៧២. តើការមានឋានៈអាចធានានូវសេចក្ដីសង្រ្គោះបានដែរឬទេ?
នៅខែឧសភា ឆ្នាំ ២០១៨ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ។ មួយឆ្នាំក្រោយមក ខ្ញុំត្រូវបានគេបោះឆ្នោតជ្រើសរើសជាអ្នកដឹកនាំពួកជំនុំ ហើយបួនឆ្នាំក្រោយមក ខ្ញុំត្រូវបានគេបោះឆ្នោតជ្រើសរើសជាអ្នកមើលការខុសត្រូវពួកជំនុំនៅក្នុងប្រទេសកាមេរូន។ ខ្ញុំគិតថាខ្ញុំពូកែណាស់ ហាក់ដូចជាខ្ញុំនៅខ្ពស់ជាងអ្នកដទៃអញ្ចឹង។ នៅក្នុងសញ្ញាណរបស់ខ្ញុំ ខ្ញុំគិតថាព្រះជាម្ចាស់ឲ្យតម្លៃអ្នកដែលមានឋានៈជាងគេ ហើយថាមនុស្សទាំងនេះមានតម្លៃជាងអ្នកដទៃ ហើយថាពួកគេមានឱកាសល្អជាងក្នុងការទទួលបានសេចក្ដីសង្រ្គោះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃការធ្វើជាអ្នកដឹកនាំ ខ្ញុំទទួលបានច្រើនណាស់ ដូច្នេះ ខ្ញុំមានអារម្មណ៍ជឿជាក់លើសេចក្ដីសង្រ្គោះរបស់ខ្ញុំ។ ដោយសារតែហេតុនេះ ខ្ញុំកាន់តែមានកម្លាំងចិត្តនៅក្នុងភារកិច្ចរបស់ខ្ញុំ។ សូម្បីតែពេលអ្នកដទៃចូលដេកអស់ហើយនៅពេលយប់ ក៏ខ្ញុំនៅតែបំពេញភារកិច្ចរបស់ខ្ញុំដែរ។ ខ្ញុំគិតថា ដោយសារខ្ញុំបានលះបង់ច្រើនជាង និងរែកពុនការទទួលខុសត្រូវច្រើនជាងអ្នកដទៃ ព្រះជាម្ចាស់នឹងប្រទានពរខ្ញុំច្រើនជាង។ ក្នុងនាមជាអ្នកដឹកនាំ ខ្ញុំតែងតែដើរងើបមុខឡើង ដោយមានអារម្មណ៍ថាខ្លួនឯងវិសេសជាងគេ។ ខ្ញុំគិតថា ឲ្យតែខ្ញុំនៅតែជាអ្នកដឹកនាំ សេចក្ដីសង្រ្គោះរបស់ខ្ញុំនឹងត្រូវបានធានា។ ប៉ុន្តែអ្វីៗមិនបានដូចដែលខ្ញុំសង្ឃឹមទុកឡើយ។
ដោយសារកិច្ចការផ្សាយដំណឹងល្អត្រូវការមនុស្សជាបន្ទាន់ ខ្ញុំត្រូវបានចាត់ឱ្យទៅផ្សាយដំណឹងល្អ។ អ្វីៗដំណើរការទៅយ៉ាងរលូនពាក់ព័ន្ធនឹងរឿងនេះ ហើយខ្ញុំទទួលបានលទ្ធផលល្អគួរសមនៅក្នុងភារកិច្ចរបស់ខ្ញុំ។ មិនយូរប៉ុន្មាន ខ្ញុំត្រូវបានដំឡើងជាប្រធានក្រុម។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលត្រូវបានដំឡើងឋានៈ។ ខ្ញុំគឺជាប្រធានក្រុមផង និងជាអ្នកមើលការខុសត្រូវពួកជំនុំផង។ ខ្ញុំមានអារម្មណ៍ថាកាន់តែជិតនឹងសេចក្ដីសង្រ្គោះ ហើយថាគោលដៅរបស់ខ្ញុំកាន់តែមានសុវត្ថិភាព។ នៅដើមខែកញ្ញា ឆ្នាំ ២០២២ ខ្ញុំត្រូវបានផ្ទេរទៅពួកជំនុំពន្លឺថ្មី ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ នៅទីនោះ គេមានប្រធានក្រុមផ្សាយដំណឹងល្អ និងអ្នកមើលការខុសត្រូវពួកជំនុំរួចហើយ។ ដូច្នេះ ខ្ញុំគ្រាន់តែជាអ្នកធ្វើការខាងផ្សាយដំណឹងល្អធម្មតាម្នាក់ប៉ុណ្ណោះ ហើយខ្ញុំបានបាត់បង់តំណែងជាប្រធានក្រុមផ្សាយដំណឹងល្អ និងអ្នកមើលការខុសត្រូវពួកជំនុំ។ នៅពេលប្រឈមមុខនឹងការផ្លាស់ប្ដូរបែបនេះ ខ្ញុំមានអារម្មណ៍ថាឋានៈរបស់ខ្ញុំបានធ្លាក់ចុះ។ ខ្ញុំបានបាត់បង់អារម្មណ៍ថាខ្លួនឯងវិសេសជាងគេ ហើយថែមទាំងមានអារម្មណ៍ថាខ្ញុំអាចនឹងបាត់បង់ឱកាសទទួលបានសេចក្ដីសង្រ្គោះទៀតផង។ បន្ទាប់ពីនោះមក ខ្ញុំបាត់បង់កម្លាំងចិត្តនៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយគ្រាន់តែចង់នៅស្ងៀមស្ងាត់។ នៅពេលដែលខ្ញុំមានឋានៈ ខ្ញុំធ្លាប់ដើរងើបមុខឡើង ដោយមានអារម្មណ៍ថាមានមោទនភាពខ្លាំងណាស់ ប៉ុន្តែនៅពេលគ្មានឋានៈ ខ្ញុំបានបាត់បង់ភាពក្លៀវក្លារបស់ខ្ញុំ។ ទោះជាយ៉ាងណា ខ្ញុំនៅតែតស៊ូប្រកាន់ខ្ជាប់នូវក្ដីសង្ឃឹម ដោយគិតថា «ខ្ញុំទើបតែមកដល់ ដូច្នេះបងប្អូនប្រុសស្រីនៃពួកជំនុំពន្លឺថ្មីមិនទាន់ស្គាល់ខ្ញុំទេ។ ឲ្យតែខ្ញុំបន្តខិតខំប្រឹងប្រែងនៅក្នុងភារកិច្ចរបស់ខ្ញុំ ជាមួយនឹងគុណសម្បត្តិ និងសមត្ថភាពការងាររបស់ខ្ញុំ ខ្ញុំប្រាកដជានឹងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដែលនៅជុំវិញខ្ញុំ ហើយមិនយូរមិនឆាប់ ខ្ញុំនឹងត្រូវបានគេបោះឆ្នោតជ្រើសរើសជាអ្នកដឹកនាំម្ដងទៀត។ ខ្ញុំនៅតែមានសង្ឃឹមថានឹងទទួលបានសេចក្ដីសង្រ្គោះ!» ពេលគិតដល់ចំណុចនេះ ខ្ញុំមិនបានក្លាយជាអវិជ្ជមានពេកទេ ហើយបានបន្តបំពេញភារកិច្ចរបស់ខ្ញុំ។
នៅចុងខែធ្នូ ឆ្នាំ ២០២២ ពួកជំនុំពន្លឺថ្មីត្រូវការបោះឆ្នោតជ្រើសរើសអ្នកមើលការខុសត្រូវពួកជំនុំឡើងវិញ។ នៅមុនការបោះឆ្នោត ខ្ញុំមានទំនុកចិត្តខ្លាំងណាស់ ហើយគិតថាខ្ញុំប្រាកដជានឹងជាប់ឆ្នោត ព្រោះគ្រប់គ្នាដឹងថាខ្ញុំធ្លាប់ធ្វើជាអ្នកដឹកនាំអស់រយៈពេលជាច្រើនឆ្នាំ ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងរឿងនេះ។ ប៉ុន្តែដោយនឹកស្មានមិនដល់ នៅពេលលទ្ធផលឆ្នោតត្រូវបានបង្ហាញ វាបានប្រែថាខ្ញុំទទួលបានសំឡេងឆ្នោតតែពីរប៉ុណ្ណោះ។ ខ្ញុំបានចាញ់ឆ្នោតហើយ។ រឿងនេះពិតជាពិបាកទទួលយកណាស់។ ខ្ញុំមានអារម្មណ៍ថាគ្មានតម្លៃទាល់តែសោះ ដូចជាសត្វស្លាបដែលត្រូវគេបោចរោមអស់រលីង ហើយខ្ញុំសឹងតែទ្រាំមិនបាននឹងខ្សែភ្នែកអ្នកដទៃដែលមើលមកខ្ញុំឡើយ។ ក្នុងអំឡុងពេលនោះ ខ្ញុំមានអារម្មណ៍អវិជ្ជមានខ្លាំងណាស់ ហើយមានការយល់ខុសចំពោះព្រះជាម្ចាស់។ ខ្ញុំគិតថា ការមានឋានៈនឹងអនុញ្ញាតឱ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំបានល្អប្រសើរ និងត្រូវបានព្រះជាម្ចាស់ទទួលស្គាល់។ ឥឡូវនេះ ដោយសារខ្ញុំបានបាត់បង់ឋានៈ ខ្ញុំគិតថា នេះមានន័យថាព្រះជាម្ចាស់នឹងលែងសង្រ្គោះខ្ញុំទៀតហើយ ហើយថាខ្ញុំបានបាត់បង់គោលដៅដ៏ល្អរបស់ខ្ញុំ។ ខ្ញុំមិនចង់ចូលរួមការប្រជុំក្រុម ឬឆ្លើយតបសារពីបងប្អូនប្រុសស្រីរបស់ខ្ញុំទេ។ ខ្ញុំគ្រាន់តែចង់លាក់ខ្លួន និងបិទខ្លួនឯងតែប៉ុណ្ណោះ។ ខ្ញុំចូលរួមការប្រជុំក្រុមទាំងស្ទាក់ស្ទើរ ហើយក្នុងអំឡុងពេលប្រជុំទាំងនេះ ខ្ញុំមិនបានចូលរួមយ៉ាងសកម្មក្នុងការប្រកបគ្នាទេ។ ខ្ញុំមិនចង់ឱ្យគេចាប់អារម្មណ៍ពីវត្តមានរបស់ខ្ញុំទេ ព្រោះខ្ញុំលែងមានឋានៈអ្វីទៀតហើយ។ ខ្ញុំខ្លាចថា បងប្អូនប្រុសស្រីនឹងចងចាំខ្ញុំត្រឹមតែជាអតីតអ្នកដឹកនាំម្នាក់ដែលត្រូវបានគេទុកមួយឡែក។ ខ្ញុំថែមទាំងមិនចង់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬអធិដ្ឋានផង ហើយទោះបីជាខ្ញុំបានអធិដ្ឋានក៏ដោយ ខ្ញុំគ្រាន់តែធ្វើឱ្យតែបង្គ្រប់កិច្ច ហើយមិនដឹងថាត្រូវនិយាយអ្វីទៅកាន់ព្រះជាម្ចាស់ទេ។ ខ្ញុំមិនសកម្មនៅក្នុងភារកិច្ចរបស់ខ្ញុំទេ ហើយពេលខ្លះ ខ្ញុំមិនអាចធ្វើចិត្តឱ្យស្ងប់បានទេ ហើយខ្ញុំបែរជាទៅមើលគេហទំព័រព័ត៌មាន គេហទំព័រនយោបាយ និងវីដេអូសត្វវិញ។ បន្ទាប់ពីមើលរបស់ទាំងនេះហើយ ខ្ញុំមិនមានអារម្មណ៍ថាទទួលបានផលអ្វីសោះ ហើយខ្ញុំមានអារម្មណ៍ទទេស្អាតនៅក្នុងចិត្ត។ ខ្ញុំមានអារម្មណ៍ថាសភាពរបស់ខ្ញុំមិនប្រក្រតីទេ ហើយថាអាចមានបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅពីក្រោយការបរាជ័យរបស់ខ្ញុំក្នុងការបោះឆ្នោត។ ដូច្នេះ ខ្ញុំបានអធិដ្ឋានទៅព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ ទូលបង្គំមិនអាចធ្វើចិត្តឱ្យស្ងប់ដើម្បីបំពេញភារកិច្ចរបស់ទូលបង្គំនៅពេលនេះបានទេ ហើយទូលបង្គំថែមទាំងចង់នៅឃ្លាតឆ្ងាយពីព្រះអង្គទៀតផង។ ទូលបង្គំមិនយល់ថាហេតុអ្វីបានជាទូលបង្គំមានសភាពបែបនេះទេ។ សូមព្រះអង្គបំភ្លឺ និងដឹកនាំទូលបង្គំឱ្យយល់ពីសភាពរបស់ទូលបង្គំផង»។
បន្ទាប់មក ខ្ញុំបានប្រាប់អំពីសភាពរបស់ខ្ញុំដល់បងប្រុស ម៉ាថាយ ហើយគាត់បានឱ្យខ្ញុំអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរអត្ថបទ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងការដេញតាមរបស់អ្នករាល់គ្នា អ្នកមានសញ្ញាណ សេចក្តីសង្ឃឹម និងអនាគតផ្ទាល់ខ្លួនច្រើនពេកហើយ។ កិច្ចការត្រូវបានអនុវត្តតាមរបៀបនេះនៅពេលនេះ គឺដើម្បីដោះស្រាយជាមួយបំណងប្រាថ្នាចង់បានឋានៈ និងបំណងប្រាថ្នាហួសប្រមាណរបស់អ្នករាល់គ្នា។ សេចក្ដីសង្ឃឹម បំណងប្រាថ្នាចង់បានឋានៈ និងសញ្ញាណទាំងនេះ គឺសុទ្ធតែជាតំណាងដ៏តួយ៉ាងនៃនិស្ស័យបែបសាតាំង។ មូលហេតុដែលរបស់ទាំងនេះមាននៅក្នុងចិត្តរបស់មនុស្ស គឺទាំងស្រុងដោយសារតែភាពពិសពុលរបស់សាតាំងតែងតែស៊ីរូងគំនិតរបស់មនុស្ស។ មនុស្សមិនដែលរំដោះខ្លួនឱ្យរួចពីសេចក្ដីល្បួងរបស់សាតាំងទាំងនេះបានឡើយ ហើយពួកគេកំពុងរស់នៅក្នុងអំពើបាប តែមិនជឿថាជាអំពើបាបឡើយ។ លើសពីនេះទៅទៀត ពួកគេថែមទាំងគិតថា៖ “ពួកយើងជឿលើព្រះជាម្ចាស់ ដូច្នេះទ្រង់ត្រូវតែប្រទានព្រះពរដល់ពួកយើង ហើយរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់យើងយ៉ាងសមរម្យ។ យើងជឿលើព្រះជាម្ចាស់ ដូច្នេះពួកយើងត្រូវតែខ្ពង់ខ្ពស់ជាងអ្នកដទៃ ហើយយើងត្រូវមានឋានៈខ្ពស់ជាង និងអនាគតល្អជាងអ្នកណាៗទាំងអស់។ ដោយសារយើងជឿលើព្រះជាម្ចាស់ ទ្រង់ត្រូវតែប្រទានឱ្យយើងនូវព្រះពរដែលគ្មានដែនកំណត់។ បើមិនដូច្នោះទេ នោះមិនមែនហៅថាជាការជឿលើព្រះជាម្ចាស់ឡើយ”។ ... តើគំនិត និងទស្សនៈបច្ចុប្បន្នរបស់អ្នករាល់គ្នាមិនពិតជាបែបនេះទេឬ? ពោលគឺ ដោយសារអ្នករាល់គ្នាជឿលើព្រះជាម្ចាស់ ដូច្នេះហើយអ្នករាល់គ្នាគួរតែទទួលបានព្រះពរ ហើយគួរតែធានាបានថា ឋានៈរបស់អ្នករាល់គ្នាមិនធ្លាក់ចុះឡើយ ថាវានៅតែខ្ពស់ជាងឋានៈរបស់អ្នកគ្មានជំនឿជានិច្ច អ្នករាល់គ្នាមិនមែនមានទស្សនៈបែបនេះត្រឹមតែមួយឬពីរឆ្នាំនោះទេ ប៉ុន្តែគឺមានច្រើនឆ្នាំមកហើយ។ របៀបគិតបែបជួញដូររបស់អ្នករាល់គ្នា គឺវិវឌ្ឍហួសហេតុពេកហើយ។ ទោះបីជាអ្នករាល់គ្នាបានឈានមកដល់ជំហាននេះនៅថ្ងៃនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែមិនអាចបន្ធូរការក្ដោបក្ដាប់បានដែរ នៅពេលនិយាយដល់រឿងឋានៈ។ អ្នករាល់គ្នាបន្តខិតខំស៊ើបសួរពីរឿងនេះ ហើយអង្កេតមើលវាជារៀងរាល់ថ្ងៃ ដោយមានការភ័យខ្លាចយ៉ាងខ្លាំងថា ថ្ងៃណាមួយឋានៈរបស់អ្នករាល់គ្នានឹងត្រូវបាត់បង់ ហើយឈ្មោះរបស់អ្នករាល់គ្នានឹងត្រូវវិនាស។ មនុស្សមិនដែលទម្លាក់ចោលបំណងប្រាថ្នាចង់បានភាពស្រណុកសុខស្រួលរបស់ពួកគេឡើយ» («ហេតុអ្វីបានជាអ្នកមិនសុខចិត្តធ្វើជាមនុស្សបន្ទាប់បន្សំ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ឥឡូវនេះ អ្នករាល់គ្នាជាអ្នកដើរតាមទ្រង់ ហើយអ្នកបានទទួលការយល់ដឹងខ្លះៗអំពីដំណាក់កាលនៃកិច្ចការនេះ។ ទោះយ៉ាងណា អ្នកនៅតែមិនទាន់បានទម្លាក់ចោលបំណងចិត្តក្នុងការចង់បានឋានៈរបស់អ្នកឡើយ។ នៅពេលឋានៈរបស់អ្នកខ្ពស់ អ្នកដេញតាមបានល្អ ប៉ុន្តែនៅពេលដែលឋានៈអ្នកទាប អ្នកលែងដេញតាមទៀតហើយ។ ផលប្រយោជន៍នៃឋានៈ គឺតែងតែស្ថិតនៅក្នុងគំនិតរបស់អ្នកជានិច្ច។ ហេតុអ្វីបានជាមនុស្សភាគច្រើនមិនអាចដកខ្លួនចេញពីភាពអវិជ្ជមានបាន? តើចម្លើយមិនមែនរមែងតែដោយសារអនាគតដ៏ងងឹតសូន្យសុងទេឬ? ... អ្នកកាន់តែដេញតាមរបៀបនេះ អ្នកនឹងទទួលផលបានកាន់តែតិច។ បំណងប្រាថ្នាចង់បានឋានៈរបស់មនុស្សម្នាក់កាន់តែធំ នោះគេនឹងត្រូវទទួលការលួសកាត់កាន់តែធ្ងន់ធ្ងរ ហើយគេនឹងត្រូវឆ្លងកាត់ការបន្សុទ្ធកាន់តែខ្លាំង។ មនុស្សបែបនេះពិតជាគ្មានតម្លៃសោះ! ពួកគេត្រូវតែឆ្លងកាត់ការលួសកាត់ និងការជំនុំជម្រះជាច្រើន ដើម្បីឱ្យពួកគេអាចលះបង់បំណងប្រាថ្នាចង់បានឋានៈរបស់ពួកគេបានទាំងស្រុង។ ប្រសិនបើអ្នករាល់គ្នាដេញតាមវិធីនេះ នៅទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ អ្នកដែលមិនដេញតាមជីវិត មិនអាចទទួលបានការបំផ្លាស់បំប្រែទេ ហើយអ្នកដែលមិនស្រេកឃ្លានសេចក្ដីពិត ក៏មិនអាចទទួលបានសេចក្ដីពិតដែរ។ អ្នកមិនផ្តោតលើការដេញតាមការបំផ្លាស់បំប្រែ និងការចូលទៅក្នុងផ្ទាល់ខ្លួននោះទេ ប៉ុន្តែផ្ទុយទៅវិញ តែងតែផ្តោតលើបំណងប្រាថ្នាហួសប្រមាណ និងរឿងរ៉ាវដែលរឹតត្បិតអ្នកមិនឱ្យស្រឡាញ់ និងចូលទៅជិតព្រះជាម្ចាស់។ តើការទាំងនោះអាចបំផ្លាស់បំប្រែអ្នកបានទេ? តើការទាំងនោះអាចនាំអ្នកចូលទៅក្នុងនគរព្រះបានទេ?» («ហេតុអ្វីបានជាអ្នកមិនសុខចិត្តធ្វើជាមនុស្សបន្ទាប់បន្សំ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង។ ចាប់តាំងពីចូលរួមក្នុងពួកជំនុំមក ខ្ញុំតែងតែធ្វើជាអ្នកដឹកនាំ ហើយខ្ញុំជឿថា ការមានឋានៈរបស់ខ្ញុំ ធានានូវសេចក្ដីសង្រ្គោះរបស់ខ្ញុំ។ ពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំកាន់តែផ្ដោតសំខាន់លើឋានៈ។ ពេលដែលខ្ញុំកាន់តែត្រូវបានដំឡើងឋានៈ ខ្ញុំកាន់តែមានអារម្មណ៍ថា ព្រះជាម្ចាស់ឲ្យតម្លៃ និងទទួលស្គាល់ខ្ញុំ ដែលជំរុញឱ្យខ្ញុំរងទុក្ខ និងបង់តម្លៃនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំថែមទាំងគិតថា ប្រសិនបើព្រះជាម្ចាស់បញ្ចប់កិច្ចការរបស់ព្រះអង្គនៅថ្ងៃនេះ ខ្ញុំគួរតែអាចទទួលបានសេចក្ដីសង្រ្គោះ។ ក្នុងអំឡុងពេលបោះឆ្នោត ខ្ញុំសង្ឃឹមថានឹងជាប់ឆ្នោត ហើយខ្ញុំមានអារម្មណ៍ថា ការដែលខ្ញុំធ្លាប់ធ្វើជាអ្នកដឹកនាំពីមុន ធ្វើឱ្យខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាងអ្នកដទៃ។ ប៉ុន្តែខ្ញុំបានចាញ់ឆ្នោត ហើយមិនទទួលបានឋានៈទេ។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាមនុស្សបរាជ័យ ហើយថាខ្ញុំបានបាត់បង់ក្តីសង្ឃឹមក្នុងការទទួលបានសេចក្ដីសង្គ្រោះ ដូច្នេះ ខ្ញុំបានបាត់បង់កម្លាំងចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំលែងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រងើយកន្តើយនឹងសារពីបងប្អូនប្រុសស្រី ចូលរួមការប្រជុំដោយមិនទៀងទាត់តាមតែទំនើងចិត្ត ហើយខ្ញុំមិនបានតាមដានអ្នកដែលស័ក្តិសមទទួលដំណឹងល្អឱ្យបានទាន់ពេលវេលាទេ។ ខ្ញុំមិនចង់និយាយ ឬទាក់ទងជាមួយបងប្អូនប្រុសស្រីទេ។ ខ្ញុំគ្រាន់តែចង់នៅម្នាក់ឯង។ ខ្ញុំមិនអាចធ្វើឱ្យចិត្តស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយខ្ញុំបាត់បង់បំណងប្រាថ្នាក្នុងការដេញតាមសេចក្ដីពិត។ ខ្ញុំថែមទាំងមើលខ្សែភាពយន្តលោកីយ៍ទៀតផង។ ចិត្តរបស់ខ្ញុំកាន់តែងងឹតទៅៗ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំបានបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នកមិនផ្តោតលើការដេញតាមការបំផ្លាស់បំប្រែ និងការចូលទៅក្នុងផ្ទាល់ខ្លួននោះទេ ប៉ុន្តែផ្ទុយទៅវិញ តែងតែផ្តោតលើបំណងប្រាថ្នាហួសប្រមាណ និងរឿងរ៉ាវដែលរឹតត្បិតអ្នកមិនឱ្យស្រឡាញ់ និងចូលទៅជិតព្រះជាម្ចាស់។ តើការទាំងនោះអាចបំផ្លាស់បំប្រែអ្នកបានទេ? តើការទាំងនោះអាចនាំអ្នកចូលទៅក្នុងនគរព្រះបានទេ?» ការដេញតាមឋានៈមិនអាចផ្តល់សេចក្ដីពិត ឬគោលដៅដ៏ល្អដល់ខ្ញុំបានទេ ហើយការមានឋានៈមិនអាចនាំឱ្យខ្ញុំសម្រេចបាននូវការចូលទៅក្នុងនគរព្រះបានឡើយ។ ព្រោះការដេញតាមឋានៈគឺជា និស្ស័យពុករលួយ និងមកពីសាតាំង វាបង្អាក់ការដេញតាមសេចក្ដីពិតរបស់ខ្ញុំ ហើយថែមទាំងដឹកនាំខ្ញុំឱ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងឈានទៅដល់ការប្រឆាំងនឹងព្រះអង្គទៀតផង។ នៅទីបំផុត ការនេះអាចនាំឱ្យខ្ញុំធ្លាក់ចូលក្នុងសេចក្ដីហិនវិនាសតែប៉ុណ្ណោះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំឃើញថា មានបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងការចាញ់ឆ្នោតនេះ។ ព្រះជាម្ចាស់កំពុងប្រើការបរាជ័យនេះ ដើម្បីលួសកាត់បំណងប្រាថ្នាចង់បានឋានៈរបស់ខ្ញុំ និងដើម្បីធ្វើឱ្យខ្ញុំលះបង់ចោលបំណងប្រាថ្នាចង់បានឋានៈតាមតែអំពើចិត្ត ហើយត្រឡប់មកឆ្លុះបញ្ចាំងពីខ្លួនឯងវិញ។ ដោយយល់ពីចេតនាដ៏ផ្ចិតផ្ចង់របស់ព្រះជាម្ចាស់ ខ្ញុំបានអធិដ្ឋានទៅព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ ទូលបង្គំចង់ប្រែចិត្ត។ សូមដឹកនាំទូលបង្គំឱ្យអាចស្គាល់ខ្លួនឯងផង»។
បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លះ និងអត្ថបទនៃទីបន្ទាល់តាមរយៈបទពិសោធខ្លះ។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សមួយចំនួនគិតថា ប្រសិនបើពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាយូរមកហើយ នោះពួកគេប្រហែលជានឹងត្រូវបានសង្គ្រោះ។ មនុស្សមួយចំនួនគិតថា ប្រសិនបើពួកគេយល់ពីគោលលទ្ធិខាងវិញ្ញាណជាច្រើន នោះពួកគេប្រហែលជានឹងត្រូវបានសង្គ្រោះ។ ហើយអ្នកខ្លះទៀតគិតថា ប្រសិនបើពួកគេក្លាយជាអ្នកដឹកនាំ និងអ្នកធ្វើការ ពួកគេប្រាកដជានឹងត្រូវបានសង្គ្រោះ។ ទាំងនេះសុទ្ធតែជាសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស។ ចំណុចសំខាន់គឺថា មនុស្សត្រូវតែយល់ថា ការទទួលបានសេចក្ដីសង្គ្រោះមានន័យដូចម្តេច។ ការទទួលបានសេចក្ដីសង្គ្រោះ ជាចម្បងមានន័យថា ការរំដោះខ្លួនឱ្យរួចផុតពីអំពើបាប និងពីឥទ្ធិពលរបស់សាតាំង ហើយងាកមករកព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងចុះចូលនឹងព្រះជាម្ចាស់។ តើមនុស្សត្រូវតែមានអ្វីខ្លះ ដើម្បីរំដោះខ្លួនឱ្យរួចផុតពីអំពើបាប និងពីឥទ្ធិពលរបស់សាតាំង? គឺសេចក្ដីពិត។ ដើម្បីទទួលបានសេចក្ដីពិត មនុស្សត្រូវតែបំពាក់បំប៉នខ្លួនពួកគេជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើន ហើយពួកគេត្រូវតែអាចដកបទពិសោធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអនុវត្តព្រះបន្ទូលទាំងនោះ ដើម្បីឱ្យពួកគេអាចយល់សេចក្ដីពិត និងចូលទៅក្នុងតថភាពបាន មានតែពេលនោះទេ ទើបពួកគេនឹងត្រូវបានសង្គ្រោះ។ ថាតើនរណាម្នាក់អាចត្រូវបានសង្គ្រោះឬអត់នោះ គឺមិនមានអ្វីទាក់ទងនឹងរយៈពេលដែលពួកគេបានជឿលើព្រះជាម្ចាស់យូរប៉ុនណា ចំណេះដឹងរបស់ពួកគេជ្រៅជ្រះកម្រិតណា ថាតើពួកគេមានអំណោយទាន និងចំណុចខ្លាំង ឬថាតើពួកគេរងទុក្ខច្រើនប៉ុនណានោះទេ។ រឿងតែមួយគត់ដែលមានទំនាក់ទំនងផ្ទាល់ទៅនឹងការទទួលបានសេចក្ដីសង្គ្រោះ គឺថាតើមនុស្សម្នាក់ទទួលបានសេចក្ដីពិតឬអត់។ ដូច្នេះ តើឥឡូវនេះ អ្នកបានយល់សេចក្ដីពិតប៉ុន្មានហើយនៅក្នុងចិត្ត? ហើយតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុន្មាន ដែលបានក្លាយជាជីវិតរបស់អ្នក? តើអ្នកទទួលបានការចូលទៅក្នុងសេចក្ដីតម្រូវមួយណាខ្លះនៃសេចក្ដីតម្រូវទាំងអស់របស់ព្រះជាម្ចាស់? បន្ទាប់ពីជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមក តើអ្នកបានចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណាហើយ? ប្រសិនបើអ្នកមិនដឹង ឬប្រសិនបើអ្នកមិនទាន់ទទួលបានការចូលទៅក្នុងតថភាពនៃព្រះបន្ទូលណាមួយរបស់ព្រះជាម្ចាស់ទេ នោះខ្ញុំសូមប្រាប់អ្នកនូវការពិតមួយថា៖ ក្តីសង្ឃឹមរបស់អ្នកក្នុងការត្រូវបានសង្គ្រោះ គឺសូន្យ អ្នកមិនអាចទទួលបានសេចក្ដីសង្គ្រោះសោះឡើយ។ ទោះបីជាអ្នកអាចមានចំណេះដឹងខ្ពង់ខ្ពស់ បានជឿលើព្រះជាម្ចាស់ជាយូរមកហើយ មានរូបសម្បត្តិល្អ និងអាចនិយាយបានយ៉ាងប៉ិនប្រសប់ ហើយថែមទាំងធ្លាប់ធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ប្រសិនបើអ្នកមិនដេញតាមសេចក្ដីពិត ហើយមិនអនុវត្ត និងដកបទពិសោធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានត្រឹមត្រូវទេ ហើយអ្នកមិនមានទីបន្ទាល់តាមរយៈបទពិសោធពិតប្រាកដណាមួយទេ នោះក្តីសង្ឃឹមរបស់អ្នកក្នុងការត្រូវបានសង្គ្រោះ នៅតែសូន្យដដែល» («ការឱ្យតម្លៃលើព្រះបន្ទូលព្រះជាម្ចាស់ គឺជាមូលដ្ឋានគ្រឹះនៃជំនឿលើព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ខ្ញុំកំណត់គោលដៅរបស់មនុស្សម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ រឹតតែមិនផ្អែកលើថាតើពួកគេគួរឱ្យអាណិតប៉ុនណានោះទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិត ឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវតែយល់ថា អស់អ្នកណាដែលមិនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងត្រូវដាក់ទោសដោយគ្មានការលើកលែងនោះទេ។ នេះគឺជាអ្វីដែលគ្មានមនុស្សណាអាចផ្លាស់ប្តូរបាន។ ហេតុនេះហើយ អស់អ្នកដែលត្រូវដាក់ទោស គឺត្រូវដាក់ទោសដូច្នេះ ដោយសារតែសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងជាសំណងសម្រាប់ទង្វើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ» («ចូរត្រៀមអំពើល្អទុកឱ្យបានគ្រប់គ្រាន់សម្រាប់គោលដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដោយយុត្តិធម៌ ហើយថា ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្ស ផ្អែកលើថាតើពួកគេមានសេចក្ដីពិតដែរឬទេ។ មនុស្សទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ និងត្រូវបានសង្រ្គោះ មិនមែនដោយសារតែពួកគេជាអ្នកដឹកនាំ ឬកាន់តំណែងណាមួយនោះទេ ប៉ុន្តែដោយសារតែពួកគេដេញតាម ហើយទីបំផុតទទួលបានសេចក្ដីពិត។ ខ្ញុំបានគិតថា ដោយសារខ្ញុំធ្លាប់ធ្វើជាអ្នកដឹកនាំអស់រយៈពេលជាច្រើនឆ្នាំ និងមានឋានៈ ខ្ញុំនឹងទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ ថាខ្ញុំត្រូវបានព្រះជាម្ចាស់ពេញព្រះទ័យ និងមានឯកសិទ្ធិ ថាខ្ញុំមានកន្លែងនៅក្នុងនគរព្រះរួចទៅហើយ ហើយថាខ្ញុំអាចត្រូវបានសង្រ្គោះ និងចូលទៅក្នុងនគររបស់ព្រះអង្គ។ នេះគឺជាទស្សនៈមិនត្រឹមត្រូវរបស់ខ្ញុំ។ តាមពិតទៅ ការកាន់តំណែងនៅក្នុងពួកជំនុំ មិនមែនជាលក្ខខណ្ឌសម្រាប់សេចក្ដីសង្រ្គោះទេ ហើយការមានឋានៈ ក៏មិនបញ្ជាក់ថាមនុស្សម្នាក់មានតម្លៃជាងអ្នកដទៃដែរ ឬទំនងជាទទួលបានការទទួលស្គាល់ពីព្រះជាម្ចាស់ជាងនោះទេ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គ្មានការបែងចែកឋានៈទេ។ មនុស្សគ្រប់គ្នាគឺស្មើគ្នានៅចំពោះព្រះជាម្ចាស់។ មិនថាបំពេញភារកិច្ចអ្វីក៏ដោយ ឲ្យតែមនុស្សម្នាក់ដេញតាមសេចក្ដីពិតយ៉ាងស្មោះអស់ពីចិត្ត បោះចោលនិស្ស័យពុករលួយរបស់ពួកគេ និងក្លាយជាចុះចូលនឹងព្រះជាម្ចាស់ ពួកគេអាចទទួលបានសេចក្ដីសង្រ្គោះរបស់ព្រះជាម្ចាស់។ ទោះបីជាធ្វើជាប្រធានក្រុម ឬជាអ្នកដឹកនាំពួកជំនុំក៏ដោយ នេះគ្រាន់តែជាឱកាសដែលព្រះជាម្ចាស់ប្រទានឱ្យដើម្បីទទួលបានសេចក្ដីពិតប៉ុណ្ណោះ។ វាអនុញ្ញាតឱ្យយើងមានបទពិសោធក្នុងកិច្ចការរបស់ព្រះជាម្ចាស់តាមរយៈការបំពេញភារកិច្ចរបស់យើង ឱ្យយល់សេចក្ដីពិតកាន់តែច្រើន និងរីកចម្រើនកាន់តែលឿន។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនមានន័យថា ការធ្វើជាប្រធានក្រុម ឬអ្នកដឹកនាំពួកជំនុំ ធានានូវសេចក្ដីសង្រ្គោះនោះទេ។ ពេលឆ្លុះបញ្ចាំងពីឆ្នាំដែលខ្ញុំធ្វើជាអ្នកដឹកនាំ ដោយស៊ូទ្រាំនឹងការលំបាក និងបង់តម្លៃ ខ្ញុំបានចូលរួមរាល់ការប្រជុំដោយមិនខ្វល់ពីពេលវេលា ពេលខ្លះធ្វើការដល់យប់ជ្រៅ ខណៈដែលអ្នកផ្សេងកំពុងដេកលក់ ដោយព្យាយាមបញ្ចប់ការងារឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដូច្នេះហើយ ខ្ញុំគិតថាខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំបានល្អ ហើយថាខ្ញុំស្រឡាញ់ព្រះជាម្ចាស់។ ប៉ុន្តែនៅពេលដែលខ្ញុំចាញ់ឆ្នោត និងបាត់បង់ឋានៈ ភាពបះបោរ និងការយល់ខុសរបស់ខ្ញុំចំពោះព្រះជាម្ចាស់ត្រូវបានបើកសម្ដែង។ ខ្ញុំគិតថាខ្ញុំស្ថិតនៅឆ្ងាយហួសពីសេចក្ដីសង្គ្រោះហើយ ដូច្នេះខ្ញុំក៏បោះបង់ការដេញតាមសេចក្ដីពិត ក្លាយជាអវិជ្ជមាន និងធ្វេសប្រហែសក្នុងភារកិច្ចរបស់ខ្ញុំ មិនចង់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថែមទាំងមើលខ្សែភាពយន្តលោកីយ៍ទៀតផង។ ខ្ញុំបានឃើញថា ខ្ញុំមិនបានស្រឡាញ់សេចក្ដីពិតទេ ហើយភាពសកម្មរបស់ខ្ញុំនៅក្នុងភារកិច្ច គឺដើម្បីទទួលបានគោលដៅដ៏ល្អ មិនមែនសេចក្ដីពិតឡើយ នោះហើយជាមូលហេតុដែលខ្ញុំមិនទទួលបានសេចក្ដីពិតច្រើនសោះ ក្នុងរយៈពេលប្រាំឆ្នាំនៃការជឿលើព្រះជាម្ចាស់។ ការចាញ់ឆ្នោតនេះបានបើកសម្ដែងសេចក្ដីពុករលួយរបស់ខ្ញុំ ដោយធ្វើឱ្យខ្ញុំដឹងថា អ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើពីមុនមក គឺដើម្បីតែឋានៈ និងគោលដៅដ៏ល្អប៉ុណ្ណោះ ហើយខ្ញុំកំពុងព្យាយាមធ្វើការដោះដូរជាមួយព្រះជាម្ចាស់។ ការពិតគឺ ខ្ញុំមិនបានស្រឡាញ់ព្រះជាម្ចាស់ដូចដែលខ្ញុំបានគិតទេ ខ្ញុំបានបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ដោយមិនស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ ហើយដោយសារតែការបាត់បង់ឋានៈ ខ្ញុំថែមទាំងបានឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ដោយមិនចង់បំពេញភារកិច្ចរបស់ខ្ញុំទៀតផង។ ខ្ញុំនឹកឃើញដល់អ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ» (ម៉ាថាយ ៧:២១)។ ព្រះជាម្ចាស់ចង់បានអ្នកដែលដេញតាមសេចក្ដីពិត និងដើរតាមផ្លូវរបស់ព្រះអង្គ។ មនុស្សបែបនេះទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេចក្ដីសង្រ្គោះ និងចូលទៅក្នុងនគរស្ថានសួគ៌។ កាលពីមុន ខ្ញុំតែងតែរវល់ ចូលរួមរាល់ការប្រជុំ ដោយធ្វើឱ្យអ្នករាល់គ្នាយល់ឃើញថា ខ្ញុំឧស្សាហ៍ព្យាយាម និងទទួលខុសត្រូវក្នុងភារកិច្ចរបស់ខ្ញុំ ប៉ុន្តែនេះសុទ្ធតែជាសេចក្ដីបញ្ឆោតទាំងអស់។ ខ្ញុំបានបំពេញភារកិច្ចដោយមានបំណងចង់ទទួលបានព្រះពរ ដែលមិនមែនជាការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយនឹងមិនធ្វើឱ្យព្រះអង្គពេញព្រះទ័យ ឬទទួលបានការសព្វព្រះទ័យពីព្រះអង្គឡើយ។ ទាំងទឹកភ្នែក ខ្ញុំបានអធិដ្ឋានទៅព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ ទូលបង្គំចង់ផ្លាស់ប្ដូរ និងត្រឡប់មកឯព្រះអង្គវិញ សូមលួសកាត់ និងជំនុំជម្រះទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចបោះបង់គំនិត និងការទាមទារដែលគិតតែពីខ្លួនឯង ទោះបីជាព្រះអង្គដាក់ទូលបង្គំក្នុងតំណែងណាក៏ដោយ សូម្បីតែមនុស្សមើលឃើញថាជាតំណែងទាបបំផុតក៏ដោយ ក៏ទូលបង្គំនឹងទទួលយកដែរ ទូលបង្គំស្ម័គ្រចិត្តចុះចូលនឹងការចាត់ចែងរបស់ព្រះអង្គទាំងអស់»។
ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ក្នុងនាមជាភាវៈដែលព្រះបានបង្កើត មនុស្សគួរតែស្វែងរកការស្គាល់ព្រះអាទិករ និងបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើត ហើយអ្វីដែលសំខាន់បំផុតនោះ គឺត្រូវស្វែងរកការស្រឡាញ់ព្រះជាម្ចាស់ ដោយមិនធ្វើការជ្រើសរើសផ្សេងទៀតទាល់តែសោះ ដ្បិតព្រះជាម្ចាស់ស័ក្តិសមនឹងទទួលបានក្តីស្រឡាញ់របស់មនុស្ស។ អស់អ្នកដែលដេញតាមការស្រឡាញ់ព្រះជាម្ចាស់ មិនគួរដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្តីសង្ឃឹមផ្ទាល់ខ្លួនណាមួយឡើយ នេះគឺជាផ្លូវដ៏ត្រឹមត្រូវបំផុតក្នុងការដេញតាម។ ប្រសិនបើអ្វីដែលអ្នកដេញតាម គឺជាសេចក្ដីពិត ប្រសិនបើអ្វីដែលអ្នកអនុវត្ត គឺជាសេចក្ដីពិត ហើយប្រសិនបើអ្នកបានទទួលនូវការផ្លាស់ប្ដូរនិស្ស័យរបស់អ្នក នោះផ្លូវដែលអ្នកកំពុងដើរ គឺជាផ្លូវដ៏ត្រឹមត្រូវហើយ។ ប្រសិនបើអ្វីដែលអ្នកដេញតាម គឺជាព្រះពរខាងសាច់ឈាម ហើយអ្វីដែលអ្នកអនុវត្ត គឺជាសេចក្ដីពិតនៃសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ហើយប្រសិនបើគ្មានការផ្លាស់ប្ដូរទាល់តែសោះក្នុងនិស្ស័យរបស់អ្នក ហើយអ្នកមិនចុះចូលទាល់តែសោះនឹងព្រះជាម្ចាស់ក្នុងសាច់ឈាម ហើយអ្នកនៅតែរស់នៅក្នុងភាពស្រពេចស្រពិល នោះអ្វីដែលអ្នកដេញតាម ច្បាស់ណាស់ថានឹងនាំអ្នកទៅកាន់ស្ថាននរក ដ្បិតផ្លូវដែលអ្នកដើរ គឺជាផ្លូវបរាជ័យ។ ថាតើអ្នកនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ឬត្រូវជម្រុះចោលនោះ គឺអាស្រ័យលើការដេញតាមរបស់អ្នកផ្ទាល់ ដែលនេះក៏អាចនិយាយបានថា ជោគជ័យ ឬបរាជ័យ គឺអាស្រ័យលើផ្លូវដែលមនុស្សម្នាក់ដើរ» («ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់ផ្លូវនៃការអនុវត្តដល់ខ្ញុំ។ ក្នុងនាមជាសត្វលោកដែលត្រូវបានបង្កើត ខ្ញុំត្រូវតែដេញតាមសេចក្ដីពិតស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ ដោយមិនស្វែងរកការតបស្នងណាមួយឡើយ។ កាលពីមុន ខ្ញុំគិតថាការមានឋានៈនឹងជួយឱ្យខ្ញុំទទួលបានសេចក្ដីសង្រ្គោះ ហើយថាការទទួលបាន និងការកាន់កាប់ឋានៈជាអ្នកដឹកនាំ នឹងធានានូវលទ្ធផលល្អសម្រាប់ខ្ញុំ ដូច្នេះ ខ្ញុំបានដេញតាមឋានៈ និងកេរ្តិ៍ឈ្មោះអស់ពីចិត្ត ជំនួសឱ្យការស្វែងរកសេចក្ដីពិត ដែលបណ្តាលឱ្យនិស្ស័យពុករលួយរបស់ខ្ញុំនៅតែមិនផ្លាស់ប្ដូរ ទោះបីជាខ្ញុំជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។ ប្រសិនបើខ្ញុំមិនកែប្រែការដេញតាមរបស់ខ្ញុំទេ ខ្ញុំប្រាកដជានឹងត្រូវបានព្រះជាម្ចាស់ជម្រុះចោលជាមិនខាន។ ខ្ញុំក៏បានយល់ដែរថា នៅក្នុងពួកជំនុំ មានភារកិច្ចផ្សេងៗគ្នា ហើយថាមនុស្សគ្រប់គ្នាបំពេញភារកិច្ចរបស់ពួកគេ យោងទៅតាមកាលៈទេសៈផ្ទាល់ខ្លួន និងតម្រូវការនៃការងារ ហើយមិនថាជាភារកិច្ចប្រភេទណាក៏ដោយ វាគឺជាអ្វីដែលយើងគួរធ្វើ វាសុទ្ធតែក្នុងគោលបំណងធ្វើឱ្យមនុស្សអាចអនុវត្តសេចក្ដីពិត និងសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ។ នេះប្រៀបដូចជារាងកាយរបស់មនុស្សយើង ដែលផ្សំឡើងដោយសរីរាង្គជាច្រើន។ សរីរាង្គនីមួយៗមានមុខងាររបស់វា ហើយគ្មានសរីរាង្គណាមួយមានប្រយោជន៍ជាងសរីរាង្គមួយទៀតឡើយ។ មុខងារទាំងអស់គឺចាំបាច់សម្រាប់ការរស់រាននៃរាងកាយ ហើយមិនអាចខ្វះសរីរាង្គណាមួយបានទេ។ ភារកិច្ចមិនត្រូវបានបែងចែកជាថ្នាក់ខ្ពស់ និងថ្នាក់ទាបទេ។ ការធ្វើការងារពិសេស ឬការធ្វើជាអ្នកដឹកនាំ មិនធ្វើឱ្យមនុស្សម្នាក់ខ្ពស់ជាងអ្នកដទៃ វិសេសជាងអ្នកដទៃ ឬទំនងជាទទួលបានសេចក្ដីសង្រ្គោះជាងនោះទេ ហើយការគិតបែបនេះគឺមិនត្រឹមត្រូវឡើយ។ សូម្បីតែជាអ្នកដឹកនាំក៏ដោយ បើគ្មានការអនុវត្តសេចក្ដីពិត ខ្ញុំមិនអាចទទួលបានសេចក្ដីពិត ឬត្រូវបានសង្រ្គោះឡើយ។ បន្ទាប់ពីយល់ពីរឿងនេះ ខ្ញុំបានស្ដាយក្រោយដែលតែងតែខិតខំដេញតាមឋានៈ ហើយខ្ញុំបានតាំងចិត្តបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ ខ្ញុំលែងអវិជ្ជមានទៀតហើយ និងឈប់មើលខ្សែភាពយន្តលោកីយ៍ ខ្ញុំបានចូលរួមការប្រជុំជាប្រចាំ និងតែងតែប្រកបអំពីការស្គាល់ខ្លួនឯង ហើយខ្ញុំបានផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ច ដោយក្លាយជាសកម្មក្នុងការផ្សាយដំណឹងល្អ។ ខ្ញុំក៏បានចែករំលែកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយបងប្អូនប្រុសស្រី ដោយជួយពួកគេដោះស្រាយសភាពមិនប្រក្រតីរបស់ពួកគេ ហើយប្រសិទ្ធភាពនៃភារកិច្ចរបស់ខ្ញុំបានប្រសើរឡើង។
នៅចុងខែមិថុនា ឆ្នាំ ២០២៣ ពួកជំនុំមួយទៀតត្រូវបានបង្កើតឡើង ហើយត្រូវការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ និងគ្រូជំនួយ។ ខ្ញុំបានគិតថា «ខ្ញុំជឿលើព្រះជាម្ចាស់យូរហើយ និងធ្លាប់ធ្វើជាអ្នកដឹកនាំពួកជំនុំពីមុនមក ដូច្នេះខ្ញុំទំនងជានឹងជាប់ឆ្នោតមិនខាន»។ ប៉ុន្តែនៅទីបំផុត ខ្ញុំត្រូវបានគេបោះឆ្នោតជ្រើសរើសត្រឹមតែជាគ្រូជំនួយផ្នែកផ្សាយដំណឹងល្អប៉ុណ្ណោះ។ គំនិតដំបូងរបស់ខ្ញុំគឺថា ក្តីសង្ឃឹមក្នុងការទទួលបានសេចក្ដីសង្រ្គោះរបស់ខ្ញុំបានថយចុះ ជាពិសេសនៅពេលដែលខ្ញុំបានឃើញ បងប្អូនស្រីម្នាក់ដែលជឿលើព្រះជាម្ចាស់ក្រោយខ្ញុំជាច្រើនឆ្នាំ ត្រូវបានគេបោះឆ្នោតជ្រើសរើសជាអ្នកដឹកនាំពួកជំនុំ ខ្ញុំមានអារម្មណ៍តូចចិត្តខ្លាំងណាស់។ ខ្ញុំក៏បានគិតដែរថា នៅថ្ងៃអនាគត នឹងមានអ្នកថ្មីចូលរួមក្នុងពួកជំនុំកាន់តែច្រើន ថាពួកគេនឹងពូកែជាងខ្ញុំ ហើយយូរៗទៅ ខ្ញុំនឹងគ្មានកន្លែងឈរជើងទេ។ ពេលគិតដល់រឿងទាំងនេះ ខ្ញុំមានអារម្មណ៍តូចចិត្តខ្លាំងណាស់ ហើយបាត់បង់កម្លាំងចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្ញុំម្ដងទៀត។ ខ្ញុំបានអធិដ្ឋានទៅព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ សូមការពារចិត្តរបស់ទូលបង្គំកុំឱ្យរំខានដោយសភាពទាំងនេះ។ ទូលបង្គំសុខចិត្តបោះបង់ការដេញតាមអនាគត និងឋានៈ ចុះចូលនឹងការចាត់ចែងរបស់ព្រះអង្គទាំងអស់ និងបំពេញភារកិច្ចរបស់ទូលបង្គំដើម្បីតែបំពេញព្រះទ័យព្រះអង្គប៉ុណ្ណោះ។ ប្រសិនបើទូលបង្គំនៅតែប្រកាន់ខ្ជាប់នឹងការដេញតាមឋានៈ ទូលបង្គំសង្ឃឹមថា ព្រះអង្គនឹងប្រៀនប្រដៅទូលបង្គំ»។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ថាតើមនុស្សម្នាក់អាចសម្រេចបានសេចក្ដីសង្រ្គោះនៅទីបញ្ចប់ឬអត់ គឺមិនអាស្រ័យលើភារកិច្ចដែលពួកគេធ្វើនោះទេ ប៉ុន្តែអាស្រ័យលើថាតើពួកគេអាចយល់ និងទទួលបានសេចក្ដីពិត ហើយនៅទីបញ្ចប់ សម្រេចបាននូវការចុះចូលនឹងព្រះជាម្ចាស់ទាំងស្រុង និងអនុញ្ញាតឱ្យខ្លួនពួកគេស្ថិតក្រោមការចាត់ចែងរបស់ទ្រង់ ដោយលែងគិតគូរដល់អនាគត និងវាសនារបស់ពួកគេទៀត ហើយក្លាយជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដាដែរឬទេ។ ព្រះជាម្ចាស់សុចរិត និងបរិសុទ្ធ ទ្រង់ប្រើស្ដង់ដានេះដើម្បីវាស់ស្ទង់មនុស្សជាតិទាំងមូល ហើយស្ដង់ដានេះនឹងមិនដែលផ្លាស់ប្ដូរឡើយ អ្នកត្រូវតែចងចាំរឿងនេះ។ ចូរចងចាំស្ដង់ដានេះឱ្យបានខ្ជាប់ខ្ជួននៅក្នុងគំនិតរបស់អ្នក ហើយកុំគិតចង់ចាកចេញពីផ្លូវនៃការដេញតាមសេចក្ដីពិត ដើម្បីទៅដេញតាមរឿងដែលមិនពិតប្រាកដទាំងនោះឱ្យសោះ។ ស្ដង់ដាដែលព្រះជាម្ចាស់តម្រូវជាចាំបាច់សម្រាប់អស់អ្នកដែលត្រូវទទួលបានសេចក្ដីសង្គ្រោះ គឺមិនផ្លាស់ប្ដូរជារៀងរហូត។ វាស្ថិតនៅដដែល មិនថាអ្នកជានរណាក៏ដោយ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះជាម្ចាស់គឺសុចរិត និងបរិសុទ្ធ ហើយព្រះជាម្ចាស់កំណត់គោលដៅរបស់មនុស្សម្នាក់ៗ ផ្អែកលើថាតើពួកគេទទួលបានសេចក្ដីពិតដែរឬទេ។ ខ្ញុំក៏គួរតែដេញតាមស្របតាមតម្រូវការរបស់ព្រះជាម្ចាស់ បោះបង់បំណងប្រាថ្នាចង់ដេញតាមឋានៈ និងគោលដៅ ហើយបំពេញភារកិច្ច និងដេញតាមសេចក្ដីពិតដោយអស់ពីចិត្ត។ នេះស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សមត្ថភាពការងាររបស់ខ្ញុំនៅមានកម្រិត ហើយការដែលខ្ញុំត្រូវបានជ្រើសរើសជាគ្រូជំនួយផ្នែកផ្សាយដំណឹងល្អនៅពេលនេះ គឺជាឱកាសមួយទៀតសម្រាប់ការអនុវត្តដែលព្រះជាម្ចាស់ប្រទានឱ្យ។ ខ្ញុំត្រូវតែឱ្យតម្លៃឱកាសនេះ និងលះបង់ខ្លួនឯងដោយអស់ពីចិត្តចំពោះភារកិច្ចរបស់ខ្ញុំ ដេញតាម និងទទួលបានសេចក្ដីពិត ដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ និងបំពេញភារកិច្ចរបស់ខ្ញុំដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាអ្វីដែលសំខាន់បំផុត។ បន្ទាប់ពីនោះមក ខ្ញុំបានលះបង់ខ្លួនឯងចំពោះភារកិច្ចរបស់ខ្ញុំ ហើយការផ្លាស់ប្ដូរដែលខ្ញុំបានដកពិសោធ សុទ្ធតែដោយសារការណែនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សូមអរព្រះគុណព្រះជាម្ចាស់ចំពោះសេចក្ដីសង្រ្គោះរបស់ព្រះអង្គ!