១៦. ការប្ដេជ្ញាចិត្តដើរលើផ្លូវនៃ សេចក្ដីជំនឿលើព្រះជាម្ចាស់

ដោយ យី ស៊ីន ប្រទេសចិន

ចេន សៀវ មានគ្រួសារតូចមួយដ៏កក់ក្ដៅ និងចុះសម្រុងគ្នា ហើយប្ដីនាងស្រឡាញ់នាងខ្លាំងណាស់។ នាងក៏ចុះសម្រុងគ្នាបានយ៉ាងល្អជាមួយឪពុកម្ដាយក្មេក និងអ្នកជិតខាងរបស់នាងដែរ ហើយសាច់ញាតិ និងអ្នកជិតខាងតែងតែច្រណែននាងយ៉ាងខ្លាំង។ នៅរដូវផ្ការីកឆ្នាំ ២០០៨ ចេន សៀវ មានសំណាងបានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចេន សៀវ បានយល់ថា មនុស្សត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ហើយថាពន្លឺព្រះអាទិត្យ ខ្យល់ និងទឹកភ្លៀងដែលពួកគេទទួលបាន គឺសុទ្ធតែផ្ដល់ឱ្យដោយព្រះជាម្ចាស់ ហើយថានាងត្រូវតែបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើត ដើម្បីផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់ ដោយនាំមនុស្សកាន់តែច្រើនមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលយកសេចក្ដីសង្រ្គោះរបស់ទ្រង់។ ចេន សៀវ បានចូលរួមក្នុងជួរអ្នកផ្សាយដំណឹងល្អដោយក្ដីរីករាយ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពដ៏ល្អនេះមិនបានស្ថិតស្ថេរយូរឡើយ ដោយសារតែគណបក្សកុម្មុយនីស្តចិនបានប៉ុនប៉ងលុបបំបាត់ពួកជំនុំរបស់ព្រះជាម្ចាស់ ដោយប្រឌិតពាក្យចចាមអារ៉ាមផ្សេងៗ ដើម្បីមួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយចាប់ផ្ដើមចាប់ខ្លួនអ្នកដែលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាតាមអំពើចិត្ត។ ប្ដីរបស់នាងដែលកំពុងធ្វើការឆ្ងាយពីផ្ទះ ក្រោយពីជឿលើពាក្យចចាមអារ៉ាមនោះ តែងតែទូរសព្ទមកណែនាំ ចេន សៀវ ឱ្យបោះបង់សេចក្ដីជំនឿរបស់នាង ឯគ្រួសាររបស់នាងក៏ចាប់ផ្ដើមរួមគ្នាដាក់សម្ពាធលើនាងដែរ។

នៅរសៀលមួយនារដូវរងា ឆ្នាំ ២០១០ មិនយូរប៉ុន្មានបន្ទាប់ពី ចេន សៀវ ត្រឡប់មកពីផ្សាយដំណឹងល្អវិញ បងប្រុសរបស់នាងបានមកដល់ ដោយចង្អុលមុខ ចេន សៀវ ហើយសួរថា៖ «តើឯងនៅតែជឿព្រះជាម្ចាស់ ហើយដើរផ្សាយដំណឹងល្អទៀតឬ? កុំគិតថាអញល្ងង់ឱ្យសោះ! រដ្ឋមិនអនុញ្ញាតឱ្យជឿលើព្រះជាម្ចាស់ទេ ហើយបើឯងពិតជាត្រូវគេចាប់ខ្លួនមែន នោះយើងនឹងមិនអាចយកមុខទៅទុកឯណាបានទេ»។ ពេលកំពុងនិយាយ គាត់ក៏បានយកទូរសព្ទចេញមកខលទៅឪពុកម្ដាយរបស់ពួកគេ។ មិនយូរប៉ុន្មាន ពួកគាត់ក៏បានមកដល់ទាំងអស់គ្នា។ ចេន សៀវ បានដឹងថា បងប្រុសនាងបានហៅឪពុកម្ដាយមក ដើម្បីរារាំងនាងមិនឱ្យជឿព្រះជាម្ចាស់ ដូច្នេះ នាងក៏អំពាវនាវរកព្រះជាម្ចាស់នៅក្នុងចិត្ត ដើម្បីការពារចិត្តរបស់នាងកុំឱ្យមានការរំខាន។ ម្ដាយរបស់នាងបានអង្វរនាងថា៖ «កូនអើយ សេចក្ដីជំនឿរបស់កូនធ្វើឱ្យម៉ាក់បារម្ភរាល់ថ្ងៃ។ ម៉ាក់ខ្លាចថា ថ្ងៃណាមួយកូននឹងត្រូវប៉ូលិសចាប់ខ្លួន ហើយគ្រួសារយើងទាំងមូលនឹងត្រូវរងទុក្ខដោយសាររឿងនេះ។ កូនគួរតែស្ដាប់ម៉ាក់ បោះបង់សេចក្ដីជំនឿនេះចោលទៅ»។ ដោយឃើញម្ដាយអង្វរនាងយ៉ាងទទូចបែបនេះ ចេន សៀវ បានគិតថា៖ «វាមិនងាយស្រួលទេដែលគាត់ចិញ្ចឹមខ្ញុំធំប៉ុណ្ណេះ ហើយឥឡូវខ្ញុំបែរជាធ្វើឱ្យគាត់បារម្ភ និងភ័យខ្លាចទៅវិញ។ តើនេះមិនមែនជាការក្បត់គុណគាត់ទេឬ?» ចេន សៀវ មិនដាច់ចិត្តមើលមុខម្ដាយនាងទៀតទេ ហើយក៏ងាកមុខចេញ។ ពេលនោះ ឪពុករបស់នាងកំពុងជក់បារី ហើយនិយាយយ៉ាងម៉ឺងម៉ាត់ថា៖ «ស្ដាប់ណា៎កូន! គ្រាន់តែធ្វើតាមអ្វីដែលយើងប្រាប់ទៅ ដូចពាក្យគេថា “ចាស់ទុំប្រាប់មិនស្ដាប់ មុខជាវិនាសមិនខាន”។ តើមនុស្សល្អអាចរស់នៅក្នុងពិភពលោកយើងនេះដោយរបៀបណាទៅ? យើងគ្មានសាច់ញាតិដែលមានអំណាចទេ ដូច្នេះ បើកូនពិតជាត្រូវគេចាប់ខ្លួនមែន មិនត្រឹមតែកូនរងទុក្ខទេ ថែមទាំងត្រូវគេពិន័យទៀតផង ហើយបើស្ថានការណ៍កាន់តែអាក្រក់ កូនអាចនឹងបាត់បង់អ្វីៗគ្រប់យ៉ាង។ ក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌ ពូទួតរបស់កូនត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ដោយសារតែជាប់ពាក់ព័ន្ធនឹង “សមាគមសាសនា” ហើយត្រូវជាប់គុកយ៉ាងយូរ។ គាត់ស្ទើរតែស្លាប់នៅក្នុងគុកទៅហើយ។ មនុស្សឆ្លាតតែងដឹងថាពេលណាគួរថយ ហើយមិនគួរយកពងមាន់ទៅជល់នឹងថ្មទេ! កូនអើយ ស្ដាប់ប៉ាទៅ ហើយបោះបង់សេចក្ដីជំនឿនេះចោលទៅ។ យើងរស់នៅឱ្យតែស្ងប់ស្ងាត់ទៅ ដើម្បីកុំឱ្យគ្រួសារទាំងមូលត្រូវរងទុក្ខដោយសាររឿងនេះ»។ ចេន សៀវ មិនដាច់ចិត្តទុកឱ្យឪពុកម្ដាយចាស់ជរារបស់នាងព្រួយបារម្ភខ្លាំងបែបនេះទេ ហើយក៏បារម្ភថា តើនាងនឹងធ្វើបែបណា បើនាងពិតជាត្រូវប៉ូលិសចាប់ខ្លួន ហើយគ្រួសារនាងត្រូវពាក់ព័ន្ធនោះ។ ម្ខាងគឺជាឪពុកម្ដាយចាស់ជរារបស់នាង ឯម្ខាងទៀតគឺជាការជឿលើព្រះដ៏ពិត និងការដើរតាមផ្លូវត្រូវ។ ចេន សៀវ ស្ថិតក្នុងស្ថានភាពទាល់ច្រក។ ពេលនោះ បងប្រុសរបស់នាងនិយាយយ៉ាងម៉ឺងម៉ាត់ថា៖ «រដ្ឋាភិបាលគណបក្សកុម្មុយនីស្តចិនមិនជឿថាមានព្រះទេ។ ឯងនឹងគ្មានសេចក្ដីសុខទេ ដរាបណាឯងជឿលើព្រះជាម្ចាស់។ មិនត្រឹមតែឯងរងទុក្ខទេ តែគ្រួសារយើងទាំងមូលក៏នឹងត្រូវពាក់ព័ន្ធដែរ។ តើឯងចាំបាច់ត្រូវរឹងរូសបែបនេះធ្វើអី? គ្រាន់តែស្ដាប់ឪពុកម្ដាយយើង ហើយបោះបង់សេចក្ដីជំនឿនេះចោលទៅ»។ នៅពេលនេះ ចេន សៀវ ស្ថិតក្នុងស្ថានភាពច្របូកច្របល់ ហើយមិនដឹងថាត្រូវធ្វើបែបណាបន្តទៀតទេ។ នាងបានត្រឹមតែអធិស្ឋានស្ងាត់ៗនៅក្នុងចិត្តថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំមានអារម្មណ៍ទន់ខ្សោយណាស់ នៅចំពោះមុខការរារាំងពីគ្រួសារទូលបង្គំ។ សូមបំភ្លឺ និងណែនាំទូលបង្គំផង»។ បន្ទាប់ពីអធិស្ឋានរួច ចេន សៀវ បាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «គ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការរំខានរបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយគ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយវាទាមទារឱ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះជាម្ចាស់» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ចេន សៀវ បានយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ទោះបីជាមើលទៅហាក់ដូចជាគ្រួសារនាងកំពុងរារាំងនាងក៏ដោយ តែតាមពិត នេះគឺជាសាតាំងដែលចង់ប្រើការរំខានពីគ្រួសារនាង ដើម្បីឱ្យនាងបោះបង់ និងក្បត់ព្រះជាម្ចាស់ ដោយហេតុនេះធ្វើឱ្យនាងបាត់បង់ឱកាសទទួលបានសេចក្ដីសង្គ្រោះ។ សាតាំងពិតជាពិសពុល និងព្យាបាទខ្លាំងណាស់! លើសពីនេះទៅទៀត វាសនារបស់មនុស្សគ្រប់រូបគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយរឿងដែលមនុស្សម្នាក់គួរដកបទពិសោធ និងការឈឺចាប់ដែលពួកគេគួររងទុក្ខក្នុងជីវិត គឺត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ទាំងអស់។ ថាតើនាងនឹងត្រូវគេចាប់ខ្លួន ឬថាតើគ្រួសាររបស់នាងនឹងត្រូវពាក់ព័ន្ធ ក៏ត្រូវបានសម្រេចដោយព្រះជាម្ចាស់ដែរ។ នាងត្រូវតែផ្ទុកផ្ដាក់អ្វីៗគ្រប់យ៉ាងថ្វាយព្រះជាម្ចាស់ ហើយចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ទ្រង់។ ចេន សៀវ បានអរព្រះគុណព្រះជាម្ចាស់ស្ងាត់ៗសម្រាប់ការណែនាំរបស់ទ្រង់ ហើយនាងបានធ្វើការប្ដេជ្ញាចិត្តថា៖ ទោះបីជាគ្រួសារនាងរារាំងនាងខ្លាំងប៉ុណ្ណាក៏ដោយ ក៏នាងនឹងមិនចុះញ៉មនឹងពួកគេឡើយ ដោយបដិសេធមិនឱ្យឧបាយកលរបស់សាតាំងទទួលបានជោគជ័យឡើយ។ នាងបាននិយាយយ៉ាងម៉ឺងម៉ាត់ទៅកាន់គ្រួសារនាងថា៖ «ខ្ញុំជឿលើព្រះជាម្ចាស់ ហើយដើរតាមផ្លូវត្រូវ។ ខ្ញុំមិនធ្វើរឿងខុសច្បាប់ ឬពាក់ព័ន្ធនឹងនយោបាយទេ។ ខ្ញុំផ្សាយដំណឹងល្អ ដើម្បីនាំមនុស្សកាន់តែច្រើនមកចំពោះព្រះជាម្ចាស់ សម្រាប់សេចក្ដីសង្រ្គោះ។ នេះជារឿងល្អ! ប៉ាម៉ាក់និងបង មិនហ៊ានជឿលើព្រះជាម្ចាស់ទេ ព្រោះខ្លាចគេចាប់ខ្លួន ដូច្នេះ ខ្ញុំនឹងមិនបង្ខំទេ តែខ្ញុំនឹងមិនឱ្យអ្នកណាមករំខានសេចក្ដីជំនឿរបស់ខ្ញុំឡើយ។ ខ្ញុំប្ដេជ្ញាថានឹងជឿលើព្រះជាម្ចាស់រហូតដល់ទីបញ្ចប់»។ ពេលឮបែបនេះ ប្ដីរបស់នាងមើលទៅហាក់ដូចជាទាល់តម្រិះ ហើយក៏ឱនក្បាលជក់បារីបន្តទៀត។ ដោយឃើញការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ ចេន សៀវ ឪពុកម្ដាយនាងក៏ចេញទៅទាំងខឹងសម្បារ។ ពេលនោះ បងប្រុសរបស់នាងបាននិយាយយ៉ាងកាចសាហាវទៅកាន់ប្ដីរបស់ ចេន សៀវ ថា៖ «បើវាមិនស្ដាប់ ហើយនៅតែប្រកាន់ខ្ជាប់សេចក្ដីជំនឿរបស់វាទៀត វាយបំបាក់ជើងវាទៅ!» បន្ទាប់ពីនិយាយបែបនេះរួច គាត់ក៏ដើរចេញទៅទាំងកំហឹង។ ពេលឮសម្ដីបងប្រុសនាងរួច ចេន សៀវ មានអារម្មណ៍ភ័យខ្លាច និងច្របូកច្របល់ «តែបងគឺជាបងប្រុសរបស់ខ្ញុំ! ជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់គឺជារឿងល្អ តើបងអាចដាច់ចិត្តឃោរឃៅដាក់ខ្ញុំយ៉ាងនេះកើតទៅ?» ពេលនាងគិតថា ការជឿលើព្រះជាម្ចាស់មានន័យថាត្រូវស៊ូទ្រាំនឹងការយល់ច្រឡំ និងការបដិសេធពីសាច់ញាតិនោះ នាងក៏ឆ្ងល់ថា តើនាងត្រូវដើរតាមផ្លូវខាងមុខបន្តទៀតដោយរបៀបណា។ ចេន សៀវ ទប់អារម្មណ៍មិនបាន ក៏មានអារម្មណ៍ទន់ខ្សោយបន្តិច ហើយប្រញាប់អំពាវនាវរកព្រះជាម្ចាស់នៅក្នុងចិត្តថា៖ «ឱព្រះជាម្ចាស់អើយ សូមប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ទូលបង្គំ ហើយសូមដឹកនាំទូលបង្គំនៅផ្លូវខាងមុខបន្តទៀតផង»។

បន្ទាប់មក ចេន សៀវ បាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ដែលត្រូវបានការពារដោយសារក្រឹត្យវិន័យនោះទេ ផ្ទុយទៅវិញ អ្នកមានតែត្រូវដាក់ទោសចោទប្រកាន់ដោយសារតែក្រឹត្យវិន័យ។ អ្វីដែលកាន់តែជាបញ្ហានោះគឺ មនុស្សមិនយល់ពីអ្នករាល់គ្នា៖ សូម្បីតែសាច់ញាតិ ឪពុកម្ដាយ មិត្តភក្ដិ ឬក៏សហការីរបស់អ្នករាល់គ្នា ក៏គ្មាននរណាម្នាក់យល់ពីអ្នករាល់គ្នាដែរ។ នៅពេលដែលព្រះជាម្ចាស់ “បានបោះបង់” អ្នករាល់គ្នា នោះអ្នករាល់គ្នាមិនអាចបន្ដរស់នៅលើផែនដីបានទៀតឡើយ ប៉ុន្ដែទោះបីជាបែបនេះក៏ដោយ ក៏មនុស្សមិនអាចទ្រាំនៅឆ្ងាយពីព្រះជាម្ចាស់បានដែរ ដែលនេះហើយជាចំណុចសំខាន់នៃការយកឈ្នះរបស់ព្រះជាម្ចាស់លើមនុស្ស និងជាសិរីល្អរបស់ព្រះជាម្ចាស់» («តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សស្រមៃដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ចេន សៀវ បានសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានយល់ថា គណបក្សកុម្មុយនីស្តចិនបដិសេធព្រះជាម្ចាស់ និងប្រឆាំងនឹងព្រះជាម្ចាស់ ថាការជឿលើព្រះជាម្ចាស់នៅក្នុងប្រទេសដែលមិនជឿថាមានព្រះ ដែលគ្រប់គ្រងដោយគណបក្សកុម្មុយនីស្តចិន មនុស្សម្នាក់នឹងត្រូវរងការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនពីគណបក្សកុម្មុយនីស្តចិន ព្រមទាំងការយល់ច្រឡំ ឬសូម្បីតែការបដិសេធពីគ្រួសាររបស់ខ្លួន ហើយរឿងទាំងអស់នេះគឺជៀសមិនរួចទេ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយាងមកសម្ដែងចេញនូវសេចក្ដីពិត ដើម្បីសង្រ្គោះមនុស្សជាតិ ហើយគណបក្សកុម្មុយនីស្តចិនប្រឆាំង និងថ្កោលទោសព្រះគ្រីស្ទយ៉ាងឆ្កួតលីលា ដោយចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញគ្រីស្ទបរិស័ទ ព្រមទាំងប្រើមធ្យោបាយគួរឱ្យស្អប់ខ្ពើមគ្រប់បែបយ៉ាង ដើម្បីរារាំងមនុស្សមិនឱ្យជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់ ហើយពួកគេបានចងបដា និងបិទផ្ទាំងប្រកាសនៅគ្រប់ទិសទី ដោយប្រឌិតពាក្យចចាមអារ៉ាម ព្រមទាំងមួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយប្រឌិតពាក្យកុហកគ្រប់បែបយ៉ាង ដើម្បីមួលបង្កាច់ និងថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់។ សូម្បីតែសមាជិកគ្រួសាររបស់គ្រីស្ទបរិស័ទក៏ត្រូវបានគាបសង្កត់ និងធ្វើទុក្ខបុកម្នេញដែរ ដោយសេចក្ដីជំនឿរបស់មនុស្សម្នាក់ត្រូវពាក់ព័ន្ធដល់គ្រួសារទាំងមូល។ នេះត្រូវបានធ្វើឡើង ដើម្បីញុះញង់ឱ្យមានការមិនពេញចិត្ត និងការស្អប់ខ្ពើមចំពោះគ្រីស្ទបរិស័ទពីសំណាក់គ្រួសាររបស់ពួកគេ។ មនុស្សជាច្រើនដែលមិនយល់ពីសេចក្ដីពិត ត្រូវបានគណបក្សកុម្មុយនីស្តចិនបិទបាំងភ្នែក ហើយក្លាយជាបក្ខពួករបស់វា។ ចេន សៀវ បានគិតអំពីគ្រួសាររបស់នាងផ្ទាល់ ដែលត្រូវបានគេបំភាន់ និងគំរាមកំហែងដោយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានទាំងនេះ។ ដោយសារខ្លាចមានការពាក់ព័ន្ធ ពួកគេក៏ឈរនៅខាងគណបក្សកុម្មុយនីស្តចិន ហើយបានធ្វើទុក្ខបុកម្នេញ និងរារាំងសេចក្ដីជំនឿរបស់នាងលើព្រះជាម្ចាស់ ដែលធ្វើឱ្យគ្រួសារដែលធ្លាប់តែចុះសម្រុងគ្នា ធ្លាក់ចូលក្នុងភាពចលាចល។ មេខ្លោងនៅពីក្រោយរឿងទាំងអស់នេះ គឺគណបក្សកុម្មុយនីស្តចិន ជារបបសាតាំងនេះឯង! ចេន សៀវ បានឃើញយ៉ាងច្បាស់ថា គណបក្សកុម្មុយនីស្តចិនគឺជារូបតំណាងរបស់សាតាំង ដែលជាអារក្សដ៏អាក្រក់ដែលលេបត្របាក់មនុស្ស! នាងស្អប់អារក្សដ៏អាក្រក់នេះពីក្រអៅបេះដូងរបស់នាង ហើយបានប្ដេជ្ញាចិត្តរំដោះខ្លួនពីចំណង និងការរឹតត្បិតរបស់វា ដើម្បីដើរតាមព្រះជាម្ចាស់ជារៀងរហូត។

នៅថ្ងៃមួយនារដូវរងា ឆ្នាំ ២០១១ បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួច ចេន សៀវ បានចេញទៅផ្សាយដំណឹងល្អ។ ចំណែកឯប្ដីរបស់នាងវិញ ពេលគាត់ចេញទៅផឹកស៊ីជាមួយមិត្តភក្ដិ មានមិត្តម្នាក់បានចាក់រុកប្ដីរបស់ ចេន សៀវ ដោយនិយាយថា៖ «រដ្ឋមិនអនុញ្ញាតឱ្យមនុស្សជឿលើព្រះជាម្ចាស់ទេ។ ចេន សៀវ ជឿលើព្រះជាម្ចាស់ ហើយដើរផ្សាយដំណឹងល្អគ្រប់កន្លែង ហើយបើឯងមិនចេះគ្រប់គ្រងនាងទេ ហើយនាងត្រូវគេចាប់ខ្លួនមែន នោះវានឹងនាំបញ្ហាដល់ឯងមិនខាន!» នៅពេលថ្ងៃត្រង់ ចេន សៀវ បានត្រឡប់មកផ្ទះវិញ ហើយពេលនាងឃើញប្ដីកំពុងកកាយអីវ៉ាន់ នាងមានអារម្មណ៍ភ័យបុកពោះយ៉ាងខ្លាំង។ ប្ដីរបស់នាងបានរកឃើញក្រដាសមួយសន្លឹកនៅក្រោមបន្ទះក្ដារសម្រាប់កាត់ដេរ ដែលមានសរសេរព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេលកំពុងហែកវានោះ គាត់ក៏ស្រែកគំហកថា៖ «អញប្រាប់ឯងប៉ុន្មានដងហើយ? រដ្ឋមិនអនុញ្ញាតឱ្យជឿលើព្រះជាម្ចាស់ទេ តែឯងនៅតែជឿទៀត! ហេតុអីក៏ឯងមិនស្ដាប់អញ?» និយាយបែបនេះរួច គាត់ក៏ដាល់ទ្រូង ចេន សៀវ ជាច្រើនដៃ។ ចេន សៀវ ដើរទ្រេតទ្រោតថយក្រោយប៉ុន្មានជំហានដោយសារការវាយដំនោះ រួចទប់ខ្លួនវិញ ហើយនិយាយទាំងខឹងថា៖ «ខ្ញុំជឿលើព្រះជាម្ចាស់ គឺមិនបានធ្វើបាបអ្នកណាទេ ហេតុអីក៏បងមិនព្រមទុកឱ្យខ្ញុំជឿលើព្រះជាម្ចាស់អញ្ចឹង?» ពេល ចេន សៀវ និយាយបែបនេះ ប្ដីនាងក៏ចាប់ផ្ដើមទាត់ជើងនាងយ៉ាងខ្លាំង គាត់ធ្វើបែបនេះបណ្ដើរ និយាយបណ្ដើរថា៖ «ពេលអញចេញទៅក្រៅ មិត្តភក្ដិអញសើចចំអកឱ្យអញ ថាអញមិនចេះប្រដៅប្រពន្ធខ្លួនឯង។ អញខ្មាសគេណាស់! អញនឹងបង្ហាញពួកគេឱ្យឃើញថា នរណាជាអ្នកគ្រប់គ្រង!» កូនប្រុសរបស់ពួកគេបានប្រញាប់រត់មកឃាត់ តែប្ដីនាងនៅតែបន្តទាត់នាង ធ្វើឱ្យ ចេន សៀវ ជំពប់ជើងស្ទើរតែដួល។ ដើម្បីគេចពីការវាយដំរបស់ប្ដី ចេន សៀវ បានរត់ចេញទៅក្រៅ។ ប្ដីរបស់នាងបានរត់តាមយ៉ាងលឿន ហើយរើសដុំឥដ្ឋពីចិញ្ចើមផ្លូវ គប់ទៅលើ ចេន សៀវ ត្រូវចំកែងជើងរបស់នាង។ នាងបានរត់យករួចជីវិត ហើយពេលនាងងាកក្រោយ នាងឃើញប្ដីកំពុងកាន់ដំបងធំមួយប្រវែងប្រហែលមួយម៉ែត្រ ដេញតាមនាង។ ចេន សៀវ ភ័យស្លន់ស្លោ ហើយរត់បានមិនឆ្ងាយប៉ុន្មានផង ក៏ត្រូវប្ដីវាយឱ្យដួលនឹងដំបងនោះ។ ប្ដីនាងបានលើកដំបងឡើងម្ដងទៀត ហើយវាយ ចេន សៀវ យ៉ាងឆ្កួតលីលា គាត់វាយនាងបណ្ដើរ ជេរប្រទេចនាងបណ្ដើរថា៖ «អញនឹងវាយឯងឱ្យងាប់ បើឯងមិនព្រមបោះបង់សេចក្ដីជំនឿនេះចោលទេ!» គាត់មិនឈប់វាយទេ រហូតទាល់តែដំបងនោះបាក់ជាពីរ។ ចេន សៀវ បន្តអំពាវនាវរកព្រះជាម្ចាស់នៅក្នុងចិត្ត បន្ទាប់មក មានអ្នកជិតខាងម្នាក់បានចេញមក ហើយទាញប្ដីនាងចេញ។ ចេន សៀវ ត្រូវគេវាយយ៉ាងធ្ងន់ធ្ងរ រហូតដល់រាងកាយនាងទាំងមូលឈឺចាប់ស្ទើរតែទ្រាំលែងបាន។ នាងបានខំប្រឹងងើបឈរ ហើយដើរអូសជើងទៅផ្ទះបងស្រីរបស់នាង។ ពេលបងស្រីនាងឃើញដៃជើងរបស់ ចេន សៀវ ពេញទៅដោយស្នាមជាំ គាត់មានអារម្មណ៍ខ្លោចចិត្តយ៉ាងខ្លាំង ហើយនិយាយទាំងទឹកភ្នែកថា៖ «ឯងគ្រាន់តែជឿលើព្រះជាម្ចាស់របស់ឯងសោះ ចុះហេតុអីក៏ប្ដីឯងឃោរឃៅម៉្លេះ! តើវាអាចវាយឯងដល់ថ្នាក់នេះយ៉ាងម៉េចទៅ?»

យប់នោះ ចេន សៀវ ដេកនៅលើគ្រែ ត្រឡប់ចុះត្រឡប់ឡើងដោយក្ដីឈឺចាប់ ហើយមិនអាចគេងលក់ឡើយ។ នាងនឹកឃើញថា កាលពីមុនគ្រួសារនាងធ្លាប់តែចុះសម្រុងគ្នា ហើយប្ដីនាងមិនដែលឈ្លោះប្រកែកជាមួយនាងឡើយ។ ប៉ុន្តែគ្រាន់តែដោយសារសេចក្ដីជំនឿរបស់នាងលើព្រះជាម្ចាស់ ប្ដីនាងបែរជាឈានដល់ការវាយដំ និងជេរប្រទេចនាងទៅវិញ។ ចេន សៀវ មានអារម្មណ៍ទន់ខ្សោយនៅក្នុងចិត្ត ហើយបន្តអំពាវនាវរកព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ នៅចំពោះមុខការធ្វើទុក្ខបុកម្នេញ និងការបដិសេធពីគ្រួសារទូលបង្គំ ព្រមទាំងការចាប់ខ្លួនរបស់គណបក្សកុម្មុយនីស្តចិន ទូលបង្គំមានអារម្មណ៍ទន់ខ្សោយណាស់។ តើទូលបង្គំត្រូវបន្តដំណើរទៅមុខទៀតដោយរបៀបណា?» បន្ទាប់ពីអធិស្ឋានរួច ចេន សៀវ បាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលនាងធ្លាប់អានក្នុងអំឡុងពេលជួបជុំ៖ «ប្រហែលជាអ្នករាល់គ្នានឹកចាំអំពីពាក្យទាំងអស់នេះហើយថា៖ “ដ្បិតទុក្ខលំបាកដ៏ស្រាលរបស់យើង គឺតែមួយភ្លែតទេ តែវានឹងធ្វើឱ្យយើងមានសិរីរុងរឿងយ៉ាងច្រើនលើសលុប អស់កល្បជានិច្ច។” អ្នករាល់គ្នាធ្លាប់ស្ដាប់ឮពាក្យទាំងអស់នេះពីមុនមកហើយ ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់យល់ពីអត្ថន័យពិតប្រាកដនៃពាក្យទាំងនេះទេ។ ថ្ងៃនេះ អ្នករាល់គ្នាដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ពិតប្រាកដនៃពាក្យទាំងនេះហើយ។ ពាក្យទាំងនេះ នឹងបានសម្រេចដោយព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយវានឹងបានសម្រេចនៅក្នុងអស់អ្នកដែលទទួលរងការបៀតបៀនយ៉ាងឃោរឃៅពីសំណាក់នាគដ៏ធំមានសម្បុរក្រហមនៅក្នុងទឹកដីដែលវាបានរុំព័ទ្ធជុំជិត។ នាគដ៏ធំមានសម្បុរក្រហមនេះបៀតបៀនព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជាមនុស្សនៅក្នុងទឹកដីនេះ ត្រូវរងការអាម៉ាស់ និងការធ្វើទុក្ខបុកម្នេញដោយព្រោះការជឿលើព្រះជាម្ចាស់ ហើយជាលទ្ធផល ពាក្យទាំងនេះនឹងសម្រេចនៅក្នុងអ្នករាល់គ្នាដែលជាមនុស្សមួយក្រុមនេះ» («តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សស្រមៃដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចេន សៀវ បានយល់ថា ឥឡូវនេះព្រះជាម្ចាស់បានយាងមកនៅគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការ និងសង្រ្គោះមនុស្សនៅក្នុងប្រទេសដែលការប្រឆាំង និងការធ្វើទុក្ខបុកម្នេញព្រះជាម្ចាស់មានសភាពធ្ងន់ធ្ងរបំផុត អ្នកដែលជឿលើព្រះជាម្ចាស់ត្រូវតែដកបទពិសោធការធ្វើទុក្ខបុកម្នេញ និងទុក្ខវេទនានេះ ហើយពួកគេត្រូវតែស៊ូទ្រាំនឹងការលំបាកទាំងនេះ។ ព្រះជាម្ចាស់ប្រើប្រាស់ស្ថានភាពបែបនេះ ដើម្បីប្រទានសេចក្ដីពិតដល់មនុស្ស ដោយអនុញ្ញាតឱ្យពួកគេមើលឃើញពីធម្មជាតិដ៏អាក្រក់ គួរឱ្យស្អប់ខ្ពើម ពិសពុល និងកាចសាហាវរបស់នាគដ៏ធំមានសម្បុរក្រហម នៅកណ្ដាលការធ្វើទុក្ខបុកម្នេញ និងទុក្ខវេទនា និងដើម្បីស្គាល់ពីមុខមាត់ជាបិសាចរបស់វា ថាវាជាសត្រូវរបស់ព្រះជាម្ចាស់។ នេះអាចឱ្យមនុស្សបដិសេធវា បោះបង់វា ហើយប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនសម្រាប់ព្រះជាម្ចាស់ ដែលធ្វើឱ្យសាតាំងត្រូវអាម៉ាស់មុខ។ មានតែអ្នកដែលអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួននៅទីបញ្ចប់ បន្ទាប់ពីឆ្លងកាត់ការធ្វើទុក្ខបុកម្នេញ និងទុក្ខវេទនាប៉ុណ្ណោះ ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានព្រះពរដ៏អស់កល្បជានិច្ច។ នាងក៏បានគិតអំពីការដែលព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបានយាងមកធ្វើកិច្ចការ និងសង្រ្គោះមនុស្សជាតិនៅក្នុងប្រទេសដែលមិនជឿថាមានព្រះ ដោយទ្រង់បានស៊ូទ្រាំនឹងការចំអក ការប្រមាថ ការមួលបង្កាច់ ការបដិសេធ ការធ្វើទុក្ខបុកម្នេញ និងការតាមប្រមាញ់ពីសំណាក់មនុស្សលោកីយ៍។ ទ្រង់គ្មានកន្លែងសូម្បីតែសម្រាប់ទម្រេតព្រះសិរសារបស់ទ្រង់ ប៉ុន្តែទ្រង់មិនដែលបោះបង់ការសង្រ្គោះមនុស្សជាតិឡើយ។ ចេន សៀវ បានគិតក្នុងចិត្តថា៖ «បើប្រៀបធៀបទៅ តើការរងទុក្ខបន្តិចបន្តួចរបស់ខ្ញុំនេះមានន័យអ្វីទៅ?» ពេលគិតដល់ចំណុចនេះ ចេន សៀវ មានអារម្មណ៍ថា សេចក្ដីជំនឿរបស់នាងនៅតូចតាចពេកហើយ។ នាងបានដឹងថា ការដែលនាងមានភាពអវិជ្ជមាន និងទន់ខ្សោយដោយសារតែការរងទុក្ខបន្តិចបន្តួចនេះ ហើយថែមទាំងយល់ច្រឡំ និងត្អូញត្អែរទាស់នឹងព្រះជាម្ចាស់ទៀតនោះ គឺមានន័យថានាងពិតជាខ្វះមនសិការ និងវិចារណញ្ញាណមែន! នាងក៏បានទទួលស្គាល់ដែរថា ការរងទុក្ខដើម្បីទទួលបានសេចក្ដីសង្រ្គោះក្នុងសេចក្ដីជំនឿរបស់នាង គឺមានតម្លៃ និងមានអត្ថន័យណាស់ ហើយនាងបន្តអរព្រះគុណ និងសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងចិត្ត! ពេលនាងមានអារម្មណ៍ធូរស្រាលនៅក្នុងចិត្តកាន់តែខ្លាំង ការឈឺចាប់នៅក្នុងរាងកាយនាងក៏ថយចុះយ៉ាងច្រើនដែរ ហើយនាងក៏បានគេងលក់ដោយមិនដឹងខ្លួន។

នៅព្រឹកបន្ទាប់ ចេន សៀវ បានត្រឡប់មកផ្ទះវិញ។ ប្ដីនាងបានចង្អុលមុខនាង ហើយនិយាយថា៖ «បើឯងគ្រាន់តែនិយាយថា ឯងនឹងបោះបង់សេចក្ដីជំនឿរបស់ឯង អញនឹងចាត់ទុកឯងដូចព្រះនាង ហើយចិញ្ចឹមឯង ហើយឯងមិនបាច់ធ្វើការងារអ្វីទាំងអស់។ បើឯងគ្រាន់តែបោះបង់សេចក្ដីជំនឿរបស់ឯងចោល ឯងអាចធ្វើអ្វីក៏បានតាមតែឯងចង់!» ពេលឮបែបនេះ ចេន សៀវ បានគិតក្នុងចិត្តថា៖ «តាំងពីយើងរៀបការមក ខ្ញុំធ្វើការដោយមិនចេះនឿយហត់ ចូលដេកយប់ជ្រៅ និងខិតខំកាត់ដេរខោអាវឱ្យគេ ដើម្បីផ្គត់ផ្គង់គ្រួសារ។ ខ្ញុំប្រឹងប្រែងខ្លាំងពេក រហូតដល់ខ្លួនឯងមានជំងឺពេញខ្លួន ហើយខ្ញុំចំណាយពេលវេលាលះបង់កម្លាំងកាយចិត្តទាំងស្រុងសម្រាប់គ្រួសារមួយនេះ។ ឥឡូវនេះ គ្រាន់តែដោយសារសេចក្ដីជំនឿរបស់ខ្ញុំ បងបែរជាមិនខ្វល់ពីចំណងប្ដីប្រពន្ធរបស់យើង ហើយវាយដំខ្ញុំយ៉ាងសាហាវឃោរឃៅ។ តើបងជាមនុស្សដែរឬទេ?» ចេន សៀវ បានដឹងថា ប្ដីនាងនឹងមិនឈប់ទេ រហូតទាល់តែគាត់អាចបង្ខំនាងឱ្យក្បត់ព្រះជាម្ចាស់បាន។ នាងកាន់តែគិត នាងក៏កាន់តែខឹង។ នាងបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលនាងធ្លាប់បានអានពីមុនមក៖ «ហេតុអ្វីបានជាប្ដីស្រឡាញ់ប្រពន្ធ? ហេតុអ្វីបានប្រពន្ធស្រឡាញ់ប្ដី? ហេតុអ្វីបានជាកូនត្រូវកតញ្ញូចំពោះឪពុកម្ដាយរបស់ពួកគេ? ហេតុអ្វីបានជាឪពុកម្ដាយស្រឡាញ់ថែទាំកូនៗរបស់ពួកគេយ៉ាងជ្រាលជ្រៅ? តើបំណងរបស់មនុស្សសុទ្ធតែសំដៅទៅលើអ្វី? តើវាមិនសុទ្ធតែសំដៅទៅលើការបំពេញផែនការ និងបំណងប្រាថ្នាដ៏អាត្មានិយមផ្ទាល់ខ្លួនរបស់ពួកគេទេឬ? ... ប្ដីជឿ និងប្រពន្ធមិនជឿសាសនា គ្មានអ្វីទាក់ទងគ្នាទេ ហើយកូនជឿនិងឪពុកម្ដាយមិនជឿសាសនា ក៏គ្មានអ្វីទាក់ទងគ្នាដែរ។ មនុស្សពីរប្រភេទនេះ គឺមិនចុះសម្រុងនឹងគ្នាទាល់តែសោះ។ នៅមុនពេលចូលទៅក្នុងសេចក្ដីសម្រាក មនុស្សមានអារម្មណ៍ជាប់ជំពាក់ខាងរូបកាយនិងគ្រួសារ ប៉ុន្តែនៅពេលដែលពួកគេបានចូលទៅក្នុងសេចក្ដីសម្រាកហើយ នោះនឹងលែងមានអារម្មណ៍ជាប់ជំពាក់ខាងរូបកាយនិងគ្រួសារដែលត្រូវរំឭកនឹកដល់ទៀតហើយ» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នាងក៏បាននឹកឃើញផងដែរថា ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «បើលោកីយ៍ស្អប់អ្នក អ្នកត្រូវដឹងថា វាបានស្អប់ខ្ញុំ មុននឹងស្អប់អ្នកទៅទៀត។ បើសិនជាលោកីយ៍ស្អប់អ្នក អ្នកត្រូវដឹងថា វាបានស្អប់ខ្ញុំមុននឹងស្អប់អ្នកទៅទៀត។ បើអ្នកមកពីលោកីយ៍ នោះលោកីយ៍នឹងស្រឡាញ់គ្នារបស់គេ ប៉ុន្តែដោយសារតែអ្នកមិនមែនមកពីលោកីយ៍ តែខ្ញុំបានរើសអ្នកចេញពីលោកីយ៍ ដូច្នេះហើយបានលោកីយ៍ស្អប់អ្នកនោះ» (យ៉ូហាន ១៥:១៨-១៩)។ ចេន សៀវ បានសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នាងបាននឹកត្រឡប់ទៅមើលពីរបៀបដែលនាងខិតខំធ្វើការស្ទើរតែបាក់កម្លាំង ដើម្បីរកលុយមកផ្គត់ផ្គង់គ្រួសារ ដោយមើលថែទាំងចាស់ទុំ និងកូនៗ។ មានតែពេលដែលប្ដីនាងទទួលបានផលប្រយោជន៍ប៉ុណ្ណោះ ទើបគាត់បង្ហាញការយកចិត្តទុកដាក់ចំពោះនាង។ បន្ទាប់ពីនាងបានជឿលើព្រះជាម្ចាស់ ធាតុពិតរបស់ប្ដីនាងក៏លេចចេញមក ព្រោះគាត់ខ្លាចថា ការដែលគណបក្សកុម្មុយនីស្តចិនចាប់ខ្លួនប្រពន្ធគាត់ នឹងធ្វើឱ្យពាក់ព័ន្ធដល់គាត់ និងគំរាមកំហែងដល់ផលប្រយោជន៍របស់គាត់។ គាត់មិនខ្វល់ពីចំណងប្ដីប្រពន្ធរបស់ពួកគេទាល់តែសោះ ដើម្បីតែការពារផលប្រយោជន៍ផ្ទាល់ខ្លួន ដោយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរារាំងសេចក្ដីជំនឿរបស់នាងលើព្រះជាម្ចាស់ សូម្បីតែឈានដល់ការប្រើអំពើហិង្សាក៏ដោយ។ ពេលនោះហើយដែល ចេន សៀវ បានដឹងថា ប្ដីរបស់នាងគ្មានមនោសញ្ចេតនាពិតប្រាកដចំពោះនាងទាល់តែសោះ។ ពួកអ្នកជឿ និងពួកអ្នកគ្មានជំនឿ ពិតជាមិនអាចចុះសម្រុងគ្នាមែន។ សារជាតិរបស់ប្ដីនាងគឺជាអារក្ស ដែលស្អប់ និងប្រឆាំងនឹងព្រះជាម្ចាស់។ គាត់គឺជាសត្រូវរបស់ព្រះជាម្ចាស់។ ពេលគិតដល់ចំណុចនេះ ចេន សៀវ បានយល់ពីរបៀបដែលនាងត្រូវអនុវត្ត។ ដោយឃើញថា ពេលវេលាសម្រាប់ការជួបជុំខិតជិតមកដល់ហើយ នាងបាននិយាយទៅកាន់ប្ដីរបស់នាងយ៉ាងឈ្លាសវៃថា៖ «ដោយសារតែបងឃោរឃៅដាក់ខ្ញុំយ៉ាងនេះ ខ្ញុំបានឃើញយ៉ាងច្បាស់ថា បងពិតជាមនុស្សប្រភេទណា។ ខ្ញុំប្ដេជ្ញាថានឹងជឿលើព្រះជាម្ចាស់! រាងកាយរបស់ខ្ញុំទាំងមូលនៅតែឈឺចាប់ដោយសារការវាយដំរបស់បង ហើយខ្ញុំត្រូវទៅចាក់ថ្នាំ និងទិញថ្នាំលេប»។ បន្ទាប់ពីនិយាយបែបនេះរួច ចេន សៀវ ក៏បានទៅការជួបជុំ។

នៅរដូវក្ដៅ ឆ្នាំ ២០១៧ ចេន សៀវ បានទៅការជួបជុំបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួច ដូចធម្មតា។ បន្ទាប់ពីការជួបជុំរួច ពេលនាងមកដល់មុខទ្វារផ្ទះភ្លាម នាងឃើញម្ដាយក្មេក និងម្ដាយរបស់នាងកំពុងអង្គុយនៅខាងក្រៅ។ ចេន សៀវ បានឃើញមុខរបស់ពួកគាត់ស្លេកស្លាំង ហើយនៅមានស្នាមទឹកភ្នែកនៅឡើយ ប៉ុន្តែនាងមិនដឹងថាមានរឿងអ្វីកើតឡើងទេ។ ពេលឃើញ ចេន សៀវ ភ្លាម ម្ដាយក្មេកនាងប្រញាប់និយាយទៅកាន់នាងថា៖ «ព្រឹកមិញនេះ មានឡានប៉ូលិសពីរគ្រឿងមកដល់ ជាមួយប៉ូលិសមួយក្រុម ហើយពួកគេនិយាយថា មានគេរាយការណ៍ថាកូនជឿលើព្រះជាម្ចាស់ ហើយពួកគេចង់នាំកូនទៅប៉ុស្តិ៍ប៉ូលិស ដើម្បី “អប់រំកែប្រែ”។ ម៉ាក់ប្រាប់ពួកគេថាកូនធ្វើដំណើរទៅឆ្ងាយ ប៉ុន្តែពួកគេមិនជឿម៉ាក់ទេ ហើយចេះតែសួររកកូន។ ពួកគេថែមទាំងនិយាយថា ពេលកូនត្រឡប់មកវិញ យើងត្រូវតែខលទៅពួកគេភ្លាម ហើយបើយើងមិនធ្វើអីចឹងទេ យើងនឹងត្រូវចាត់ទុកថាជាអ្នកលាក់ទុកឧក្រិដ្ឋជន»។ ម្ដាយរបស់នាងបានជូតទឹកភ្នែក ហើយនិយាយទាំងញ័រមាត់ថា៖ «កូនត្រឡប់មកវិញចំពេលប៉ូលិសទើបតែចេញទៅបាត់ គឺប្រផិតប្រផើយមែនទែន! កូនគួរតែប្រញាប់ទៅពួននៅផ្ទះបងស្រីកូនទៅ!» ពេលឮថាប៉ូលិសមកចាប់ខ្លួននាង ចេន សៀវ មានអារម្មណ៍ភ័យខ្លាំងណាស់ ហើយបេះដូងនាងលោតញាប់។ ដោយមិនបង្អង់យូរ នាងក៏ប្រញាប់រត់ចូលទៅក្នុងផ្ទះ ដើម្បីយកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងខោអាវខ្លះៗ រួចក៏ជិះកង់អគ្គិសនីរបស់នាងចេញទៅយ៉ាងលឿន។ ពេលឮថាប៉ូលិសមកចាប់ខ្លួន ចេន សៀវ ប្ដីនាង និងបងប្អូនជីដូនមួយម្នាក់ បានទៅផ្ទះបងស្រីរបស់ ចេន សៀវ។ បងប្អូនជីដូនមួយរបស់នាងបានបញ្ចុះបញ្ចូលនាងថា៖ «បច្ចុប្បន្ន រដ្ឋាភិបាលកំពុងតែចាប់ខ្លួនអ្នកជឿនៅគ្រប់ទីកន្លែង ហើយប៉ូលិសនិយាយថា ការជឿលើព្រះជាម្ចាស់គឺខុសច្បាប់នៅក្នុងប្រទេសចិន ហើយដរាបណាមាននរណាម្នាក់នៅក្នុងគ្រួសារជឿលើព្រះជាម្ចាស់ កូនៗនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរៀននៅសាកលវិទ្យាល័យ ឬចូលបម្រើកងទ័ពឡើយ ហើយមនុស្សចាស់នឹងត្រូវដកហូតប្រាក់ឧបត្ថម្ភពីរដ្ឋ។ បើឯងនៅតែបន្តសេចក្ដីជំនឿនេះទៀត ឯងនឹងទាញទាំងមនុស្សចាស់ និងកូនៗឱ្យរងទុក្ខជាមួយឯងមិនខាន។ ឯងត្រូវតែគិតគូរដល់គ្រួសារទាំងមូលផង»។ ប្ដីរបស់នាងបាននិយាយថា៖ «ដល់ថ្នាក់នេះទៅហើយ ទោះខំយ៉ាងណាក៏កដៃមិនអាចមួលឈ្នះភ្លៅដែរ ហើយបើឯងនៅតែបន្តជឿលើព្រះជាម្ចាស់របស់ឯងទៀត គ្រួសារយើងនឹងមិនអាចរស់នៅបានទេ!» ចេន សៀវ មានអារម្មណ៍ទន់ខ្សោយបន្តិច ពេលឮសម្ដីប្ដីនាង ហើយនាងបានគិតថា៖ «កូនរបស់យើងជិតប្រឡងចូលសាកលវិទ្យាល័យហើយ ហើយបើការជឿលើព្រះជាម្ចាស់របស់ខ្ញុំធ្វើឱ្យកូនមិនអាចចូលរៀននៅសាកលវិទ្យាល័យបាន ហើយធ្វើឱ្យគ្រួសារខ្ញុំត្រូវពាក់ព័ន្ធនោះ គ្រួសារខ្ញុំច្បាស់ជាបន្ទោសខ្ញុំមិនខាន»។ ចេន សៀវ មានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង ដូច្នេះ នាងក៏ប្រញាប់អធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! ថ្ងៃនេះ ទូលបង្គំប្រឈមមុខនឹងស្ថានភាពនេះដោយមានការអនុញ្ញាតពីទ្រង់ ហើយទូលបង្គំដឹងថា គណបក្សកុម្មុយនីស្តចិនក៏ស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ដែរ។ សូមបំភ្លឺ និងណែនាំទូលបង្គំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ផង»។ បន្ទាប់ពីអធិស្ឋានរួច ចេន សៀវ បាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីវគ្គដែលនាងធ្លាប់បានអានពីមុនមក៖ «ចាប់តាំងពីពេលដែលអ្នកស្រែកយំចូលមកក្នុងពិភពលោកនេះ គឺអ្នកចាប់ផ្ដើមបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយ។ អ្នកដើរតួនាទីរបស់អ្នក និងចាប់ផ្ដើមដំណើរជីវិតរបស់អ្នក ក៏តែដើម្បីផែនការរបស់ព្រះជាម្ចាស់ និងការរៀបចំទុកដាក់របស់ទ្រង់ដែរ។ មិនថាអ្នកមានប្រវត្តិបែបណា ហើយមិនថាដំណើរនៅខាងមុខអ្នកយ៉ាងណានោះទេ ទោះក្នុងករណីណាក៏ដោយ ក៏គ្មាននរណាម្នាក់អាចគេចផុតពីការចាត់ចែង និងការរៀបចំរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងលើវាសនារបស់ខ្លួនបានដែរ ដ្បិតមានតែទ្រង់ដែលមានអធិបតេយ្យភាពលើរបស់សព្វសារពើប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «តើមនុស្សម្នាក់ប្រកបមុខរបរអ្វី ធ្វើអ្វីដើម្បីចិញ្ចឹមជីវិត និងមានទ្រព្យសម្បត្តិប៉ុនណានៅក្នុងជីវិត គឺមិនអាស្រ័យលើឪពុកម្ដាយ ទេពកោសល្យ ឬការខិតខំប្រឹងប្រែង និងមហិច្ឆិតារបស់ពួកគេនោះទេ គឺវាអាស្រ័យលើការកំណត់ទុកជាមុនរបស់ព្រះអាទិករ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ចេន សៀវ បានយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា វាសនារបស់មនុស្សម្នាក់ៗគឺត្រូវបានកំណត់ទុកជាមុនដោយស្ថានសួគ៌។ នាងបានគិតថា «ខ្ញុំគ្រាន់តែជាភាវៈដែលព្រះបានបង្កើតតូចតាចមួយប៉ុណ្ណោះ ខ្ញុំមិនអាចគ្រប់គ្រងវាសនារបស់ខ្លួនឯងបានទេ។ លើសពីនេះទៅទៀត តើវាសនាកូនរបស់ខ្ញុំមិនស្ថិតនៅក្នុងព្រះហស្តព្រះជាម្ចាស់ទេឬ? ការដែលកូនខ្ញុំអាចចូលរៀននៅសាកលវិទ្យាល័យបានឬអត់ គឺមិនមែនកំណត់ដោយរដ្ឋាភិបាល ឬបុគ្គលណាម្នាក់ឡើយ។ ថាតើខ្ញុំនឹងត្រូវប៉ូលិសចាប់ខ្លួនឬអត់ ក៏មិនមែនកំណត់ដោយប៉ូលិសដែរ»។ ដោយយល់ពីរឿងនេះ ចេន សៀវ បានដឹងពីរបៀបដែលនាងត្រូវអនុវត្ត។ ចំពោះរឿងដែលកូនពួកគេអាចចូលរៀននៅសាកលវិទ្យាល័យបានឬអត់ និងការដែលនាងនឹងត្រូវគេចាប់ដាក់គុកឬអត់នោះ នាងស្ម័គ្រចិត្តផ្ទុកផ្ដាក់រឿងទាំងអស់នេះថ្វាយព្រះជាម្ចាស់ ហើយចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ទ្រង់។

ប្ដីរបស់ ចេន សៀវ បានឃើញការប្ដេជ្ញាចិត្តដ៏មុតមាំរបស់នាង ហើយឃើញថានាងប្ដេជ្ញាបន្តសេចក្ដីជំនឿរបស់នាងទៀត។ គាត់បាននិយាយទៅកាន់នាងថា៖ «ឯងបានធ្វើឱ្យប៉ូលិសចាប់អារម្មណ៍ហើយ ឯងត្រូវតែលាក់ខ្លួន។ ឯងមិនអាចបន្តចេញមុខទៀតបានទេ។ ហេតុអីឯងមិនទៅធ្វើការនៅស៊ីនជាំងជាមួយអញ ដើម្បីលាក់ខ្លួនមួយរយៈសិនទៅ?» ចេន សៀវ បានដឹងថា ប្ដីនាងចង់នាំនាងទៅតំបន់វាលខ្សាច់ដ៏ធំល្វឹងល្វើយ ដែលនាងនឹងមិនអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬចូលរួមការជួបជុំជាមួយបងប្អូនប្រុសស្រីរបស់នាងបាន។ គោលបំណងរបស់គាត់ គឺនៅតែចង់រារាំងសេចក្ដីជំនឿរបស់នាងលើព្រះជាម្ចាស់ដដែល។ ចេន សៀវ បន្តអធិស្ឋាននៅក្នុងចិត្ត ដោយទូលសូមព្រះជាម្ចាស់ប្រទានសេចក្ដីជំនឿដល់នាង ដើម្បីយកឈ្នះលើឧបាយកលរបស់សាតាំង។ បន្ទាប់ពីអធិស្ឋានរួច នាងបាននិយាយយ៉ាងម៉ឺងម៉ាត់ថា៖ «ខ្ញុំមានសុខភាពមិនល្អទេ ហើយក៏មិនអាចធ្វើការនៅទីនោះបានដែរ។ ខ្ញុំមិនទៅទេ!»។ ដោយឃើញថា គាត់មិនអាចបញ្ចុះបញ្ចូលនាងបាន ប្ដីនាងក៏និយាយទាំងខឹងថា៖ «មើលឯងចុះ ឯងធ្វើឱ្យផ្អើលអស់មួយប៉ុស្តិ៍ប៉ូលិសហើយ ហើយកូនយើងក៏នឹងត្រូវរងផលប៉ះពាល់ដល់ការចូលរៀននៅសាកលវិទ្យាល័យដែរ។ អញមិនអាចបាត់បង់មុខមាត់ដោយសាររឿងនេះទេ។ អញសុំលែងលះ!» ពេលឮប្ដីនាងនិយាយបែបនេះ ចេន សៀវ មានការប្រទាញប្រទង់យ៉ាងខ្លាំងនៅក្នុងចិត្ត។ នាងបានគិតថា៖ «បើប្ដីខ្ញុំពិតជាលែងលះជាមួយខ្ញុំមែន តើនរណានឹងមើលថែកូនរបស់យើង? តើខ្ញុំនឹងរស់នៅបន្តទៅមុខទៀតដោយរបៀបណា?» ពេលគិតដល់រឿងទាំងនេះ ចេន សៀវ មានអារម្មណ៍ឈឺចាប់ និងពិបាកចិត្តយ៉ាងខ្លាំង។ ក្នុងគ្រាដ៏ឈឺចាប់នោះ ចេន សៀវ បាននឹកចាំពីទំនុកបរិសុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលនាងធ្លាប់ច្រៀង៖

អ្នកគួរតែបោះបង់គ្រប់យ៉ាងសម្រាប់សេចក្តីពិត

១  អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែលះបង់ខ្លួនឯងសម្រាប់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយអ្នកត្រូវតែរងទុក្ខវេទនាថែមទៀត សម្រាប់ជាប្រយោជន៍ក្នុងការទទួលបាននូវសេចក្ដីពិតកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ក្នុងការរីករាយនឹងភាពសុខដុមជាមួយក្រុមគ្រួសារឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពពេញមួយជីវិត សម្រាប់តែប្រយោជន៍ដល់ភាពសប្បាយបណ្ដោះអាសន្ននោះដែរ។

២  អ្នកគួរតែដេញតាមអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនិងល្អ ហើយអ្នកគួរតែដេញតាមផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតកម្រិតទាបបែបនេះ ហើយមិនមានគោលដៅណាមួយក្នុងការដេញតាមទេនោះ តើការនេះមិនធ្វើឱ្យខ្ជះខ្ជាយដល់ជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាម សម្រាប់តែសេចក្តីពិតមួយប៉ុណ្ណោះ។ ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!

(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ចេន សៀវ បានយល់ថា មនុស្សម្នាក់គួរតែបោះបង់ការសប្បាយខាងសាច់ឈាមមួយឆាវ ដើម្បីទទួលបានសេចក្ដីពិត ព្រមទាំងបំពេញភារកិច្ចរបស់ខ្លួន និងក្លាយជាភាវៈដែលព្រះបានបង្កើតស្របតាមស្ដង់ដារ ដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយមានតែធ្វើបែបនេះទេ ទើបជីវិតមានអត្ថន័យ។ នាងបានឃើញថា ការដែលនាងជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់នាង គឺជាផ្លូវត្រូវ ហើយបើនាងបោះបង់សេចក្ដីជំនឿរបស់នាងលើព្រះជាម្ចាស់ ដើម្បីទៅត្រេកត្រអាលនឹងការសប្បាយខាងសាច់ឈាម និងរីករាយនឹងភាពសុខដុមក្នុងគ្រួសារនោះ នោះនាងមិនស័ក្ដិសមនឹងរស់នៅចំពោះព្រះជាម្ចាស់ទេ ហើយនាងនឹងបាត់បង់ឱកាសទទួលបានសេចក្ដីសង្រ្គោះមិនខាន។ ដូច្នេះ ចេន សៀវ ក៏បាននិយាយទៅកាន់ប្ដីនាងថា៖ «បើបងចង់លែងលះ លែងលះទៅ។ ទោះបីជាយើងលែងលះគ្នាក៏ដោយ ក៏ខ្ញុំនៅតែជឿលើព្រះជាម្ចាស់ ហើយដើរតាមទ្រង់ជារៀងរហូតដែរ!» ប្ដីនាងនិយាយលែងចេញ ហើយក៏ដើរចេញពីផ្ទះបងស្រីនាងទាំងកំហឹង។ ក្រោយមក ប្ដី និងគ្រួសាររបស់នាងបានឃើញថា ទោះបីជាពួកគេព្យាយាមរារាំងនាងយ៉ាងណាក៏ដោយ ក៏ ចេន សៀវ មិនព្រមចុះញ៉មដែរ ដូច្នេះ ពួកគេក៏ឈប់ខ្វល់ពីសេចក្ដីជំនឿរបស់នាងទៀតទៅ។ ចាប់ពីពេលនោះមក ចេន សៀវ អាចចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់នាងដោយសេរី។

ខាង​ដើម៖  ៥. ការឈឺចាប់ដែលមិនអាចលុបបាន

បន្ទាប់៖  ២៧. ភាពភ័យខ្លាចក្នុងការទទួលខុសត្រូវ បានបញ្ចេញឱ្យឃើញភាពអាត្មានិយម និងភាពថោកទាបរបស់ខ្ញុំ

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

Connect with us on Messenger