៨៨. មេរៀនដ៏ល្វីងជូរចត់នៃការធ្វើជាមនុស្សផ្គាប់ចិត្តគេ

ហ្វាន អ៊ី ប្រទេសចិន

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ខ្ញុំ និងបងស្រី វ៉ាង ហ័រ ត្រូវបានជ្រើសរើសឲ្យធ្វើជាអ្នកដឹកនាំពួកជំនុំ។ ដោយសារបងស្រី វ៉ាង ហ័រ ធ្លាប់មានបទពិសោធធ្វើជាអ្នកដឹកនាំពីមុន ហើយក៏ធ្លាប់មានបទពិសោធក្នុងការផ្សាយដំណឹងល្អដែរ ដូច្នេះគាត់ទទួលខុសត្រូវចម្បងលើការងារផ្សាយដំណឹងល្អ ចំណែកខ្ញុំវិញ ទទួលបន្ទុកកិច្ចការផ្សេងៗទៀត។ ពេលជួបបញ្ហា ឬការលំបាកក្នុងការងារ ខ្ញុំតែងតែទៅសុំការប្រឹក្សាពីគាត់ ហើយគាត់តែងតែព្រមប្រកបគ្នា និងជួយខ្ញុំជានិច្ច។ យើងចុះសម្រុងនឹងគ្នាណាស់។ មួយរយៈក្រោយមក ខ្ញុំសង្កេតឃើញថា បងស្រី វ៉ាង ហ័រ ជាមនុស្សធ្វើតាមតែអំពើចិត្តរបស់ខ្លួនប៉ុណ្ណោះ ជាពិសេសនៅក្នុងរឿងជ្រើសរើស និងប្រើប្រាស់មនុស្ស។ គាត់តែងតែពឹងផ្អែកលើទស្សនៈផ្ទាល់ខ្លួនរបស់គាត់ ដោយមិនស្វែងរកគោលការណ៍សេចក្ដីពិត ហើយមិនព្រមស្ដាប់យោបល់របស់អ្នកដទៃសូម្បីតែបន្តិចទេ។ ថ្ងៃមួយ គ្រូជំនួយផ្នែកផ្សាយដំណឹងល្អបានរាយការណ៍ថា ប្រធានក្រុមឈ្មោះ លី ហ្ស៊ី តែងតែបំពេញភារកិច្ចរបស់គាត់ឱ្យតែរួចពីដៃ គ្មានបន្ទុកអ្វីទាំងអស់ ហើយទោះបីជាបានប្រកបគ្នាជាច្រើនដងក៏ដោយ ក៏គាត់នៅតែមិនកែប្រែដែរ។ គាត់ថែមទាំងទុកភារកិច្ចចោលមិនខ្វល់អស់មួយសប្តាហ៍ ដោយមិនអើពើនឹងវាទាល់តែសោះ ដោយសារតែរឿងផ្ទាល់ខ្លួន។ ក្រោយពីបានឮរឿងនេះ ខ្ញុំមានអារម្មណ៍ខឹងជាខ្លាំង ហើយយល់ថា លី ហ្ស៊ី មិនស័ក្តិសមនឹងធ្វើជាប្រធានក្រុមបន្តទៀតទេ ហើយយោងទៅតាមគោលការណ៍ គាត់គួរតែត្រូវបានដកហូតតំណែង ហើយតែងតាំងឲ្យធ្វើតួនាទីផ្សេងវិញ។ ខ្ញុំបានចែករំលែកទស្សនៈរបស់ខ្ញុំជាមួយបងស្រី វ៉ាង ហ័រ ដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះ គឺគាត់មិនត្រឹមតែមិនព្រមស្ដាប់ប៉ុណ្ណោះទេ ថែមទាំងរិះគន់ខ្ញុំយ៉ាងខ្លាំងទៀតផង ដោយនិយាយថា គំនិតរបស់ខ្ញុំនៅក្មេងខ្ចី ហើយទាមទារពីអ្នកដទៃខ្ពស់ពេក។ គាត់ថែមទាំងនិយាយទៀតថា ពេលដែល លី ហ្ស៊ី មានសភាពល្អ គាត់ក៏អាចផ្សាយដំណឹងល្អបានមនុស្សដែរ ហើយថាគាត់ត្រូវការការប្រកបគ្នា និងជំនួយបន្ថែមទៀត។ ខ្ញុំបាននិយាយថា៖ «ដើម្បីធ្វើជាប្រធានក្រុមម្នាក់បាន ត្រូវតែរែកបន្ទុក និងទទួលខុសត្រូវ។ បើផ្អែកលើអាកប្បកិរិយាជាប់លាប់ របស់ លី ហ្ស៊ី នៅក្នុងភារកិច្ចរបស់គាត់ គឺគាត់មិនស័ក្តិសមនឹងតំណែងជាប្រធានក្រុមទាល់តែសោះ។ ប៉ុន្តែបងនៅតែចង់ទុកគាត់ឱ្យកាន់តំណែងនេះដដែល។ នេះគឺកំពុងតែប្រឆាំងនឹងគោលការណ៍ហើយ!» ប៉ុន្តែបងស្រី វ៉ាង ហ័រ នៅតែមិនព្រមស្ដាប់ ហើយនិយាយថា៖ «បើសិនជាយើងដកហូតតំណែង លី ហ្ស៊ី ហើយរកអ្នកជំនួសដែលស័ក្តិសមមិនបានភ្លាមៗនោះទេ លទ្ធផលការងារអាចនឹងរងផលប៉ះពាល់ ហើយយើងនឹងមិនអាចផ្តល់ការពន្យល់ដែលសមហេតុផលបានទេ ប្រសិនបើអ្នកដឹកនាំសួរនាំ។ មានមនុស្សកាន់តំណែងនៅតែប្រសើរជាងគ្មានអ្នកណាទាល់តែសោះ»។ ពេលឮគាត់និយាយបែបនេះ ខ្ញុំមើលឃើញថា គាត់គិតតែពីកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួនឯងប៉ុណ្ណោះ ហើយគាត់មិនបានគិតគូរពីកិច្ចការរបស់ពួកជំនុំទាល់តែសោះ។ ដូច្នេះ ខ្ញុំចង់លាតត្រដាងពីធម្មជាតិ និងផលវិបាកនៃទង្វើរបស់គាត់តាមរបៀបនេះ។ ប៉ុន្តែនៅពេលឃើញកាយវិការខឹងសម្បារបស់គាត់ ខ្ញុំមានការព្រួយបារម្ភ ហើយគិតថា៖ «ជាធម្មតា សូម្បីតែខ្ញុំនិយាយពីបញ្ហាការងាររបស់គាត់ត្រួសៗ ក៏គាត់មិនចេះអត់ធ្មត់ដែរ។ បើខ្ញុំនិយាយចំៗពេក ច្បាស់ជាធ្វើឲ្យគាត់ខឹង ហើយគាត់នឹងមិននិយាយរកខ្ញុំមិនខាន។ បើរឿងនេះធ្វើឲ្យទំនាក់ទំនងយើងរកាំរកូស តើទៅថ្ងៃមុខពួកយើងនឹងសហការគ្នាដោយរបៀបណា? ចុះបើខ្ញុំជួបការលំបាកក្នុងការងារ ហើយគាត់លែងជួយខ្ញុំទៀត តើខ្ញុំគួរធ្វើម៉េច? ប្រហែលជាមិននិយាយរឿងនេះល្អជាង។ គាត់បានបំពេញភារកិច្ចជាច្រើនឆ្នាំមកហើយ ហើយគាត់យល់ពីគោលការណ៍នៃការផ្លាស់ប្តូរតំណែងមនុស្សច្បាស់ជាងខ្ញុំទៅទៀត។ គាត់ប្រហែលជាមានផែនការផ្ទាល់ខ្លួនរបស់គាត់ហើយ។ យកល្អកុំខ្វល់ពីរឿងនេះច្រើនពេកអី»។ ដូច្នេះ ខ្ញុំគ្រាន់តែដាស់តឿនគាត់ឲ្យពិចារណាពីគុណសម្បត្តិ និងគុណវិបត្តិ នៅពេលប្រើប្រាស់មនុស្ស ហើយក៏មិនបានលើករឿងនេះមកនិយាយទៀតដែរ។

មិនយូរប៉ុន្មាន បងស្រី វ៉ាង ហ័រ បានប្រាប់ខ្ញុំថា បងស្រី ស៊ូស៊ីន ជាមនុស្សមានគំនិតរហ័សរហួន ហើយពូកែនិយាយជាមួយមនុស្ស ហើយថាគាត់មានគម្រោងបណ្ដុះបណ្ដាលបងស្រី ស៊ូស៊ីន ឲ្យផ្សាយដំណឹងល្អទៀតផង។ ពេលឮបែបនេះ ខ្ញុំក៏គិតថា៖ «ខ្ញុំស្គាល់ ស៊ូស៊ីន ច្បាស់ណាស់។ គាត់តែងតែមិនទទួលខុសត្រូវក្នុងភារកិច្ចរបស់ខ្លួន អាត្មានិយម និងបោកបញ្ឆោត។ កាលពីមុន ពេលដែលគាត់ត្រូវបានបណ្ដុះបណ្ដាលឲ្យស្រោចស្រពអ្នកមកថ្មី គាត់យល់ថាវាជារឿងនាំឲ្យពិបាក ហើយមិនហ៊ានទទួលខុសត្រូវទេ ក្រែងលោអ្នកមកថ្មីចាកចេញទៅវិញ។ ក្រោយពីទើបតែបានស្រោចស្រពអស់រយៈពេលជាងម្ភៃថ្ងៃ គាត់ក៏ឈប់ទៅ ហើយថែមទាំងកុហកថាប្ដីរបស់គាត់រារាំងគាត់មិនឲ្យបំពេញភារកិច្ចទៀតផង»។ ដូច្នេះ ខ្ញុំក៏បានប្រាប់ពីអ្វីដែលខ្ញុំដឹងទៅបងស្រី វ៉ាង ហ័រ ហើយបានដាស់តឿនគាត់ថា មនុស្សដូច ស៊ូស៊ីន មិនស័ក្តិសមនឹងការបណ្ដុះបណ្ដាលទេ។ បងស្រី វ៉ាង ហ័រ មិនបានស្ដាប់ដំបូន្មានរបស់ខ្ញុំទាល់តែសោះ។ គាត់និយាយថា យើងមិនអាចវិនិច្ឆ័យពីធម្មជាតិពិតរបស់មនុស្សម្នាក់បានពេញលេញ តាមរយៈការប្រាស្រ័យទាក់ទងតែម្ដងនោះទេ ហើយថាយើងត្រូវតែមើលគេក្នុងទស្សនវិស័យអភិវឌ្ឍន៍វិញ។ ខ្ញុំមានអារម្មណ៍ថារឿងនេះមិនសមរម្យទេ ហើយចង់ឃាត់គាត់ដែរ។ ប៉ុន្តែខ្ញុំក៏គិតទៀតថា៖ «គាត់បានប្រាប់គ្រប់គ្នាហើយអំពីការបណ្ដុះបណ្ដាល ស៊ូស៊ីន បើខ្ញុំមិនយល់ព្រមទេ ច្បាស់ជាធ្វើឲ្យគាត់ខ្មាសគេមិនខាន។ តើគាត់នឹងគិតថាខ្ញុំក្រអឺតក្រទម ហើយចេះដឹងរឿងគេពេកទេ? ចុះបើវានឹងធ្វើឲ្យទំនាក់ទំនងយើងរកាំរកូស? វានឹងធ្វើឲ្យពិបាកចុះសម្រុងគ្នានៅថ្ងៃខាងមុខ»។ ពេលគិតដល់ចំណុចនេះ ខ្ញុំក៏បាត់បង់ភាពក្លាហានក្នុងការទទូចតទៅទៀត ហើយគ្រាន់តែលួងចិត្តខ្លួនឯងដោយគិតថា៖ «យ៉ាងហោចណាស់ ខ្ញុំបានដាស់តឿនអស់ហើយ។ បើមានបញ្ហាអ្វីកើតឡើងនៅពេលក្រោយ វានឹងមិនមែនជាការទទួលខុសត្រូវរបស់ខ្ញុំទៀតទេ»។

ក្រោយមក ខ្ញុំបានដឹងថា លី ហ្ស៊ី នៅតែព្រងើយកន្តើយចំពោះភារកិច្ចរបស់គាត់ ហើយរឿងនេះបានប៉ះពាល់ដល់សភាពរបស់បងប្អូនប្រុសស្រី ដែលនាំឲ្យប្រសិទ្ធភាពការងារធ្លាក់ចុះយ៉ាងខ្លាំង។ លើសពីនេះទៀត ស៊ូស៊ីន មិនបានបង្ហាញពីបន្ទុកក្នុងការផ្សាយដំណឹងល្អទេ ហើយគាត់តែងតែបោះបង់ចោលភារកិច្ចរបស់គាត់រាល់ពេលដែលគាត់រវល់នៅផ្ទះ ហើយភារកិច្ចរបស់គាត់ក៏មិនបានបង្កើតផលអ្វីច្រើនដែរ។ អ្នកដឹកនាំបានផ្ញើសំបុត្រមួយមកដោះស្រាយពីភាពវៀចវេរ និងបញ្ហានៅក្នុងការងារផ្សាយដំណឹងល្អរបស់យើង ហើយបានប្រកបគ្នា និងលួសកាត់ពួកយើងផង។ ប៉ុន្តែបងស្រី វ៉ាង ហ័រ មិនបានបង្ហាញពីការបន្ទោសខ្លួនឯងសូម្បីតែបន្តិច។ ផ្ទុយទៅវិញ គាត់បែរជាជំទាស់តបត និងព្យាយាមដោះសាការពារខ្លួន ដោយនិយាយថា បងប្អូនប្រុសស្រីទៅវិញទេដែលគ្មានបន្ទុកចំពោះភារកិច្ចរបស់ខ្លួនោះ។ ខ្ញុំពិតជាចង់លាតត្រដាង និងវែកញែកពីបញ្ហារបស់គាត់ណាស់ ប៉ុន្តែខ្ញុំក៏ខ្លាចថាគាត់នឹងនិយាយថា ខ្ញុំមិនស្គាល់ខ្លួនឯងផង ម៉េចចេះតែលួសកាត់គាត់ ដូច្នេះខ្ញុំគ្រាន់តែដាស់តឿនគាត់ត្រួសៗឲ្យឆ្លុះបញ្ចាំងពីខ្លួនឯង ហើយប្រែចិត្តចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។ ក្រោយមកទៀត ខ្ញុំបានឃើញថា បងស្រី វ៉ាង ហ័រ មិនបានស្គាល់ខ្លួនឯងទាល់តែសោះ។ បងប្អូនប្រុសស្រីបានរាយការណ៍ថា គាត់គិតតែពីចាប់កំហុសការងាររបស់ពួកគេ ហើយស្ដីបន្ទោសពួកគេនៅក្នុងពេលជួបជុំ ថាគាត់មិនបានដោះស្រាយបញ្ហាជាក់ស្ដែង ហើយថាគ្រប់គ្នាមានអារម្មណ៍ថាត្រូវគាត់គាបសង្កត់ទៀតផង។ ខ្ញុំបានដឹងថា បងស្រី វ៉ាង ហ័រ ទំនងជាអ្នកដឹកនាំក្លែងក្លាយ ដូច្នេះខ្ញុំចង់រាយការណ៍រឿងនេះទៅអ្នកដឹកនាំថ្នាក់លើ។ ប៉ុន្តែខ្ញុំក៏គិតទៀតថា៖ «បើគាត់ដឹងថាខ្ញុំយករឿងរបស់គាត់ទៅរាយការណ៍ តើគាត់នឹងមិនគុំកួនខ្ញុំទេឬ? យ៉ាងណាមិញ គាត់ក៏ធ្លាប់បានជួយខ្ញុំក្នុងភារកិច្ចដែរ...» ខ្ញុំចេះតែគិតចុះគិតឡើង ប៉ុន្តែនៅទីបញ្ចប់ ខ្ញុំនៅតែគ្មានភាពក្លាហានក្នុងការសរសេរអ្វីពីគាត់សោះ។ ក្រោយមក អ្នកដឹកនាំថ្នាក់លើបានចុះមកពិនិត្យមើលការងារ។ ពួកគេបានរកឃើញថា បងស្រី វ៉ាង ហ័រ មានភាពក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត ប្រព្រឹត្តដោយគ្មានគោលការណ៍ ថាគាត់មិនព្រមទទួលយកយោបល់របស់អ្នកដទៃ ហើយថាគាត់ចេះតែនិយាយពីពាក្យពេចន៍ និងគោលលទ្ធិ ដោយមិនបានធ្វើការងារជាក់ស្ដែងទៀតផង ដូច្នេះគាត់ត្រូវបានកំណត់លក្ខណៈថាជាអ្នកដឹកនាំក្លែងក្លាយ ហើយត្រូវបានដកហូតតំណែង។ ម្យ៉ាងទៀត ដោយសារតែខ្ញុំបានធ្វើជាមនុស្សផ្គាប់ចិត្តគេ ហើយមិនបានការពារកិច្ចការរបស់ពួកជំនុំ ខ្ញុំក៏ត្រូវបានដកហូតតំណែងដែរ។ មិនយូរប៉ុន្មាន លី ហ្ស៊ី និង ស៊ូស៊ីន ក៏ត្រូវបានដកហូតតំណែងដែរ។ ដោយត្រូវបានដោះស្រាយបែបនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាច ហើយដឹងថាខ្ញុំបានប្រព្រឹត្តអំពើអាក្រក់។ ជាពិសេស ពេលដែលខ្ញុំនឹកឃើញដល់សំណួររបស់អ្នកដឹកនាំមកកាន់ខ្ញុំថា៖ «ពេលដែលអ្នកឃើញបងស្រី វ៉ាង ហ័រ ប្រព្រឹត្តទាស់នឹងគោលការណ៍ ហើយអ្នកមិនអាចឃាត់គាត់បាន ហេតុអ្វីបានជាអ្នកមិនរាយការណ៍? ហេតុអ្វីបានជាអ្នកនៅតែព្យាយាមការពារទំនាក់ទំនងរបស់អ្នកជាមួយគាត់? អ្នកពិតជាគ្មានទំនួលខុសត្រូវក្នុងភារកិច្ចរបស់អ្នកទាល់តែសោះ!» ខ្ញុំមានអារម្មណ៍ឈឺចាក់ដោតក្នុងចិត្តយ៉ាងខ្លាំង។ ដើម្បីតែរក្សាទំនាក់ទំនងរបស់ខ្ញុំជាមួយបងស្រី វ៉ាង ហ័រ ខ្ញុំមិនបានគិតគូរពីកិច្ចការរបស់ពួកជំនុំទេ។ ខ្ញុំបានឃើញថាគាត់បានបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ប៉ុន្តែខ្ញុំមិនបានឃាត់គាត់ទេ។ ខ្ញុំកំពុងតែបណ្ដោយឲ្យអ្នកដឹកនាំក្លែងក្លាយនេះប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើជាអ្នកសមគំនិតរបស់គាត់! ប៉ុន្មានខែក្រោយពីខ្ញុំត្រូវបានដកហូតតំណែង ខ្ញុំមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង ហើយខ្ញុំបានរស់នៅក្នុងសភាពអស់សង្ឃឹមទាំងស្រុង និងបានទម្លាក់កំហុសលើខ្លួនឯងផង។

ដោយឃើញខ្ញុំស្ថិតក្នុងសភាពមិនល្អ បងប្អូនប្រុសស្រីបានចែករំលែកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយខ្ញុំ ដើម្បីជួយខ្ញុំ។ មានព្រះបន្ទូលមួយវគ្គដែលធ្វើឲ្យខ្ញុំចាំមិនភ្លេច។ ព្រះជាម្ចាស់មានបន្ទូលថា៖ «នៅក្នុងដំណើរការនៃការលូតលាស់ជីវិត និងការទទួលបានសេចក្ដីសង្គ្រោះរបស់មនុស្ស ជួនកាលមនុស្សដើរផ្លូវខុស ដើរផ្លូវវៀចវេរ ឬមួយរយៈមានការបញ្ចេញសណ្ឋាន និងអាកប្បកិរិយានៃជីវិតដែលនៅក្មេងខ្ចី។ ជួនកាលពួកគេមានភាពទន់ខ្សោយ និងអវិជ្ជមាន និយាយខុស ជំពប់ជើងដួល ឬបរាជ័យម្ដងម្កាល។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ រឿងទាំងអស់នេះជារឿងធម្មតា។ ទ្រង់មិនប្រកាន់ឡើយ។ មនុស្សខ្លះគិតថា សេចក្ដីពុករលួយរបស់ខ្លួនជ្រាលជ្រៅពេក ហើយថាមិនអាចធ្វើឱ្យព្រះជាម្ចាស់ពេញព្រះទ័យបានសោះ ក៏មានអារម្មណ៍ពិបាកចិត្ត ហើយស្អប់ខ្លួនឯង។ អ្នកដែលមានចិត្តចេះប្រែចិត្តបែបនេះ ទើបជាអ្នកដែលព្រះជាម្ចាស់សង្គ្រោះពិតប្រាកដ។ ផ្ទុយទៅវិញ ចំពោះអ្នកដែលជឿថាខ្លួនមិនត្រូវការសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ អ្នកដែលគិតថាខ្លួនជាមនុស្សល្អ និងគ្មានបញ្ហាអ្វីសោះនោះ ជាញឹកញាប់ មិនមែនជាអ្នកដែលព្រះជាម្ចាស់សង្គ្រោះនោះទេ។ តើខ្ញុំចង់ប្រាប់អ្នករាល់គ្នាអំពីអ្វីនៅទីនេះ? អ្នកណាដែលយល់ សូមនិយាយមក។ (ពួកយើងត្រូវដោះស្រាយចំពោះការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់យើងឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់លើការអនុវត្តសេចក្ដីពិត ទើបពួកយើងនឹងទទួលបានសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់។ ប្រសិនបើពួកយើងតែងតែយល់ច្រឡំចំពោះព្រះជាម្ចាស់ នោះពួកយើងនឹងងាយអស់សង្ឃឹម ហើយបោះបង់ខ្លួនឯងចោលជាមិនខាន។) អ្នកត្រូវតែមានជំនឿ ហើយនិយាយថា៖ 'ទោះបីជាឥឡូវនេះ ខ្ញុំទន់ខ្សោយ ហើយខ្ញុំបានជំពប់ជើងដួល និងបរាជ័យក្ដី ក៏ខ្ញុំនឹងធំលូតលាស់ ហើយនៅថ្ងៃណាមួយ ខ្ញុំនឹងយល់ពីសេចក្ដីពិត ធ្វើឱ្យព្រះជាម្ចាស់ពេញព្រះទ័យ និងទទួលបានសេចក្ដីសង្គ្រោះ'។ អ្នកត្រូវតែមានការតាំងចិត្តនេះ។ មិនថាអ្នកជួបឧបសគ្គ ការលំបាក ការបរាជ័យ ឬការជំពប់ជើងដួលអ្វីក៏ដោយ អ្នកមិនត្រូវស្ថិតក្នុងសភាពអវិជ្ជមានឡើយ។ អ្នកត្រូវដឹងថា តើព្រះជាម្ចាស់សង្គ្រោះមនុស្សបែបណា។ លើសពីនេះទៅទៀត ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឱ្យព្រះជាម្ចាស់សង្គ្រោះ ឬប្រសិនបើមានពេលខ្លះ អ្នកស្ថិតក្នុងសណ្ឋានដែលព្រះជាម្ចាស់ស្អប់ខ្ពើម ឬមិនសព្វព្រះទ័យ ឬប្រសិនបើមានមួយរយៈដែលអ្នកមានការប្រព្រឹត្តមិនបានល្អសោះ ហើយព្រះជាម្ចាស់មិនបានទទួលយកអ្នក ឬព្រះជាម្ចាស់បានស្អប់ខ្ពើមនិងបដិសេធអ្នក នោះមិនថ្វីទេ។ ឥឡូវនេះ អ្នកដឹងហើយ វាក៏មិនទាន់ហួសពេលដែរ។ ឱ្យតែអ្នកប្រែចិត្ត ព្រះជាម្ចាស់នឹងប្រទានឱកាសឱ្យអ្នក» («ក្នុងការជឿលើព្រះជាម្ចាស់ អ្វីដែលសំខាន់បំផុត គឺការអនុវត្ត និងការពិសោធព្រះបន្ទូលរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលកំពុងសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ថាបានទទួលសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយបានឃើញថា ព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សមិនដែលផ្លាស់ប្ដូរទេ។ ព្រះជាម្ចាស់មិនបានឈប់សង្គ្រោះខ្ញុំ ដោយសារតែខ្ញុំធ្លាប់ធ្វើជាមនុស្សផ្គាប់ចិត្តគេ ហើយបានបង្កគ្រោះថ្នាក់ដល់កិច្ចការរបស់ពួកជំនុំនោះទេ។ ផ្ទុយទៅវិញ ទ្រង់សង្ឃឹមថា តាមរយៈបរាជ័យនេះ ខ្ញុំនឹងឆ្លុះបញ្ចាំង ហើយស្គាល់បញ្ហារបស់ខ្លួនឯង រៀនបានមេរៀនច្រើន ប្រែចិត្ត និងផ្លាស់ប្ដូរទៀតផង។ ខ្ញុំត្រូវតែក្រោកឈរឡើងវិញ ឆ្លុះបញ្ចាំងពីមូលហេតុនៃបរាជ័យរបស់ខ្ញុំ ហើយប្រែចិត្តដោយស្មោះ។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំដឹងថា ទូលបង្គំបានធ្វេសប្រហែសក្នុងភារកិច្ចរបស់ទូលបង្គំ ហើយទូលបង្គំមានអារម្មណ៍ខ្មាសអៀនក្នុងការឈរនៅចំពោះព្រះភ័ក្ត្រទ្រង់។ ប៉ុន្តែទូលបង្គំមិនចង់ស្ថិតនៅក្នុងសភាពអស់សង្ឃឹមនេះទៀតទេ។ សូមទ្រង់បំភ្លឺ និងដឹកនាំទូលបង្គំឲ្យស្គាល់បញ្ហារបស់ខ្លួនឯងផង»។

ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ថា៖ «នៅពេលដែលអ្នករាល់គ្នាត្រូវអនុវត្តសេចក្ដីពិត និងការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ តើអ្នករាល់គ្នាអាចយកឈ្នះលើការរឹតត្បិតនៃនិស្ស័យនៃសេចក្តីពុករលួយរបស់អ្នក ហើយឈរនៅខាងសេចក្ដីពិតបានទេ? ឧទាហរណ៍ អ្នកសហការជាមួយនរណាម្នាក់ដើម្បីអនុវត្តនូវកិច្ចការសម្អាតពួកជំនុំ ប៉ុន្តែពួកគេតែងតែប្រកបជាមួយបងប្អូនប្រុសស្រីថា ព្រះជាម្ចាស់សង្គ្រោះមនុស្សតាមដែលអាចធ្វើទៅបាន ហើយយើងត្រូវតែប្រព្រឹត្តចំពោះមនុស្សដោយក្ដីស្រឡាញ់ និងផ្ដល់ឱកាសឱ្យពួកគេប្រែចិត្ត។ តាមរយៈការប្រកបគ្នារបស់ពួកគេ អ្នកនឹងដឹងថាមានអ្វីមួយខុសឆ្គងជាមួយពួកគេហើយ។ ទោះបីជាពាក្យសំដីដែលពួកគេនិយាយស្តាប់ទៅដូចជាត្រឹមត្រូវណាស់ក៏ដោយ ក៏អ្នកបានរកឃើញនៅពេលវិភាគលម្អិតថា ពួកគេមានបំណង និងហេតុផលជំរុញចិត្តលាក់កំបាំង ដោយមិនចង់ធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្ត និងមិនចង់អនុវត្តការរៀបចំការងារនោះទេ។ នៅពេលដែលពួកគេប្រកបដូចនេះ មនុស្សដែលមិនទាន់ពេញវ័យក្នុងសេចក្ដីជំនឿ និងមិនចេះពិចារណាដឹងខុសត្រូវនឹងត្រូវពួកគេរំខាន។ ពួកគេនឹងបង្ហាញក្ដីស្រឡាញ់ដោយងងឹតងងុលក្នុងរបៀបដែលគ្មានគោលការណ៍ ដោយមិនយកចិត្តទុកដាក់ក្នុងកាវិនិច្ឆ័យអ្នកដទៃ ហើយពួកគេនឹងមិនលាតត្រដាង ឬរាយការណ៍អំពីពួកទទឹងនឹងព្រះគ្រីស្ទ ពួកមនុស្សអាក្រក់ ឬពួកអ្នកមិនជឿនោះទេ។ វាគឺជាការរារាំងមួយក្នុងការងារនៃការបោសសម្អាតពួកជំនុំ។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទ ពួកមនុស្សអាក្រក់ និងពួកអ្នកមិនជឿ មិនអាចត្រូវបានបោសសម្អាតចេញទាន់ពេលវេលាទេ វានឹងជះឥទ្ធិពលដល់ការហូប និងផឹកព្រះបន្ទូលទ្រង់ជាធម្មតារបស់រាស្រ្ដរើសតាំងរបស់ព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ពួកគេជាធម្មតាហើយ លើសពីនេះ វានឹងបង្អាក់ និងរំខានដល់ការងាររបស់ពួកជំនុំ ដោយហេតុនោះនឹងបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ នៅក្នុងស្ថានភាពបែបនេះ តើអ្នកគួរអនុវត្តយ៉ាងដូចម្ដេច? នៅពេលដែលអ្នកកត់សម្គាល់ឃើញបញ្ហា អ្នកត្រូវតែងើបឈរឡើងដើម្បីលាតត្រដាង និងបញ្ឈប់មនុស្សនោះ ហើយការពារការងាររបស់ពួកជំនុំ។ អ្នកអាចពិចារណា៖ 'យើងជាដៃគូធ្វើការ។ ប្រសិនបើខ្ញុំលាតត្រដាងពួកគេដោយផ្ទាល់ ហើយពួកគេមិនទទួលយក នោះពួកយើងនឹងត្រូវបែកបាក់គ្នាមែនទេ? ទេ ខ្ញុំមិនអាចនិយាយត្រង់ៗពេកទេ ខ្ញុំត្រូវតែមានភាពវាងវៃបន្តិច។' ដូច្នេះ អ្នកគ្រាន់តែរំលឹក និងដាស់តឿនពួកគេពីរបីម៉ាត់ប៉ុណ្ណោះ។ បន្ទាប់ពីបានឮអ្វីដែលអ្នកនិយាយ ពួកគេមិនទទួលយកឡើយ ហើយថែមទាំងលើកហេតុផលជាច្រើនមកបដិសេធនឹងអ្នកទៀតផង។ នៅពេលដែលអ្នកឃើញថាពួកគេមិនទទួលយក ហើយកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់នឹងរងការខាតបង់ តើអ្នកធ្វើដូចម្ដេច? អ្នកអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយពោលថា៖ 'ឱ ព្រះជាម្ចាស់អើយ សូមរៀបចំ និងចាត់ចែងអ្វីៗគ្រប់យ៉ាងផងចុះ។ សូមប្រៀនប្រដៅពួកគេផង។ ទូលបង្គំមិនអាចធ្វើអ្វីបានទៀតទេ'។ អ្នកគិតថា អ្នកមិនអាចឃាត់ពួកគេបានទេ ដូច្នេះអ្នកក៏បណ្ដែតបណ្ដោយពួកគេទៅ។ តើនេះគឺជាការសម្ដែងចេញនៃការមានទំនួលខុសត្រូវដែរឬទេ? តើអ្នកបានអនុវត្តសេចក្ដីពិតហើយឬនៅ? ប្រសិនបើអ្នកមិនអាចឃាត់ពួកគេបានទេ ហេតុអ្វីបានជាអ្នកមិនរាយការណ៍រឿងនេះទៅកាន់អ្នកដឹកនាំ និងអ្នកធ្វើការ? ហេតុអ្វីបានជាអ្នកមិនលើករឿងនេះនៅក្នុងការជួបជុំ ហើយឱ្យអ្នកគ្រប់គ្នាប្រកបគ្នា និងពិភាក្សាអំពីរឿងនេះ? ប្រសិនបើអ្នកមិនធ្វើបែបនេះទេ តើអ្នកពិតជាមិនមានអារម្មណ៍ថាមានកំហុសទេឬអី នៅពេលក្រោយនោះ? ប្រសិនបើអ្នកនិយាយថា 'ខ្ញុំមិនអាចដោះស្រាយរឿងនេះបានទេ ដូច្នេះខ្ញុំនឹងធ្វើមិនដឹងមិនឮចុះ។ សតិសម្បជញ្ញៈរបស់ខ្ញុំស្អាតស្អំទេ' នោះតើអ្នកមានចិត្តប្រភេទណាទៅ? តើវាគឺជាចិត្តដែលស្រឡាញ់ពិតប្រាកដ ឬជាចិត្តដែលធ្វើបាបអ្នកដទៃ? ចិត្តរបស់អ្នកគឺចិត្តដែលព្យាបាទណាស់ ពីព្រោះនៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក អ្នកខ្លាចធ្វើឱ្យគេអាក់អន់ចិត្ត ហើយមិនប្រកាន់ខ្ជាប់នូវគោលការណ៍ឡើយ។ តាមពិតទៅ អ្នកដឹងច្បាស់ណាស់ថា មនុស្សម្នាក់នេះមានហេតុផលជំរុញចិត្តលាក់កំបាំងផ្ទាល់ខ្លួនក្នុងការធ្វើបែបនេះ ហើយថាអ្នកមិនអាចស្ដាប់តាមពួកគេនៅក្នុងរឿងនេះបានទេ។ ប៉ុន្តែ អ្នកមិនបានប្រកាន់ខ្ជាប់នូវគោលការណ៍ និងមិនបានឃាត់ពួកគេមិនឱ្យបំភាន់អ្នកដទៃឡើយ ហើយចុងក្រោយ រឿងនេះធ្វើឱ្យខូចផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់។ តើអ្នកនឹងមានអារម្មណ៍ថាមានកំហុសដែរឬទេ បន្ទាប់ពីកើតរឿងនេះ? (ខ្ញុំនឹងមានអារម្មណ៍បែបនោះ។) តើការមានអារម្មណ៍ថាមានកំហុស អាចឱ្យអ្នកប៉ះប៉ូវការខាតបង់បានដែរឬទេ? អ្នកមិនអាចប៉ះប៉ូវការខាតបង់បានឡើយ។ ក្រោយមក អ្នកសញ្ជឹងគិតទៀតថា៖ 'យ៉ាងណាក៏ដោយ ខ្ញុំបានបំពេញទំនួលខុសត្រូវរបស់ខ្ញុំហើយ ហើយព្រះជាម្ចាស់ទ្រង់ជ្រាប។ ព្រះជាម្ចាស់ពិនិត្យពិច័យជម្រៅចិត្តរបស់មនុស្ស'។ តើនេះជាពាក្យសម្ដីប្រភេទណាទៅ? នេះគឺជាពាក្យសម្ដីបោកបញ្ឆោត និងជាពាក្យសម្ដីរបស់អារក្ស ដែលប៉ុនប៉ងបោកប្រាស់ទាំងមនុស្ស និងព្រះជាម្ចាស់។ អ្នកមិនបានបំពេញទំនួលខុសត្រូវរបស់ខ្លួនឡើយ ហើយថែមទាំងស្វែងរកហេតុផល និងលេសដើម្បីគេចវេះពីការទទួលខុសត្រូវទៀតផង។ នេះគឺជាភាពបោកបញ្ឆោត និងភាពរឹងទទឹងរបស់អ្នក។ តើមនុស្សបែបនេះមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរឬទេ? តើពួកគេមានស្មារតីយុត្តិធម៌ដែរឬទេ? (ពួកគេមិនមានទេ។) នេះគឺជាមនុស្សដែលមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិចសោះ ជាមនុស្សប្រភេទដូចគ្នានឹងសាតាំង។ នៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក អ្នករស់នៅតាមទស្សនៈវិជ្ជាសម្រាប់ការរស់នៅក្នុងលោកីយ៍ ហើយមិនអនុវត្តសេចក្ដីពិតឡើយ ហើយអ្នកតែងតែខ្លាចធ្វើឱ្យអ្នកដទៃអាក់អន់ចិត្ត ប៉ុន្តែមិនខ្លាចប្រមាថព្រះជាម្ចាស់ទៅវិញ ហើយថែមទាំងអាចលះបង់ផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់ ដើម្បីការពារទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃទៀតផង។ តើការធ្វើបែបនេះមានផលវិបាកអ្វីខ្លះ? អ្នកនឹងបានការពារទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃបានយ៉ាងល្អ ប៉ុន្តែអ្នកនឹងបានប្រមាថព្រះជាម្ចាស់ ហើយទ្រង់នឹងស្អប់ខ្ពើមនិងបដិសេធអ្នក ព្រមទាំងខ្ញាល់នឹងអ្នក។ បើថ្លឹងថ្លែងទៅ តើមួយណាធ្ងន់ធ្ងរជាង? ប្រសិនបើអ្នកមិនអាចទទួលអារម្មណ៍ដឹងពីរឿងនេះទេ នោះអ្នកពិតជាវង្វេងវង្វាន់ទាំងស្រុងហើយ វាបញ្ជាក់ថា អ្នកមិនយល់ពីសេចក្ដីពិតទាល់តែសោះ។ ប្រសិនបើអ្នកបន្តបែបនោះដោយមិនភ្ញាក់រលឹកសោះ នោះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ នៅទីបំផុត អ្នកនឹងមិនអាចទទួលបានសេចក្ដីពិតឡើយ ហើយអ្នកគឺជាអ្នកដែលត្រូវរងការខាតបង់» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពីសភាពពិតប្រាកដរបស់ខ្ញុំ។ ខ្ញុំបានឃើញថា ខ្ញុំគ្រាន់តែជាមនុស្សផ្គាប់ចិត្តគេដែលអាត្មានិយម និងបោកបញ្ឆោត ហើយគ្មានទំនួលខុសត្រូវចំពោះកិច្ចការរបស់ពួកជំនុំសោះ។ ខ្ញុំបានឃើញយ៉ាងច្បាស់ថា បងស្រី វ៉ាង ហ័រ កំពុងតែធ្វើការតាមតែចិត្តរបស់ខ្លួនឯង ហើយមិនបានស្វែងរកគោលការណ៍ទេ ហើយខ្ញុំក៏ដឹងដែរថា ខ្ញុំគួរតែការពារគោលការណ៍ ហើយលាតត្រដាង និងឃាត់គាត់ ដើម្បីការពារកិច្ចការរបស់ពួកជំនុំវិញ។ ប៉ុន្តែនៅពេលដែលខ្ញុំបានលើកឡើងពីបញ្ហារបស់គាត់ ហើយគាត់មិនព្រមទទួលយក ខ្ញុំក៏មិនហ៊ានធ្វើឲ្យគាត់អាក់អន់ចិត្ត និងធ្វើឲ្យខូចដល់ការសហការគ្នារបស់យើងក្នុងភារកិច្ច។ ដើម្បីរក្សាទំនាក់ទំនងរបស់ខ្ញុំជាមួយគាត់ ខ្ញុំតែងតែគិតថាបញ្ហារបស់គាត់មិនសូវសំខាន់ ហើយខ្ញុំមិនដែលលាតត្រដាងពីសារជាតិនៃបញ្ហារបស់គាត់ទេ។ ខ្ញុំក៏មិនបានរាយការណ៍ពីបញ្ហារបស់គាត់ទៅអ្នកដឹកនាំរបស់យើងដែរ។ នៅទីបំផុត រឿងនេះបានធ្វើឲ្យខូចខាតដល់ការងារផ្សាយដំណឹងល្អ។ ប៉ុន្តែទោះបីជារឿងនេះបានកើតឡើងក៏ដោយ ខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទេ ហើយបែរជាដោះសាយករួចខ្លួនទៅវិញ។ ខ្ញុំគិតថា ដោយសារខ្ញុំបានដាស់តឿនគាត់រួចហើយ ហើយគាត់មិនព្រមទទួលយក ដូច្នេះគ្មានអ្វីដែលខ្ញុំអាចធ្វើបានទៀតទេ។ ប៉ុន្តែក្នុងចិត្តរបស់ខ្ញុំ ខ្ញុំដឹងយ៉ាងច្បាស់ថា ខ្ញុំមិនបានបំពេញទំនួលខុសត្រូវរបស់ខ្ញុំទាល់តែសោះ។ ខ្ញុំគ្រាន់តែនិយាយពីរឿងរ៉ាវទាំងនោះធម្មតាៗប៉ុណ្ណោះ ដោយមិនបានសម្រេចលទ្ធផលពិតប្រាកដអ្វីទេ។ ខ្ញុំគ្រាន់តែបោកបញ្ឆោតខ្លួនឯង និងអ្នកដទៃប៉ុណ្ណោះ! សូម្បីតែពេលដែលខ្ញុំបានមើលដឹងថាគាត់ជាអ្នកដឹកនាំក្លែងក្លាយក៏ដោយ ក៏ខ្ញុំនៅតែមិនលាតត្រដាង ឬរាយការណ៍ពីគាត់ទេ ហើយខ្ញុំថែមទាំងបានបណ្ដោយឲ្យគាត់បង្អាក់ និងរារាំងដល់កិច្ចការរបស់ពួកជំនុំទៀតផង។ ខ្ញុំបានលះបង់ផលប្រយោជន៍របស់ពួកជំនុំ ដើម្បីផ្គាប់ចិត្តទំនាក់ទំនងផ្ទាល់ខ្លួន ការពារ និងបណ្ដោយឲ្យអ្នកដឹកនាំក្លែងក្លាយប្រព្រឹត្តអំពើអាក្រក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ។ ខ្ញុំពិតជាអាត្មានិយម និងគួរឲ្យស្អប់ខ្ពើមណាស់!

បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «ធម្មជាតិរបស់សាតាំងគ្រប់គ្រង និងត្រួតត្រាមនុស្សពីខាងក្នុងខ្លួនពួកគេ រហូតទាល់តែពួកគេបានឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ និងបានយល់ពីសេចក្តីពិត។ តើធម្មជាតិនោះមានអ្វីឲ្យជាក់ស្ដែងនៅក្នុងនោះ? ឧទាហរណ៍ ហេតុអ្វីបានជាអ្នកអាត្មានិយម? ហេតុអ្វីបានជាអ្នកការពារឋានៈខ្លួនឯង? ហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងបែបនេះ? ហេតុអ្វីបានជាអ្នកត្រេកអរនឹងរឿងទុច្ចរិតទាំងនោះ? ហេតុអ្វីបានជាអ្នកចូលចិត្តសេចក្ដីអាក្រក់ទាំងនោះ? តើមានមូលដ្ឋានអ្វីដែលធ្វើឱ្យអ្នកជាប់ចិត្តនឹងរឿងទាំងនេះ? តើអ្វីទាំងនេះមកពីណា? ហេតុអ្វីបានជាអ្នកសប្បាយចិត្តនឹងទទួលយករបស់ទាំងនេះខ្លាំងម្ល៉េះ? មកដល់ពេលនេះ អ្នករាល់គ្នាសុទ្ធតែបានយល់ហើយថា មូលហេតុចម្បងនៅពីក្រោយរឿងទាំងអស់នេះ គឺដោយសារពិសពុលរបស់សាតាំងដែលមាននៅក្នុងខ្លួនមនុស្ស។ ដូច្នេះ តើពិសពុលរបស់សាតាំងជាអ្វី? តើវាអាចសម្ដែងចេញមកដោយរបៀបណា? ឧទាហរណ៍ ប្រសិនបើអ្នកសួរថា៖ 'តើមនុស្សគួររស់នៅយ៉ាងដូចម្ដេច? តើមនុស្សគួររស់នៅដើម្បីអ្វី?' មនុស្សនឹងឆ្លើយថា៖ 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់'។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហានេះ។ ទស្សនវិជ្ជា និងតក្កវិជ្ជារបស់សាតាំង បានក្លាយជាជីវិតរបស់មនុស្សទៅហើយ។ មិនថាមនុស្សដេញតាមអ្វីនោះទេ គឺពួកគេដេញតាមវាដើម្បីតែខ្លួនឯង ដូច្នេះហើយ មនុស្សរស់នៅដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់' នេះគឺជាទស្សនវិជ្ជាជីវិតរបស់មនុស្ស ហើយវាក៏តំណាងឱ្យធម្មជាតិរបស់មនុស្សផងដែរ។ ពាក្យសម្ដីទាំងអស់នេះ បានក្លាយជាធម្មជាតិរបស់មនុស្សជាតិពុករលួយរួចស្រេចទៅហើយ ហើយពាក្យទាំងនេះគឺជារូបភាពពិតប្រាកដនៃធម្មជាតិបែបសាតាំងរបស់មនុស្សជាតិពុករលួយ។ ធម្មជាតិបែបសាតាំងនេះ បានក្លាយជាមូលដ្ឋានសម្រាប់ការរស់នៅរបស់មនុស្សជាតិពុករលួយទៅហើយ។ មនុស្សជាតិពុករលួយបានរស់នៅដោយមានពិសពុលរបស់សាតាំងអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ មកទល់នឹងពេលបច្ចុប្បន្ននេះ» («របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ឬសគល់នៃទំនោររបស់ខ្ញុំក្នុងការធ្វើជាមនុស្សផ្គាប់ចិត្តគេ គឺដោយសារតែខ្ញុំបានយកពិសពុលរបស់សាតាំង ដូចជា «ភាពសុខុដុមគឺជាឃ្លាំងទ្រព្យ សេចក្ដីអត់ធ្មត់គឺជាភាពត្រចះត្រចង់» «ការមិននិយាយពីកំហុសរបស់កល្យាណមិត្ត ជួយរក្សាចំណងមិត្តភាពឱ្យបានល្អ និងយូរអង្វែង» និង «កើនមិត្តម្នាក់ គឺកើនបានផ្លូវមួយ» មកធ្វើជាក្រឹត្យវិន័យសម្រាប់រស់នៅ។ ខ្ញុំជឿថា ពេលកំពុងរស់នៅក្នុងលោកិយនេះ និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ មនុស្សម្នាក់ត្រូវកសាងទំនាក់ទំនងសង្គមឲ្យបានទូលំទូលាយ និងត្រូវមានទំនាក់ទំនងល្អ បើមិនដូច្នេះទេ ពួកគេមិនអាចឈរជើងរឹងមាំក្នុងសង្គមបានទេ ហើយការធ្វើឲ្យមនុស្សម្នាក់ទៀតអាក់អន់ចិត្ត មានន័យថាមានសត្រូវម្នាក់ទៀត។ សូម្បីតែពេលបំពេញភារកិច្ចនៅក្នុងពួកជំនុំ ក៏ខ្ញុំនៅតែបន្តរស់នៅតាមទស្សនវិជ្ជាសាតាំងទាំងនេះដែរ ដោយផ្ដល់សារៈសំខាន់យ៉ាងខ្លាំងលើទំនាក់ទំនងជាមួយអ្នកដទៃ ហើយគ្មានគោលការណ៍ ឬជំហរអ្វីនៅក្នុងភារកិច្ចរបស់ខ្ញុំទេ។ ព្រះជាម្ចាស់បានបង្ហាញព្រះគុណដល់ខ្ញុំ ដោយផ្ដល់ឱកាសឲ្យខ្ញុំបានបណ្ដុះបណ្ដាលធ្វើជាអ្នកដឹកនាំ។ ខ្ញុំគួរតែបានផ្ដល់អាទិភាពដល់កិច្ចការរបស់ពួកជំនុំក្នុងគ្រប់ការទាំងអស់។ ពេលដែលខ្ញុំបានឃើញបងស្រីដែលជាដៃគូរបស់ខ្ញុំប្រព្រឹត្តទាស់នឹងគោលការណ៍ ខ្ញុំគួរតែបានលើកឡើងភ្លាមៗ ហើយជួយគាត់ ហើយបើគាត់នៅតែទទូចចង់ធ្វើតាមវិធីរបស់គាត់ ខ្ញុំគួរតែបានលាតត្រដាងគាត់ ហើយឃាត់គាត់ ឬក៏ខ្ញុំអាចរាយការណ៍ពីបញ្ហានេះទៅអ្នកដឹកនាំរបស់យើងឲ្យបានទាន់ពេលវេលា ដើម្បីការពារការខាតបង់ណាមួយដែលនឹងកើតមានដល់កិច្ចការរបស់ពួកជំនុំ។ ប៉ុន្តែផ្ទុយទៅវិញ ដើម្បីការពារមោទនភាព និងឋានៈរបស់ខ្ញុំ ខ្ញុំបានធ្វើជាមនុស្សផ្គាប់ចិត្តគេ ហើយមិនបានអនុវត្តសេចក្ដីពិតទេ។ ខ្ញុំបានបរាជ័យក្នុងការមើលការខុសត្រូវការងាររបស់គាត់ ហើយខ្ញុំបានបណ្ដោយឲ្យគាត់ប្រព្រឹត្តអំពើអាក្រក់។ ខ្ញុំមិនបានគិតគូរដល់កិច្ចការរបស់ពួកជំនុំទាល់តែសោះ ហើយខ្វះការយល់ដឹងពីសេចក្ដីយុត្តិធម៌ទៀតផង។ បងស្រី វ៉ាង ហ័រ បានប្រព្រឹត្តអំពើខុសឆ្គងដោយមិនញញើត ហើយជាមនុស្សគួរឲ្យស្អប់ខ្ពើម ហើយខ្ញុំក៏ដឹងយ៉ាងច្បាស់ថាគាត់កំពុងតែប្រព្រឹត្តអំពើអាក្រក់ និងបង្កការរំខាន ប៉ុន្តែខ្ញុំមិនបានលាតត្រដាង ឬឃាត់គាត់ឲ្យបានទាន់ពេលទេ ដោយបណ្ដោយឲ្យគាត់ធ្វើឲ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំ។ សារជាតិនៃទង្វើរបស់ខ្ញុំរឹតតែអាក្រក់ ហើយគួរឲ្យខ្មាសអៀនទៅទៀត! បើសិនជាខ្ញុំបានរាយការណ៍ពីបញ្ហារបស់បងស្រី វ៉ាង ហ័រ ឲ្យបានឆាប់ជាងនេះ អ្នកដឹកនាំនឹងបានដោះស្រាយបញ្ហានោះឆាប់ជាងនេះ ហើយរឿងរ៉ាវក៏មិនបានធ្ងន់ធ្ងរដល់ថ្នាក់នេះដែរ។ ដោយសារតែរស់នៅតាមទស្សនវិជ្ជាសាតាំង ខ្ញុំបានក្លាយជាមនុស្សអាត្មានិយម និងបោកបញ្ឆោតយ៉ាងពិតប្រាកដ។ ខ្ញុំមិនហ៊ានលើកឡើងពីបញ្ហាដែលខ្ញុំបានសង្កេតឃើញនៅក្នុងអ្នកដទៃទេ ហើយខ្ញុំខ្វះភាពស្មោះត្រង់ និងសេចក្ដីស្រឡាញ់ពិតប្រាកដចំពោះអ្នកដទៃ។ ខ្ញុំក៏ខ្វះទំនួលខុសត្រូវចំពោះភារកិច្ចរបស់ខ្ញុំដែរ។ អ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ សុទ្ធតែនាំមកនូវការខូចខាតដល់កិច្ចការរបស់ពួកជំនុំ។ ខ្ញុំបានហូបចុក និងសប្បាយរីករាយនឹងអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានប្រទានឲ្យខ្ញុំ ប៉ុន្តែមិនបានគិតគូរដល់ព្រះហឫទ័យរបស់ទ្រង់ទាល់តែសោះ។ ម្ដងហើយម្ដងទៀត ខ្ញុំបានឈរនៅខាងអ្នកដឹកនាំក្លែងក្លាយ ធ្វើឲ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំ។ ខ្ញុំគ្មានអ្វីក្រៅពីជាជនក្បត់ដែលរមិលគុណ ខ្វះទាំងភាពជាមនុស្ស និងហេតុផលទៀតផង! មនុស្សដូចខ្ញុំម្នាក់នេះ មិនស័ក្តិសមនឹងធ្វើជាអ្នកដឹកនាំទាល់តែសោះ កុំថាឡើយឱ្យរស់នៅនៅចំពោះព្រះជាម្ចាស់នោះ។ ការដែលពួកជំនុំបណ្ដេញខ្ញុំចេញពីតំណែង គឺជាការបង្ហាញពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយក៏ជាផលវិបាកនៃទង្វើរបស់ខ្ញុំផ្ទាល់ដែរ។ ពេលដឹងរឿងនេះ ខ្ញុំពោរពេញទៅដោយការសោកស្ដាយ និងការបន្ទោសខ្លួនឯង។

បន្ទាប់ពីនោះមក ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយស្វែងរកផ្លូវដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ។ ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «ប្រសិនបើអ្នកចង់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ហើយធ្វើឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ពេញព្រះទ័យ នោះអ្នកត្រូវតែរៀនសហការគ្នាដោយចុះសម្រុងគ្នាទៅវិញទៅមកជាមុនសិន។ នៅពេលសហប្រតិបត្តិការគ្នាជាមួយបងប្អូនប្រុសស្រី អ្នកគួរពិចារណាចំណុចដូចខាងក្រោម៖ 'តើអ្វីទៅជាការចុះសម្រុងគ្នា? តើសម្ដីរបស់ខ្ញុំចុះសម្រុងគ្នាជាមួយពួកគេដែរឬទេ? តើគំនិតរបស់ខ្ញុំចុះសម្រុងគ្នាជាមួយពួកគេដែរឬទេ? តើវិធីដែលខ្ញុំធ្វើចុះសម្រុងគ្នាជាមួយពួកគេដែរឬទេ?' ចូរពិចារណាអំពីរបៀបសហប្រតិបត្តិការគ្នាដោយចុះសម្រុង។ ពេលខ្លះ ការចុះសម្រុងគ្នាសំដៅលើការអត់ទ្រាំ និងការយោគយល់ ប៉ុន្តែពាក្យនេះក៏មានន័យថាជាការប្រកាន់ជំហររបស់ខ្លួន និងប្រកាន់តាមគោលការណ៍ផងដែរ។ ការចុះសម្រុងគ្នា ពុំមានន័យថា ជាការបន្ធូរបន្ថយគោលការណ៍ដើម្បីឱ្យអ្វីៗដំណើរការទៅរលូននោះទេ ក៏ពុំមានន័យថា ព្យាយាមដើម្បីក្លាយជា 'អ្នកផ្គាប់ចិត្តមនុស្ស' ឬប្រកាន់យកផ្លូវកណ្ដាលនោះដែរ ហើយកាន់តែមិនមានន័យថា ជាការផ្គាប់ផ្គុនចិត្តនរណាម្នាក់ទៅទៀត។ ទាំងអស់នេះ គឺជាគោលការណ៍។ នៅពេលដែលអ្នកបានស្ទាត់ជំនាញលើគោលការណ៍ទាំងនេះហើយ អ្នកនឹងនិយាយ និងធ្វើអ្វីៗស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាំងមិនដឹងខ្លួន និងបង្ហាញចេញនូវតថភាពនៃសេចក្ដីពិត ហើយបែបនេះ ងាយនឹងសម្រេចបាននូវការឯកភាពគ្នាណាស់» («ស្ដីពីការសហប្រតិបត្តិការគ្នាដោយចុះសម្រុង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «តើអ្វីទៅជាការសហការ? អ្នកត្រូវតែអាចពិភាក្សាគ្នាទៅវិញទៅមក ហើយបញ្ចេញទស្សនៈ និងគំនិតយោបល់របស់អ្នក។ អ្នកត្រូវតែបំពេញឱ្យគ្នា និងមើលការខុសត្រូវគ្នាទៅវិញទៅមក ហើយស្វែងរក សាកសួរ និងក្រើនរំលឹកគ្នាទៅវិញទៅមក។ ទាំងនេះទើបជាការសហការគ្នាដោយចុះសម្រុង។ ឧទាហរណ៍ អ្នកបានដោះស្រាយរឿងមួយតាមតែចិត្តរបស់អ្នក ពេលនោះមានគេនិយាយថា៖ 'អ្នកធ្វើបែបនេះខុសហើយ គឺផ្ទុយនឹងគោលការណ៍ទាំងស្រុងតែម្ដង។ ហេតុអ្វីបានជាអ្នកដោះស្រាយវាតាមតែអំពើចិត្ត ដោយមិនបានស្វែងរកសេចក្ដីពិតដូច្នេះ?' ឮដូច្នេះ អ្នកក៏និយាយថា៖ 'មែនហើយ ខ្ញុំសំណាងហើយដែលអ្នកបានដាស់តឿនខ្ញុំ! ប្រសិនបើអ្នកមិនបានដាស់តឿនខ្ញុំទេ វាមុខជានាំមកនូវមហន្តរាយមិនខាន!' នោះហើយជាការក្រើនរំលឹកគ្នាទៅវិញទៅមក។ ចុះតើការមើលការខុសត្រូវគ្នាទៅវិញទៅមក គឺជាអ្វីទៅ? មនុស្សគ្រប់រូបសុទ្ធតែមាននិស្ស័យពុករលួយ ហើយអាចនឹងធ្វើឱ្យតែរួចពីដៃក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយការពារតែឋានៈ និងមុខមាត់របស់ខ្លួនប៉ុណ្ណោះ មិនមែនការពារផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់ឡើយ។ សណ្ឋានបែបនេះមាននៅក្នុងមនុស្សគ្រប់រូប។ ប្រសិនបើអ្នកដឹងថានរណាម្នាក់មានបញ្ហា អ្នកគួរតែទៅប្រកបជាមួយពួកគេជាមុន ដោយរំលឹកពួកគេឱ្យបំពេញភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍ ព្រមទាំងចាត់ទុកវាជាការព្រមានដល់ខ្លួនឯងផងដែរ។ នោះហើយជាការមើលការខុសត្រូវគ្នាទៅវិញទៅមក។ តើការមើលការខុសត្រូវគ្នាទៅវិញទៅមក មានតួនាទីអ្វីខ្លះ? វាមានគោលបំណងការពារផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានេះដែរក៏ការពារមនុស្សមិនឱ្យដើរផ្លូវខុសផងដែរ» (ដកស្រង់ពី «ចំណុចទីប្រាំបី (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា មនុស្សគ្រប់គ្នាមាននិស្ស័យពុករលួយ ក៏ដូចជាមានចំណុចខ្វះខាត និងភាពខ្សោយដែរ។ ការដែលពួកជំនុំរៀបចំឲ្យអ្នកដឹកនាំ និងអ្នកធ្វើការសហការគ្នាក្នុងភារកិច្ច គឺពិតជាមានអត្ថន័យណាស់។ គឺដើម្បីឲ្យពួកគេអាចមើលការខុសត្រូវ ដាស់តឿន និងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ដោយមានការទប់ស្កាត់គ្នាទៅវិញទៅមក ដើម្បីបញ្ចៀសការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំ ដែលបណ្ដាលមកពីទង្វើដែលផ្អែកលើនិស្ស័យពុករលួយរបស់ពួកគេ។ ក្នុងការបំពេញភារកិច្ចដោយសហការគ្នា ក៏ត្រូវតែមានគោលការណ៍ដែរ។ នៅក្នុងរឿងរ៉ាវដែលមិនពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិត យើងអាចអនុវត្តការអត់ឱន និងការអត់ធ្មត់បាន។ ប៉ុន្តែនៅពេលដែលពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិត និងផលប្រយោជន៍របស់ពួកជំនុំ យើងមិនត្រូវសម្របសម្រួល ឬបត់បែននោះទេ។ យើងត្រូវតែការពារគោលការណ៍ និងឈរឲ្យរឹងមាំ។ នេះគឺជាការការពារផលប្រយោជន៍របស់ពួកជំនុំ និងជាការទទួលខុសត្រូវចំពោះការងារ។ នៅពេលដែលប្រឈមមុខនឹងការចង្អុលបង្ហាញ និងជំនួយពីអ្នកដទៃ អស់អ្នកដែលអាចទទួលយកសេចក្ដីពិតបានពិតប្រាកដ គឺអាចទទួលយកការណ៍ទាំងនោះពីព្រះជាម្ចាស់ ឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ហើយកែតម្រូវបញ្ហា និងភាពវៀចវេរបានភ្លាមៗ។ ពួកគេមិនត្រឹមតែមិនអន់ចិត្តនឹងអ្នកដទៃប៉ុណ្ណោះទេ គឺថែមទាំងមានចិត្តដឹងគុណនៅក្នុងចិត្តទៀតផង។ ប៉ុន្តែខ្ញុំបែរជាជឿដោយខុសឆ្គងថា ការលើកឡើងពីបញ្ហារបស់នរណាម្នាក់នឹងធ្វើឲ្យខូចទំនាក់ទំនង និងធ្វើឲ្យពួកគេអាក់អន់ចិត្តទៅវិញ។ ដូច្នេះ ខ្ញុំគ្រាន់តែបណ្ដោយ និងចាត់ទុករឿងទាំងនោះថាជារឿងធម្មតាប៉ុណ្ណោះ ដោយមិនបានលាតត្រដាង ឬរាយការណ៍ពីបញ្ហារបស់ពួកគេទេ។ ជាលទ្ធផល កិច្ចការរបស់ពួកជំនុំត្រូវបានពន្យារពេល ហើយក៏បន្សល់ទុកឱ្យខ្ញុំនូវអំពើរំលងដែរ។ ខ្ញុំបានដឹងថា ការធ្វើជាមនុស្សផ្គាប់ចិត្តគេ ពិតជាធ្វើឲ្យខូចខាតទាំងអ្នកដទៃ និងខ្លួនឯងមែន!

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «ប្រសិនបើអ្នកមានចេតនា និងទស្សនៈរបស់មនុស្សផ្គាប់ចិត្តគេ នោះនៅក្នុងគ្រប់បញ្ហាទាំងអស់ អ្នកនឹងមិនអនុវត្តសេចក្ដីពិត ឬប្រកាន់ខ្ជាប់គោលការណ៍ឡើយ ដូច្នេះហើយអ្នកនឹងបរាជ័យ និងដួលជានិច្ច។ ប្រសិនបើអ្នកមិនភ្ញាក់រឭក ហើយមិនដែលស្វែងរកសេចក្ដីពិតទេ នោះអ្នកជាប្រភេទមនុស្សដែលគ្មានជំនឿពិត ហើយអ្នកនឹងមិនទទួលបានសេចក្ដីពិត និងជីវិតឡើយ។ ដូច្នេះ តើអ្នកគួរធ្វើដូចម្ដេច? នៅពេលប្រឈមមុខនឹងរឿងបែបនេះ អ្នកត្រូវតែអធិដ្ឋានដល់ព្រះជាម្ចាស់ ហើយស្រែកអំពាវនាវដល់ទ្រង់ សូមឱ្យព្រះជាម្ចាស់សង្គ្រោះអ្នក ហើយប្រទានឱ្យអ្នកនូវសេចក្ដីជំនឿ និងកម្លាំង ធ្វើឱ្យអ្នកអាចប្រកាន់ខ្ជាប់នូវគោលការណ៍ ធ្វើអ្វីដែលអ្នកគួរធ្វើ ដោះស្រាយបញ្ហាស្របតាមគោលការណ៍ ប្រកាន់ខ្ជាប់ជំហររបស់ខ្លួន ការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងបង្ការកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់កុំឱ្យមានការខាតបង់។ ប្រសិនបើអ្នកអាចបះបោរប្រឆាំងនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក មោទនភាពរបស់អ្នក និងទស្សនៈរបស់អ្នកជាមនុស្សផ្គាប់ចិត្តគេ ហើយប្រសិនបើអ្នកធ្វើអ្វីដែលអ្នកគួរធ្វើដោយចិត្តស្មោះត្រង់ និងមិនបែងចែក នោះអ្នកនឹងបានយកឈ្នះលើសាតាំង ហើយទទួលបានសេចក្ដីពិតក្នុងទិដ្ឋភាពនេះ។ ប្រសិនបើអ្នកនៅតែជំនះរស់នៅតាមទស្សនវិជ្ជារបស់សាតាំង ការពារទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ ហើយមិនដែលអនុវត្តសេចក្ដីពិត ហើយមិនហ៊ានប្រកាន់ខ្ជាប់នូវគោលការណ៍ទេ តើអ្នកនឹងអាចអនុវត្តសេចក្ដីពិតនៅក្នុងបញ្ហាផ្សេងទៀតបានដែរឬទេ? អ្នកនឹងនៅតែគ្មានជំនឿ ឬកម្លាំងដដែល។ ប្រសិនបើអ្នកមិនដែលស្វែងរក ឬទទួលយកសេចក្តីពិតបានទេ ពេលនោះ តើសេចក្តីជំនឿលើព្រះជាម្ចាស់បែបនេះ នឹងអនុញ្ញាតឱ្យអ្នកអាចទទួលបានសេចក្តីពិតដែរឬទេ? (គឺអត់ទេ។) ចុះប្រសិនបើអ្នកមិនអាចទទួលបានសេចក្តីពិតទេ តើអ្នកអាចបានសេចក្តីសង្រ្គោះដែរឬទេ? អ្នកមិនអាចឡើយ។ ប្រសិនបើអ្នករស់នៅតាមទស្សនវិជ្ជារបស់សាតាំងជានិច្ច ដោយគ្មានតថភាពនៃសេចក្តីពិតបន្តិចបន្តួចសោះ ពេលនោះ អ្នកពិតជាមិនអាចទទួលបានសេចក្ដីសង្រ្គោះឡើយ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់ឲ្យខ្ញុំនូវមាគ៌ានៃការអនុវត្ត។ នៅពេលដែលប្រឈមមុខនឹងស្ថានភាពដែលខ្ញុំចង់ធ្វើជាមនុស្សផ្គាប់ចិត្តគេម្ដងទៀត ខ្ញុំត្រូវតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ភ្លាម ហើយទូលសូមកម្លាំងពីទ្រង់ ដើម្បីឲ្យខ្ញុំអាចទុកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំមួយឡែក ហើយប្រព្រឹត្តតាមគោលការណ៍ ដើម្បីធានាថាកិច្ចការរបស់ពួកជំនុំមិនរងការខូចខាត។ នេះគឺជាទំនួលខុសត្រូវដែលបុគ្គលម្នាក់គួរតែបំពេញក្នុងនាមជាភាវៈដែលព្រះបានបង្កើត។ បើសិនជាខ្ញុំនៅតែប្រកាន់ខ្ជាប់នូវផ្នត់គំនិតនៃការធ្វើជាមនុស្សផ្គាប់ចិត្តគេ ហើយព្យាយាមការពារទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកដទៃជានិច្ច នោះនិស្ស័យសាតាំងរបស់ខ្ញុំក្នុងការធ្វើជាមនុស្សផ្គាប់ចិត្តគេនឹងមិនអាចផ្លាស់ប្ដូរបានទេ ហើយនៅទីបំផុត ខ្ញុំនឹងមិនអាចទទួលបានសេចក្ដីពិតទេ កុំថាឡើយការទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់នោះ។ ដូច្នេះ ខ្ញុំបានប្ដេជ្ញាចិត្តថា៖ «នៅថ្ងៃអនាគត ទោះបីជាខ្ញុំជួបប្រទះនឹងមនុស្ស ព្រឹត្តិការណ៍ ឬរឿងរ៉ាវបែបណាក៏ដោយ ក៏ខ្ញុំមិនត្រូវឲ្យនិស្ស័យពុករលួយរបស់ខ្ញុំមកគាបសង្កត់ខ្ញុំទៀតដែរ។ ខ្ញុំត្រូវតែការពារគោលការណ៍ ដើម្បីការពារកិច្ចការរបស់ពួកជំនុំ ហើយធ្វើជាមនុស្សដែលមានទំនួលខុសត្រូវ»។

ប៉ុន្មានខែក្រោយមក ខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើជាអ្នកដឹកនាំពួកជំនុំម្ដងទៀត។ ខ្ញុំបានសង្កេតឃើញថា បងស្រី ចាង ជី ដែលជាគ្រូជំនួយកិច្ចការទូទៅ មាននិស្ស័យក្រអឺតក្រទមណាស់។ គាត់ធ្វើការតាមតែអំពើចិត្ត និងបែបផ្ដាច់ការក្នុងភារកិច្ចរបស់គាត់ ហើយគាត់តែងតែព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ហើយមិនព្រមសហការជាមួយអ្នកដទៃឡើយ។ ដូច្នេះ ខ្ញុំចង់ប្រកបគ្នាជាមួយគាត់ ដើម្បីលាតត្រដាងពីសារជាតិ និងផលវិបាកនៃវិធីសាស្រ្តនេះ។ ប៉ុន្តែនៅពេលដែលខ្ញុំគិតថា ខ្ញុំទើបតែបានមកដល់ពួកជំនុំនេះ ហើយត្រូវការជំនួយ និងការសហការពីគាត់សម្រាប់កិច្ចការជាច្រើននោះ ខ្ញុំក៏បារម្ភថាតើខ្ញុំគួរធ្វើដូចម្ដេច បើសិនជាខ្ញុំនិយាយធ្ងន់ៗពេក ហើយគាត់មិនអាចទទួលយកបាននោះ។ ខ្ញុំគិតថា យកល្អកុំធ្វើឲ្យគាត់អាក់អន់ចិត្តអី ហើយគ្រាន់តែនិយាយត្រួសៗទៅបានហើយ។ នៅពេលនោះ ខ្ញុំបាននឹកឃើញពីរបៀបដែលខ្ញុំបានបរាជ័យកាលពីមុន ដោយសារតែការធ្វើជាមនុស្សផ្គាប់ចិត្តគេ ហើយខ្ញុំមានអារម្មណ៍ថាមានកំហុសយ៉ាងខ្លាំង ហើយបានគិតថា៖ «ដោយសារខ្ញុំបានមើលឃើញីបញ្ហារបស់បងស្រី ចាង ជី ដូច្នេះ ខ្ញុំគួរតែកែតម្រូវ និងជួយគាត់។ គាត់គឺជាអ្នកធ្វើការម្នាក់ ហើយបើសិនជាគាត់មិនអាចធ្វើការចុះសម្រុងជាមួយអ្នកដទៃបានទេ វានឹងជះឥទ្ធិពលដល់ការងារជាក់ជាមិនខាន»។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសូមឲ្យទ្រង់ដឹកនាំខ្ញុំឲ្យអនុវត្តសេចក្ដីពិត និងការពារកិច្ចការរបស់ពួកជំនុំ។ បន្ទាប់ពីបានអធិស្ឋានរួច ខ្ញុំមានអារម្មណ៍ថាមានកម្លាំងឡើងវិញ។ ខ្ញុំបានយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកប្រកបគ្នាជាមួយបងស្រី ចាង ជី និងវែកញែកពីបញ្ហារបស់គាត់ ហើយខ្ញុំក៏បានយកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំមកជួយគាត់ដែរ។ បងស្រី ចាង ជី បានទទួលយកការណែនាំ និងជំនួយរបស់ខ្ញុំ ហើយបានឆ្លុះបញ្ចាំង និងបានស្គាល់ខ្លួនឯង ហើយក្រោយមក គាត់ក៏អាចសហការជាមួយអ្នកដទៃបានជាធម្មតាវិញ។ ដោយបានឃើញលទ្ធផលបែបនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង។ នៅពេលដែលខ្ញុំបានអនុវត្តសេចក្ដីពិត ហើយមិនបានធ្វើជាមនុស្សផ្គាប់ចិត្តគេ ខ្ញុំមិនបានធ្វើឲ្យអ្នកដទៃអាក់អន់ចិត្តដូចដែលខ្ញុំបាននឹកគិតនោះទេ។ ការអនុវត្តតាមវិធីនេះ មិនត្រឹមតែបានផ្ដល់ផលប្រយោជន៍ដល់ជីវិតរបស់បងប្អូនប្រុសស្រីប៉ុណ្ណោះទេ ថែមទាំងបានការពារកិច្ចការរបស់ពួកជំនុំទៀតផង។ ខ្ញុំបានឃើញថា មានតែតាមរយៈការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការដោះស្រាយបញ្ហាតាមគោលការណ៍ប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចបំពេញភារកិច្ចរបស់ខ្លួនបានល្អ។ អរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖  ៣៤. តើភាពសប្បុរស តំណាងឲ្យភាពជាមនុស្សល្អដែរឬទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

Connect with us on Messenger