងនេះបន្តិច បរិសុទ្ធជាងនេះបន្តិច និង ស្មោះត្រង់ជាងនេះបន្ដិច នោះទើបជារឿងដ៏ឈ្លាសវៃដែលត្រូវធ្វើ។ ការដែលតែងតែមានអារម្មណ៍ថាខ្លួនឯងឆ្លាត តែងតែចង់រក្សាការសម្ងាត់តូចតាចផ្ទាល់ខ្លួន តែងតែព្យាយាមរក្សាភាពឯកជនបន្តិចបន្តួច តើនោះជារបៀបគិតដ៏ត្រឹមត្រូវដែរឬទេ? វាមិនអីទេក្នុងការធ្វើបែបនោះជាមួយអ្នកដទៃ ពីព្រោះមនុស្សមួយចំនួនមិនមែនជាបុគ្គលដែលមានលក្ខណៈវិជ្ជមានទេ ហើយក៏មិនស្រឡាញ់សេចក្ដីពិតដែរ។ អ្នកអាចលាក់ទុកខ្លះៗជាមួយមនុស្សបែបនោះបាន។ កុំបើកចំហចិត្តរបស់អ្នកប្រាប់ពួកគេឱ្យសោះ។ ជាឧទាហរណ៍ ឧបមាថាមាននរណាម្នាក់ដែលអ្នកស្អប់ ហើយអ្នកបាននិយាយអាក្រក់ពីគាត់នៅពីក្រោយខ្នង។ តើអ្នកគួរតែប្រាប់ពួកគេអំពីរឿងនេះដែរឬទេ? មិនគួរប្រាប់ទេ គ្រាន់តែមិនធ្វើរឿងបែបនេះម្ដងទៀត គឺគ្រប់គ្រាន់ហើយ។ ប្រសិនបើអ្នកនិយាយពីរឿងនេះ វានឹងធ្វើឱ្យខូចទំនាក់ទំនងរវាងអ្នកទាំងពីរមិនខាន។ អ្នកដឹងនៅក្នុងចិត្តរបស់អ្នកថា អ្នកមិនល្អទេ ថាអ្នកស្មោកគ្រោក និងទុច្ចរិតនៅខាងក្នុង ថាអ្នកច្រណែននឹងអ្នកដទៃ ថាដើម្បីប្រជែងយកកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ អ្នកបាននិយាយអាក្រក់ពីនរណាម្នាក់ផ្សេងទៀតនៅពីក្រោយខ្នង ដើម្បីបង្ខូចឈ្មោះពួកគេ ពិតជាថោកទាបមែន! អ្នកទទួលស្គាល់ថាអ្នកពុករលួយ អ្នកដឹងថាអ្វីដែលអ្នកបានធ្វើគឺខុស ហើយថាធម្មជាតិរបស់អ្នកគឺទុច្ចរិត។ បន្ទាប់មក អ្នកមកចំពោះព្រះជាម្ចាស់ ហើយអធិស្ឋានទៅកាន់ទ្រង់ថា៖ «ឱព្រះជាម្ចាស់អើយ អ្វីដែលទូលបង្គំបានធ្វើដោយលួចលាក់ គឺជារឿងដ៏ទុច្ចរិត និងថោកទាប ទូលបង្គំសូមការអភ័យទោសពីព្រះអង្គ ទូលបង្គំសូមឱ្យព្រះអង្គដឹកនាំទូលបង្គំ ហើយទូលបង្គំសូមឱ្យព្រះអង្គស្ដីបន្ទោសទូលបង្គំ។ ទូលបង្គំនឹងខិតខំមិនធ្វើរឿងបែបនេះម្ដងទៀតឡើយ។» ការធ្វើបែបនោះគឺមិនអីទេ។ អ្នកអាចប្រើវិធីសាស្ត្រមួយចំនួននៅក្នុងការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយមនុស្ស ប៉ុន្តែវាល្អបំផុតក្នុងការបើកចំហខ្លួនឯងយ៉ាងបរិសុទ្ធថ្វាយព្រះជាម្ចាស់ ហើយប្រសិនបើអ្នកបង្កប់ចេតនា និងប្រើវិធីសាស្ត្រ នោះអ្នកនឹងមានបញ្ហាមិនខាន។ នៅក្នុងចិត្តគំនិតរបស់អ្នក អ្នកតែងតែគិតថា «តើខ្ញុំអាចនិយាយអ្វី ដើម្បីធ្វើឱ្យព្រះជាម្ចាស់ឱ្យតម្លៃដល់ខ្ញុំ ហើយមិនជ្រាបពីអ្វីដែលខ្ញុំកំពុងតែគិតនៅខាងក្នុង? តើអ្វីទៅជារឿងត្រឹមត្រូវដែលត្រូវនិយាយ? ខ្ញុំត្រូវតែលាក់ទុកឱ្យច្រើនជាងនេះ ខ្ញុំត្រូវតែប៉ិនប្រសប់ជាងនេះ ខ្ញុំត្រូវតែមានវិធីសាស្ត្រមួយ។ នោះប្រហែលព្រះជាម្ចាស់នឹងឱ្យតម្លៃខ្ពស់ដល់ខ្ញុំ»។ តើអ្នកគិតថា ព្រះជាម្ចាស់នឹងមិនជ្រាបទេឬ បើអ្នកតែងតែគិតបែបនេះ? ព្រះជាម្ចាស់ជ្រាបអ្វីៗគ្រប់យ៉ាងដែលអ្នកគិត។ វាជារឿងនឿយហត់ក្នុងការគិតបែបនេះ។ ការនិយាយត្រង់ៗ និងពិតប្រាកដគឺជារឿងសាមញ្ញជាងឆ្ងាយណាស់ ហើយវាក៏ធ្វើឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួលផងដែរ។ ព្រះជាម្ចាស់នឹងមានបន្ទូលថា អ្នកជាមនុស្សទៀងត្រង់ និងបរិសុទ្ធ ថាអ្នកមានដួងចិត្តដែលបើកចំហ ពោលគឺនេះជាអ្វីមួយដែលមានតម្លៃឥតគណនា។ ប្រសិនបើអ្នកមានដួងចិត្តបើកចំហ និងអាកប្បកិរិយាទៀងត្រង់ នោះទោះបីមានពេលខ្លះ អ្នកជ្រុលហួសទៅប្រព្រឹត្តរឿងល្ងីល្ងើក៏ដោយ សម្រាប់ព្រះជាម្ចាស់ នេះមិនមែនជាអំពើរំលងទេ។ វាប្រសើរជាងការដែលអ្នករស់នៅដោយចេះតែគិតគូរគណនាខ្លាំងពេក ហើយក៏ល្អជាងការដែលអ្នកតែងតែរិះគិត និងវែកញែកមិនចេះចប់មិនចេះហើយនោះដែរ។ តើពួកទទឹងនឹងព្រះគ្រីស្ទអាចធ្វើរឿងទាំងនេះបានដែរឬទេ? (ទេ ពួកគេមិនអាចទេ)។
អស់អ្នកដែលដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាមនុស្សដែលមាននិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ហើយអ្វីដែលមនុស្សដែលមាននិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទដើរ គឺជាផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែមានភាពខុសគ្នាបន្តិចបន្តួចរវាងមនុស្សដែលមាននិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ និងពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើមាននរណាម្នាក់មាននិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ហើយអាចនឹងដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះមិនមានន័យថាគេគឺជាបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះទេ។ ប៉ុន្តែ ប្រសិនបើគេមិនប្រែចិត្ត ហើយមិនអាចទទួលយកសេចក្ដីពិតទេ គេអាចនឹងវិវត្តទៅជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ។ នៅតែមានក្ដីសង្ឃឹម និងឱកាសសម្រាប់មនុស្សដែលដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទឱ្យប្រែចិត្ត ពីព្រោះពួកគេមិនទាន់ក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទនៅឡើយទេ។ ប្រសិនបើពួកគេប្រព្រឹត្តអំពើអាក្រក់ជាច្រើនប្រភេទ ហើយត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយដូច្នេះ ត្រូវបានបោសសម្អាតចេញ និងបណ្ដេញចេញភ្លាមៗ នោះពួកគេនឹងគ្មានឱកាសប្រែចិត្តទៀតឡើយ។ ប្រសិនបើអ្នកដែលដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនទាន់បានប្រព្រឹត្តអំពើអាក្រក់ច្រើនទេ នេះយ៉ាងហោចណាស់បង្ហាញថាគេមិនទាន់ជាមនុស្សអាក្រក់នៅឡើយទេ។ ប្រសិនបើគេអាចទទួលយកសេចក្ដីពិតបាន នោះនៅមានពន្លឺនៃក្ដីសង្ឃឹមសម្រាប់គេ។ ប្រសិនបើគេមិនព្រមទទួលយកសេចក្ដីពិតទេ ទោះជាមានអ្វីកើតឡើងក៏ដោយ នោះគេនឹងលំបាកទទួលបានសេចក្ដីសង្គ្រោះណាស់ បើទោះជាគេមិនបានប្រព្រឹត្តអំពើអាក្រក់គ្រប់ប្រភេទក៏ដោយ។ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទទួលបានសេចក្ដីសង្គ្រោះ? ពីព្រោះពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ។ ទោះបីជាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាអំពីការធ្វើជាមនុស្សស្មោះត្រង់ អំពីរបៀបដែលមនុស្សម្នាក់ត្រូវតែបើកចំហ និងស្មោះត្រង់ ចេញមកនិយាយនូវអ្វីដែលខ្លួនត្រូវនិយាយ និងមិនប្រព្រឹត្តការបោកបញ្ឆោតក៏ដោយ ក៏ពួកគេនៅតែមិនអាចទទួលយកបានដែរ។ ពួកគេតែងតែមានអារម្មណ៍ថា មនុស្សខាតបង់ដោយសារការធ្វើជាមនុស្សស្មោះត្រង់ ហើយថាវាជារឿងល្ងង់ខ្លៅក្នុងការនិយាយសេចក្ដីពិត។ ពួកគេតាំងចិត្តយ៉ាងមុតមាំថានឹងមិនធ្វើជាមនុស្សស្មោះត្រង់ឡើយ។ នេះគឺជាធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលស្អប់ខ្ពើមសេចក្ដីពិត និងស្អប់សេចក្ដីពិត។ តើមនុស្សម្នាក់អាចទទួលបានសេចក្ដីសង្គ្រោះដោយរបៀបណា ប្រសិនបើគេមិនទទួលយកសេចក្ដីពិតទាល់តែសោះនោះ? ប្រសិនបើអ្នកដែលដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទអាចទទួលយកសេចក្ដីពិតបាន នោះមានភាពខុសគ្នាយ៉ាងច្បាស់រវាងគេ និងពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់ គឺជាមនុស្សដែលមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិច។ ទោះបីជាពួកគេបានប្រព្រឹត្តរឿងខុសឆ្គង ឬអំពើអាក្រក់ច្រើនប៉ុណ្ណាក៏ដោយ ទោះបីជាពួកគេបានបង្កការខាតបង់ធំធេងប៉ុណ្ណាដល់កិច្ចការរបស់ពួកជំនុំ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនដែលឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ខ្លួនឯងឡើយ។ សូម្បីតែពួកគេត្រូវបានលួសកាត់ក៏ដោយ ក៏ពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ នោះហើយជាមូលហេតុដែលពួកជំនុំកំណត់លក្ខណៈពួកគេថាជាមនុស្សអាក្រក់ ជាពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកទទឹងនឹងព្រះគ្រីស្ទ ច្រើនបំផុត នឹងគ្រាន់តែទទួលស្គាល់ថា សកម្មភាពរបស់ពួកគេបំពានលើគោលការណ៍ និងមិនស្របតាមសេចក្ដីពិតប៉ុណ្ណោះ ប៉ុន្តែពួកគេដាច់ខាតនឹងមិនទទួលស្គាល់ថា ពួកគេប្រព្រឹត្តអំពើអាក្រក់ដោយចេតនា ឬទាស់ទទឹងនឹងព្រះជាម្ចាស់ដោយចេតនាឡើយ។ ពួកគេគ្រាន់តែទទួលស្គាល់កំហុស ប៉ុន្តែពួកគេនឹងមិនទទួលយកសេចក្ដីពិតទេ ហើយបន្ទាប់មក ពួកគេនឹងបន្តប្រព្រឹត្តអំពើអាក្រក់ដូចពីមុន ដោយមិនអនុវត្តសេចក្ដីពិតអ្វីទាល់តែសោះ។ តាមរយៈការពិតដែលថាបុគ្គលទទឹងនឹងព្រះគ្រីស្ទម្នាក់មិនដែលទទួលយកសេចក្ដីពិត គេអាចមើលឃើញថា សារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺស្អប់ខ្ពើមសេចក្ដីពិត និងស្អប់សេចក្ដីពិត។ ពួកគេនៅតែជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់ដូចពីមុនជានិច្ច ទោះបីជាពួកគេបានជឿលើទ្រង់អស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ។ ម្យ៉ាងវិញទៀត មនុស្សជាតិដែលពុករលួយធម្មតា អាចសុទ្ធតែមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែមានភាពខុសគ្នារវាងពួកគេ និងពួកទទឹងនឹងព្រះគ្រីស្ទ។ មានមនុស្សមួយចំនួនដែលអាចចងចាំព្រះបន្ទូលនៃការជំនុំជម្រះ និងការលាតត្រដាងរបស់ព្រះជាម្ចាស់ទុកក្នុងចិត្ត បន្ទាប់ពីពួកគេបានឮព្រះបន្ទូលទាំងនោះ ហើយត្រិះរិះពិចារណាព្រះបន្ទូលទាំងនោះម្ដងហើយម្ដងទៀត ព្រមទាំងឆ្លុះបញ្ចាំងពីខ្លួនឯង។ បន្ទាប់មក ពួកគេអាចនឹងដឹងខ្លួនថា៖ «ដូច្នេះ នេះហើយជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នេះហើយជាការដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ វាជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់! ខ្ញុំមានសភាព និងឥរិយាបថទាំងនោះ ខ្ញុំមានសារជាតិប្រភេទនោះ ខ្ញុំគឺជាមនុស្សប្រភេទនោះ!» បន្ទាប់មក ពួកគេពិចារណាអំពីរបៀបដែលពួកគេអាចបោះបង់ចោលនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទនោះ ហើយប្រែចិត្តយ៉ាងពិតប្រាកដ ហើយដោយហេតុនេះ ពួកគេអាចតាំងចិត្តថា នឹងមិនដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ នៅក្នុងកិច្ចការ និងជីវិតរបស់ពួកគេ នៅក្នុងអាកប្បកិរិយារបស់ពួកគេចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ ព្រមទាំងចំពោះការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ពួកគេអាចឆ្លុះបញ្ចាំងពីសកម្មភាព និងឥរិយាបថរបស់ពួកគេផ្ទាល់ អំពីមូលហេតុដែលពួកគេមិនអាចចុះចូលនឹងព្រះជាម្ចាស់ មូលហេតុដែលពួកគេតែងតែរស់នៅដោយនិស្ស័យបែបសាតាំង មូលហេតុដែលពួកគេមិនអាចបះបោរប្រឆាំងនឹងសាច់ឈាម និងសាតាំងបាន។ ដូច្នេះ ពួកគេនឹងអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ព្រមទាំងអង្វរព្រះជាម្ចាស់ឱ្យសង្គ្រោះពួកគេពីនិស្ស័យពុករលួយរបស់ពួកគេ និងពីឥទ្ធិពលរបស់សាតាំង។ ការដែលពួកគេមានការតាំងចិត្តក្នុងការធ្វើបែបនេះ បញ្ជាក់ថាពួកគេអាចទទួលយកសេចក្ដីពិតបាន។ ពួកគេក៏បញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ និងធ្វើសកម្មភាពតាមឆន្ទៈផ្ទាល់ខ្លួនរបស់ពួកគេដូចគ្នា ភាពខុសគ្នាគឺត្រង់ថា ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែមានមហិច្ឆិតា និងបំណងប្រាថ្នាក្នុងការបង្កើតនគរឯករាជ្យប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មិនព្រមទទួលយកសេចក្ដីពិតដែរ ទោះមានរឿងអ្វីកើតឡើងក៏ដោយ។ នេះគឺជាចំណុចគ្រោះថ្នាក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ម្យ៉ាងវិញទៀត ប្រសិនបើបុគ្គលដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទអាចទទួលយកសេចក្ដីពិត ហើយអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងពឹងផ្អែកលើទ្រង់ ហើយប្រសិនបើពួកគេប្រាថ្នាចង់បោះបង់និស្ស័យពុករលួយរបស់សាតាំងចោល ហើយដើរតាមផ្លូវនៃការដេញតាមសេចក្ដីពិត នោះតើការអធិស្ឋាន និងការតាំងចិត្តនោះ នឹងផ្ដល់ប្រយោជន៍ដល់ការចូលទៅក្នុងជីវិតរបស់ពួកគេតាមរបៀបណាខ្លះ? យ៉ាងហោចណាស់ វានឹងធ្វើឱ្យពួកគេឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ខ្លួនឯង នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន ហើយប្រើប្រាស់សេចក្ដីពិតដើម្បីដោះស្រាយបញ្ហា ដើម្បីឱ្យពួកគេអាចឈានដល់ការបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបដែលស្របតាមស្ដង់ដា។ នោះគឺជាវិធីមួយដែលវានឹងផ្ដល់ប្រយោជន៍ដល់ពួកគេ។ លើសពីនេះទៅទៀត តាមរយៈការបណ្ដុះបណ្ដាលដែលបានពីការបំពេញភារកិច្ច ពួកគេនឹងអាចចាប់ផ្ដើមដើរលើផ្លូវនៃការដេញតាមសេចក្ដីពិតបាន។ ទោះបីជាពួកគេជួបប្រទះការលំបាកអ្វីក៏ដោយ ក៏ពួកគេនឹងអាចស្វែងរកសេចក្ដីពិត ផ្ដោតលើការទទួលយកសេចក្ដីពិត និងអនុវត្តសេចក្ដីពិត។ ពួកគេនឹងអាចបោះបង់និស្ស័យបែបសាតាំងរបស់ពួកគេចោលបន្តិចម្ដងៗ ហើយឈានដល់ការចុះចូលនឹងព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់។ ពួកគេអាចទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ជាមួយនឹងការអនុវត្តបែបនោះ។ មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អាចនឹងបញ្ចេញឱ្យឃើញនូវសេចក្ដីពុករលួយម្ដងម្កាល ហើយពួកគេអាចនឹងនៅតែនិយាយ និងធ្វើសកម្មភាពដើម្បីជាប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់ពួកគេ ទាំងដែលពួកគេមិនចង់ធ្វើបែបនោះ ហើយពួកគេអាចនឹងនៅតែធ្វើកិច្ចការតាមឆន្ទៈផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែ ភ្លាមៗនៅពេលដែលពួកគេដឹងខ្លួនថា ពួកគេកំពុងបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយរបស់ពួកគេ ពួកគេនឹងមានអារម្មណ៍វិប្បដិសារី ហើយអធិស្ឋានទៅកាន់ព្រះជាម្ចាស់។ នេះបញ្ជាក់ថា គេគឺជាមនុស្សម្នាក់ដែលអាចទទួលយកសេចក្ដីពិត ដែលចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់។ វាបញ្ជាក់ថា គេកំពុងដេញតាមច្រកចូលទៅក្នុងជីវិត។ មិនថាមនុស្សម្នាក់មានបទពិសោធអស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ឬបញ្ចេញឱ្យឃើញនូវសេចក្ដីពុករលួយច្រើនប៉ុណ្ណាក៏ដោយ ក៏ទីបំផុត គេនឹងអាចទទួលយកសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាន។ គេគឺជាមនុស្សម្នាក់ដែលចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់។ ហើយនៅពេលគេធ្វើរឿងទាំងអស់នេះ វាបង្ហាញថា គេបានចាក់គ្រឹះលើផ្លូវពិតរួចទៅហើយ។ ប៉ុន្តែ អ្នកខ្លះដែលដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនអាចទទួលយកសេចក្ដីពិតបានឡើយ។ សម្រាប់ពួកគេ ការទទួលបានសេចក្ដីសង្រ្គោះនឹងលំបាក ដូចជាពួកទទឹងនឹងព្រះគ្រីស្ទដែរ។ មនុស្សបែបនេះមិនមានអារម្មណ៍អ្វីឡើយ នៅពេលដែលពួកគេឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ តែបែរជាព្រងើយកន្តើយ និងមិនរវីរវល់ទៅវិញ។ នៅពេលដែលការប្រកបគ្នាឈានចូលដល់ប្រធានបទអំពីនិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ពួកគេនឹងទទួលស្គាល់ថា ពួកគេមាននិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ហើយថាពួកគេកំពុងដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេនឹងនិយាយអំពីរឿងនេះបានយ៉ាងល្អ។ ប៉ុន្តែ នៅពេលត្រូវអនុវត្តសេចក្ដីពិត ពួកគេនៅតែបដិសេធមិនព្រមធ្វើដូច្នេះដដែល ពួកគេនៅតែធ្វើសកម្មភាពតាមឆន្ទៈផ្ទាល់ខ្លួនរបស់ពួកគេដដែល ដោយផ្អែកលើនិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេ។ ប្រសិនបើអ្នកសួរពួកគេថា៖ «តើអ្នកមានការតស៊ូនៅក្នុងចិត្តដែរឬទេ នៅពេលដែលអ្នកបញ្ចេញឱ្យឃើញនូវនិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ? តើអ្នកមានអារម្មណ៍បន្ទោសខ្លួនឯងដែរឬទេ នៅពេលដែលអ្នកនិយាយដើម្បីការពារឋានៈរបស់អ្នក? តើអ្នកឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ខ្លួនឯងដែរឬទេ នៅពេលដែលអ្នកបញ្ចេញឱ្យឃើញនូវនិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ? តើអ្នកមានវិប្បដិសារីនៅក្នុងចិត្តដែរឬទេ ពេលដែលអ្នកបានដឹងពីនិស្ស័យពុករលួយរបស់អ្នក? តើអ្នកប្រែចិត្ត ឬផ្លាស់ប្ដូរបន្ដិចបន្ដួចដែរឬទេ បន្ទាប់ពីនោះ?» ពួកគេប្រាកដជាគ្មានចម្លើយឡើយ ពីព្រោះពួកគេមិនដែលមានបទពិសោធបែបនេះទេ។ ពួកគេនឹងមិនអាចនិយាយអ្វីបានឡើយ។ តើមនុស្សបែបនេះអាចប្រែចិត្តយ៉ាងពិតប្រាកដបានដែរឬទេ? ប្រាកដណាស់ វានឹងមិនងាយស្រួលឡើយ។ អស់អ្នកដែលពិតជាដេញតាមសេចក្ដីពិតមែន នឹងមានការឈឺចាប់ចំពោះការបញ្ចេញឱ្យឃើញណាមួយនូវនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងខ្លួនពួកគេ ហើយមានការព្រួយបារម្ភ ពួកគេនឹងចាប់ផ្ដើមគិតថា៖ «ហេតុអ្វីបានជាខ្ញុំមិនអាចបោះបង់និស្ស័យសាតាំងនេះចោលបាន? ហេតុអ្វីបានជាខ្ញុំតែងតែបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ? ហេតុអ្វីបានជានិស្ស័យពុករលួយរបស់ខ្ញុំនេះរឹងរូស និងពិបាកដកចេញម្ល៉េះ? ហេតុអ្វីបានជាវាពិបាកចូលទៅក្នុងតថភាពនៃសេចក្ដីពិតម្ល៉េះ?» នេះបង្ហាញថា បទពិសោធជីវិតរបស់ពួកគេនៅរាក់កំភែល ហើយថានិស្ស័យពុករលួយរបស់ពួកគេមិនទាន់ត្រូវបានដោះស្រាយបានច្រើនទាល់តែសោះ។ នោះហើយជាមូលហេតុដែលការតស៊ូនៅក្នុងចិត្តរបស់ពួកគេកើតឡើងយ៉ាងខ្លាំងក្លា នៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេ ហើយជាមូលហេតុដែលពួកគេក៏រងទុក្ខទារុណនោះខ្លាំងបំផុតដែរ។ ទោះបីជាពួកគេមានការតាំងចិត្តក្នុងការបោះបង់និស្ស័យសាតាំងរបស់ពួកគេចោលក៏ដោយ ក៏ពួកគេប្រាកដជាមិនអាចចៀសផុតពីការតស៊ូប្រឆាំងនឹងវានៅក្នុងចិត្តរបស់ពួកគេឡើយ ហើយសភាពនៃការតស៊ូនោះកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយនៅពេលដែលការស្គាល់ខ្លួនឯងរបស់ពួកគេកាន់តែស៊ីជម្រៅ ហើយពួកគេឃើញថាពួកគេពុករលួយខ្លាំងប៉ុណ្ណា ពួកគេកាន់តែប្រាថ្នាចង់ទទួលបានសេចក្ដីពិត ហើយកាន់តែឱ្យតម្លៃវា ហើយពួកគេនឹងអាចទទួលយក និងអនុវត្តសេចក្ដីពិតជាបន្ដបន្ទាប់ដោយមិនមានការរអាក់រអួល ក្នុងដំណើរការនៃការស្គាល់ខ្លួនឯង និងនិស្ស័យពុករលួយរបស់ពួកគេ។ ពួកគេនឹងលូតលាស់កម្ពស់ខាងវិញ្ញាណបន្តិចម្ដងៗ ហើយនិស្ស័យនៃជីវិតរបស់ពួកគេនឹងចាប់ផ្ដើមផ្លាស់ប្ដូរយ៉ាងពិតប្រាកដ។ ប្រសិនបើពួកគេនៅតែបន្តព្យាយាមមានបទពិសោធតាមរបៀបនេះ ស្ថានភាពរបស់ពួកគេនឹងកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយនៅទីបញ្ចប់ ពួកគេនឹងអាចយកឈ្នះលើសាច់ឈាម និងបោះបង់សេចក្ដីពុករលួយរបស់ពួកគេចោលបាន អនុវត្តសេចក្ដីពិតជាញឹកញាប់ និងសម្រេចបានការចុះចូលនឹងព្រះជាម្ចាស់។ ការចូលទៅក្នុងជីវិត មិនមែនជារឿងងាយស្រួលឡើយ! វាប្រៀបដូចជាការធ្វើឱ្យនរណាម្នាក់ដែលជិតស្លាប់មានជីវិតឡើងវិញអ៊ីចឹង៖ ការទទួលខុសត្រូវដែលគេអាចបំពេញបាន គឺការប្រកបគ្នាអំពីសេចក្ដីពិត ការគាំទ្រពួកគេ ការផ្គត់ផ្គង់ពួកគេ ឬការលួសកាត់ពួកគេ។ ប្រសិនបើពួកគេអាចទទួលយកវា និងចុះចូលបាន នោះមានក្ដីសង្ឃឹមសម្រាប់ពួកគេហើយ ពួកគេអាចនឹងមានសំណាងគ្រប់គ្រាន់ក្នុងការគេចផុត ហើយរឿងរ៉ាវនឹងមិនឈានដល់សេចក្ដីស្លាប់ឡើយ។ ប៉ុន្តែ ប្រសិនបើពួកគេបដិសេធមិនព្រមទទួលយកសេចក្ដីពិត ហើយមិនដឹងអ្វីទាល់តែសោះអំពីខ្លួនឯង នោះពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះ បន្ទាប់ពីត្រូវបានជម្រុះចោលទៅហើយមួយឬពីរឆ្នាំ នៅតែមិនស្គាល់ខ្លួនឯង ហើយមិនទទួលស្គាល់កំហុសរបស់ពួកគេឡើយ។ ក្នុងករណីបែបនេះ គ្មានសញ្ញានៃជីវិតនៅសេសសល់ក្នុងពួកគេឡើយ ហើយនោះគឺជាភស្តុតាងបញ្ជាក់ថា ពួកគេលែងមានក្ដីសង្ឃឹមក្នុងការត្រូវបានសង្គ្រោះទៀតហើយ។ តើអ្នករាល់គ្នាអាចទទួលយកសេចក្ដីពិតបានដែរឬទេ នៅពេលដែលអ្នករាល់គ្នាត្រូវបានលួសកាត់? (បាន)។ បើដូច្នេះ មានក្ដីសង្ឃឹមហើយ នោះជារឿងល្អ! ប្រសិនបើអ្នករាល់គ្នាអាចទទួលយកសេចក្ដីពិតបាន អ្នករាល់គ្នាមានក្ដីសង្ឃឹមក្នុងការត្រូវបានសង្គ្រោះ។
ប្រសិនបើអ្នកប្រាថ្នាចង់ទទួលបានសេចក្ដីសង្គ្រោះ អ្នកត្រូវតែឆ្លងកាត់ឧបសគ្គជាច្រើន។ តើឧបសគ្គទាំងនោះមានអ្វីខ្លះ? គឺការតស៊ូឥតឈប់ឈរជាមួយនឹងនិស្ស័យពុករលួយរបស់អ្នក និងការតស៊ូជាមួយនឹងនិស្ស័យរបស់សាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទ៖ វាប្រាថ្នាចង់ត្រួតត្រាអ្នក ហើយអ្នកប្រាថ្នាចង់រលាស់ខ្លួនឱ្យរួចពីវា វាប្រាថ្នាចង់បំភាន់អ្នក ហើយអ្នកប្រាថ្នាចង់បោះបង់វាចោល។ ប្រសិនបើអ្នកឃើញថាអ្នកមិនអាចរលាស់ខ្លួនឱ្យរួចពីនិស្ស័យពុករលួយរបស់អ្នកបានទេ សូម្បីតែបន្ទាប់ពីអ្នកបានស្គាល់វាក៏ដោយ អ្នកនឹងមានទុក្ខព្រួយ និងឈឺចាប់ ហើយអ្នកនឹងអធិស្ឋាន។ ជួនកាល នៅពេលដែលអ្នកឃើញថាវាមានរយៈពេលមួយរយៈហើយ ហើយអ្នកនៅតែមិនអាចរលាស់ខ្លួនឱ្យរួចពីការត្រួតត្រានៃនិស្ស័យរបស់សាតាំងបាន អ្នកនឹងមានអារម្មណ៍ថាអស់សង្ឃឹម ប៉ុន្តែអ្នកនឹងមិនចុះចាញ់ឡើយ ហើយអ្នកនឹងមានអារម្មណ៍ថា អ្នកមិនអាចបន្តមានភាពអវិជ្ជមាន និងធ្កាល់ទឹកចិត្តបែបនេះទៀតទេ គឺអ្នកត្រូវតែបន្តតស៊ូ។ នៅក្នុងដំណើរការនៃការបំពេញភារកិច្ច និងដំណើរការនៃការឆ្លងកាត់បទពិសោធនៃកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សមានការឆ្លើយតបខាងក្នុងខុសៗគ្នាជាលំដាប់លំដោយ។ សរុបមក អ្នកដែលមានជីវិត គឺជាអ្នកដែលដេញតាមសេចក្ដីពិត ហើយពួកគេតែងតែផ្លាស់ប្ដូរនៅខាងក្នុងជានិច្ច។ វានឹងមានការប្រែត្រឡប់ជានិច្ចនៅក្នុងការគិត និងទស្សនៈរបស់ពួកគេ នៅក្នុងឥរិយាបថ និងការអនុវត្តរបស់ពួកគេ ហើយសូម្បីតែនៅក្នុងចេតនា គំនិត និងការគិតដែលស្ថិតនៅជ្រៅក្នុងគំនិតរបស់ពួកគេ។ លើសពីនេះទៅទៀត ពួកគេនឹងញែកដឹងកាន់តែច្បាស់ឡើងៗថាអ្វីត្រឹមត្រូវ និងអ្វីខុស ហើយតើពួកគេបានធ្វើរឿងខុសឆ្គងអ្វីខ្លះ ហើយថាតើរបៀបគិតណាមួយត្រឹមត្រូវ ឬខុស ហើយថាតើទស្សនៈណាមួយស្របតាមសេចក្ដីពិតដែរឬទេ ហើយថាតើគោលការណ៍នៅពីក្រោយការធ្វើសកម្មភាពតាមរបៀបណាមួយ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ ហើយថាតើពួកគេគឺជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ ជាមនុស្សដែលស្រឡាញ់សេចក្ដីពិតដែរឬទេ។ រឿងទាំងនេះនឹងកាន់តែច្បាស់ឡើងៗបន្តិចម្ដងៗនៅក្នុងចិត្តរបស់ពួកគេ។ បើដូច្នេះ តើការសម្រេចបាននូវលទ្ធផលទាំងនេះត្រូវបានស្ថាបនាឡើងលើមូលដ្ឋានអ្វី? គឺនៅលើមូលដ្ឋាននៃការអនុវត្ត និងការចូលទៅក្នុងសេចក្ដីពិត តាមដែលពួកគេយល់។ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមិនអាចសម្រេចបានការផ្លាស់ប្ដូរទាល់តែសោះ? តើពួកគេគ្មានសមត្ថភាពយល់ពីសេចក្ដីពិតមែនទេ? (ទេ)។ ពួកគេអាចយល់ពីវាបាន ប៉ុន្តែពួកគេមិនអនុវត្តវាទេ ហើយពួកគេមិនអនុវត្តវាទេ នៅពេលដែលពួកគេឮវា។ ពួកគេប្រហែលជាយល់ និងទទួលយកវាត្រឹមតែជាគោលលទ្ធិប៉ុណ្ណោះ ប៉ុន្តែ តើពួកគេអាចយកសូម្បីតែគោលលទ្ធិ និងបទប្បញ្ញត្តិបន្តិចបន្តួចដែលពួកគេអាចយល់បាននោះ ទៅអនុវត្តបានដែរឬទេ? ទេ គឺមិនបានទាល់តែសោះ សូម្បីតែអ្នកបង្ខំពួកគេ សូម្បីតែពួកគេប្រឹងប្រែងរហូតដល់អស់កម្លាំងក៏ដោយ ក៏ពួកគេនៅតែមិនអាចយកវាទៅអនុវត្តបានដែរ។ នោះហើយជាមូលហេតុដែលសម្រាប់ពួកគេ ការចូលទៅក្នុងសេចក្ដីពិតនៅតែជាភាពទទេស្អាតជារៀងរហូត។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទនិយាយអំពីការធ្វើជាមនុស្សស្មោះត្រង់ច្រើនប៉ុណ្ណាក៏ដោយ ទោះបីជាពួកគេខិតខំប្រឹងប្រែងខ្លាំងប៉ុណ្ណាក៏ដោយ ក៏ពួកគេនៅតែមិនអាចនិយាយពាក្យស្មោះត្រង់សូម្បីតែមួយម៉ាត់បានដែរ ហើយទោះបីជាពួកគេនិយាយអំពីការគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនព្រមលះបង់ការជំរុញចិត្តដ៏អាត្មានិយម និងថោកទាបរបស់ពួកគេចោលដែរ។ ពួកគេធ្វើសកម្មភាពដោយផ្អែកលើទស្សនៈអាត្មានិយម។ នៅពេលដែលពួកគេឃើញអ្វីមួយល្អ អ្វីមួយដែលផ្ដល់ប្រយោជន៍ដល់ពួកគេ ពួកគេនិយាយថា៖ «យកវាមកឱ្យខ្ញុំ វាជារបស់ខ្ញុំ!» ពួកគេនិយាយអ្វីក៏ដោយដែលផ្ដល់ប្រយោជន៍ដល់ឋានៈរបស់ពួកគេ ហើយពួកគេធ្វើអ្វីក៏ដោយដែលផ្ដល់ប្រយោជន៍ដល់ខ្លួនពួកគេផ្ទាល់។ នេះគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេអាចនឹងមានអារម្មណ៍ថា ពួកគេបានយល់ពីសេចក្ដីពិតបន្តិចបន្តួច នៅពេលដែលចិត្តរបស់ពួកគេពុះកញ្ជ្រោលមួយរំពេច។ ពួកគេក៏មានសេចក្ដីខ្នះខ្នែងឡើងមួយរំពេច ហើយពួកគេស្រែកពាក្យស្លោកមួយចំនួនថា៖ «ខ្ញុំត្រូវតែអនុវត្ត និងផ្លាស់ប្ដូរ ហើយធ្វើឱ្យព្រះសព្វព្រះទ័យ!» ប៉ុន្តែ នៅពេលត្រូវអនុវត្តសេចក្ដីពិត តើពួកគេធ្វើវាដែរឬទេ? ពួកគេមិនធ្វើឡើយ។ ទោះបីជាព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងណាក៏ដោយ ទោះបីជាទ្រង់ប្រកាសពីសេចក្ដីពិត និងការពិតច្រើនប៉ុណ្ណាក៏ដោយ ព្រមទាំងមានឧទាហរណ៍ជាក់ស្ដែងច្រើនប៉ុណ្ណាក៏ដោយ ក៏វាមិនអាចធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទរំជួលចិត្តបានឡើយ ហើយក៏មិនអាចធ្វើឱ្យមហិច្ឆិតារបស់ពួកគេរង្គោះរង្គើបានដែរ។ នេះគឺជាលក្ខណៈ និងជាសញ្ញាមួយរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនព្រមអនុវត្តសេចក្ដីពិតអ្វីទាល់តែសោះ នៅពេលដែលពួកគេនិយាយពីរោះ គឺដើម្បីឱ្យអ្នកដទៃស្ដាប់ ហើយទោះបីជាពួកគេនិយាយពីរោះយ៉ាងណាក៏ដោយ វាគ្រាន់តែជាពាក្យសម្ដីដែលស្ដាប់ទៅខ្ពង់ខ្ពស់ តែទទេប៉ុណ្ណោះ វាគឺជាទ្រឹស្ដីសម្រាប់ពួកគេ។ តើមនុស្សបែបនេះពិតជាបានដាក់ទីតាំងសេចក្ដីពិតនៅក្នុងចិត្តរបស់ពួកគេយ៉ាងដូចម្ដេច? តើខ្ញុំធ្លាប់បានប្រាប់អ្នករាល់គ្នាថាសារជាតិធម្មជាតិរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី? (ការស្អប់សេចក្ដីពិត)។ ត្រូវហើយ។ ពួកគេស្អប់សេចក្ដីពិត។ ពួកគេជឿថា ភាពទុច្ចរិតរបស់ពួកគេ ភាពអាត្មានិយម និងភាពថោកទាបរបស់ពួកគេ ភាពក្រអឺតក្រទមរបស់ពួកគេ ភាពកាចសាហាវរបស់ពួកគេ ការដណ្ដើមយកឋានៈ និងទ្រព្យសម្បត្តិរបស់ពួកគេ ព្រមទាំងការត្រួតត្រារបស់ពួកគេលើអ្នកដទៃ គឺជាសេចក្ដីពិតដ៏ខ្ពង់ខ្ពស់បំផុត ជាទស្សនៈវិជ្ជាដ៏ខ្ពង់ខ្ពស់បំផុត ហើយថាគ្មានអ្វីផ្សេងទៀតដែលខ្ពង់ខ្ពស់ដូចជារឿងទាំងនោះឡើយ។ នៅពេលដែលពួកគេទទួលបានឋានៈ និងអាចត្រួតត្រាមនុស្សបាន ពួកគេអាចធ្វើអ្វីក៏បានតាមដែលពួកគេប្រាថ្នា ហើយមហិច្ឆិតា និងបំណងប្រាថ្នាទាំងអស់របស់ពួកគេ ក៏អាចសម្រេចបាននៅពេលនោះ។ នេះគឺជាគោលដៅចុងក្រោយរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ។
ពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើមចំពោះសេចក្ដីពិត និងស្អប់សេចក្ដីពិត។ តើវាអាចទៅរួចទេដែលអ្នកធ្វើឱ្យនរណាម្នាក់ដែលស្អប់ខ្ពើមសេចក្ដីពិត ទទួលយកវា និងអនុវត្តវាបាននោះ? (ទេ)។ ការធ្វើបែបនោះ គឺស្មើនឹងការធ្វើឱ្យជ្រូកចេះហោះ ឬឱ្យចចកស៊ីស្មៅអ៊ីចឹង តើនោះមិនមែនជាការទាមទាររឿងដែលមិនអាចទៅរួចពីពួកគេទេឬអី? ជួនកាល អ្នកនឹងឃើញចចកមួយក្បាលលួចចូលទៅក្នុងហ្វូងចៀម ដើម្បីនៅទីនោះជាមួយចៀម។ វាគ្រាន់តែជាការប្រើល្បិច ដើម្បីរង់ចាំឱកាសស៊ីចៀមប៉ុណ្ណោះ។ ធម្មជាតិរបស់វានឹងមិនផ្លាស់ប្ដូរឡើយ។ ដូចគ្នាដែរ ការឱ្យបុគ្គលទទឹងនឹងព្រះគ្រីស្ទម្នាក់អនុវត្តសេចក្ដីពិត គឺស្មើនឹងការឱ្យចចកស៊ីស្មៅ និងបោះបង់សភាវគតិស៊ីចៀមរបស់វាចោលអ៊ីចឹង៖ វាជារឿងមិនអាចទៅរួចឡើយ។ ចចកគឺជាសត្វស៊ីសាច់ជាអាហារ។ ពួកវាស៊ីចៀម ពួកវាស៊ីសត្វគ្រប់ប្រភេទ។ នោះគឺជាធម្មជាតិរបស់ពួកវា ហើយវាមិនអាចផ្លាស់ប្ដូរបានឡើយ។ ប្រសិនបើមាននរណាម្នាក់និយាយថា៖ «ខ្ញុំមិនដឹងថាខ្ញុំជាបុគ្គលទទឹងនឹងព្រះគ្រីស្ទឬអត់ទេ ប៉ុន្តែរាល់ពេលដែលខ្ញុំឮគេប្រកបគ្នាអំពីសេចក្ដីពិត ចិត្តរបស់ខ្ញុំឆាបឆេះដោយកំហឹង ហើយខ្ញុំស្អប់វា ហើយនរណាក៏ដោយដែលលួសកាត់ខ្ញុំ ខ្ញុំកាន់តែស្អប់ពួកគេថែមទៀត» តើបុគ្គលនោះគឺជាបុគ្គលទទឹងនឹងព្រះគ្រីស្ទដែរឬទេ? (មែនហើយ)។ មាននរណាម្នាក់និយាយថា៖ «នៅពេលមានរឿងអ្វីកើតឡើងចំពោះអ្នក អ្នកត្រូវតែចុះចូល និងស្វែងរកសេចក្ដីពិត» ហើយបុគ្គលទីមួយនោះនិយាយថា៖ «ចុះចូលស្អី! ឈប់និយាយទៅ!» តើទង្វើបែបនោះជារឿងអ្វីទៅ? តើវាជាការឆាប់ខឹងមែនទេ? (ទេ)។ តើវាជានិស្ស័យអ្វី? (ការស្អប់សេចក្ដីពិត)។ សូម្បីតែការនិយាយអំពីរឿងនេះ ក៏ពួកគេទ្រាំស្ដាប់មិនបានផង ហើយភ្លាមៗនៅពេលដែលអ្នកប្រកបគ្នាអំពីសេចក្ដីពិត ធម្មជាតិរបស់ពួកគេក៏ផ្ទុះឡើង ហើយពួកគេបង្ហាញពីទម្រង់ពិតរបស់ពួកគេ។ ពួកគេមិនចូលចិត្តស្ដាប់ការលើកឡើងណាមួយអំពីការស្វែងរកសេចក្ដីពិត ឬការចុះចូលនឹងព្រះជាម្ចាស់ឡើយ។ តើការមិនចូលចិត្តរបស់ពួកគេមានទំហំប៉ុនណា? នៅពេលដែលពួកគេឮការនិយាយបែបនោះ ពួកគេក៏ផ្ទុះកំហឹងឡើង។ ភាពគួរសមរបស់ពួកគេក៏រលាយបាត់អស់ ពួកគេមិនខ្លាចនឹងបង្ហាញមុខមាត់ពិតរបស់ពួកគេនោះទេ។ នោះហើយជាកម្រិតនៃសេចក្ដីស្អប់របស់ពួកគេ។ បើដូច្នេះ តើពួកគេអាចអនុវត្តសេចក្ដីពិតបានដែរឬទេ? (ទេ)។ សេចក្ដីពិតមិនមែនសម្រាប់មនុស្សអាក្រក់ឡើយ វាគឺសម្រាប់មនុស្សទាំងឡាយណាដែលមានមនសិការ និងវិចារណញ្ញាណ ដែលស្រឡាញ់សេចក្ដីពិត និងអ្វីៗដែលវិជ្ជមាន។ វាទាមទារពីមនុស្សទាំងនោះ ឱ្យពួកគេទទួលយកវា និងអនុវត្តវា។ ចំណែកឯមនុស្សទុច្ចរិតទាំងនោះដែលមានសារជាតិរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ដែលមានភាពប្រទូសរ៉ាយយ៉ាងខ្លាំងចំពោះសេចក្ដីពិត និងអ្វីៗដែលវិជ្ជមាន ពួកគេគ្មានថ្ងៃទទួលយកសេចក្ដីពិតឡើយ។ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ទោះបីជាពួកគេឮសេចក្ដីអធិប្បាយច្រើនប៉ុណ្ណាក៏ដោយ ក៏ពួកគេនឹងមិនទទួលយក ឬអនុវត្តសេចក្ដីពិតឡើយ។ កុំសន្មតថា ពួកគេមិនអនុវត្តសេចក្ដីពិតដោយសារតែពួកគេមិនយល់ពីវា ហើយថាពួកគេនឹងយល់នៅពេលដែលពួកគេបានឮវាច្រើនជាងនេះឱ្យសោះ។ វាជារឿងមិនអាចទៅរួចឡើយ ពីព្រោះអស់អ្នកដែលមិនពេញចិត្តនឹងសេចក្ដីពិត និងស្អប់សេចក្ដីពិត សុទ្ធតែជាបក្សពួករបស់សាតាំង។ ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ ហើយក៏គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរពួកគេបានដែរ។ វាប្រៀបដូចជាមហាទេវតាអ៊ីចឹង បន្ទាប់ពីបានក្បត់ព្រះជាម្ចាស់៖ តើអ្នករាល់គ្នាធ្លាប់ឮព្រះជាម្ចាស់មានព្រះបន្ទូលថា ទ្រង់នឹងសង្គ្រោះមហាទេវតាដែរឬទេ? ព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលបែបនោះឡើយ។ បើដូច្នេះ តើព្រះជាម្ចាស់បានធ្វើអ្វីចំពោះសាតាំង? ទ្រង់បានទម្លាក់វាទៅក្នុងអាកាស ហើយឱ្យវាបម្រើការដល់ទ្រង់នៅលើផែនដី ដោយធ្វើអ្វីដែលវាគួរធ្វើ។ ហើយនៅពេលដែលវាបានបញ្ចប់ការបន្រើការដល់ទ្រង់ ហើយផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ទ្រង់នឹងបំផ្លាញវាចោល ហើយរឿងរ៉ាវនឹងបញ្ចប់ត្រឹមហ្នឹង។ តើព្រះជាម្ចាស់មានព្រះបន្ទូលអ្វីបន្ថែមសូម្បីតែមួយម៉ាត់ទៅកាន់វាដែរឬទេ? (ទេ)។ ហេតុអ្វីបានជាមិនមាន? ពីព្រោះនិយាយឱ្យខ្លីទៅ វាជារឿងឥតប្រយោជន៍។ ការនិយាយសូម្បីតែមួយម៉ាត់ទៅកាន់វា គឺជារឿងលើសពីការចាំបាច់។ ព្រះជាម្ចាស់បានមើលធ្លុះវារួចហើយ៖ សារជាតិធម្មជាតិរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ មិនអាចផ្លាស់ប្ដូរបានឡើយ។ រឿងរ៉ាវគឺបែបនេះឯង។
នៅពេលដែលអ្នករាល់គ្នាជួបប្រទះនឹងបុគ្គលទទឹងនឹងព្រះគ្រីស្ទ តើអ្នករាល់គ្នាគួរប្រព្រឹត្តចំពោះពួកគេយ៉ាងដូចម្ដេច? ធ្លាប់មានអ្នកដឹកនាំមួយចំនួនដែលត្រូវបានកំណត់លក្ខណៈថាជាអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទ ហើយត្រូវបានដកហូតតំណែង។ ចំពោះម្នាក់ក្នុងចំណោមពួកគេ មួយរយៈក្រោយមក បងប្អូនប្រុសស្រីបានរាយការណ៍ថា គាត់មានសមត្ថភាពការងារខ្លះ ថាគាត់បានប្រែចិត្តក្នុងអំឡុងពេលនោះ ហើយកំពុងតែធ្វើបានយ៉ាងល្អ។ វាមិនច្បាស់លាស់ជាក់លាក់ទេថា តើគាត់កំពុងធ្វើបានយ៉ាងល្អខាងឥរិយាបថ ឬថាតើគាត់កំពុងនិយាយក្នុងរបៀបដែលពីរោះស្ដាប់ ឬថាតើគាត់មានវិន័យជាងមុននៅក្នុងតួនាទីរបស់គាត់នោះទេ។ ដោយសារតែបងប្អូនប្រុសស្រីបាននិយាយថា គាត់កំពុងធ្វើបានយ៉ាងល្អ ហើយដោយសារតែមានការខ្វះមនុស្សសម្រាប់កិច្ចការមួយចំនួន ដូច្នេះ ក៏មានការរៀបចំឱ្យគាត់ធ្វើកិច្ចការខ្លះ។ ជាលទ្ធផល មិនដល់ពីរខែក្រោយមកផង បងប្អូនប្រុសស្រីបានធ្វើសេចក្ដីរាយការណ៍ថា៖ «សូមដកហូតតំណែងគាត់ចេញភ្លាមទៅ គាត់កំពុងសង្កត់សង្កិនពួកយើងរហូតដល់ទ្រាំលែងបានហើយ។ ប្រសិនបើគាត់មិនត្រូវបានដកហូតតំណែងទេ ពួកយើងនឹងមិនអាចបំពេញភារកិច្ចរបស់ពួកយើងបានឡើយ»។ ពួកគេដាច់ខាតមិនព្រមឱ្យប្រើប្រាស់គាត់ឡើយ ទោះបីជាពួកគេបោះឆ្នោតជ្រើសរើសនរណាជាអ្នកដឹកនាំក៏ដោយ ក៏បុគ្គលនោះនឹងមិនមែនជាគាត់ដែរ។ គាត់នៅតែជាមនុស្សមិនកែប្រែដដែល គាត់ពូកែតែនិយាយទេ ប៉ុន្តែតាមពិតទៅ គាត់មិនបានផ្លាស់ប្ដូរសូម្បីតែបន្តិច។ តើមានរឿងអ្វីកំពុងកើតឡើង? ធម្មជាតិរបស់គាត់ត្រូវបានលាតត្រដាងទាំងស្រុង។ តើអ្នកគិតថារឿងនេះគួរត្រូវបានដោះស្រាយយ៉ាងដូចម្ដេច? ការដែលបងប្អូនប្រុសស្រីមានប្រតិកម្មយ៉ាងខ្លាំងបែបនេះ បញ្ជាក់ថា ពួកគេពិតជាមានការញែកដឹងបន្តិចបន្តួចមែន។ មនុស្សមួយចំនួនត្រូវបានគាត់បំភាន់ ហើយបន្ទាប់ពីខាងលើបានដោះស្រាយជាមួយគាត់ មនុស្សមួយចំនួនបានចេញមុខការពារគាត់ ហើយក្រោយមក មនុស្សមួយចំនួនបាននិយាយថា គាត់បានប្រែចិត្តហើយ។ ដូច្នេះ គាត់ត្រូវបានដំឡើងតួនាទីម្ដងទៀត ហើយមួយរយៈក្រោយមក គាត់ត្រូវបានលាតត្រដាងទាំងស្រុង។ ពេលនេះ បងប្អូនប្រុសស្រីបានមើលធ្លុះពីគាត់ ហើយពួកគេបានរួបរួមគ្នាដើម្បីដកហូតតំណែងគាត់។ ខាងលើបានឃើញថា ពេលនេះមនុស្សទាំងនេះចេះញែកដឹងហើយ។ ពួកគេមិនមែនត្រូវបានស្រោចស្រពដោយឥតប្រយោជន៍ឡើយ។ ដូច្នេះ ដោយសារតែពួកគេទាំងអស់គ្នាមិនព្រមឱ្យប្រើប្រាស់គាត់ ខាងលើក៏បានដកហូតតំណែងគាត់។ តើការញែកដឹងរបស់ពួកគេបានមកពីណា? (ការយល់ដឹងអំពីសេចក្ដីពិត)។ មែនហើយ ពួកគេបានយល់ពីសេចក្ដីពិត។ ការញែកដឹងកើតចេញពីការយល់ដឹងអំពីសេចក្ដីពិត។ តើនៅទីនោះវាមិនមែននៅតែមានសេចក្ដីពិត និងព្រះជាម្ចាស់កំពុងសោយរាជ្យទេឬអី? (មែនហើយ)។ ការញែករបស់ពួកគេគឺទាន់ពេលវេលា៖ បន្ទាប់ពីគាត់ត្រូវបានដកហូតតំណែង បងប្អូនប្រុសស្រីលែងរងទុក្ខក្រោមការត្រួតត្រារបស់គាត់ទៀតហើយ។ មនុស្សម្នាបានរងទុក្ខយ៉ាងខ្លាំងក្រោមការសង្កត់សង្កិនរបស់គាត់។ គាត់គ្មានភាពជាមនុស្សទាល់តែសោះ។ គាត់មិនបានធ្វើកិច្ចការដែលខ្លួនគួរធ្វើទេ តែបែរជារំខានដល់ការបំពេញភារកិច្ចរបស់បងប្អូនប្រុសស្រីទៅវិញ គាត់បានជិះជាន់ពួកគេ ដោយប្រើអំណាចរបស់គាត់បំពានលើពួកគេ។ តើនរណានឹងយល់ព្រមចំពោះរឿងនោះ? គឺមានតែមនុស្សល្ងង់ប៉ុណ្ណោះ! នៅពេលដែលមនុស្សបែបនេះត្រូវបានដកហូតតំណែង បន្ទាប់ពីនោះ តើពួកគេមានអារម្មណ៍អ្វីអំពីរឿងនេះដែរឬទេ? កាលពីលើកមុន បុគ្គលនោះត្រូវបានខាងលើដកហូតតំណែង លើកនេះ គាត់ត្រូវបានបងប្អូនប្រុសស្រីទម្លាក់ពីតំណែង ត្រូវគេស្រែកដេញចុះពីឆាក នេះមិនមែនជារបៀបចាកចេញដែលមានកិត្តិយសឡើយ! ដើមឡើយ គាត់ចង់ស្វែងរកតំណែងមួយ។ តែលទ្ធផល គាត់មិនទទួលបានតំណែងនោះទេ តែបែរជាធ្លាក់ចុះភ្លាមៗ ហើយត្រូវបានវាយឱ្យត្រឡប់ទៅសភាពដើមរបស់គាត់វិញ។ តើគាត់មិនគួរឆ្លុះបញ្ចាំងពីខ្លួនឯងទេឬអី? (មែនហើយ)។ ប្រសិនបើគាត់ជាមនុស្សធម្មតាម្នាក់ គ្រាន់តែជាមនុស្សដែលមាននិស្ស័យពុករលួយយ៉ាងធ្ងន់ធ្ងរ តើគាត់មិនចាំបាច់ត្រូវឆ្លុះបញ្ចាំងពីខ្លួនឯងដូចគ្នាទេឬអី? (មែនហើយ)។ មានមនុស្សមួយប្រភេទដែលមិនឆ្លុះបញ្ចាំងឡើយ។ ពួកគេគិតថាពួកគេត្រូវ ថាអ្វីក៏ដោយដែលពួកគេធ្វើគឺត្រូវ ពួកគេមិនទទួលយកការពិតទេ ពួកគេមិនទទួលយកអ្វីៗដែលវិជ្ជមានទេ ហើយពួកគេមិនទទួលយកការវាយតម្លៃរបស់អ្នកដទៃមកលើពួកគេឡើយ។ ទាំងនេះគឺជាមនុស្សដែលមានសារជាតិនិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ។ មានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលមិនចេះឆ្លុះបញ្ចាំងពីខ្លួនឯង។ ផ្ទុយទៅវិញ តើពួកគេគិតវក់វីអំពីរឿងអ្វី? «ហ៊ឹស! ថ្ងៃណាមួយ ផ្កាយរបស់ខ្ញុំនឹងរះឡើងម្ដងទៀតមិនខាន។ ចាំទាល់តែអ្នករាល់គ្នាធ្លាក់ក្នុងកណ្ដាប់ដៃរបស់ខ្ញុំសិនទៅ ពេលនោះ អ្នករាល់គ្នានឹងឃើញថា ខ្ញុំនឹងធ្វើបាបអ្នករាល់គ្នាយ៉ាងដូចម្ដេច!» តើពួកគេនឹងមានឱកាសធ្វើបែបនោះដែរឬទេ? (ទេ)។ ពួកគេអស់ឱកាសហើយ។ នៅពេលដែលបងប្អូនប្រុសស្រីយល់ពីសេចក្ដីពិតកាន់តែច្រើនឡើងៗ ហើយនៅពេលដែលពួកគេអាចញែកដឹងពីសភាពផ្សេងៗរបស់មនុស្សផ្សេងៗ ជាពិសេស ញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ នោះចន្លោះដែលនៅសេសសល់សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការប្រព្រឹត្តអំពើអាក្រក់ នឹងកាន់តែតូចទៅៗ ហើយពួកគេនឹងមានឱកាសកាន់តែតិចទៅៗក្នុងការធ្វើបែបនោះ។ វានឹងមិនមែនជារឿងងាយស្រួលឡើយ សម្រាប់ពួកគេក្នុងការព្យាយាមវិលត្រឡប់មកវិញ។ ពួកគេសង្ឃឹមថា ខាងលើនឹងអធិប្បាយអំពីការញែកដឹងឱ្យតិចជាងមុនបន្តិច ហើយលែងញែកដឹងថាពួកគេជាបុគ្គលបែបណាទៀត។ នៅពេលដែលពួកគេឮគេប្រកបគ្នាអំពីសេចក្ដីពិតបែបនោះ ពួកគេដឹងថាវាចប់ហើយសម្រាប់ពួកគេ ហើយគិតថាគ្មានក្ដីសង្ឃឹមនៅសេសសល់សម្រាប់ការវិលត្រឡប់របស់ពួកគេឡើយ។ ពួកគេមិនគិតពិចារណាថា៖ «អ្វីដែលពួកគេកំពុងលាតត្រដាង និងញែកដឹង គឺត្រឹមត្រូវហើយ វាឆ្លុះបញ្ចាំងយ៉ាងលេញពីសភាពរបស់ខ្ញុំ។ តើខ្ញុំគួរផ្លាស់ប្ដូរយ៉ាងដូចម្ដេច? ប្រសិនបើខ្ញុំគ្រាន់តែបន្តប្រព្រឹត្តខ្លួនបែបនេះ តើវានឹងមិនមែនជាទីបញ្ចប់របស់ខ្ញុំទេឬអី? ខ្ញុំនឹងត្រូបានជម្រុះចោលមិនខាន។ តើមានប្រយោជន៍អ្វីពីការដើរតាមផ្លូវរបស់មហាទេវតា និងប្រទូសរ៉ាយនឹងព្រះជាម្ចាស់នោះ?» តើពួកគេនឹងមានការគិតពិចារណាបែបនោះដែរឬទេ? (ទេ)។ ពួកគេនឹងមិនគិតឡើយ ហើយពួកគេប្រាកដជានឹងមិនឆ្លុះបញ្ចាំងពីខ្លួនឯង និងព្យាយាមស្គាល់ខ្លួនឯងដែរ ផ្ទុយទៅវិញ ពួកគេសុខចិត្តស្លាប់ មុននឹងប្រែចិត្ត។ នោះគឺជាធម្មជាតិរបស់ពួកគេ។ ទោះបីជាអ្នកប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏វានឹងមិនអាចធ្វើឱ្យពួកគេភ្ញាក់រឮក ឬធ្វើឱ្យពួកគេប្រែចិត្តបានឡើយ។ តើមានច្រកគេចផុតដែរឬទេ បើគ្មានការប្រែចិត្តនោះ? (ទេ)។ ពួកគេមិនប្រែចិត្តឡើយ។ ពួកគេដើរតាមផ្លូវរបស់ពួកគេរហូតដល់ទីបញ្ចប់ដ៏ជូរចត់ រហូតដល់សេចក្ដីវិនាសដែលពួកគេស្វែងរកដោយខ្លួនឯង ដែលនេះគឺជាអ្វីដែលត្រូវបានកំណត់ដោយធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
ពួកយើងបាននឹងកំពុងនិយាយអំពីប្រធានបទនៃការញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទរហូតមក។ តើអ្នករាល់គ្នាគិតថា អស់អ្នកដែលជាពួកទទឹងនឹងព្រះគ្រីស្ទ មានអារម្មណ៍បែបណា នៅពេលដែលពួកគេស្ដាប់? នៅពេលដល់ពេលជួបជុំ ពួកគេមានអារម្មណ៍រងទុក្ខទារុណយ៉ាងខ្លាំង ហើយពួកគេមានការទាស់ទទឹងនៅក្នុងចិត្ត។ តើពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? (មែនហើយ)។ នៅពេលដែលមនុស្សធម្មតាដែលមាននិស្ស័យពុករលួយ ដឹងថាពួកគេមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេប្រាថ្នាយ៉ាងខ្លាំងចង់ស្ដាប់ និងយល់ឱ្យបានច្រើនជាងមុន ពីព្រោះនៅពេលដែលពួកគេបានយល់ហើយ នោះគឺជាពេលដែលពួកគេនឹងអាចដេញតាមការផ្លាស់ប្ដូរខ្លួនឯងបាន។ ពួកគេគិតថា ប្រសិនបើពួកគេមិនយល់ទេ ពួកគេនឹងដើរខុសផ្លូវ ហើយអាចនឹងមានថ្ងៃមួយដែលពួកគេឈានជើងចូលទៅក្នុងផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ជាកន្លែងដែលពួកគេនឹងប្រព្រឹត្តអំពើអាក្រក់យ៉ាងធំធេង ដូចជាបើកទ្វារទឹកឱ្យហូរចេញ ហើយដូច្នេះ ពួកគេនឹងបាត់បង់ឱកាសក្នុងការទទួលបានសេចក្ដីសង្គ្រោះ និងឈានទៅរកសេចក្ដីវិនាសមិនខាន។ ពួកគេខ្លាចរឿងនេះ។ ផ្នត់គំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺខុសគ្នា។ ពួកគេចង់ធ្វើអ្វីក៏ដោយឱ្យតែអាចរារាំងអ្នកដទៃទាំងអស់មិនឱ្យនិយាយ និងស្ដាប់សេចក្ដីអធិប្បាយអំពីការញែកដឹងបែបនេះ ពួកគេប្រាថ្នាយ៉ាងខ្លាំងចង់ឱ្យមនុស្សគ្រប់គ្នាវង្វេងស្មារតី និងគ្មានការញែកដឹង ហើយត្រូវបានពួកគេបំភាន់។ នោះហើយជាអ្វីដែលនឹងធ្វើឱ្យពួកគេសប្បាយចិត្ត។ តើអ្វីទៅជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? គឺការក្ដោបក្ដាប់អំណាច។ តើអ្នករាល់គ្នាចង់ក្ដោបក្ដាប់អំណាចដែរឬទេ? (ទេ)។ នៅក្នុងចិត្តអ្នករាល់គ្នាមិនចង់ទេ ប៉ុន្តែជួនកាល វាកើតឡើងចំពោះអ្នករាល់គ្នានៅក្នុងគំនិត ថាជាអ្វីមួយដែលអ្នករាល់គ្នាចង់បាន ហើយដូច្នេះ តាមពិតទៅ វាគឺជាអ្វីមួយដែលអ្នករាល់គ្នាចង់ធ្វើ។ អ្នកអាចនឹងមានបំណងប្រាថ្នាផ្ទាល់ខ្លួននៅខាងក្នុងអ្នក ជាសេចក្ដីប្រាថ្នាដ៏ជ្រាលជ្រៅនៅក្នុងចិត្តរបស់អ្នក ថាមិនចង់ក្លាយជាមនុស្សប្រភេទនោះ និងមិនចង់ដើរតាមផ្លូវនោះ ប៉ុន្តែនៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក និស្ស័យពុករលួយរបស់អ្នកក៏គ្រប់គ្រងអ្នក និងជំរុញអ្នក។ អ្នកប្រឹងប្រែងគិតរកវិធីការពារឋានៈ និងឥទ្ធិពលរបស់អ្នក គិតថាតើអ្នកអាចគ្រប់គ្រងមនុស្សបានប៉ុន្មាននាក់ គិតពីរបៀបនិយាយដោយមានសិទ្ធិអំណាច ដើម្បីទទួលបានការគោរពពីអ្នកដទៃ។ នៅពេលដែលអ្នកតែងតែគិតពីរឿងទាំងនេះ ចិត្តរបស់អ្នកលែងស្ថិតក្រោមការត្រួតត្រារបស់អ្នកទៀតហើយ។ តើអ្វីកំពុងត្រួតត្រាវា? (និស្ស័យពុករលួយ)។ មែនហើយ វាស្ថិតក្រោមការត្រួតត្រានៃនិស្ស័យពុករលួយរបស់សាតាំង។ មនុស្សម្នាក់គិតគូរពេញមួយថ្ងៃអំពីក្ដីបារម្ភនៃផលប្រយោជន៍ខាងសាច់ឈាមរបស់គេ គេតែងតែប្រជែងជាមួយអ្នកដទៃ ហើយនៅក្នុងដំណើរការនៃការប្រជែងទាំងនេះ គេមិនទទួលបានអ្វីឡើយ ហើយវាពិតជាឈឺចាប់ណាស់សម្រាប់គេ។ គេរស់នៅដើម្បីតែសាច់ឈាម និងសាតាំងប៉ុណ្ណោះ។ ដូច្នេះ មនុស្សម្នាក់ក៏តាំងចិត្តបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងរស់នៅដើម្បីព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលមានរឿងកើតឡើងចំពោះគេ គេបែរជាប្រជែងម្ដងទៀតដើម្បីឋានៈ និងផលប្រយោជន៍របស់គេទៅវិញ៖ នេះជាការប្រជែងទៅមកដែលធ្វើឱ្យគេនឿយហត់ដល់ឆ្អឹង ហើយគេមិនទទួលបានអ្វីសោះពីការនោះឡើយ។ ប្រាប់ខ្ញុំមក តើនោះមិនមែនជារបៀបរស់នៅដ៏នឿយហត់ទេឬអី? (មែនហើយ)។ ពួកគេរស់នៅបែបនោះពីមួយថ្ងៃទៅមួយថ្ងៃ ហើយមុនពេលដែលពួកគេដឹងខ្លួន វាមានរយៈពេលរាប់សិបឆ្នាំទៅហើយ។ មនុស្សមួយចំនួនជឿលើព្រះជាម្ចាស់អស់រយៈពេលដប់ ឬម្ភៃឆ្នាំ តើពួកគេទទួលបានសេចក្ដីពិតប៉ុន្មានទៅ? តើនិស្ស័យពុករលួយរបស់ពួកគេបានផ្លាស់ប្ដូរប៉ុន្មានទៅ? តើពួកគេរស់នៅដើម្បីនរណារៀងរាល់ថ្ងៃ? តើពួកគេមមាញឹកដើម្បីអ្វី? តើពួកគេប្រឹងប្រែងគិតដើម្បីអ្វី? គឺដើម្បីតែសាច់ឈាមទាំងអស់។ ព្រះជាម្ចាស់មានព្រះបន្ទូលថា «រាល់ការស្រមៃនៃគំនិតនៅក្នុងដួងចិត្តរបស់មនុស្ស គឺសុទ្ធតែអាក្រក់ជានិច្ច»។ តើមានកំហុសនៅក្នុងព្រះបន្ទូលទាំងនោះដែរឬទេ? ចូរភ្លក់រសជាតិព្រះបន្ទូលទាំងនោះចុះ ចូរសញ្ចឹងគិតពីព្រះបន្ទូលទាំងនោះឱ្យបានជ្រាលជ្រៅ។ នៅពេលដែលអ្នកគិតពីព្រះបន្ទូលទាំងនេះ នៅពេលដែលអ្នកដកបទពិសោធពីព្រះបន្ទូលទាំងនេះ តើអ្នកមិនខ្លាចទេឬអី? អ្នកអាចនឹងនិយាយថា៖ «ខ្ញុំពិតជាមានអារម្មណ៍ខ្លាចខ្លះមែន។ មើលពីសំបកក្រៅ ខ្ញុំលះបង់ពេញមួយថ្ងៃ ខ្ញុំបោះបង់ចោល ហើយលះបង់ខ្លួនឯង និងរងទុក្ខ។ នោះគឺជាអ្វីដែលរូបកាយខាងសាច់ឈាមរបស់ខ្ញុំធ្វើ ប៉ុន្តែគំនិតទាំងអស់នៅក្នុងចិត្តរបស់ខ្ញុំ គឺសុទ្ធតែអាក្រក់។ គំនិតទាំងនោះសុទ្ធតែផ្ទុយនឹងសេចក្ដីពិត។ នៅក្នុងរឿងជាច្រើនដែលខ្ញុំធ្វើ ចំណុចចាប់ផ្ដើមរបស់ខ្ញុំ កម្លាំងជំរុញចិត្តរបស់ខ្ញុំ និងគោលដៅរបស់ខ្ញុំ គឺសុទ្ធតែអំពីការប្រព្រឹត្តអំពើអាក្រក់នៃការគិតស្រមៃរបស់ខ្ញុំផ្ទាល់»។ តើមានលទ្ធផលអ្វីកើតចេញពីការធ្វើសកម្មភាពបែបនោះ? គឺអំពើអាក្រក់។ បើដូច្នេះ តើព្រះជាម្ចាស់នឹងចងចាំអំពើទាំងនោះដែរឬទេ? អ្នកខ្លះអាចនឹងនិយាយថា៖ «ខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលម្ភៃឆ្នាំមកហើយ។ ខ្ញុំបានបោះបង់អ្វីៗគ្រប់យ៉ាងចោលអស់ហើយ ប៉ុន្តែព្រះជាម្ចាស់នៅតែមិនចងចាំរឿងនោះដដែល»។ ពួកគេមានទុក្ខព្រួយ និងឈឺចាប់។ តើអ្វីដែលធ្វើឱ្យពួកគេឈឺចាប់? ប្រសិនបើព្រះជាម្ចាស់ពិតជាតឹងរ៉ឹងជាមួយមនុស្សមែន នោះមនុស្សនឹងគ្មានអ្វីត្រូវអួតអាងឡើយ។ ទាំងអស់នេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់ ជាសេចក្ដីមេត្តាករុណារបស់ទ្រង់ ព្រះជាម្ចាស់មានការអត់ឱនយ៉ាងខ្លាំងចំពោះមនុស្ស។ ចូរគិតពីរឿងនេះចុះ៖ ព្រះជាម្ចាស់បរិសុទ្ធណាស់ សុចរិតណាស់ មានគ្រប់ព្រះចេស្ដាណាស់ ហើយទ្រង់គ្រាន់តែទតមើល ខណៈដែលអស់អ្នកដែលដើរតាមទ្រង់ គិតតែពីគំនិតអាក្រក់ទាំងស្រុង ពេញមួយថ្ងៃ ហើយជាគំនិតដែលផ្ទុយនឹងសេចក្ដីពិត និងជាគំនិតដែលគិតទាំងស្រុងអំពីរឿងរ៉ាវដែលទាក់ទងនឹងឋានៈ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់ពួកគេផ្ទាល់។ តើព្រះជាម្ចាស់នឹងអត់ឱនឱ្យអ្នកដែលដើរតាមទ្រង់ ដែលប្រឆាំង និងក្បត់ទ្រង់តាមរបៀបនេះដែរឬទេ? ដាច់ខាតគឺមិនអត់ឱនឡើយ។ ដោយត្រូវបានត្រួតត្រាដោយគំនិត ការគិត ចេតនា និងកម្លាំងជំរុញចិត្តទាំងនេះ មនុស្សធ្វើរឿងរ៉ាវដោយបើកចំហ ក្នុងការបះបោរ និងការប្រឆាំងនឹងព្រះជាម្ចាស់ ដោយអួតអាងគ្រប់ពេលថា ពួកគេកំពុងបំពេញភារកិច្ចរបស់ពួកគេ និងសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ទតឃើញរឿងទាំងអស់នេះ ហើយទ្រង់នៅតែត្រូវស៊ូទ្រាំនឹងវាដដែល។ តើទ្រង់ស៊ូទ្រាំនឹងវាយ៉ាងដូចម្ដេច? ទ្រង់ផ្គត់ផ្គង់សេចក្ដីពិត ទ្រង់ស្រោចស្រព និងលាតត្រដាង ទ្រង់ក៏បំភ្លឺ និងស្រាយបំភ្លឺ ព្រមទាំងផ្ដល់ការណែនាំ ហើយវាយផ្ចាល និងប្រៀនប្រដៅ ហើយនៅពេលដែលសេចក្ដីប្រៀនប្រដៅនោះមានសភាពធ្ងន់ធ្ងរ ទ្រង់ថែមទាំងត្រូវផ្ដល់ការលួងលោមចិត្តទៀតផង។ តើព្រះជាម្ចាស់ត្រូវមានការអត់ធ្មត់កម្រិតណា ទើបអាចធ្វើរឿងទាំងអស់នោះបាន! ទ្រង់ទតមើលនិស្ស័យពុករលួយផ្សេងៗរបស់មនុស្សទាំងនេះ ទតមើលការពិតដែលថា ការបញ្ចេញឱ្យឃើញ ឥរិយាបថ និងគំនិតផ្សេងៗទាំងអស់របស់ពួកគេ គឺសុទ្ធតែអាក្រក់ ហើយទ្រង់នៅតែអាចស៊ូទ្រាំនឹងវាបានដដែល។ ប្រាប់ខ្ញុំមក តើមនុស្សនឹងអាចធ្វើបែបនោះបានដែរឬទេ? (ទេ)។ ការអត់ធ្មត់ដែលឪពុកម្ដាយមានចំពោះកូនៗរបស់ពួកគេ គឺជារឿងពិត ប៉ុន្តែពួកគេអាចនឹងនៅតែបោះបង់កូនៗចោល ឬសូម្បីតែផ្ដាច់ទំនាក់ទំនងជាមួយកូនៗ នៅពេលដែលរឿងរ៉ាវក្លាយជាមិនអាចស៊ូទ្រាំបាន។ បើដូច្នេះ ចុះចំណែកការអត់ធ្មត់ដែលព្រះជាម្ចាស់ផ្ដល់ឱ្យមនុស្សម្នាក់វិញ យ៉ាងម៉េចដែរ? រាល់ថ្ងៃដែលអ្នករស់នៅ គឺជាថ្ងៃដែលព្រះជាម្ចាស់ផ្ដល់ការអត់ធ្មត់របស់ទ្រង់ដល់អ្នក។ នោះហើយជាកម្រិតនៃការអត់ធ្មត់របស់ទ្រង់។ តើមានអ្វីនៅខាងក្នុងការអត់ធ្មត់នោះ? (សេចក្ដីស្រឡាញ់)។ មិនមែនត្រឹមតែសេចក្ដីស្រឡាញ់ទេ ទ្រង់មានការរំពឹងទុកចំពោះអ្នក។ តើការរំពឹងទុកនោះគឺជាអ្វី? គឺដើម្បីឱ្យទ្រង់អាចទតឃើញលទ្ធផល និងការប្រមូលផល តាមរយៈកិច្ចការដែលទ្រង់ធ្វើ ហើយធ្វើឱ្យមនុស្សអាចភ្លក់សេចក្ដីស្រឡាញ់របស់ទ្រង់បាន។ តើមនុស្សមានសេចក្ដីស្រឡាញ់បែបនោះដែរឬទេ? គេមិនមានឡើយ។ ដោយគ្រាន់តែមានការរៀនសូត្រ និងការអប់រំបន្តិចបន្តួច គ្រាន់តែមានអំណោយទាន ឬជំនាញពិសេសបន្តិចបន្តួច មនុស្សម្នាក់មានអារម្មណ៍ថាខ្លួនឯងមានឋានៈខ្ពង់ខ្ពស់ជាងអ្នកដទៃ ហើយថាមនុស្សធម្មតាមិនអាចប្រៀបស្មើនឹងពួកគេបានឡើយ។ នោះហើយជាភាពគួរឱ្យស្អប់ខ្ពើមរបស់មនុស្ស។ តើព្រះជាម្ចាស់ធ្វើបែបនោះដែរឬទេ? គឺផ្ទុយស្រឡះតែម្ដង៖ មនុស្សជាតិដ៏ស្មោកគ្រោក និងពុករលួយយ៉ាងជ្រាលជ្រៅដែលនឹកស្មានមិនដល់បែបនេះ គឺជាមនុស្សដែលព្រះជាម្ចាស់សង្គ្រោះ លើសពីនេះទៅទៀត ទ្រង់រស់នៅជាមួយពួកគេ ដោយមានព្រះបន្ទូលជាមួយពួកគេ និងគាំទ្រពួកគេ ទល់មុខគ្នា។ មនុស្សមិនអាចធ្វើបែបនោះបានឡើយ។
បន្ទាប់មកទៀត គឺជាការប្រកបគ្នាបន្ថែមទៀតអំពីបញ្ហាមួយផ្សេងទៀត។ មនុស្សមួយចំនួន នៅពេលដែលពួកគេធ្វើបន្ទាល់ ពួកគេនិយាយថា៖ «នៅពេលណាដែលមានរឿងរ៉ាវកើតឡើងចំពោះខ្ញុំ ខ្ញុំនឹកគិតដល់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងព្រះគុណរបស់ទ្រង់ ហើយខ្ញុំក៏មានសេចក្ដីរំជួលចិត្ត។ ខ្ញុំឈប់បញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់ខ្ញុំ នៅពេលណាដែលខ្ញុំនឹកគិតដល់រឿងទាំងនេះ»។ មនុស្សភាគច្រើនមានអារម្មណ៍ថា ពាក្យសម្ដីនេះគឺល្អ ថាវាពិតជាអាចដោះស្រាយបញ្ហានៃការបញ្ចេញឱ្យឃើញនិស្ស័យពុករលួយបានមែន។ តើពាក្យសម្ដីទាំងនេះពិតជាសមហេតុផលដែរឬទេ? ទេ វាមិនត្រឹមត្រូវឡើយ។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ សព្វានុភាពរបស់ទ្រង់ ការអត់ឱនរបស់ទ្រង់ចំពោះមនុស្ស និងគ្រប់កិច្ចការទាំងអស់ដែលទ្រង់បំពេញនៅក្នុងមនុស្ស អាចធ្វើឱ្យមនុស្សរំជួលចិត្តបានត្រឹមតែផ្នែកនៃភាពជាមនុស្សរបស់ពួកគេប៉ុណ្ណោះ គឺផ្នែកដែលជាមនសិការ និងភាពមានវិចារណញាណរបស់ពួកគេ ទោះជាយ៉ាងណាក៏ដោយ វាពុំអាចដោះស្រាយនិស្ស័យពុករលួយរបស់មនុស្សបានឡើយ ហើយវាក៏មិនអាចផ្លាស់ប្ដូរគោលដៅ និងទិសដៅនៃការដេញតាមរបស់មនុស្សបានដែរ។ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់បំពេញកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ៖ ទ្រង់សម្ដែងចេញ និងផ្គត់ផ្គង់សេចក្ដីពិត ដើម្បីដោះស្រាយបញ្ហានៃនិស្ស័យពុករលួយរបស់មនុស្ស។ តើអ្វីជារឿងដែលសំខាន់បំផុតដែលព្រះជាម្ចាស់បំពេញ? ទ្រង់សម្ដែងចេញ និងផ្គត់ផ្គង់សេចក្ដីពិត ហើយជំនុំជម្រះ និងវាយផ្ចាលមនុស្ស។ ទ្រង់មិនមានព្រះរាជបំណងចង់ធ្វើឱ្យអ្នករំជួលចិត្តដោយសកម្មភាពរបស់ទ្រង់ ឬដោយរឿងដែលទ្រង់ធ្វើ ដើម្បីផ្លាស់ប្ដូរទិសដៅ និងគោលដៅនៃការដេញតាមរបស់អ្នកឡើយ។ ទ្រង់នឹងមិនបំពេញកិច្ចការតាមរបៀបនោះទេ។ មិនថាព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងណាអំពីការដែលទ្រង់អត់ធ្មត់ចំពោះមនុស្ស ឬអំពីរបៀបដែលទ្រង់សង្គ្រោះមនុស្ស ដោយត្រូវលះបង់តម្លៃដ៏ធំធេងយ៉ាងណាក៏ដោយ មិនថាទ្រង់មានព្រះបន្ទូលបែបណាក៏ដោយ ក៏ព្រះជាម្ចាស់គ្រាន់តែសព្វព្រះទ័យចង់ឱ្យមនុស្សយល់ពីព្រះរាជបំណងរបស់ទ្រង់ក្នុងការសង្គ្រោះមនុស្សប៉ុណ្ណោះ។ ទ្រង់មិនមានព្រះបន្ទូលពីរឿងទាំងនោះ ដើម្បីធ្វើឱ្យចិត្តរបស់មនុស្សទន់ ហើយធ្វើឱ្យពួកគេងាកត្រឡប់មកវិញដោយសារតែពួកគេរំជួលចិត្តពីការបានឮព្រះបន្ទូលរបស់ទ្រង់នោះទេ។ រឿងនោះមិនអាចធ្វើទៅរួចឡើយ។ ហេតុអ្វីបានជាមិនអាច? និស្ស័យពុករលួយរបស់មនុស្ស គឺជាសារជាតិធម្មជាតិរបស់ពួកគេ ហើយសារជាតិធម្មជាតិនោះ គឺជាមូលដ្ឋានគ្រឹះដែលមនុស្សពឹងផ្អែកដើម្បីរស់រានមានជីវិត។ វាមិនមែនជាទំនៀម ឬទម្លាប់អាក្រក់ ដែលនឹងផ្លាស់ប្ដូរដោយគ្រាន់តែមានការជំរុញបន្តិចបន្តួចនោះទេ។ វានឹងមិនផ្លាស់ប្ដូរភ្លាមៗនៅពេលដែលមនុស្សសប្បាយចិត្ត ឬដោយសារទទួលបានចំណេះដឹងមួយចំនួន ឬបានអានសៀវភៅមួយចំនួននោះឡើយ។ រឿងនោះគឺជារឿងមិនអាចទៅរួចទេ។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរធម្មជាតិរបស់មនុស្សបានឡើយ។ មនុស្សម្នាក់អាចផ្លាស់ប្ដូរបាន តែតាមរយៈការទទួលយក និងការទទួលបានសេចក្ដីពិតប៉ុណ្ណោះ មានតែសេចក្ដីពិតមួយគត់ដែលអាចផ្លាស់ប្ដូរមនុស្សបាន។ ប្រសិនបើអ្នកចង់សម្រេចបាននូវការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃជីវិតរបស់អ្នក អ្នកត្រូវតែដេញតាមសេចក្ដីពិត ហើយដើម្បីដេញតាមសេចក្ដីពិត អ្នកត្រូវតែចាប់ផ្ដើមដោយការយល់ដឹងយ៉ាងច្បាស់អំពីសេចក្ដីពិតផ្សេងៗដែលព្រះជាម្ចាស់មានព្រះបន្ទូល។ មនុស្សមួយចំនួនជឿថា ប្រសិនបើគេបានយល់ពីគោលលទ្ធិ នោះមានន័យថា ពួកគេបានយល់ពីសេចក្ដីពិតហើយ។ ការគិតបែបនេះ គឺខុសស្រឡះតែម្ដង។ វាមិនមែនមានន័យថា ប្រសិនបើអ្នកយល់ពីគោលលទ្ធិនៃការជឿលើព្រះជាម្ចាស់ ហើយអាចលើកឡើងពីទ្រឹស្ដីខាងវិញ្ញាណខ្លះៗ នោះអ្នកបានយល់ពីសេចក្ដីពិតហើយនោះទេ។ ឥឡូវនេះ ចូរគិតអំពីរឿងនេះមើល៖ តើសេចក្ដីពិតសំដៅទៅលើអ្វីឱ្យប្រាកដ? ហេតុអ្វីបានជាខ្ញុំតែងតែនិយាយថា មានមនុស្សជាច្រើនដែលមិនយល់ពីសេចក្ដីពិត? ពួកគេគិតថា៖ «ប្រសិនបើខ្ញុំអាចយល់ពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះមានន័យថា ខ្ញុំបានយល់ពីសេចក្ដីពិតហើយ» ហើយថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់គឺត្រឹមត្រូវ ព្រះបន្ទូលទាំងនោះសុទ្ធតែចាក់ដោតចូលក្នុងចិត្តរបស់យើង ដូច្នេះ ព្រះបន្ទូលទាំងនោះគឺជាភាសារួមរបស់យើង»។ ប្រាប់ខ្ញុំមក តើពាក្យសម្ដីនោះត្រឹមត្រូវ ឬក៏អត់? តើការយល់ពីសេចក្ដីពិត ពិតជាមានន័យដូចម្ដេច? ហេតុអ្វីបានជាពួកយើងនិយាយថា ពួកគេមិនយល់ពីសេចក្ដីពិត? ជាដំបូង ពួកយើងនឹងនិយាយបន្តិចសិនថា តើសេចក្ដីពិតគឺជាអ្វី។ សេចក្ដីពិត គឺជាតថភាពនៃអ្វីៗដែលវិជ្ជមានទាំងអស់។ ដូច្នេះ តើតថភាពនៃអ្វីៗដែលវិជ្ជមានទាំងនោះ ទាក់ទងនឹងមនុស្សយ៉ាងដូចម្ដេច? (តាមការយល់ដឹងរបស់ខ្ញុំ ឱព្រះជាម្ចាស់ របៀបដែលវាសម្ដែងចេញនៅពេលដែលមនុស្សម្នាក់យល់ពីសេចក្ដីពិត គឺថា ទោះបីជាពួកគេជួបប្រទះនឹងមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗអ្វីក៏ដោយ ក៏ពួកគេមានគោលការណ៍ ហើយដឹងពីរបៀបប្រព្រឹត្តចំពោះរឿងទាំងនោះ ព្រមទាំងមានផ្លូវដើម្បីអនុវត្ត។ សេចក្ដីពិតអាចដោះស្រាយការលំបាករបស់ពួកគេ និងក្លាយជាតថភាពនៅក្នុងជីវិតរបស់ពួកគេ។ ព្រះជាម្ចាស់ទើបតែមានព្រះបន្ទូលថា ការដែលមនុស្សម្នាក់យល់ពីគោលលទ្ធិ មិនមែនជាការយល់ពីសេចក្ដីពិតឡើយ ពួកគេមានអារម្មណ៍ថាហាក់ដូចជាបានយល់ពីសេចក្ដីពិតហើយ ប៉ុន្តែពួកគេមិនអាចដោះស្រាយបញ្ហា និងការលំបាកណាមួយដែលពួកគេមាននៅក្នុងជីវិតពិតជាក់ស្ដែងរបស់ពួកគេបានឡើយ។ ពួកគេគ្មានផ្លូវសម្រាប់រឿងនោះទេ ពួកគេមិនអាចផ្សារភ្ជាប់រឿងរ៉ាវទៅនឹងសេចក្ដីពិតបានឡើយ។) នោះហើយគឺជាការមិនយល់ពីសេចក្ដីពិត។ ក្នុងអ្វីដែលទើបតែបាននិយាយ មានផ្នែកមួយដែលចំចំណុចតែម្ដង៖ តើសេចក្ដីពិតគឺជាអ្វី? (សេចក្ដីពិតអាចធ្វើឱ្យមនុស្សមានផ្លូវដើម្បីអនុវត្ត និងប្រព្រឹត្តដោយមានគោលការណ៍ វាអាចដោះស្រាយការលំបាករបស់មនុស្សបាន។) ត្រូវហើយ។ ការផ្ទៀងផ្ទាត់ខ្លួនឯងទៅតាមគោលការណ៍សេចក្ដីពិត ហើយអនុវត្តតាមគោលការណ៍ទាំងនោះ នោះហើយគឺជាផ្លូវ។ វាបញ្ជាក់ថានោះគឺជាការយល់ពីសេចក្ដីពិត។ ប្រសិនបើអ្នកគ្រាន់តែយល់ពីគោលលទ្ធិ ហើយនៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក អ្នកមិនអាចអនុវត្តវាបាន ហើយមិនអាចស្វែងរកគោលការណ៍ឃើញ នោះវាមិនមែនជាការយល់ពីសេចក្ដីពិតឡើយ។ តើសេចក្ដីពិតគឺជាអ្វី? សេចក្ដីពិត គឺជាគោលការណ៍ និងលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការធ្វើគ្រប់កិច្ចការទាំងអស់។ តើវាមិនអញ្ចឹងទេឬអី? (មែនហើយ)។ នៅពេលដែលខ្ញុំនិយាយថា អ្នករាល់គ្នាមិនយល់ពីសេចក្ដីពិត ខ្ញុំកំពុងតែនិយាយថា បន្ទាប់ពីស្ដាប់សេចក្ដីអធិប្បាយរួច អ្នករាល់គ្នាដឹងត្រឹមតែគោលលទ្ធិប៉ុណ្ណោះ។ អ្នករាល់គ្នាមិនដឹងថា តើគោលការណ៍ និងលក្ខខណ្ឌវិនិច្ឆ័យនៃសេចក្ដីពិតនៅក្នុងនោះគឺជាអ្វីឡើយ ឬថាតើរឿងរ៉ាវណាខ្លះដែលកើតឡើងចំពោះអ្នករាល់គ្នា ដែលពាក់ព័ន្ធនឹងទិដ្ឋភាពនៃសេចក្ដីពិតនោះ ឬថាតើសភាពណាខ្លះដែលពាក់ព័ន្ធនឹងវាឡើយ ហើយអ្នករាល់គ្នាក៏មិនដឹងពីរបៀបអនុវត្តទិដ្ឋភាពនៃសេចក្ដីពិតនោះដែរ។ អ្នករាល់គ្នាមិនដឹងពីរឿងទាំងនេះទាល់តែសោះ។ ឧបមាថា អ្នករាល់គ្នាបានសួរសំណួរមួយ។ ការដែលអ្នករាល់គ្នាសួរសំណួរនោះ មានន័យថា អ្នករាល់គ្នាមិនយល់ពីសេចក្ដីពិតដែលពាក់ព័ន្ធឡើយ។ តើអ្នករាល់គ្នានឹងយល់ពីវាដែរឬទេ បន្ទាប់ពីបានប្រកបគ្នាអំពីវាហើយនោះ? (យល់)។ អ្នករាល់គ្នាអាចនឹងយល់បន្តិចបន្តួចបន្ទាប់ពីការប្រកបគ្នា ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនអាចយល់ពីវា នៅពេលដែលមានរឿងស្រដៀងគ្នាកើតឡើងចំពោះអ្នករាល់គ្នាម្តងទៀត នោះវាមិនមែនជាការយល់ពីសេចក្ដីពិតយ៉ាងពិតប្រាកដឡើយ។ អ្នកមិនដឹងអំពីគោលការណ៍ និងលក្ខខណ្ឌវិនិច្ឆ័យនៃសេចក្ដីពិតនោះទេ អ្នកមិនអាចក្ដាប់វាបានឡើយ។ អាចនឹងមានសេចក្ដីពិតមួយដែលអ្នកគិតថាអ្នកបានយល់ហើយ ប៉ុន្តែចំពោះថាតើវាសំដៅទៅលើតថភាពណាខ្លះ ហើយថាតើវាសំដៅលើសភាពណាខ្លះរបស់មនុស្ស នោះតើអ្នកអាចយកសភាពផ្ទាល់ខ្លួនរបស់អ្នកទៅប្រៀបផ្ទឹមនឹងវាបានដែរឬទេ ប្រសិនបើអ្នកបានយល់ពីសេចក្ដីពិតនោះ? ប្រសិនបើអ្នកមិនអាចទេ ហើយអ្នកមិនដែលដឹងថាសភាពពិតប្រាកដរបស់អ្នកគឺជាអ្វីនោះ តើការយល់របស់អ្នកគឺជាការយល់ពីសេចក្ដីពិតដែរឬទេ? (ទេ)។ វាមិនមែនជាការយល់ពីសេចក្ដីពិតឡើយ។ នៅពេលនិយាយដល់ទិដ្ឋភាពមួយនៃសេចក្ដីពិត និងគោលការណ៍ ប្រសិនបើអ្នកដឹងថាតើរឿងរ៉ាវណាខ្លះ និងសភាពណាខ្លះដែលពាក់ព័ន្ធនឹងសេចក្ដីពិតនោះ ហើយថាតើមនុស្សប្រភេទណា ឬសភាពផ្ទាល់ខ្លួនរបស់អ្នកមួយណាដែលទាក់ទងនឹងសេចក្ដីពិតនោះ ហើយអ្នកក៏អាចប្រើប្រាស់សេចក្ដីពិតនោះដើម្បីដោះស្រាយរឿងទាំងនោះបានដែរ នោះមានន័យថា អ្នកយល់ពីសេចក្ដីពិតហើយ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកយល់ពីសេចក្ដីអធិប្បាយនៅពេលដែលអ្នកស្ដាប់វា ប៉ុន្តែនៅពេលដែលគេសុំឱ្យអ្នកប្រកបគ្នា អ្នកគ្រាន់តែនិយាយតាមពាក្យដែលអ្នកបានឮ ដោយមិនអាចនិយាយអំពីវា និងពន្យល់វាដោយផ្អែកលើសភាព និងស្ថានភាពពិតបានទេ តើការយល់របស់អ្នកគឺជាការយល់ពីសេចក្ដីពិតដែរឬទេ? ទេ វាមិនមែនបែបនោះទេ។ ដូច្នេះ ជាទូទៅ តើអ្នករាល់គ្នាយល់ពីសេចក្ដីពិតដែរឬទេ ឬក៏មិនយល់ទេ? (ពួកយើងមិនយល់ទេ)។ ហេតុអ្វីបានជាមិនយល់? ពីព្រោះចំពោះសេចក្ដីពិតភាគច្រើន ក្រោយពីបានស្ដាប់រួច អ្នករាល់គ្នាគ្រាន់តែយល់ពីគោលលទ្ធិប៉ុណ្ណោះ។ អ្វីដែលអ្នកអាចធ្វើបាន គឺគ្រាន់តែប្រកាន់ខ្ជាប់វាជាបទប្បញ្ញត្តិប៉ុណ្ណោះ អ្នកមិនដឹងពីរបៀបអនុវត្តវាដោយបត់បែនឡើយ។ នៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក អ្នកក៏គាំង មិនដឹងត្រូវធ្វើអ្វី នៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក អ្នកមិនអាចយកគោលលទ្ធិបន្តិចបន្តួចដែលអ្នកបានយល់នោះ មកប្រើប្រាស់ក្នុងស្ថានភាពជាក់ស្ដែងបានឡើយ ពោលគឺវាគ្មានប្រយោជន៍ទាល់តែសោះ។ តើនោះគឺជាការយល់ពីសេចក្ដីពិតដែរឬទេ ឬក៏អត់? (វាមិនមែនទេ)។ នោះហើយជាអត្ថន័យនៃការមិនយល់ពីសេចក្ដីពិត។ ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិតទេ តើត្រូវធ្វើដូចម្ដេច? អ្នកត្រូវតែខិតខំឈានឡើង ហើយចំណាយកម្លាំងកាយចិត្តដើម្បីស្វែងយល់ពីវា។ មានរឿងមួយចំនួនដែលត្រូវតែមាននៅក្នុងភាពជាមនុស្សរបស់អ្នក៖ អ្នកត្រូវតែមានមនសិការ និងម៉ត់ចត់ចំពោះអ្វីដែលអ្នករៀន និងអ្វីដែលអ្នកធ្វើ។ ប្រសិនបើអ្នកចង់ដេញតាមសេចក្ដីពិត ប៉ុន្តែគ្មានមនសិការ និងវិចារណញ្ញាណរបស់មនុស្សធម្មតាទេ នោះអ្នកនឹងមិនអាចយល់ពីសេចក្ដីពិតបានឡើយ ហើយជំនឿរបស់អ្នកគឺជាជំនឿបែបច្របូកច្របល់។ រឿងនេះមិនអាស្រ័យលើគុណសម្បត្តិរបស់អ្នកទេ វាអាស្រ័យតែទៅលើថាតើអ្នកមានភាពជាមនុស្សបែបនេះដែរឬទេប៉ុណ្ណោះ។ ប្រសិនបើអ្នកមានមែន នោះទោះបីជាគុណសម្បត្តិរបស់អ្នកស្ថិតក្នុងកម្រិតមធ្យមក៏ដោយ ក៏អ្នកនៅតែអាចយល់ពីសេចក្ដីពិតជាមូលដ្ឋានបានដែរ។ យ៉ាងហោចណាស់ នេះក៏ពាក់ព័ន្ធនឹងសេចក្ដីពិតដែរ។ ហើយប្រសិនបើអ្នកមានគុណសម្បត្តិល្អណាស់ នោះអ្វីដែលអ្នកយល់ អាចជាអ្វីៗដែលស្ថិតនៅកម្រិតជ្រៅនៃសេចក្ដីពិត ដែលក្នុងករណីនេះ អ្នកនឹងអាចចូលទៅក្នុងសេចក្ដីពិតនោះបានកាន់តែជ្រៅ។ នេះគឺទាក់ទងនឹងគុណសម្បត្តិរបស់អ្នក។ ប៉ុន្តែ ប្រសិនបើគ្មានអាកប្បកិរិយាយកចិត្តទុកដាក់ និងល្អិតល្អន់នៅក្នុងភាពជាមនុស្សរបស់អ្នកទេ ហើយអ្នកតែងតែស្រពេចស្រពិល និងមិនច្បាស់លាស់ ច្របូកច្របល់ តែងតែស្ថិតក្នុងស្ថានភាពស្រអាប់ ពោលគឺស្រអាប់ ស្រពេចស្រពិល និងធ្វើឱ្យតែរួចពីដៃចំពោះគ្រប់រឿងរ៉ាវទាំងអស់ នោះសម្រាប់អ្នក សេចក្ដីពិតនឹងតែងតែជាបទប្បញ្ញត្តិ និងគោលលទ្ធិជានិច្ច។ អ្នកនឹងមិនអាចទទួលបានសេចក្ដីពិតឡើយ។ ពេលឮខ្ញុំនិយាយបែបនេះ តើពេលនេះអ្នករាល់គ្នាមានអារម្មណ៍ថា ការដេញតាមសេចក្ដីពិតគឺជាការលំបាកដែរឬទេ? វាមានកម្រិតនៃការលំបាករបស់វា ប៉ុន្តែវាអាចជាកម្រិតធំ ឬអាចជាកម្រិតតូច។ ប្រសិនបើអ្នកប្រើគំនិតគិតគូរ និងខិតខំប្រឹងប្រែង នោះកម្រិតនៃការលំបាកនឹងថយចុះ ហើយអ្នកនឹងទទួលបានសេចក្ដីពិតខ្លះៗ។ ប្រសិនបើអ្នកមិនខិតខំប្រឹងប្រែងទាល់តែសោះចំពោះសេចក្ដីពិត ប៉ុន្តែខិតខំតែទៅលើគោលលទ្ធិ និងការអនុវត្តខាងក្រៅ នោះអ្នកនឹងមិនអាចទទួលបានសេចក្ដីពិតឡើយ។
តើអ្នករាល់គ្នាបានមើលធ្លុះដល់ចំណុចសំខាន់នៃរឿងអ្វីមួយ តាមរយៈការប្រកបគ្នាជាប្រព័ន្ធរបស់ខ្ញុំអំពីសេចក្ដីពិតទាំងនេះដែរឬទេ? តើអ្នករាល់គ្នាទទួលបានការយល់ដឹងអ្វីខ្លះដែរឬទេ? តើរឿងរ៉ាវនៅក្នុងផ្នែកណាមួយនៃសេចក្ដីពិត មិនមានសេចក្ដីលម្អិតច្រើនជាងចំណេះដឹងសរុបនៃមុខវិជ្ជាណាមួយនៅសាកលវិទ្យាល័យទេឬអី? (មាន)។ វាមានសេចក្ដីលម្អិតច្រើនណាស់។ មនុស្សអាចក្ដាប់បាននូវចំណេះដឹងក្នុងការសិក្សា ដោយគ្រាន់តែខិតខំប្រឹងប្រែងពីរបីឆ្នាំ តាមរយៈការអនុវត្តជាប្រចាំ និងបទពិសោធជាក់ស្ដែងដោយផ្ទាល់ ដរាបណាពួកគេអាចទន្ទេញចាំ និងយល់ពីរឿងទាំងនោះ។ ក្នុងការរៀនមុខវិជ្ជាសិក្សាណាមួយ មនុស្សម្នាក់អាចស្ទាត់ជំនាញបន្តិចម្ដងៗ ដោយគ្រាន់តែចំណាយពេលវេលា និងកម្លាំង ហើយប្រើគំនិតបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែ ដើម្បីយល់ពីសេចក្ដីពិត ការគ្រាន់តែប្រើខួរក្បាលរបស់អ្នក គឺមិនអាចទៅរួចទេ អ្នកត្រូវតែប្រើដួងចិត្តរបស់អ្នក។ ប្រសិនបើអ្នកមិនត្រិះរិះពិចារណាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយដួងចិត្តរបស់អ្នក ឬមិនដកបទពិសោធន៍ពីព្រះបន្ទូលទាំងនោះដោយដួងចិត្តរបស់អ្នកទេ នោះអ្នកនឹងមិនអាចយល់ពីសេចក្ដីពិតបានឡើយ។ មានតែមនុស្សដែលមានការយល់ដឹងខាងវិញ្ញាណ ដែលមានមនសិការ និងដែលមានសមត្ថភាពយល់ដឹងប៉ុណ្ណោះ ទើបអាចឈានដល់សេចក្ដីពិតបាន ចំណែកឯអ្នកដែលគ្មានការយល់ដឹងខាងវិញ្ញាណ ដែលមានគុណសម្បត្តិខ្សោយ និងដែលខ្វះសមត្ថភាពយល់ដឹង នឹងមិនអាចឈានដល់សេចក្ដីពិតបានឡើយ។ តើអ្នករាល់គ្នាជាមនុស្សខ្ជីខ្ជា ឬក៏ជាមនុស្សល្អិតល្អន់? (ពួកយើងជាមនុស្សខ្ជីខ្ជា)។ តើនោះមិនមែនជាគ្រោះថ្នាក់ទេឬអី? តើអ្នករាល់គ្នាអាចល្អិតល្អន់បានដែរឬទេ? (ពួកយើងអាចធ្វើបាន)។ នោះជារឿងល្អ ខ្ញុំចូលចិត្តស្ដាប់ពាក្យនេះណាស់។ កុំតែងតែនិយាយថាអ្នកមិនអាចធ្វើបានឱ្យសោះ បើមិនបានសាកល្បង តើអ្នកនឹងដឹងបានដោយរបៀបណា? អ្នកគួរតែអាចធ្វើវាបាន។ ជាមួយនឹងការប្ដេជ្ញាចិត្ត និងអាកប្បកិរិយាបច្ចុប្បន្នរបស់អ្នករាល់គ្នានៅក្នុងការដេញតាមនេះ នោះមានក្ដីសង្ឃឹមថាអ្នករាល់គ្នានឹងយល់ពីសេចក្ដីពិតជាមូលដ្ឋាន។ វាគឺជារឿងដែលអាចសម្រេចបាន។ ដរាបណាមនុស្សម្នាក់សុខចិត្តប្រើដួងចិត្តរបស់ខ្លួន និងលះបង់តម្លៃ ហើយខិតខំប្រឹងប្រែងឆ្ពោះទៅរកសេចក្ដីពិតនៅក្នុងដួងចិត្តរបស់ខ្លួន នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការ ហើយធ្វើឱ្យបុគ្គលនោះគ្រប់លក្ខណ៍។ ប្រសិនបើបុគ្គលនោះមិនខិតខំប្រឹងប្រែងឆ្ពោះទៅរកសេចក្ដីពិតនៅក្នុងដួងចិត្តរបស់ពួកគេទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការឡើយ។ ចូរចងចាំថា៖ ដើម្បីឱ្យមនុស្សម្នាក់អាចយល់ពីសេចក្ដីពិតបាន បុគ្គលនោះត្រូវតែខិតខំប្រឹងប្រែងដោយសកម្ម និងលះបង់តម្លៃ ប៉ុន្តែការធ្វើបែបនេះអាចសម្រេចបានត្រឹមតែពាក់កណ្ដាលនៃលទ្ធផលដែលចង់បានប៉ុណ្ណោះ វាអាចសម្រេចបានត្រឹមតែផ្នែកដែលមនុស្សត្រូវធ្វើចំណែករបស់ខ្លួនប៉ុណ្ណោះ។ ពាក់កណ្ដាលទៀត គឺជាផ្នែកដ៏សំខាន់នៃការយល់ពីសេចក្ដីពិត ដែលមនុស្សនៅខ្វះខាត ហើយត្រូវតែពឹងផ្អែកលើកិច្ចការ និងការធ្វើឱ្យគ្រប់លក្ខណ៍របស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីសម្រេចបានការយល់ពីសេចក្ដីពិត។ អ្នកមិនត្រូវភ្លេចទេថា ទោះបីជាការពឹងផ្អែកលើការខិតខំប្រឹងប្រែង គឺគ្រប់គ្រាន់ហើយនៅពេលនិយាយដល់ការទទួលបានចំណេះដឹង និងការរៀនសូត្រអំពីវិទ្យាសាស្ត្រក៏ដោយ ក៏ការយល់ពីសេចក្ដីពិត មិនមែនដូច្នោះឡើយ។ ការពឹងផ្អែកលើគំនិតតែមួយមុខ គឺគ្មានប្រយោជន៍ទេ មនុស្សម្នាក់ត្រូវតែប្រើដួងចិត្តរបស់គេ ហើយត្រូវតែលះបង់តម្លៃ។ តើការលះបង់តម្លៃសម្រេចបានអ្វីខ្លះ? គឺកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែ តើអ្វីជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ? គំនិតរបស់មនុស្សម្នាក់ត្រូវតែល្អិតល្អន់ឱ្យបានគ្រប់គ្រាន់ ដួងចិត្តរបស់គេត្រូវតែស្ងប់ស្ងាត់ និងនឹងនរឱ្យបានគ្រប់គ្រាន់ ហើយត្រង់ទៅត្រង់មក ទើបព្រះជាម្ចាស់នឹងធ្វើកិច្ចការ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគឺមិនងាយកត់សម្គាល់ទេ ហើយអ្នកដែលធ្លាប់ភ្លក់រសជាតិពីវា ទើបដឹង។ មនុស្សដែលតែងតែខិតខំប្រឹងប្រែងឆ្ពោះទៅរកសេចក្ដីពិត ជារឿយៗអាចមានអារម្មណ៍ពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ ផ្លូវនៃការអនុវត្តរបស់ពួកគេក្នុងការបំពេញភារកិច្ចរបស់ពួកគេគឺរលូន ហើយមានភាពច្បាស់លាស់កាន់តែខ្លាំងឡើងៗនៅក្នុងដួងចិត្តរបស់ពួកគេ។ មនុស្សដែលគ្មានបទពិសោធ មិនអាចមានអារម្មណ៍ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយមិនអាចមើលឃើញផ្លូវដ៏ត្រឹមត្រូវដាច់ខាត។ គ្រប់រឿងរ៉ាវទាំងអស់សុទ្ធតែស្រពេចស្រពិល និងមិនច្បាស់លាស់សម្រាប់ពួកគេ ពួកគេមិនដឹងថាផ្លូវដ៏ត្រឹមត្រូវគឺជាអ្វីឡើយ។ តាមពិតទៅ វាមិនពិបាកទេក្នុងការសម្រេចបាននូវការយល់ពីសេចក្ដីពិត និងការមើលឃើញផ្លូវនៃការអនុវត្តឱ្យបានច្បាស់លាស់នោះ៖ ប្រសិនបើមនុស្សម្នាក់មានស្ថានភាពទាំងនោះនៅក្នុងដួងចិត្តរបស់ខ្លួន នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើកិច្ចការ។ ប៉ុន្តែ ប្រសិនបើដួងចិត្តរបស់អ្នកឃ្លាតចេញពីស្ថានភាពទាំងនោះ នោះអ្នកនឹងមិនអាចសម្គាល់ដឹងពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នេះមិនមែនជារឿងអរូបី ឬស្រពេចស្រពិលនោះទេ។ នៅពេលដែលអ្នកស្ថិតក្នុងសភាពទាំងនោះ ហើយដួងចិត្តរបស់អ្នកស្ថិតក្នុងសភាពទាំងនោះ ប្រសិនបើអ្នកស្វែងរក ខិតខំប្រឹងប្រែង ត្រិះរិះពិចារណា និងអធិដ្ឋាន នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើកិច្ចការនៅក្នុងអ្នក។ ប៉ុន្តែ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ តែងតែចង់ដេញតាមឋានៈ និងតស៊ូដណ្ដើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ តែងតែចង់ខ្វាយខ្វល់ និងខិតខំប្រឹងប្រែងតែលើសំបកក្រៅ ប្រសិនបើអ្នកតែងតែគេចវេះ លាក់ខ្លួន ជៀសវាង និងបដិសេធព្រះជាម្ចាស់ មិនត្រង់ទៅត្រង់មក ដោយមានដួងចិត្តដែលមិនបើកចំហចំពោះទ្រង់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើកិច្ចការឡើយ ទ្រង់នឹងមិនអើពើនឹងអ្នកទេ ហើយទ្រង់ក៏នឹងមិនសូម្បីតែស្ដីបន្ទោសអ្នកដែរ។ តើមនុស្សដែលមិនធ្លាប់ឆ្លងការសូម្បីតែការស្ដីបន្ទោសរបស់ព្រះវិញ្ញាណបរិសុទ្ធផង អាចយល់ពីសេចក្ដីពិតបានកម្រិតណាទៅ? ជួនកាល ព្រះវិញ្ញាណបរិសុទ្ធស្ដីបន្ទោសអ្នក ដើម្បីឱ្យអ្នកដឹងពីផ្លូវត្រូវ និងផ្លូវខុសក្នុងការធ្វើរឿងអ្វីមួយ។ នៅពេលដែលទ្រង់ផ្ដល់ឱ្យអ្នកនូវអារម្មណ៍បែបនោះ តើទីបំផុតអ្នកទទួលបានអ្វីពីវា? អ្នកនឹងទទួលបានសមត្ថភាពក្នុងការវែកញែកខុសត្រូវ ហើយអ្នកនឹងយល់ច្បាស់ពីរឿងនោះ មើលតែមួយភ្លែតក៏ដឹងថា៖ «របៀបនោះគឺខុសហើយ វាមិនស្របតាមគោលការណ៍។ ខ្ញុំមិនអាចធ្វើបែបនោះបានទេ»។ តាមរយៈរឿងនោះ អ្នកនឹងដឹងយ៉ាងច្បាស់ថាគោលការណ៍គឺជាអ្វី ហើយព្រះរាជបំណងរបស់ព្រះជាម្ចាស់គឺជាអ្វី ហើយសេចក្ដីពិតពិតប្រាកដគឺជាអ្វី ដូច្នេះ អ្នកនឹងដឹងពីអ្វីដែលអ្នកគួរធ្វើ។ ប៉ុន្តែ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធមិនបំពេញកិច្ចការទេ ប្រសិនបើទ្រង់មិនផ្ដល់ឱ្យអ្នកនូវសេចក្ដីប្រៀនប្រដៅបែបនេះទេ អ្នកនឹងស្ថិតក្នុងស្ថានភាពច្របូកច្របល់ជារៀងរហូត ដោយគ្មានភាពច្បាស់លាស់ឡើយ នៅពេលនិយាយដល់រឿងបែបនេះ។ នៅពេលដែលរឿងទាំងនោះកើតឡើងចំពោះអ្នក អ្នកនឹងគាំង មិនដឹងត្រូវធ្វើអ្វី។ នៅពេលដែលរឿងទាំងនោះកើតឡើងចំពោះអ្នក អ្នកនឹងមិនដឹងថាមានរឿងអ្វីកំពុងកើតឡើងឡើយ ហើយនៅក្នុងដួងចិត្តរបស់អ្នក អ្នកនឹងមានភាពច្របូកច្របល់យ៉ាងខ្លាំង អ្វីដែលអ្នកគួរធ្វើ នឹងមិនច្បាស់លាស់សម្រាប់អ្នកឡើយ។ អ្នកអាចនឹងថប់បារម្ភស្ទើរតែផ្ទុះទៅហើយ ប៉ុន្តែហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធមិនចាប់ផ្ដើមបំពេញកិច្ចការ? ប្រហែលជាសភាពមួយចំនួននៅខាងក្នុងអ្នកមិនត្រឹមត្រូវ ហើយអ្នកកំពុងតែទាស់ទទឹង។ តើអ្នកទាស់ទទឹងនឹងអ្វី? ប្រសិនបើអ្នកកំពុងប្រកាន់ខ្ជាប់នូវទស្សនៈ ឬសញ្ញាណខុសឆ្គងណាមួយ នោះព្រះជាម្ចាស់នឹងមិនបំពេញកិច្ចការឡើយ ប៉ុន្តែទ្រង់នឹងរង់ចាំរហូតដល់ពេលណាដែលអ្នកដឹងខ្លួនថាសញ្ញាណ ឬទស្សនៈនោះគឺខុស។ ព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញកិច្ចការដោយផ្អែកលើមូលដ្ឋាននោះប៉ុណ្ណោះ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ ទ្រង់មិនឈប់ត្រឹមការធ្វើឱ្យអ្នកដឹងនៅក្នុងស្មារតីថាអ្វីត្រូវ និងអ្វីខុសនោះទេ។ ផ្ទុយទៅវិញ ទ្រង់ឱ្យអ្នកមើលឃើញយ៉ាងច្បាស់ថាផ្លូវគឺជាអ្វី ហើយទិសដៅ និងគោលដៅគឺជាអ្វី ព្រមទាំងថាតើការយល់ដឹងរបស់អ្នកនៅឆ្ងាយពីសេចក្ដីពិតកម្រិតណា។ ទ្រង់ឱ្យអ្នកដឹងពីរឿងនេះយ៉ាងច្បាស់។ តើអ្នករាល់គ្នាធ្លាប់មានបទពិសោធបែបនេះដែរឬទេ? ប្រសិនបើមាននរណាម្នាក់បានជឿលើព្រះជាម្ចាស់អស់រយៈពេលដប់ ឬម្ភៃឆ្នាំមកហើយ ដោយគ្មានបទពិសោធជាក់លាក់បែបនេះទេ តើពួកគេជាមនុស្សប្រភេទណា? គឺជាមនុស្សខ្ជីខ្ជា។ ពួកគេអាចត្រឹមតែនិយាយចេញនូវគោលលទ្ធិ និងពាក្យស្លោកមួយចំនួនដែលតែងតែនិយាយដដែលៗប៉ុណ្ណោះ ហើយអាចត្រឹមតែដោះស្រាយបញ្ហាដោយប្រើប្រាស់យុទ្ធសាស្ត្រ និងបច្ចេកទេសសាមញ្ញៗបន្តិចបន្តួចរបស់ពួកគេប៉ុណ្ណោះ។ ដោយសារតែបែបនេះ ពួកគេមុខជាមានវឌ្ឍនភាពតិចតួចប៉ុណ្ណោះ ពួកគេនឹងមិនអាចយល់ពីសេចក្ដីពិតឡើយ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងមិនបំពេញកិច្ចការនៅក្នុងពួកគេឡើយ។ ចំពោះមនុស្សខ្ជីខ្ជាបែបនេះ ដែលសេចក្ដីពិតគឺហួសពីសមត្ថភាពរបស់ពួកគេទាំងស្រុងនោះ ពួកគេមិនអាចយល់ពីវាបានឡើយ ទោះបីជាព្រះវិញ្ញាណបរិសុទ្ធបំភ្លឺពួកគេក៏ដោយ។ ដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធនឹងមិនបំពេញកិច្ចការនៅក្នុងពួកគេឡើយ។ ហេតុអ្វីបានជាមិនបំពេញកិច្ចការ? តើព្រះជាម្ចាស់កំពុងលម្អៀងមែនទេ? ទេ។ ចុះតើអ្វីជាមូលហេតុទៅ? ពីព្រោះគុណសម្បត្តិរបស់ពួកគេខ្សោយពេក ហើយវាហួសពីសមត្ថភាពរបស់ពួកគេ។ ពួកគេមិនយល់ពីសេចក្ដីពិតទេ ទោះបីជាព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការក៏ដោយ ប្រសិនបើគេប្រាប់ពួកគេថារឿងអ្វីមួយគឺជាគោលការណ៍ តើពួកគេមានសមត្ថភាពយល់ពីរឿងនោះដែរឬទេ? ទេ ដូច្នេះ ព្រះជាម្ចាស់នឹងមិនធ្វើបែបនោះឡើយ។ តើអ្នករាល់គ្នាធ្លាប់មានបទពិសោធអំពីរឿងនេះដែរឬទេ? សេចក្ដីពិតគឺមិនលម្អៀងឡើយ។ នៅពេលដែលអ្នកដេញតាមវា នៅពេលដែលអ្នកស្វែងយល់ស៊ីជម្រៅពីវា ព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញកិច្ចការ ហើយអ្នកនឹងទទួលបានសេចក្ដីពិត។ ប៉ុន្តែ ប្រសិនបើអ្នកខ្ជិលច្រអូស និងលោភលន់ចង់បានភាពសុខស្រួល ហើយមិនសុខចិត្តខិតខំប្រឹងប្រែងចំពោះសេចក្ដីពិតទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការឡើយ ហើយអ្នកនឹងមិនអាចទទួលបានសេចក្ដីពិតឡើយ ទោះបីជាអ្នកជានរណាក៏ដោយ។ តើពេលនេះអ្នកយល់ហើយឬនៅ? តើបច្ចុប្បន្ននេះអ្នករាល់គ្នាកំពុងដេញតាមសេចក្ដីពិតដែរឬទេ? អ្នកណាដែលដេញតាមសេចក្ដីពិត នឹងទទួលបានសេចក្ដីពិត ហើយអ្នកដែលទទួលបានសេចក្ដីពិតនៅទីបំផុត នឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃ។ អ្នកដែលមិនអាចទទួលបានវា អាចត្រឹមតែច្រណែនពួកគេ ដោយគ្មានប្រយោជន៍អ្វីឡើយ៖ ប្រសិនបើពួកគេខកខានឱកាសនេះ វានឹងបាត់បង់ទៅមិនខាន។
តើពេលណាជាពេលវេលាដ៏ល្អបំផុតក្នុងការដេញតាមសេចក្ដីពិត? គឺពេលវេលានេះ នៅពេលដែលព្រះជាម្ចាស់កំពុងបំពេញកិច្ចការនៅក្នុងសាច់ឈាម ដោយមានព្រះបន្ទូល និងប្រកបគ្នាជាមួយអ្នកទល់មុខគ្នា ព្រមទាំងណែនាំអ្នក និងជួយអ្នក។ ហេតុអ្វីបានជាខ្ញុំនិយាយថា នេះគឺជាពេលវេលាដ៏ល្អបំផុត? ពីព្រោះកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស អាចធ្វើឱ្យអ្នកយល់ពីបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធបានយ៉ាងពេញលេញ ហើយអនុញ្ញាតឱ្យអ្នកដឹងពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស អាចយល់ពីគោលការណ៍ លំនាំ របៀប និងមធ្យោបាយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានទាំងស្រុង ហើយទ្រង់ប្រាប់អ្នកពីរឿងនោះ ដើម្បីកុំឱ្យអ្នកត្រូវស្ទាបស្ទង់រកវាដោយខ្លួនឯង។ ចូរដើរតាមផ្លូវកាត់នេះ នោះអ្នកនឹងអាចឈានទៅដល់វាបានភ្លាមៗ។ នៅពេលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឈប់មានព្រះបន្ទូល ហើយបានបញ្ចប់កិច្ចការរបស់ទ្រង់ នោះអ្នកនឹងត្រូវស្ទាបស្ទង់រកវាដោយខ្លួនឯង។ គ្មាននរណាម្នាក់ដែលអាចជំនួសសាច់ឈាមដែលបានយកកំណើតជាមនុស្សនេះ ហើយអាចប្រាប់អ្នកយ៉ាងច្បាស់ពីអ្វីដែលត្រូវធ្វើ ទីកន្លែងដែលត្រូវឆ្ពោះទៅ និងប្រភេទផ្លូវដែលត្រូវដើរតាមនោះឡើយ។ គ្មាននរណាម្នាក់ដែលអាចប្រាប់អ្នកពីរឿងទាំងនោះបានឡើយ ទោះបីជានរណាម្នាក់មានភាពខាងវិញ្ញាណកម្រិតណាក៏ដោយ ក៏គេមិនអាចធ្វើវាបានដែរ។ មានឧទាហរណ៍អំពីរឿងនេះ។ វាដូចជាអ្នកជឿលើព្រះយេស៊ូវ ដែលបានជឿអស់រយៈពេលពីរពាន់ឆ្នាំមកហើយអ៊ីចឹង៖ ពេលនេះ ពួកគេខ្លះបានបែរថយក្រោយមួយជំហាន ដើម្បីអានព្រះគម្ពីរសញ្ញាចាស់ និងកាន់តាមក្រឹត្យវិន័យ ហើយខ្លះទៀតលីឈើឆ្កាង តែបែរជាព្យួរបញ្ញត្តិទាំងដប់នៅក្នុងបន្ទប់របស់ពួកគេ ហើយកាន់តាមបទប្បញ្ញត្តិ និងបញ្ញត្តិទៅវិញ។ តើទីបំផុត ពួកគេទទួលបានអ្វីខ្លះ? ព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ ប៉ុន្តែប្រសិនបើគ្មានព្រះបន្ទូលដ៏ច្បាស់លាស់របស់ព្រះជាម្ចាស់ទេ មនុស្សតែងតែគ្រាន់តែស្ទាបស្ទង់រកប៉ុណ្ណោះ។ តើការគ្មានព្រះបន្ទូលដ៏ច្បាស់លាស់ មានន័យដូចម្ដេច? វាមានន័យថា អ្វីដែលមនុស្សស្ទាបស្ទង់រក និងទទួលបាន គឺមិនអាចកំណត់បានច្បាស់លាស់ឡើយ។ គ្មាននរណាម្នាក់ដែលអាចផ្ដល់ភាពប្រាកដប្រជាដល់អ្នក ដោយនិយាយថា វាជារឿងត្រឹមត្រូវសម្រាប់អ្នកក្នុងការធ្វើរឿងនេះ ហើយការធ្វើរឿងនោះគឺខុសឡើយ។ គ្មាននរណាម្នាក់ដែលអាចប្រាប់អ្នកពីរឿងនោះបានឡើយ។ ទោះបីជាព្រះវិញ្ញាណបរិសុទ្ធបំភ្លឺអ្នក ហើយអ្នកជឿថាវាត្រឹមត្រូវក៏ដោយ តើព្រះជាម្ចាស់សព្វព្រះហឫទ័យដែរឬទេ? អ្នកក៏មិនប្រាកដដែរ មែនទេ? (ទេ ពួកយើងមិនប្រាកដទេ)។ ព្រះបន្ទូលទាំងនោះរបស់ព្រះអម្ចាស់យេស៊ូវ ដែលទ្រង់បានបន្សល់ទុកកាលពីពីរពាន់ឆ្នាំមុន ហើយត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរ ពេលនេះ ពីរពាន់ឆ្នាំក្រោយមក អ្នកជឿលើព្រះអម្ចាស់បានផ្ដល់ការពន្យល់គ្រប់បែបយ៉ាងអំពីរឿងនៃការយាងត្រឡប់មកវិញរបស់ទ្រង់ ហើយគ្មាននរណាម្នាក់ដឹងថាការពន្យល់ដ៏ត្រឹមត្រូវពិតប្រាកដគឺជាអ្វីឡើយ។ ដូច្នេះ វាគឺជាការពិបាកយ៉ាងខ្លាំងសម្រាប់ពួកគេក្នុងការទទួលយកដំណាក់កាលនៃកិច្ចការនេះ។ តើនេះបង្ហាញពីអ្វី? វាបង្ហាញថា ជាមួយនឹងព្រះបន្ទូលដែលមានន័យមិនច្បាស់លាស់ និងមិនបានថ្លែងយ៉ាងច្បាស់លាស់ទាំងនេះ មនុស្សដប់នាក់មានការពន្យល់ដប់ ហើយមនុស្សមួយរយនាក់ មានការពន្យល់មួយរយ។ មនុស្សគ្រប់រូបសុទ្ធតែមានហេតុផលសម្អាង និងអំណះអំណាងរៀងៗខ្លួន។ តើការពន្យល់មួយណាដែលត្រឹមត្រូវ? ដរាបណាព្រះជាម្ចាស់មិនមានព្រះបន្ទូល ឬមិនផ្ដល់សេចក្ដីសន្និដ្ឋានទេ នោះអ្វីដែលមនុស្សនិយាយ គឺគ្មានន័យអ្វីឡើយ។ ទោះបីជានិកាយរបស់អ្នកធំប៉ុណ្ណាក៏ដោយ ទោះបីជាវាមានសមាជិកច្រើនប៉ុណ្ណាក៏ដោយ តើវាមានតម្លៃអ្វីចំពោះព្រះជាម្ចាស់ដែរឬទេ? (ទេ)។ ព្រះជាម្ចាស់មិនទតមើលកម្លាំងរបស់អ្នកឡើយ។ ទោះបីជាគ្មានមនុស្សណាម្នាក់នៅលើពិភពលោកអាចទទួលយកអ្វីដែលព្រះជាម្ចាស់ធ្វើក៏ដោយ ក៏វាគឺជារឿងត្រឹមត្រូវ ហើយវាគឺជាសេចក្ដីពិតដែរ។ នេះគឺជាការពិតដ៏អស់កល្បជានិច្ច និងមិនផ្លាស់ប្ដូរឡើយ! គ្រប់សាសនា និងនិកាយទាំងអស់ពន្យល់វាបែបនេះ និងបែបនោះ ហើយតើមានអ្វីកើតឡើងនៅទីបញ្ចប់? តើការពន្យល់របស់អ្នកមានប្រយោជន៍អ្វីដែរឬទេ? (ទេ)។ ព្រះជាម្ចាស់ច្រានចោលវាដោយព្រះបន្ទូលតែមួយឃ្លាប៉ុណ្ណោះ។ ទោះបីជាអ្នកបន្តពន្យល់វាយ៉ាងណាក៏ដោយ តើព្រះជាម្ចាស់នឹងអើពើនឹងអ្នកដែរឬទេ? (ទេ)។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនអើពើនឹងអ្នក? ព្រះជាម្ចាស់បានចាប់ផ្ដើមធ្វើកិច្ចការថ្មី អស់រយៈពេលសាមសិបឆ្នាំមកហើយ។ តើទ្រង់នឹងអើពើនឹងមនុស្សទាំងនោះដែរឬទេ ទោះបីជាពួកគេស្រែកឡូឡាយ៉ាងក្រអឺតក្រទមប៉ុណ្ណាក៏ដោយ? (ទេ)។ ទ្រង់នឹងមិនអើពើនឹងពួកគេឡើយ។ មនុស្សនៅក្នុងសាសនានឹងនិយាយថា៖ «បើទ្រង់មិនអើពើនឹងពួកគេទេ តើមនុស្សទាំងនោះមិនអាចទទួលបានសេចក្ដីសង្គ្រោះទេឬអី?» ការពិតគឺថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបញ្ជាក់យ៉ាងច្បាស់ពីរឿងគ្រប់យ៉ាងជាយូរមកហើយ ហើយអ្វីដែលទ្រង់មានព្រះបន្ទូល គឺជាការសម្រេចចុងក្រោយ។ ទោះបីជាពិភពសាសនាមានកម្លាំងខ្លាំងប៉ុណ្ណាក៏ដោយ ក៏វានឹងគ្មានប្រយោជន៍អ្វីឡើយ ទោះបីជាពួកគេមានចំនួនច្រើនប៉ុណ្ណាក៏ដោយ ក៏វាមិនបញ្ជាក់ថាពួកគេមានសេចក្ដីពិតដែរ។ ព្រះជាម្ចាស់ធ្វើតាមអ្វីដែលទ្រង់គួរធ្វើ។ កន្លែងណាដែលទ្រង់គួរចាប់ផ្ដើម នោះគឺជាកន្លែងដែលទ្រង់ចាប់ផ្ដើម។ អ្នកណាដែលទ្រង់គួរជ្រើសរើស នោះគឺជាអ្នកដែលទ្រង់ជ្រើសរើស។ តើទ្រង់រងឥទ្ធិពល និងការរឹតត្បិតពីពិភពសាសនាដែរឬទេ? (ទេ)។ មិនមែនទាល់តែសោះ។ នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់។ ប៉ុន្តែ មនុស្សជាតិដែលពុករលួយចង់ប្រកែកជាមួយព្រះជាម្ចាស់ ហើយផ្ដល់ការពន្យល់ដល់ទ្រង់ពេញមួយថ្ងៃ តើនេះមានប្រយោជន៍អ្វីដែរឬទេ? ពួកគេថែមទាំងចាប់យកព្រះបន្ទូលក្នុងព្រះគម្ពីរមកបកស្រាយតាមចិត្ត ដោយពួកគេបានយកព្រះបន្ទូលទាំងនោះចេញពីបរិបទយ៉ាងច្បាស់ ហើយថែមទាំងចង់ប្រកាន់ខ្ជាប់ព្រះបន្ទូលទាំងនោះអស់មួយជីវិតរបស់ពួកគេ ដោយរង់ចាំឱ្យព្រះជាម្ចាស់សម្រេចព្រះបន្ទូលទាំងនោះទៀតផង។ ពួកគេកំពុងតែយល់សប្តិហើយ! ប្រសិនបើមនុស្សម្នាក់មិនស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយតែងតែចង់សុំឱ្យព្រះជាម្ចាស់ធ្វើរឿងនេះ និងរឿងនោះ តើបុគ្គលនោះនៅមានវិចារណញ្ញាណដែរឬទេ? តើពួកគេកំពុងព្យាយាមធ្វើអ្វី? តើពួកគេចង់បះបោរមែនទេ? តើពួកគេចង់តតាំងជាមួយព្រះជាម្ចាស់មែនទេ? នៅពេលដែលភយន្តរាយដ៏ធំសម្បើមធ្លាក់ចុះមក មនុស្សគ្រប់គ្នានឹងគាំង មិនដឹងត្រូវធ្វើអ្វី ពួកគេនឹងយំ និងស្រែក ប៉ុន្តែគ្មានប្រយោជន៍អ្វីឡើយ។ តើវាមិនមែននឹងកើតឡើងបែបនោះទេឬអី? វាពិតជាបែបនោះមែន។
បច្ចុប្បន្ននេះគឺជាពេលវេលាដ៏ល្អបំផុត វាគឺជាពេលវេលាដែលព្រះជាម្ចាស់កំពុងសង្គ្រោះមនុស្ស និងធ្វើឱ្យពួកគេគ្រប់លក្ខណ៍។ កុំរង់ចាំរហូតដល់ថ្ងៃដែលអ្នកខកខានពេលវេលានេះមកដល់ ហើយបន្ទាប់មកទើបត្រិះរិះពិចារណាថា៖ «តើរឿងដែលព្រះជាម្ចាស់មានព្រះបន្ទូលនោះ មានន័យដូចម្ដេច? យកល្អគួរតែសួរនៅពេលនោះ ឥឡូវនេះខ្ញុំមិនអាចសួរបានទៀតទេ។ ខ្ញុំនឹងគ្រាន់តែអធិដ្ឋាននៅពេលនោះទៅ ព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញកិច្ចការ នោះគឺជារឿងដូចគ្នា»។ តើវានឹងដូចគ្នាដែរឬទេ? (ទេ)។ ប្រសិនបើវាដូចគ្នា នោះមនុស្សដែលបានជឿលើព្រះអម្ចាស់ក្នុងរយៈពេលពីរពាន់ឆ្នាំនេះ ក៏នឹងមិនដូចជាពួកគេនៅពេលនេះដែរ។ ចូរមើលពាក្យសម្ដីដែលត្រូវបានកត់ត្រាដោយអ្នកដែលគេហៅថាជាពួកបរិសុទ្ធ ក្នុងអំឡុងពាក់កណ្ដាលទីមួយនៃសហស្សវត្សរ៍ទីពីរចុះ តើពាក្យសម្ដីទាំងនោះរាក់កម្រិតណា តើគួរឱ្យអាណិតកម្រិតណា! ពេលនេះមានសៀវភៅទំនុកតម្កើងដ៏ក្រាស់មួយ ដែលមនុស្សគ្រប់សាសនា និងនិកាយទាំងអស់ច្រៀង ហើយទំនុកតម្កើងទាំងនោះនិយាយតែអំពីព្រះគុណរបស់ព្រះជាម្ចាស់ និងការទទួលបានព្រះពរប៉ុណ្ណោះ គឺមានតែរឿងពីរនោះឯង។ តើនោះគឺជាចំណេះដឹងអំពីព្រះជាម្ចាស់ដែរឬទេ? ទេ វាមិនមែនទេ។ តើមានសេចក្ដីពិតបន្តិចបន្តួចនៅក្នុងនោះដែរឬទេ? (ទេ)។ ពួកគេគ្រាន់តែដឹងថា ព្រះជាម្ចាស់ស្រឡាញ់មនុស្សនៅលើពិភពលោកប៉ុណ្ណោះ។ មានពាក្យសម្ដីមួយឃ្លាដែលតែងតែមាននៅលើពិភពលោក ដោយមិនដែលផ្លាស់ប្ដូរឡើយ៖ «ព្រះជាម្ចាស់គឺជាសេចក្ដីស្រឡាញ់»។ នោះគឺជាប្រយោគតែមួយគត់ដែលពួកគេដឹង។ ចុះតើព្រះជាម្ចាស់ស្រឡាញ់មនុស្សដោយរបៀបណា? ពេលនេះ ព្រះជាម្ចាស់បោះបង់ពួកគេចោល ហើយជម្រុះពួកគេចោល តើទ្រង់នៅតែជាសេចក្ដីស្រឡាញ់ដែរឬទេ? តាមការមើលឃើញរបស់ពួកគេ គឺទេ លែងជាសេចក្ដីស្រឡាញ់ទៀតហើយ។ ដូច្នេះ ពួកគេក៏ថ្កោលទោសទ្រង់។ ការដែលមនុស្សមិនដេញតាមសេចក្ដីពិត ហើយមិនអាចយល់ពីវាបាន គឺជារឿងដែលគួរឱ្យអាណិតបំផុត។ បច្ចុប្បន្ននេះមានឱកាសដ៏អស្ចារ្យបែបនេះ។ ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ដើម្បីសម្ដែងចេញសេចក្ដីពិត និងសង្គ្រោះមនុស្សដោយផ្ទាល់។ វាពិតជាគួរឱ្យស្ដាយណាស់ ប្រសិនបើអ្នកមិនដេញតាមសេចក្ដីពិត ហើយមិនទទួលបានវា។ ប្រសិនបើអ្នកបានដេញតាមវា ហើយបានធ្វើដូច្នេះយ៉ាងសកម្ម និងពេញកម្លាំង ប៉ុន្តែនៅទីបញ្ចប់ បែរជាមិនអាចយល់ពីវា នោះអ្នកនឹងមានមនសិការស្អាតស្អំ យ៉ាងហោចណាស់ អ្នកក៏មិនបានធ្វើឱ្យខ្លួនឯងខកចិត្តដែរ។ តើពេលនេះអ្នករាល់គ្នាបានចាប់ផ្ដើមដេញតាមសេចក្ដីពិតរបស់អ្នករាល់គ្នាហើយឬនៅ? តើការបំពេញភារកិច្ចរាប់ថាជាការដេញតាមសេចក្ដីពិតដែរឬទេ? វារាប់ថាជាការសហការមួយប្រភេទ ប៉ុន្តែបើនិយាយពីការសម្រេចឱ្យបាននូវការដេញតាមសេចក្ដីពិត ឬការរាប់ថាជាការដេញតាមសេចក្ដីពិត នោះវាមិនទាន់ដល់កម្រិតនោះទេ។ វាគ្រាន់តែជាទម្រង់នៃឥរិយាបថមួយ ជាប្រភេទនៃសកម្មភាពមួយប៉ុណ្ណោះ វាគឺជាការមានឥរិយាបថដេញតាមសេចក្ដីពិត។ ដូច្នេះ តើអ្វីទៅដែលអាចរាប់ថាជាការដេញតាមសេចក្ដីពិតបាន? អ្នកត្រូវតែចាប់ផ្ដើមដោយការយល់ពីសេចក្ដីពិត។ ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិត ហើយមិនយករឿងអ្វីទាំងអស់ជាការសំខាន់ ហើយបំពេញភារកិច្ចរបស់អ្នកឱ្យតែរួចពីដៃ ព្រមទាំងធ្វើអ្វីដែលអ្នកចង់ធ្វើ ដោយមិនដែលស្វែងរកសេចក្ដីពិត ឬយកចិត្តទុកដាក់ចំពោះគោលការណ៍សេចក្ដីពិតទេ តើអ្នកនឹងអាចយល់ពីសេចក្ដីពិតបានដែរឬទេ? ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិតទេ តើអ្នកអាចដេញតាមវាដោយរបៀបណា? តើវាមិនអ៊ីចឹងទេឬអី? (មែនហើយ)។ តើមនុស្សដែលមិនដេញតាមសេចក្ដីពិត ជាមនុស្សប្រភេទណា? ពួកគេគឺជាមនុស្សល្ងង់។ ដូច្នេះ តើអ្នកដេញតាមវាដោយរបៀបណា? អ្នកត្រូវតែចាប់ផ្ដើមដោយការយល់ពីសេចក្ដីពិត។ តើការយល់ពីសេចក្ដីពិត គឺជារឿងលំបាកដែរឬទេ? ទេ វាមិនលំបាកទេ។ ចូរចាប់ផ្ដើមជាមួយនឹងមជ្ឈដ្ឋានដែលអ្នកទាក់ទង និងភារកិច្ចដែលអ្នកបំពេញ ហើយអនុវត្ត និងហ្វឹកហាត់តាមគោលការណ៍សេចក្ដីពិត។ ការធ្វើបែបនេះបង្ហាញថា អ្នកបានចាប់ផ្ដើមដើរលើផ្លូវនៃការដេញតាមសេចក្ដីពិតហើយ។ ជាដំបូង ដោយផ្អែកលើគោលការណ៍ទាំងនេះ ចូរចាប់ផ្ដើមស្វែងរក ត្រិះរិះពិចារណា អធិដ្ឋាន និងទទួលបានការបំភ្លឺបន្តិចម្ដងៗ។ ការបំភ្លឺដែលអ្នកទទួលបាននោះ គឺជាសេចក្ដីពិតដែលអ្នកគួរយល់។ ចូរស្វែងរកសេចក្ដីពិតពីការបំពេញភារកិច្ចរបស់អ្នកជាមុនសិន ហើយខិតខំប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិត។ រឿងទាំងអស់នេះ គឺមិនអាចបំបែកចេញពីជីវិតពិតបានឡើយ៖ មនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលអ្នកជួបប្រទះនៅក្នុងជីវិត និងរឿងរ៉ាវដែលស្ថិតនៅក្នុងវិសាលភាពនៃភារកិច្ចរបស់អ្នក។ ចូរចាប់ផ្ដើមជាមួយនឹងរឿងទាំងនោះ ហើយឈានដល់ការយល់ដឹងអំពីគោលការណ៍សេចក្ដីពិត នោះអ្នកនឹងមានការចូលទៅក្នុងជីវិតមិនខាន។
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩