ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង (ផ្នែកទីបី)
II. ផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ
ខ. កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ
លើកមុន យើងបានប្រកបគ្នាអំពីចំណុចទីប្រាំបួននៃការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ចូរយើងរំលឹកបែបសង្ខេបឡើងវិញបន្តិចអំពីរឿងនេះ។ តើយើងបានបែងចែកផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទជាប៉ុន្មានចំណុចរងសម្រាប់ការវែកញែករបស់យើង? (ជាបីចំណុចរង។ ទីមួយគឺសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ទីពីរគឺកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ ហើយទីបីគឺផលប្រយោជន៍។) ផលប្រយោជន៍ដែលទាក់ទងនឹងពួកទទឹងនឹងព្រះគ្រីស្ទ ពាក់ព័ន្ធនឹងចំណុចរងទាំងបីនេះ៖ សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ តើមែនទេ? (មែនហើយ។) ចំណុចរងទីមួយ សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ គឺរាងងាយស្រួលយល់។ វាទាក់ទងនឹងមជ្ឈដ្ឋានគ្រោះថ្នាក់នានាដែលពួកគេជួបប្រទះ ហើយវាពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់របស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ជាមូលដ្ឋាន យើងបានប្រកបគ្នារួចរាល់ហើយអំពីចំណុចរងនេះ។ ចំណុចរងទីពីរគឺ កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ។ លើកមុន យើងបានប្រកបគ្នាអំពីការបង្ហាញចេញមួយចំនួននៃរឿងនេះ ប៉ុន្តែវាមានលក្ខណៈទូលំទូលាយបន្តិច។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាគ្រាន់តែមានការយល់ដឹង និងចំណេះដឹងជាគោលគំនិតប៉ុណ្ណោះអំពីចំណុចរងនេះ។ ប្រសិនបើខ្ញុំមិនលើកឧទាហរណ៍មួយចំនួន និងមិនផ្ដល់ការវិភាគជាក់ស្ដែង និងលម្អិតខ្លះទេ អ្នករាល់គ្នាប្រហែលជាមានត្រឹមតែការយល់ដឹងខាងគោលលទ្ធិ និងតាមន័យត្រង់បន្តិចបន្តួចប៉ុណ្ណោះអំពីទិដ្ឋភាពនៃសារជាតិ និងការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះ ហើយអ្នករាល់គ្នាប្រហែលជាមិនអាចមើលដឹងពីការបញ្ចេញឱ្យឃើញ និងការបង្ហាញចេញដ៏ជាក់លាក់ និងពិតប្រាកដទាំងនេះឡើយ។ ពីទស្សនៈរបស់អ្នករាល់គ្នា នៅពេលនិយាយដល់ការប្រកបគ្នាអំពីប្រធានបទទាំងនេះ កាន់តែជាក់លាក់គឺកាន់តែល្អ តើមែនទេ? (មែនហើយ។) អ្នករាល់គ្នាចូលចិត្តស្ដាប់រឿងដែលគេរៀបចំរួចជាស្រេច អ្នកមិនចូលចិត្តការដែលត្រូវស្វែងយល់ពីរឿងរ៉ាវដោយខ្លួនឯងឡើយ។ បន្ទាប់ពីអ្នករាល់គ្នាស្ដាប់សេចក្ដីអធិប្បាយទាំងនេះ តើអ្នកមានធ្វើកិច្ចការផ្ទះដែរឬទេ? ប្រសិនបើខ្ញុំប្រកបគ្នាលម្អិតពេក តើអ្នករាល់គ្នានឹងមានអារម្មណ៍ថា ខ្ញុំកំពុងតែរៀបរាប់កំប៉ិកកំប៉ុកពេក និងវែងអន្លាយពេកដែរឬទេ? អ្នកប្រហែលជានិយាយថា៖ «ទ្រង់ពិតជាកំពុងមើលស្រាលកម្រិតប្រាជ្ញារបស់ពួកទូលបង្គំហើយ តើពួកទូលបង្គំពិតជាមានគុណសម្បត្តិខ្សោយបែបនេះមែនឬ? ទ្រង់គ្រាន់តែលើកឧទាហរណ៍មួយ ឬពីរគឺគ្រប់គ្រាន់ហើយ។ លើសពីនេះ នៅពេលនិយាយដល់ការវែកញែកសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកយើងបានប្រកបគ្នាច្រើនគួរសមរួចមកហើយអំពីរឿងរ៉ាវដែលទាក់ទងនឹងការស្រឡាញ់ឋានៈ និងអំណាចរបស់ពួកគេ។ ហេតុអ្វីបានជាការប្រកបគ្នារបស់ពួកយើងអំពីផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ ក៏ពាក់ព័ន្ធនឹងប្រធានបទនេះដែរ? តើនេះមិនមែនជាការនិយាយដដែលៗ និងកំប៉ិកកំប៉ុកពេកទេឬ? តើវាពិតជាចាំបាច់ដែរទេក្នុងការប្រកបគ្នាអំពីរឿងនេះ?» តាមពិតទៅ ការនិយាយដដែលៗបន្តិចបន្តួច មិនមែនជារឿងអាក្រក់ឡើយ។ ប្រសិនបើយើងប្រកបគ្នាពីគ្រប់ជ្រុងជ្រោយ នោះអ្នករាល់គ្នានឹងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទិដ្ឋភាពនៃសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះ។ លើសពីនេះទៅទៀត នៅពេលប្រកបគ្នាអំពីសេចក្ដីពិត អ្នកមិនត្រូវគេចវេះពីការនិយាយដដែលៗឡើយ។ មានសេចក្ដីពិតមួយចំនួនដែលត្រូវបានប្រកបគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមនុស្សនៅតែមិនទទួលបានការចូលទៅក្នុងសេចក្ដីពិតទាំងនោះនៅឡើយ។ តើវាត្រឹមត្រូវដែរឬទេ ដែលតែងតែខិតខំចៀសវាងការនិយាយដដែលៗ ហើយតែងតែស្វែងរកទម្រង់ និងពាក្យសម្ដីថ្មីៗនោះ? (គឺខុសហើយ។) សេចក្ដីពិតផ្ទាល់ គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជីវិតរបស់មនុស្ស។ រឿងរ៉ាវផ្សេងៗ និងនិស្ស័យពុករលួយទាំងអស់ដែលមនុស្សបញ្ចេញឱ្យឃើញនៅក្នុងជីវិតរបស់ពួកគេ ការបង្ហាញចេញរបស់ពួកគេ ព្រមទាំងទស្សនៈ និងអាកប្បកិរិយាដែលពួកគេមានចំពោះរឿងរ៉ាវគ្រប់បែបយ៉ាង គឺតែងតែកើតឡើងម្ដងហើយម្ដងទៀតជារៀងរាល់ថ្ងៃ។ ការប្រកបគ្នាអំពីសេចក្ដីពិត និងការវែកញែកខ្លឹមសារ និងសារជាតិផ្សេងៗពីជ្រុងជ្រោយចម្រុះ គឺពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការចូលទៅក្នុងសេចក្ដីពិតរបស់មនុស្ស។ លើកមុន យើងបានប្រកបគ្នាក្នុងលក្ខណៈសាមញ្ញ និងទូលំទូលាយអំពីចំណុចរងទីពីរនៃផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទគឺ៖ កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ។ ថ្ងៃនេះ ខ្ញុំនឹងលើកឧទាហរណ៍មួយចំនួន ដើម្បីឱ្យយើងអាចប្រកបគ្នាអំពីរឿងនេះបានយ៉ាងលម្អិត។ ជាការពិតណាស់ ប្រសិនបើអ្នករាល់គ្នាទទួលបានការយល់ដឹងថ្មីៗ ឬទទួលបានការបើកសម្ដែង ឬពន្លឺណាមួយដោយផ្អែកលើមូលដ្ឋាននៃការប្រកបគ្នារបស់ខ្ញុំ ឬប្រសិនបើអ្នកបានឃើញឧទាហរណ៍ពាក់ព័ន្ធមួយចំនួននៅក្នុងដំណើរនៃបទពិសោធ ឬជីវិតផ្ទាល់ខ្លួនរបស់អ្នក នោះអ្នករាល់គ្នាក៏អាចចូលរួមនៅក្នុងការប្រកបគ្នានេះបានដែរ។ បន្ទាប់មក ចូរយើងវែកញែកឱ្យបានជាក់លាក់ ពីទស្សនៈនៃផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ ថាតើពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញចេញអ្វីខ្លះ នៅពេលនិយាយដល់កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ តើពួកទទឹងនឹងព្រះគ្រីស្ទបញ្ចេញឱ្យឃើញនិស្ស័យពុករលួយអ្វីខ្លះ ហើយតើពួកទទឹងនឹងព្រះគ្រីស្ទបញ្ចេញឱ្យឃើញសារជាតិធម្មជាតិបែបនេះតាមរបៀបណាខ្លះ។
ការស្រឡាញ់ថ្នាក់ថ្នមរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ គឺហួសពីមនុស្សធម្មតា ហើយវាជារឿងដែលស្ថិតនៅក្នុងសារជាតិនិស្ស័យរបស់ពួកគេ។ វាមិនមែនជាចំណាប់អារម្មណ៍បណ្ដោះអាសន្ន ឬជាឥទ្ធិពលមួយភ្លែតនៃមជ្ឈដ្ឋានជុំវិញរបស់ពួកគេឡើយ វាជារឿងដែលស្ថិតនៅក្នុងជីវិតរបស់ពួកគេ នៅក្នុងឆ្អឹងរបស់ពួកគេ ដូច្នេះហើយ វាគឺជាសារជាតិរបស់ពួកគេ។ នេះមានន័យថា នៅក្នុងគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ ការគិតគូរដំបូងរបស់ពួកគេគឺ កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ មិនមែនជារឿងអ្វីផ្សេងឡើយ។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ កេរ្តិ៍ឈ្មោះ និងឋានៈគឺជាជីវិតរបស់ពួកគេ ហើយជាគោលដៅដែលពួកគេដេញតាមពេញមួយជីវិតរបស់ខ្លួន។ នៅក្នុងអ្វីទាំងអស់ដែលពួកគេធ្វើ ការគិតគូរដំបូងរបស់ពួកគេគឺ៖ «តើនឹងមានអ្វីកើតឡើងចំពោះឋានៈរបស់ខ្ញុំ? ចុះចំណែកកេរ្តិ៍ឈ្មោះរបស់ខ្ញុំវិញ? តើការធ្វើបែបនេះនឹងផ្ដល់កេរ្តិ៍ឈ្មោះល្អដល់ខ្ញុំដែរឬទេ? តើវានឹងលើកកម្ពស់ឋានៈរបស់ខ្ញុំនៅក្នុងចិត្តមនុស្សដែរឬទេ?» នោះគឺជារឿងដំបូងដែលពួកគេគិតដល់ ដែលជាភស្តុតាងដ៏គ្រប់គ្រាន់បញ្ជាក់ថា ពួកគេមាននិស្ស័យ និងសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយក៏ដោយសារតែរឿងនេះហើយ ទើបពួកគេពិចារណារឿងរ៉ាវតាមរបៀបនេះ។ អាចនិយាយបានថា ចំពោះពួកទទឹងនឹងព្រះគ្រីស្ទ កេរ្ដិ៍ឈ្មោះ និងឋានៈ មិនមែនជាតម្រូវការបន្ថែមអ្វីនោះទេ រឹតតែមិនមែនជាអ្វីដែលនៅខាងក្រៅខ្លួន ដែលពួកគេអាចខ្វះបានឡើយ។ របស់ទាំងនេះជាផ្នែកមួយនៃធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ របស់ទាំងនេះនៅក្នុងឆ្អឹងរបស់ពួកគេ នៅក្នុងឈាមរបស់ពួកគេ របស់ទាំងនេះមានពីកំណើតនៅក្នុងខ្លួនពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនមិនខ្វល់ថាតើពួកគេមានឋានៈ និងកិត្តិនាមនោះទេ។ នេះមិនមែនជាឥរិយាបថរបស់ពួកគេទេ។ អ៊ីចឹង តើពួកគេមានឥរិយាបថយ៉ាងណា? កិត្តិនាម និងឋានៈ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ទៅនឹងស្ថានភាពប្រចាំថ្ងៃរបស់ពួកគេ ទៅនឹងអ្វីដែលពួកគេដេញតាមជាប្រចាំថ្ងៃ។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ឋានៈនិងកិត្តិនាមគឺជាជីវិតរបស់ពួកគេ។ មិនថាពួកគេរស់នៅយ៉ាងណា មិនថាពួកគេរស់នៅក្នុងមជ្ឈដ្ឋានជុំវិញបែបណា មិនថាពួកគេធ្វើកិច្ចការអ្វី មិនថាពួកគេដេញតាមអ្វី មិនថាពួកគេមានគោលដៅអ្វី មិនថាទិសដៅជីវិតរបស់ពួកគេជាអ្វីទេ គ្រប់យ៉ាងគឺផ្ដោតសំខាន់បំផុតលើការមានកិត្តិនាមល្អ និងឋានៈខ្ពង់ខ្ពស់។ ហើយគោលបំណងរបស់ពួកគេមិនផ្លាស់ប្ដូរឡើយ។ ពួកគេមិនដែលអាចបោះបង់អ្វីទាំងនេះចោលបានទេ។ នេះគឺជាមុខមាត់ពិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងជាសារជាតិរបស់ពួកគេ។ ទោះបីជាអ្នកដាក់ពួកគេនៅក្នុងព្រៃស្រោងក្នុងជ្រលងភ្នំដ៏ជ្រៅក៏ដោយ ក៏ពួកគេនៅតែមិនបោះបង់ចោលការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួនដែរ។ អ្នកអាចនឹងដាក់ពួកគេនៅក្នុងចំណោមក្រុមមនុស្សណាក៏បាន ហើយអ្វីដែលពួកគេអាចគិតដល់ គឺនៅតែជាកេរ្តិ៍ឈ្មោះ និងឋានៈដដែល។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេចាត់ទុកការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ថាស្មើនឹងសេចក្ដីជំនឿលើព្រះជាម្ចាស់ដែរ ហើយដាក់រឿងទាំងពីរនេះក្នុងកម្រិតស្មើគ្នា។ ពោលគឺ នៅពេលដែលពួកគេដើរលើផ្លូវនៃជំនឿលើព្រះជាម្ចាស់ ពួកគេក៏ដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេដែរ។ អាចនិយាយបានថា នៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ការដេញតាមសេចក្ដីពិតនៅក្នុងការជឿលើព្រះជាម្ចាស់ គឺជាការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ក៏ជាការដេញតាមសេចក្ដីពិតដែរ។ ការទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈ គឺទទួលបានសេចក្ដីពិត និងជីវិត។ ប្រសិនបើពួកគេមានអារម្មណ៍ថា ពួកគេមិនទទួលបានកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឬឋានៈទេ ហើយគ្មាននរណាម្នាក់គោរពពួកគេ កោតសរសើរយ៉ាងខ្លាំងដល់ពួកគេ ឬដើរតាមពួកគេទេ នោះពួកគេបាក់ទឹកចិត្ត។ ពួកគេជឿថា គ្មានន័យអ្វីឡើយក្នុងការជឿលើព្រះជាម្ចាស់ គ្មានតម្លៃចំពោះជំនឿនេះទេ ហើយពួកគេគិតឆ្ងល់ក្នុងចិត្តថា៖ «តើខ្ញុំបានបរាជ័យមែនទេដោយការជឿលើព្រះជាម្ចាស់បែបនេះ? តើលែងមានសង្ឃឹមសម្រាប់ខ្ញុំហើយមែនទេ?» ពួកគេតែងតែគិតគូររឿងបែបនេះនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេគិតគូរពីរបៀបដែលពួកគេអាចធានាបានឋានៈមួយសម្រាប់ខ្លួនឯងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ របៀបដែលពួកគេអាចមានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់នៅក្នុងពួកជំនុំ ត្រូវធ្វើដូចម្ដេចដើម្បីឱ្យមនុស្សស្ដាប់នៅពេលពួកគេនិយាយ និងកោតសរសើរពួកគេនៅពេលពួកគេធ្វើសកម្មភាព ត្រូវធ្វើដូចម្ដេចដើម្បីឱ្យមនុស្សដើរតាមពួកគេមិនថាពួកគេទៅទីណាក៏ដោយ និងត្រូវធ្វើដូចម្ដេចដើម្បីឱ្យអាចមានសំឡេងដែលមានឥទ្ធិពលនៅក្នុងពួកជំនុំ ព្រមទាំងមានកេរ្តិ៍ឈ្មោះ មានលាភសក្ការៈ និងមានឋានៈ ពួកគេពិតជាផ្ដោតលើរឿងបែបនេះនៅក្នុងចិត្តរបស់ពួកគេណាស់។ ទាំងនេះគឺជាអ្វីដែលមនុស្សបែបនេះដេញតាម។ ហេតុអ្វីបានជាពួកគេតែងតែឱ្យតម្លៃលើរឿងបែបនេះ? បន្ទាប់ពីបានអានព្រះបន្ទូលព្រះជាម្ចាស់ បន្ទាប់ពីបានស្ដាប់សេចក្តីអធិប្បាយរួច តើពួកគេពិតជាមិនយល់អំពីរឿងទាំងអស់នេះ ពិតជាមិនអាចវែកញែករឿងទាំងអស់នេះទេឬអី? តើព្រះបន្ទូលព្រះជាម្ចាស់ និងសេចក្ដីពិត ពិតជាមិនអាចផ្លាស់ប្តូរសញ្ញាណ គំនិត និងយោបល់របស់ពួកគេបានទេឬ? វាមិនមែនបែបនេះឡើយ។ បញ្ហាស្ថិតនៅលើពួកគេផ្ទាល់ រឿងទាំងស្រុងដោយសារតែពួកគេមិនស្រឡាញ់សេចក្ដីពិត ពីព្រោះពួកគេស្អប់ខ្ពើមសេចក្ដីពិតនៅក្នុងចិត្តរបស់ខ្លួន ហើយជាលទ្ធផល ពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ ដែលការនេះត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកគេ។
បន្ទាប់ពីពួកទទឹងនឹងព្រះគ្រីស្ទស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតរួច ពួកគេហាក់ដូចជារកឃើញទិសដៅមួយនៅក្នុងចិត្តរបស់ពួកគេ។ ប៉ុន្តែតាមពិតទៅ តើអ្វីដែលហៅថាទិសដៅនេះគឺជាអ្វីទៅ? គឺការដែលពួកគេទទួលបានឧបករណ៍មួយប្រភេទ ឬអាចនិយាយបានថា ជាអាវុធដ៏មានប្រយោជន៍មួយប្រភេទ ដែលអាចឱ្យពួកគេកាន់តែមានភាពជឿជាក់ក្នុងការទទួលបានឋានៈ។ ដូច្នេះ ពួកគេប្រើប្រាស់ឱកាសនេះដើម្បីស្ដាប់ឱ្យបានច្រើន អានឱ្យបានច្រើន រៀនសូត្រឱ្យបានច្រើន ប្រកបគ្នាឱ្យបានច្រើន និងអនុវត្តឱ្យបានច្រើន ហើយបន្តិចម្ដងៗក៏ឈានដល់ចំណុចដែលពួកគេអាចនិយាយអំពីពាក្យពេចន៍ និងគោលលទ្ធិជាច្រើន ព្រមទាំងអធិប្បាយនូវអ្វីដែលហៅថាសេចក្ដីអធិប្បាយមួយចំនួន ដែលគួរឱ្យចងចាំ និងធ្វើឱ្យមនុស្សគោរពកោតសរសើរពួកគេ។ នៅពេលពួកគេក្ដាប់បាននូវគោលលទ្ធិទាំងនេះ ដែលមនុស្សគិតថាល្អបើគិតតាមន័យត្រង់ នោះវាហាក់ដូចជាពួកគេបានចាប់តោងខ្សែជីវិតមួយ ហើយបានរកឃើញទិសដៅ និងពន្លឺនៃអរុណរះអ៊ីចឹង។ ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនស្ដាប់សេចក្ដីអធិប្បាយ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់ការអនុវត្តរបស់ពួកគេ ឬដើម្បីធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយប្រាកដណាស់ថាពួកគេក៏មិនមែនធ្វើរឿងទាំងនេះដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ដែរ។ ពួកគេធ្វើរឿងទាំងនេះដើម្បីឱ្យពួកគេអាចអូសទាញមនុស្ស និងល្បួងមនុស្សកាន់តែច្រើនឱ្យថ្វាយបង្គំ និងដើរតាមពួកគេ ដោយប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬដោយប្រើប្រាស់ទ្រឹស្ដីទាំងនេះដែលពួកគេជឿថាជាទ្រឹស្ដីខាងវិញ្ញាណ ឬដោយការអធិប្បាយនូវសេចក្ដីអធិប្បាយដ៏ខ្ពង់ខ្ពស់នានា។ ដោយមើលមិនឃើញ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីពិត និងមាគ៌ារបស់ទ្រង់ ក៏ក្លាយជាច្រកមួយប្រភេទ ជាជណ្ដើរមួយប្រភេទ និងជាឧបករណ៍មួយប្រភេទ ដែលមនុស្សទាំងនេះប្រើប្រាស់ដើម្បីទទួលបានឋានៈ និងកិត្យានុភាពក្នុងចំណោមអ្នកដទៃ។ ហេតុដូច្នេះហើយ មិនថាអ្នកមើលក្នុងផ្លូវណាក៏ដោយ ក៏អ្នកនឹងមិនអាចស្វែងរកឃើញសេចក្ដីជំនឿដ៏ពិតប្រាកដ ឬការចុះចូលដ៏ពិតប្រាកដណាមួយនៅក្នុងខ្លួនពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ផ្ទុយទៅវិញ មិនថាពួកគេខិតខំប្រឹងប្រែងស្ដាប់សេចក្ដីអធិប្បាយ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុនណានោះទេ ហើយមិនថាជំនឿរបស់ពួកគេលើព្រះបន្ទូលរបស់ទ្រង់ហាក់ដូចជា «ស៊ប់» ប៉ុនណានោះទេ ក៏មានរឿងមួយដែលមិនអាចបដិសេធបាននោះគឺ ក្នុងពេលដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងទាំងនេះ ចេតនា និងផែនការរបស់ពួកគេមិនមែនដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយប្រាកដណាស់ថាវាក៏មិនមែនដើម្បីបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អនោះដែរ។ ពួកគេមិនចង់ធ្វើជាអ្នកដើរតាមដែលតូចតាចបំផុត ឬធ្វើជាភាវៈដែលព្រះបានបង្កើត ដោយទទួលយកការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ព្រមទាំងអធិបតេយ្យភាព និងការចាត់ចែងរបស់ទ្រង់ប្រកបដោយការទទួលខុសត្រូវ នៅក្នុងឥរិយាបថដ៏ល្អនោះឡើយ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែចង់ប្រើប្រាស់រឿងទាំងនេះដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីទទួលបានកន្លែងមួយនៅក្នុងចិត្តរបស់អ្នកដទៃ និងការវាយតម្លៃជាវិជ្ជមាននៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ នេះហើយជាអ្វីទាំងអស់ដែលពួកគេចង់បាន។ ដូច្នេះ មិនថាពួកទទឹងនឹងព្រះគ្រីស្ទអធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងណានោះទេ ហើយមិនថាសេចក្ដីអធិប្បាយដែលពួកគេអធិប្បាយនោះត្រឹមត្រូវ ខ្ពង់ខ្ពស់ ខាងវិញ្ញាណ និងស័ក្ដិសមនឹងចំណូលចិត្តរបស់មនុស្សប៉ុនណានោះទេ ក៏ពួកគេនឹងមានការអនុវត្ត និងការចូលទៅក្នុងកម្រិតសូន្យ។ ក្នុងពេលជាមួយគ្នានេះ ការដេញតាមឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ នឹងបង្កើតជា «ផ្លែផ្កា» កាន់តែច្រើនឡើងៗ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ខ្ញុំនិយាយបែបនេះពីព្រោះមិនថាមនុស្សបែបនេះធ្វើអ្វី មិនថាពួកគេអាចសម្រេចបានអ្វីខ្លះតាមរយៈការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា មិនថាទិសដៅ និងគោលដៅដែលពួកគេដេញតាមជាអ្វី ហើយមិនថាបំណងលាក់កំបាំង និងចំណុចចាប់ផ្ដើមដែលពួកគេលាក់ទុកនៅក្នុងជម្រៅចិត្តរបស់ខ្លួនរាល់ពេលដែលពួកគេធ្វើសកម្មភាពគឺជាអ្វីនោះទេ គឺមិនអាចត្រូវបានបំបែកចេញពីឋានៈ និងកេរ្តិ៍ឈ្មោះ ដែលជាប់ទាក់ទងយ៉ាងស្អិតរមួតទៅនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេបានឡើយ។
ពាក្យចាស់ពោលថា អ្នកសាបព្រោះអ្វី នឹងប្រមូលផលបានហ្នឹង។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទមានគុណសម្បត្តិ និងអំណោយទានល្អយ៉ាងណានោះទេ ឬមិនថាពួកគេមានការបង្ហាញចេញដ៏ស៊ប់ និងខាងវិញ្ញាណយ៉ាងណានោះទេ ដោយសារតែពួកគេលាក់ទុកនូវមហិច្ឆតា និងបំណងប្រាថ្នាក្នុងការក្ដោបក្ដាប់អំណាច និងគ្រប់គ្រងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយដោយសារតែពួកគេមិនដេញតាមសេចក្ដីពិត និងដេញតាមតែកេរ្តិ៍ឈ្មោះ និងឋានៈ តើពួកគេអាចអនុវត្តតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បានដែរឬទេ? តើពួកគេអាចបំពេញតាមស្ដង់ដាដែលព្រះជាម្ចាស់តម្រូវនៅក្នុងសកម្មភាពរបស់ពួកគេបានដែរឬទេ? (មិនអាចទេ។) ដូច្នេះតាមពិតទៅ តើសកម្មភាព និងឥរិយាបថរបស់ពួកគេនឹងនាំទៅរកលទ្ធផលអ្វីខ្លះ? (ប្រាកដណាស់ គឺនាំឱ្យពួកគេបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ និងធ្វើជាអ្នកសម្រេចការទាំងអស់។) ត្រឹមត្រូវហើយ។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីនោះទេ នេះគឺជាលទ្ធផលចុងក្រោយ។ ដូច្នេះ តើអ្វីដែលបង្កឱ្យមានលទ្ធផលនេះ? ជាចម្បងគឺដោយសារតែអសមត្ថភាពរបស់ពួកគេក្នុងការទទួលយកសេចក្ដីពិត។ មិនថាពួកគេត្រូវបានលួសកាត់ ជំនុំជម្រះ ឬវាយផ្ចាលនោះទេ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនទទួលយករឿងនេះនៅក្នុងចិត្តរបស់ពួកគេឡើយ។ មិនថាពួកគេកំពុងធ្វើអ្វីនោះទេ ក៏ពួកទទឹងនឹងព្រះគ្រីស្ទតែងតែមានគោលដៅ និងចេតនាផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេតែងតែប្រព្រឹត្តទៅតាមផែនការផ្ទាល់ខ្លួនរបស់ពួកគេ ហើយអាកប្បកិរិយារបស់ពួកគេចំពោះការរៀបចំចាត់ចែង និងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់គឺ៖ «អ្នកអាចនឹងមានផែនការមួយពាន់ ប៉ុន្តែខ្ញុំមានក្រឹត្យក្រមតែមួយគត់»។ ទាំងអស់នេះត្រូវបានកំណត់ដោយធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើពួកទទឹងនឹងព្រះគ្រីស្ទអាចផ្លាស់ប្ដូរផ្នត់គំនិតរបស់ពួកគេ ហើយប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិតបានដែរឬទេ? នោះមុខជារឿងដែលមិនអាចទៅរួចជាដាច់ខាត លើកលែងតែខាងលើទាមទារឱ្យពួកគេធ្វើដូច្នេះដោយផ្ទាល់ ដែលក្នុងករណីនេះ ពួកគេនឹងអាចធ្វើបានបន្តិចបន្តួចទាំងបង្ខំចិត្ត ដោយសារតែភាពចាំបាច់។ ប្រសិនបើពួកគេមិនធ្វើអ្វីសោះ ពួកគេនឹងត្រូវបានលាតត្រដាង និងដកហូតតំណែង។ មានតែនៅក្រោមកាលៈទេសៈទាំងនេះប៉ុណ្ណោះ ទើបពួកគេអាចធ្វើកិច្ចការជាក់ស្ដែងបានបន្តិចបន្តួច។ នេះគឺជាអាកប្បកិរិយាដែលពួកទទឹងនឹងព្រះគ្រីស្ទមានចំពោះការបំពេញភារកិច្ច។ នេះក៏ជាអាកប្បកិរិយាដែលពួកគេមានចំពោះការអនុវត្តសេចក្ដីពិតផងដែរ៖ នៅពេលការអនុវត្តសេចក្ដីពិតមានផលប្រយោជន៍ដល់ពួកគេ នៅពេលមនុស្សគ្រប់គ្នានឹងពេញចិត្តនឹងពួកគេ និងកោតសរសើរពួកគេចំពោះរឿងនេះ ពួកគេប្រាកដជានឹងយល់ព្រមធ្វើតាម ហើយខិតខំប្រឹងប្រែងធ្វើជាទម្រង់ការ ដែលមើលទៅហាក់ដូចជាល្មមអាចទទួលយកបានសម្រាប់អ្នកដទៃ។ ប្រសិនបើការអនុវត្តសេចក្ដីពិតគ្មានផលប្រយោជន៍អ្វីដល់ពួកគេទេ ប្រសិនបើគ្មាននរណាម្នាក់មើលឃើញ ហើយអ្នកដឹកនាំថ្នាក់លើក៏មិនមើលឃើញ នោះនៅពេលបែបនេះ គឺគ្មានរឿងដែលពួកគេត្រូវអនុវត្តសេចក្ដីពិតឡើយ។ ការអនុវត្តសេចក្ដីពិតរបស់ពួកគេ គឺអាស្រ័យលើបរិបទ និងស្ថានការណ៍ ហើយពួកគេគិតគូរពីរបៀបដែលពួកគេអាចធ្វើរឿងនេះតាមវិធីមួយដែលអ្នកដទៃអាចមើលឃើញ និងថាតើផលប្រយោជន៍នឹងមានទំហំប៉ុនណា។ ពួកគេមានការចាប់យល់យ៉ាងប៉ិនប្រសប់អំពីរឿងទាំងនេះ ហើយពួកគេអាចបត់បែនទៅតាមស្ថានការណ៍ផ្សេងៗបាន។ ពួកគេគិតគូរពីកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនរបស់ខ្លួនគ្រប់ពេលវេលា ហើយមិនបង្ហាញពីការគិតគូរណាមួយដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ទាល់តែសោះ ហើយនៅក្នុងរឿងនេះ ពួកគេខកខានមិនបានអនុវត្តសេចក្ដីពិត និងប្រកាន់ខ្ជាប់នូវគោលការណ៍ឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទយកចិត្តទុកដាក់តែទៅលើកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ហើយការដែលពួកគេមិនទទួលបានផលប្រយោជន៍ណាមួយ ឬមិនបានបង្ហាញខ្លួនឯង គឺជារឿងដែលមិនអាចទទួលយកបានឡើយ ហើយការអនុវត្តសេចក្ដីពិត គឺជារឿងដ៏លំបាកស្មុគស្មាញសម្រាប់ពួកគេ។ ប្រសិនបើការខិតខំប្រឹងប្រែងរបស់ពួកគេមិនត្រូវបានទទួលស្គាល់ទេ ហើយទោះបីជាពួកគេកំពុងធ្វើការនៅចំពោះមុខអ្នកដទៃក៏ដោយ ប៉ុន្តែកិច្ចការរបស់ពួកគេមិនត្រូវបានអ្នកដទៃមើលឃើញ នោះពួកគេនឹងមិនអនុវត្តសេចក្ដីពិតណាមួយទាល់តែសោះ។ ប្រសិនបើកិច្ចការនេះត្រូវបានរៀបចំដោយដំណាក់របស់ព្រះជាម្ចាស់ផ្ទាល់ ហើយពួកគេមិនមានជម្រើសអ្វីក្រៅពីធ្វើនោះ ពួកគេនៅតែពិចារណាថាតើកិច្ចការនេះនឹងផ្តល់ផលប្រយោជន៍ដល់ឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេដែរឬអត់។ ប្រសិនបើកិច្ចការនេះល្អសម្រាប់ឋានៈរបស់ពួកគេ និងអាចកែលម្អកេរ្តិ៍ឈ្មោះរបស់ពួកគេបាន ពួកគេដាក់ចិត្តដាក់កាយធ្វើកិច្ចការនេះ ហើយធ្វើកិច្ចការនេះឱ្យបានល្អទៀតផង ពួកគេមានអារម្មណ៍ថា ខ្លួនកំពុងមានព្រួញមួយបាញ់បានសត្វពីរ។ ប្រសិនបើវាគ្មានផលប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់ពួកគេទេ ហើយការធ្វើកិច្ចការនោះមិនបានល្អអាចធ្វើឱ្យពួកគេខូចឈ្មោះ នោះពួកគេនឹងគិតរកវិធី ឬលេសដើម្បីគេចវេះពីវា។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចអ្វីនោះទេ ក៏ពួកគេតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍តែមួយគត់គឺ៖ ពួកគេត្រូវតែទទួលបានផលចំណេញខ្លះទាក់ទងនឹងកេរ្តិ៍ឈ្មោះ ឋានៈ ឬផលប្រយោជន៍របស់ពួកគេ ហើយពួកគេមិនត្រូវរងការខាតបង់ណាមួយជាដាច់ខាត។ ប្រភេទកិច្ចការដែលពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តបំផុតនោះគឺនៅពេលដែលពួកគេមិនចាំបាច់រងទុក្ខ ឬលះបង់អ្វីឡើយ ហើយវាមានផលប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ។ សរុបមក មិនថាពួកគេកំពុងធ្វើអ្វីក៏ដោយ ក៏ជាដំបូង ពួកទទឹងនឹងព្រះគ្រីស្ទគិតគូរតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយពួកគេធ្វើសកម្មភាពតែនៅពេលដែលពួកគេបានគិតឃើញពីលទ្ធភាពអាចធ្វើទៅកើតប៉ុណ្ណោះ។ ពួកគេមិនចុះចូលនឹងសេចក្តីពិតដោយស្មោះត្រង់ និងពិតប្រាកដដោយគ្មានការសម្រុះសម្រួលនោះឡើយ ប៉ុន្តែធ្វើតាមជម្រើស និងតាមលក្ខខណ្ឌវិញ។ តើនេះជាលក្ខខណ្ឌអ្វីទៅ? គឺថា ឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេត្រូវតែបានការពារ និងមិនត្រូវរងការខាតបង់ណាមួយឡើយ។ ទាល់តែលក្ខខណ្ឌនេះត្រូវបានបំពេញ នោះទើបពួកគេនឹងសម្រេចចិត្ត ហើយជ្រើសរើសអ្វីដែលត្រូវធ្វើ។ មានន័យថា ពួកទទឹងនឹងព្រះគ្រីស្ទ ផ្ដល់ការពិចារណាដ៏ល្អិតល្អន់ទៅលើរបៀបក្នុងការប្រព្រឹត្តចំពោះគោលការណ៍សេចក្ដីពិត ការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ និងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬរបៀបក្នុងការដោះស្រាយជាមួយបញ្ហាអ្វីមួយដែលពួកគេប្រឈមមុខ។ ពួកគេមិនគិតគូរពីរបៀបបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ របៀបនៅឱ្យឆ្ងាយពីការបំផ្លាញផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ របៀបផ្គាប់តាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ឬរបៀបផ្ដល់ផលប្រយោជន៍ដល់បងប្អូនប្រុសស្រីឡើយ។ ពួកគេពុំបានគិតពិចារណាអំពីរឿងទាំងអស់នេះទេ។ តើពួកទទឹងនឹងព្រះគ្រីស្ទពិចារណាអំំពីអ្វី? គឺថាតើឋានៈ និងកេរ្ដិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេ នឹងទទួលរងផលប៉ះពាល់ឬអត់ និងថាតើកិត្យានុភាពរបស់ពួកគេ នឹងធ្លាក់ចុះឬអត់។ ប្រសិនបើការធ្វើអ្វីមួយស្របតាមគោលការណ៍សេចក្ដីពិត ផ្តល់ផលប្រយោជន៍ដល់កិច្ចការរបស់ពួកជំនុំ និងដល់បងប្អូនប្រុសស្រី ប៉ុន្តែនឹងប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេ និងធ្វើឱ្យមនុស្សជាច្រើនស្គាល់ពីកម្ពស់ពិតរបស់ពួកគេ និងដឹងថាតើពួកគេមានសារជាតិធម្មជាតិបែបណានោះ ពួកគេប្រាកដជានឹងមិនប្រព្រឹត្តទៅតាមគោលការណ៍សេចក្ដីពិតឡើយ។ ប្រសិនបើការធ្វើកិច្ចការជាក់ស្ដែងមួយចំនួននឹងធ្វើឱ្យមនុស្សកាន់តែច្រើនស្ញប់ស្ញែងពួកគេ គោរពពួកគេ និងកោតសរសើរពួកគេ អាចឱ្យពួកគេទទួលបានកិត្យានុភាពកាន់តែធំធេង ឬអាចធ្វើឱ្យពាក្យសម្ដីរបស់ពួកគេមានសិទ្ធិអំណាច និងធ្វើឱ្យមនុស្សកាន់តែច្រើនចុះចូលនឹងពួកគេ នោះពួកគេនឹងជ្រើសរើសធ្វើវាដោយរបៀបនោះឯង។ បើមិនដូច្នោះទេ ពួកគេនឹងមិនជ្រើសរើសបដិសេធប្រយោជន៍របស់ខ្លួន ចេញពីការគិតគូរដើម្បីផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ ឬផលប្រយោជន៍របស់បងប្អូនប្រុសស្រីឡើយ។ នេះហើយគឺជាសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះមិនអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមទេឬ? នៅក្នុងស្ថានភាពណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេជារឿងសំខាន់បំផុត។ គ្មាននរណាម្នាក់អាចប្រកួតប្រជែងនឹងពួកគេបានឡើយ។ មិនថាត្រូវតម្រូវឱ្យប្រើវិធីសាស្ត្របែបណានោះទេ ដរាបណាវាអាចអូសទាញមនុស្ស និងធ្វើឱ្យអ្នកដទៃថ្វាយបង្គំពួកគេ នោះពួកទទឹងនឹងព្រះគ្រីស្ទនឹងធ្វើវា។ ប្រសិនបើមាននរណាម្នាក់ផ្សេងទៀតត្រូវបានរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គោរព និងយល់ព្រមគាំទ្រ ដោយសារតែការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ នោះពួកទទឹងនឹងព្រះគ្រីស្ទក៏នឹងប្រើប្រាស់វិធីសាស្ត្រនេះដើម្បីអូសទាញមនុស្សដែរ។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមិនមានសេចក្ដីពិត ឬបទពិសោធជាក់ស្ដែងឡើយ ដូច្នេះ ពួកគេខិតខំប្រឹងប្រែងគិតរកគ្រប់វិធីដើម្បីបង្កើតទ្រឹស្ដីមួយឈុតដែលធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ដោយផ្អែកលើការស្រមើស្រមៃរបស់មនុស្ស ដោយនិយាយអំពីភាពអស្ចារ្យរបស់ព្រះជាម្ចាស់ អំពីទំហំនៃក្ដីស្រឡាញ់ដែលព្រះជាម្ចាស់មានចំពោះមនុស្ស អំពីរបៀបដែលព្រះជាម្ចាស់លះបង់ដើម្បីសង្គ្រោះមនុស្ស និងអំពីទំហំដែលព្រះជាម្ចាស់បន្ទាបអង្គទ្រង់ និងលាក់កំបាំងអង្គទ្រង់។ បន្ទាប់ពីពួកគេធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់តាមរបៀបនេះ លទ្ធផលដែលពួកគេសម្រេចបាន គឺមនុស្សកាន់តែគោរពពួកគេ និងមានកន្លែងសម្រាប់ពួកគេកាន់តែច្រើននៅក្នុងចិត្តរបស់ខ្លួន ហើយគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើពួកគេឃើញថា ការនិយាយអំពីការស្គាល់ខ្លួនឯងអាចធ្វើឱ្យមនុស្សកាន់តែច្រើនទុកចិត្ត ស្ញប់ស្ញែង និងគោរពពួកគេ នោះពួកគេនឹងឧស្សាហ៍និយាយអំពីការស្គាល់ខ្លួនឯង ហើយនឹងឧស្សាហ៍វែកញែកពីខ្លួនឯង។ ពួកគេនឹងវែកញែកពីការពិតដែលថា ពួកគេគឺជាអារក្ស ថាពួកគេមិនមែនជាមនុស្ស ថាពួកគេគ្មានវិចារណញ្ញាណ ថាពួកគេមិនដេញតាមសេចក្ដីពិត និងថាពួកគេមិនមានសេចក្ដីពិត។ ពួកគេនឹងប្រកបគ្នាអំពីប្រធានបទដែលស្ដាប់ទៅហាក់ដូចជាត្រឹមត្រូវតែតាមពិតខុស និងមិនសំខាន់មួយចំនួន ដើម្បីបំភាន់អ្នកដទៃ អូសទាញយកទំនុកចិត្តរបស់អ្នកដទៃ និងធ្វើឱ្យមនុស្សកាន់តែច្រើនសរសើរ និងស្ញប់ស្ញែងពួកគេ។ នេះគឺជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្ត។ ប្រសិនបើវិធីសាស្ត្រជាក់លាក់ណាមួយនៃការចែករំលែកទីបន្ទាល់តាមរយៈបទពិសោធ នឹងអាចឱ្យពួកគេទទួលបានការពេញចិត្ត និងការកោតសរសើរពីអ្នកដទៃ នោះពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់វាឡើយ។ ពួកគេនឹងពិតជាផ្ដោតអារម្មណ៍ ខិតខំប្រឹងប្រែង និងប្រើប្រាស់ខួរក្បាលរិះគិតយ៉ាងខ្លាំងទៅលើវិធីសាស្ត្រនេះ។ សរុបមក គោលដៅ និងចេតនាបង្កប់របស់ពួកគេក្នុងការធ្វើរឿងទាំងអស់នេះ គឺវិលជុំវិញតែកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ គ្មានអ្វីផ្សេងឡើយ។ មិនថាវាជាភាសា វិធីសាស្ត្រ ឥរិយាបថយាខាងក្រៅរបស់ពួកគេ ឬជាប្រភេទនៃគំនិត ទស្សនៈ ឬវិធីសាស្ត្រនៃការដេញតាមនោះទេ ក៏រឿងទាំងនេះសុទ្ធតែវិលជុំវិញកេរ្តិ៍ឈ្មោះ និងឋានៈ។ នេះហើយគឺជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើការ។
សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ប្រសិនបើកេរ្តិ៍ឈ្មោះ ឬឋានៈរបស់ពួកគេត្រូវបានវាយប្រហារ និងដកហូតចេញ នោះវាជារឿងដែលធ្ងន់ធ្ងរជាងការប៉ុនប៉ងយកជីវិតរបស់ពួកគេទៅទៀត។ មិនថាពួកគេស្ដាប់សេចក្ដីអធិប្បាយច្រើនប៉ុនណា ឬអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ក៏ពួកគេនឹងមិនមានអារម្មណ៍សោកសៅ ឬស្ដាយក្រោយចំពោះការដែលមិនធ្លាប់បានអនុវត្តសេចក្ដីពិត និងការដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ ហើយក៏មិនស្ដាយក្រោយចំពោះការដែលពួកគេមានសារជាតិធម្មជាតិជាពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ផ្ទុយទៅវិញ ពួកគេតែងតែខិតខំប្រឹងប្រែងរិះគិតរកវិធីដើម្បីទទួលបានឋានៈ និងបង្កើនកេរ្តិ៍ឈ្មោះរបស់ពួកគេ។ អាចនិយាយបានថា គ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺធ្វើឡើងដើម្បីអួតសម្ញែងនៅចំពោះមុខអ្នកដទៃ ហើយមិនមែនធ្វើនៅចំពោះព្រះជាម្ចាស់ឡើយ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? គឺដោយសារតែមនុស្សបែបនេះស្រឡាញ់ឋានៈខ្លាំងពេក រហូតដល់ពួកគេចាត់ទុកវាជាជីវិតរបស់ខ្លួនផ្ទាល់ និងជាគោលដៅពេញមួយជីវិតរបស់ខ្លួន។ លើសពីនេះ ដោយសារតែពួកគេស្រឡាញ់ឋានៈខ្លាំងពេក ទើបពួកគេមិនដែលជឿលើអត្ថិភាពនៃសេចក្ដីពិតឡើយ ហើយថែមទាំងអាចនិយាយបានថា ពួកគេមិនមានជំនឿទាល់តែសោះទៅលើអត្ថិភាពរបស់ព្រះជាម្ចាស់។ ហេតុនេះ មិនថាពួកគេគិតគូរយ៉ាងណាដើម្បីទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈ ហើយមិនថាពួកគេព្យាយាមប្រើប្រាស់រូបរាងក្លែងក្លាយដើម្បីបោកប្រាស់មនុស្ស និងព្រះជាម្ចាស់យ៉ាងណានោះទេ ក៏នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេគ្មានការដឹងខ្លួន ឬការស្ដីបន្ទោសខ្លួនឯងឡើយ កុំថាឡើយមានក្ដីកង្វល់នោះ។ នៅក្នុងការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈយ៉ាងឥតឈប់ឈររបស់ពួកគេ ពួកគេក៏បដិសេធយ៉ាងគឃ្លើននូវអ្វីដែលព្រះជាម្ចាស់បានធ្វើផងដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? នៅក្នុងជម្រៅចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេជឿថា៖ «កេរ្តិ៍ឈ្មោះ និងឋានៈទាំងអស់ គឺបានមកតាមរយៈការខិតខំប្រឹងប្រែងរបស់ខ្លួនឯង។ មានតែតាមរយៈការទទួលបានកន្លែងឈរជើងដ៏រឹងមាំក្នុងចំណោមមនុស្ស និងការទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ ទើបពួកគេអាចទទួលបានព្រះពររបស់ព្រះជាម្ចាស់។ ជីវិតមានតម្លៃ លុះត្រាតែមនុស្សទទួលបានអំណាច និងឋានៈដាច់ខាត។ មានតែបែបនេះទេ ទើបហៅថារស់នៅដូចជាមនុស្ស។ ផ្ទុយទៅវិញ វានឹងគ្មានប្រយោជន៍ឡើយក្នុងការរស់នៅតាមរបៀបដែលបានថ្លែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពោលគឺការចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំចាត់ចែងរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការទាំងអស់ ការស្ម័គ្រចិត្តឈរនៅក្នុងឋានៈជាភាវៈដែលព្រះបានបង្កើត និងការរស់នៅដូចជាមនុស្សធម្មតា។ គ្មាននរណាម្នាក់នឹងស្ញប់ស្ញែងមនុស្សបែបនេះឡើយ។ ឋានៈ កេរ្តិ៍ឈ្មោះ និងសុភមង្គលរបស់មនុស្ស ត្រូវតែយកបានតាមរយៈការតស៊ូរបស់ពួកគេផ្ទាល់ របស់ទាំងនោះត្រូវតែត្រូវបានតស៊ូដណ្ដើមយក និងចាប់យកដោយអាកប្បរិយាវិជ្ជមាន និងបុរេសកម្ម។ គ្មាននរណាផ្សេងនឹងផ្ដល់របស់ទាំងនោះដល់អ្នកឡើយ។ ការរង់ចាំដោយអសកម្ម អាចត្រឹមតែនាំទៅរកភាពបរាជ័យប៉ុណ្ណោះ»។ នេះហើយគឺជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទគិតគូរ។ នេះហើយគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកសង្ឃឹមថាពួកទទឹងនឹងព្រះគ្រីស្ទនឹងទទួលយកសេចក្ដីពិត ទទួលស្គាល់កំហុស និងមានការប្រែចិត្តដ៏ពិតប្រាកដ នោះវាជារឿងដែលមិនអាចទៅរួចឡើយ គឺពួកគេពិតជាមិនអាចធ្វើវាបានជាដាច់ខាត។ ពួកទទឹងនឹងព្រះគ្រីស្ទមានសារជាតិធម្មជាតិរបស់សាតាំង ហើយពួកគេស្អប់សេចក្ដីពិត ដូច្នេះ មិនថាពួកគេទៅទីណានោះទេ ទោះបីជាពួកគេទៅដល់ចុងបញ្ចប់នៃផែនដីក៏ដោយ ក៏មហិច្ឆតារបស់ពួកគេក្នុងការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ នឹងមិនផ្លាស់ប្ដូរជាដាច់ខាត ហើយទស្សនៈរបស់ពួកគេចំពោះរឿងរ៉ាវ ឬផ្លូវដែលពួកគេដើរ ក៏មិនផ្លាស់ប្ដូរដែរ។ មនុស្សមួយចំនួននឹងនិយាយថា៖ «មានពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនតូចដែលអាចផ្លាស់ប្ដូរទស្សនៈរបស់ពួកគេអំពីរឿងនេះបាន»។ តើសេចក្ដីថ្លែងនេះត្រឹមត្រូវដែរឬទេ? ប្រសិនបើពួកគេពិតជាអាចផ្លាស់ប្ដូរបានមែន តើពួកគេនៅតែជាពួកទទឹងនឹងព្រះគ្រីស្ទទៀតដែរឬទេ? អស់អ្នកដែលមានធម្មជាតិជាអាទទឹងនឹងព្រះគ្រីស្ទ នឹងមិនផ្លាស់ប្ដូរជាដាច់ខាត។ អស់អ្នកដែលមាននិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទ នឹងផ្លាស់ប្ដូរបាន លុះត្រាតែពួកគេដេញតាមសេចក្ដីពិតប៉ុណ្ណោះ។ មនុស្សមួយចំនួនដែលដើរលើផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ធ្វើសេចក្ដីអាក្រក់ខ្លះដែលរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយទោះបីជាពួកគេត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ បន្ទាប់ពីពួកគេត្រូវបានដកហូតតំណែង ពួកគេមានអារម្មណ៍វិប្បដិសារីយ៉ាងពិតប្រាកដ ហើយពួកគេតាំងចិត្តកែប្រែខ្លួនជាថ្មី ហើយបន្ទាប់ពីរយៈពេលនៃការឆ្លុះបញ្ចាំងពីខ្លួនឯង ការស្គាល់ខ្លួនឯង និងការប្រែចិត្ត ពួកគេក៏ឆ្លងកាត់ការផ្លាស់ប្ដូរពិតប្រាកដមួយចំនួន។ ក្នុងករណីនេះ មនុស្សទាំងនេះមិនអាចត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទឡើយ ពួកគេគ្រាន់តែមាននិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ។ ប្រសិនបើពួកគេដេញតាមសេចក្ដីពិត ពួកគេអាចផ្លាស់ប្ដូរបាន។ ទោះជាយ៉ាងនេះក្ដី គេអាចនិយាយបានយ៉ាងប្រាកដថា ភាគច្រើននៃអស់អ្នកដែលត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទ ត្រូវបានបោសសម្អាតចេញ ឬត្រូវបានបណ្ដេញចេញដោយពួកជំនុំ នឹងមិនប្រែចិត្ត ឬផ្លាស់ប្ដូរយ៉ាងពិតប្រាកដឡើយ។ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមពួកគេផ្លាស់ប្ដូរ អ្នកទាំងនោះគឺជាករណីកម្រ។ មនុស្សមួយចំនួននឹងសួរថា៖ «ចុះតើករណីកម្រទាំងនោះត្រូវបានកំណត់លក្ខណៈខុសមែនទេ?» នេះគឺជារឿងដែលមិនអាចទៅរួចឡើយ។ យ៉ាងណាមិញ ពួកគេពិតជាបានប្រព្រឹត្តសេចក្ដីអាក្រក់ខ្លះមែន ហើយរឿងនេះមិនអាចលុបចោលបានឡើយ។ ក៏ប៉ុន្តែ ប្រសិនបើពួកគេអាចប្រែចិត្តយ៉ាងពិតប្រាកដ ប្រសិនបើពួកគេស្ម័គ្រចិត្តបំពេញភារកិច្ច ហើយប្រសិនបើពួកគេមានទីបន្ទាល់ពិតប្រាកដនៃការប្រែចិត្តរបស់ខ្លួន នោះពួកជំនុំនៅតែអាចទទួលយកពួកគេបាន។ ប្រសិនបើមនុស្សទាំងនេះបដិសេធដាច់អហង្ការមិនព្រមទទួលស្គាល់កំហុស ឬមិនព្រមប្រែចិត្ត បន្ទាប់ពីត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេបន្តព្យាយាមដោះសាឱ្យខ្លួនឯងតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន នោះវាគឺជារឿងសុក្រឹត និងត្រឹមត្រូវទាំងស្រុងក្នុងការកំណត់លក្ខណៈពួកគេថាជាពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើពួកគេបានទទួលស្គាល់កំហុសរបស់ខ្លួន ហើយមានអារម្មណ៍វិប្បដិសារីយ៉ាងពិតប្រាកដនៅពេលនោះ តើពួកជំនុំម្ដេចនឹងអាចកំណត់លក្ខណៈពួកគេថាជាពួកទទឹងនឹងព្រះគ្រីស្ទទៅ? នោះគឺជារឿងដែលមិនអាចទៅរួចឡើយ។ មិនថាពួកគេជានរណា មិនថាពួកគេបានធ្វើសេចក្ដីអាក្រក់ច្រើនប៉ុនណា ឬកំហុសរបស់ពួកគេធ្ងន់ធ្ងរប៉ុនណានោះទេ ការដែលមនុស្សម្នាក់ត្រូវបានកំណត់ថាជាអាទទឹងនឹងព្រះគ្រីស្ទ ឬមាននិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទ គឺអាស្រ័យលើថាតើគេអាចទទួលយកសេចក្ដីពិត និងការត្រូវបានលួសកាត់ដែរឬទេ ហើយថាតើគេមានវិប្បដិសារីយ៉ាងពិតប្រាកដដែរឬទេ។ ប្រសិនបើគេអាចទទួលយកសេចក្ដីពិត និងទទួលយកការត្រូវបានលួសកាត់ ប្រសិនបើគេមានវិប្បដិសារីយ៉ាងពិតប្រាកដ ហើយប្រសិនបើគេស្ម័គ្រចិត្តចំណាយពេលពេញមួយជីវិតរបស់ខ្លួនធ្វើការដោយកម្លាំងថ្វាយព្រះជាម្ចាស់ នោះរឿងនេះពិតជាបង្ហាញពីការប្រែចិត្តបន្តិចបន្តួចមែន។ មនុស្សបែបនេះមិនអាចត្រូវបានកំណត់លក្ខណៈថាជាអាទទឹងនឹងព្រះគ្រីស្ទឡើយ។ តើពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដទាំងនោះ ពិតជាអាចទទួលយកសេចក្ដីពិតបានដែរឬទេ? គឺមិនអាចជាដាច់ខាត។ គឺពិតជាដោយសារតែពួកគេមិនស្រឡាញ់សេចក្ដីពិត និងស្អប់ខ្ពើមសេចក្ដីពិតនេះហើយ ទើបពួកគេនឹងមិនអាចបោះបង់កេរ្តិ៍ឈ្មោះ និងឋានៈ ដែលទាក់ទងយ៉ាងស្អិតរមួតទៅនឹងជីវិតទាំងមូលរបស់ពួកគេបានជាដាច់ខាត។ ពួកទទឹងនឹងព្រះគ្រីស្ទជឿជាក់យ៉ាងមុតមាំនៅក្នុងចិត្តរបស់ខ្លួនថា មានតែកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ ទើបពួកគេមានសេចក្ដីថ្លៃថ្នូរ និងជាភាវៈដែលព្រះបានបង្កើតយ៉ាងពិតប្រាកដ ហើយថាមានតែឋានៈប៉ុណ្ណោះ ទើបពួកគេនឹងទទួលបានរង្វាន់ និងមកុដ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការសព្វព្រះទ័យរបស់ព្រះជាម្ចាស់ ទទួលបានអ្វីៗគ្រប់យ៉ាង និងក្លាយជាមនុស្សពិតប្រាកដម្នាក់។ តើពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឋានៈជាអ្វី? ពួកគេចាត់ទុកវាជាសេចក្ដីពិត ពួកគេចាត់ទុកវាជាគោលដៅខ្ពស់បំផុតដែលមនុស្សត្រូវដេញតាម។ តើនោះមិនមែនជាបញ្ហាទេឬ? មនុស្សដែលអាចងប់ងល់នឹងឋានៈតាមរបៀបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ។ ពួកគេគឺជាមនុស្សប្រភេទដូចគ្នានឹងប៉ុលដែរ។ ពួកគេជឿថា ការដេញតាមសេចក្ដីពិត ការស្វែងរកការចុះចូលនឹងព្រះជាម្ចាស់ និងការស្វែងរកការធ្វើជាមនុស្សស្មោះត្រង់ សុទ្ធតែជាដំណើរការដែលនាំមនុស្សម្នាក់ទៅរកឋានៈខ្ពស់បំផុតដែលអាចធ្វើទៅបាន។ របស់ទាំងនោះគ្រាន់តែជាដំណើរការប៉ុណ្ណោះ មិនមែនជាគោលដៅ និងស្ដង់ដានៃការប្រព្រឹត្តខ្លួនឡើយ ហើយថារបស់ទាំងនោះត្រូវបានធ្វើឡើងទាំងស្រុងដើម្បីឱ្យព្រះជាម្ចាស់ទតមើលប៉ុណ្ណោះ។ ការយល់ដឹងនេះគឺមិនសមហេតុផល និងផ្ដេសផ្ដាសណាស់! មានតែមនុស្សខុសទំនងដែលស្អប់សេចក្ដីពិតប៉ុណ្ណោះ ទើបអាចបង្កើតគំនិតដ៏ផ្ដេសផ្ដាសបែបនេះបាន។
នៅពេលនិយាយដល់ពួកទទឹងនឹងព្រះគ្រីស្ទ មិនថាអ្នកប្រកបគ្នាអំពីទិដ្ឋភាពណាមួយនៃសេចក្ដីពិតនោះទេ ក៏វិធីសាស្ត្រនៃការស្វែងយល់ និងការយល់ដឹងរបស់ពួកគេ នឹងខុសពីមនុស្សដែលដេញតាមសេចក្ដីពិត។ បន្ទាប់ពីបានឮសេចក្ដីពិត មនុស្សដែលដេញតាមសេចក្ដីពិតគិតថា៖ «ខ្ញុំមិនមានទិដ្ឋភាពនៃសេចក្ដីពិតនេះទេ ហើយខ្ញុំអាចភ្ជាប់សភាពដែលព្រះជាម្ចាស់បានបើកសម្ដែងនេះមកខ្លួនខ្ញុំបាន។ ហេតុអ្វីបានជាបន្ទាប់ពីស្ដាប់វាហើយ ខ្ញុំមានអារម្មណ៍ពោរពេញដោយវិប្បដិសារី និងជំពាក់គុណព្រះជាម្ចាស់ខ្លាំងម្ល៉េះ? ខ្ញុំនៅតែខ្វះខាតយ៉ាងខ្លាំងក្នុងការដេញតាមសេចក្ដីពិត ហើយខ្ញុំនៅឆ្ងាយណាស់ពីការអាចចុះចូលយ៉ាងពិតប្រាកដ។ ខ្ញុំមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង រឿងនេះបានបម្រើជាការដាស់តឿនដល់ខ្ញុំ។ ខ្ញុំបានគិតថា ថ្មីៗនេះខ្ញុំធ្វើបានល្អគួរសមហើយ ហើយខ្ញុំមិនដឹងសោះថា តាមពិតទៅខ្ញុំមិនមែនជាមនុស្សដែលអនុវត្តសេចក្ដីពិត ឬជាមនុស្សដែលផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ ចាប់ពីពេលនេះតទៅ ខ្ញុំត្រូវតែប្រុងប្រយ័ត្ន និងម៉ត់ចត់ ហើយផ្ដោតលើការអធិដ្ឋាននៅចំពោះព្រះជាម្ចាស់ និងទូលអង្វរសូមការណែនាំ និងការស្រាយបំភ្លឺពីទ្រង់។ ខ្ញុំមិនត្រូវដើរតាមផ្លូវផ្ទាល់ខ្លួនរបស់ខ្ញុំជាដាច់ខាត។ ខ្ញុំនឹងចូលឱ្យបានស៊ីជម្រៅទៅក្នុងទិដ្ឋភាពនៃសេចក្ដីពិតនេះ ហើយខ្ញុំនៅតែមានឱកាសដើម្បីរីកចម្រើន។ ខ្ញុំសង្ឃឹមថា ព្រះជាម្ចាស់នឹងរៀបចំមជ្ឈដ្ឋានមួយដែលអាចអនុញ្ញាតឱ្យខ្ញុំធ្វើបានល្អជាងមុន និងថ្វាយនូវភាពស្មោះសរ និងភាពស្មោះត្រង់របស់ខ្ញុំ»។ នេះគឺជារបៀបដែលមនុស្សដែលដេញតាមសេចក្ដីពិតគិត។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទស្វែងយល់សេចក្ដីពិតប្រភេទផ្សេងៗដោយរបៀបណា? បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលស្ដីបន្ទោសមនុស្ស តើពួកគេគិតយ៉ាងណា? «ខ្ញុំធ្វើរឿងនោះមិនបានល្អសោះ ខ្ញុំបានភ្លាត់ស្នៀតនៅក្នុងសកម្មភាពរបស់ខ្ញុំ ហើយកំហុសក៏បានលេចឡើង។ តើមានមនុស្សប៉ុន្មាននាក់ដឹងពីរឿងនេះ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែងយ៉ាងច្បាស់ តើនោះមានន័យថា ព្រះជាម្ចាស់បានទតខ្ញុំធ្លុះហើយមែនទេ? អ៊ីចឹង នេះមិនមែនជាលទ្ធផលល្អទេ នេះមិនមែនជាអ្វីដែលខ្ញុំចង់បានឡើយ។ ប្រសិនបើព្រះជាម្ចាស់បានទតខ្ញុំធ្លុះហើយ តើមាននរណាម្នាក់ផ្សេងទៀតដឹងពីរឿងនេះដែរឬទេ? ប្រសិនបើមាននរណាម្នាក់បានដឹង នោះវានឹងកាន់តែអាក្រក់ទៅទៀត។ ប្រសិនបើមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជ្រាប ហើយគ្មាននរណាម្នាក់ផ្សេងទៀតដឹងទេ នោះគឺមិនអីឡើយ។ ប្រសិនបើមនុស្សមួយចំនួនឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះដែលលាតត្រដាងមនុស្ស ហើយពួកគេភ្ជាប់ព្រះបន្ទូលទាំងនោះមកខ្ញុំ និងយកមកអនុវត្តលើខ្ញុំ នោះវានឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំមិនខាន។ ខ្ញុំនឹងត្រូវគិតរកវិធីដើម្បីដោះស្រាយរឿងនេះ។ តើខ្ញុំអាចដោះស្រាយរឿងនេះដោយរបៀបណាទៅ?» ពួកទទឹងនឹងព្រះគ្រីស្ទរិះគិតតាមរបៀបនេះ។ ឧទាហរណ៍៖ បន្ទាប់ពីបានស្ដាប់ព្រះជាម្ចាស់ប្រកបគ្នាអំពីរបៀបដែលមនុស្សត្រូវតែធ្វើជាមនុស្សស្មោះត្រង់ អាទទឹងនឹងព្រះគ្រីស្ទនឹងគិតភ្លាមៗថា៖ «មានតែមនុស្សល្ងង់ទេដែលព្យាយាមធ្វើជាមនុស្សស្មោះត្រង់។ មនុស្សឆ្លាតដូចជាខ្ញុំ ម្ដេចនឹងអាចធ្វើជាមនុស្សស្មោះត្រង់បានទៅ? មនុស្សស្មោះត្រង់គឺជាមនុស្សល្ងង់ខ្លៅ និងមនុស្សភ្លីភ្លើ ពួកគេគិតអ្វីនៅក្នុងចិត្ត ក៏និយាយវាចេញមកទាំងអស់ ពួកគេប្រាប់អ្នកដទៃគ្រប់យ៉ាង និងអនុញ្ញាតឱ្យអ្នកដទៃយល់ពីអ្វីៗគ្រប់យ៉ាង។ ខ្ញុំនឹងមិនធ្វើបែបនោះជាដាច់ខាត! ការដែលព្រះជាម្ចាស់មានព្រះបន្ទូលថាយើងគួរតែធ្វើជាមនុស្សស្មោះត្រង់ គឺមិនមែនដាច់ខាតទេ ដូច្នេះ ខ្ញុំគ្រាន់តែធ្វើជាមនុស្សមានប្រាជ្ញាទៅគឺចប់រឿងហើយ។ ចំពោះការធ្វើជាមនុស្សស្មោះត្រង់ ខ្ញុំនឹងគ្រាន់តែជ្រើសរើសពេលដែលត្រូវធ្វើបែបនោះប៉ុណ្ណោះ។ ខ្ញុំនឹងបើកចំហអំពីរឿងមួយចំនួន ប៉ុន្តែខ្ញុំនឹងមិននិយាយអំពីអាថ៌កំបាំង និងរឿងលាក់កំបាំងទាំងអស់នោះ ដែលខ្ញុំលាក់ទុកនៅក្នុងជម្រៅចិត្តរបស់ខ្ញុំឡើយ ជារឿងដែលអាចធ្វើឱ្យមនុស្សមើលងាយខ្ញុំ ប្រសិនបើខ្ញុំនិយាយពីវា។ តើមានអត្ថប្រយោជន៍អ្វីខ្លះក្នុងការធ្វើជាមនុស្សស្មោះត្រង់? ខ្ញុំមិនគិតថាមានអត្ថប្រយោជន៍ណាមួយចំពោះរឿងនេះឡើយ។ មនុស្សមួយចំនួនតែងតែវែកញែកពីខ្លួនឯង ព្យាយាមធ្វើជាមនុស្សស្មោះត្រង់ និងនិយាយដោយស្មោះត្រង់ ហើយនាំយកនិស្ស័យពុករលួយរបស់ពួកគេមកលាតត្រដាង ប៉ុន្តែពួកគេមិនទទួលបានព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ហើយនៅពេលពួកគេគួរតែត្រូវបានលួសកាត់ ពួកគេនៅតែត្រូវបានគេលួសកាត់ដដែល ព្រះជាម្ចាស់មិនប្រទានការលើកតម្កើងបន្ថែមណាមួយដល់ពួកគេឡើយ»។ ពួកគេរិះគិតចុះឡើងថា៖ «ខ្ញុំនឹងត្រូវជ្រើសរើសផ្លូវមួយទៀត។ នេះមិនមែនជាផ្លូវដែលខ្ញុំគួរដើរឡើយ ខ្ញុំនឹងទុកវាឱ្យអ្នកដទៃចុះ។ តើមនុស្សឆ្លាតដូចជាខ្ញុំ ម្ដេចនឹងអាចរស់នៅបែបនោះបានទៅ?» មិនថាអាទទឹងនឹងព្រះគ្រីស្ទឮទិដ្ឋភាពណាមួយនៃសេចក្ដីពិតនោះទេ តើគេធ្វើការគិតគូរបែបណានៅក្នុងចិត្តរបស់ខ្លួន? តើគេអាចស្វែងយល់ពីសេចក្ដីពិតនោះយ៉ាងបរិសុទ្ធបានដែរឬទេ? តើគេមានសមត្ថភាពទទួលយកវាជាសេចក្ដីពិតនៅក្នុងជម្រៅចិត្តរបស់ខ្លួនបានដែរឬទេ? មិនអាចជាដាច់ខាត។ គេតែងតែគិតគូរ និងរៀបផែនការ ហើយអង្កេតមើលជាបន្តបន្ទាប់។ តើទីបំផុតគេឆ្លើយតបយ៉ាងដូចម្ដេច? គេផ្លាស់ប្ដូរទៅតាមស្ថានការណ៍ គេបត់បែនទៅតាមស្ថានភាព គេមានភាពប៉ិនប្រសប់ និងក្រឡេចក្រឡុចនៅក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ហើយគេធ្វើសកម្មភាពដោយលាក់កំបាំងទាំងស្រុង។ មិនថាអាទទឹងនឹងព្រះគ្រីស្ទធ្វើអ្វី មិនថាគេកំពុងគិត ឬថ្លឹងថ្លែងអ្វីនៅក្នុងជម្រៅចិត្តនោះទេ គេមិនអាចឱ្យអ្នកដទៃដឹងឡើយ ហើយក៏មិនអាចឱ្យព្រះជាម្ចាស់ជ្រាបដែរ។ គេមិនអាចលាតត្រដាងរឿងទាំងនេះចំពោះព្រះជាម្ចាស់ឡើយ កុំថាឡើយប្រាស្រ័យទាក់ទងអំពីរឿងទាំងនោះឱ្យបានច្បាស់លាស់ជាមួយមនុស្សនោះ គេជឿថារឿងទាំងនេះគឺជាកិច្ចការផ្ទាល់ខ្លួនរបស់គេ។ ហេតុនេះ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាប្រភេទមនុស្សដែលគ្មានសមត្ថភាពទាល់តែសោះក្នុងការអនុវត្តសេចក្ដីពិត។ ក្រៅពីមិនអនុវត្តសេចក្ដីពិតដោយខ្លួនឯង ពួកគេក៏មើលងាយមនុស្សដែលអនុវត្តសេចក្ដីពិតដែរ ហើយលើសពីនេះទៅទៀត ពួកគេចំអកឱ្យមនុស្សដែលត្រូវបានលួសកាត់ ដោយសារតែអ្នកទាំងនោះមានសេចក្ដីវៀចវេរមួយចំនួនក្នុងពេលអនុវត្តសេចក្ដីពិត ឬដោយសារតែអ្នកទាំងនោះបានដើរផ្លូវខុស ឬប្រព្រឹត្តកំហុសមួយចំនួន ហើយសើចចំអកឱ្យអ្នកទាំងនោះពីខាងក្រៅ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿលើសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ឡើយ កុំថាឡើយដល់ជឿថាវិធីសាស្ត្រផ្សេងៗដែលព្រះអង្គប្រព្រឹត្តចំពោះមនុស្ស មានសេចក្ដីពិត និងសេចក្ដីស្រឡាញ់របស់ទ្រង់នៅក្នុងនោះ ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿរឿងទាំងនេះឡើយ។ តាមទស្សនៈរបស់ពួកគេ ពួកគេជឿថារឿងទាំងអស់នេះគឺជាពាក្យកុហកដែលមានបំណងបោកបញ្ឆោតមនុស្ស ពួកគេគិតថារឿងទាំងនោះគ្រាន់តែជាលេសមួយប្រភេទ ជាបណ្ដុំនៃពាក្យសម្ដីដែលស្ដាប់ទៅពីរោះប៉ុណ្ណោះ។ ហើយតើពួកគេតែងតែលួចត្រេកអរនឹងអ្វី? «សំណាងហើយ ដែលខ្ញុំមិនល្ងង់ដល់ថ្នាក់លះបង់អ្វីៗគ្រប់យ៉ាងនោះ។ សំណាងហើយ ដែលខ្ញុំមិនបាននិយាយពីរឿងដ៏ស្មោកគ្រោក និងអាក្រក់ទាំងនោះ ដែលខ្ញុំលាក់ទុកនៅក្នុងជម្រៅចិត្ត។ សំណាងហើយ ដែលខ្ញុំនៅតែប្រកាន់ខ្ជាប់នូវឋានៈ និងកេរ្តិ៍ឈ្មោះរបស់ខ្ញុំ ហើយខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដេញតាមរបស់ទាំងនោះ និងរត់ចុះរត់ឡើងដើម្បីរបស់ទាំងនោះ។ ប្រសិនបើខ្ញុំមិនរត់ចុះរត់ឡើងដើម្បីប្រយោជន៍ខ្លួនឯងទេ អ៊ីចឹងតើមាននរណានឹងគិតគូរដល់ខ្ញុំទៅ?» ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែបោកបញ្ឆោតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ទុច្ចរិត ពួកគេស្អប់ខ្ពើមសេចក្ដីពិត ហើយមាននិស្ស័យកាចសាហាវ ពោលគឺ គ្រប់ទិដ្ឋភាពទាំងអស់នៃនិស្ស័យពុករលួយដែលបង្ហាញចេញនៅក្នុងមនុស្សពុករលួយ ត្រូវបានបញ្ជាក់ និង «លើកកម្ពស់» ទៅមួយកម្រិតទៀតនៅក្នុងខ្លួនពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកចង់មើលពីនិស្ស័យពុករលួយរបស់មនុស្សជាតិ ចូរស្វែងរកអាទទឹងនឹងព្រះគ្រីស្ទម្នាក់ដើម្បីវែកញែក និងប្រាស្រ័យទាក់ទងជាមួយចុះ នោះគឺជាវិធីដ៏ល្អបំផុតក្នុងការបង្ហាញឱ្យឃើញពីបញ្ហានេះ ហើយជាវិធីដ៏ល្អបំផុតដើម្បីមើលធ្លុះសារជាតិពុករលួយរបស់មនុស្សជាតិដ៏ពុករលួយ និងមុខមាត់របស់សាតាំង។ ប្រសិនបើអ្នកយកអាទទឹងនឹងព្រះគ្រីស្ទម្នាក់ធ្វើជាឧទាហរណ៍ដ៏សំខាន់ ហើយវែកញែក និងស្វែងយល់ពីគេ នោះអ្នកនឹងអាចយល់ពីរឿងទាំងនេះបានកាន់តែច្បាស់។
ការដេញតាមឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺហួសឆ្ងាយពីមនុស្សធម្មតា ហើយបំណងប្រាថ្នារបស់ពួកគេចំពោះឋានៈ និងកេរ្តិ៍ឈ្មោះក៏ដូចគ្នាដែរ។ មនុស្សធម្មតាមិនមានបំណងប្រាថ្នាដ៏ធំធេងបែបនេះចំពោះឋានៈ និងកេរ្តិ៍ឈ្មោះឡើយ ចំណែកឯបំណងប្រាថ្នានោះនៅក្នុងខ្លួនពួកទទឹងនឹងព្រះគ្រីស្ទវិញ គឺខ្លាំងក្លា និងច្បាស់ក្រឡែតបំផុត។ នៅពេលដែលអ្នកបានប្រាស្រ័យទាក់ទងជាមួយអាទទឹងនឹងព្រះគ្រីស្ទ ហើយបាននិយាយជាមួយគេ និងចំណាយពេលជាមួយគេ នោះសារជាតិធម្មជាតិរបស់គេនឹងត្រូវបានលាតត្រដាងនៅចំពោះមុខអ្នក ហើយអ្នកនឹងមើលគេធ្លុះភ្លាមៗ។ នេះបញ្ជាក់ថាបំណងប្រាថ្នារបស់ពួកគេធំធេងប៉ុនណា។ នៅពេលដែលការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយគេកាន់តែស៊ីជម្រៅ អ្នកនឹងមានអារម្មណ៍ខ្ពើមរអើមនឹងគេ ហើយបដិសេធគេ។ ទីបំផុត អ្នកមិនត្រឹមតែបដិសេធគេប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងថ្កោលទោស និងដាក់បណ្ដាសាគេទៀតផង។ ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនជារបស់ល្អឡើយ ពួកគេគឺជាសត្រូវរបស់ព្រះជាម្ចាស់ ក៏ដូចជាសត្រូវរបស់មនុស្សគ្រប់គ្នាដែលដេញតាមសេចក្ដីពិត។ ពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើមសេចក្ដីពិតឡើយ ហើយមានសមត្ថភាពធ្វើរឿងអាក្រក់គ្រប់បែបយ៉ាង ដើម្បីជាប្រយោជន៍ដល់ឋានៈ និងកេរ្តិ៍ឈ្មោះ។ នៅក្នុងគ្រប់យ៉ាងដែលពួកគេធ្វើ ពួកគេនឹងបន្លំខ្លួន ត្រាប់តាម និងបត់បែនតាមស្ថានការណ៍ ដោយធ្វើការសម្រុះសម្រួលដើម្បីជាប្រយោជន៍ដល់ឋានៈ និងកេរ្តិ៍ឈ្មោះ។ ព្រលឹង និងសារជាតិរបស់មនុស្សបែបនេះ គឺស្មោកគ្រោកណាស់ ពួកគេគួរឱ្យស្អប់ខ្ពើមណាស់។ ពួកគេមិនមានក្ដីស្រឡាញ់សូម្បីតែបន្តិចចំពោះសេចក្ដីពិត ឬអ្វីៗដែលវិជ្ជមានឡើយ។ ក្នុងពេលជាមួយគ្នានេះ ពួកគេប្រើប្រាស់អ្វីៗដែលវិជ្ជមាន និងការអធិប្បាយនូវពាក្យពេចន៍ និងគោលលទ្ធិដែលត្រឹមត្រូវ ដើម្បីបំភាន់មនុស្ស ដូច្នេះទើបពួកគេអាចទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈ ព្រមទាំងបំពេញបំណងប្រាថ្នា និងមហិច្ឆតារបស់ខ្លួន។ នេះហើយគឺជាឥរិយាបថ និងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ អ្នកមិនអាចមើលឃើញថាសាតាំងមានរូបរាងយ៉ាងណា ថាតើសាតាំងប្រព្រឹត្តខ្លួននៅក្នុងលោកីយ៍ និងប្រាស្រ័យទាក់ទងជាមួយមនុស្សដោយរបៀបណា និងថាតើសាតាំងមានសារជាតិធម្មជាតិបែបណានោះទេ។ អ្នកមិនដឹងថាតាមពិតសាតាំងគឺជាអ្វីឱ្យប្រាកដឡើយនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ នេះមិនមែនជាបញ្ហាទេ អ្វីដែលអ្នកត្រូវធ្វើគឺអង្កេត និងវែកញែកអាទទឹងនឹងព្រះគ្រីស្ទម្នាក់ នោះអ្នកនឹងឃើញរឿងទាំងអស់នេះហើយ ពោលគឺសារជាតិធម្មជាតិរបស់សាតាំង មុខមាត់ដ៏អាក្រក់របស់សាតាំង ព្រមទាំងសេចក្ដីទុច្ចរិត និងភាពកាចសាហាវរបស់សាតាំង រឿងទាំងអស់នេះនឹងអាចមើលឃើញសម្រាប់អ្នក។ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាសាតាំងរស់ ពួកគេគឺជាពួកអារក្សរស់។
១. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការត្រូវបានលួសកាត់
ពួកទទឹងនឹងព្រះគ្រីស្ទលាក់ទុកនូវមហិច្ឆតា និងបំណងប្រាថ្នាធំធេងណាស់ នៅពេលនិយាយដល់ឋានៈ និងកេរ្តិ៍ឈ្មោះ ហើយអ្នកដទៃយល់ថា នេះជារឿងដែលគួរឱ្យខ្ពើមរអើម និងស្អប់ខ្ពើមខ្លាំងបំផុត។ នេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា សារជាតិធម្មជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ គឺអាក្រក់មើល និងទុច្ចរិតខ្លាំងណាស់។ ដូច្នេះ តើមានការបង្ហាញចេញជាក់លាក់អ្វីខ្លះ ដែលបញ្ជាក់ពីសារជាតិធម្មជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ? ជាដំបូង សូមយើងគិតអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការត្រូវបានលួសកាត់។ (ពួកគេស្អប់ការលួសកាត់នេះ ហើយមិនទទួលយកវាឡើយ។) តើពួកគេស្អប់វាតាមរបៀបណា? សូមនិយាយឱ្យបានលម្អិតមក។ (មានអាទទឹងនឹងព្រះគ្រីស្ទម្នាក់ដែលបានប្រព្រឹត្តសេចក្ដីអាក្រក់ជាច្រើន ហើយនៅពេលដែលបងប្អូនប្រុសស្រីបានទៅលាតត្រដាងពីការបង្ហាញចេញមួយចំនួនរបស់គាត់ គាត់មិនបានប្រែចិត្តទាល់តែសោះ គាត់មានចិត្តរឹងទទឹងខ្លាំងណាស់ ហើយមិនមានអារម្មណ៍វិប្បដិសារីសូម្បីតែបន្តិច។ គាត់ថែមទាំងមានអារម្មណ៍ថា គាត់រងភាពអយុត្តិធម៌ទៀតផង។ នេះគឺជាប្រភេទនៃការបង្ហាញចេញដែលខ្ញុំធ្លាប់បានឃើញ។) នេះហើយគឺជាការបង្ហាញចេញជាតួយ៉ាងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ អាកប្បកិរិយាដើមរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះការលួសកាត់ គឺការបដិសេធដាច់អហង្ការមិនទទួលយក ឬមិនទទួលស្គាល់។ មិនថាពួកគេប្រព្រឹត្តអំពើអាក្រក់ប៉ុនណា ឬបង្កគ្រោះថ្នាក់ប៉ុនណាដល់កិច្ចការដំណាក់របស់ព្រះជាម្ចាស់ និងការចូលក្នុងជីវិតរបស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នោះទេ។ ក៏ពួកគេមិនមានអារម្មណ៍ស្ដាយក្រោយបន្ដិចសោះឡើយ ឬថាពួកគេជំពាក់អ្វីដែរ។ តាមទស្សនៈនេះ តើពួកទទឹងនឹងព្រះគ្រីស្ទមានភាពជាមនុស្សដែរទេ? ដាច់ខាតមិនមានទេ។ ពួកគេបង្កការខូចខាតគ្រប់ប្រភេទដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយនាំមកនូវគ្រោះថ្នាក់ដល់កិច្ចការពួកជំនុំ ពោលគឺ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចមើលឃើញបញ្ហានេះច្បាស់ក្រឡែត ហើយពួកគេអាចឃើញអំពើអាក្រក់ជាបន្តបន្ទាប់របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយក ឬទទួលស្គាល់ការពិតនេះទេ។ ពួកគេចចេសបដិសេធមិនទទួលស្គាល់ថាពួកគេមានកំហុសក្នុងរឿងនេះទេ ឬថាពួកគេត្រូវទទួលខុសត្រូវនោះឡើយ។ តើនេះមិនមែនជាការបង្ហាញថាពួកគេមិនពេញចិត្តនឹងសេចក្ដីពិតទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទមិនពេញចិត្តនឹងសេចក្ដីពិតដល់កម្រិតនេះឯង ពោលគឺទោះបីជាពួកគេធ្វើអំពើអាក្រក់ច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេបដិសេធដោយរឹងរូសមិនព្រមទទួលស្គាល់ដែរ ហើយពួកគេនៅតែមិនព្រមចុះចាញ់រហូតដល់ទីបញ្ចប់។ ការណ៍នេះបញ្ជាក់យ៉ាងគ្រប់គ្រាន់ថា ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលយកចិត្តទុកដាក់លើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬទទួលយកសេចក្ដីពិតនោះឡើយ។ ពួកគេមិនបានមកជឿលើព្រះជាម្ចាស់ទេ ពួកគេគឺជាអ្នកបម្រើរបស់សាតាំង ដែលមកដើម្បីរំខាននិងបង្អាក់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ នៅក្នុងដួងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានតែកេរ្តិ៍ឈ្មោះនិងឋានៈប៉ុណ្ណោះ។ ពួកគេជឿថា ប្រសិនបើពួកគេទទួលស្គាល់កំហុសរបស់ពួកគេ នោះពួកគេនឹងត្រូវទទួលយកការទទួលខុសត្រូវ ហើយបន្ទាប់មក ឋានៈនិងកេរ្តិ៍ឈ្មោះរបស់ពួកគេនឹងត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ជាលទ្ធផល ពួកគេទាស់ទទឹងដោយមានឥរិយាបថ «បដិសេធរហូតដល់ស្លាប់»។ ទោះបីជាមនុស្សលាតត្រដាងឬវែកញែកពីពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេខិតខំអស់ពីសមត្ថភាពដើម្បីបដិសេធវាដែរ។ ម្យ៉ាង ទោះបីជាការបដិសេធរបស់ពួកគេធ្វើឡើងដោយចេតនាឬអត់ក៏ដោយ ក៏សរុបមក ឥរិយាបថទាំងនេះបានលាតត្រដាងសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលមិនពេញចិត្តនិងស្អប់សេចក្ដីពិត។ ម្យ៉ាងទៀត វាបង្ហាញថាពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់ថែរក្សាឋានៈ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេខ្លាំងប៉ុនណា។ ចុះចំណែកឥរិយារបស់ពួកគេចំពោះកិច្ចការនិងផលប្រយោជន៍របស់ពួកជំនុំវិញយ៉ាងណា? គឺជាអាកប្បកិរិយាមើលងាយនិងគ្មានការទទួលខុសត្រូវ។ ពួកគេខ្វះសតិសម្បជញ្ញៈនិងហេតុផលទាំងស្រុង។ តើការគេចវេះពីការទទួលខុសត្រូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទមិនបានបង្ហាញពីបញ្ហាទាំងនេះទេឬ? ម្យ៉ាង ការគេចវេះពីការទទួលខុសត្រូវបញ្ជាក់ពីសារជាតិធម្មជាតិរបស់ពួកគេដែលមិនពេញចិត្តនិងស្អប់សេចក្ដីពិត ចំណែកឯម្យ៉ាងទៀត វាបង្ហាញពីការខ្វះសតិសម្បជញ្ញៈ ហេតុផល និងភាពជាមនុស្សរបស់ពួកគេ។ ទោះបីជាការចូលក្នុងជីវិតរបស់បងប្អូនប្រុសស្រីត្រូវបានខូចខាតដោយសារការរំខាននិងអំពើអាក្រក់របស់ពួកគេច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេមិនមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯង ហើយក៏មិនដែលមានអារម្មណ៍មិនល្អចំពោះរឿងនេះដែរ។ តើនេះជាភាវៈប្រភេទអ្វីទៅ? សូម្បីតែការទទួលស្គាល់កំហុសរបស់ពួកគេបន្តិចបន្តួច ក៏រាប់ថាពួកគេមានសតិសម្បជញ្ញៈនិងហេតុផលបន្តិចដែរ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទមិនមានសូម្បីតែភាពជាមនុស្សបន្តិចបន្តួចនោះឡើយ។ ដូច្នេះ តើអ្នករាល់គ្នានឹងនិយាយថាពួកគេជាអ្វី? ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអារក្សនៅក្នុងសារជាតិរបស់ពួកគេ។ ទោះបីជាពួកគេបង្កការខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេមិនបានមើលឃើញវាដែរ។ ពួកគេមិនមានអារម្មណ៍សោកសៅចំពោះរឿងនេះនៅក្នុងដួងចិត្តរបស់ពួកគេសូម្បីតែបន្តិចឡើយ ហើយក៏មិនស្ដីបន្ទោសខ្លួនឯងដែរ កុំថាឡើយមានអារម្មណ៍ជំពាក់អ្វីនោះ។ នេះពិតជាមិនមែនជាអ្វីដែលគួរមានក្នុងខ្លួនមនុស្សធម្មតានោះទេ។ ពួកគេគឺជាអារក្ស ហើយអារក្សគឺគ្មានសតិសម្បជញ្ញៈឬហេតុផលណាមួយឡើយ។ មិនថាពួកគេធ្វើរឿងអាក្រក់ច្រើនយ៉ាងណាក៏ដោយ ហើយមិនថាពួកគេនាំមកនូវការខាតបង់ធំធេងយ៉ាងណាដល់កិច្ចការរបស់ពួកជំនុំក៏ដោយ ក៏ពួកគេបដិសេធយ៉ាងដាច់អហង្ការមិនព្រមទទួលស្គាល់រឿងនេះដែរ។ ពួកគេជឿថា ការទទួលស្គាល់វានឹងមានន័យថាពួកគេបានធ្វើរឿងអ្វីមួយខុស។ ពួកគេគិតថា៖ «តើខ្ញុំអាចធ្វើរឿងខុសបានដែរឬទេ? ខ្ញុំមិនដែលធ្វើរឿងខុសឡើយ! ប្រសិនបើគេតម្រូវឱ្យខ្ញុំទទួលស្គាល់កំហុសរបស់ខ្លួន តើនោះនឹងមិនមែនជាការប្រមាថដល់ចរិតលក្ខណៈរបស់ខ្ញុំទេឬ? ទោះបីជាខ្ញុំពាក់ព័ន្ធនៅក្នុងហេតុការណ៍នោះក៏ដោយ ក៏ខ្ញុំមិនមែនជាអ្នកបង្កឱ្យវាកើតឡើងដែរ ហើយខ្ញុំក៏មិនមែនជាអ្នកទទួលខុសត្រូវចម្បងនោះដែរ។ អ្នកចង់ទៅរកអ្នកណាក៏ទៅរកចុះ ប៉ុន្តែអ្នកមិនគួរមករកខ្ញុំឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចទទួលស្គាល់កំហុសនេះដែរ។ ខ្ញុំមិនអាចរ៉ាប់រងការទទួលខុសត្រូវនេះបានឡើយ!» ពួកគេគិតថា ពួកគេនឹងត្រូវបានថ្កោលទោស ផ្ដន្ទាទោសប្រហារជីវិត ហើយបញ្ជូនចុះទៅនរក ព្រមទាំងបឹងភ្លើង និងស្ពាន់ធ័រ ប្រសិនបើពួកគេទទួលស្គាល់កំហុសរបស់ខ្លួន។ ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សបែបនេះអាចទទួលយកសេចក្ដីពិតបានដែរឬទេ? តើគេអាចរំពឹងចង់បានការប្រែចិត្តដ៏ពិតប្រាកដរបស់មនុស្សបែបនេះបានដែរឬទេ? មិនថាអ្នកដទៃប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនៅតែទាស់ទទឹងនឹងសេចក្ដីពិត តាំងខ្លួនប្រឆាំងនឹងវា ហើយទាស់នឹងវាចេញពីទីជម្រៅចិត្តរបស់ពួកគេ។ សូម្បីតែបន្ទាប់ពីពួកគេត្រូវបានដកហូតតំណែងក៏ដោយ ក៏ពួកគេនៅតែមិនទទួលស្គាល់កំហុសរបស់ខ្លួនដែរ ហើយពួកគេមិនបង្ហាញការសម្ដែងចេញនៃការប្រែចិត្តទាល់តែសោះ។ នៅពេលរឿងនេះត្រូវបានលើកឡើង ១០ ឆ្នាំក្រោយមក ពួកគេនៅតែមិនស្គាល់ខ្លួនឯង ហើយមិនទទួលស្គាល់ថាពួកគេបានប្រព្រឹត្តកំហុសឡើយ។ នៅពេលរឿងនេះត្រូវបានលើកឡើង ២០ ឆ្នាំក្រោយមក ពួកគេនៅតែមិនស្គាល់ខ្លួនឯង ហើយពួកគេនៅតែព្យាយាមដោះសា និងការពារខ្លួនឯងដដែល។ ហើយអ្វីដែលគួរឱ្យស្អប់ខ្ពើមជាងនេះទៅទៀតនោះគឺ នៅពេលរឿងនេះត្រូវបានលើកឡើង ៣០ ឆ្នាំក្រោយមក ពួកគេនៅតែមិនស្គាល់ខ្លួនឯង ហើយពួកគេនៅតែព្យាយាមប្រកែក និងដោះសាឱ្យខ្លួនឯង ដោយនិយាយថា៖ «ខ្ញុំមិនបានប្រព្រឹត្តកំហុសទេ ដូច្នេះខ្ញុំមិនអាចទទួលស្គាល់កំហុសបានឡើយ។ វាមិនមែនជាការទទួលខុសត្រូវរបស់ខ្ញុំទេ ខ្ញុំមិនគួរទទួលរ៉ាប់រងវាឡើយ»។ ហើយអ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺ រយៈពេល ៣០ ឆ្នាំបន្ទាប់ពីពួកគេត្រូវបានដកហូតតំណែង ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះនៅតែរក្សាទុកអាកប្បកិរិយាទាស់ទទឹងចំពោះរបៀបដែលពួកជំនុំបានចាត់ការពួកគេ។ សូម្បីតែបន្ទាប់ពីរយៈពេល ៣០ ឆ្នាំក៏ដោយ ក៏ពួកគេមិនបានផ្លាស់ប្ដូរទាល់តែសោះ។ ដូច្នេះ តើពួកគេបានចំណាយពេល ៣០ ឆ្នាំនោះយ៉ាងដូចម្ដេចទៅ? តើអាចទេដែលថាពួកគេមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬឆ្លុះបញ្ចាំងពីខ្លួនឯងនោះ? តើអាចទេដែលថាពួកគេមិនបានអធិស្ឋាន ឬបើកចំហចិត្តទូលព្រះជាម្ចាស់នោះ? តើអាចទេដែលថាពួកគេមិនបានស្ដាប់សេចក្ដីអធិប្បាយ និងការប្រកបគ្នានោះ? តើអាចទេដែលថាពួកគេគ្មានគំនិត មិនមិនមានការគិតនៃភាពជាមនុស្សធម្មតានោះ? ថាតើពួកគេបានចំណាយពេល ៣០ ឆ្នាំនោះយ៉ាងដូចម្ដេច គឺពិតជាអាថ៌កំបាំងមែនទែន។ រយៈពេលសាមសិបឆ្នាំបន្ទាប់ពីហេតុការណ៍នោះបានកើតឡើង ពួកគេនៅតែពោរពេញដោយការថ្នាំងថ្នាក់ចិត្ត ដោយគិតថាបងប្អូនប្រុសស្រីបានធ្វើខុសចំពោះពួកគេ ថាព្រះជាម្ចាស់មិនយល់ពីពួកគេ ថាដំណាក់របស់ព្រះជាម្ចាស់បានធ្វើបាបពួកគេ បង្កបញ្ហាដល់ពួកគេ ធ្វើឱ្យរឿងរ៉ាវលំបាកសម្រាប់ពួកគេ និងទម្លាក់កំហុសលើពួកគេដោយអយុត្តិធម៌។ ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សបែបនេះអាចផ្លាស់ប្ដូរបានដែរឬទេ? ពួកគេមិនអាចផ្លាស់ប្ដូរបានជាដាច់ខាត។ ដួងចិត្តរបស់ពួកគេពោរពេញដោយភាពប្រទូសរ៉ាយចំពោះអ្វីៗដែលវិជ្ជមាន ព្រមទាំងការទាស់ទទឹង និងការប្រឆាំង។ ពួកគេជឿថា តាមរយៈការលាតត្រដាងអំពើអាក្រក់របស់ពួកគេ និងការលួសកាត់ពួកគេ អ្នកដទៃបានបំផ្លាញចរិតលក្ខណៈរបស់ពួកគេ ធ្វើឱ្យអាប់ឱនដល់កេរ្តិ៍ឈ្មោះរបស់ពួកគេ និងបង្កការខូចខាតយ៉ាងធំធេងដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះនឹងមិនមកចំពោះព្រះជាម្ចាស់ ដើម្បីអធិដ្ឋាន ស្វែងរក និងទទួលស្គាល់កំហុសរបស់ខ្លួននៅក្នុងរឿងនេះជាដាច់ខាត ហើយពួកគេនឹងមិនមានអាកប្បកិរិយានៃការប្រែចិត្ត ឬការទទួលស្គាល់កំហុសរបស់ខ្លួនជាដាច់ខាត។ ពួកគេរឹតតែមិនទទួលយកការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត។ សព្វថ្ងៃនេះ ពួកគេនៅតែរក្សាទុកការមិនស្ដាប់បង្គាប់ ការមិនពេញចិត្ត និងសេចក្ដីត្អូញត្អែរ ខណៈដែលពួកគេដោះសាឱ្យខ្លួនឯងចំពោះព្រះជាម្ចាស់ ហើយទូលសូមឱ្យព្រះជាម្ចាស់រកយុត្តិធម៌ឱ្យពួកគេ បើកសម្ដែងរឿងនេះ និងជំនុំជម្រះថាតើនរណាត្រូវ និងនរណាខុសឱ្យប្រាកដ រហូតដល់ថ្នាក់ពួកគេថែមទាំងសង្ស័យ និងបដិសេធសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ដោយសារតែរឿងនេះទៀតផង ហើយសង្ស័យ និងបដិសេធការពិតដែលថា ដំណាក់របស់ព្រះជាម្ចាស់ត្រូវបានគ្រប់គ្រងដោយសេចក្ដីពិត និងព្រះជាម្ចាស់។ នេះហើយគឺជាលទ្ធផលចុងក្រោយនៃពួកទទឹងនឹងព្រះគ្រីស្ទដែលត្រូវបានលួសកាត់។ តើពួកគេទទួលយកសេចក្ដីពិតដែរឬទេ? ពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ ពួកគេប្រឆាំងដាច់អហង្ការមិនទទួលយកវាឡើយ។ តាមរយៈការណ៍នេះ យើងអាចមើលឃើញថា សារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺស្អប់ខ្ពើម និងស្អប់សេចក្ដីពិត។
ដោយសារពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកការត្រូវបានលួសកាត់ តើពួកគេមានការយល់ដឹងពីការត្រូវបានលួសកាត់ដែរឬទេ? នៅពេលពួកគេប្រកបគ្នាអំពីទិដ្ឋភាពនៃសេចក្ដីពិតនេះ តើពួកគេនិយាយអ្វីខ្លះ? តើពួកគេបង្រៀនអ្វីខ្លះដល់អ្នកដទៃ? ពួកគេនិយាយថា៖ «ការលួសកាត់មនុស្ស គឺជាវិធីសាស្ត្រមួយដែលព្រះជាម្ចាស់ប្រើដើម្បីប្រោសពួកគេឱ្យគ្រប់លក្ខណ៍។ វាធ្វើឱ្យមនុស្សស្គាល់ខ្លួនឯងកាន់តែច្បាស់។ នៅពេលមនុស្សត្រូវបានលួសកាត់ ពួកគេគួរតែទទួលយកវា ហើយចុះចូលនឹងវាដោយគ្មានលក្ខខណ្ឌ។ អស់អ្នកដែលមិនទទួលយកការត្រូវបានលួសកាត់ គឺជាមនុស្សដែលបះបោរទាស់នឹងព្រះជាម្ចាស់ ហើយមិនស្រឡាញ់សេចក្ដីពិតឡើយ។ ប្រសិនបើអ្នកចង់អនុវត្តសេចក្ដីពិត ជាដំបូង អ្នកត្រូវតែទទួលយកការត្រូវបានលួសកាត់សិន។ នេះជារបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ ហើយបុគ្គលគ្រប់រូបត្រូវតែឆ្លងកាត់បទពិសោធនេះ។ គេអាចនិយាយបានថា ការទទួលយកការត្រូវបានលួសកាត់ គឺជាផ្លូវដ៏ល្អបំផុតមួយនៃការអនុវត្តសម្រាប់មនុស្សដើម្បីយល់សេចក្ដីពិត ហើយតាមរយៈនោះ ក៏អាចសម្រេចបាននូវការស្គាល់ខ្លួនឯង និងបំពេញព្រះហឫទ័យព្រះជាម្ចាស់។ មិនថាអ្នកជានរណានោះទេ ទោះជាអ្នកដឹកនាំ ឬជាអ្នកជឿធម្មតាក៏ដោយ ហើយមិនថាអ្នកកំពុងបំពេញភារកិច្ចអ្វីនោះទេ ក៏អ្នកត្រូវតែត្រៀមខ្លួនដើម្បីត្រូវបានលួសកាត់។ ប្រសិនបើអ្នកមិនអាចទទួលយកការត្រូវបានលួសកាត់បានទេ នោះវាបញ្ជាក់ថា អ្នកគឺជាមនុស្សដែលគ្មានកម្ពស់ ជាកូនក្មេងម្នាក់។ គ្រប់គ្នាដែលអាចទទួលយកការត្រូវបានលួសកាត់ គឺជាមនុស្សពេញវ័យដែលចាស់ទុំ ដែលមានជីវិត និងអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍បាន»។ ពាក្យសម្ដីធំដុំទាំងនេះ បន្លឺចេញពីមាត់របស់ពួកទទឹងនឹងព្រះគ្រីស្ទ ដូចជាការវាយដោយញញួរអ៊ីចឹង ហើយវាស្ដាប់ទៅពីរោះណាស់! ប៉ុន្តែ តើពាក្យសម្ដីទាំងនេះជាអ្វីទៅ? តើមានមួយឃ្លាណាដែលពួកគេនិយាយចេញមក ជាសេចក្ដីពិតដែរឬទេ? តើអ្នករាល់គ្នាអាចញែកដឹងពីរឿងនេះបានដែរឬទេ? អ្នករាល់គ្នាក៏ឧស្សាហ៍និយាយរឿងបែបនេះដែរ តើមែនទេ? (មែនហើយ។) ចូរប្រាប់ខ្ញុំមកមើល៍ តើពាក្យសម្ដីទាំងនេះជាអ្វីទៅ? (ជាគោលលទ្ធិ។) ចូរប្រើឃ្លាធម្មតាមួយដើម្បីសង្ខេប និងកំណត់និយមន័យថាតើគោលលទ្ធិជាអ្វី។ (ជាពាក្យស្លោក។) តើអ្នកអាចគិតឃើញឃ្លាអ្វីផ្សេងទៀតដែរឬទេ? (ជាពាក្យសម្ដីបែបទ្រឹស្ដីដែលគ្មានប្រយោជន៍។) មានអ្វីផ្សេងទៀតទេ? (វាសុទ្ធតែជារឿងឥតប្រយោជន៍ និងជាពាក្យសម្ដីអត់បានការ។) ត្រូវហើយ និយមន័យនេះគឺចំចំណុច ហើយវាដូចនឹងជីវិតពិត។ នេះហៅថាភាសាប្រចាំថ្ងៃ៖ គោលលទ្ធិ សុទ្ធតែជាពាក្យសម្ដីអត់បានការ។ តើពាក្យ «ពាក្យសម្ដីអត់បានការ» មានអត្ថន័យបង្កប់យ៉ាងដូចម្ដេច? គឺជាពាក្យសម្ដីទទេសូន្យ។ តាមការពិត តើយើងកំណត់លក្ខណៈវាយ៉ាងដូចម្ដេច? គឺកំណត់ថាជាពាក្យពេចន៍ និងគោលលទ្ធិ។ ពាក្យសម្ដីទាំងនេះដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយ គ្រាន់តែជាពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ។ នៅពេលនិយាយដល់ប្រធានបទនៃការត្រូវបានលួសកាត់ ពួកគេអាចនិយាយគោលលទ្ធិបែបនេះចេញមកយ៉ាងញឹកញាប់ ប៉ុន្តែ តើវាបញ្ជាក់ថាពួកគេមានការយល់ដឹង និងការស្វែងយល់ដ៏ពិតប្រាកដអំពីវាដែរឬទេ? ពេលដែលអ្នករាល់គ្នាឮពួកគេនិយាយពាក្យសម្ដីទាំងនេះភ្លាម អ្នករាល់គ្នាដឹងហើយថា ពួកគេមិនមានការយល់ដឹងពិតប្រាកដណាមួយអំពីការត្រូវបានលួសកាត់ឡើយ។ សមត្ថភាពរបស់ពួកគេក្នុងការនិយាយរឿងឥតប្រយោជន៍មួយគំនរបែបនេះ បង្ហាញថា ពួកគេមិនដេញតាមសេចក្ដីពិតឡើយ។ ប្រសិនបើពួកគេពិតជាត្រូវបានលួសកាត់មែននោះ គ្មានផ្លូវដែលពួកគេទទួលយកវាជាដាច់ខាត។ អាកប្បកិរិយារបស់អាទទឹងនឹងព្រះគ្រីស្ទចំពោះការត្រូវបានលួសកាត់ គឺជាភាពប្រទូសរ៉ាយ និងការទាស់ទទឹង។ ពួកគេដាច់ខាតមិនទទួលយកវា ឬចុះចូលនឹងវាជាសេចក្ដីពិតឡើយ។ សម្រាប់ពួកគេ ការធ្វើបែបនេះ នឹងជាការប្រមាថដល់ចរិតលក្ខណៈ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ។
តើអ្នករាល់គ្នាមានឧទាហរណ៍អ្វីផ្សេងទៀត ទាក់ទងនឹងរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការត្រូវបានលួសកាត់ដែរឬទេ? (ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន នៅពេលប្រឈមមុខនឹងការត្រូវបានលួសកាត់ ពួកគេអាចនឹងមើលពីសំបកក្រៅទៅហាក់ដូចជាកំពុងស្គាល់ខ្លួនឯង ប៉ុន្តែនៅពីក្រោយពាក្យសម្ដីរបស់ពួកគេ គឺនឹងមានការដោះសា និងមានលក្ខណៈនៃការព្យាយាមបំភាន់មនុស្សនៅក្នុងរឿងនេះ។ ជួនកាល ប្រសិនបើពួកគេបានប្រព្រឹត្តកំហុស ពួកគេនឹងនិយាយថា៖ «ព្រះជាម្ចាស់បានអនុញ្ញាតឱ្យរឿងនេះកើតឡើង គ្រប់គ្នាគួរតែចុះចូលនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់»។ ជួនកាល ពួកទទឹងនឹងព្រះគ្រីស្ទថែមទាំងធ្វើការចោទប្រកាន់បកវិញទាំងបំពាន ដោយនិយាយថា៖ «អ្នកមិនត្រូវព្យាយាមចាប់កំហុសអ្នកដឹកនាំ និងអ្នកធ្វើការឡើយ ឬមានការទាមទារខ្ពស់ពេកពីពួកគេនោះទេ»។ ពួកទទឹងនឹងព្រះគ្រីស្ទនិយាយរឿងបែបនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបំភាន់មនុស្ស និងរារាំងមនុស្សមិនឱ្យញែកដឹងពីពួកគេ។) នេះគឺជាការបង្ហាញចេញមួយ ពោលគឺ ពួកទទឹងនឹងព្រះគ្រីស្ទកាឡៃរឿងខុសឱ្យទៅជារឿងត្រូវ ពួកគេត្រឡប់សទៅជាខ្មៅ។ ដោយភ័យខ្លាចថាមនុស្សនឹងមើលធ្លុះបញ្ហារបស់ខ្លួន ពួកទទឹងនឹងព្រះគ្រីស្ទប្រញាប់ប្រញាល់ធ្វើការដោះសារ និងប្រើល្បិចពាក្យសម្ដីគ្រប់បែបយ៉ាងដើម្បីបំភាន់មនុស្ស រំខានដល់គំនិតរបស់មនុស្ស និងបិទបាំងការមើលឃើញរបស់មនុស្ស ដើម្បីកុំឱ្យមនុស្សមានការយល់ដឹង ឬការញែកដឹងណាមួយអំពីរឿងនានាដែលពួកគេបានធ្វើ ហើយតាមរយៈនោះ ក៏អាចរក្សាឋានៈខ្ពស់ និងកេរ្តិ៍ឈ្មោះល្អរបស់ពួកគេនៅក្នុងចិត្តរបស់មនុស្សបាន។ នេះគឺជាប្រភេទដូចគ្នានៃអាកប្បកិរិយា ដែលយើងបាននិយាយកាលពីអម្បាញ់មិញ ទាក់ទងនឹងរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទដាច់ខាតមិនព្រមកែប្រែខ្លួន នៅពេលពួកគេត្រូវបានលួសកាត់ ឬនៅពេលពួកគេបានប្រព្រឹត្តកំហុស ឬដើរផ្លូវខុស។ តើមានឧទាហរណ៍អ្វីផ្សេងទៀតទេ? (ពួកទទឹងនឹងព្រះគ្រីស្ទគុំកួននឹងអ្នកណាដែលលួសកាត់ពួកគេ ហើយក្រោយមក ពួកគេថែមទាំងអាចនឹងស្វែងរកឱកាសដើម្បីសងសឹក និងវាយប្រហារអ្នកទាំងនោះទៀតផង។) ការវាយប្រហារ និងការសងសឹក គឺជាការបង្ហាញចេញមួយទៀត។ តើការណ៍នេះទាក់ទងនឹងការដែលពួកទទឹងនឹងព្រះគ្រីស្ទការពារឋានៈ និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេយ៉ាងដូចម្ដេច? ហេតុអ្វីបានជាពួកគេចង់វាយប្រហារ និងសងសឹក? (អ្នកណាក៏ដោយដែលបានលួសកាត់ពួកគេ គឺបានលាតត្រដាងសេចក្ដីអាក្រក់ទាំងអស់ដែលពួកគេបានធ្វើ និងការពិតជាក់ស្ដែងនៃរឿងនេះ។ អ្នកទាំងនោះបានធ្វើឱ្យខូចខាតដល់ឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ ហើយបានបំផ្លាញរូបភាពរបស់ពួកគេដែលមាននៅក្នុងចិត្តរបស់មនុស្ស ដូច្នេះហើយទើបពួកគេគុំកួននឹងអ្នកទាំងនោះ។) ត្រូវហើយ ទំនាក់ទំនងគឺស្ថិតនៅត្រង់ហ្នឹងឯង។ ពួកគេគិតថា មនុស្សដែលបានលួសកាត់ពួកគេ បានធ្វើឱ្យប៉ះពាល់ដល់អំនួតរបស់ពួកគេ ធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពដ៏គួរឱ្យខ្មាសអៀន បំផ្លាញកេរ្តិ៍ឈ្មោះរបស់ពួកគេ និងធ្វើឱ្យឋានៈរបស់ពួកគេនៅក្នុងចិត្តរបស់អ្នកដទៃធ្លាក់ចុះយ៉ាងខ្លាំង តាមរយៈការលាតត្រដាងពួកគេនៅចំពោះមុខមនុស្សជាច្រើន។ នេះហើយគឺជាមូលហេតុសម្រាប់ការសងសឹករបស់ពួកគេ។ នៅក្នុងរឿងនេះ កេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេត្រូវបានខូចខាត ហើយដើម្បីបញ្ចេញសេចក្ដីថ្នាំងថ្នាក់ចិត្ត និងសេចក្ដីស្អប់នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេក៏ស្វែងរកឱកាសដើម្បីវាយប្រហារ និងសងសឹកនឹងមនុស្សដែលបានលាតត្រដាង និងលួសកាត់ពួកគេ។ តើពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញការសម្ដែងចេញអ្វីផ្សេងទៀត? (ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនក៏មានល្បិចកលជាពិសេសផងដែរ។ នៅពេលនរណាម្នាក់លួសកាត់ពួកគេ ពួកគេប្រហែលជាមិនប្រកែកនឹងអ្នកទាំងនោះ ឬមិនបញ្ចេញប្រតិកម្មអ្វីនៅសំបកក្រៅឡើយ ហើយតាមពិត ពួកគេអាចនឹងមើលទៅហាក់ដូចជាបានយល់ដឹងអ្វីមួយអំពីខ្លួនឯង ប៉ុន្តែក្រោយមក ពួកគេនឹងបន្តប្រព្រឹត្តសេចក្ដីអាក្រក់ដដែលដូចដែលពួកគេធ្លាប់ធ្វើពីមុន ហើយមិនដែលប្រែចិត្តពិតប្រាកដឡើយ។ ពួកគេប្រើរូបភាពក្លែងក្លាយបែបនោះដើម្បីបំភាន់មនុស្ស។) នេះគឺជាការបង្ហាញចេញមួយទៀត។ ពួកទទឹងនឹងព្រះគ្រីស្ទប្រភេទខ្លះ ធ្វើបែបនេះឯង។ ពួកគេគិតក្នុងចិត្តថា៖ «មានជីវិត គឺមានក្ដីសង្ឃឹម។ ខ្ញុំនឹងអត់ធ្មត់មួយរយៈសិន ហើយមិនបណ្ដោយឱ្យអ្នកមើលខ្ញុំធ្លុះឡើយ។ ប្រសិនបើខ្ញុំប្រកែកនឹងអ្នកយ៉ាងចំហ ហើយបដិសេធមិនទទួលយកការត្រូវបានលួសកាត់ទេ អ្នកនឹងនិយាយថា ខ្ញុំជាមនុស្សដែលមិនអនុវត្ត ឬមិនស្រឡាញ់សេចក្ដីពិត ហើយប្រសិនបើរឿងនោះលេចឮចេញក្រៅ វានឹងមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្ញុំ។ ប្រសិនបើបងប្អូនប្រុសស្រីរបស់យើងបានដឹង ពួកគេច្បាស់ជាបដិសេធមិនទទួលយកការដឹកនាំរបស់មនុស្សដែលមិនស្រឡាញ់សេចក្ដីពិតទាល់តែសោះជាមិនខាន។ ខ្ញុំត្រូវតែបង្កើតរូបភាពដ៏ល្អមួយជាមុនសិន។ នៅពេលខ្ញុំប្រឈមមុខនឹងការត្រូវបានលួសកាត់ ហើយមាននរណាម្នាក់កំពុងលាតត្រដាងពីកំហុស ឬអំពើរំលងណាមួយដែលខ្ញុំបានប្រព្រឹត្ត ខ្ញុំនឹងញញឹមទទួលយកទាំងបង្ខំចិត្ត ដោយធ្វើពុតជាទទួលយកវា ហើយងក់ក្បាលទទួលស្គាល់ ដោយមិនបណ្ដោយឱ្យនរណាម្នាក់មើលខ្ញុំធ្លុះ ឬដឹងពីអ្វីដែលខ្ញុំកំពុងគិតពិតប្រាកដឡើយ។ បន្ទាប់មក ខ្ញុំអាចបង្ហាញរូបភាពក្លែងក្លាយ សម្រក់ទឹកភ្នែកបន្តិចបន្តួច ហើយនិយាយរឿងខ្លះអំពីការមានអារម្មណ៍ជំពាក់គុណចំពោះព្រះជាម្ចាស់ ហើយធ្វើឱ្យរឿងនេះចប់សព្វគ្រប់ទៅ។ តាមរបៀបនោះ បងប្អូនប្រុសស្រីនឹងគិតថា ខ្ញុំជាមនុស្សម្នាក់ដែលទទួលយកសេចក្ដីពិត ហើយខ្ញុំអាចបន្តធ្វើជាអ្នកដឹកនាំយ៉ាងត្រឹមត្រូវ បន្ទាប់មក កេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំនឹងត្រូវបានរក្សាទុក តើមែនទេ?» អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺជារូបភាពក្លែងក្លាយ។ អ្នករាល់គ្នាសាកនិយាយមើល តើមនុស្សបែបនេះងាយនឹងមើលធ្លុះដែរឬទេ? (ពួកគេមិនងាយនឹងមើលធ្លុះឡើយ។) វាទាមទារឱ្យមានរយៈពេលនៃការអង្កេត និងការប្រាស្រ័យទាក់ទងជាមួយពួកគេ ដើម្បីមើលថាតើពួកគេការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ នៅពេលជួបប្រទះនឹងបញ្ហា ហើយថាតើពួកគេពិតជាអនុវត្តស្របតាមគោលការណ៍សេចក្ដីពិតដែរឬក៏អត់។ មិនថាពួកគេអាចនិយាយបានល្អ ឬត្រឹមត្រូវពីសំបកក្រៅយ៉ាងណាក៏ដោយ នោះគ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ។ មិនយូរមិនឆាប់ របៀបដែលពួកគេគិតពិតប្រាកដ នឹងត្រូវលាតត្រដាងជាមិនខាន។ ទោះបីជាព្រះជាម្ចាស់មិនបើកសម្ដែងពួកគេក៏ដោយ តើពួកទទឹងនឹងព្រះគ្រីស្ទអាចលាក់បាំងគំនិតពិត និងសារជាតិធម្មជាតិរបស់ខ្លួនបានជិតឈឹងដែរឬទេ? តើពួកគេអាចបិទបាំងវាអស់មួយជីវិតរបស់ខ្លួនបានដែរឬទេ? នោះជារឿងមិនអាចទៅរួចឡើយ មិនយូរមិនឆាប់ រឿងទាំងនេះនឹងត្រូវលាតត្រដាងជាមិនខាន។ ហេតុដូច្នេះហើយ មិនថាពួកទទឹងនឹងព្រះគ្រីស្ទទុច្ចរិត ឬមានល្បិចកលយ៉ាងណាក៏ដោយ ដរាបណាពួកគេមានបំណង និងចេតនាបង្កប់ ហើយប្រព្រឹត្តទាស់នឹងសេចក្ដីពិតនៅក្នុងសកម្មភាពរបស់ខ្លួន នៅទីបំផុត ពួកគេនឹងត្រូវបានញែកដឹង និងមើលធ្លុះដោយមនុស្សដែលយល់សេចក្ដីពិតជាមិនខាន។ ពួកទទឹងនឹងព្រះគ្រីស្ទដូចជាអ្នកទាំងនេះ គឺមានល្បិចកលជាងគេបំផុត។ ពីសំបកក្រៅ ពួកគេហាក់ដូចជាទទួលយកសេចក្ដីពិត និងអ្វីៗដែលវិជ្ជមាន ប៉ុន្តែតាមពិតទៅ នៅក្នុងទីជម្រៅចិត្ត និងនៅក្នុងសារជាតិរបស់ពួកគេ ពួកគេមិនស្រឡាញ់សេចក្ដីពិតឡើយ ហើយពួកគេថែមទាំងស្អប់ខ្ពើមអ្វីៗដែលវិជ្ជមាន និងសេចក្ដីពិតទៀតផង។ ដោយសារតែពួកគេប្រសប់វោហារ មនុស្សភាគច្រើនមិនអាចញែកដឹងពីពួកគេបានឡើយ ហើយមានតែមនុស្សដែលយល់សេចក្ដីពិតប៉ុណ្ណោះ ទើបអាចញែកដឹង និងមើលមនុស្សប្រភេទនេះធ្លុះបាន។ តើមានឧទាហរណ៍អ្វីផ្សេងទៀតដែរឬទេ? (មានអាទទឹងនឹងព្រះគ្រីស្ទម្នាក់ ដែលបានឃើញថា អ្នករួមការងាររបស់គាត់មានគុណសម្បត្តិល្អជាងគាត់ ហើយពូកែធ្វើកិច្ចការជាងគាត់។ ដើម្បីរក្សាឋានៈរបស់ខ្លួន គាត់បានកាឡៃការពិតដោយសម្ងាត់ ហើយបានធ្វើការវិនិច្ឆ័យលើអ្នករួមការងារ និងដៃគូរបស់គាត់ ដោយបំភាន់មនុស្ស អូសទាញពួកគេ និងធ្វើឱ្យពួកគេស្ដាប់តាមគាត់។ ការណ៍នេះបាននាំឱ្យមានការមិនទុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមអ្នករួមការងាររបស់គាត់។ ពួកគេលែងសហការគ្នាដោយចុះសម្រុងទៀតហើយ ហើយគ្មានលទ្ធផលណាមួយត្រូវសម្រេចបានឡើយ នៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចការ។ នៅពេលអំពើអាក្រក់របស់អាទទឹងនឹងព្រះគ្រីស្ទនោះត្រូវបានលាតត្រដាង គាត់មិនត្រឹមតែបដិសេធមិនទទួលយកវាប៉ុណ្ណោះទេ គាត់ថែមទាំងបានផ្ដល់លេស និងព្យាយាមគេចវេះពីការទទួលខុសត្រូវទៀតផង។ វាច្បាស់ណាស់ថា គាត់ហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈរបស់គាត់។ មិនថាគាត់បានធ្វើបាបបងប្អូនប្រុសស្រីប៉ុន្មាននាក់ក៏ដោយ ហើយមិនថាគាត់បានរំខាន និងបង្អាក់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏គាត់មិនខ្វល់អ្វីឡើយ កុំថាឡើយមានអារម្មណ៍ពិបាកចិត្ត ឬមានកំហុសនោះ។ គាត់មិនមានភាពជាមនុស្ស ឬវិចារណញ្ញាណសូម្បីតែបន្តិចសោះឡើយ។) សរុបមក ពួកទទឹងនឹងព្រះគ្រីស្ទមិនញញើតនឹងការលះបង់ផលប្រយោជន៍របស់អ្នកណាម្នាក់ដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ ទោះបីជាពួកគេត្រូវជាន់ឈ្លីមនុស្សគ្រប់គ្នា ដើម្បីរក្សាឋានៈផ្ទាល់ខ្លួនរបស់ពួកគេក៏ដោយ ក៏ពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើបែបនេះឡើយ។ នៅពេលនិយាយដល់ការការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ ពួកគេមិនខ្វល់ថាអ្នកដទៃរស់ ឬស្លាប់ឡើយ ហើយកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍របស់ពួកជំនុំ គឺមិនមាននៅក្នុងគំនិតរបស់ពួកគេទាល់តែសោះ ហើយក៏មិនស្ថិតនៅក្នុងដែននៃការពិចារណារបស់ពួកគេទាល់តែសោះដែរ។ តាមរយៈសកម្មភាពទាំងនេះ យើងអាចមើលឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនជាមនុស្សនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ពួកគេគឺជាអ្នកគ្មានជំនឿដែលបានលួចបន្លំចូលមក។ ដំណាក់របស់ព្រះជាម្ចាស់មិនមែនជាផ្ទះរបស់ពួកគេទេ ដូច្នេះ គ្មានផលប្រយោជន៍ណាមួយរបស់ដំណាក់នេះ មានការពាក់ព័ន្ធនឹងពួកគេឡើយ។ ពួកគេគ្រាន់តែចង់សម្រេចគោលដៅរបស់ខ្លួនក្នុងការក្ដោបក្ដាប់អំណាច និងគ្រប់គ្រងមនុស្ស ហើយបំពេញមហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ដោយសារនេះគឺជាប្រភេទនៃសារជាតិធម្មជាតិដែលពួកទទឹងនឹងព្រះគ្រីស្ទមាន ពួកគេដាច់ខាតនឹងមិនទទួលយកការត្រូវបានលួសកាត់ឡើយ ហើយពួកគេក៏នឹងមិនទទួលយកទិដ្ឋភាពណាមួយនៃសេចក្ដីពិតដែរ។
តាមរយៈឧទាហរណ៍ដែលយើងទើបតែបានលើកឡើង អ្នកអាចមើលឃើញថា មហិច្ឆតា និងបំណងប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ គឺមានពីកំណើត។ ពួកទទឹងនឹងព្រះគ្រីស្ទកើតមកបែបនោះឯង ដោយមានប្រភេទនៃសារជាតិធម្មជាតិបែបនោះ។ ពួកគេដាច់ខាតមិនបានរៀនរឿងនេះ បន្ទាប់ពីពួកគេកើតមកឡើយ ហើយវាក៏មិនមែនជាផលវិបាកនៃមជ្ឈដ្ឋានរបស់ពួកគេដែរ។ វាប្រៀបដូចជាអ្នកជំងឺមួយចំនួនអ៊ីចឹង ដែលមិនបានឆ្លងជំងឺរបស់ពួកគេបន្ទាប់ពីពួកគេកើតមកនោះទេ ប៉ុន្តែផ្ទុយទៅវិញគឺពួកគេទទួលបានជំងឺនោះពីកំណើត។ ជំងឺប្រភេទនេះគឺមិនអាចព្យាបាលជាសះស្បើយឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទកើតមកជាមួយនឹងមហិច្ឆតាក្នុងការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយពួកគេមិនខុសពីការចាប់ជាតិជាថ្មីនៃពួកស្ដេចអារក្សឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើម និងស្អប់សេចក្ដីពិត ហើយពួកគេមិនទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ទាល់តែសោះ។ ដូច្នេះ មិនថាពួកគេជួបប្រទះនឹងការលួសកាត់ប្រភេទណានោះទេ ពួកគេនឹងមិនទទួលយកវាឡើយ។ ប្រសិនបើបងប្អូនប្រុសស្រីធម្មតាលួសកាត់ពួកគេ ពួកគេនឹងរឹតតែមិនចង់ទទួលយកវាទៅទៀត។ ពួកគេជឿថា៖ «អ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីលួសកាត់ខ្ញុំទេ អ្នកមិនស័ក្តិសមឡើយ! តើអ្នកបានក្លាយជាអ្នកជឿប៉ុន្មានថ្ងៃហើយ? ពេលដែលខ្ញុំបានក្លាយជាអ្នកជឿ អ្នកមិនទាន់ទាំងកើតមកផង! ពេលដែលខ្ញុំបានក្លាយជាអ្នកដឹកនាំ អ្នកមិនទាន់ទាំងបានចាប់ផ្ដើមជឿលើព្រះជាម្ចាស់ផង!» នោះគឺជាអាកប្បកិរិយាដែលពួកគេមាន ចំពោះបងប្អូនប្រុសស្រីដែលលួសកាត់ពួកគេ។ ពួកគេផ្ដោតលើលក្ខណៈសម្បត្តិ និងអតីតភាពការងារ ហើយបដិសេធមិនទទួលយកការត្រូវបានលួសកាត់ ដោយផ្អែកលើហេតុផលទាំងនេះ។ ដូច្នេះ តើពួកគេអាចទទួលយកវាបានដែរឬទេ នៅពេលខាងលើលួសកាត់ពួកគេ? ដោយផ្អែកលើសារជាតិធម្មជាតិរបស់ពួកគេ ពួកគេក៏នឹងមិនទទួលយកវាដែរ។ ទោះបីជាពីសំបកក្រៅពួកគេប្រហែលជាមិននិយាយអ្វីក៏ដោយ ក៏ដួងចិត្តរបស់ពួកគេប្រាកដជានឹងទាស់ទទឹង និងបដិសេធវាជាមិនខាន។ នេះជារឿងដែលមិនគួរឱ្យសង្ស័យឡើយ។ នៅពេលពួកគេពិតជាប្រឈមមុខនឹងការលួសកាត់របស់ខាងលើ ការបង្ហាញចេញទូទៅបំផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺការខំប្រឹងប្រកែកយកត្រូវ និងដោះសាឱ្យខ្លួនឯង ដើម្បីគេចវេះពីការទទួលខុសត្រូវ ថែមទាំងបោកប្រាស់ខាងលើ និងលាក់បាំងរឿងរ៉ាវពីអ្នកខាងក្រោម ដើម្បីឱ្យពួកគេអាចរួចខ្លួនដោយគ្មានទោសកំហុសទៀតផង។ ពួកទទឹងនឹងព្រះគ្រីស្ទឧស្សាហ៍ប្រើវិធីសាស្ត្របោកប្រាស់ខាងលើ និងលាក់បាំងរឿងរ៉ាវពីអ្នកខាងក្រោម ដើម្បីជៀសវាងការត្រូវបានលួសកាត់ដោយខាងលើ។ ឧទាហរណ៍៖ ប្រសិនបើមានបញ្ហាជាច្រើននៅក្នុងពួកជំនុំ ពួកគេមិនដែលរាយការណ៍ពីបញ្ហាទាំងនោះឡើយ។ ប្រសិនបើបងប្អូនប្រុសស្រីរបស់ពួកគេចង់រាយការណ៍ពីបញ្ហាទាំងនោះ ពួកទទឹងនឹងព្រះគ្រីស្ទមិនអនុញ្ញាតឱ្យបងប្អូនប្រុសស្រីរាយការណ៍ឡើយ ហើយអ្នកណាក៏ដោយដែលធ្វើបែបនេះ គឺជួបប្រទះនឹងការគាបសង្កត់ និងការផាត់ចេញពីពួកគេ។ ជាលទ្ធផល មនុស្សភាគច្រើនត្រូវបានបង្ខំឱ្យនៅក្រៅរឿងនេះ ទុកបញ្ហាចោលដោយមិនដោះស្រាយ និងធ្វើខ្លួនជាមនុស្សផ្គាប់ចិត្តអ្នកដទៃ។ ពួកទទឹងនឹងព្រះគ្រីស្ទបិទបាំងបញ្ហាទាំងអស់របស់ពួកជំនុំ ដោយលាក់វាជាការសម្ងាត់យ៉ាងជិតឈឹង ហើយពួកគេមិនអនុញ្ញាតឱ្យខាងលើលូកដៃចូល ឬសួរនាំឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទក៏ឃាត់ទុកការរៀបចំចាត់ចែងកិច្ចការរបស់ខាងលើតាមដែលអាចធ្វើទៅបានផងដែរ ហើយមិនបញ្ជូនវាទៅក្រោម ឬអនុវត្តវាឡើយ។ ប្រសិនបើការរៀបចំចាត់ចែងកិច្ចការរបស់ខាងលើមិនប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ឬឋានៈផ្ទាល់ខ្លួនរបស់ពួកគេទាល់តែសោះ ពួកគេប្រហែលជាធ្វើការប្រកាសឱ្យតែល្អមើលពីសំបកក្រៅ និងធ្វើឱ្យតែរួចពីដៃ ប៉ុន្តែពួកគេប្រាកដជានឹងមិនអនុវត្តវាជាក់ស្ដែងឡើយ។ ប្រសិនបើការរៀបចំចាត់ចែងកិច្ចការរបស់ខាងលើបង្កការគំរាមកំហែង ឬមានផលប៉ះពាល់ជាក់លាក់ណាមួយដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ នោះពួកទទឹងនឹងព្រះគ្រីស្ទត្រូវតែគិតហើយ។ ពួកគេត្រូវគិតគូរថាតើត្រូវធ្វើសកម្មភាពដោយរបៀបណា ត្រូវធ្វើសកម្មភាពលើនរណា និងត្រូវធ្វើសកម្មភាពនៅពេលណា។ ពួកគេត្រូវតែថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្នបំផុតចំពោះរឿងទាំងនេះ ដោយគិតគូរពីវាម្ដងហើយម្ដងទៀតនៅក្នុងគំនិតរបស់ពួកគេ។ ប្រសិនបើបញ្ហាមួយចំនួនលេចឡើងនៅក្នុងកិច្ចការរបស់ពួកជំនុំ ពួកទទឹងនឹងព្រះគ្រីស្ទដឹងថា ពួកគេប្រាកដជានឹងត្រូវបានលួសកាត់ ឬថែមទាំងត្រូវដកហូតតំណែងទៀតផង នៅពេលខាងលើដឹងអំពីបញ្ហាទាំងនោះ ដូច្នេះ ពួកគេឃាត់បញ្ហាទាំងនោះទុក ហើយមិនរាយការណ៍ទៅខាងលើឡើយ។ ពួកគេមិនខ្វល់ទាល់តែសោះអំពីផលប៉ះពាល់ ឬការខូចខាតដែលបញ្ហាទាំងនោះនឹងនាំមកលើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ប្រសិនបើវាមិនត្រូវបានដោះស្រាយ។ ពួកគេព្រងើយកន្តើយចំពោះការខាតបង់ណាមួយ ដែលកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់នឹងត្រូវទទួលរង។ ពួកគេមិនគិតពីសកម្មភាពណាដែលនឹងផ្ដល់ផលប្រយោជន៍ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬបំពេញព្រះហឫទ័យព្រះជាម្ចាស់ឡើយ ពួកគេគិតគូរតែពីកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ របៀបដែលខាងលើនឹងមើលមក និងប្រព្រឹត្តចំពោះពួកគេ ព្រមទាំងរបៀបការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ ដើម្បីកុំឱ្យរងផលប៉ះពាល់ប៉ុណ្ណោះ។ នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទមើលរឿងរ៉ាវ និងគិតអំពីបញ្ហា ហើយវាតំណាងឱ្យនិស្ស័យរបស់ពួកគេទាំងស្រុង។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទដាច់ខាតនឹងមិនរាយការណ៍តាមការពិត អំពីបញ្ហាដែលមាននៅក្នុងពួកជំនុំ ឬដែលកើតឡើងនៅក្នុងកិច្ចការរបស់ខ្លួនឡើយ។ មិនថាពួកគេធ្វើកិច្ចការអ្វី មិនថាពួកគេប្រឈមមុខនឹងការលំបាកអ្វីនោះទេ ឬប្រសិនបើពួកគេជួបប្រទះនឹងស្ថានការណ៍ដែលពួកគេមិនដឹងថាត្រូវចាត់ចែងដោយរបៀបណា ឬក្នុងស្ថានភាពដែលពួកគេមិនដឹងថាត្រូវធ្វើការជ្រើសរើសបែបណា ក្នុងពេលកំពុងអនុវត្តកិច្ចការនោះទេ ពួកគេនឹងបិទបាំង និងលាក់វាទុក ដោយខ្លាចថាខាងលើនឹងនិយាយថា គុណសម្បត្តិរបស់ពួកគេអន់ពេក ឬដឹងពីស្ថានភាពពិតរបស់ពួកគេ ឬលួសកាត់ពួកគេ ដោយសារតែពួកគេមិនបានចាត់ចែង និងដោះស្រាយការលំបាក ឬស្ថានការណ៍ទាំងនោះឱ្យបានទាន់ពេលវេលា។ ពួកទទឹងនឹងព្រះគ្រីស្ទមិនអើពើនឹងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងកិច្ចការរបស់ពួកជំនុំឡើយ ដើម្បីជៀសវាងការត្រូវបានលួសកាត់ដោយខាងលើ។ ពួកគេមិនស្ទាក់ស្ទើរក្នុងការលះបង់កិច្ចការ និងផលប្រយោជន៍របស់ពួកជំនុំ ដើម្បីរក្សាឋានៈ និងជីវភាពរស់នៅរបស់ពួកគេ ព្រមទាំងដើម្បីធានាថា ខាងលើមានចំណាប់អារម្មណ៍ល្អចំពោះពួកគេឡើយ។ ពួកគេមិនខ្វល់ពីការពន្យារពេល ឬផលប៉ះពាល់ដល់ដំណើរការនៃកិច្ចការរបស់ពួកជំនុំនោះទេ ហើយពួកគេរឹតតែមិនខ្វល់អំពីការចូលទៅក្នុងជិវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៅទៀត។ មិនថាបងប្អូនប្រុសស្រីជួបប្រទះនឹងការលំបាកអ្វីក៏ដោយ ឬមានបញ្ហាអ្វីទាក់ទងនឹងការចូលទៅក្នុងជិវិតរបស់បងប្អូនប្រុសស្រីក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចដោះស្រាយវាបានដែរ ហើយពួកគេក៏នឹងមិនស្វែងរកពីខាងលើឡើយ។ ពួកគេដឹងយ៉ាងច្បាស់ថា ការឃាត់បញ្ហាទុក និងការទុកវាចោលដោយមិនដោះស្រាយ នឹងពន្យារពេល និងប៉ះពាល់ដល់ដំណើរការនៃកិច្ចការរបស់ពួកជំនុំ ព្រមទាំងបង្កការខាតបង់ដល់ជីវិតរបស់បងប្អូនប្រុសស្រី ប៉ុន្តែពួកគេមិនអើពើនឹងរឿងទាំងនេះទេ ហើយមិនខ្វល់ពីវាឡើយ។ មិនថាមានបញ្ហាធំៗអ្វីកើតឡើងនៅក្នុងពួកជំនុំនោះទេ ក៏ពួកគេមិនដែលរាយការណ៍ពីបញ្ហាទាំងនោះឡើយ ផ្ទុយទៅវិញ ពួកគេខិតខំអស់ពីសមត្ថភាពដើម្បីបិទបាំង និងលាក់វាយ៉ាងជិតឈឹង។ ប្រសិនបើបងប្អូនប្រុសស្រីរកឃើញអំពើអាក្រក់របស់ពួកគេ ហើយសរសេរសំបុត្ររាយការណ៍ពីពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទរឹតតែព្យាយាមខ្លាំងឡើងដើម្បីឃាត់ទុក និងលាក់សំបុត្រទាំងនោះយ៉ាងជិតឈឹង។ តើគោលដៅរបស់ពួកគេក្នុងការឃាត់ទុក និងលាក់សំបុត្រទាំងនោះយ៉ាងជិតឈឹង គឺជាអ្វី? គឺដើម្បីរក្សាឋានៈរបស់ពួកគេ ការពារកេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់ពួកគេ ព្រមទាំងរក្សាទុកនូវអ្វីៗគ្រប់យ៉ាងដែលពួកគេមាននៅពេលនោះ។ សម្រាប់ពួកគេ ការត្រូវបានដកហូតតំណែង ឬការដែលខាងលើវាយតម្លៃថាពួកគេមិនស័ក្តិសមនឹងកិច្ចការរបស់ពួកគេ គឺប្រៀបដូចជាការបាត់បង់ជីវិតរបស់ខ្លួន និងត្រូវបានផ្ដន្ទាទោសប្រហារជីវិតអ៊ីចឹង វាប្រៀបដូចជាការឈានដល់ទីបញ្ចប់នៃផ្លូវ នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ ដូច្នេះ មិនថាយ៉ាងណាក៏ដោយ ក៏ពួកគេមិនដែលស្វែងរកពីខាងលើឡើយ។ ផ្ទុយទៅវិញ ពួកគេគិតរកវិធីដើម្បីបិទបាំងបញ្ហាទាំងអស់ដែលមាននៅក្នុងកិច្ចការរបស់ខ្លួន ហើយរារាំងខាងលើមិនឱ្យរកឃើញបញ្ហាទាំងនោះ។ តើទង្វើបែបនេះរបស់ពួកគេ មិនគួរឱ្យស្អប់ខ្ពើមណាស់ទេឬ? ពួកគេជឿថា អ្នកដឹកនាំដ៏ល្អម្នាក់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ និងខាងលើ ត្រូវតែជានរណាម្នាក់ដែលមិនដែលមានបញ្ហា ឬការលំបាកណាមួយ ដែលអាចចាត់ចែងរឿងរ៉ាវទាំងអស់បានយ៉ាងល្អ និងស័ក្តិសមសម្រាប់កិច្ចការគ្រប់ប្រភេទ។ ពួកគេគិតថា អ្នកដឹកនាំដ៏ល្អម្នាក់មិនដែលត្អូញត្អែរអំពីការលំបាក ឬស្វែងរកលើបញ្ហាឡើយ ហើយថាអ្នកដឹកនាំដ៏ល្អម្នាក់ដាច់ខាតត្រូវតែជាមនុស្សគ្រប់លក្ខណ៍ និងល្អឥតខ្ចោះនៅក្នុងគំនិតរបស់ព្រះជាម្ចាស់ និងខាងលើ ដែលអាចបំពេញកិច្ចការបានយ៉ាងល្អ ដោយមិនចាំបាច់ឱ្យខាងលើលួសកាត់ពួកគេឡើយ។ ហេតុដូច្នេះហើយ ពួកគេការពារឋានៈរបស់ខ្លួនយ៉ាងខ្លាំងក្លា ដោយសង្ឃឹមថានឹងអាចបង្កើតចំណាប់អារម្មណ៍ល្អចំពោះខាងលើ និងធ្វើឱ្យខាងលើយល់ច្រឡំថា ពួកគេស័ក្តិសមនឹងកិច្ចការរបស់ខ្លួន ថាពួកគេអាចទទួលរ៉ាប់រងកិច្ចការរបស់ពួកគេបាន ហើយថានឹងគ្មានបញ្ហាធំដុំណាមួយកើតឡើងឡើយ ហើយតាមរយៈនោះ ធ្វើឱ្យខាងលើគិតថា មិនចាំបាច់សួរនាំដោយផ្ទាល់អំពីកិច្ចការរបស់ពួកគេ ឬផ្ដល់ការចង្អុលបង្ហាញដល់ពួកគេឡើយ ហើយប្រាកដណាស់ថា មិនចាំបាច់លួសកាត់ពួកគេនោះទេ។ ពួកទទឹងនឹងព្រះគ្រីស្ទចង់បង្កើតរូបភាពបែបនេះសម្រាប់ខ្លួនឯង ដើម្បីធ្វើឱ្យអ្នកដទៃយល់ច្រឡំថា ព្រះជាម្ចាស់ជឿជាក់លើពួកគេ ហើយផ្ទុកផ្ដាក់អ្វីៗគ្រប់យ៉ាងដល់ពួកគេ ថាព្រះអង្គផ្ទុកផ្ដាក់ភារកិច្ចសំខាន់ៗដល់ពួកគេ និងមានការទុកព្រះហឫទ័យយ៉ាងខ្លាំងលើពួកគេ រហូតដល់ថ្នាក់ទ្រង់ស្ទាក់ស្ទើរក្នុងការលួសកាត់ពួកគេទៀតផង ដោយខ្លាចថា ការដែលពួកគេក្លាយជាអវិជ្ជមាន និងខ្ជិលច្រអូស នឹងប៉ះពាល់ដល់កិច្ចការ។ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើឱ្យបងប្អូនប្រុសស្រីគិតថា ពួកគេគឺជាមនុស្សមានប្រជាប្រិយភាពនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំ ហើយជាបុគ្គលសំខាន់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាពួកគេចង់បញ្ជ្រាបការភាន់ច្រឡំ និងរូបភាពក្លែងក្លាយបែបនេះទៅកាន់បងប្អូនប្រុសស្រី? គឺដើម្បីឱ្យពួកគេអាចធ្វើឱ្យមនុស្សគោរព និងថ្វាយបង្គំពួកគេ ដើម្បីឱ្យពួកគេអាចសោយសុខនឹងផលប្រយោជន៍នៃឋានៈនៅក្នុងពួកជំនុំ ព្រមទាំងឋានៈខ្ពស់ និងការប្រព្រឹត្តដ៏ល្អចំពោះពួកគេ រហូតដល់ថ្នាក់ពួកគេអាចនឹងដណ្ដើមកន្លែងរបស់ព្រះជាម្ចាស់បានទៀតផង។ ពួកគេឧស្សាហ៍និយាយទៅកាន់បងប្អូនប្រុសស្រីថា៖ «ព្រះជាម្ចាស់មិនអាចមានព្រះបន្ទូលទៅកាន់អ្នករាល់គ្នាដោយផ្ទាល់បានទេ ទ្រង់មិនអាចចុះមកដល់កម្រិតរបស់អ្នករាល់គ្នា ហើយបំពេញកិច្ចការដោយផ្ទាល់បានឡើយ ហើយទ្រង់ក៏មិនអាចមានព្រះជន្មរស់នៅក្បែរអ្នករាល់គ្នា និងណែនាំអ្នករាល់គ្នានៅក្នុងរឿងរ៉ាវផ្សេងៗទាំងអស់ ដែលអ្នករាល់គ្នាជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃបានជាដាច់ខាត។ ដូច្នេះ តើនរណានឹងបំពេញភារកិច្ចជាក់លាក់ទាំងនេះ? តើមិនមែនជាអ្នកដឹកនាំ និងអ្នកធ្វើការដូចជាពួកយើងទេឬ?» ខណៈពេលដែលពួកគេខិតខំអស់ពីសមត្ថភាពដើម្បីការពារឋានៈរបស់ខ្លួន ពួកគេឧស្សាហ៍និយាយរឿងបែបនេះ និងសម្ដែងចេញគំនិតបែបនេះ ដើម្បីឱ្យបងប្អូនប្រុសស្រីជឿជាក់ និងទុកចិត្តលើពួកគេទាំងស្រុង និងដោយគ្មានការសង្ស័យឡើយ។ តើទង្វើបែបនេះរបស់ពួកគេ មានធម្មជាតិជាអ្វី? តើវាមិនមែនជាការកុហកបោកប្រាស់ខាងលើ និងលាក់បាំងរឿងរ៉ាវពីអ្នកខាងក្រោមទេឬ? (មែនហើយ។) នេះគឺជាចំណុចឆ្លាតវៃនៃវិធីសាស្ត្ររបស់ពួកគេ។ មនុស្សភាគច្រើនមានគុណសម្បត្តិអន់ ពួកគេមិនយល់សេចក្ដីពិត មិនអាចញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទបានឡើយ ហើយអាចត្រឹមតែត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងប្រើប្រាស់ប៉ុណ្ណោះ។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទព្យាយាមបំភាន់មនុស្សដោយផ្ទាល់ ដោយនិយាយថា៖ «ខាងលើពិតជាជឿជាក់លើខ្ញុំមែន ពួកគេស្ដាប់ខ្ញុំគ្រប់រឿងទាំងអស់» នោះមនុស្សប្រហែលជាមានការប្រុងប្រយ័ត្នបន្តិច និងមានការញែកដឹងពីពួកគេបន្តិចបន្តួចជាមិនខាន ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទមិននិយាយដោយចំៗបែបនេះឡើយ។ ពួកគេប្រើរបៀបនិយាយជាក់លាក់ណាមួយដើម្បីបំភាន់មនុស្ស ហើយធ្វើឱ្យមនុស្សយល់ច្រឡំថា ខាងលើច្បាស់ជាជឿជាក់ និងទុកចិត្តលើពួកគេហើយ ទើបបានផ្ទុកផ្ដាក់ការងារដឹកនាំដល់ពួកគេបែបនេះ។ មនុស្សល្ងង់ខ្លៅដែលខ្វះការញែកដឹង និងមិនដេញតាមសេចក្ដីពិត ក៏ចាញ់បោកពួកគេ ហើយដើរតាមពួកគេ។ ហើយនៅពេលមានរឿងអ្វីមួយកើតឡើង ពួកមនុស្សល្ងង់ខ្លៅទាំងនោះមិនអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ឬស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ពួកគេមកចំពោះពួកទទឹងនឹងព្រះគ្រីស្ទ សុំឱ្យពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញផ្លូវដល់ពួកគេ និងជ្រើសរើសផ្លូវសម្រាប់ពួកគេ។ នេះគឺជាគោលដៅដែលពួកទទឹងនឹងព្រះគ្រីស្ទចង់សម្រេចបាន តាមរយៈសកម្មភាពរបស់ពួកគេ។ ប្រសិនបើគ្មានមនុស្សមួយចំនួនដែលយល់សេចក្ដីពិតនៅក្នុងពួកជំនុំដើម្បីញែកដឹង និងលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទទេ នោះមនុស្សភាគច្រើននឹងជឿពួកគេទាំងងងឹតងងល់ ថ្វាយបង្គំ និងដើរតាមពួកគេ ព្រមទាំងរស់នៅក្រោមការគ្រប់គ្រងរបស់ពួកគេជាមិនខាន។ នេះគឺជារឿងដ៏គ្រោះថ្នាក់ណាស់! ប្រសិនបើនរណាម្នាក់ត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងគ្រប់គ្រងអស់រយៈពេលបីឆ្នាំ ឬប្រាំឆ្នាំ នោះជីវិតរបស់ពួកគេនឹងរងការខាតបង់យ៉ាងធំធេង។ ប្រសិនបើពួកគេត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងគ្រប់គ្រងអស់រយៈពេលប្រាំបីឆ្នាំ ឬ ១០ ឆ្នាំ នោះពួកគេនឹងត្រូវវិនាសហិនហោចទាំងស្រុង ទោះបីជាពួកគេចង់លោះកំហុសរបស់ខ្លួនឯងវិញ ក៏ពួកគេនឹងគ្មានឱកាសដែរ។
ពួកទទឹងនឹងព្រះគ្រីស្ទឧស្សាហ៍បំភាន់មនុស្ស អូសទាញពួកគេ និងគ្រប់គ្រងពួកគេ ដោយអះអាងថា ពួកគេគឺជាមនុស្សមានប្រជាប្រិយភាពនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលត្រូវបានព្រះជាម្ចាស់តែងតាំងឱ្យកាន់តំណែងយ៉ាងសំខាន់ ហើយដែលព្រះជាម្ចាស់ឱ្យតម្លៃ និងទុកព្រហឫទ័យ ក្នុងការខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការសោយសុខនឹងឋានៈជានិច្ច និងមានអំណាចសម្រេចចុងក្រោយជារៀងរហូត។ តើពួកទទឹងនឹងព្រះគ្រីស្ទខ្លាចអ្វីជាងគេ? ពួកគេខ្លាចបំផុតក្នុងការបាត់បង់ឋានៈរបស់ខ្លួន និងការមានកេរ្តិ៍ឈ្មោះមិនល្អ។ ពួកគេខ្លាចបងប្អូនប្រុសស្រីនឹងគិតថា ពួកគេមិនដេញតាមសេចក្ដីពិត ថាពួកគេមានគុណសម្បត្តិអន់ខ្លាំង ហើយថាពួកគេគ្មានការយល់ដឹងខាងវិញ្ញាណ ឬមិនបានបំពេញកិច្ចការជាក់ស្ដែងណាមួយឡើយ ហើយថាពួកគេគ្មានសមត្ថភាពក្នុងការបំពេញកិច្ចការជាក់ស្ដែងណាមួយឡើយ។ ទាំងនេះជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទភ័យខ្លាចឮបំផុត។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទឮពាក្យសម្ដី និងការវាយតម្លៃបែបនេះ ពួកគេក៏ភ័យស្លន់ស្លោ ហើយថែមទាំងខឹងសម្បា ជួនកាលឈានដល់ការរករឿងឡូឡា ដោយនិយាយថា៖ «ខ្ញុំមានគុណសម្បត្តិអន់ ដូច្នេះ អ្នកចង់ប្រើអ្នកណាក៏ប្រើអ្នកនោះចុះ យ៉ាងណាក៏ខ្ញុំមិនអាចធ្វើកិច្ចការនេះបានដែរ! តើព្រះជាម្ចាស់មិនសុចរិតទេឬ? ខ្ញុំបានជឿលើទ្រង់អស់រយៈពេលជាច្រើនឆ្នាំមកហើយ បានលះបង់គ្រួសារ និងអាជីពរបស់ខ្ញុំដើម្បីទ្រង់ ហើយបានពុះពារយ៉ាងច្រើនដើម្បីអ្នករាល់គ្នា ជាបងប្អូនប្រុសស្រីរបស់ខ្ញុំ។ ហេតុអ្វីបានជាអ្នកមិនអាចសូម្បីតែនិយាយពាក្យយុត្តិធម៌មួយម៉ាត់អំពីខ្ញុំផងអ៊ីចឹង?» ពួកគេលែងអាចយកចិត្តទុកដាក់លើកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួនទៀតហើយ ក៏មិនព្យាយាមលាក់បាំងខ្លួនឯង ឬធ្វើពុតទៀតដែរ ភាពគួរឱ្យស្អប់ខ្ពើមរបស់ពួកគេ ត្រូវបានលាតត្រដាងយ៉ាងពេញលេញ។ បន្ទាប់ពីបញ្ចេញកំហឹងរួច ពួកគេជូតទឹកភ្នែក ហើយគិតថា៖ «វីវរហើយ! ខ្ញុំបានធ្វើឱ្យខ្លួនឯងអាម៉ាស់មុខហើយ។ ខ្ញុំត្រូវតែស្រោចស្រង់ឡើងវិញ!» បន្ទាប់មក ពួកគេបន្តធ្វើពុត ពួកគេបន្តរៀនពាក្យស្លោក និងគោលលទ្ធិល្អៗ ហើយបន្តស្ដាប់ អាន អធិប្បាយ និងបំភាន់មនុស្ស។ ពួកគេមានអារម្មណ៍ថា ពួកគេត្រូវតែស្រោចស្រង់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួនឡើងវិញ ហើយពួកគេសង្ឃឹមថា ថ្ងៃណាមួយ នៅពេលដល់ពេលបោះឆ្នោត បងប្អូនប្រុសស្រីនឹងនៅតែនឹកឃើញដល់ពួកគេ នឹកឃើញរឿងល្អៗដែលពួកគេបានធ្វើ ចងចាំពីតម្លៃដែលពួកគេបានលះបង់ និងរឿងដែលពួកគេបាននិយាយ។ នេះពិតជាគ្មានភាពអៀនខ្មាសទាល់តែសោះ តើមែនទេ? ធម្មជាតិចាស់របស់ពួកគេនោះ មិនបានផ្លាស់ប្ដូរទាល់តែសោះ តើមែនទេ? ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមិនដែលផ្លាស់ប្ដូរសោះដូច្នេះ? ការណ៍នេះត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកគេ ពួកគេមិនអាចផ្លាស់ប្ដូរបានឡើយ នេះហើយជាលក្ខណៈរបស់ពួកគេ។ នៅពេលមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេបានរលាយបាត់អស់ទាំងស្រុង ពួកគេក៏រករឿងឡូឡា ហើយបន្ទាប់មក ពួកគេក៏មានឥរិយាបថស្លូតបូតជាងមុនជាខ្លាំង។ ថ្មីៗនេះ ខ្ញុំបានសួរពីសុខទុក្ខរបស់មនុស្សម្នាក់ ហើយបងប្អូនប្រុសស្រីខ្លះបាននិយាយថា គាត់មានឥរិយាបថស្លូតបូតណាស់។ តើពាក្យ «ឥរិយាបថស្លូតបូត» មានន័យដូចម្ដេច? វាមានន័យថា ថ្មីៗនេះគាត់មានឥរិយាបថល្អជាងមុនច្រើនណាស់ ហើយបានប្រព្រឹត្តល្អជាងមុនច្រើនណាស់។ គាត់លែងបង្កបញ្ហា វាយប្រហារអ្នកដទៃ ឬដណ្ដើមឋានៈទៀតហើយ ហើយគាត់បានរៀនពីរបៀបនិយាយជាមួយមនុស្សកាន់តែទន់ភ្លន់ សុភាពរាបសា និងតិចៗ។ ហើយគាត់បានប្រើពាក្យសម្ដីត្រឹមត្រូវដើម្បីជួយអ្នកដទៃ ហើយនៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ គាត់បានបង្ហាញការខ្វល់ខ្វាយ និងការយកចិត្តទុកដាក់ជាពិសេសចំពោះអ្នកដទៃ។ វាហាក់ដូចជាគាត់បានប្រែខ្លួនទៅជាមនុស្សថ្មីស្រឡាងម្នាក់អ៊ីចឹង។ ប៉ុន្តែ តើគាត់ពិតជាបានផ្លាស់ប្ដូរមែនឬ? អត់ទេ គឺមិនមែនទេ។ ដូច្នេះ តើទង្វើទាំងនោះជាអ្វីទៅ? (ឥរិយាបថល្អពីខាងក្រៅ។)
បន្ទាប់ពីពួកទទឹងនឹងព្រះគ្រីស្ទខ្លះត្រូវបានបើកសម្ដែង ហើយអំពើអាក្រក់ទាំងអស់របស់ពួកគេត្រូវបានលាតត្រដាង នៅពេលពួកគេឃើញបងប្អូនប្រុសស្រី ពួកគេនិយាយថា៖ «ខ្ញុំមានអារម្មណ៍ថា ថ្មីៗនេះ ខ្ញុំត្រូវបានព្រះជាម្ចាស់បំភ្លឺ និងស្រាយបំភ្លឺ ហើយខ្ញុំស្ថិតក្នុងសភាពល្អប្រសើរណាស់។ ខ្ញុំមានអារម្មណ៍ថាមានសេចក្ដីស្អប់យ៉ាងជ្រាលជ្រៅចំពោះទង្វើពីមុនរបស់ខ្ញុំ ហើយខ្ញុំនឹងមិនអាចបំភ្លេច ឬកាត់ចិត្តពីការខាតបង់ដែលខ្ញុំបានបង្កឱ្យបងប្អូនប្រុសស្រីទទួលរងនោះបានជាដាច់ខាត។ ខ្ញុំមានអារម្មណ៍សោកសៅខ្លាំងណាស់»។ ពេលពួកគេនិយាយបែបនេះ ពួកគេក៏ស្រក់ទឹកភ្នែក ហើយថែមទាំងផ្ដួចផ្ដើមសុំឱ្យបងប្អូនប្រុសស្រីលួសកាត់ពួកគេទៀតផង ដោយនិយាយថា៖ «កុំបារម្ភពីភាពទន់ខ្សោយរបស់ខ្ញុំអី។ ប្រសិនបើអ្នកឃើញខ្ញុំធ្វើអ្វីខុស នោះសូមលួសកាត់ខ្ញុំចុះ ខ្ញុំអាចទទួលយកវាបាន ខ្ញុំអាចទទួលយកវាពីព្រះជាម្ចាស់បាន។ ខ្ញុំនឹងមិនចងគំនុំនឹងអ្នករាល់គ្នាឡើយ»។ ពួកគេបានផ្លាស់ប្ដូរពីការបដិសេធយ៉ាងរឹងរូស ការទាស់ទទឹង និងការប្រឆាំងនឹងការត្រូវបានលួសកាត់ដោយបងប្អូនប្រុសស្រី ការដោះសា និងប្រកែតតវ៉ាដើម្បីការពារខ្លួនឯង និងការពោរពេញដោយការថ្នាំងថ្នាក់ចិត្ត មកជាការស្វែងរកការលួសកាត់យ៉ាងសកម្មវិញ។ នេះគឺជាការផ្លាស់ប្ដូរអាកប្បកិរិយាដ៏លឿនមួយ តើមែនទេ? តើនេះមានន័យថា ពួកគេមានវិប្បដិសារីមែនទេ? ដោយផ្អែកលើអាកប្បកិរិយានេះ មើលទៅហាក់ដូចជាពួកគេបានកែប្រែខ្លួនហើយ ដូច្នេះ អ្នកគួរតែលួសកាត់ពួកគេ។ ការធ្វើបែបនេះអាចជួយឱ្យពួកគេដឹងពីកំហុសដែលពួកគេបានប្រព្រឹត្តកាលពីអតីតកាល និងជួយឱ្យពួកគេបានស្គាល់ខ្លួនឯង។ នៅពេលនោះ អ្នកគួរតែជួយពួកគេដោយបង្ហាញភាពស្មោះសរខ្លះ ហើយនិយាយថា៖ «ខ្ញុំឃើញថា ថ្មីៗនេះ អ្នកមានឥរិយាបថល្អគួរសម។ ខ្ញុំនឹងនិយាយចេញពីចិត្តទៅកាន់អ្នក។ ប្រសិនបើរឿងដែលខ្ញុំនិយាយមិនត្រឹមត្រូវ ហើយអ្នកមិនអាចទទួលយកវាបានទេ នោះកុំប្រកាន់អី។ ប្រសិនបើអ្នកជឿថាអ្វីដែលខ្ញុំនិយាយគឺត្រឹមត្រូវ នោះសូមទទួលយកវាពីព្រះជាម្ចាស់ចុះ។ បំណងរបស់ខ្ញុំគឺចង់ជួយអ្នក មិនមែនចង់ជាន់ពន្លិចពេលអ្នកកំពុងធ្លាក់ចុះ ឬវាយប្រហារអ្នកឡើយ។ ចូរយើងបើកចំហចិត្តដាក់គ្នាទៅវិញទៅមក ហើយប្រកបគ្នា។ កាលពីពេលដែលអ្នកបម្រើការជាអ្នកដឹកនាំ អ្នកតែងធ្វើឫកធំ ហើយបដិសេធមិនទទួលស្គាល់កំហុសរបស់អ្នកឡើយ។ ទោះបីជាអ្នកបានទទួលស្គាល់កំហុសមួយចំនួនតែសំបកក្រៅក៏ដោយ ក៏អ្នកមិនបានទទួលស្គាល់កំហុសចេញពីជម្រៅចិត្តពិតប្រាកដដែរ ហើយក្រោយមក នៅពេលអ្នកជួបប្រទះនឹងបញ្ហាដដែលនេះ អ្នកនៅតែប្រព្រឹត្តដូចដែលអ្នកធ្លាប់ធ្វើពីមុនដដែល។ ចូរយើងនិយាយអំពីហេតុការណ៍ចុងក្រោយនោះជាឧទាហរណ៍។ ដោយសារតែអ្នកគ្មានការទទួលខុសត្រូវ ទើបមានរឿងខុសឆ្គងកើតឡើង ហើយការខាតបង់យ៉ាងធំធេងត្រូវបានធ្លាក់ទៅលើទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់។ ភាពគ្មានការទទួលខុសត្រូវរបស់អ្នក ក៏បានបណ្ដាលឱ្យបងប្អូនប្រុសស្រីជាច្រើននាក់ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារ ព្រមទាំងលះបង់ចំពោះរឿងនេះផងដែរ។ តើអ្នកមិនគិតថា អ្នកគួរតែទទួលខុសត្រូវចំពោះរឿងនោះទេឬ? អ្នកគឺជាបុគ្គលដែលទទួលខុសត្រូវដោយផ្ទាល់ចំពោះហេតុការណ៍នោះ ដូច្នេះ អ្នកគួរតែមកចំពោះព្រះជាម្ចាស់ លន់តួបាបរបស់អ្នក ហើយប្រែចិត្ត។ តាមពិតទៅ ប្រសិនបើអ្នកទទួលស្គាល់កំហុសរបស់ខ្លួន ព្រះជាម្ចាស់នឹងចាត់ទុកវាត្រឹមតែជាអំពើរំលងប៉ុណ្ណោះ ហើយវានឹងមិនប៉ះពាល់ដល់ការដេញតាមសេចក្ដីពិតរបស់អ្នកនាពេលអនាគតឡើយ។ បងប្អូនប្រុសស្រីក៏នឹងអាចប្រព្រឹត្តចំពោះអ្នកយ៉ាងត្រឹមត្រូវ និងចាត់ទុកអ្នកជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ផងដែរ។ ពួកគេនឹងមិនផាត់អ្នកចេញ ឬវាយប្រហារអ្នកឡើយ។ វាជារឿងពិតដែលថា អ្វីៗគ្រប់យ៉ាងអំពីមនុស្សម្នាក់គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ប៉ុន្តែប្រសិនបើអ្នកមិនដែលដេញតាមសេចក្ដីពិតទេ នោះអ្នកប្រាកដជាត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបោះបង់ចោលមិនខាន ដែលនៅពេលនោះ អ្នកនឹងក្លាយជាគោលដៅសម្រាប់សេចក្ដីហិនវិនាស។ ប្រសិនបើអ្នកទទួលយក និងចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយអាចប្រែចិត្តយ៉ាងពិតប្រាកដ ព្រះជាម្ចាស់នឹងមិននឹកចាំពីអំពើរំលងកាលពីអតីតកាលរបស់អ្នកឡើយ ហើយអ្នកនឹងនៅតែជាមនុស្សដែលដេញតាមសេចក្ដីពិតនៅចំពោះព្រះជាម្ចាស់ដដែល។ យើងមិនសូមការលើកលែងទោស ឬការអភ័យទោសពីទ្រង់ឡើយ ប៉ុន្តែយ៉ាងហោចណាស់ យើងត្រូវតែធ្វើអ្វីដែលមនុស្សគួរធ្វើ។ នេះគឺជាការទទួលខុសត្រូវ និងជាភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើតគ្រប់រូប ហើយវាគឺជាផ្លូវដែលយើងទាំងអស់គ្នាគួរតែដើរ»។ ទាំងនេះគឺជាពាក្យសម្ដីពិត តើមែនទេ? តើមានការចំអក ឬការប្រើល្បិចកលណាមួយនៅក្នុងពាក្យសម្ដីទាំងនោះដែរឬទេ? តើមានការបញ្ចើចបញ្ចើ ឬការឡកឡឺយណាមួយនៅក្នុងពាក្យសម្ដីទាំងនោះដែរឬទេ? (មិនមានទេ។) ទាំងនេះគ្រាន់តែជាពាក្យសម្ដីចេញពីចិត្ត ដែលនិយាយយ៉ាងស្ងប់ស្ងាត់ និងស្របតាមគោលការណ៍នៃការជួយ និងស្អាងមនុស្សប៉ុណ្ណោះ។ ពាក្យសម្ដីទាំងនេះគឺត្រឹមត្រូវ នៅក្នុងពាក្យទាំងនោះ មានផ្លូវនៃការអនុវត្ត ក៏ដូចជាសេចក្ដីពិតដែលត្រូវស្វែងរកផងដែរ។ ទោះជាយ៉ាងនេះក្ដី តើពួកទទឹងនឹងព្រះគ្រីស្ទអាចទទួលយកពាក្យសម្ដីទាំងនេះបានដែរឬទេ? តើពួកគេអាចយល់ដឹង និងអនុវត្តពាក្យសម្ដីទាំងនោះជាសេចក្ដីពិតបានដែរឬទេ? (ពួកគេមិនអាចឡើយ។) តើពួកគេនឹងឆ្លើយតបចំពោះពាក្យសម្ដីទាំងនេះយ៉ាងដូចម្ដេច? «សូម្បីតែពេលនេះ អ្នករាល់គ្នាសុទ្ធតែបន្តចាប់កំហុសរបស់ខ្ញុំ ដោយមិនព្រមលែងសោះ មែនទេ? សូម្បីតែព្រះជាម្ចាស់ក៏មិននឹកចាំពីអំពើរំលងរបស់មនុស្សដែរ ចុះហេតុអ្វីបានជាអ្នករាល់គ្នាតែងតែតាមស៊ើបរកអំពើរំលងរបស់ខ្ញុំដូច្នេះ? អ្នកនិយាយថា អ្នកចង់បើកចំហចិត្តនឹងចិត្តនិយាយជាមួយខ្ញុំ ហើយថាអ្នកកំពុងជួយខ្ញុំ។ តើនេះជាការជួយប្រភេទអ្វីទៅ? នេះច្បាស់ក្រឡែតណាស់ថាជាការប៉ុនប៉ងរំឭករឿងអតីតកាល និងទាមទារឱ្យខ្ញុំទទួលខុសត្រូវ។ អ្នកគ្រាន់តែព្យាយាមធ្វើឱ្យខ្ញុំទទួលខុសត្រូវប៉ុណ្ណោះ តើមែនទេ? តើខ្ញុំម្នាក់ឯងទេឬដែលទទួលខុសត្រូវចំពោះហេតុការណ៍នោះ? អ្វីៗគ្រប់យ៉ាងគឺស្ថិតនៅក្នុងព្រហស្ដរបស់ព្រះជាម្ចាស់ ដែលមានន័យថា ទ្រង់គឺជាអង្គដែលត្រូវទទួលខុសត្រូវ។ នៅពេលដែលហេតុការណ៍នោះកើតឡើង ហេតុអ្វីបានជាព្រះជាម្ចាស់មិនផ្ដល់តម្រុយណាមួយដល់ពួកយើងសោះអ៊ីចឹង? តើនេះមិនមែនជារឿងដែលព្រះជាម្ចាស់បានរៀបចំទេឬ? បើដូច្នេះមែន តើអ្នករាល់គ្នាម្ដេចនឹងអាចបន្ទោសខ្ញុំបានទៅ?» នេះគឺជាការនិយាយចេញពីចិត្តរបស់ពួកគេ តើមែនទេ? តើបញ្ហារបស់ពួកគេស្ថិតនៅត្រង់ណា? មើលពីសំបកក្រៅ ពួកគេហាក់ដូចជាបានកែប្រែខ្លួន និងក្លាយជាមនុស្សដែលចេះបន្ទាបខ្លួនជាងមុន ពួកគេមើលទៅហាក់ដូចជាមានឥរិយាបថល្អជាងមុនច្រើនណាស់ ហាក់ដូចជាពួកគេលែងដេញតាមឋានៈ និងកេរ្តិ៍ឈ្មោះទៀតហើយ ហើយហាក់ដូចជាពួកគេអាចអង្គុយចុះយ៉ាងស្ងប់ស្ងាត់ និយាយជាមួយនរណាម្នាក់ និងជជែកគ្នាបើកចំហចិត្តនឹងចិត្តបាន។ ដូច្នេះ តើពួកគេនៅតែអាចនិយាយរឿងបែបនេះបានយ៉ាងដូចម្ដេច? តើអាចមើលឃើញបញ្ហាអ្វីខ្លះនៅក្នុងរឿងនេះ? (របៀបដែលពួកគេបានប្រព្រឹត្ត គ្រាន់តែជាការបំភាន់ភ្នែកដែលពួកគេបានបង្កើតឡើង ដើម្បីឱ្យពួកគេអាចងើបឡើងវិញបានប៉ុណ្ណោះ។) តើមានអ្វីទៀត? (ពួកគេមិនស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដទាល់តែសោះ ហើយទាំងនោះមិនមែនជាការបង្ហាញពីការប្រែចិត្តពិតប្រាកដឡើយ។ ពួកវាគ្រាន់តែជាការអនុវត្តបែបពុតត្បុតមួយប្រភេទប៉ុណ្ណោះ។ នៅពេលអ្នកដទៃប្រកបគ្នាជាមួយពួកគេអំពីបញ្ហារបស់ពួកគេ ពួកគេនៅតែគ្មានសមត្ថភាពទទួលយកសេចក្ដីពិតដដែល។ វាច្បាស់ណាស់ថា សារជាតិធម្មជាតិរបស់ពួកគេគឺប្រទូសរ៉ាយនឹងសេចក្ដីពិត។) មានចំណុចពីរយ៉ាងច្បាស់លាស់នៅក្នុងរឿងនេះ។ ចំណុចទីមួយគឺ នៅពេលអាទទឹងនឹងព្រះគ្រីស្ទបាត់បង់ឋានៈរបស់គេ សភាពមួយរបស់គេគឺ «មានជីវិត គឺមានក្ដីសង្ឃឹម» ពោលគឺគេតែងតែត្រៀមខ្លួនជានិច្ចដើម្បីងើបឡើងវិញ។ ចំណុចទីពីរគឺថា ទាក់ទងនឹងផ្លូវខុសឆ្គងដែលពួកគេធ្លាប់ដើរពីមុន និងអំពើរំលងដែលពួកគេបានប្រព្រឹត្ត ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនឆ្លុះបញ្ចាំងពីខ្លួនឯងយ៉ាងពិតប្រាកដជាដាច់ខាត។ ពួកគេនឹងមិនទទួលស្គាល់កំហុសរបស់ខ្លួន ឬទទួលយកសេចក្ដីពិតឡើយ ហើយពួកគេនឹងរឹតតែមិនអាចយល់ពីសារជាតិរបស់ខ្លួនចេញពីការពិតនៃការប្រព្រឹត្តអំពើអាក្រក់របស់ពួកគេ ឬរិះរកវិធីអនុវត្តស្របតាមសេចក្ដីពិតទៅទៀត។ នៅពេលពួកគេត្រូវបានដកហូតតំណែង និងបាត់បង់ឋានៈរបស់ខ្លួន ពួកគេមិនគិតថា៖ «តើខ្ញុំបានធ្វើអ្វីខុសឱ្យប្រាកដទៅ? តើខ្ញុំគួរប្រែចិត្តដោយរបៀបណា? ប្រសិនបើរឿងបែបនេះកើតឡើងម្ដងទៀត តើខ្ញុំគួរប្រព្រឹត្តបែបណា ទើបខ្ញុំអាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់?» នោះទេ។ ពួកគេមិនមានអាកប្បកិរិយាកែប្រែខ្លួនបែបនេះឡើយ។ ទោះបីជាពួកគេត្រូវបានលួសកាត់ ហើយទោះបីជាពួកគេត្រូវបានដកហូតតំណែងក៏ដោយ ក៏ពួកគេនឹងនៅតែមិនងាកក្រោយ ហើយដេញតាមសេចក្ដីពិត ស្វែងរកផ្លូវនៃការអនុវត្ត ឬផ្លាស់ប្ដូរទិសដៅនៃការដេញតាមរបស់ខ្លួនឡើយ។ មិនថាពួកគេនាំមកនូវការខាតបង់យ៉ាងធំធេងដល់ដំណាក់របស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ហើយមិនថាពួកគេដួលរលំយ៉ាងធ្ងន់ធ្ងរប៉ុនណាក៏ដោយ ក៏ពួកគេនឹងមិនលន់តួបាបរបស់ខ្លួនជាដាច់ខាត។ បរាជ័យរបស់ពួកគេ នឹងមិនធ្វើឱ្យពួកគេដេញតាម និងស្វែងរកសេចក្ដីពិតនៅពេលបន្ទាប់ឡើយ ផ្ទុយទៅវិញ ពួកគេនឹងគិតគូរតែពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីស្រោចស្រង់អ្វីៗគ្រប់យ៉ាង និងយកឋានៈដែលពួកគេបានបាត់បង់នោះត្រឡប់មកវិញប៉ុណ្ណោះ។ ទាំងនេះគឺជាចំណុចទាំងពីរនោះ។ ចំណុចទីមួយ គឺជាប្រភេទនៃសភាពដែលពួកគេមាន បន្ទាប់ពីបាត់បង់ឋានៈរបស់ពួកគេ ដែលតែងតែត្រៀមខ្លួនជានិច្ចដើម្បីងើបឡើងវិញ។ ចំណុចទីពីរ គឺការបដិសេធរបស់ពួកគេមិនទទួលស្គាល់ ឬយល់ពីផ្លូវខុសឆ្គងដែលពួកគេធ្លាប់ដើរឡើយ។ នៅក្នុងចំណុចទីពីរនេះ ការមិនយល់ពីផ្លូវខុសឆ្គងដែលពួកគេធ្លាប់ដើរ គឺជាផ្នែកមួយនៃចំណុចនេះ។ បន្ថែមពីលើនេះ ពួកគេនឹងមិនប្រែចិត្តយ៉ាងពិតប្រាកដជាដាច់ខាត ហើយពួកគេក៏នឹងមិនទទួលយកសេចក្ដីពិតដែរ ហើយពួកគេប្រាកដជានឹងមិនប៉ះប៉ូវចំពោះការខូចខាតដែលពួកគេបានធ្វើចំពោះដំណាក់របស់ព្រះជាម្ចាស់ ដោយចិត្តវិប្បដិសារីឡើយ។ ពួកគេនឹងមិនគិតអំពីរបៀបផ្លាស់ប្ដូរ អំពីរបៀបកែប្រែពីមនុស្សដែលមិនដេញតាមសេចក្ដីពិត ទៅជាមនុស្សដែលដេញតាម និងអនុវត្តសេចក្ដីពិតជាដាច់ខាត។ ចំណុចទាំងពីរនេះធ្វើឱ្យឃើញយ៉ាងជាក់ច្បាស់ថា ពួកទទឹងនឹងព្រះគ្រីស្ទគឺស្អប់ខ្ពើមសេចក្ដីពិត និងមានធម្មជាតិទុច្ចរិត។ ពួកគេពូកែជាពិសេសខាងក្លែងបន្លំខ្លួនឯង និងសម្របខ្លួនទៅនឹងមជ្ឈដ្ឋានរបស់ពួកគេ ដូចជាសត្វបង្គួយប្ដូរពណ៌អ៊ីចឹង។ ពួកគេមានសារជាតិត្រឡប់ត្រឡិន ហើយនៅក្នុងជម្រៅចិត្តរបស់ពួកគេ ការដេញតាមឋានៈរបស់ពួកគេ ព្រមទាំងមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេ មិនដែលថមថយឡើយ ហើយវាក៏នឹងមិនផ្លាស់ប្ដូរដែរ។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរមនុស្សទាំងនោះបានឡើយ។ ដោយមើលទៅលើការបង្ហាញចេញទាំងនេះ តើសារជាតិធម្មជាតិនៃមនុស្សប្រភេទនេះជាអ្វីទៅ? តើអាទទឹងនឹងព្រះគ្រីស្ទជាបងប្អូនប្រុស ឬក៏បងប្អូនស្រី? តើអាទទឹងនឹងព្រះគ្រីស្ទជាមនុស្សពិតប្រាកដឬទេ? (មិនមែនទេ។) ប្រសិនបើអ្នករាល់គ្នាចាត់ទុកមនុស្សទាំងនេះជាបងប្អូនប្រុសស្រី តើវាមិនមានន័យថាអ្នកល្ងង់ខ្លៅខ្លាំងណាស់ទេឬ? ការបង្ហាញចេញទាំងនេះ គឺជាការបញ្ចេញឱ្យឃើញពីសារជាតិនៃអាទទឹងនឹងព្រះគ្រីស្ទ។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទគ្មានឋានៈ នេះគឺជាប្រភេទនៃសភាពដែលពួកគេមាន។ ការគិតគូរនៅក្នុងចិត្តរបស់ពួកគេ អ្វីដែលពួកគេបញ្ចេញឱ្យឃើញ និងរបៀបដែលពួកគេប្រព្រឹត្តនៅខាងក្រៅ ព្រមទាំងប្រភេទនៃអាកប្បកិរិយាដែលពួកគេមាននៅក្នុងជម្រៅចិត្តរបស់ពួកគេចំពោះសេចក្ដីពិត និងចំពោះអំពើរំលងរបស់ពួកគេ គឺបែបនេះឯង ហើយទស្សនៈរបស់ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ មិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិត ឬនិយាយអំពីផ្លូវនៃការអនុវត្តដ៏ត្រឹមត្រូវ និងវិជ្ជមានច្រើនប៉ុនណាក៏ដោយ ក៏ពួកគេនឹងមិនទទួលយកវាពីជម្រៅចិត្តពិតប្រាកដជាដាច់ខាត ផ្ទុយទៅវិញ ពួកគេនឹងទាស់ទទឹងនឹងវា។ ពួកគេនឹងថែមទាំងជឿថា៖ «អ៊ីចឹង ខ្ញុំគ្មានឋានៈទៀតទេ ដូច្នេះអ្វីដែលខ្ញុំនិយាយគឺគ្មានន័យឡើយ។ គ្មាននរណាម្នាក់គាំទ្រខ្ញុំទៀតទេ អ្នករាល់គ្នាគ្រាន់តែចង់ឡកឡាយឱ្យខ្ញុំ និងបង្រៀនមេរៀនដល់ខ្ញុំប៉ុណ្ណោះ។ តើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀនមេរៀនដល់ខ្ញុំដែរឬទេ? តើអ្នកគិតថាអ្នកជានរណា? ពេលខ្ញុំក្លាយជាអ្នកដឹកនាំ អ្នកនៅមិនទាន់ចេះដើរផង! តើអ្នកមិនបានរៀនរឿងពីរបីម៉ាត់ដែលអ្នកនិយាយនោះ ពីខ្ញុំទេឬ? ហើយអ្នកកំពុងព្យាយាមបង្រៀនមេរៀនដល់ខ្ញុំទៀត។ អ្នកពិតជាមិនប្រមាណខ្លួនមែន!» ពួកគេគិតថាមនុស្សត្រូវការឋានៈចាស់វស្សាជាក់លាក់ណាមួយ ដើម្បីអាចលួសកាត់ពួកគេ និយាយជាមួយពួកគេ ជជែកជាមួយពួកគេ ឬបើកចំហចិត្តនឹងចិត្តជាមួយពួកគេបាន។ តើមនុស្សទាំងនេះជាមនុស្សប្រភេទអ្វីទៅ? មានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះដែលមានសមត្ថភាពនិយាយរឿងបែបនេះ មនុស្សធម្មតា និងមនុស្សដែលមានក្ដីអៀនខ្មាស និងមានភាពមានវិចារណញាណបន្តិចបន្តួច នឹងមិននិយាយរឿងទាំងនេះជាដាច់ខាត។ ប្រសិនបើនរណាម្នាក់កំពុងអធិប្បាយសេចក្ដីអធិប្បាយដល់អ្នករាល់គ្នា សន្ទនាដោយបើកចំហចិត្តនឹងចិត្តជាមួយអ្នករាល់គ្នាយ៉ាងស្ងប់ស្ងាត់ ហើយចង្អុលបង្ហាញពីបញ្ហាដែលអ្នករាល់គ្នាមាន ព្រមទាំងផ្ដល់យោបល់ខ្លះៗដល់អ្នករាល់គ្នា តើអ្នករាល់គ្នាអាចទទួលយកវាបានដែរឬទេ? ឬមួយក៏អ្នកនឹងមានផ្នត់គំនិតដូចគ្នានឹងពួកទទឹងនឹងព្រះគ្រីស្ទដែរ? ឧទាហរណ៍៖ ឧបមាថា អ្នកបានជឿអស់រយៈពេល ១០ ឆ្នាំមកហើយ ប៉ុន្តែមិនដែលបម្រើការជាអ្នកដឹកនាំឡើយ។ មនុស្សម្នាក់ទៀតទើបតែជឿបានពីរឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានឋានៈខ្ពស់ជាងអ្នក ហើយអ្នកមានអារម្មណ៍មិនសប្បាយចិត្តចំពោះរឿងនេះទេ។ ឧបមាថា អ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេល ២០ ឆ្នាំ មុនពេលក្លាយជាអ្នកដឹកនាំប្រចាំស្រុកមួយ។ អ្នកផ្សេងទៀតក្លាយជាអ្នកដឹកនាំប្រចាំតំបន់ បន្ទាប់ពីជឿបានត្រឹមតែប្រាំឆ្នាំ ហើយចាប់ផ្ដើមដឹកនាំអ្នក ហើយអ្នកយល់ថារឿងនេះពិបាកនឹងទទួលយកណាស់។ ប្រសិនបើពួកគេលួសកាត់អ្នក អ្នកមានអារម្មណ៍មិនស្រួលចិត្ត ហើយទោះបីជាពួកគេត្រឹមត្រូវហើយដែលលួសកាត់អ្នកក៏ដោយ ក៏អ្នកនៅតែមិនចង់ទទួលយកវាដែរ។ តើអ្នករាល់គ្នាធ្លាប់មានអាកប្បកិរិយា ឬការបង្ហាញចេញប្រភេទនេះដែរឬទេ? (ធ្លាប់។) នេះជានិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ។ តើអ្នកគិតថា មានតែពួកទទឹងនឹងព្រះគ្រីស្ទទេឬ ដែលមាននិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទនោះ? អ្នកណាដែលមាននិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទ គឺកំពុងស្ថិតក្នុងគ្រោះថ្នាក់ ពួកគេអាចនឹងឈានជើងចូលទៅក្នុងផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ហើយនិស្ស័យនេះអាចនឹងបំផ្លាញពួកគេ។ រឿងគឺបែបនេះឯង។ នៅពេលយើងប្រកបគ្នា និងវិភាគពីសារជាតិនៃអាទទឹងនឹងព្រះគ្រីស្ទ នេះក៏រាប់បញ្ចូលទាំងមនុស្សដែលមាននិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទផងដែរ។ តើអ្នករាល់គ្នានឹងនិយាយថា មនុស្សដែលត្រូវបានរាប់បញ្ចូលក្នុងរឿងនេះ គឺជាភាគតិច ឬក៏ភាគច្រើន? ឬមួយក៏រាប់បញ្ចូលមនុស្សគ្រប់គ្នា? (រាប់បញ្ចូលមនុស្សគ្រប់គ្នា។) ត្រូវហើយ ពីព្រោះនិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ ជានិស្ស័យរបស់សាតាំង ហើយមនុស្សពុករលួយទាំងអស់ សុទ្ធតែមាននិស្ស័យរបស់សាតាំង។ ឥឡូវនេះ យើងបានប្រកបគ្នាបន្តិចបន្តួចអំពីប្រធានបទ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការត្រូវបានលួសកាត់។ ដើម្បីលម្អិតបន្ថែមទៀត ឧទាហរណ៍ជាក់ស្ដែងមួយចំនួនអាចត្រូវបានលើកឡើង។ ខ្ញុំនឹងទុកឱ្យអ្នករាល់គ្នាប្រកបគ្នាអំពីរឿងនោះ ក្នុងអំឡុងការជួបជុំរបស់អ្នករាល់គ្នាចុះ។ ខណៈពេលដែលអ្នករាល់គ្នាកំពុងប្រកបគ្នា ចូរកុំតែងតែនិយាយអំពីថាអ្នកដទៃយ៉ាងម៉េចអី។ ជាការពិតណាស់ ការប្រកបគ្នាអំពីការបង្ហាញចេញរបស់អ្នកដទៃ គឺជារឿងដែលមិនអាចជៀសវាងបានឡើយ ប៉ុន្តែអ្នករាល់គ្នាគួរតែប្រកបគ្នាជាចម្បងអំពីការបង្ហាញចេញរបស់អ្នករាល់គ្នាផ្ទាល់។ ប្រសិនបើអ្នករាល់គ្នាអាចស្វែងរកឃើញការបង្ហាញចេញ ឬការបញ្ចេញឱ្យឃើញមួយចំនួនដែលទាក់ទងនឹងនិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទនៅក្នុងខ្លួនអ្នករាល់គ្នា នោះវានឹងមានប្រយោជន៍ និងផ្ដល់ផលល្អដល់ការស្គាល់ខ្លួនឯងរបស់អ្នករាល់គ្នា ហើយវានឹងជួយអ្នករាល់គ្នាក្នុងការកម្ចាត់និស្ស័យនោះចេញពីខ្លួនអ្នករាល់គ្នា។
យើងធ្លាប់បានប្រកបគ្នាអំពីប្រធានបទនៃការបង្ហាញចេញផ្សេងៗនៃនិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទពីមុនមក តើពេលនេះ អ្នករាល់គ្នាអាចយកខ្លួនឯងទៅផ្ទឹមនឹងការបង្ហាញចេញទាំងនោះ ដើម្បីប្រៀបធៀបបានដែរឬទេ? តើអ្នកអាចទទួលបានការយល់ដឹងខ្លះដែរឬទេ? តើអ្នកអាចដោះស្រាយបញ្ហាជាក់ស្ដែងមួយចំនួនបានដែរឬទេ? មិនថាអ្នកផ្លាស់ប្ដូរទិដ្ឋភាពណាមួយនៃនិស្ស័យពុករលួយរបស់ខ្លួនក៏ដោយ ក៏វាសុទ្ធតែសម្រេចបាននៅលើមូលដ្ឋាននៃការយល់សេចក្ដីពិត ការយកខ្លួនឯងទៅផ្ទឹមនឹងសេចក្ដីពិតដើម្បីប្រៀបធៀប ហើយបន្ទាប់មកឈានដល់ការស្គាល់ខ្លួនឯង។ ហេតុដូច្នេះហើយ ការមានសមត្ថភាពក្នុងការញែកដឹង និងវិភាគពីការបង្ហាញចេញផ្សេងៗនៃនិស្ស័យពុករលួយ គឺជាផ្លូវដែលអ្នករាល់គ្នាត្រូវតែដើរ នៅពេលនិយាយដល់ការស្គាល់ខ្លួនឯង និងការសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ។ តើអ្នករាល់គ្នាបានយល់ពីចំណុចនេះហើយឬនៅ? អ្នករាល់គ្នាមួយចំនួនប្រហែលជាមិនទាន់យល់ទេ ហើយកំពុងគិតថា៖ «ព្រះអង្គតែងតែប្រកបគ្នាអំពីប្រធានបទ និងរឿងរ៉ាវកំប៉ិកកំប៉ុកទាំងនេះ ព្រះអង្គមិនដែលមានព្រះបន្ទូលអំពីសេចក្ដីពិតដ៏ជ្រាលជ្រៅណាមួយ ឬបើកសម្ដែងពីអាថ៌កំបាំងដ៏ជ្រាលជ្រៅណាមួយឡើយ។ នេះពិតជាគួរឱ្យធុញទ្រាន់ និងនឿយណាយណាស់! តើរឿងដែលព្រះអង្គកំពុងប្រកបគ្នាទាំងនេះ មានពាក់ព័ន្ធអ្វីនឹងពួកទូលបង្គំក្នុងការចូលទៅក្នុងនគរស្ថានសួគ៌ ការទទួលបានព្រះពរដ៏ធំធេង និងការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នាពេលអនាគតទៅ?» មនុស្សទាំងនេះមិនដែលយល់ឡើយ ពួកគេងងុយដេកនៅពេលពួកគេស្ដាប់រឿងទាំងនេះ។ មនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណ គឺមិនយល់រឿងនេះទេ ពួកគេមិនយល់ពីសភាពផ្សេងៗរបស់មនុស្សដែលសេចក្ដីពិតនីមួយៗបានពាក់ព័ន្ធ ឬទំនាក់ទំនងរវាងសេចក្ដីពិតផ្សេងៗនោះឡើយ។ ពួកគេមិនយល់រឿងទាំងនេះទេ។ អ្នកកាន់តែពន្យល់លម្អិតដល់ពួកគេ ពួកគេកាន់តែច្របូកច្របល់ ហើយកាន់តែមិនអាចស្រូបយកបាន ដូច្នេះ ពួកគេតែងតែងងុយដេកជានិច្ច។ នៅពេលការជួបជុំទើបតែចាប់ផ្ដើម ពួកគេច្រៀង និងរាំ ហើយមិនងងុយដេកឡើយ មិនថាបទប្បញ្ញត្តិ និងពិធីសាសនាទាំងនោះគួរឲ្យធុញទ្រាន់ ឬច្រំដែលយ៉ាងណាក៏ដោយ។ ក៏ប៉ុន្តែ ពេលដែលអ្នកប្រកបគ្នាអំពីសេចក្ដីពិត និងសភាពផ្សេងៗរបស់មនុស្សភ្លាម ពួកគេក៏ចាប់ផ្ដើមងោកភ្លាម។ តើមានរឿងអ្វីកើតឡើងចំពោះមនុស្សដែលតែងតែងងុយដេកបែបនេះ? តើពួកគេមិនត្រូវបានបើកសម្ដែងទេឬ? នេះគឺជាការបង្ហាញចេញនៃការមិនស្រឡាញ់សេចក្ដីពិត តើមែនទេ? នៅពេលនិយាយដល់ព័ត៌មានលម្អិតនៃសេចក្ដីពិតផ្សេងៗដែលទាក់ទងនឹងការចូលទៅក្នុងជីវិត មនុស្សដែលដេញតាមសេចក្ដីពិតយ៉ាងពិតប្រាកដ និងមានគុណសម្បត្តិជាក់លាក់ គឺកាន់តែស្ដាប់ កាន់តែយល់ច្បាស់ពីរឿងទាំងនោះ ចំណែកឯអស់អ្នកដែលមិនស្រឡាញ់សេចក្ដីពិត និងគ្មានការយល់ដឹងខាងវិញ្ញាណវិញ គឺកាន់តែស្ដាប់ កាន់តែច្របូកច្របល់។ ពួកគេកាន់តែស្ដាប់ ពួកគេកាន់តែយល់ថារឿងទាំងនោះគួរឱ្យធុញទ្រាន់ ហើយមិនថាពួកគេស្ដាប់ច្រើនប៉ុនណានោះទេ ក៏ពួកគេនៅតែមានអារម្មណ៍ដដែល ពួកគេមិនអាចស្ដាប់ឮផ្លូវណាមួយនៅក្នុងរឿងទាំងនោះឡើយ។ ពួកគេមានអារម្មណ៍ថា រឿងដែលទាក់ទងនឹងការចូលទៅក្នុងជីវិត តាមពិតមិនសូវស្មុគស្មាញនោះទេ ដូច្នេះ មិនចាំបាច់ប្រកបគ្នាអំពីរឿងទាំងនោះច្រើនពេកឡើយ។ នេះហើយជាលក្ខណៈរបស់មនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណ។ ការផ្លាស់ប្ដូរនិស្ស័យ ពាក់ព័ន្ធនឹងសេចក្ដីពិតយ៉ាងច្រើន។ ប្រសិនបើនៅលើផ្លូវនៃការស្វែងរកការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ មនុស្សមិនចំណាយពេល និងការខិតខំប្រឹងប្រែងទៅលើសេចក្ដីពិតនីមួយៗ សម្រេចបាននូវយល់ ការជ្រួតជ្រាប និងចំណេះដឹងអំពីសេចក្ដីពិតនីមួយៗ ព្រមទាំងស្វែងរកឃើញផ្លូវនៃការអនុវត្តទេ នោះពួកគេប្រាកដជានឹងមិនអាចចូលទៅក្នុងសេចក្ដីពិតណាមួយបានជាដាច់ខាត។ តើផ្លូវដែលមនុស្សអាចឈានទៅស្គាល់ព្រះជាម្ចាស់ គឺជាអ្វីទៅ? គឺតាមរយៈការយល់ និងការចូលទៅក្នុងសេចក្ដីពិតផ្សេងៗទាំងអស់ នេះគឺជាផ្លូវតែមួយគត់។ លើសពីនេះទៅទៀត សេចក្ដីពិតនីមួយៗមិនមែនជាប្រភេទនៃទ្រឹស្ដី ឬជាប្រភេទនៃចំណេះដឹង ឬទស្សនវិជ្ជាណាមួយឡើយ វាពាក់ព័ន្ធនឹងជីវិតរបស់មនុស្ស និងស្ថានភាពនៃអត្ថិភាពរបស់ពួកគេ សភាពដែលពួកគេកំពុងស្ថិតនៅ និងរឿងរ៉ាវដែលពួកគេគិតជារៀងរាល់ថ្ងៃ ព្រមទាំងការគិត គំនិត ចេតនា និងអាកប្បកិរិយាផ្សេងៗដែលពួកគេបង្កើតឡើង ក្រោមការត្រួតត្រានៃសារជាតិពុករលួយរបស់ខ្លួន។ ដូច្នេះ ទាំងនេះគឺជាប្រធានបទដែលយើងកំពុងនិយាយ។ នៅពេលដែលអ្នកបានយល់ច្បាស់ពីប្រធានបទទាំងនេះ ភ្ជាប់ពួកវាទៅនឹងខ្លួនអ្នករាល់គ្នា រកឃើញគោលការណ៍នៃការអនុវត្ត និងឈានដល់ការស្គាល់ពីសភាព និងទស្សនៈផ្សេងៗដែលនិស្ស័យខុសៗគ្នារបស់អ្នកបង្កើតឡើង នោះអ្នកនឹងយល់យ៉ាងពិតប្រាកដពីសេចក្ដីពិតដែលទាក់ទងនឹងរឿងទាំងនោះ ហើយមានតែពេលនោះទេ ទើបអ្នកអាចអនុវត្តបានយ៉ាងត្រឹមត្រូវ ស្របតាមគោលការណ៍សេចក្ដីពិត។ ប្រសិនបើអ្នកត្រឹមតែយល់ពាក្យសម្ដីតាមន័យត្រង់ ហើយនៅពេលអ្នកឃើញការលាតត្រដាងរបស់ព្រះជាម្ចាស់អំពីភាពអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមនៃពួកទទឹងនឹងព្រះគ្រីស្ទ អ្នកគិតថា៖ «ពួកទទឹងនឹងព្រះគ្រីស្ទគឺអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម ប៉ុន្តែរូបខ្ញុំផ្ទាល់គឺមិនអាត្មានិយមទាល់តែសោះ ខ្ញុំមានក្ដីស្រឡាញ់យ៉ាងច្រើនសម្រាប់ផ្ដល់ឱ្យ ខ្ញុំជាមនុស្សចេះអត់ឱន ខ្ញុំកើតក្នុងត្រកូលអ្នកប្រាជ្ញ ខ្ញុំទទួលបានការអប់រំខ្ពស់ ហើយខ្ញុំរងឥទ្ធិពលពីបុគ្គលល្បីៗ និងស្នាដៃឯកនានា ខ្ញុំមិនមែនជាមនុស្សអាត្មានិយមនោះទេ»។ តើការនិយាយរឿងទាំងនេះ គឺជាការទទួលយកសេចក្ដីពិតឬទេ? តើវាជាការស្គាល់ខ្លួនឯងឬទេ? វាច្បាស់ក្រឡែតណាស់ថា អ្នកមិនយល់សេចក្ដីពិតជាក់លាក់នេះ ឬសភាពផ្សេងៗដែលសេចក្ដីពិតជាក់លាក់នេះបានគ្របដណ្ដប់ឡើយ។ នៅពេលអ្នកយល់សភាពផ្សេងៗដែលព្រះជាម្ចាស់បានមានព្រះបន្ទូល និងបានលាតត្រដាង ដែលត្រូវបានគ្របដណ្ដប់ដោយសេចក្ដីពិតណាមួយ ហើយអាចយកខ្លួនឯងទៅផ្ទឹមនឹងសភាពទាំងនោះដើម្បីប្រៀបធៀប ព្រមទាំងស្វែងរកឃើញគោលការណ៍នៃការអនុវត្តដ៏ច្បាស់លាស់ នោះអ្នកនឹងបានឈានជើងចូលទៅក្នុងផ្លូវនៃការអនុវត្តសេចក្ដីពិត ហើយអ្នកនឹងបានចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ប្រសិនបើអ្នកមិនបានធ្វើបែបនេះទេ នោះអ្នកគ្រាន់តែយល់គោលលទ្ធិប៉ុណ្ណោះ អ្នកមិនបានយល់សេចក្ដីពិតឡើយ។ វាប្រៀបដូចជាប្រធានបទដែលយើងទើបតែបាននិយាយអ៊ីចឹង អំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការត្រូវបានលួសកាត់។ សភាព ការបង្ហាញចេញ និងការបញ្ចេញឱ្យឃើញផ្សេងៗដែលយើងបានប្រកបគ្នា សុទ្ធតែពាក់ព័ន្ធនឹងសារជាតិធម្មជាតិ និងនិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ។ តើអ្នកយល់ពីរឿងទាំងនេះបានប៉ុន្មាន? តើអ្នកបានយកខ្លួនឯងទៅផ្ទឹមនឹងរឿងទាំងនោះដើម្បីប្រៀបធៀបបានប៉ុន្មាន? តើសេចក្ដីថ្លែង ព័ត៌មានលម្អិត និងសភាពដែលរួមបញ្ចូលនៅក្នុងប្រធានបទនេះ ដែលអ្នកបានចាប់យល់គឺទាក់ទងនឹងអ្នកដទៃ ឬទាក់ទងនឹងអ្នក? តើខ្លួនអ្នកផ្ទាល់មានទំនាក់ទំនងណាមួយនឹងសភាពទាំងនេះដែរឬទេ? តើអ្នកពិតជាបានភ្ជាប់រឿងទាំងនោះមកខ្លួនអ្នកមែន ឬមួយក៏អ្នកគ្រាន់តែទទួលស្គាល់ និងយល់ស្របនឹងរឿងទាំងនោះទាំងបង្ខំចិត្ត? នេះអាស្រ័យលើការយល់ដឹងរបស់អ្នក និងអាកប្បកិរិយារបស់អ្នកចំពោះសេចក្ដីពិត។ ការភ្ជាប់សភាពទាំងនេះមកខ្លួនអ្នក គ្រាន់តែជាលក្ខខណ្ឌជាមុនមួយ ដើម្បីឱ្យអ្នកអាចអនុវត្តសេចក្ដីពិតបានប៉ុណ្ណោះ វាមិនមានន័យថា អ្នកបានចាប់ផ្ដើមអនុវត្តវារួចហើយនោះទេ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកមិនអាចភ្ជាប់សភាពទាំងនេះមកខ្លួនអ្នកបានទេ នោះអ្នកនឹងគ្មានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយនឹងការអនុវត្តសេចក្ដីពិត។ បើដូច្នេះមែន នៅពេលដែលអ្នកស្ដាប់សេចក្ដីអធិប្បាយ តើអ្នកនឹងឮអ្វីទៅ? អ្នកនឹងគ្រាន់តែធ្វើពុតប៉ុណ្ណោះ វានឹងមើលទៅហាក់ដូចជាអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែតាមពិត អ្នកនឹងមិនអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ឡើយ ហើយអ្នកនឹងមិនអាចចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ទ្រង់បានទេ។ អ្នកនឹងគ្រាន់តែជាអ្នកក្រៅ ជាវត្ថុបម្រើ និងជាមនុស្សបន្ទាប់បន្សំប៉ុណ្ណោះ។ នៅពេលនិយាយដល់របៀបដែលអ្នកគួរយកខ្លួនឯងទៅផ្ទឹមនឹងសភាពទាំងនេះដើម្បីប្រៀបធៀប និងរបៀបដែលអ្នកគួរវិភាគពីសភាពផ្សេងៗដែលទាក់ទងនឹងរឿងដែលខ្ញុំបាននិយាយ នេះគឺអាស្រ័យលើចំណេះដឹងរបស់អ្នករាល់គ្នាផ្ទាល់។ អ្វីដែលខ្ញុំអាចធ្វើបាន គឺប្រាប់អ្នករាល់គ្នានូវពាក្យសម្ដីទាំងនេះ និងផ្គត់ផ្គង់ពាក្យសម្ដីទាំងនេះដល់អ្នករាល់គ្នា ចំណែកឯរឿងដែលនៅសល់ អ្នករាល់គ្នាត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង។ ថាតើអ្នកអាចទទួលយកពាក្យសម្ដីទាំងនេះបាន ឬមិនបាន គឺអាស្រ័យលើអាកប្បកិរិយារបស់អ្នករាល់គ្នា។ មនុស្សមួយចំនួនមានចិត្តរឹងទទឹង ពួកគេតែងតែធ្វើពុត និងព្យាយាមការពារឋានៈ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ពួកគេច្បាស់ណាស់ថាមានបញ្ហា ប៉ុន្តែពួកគេមិនអាចមើលឃើញបញ្ហាទាំងនេះ និងមិនទទួលស្គាល់ឡើយ ហើយពួកគេថែមទាំងតាំងខ្លួនឯងទៅលាតត្រដាង និងវិភាគអ្នកដទៃទៀតផង។ ជាលទ្ធផល អ្នកដទៃទាំងនោះបែរជាទទួលបានផលប្រយោជន៍ពីរឿងនេះទៅវិញ ខណៈដែលពួកគេខ្លួនឯងមិនទទួលបានអ្វីសោះ។ មនុស្សទាំងនេះគឺជាមនុស្សល្ងង់ខ្លៅ តើមែនទេ? នេះគឺជាឥរិយាបថដ៏ល្ងង់ខ្លៅ។ គោលបំណងនៃការស្ដាប់សេចក្ដីអធិប្បាយ មិនមែនដើម្បីរៀនពីរបៀបញែកដឹងពីអ្នកដទៃឡើយ ហើយក៏មិនមែនដើម្បីស្ដាប់ជំនួសអ្នកដទៃដែរ គឺដើម្បីឱ្យខ្លួនអ្នកផ្ទាល់អាចស្ដាប់ឮអ្វីដែលបាននិយាយ និងទទួលបានវា។ អ្នកស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីពិត និងសេចក្ដីអធិប្បាយ ហើយពីរឿងទាំងអស់នេះ អ្នកឈានដល់ការយល់សេចក្ដីពិត ទទួលបានជីវិត និងសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ។ តើរឿងនេះមានពាក់ព័ន្ធអ្វីនឹងអ្នកដទៃដែរឬទេ? ពាក្យសម្ដីទាំងនេះគឺពាក់ព័ន្ធនឹងអ្នក។ ប្រសិនបើអ្នកប្រកាន់យកអាកប្បកិរិយាបែបនេះ នោះពាក្យសម្ដីទាំងនេះប្រហែលជាអាចផ្លាស់ប្ដូរអ្នក ក្លាយជាតថភាពរបស់អ្នក និងអាចឲ្យអ្នកសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ។
នៅក្នុងប្រធានបទទីមួយនេះ យើងបាននិយាយអំពីការបង្ហាញចេញផ្សេងៗនៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការត្រូវបានលួសកាត់។ ក្នុងទិដ្ឋភាពម្យ៉ាង ការប្រកបគ្នាអំពីប្រធានបទនេះ ជួយអ្នកឱ្យយល់ពីប្រភេទនៃអាកប្បកិរិយាដែលពួកទទឹងនឹងព្រះគ្រីស្ទមាន និងការបញ្ចេញឱ្យឃើញពីសារជាតិធម្មជាតិរបស់ពួកគេ នៅពេលនិយាយដល់រឿងនេះ។ ក្នុងទិដ្ឋភាពម្យ៉ាងទៀត វាផ្ដល់ឱ្យអ្នករាល់គ្នានូវការណែនាំ និងការព្រមានជាវិជ្ជមានមួយចំនួន។ អ្នករាល់គ្នាអាចប្រកបគ្នា និងដោះស្រាយបញ្ហាដែលនៅសេសសល់ដោយខ្លួនឯងបាន វាជារឿងផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា។
២. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះអ្នកដែលខ្លាំងជាងពួកគេ
នៅពេលនិយាយដល់បំណងប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការការពារកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេមិនត្រឹមតែបង្ហាញ និងបញ្ចេញឱ្យឃើញនូវសារជាតិធម្មជាតិរបស់ពួកគេ នៅពេលដែលពួកគេត្រូវបានលួសកាត់ប៉ុណ្ណោះទេ ពួកទទឹងនឹងព្រះគ្រីស្ទក៏ជួបប្រទះនឹងស្ថានការណ៍ និងបញ្ហាជាច្រើនប្រភេទផ្សេងទៀតផងដែរ។ ហេតុដូច្នេះហើយ ប្រធានបទទីពីរដែលយើងនឹងប្រកបគ្នា គឺអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទរក្សាឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេនៅក្នុងចំណោមក្រុមមនុស្ស។ ខណៈពេលស្ថិតនៅក្នុងក្រុមមនុស្ស តើពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញឥរិយាបថអ្វីខ្លះ ដែលអាចបញ្ជាក់ថា នៅក្នុងគ្រប់យ៉ាងដែលពួកគេធ្វើ ពួកគេកំពុងព្យាយាមការពារកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ? តើប្រធានបទនេះច្បាស់លាស់ដែរឬទេ? តើវិសាលភាពរបស់វាធំ ឬតូច? តើវាមានលក្ខណៈតំណាងដែរឬទេ? (វាមានលក្ខណៈតំណាង។) ប្រធានបទនេះទាក់ទងផ្ទាល់ទៅនឹងសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើពួកទទឹងនឹងព្រះគ្រីស្ទមានការបង្ហាញចេញអ្វីខ្លះ ខណៈពេលរស់នៅក្នុងចំណោមក្រុមមនុស្ស? តើពួកគេមានអាកប្បកិរិយាបែបណា និងធ្វើសកម្មភាពអ្វីខ្លះ ដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ? ជាដំបូង ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទគ្មានឋានៈ តើពួកគេនៅតែជាពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? (នៅតែជាពួកទទឹងនឹងព្រះគ្រីស្ទ។) អ្នកត្រូវមានការយល់ដឹងច្បាស់លាស់អំពីគោលគំនិតនេះ។ ចូរកុំគិតថា មានតែមនុស្សដែលមានឋានៈប៉ុណ្ណោះ ទើបអាចមានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងជាពួកទទឹងនឹងព្រះគ្រីស្ទបាននោះ ឬគិតថាមនុស្សធម្មតាដែលគ្មានឋានៈ មិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទនោះឡើយ។ តាមពិត វិសាលភាពនេះគឺធំទូលាយណាស់។ បុគ្គលណាក៏ដោយដែលមានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺនៅតែជាអាទទឹងនឹងព្រះគ្រីស្ទដដែល មិនថាពួកគេមានឋានៈ ឬអត់នោះទេ ហើយមិនថាពួកគេជាអ្នកដឹកនាំ ឬជាអ្នកជឿធម្មតានោះឡើយ រឿងនេះត្រូវបានកំណត់ដោយសារជាតិរបស់ពួកគេ។ ដូច្នេះ តើមនុស្សដែលមានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានការបង្ហាញចេញអ្វីខ្លះ ខណៈពេលដែលពួកគេជាអ្នកដើរតាមធម្មតា? តើការបញ្ចេញឱ្យឃើញនូវសារជាតិធម្មជាតិមួយណា ដែលបម្រើជាភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា តាមពិតទៅ ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ? ជាដំបូង ចូរយើងមើលពីរបៀបដែលពួកគេរស់នៅក្នុងចំណោមក្រុមមនុស្ស របៀបដែលពួកគេប្រព្រឹត្តចំពោះអ្នកដទៃ និងដោះស្រាយបញ្ហានានា ព្រមទាំងអាកប្បកិរិយាដែលពួកគេមានចំពោះសេចក្ដីពិត។ អ្វីដែលយើងគួរប្រកបគ្នាអំពីបំផុតនោះ មិនមែនជារឿងថាពួកទទឹងនឹងព្រះគ្រីស្ទហូបអ្វី ស្លៀកពាក់អ្វី រស់នៅទីណា ឬធ្វើដំណើរដោយរបៀបណានោះទេ ប៉ុន្តែគឺជារបៀបដែលពួកគេការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន ខណៈពេលស្ថិតនៅក្នុងក្រុមមនុស្ស។ ទោះបីជាពួកគេជាអ្នកជឿធម្មតាក៏ដោយ ក៏ពួកគេនៅតែព្យាយាមការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេជាប់ជានិច្ច ដោយបញ្ចេញឱ្យឃើញជាប្រចាំនូវប្រភេទនៃនិស្ស័យ និងសារជាតិបែបនេះ ព្រមទាំងធ្វើរឿងរ៉ាវបែបនេះផងដែរ។ ហេតុដូច្នេះហើយ ការណ៍នេះធ្វើឱ្យយើងអាចឈានមួយជំហានទៅមុខទៀត ក្នុងការយល់ដឹងរបស់យើងអំពីនិស្ស័យ និងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទមានឋានៈ ឬអត់នោះទេ ហើយមិនថាពួកគេនៅទីណា ឬនៅពេលណានោះឡើយ ក៏និស្ស័យ និងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តែងតែត្រូវបានបញ្ចេញឱ្យឃើញ និងបង្ហាញចេញនៅក្នុងពួកគេជានិច្ច។ រឿងនេះមិនត្រូវបានកម្រិតដោយលំហ ភូមិសាស្ត្រ ឬមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗណាមួយឡើយ។
នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ច មិនថាជាភារកិច្ចអ្វី ហើយមិនថាពួកគេស្ថិតនៅក្នុងក្រុមណាក៏ដោយ ក៏ពួកគេបង្ហាញនូវទម្រង់នៃឥរិយាបថដ៏ច្បាស់ប្លែកពីគេមួយ នោះគឺនៅក្នុងគ្រប់យ៉ាងទាំងអស់ ពួកគេតែងតែចង់លេចធ្លោ និងបង្ហាញពីខ្លួនឯង ពួកគេតែងតែមានទំនោរចង់រឹតត្បិតមនុស្ស និងគ្រប់គ្រងមនុស្ស ពួកគេតែងតែចង់ដឹកនាំមនុស្ស និងជាអ្នកមានសិទ្ធិសម្រេច ពួកគេតែងតែចង់ក្លាយជាចំណុចចាប់អារម្មណ៍ ពួកគេតែងតែចង់ទាក់ទាញក្រសែភ្នែក និងការចាប់អារម្មណ៍របស់មនុស្សមករកពួកគេ ហើយពួកគេចង់បានការកោតសរសើរពីមនុស្សគ្រប់គ្នា។ រាល់ពេលដែលពួកទទឹងនឹងព្រះគ្រីស្ទចូលរួមក្នុងក្រុមណាមួយ មិនថាមានចំនួនប៉ុន្មាន មិនថាសមាជិកនៃក្រុមនោះជានរណា ឬមានវិជ្ជាជីវៈ ឬអត្តសញ្ញាណអ្វីនោះទេ ជាដំបូង ពួកទទឹងនឹងព្រះគ្រីស្ទសង្កេតមើលស្ថានភាព ដើម្បីមើលថាតើអ្នកណាមានឫកពាអស្ចារ្យ និងលេចធ្លោ អ្នកណាពូកែវោហារ អ្នកណាគួរឱ្យកោតសរសើរ ហើយអ្នកណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬមានកិត្យានុភាព។ ពួកគេវាយតម្លៃថា តើអ្នកណាដែលពួកគេអាចយកឈ្នះបាន និងអ្នកណាដែលពួកគេមិនអាចយកឈ្នះបាន ព្រមទាំងអ្នកណាដែលពូកែជាងពួកគេ និងអ្នកណាដែលអន់ជាងពួកគេ។ ទាំងនេះគឺជារឿងដំបូងដែលពួកគេសម្លឹងមើល។ បន្ទាប់ពីវាយតម្លៃស្ថានភាពយ៉ាងរហ័សរួចមក ពួកគេចាប់ផ្ដើមធ្វើសកម្មភាព ដោយទុកមួយឡែកសិន និងមិនអើពើចំពោះអស់អ្នកដែលអន់ជាងពួកគេជាបណ្ដោះអាសន្ន។ ពួកគេទៅរកអ្នកដែលពួកគេជឿថាពូកែជាងគេមុនគេ ជាអ្នកដែលមានកិត្យានុភាព និងឋានៈខ្លះ ឬអ្នកដែលមានអំណោយទាន និងទេពកោសល្យ។ ទាំងនេះគឺជាមនុស្សដែលពួកគេវាស់ស្ទង់ប្រៀបធៀបនឹងខ្លួនឯងមុនគេ។ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមមនុស្សទាំងនេះ ទទួលបានការគោរពកោតសរសើរពីបងប្អូនប្រុសស្រី ឬជាអ្នកដែលបានជឿលើព្រះជាម្ចាស់ជាយូរមកហើយ និងមានកេរ្តិ៍ឈ្មោះល្អ នោះអ្នកទាំងនោះនឹងក្លាយជាគោលដៅនៃការច្រណែនឈ្នានីសរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយជាការពិតណាស់ អ្នកទាំងនោះក៏ត្រូវបានចាត់ទុកថាជាគូប្រជែង។ បន្ទាប់មក ពួកទទឹងនឹងព្រះគ្រីស្ទលួចប្រៀបធៀបខ្លួនឯងដោយស្ងាត់ៗទៅនឹងមនុស្សទាំងនេះ ដែលមានកិត្យានុភាព មានឋានៈ និងទទួលបានការកោតសរសើរពីបងប្អូនប្រុសស្រី។ ពួកគេចាប់ផ្ដើមរិះគិតអំពីមនុស្សបែបនេះ ដោយពិនិត្យពិច័យថាតើអ្នកទាំងនោះអាចធ្វើអ្វីបានខ្លះ និងអ្វីដែលអ្នកទាំងនោះបានស្ទាត់ជំនាញ ព្រមទាំងមូលហេតុដែលមនុស្សមួយចំនួនគោរពកោតសរសើរអ្នកទាំងនោះ។ តាមរយៈការតាមដាន និងអង្កេតមើល ពួកទទឹងនឹងព្រះគ្រីស្ទដឹងថា មនុស្សទាំងនេះគឺជាអ្នកជំនាញក្នុងវិជ្ជាជីវៈជាក់លាក់ណាមួយ ព្រមទាំងការពិតដែលថាមនុស្សគ្រប់គ្នាគោរពកោតសរសើរអ្នកទាំងនេះយ៉ាងខ្លាំង ពីព្រោះមនុស្សទាំងនេះបានជឿលើព្រះជាម្ចាស់យូរជាង ហើយអ្នកទាំងនេះអាចចែករំលែកទីបន្ទាល់តាមរយៈបទពិសោធខ្លះៗបាន។ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកមនុស្សបែបនេះថាជា «ចំណី» និងទទួលស្គាល់អ្នកទាំងនោះថាជាគូប្រជែង ហើយបន្ទាប់មក ពួកគេក៏បង្កើតផែនការសកម្មភាពមួយ។ តើជាផែនការសកម្មភាពអ្វី? ពួកគេសម្លឹងមើលទិដ្ឋភាពដែលពួកគេមិនអាចប្រៀបផ្ទឹមនឹងគូប្រជែងរបស់ខ្លួនបាន ហើយបន្ទាប់មកក៏ចាប់ផ្ដើមធ្វើការលើទិដ្ឋភាពទាំងនេះ។ ឧទាហរណ៍៖ ប្រសិនបើពួកគេមិនពូកែខាងវិជ្ជាជីវៈជាក់លាក់ណាមួយដូចអ្នកទាំងនោះទេ ពួកគេនឹងសិក្សាពីវិជ្ជាជីវៈនោះ ដោយអានសៀវភៅឱ្យបានច្រើន ស្វែងរកព័ត៌មានគ្រប់ប្រភេទឱ្យបានច្រើន និងសួរនាំអ្នកដទៃដោយបន្ទាបខ្លួនដើម្បីសុំការណែនាំឱ្យបានច្រើន។ ពួកគេនឹងចូលរួមក្នុងគ្រប់កិច្ចការទាំងអស់ដែលទាក់ទងនឹងវិជ្ជាជីវៈនោះ ដោយសន្សំបទពិសោធបន្តិចម្ដងៗ និងបណ្ដុះអំណាចផ្ទាល់ខ្លួនរបស់ពួកគេ។ ហើយនៅពេលពួកគេជឿថា ពួកគេមានដើមទុនដើម្បីប្រកួតប្រជែងជាមួយគូប្រជែងរបស់ខ្លួនហើយ ពួកគេឧស្សាហ៍ចេញមុខមកបញ្ចេញ «ទស្សនៈដ៏ឈ្លាសវៃ» ផ្ទាល់ខ្លួនរបស់ពួកគេ ហើយជារឿយៗតែងតែច្រានចោល និងបន្ទាបបន្ថោកគូប្រជែងរបស់ពួកគេដោយចេតនា ដើម្បីធ្វើឱ្យអ្នកទាំងនោះអាម៉ាស់មុខ និងធ្វើឱ្យអ្នកទាំងនោះខូចឈ្មោះ ហើយតាមរយៈនោះ ពួកគេអាចរំលេចឱ្យឃើញថាពួកគេឆ្លាត និងមិនធម្មតាប៉ុនណា ព្រមទាំងបង្ក្រាបគូប្រជែងរបស់ពួកគេ។ មនុស្សដែលមានការយល់ដឹងច្បាស់លាស់អាចមើលឃើញរឿងទាំងអស់នេះបាន មានតែអ្នកដែលល្ងង់ខ្លៅ អវិជ្ជា និងខ្វះការញែកដឹងប៉ុណ្ណោះដែលមិនអាចមើលឃើញ។ មនុស្សភាគច្រើនគ្រាន់តែមើលឃើញពីភាពក្លៀវក្លា ការដេញតាម ការរងទុក្ខ ការលះបង់ និងឥរិយាបថល្អពីសំបកក្រៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ប៉ុន្តែស្ថានភាពពិត ត្រូវបានលាក់បាំងយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើគោលបំណងស្នូលរបស់ពួកគេគឺជាអ្វី? គឺដើម្បីទទួលបានឋានៈ។ គោលដៅដែលកិច្ចការទាំងអស់របស់ពួកគេ ការពុះពារទាំងអស់របស់ពួកគេ និងការលះបង់ទាំងអស់របស់ពួកគេផ្តោតទៅលើនោះ គឺជារឿងដែលពួកគេគោរពបូជាបំផុតនៅក្នុងដួងចិត្តរបស់ខ្លួន៖ នោះគឺឋានៈ និងអំណាច។
ដើម្បីទទួលបានអំណាច និងឋានៈ រឿងដំបូងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើនៅក្នុងពួកជំនុំ គឺព្យាយាមធ្វើឱ្យអ្នកដទៃទុកចិត្ត និងកោតសរសើរពួកគេ ដើម្បីឱ្យពួកគេអាចបញ្ចុះបញ្ចូលមនុស្សកាន់តែច្រើន និងធ្វើឱ្យមនុស្សកាន់តែច្រើនសម្លឹងមើលទៅលើ និងថ្វាយបង្គំពួកគេ ដោយហេតុនេះ ពួកគេសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការមានសិទ្ធិសម្រេចចុងក្រោយ និងក្ដាប់អំណាចនៅក្នុងពួកជំនុំ។ នៅពេលនិយាយដល់ការទទួលបានអំណាច ពួកគេជំនាញបំផុតក្នុងការប្រជែង និងតយុទ្ធជាមួយអ្នកដទៃ។ អស់អ្នកដែលដេញតាមសេចក្ដីពិត អ្នកដែលមានកិត្យានុភាពនៅក្នុងពួកជំនុំ និងអ្នកដែលបងប្អូនប្រុសស្រីស្រឡាញ់ គឺជាគូប្រជែងចម្បងរបស់ពួកគេ។ មនុស្សណាក៏ដោយដែលបង្កការគំរាមកំហែងដល់ឋានៈរបស់ពួកគេ គឺជាគូប្រជែងរបស់ពួកគេ។ ពួកគេប្រជែងជាមួយអ្នកដែលខ្លាំងជាងពួកគេដោយមិនរារែក ហើយពួកគេប្រជែងនឹងអ្នកដែលខ្សោយជាងពួកគេ ដោយគ្មានអារម្មណ៍អាណិតសូម្បីបន្តិច។ ចិត្តរបស់ពួកគេពោរពេញទៅដោយទស្សនវិជ្ជានៃការប្រជែង និងការតយុទ្ធ។ ពួកគេជឿថា ប្រសិនបើមនុស្សមិនប្រជែង និងតយុទ្ធទេ នោះពួកគេនឹងមិនអាចទទួលបានផលប្រយោជន៍អ្វីឡើយ ហើយថាពួកគេអាចទទួលបានអ្វីដែលពួកគេចង់បាន តែតាមរយៈការប្រជែង និងការតយុទ្ធប៉ុណ្ណោះ។ ដើម្បីទទួលបានឋានៈ និងដើម្បីយកតំណែងដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងចំណោមក្រុមមនុស្ស ពួកគេធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីប្រជែងជាមួយនរណាក៏ដោយ ហើយពួកគេមិនលើកលែងឱ្យមនុស្សម្នាក់ណាដែលបង្កការគំរាមកំហែងដល់ឋានៈរបស់ពួកគេឡើយ។ មិនថាពួកគេទាក់ទងជាមួយនរណាក៏ដោយ ការទាក់ទងទាំងនេះពោរពេញទៅដោយការប្រជែង និងការតយុទ្ធ ហើយពួកគេនៅតែបន្តប្រជែង និងតយុទ្ធរហូតដល់វ័យចាស់។ ពួកគេតែងតែនិយាយថា៖ «តើខ្ញុំអាចយកឈ្នះមនុស្សម្នាក់នោះបានទេ ប្រសិនបើខ្ញុំតយុទ្ធនឹងពួកគេ?» អ្នកណាដែលមានវោហារ ហើយអាចនិយាយដោយសមហេតុផល មានរចនាសម្ព័ន្ធ និងមានរបៀបរៀបរយ ក្លាយជាគោលដៅនៃការច្រណែន និងការត្រាប់តាមរបស់ពួកគេ។ លើសពីនេះទៅទៀត អ្នកទាំងនោះក្លាយជាគូប្រជែងរបស់ពួកគេ។ អ្នកណាដែលដេញតាមសេចក្ដីពិត និងមានសេចក្ដីជំនឿ ហើយអាចជួយ និងគាំទ្របងប្អូនប្រុសស្រីបានញឹកញាប់ និងធ្វើឱ្យពួកគេអាចងើបចេញពីភាពអវិជ្ជមាន និងភាពទន់ខ្សោយ ក៏ក្លាយជាគូប្រជែងរបស់ពួកគេដែរ ដូចគ្នានឹងនរណាម្នាក់ដែលមានជំនាញក្នុងវិជ្ជាជីវៈជាក់លាក់ណាមួយ ហើយទទួលបានការកោតសរសើរពីបងប្អូនប្រុសស្រីក្នុងកម្រិតណាមួយដែរ។ អ្នកណាដែលទទួលបានលទ្ធផលក្នុងការងាររបស់ខ្លួន និងទទួលបានការទទួលស្គាល់ពីខាងលើ នោះជាធម្មតាជៀសមិនរួចក្លាយជាគូប្រជែងកាន់តែធំសម្រាប់ពួកគេ។ តើអ្វីទៅជាបាវចនារបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនថាពួកគេស្ថិតនៅក្នុងក្រុមណាក៏ដោយ? សូមចែករំលែកគំនិតរបស់អ្នករាល់គ្នា។ (ការប្រយុទ្ធជាមួយមនុស្សដទៃ និងជាមួយស្ថានសួគ៌ គឺជាប្រភពនៃភាពសប្បាយរីករាយគ្មានទីបញ្ចប់។) តើនេះមិនមែនឆ្កួតទេឬ? នេះគឺឆ្កួតមែនហើយ។ តើមានអ្វីផ្សេងទៀតទេ? (ឱព្រះជាម្ចាស់ តើពួកគេមិនគិតថា៖ «នៅក្នុងសកលលោកទាំងមូល មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលសោយរាជ្យខ្ពស់ឧត្តម» ទេឬ? ពោលគឺ ពួកគេចង់ក្លាយជាអ្នកខ្ពង់ខ្ពស់បំផុត ហើយមិនថាពួកគេនៅជាមួយនរណាទេ ពួកគេតែងតែចង់យកឈ្នះអ្នកទាំងនោះជានិច្ច។) នេះគឺជាគំនិតមួយក្នុងចំណោមគំនិតនានារបស់ពួកគេ។ តើមានអ្វីផ្សេងទៀតទេ? (ឱព្រះជាម្ចាស់ ខ្ញុំនឹកឃើញពាក្យមួយឃ្លាថា៖ «អ្នកឈ្នះគឺជាស្ដេច»។ ខ្ញុំគិតថា ពួកគេតែងតែចង់ខ្ពង់ខ្ពស់ជាងអ្នកដទៃ និងលេចធ្លោ មិនថាពួកគេនៅទីណាក៏ដោយ ហើយពួកគេខិតខំប្រឹងប្រែងដើម្បីក្លាយជាអ្នកខ្ពង់ខ្ពស់បំផុត។) អ្វីភាគច្រើនដែលអ្នករាល់គ្នាបាននិយាយ សុទ្ធតែជាប្រភេទនៃគំនិត ចូរសាកល្បងយកប្រភេទនៃឥរិយាបថមកពណ៌នាពួកគេវិញមើល៍។ ពួកទទឹងនឹងព្រះគ្រីស្ទមិនប្រាកដថាចង់កាន់កាប់តំណែងខ្ពស់បំផុត មិនថាពួកគេនៅទីណានោះទេ។ រាល់ពេលដែលពួកគេទៅកន្លែងណាមួយ ពួកគេមាននិស្ស័យ និងផ្នត់គំនិតមួយដែលជំរុញឱ្យពួកគេធ្វើសកម្មភាព។ តើផ្នត់គំនិតនេះគឺជាអ្វី? វាគឺ «ខ្ញុំត្រូវតែប្រកួតប្រជែង! ប្រកួតប្រជែង! ប្រកួតប្រជែង!» ហេតុអ្វីបានជាមានពាក្យ «ប្រកួតប្រជែង» ដល់ទៅបីដង ហេតុអ្វីមិនប្រើពាក្យ «ប្រកួតប្រជែង» តែម្ដងទៅ? (ការប្រកួតប្រជែងបានក្លាយជាជីវិតរបស់ពួកគេ វាគឺជាអ្វីដែលពួកគេពឹងផ្អែកដើម្បីរស់។) នេះជានិស្ស័យរបស់ពួកគេ។ ពួកគេកើតមកមាននិស្ស័យដែលក្រអឺតក្រទមយ៉ាងខ្លាំង និងពិបាកនឹងទប់ស្កាត់ ពោលគឺ ចាត់ទុកខ្លួនឯងថាគ្មាននរណាប្រៀបផ្ទឹមបាន និងលើកតម្កើងខ្លួនឯងជ្រុលហួសហេតុ។ គ្មាននរណាម្នាក់អាចទប់ស្កាត់និស្ស័យដ៏ក្រអឺតក្រទមយ៉ាងខ្លាំងរបស់ពួកគេនេះបានឡើយ សូម្បីតែពួកគេផ្ទាល់ក៏មិនអាចគ្រប់គ្រងវាបានដែរ។ ដូច្នេះ ជីវិតរបស់ពួកគេគឺមានតែការប្រយុទ្ធ និងការប្រកួតប្រជែងប៉ុណ្ណោះ។ តើពួកគេប្រយុទ្ធ និងប្រកួតប្រជែងដើម្បីអ្វី? ច្បាស់ណាស់ ពួកគេប្រកួតប្រជែងដើម្បីកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឋានៈ មុខមាត់ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ មិនថាពួកគេត្រូវប្រើវិធីសាស្ត្រអ្វីក៏ដោយ ដរាបណាមនុស្សគ្រប់គ្នាចុះចូលនឹងពួកគេ ហើយដរាបណាពួកគេទទួលបានផលប្រយោជន៍ និងឋានៈសម្រាប់ខ្លួនឯង នោះពួកគេបានសម្រេចគោលដៅរបស់ពួកគេហើយ។ ឆន្ទៈរបស់ពួកគេក្នុងការប្រកួតប្រជែង មិនមែនជាការសប្បាយបណ្ដោះអាសន្នឡើយ វាគឺជាប្រភេទនៃនិស្ស័យដែលកើតចេញពីធម្មជាតិបែបសាតាំង។ វាប្រៀបដូចជានិស្ស័យរបស់នាគដ៏ធំមានសម្បុរក្រហម ដែលប្រយុទ្ធជាមួយស្ថានសួគ៌ ប្រយុទ្ធជាមួយផែនដី និងប្រយុទ្ធជាមួយមនុស្សអ៊ីចឹង។ ចុះនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទប្រយុទ្ធ និងប្រកួតប្រជែងជាមួយអ្នកដទៃនៅក្នុងពួកជំនុំ តើពួកគេចង់បានអ្វី? ដោយគ្មានការសង្ស័យឡើយ គឺពួកគេកំពុងប្រកួតប្រជែងដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈ។ ប៉ុន្តែ ប្រសិនបើពួកគេទទួលបានឋានៈ តើវាមានប្រយោជន៍អ្វីដល់ពួកគេ? តើវាមានប្រយោជន៍អ្វីដល់ពួកគេ ប្រសិនបើអ្នកដទៃស្ដាប់តាម កោតសរសើរ និងថ្វាយបង្គំពួកគេនោះ? សូម្បីតែពួកទទឹងនឹងព្រះគ្រីស្ទខ្លួនឯង ក៏មិនអាចពន្យល់ពីរឿងនេះបានដែរ។ តាមការពិត ពួកគេចូលចិត្តសោយសុខនឹងកេរ្តិ៍ឈ្មោះ និងឋានៈ ចូលចិត្តឱ្យមនុស្សគ្រប់គ្នាញញឹមដាក់ពួកគេ ហើយទទួលបានការស្វាគមន៍ដោយការបញ្ជោរ និងការអែបអប។ ដូច្នេះ រាល់ពេលដែលអាទទឹងនឹងព្រះគ្រីស្ទទៅកាន់ពួកជំនុំណាមួយ គេធ្វើរឿងតែមួយគត់៖ គឺប្រយុទ្ធ និងប្រកួតប្រជែងនឹងអ្នកដទៃ។ ទោះបីជាគេដណ្ដើមបានអំណាច និងឋានៈក៏ដោយ ក៏គេមិនទាន់បញ្ចប់ត្រឹមនេះដែរ។ ដើម្បីការពារឋានៈរបស់គេ និងធានាឱ្យបាននូវអំណាចរបស់គេ គេបន្តប្រយុទ្ធ និងប្រកួតប្រជែងនឹងអ្នកដទៃ។ គេនឹងធ្វើបែបនេះរហូតដល់គេស្លាប់។ ដូច្នេះ ទស្សនវិជ្ជារបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺ «ដរាបណាអ្នកនៅមានជីវិត កុំឈប់ប្រយុទ្ធឱ្យសោះ»។ ប្រសិនបើមានមនុស្សអាក្រក់បែបនេះនៅក្នុងពួកជំនុំ តើវានឹងរំខានដល់បងប្អូនប្រុសស្រីដែរឬទេ? ឧទាហរណ៍៖ ឧបមាថាមនុស្សគ្រប់គ្នាកំពុងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងស្ងៀមស្ងាត់ ហើយបរិយាកាសមានភាពស្ងប់ស្ងាត់ និងមានអារម្មណ៍រីករាយ។ នៅពេលនេះ អាទទឹងនឹងព្រះគ្រីស្ទនឹងពុះកញ្ជ្រោលដោយសេចក្ដីមិនពេញចិត្ត។ គេនឹងក្លាយជាច្រណែននឹងអស់អ្នកដែលកំពុងប្រកបគ្នាអំពីសេចក្ដីពិត ហើយស្អប់អ្នកទាំងនោះ។ គេនឹងចាប់ផ្ដើមវាយប្រហារ និងធ្វើការវិនិច្ឆ័យលើអ្នកទាំងនោះ។ តើនេះមិនមែនជាការរំខានដល់បរិយាកាសដ៏ស្ងប់ស្ងាត់នេះទេឬ? គេគឺជាមនុស្សអាក្រក់ដែលមកដើម្បីរំខាន និងធ្វើឱ្យអ្នកដទៃខ្ពើមរអើម។ នេះហើយជាលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ជួនកាល ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនកំពុងស្វែងរកការបំផ្លាញ ឬការយកឈ្នះលើអស់អ្នកដែលពួកគេប្រកួតប្រជែង និងបង្ក្រាបនោះទេ ដរាបណាពួកគេទទួលបានកេរ្តិ៍ឈ្មោះ ឋានៈ ភាពអំនួត និងមោទនភាព ហើយធ្វើឱ្យមនុស្សកោតសរសើរពួកគេ នោះពួកគេបានសម្រេចគោលដៅរបស់ខ្លួនហើយ។ ខណៈពេលដែលពួកគេកំពុងប្រកួតប្រជែង ពួកគេបញ្ចេញឱ្យឃើញនូវប្រភេទនៃនិស្ស័យបែបសាតាំងយ៉ាងច្បាស់។ តើនេះជានិស្ស័យអ្វី? នោះគឺ មិនថាពួកគេបង្ហាញខ្លួននៅក្នុងពួកជំនុំណាក៏ដោយ ក៏ពួកគេតែងតែចង់ប្រកួតប្រជែង និងតយុទ្ធជាមួយអ្នកដទៃ ពួកគេតែងតែចង់ប្រកួតប្រជែងដើម្បីកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយពួកគេមានអារម្មណ៍ថាពួកគេបានសម្រេចគោលដៅរបស់ខ្លួន លុះត្រាតែពេលដែលពួកជំនុំធ្លាក់ចូលទៅក្នុងភាពវឹកវរ និងភាពចលាចល នៅពេលដែលពួកគេទទួលបានឋានៈ ហើយមនុស្សគ្រប់គ្នាចុះញ៉មនឹងពួកគេ។ នេះហើយគឺជាធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពោលគឺ ពួកគេប្រើប្រាស់ការប្រកួតប្រជែង និងការតយុទ្ធ ដើម្បីសម្រេចគោលដៅរបស់ខ្លួន។
តើអ្វីជាបាវចនារបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនថាពួកគេជាក្រុមអ្វីក៏ដោយ? «ខ្ញុំត្រូវតែប្រកួតប្រជែង! ប្រកួតប្រជែង! ប្រកួតប្រជែង! ខ្ញុំត្រូវតែប្រកួតប្រជែងដើម្បីឱ្យបានខ្ពស់បំផុត និងអស្ចារ្យបំផុត»។ នេះគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅគ្រប់ទីកន្លែងដែលពួកគេទៅ ពួកគេប្រកួតប្រជែង និងព្យាយាមសម្រេចគោលបំណងរបស់ពួកគេ។ ពួកគេជាអ្នកបម្រើសាតាំង ហើយពួកគេរំខានដល់កិច្ចការរបស់ពួកជំនុំ។ និស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺបែបនេះឯង៖ ដំបូងឡើយ ពួកគេចាប់ផ្ដើមសង្កេតមើលជុំវិញពួកជំនុំ ដើម្បីមើលថា តើអ្នកណាបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ និងមានដើមទុន អ្នកណាមានអំណោយទាន ឬទេពកោសល្យខ្លះ អ្នកណាដែលបានផ្ដល់ផលប្រយោជន៍ដល់បងប្អូនប្រុសស្រី នៅក្នុងការចូលទៅក្នុងជីវិតរបស់ពួកគេ អ្នកណាមានកិត្យានុភាពច្រើនជាង អ្នកណាជាអ្នកជឿចាស់វស្សា អ្នកណាដែលបងប្អូនប្រុសស្រីនិយាយសរសើរពី និងអ្នកណាមានលក្ខណៈវិជ្ជមានច្រើនជាង។ មនុស្សទាំងនោះហើយ ដែលជាគោលដៅនៃការប្រកួតប្រជែងរបស់ពួកគេ។ សរុបមក រាល់ពេលដែលពួកទទឹងនឹងព្រះគ្រីស្ទស្ថិតក្នុងចំណោមក្រុមមនុស្ស នេះគឺជាអ្វីដែលពួកគេតែងតែធ្វើ៖ ពួកគេប្រកួតប្រជែងដើម្បីឋានៈ ប្រកួតប្រជែងដើម្បីទទួលបានកេរ្ដិ៍ឈ្មោះល្អ ប្រកួតប្រជែងដើម្បីមានអំណាចសម្រេចចិត្តលើបញ្ហា និងសិទ្ធិក្នុងការសម្រេចចិត្តនៅក្នុងក្រុម ដែលនៅពេលពួកគេទទួលបានវា ធ្វើឱ្យពួកគេសប្បាយរីករាយ។ តើពួកគេអាចធ្វើកិច្ចការជាក់ស្ដែងបានដែរឬទេ បន្ទាប់ពីពួកគេដណ្ដើមបានរបស់ទាំងនេះ? ពិតជាមិនអាចឡើយ ពួកគេមិនបានប្រកួតប្រជែង និងតស៊ូដើម្បីធ្វើកិច្ចការជាក់ស្ដែងនោះទេ។ គោលបំណងរបស់ពួកគេគឺដើម្បីមានអំណាចលើអ្នកដទៃទាំងអស់។ «ខ្ញុំមិនខ្វល់ថាអ្នកសុខចិត្តចុះចាញ់ខ្ញុំឬអត់នោះទេ បើនិយាយពីដើមទុនវិញ ខ្ញុំគឺអស្ចារ្យបំផុត បើនិយាយពីជំនាញនិយាយស្ដីវិញ ខ្ញុំគឺពូកែបំផុត ហើយបើនិយាយពីអំណោយទាន និងទេពកោសល្យវិញ ខ្ញុំមានច្រើនជាងគេបំផុត»។ មិនថានៅក្នុងផ្នែកណាក៏ដោយ ពួកគេតែងតែចង់ប្រជែងដណ្ដើមយកតំណែងលេខមួយជានិច្ច។ ប្រសិនបើបងប្អូនប្រុសស្រីជ្រើសរើសពួកគេឱ្យធ្វើជាអ្នកមើលការខុសត្រូវ ពួកគេនឹងប្រជែងជាមួយដៃគូរបស់ខ្លួន ដើម្បីមានអំណាចសម្រេចចិត្ត និងសិទ្ធិសម្រេចចិត្ត។ ប្រសិនបើពួកជំនុំដាក់ឱ្យពួកគេទទួលខុសត្រូវលើកិច្ចការណាមួយ ពួកគេនឹងទទូចទាមទារសម្រេចពីរបៀបដែលកិច្ចការនោះត្រូវបានអនុវត្ត។ ពួកគេនឹងចង់ខិតខំប្រឹងប្រែងធ្វើឱ្យអ្វីគ្រប់យ៉ាងដែលពួកគេនិយាយ និងអ្វីគ្រប់យ៉ាងដែលពួកគេសម្រេចចិត្តនោះទទួលបានជោគជ័យ និងក្លាយជាការពិត។ ប្រសិនបើបងប្អូនប្រុសស្រីទទួលយកគំនិតរបស់អ្នកដទៃ តើរឿងនេះអាចឆ្លងផុតពីពួកគេបានដែរឬទេ? (ទេ) នោះមានន័យថាមានបញ្ហាហើយ។ ប្រសិនបើអ្នកមិនស្ដាប់ពួកគេ ពួកគេនឹងផ្ដល់មេរៀនឱ្យអ្នក ធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកមិនអាចខ្វះពួកគេបាន និងបង្ហាញឱ្យអ្នកឃើញពីផលវិបាកដែលនឹងកើតមាន ប្រសិនបើអ្នកមិនស្ដាប់បង្គាប់ពួកគេ។ នោះគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលមានអំនួត គួរឱ្យស្អប់ខ្ពើម និងគ្មានហេតុផលបែបនេះឯង។ ពួកគេគ្មានទាំងសតិសម្បជញ្ញៈ ឬវិចារណញាណ ហើយក៏គ្មានសេចក្ដីពិតសូម្បីតែបន្តិចសោះដែរ។ គេអាចមើលឃើញតាមរយៈសកម្មភាព និងទង្វើរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទថា អ្វីដែលពួកគេធ្វើគឺគ្មានវិចារណញាណដូចមនុស្សធម្មតាឡើយ ហើយទោះបីជាគេអាចប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេក៏ដោយ ក៏ពួកគេមិនទទួលយកដែរ។ ទោះបីជាអ្វីដែលអ្នកនិយាយគឺត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏វាគ្មានប្រសិទ្ធភាពចំពោះពួកគេដែរ។ រឿងតែមួយគត់ដែលពួកគេចូលចិត្តដេញតាមគឺ កេរ្តិ៍ឈ្មោះ និងឋានៈ ដែលពួកគេលើកតម្កើង។ ដរាបណាពួកគេអាចរីករាយនឹងផលប្រយោជន៍នៃឋានៈបាន នោះពួកគេក៏ពេញចិត្តហើយ។ ពួកគេជឿជាក់ថា នេះគឺជាតម្លៃនៃជីវិតរស់នៅរបស់ពួកគេ។ មិនថាពួកគេស្ថិតក្នុងក្រុមមនុស្សអ្វីក៏ដោយ ពួកគេត្រូវបង្ហាញដល់មនុស្សអំពី «ពន្លឺ» និង «ភាពកក់ក្តៅ» ដែលពួកគេផ្តល់ឱ្យ ទេពកោសល្យរបស់ពួកគេ និងលក្ខណៈពិសេសរបស់ពួកគេ។ ហើយដោយសារតែពួកគេជឿថាពួកគេគឺពិសេស អីចឹងហើយបានជាពួកគេគិតថាពួកគេគួរតែត្រូវបានគេប្រព្រឹត្តចំពោះខ្លួនល្អជាងមនុស្សធម្មតា ដែលពួកគេគួរតែទទួលបានការគាំទ្រ និងការកោតសរសើរពីមនុស្ស ដែលថាមនុស្សគួរតែគោរពកោតសរសើរពួកគេ ថ្វាយបង្គំពួកគេ។ ពួកគេគិតថាអ្វីៗទាំងអស់នេះគឺជារបស់ពួកគេ។ តើមនុស្សបែបនេះមិនមែនជាមនុស្សមុខក្រាស់ និងឥតអៀនខ្មាសទេឬ? តើការមានមនុស្សបែបនេះនៅក្នុងពួកជំនុំ មិនមែនជារឿងនាំបញ្ហាទេឬ? នៅពេលមានរឿងអ្វីមួយកើតឡើង តាមហេតុផលទូទៅ មនុស្សគួរតែស្ដាប់អ្នកណាដែលនិយាយត្រឹមត្រូវ ចុះចូលនឹងអ្នកណាដែលផ្ដល់យោបល់ដែលមានប្រយោជន៍ដល់កិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ និងទទួលយកយោបល់របស់អ្នកណាដែលស្របតាមគោលការណ៍នៃសេចក្ដីពិត។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទនិយាយអ្វីមួយដែលមិនស្របតាមគោលការណ៍ អ្នកដទៃទៀតប្រហែលជាមិនស្ដាប់ពួកគេ ឬទទួលយកយោបល់របស់ពួកគេឡើយ។ ក្នុងករណីនោះ តើពួកទទឹងនឹងព្រះគ្រីស្ទនឹងធ្វើអ្វី? ពួកគេនឹងបន្តព្យាយាមការពារ និងដោះសាឱ្យខ្លួនឯង ហើយគិតរកវិធីដើម្បីបញ្ចុះបញ្ចូលអ្នកដទៃ និងធ្វើឱ្យបងប្អូនប្រុសស្រីស្ដាប់ពួកគេ និងទទួលយកយោបល់របស់ពួកគេ។ ពួកគេនឹងមិនពិចារណាពីផលប៉ះពាល់អ្វីដែលអាចនឹងកើតមានដល់កិច្ចការរបស់ពួកជំនុំឡើយ ប្រសិនបើយោបល់របស់ពួកគេត្រូវបានទទួលយក។ នេះមិនស្ថិតនៅក្នុងរង្វង់នៃការពិចារណារបស់ពួកគេឡើយ។ តើអ្វីទៅជារឿងតែមួយគត់ដែលពួកគេនឹងពិចារណា? «ប្រសិនបើយោបល់របស់ខ្ញុំមិនត្រូវបានគេទទួលយក តើឱ្យខ្ញុំយកមុខទៅទុកឯណា? ដូច្នេះ ខ្ញុំត្រូវតែប្រជែង និងខិតខំប្រឹងប្រែងដើម្បីឱ្យយោបល់របស់ខ្ញុំត្រូវបានគេទទួលយក»។ រាល់ពេលដែលមានរឿងអ្វីមួយកើតឡើង នេះគឺជារបៀបដែលពួកគេគិត និងប្រព្រឹត្ត។ ពួកគេមិនដែលឆ្លុះបញ្ចាំងថាតើការធ្វើបែបនេះស្របតាមគោលការណ៍ឬអត់នោះទេ ហើយពួកគេក៏មិនដែលទទួលយកសេចក្ដីពិតដែរ។ នេះគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
តើអ្វីទៅជាការបង្ហាញចេញចម្បងនៃការខ្វះវិចារណញ្ញាណទាំងស្រុងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? ពួកគេជឿថាពួកគេមានអំណោយទាន ថាពួកគេមានសមត្ថភាព មានគុណសម្បត្តិល្អ ហើយថាពួកគេគួរតែត្រូវបានអ្នកដទៃថ្វាយបង្គំ និងគាំទ្រ ព្រមទាំងត្រូវបានដំណាក់របស់ព្រះជាម្ចាស់ដាក់ក្នុងតំណែងដ៏សំខាន់មួយ។ លើសពីនេះទៅទៀត ពួកគេជឿថាដំណាក់របស់ព្រះជាម្ចាស់គួរតែទទួលយក និងលើកស្ទួយរាល់យោបល់ និងគំនិតទាំងអស់ដែលពួកគេបានលើកឡើង ហើយប្រសិនបើដំណាក់របស់ព្រះជាម្ចាស់មិនទទួលយកទេ ពួកគេនឹងក្លាយជាខឹងសម្បាយ៉ាងខ្លាំង តាំងខ្លួនឯងជាសត្រូវនឹងដំណាក់របស់ព្រះជាម្ចាស់ ហើយបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ។ តើការបញ្ចេញឱ្យឃើញនូវនិស្ស័យ និងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះ មិនបង្កឱ្យមានការបង្អាក់ និងការរំខាននៅក្នុងពួកជំនុំទេឬ? គេអាចនិយាយបានថា រាល់សកម្មភាពទាំងអស់របស់ពួកទទឹងនឹងព្រះគ្រីស្ទ បង្កឱ្យមានការបង្អាក់ និងការរំខានយ៉ាងធំធេងដល់កិច្ចការរបស់ពួកជំនុំ និងការចូលទៅក្នុងជិវិតនៃស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទប្រកួតប្រជែងដណ្ដើមតំណែងជាអ្នកដឹកនាំពួកជំនុំ និងកិត្យានុភាពនៅក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ពួកគេប្រើប្រាស់គ្រប់មធ្យោបាយដែលពួកគេអាចធ្វើបាន ដើម្បីវាយប្រហារអ្នកដទៃ និងលើកតម្កើងខ្លួនឯង។ ពួកគេមិនពិចារណាឡើយថា តើពួកគេអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរប៉ុនណាដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងការចូលទៅក្នុងជិវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នោះ។ ពួកគេគ្រាន់តែពិចារណាថា តើមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេអាចត្រូវបានបំពេញដែរឬទេ ហើយថាតើឋានៈ និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេអាចត្រូវបានធានាដែរឬទេ។ តួនាទីរបស់ពួកគេនៅក្នុងពួកជំនុំ និងនៅក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ គឺធ្វើជាពួកអារក្ស ជាមនុស្សអាក្រក់ គឺធ្វើជាអ្នកបម្រើសាតាំង។ ពួកគេពិតជាមិនមែនជាមនុស្សដែលជឿលើព្រះជាម្ចាស់ដោយពិតប្រាកដទាល់តែសោះ ហើយពួកគេក៏មិនមែនជាអ្នកដើរតាមព្រះជាម្ចាស់ដែរ កុំថាឡើយជាមនុស្សដែលស្រឡាញ់ និងទទួលយកសេចក្ដីពិតនោះ។ នៅពេលដែលចេតនា និងគោលដៅរបស់ពួកគេមិនទាន់សម្រេចបាន ពួកគេមិនដែលឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងឡើយ ពួកគេមិនដែលឆ្លុះបញ្ចាំងថាតើចេតនា និងគោលដៅរបស់ពួកគេស្របតាមសេចក្ដីពិតឬអត់នោះទេ ពួកគេមិនដែលស្វែងរកពីរបៀបដើរលើផ្លូវនៃការដេញតាមសេចក្ដីពិត ដើម្បីសម្រេចបានសេចក្ដីសង្គ្រោះឡើយ។ ពួកគេមិនមែនជឿលើព្រះជាម្ចាស់ និងជ្រើសរើសផ្លូវដែលពួកគេគួរដើរ ដោយមានសភាពចិត្តចុះចូលនោះទេ។ ផ្ទុយទៅវិញ ពួកគេខិតខំប្រឹងប្រែងគិតយ៉ាងខ្លាំង ដោយគិតថា៖ «តើខ្ញុំអាចចូលកាន់តំណែងជាអ្នកដឹកនាំ ឬជាអ្នកធ្វើការដោយរបៀបណា? តើខ្ញុំអាចប្រកួតប្រជែងនឹងអ្នកដឹកនាំ និងអ្នកធ្វើការនៃពួកជំនុំដោយរបៀបណា? តើខ្ញុំអាចបំភាន់ និងគ្រប់គ្រងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយធ្វើឱ្យព្រះគ្រីស្ទក្លាយជាទីងមោងដោយរបៀបណា? តើខ្ញុំអាចធានាកន្លែងមួយសម្រាប់ខ្លួនឯងនៅក្នុងពួកជំនុំដោយរបៀបណា? តើខ្ញុំអាចធ្វើឱ្យប្រាកដថា ខ្ញុំមានជំហររឹងមាំនៅក្នុងពួកជំនុំ និងទទួលបានឋានៈ ធានាថាខ្ញុំជោគជ័យ និងមិនបរាជ័យ ហើយទីបំផុតសម្រេចបាននូវគោលដៅរបស់ខ្ញុំក្នុងការគ្រប់គ្រងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងបង្កើតនគរផ្ទាល់ខ្លួនរបស់ខ្ញុំដោយរបៀបណា?» ទាំងនេះគឺជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទចំណាយពេលទាំងយប់ទាំងថ្ងៃដើម្បីគិត។ តើនេះជានិស្ស័យ និងធម្មជាតិអ្វីទៅ? ឧទាហរណ៍៖ នៅពេលដែលបងប្អូនប្រុសស្រីធម្មតាសរសេរអត្ថបទទីបន្ទាល់ ពួកគេគិតអំពីរបៀបសម្ដែងចេញនូវបទពិសោធ និងការយល់ដឹងរបស់ពួកគេដោយស្មោះត្រង់ជាលាយលក្ខណ៍អក្សរ។ ដូច្នេះ ពួកគេអធិដ្ឋាននៅចំពោះព្រះជាម្ចាស់ ដោយសង្ឃឹមថា ព្រះអង្គនឹងប្រទានការបំភ្លឺដល់ពួកគេកាន់តែច្រើនទាក់ទងនឹងសេចក្ដីពិត ហើយធ្វើឱ្យពួកគេទទួលបានការយល់ដឹងកាន់តែធំធេង និងកាន់តែស៊ីជម្រៅអំពីវា។ ចំណែកឯនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទសរសេរអត្ថបទវិញ ពួកគេខិតខំប្រឹងប្រែងគិតយ៉ាងខ្លាំង ដោយរិះគិតពីវិធីសរសេរក្នុងរបៀបមួយដែលនឹងធ្វើឱ្យមនុស្សកាន់តែច្រើនយល់ពីពួកគេ ស្គាល់ពួកគេ និងកោតសរសើរពួកគេ ហើយតាមរយៈនោះ ទទួលបានឋានៈនៅក្នុងដួងចិត្តរបស់មនុស្សកាន់តែច្រើន។ ពួកគេចង់ប្រើប្រាស់រឿងដ៏សាមញ្ញ និងតូចតាចបំផុតនេះ ដើម្បីបង្កើនកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ពួកគេមិនអាចសូម្បីតែបណ្ដោយឱ្យឱកាសបែបនេះកន្លងផុតទៅឡើយ។ តើពួកគេជាមនុស្សប្រភេទណាទៅ? ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន ពេលឃើញអ្នកដទៃអាចសរសេរអត្ថបទទីបន្ទាល់តាមរយៈបទពិសោធបាន ពួកគេក៏ចង់សរសេរអ្វីមួយដែលអស្ចារ្យជាងទីបន្ទាល់តាមរយៈបទពិសោធរបស់អ្នកដទៃ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រកួតប្រជែងនឹងអ្នកទាំងនោះ ដើម្បីឋានៈ និងកិត្យានុភាព។ ដូច្នេះហើយ ពួកគេប្រឌិត និងលួចចម្លងរឿងរ៉ាវ។ ពួកគេថែមទាំងហ៊ានធ្វើរឿងដូចជាការធ្វើទីបន្ទាល់ក្លែងក្លាយទៀតផង។ ដើម្បីបង្កើតកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯង ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនស្គាល់ពួកគេ និងផ្សព្វផ្សាយឈ្មោះរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមិនស្ទាក់ស្ទើរក្នុងការធ្វើរឿងគួរឱ្យខ្មាសអៀនគ្រប់ប្រភេទឡើយ។ ពួកគេនឹងមិនរំលងសូម្បីតែឱកាសដ៏តូចតាចបំផុត ដើម្បីក្លាយជាមនុស្សល្បីល្បាញ ដើម្បីទទួលបានឋានៈ និងដើម្បីទទួលបានការគោរពកោតសរសើរនៅក្នុងចំណោមក្រុមមនុស្ស ព្រមទាំងត្រូវបានអ្នកដទៃមើលមកដោយការគោរពជាពិសេសនោះឡើយ។ តើការត្រូវបានអ្នកដទៃមើលមកដោយការគោរពជាពិសេស មានគោលបំណងអ្វី? តើពួកទទឹងនឹងព្រះគ្រីស្ទចង់សម្រេចបាននូវលទ្ធផល និងគោលដៅអ្វីខ្លះ? ពួកទទឹងនឹងព្រះគ្រីស្ទចង់ឱ្យអ្នកដទៃមើលមកពួកគេថាជាមនុស្សមិនធម្មតា ជាមនុស្សដែលខ្ពង់ខ្ពស់ជាងអ្នកដទៃទាំងអស់ និងជាអ្នកដែលពូកែលើផ្នែកជាក់លាក់ណាមួយ។ ពួកគេចង់បន្សល់ទុកនូវចំណាប់អារម្មណ៍ល្អនៅក្នុងចិត្តគំនិតរបស់អ្នកដទៃ ជាចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ ហើយថែមទាំងធ្វើឱ្យអ្នកដទៃច្រណែន កោតសរសើរ និងគោរពស្ញប់ស្ញែងពួកគេបន្តិចម្ដងៗទៀតផង។ ខណៈពេលកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅនេះ ពួកគេក៏បន្តដើរលើផ្លូវដដែលដូចដែលពួកគេធ្លាប់ដើរពីមុនមកដែរ។
ទោះបីជាពួកគេស្ថិតក្នុងក្រុមមនុស្សណាក៏ដោយ មិនថាពួកគេកំពុងធ្វើពុត ឬពុះពារធ្វើការធ្ងន់នោះទេ អ្វីដែលលាក់កំបាំងនៅក្នុងជម្រៅចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺគ្មានអ្វីក្រៅពីបំណងប្រាថ្នាចង់បានឋានៈឡើយ។ សារជាតិដែលពួកគេបញ្ចេញឱ្យឃើញ និងបង្ហាញចេញមក គឺគ្មានអ្វីក្រៅពីការដណ្ដើម និងការប្រជែងឡើយ។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីនោះទេ ក៏ពួកគេកំពុងប្រកួតប្រជែងនឹងអ្នកដទៃដើម្បីឋានៈ មុខមាត់ និងផលប្រយោជន៍ដែរ។ ការបង្ហាញចេញដែលឃើញញឹកញាប់បំផុតអំពីរឿងនេះ គឺការប្រជែងយកឈ្មោះល្អ ការវាយតម្លៃល្អ និងឋានៈនៅក្នុងគំនិតរបស់មនុស្ស ដើម្បីឱ្យមនុស្សគោរពសរសើរ និងថ្វាយបង្គំពួកគេ ហើយវិលជុំវិញ និងចាត់ទុកពួកគេជាចំណុចកណ្ដាល។ នេះគឺជាផ្លូវដែលពួកទទឹងនឹងព្រះគ្រីស្ទដើរ។ នេះគឺជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទប្រជែងយក។ ទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្កោលទោស និងវែកញែកពីរឿងទាំងនេះយ៉ាងណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនទទួលយកសេចក្ដីពិត ឬទទួលយកការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬបោះបង់ចោលរឿងទាំងនេះដែលត្រូវបានព្រះជាម្ចាស់ជំនុំជម្រះ និងថ្កោលទោសនោះឡើយ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់កាន់តែលាតត្រដាងពីរឿងទាំងនេះ ពួកទទឹងនឹងព្រះគ្រីស្ទកាន់តែមានល្បិចកល។ ពួកគេប្រើមធ្យោបាយកាន់តែលាក់កំបាំង និងក្រឡេចក្រឡុច ដើម្បីដេញតាមរឿងទាំងនេះ ដើម្បីកុំឱ្យមនុស្សអាចមើលឃើញពីអ្វីដែលពួកគេកំពុងធ្វើ ហើយជឿទាំងយល់ច្រឡំថា ពួកគេបានបោះបង់រឿងទាំងនេះចោលហើយ។ ព្រះជាម្ចាស់កាន់តែលាតត្រដាងពីរឿងទាំងនេះ ពួកទទឹងនឹងព្រះគ្រីស្ទកាន់តែរកផ្លូវប្រើវិធីសាស្ត្រដែលកាន់តែវៀចវេរ និងឆ្លាតវៃជាងមុន ដើម្បីដេញតាម និងទទួលបានរឿងទាំងនោះ។ លើសពីនេះទៅទៀត ពួកគេប្រើពាក្យសម្ដីពីរោះស្ដាប់ដើម្បីបិទបាំងចេតនាបង្កប់ដ៏លាក់កំបាំងរបស់ពួកគេ។ សរុបសេចក្ដីមក ពួកទទឹងនឹងព្រះគ្រីស្ទដាច់ខាតមិនទទួលយកសេចក្ដីពិត មិនឆ្លុះបញ្ចាំងពីឥរិយាបថរបស់ពួកគេ ឬមកចំពោះព្រះជាម្ចាស់ដើម្បីអធិដ្ឋាន និងស្វែងរកសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ នៅក្នុងចិត្តរបស់ពួកគេ ពួកគេកាន់តែមិនពេញចិត្តចំពោះការលាតត្រដាង និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ រហូតដល់ថ្នាក់ពួកគេប្រកាន់យកអាកប្បកិរិយាប្រទូសរ៉ាយចំពោះរឿងទាំងនេះទៀតផង។ ពួកគេមិនត្រឹមតែមិនបោះបង់ការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួនប៉ុណ្ណោះទេ ពួកគេថែមទាំងស្រឡាញ់ថ្នាក់ថ្នមរឿងទាំងនេះកាន់តែខ្លាំង ហើយគិតរកវិធីលាក់បាំង និងបិទបាំងការដេញតាមនេះ ព្រមទាំងរារាំងមនុស្សមិនឱ្យមើលធ្លុះ និងដឹងទាន់ពីរឿងនេះទៀតផង។ មិនថាក្នុងស្ថានការណ៍ណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែបរាជ័យក្នុងការអនុវត្តសេចក្ដីពិតប៉ុណ្ណោះទេ នៅពេលដែលមុខមាត់ពិតរបស់ពួកគេត្រូវបានបញ្ចេញឱ្យឃើញ ពោលគឺនៅពេលដែលពួកគេចៃដន្យបញ្ចេញឱ្យឃើញនូវមហិច្ឆតា និងបំណងប្រាថ្នាទាំងនេះរបស់ពួកគេ ពួកគេមានអារម្មណ៍កាន់តែព្រួយបារម្ភថា អ្នកដទៃនឹងមើលធ្លុះសារជាតិ និងមុខមាត់ពិតរបស់ពួកគេ ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ដូច្នេះ ពួកគេព្យាយាមបិទបាំងរឿងនេះ ហើយខិតខំអស់ពីសមត្ថភាពដើម្បីដោះសាការពារខ្លួនឯង។ តើគោលបំណងរបស់ពួកគេនៃការបិទបាំងរឿងនេះគឺជាអ្វី? គឺដើម្បីការពារឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេកុំឱ្យរងការខាតបង់ និងដើម្បីរក្សាកម្លាំងរបស់ពួកគេសម្រាប់ការប្រយុទ្ធលើកក្រោយ។ នេះគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មិនថានៅពេលណា ឬក្នុងស្ថានការណ៍ណាក៏ដោយ គោលដៅ និងទិសដៅនៃការប្រព្រឹត្តខ្លួនរបស់ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ គោលដៅពេញមួយជីវិតរបស់ពួកគេ ឬគោលការណ៍នៅពីក្រោយសកម្មភាពរបស់ពួកគេ ឬបំណងប្រាថ្នា មហិច្ឆតា និងគោលបំណងនៅក្នុងជម្រៅចិត្តរបស់ពួកគេក្នុងការដេញតាមឋានៈ ក៏មិនផ្លាស់ប្ដូរដែរ។ ពួកគេមិនត្រឹមតែនឹងខិតខំអស់ពីសមត្ថភាពដើម្បីតស៊ូដណ្ដើមយកឋានៈប៉ុណ្ណោះទេ ពួកគេក៏នឹងបង្កើនការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីទទួលបានវាទៀតផង។ ដំណាក់របស់ព្រះជាម្ចាស់កាន់តែប្រកបគ្នាអំពីសេចក្ដីពិត នោះពួកគេក៏នឹងកាន់តែគេចវេះយ៉ាងឆ្លាតវៃពីការប្រើប្រាស់ឥរិយាបថ និងការបង្ហាញចេញដ៏ច្បាស់ក្រឡែតមួយចំនួន ដែលអ្នកដទៃអាចមើលធ្លុះ និងញែកដឹង។ ពួកគេនឹងប្ដូរទៅប្រើវិធីសាស្ត្រប្រភេទផ្សេង ហើយយំសោកយ៉ាងជូរចត់ ខណៈដែលពួកគេទទួលស្គាល់កំហុសរបស់ពួកគេ និងថ្កោលទោសខ្លួនឯង ដើម្បីអូសទាញការអាណិតអាសូរពីមនុស្ស ដោយធ្វើឱ្យមនុស្សជឿទាំងយល់ច្រឡំថា ពួកគេបានប្រែចិត្ត និងផ្លាស់ប្ដូរហើយ ព្រមទាំងធ្វើឱ្យមនុស្សកាន់តែពិបាកក្នុងការញែកដឹងពីពួកគេ។ តើសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះគឺជាអ្វី? តើវាមិនរាងវៀចវេរបន្តិចទេឬ? (មែនហើយ។) នៅពេលដែលមនុស្សវៀចវេរបែបនេះ ពួកគេគឺជាពួកអារក្សហើយ។ តើពួកអារក្សអាចប្រែចិត្តយ៉ាងពិតប្រាកដបានទេ? តើពួកគេពិតជាអាចទុកមហិច្ឆតា និងបំណងប្រាថ្នារបស់ខ្លួនក្នុងការដេញតាមឋានៈចោលមួយឡែកបានយ៉ាងពិតប្រាកដដែរឬទេ? ពួកអារក្សសុខចិត្តស្លាប់ ជាជាងទុកមហិច្ឆតានេះចោលមួយឡែក។ មិនថាអ្នកប្រកបគ្នាងអំពីសេចក្ដីពិតជាមួយពួកគេយ៉ាងណានោះទេ ក៏វានឹងគ្មានប្រយោជន៍ដែរ ពួកគេនឹងមិនលះបង់មហិច្ឆតានេះឡើយ។ ប្រសិនបើ ក្នុងស្ថានភាពនេះ ពួកគេចាញ់ការប្រយុទ្ធ ហើយត្រូវបានបងប្អូនប្រុសស្រីលាតត្រដាង ក៏ពួកគេនឹងនៅតែបន្តប្រយុទ្ធ និងប្រកួតប្រជែងដណ្ដើមឋានៈ មុខមាត់ សិទ្ធិសម្រេចចុងក្រោយ និងសិទ្ធិក្នុងការសម្រេចចិត្តដែរ នៅពេលពួកគេផ្លាស់ទៅក្រុមបន្ទាប់។ ពួកគេនឹងប្រកួតប្រជែងដណ្ដើមរឿងទាំងនេះ។ មិនថាក្នុងស្ថានភាពណា ឬពួកគេស្ថិតក្នុងក្រុមមនុស្សណាក៏ដោយ ក៏គោលការណ៍ដែលពួកគេតែងតែប្រកាន់ខ្ជាប់ គឺការប្រកួតប្រជែង៖ «មានតែខ្ញុំទេដែលអាចដឹកនាំបាន គ្មានអ្នកណាផ្សេងអាចដឹកនាំខ្ញុំបានឡើយ!» ពួកគេមិនសុខចិត្តធ្វើជាអ្នកដើរតាមធម្មតា ឬទទួលយកការដឹកនាំ ឬជំនួយពីអ្នកដទៃជាដាច់ខាត។ នេះហើយគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
នៅក្នុងពួកជំនុំ តើមានអស់អ្នកដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមិនដេញតាមសេចក្ដីពិតទាល់តែសោះ ហើយតែងតែដេញតាមឋានៈ និងកេរ្តិ៍ឈ្មោះដែរឬទេ? តើការបង្ហាញចេញរបស់មនុស្សបែបនេះមានអ្វីខ្លះ? តើអ្នករាល់គ្នានឹងនិយាយថា មនុស្សដែលតែងតែបង្ហាញខ្លួនឯងឱ្យគេឃើញ ដែលងាយនឹងបញ្ចេញគំនិតប្លែកៗពីគេ និងនិយាយគំនិតដែលស្ដាប់ទៅខ្ពង់ខ្ពស់ គឺជាមនុស្សបែបនេះដែរឬទេ? តើពួកគេឧស្សាហ៍ធ្វើរឿងអ្វីខ្លះ? (មនុស្សម្នាក់បញ្ចេញទស្សនៈរបស់គេ ហើយចំពោះអ្នកផ្សេងទៀត វាហាក់ដូចជាត្រឹមត្រូវ ប៉ុន្តែដើម្បីបង្ហាញថាគេឆ្លាតវៃប៉ុនណា បុគ្គលនេះក៏បញ្ចេញទស្សនៈផ្សេងមួយទៀត ដែលមនុស្សនឹងមានអារម្មណ៍ថាកាន់តែត្រឹមត្រូវ ហើយជាទស្សនៈដែលនឹងបដិសេធទស្សនៈរបស់បុគ្គលទីមួយ ហេតុនេះ ទើបបង្ហាញថាគេឆ្លាតវៃប៉ុនណា។) នេះហៅថាការអួតសម្ញែង។ ពួកគេបដិសេធទស្សនៈរបស់អ្នកដទៃ ហើយបន្ទាប់មកបញ្ចេញទស្សនៈផ្ទាល់ខ្លួនដ៏ពិសេសខុសគេមួយ ដែលសូម្បីតែពួកគេក៏មិនមានអារម្មណ៍ថាវាប្រាកដនិយម ឬត្រឹមត្រូវដែរ ពោលគឺគ្រាន់តែជាពាក្យស្លោកមួយប៉ុណ្ណោះ ប៉ុន្តែពួកគេត្រូវតែបង្ហាញមនុស្សថាពួកគេឆ្លាតវៃប៉ុនណា ហើយធ្វើឱ្យមនុស្សគ្រប់គ្នាស្ដាប់តាមពួកគេ។ ពួកគេតែងតែត្រូវតែខុសពីគេ ពួកគេតែងតែត្រូវតែបញ្ចេញគំនិតប្លែកៗពីគេ ពួកគេតែងតែនិយាយគំនិតដែលស្ដាប់ទៅខ្ពង់ខ្ពស់ ហើយមិនថាអ្វីដែលអ្នកដទៃនិយាយអាចធ្វើទៅបាន និងអាចអនុវត្តបានកម្រិតណាក៏ដោយ ក៏ពួកគេត្រូវតែជំទាស់នឹងវាដែរ ហើយស្វែងរកហេតុផល និងលេសផ្សេងៗដើម្បីបដិសេធទស្សនៈរបស់អ្នកដទៃ។ ទាំងនេះគឺជាឥរិយាបថដែលឃើញញឹកញាប់បំផុតរបស់មនុស្សដែលព្យាយាមបញ្ចេញគំនិតប្លែកៗពីគេ និងនិយាយគំនិតដែលស្ដាប់ទៅខ្ពង់ខ្ពស់។ ទោះបីជាសកម្មភាពរបស់អ្នកណាម្នាក់ត្រឹមត្រូវ ឬសមរម្យយ៉ាងណាក៏ដោយ ក៏ពួកគេនឹងច្រានចោល និងមិនអើពើនឹងសកម្មភាពទាំងនោះដែរ។ ទោះបីជាពួកគេដឹងយ៉ាងច្បាស់ថា បុគ្គលនេះបានធ្វើប្រព្រឹត្តយ៉ាងសមរម្យក៏ដោយ ក៏ពួកគេនៅតែនិយាយថា សកម្មភាពរបស់គាត់មិនសមរម្យដែរ ហើយនិយាយធ្វើឱ្យស្ដាប់ទៅហាក់ដូចជាពួកគេអាចធ្វើបានល្អជាងនេះ និងថាពួកគេដាច់ខាតមិនចាញ់បុគ្គលនោះឡើយ។ មនុស្សបែបនេះគិតថា គ្មានអ្នកណាល្អដូចពួកគេទេ ថាពួកគេល្អជាងអ្នកដទៃគ្រប់ផ្នែកទាំងអស់។ ចំពោះពួកគេ អ្វីគ្រប់យ៉ាងដែលអ្នកដទៃនិយាយគឺមិនត្រឹមត្រូវឡើយ អ្នកដទៃគឺគ្មានតម្លៃ ហើយពួកគេខ្លួនឯងគឺល្អគ្រប់ផ្នែកទាំងអស់។ ទោះបីជាពួកគេធ្វើអ្វីមួយខុស ហើយត្រូវបានលួសកាត់ក៏ដោយ ក៏ពួកគេនឹងមិនសុខចិត្តចុះចូលដែរ ពួកគេនឹងមិនទទួលយកសេចក្ដីពិតទាល់តែសោះ ហើយពួកគេក៏អាចនឹងលើកយកលេសមួយគំនរមកនិយាយ ដែលធ្វើឱ្យអ្នកដទៃគិតថា ពួកគេមិនបានប្រព្រឹត្តកំហុសទេ ហើយថាពួកគេមិនគួរត្រូវបានលួសកាត់ឡើយ។ មនុស្សដែលចូលចិត្តបញ្ចេញគំនិតប្លែកៗពីគេ និងនិយាយគំនិតដែលស្ដាប់ទៅខ្ពង់ខ្ពស់ គឺក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតតាមរបៀបនេះឯង។ តាមពិតទៅ មនុស្សទាំងនេះភាគច្រើនខ្វះទេពកោសល្យពិតប្រាកដ ហើយមិនអាចធ្វើអ្វីបានល្អឡើយ អ្វីក៏ដោយដែលពួកគេធ្វើ ក៏វាក្លាយជារឿងរញ៉េរញ៉ៃទាំងស្រុង។ ប៉ុន្តែ ពួកគេគ្មានការស្គាល់ខ្លួនឯងទេ ហើយពួកគេគិតថា ពួកគេប្រសើរជាងអ្នកដទៃ ហើយពួកគេហ៊ានជ្រៀតជ្រែក និងពាក់ព័ន្ធនឹងអ្វីក៏ដោយដែលអ្នកដទៃកំពុងធ្វើ ហើយចេះតែនិយាយគំនិតដែលស្ដាប់ទៅខ្ពង់ខ្ពស់ ដោយតែងតែចង់ឱ្យអ្នកដទៃគោរពសរសើរ និងស្ដាប់តាមពួកគេ។ មិនថាស្ថានការណ៍ណា ឬពួកគេស្ថិតក្នុងក្រុមណាក៏ដោយ ក៏ពួកគេចង់តែឱ្យអ្នកដទៃបម្រើ និងស្ដាប់តាមពួកគេប៉ុណ្ណោះ ពួកគេមិនចង់បម្រើ ឬស្ដាប់តាមអ្នកណាផ្សេងឡើយ។ តើទាំងនេះមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេឬ? នេះហើយជាភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នេះហើយជាការខ្វះវិចារណញ្ញាណរបស់ពួកគេ។ ពួកគេនិយាយតែអំពីគោលលទ្ធិដែលស្ដាប់ទៅហាក់ដូចជាត្រឹមត្រូវតែខុសប៉ុណ្ណោះ ហើយប្រសិនបើអ្នកដទៃចង្អុលបង្ហាញពីកំហុសរបស់ពួកគេ ពួកគេត្រូវតែបំភ្លៃពាក្យសម្ដី និងភាពសមហេតុផល ហើយនិយាយតាមរបៀបក្លែងក្លាយដែលពីរោះស្ដាប់ ដើម្បីធ្វើឱ្យមនុស្សមានអារម្មណ៍ថាពួកគេត្រឹមត្រូវ។ មិនថាមតិរបស់អ្នកណាម្នាក់ផ្សេងត្រឹមត្រូវយ៉ាងណានោះទេ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងប្រើរបៀបនិយាយដោយវោហារយ៉ាងប៉ិនប្រសប់ ដើម្បីធ្វើឱ្យវាស្ដាប់ទៅមិនត្រឹមត្រូវ ហើយធ្វើឱ្យមនុស្សគ្រប់គ្នាទទួលយកមតិរបស់ពួកគេផ្ទាល់។ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាមនុស្សប្រភេទនេះឯង ពួកគេមានសមត្ថភាពយ៉ាងពិសេសក្នុងការបំភាន់អ្នកដទៃ ពួកគេអាចបំភាន់អ្នកដទៃរហូតដល់ថ្នាក់ធ្វើឱ្យអ្នកទាំងនោះធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ វង្វេងស្មារតី និងលែងដឹងខុសត្រូវទៀត។ នៅទីបំផុត អស់អ្នកដែលខ្វះការញែកដឹង នឹងត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះបំភាន់ និងចាប់ជាឈ្លើយទាំងស្រុង។ មានមនុស្សដែលបំភាន់អ្នកដទៃបែបនេះនៅក្នុងពួកជំនុំភាគច្រើន។ នៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់កំពុងប្រកបគ្នាអំពីសេចក្ដីពិត ឬចែករំលែកទីបន្ទាល់តាមរយៈបទពិសោធរបស់ខ្លួន ពួកទទឹងនឹងព្រះគ្រីស្ទតែងតែក្រោកឈរឡើង ហើយបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេមិនបើកចំហចិត្តដើម្បីប្រកបគ្នាអំពីចំណេះដឹងតាមរយៈបទពិសោធរបស់ពួកគេតាមបែបស្មោះត្រង់ឡើយ ផ្ទុយទៅវិញ ពួកគេតែងតែចាំចាប់កំហុស និងនិយាយរិះគន់ដោយមិនទទួលខុសត្រូវចំពោះចំណេះដឹងតាមរយៈបទពិសោធរបស់អ្នកដទៃ ដើម្បីអួតសម្ញែងថាពួកគេឆ្លាតវៃប៉ុនណា និងសម្រេចគោលបំណងរបស់ពួកគេក្នុងការធ្វើឱ្យអ្នកដទៃគោរពសរសើរពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទជំនាញបំផុតខាងនិយាយអំពីពាក្យពេចន៍ និងគោលលទ្ធិ ពួកគេមិនដែលអាចចែករំលែកទីបន្ទាល់តាមរយៈបទពិសោធពិតប្រាកដបានឡើយ ហើយពួកគេមិនដែលនិយាយអំពីការស្គាល់ខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ ពួកគេតែងតែស្វែងរកបញ្ហានៅក្នុងអ្នកដទៃ ហើយធ្វើឱ្យបញ្ហាទាំងនោះក្លាយជារឿងធំដុំ។ អ្នកមិនដែលឃើញពួកទទឹងនឹងព្រះគ្រីស្ទទទួលយកមតិរបស់អ្នកដទៃដោយចិត្តបើកចំហ ឬប្រកបគ្នាយ៉ាងសកម្មអំពីនិស្ស័យពុករលួយផ្ទាល់ខ្លួនរបស់ពួកគេ ហើយលាតត្រដាងខ្លួនឯងប្រាប់អ្នកដទៃឡើយ។ អ្នកប្រាកដជាមិនឃើញពួកគេប្រកបគ្នាអំពីទស្សនៈខុសឆ្គង និងមិនសមហេតុផលដែលពួកគេលាក់ទុក និងរបៀបដែលពួកគេបានកែប្រែទស្សនៈទាំងនោះឡើយ ហើយអ្នកដាច់ខាតមិនឮពួកគេទទួលស្គាល់កំហុសដែលពួកគេបានប្រព្រឹត្ត ឬចំណុចខ្វះខាតរបស់ពួកគេឡើយ...។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទប្រាស្រ័យទាក់ទងជាមួយអ្នកដទៃយូរប៉ុនណាក៏ដោយ ក៏ពួកគេតែងតែធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថា ពួកគេមិនមានសេចក្ដីពុករលួយអ្វីឡើយ ថាពួកគេកើតមកគ្រប់លក្ខណ៍ និងបរិសុទ្ធ ហើយថាអ្នកដទៃគួរតែថ្វាយបង្គំពួកគេ។ មនុស្សដែលមានវិចារណញ្ញាណពិតប្រាកដ មិនសុខចិត្តឱ្យអ្នកដទៃគោរពសរសើរ ឬថ្វាយបង្គំពួកគេឡើយ។ ប្រសិនបើអ្នកដទៃពិតជាគោរពសរសើរ និងថ្វាយបង្គំពួកគេមែន ពួកគេយល់ថានេះថាជារឿងគួរឱ្យខ្មាសអៀន ពីព្រោះពួកគេដឹងថា ពួកគេគឺជាមនុស្សពុករលួយដែលមាននិស្ស័យពុករលួយ ហើយថាពួកគេមិនមានតថភាពនៃសេចក្ដីពិតឡើយ។ ពួកគេដឹងពីកម្រិតរបស់ខ្លួនឯង ដូច្នេះ សេចក្ដីពុករលួយអ្វីក៏ដោយដែលពួកគេបញ្ចេញឱ្យឃើញ និងទស្សនៈខុសឆ្គងអ្វីក៏ដោយដែលពួកគេបង្កើតឡើង គឺពួកគេអាចប្រកបគ្នាអំពីរឿងទាំងនេះដោយស្មោះត្រង់ និងឱ្យអ្នកដទៃដឹងពីរឿងទាំងនោះ ហើយការធ្វើបែបនេះធ្វើឱ្យពួកគេមានអារម្មណ៍ធូរស្រាល មានសេរីភាព និងសប្បាយចិត្តយ៉ាងខ្លាំង។ ពួកគេមិនមានអារម្មណ៍ថា វាពិបាកក្នុងការធ្វើបែបនេះទាល់តែសោះ។ ទោះបីជាអ្នកដទៃវិនិច្ឆ័យពួកគេ មើលងាយពួកគេ ហៅពួកគេថាល្ងង់ ឬស្អប់ខ្ពើមពួកគេក៏ដោយ ក៏ពួកគេមិនមានអារម្មណ៍ពិបាកចិត្តខ្លាំងដែរ។ ផ្ទុយទៅវិញ ពួកគេមានអារម្មណ៍ថា នេះជារឿងធម្មតាណាស់ ហើយពួកគេអាចប្រឈមមុខនឹងរឿងនេះបានយ៉ាងត្រឹមត្រូវ។ ដោយសារមនុស្សមាននិស្ស័យពុករលួយ ពួកគេនឹងបញ្ចេញឱ្យឃើញសេចក្ដីពុករលួយដោយឯកឯង។ មិនថាតើអ្នកទទួលស្គាល់វាឬអត់ក៏ដោយ ក៏នេះគឺជាការពិត។ ប្រសិនបើអ្នកអាចទទួលស្គាល់សេចក្ដីពុករលួយផ្ទាល់ខ្លួនរបស់អ្នក នោះជារឿងដ៏ល្អមួយ ហើយវាកាន់តែប្រសើរប្រសិនបើអ្នកដទៃអាចមើលឃើញវាយ៉ាងច្បាស់ តាមរបៀបនោះ ពួកគេនឹងមិនថ្វាយបង្គំ ឬគោរពសរសើរអ្នកឡើយ។ មនុស្សដែលយល់សេចក្ដីពិត និងមានវិចារណញ្ញាណបន្តិចបន្តួច អាចបើកចំហចិត្តរបស់ពួកគេ និងប្រកបគ្នាអំពីការស្គាល់ខ្លួនឯងបាន ពួកគេមិនយល់ថាវាជារឿងពិបាកឡើយ។ ប៉ុន្តែ នេះគឺជារឿងពិបាកខ្លាំងណាស់សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេចាត់ទុកអស់អ្នកដែលបើកចំហដោយបរិសុទ្ធថាជាមនុស្សល្ងីល្ងើ ហើយចាត់ទុកអស់អ្នកដែលនិយាយអំពីការស្គាល់ខ្លួនឯង និងនិយាយដោយស្មោះត្រង់ថាជាមនុស្សល្ងង់ខ្លៅ។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទមើលងាយមនុស្សទាំងនោះទាំងស្រុង។ ប្រសិនបើមាននរណាម្នាក់អាចយល់សេចក្ដីពិត ហើយមនុស្សគ្រប់គ្នាពេញចិត្តនឹងបុគ្គលនោះជាពិសេស នោះពួកទទឹងនឹងព្រះគ្រីស្ទនឹងចាត់ទុកបុគ្គលនោះថាជាបន្លាក្នុងភ្នែក និងជាឆ្អឹងទទឹងករបស់ពួកគេ ហើយពួកគេនឹងវិនិច្ឆ័យ និងថ្កោលទោសបុគ្គលនោះ។ ពួកគេនឹងបដិសេធការអនុវត្តដ៏ត្រឹមត្រូវ និងអ្វីៗដែលវិជ្ជមានដែលបុគ្គលនោះមាន ហើយធ្វើឱ្យរឿងទាំងនោះស្ដាប់ទៅហាក់ដូចជាការយល់ដឹងដែលមិនត្រឹមត្រូវ និងវៀចវេរ។ មិនថាអ្នកណាធ្វើអ្វីមួយដែលផ្ដល់ផលប្រយោជន៍ដល់ពួកជំនុំ ឬបងប្អូនប្រុសស្រីនោះទេ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងគិតរកវិធីដើម្បីបន្ទាបបន្ថោក ចំអក និងឡកឡាយអ្នកនោះ។ មិនថារឿងដែលពួកគេបានធ្វើនោះល្អកម្រិតណា ឬផ្ដល់ផលប្រយោជន៍ដល់មនុស្សច្រើនប៉ុនណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនគិតថាវាជារឿងសមនឹងឱ្យលើកយកមកនិយាយដែរ ហើយពួកគេនឹងធ្វើឱ្យរឿងនោះក្លាយជារឿងកំប៉ិកកំប៉ុក និងមិនសំខាន់ ដោយបន្ទាបតម្លៃវារហូតដល់ថ្នាក់មើលទៅហាក់ដូចជាគ្មានតម្លៃទាល់តែសោះ។ ផ្ទុយទៅវិញ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងល្អបន្តិចបន្តួច ពួកគេនឹងខិតខំអស់ពីសមត្ថភាពដើម្បីបំផ្លើស និងពង្រីករឿងនោះ ដើម្បីឱ្យមនុស្សគ្រប់គ្នាមើលឃើញ ដើម្បីឱ្យគ្រប់គ្នាដឹងថាពួកគេជាអ្នកធ្វើរឿងនោះ ហើយថាវាគឺជាស្នាដៃដ៏គួរឱ្យសរសើររបស់ពួកគេ ដើម្បីឱ្យបងប្អូនប្រុសស្រីចាត់ទុកពួកគេដោយការគោរពជាពិសេស ចងចាំពួកគេទុកក្នុងចិត្តជានិច្ច មានអារម្មណ៍ដឹងគុណពួកគេយ៉ាងខ្លាំង និងចងចាំពីរឿងល្អៗរបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់សុទ្ធតែមានសមត្ថភាពប្រព្រឹត្តតាមរបៀបនេះ ដូចគ្នាទៅនឹងអស់អ្នកដែលមាននិស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ក្នុងន័យនេះ ពួកទទឹងនឹងព្រះគ្រីស្ទមិនខុសពីពួកផារិស៊ីដែលពុតត្បុតឡើយ តាមពិត ពួកគេអាក្រក់ជាងពួកផារិស៊ីទៅទៀត។ ទាំងនេះគឺជាការបង្ហាញចេញដ៏ជាក់លាក់ ដែលឃើញញឹកញាប់ និងច្បាស់ក្រឡែតបំផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
តើពួកទទឹងនឹងព្រះគ្រីស្ទមានអាកប្បកិរិយាបែបណានៅពេលដែលពួកគេធ្វើរឿងអ្វីមួយ? ពួកគេចង់ធ្វើរឿងល្អនៅចំពោះមុខអ្នកដទៃ ហើយពួកគេចង់ធ្វើរឿងអាក្រក់ដោយសម្ងាត់។ ពួកគេចង់ឱ្យមនុស្សគ្រប់គ្នាដឹងពីរឿងល្អដែលពួកគេធ្វើ ហើយបិទបាំងរឿងអាក្រក់ទាំងអស់ ដើម្បីកុំឱ្យមានអ្នកណាដឹងពីរឿងទាំងនោះ រហូតដល់ថ្នាក់មិនឱ្យបែកធ្លាយពាក្យសូម្បីតែមួយម៉ាត់ ហើយពួកគេមានអារម្មណ៍ថាត្រូវតែខិតខំធ្វើឱ្យអស់ពីសមត្ថភាពដើម្បីលាក់បាំងរឿងទាំងនោះ។ និស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះពិតជាគួរឱ្យស្អប់ខ្ពើមណាស់ តើមែនទេ? តើគោលបំណងរបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការប្រព្រឹត្តបែបនេះគឺជាអ្វី? (គឺដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ។) ត្រឹមត្រូវហើយ។ មើលពីសំបកក្រៅ ពួកគេហាក់ដូចជាមិនកំពុងប្រកួតប្រជែងដណ្ដើមឋានៈ ឬនិយាយអ្វីមួយដើម្បីតែឋានៈឡើយ ប៉ុន្តែអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ និងនិយាយ គឺដើម្បីការពារ និងរក្សាឋានៈរបស់ពួកគេ ហើយដើម្បីទទួលបានកិត្យានុភាពខ្ពង់ខ្ពស់ និងឈ្មោះល្អ។ ជួនកាល ពួកគេថែមទាំងតស៊ូដណ្ដើមឋានៈនៅក្នុងក្រុមមួយ ដោយមិនឱ្យអ្នកណាម្នាក់មើលឃើញថាពួកគេកំពុងធ្វើបែបនោះទៀតផង។ ទោះបីជាពួកគេធ្វើការណែនាំនរណាម្នាក់ ពោលគឺការអនុវត្តរឿងមួយចំនួនដែលពួកគេគួរតែធ្វើក៏ដោយ ក៏ពួកគេចង់ធ្វើឱ្យបុគ្គលដែលពួកគេបានណែនាំនោះ មានអារម្មណ៍ដឹងគុណពួកគេយ៉ាងខ្លាំង ហើយធ្វើឱ្យបុគ្គលនោះដឹងថា ខ្លួនមានឱកាសបំពេញភារកិច្ចនេះ ក៏ដោយសារតែការណែនាំរបស់ពួកគេប៉ុណ្ណោះ។ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនមើលរំលងឱកាសបែបនេះឡើយ។ ពួកគេគិតថា៖ «ទោះបីជាខ្ញុំបានណែនាំអ្នកក៏ដោយ ក៏ខ្ញុំនៅតែជាអ្នកដឹកនាំរបស់អ្នកដែរ ដូច្នេះ អ្នកមិនអាចពូកែជាងខ្ញុំបានឡើយ»។ ភាពងប់ងល់របស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះឋានៈ និងកេរ្តិ៍ឈ្មោះ គឺច្បាស់ក្រឡែតណាស់។ ដើម្បីប្រកួតប្រជែងដណ្ដើម និងការពារឋានៈ ពួកគេមិនមើលរំលងសូម្បីតែការចោលកន្ទុយភ្នែក ឬពាក្យសម្ដីអចេតនាមួយម៉ាត់របស់អ្នកណាម្នាក់ឡើយ រឹតតែមិនមើលរំលងរឿងរ៉ាវដែលកើតឡើងនៅតាមជ្រុងណាមួយទៅទៀត។ ពួកទទឹងនឹងព្រះគ្រីស្ទកត់សម្គាល់រឿងទាំងអស់នេះ មិនថាធំឬតូចឡើយ ហើយពាក្យសម្ដីដែលអ្នកដទៃបាននិយាយ គឺលាន់ឮសាចុះសាឡើងនៅក្នុងគំនិតរបស់ពួកគេ។ តើគោលបំណងរបស់ពួកគេក្នុងការធ្វើបែបនេះគឺជាអ្វី? តើពួកគេចូលចិត្តនិយាយដើមគេឬ? អត់ទេ គឺដោយសារពួកគេចង់ស្វែងរកវិធី និងឱកាសនៅក្នុងរឿងទាំងអស់នេះ ដើម្បីការពារឋានៈផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេមិនចង់ឱ្យឋានៈ ឬឈ្មោះរបស់ពួកគេរងការខាតបង់ ដោយសារតែការធ្វេសប្រហែស ឬការមិនប្រុងប្រយ័ត្នមួយពេលនោះឡើយ។ ដើម្បីតែឋានៈ ពួកគេបានរៀនពីរបៀបដើម្បីទទួលបាន «ការយល់ដឹងស៊ីជម្រៅ» ទៅលើអ្វីៗគ្រប់យ៉ាង។ រាល់ពេលដែលបងប្អូនប្រុសស្រីនិយាយអ្វីមួយដែលពួកគេមានអារម្មណ៍ថាមិនគោរព ឬបញ្ចេញមតិដែលផ្ទុយពីមតិរបស់ពួកគេ ពួកគេមិនបណ្ដោយឱ្យរឿងនោះកន្លងផុតទៅឡើយ ពួកគេចាត់ទុករឿងនេះជារឿងសំខាន់ ដោយធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ និងការវិភាគយ៉ាងស៊ីជម្រៅ ហើយបន្ទាប់មក ស្វែងរកការឆ្លើយតបដែលសមស្របដើម្បីដោះស្រាយជាមួយនឹងអ្វីដែលអ្នកទាំងនោះបាននិយាយ រហូតដល់ថ្នាក់ឋានៈរបស់ពួកគេត្រូវបានបង្កើតឡើងយ៉ាងរឹងមាំនៅក្នុងគំនិតរបស់មនុស្សគ្រប់គ្នា និងមិនអាចរង្គោះរង្គើបានជាដាច់ខាត។ នៅពេលដែលឈ្មោះរបស់ពួកគេត្រូវខូចខាត ឬពួកគេឮពាក្យសម្ដីដែលប៉ះពាល់ដល់ឈ្មោះរបស់ខ្លួន ពួកគេនឹងប្រញាប់តាមដានរកប្រភពដើម ហើយព្យាយាមរកលេស និងភាពសមហេតុផលដើម្បីស្ដារមុខមាត់របស់ពួកគេឡើងវិញ។ ហេតុដូច្នេះហើយ មិនថាពួកទទឹងនឹងព្រះគ្រីស្ទកំពុងបំពេញភារកិច្ចអ្វីក៏ដោយ មិនថាពួកគេកំពុងធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការឬអត់នោះទេ ក៏រឿងគ្រប់យ៉ាងដែលពួកគេរវល់ធ្វើ និងពាក្យសម្ដីគ្រប់ម៉ាត់ដែលពួកគេនិយាយ គឺដើម្បីតែឋានៈរបស់ពួកគេប៉ុណ្ណោះ ហើយមិនអាចបំបែកចេញពីបំណងប្រាថ្នារបស់ពួកគេក្នុងការការពារផលប្រយោជន៍របស់ខ្លួនបានឡើយ។ នៅក្នុងជម្រៅចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនមានគោលគំនិតទាល់តែសោះអំពីការអនុវត្តសេចក្ដីពិត ឬការការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយ សារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទអាចត្រូវបានកំណត់ន័យយ៉ាងត្រឹមត្រូវដូចតទៅ៖ ពួកគេគឺជាសត្រូវរបស់ព្រះជាម្ចាស់ ពួកគេគឺជាហ្វូងនៃពួកអារក្ស និងពួកសាតាំងដែលបានមកដើម្បីរំខាន បង្អាក់ និងបំផ្លាញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ពួកគេគឺជាពួកអ្នកបម្រើសាតាំង ពួកគេមិនមែនជាមនុស្សដែលដើរតាមព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនមែនជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ ឬជាគោលដៅនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ដែរ។
តើអ្នករាល់គ្នាមានអារម្មណ៍រំជួលចិត្តចំពោះរឿងណាមួយដែលពួកយើងបានប្រកបគ្នានៅថ្ងៃនេះដែរឬទេ? តើផ្នែកណាមួយដែលធ្វើឱ្យអ្នករាល់គ្នារំជួលចិត្ត? (គឺផ្នែកចុងក្រោយ ពោលគឺនៅពេលដែលព្រះជាម្ចាស់បានវែកញែកពីធម្មជាតិដ៏ប្រកួតប្រជែងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។) វាមិនមែនជារឿងល្អទេដែលតែងតែប្រកួតប្រជែងនោះ។ ឥរិយាបថនេះគឺផ្សារភ្ជាប់នឹងពួកទទឹងនឹងព្រះគ្រីស្ទ និងសេចក្ដីហិនវិនាស។ វាមិនមែនជាផ្លូវល្អឡើយ។ តើមនុស្សគួរធ្វើដូចម្ដេច នៅពេលដែលពួកគេមានការបង្ហាញចេញ និងការបញ្ចេញឱ្យឃើញទាំងនេះ? តើពួកគេគួរធ្វើការជ្រើសរើសបែបណាទៅ? តើពួកគេគួរចៀសវាងរឿងទាំងនេះដោយរបៀបណា? ទាំងនេះគឺជាបញ្ហាដែលមនុស្សគួរតែគិត និងត្រិះរិះឱ្យបានច្រើនបំផុតនៅពេលនេះ ហើយវាក៏ជាបញ្ហាដែលមនុស្សជួបប្រទះជារៀងរាល់ថ្ងៃផងដែរ។ តើពួកគេអាចទប់ចិត្តមិនឱ្យប្រកួតប្រជែងដោយរបៀបណា នៅពេលរឿងរ៉ាវកើតឡើង ហើយតើពួកគេគួរដោះស្រាយការឈឺចាប់ និងភាពមិនស្រួលនៅក្នុងចិត្តរបស់ពួកគេដោយរបៀបណាបន្ទាប់ពីពួកគេប្រកួតប្រជែងរួច នេះគឺជាបញ្ហាដែលមនុស្សគ្រប់រូបត្រូវតែប្រឈមមុខ។ មនុស្សមាននិស្ស័យពុករលួយ ដូច្នេះ ពួកគេសុទ្ធតែប្រកួតប្រជែងដណ្ដើមកិត្យានុភាព ផលចំណេញ និងមុខមាត់ ហើយវាជារឿងពិបាកសម្រាប់ពួកគេក្នុងការទប់ចិត្តមិនឱ្យប្រកួតប្រជែង។ ចុះប្រសិនបើមនុស្សម្នាក់មិនប្រកួតប្រជែង តើវាមានន័យថា គេបានកម្ចាត់និស្ស័យ និងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយឬ? (អត់ទេ នោះគ្រាន់តែជាបាតុភូតនៅសំបកក្រៅប៉ុណ្ណោះ។ ប្រសិនបើនិស្ស័យខាងក្នុងរបស់ពួកគេមិនត្រូវបានដោះស្រាយទេ នោះបញ្ហានៃការដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក៏មិនអាចដោះស្រាយបានដែរ។) ដូច្នេះ តើបញ្ហានៃការដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អាចដោះស្រាយបានដោយរបៀបណា? (ក្នុងទិដ្ឋភាពមួយ មនុស្សម្នាក់ត្រូវតែមានចំណេះដឹងអំពីរឿងនេះ ហើយមកចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋាន នៅពេលដែលពួកគេលេចចេញនូវគំនិត និងចេតនានៃការដណ្ដើមឋានៈ។ លើសពីនេះទៅទៀត ពួកគេត្រូវតែបើកចំហ និងលាតត្រដាងខ្លួនឯងចំពោះបងប្អូនប្រុសស្រី ហើយបន្ទាប់មក បះបោរទាស់នឹងគំនិត និងចេតនាមិនត្រឹមត្រូវទាំងនេះដោយដឹងខ្លួន។ ពួកគេក៏ត្រូវសុំឱ្យព្រះជាម្ចាស់ជំនុំជម្រះ វាយផ្ចាល លួសកាត់ និងប្រៀនប្រដៅពួកគេផងដែរ។ ទើបពួកគេអាចដើរលើផ្លូវដ៏ត្រឹមត្រូវបាន។) នោះគឺជាចម្លើយដ៏ល្អបង្គួរមួយ។ ទោះជាយ៉ាងណាក៏ដោយ រឿងនេះមិនងាយស្រួលនឹងសម្រេចបានឡើយ ជាពិសេសសម្រាប់អ្នកដែលស្រឡាញ់កេរ្តិ៍ឈ្មោះ និងឋានៈខ្លាំងពេក គឺកាន់តែពិបាកសម្រេចបានទៅទៀត។ ការលែងដៃពីកេរ្តិ៍ឈ្មោះ និងឋានៈ មិនមែនជារឿងងាយស្រួលទេ មនុស្សអាចសម្រេចវាបាន តែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ។ មានតែតាមរយៈការយល់ពីសេចក្ដីពិតប៉ុណ្ណោះ ទើបពួកគេអាចស្គាល់ខ្លួនឯង មើលឃើញយ៉ាងច្បាស់ពីភាពទទេស្អាតនៃការដេញតាមកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ ហើយមើលឃើញយ៉ាងច្បាស់ពីការពិតនៃសេចក្ដីពុករលួយរបស់មនុស្សជាតិ។ មានតែនៅពេលដែលមនុស្សស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដប៉ុណ្ណោះ ទើបពួកគេអាចបោះបង់ឋានៈ និងកេរ្តិ៍ឈ្មោះបាន។ វាមិនងាយស្រួលទេក្នុងការបោះបង់ចោលនិស្ស័យពុករលួយរបស់អ្នក។ ប្រសិនបើអ្នកបានទទួលស្គាល់ថា អ្នកមិនមានសេចក្ដីពិត ថាអ្នកមានចំណុចខ្វះខាតច្រើនពេក ហើយថាអ្នកបញ្ចេញឱ្យឃើញសេចក្ដីពុករលួយច្រើនពេក ប៉ុន្តែអ្នកមិនខិតខំប្រឹងប្រែងក្នុងការដេញតាមសេចក្ដីពិត ហើយអ្នកបន្លំខ្លួន និងប្រព្រឹត្តដោយពុតត្បុត បណ្ដាលឱ្យមនុស្សយល់ច្រឡំថា អ្នកអាចធ្វើអ្វីបានគ្រប់យ៉ាង នោះរឿងនេះនឹងធ្វើឱ្យអ្នកមានគ្រោះថ្នាក់ ហើយមិនយូរមិនឆាប់ អ្នកនឹងជួបផ្លូវទាល់ ហើយដួលរលំមិនខាន។ អ្នកត្រូវតែទទួលស្គាល់ថា អ្នកមិនមានសេចក្ដីពិត ហើយត្រូវក្លាហានហ៊ានប្រឈមមុខនឹងតថភាព។ អ្នកមានភាពទន់ខ្សោយ បញ្ចេញឱ្យឃើញសេចក្ដីពុករលួយ និងមានចំណុចខ្វះខាតគ្រប់បែបយ៉ាង។ នេះជារឿងធម្មតាទេ ពីព្រោះអ្នកគឺជាមនុស្សធម្មតា អ្នកមិនមែនជាមនុស្សដែលមានមហិទ្ធិឫទ្ធិវិសេស ឬមានមហិទ្ធិឫទ្ធិសព្វបែបយ៉ាងឡើយ ហើយអ្នកត្រូវតែទទួលស្គាល់រឿងនោះ។ នៅពេលដែលអ្នកដទៃមើលងាយ ឬចំអកដៀលត្មះឱ្យអ្នក ចូរកុំប្រញាប់មានប្រតិកម្មដោយសេចក្ដីស្អប់ខ្ពើមភ្លាមៗ ដោយសារតែអ្វីដែលពួកគេនិយាយមិនគួរឱ្យចង់ស្ដាប់ ឬទាស់ទទឹងនឹងរឿងនោះ ដោយសារតែអ្នកជឿថាខ្លួនឯងមានសមត្ថភាព និងគ្រប់លក្ខណ៍ឱ្យសោះ នេះមិនគួរជាអាកប្បកិរិយារបស់អ្នកចំពោះពាក្យសម្ដីបែបនេះឡើយ។ តើអាកប្បកិរិយារបស់អ្នកគួរតែបែបណា? អ្នកគួរតែនិយាយប្រាប់ខ្លួនឯងថា៖ «ខ្ញុំមានកំហុសរបស់ខ្ញុំ អ្វីៗគ្រប់យ៉ាងអំពីខ្ញុំគឺពុករលួយ និងមានចំណុចខ្វះខាត ហើយខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ទោះបីជាពួកគេមើលងាយ និងចំអកដៀលត្មះឱ្យខ្ញុំក៏ដោយ តើមានការពិតណាមួយនៅក្នុងរឿងនោះដែរឬទេ? ប្រសិនបើផ្នែកនៃអ្វីដែលពួកគេនិយាយគឺជាការពិត នោះខ្ញុំត្រូវតែទទួលយករឿងនេះពីព្រះជាម្ចាស់»។ ប្រសិនបើអ្នកមានអាកប្បកិរិយានេះ វាគឺជាភស្តុតាងបញ្ជាក់ថា អ្នកមានសមត្ថភាពក្នុងការដោះស្រាយនឹងឋានៈ កេរ្តិ៍ឈ្មោះ និងអ្វីដែលអ្នកដទៃនិយាយអំពីអ្នកបានយ៉ាងត្រឹមត្រូវ។ ឋានៈ និងកេរ្តិ៍ឈ្មោះ មិនងាយនឹងទុកចោលមួយឡែកឡើយ។ សម្រាប់អស់អ្នកដែលមានអំណោយទានខ្លះៗ មានគុណសម្បត្តិកម្រិតណាមួយ ឬមានបទពិសោធការងារខ្លះៗ ការទុករឿងទាំងនេះចោលមួយឡែក គឺកាន់តែពិបាកទៅទៀត។ ទោះបីជាជួនកាល ពួកគេអាចនឹងអះអាងថាបានទុករឿងទាំងនោះចោលមួយឡែកក៏ដោយ ក៏ពួកគេមិនអាចធ្វើបែបនោះនៅក្នុងចិត្តរបស់ខ្លួនបានឡើយ។ នៅពេលដែលស្ថានការណ៍អំណោយផល ហើយពួកគេមានឱកាសភ្លាម ពួកគេនឹងបន្តតស៊ូដណ្ដើមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈដូចដែលពួកគេធ្លាប់ធ្វើពីមុនមក ពីព្រោះមនុស្សពុករលួយទាំងអស់សុទ្ធតែស្រឡាញ់រឿងទាំងនេះ គ្រាន់តែអស់អ្នកដែលមិនមានអំណោយទាន ឬទេពកោសល្យ មានបំណងប្រាថ្នាខ្សោយជាងបន្តិចក្នុងការដេញតាមឋានៈប៉ុណ្ណោះ។ អស់អ្នកដែលមានចំណេះដឹង ទេពកោសល្យ រូបរាងស្អាតបាត និងដើមទុនពិសេស មានបំណងប្រាថ្នាខ្លាំងក្លាជាពិសេសចំពោះកេរ្តិ៍ឈ្មោះ និងឋានៈ រហូតដល់ថ្នាក់ពួកគេពោរពេញទៅដោយមហិច្ឆតា និងបំណងប្រាថ្នានេះទៀតផង។ នេះគឺជារឿងដែលពិបាកទុកចោលមួយឡែកបំផុតសម្រាប់ពួកគេ។ នៅពេលពួកគេគ្មានឋានៈ បំណងប្រាថ្នារបស់ពួកគេគឺស្ថិតក្នុងដំណាក់កាលពន្លកនៅឡើយ។ នៅពេលពួកគេទទួលបានឋានៈ នៅពេលដំណាក់របស់ព្រះជាម្ចាស់ផ្ទុកផ្ដាក់ភារកិច្ចដ៏សំខាន់មួយចំនួនដល់ពួកគេ ហើយជាពិសេសប្រសិនបើពួកគេបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំ និងមានបទពិសោធ ព្រមទាំងដើមទុនយ៉ាងច្រើន នោះបំណងប្រាថ្នានេះលែងស្ថិតក្នុងដំណាក់កាលពន្លកទៀតហើយ ប៉ុន្តែវាបានចាក់ឫសគល់ រីកដុះដាល និងហៀបនឹងបង្កើតផ្លែផ្កាទៅហើយ។ ប្រសិនបើមនុស្សម្នាក់មានបំណងប្រាថ្នា និងមហិច្ឆតាជានិច្ចក្នុងការធ្វើរឿងធំដុំ ដើម្បីក្លាយជាមនុស្សល្បីល្បាញ ដើម្បីក្លាយជាបុគ្គលអស្ចារ្យណាម្នាក់ នោះនៅពេលពួកគេប្រព្រឹត្តសេចក្ដីអាក្រក់ដ៏ធំ ហើយផលវិបាករបស់វាជះឥទ្ធិពលភ្លាម ពួកគេនឹងវិនាសទាំងស្រុង ហើយត្រូវបានជម្រុះចោល។ ដូច្នេះហើយ មុនពេលដែលរឿងនេះនាំទៅរកមហន្តរាយដ៏ធំសម្បើម ពួកគេត្រូវតែប្រញាប់កែប្រែស្ថានការណ៍នេះ ខណៈដែលនៅមានពេល។ រាល់ពេលអ្នកធ្វើអ្វីមួយ និងក្នុងបរិបទណាក៏ដោយ អ្នកត្រូវតែស្វែងរកសេចក្ដីពិត អនុវត្តការធ្វើជាមនុស្សស្មោះត្រង់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយទុកការដេញតាមឋានៈ និងកេរ្តិ៍ឈ្មោះចោលមួយឡែក។ នៅពេលអ្នកមានគំនិត និងបំណងប្រាថ្នាជានិច្ចក្នុងការប្រកួតប្រជែងដណ្ដើមឋានៈ នោះអ្នកត្រូវតែដឹងថា តើសភាពបែបនេះនឹងនាំទៅរកផលវិបាកអាក្រក់បែបណា ប្រសិនបើទុកចោលដោយមិនដោះស្រាយ។ ដូច្នេះ ចូរកុំបង្អង់ពេលក្នុងការស្វែងរកសេចក្ដីពិតឡើយ ចូរយកឈ្នះលើបំណងប្រាថ្នារបស់អ្នកក្នុងការប្រកួតប្រជែងដណ្ដើមឋានៈ ខណៈពេលដែលវាស្ថិតក្នុងដំណាក់កាលពន្លកនៅឡើយ ហើយជំនួសវាដោយការអនុវត្តសេចក្ដីពិតវិញ។ នៅពេលដែលអ្នកអនុវត្តសេចក្ដីពិត បំណងប្រាថ្នា និងមហិច្ឆតារបស់អ្នកក្នុងការប្រកួតប្រជែងដណ្ដើមឋានៈនឹងថយចុះ ហើយអ្នកនឹងមិនរំខានដល់កិច្ចការនៃពួកជំនុំឡើយ។ តាមរបៀបនេះ សកម្មភាពរបស់អ្នកនឹងត្រូវបានព្រះជាម្ចាស់ចងចាំ និងសព្វព្រះហឫទ័យ។ ដូច្នេះ តើខ្ញុំកំពុងព្យាយាមសង្កត់ធ្ងន់លើអ្វី? គឺរឿងនេះ៖ អ្នកត្រូវតែកម្ចាត់បំណងប្រាថ្នា និងមហិច្ឆតារបស់អ្នកចោល មុនពេលដែលចេញផ្កា បង្កើតផលផ្លែ និងនាំទៅរកមហន្តរាយដ៏ធំសម្បើម។ ប្រសិនបើអ្នកមិនដោះស្រាយរឿងទាំងនោះ ខណៈដែលវានៅតូចនៅឡើយទេ នោះអ្នកនឹងបាត់បង់ឱកាសដ៏ល្អបំផុតមួយ ហើយនៅពេលដែលវានាំទៅរកមហន្តរាយដ៏ធំសម្បើម វានឹងហួសពេលក្នុងការដោះស្រាយហើយ។ ប្រសិនបើអ្នកខ្វះសូម្បីតែការតាំងចិត្តក្នុងការបះបោរទាស់នឹងសាច់ឈាម នោះវានឹងពិបាកខ្លាំងណាស់សម្រាប់អ្នកក្នុងការឈានជើងចូលទៅក្នុងផ្លូវនៃការដេញតាមសេចក្ដីពិត។ ប្រសិនបើអ្នកជួបប្រទះនឹងឧបសគ្គ និងបរាជ័យក្នុងការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់អ្នក ហើយអ្នកមិនភ្ញាក់រលឹកទេ នោះនេះគឺជាគ្រោះថ្នាក់៖ វាមានលទ្ធភាពដែលថាអ្នកនឹងត្រូវបានជម្រុះចោល។ នៅពេលអស់អ្នកដែលស្រឡាញ់សេចក្ដីពិត ជួបប្រទះបរាជ័យ និងឧបសគ្គមួយឬពីរដងទាក់ទងនឹងកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ ពួកគេអាចមើលឃើញយ៉ាងច្បាស់ថា កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ គឺគ្មានតម្លៃទាល់តែសោះ។ ពួកគេអាចលះបង់ឋានៈ និងកេរ្តិ៍ឈ្មោះចោលទាំងស្រុង ហើយតាំងចិត្តថា ទោះបីជាពួកគេមិនដែលមានឋានៈក៏ដោយ ក៏ពួកគេនឹងនៅតែបន្តដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ព្រមទាំងចែករំលែកទីបន្ទាល់តាមរយៈបទពិសោធរបស់ពួកគេ ហើយតាមរយៈនោះ ក៏សម្រេចបាននូវលទ្ធផលនៃការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ សូម្បីតែនៅពេលពួកគេជាអ្នកដើរតាមធម្មតាក៏ដោយ ក៏ពួកគេនៅតែមានសមត្ថភាពដើរតាមរហូតដល់ទីបញ្ចប់ដែរ ហើយអ្វីទាំងអស់ដែលពួកគេចង់បាន គឺទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ប៉ុណ្ណោះ។ មានតែអ្នកទាំងនេះទេទើបជាមនុស្សដែលស្រឡាញ់សេចក្ដីពិតយ៉ាងពិតប្រាកដ និងមានការតាំងចិត្ត។ ដំណាក់របស់ព្រះជាម្ចាស់បានជម្រុះចោលពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ជាច្រើន ហើយអ្នកខ្លះដែលដេញតាមសេចក្ដីពិត បន្ទាប់ពីបានឃើញបរាជ័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេក៏ឆ្លុះបញ្ចាំងពីផ្លូវដែលមនុស្សទាំងនោះបានដើរ ហើយក៏ឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងផងដែរ។ តាមរយៈរឿងនេះ ពួកគេទទួលបានការយល់ដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តាំងចិត្តធ្វើជាអ្នកដើរតាមធម្មតា ហើយផ្ដោតលើការដេញតាមសេចក្ដីពិត និងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ។ ទោះបីជាព្រះជាម្ចាស់មានព្រះបន្ទូលថា ពួកគេគឺជាអ្នកបម្រើការ ឬជាមនុស្សទាបថោកដែលគ្មានអ្នកណាស្គាល់ក៏ដោយ ក៏ពួកគេមិនអីដែរ។ ពួកគេនឹងគ្រាន់តែព្យាយាមធ្វើជាមនុស្សទាបថោក និងជាអ្នកដើរតាមដ៏តូចតាច និងមិនសំខាន់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលនៅទីបំផុត នឹងត្រូវបានព្រះជាម្ចាស់ហៅថាជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដា។ មនុស្សបែបនេះគឺជាមនុស្សល្អ និងជាអស់អ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ។
ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សដែលដេញតាមសេចក្ដីពិត ហើយអ្វីដែលទ្រង់ស្អប់ខ្ពើមបំផុតនោះគឺ ការដែលមនុស្សដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ។ មនុស្សមួយចំនួនពិតជាស្រឡាញ់ថ្នាក់ថ្នមឋានៈ និងកេរ្តិ៍ឈ្មោះ ពួកគេជាប់ជំពាក់នឹងរឿងទាំងនេះយ៉ាងខ្លាំង ហើយមិនដាច់ចិត្តបោះបង់វាចោលឡើយ។ ពួកគេតែងតែមានអារម្មណ៍ថា បើគ្មានឋានៈ និងកេរ្តិ៍ឈ្មោះទេ នោះគ្មានសេចក្ដីអំណរ ឬក្ដីសង្ឃឹមក្នុងការរស់នៅឡើយ ថាមានតែក្ដីសង្ឃឹមនៅក្នុងជីវិតនេះ លុះត្រាតែនៅពេលពួកគេរស់នៅដើម្បីឋានៈ និងកេរ្តិ៍ឈ្មោះប៉ុណ្ណោះ ហើយទោះបីជាពួកគេមានកិត្តិនាមបន្តិចបន្តួចក៏ដោយ ក៏ពួកគេនឹងបន្តតស៊ូ ដោយមិនបោះបង់ចោលជាដាច់ខាត។ ប្រសិនបើនេះគឺជាគំនិត និងទស្សនៈដែលអ្នកមាន ប្រសិនបើចិត្តរបស់អ្នកពោរពេញទៅដោយរឿងទាំងនេះ នោះអ្នកគ្មានសមត្ថភាពស្រឡាញ់ និងដេញតាមសេចក្ដីពិតឡើយ អ្នកខ្វះទិសដៅ និងគោលដៅដ៏ត្រឹមត្រូវនៅក្នុងសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ហើយគ្មានសមត្ថភាពដេញតាមការស្គាល់ខ្លួនឯង បោះបង់សេចក្ដីពុករលួយ និងសម្ដែងចេញនូវលក្ខណៈជាមនុស្សបានឡើយ។ អ្នកធ្វើឱ្យតែរួចពីដៃនៅពេលបំពេញភារកិច្ចរបស់អ្នក អ្នកគ្មានស្មារតីទទួលខុសត្រូវទាល់តែសោះ ហើយស្កប់ស្កល់ត្រឹមតែការមិនប្រព្រឹត្តសេចក្ដីអាក្រក់ មិនបង្កការរំខាន និងមិនត្រូវបានគេដកចេញប៉ុណ្ណោះ។ តើមនុស្សបែបនេះអាចបំពេញភារកិច្ចរបស់ខ្លួនក្នុងរបៀបមួយដែលត្រូវតាមស្ដង់ដាបានដែរឬទេ? ហើយតើពួកគេអាចត្រូវបានព្រះជាម្ចាស់សង្គ្រោះដែរឬទេ? គឺមិនអាចទៅរួចឡើយ។ នៅពេលដែលអ្នកធ្វើសកម្មភាពដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈ អ្នកថែមទាំងគិតថា៖ «ដរាបណាអ្វីដែលខ្ញុំធ្វើមិនមែនជាអំពើអាក្រក់ និងមិនបង្កជាការរំខាន នោះទោះបីជាចេតនាបង្កប់របស់ខ្ញុំខុសក៏ដោយ ក៏គ្មានអ្នកណាអាចមើលឃើញ ឬថ្កោលទោសខ្ញុំបានដែរ»។ អ្នកមិនដឹងទេថា ព្រះជាម្ចាស់ពិនិត្យពិច័យអ្វីៗទាំងអស់។ ប្រសិនបើអ្នកមិនទទួលយក ឬអនុវត្តសេចក្ដីពិត ហើយត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើមនិងបដិសេធ នោះអ្វីៗនឹងចប់សព្វគ្រប់សម្រាប់អ្នកហើយ។ អស់អ្នកដែលមិនមានចិត្តកោតខ្លាចព្រះជាម្ចាស់ គិតថាខ្លួនឯងឆ្លាត តាមពិតទៅ ពួកគេមិនទាំងដឹងខ្លួនថាបានប្រមាថទ្រង់ពីពេលណាផង។ មនុស្សមួយចំនួនមើលមិនឃើញរឿងទាំងនេះច្បាស់ឡើយ ពួកគេគិតថា៖ «ខ្ញុំគ្រាន់តែដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ដើម្បីធ្វើកិច្ចការឱ្យបានកាន់តែច្រើន និងទទួលខុសត្រូវឱ្យបានកាន់តែច្រើនប៉ុណ្ណោះ។ វាមិនបង្កជាការបង្អាក់ ឬការរំខានដល់កិច្ចការរបស់ពួកជំនុំឡើយ ហើយប្រាកដណាស់ថាវាក៏មិនធ្វើឱ្យខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ដែរ។ វាមិនមែនជាបញ្ហាធំដុំទេ។ ខ្ញុំគ្រាន់តែស្រឡាញ់ឋានៈ និងការពារឋានៈរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែវាមិនមែនជាទង្វើអាក្រក់ឡើយ»។ មើលពីសំបកក្រៅ ការដេញតាមបែបនេះអាចនឹងហាក់ដូចជាមិនមែនជាទង្វើអាក្រក់ឡើយ ប៉ុន្តែតើនៅទីបំផុត វានាំទៅរកអ្វី? តើមនុស្សបែបនេះនឹងទទួលបានសេចក្ដីពិតដែរឬទេ? តើពួកគេនឹងសម្រេចបានសេចក្ដីសង្គ្រោះដែរឬទេ? ដាច់ខាតគឺមិនបានឡើយ។ ហេតុដូច្នេះហើយ ការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ មិនមែនជាផ្លូវត្រឹមត្រូវឡើយ វាដើរផ្ទុយស្រឡះពីទិសដៅនៃការដេញតាមសេចក្ដីពិត។ សរុបសេចក្ដីមក ទោះបីជាទិសដៅ ឬគោលដៅនៃការដេញតាមរបស់អ្នកជាអ្វីក៏ដោយ ប្រសិនបើអ្នកមិនឆ្លុះបញ្ចាំងពីការដេញតាមឋានៈ និងកេរ្តិ៍ឈ្មោះ ហើយប្រសិនបើអ្នកយល់ថាវាពិបាកខ្លាំងណាស់ក្នុងការបោះបង់ចោលរឿងនេះ នោះវានឹងប៉ះពាល់ដល់ការចូលទៅក្នុងជីវិតរបស់អ្នក។ ដរាបណា ឋានៈមានកន្លែងនៅក្នុងចិត្តរបស់អ្នក នោះវានឹងអាចគ្រប់គ្រង និងមានឥទ្ធិពលយ៉ាងពេញលេញទៅលើទិសដៅជីវិតរបស់អ្នក និងគោលដៅនៃការដេញតាមរបស់អ្នក ដែលក្នុងករណីនោះ វានឹងពិបាកខ្លាំងណាស់សម្រាប់អ្នកក្នុងការចូលទៅក្នុងតថភាពនៃសេចក្ដីពិត មិនបាច់និយាយដល់ការសម្រេចបាននូវការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកឡើយ។ មិនថានៅទីបំផុតអ្នកអាចទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ឬអត់ក៏ដោយក៏មិនចាំបាច់និយាយដែរ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកមិនអាចបោះបង់ចោលការដេញតាមឋានៈរបស់អ្នកបានទេ នោះវានឹងប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការបំពេញភារកិច្ចរបស់អ្នកឱ្យស្របតាមស្ដង់ដា ដែលនឹងធ្វើឱ្យវាពិបាកខ្លាំងណាស់សម្រាប់អ្នកក្នុងការក្លាយជាភាវៈដែលបានបង្កើតមកដែលស្របតាមស្ដង់ដា។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ព្រះជាម្ចាស់ស្អប់ខ្ពើមបំផុតនៅពេលដែលមនុស្សដេញតាមឋានៈ ពីព្រោះការដេញតាមឋានៈគឺជានិស្ស័យរបស់សាតាំង វាជាផ្លូវខុស វាបានកើតចេញពីសេចក្ដីពុករលួយរបស់សាតាំង វាជាអ្វីមួយដែលព្រះជាម្ចាស់ផ្ដន្ទាទោស ហើយវាគឺជាអ្វីដែលព្រះជាម្ចាស់នឹងជំនុំជម្រះ និងបោសសម្អាត។ ព្រះជាម្ចាស់ស្អប់ខ្ពើមបំផុតនៅពេលដែលមនុស្សដេញតាមឋានៈ ប៉ុន្តែអ្នកនៅតែរឹងប្រជែងដណ្ដើមឋានៈ អ្នកឱ្យតម្លៃខ្ពស់លើវា និងការពារវាជានិច្ច ដោយតែងតែព្យាយាមយកវាធ្វើជារបស់ខ្លួន។ តើនៅក្នុងរឿងទាំងអស់នេះ មិនមានលក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់បន្តិចបន្តួចទេឬ? ឋានៈមិនមែនជាអ្វីដែលព្រះជាម្ចាស់បានកំណត់ទុកសម្រាប់មនុស្សឡើយ។ ព្រះជាម្ចាស់ប្រទានសេចក្ដីពិត ផ្លូវ និងជីវិតដល់មនុស្ស ដើម្បីឱ្យនៅទីបំផុតពួកគេក្លាយជាភាវៈដែលបានបង្កើតមកដែលស្របតាមស្ដង់ដា ជាភាវៈដែលបានបង្កើតមកដ៏តូចតាច និងមិនសំខាន់ ពោលគឺមិនមែនជាអ្នកដែលមានឋានៈ និងកិត្យានុភាព ហើយត្រូវបានមនុស្សរាប់ពាន់នាក់លើកតម្កើងនោះទេ។ ដូច្នេះហើយ ទោះបីជាមើលពីទស្សនៈណាក៏ដោយ ការដេញតាមឋានៈគឺជាផ្លូវទៅសេចក្ដីវិនាស។ ទោះបីជាហេតុផលរបស់អ្នកសម្រាប់ការដេញតាមឋានៈសមហេតុផលយ៉ាងណាក៏ដោយ ផ្លូវនេះនៅតែជាផ្លូវខុស ហើយមិនត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យឡើយ។ ទោះបីជាអ្នកព្យាយាមខ្លាំងប៉ុនណា ឬលះបង់តម្លៃធំប៉ុនណាក៏ដោយ ប្រសិនបើអ្នកប្រាថ្នាចង់បានឋានៈ ព្រះជាម្ចាស់មិនប្រទានវាមកអ្នកទេ នោះអ្នកនឹងបរាជ័យក្នុងការតស៊ូដើម្បីទទួលបានវា ហើយប្រសិនបើអ្នកបន្តតស៊ូ នោះនឹងមានលទ្ធផលតែមួយគត់៖ អ្នកនឹងត្រូវបានបើកសម្ដែងឱ្យឃើញ និងត្រូវបានជម្រុះចោល។ អ្នកនឹងនៅលើផ្លូវទៅកាន់សេចក្ដីវិនាស។ អ្នកយល់ពីរឿងនេះហើយមែនទេ?
ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២០