៤៨. ការដកចេញនូវការក្លែងបន្លំ ពិតជាធ្វើឱ្យធូរស្បើយមែន
ដោយសារខ្ញុំចេះជួសជុលគ្រឿងអេឡិចត្រូនិកខ្លះៗ បងប្អូនប្រុសស្រីតែងតែមករកខ្ញុំ ពេលឧបករណ៍របស់ពួកគាត់មានបញ្ហា ហើយជាធម្មតា ខ្ញុំអាចជួសជុលវាបាន។ មានម្ដងនោះ ឧបករណ៍របស់បងប្រុសម្នាក់មានបញ្ហា ហើយខ្ញុំក៏បានជួយពិនិត្យ និងជួសជុលឱ្យគាត់។ បងប្រុសគាត់សួរថា៖ «ប្អូនចេះធ្វើរបស់នេះដែរ? ខ្ញុំក៏ចង់ចេះធ្វើរបស់ទាំងនេះនៅថ្ងៃណាមួយដែរ»។ ខ្ញុំពេញចិត្តណាស់ ហើយក៏តបថា៖ «វាមិនស្មុគស្មាញណាស់ណានោះទេ។ ឱ្យតែបងយល់ពីគោលការណ៍ បងអាចរៀនបានលឿនហើយ»។ បងប្រុសនោះងក់ក្បាលដោយការកោតសរសើរ ហើយខ្ញុំមានអារម្មណ៍ថាមានមោទនភាពខ្លាំងណាស់ និងគិតថាខ្លួនឯងពូកែជាងគេ។
មានម្ដងនោះ បងប្អូនប្រុសស្រីត្រូវការឱ្យជួយដំឡើងកុំព្យូទ័រពីរគ្រឿង ហើយបានសុំឱ្យខ្ញុំជួយ។ ខ្ញុំគិតថា៖ «បង លៀម និងបង ម៉ៃឃើល ធ្លាប់ជាអ្នកទទួលបន្ទុកដំឡើងកុំព្យូទ័រ។ ឥឡូវពួកគាត់ចាកចេញទៅហើយ នៅសល់តែខ្ញុំម្នាក់គត់ដែលចេះរឿងគ្រឿងអេឡិចត្រូនិកខ្លះៗ ប៉ុន្តែតាមពិតទៅ ខ្ញុំមិនដែលធ្លាប់ដំឡើងកុំព្យូទ័រពីមុនមកទេ បើបងប្អូនប្រុសស្រីពិតជាយកគ្រឿងមកមែន ហើយខ្ញុំដំឡើងមិនបានល្អទេ ច្បាស់ជាខ្មាសគេស្លាប់ហើយ! បងប្អូនប្រុសស្រីមុខជាគិតថា 'ខ្ញុំស្មានតែបងឯងចេះខាងគ្រឿងអេឡិចត្រូនិក តែសូម្បីដំឡើងកុំព្យូទ័រមួយគ្រឿង ក៏ធ្វើមិនបានផង'»។ ដូច្នេះ ខ្ញុំក៏បានរកមើលវីដេអូបង្រៀនខ្លះៗពីការដំឡើងកុំព្យូទ័រ ដើម្បីរៀនទុកជាមុន ហើយខ្ញុំបានរកកុំព្យូទ័រមួយមកដោះចេញ ហើយផ្គុំវាចូលវិញ។ ក្រោយពីហាត់ធ្វើបានពីរបីដង ខ្ញុំក៏ចេះរៀបផ្គុំ និងដំឡើងប្រព័ន្ធកុំព្យូទ័របានស្ទាត់គ្រាន់បើ ហើយខ្ញុំក៏រៀងធូរទ្រូងបន្តិច។ មិនយូរប៉ុន្មាន បងប្រុសម្នាក់បានយកកុំព្យូទ័រមួយគ្រឿងមក ដែលគេបានផ្គុំវារួចហើយ គឺនៅតែដំឡើងប្រព័ន្ធប៉ុណ្ណោះ។ ខ្ញុំគិតថា វាគួរតែងាយស្រួលទេ។ ប៉ុន្តែ ពេលខ្ញុំចាប់ផ្ដើមដំឡើងប្រព័ន្ធ ខ្ញុំឃើញថា ប្រព័ន្ធនៅក្នុងកុំព្យូទ័រនេះ ខុសគ្នាបន្តិចពីប្រព័ន្ធដែលខ្ញុំធ្លាប់ដំឡើងពីមុន ហើយខ្ញុំមិនអាចចូលទៅកាន់ផ្ទាំងដំឡើងកម្មវិធីបានទេ។ ខ្ញុំខ្លាចអ្នកដទៃឃើញថាខ្ញុំធ្វើមិនកើត ហើយមើលងាយខ្ញុំ ដូច្នេះ ខ្ញុំក៏ឱនមុខចុះ ហើយព្យាយាមធ្វើនេះធ្វើនោះ ដើម្បីរកវិធីដោះស្រាយ។ មួយសន្ទុះក្រោយមក ខ្ញុំនៅតែធ្វើមិនបានដដែល។ បងប្រុសៗដែលនៅក្បែរខ្ញុំ បាននាំគ្នាបញ្ចេញយោបល់ អ្នកខ្លះឱ្យធ្វើបែបនេះ ឯអ្នកខ្លះទៀតថាគួរតែធ្វើបែបនោះវិញ។ អ្នកខ្លះទៀតប្រាប់ឱ្យរកមើលវីដេអូបង្រៀន ហើយអ្នកខ្លះទៀតប្រាប់ឱ្យទូរសព្ទទៅបងម៉ៃឃើល។ យោបល់ទាំងនេះធ្វើឱ្យខ្ញុំព្រួយចិត្តណាស់។ ខ្ញុំបានគិតថា៖ «ខ្ញុំត្រូវតែដំឡើងប្រព័ន្ធនេះឱ្យបានឆាប់។ បើខ្ញុំឱ្យអ្នកដទៃមកប្រាប់ថាត្រូវដំឡើងប្រព័ន្ធនេះតាមរបៀបណា អ៊ីចឹង វាមិនធ្វើឱ្យខ្ញុំមើលទៅដូចជាអសមត្ថភាពទៅហើយទេ? ពេលនោះ បងប្អូនប្រុសៗប្រាកដជាមើលងាយខ្ញុំមិនខាន»។ ដូច្នេះ ខ្ញុំមិនបានអើពើនឹងពួកគាត់ទេ ហើយបន្តព្យាយាមធ្វើតែម្នាក់ឯង។ បានមួយសន្ទុះ បងប្រុសម្នាក់ក៏បានទូរសព្ទទៅបង ម៉ៃឃើល។ ខ្ញុំមិនបានចាប់អារម្មណ៍ទាល់តែសោះ ប៉ុន្តែ ខ្ញុំក៏បានឮបងម៉ៃឃើលនិយាយថា៖ «ចុចប៊ូតុងនេះឱ្យជាប់កុំលែងដៃ នោះបងនឹងអាចចូលទៅកាន់ផ្ទាំងដំឡើងកម្មវិធីបានហើយ»។ ខ្ញុំបានធ្វើតាមនោះ ហើយដំឡើងកម្មវិធីសាជាថ្មី ហើយមិនយូរប៉ុន្មាន ការដំឡើងក៏បានរួចរាល់។ ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំងពីអ្វីដែលខ្ញុំបានបង្ហាញចេញតាមរយៈស្ថានភាពនេះ ហើយយល់ថា ខ្លួនឯងពិតជាគ្មានហេតុផលសោះ។ ច្បាស់ណាស់ថា ខ្ញុំមិនដឹងពីរបៀបធ្វើវាទេ ប៉ុន្តែខ្ញុំមិនហ៊ានទទួលស្គាល់ការពិត ដោយខ្លាចអ្នកដទៃមើលងាយខ្ញុំ។ នៅពេលអ្នកដទៃទូរសព្ទសុំជំនួយ ខ្ញុំយល់ថា ពួកគាត់កំពុងតែបដិសេធសមត្ថភាពរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍មិនសុខចិត្តនោះទេ។ ពេលឆ្លុះបញ្ចាំងពីអ្វីដែលខ្ញុំបានបង្ហាញចេញ ខ្ញុំមានអារម្មណ៍ស្អប់ខ្ពើមខ្លួនឯងខ្លះដែរ។ ខ្ញុំបានគិតក្នុងចិត្តថា៖ «លើកក្រោយ ខ្ញុំមិនអាចបិទបាំង និងក្លែងបន្លំខ្លួនឯងបែបនេះទៀតបានទេ»។
ថ្ងៃបន្ទាប់ ខ្ញុំបានចេញទៅក្រៅធ្វើកិច្ចការចាំបាច់ខ្លះ ហើយបងប្រុសម្នាក់បានទូរសព្ទប្រាប់ឱ្យខ្ញុំប្រញាប់ត្រឡប់មកវិញ ដោយថាមានកុំព្យូទ័រមួយគ្រឿងត្រូវរៀបចំផ្គុំ ហើយពួកគាត់មិនចេះធ្វើវាទេ។ ភ្លាមនោះ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាមនុស្សសំខាន់។ ខ្ញុំគិតថា៖ «មើលទៅ បើគ្មានខ្ញុំទេ ការងារច្បាស់ជារញ៉េរញ៉ៃមិនខាន! ទោះបីខ្ញុំមិនដែលដំឡើងកុំព្យូទ័រពីមុនមកក៏ដោយ ក៏ខ្ញុំមានបទពិសោធខាងជួសជុលដែរ ហើយខ្ញុំគួរតែអាចយល់ពីគោលការណ៍ជាមូលដ្ឋានបានឆាប់។ ខ្ញុំនឹងពន្យល់ពីគោលការណ៍ដល់ពួកគាត់នៅពេលក្រោយ ហើយបង្ហាញពួកគាត់ថា ខ្ញុំនៅតែចេះច្រើនជាងគេដដែល»។ ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំឃើញថាកុំព្យូទ័រនេះខុសពីកុំព្យូទ័រដែលខ្ញុំធ្លាប់ជួបពីមុន ហើយខ្ញុំក៏ភ័យបន្តិចដែរ ដោយគិតថា៖ «បើខ្ញុំទទួលស្គាល់ថា ខ្ញុំមិនដែលដំឡើងកុំព្យូទ័រប្រភេទនេះពីមុនមកទេ តើពួកគាត់នឹងថា 'គាត់ក៏មានរឿងដែលមិនចេះដែរតើ!' ហើយមើលងាយខ្ញុំទៅហើយទេ?» ដូច្នេះ ខ្ញុំក៏ចាប់ផ្ដើមពន្យល់ពីគោលការណ៍រៀបចំផ្គុំដំឡើង តាមបទពិសោធខ្ញុំកន្លងមក និងពន្យល់ពីរបៀបដំណើរការវា។ ប៉ុន្តែ ពេលខ្ញុំកំពុងរៀបចំផ្គុំវានោះ ខ្ញុំមិនប្រាកដថា ខ្ញុំធ្វើត្រូវឬអត់ទេ។ ខ្ញុំពិតជាភ័យក្នុងចិត្តណាស់រហូតដល់ចាប់ផ្ដើមបែកញើស។ ខ្ញុំចង់ទូរសព្ទទៅបង លៀម ដើម្បីសុំយោបល់ដែរ ប៉ុន្តែខ្ញុំហើបមាត់សុំជំនួយមិនរួចសោះ។ ខ្ញុំគិតថា៖ «បងប្អូនប្រុសស្រីគិតថាខ្ញុំចេះធ្វើរឿងនេះ ប៉ុន្តែបើខ្ញុំសុំជំនួយពីបងលៀម ពួកគាត់ប្រាកដជាគិតថា ជំនាញរបស់ខ្ញុំមិនល្អគ្រប់គ្រាន់ទេ។ តើពួកគាត់នឹងនៅតែឱ្យតម្លៃខ្ញុំទៀតទេ? តើពួកគាត់នឹងនៅតែមករកខ្ញុំឱ្យជួយទៀតទេ? ទេ មិនបានទេ។ ខ្ញុំមិនអាចឱ្យបងប្អូនប្រុសស្រីមើលងាយខ្ញុំបានឡើយ។ ខ្ញុំនឹងរកវិធីដោះស្រាយដោយខ្លួនឯង។ ខ្ញុំគួរតែអាចដោះស្រាយរឿងនេះបាន»។ ដូច្នេះ ខ្ញុំក៏បានអានសៀវភៅណែនាំបណ្ដើរ និងប្រើវិធីពីមុនរបស់ខ្ញុំដើម្បីតខ្សែភ្លើង និងសាកល្បងវាបណ្ដើរ។ ប៉ុន្តែ ពេលដែលខ្ញុំតខ្សែភ្លើង និងបើកភ្លើងភ្លាម ក៏មានផ្សែងហុយចេញពីធុងកុំព្យូទ័រ ហើយខ្ញុំក៏ប្រញាប់ដកឌុយភ្លើងចេញ។ បងប្រុស ឆាលី បានសួរថា៖ «មានរឿងអីហ្នឹង?» មុខខ្ញុំឡើងក្រហម ហើយខ្ញុំក៏និយាយថា៖ «ខ្ញុំប្រហែលជាដោតខ្សែខុស ហើយធ្វើឱ្យឆេះបន្ទះសៀគ្វីហើយ»។ ដើម្បីរកលេសដោះសារ ខ្ញុំក៏និយាយថា៖ «ខ្ញុំនឹងទៅយកអូមម៉ែត្រមកពិនិត្យមើលថាតើវាឆេះមែនឬអត់»។ ពេលខ្ញុំត្រឡប់ចូលទៅក្នុងបន្ទប់វិញ ក្នុងក្បាលខ្ញុំវល់អស់ ហើយខ្ញុំបានគិតថា៖ «ម៉េចក៏ក្លាយទៅជាបែបនេះ? ខ្ញុំមិនត្រឹមតែដំឡើងវាមិនបានទេ ថែមទាំងធ្វើឱ្យឆេះបន្ទះសៀគ្វីទៀត។ ខ្ញុំពិតជាខ្មាសគេណាស់។ ខ្ញុំមិនចង់ជួបមុខអ្នកណាទាំងអស់។ បើខ្ញុំដឹងថានឹងមានរឿងបែបនេះកើតឡើង ខ្ញុំមុខជាទូរសព្ទទៅសុំយោបល់ពីបង លៀម ហើយ ហើយរឿងនេះក៏មិនកើតឡើងដែរ»។ ខ្ញុំកាន់តែគិតរឿងនេះ ខ្ញុំកាន់តែសោកស្ដាយនូវអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំចង់តែទះកំផ្លៀងខ្លួនឯងទេ។ ពេលខ្ញុំចេញពីបន្ទប់មកវិញ បងឆាលីបានទូរសព្ទនិយាយជាមួយបង លៀម រួចបាត់ទៅហើយ ហើយបង លៀម បានប្រាប់គាត់ពីរបៀបតខ្សែភ្លើង។ តាមពិតវិធីដោះស្រាយ គឺងាយបំផុត ប៉ុន្តែខ្ញុំមិនបានគិតដល់សោះ។ ពេលនោះ ខ្ញុំមានវិប្បដិសារីយ៉ាងខ្លាំង ដោយគិតថា៖ «បើខ្ញុំព្រមឱ្យអ្នកណាម្នាក់ណែនាំខ្ញុំ ខ្ញុំក៏មិនបានដើរផ្លូវខុសដែរ ប៉ុន្តែឥឡូវ បន្ទះសៀគ្វីឆេះបាត់ទៅហើយ យើងត្រូវតែដូរវាចេញ។ រឿងនេះនឹងធ្វើឱ្យបងប្អូនប្រុសស្រីយឺតយ៉ាវក្នុងការប្រើប្រាស់វាសម្រាប់បំពេញភារកិច្ចរបស់ពួកគាត់»។
ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំង ដោយសួរខ្លួនឯងថា៖ «តើខ្ញុំបានបង្ហាញចេញនូវនិស្ស័យពុករលួយអ្វីខ្លះ នៅក្នុងហេតុការណ៍ទាំងពីរនៃការដំឡើងប្រព័ន្ធ និងរៀបចំផ្គុំកុំព្យូទ័រនេះ?» ខ្ញុំបាននិយាយពីសភាពរបស់ខ្ញុំប្រាប់បងប្រុសម្នាក់ ហើយគាត់បានចង្អុលបង្ហាញខ្ញុំថា៖ «នៅពេលយើងចេះជំនាញអ្វីមួយបន្តិចបន្តួច យើងធ្វើឫកពារដូចជាពូកែជាងគេ។ នេះមិនខុសអ្វីពីយកដៃទៅចាប់ភ្លើង ហើយត្រូវភ្លើងរលាកដៃនោះទេ»។ ពេលឮបែបនេះ ខ្ញុំក៏ដឹងថា ខ្ញុំមានបញ្ហាបែបនេះមែន ដូច្នេះ ខ្ញុំក៏បានរកមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលទាក់ទងនឹងរឿងនេះ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ការរក្សាជំហររបស់ខ្លួនឱ្យបានត្រឹមត្រូវក្នុងនាមជាភាវៈដែលបានបង្កើតមក និងការធ្វើជាមនុស្សសាមញ្ញម្នាក់ តើរឿងនេះងាយស្រួលធ្វើដែរឬទេ? (គឺមិនងាយស្រួលទេ)។ តើការលំបាកស្ថិតនៅត្រង់ណា? គឺនៅត្រង់នេះឯង មនុស្សតែងតែយល់ថា ខ្លួនឯងមានឋានៈខ្ពង់ខ្ពស់ និងមានបុណ្យស័ក្តិធំធេងណាស់។ ពួកគេក៏បានប្រគល់អត្តសញ្ញាណ និងឋានៈជាមនុស្សអស្ចារ្យ និងជាកំពូលមនុស្សឱ្យខ្លួនឯង ព្រមទាំងប្រព្រឹត្តអំពើដែលជាការធ្វើពុត និងមិនពិត ព្រមទាំងការសម្ដែងខាងក្រៅទាំងនោះផងដែរ។ ប្រសិនបើអ្នកមិនព្រមលះបង់របស់ទាំងនេះទេ ហើយពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នកតែងតែត្រូវបានដាក់កំហិត និងគ្រប់គ្រងដោយរបស់ទាំងនេះ នោះអ្នកនឹងជួបការលំបាកក្នុងការចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ណាស់។ អ្នកនឹងពិបាកក្នុងការមិនប្រញាប់ប្រញាល់រកដំណោះស្រាយចំពោះរឿងដែលអ្នកមិនយល់ ហើយនាំយករឿងបែបនេះមកនៅចំពោះព្រះជាម្ចាស់ឱ្យបានញឹកញាប់ និងថ្វាយដួងចិត្តដ៏ស្មោះត្រង់មួយដល់ទ្រង់។ អ្នកនឹងមិនអាចធ្វើរឿងនេះបានឡើយ។ វាច្បាស់ណាស់ដោយសារតែឋានៈ ងារ អត្តសញ្ញាណ និងរបស់ទាំងអស់នេះរបស់អ្នក គឺជារបស់ក្លែងក្លាយ និងមិនពិតប្រាកដ ដោយសារតែរបស់ទាំងនេះប្រឆាំង និងផ្ទុយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបរបស់ទាំងនេះចងអ្នក ធ្វើឱ្យអ្នកមិនអាចមកនៅចំពោះព្រះជាម្ចាស់បាន។ តើរបស់ទាំងនេះនាំអ្វីខ្លះមកឱ្យអ្នក? របស់ទាំងនេះធ្វើឱ្យអ្នកពូកែក្លែងបន្លំខ្លួន ធ្វើពុតជាយល់ដឹង ធ្វើពុតជាឆ្លាត ធ្វើពុតជាមនុស្សអស្ចារ្យ ធ្វើពុតជាមនុស្សល្បីល្បាញ ធ្វើពុតជាមានសមត្ថភាព ធ្វើពុតជាមានប្រាជ្ញា ហើយថែមទាំងធ្វើពុតជាដឹងគ្រប់រឿង មានសមត្ថភាពគ្រប់យ៉ាង និងអាចធ្វើអ្វីៗបានទាំងអស់។ ការធ្វើបែបនេះ គឺដើម្បីឱ្យអ្នកដទៃគោរពបូជា និងស្ងើចសរសើរអ្នក។ ពួកគេនឹងមករកអ្នកជាមួយនឹងបញ្ហាទាំងអស់របស់ពួកគេ ដោយពឹងផ្អែកលើអ្នក និងសម្លឹងមើលមកអ្នក។ ដូច្នេះ វាប្រៀបដូចជាអ្នកដាក់ខ្លួនឯងនៅលើភ្លើងដើម្បីអាំង។ ចូរប្រាប់ខ្ញុំមក តើការអាំងនៅលើភ្លើងមានអារម្មណ៍ល្អដែរឬទេ? (មិនល្អទេ)។ អ្នកមិនយល់ទេ ប៉ុន្តែអ្នកមិនហ៊ាននិយាយថា អ្នកមិនយល់នោះទេ។ អ្នកមិនអាចមើលធ្លុះទេ ប៉ុន្តែអ្នកមិនហ៊ាននិយាយថា អ្នកមើលមិនធ្លុះនោះទេ។ អ្នកបានធ្វើខុសយ៉ាងច្បាស់ ប៉ុន្តែអ្នកមិនហ៊ានទទួលស្គាល់កំហុសទេ។ ចិត្តរបស់អ្នកឈឺចាប់ខ្លាំង ប៉ុន្តែអ្នកមិនហ៊ាននិយាយថា៖ 'លើកនេះពិតជាកំហុសរបស់ខ្ញុំមែន ខ្ញុំបានជំពាក់ព្រះជាម្ចាស់ និងបងប្អូនប្រុសស្រីរបស់ខ្ញុំ។ ខ្ញុំបានបង្កការខាតបង់ដ៏ធំធេងដល់ដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំគ្មានភាពក្លាហានដើម្បីឈរនៅចំពោះមុខមនុស្សគ្រប់គ្នា ហើយទទួលស្គាល់កំហុសនេះទេ'។ ហេតុអ្វីបានជាអ្នកមិនហ៊ាននិយាយ? អ្នកជឿថា៖ 'ខ្ញុំត្រូវតែរស់នៅឱ្យស័ក្តិសមនឹងកេរ្តិ៍ឈ្មោះ និងកិត្តិនាមដែលបងប្អូនប្រុសស្រីរបស់ខ្ញុំបានផ្ដល់ឱ្យខ្ញុំ ខ្ញុំមិនអាចក្បត់ការគោរព និងការទុកចិត្តដែលពួកគេមានចំពោះខ្ញុំបានទេ ហើយរឹតតែមិនអាចក្បត់ការរំពឹងទុកយ៉ាងខ្លាំងក្លាដែលពួកគេមានចំពោះខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកនេះបានឡើយ។ ហេតុដូច្នេះហើយ ខ្ញុំត្រូវតែបន្តធ្វើពុតតទៅទៀត'។ តើការក្លែងបន្លំបែបនេះយ៉ាងដូចម្ដេចដែរ? អ្នកបានធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សអស្ចារ្យ និងជាកំពូលមនុស្សដោយជោគជ័យ។ បងប្អូនប្រុសស្រីចង់មករកអ្នកដើម្បីសាកសួរ ពិគ្រោះយោបល់ ហើយថែមទាំងអង្វរករសុំដំបូន្មានពីអ្នកទៀតផង អំពីបញ្ហាអ្វីក៏ដោយដែលពួកគេជួបប្រទះ។ វាហាក់ដូចជាពួកគេមិនអាចរស់នៅដោយគ្មានអ្នកបានឡើយ។ ប៉ុន្តែ តើចិត្តរបស់អ្នកមិនឈឺចាប់ខ្លាំងទេឬអី? ពិតណាស់ មនុស្សមួយចំនួនមិនមានអារម្មណ៍ឈឺចាប់នេះទេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនមានអារម្មណ៍ឈឺចាប់នេះឡើយ។ ផ្ទុយទៅវិញ ពួកគេរីករាយនឹងរឿងនេះ ដោយគិតថា ឋានៈរបស់ពួកគេគឺលើសអ្វីៗទាំងអស់។ ក៏ប៉ុន្តែ មនុស្សសាមញ្ញធម្មតាម្នាក់ មានអារម្មណ៍ឈឺចាប់ខ្លាំងនៅពេលដែលពួកគេត្រូវបានអាំងនៅលើភ្លើង។ ពួកគេមានអារម្មណ៍ថា ពួកគេមិនមែនជាអ្វីសោះឡើយ គឺដូចជាមនុស្សសាមញ្ញម្នាក់អ៊ីចឹង។ ពួកគេមិនជឿថា ពួកគេខ្លាំងជាងអ្នកដទៃនោះទេ។ ពួកគេមិនត្រឹមតែគិតថា ពួកគេមិនអាចបំពេញកិច្ចការជាក់ស្ដែងណាមួយបានប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងគិតថា ពួកគេក៏នឹងបង្អង់កិច្ចការរបស់ពួកជំនុំ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ផងដែរ ដូច្នេះ ពួកគេនឹងទទួលកំហុស ហើយលាលែងពីតំណែង។ នេះគឺជាមនុស្សដែលមានវិចារណញ្ញាណ។ តើបញ្ហានេះងាយស្រួលដោះស្រាយដែរឬទេ? គឺងាយស្រួលសម្រាប់មនុស្សដែលមានវិចារណញ្ញាណក្នុងការដោះស្រាយបញ្ហានេះ ប៉ុន្តែពិបាកសម្រាប់អ្នកដែលខ្វះវិចារណញ្ញាណ។ ប្រសិនបើនៅពេលដែលអ្នកទទួលបានឋានៈហើយ អ្នកនៅតែរីករាយនឹងផលប្រយោជន៍នៃឋានៈដោយឥតអៀនខ្មាស ដែលជាលទ្ធផល អ្នកត្រូវបានបើកបង្ហាញ និងត្រូវបានជម្រុះចោល ដោយសារតែការបរាជ័យរបស់អ្នកក្នុងការធ្វើកិច្ចការពិតប្រាកដ នេះជាអ្វីដែលអ្នករកដាក់ខ្លួន ហើយសមនឹងទទួលរងនូវអ្វីដែលអ្នកទទួលបានហើយ! អ្នកមិនស័ក្តិសមនឹងទទួលបានការអាណិតអាសូរ ឬក្តីមេត្តាសូម្បីតែបន្តិចសោះឡើយ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? គឺដោយសារតែអ្នកទទូចចង់ឈរនៅកន្លែងខ្ពង់ខ្ពស់។ អ្នកដាក់ខ្លួនឯងនៅលើភ្លើងដើម្បីអាំង។ នេះគឺអ្នកធ្វើទុក្ខខ្លួនឯង» («ការឱ្យតម្លៃលើព្រះបន្ទូលព្រះជាម្ចាស់ គឺជាមូលដ្ឋានគ្រឹះនៃជំនឿលើព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងខ្ញុំ ដែលធ្វើឱ្យខ្ញុំអាម៉ាស់មុខជាខ្លាំង។ ដើម្បីរក្សាឋានៈរបស់ខ្ញុំក្នុងក្រសែភ្នែកបងប្អូន ខ្ញុំតែងតែបិទបាំង និងក្លែងបន្លំខ្លួនឯងជានិច្ច។ ទោះបីខ្ញុំចេះជួសជុលខ្លះៗក៏ដោយ តែតាមពិតទៅ ខ្ញុំមិនដែលផ្គុំគ្រឿងកុំព្យូទ័រទេ។ ពេលបងប្អូនប្រុសស្រីសុំឱ្យខ្ញុំផ្គុំគ្រឿងកុំព្យូទ័រ ខ្ញុំខ្លាចពួកគាត់មើលងាយខ្ញុំ ដូច្នេះខ្ញុំក៏បានរៀនសូត្រ និងហាត់ធ្វើវាទុកជាមុន។ ពេលនោះ ខ្ញុំក៏បានយល់ខ្លះៗពីគោលការណ៍នៃការផ្គុំគ្រឿងកុំព្យូទ័រ។ ប៉ុន្តែវាមានគ្រឿងបង្គុំខុសៗគ្នាជាច្រើនប្រភេទ ហើយខ្ញុំមិនបានយល់ច្បាស់ពីសមត្ថភាព និងភាពខុសគ្នានៃគ្រឿងបង្គុំនីមួយៗនោះទេ។ ដើម្បីចៀសវាងការមើលងាយពីបងប្អូនប្រុសស្រី ពេលខ្ញុំជួបកុំព្យូទ័រដែលខ្ញុំមិនធ្លាប់ដំឡើងប្រព័ន្ធ ឬផ្គុំគ្រឿងវាពីមុនមក ខ្ញុំមិនហ៊ានទទួលស្គាល់ថា ខ្ញុំមិនចេះធ្វើទេ។ ខ្ញុំខ្លាចពួកគាត់និយាយថា៖ «ក្រែងបងឯងជាអ្នកចេះខាងគ្រឿងអេឡិចត្រូនិក? ម៉េចក៏សូម្បីតែកុំព្យូទ័រមួយគ្រឿង ក៏ដំឡើងមិនកើតដែរ?» ដើម្បីរក្សារូបភាពថាខ្ញុំជាអ្នកចេះដឹងខាងគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យានៅក្នុងចំណោមបងប្អូនប្រុសស្រី ខ្ញុំចេះតែបន្តបិទបាំង និងក្លែងបន្លំខ្លួនឯង។ ចំពោះកុំព្យូទ័រទីមួយ ទោះបីខ្ញុំដឹងច្បាស់ថា ខ្ញុំដំឡើងប្រព័ន្ធវាមិនបានក៏ដោយ ក៏ខ្ញុំមិនហ៊ានទទួលស្គាល់ការពិតដែរ។ ខ្ញុំឱនមុខចុះ ព្យាយាមរកវិធីដោះស្រាយដោយខ្លួនឯង។ ពេលបងប្រុសម្នាក់បានទូរសព្ទទៅសុំជំនួយ ខ្ញុំមិនទាំងចង់ស្តាប់គាត់និយាយផង។ ក្រោយមក ពេលរៀបដំឡើងកុំព្យូទ័រមួយគ្រឿងទៀត ខ្ញុំក៏កាន់តែលើកតម្កើងខ្លួនឯងថែមទៀត ដោយគិតថា ពួកគាត់មិនយល់ ហើយមានតែខ្ញុំទេដែលយល់ ដូច្នេះ ខ្ញុំក៏តាំងខ្លួនជា «គ្រូ» ដោយពន្យល់ពីគោលការណ៍ និងរបៀបដំឡើងវា។ ខ្ញុំដឹងយ៉ាងច្បាស់ថា កុំព្យូទ័រនេះខុសគ្នាពីកុំព្យូទ័រដែលខ្ញុំធ្លាប់បានដំឡើងពីមុន ហើយការប្រើរបៀបតខ្សែពីមុនអាចនឹងប្រើការមិនកើតទេ ហើយខ្ញុំបានគិតចង់ទូរសព្ទទៅបង លៀម ដើម្បីសុំយោបល់ដែរ ប៉ុន្តែខ្ញុំខ្លាចបាក់មុខ ដែលជាអ្នកចេះដឹងខាងគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យា នៅក្នុងក្រសែភ្នែករបស់បងប្អូនប្រុសស្រី។ ដូច្នេះ ខ្ញុំក៏ប្រឹងដំឡើងបណ្ដើរ ពន្យល់បណ្ដើរ ពេលកំពុងតខ្សែភ្លើង ហើយនៅទីបំផុត ក៏មានផ្សែងខ្មៅហុយចេញពីកុំព្យូទ័រ។ ការក្លែងបន្លំរបស់ខ្ញុំ ត្រូវបានបើកបង្ហាញទាំងស្រុង ហើយខ្ញុំមិនអាចបន្តក្លែងបន្លំបានទៀតទេ។ បងប្អូនប្រុសស្រីមិនត្រឹមតែបានដឹងការពិតប៉ុណ្ណោះទេ តែខ្ញុំថែមទាំងធ្វើឱ្យឆេះបន្ទះមេទៀតផង។ រឿងនេះបានធ្វើឱ្យបងប្អូនប្រុសស្រីយឺតយ៉ាវក្នុងការប្រើប្រាស់កុំព្យូទ័រសម្រាប់បំពេញភារកិច្ចរបស់ពួកគាត់។ តាមរយៈការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះហើយ ទើបខ្ញុំដឹងថា ខ្ញុំកំពុងរស់នៅក្នុងនិស្ស័យបែបសាតាំង ហើយមិនអាចនិយាយសូម្បីតែពាក្យស្មោះត្រង់មួយម៉ាត់បានផង។ ខ្ញុំចេះតែបិទបាំង និងក្លែងបន្លំខ្លួនឯងជានិច្ច ដោយព្យាយាមរក្សាមុខមាត់ខ្លួនឯងថាជាអ្នកចេះដឹងខាងគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យា។ តាមរយៈការក្លែងបន្លំខ្លួនឯងបែបនេះ ខ្ញុំមិនត្រឹមតែមិនអាចលាក់បាំងចំណុចខ្វះខាត និងកំហុសឆ្គងខ្លួនឯងបានទេ តែផ្ទុយទៅវិញ វាបែរជាលាតត្រដាងពីធាតុពិតរបស់ខ្លួនឯង ដោយធ្វើឱ្យគ្រប់គ្នាបានឃើញថា ខ្ញុំពិតជាមិនបានយល់ពីបច្ចេកវិទ្យាអ្វីនោះទេ។ ពួកគាត់ក៏បានឃើញកាន់តែច្បាស់ទៀតថា ខ្ញុំជាមនុស្សបោកបញ្ឆោត និងពុតត្បុតប៉ុនណា។ ជាលទ្ធផល ខ្ញុំបានបំផ្លាញសេចក្ដីសុចរិតរបស់ខ្ញុំអស់រលីង។ ពេលនោះហើយដែលខ្ញុំបានដឹងថា ខ្ញុំពិតជាល្ងង់ខ្លៅណាស់ដែលក្លែងបន្លំខ្លួនឯងបែបនេះ។
ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំងបន្ថែមទៀត ដោយសួរខ្លួនឯងថា៖ «តើនិស្ស័យពុករលួយអ្វីទៅ ដែលជំរុញឱ្យខ្ញុំតែងតែក្លែងបន្លំខ្លួនឯងដូច្នេះ?» កាលណោះ ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយនេះ៖ «តើនេះជានិស្ស័យបែបណា នៅពេលដែលមនុស្សតែងតែបិទបាំងខ្លួនឯង តែងតែតុបតែងខ្លួន តែងតែសម្ដែងឫកពារ ដើម្បីឲ្យអ្នកដទៃគិតខ្ពស់ពីពួកគេ និងមើលមិនឃើញពីកំហុសឬចំណុចខ្វះខាតរបស់ពួកគេ នៅពេលដែលពួកគេតែងតែព្យាយាមបង្ហាញពីចំណុចល្អបំផុតរបស់ខ្លួនដល់អ្នកដទៃ? នេះគឺជាភាពក្រអឺតក្រទម ការក្លែងបន្លំ ការលាក់ពុត វាជានិស្ស័យរបស់សាតាំង វាជាសេចក្តីទុច្ចរិត។ សូមនិយាយពីសមាជិកនៃរបបរបស់សាតាំងចុះ៖ មិនថាពួកគេប្រយុទ្ធ ប្រទូសរ៉ាយ ឬសម្លាប់គ្នានៅទីងងឹតប៉ុនណាទេ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យរាយការណ៍ ឬលាតត្រដាងរឿងនេះឡើយ។ ពួកគេខ្លាចក្រែងមនុស្សនឹងឃើញមុខអារក្សរបស់ពួកគេ ហើយពួកគេធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីបិទបាំងរឿងនេះ។ នៅទីសាធារណៈ ពួកគេខំអស់ពីសមត្ថភាព ដើម្បីតុបតែងខ្លួន ដោយនិយាយថាពួកគេស្រឡាញ់ប្រជាជនខ្លាំងប៉ុនណា ថាពួកគេអស្ចារ្យ រុងរឿង និងមិនចេះខុសខ្លាំងប៉ុនណា។ នេះគឺជាធម្មជាតិរបស់សាតាំង។ លក្ខណៈលេចធ្លោបំផុតនៃធម្មជាតិរបស់សាតាំង គឺល្បិចកល និងការបោកបញ្ឆោត។ ហើយតើគោលបំណងនៃល្បិចកល និងការបោកបញ្ឆោតនេះគឺអ្វី? គឺដើម្បីបោកបញ្ឆោតមនុស្ស ដើម្បីរារាំងកុំឲ្យពួកគេមើលឃើញពីសារជាតិ និងរូបភាពពិតរបស់វា ដូច្នេះហើយ ពួកវាអាចសម្រេចគោលបំណងនៃការពន្យារការគ្រប់គ្រងរបស់វាបាន។ មនុស្សធម្មតាប្រហែលជាខ្វះអំណាច និងឋានៈបែបនេះ ប៉ុន្តែពួកគេក៏ប្រាថ្នាចង់ឲ្យអ្នកដទៃមានទស្សនៈល្អចំពោះពួកគេដែរ ហើយឲ្យមនុស្សមានការវាយតម្លៃខ្ពស់ចំពោះពួកគេ និងលើកតម្កើងពួកគេទៅកាន់ឋានៈខ្ពស់នៅក្នុងចិត្តមនុស្ស។ នេះហើយជានិស្ស័យពុករលួយនោះ ហើយប្រសិនបើមនុស្សមិនយល់ពីសេចក្ដីពិតទេ ពួកគេក៏មិនអាចស្គាល់រឿងនេះបានដែរ។ និស្ស័យពុករលួយគឺជារឿងដែលពិបាកស្គាល់បំផុត៖ ការស្គាល់ពីកំហុស និងចំណុចខ្វះខាតរបស់ខ្លួនឯងគឺជារឿងងាយស្រួល ប៉ុន្តែការស្គាល់ពីនិស្ស័យពុករលួយរបស់ខ្លួនឯងគឺមិនងាយស្រួលនោះទេ។ មនុស្សដែលមិនស្គាល់ខ្លួនឯង មិនដែលនិយាយពីសភាពពុករលួយរបស់ពួកគេឡើយ ពួកគេតែងតែគិតថា ពួកគេល្អគ្រាន់បើហើយ។ ហើយដោយមិនដឹងខ្លួន ពួកគេក៏ចាប់ផ្ដើមបង្អួតបង្ហាញថា៖ 'ក្នុងអំឡុងពេលជាច្រើនឆ្នាំនៃជំនឿរបស់ខ្ញុំ ខ្ញុំបានឆ្លងកាត់ការបៀតបៀនជាច្រើន និងរងទុក្ខលំបាកជាខ្លាំង។ តើអ្នករាល់គ្នាដឹងទេថា ខ្ញុំបានយកឈ្នះលើរឿងទាំងអស់នោះដោយរបៀបណា?' តើនេះជានិស្ស័យក្រអឺតក្រទមមែនទេ? តើអ្វីទៅជាបំណងនៅពីក្រោយការបង្អួតបង្ហាញខ្លួនរបស់ពួកគេ? (គឺដើម្បីឱ្យមនុស្សឱ្យតម្លៃខ្ពស់ដល់ពួកគេ)។ តើអ្វីទៅជាបំណងរបស់ពួកគេក្នុងការធ្វើឱ្យមនុស្សឱ្យតម្លៃខ្ពស់ដល់ពួកគេ? (គឺដើម្បីទទួលបានឋានៈនៅក្នុងចិត្តរបស់មនុស្សទាំងនោះ)។ នៅពេលដែលអ្នកទទួលបានឋានៈនៅក្នុងចិត្តរបស់អ្នកដទៃហើយនោះ នៅពេលដែលពួកគេនៅជាមួយអ្នក ពួកគេនឹងប្រព្រឹត្តចំពោះអ្នកដោយការគោរព ហើយមានភាពគួរសមជាពិសេសនៅពេលដែលពួកគេនិយាយជាមួយអ្នក។ ពួកគេតែងតែគោរពអ្នកខ្ពស់ ពួកគេតែងតែឱ្យអ្នកទៅមុនគេក្នុងគ្រប់កិច្ចការទាំងអស់ ពួកគេតែងតែទុកអាទិភាពដល់អ្នក។ ហើយពួកគេលើកបន្តុប និងស្ដាប់បង្គាប់អ្នក។ ក្នុងគ្រប់កិច្ចការទាំងអស់ ពួកគេតែងតែមករកអ្នក ហើយឱ្យអ្នកជាអ្នកសម្រេចចិត្ត។ ហើយអ្នកទទួលបានអារម្មណ៍រីករាយពីរឿងនេះ អ្នកមានអារម្មណ៍ថា អ្នកខ្លាំងជាង និងប្រសើរជាងអ្នកដទៃទាំងអស់។ មនុស្សគ្រប់គ្នាចូលចិត្តអារម្មណ៍នេះ។ នេះគឺជាអារម្មណ៍នៃការមានឋានៈនៅក្នុងចិត្តរបស់អ្នកណាម្នាក់។ មនុស្សប្រាថ្នាចង់ក្រេបជញ្ជក់នូវអារម្មណ៍នេះ។ នេះគឺជាមូលហេតុដែលមនុស្សប្រជែងដណ្ដើមឋានៈ ហើយគ្រប់គ្នាប្រាថ្នាចង់ទទួលបានឋានៈនៅក្នុងចិត្តរបស់អ្នកដទៃ ចង់ឱ្យអ្នកដទៃឲ្យតម្លៃខ្ពស់ និងបូជា។ ប្រសិនបើពួកគេមិនអាចទទួលបានការរីករាយបែបនេះពីរឿងនោះទេ ពួកគេក៏នឹងមិនដេញតាមឋានៈដែរ» («គោលការណ៍ដែលគួរណែនាំចំពោះការប្រព្រឹត្តខ្លួនរបស់មនុស្សម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា បំណងប្រាថ្នាចង់បិទបាំង និងក្លែងបន្លំខ្លួនឯងជាប់ជានិច្ចនេះ គឺបណ្ដាលចិត្តមកពីនិស្ស័យក្រអឺតក្រទម និងបោកបញ្ឆោត។ និស្ស័យក្រអឺតក្រទមរបស់ខ្ញុំ ធ្វើឱ្យខ្ញុំស្វែងរកការកោតសរសើរ និងការឱនលំទោនពីអ្នកដទៃ ហើយនិស្ស័យបោកបញ្ឆោតរបស់ខ្ញុំ នាំឱ្យខ្ញុំក្លែងបន្លំខ្លួន និងបិទបាំងចំណុចខ្វះខាត និងកំហុសឆ្គងខ្លួនឯង ដោយបង្ហាញតែផ្នែកល្អរបស់ខ្ញុំ ក្នុងគោលបំណងដើម្បីទទួលបានការកោតសរសើរពីអ្នកដទៃ។ ប្រៀបដូចជាបក្សកុម្មុយនិស្តចិន ដែលពូកែខាងបិទបាំង និងលាក់លៀមរឿងរ៉ាវផ្សេងៗ។ មិនថាការដណ្ដើមអំណាចផ្ទៃក្នុងរបស់ពួកគេតានតឹងប៉ុនណា ឬពួកគេបានធ្វើអំពើអាក្រក់ច្រើនប៉ុនណាក៏ដោយ ក៏ពួកគេមិនដែលអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយរាយការណ៍រឿងទាំងនោះដែរ ដោយខ្លាចថាប្រជាជននឹងមើលឃើញមុខមាត់បិសាចរបស់ពួកគេ ហើយឈប់គាំទ្រពួកគេ។ ពួកគេក៏ប្រើប្រព័ន្ធផ្សព្វផ្សាយដើម្បីប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការឃោសនា និងលើកតម្កើងរូបភាពដ៏អស្ចារ្យ រុងរឿង និងត្រឹមត្រូវរបស់ពួកគេ ដើម្បីបោកបញ្ឆោត និងបំភាន់ប្រជាជន ក្នុងគោលដៅដើម្បីគ្រប់គ្រងប្រជាជនជារៀងរហូត។ ពិតជារឿងដ៏គួរឱ្យស្អប់ខ្ពើម និងទុច្ចរិតណាស់! នៅពេលដំឡើងកុំព្យូទ័រ ខ្ញុំក៏បានបង្ហាញចេញនូវនិស្ស័យបែបសាតាំងដែរ។ ដើម្បីការពារមុខមាត់ និងឋានៈរបស់ខ្ញុំ ខ្ញុំមិនបានទទួលស្គាល់នូវអ្វីដែលខ្ញុំមិនចេះ ឬមិនអាចធ្វើបាននោះទេ។ ខ្ញុំបានបិទបាំងរាល់ចំណុចខ្វះខាត និងកំហុសឆ្គងរបស់ខ្ញុំទាំងអស់ ដោយធ្វើពុតជាចេះដឹង និងមានសមត្ថភាពធ្វើអ្វីៗគ្រប់យ៉ាង។ ទាំងអស់នេះគឺសុទ្ធតែដើម្បីឱ្យអ្នកដទៃឱ្យតម្លៃខ្ញុំ។ តើការបិទបាំង និងការក្លែងបន្លំខ្លួនឯងទាំងអស់នេះ មិនមែនជាការបោកបញ្ឆោត និងបំភាន់បងប្អូនប្រុសស្រីទេឬ? តើខ្ញុំមិនមែនគួរឱ្យស្អប់ខ្ពើម និងទុច្ចរិតដូចសាតាំងទេឬ? ពេលឆ្លុះបញ្ចាំងពីរឿងនេះ ខ្ញុំមានអារម្មណ៍ខ្មាសអៀនពិតមែន។ ខ្ញុំតែងតែស្វះស្វែងដើម្បីឱ្យអ្នកដទៃកោតសរសើរ និងឱនលំទោនចំពោះខ្ញុំ ដើម្បីឱ្យពួកគេចោមរោមខ្ញុំ ដោយមកសួរខ្ញុំគ្រប់រឿង និងមានការគោរព និងការគួរសមចំពោះខ្ញុំ។ ពេលបងប្អូនប្រុសៗទូរសព្ទមកខ្ញុំ ប្រាប់ថាពួកគាត់មិនចេះដំឡើងកុំព្យូទ័រ ហើយសុំឱ្យខ្ញុំធ្វើវា ពេលនោះ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងសំខាន់ខ្លាំងណាស់ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងពូកែជាងពួកគេ ហើយវាត្រូវនឹងអំនួតរបស់ខ្ញុំតែម្ដង។ គឺដោយសារតែខ្ញុំពេញចិត្តនឹងអារម្មណ៍បែបនោះហើយ ទើបខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីបិទបាំង និងក្លែងបន្លំខ្លួនឯង ដើម្បីមនុស្សសរសើរខ្ញុំ។
ខ្ញុំបានសួរខ្លួនឯងថា៖ «បើខ្ញុំបន្តដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយរីករាយនឹងការកោតសរសើរពីអ្នកដទៃ តើផលវិបាកនឹងទៅជាយ៉ាងណា?» ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «ព្រះជាម្ចាស់ស្អប់ខ្ពើមបំផុតនៅពេលដែលមនុស្សដេញតាមឋានៈ ប៉ុន្តែអ្នកនៅតែរឹងប្រជែងដណ្ដើមឋានៈ អ្នកឱ្យតម្លៃខ្ពស់លើវា និងការពារវាជានិច្ច ដោយតែងតែព្យាយាមយកវាធ្វើជារបស់ខ្លួន។ តើនៅក្នុងរឿងទាំងអស់នេះ មិនមានលក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់បន្តិចបន្តួចទេឬ? ឋានៈមិនមែនជាអ្វីដែលព្រះជាម្ចាស់បានកំណត់ទុកសម្រាប់មនុស្សឡើយ។ ព្រះជាម្ចាស់ប្រទានសេចក្ដីពិត ផ្លូវ និងជីវិតដល់មនុស្ស ដើម្បីឱ្យនៅទីបំផុតពួកគេក្លាយជាភាវៈដែលបានបង្កើតមកដែលស្របតាមស្ដង់ដា ជាភាវៈដែលបានបង្កើតមកដ៏តូចតាច និងមិនសំខាន់ ពោលគឺមិនមែនជាអ្នកដែលមានឋានៈ និងកិត្យានុភាព ហើយត្រូវបានមនុស្សរាប់ពាន់នាក់លើកតម្កើងនោះទេ។ ដូច្នេះហើយ ទោះបីជាមើលពីទស្សនៈណាក៏ដោយ ការដេញតាមឋានៈគឺជាផ្លូវទៅសេចក្ដីវិនាស។ ទោះបីជាហេតុផលរបស់អ្នកសម្រាប់ការដេញតាមឋានៈសមហេតុផលយ៉ាងណាក៏ដោយ ផ្លូវនេះនៅតែជាផ្លូវខុស ហើយមិនត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យឡើយ។ ទោះបីជាអ្នកព្យាយាមខ្លាំងប៉ុនណា ឬលះបង់តម្លៃធំប៉ុនណាក៏ដោយ ប្រសិនបើអ្នកប្រាថ្នាចង់បានឋានៈ ព្រះជាម្ចាស់មិនប្រទានវាមកអ្នកទេ នោះអ្នកនឹងបរាជ័យក្នុងការតស៊ូដើម្បីទទួលបានវា ហើយប្រសិនបើអ្នកបន្តតស៊ូ នោះនឹងមានលទ្ធផលតែមួយគត់៖ អ្នកនឹងត្រូវបានបើកសម្ដែងឱ្យឃើញ និងត្រូវបានជម្រុះចោល។ អ្នកនឹងនៅលើផ្លូវទៅកាន់សេចក្ដីវិនាស។ អ្នកយល់ពីរឿងនេះហើយមែនទេ?» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានថ្លែងយ៉ាងច្បាស់អំពីធម្មជាតិ និងផលវិបាកនៃការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ។ ការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈជាប់ជានិច្ច គឺមានសារជាតិជាការប្រឆាំងនឹងព្រះជាម្ចាស់ ហើយលទ្ធផលគឺការដើរទៅដល់ផ្លូវទាល់។ ដោយសារតែមនុស្សយើងគ្រាន់តែជាភាវៈតូចតាចដែលទ្រង់បានបង្កើតមក យើងគួរតែគោរពបូជា និងសម្លឹងទៅកាន់ព្រះជាម្ចាស់ដោយទុកចិត្ត បំពេញភារកិច្ចរបស់យើងដោយទៀងត្រង់ និងដោយស្តាប់បង្គាប់។ មនុស្សគួរតែមានសតិសម្បជញ្ញៈ និងហេតុផលបែបនេះ។ ព្រះជាម្ចាស់បានសម្ដែងចេញនូវសេចក្តីពិតនៅគ្រាចុងក្រោយ ដើម្បីឱ្យព្រះបន្ទូលទ្រង់ដកជាប់ក្នុងចិត្តមនុស្ស ធ្វើឱ្យព្រះបន្ទូលទាំងនោះក្លាយជាជីវិតរបស់យើង ដែលអនុញ្ញាតឱ្យយើងបង្ហាញចេញនូវភាពជាមនុស្សធម្មតា ហើយក្លាយជាភាវៈដែលទ្រង់បានបង្កើតដែលស្របតាមស្ដង់ដារ។ ព្រះជាម្ចាស់មិនចង់ឱ្យមនុស្សដេញតាមកេរ្តិ៍ឈ្មោះ ឋានៈ ឬ ការកោតសរសើរពីអ្នកដទៃ ក្នុងពេលបំពេញភារកិច្ចរបស់ពួកគេឡើយ។ ប្រសិនបើខ្ញុំចេះតែបន្តក្លែងបន្លំខ្លួនជាប់ជានិច្ច ហើយដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយខ្ញុំបានមិនប្រែចិត្ត ផ្លាស់ប្តូរ ឬអនុវត្តសេចក្តីពិតទេ ទីបំផុតទៅ ខ្ញុំមុខជាត្រូវព្រះជាម្ចាស់លាតត្រដាង និងជម្រុះចោលមិនខាន។ ខ្ញុំបានគិតដល់ការដែលពួកទទឹងនឹងព្រះគ្រីស្ទភាគច្រើនដែលដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយត្រូវបណ្តេញចេញពីដំណាក់របស់ព្រះជាម្ចាស់។ ពួកគេមិនស្ទាក់ស្ទើរក្នុងការធ្វើឱ្យខូចខាត ក៏ដូចជាបង្អាក់ និងរំខានយ៉ាងធ្ងន់ធ្ងរដល់កិច្ចការរបស់ពួកជំនុំឡើយ ដែលនៅទីបំផុត ពួកគេក៏ត្រូវបានបណ្តេញចេញ។ ដោយបានដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ដោយសុខចិត្តផ្លាស់ប្តូរសភាពរបស់ខ្ញុំ លែងស្វែងរកការកោតសរសើរពីមនុស្សទៀត តែសុខចិត្តធ្វើជាភាវៈដ៏តូចទាបដែលទ្រង់បានបង្កើតមកដោយស្មោះអស់ពីចិត្តវិញ។
ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយទៀត៖ «ប្រសិនបើអ្នកមិនចង់អង្គុយអាំងនៅលើភ្លើងទេ អ្នកគួរតែលះបង់ចោលនូវងារ និងកិត្តិនាមទាំងអស់នេះ ហើយប្រាប់បងប្អូនប្រុសស្រីរបស់អ្នកពីសភាពពិត និងគំនិតនៅក្នុងចិត្តរបស់អ្នក។ តាមរបៀបនេះ បងប្អូនប្រុសស្រីអាចប្រព្រឹត្តចំពោះអ្នកបានត្រឹមត្រូវ ហើយអ្នកក៏មិនចាំបាច់ក្លែងបន្លំឡើយ។ ពេលនេះ អ្នកបានបើកចំហ និងបង្ហាញឱ្យឃើញពីសភាពពិតរបស់អ្នកហើយ តើចិត្តរបស់អ្នកមិនមានអារម្មណ៍ស្ងប់សុខ និងធូរស្រាលជាងមុនទេឬ? ហេតុអ្វីដើរដោយមានបន្ទុកដ៏ធ្ងន់បែបនេះនៅលើខ្នងរបស់អ្នក? ប្រសិនបើអ្នកបង្ហាញពីសភាពពិតរបស់អ្នក តើបងប្អូនប្រុសស្រីពិតជាមើលងាយអ្នកមែនទេ? តើពួកគេពិតជាបោះបង់ចោលអ្នកមែនទេ? ពិតជាមិនដូច្នោះឡើយ។ ផ្ទុយទៅវិញ បងប្អូនប្រុសស្រីនឹងទទួលស្គាល់អ្នក និងស្ងើចសរសើរអ្នកដែលហ៊ានបង្ហាញចិត្តគំនិតខាងក្នុងរបស់អ្នក។ ពួកគេនឹងនិយាយថា អ្នកគឺជាមនុស្សស្មោះត្រង់ម្នាក់។ ការធ្វើបែបនេះនឹងមិនរារាំងកិច្ចការរបស់អ្នកនៅក្នុងពួកជំនុំឡើយ ហើយក៏គ្មានឥទ្ធិពលអវិជ្ជមានសូម្បីតែបន្តិចទៅលើកិច្ចការនោះដែរ។ ប្រសិនបើបងប្អូនប្រុសស្រីពិតជាឃើញថាអ្នកមានការលំបាកមែន ពួកគេនឹងជួយអ្នកដោយស្ម័គ្រចិត្ត និងសហការជាមួយអ្នក។ តើអ្នករាល់គ្នាថាយ៉ាងម៉េចដែរ? តើរឿងវាមិនអ៊ីចឹងទេឬ? (មែនហើយ)។ ការតែងតែបន្តការក្លែងបន្លំដើម្បីឱ្យអ្នកដទៃផ្ដល់តម្លៃខ្ពស់ដល់អ្នក គឺជារឿងដែលល្ងង់ខ្លៅបំផុត។ វិធីសាស្រ្តដ៏ល្អបំផុតគឺ ត្រូវធ្វើជាមនុស្សសាមញ្ញម្នាក់ដែលមានចិត្តធម្មតា អាចបើកចំហចំពោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់តាមរបៀបដ៏ស្មោះត្រង់ និងសាមញ្ញ ហើយបើកចិត្តនិយាយគ្នាឱ្យបានញឹកញាប់។ កុំទទួលយកជាដាច់ខាត នៅពេលដែលមនុស្សផ្ដល់តម្លៃខ្ពស់ដល់អ្នក ស្ងើចសរសើរអ្នក ផ្ដល់ការសរសើរលើសលប់ដល់អ្នក ឬនិយាយពាក្យបញ្ជោរ។ របស់ទាំងអស់នេះគួរតែត្រូវបានបដិសេធ។ ...តើអ្នកគួរអនុវត្តដោយរបៀបណាដើម្បីធ្វើជាមនុស្សរស់នៅសាមញ្ញៗ ជាមនុស្សសាមញ្ញ និងធម្មតាម្នាក់? ទីមួយ អ្នកគួរតែបដិសេធ និងលះបង់ចោលនូវរបស់ទាំងឡាយដែលអ្នកប្រកាន់ខ្ជាប់ ដែលអ្នកគិតថាល្អ និងមានតម្លៃ ព្រមទាំងពាក្យសម្ដីល្អៗតែសំបកក្រៅដែលអ្នកដទៃប្រើដើម្បីស្ងើចសរសើរ និងលើកតម្កើងអ្នកផងដែរ។ ប្រសិនបើនៅក្នុងចិត្តរបស់អ្នក អ្នកដឹងច្បាស់ពីថាតើអ្នកជាមនុស្សបែបណា តើសារជាតិរបស់អ្នកជាអ្វី តើអ្នកមានចំណុចខ្វះខាតអ្វីខ្លះ និងសេចក្ដីពុករលួយអ្វីខ្លះដែលអ្នកបានបញ្ចេញឱ្យឃើញ នោះអ្នកគួរតែប្រកបគ្នាអំពីរឿងនេះដោយបើកចំហជាមួយអ្នកដទៃ ដើម្បីឱ្យពួកគេអាចមើលឃើញពីសភាពពិតរបស់អ្នក ពីគំនិត និងទស្សនៈរបស់អ្នក ដើម្បីឱ្យពួកគេដឹងថា តើអ្នកមានការយល់ដឹងបែបណាអំពីរឿងទាំងនោះ។ ទោះអ្នកធ្វើអ្វីក៏ដោយ កុំធ្វើពុត ឬបិទបាំង កុំលាក់បាំងសេចក្ដីពុករលួយ និងចំណុចខ្វះខាតរបស់អ្នកពីអ្នកដទៃ ដើម្បីកុំឱ្យនរណាម្នាក់ដឹងពីរឿងទាំងនោះ។ ការប្រព្រឹត្តមិនពិតបែបនេះ គឺជាឧបសគ្គនៅក្នុងចិត្តរបស់អ្នក វាក៏ជានិស្ស័យពុករលួយមួយដែរ ហើយអាចរារាំងមនុស្សពីការប្រែចិត្ត និងការផ្លាស់ប្ដូរ។ អ្នកត្រូវតែអធិដ្ឋានដល់ព្រះជាម្ចាស់ ហើយលើកយកមកត្រិះរិះពិចារណា វិភាគ និងវះកាត់នូវរបស់ក្លែងក្លាយ ដូចជាការសរសើរដែលអ្នកដទៃផ្ដល់ឱ្យអ្នក សិរីរុងរឿងដែលពួកគេប្រគល់ឱ្យអ្នក និងមកុដដែលពួកគេបំពាក់ឱ្យអ្នក។ អ្នកត្រូវតែមើលឃើញពីគ្រោះថ្នាក់ដែលរបស់ទាំងនេះមានចំពោះអ្នក។ ក្នុងការធ្វើដូច្នេះ អ្នកនឹងដឹងពីកម្រិតរបស់ខ្លួនឯង អ្នកនឹងទទួលបានការស្គាល់ខ្លួនឯង ហើយនឹងលែងមើលឃើញខ្លួនឯងថាជាកំពូលមនុស្ស ឬជាមនុស្សអស្ចារ្យណាម្នាក់ទៀតហើយ។ នៅពេលដែលអ្នកមានការស្គាល់ខ្លួនឯងបែបនេះហើយ វានឹងក្លាយជាងាយស្រួលសម្រាប់អ្នកក្នុងការទទួលយកសេចក្ដីពិត ទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្វីដែលទ្រង់តម្រូវពីមនុស្សមកដាក់ក្នុងចិត្ត ទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះអាទិករដែលប្រទានដល់អ្នក ដើម្បីធ្វើជាមនុស្សសាមញ្ញម្នាក់ដែលស្មោះត្រង់ និងគួរឲ្យទុកចិត្តដោយចិត្តស្ថិតស្ថេរ ព្រមទាំងបង្កើតទំនាក់ទំនងប្រក្រតីមួយរវាងខ្លួនអ្នក ដែលជាភាវៈដែលបានបង្កើតមក និងព្រះជាម្ចាស់ ដែលជាព្រះអាទិករ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សយ៉ាងជាក់លាក់ ហើយវាគឺជារឿងមួយដែលពួកគេអាចសម្រេចបានទាំងស្រុង» («ការឱ្យតម្លៃលើព្រះបន្ទូលព្រះជាម្ចាស់ គឺជាមូលដ្ឋានគ្រឹះនៃជំនឿលើព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានកែតម្រូវគំនិត និងទស្សនៈខុសឆ្គងរបស់ខ្ញុំ និងបានបង្ហាញផ្លូវអនុវត្តន៍ដល់ខ្ញុំ។ ពីមុន ខ្ញុំតែងតែបារម្ភថា ប្រសិនបើខ្ញុំលាតត្រដាងចំណុចខ្វះខាត និងកំហុសឆ្គងខ្លួនឯង មនុស្សនឹងមើលងាយខ្ញុំ ដូច្នេះ ខ្ញុំតែងតែបិទបាំង និងក្លែងបន្លំខ្លួនឯងជានិច្ច។ ប៉ុន្តែការពិតគឺថា ទោះបីខ្ញុំក្លែងបន្លំខ្លួនឯង ហើយមិននិយាយអ្វីក៏ដោយ ក៏បងប្អូនប្រុសស្រីបានមើលឃើញពីធាតុពិតជាក់ស្ដែងរបស់ខ្ញុំរួចទៅហើយ ហើយបើខ្ញុំអាចនិយាយតាមត្រង់ និងលាតត្រដាងពីចំណុចខ្វះខាតរបស់ខ្ញុំ ពួកគាត់នឹងមិនមើលងាយខ្ញុំទេ។ ផ្ទុយទៅវិញ ពួកគាត់នឹងឃើញថា ខ្ញុំកំពុងអនុវត្តការធ្វើជាមនុស្សស្មោះត្រង់ ហើយនឹងគោរព និងពេញចិត្តនឹងការនោះមិនខាន។ ខ្ញុំបានជ្រើសរើសបិទបាំង និងក្លែងបន្លំខ្លួនឯង ដោយមិនហ៊ានលាតត្រដាងនូវអ្វីដែលខ្ញុំមិនដឹង ឬមិនអាចធ្វើបាននោះទេ។ ជាលទ្ធផល នៅពេលការពិតត្រូវបានលាតត្រដាង ខ្ញុំមិនត្រឹមតែមិនទទួលបានការកោតសរសើរពីបងប្អូនប្រុសស្រីប៉ុណ្ណោះទេ តែខ្ញុំថែមទាំងធ្វើឱ្យខ្លួនឯងខ្មាសគេ ធ្វើឱ្យអ្នកដទៃមិនចូលចិត្ត និងស្អប់ខ្ពើមខ្ញុំ។ ឥឡូវនេះ ខ្ញុំបានដឹងថា ទស្សនៈរបស់ខ្ញុំគឺខុស និងល្ងង់ខ្លៅ ហើយខ្ញុំត្រូវតែបះបោរប្រឆាំងនឹងគំនិតទាំងនេះ ហើយអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តាមពិតទៅ មនុស្សធម្មតាទាំងអស់សុទ្ធតែមានចំណុចខ្វះខាត និងកំហុសឆ្គងរបស់ពួកគេ។ ទោះបីជានរណាម្នាក់បានធ្វើការនៅក្នុងវិស័យណាមួយអស់រយៈពេលជាច្រើនឆ្នាំ ហើយបានក្លាយជាអ្នកជំនាញក៏ដោយ ក៏នៅតែមានពេលដែលពួកគេមិនដឹងរឿងអ្វីមួយដែរ។ ការមានចំណុចខ្វះខាត និងកំហុសឆ្គង មិនមែនជារឿងដែលគួរឱ្យខ្មាសអៀននោះទេ។ ប្រសិនបើនរណាម្នាក់ដឹងគ្រប់យ៉ាង ហើយអាចធ្វើអ្វីគ្រប់យ៉ាងបាន នោះពួកគេជាមនុស្សទេពហើយ។ ម្យ៉ាងទៀត ដោយសារតែខ្ញុំគិតថា ខ្ញុំជាអ្នកចេះដឹងខាងគ្រឿងអេឡិចត្រូនិកជាងគេនៅក្នុងក្រុម ហើយរួមផ្សំនឹងការសរសើរពីអ្នកដទៃផង ខ្ញុំក៏ចាប់ផ្តើមធ្វើឫកពារដូចជាពូកែជាងគេ ប៉ុន្តែបើគិតតាមជំនាញវិជ្ជាជីវៈវិញ ខ្ញុំនៅតែចេះត្រឹមតែកម្រិតមូលដ្ឋានប៉ុណ្ណោះ។ ពេលគិតត្រឡប់ទៅវិញ កាលបង លៀម នៅទីនេះ គាត់មានជំនាញខាងគ្រឿងអេឡិចត្រូនិកជាង ហើយបើប្រៀបធៀបនឹងគាត់ ខ្ញុំមានជំនាញអន់ជាងគាត់ឆ្ងាយណាស់។ ប៉ុន្តែ សូម្បីតែគាត់ក៏ត្រូវពិគ្រោះយោបល់ជាមួយបងប្អូនប្រុសស្រីដែលមានចំណេះដឹងច្រើនអំពីឧបករណ៍មួយចំនួនដែលគាត់មិនយល់ដែរ ដែលធ្វើឱ្យគម្លាតចំណេះដឹងរបស់ខ្ញុំកាន់តែមើលឃើញច្បាស់។ ដូច្នេះ មិនថាអ្នកណាគិតយ៉ាងណានោះទេ ខ្ញុំមិនគួរលើកតម្កើងខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ ខ្ញុំគួរណាស់តែបានប្រឈមមុខនឹងចំណុចខ្វះខាត និងកំហុសឆ្គងរបស់ខ្លួនឯងឱ្យបានត្រឹមត្រូវ និងគួរណាស់តែបានបង្ហាញការពិត ដើម្បីឱ្យគ្រប់គ្នាអាចយល់ពីខ្ញុំបាន។ បែបនេះទើបជាអាកប្បកិរិយាដែលមានហេតុផល។
ក្រោយមក មានឧបករណ៍មួយទៀតបានខូច ហើយបងប្រុសម្នាក់បានសុំឱ្យខ្ញុំជួយជួសជុលវា។ បន្ទាប់ពីពិនិត្យវាហើយ ខ្ញុំបានសន្និដ្ឋានថាមានគ្រឿងបន្លាស់មួយខូច ហើយក៏បានដូរវាចេញ ប៉ុន្តែបន្ទាប់ពីធ្វើតេស្តរួច វានៅតែមិនដំណើរការដដែល។ ខ្ញុំបានព្យាយាមជួសជុលវាមួយសន្ទុះទៀត ប៉ុន្តែខ្ញុំនៅតែមិនអាចជួសជុលវាបាន។ ពេលនោះ ខ្ញុំបានគិតថា៖ «តើខ្ញុំបានវិនិច្ឆ័យបញ្ហាខុសមែនទេ? តើខ្ញុំគួរតែទូរសព្ទទៅសុំយោបល់ពីបងម៉ៃឃើលដែរទេ? គាត់ធ្លាប់ធ្វើការលើឧបករណ៍ប្រភេទនេះច្រើនមកហើយ ដូច្នេះប្រហែលជាគាត់ធ្លាប់ជួបបញ្ហានេះហើយ»។ ប៉ុន្តែពេលនោះ ខ្ញុំបានគិតថា៖ «ប្រសិនបើខ្ញុំមិនអាចដោះស្រាយបញ្ហានេះបាន ហើយត្រូវការសុំជំនួយ បងប្អូនប្រុសស្រីមុខជាគិតថា ខ្ញុំមិនមានជំនាញគ្រប់គ្រាន់ ហើយពួកគាត់នឹងលែងឱ្យតម្លៃខ្ញុំទៀតហើយ។ ខ្ញុំមិនអាចឱ្យពួកគាត់មើលងាយខ្ញុំបានទេ។ បើខ្ញុំបន្តព្យាយាមទៀត ខ្ញុំមុខជាអាចរកវិធីដោះស្រាយដោយខ្លួនឯងបានមិនខាន»។ នៅពេលខ្ញុំមានគំនិតបែបនោះ ខ្ញុំបានដឹងថា ខ្ញុំកំពុងព្យាយាមបិទបាំង និងក្លែងបន្លំខ្លួនឯងម្តងទៀតហើយ ដូច្នេះ ខ្ញុំបានអធិស្ឋាននៅក្នុងចិត្តថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំមិនសូវបានធ្វើការលើម៉ាស៊ីនប្រភេទនេះច្រើនទេ ហើយទូលបង្គំមិនប្រាកដថាបញ្ហានៅត្រង់ណាទេ។ ទូលបង្គំខ្លាចបងប្អូននឹងមើលងាយទូលបង្គំ ហើយទូលបង្គំចង់ក្លែងបន្លំខ្លួនឯងម្តងទៀត។ ព្រះជាម្ចាស់ សូមដឹកនាំទូលបង្គំឱ្យធ្វើជាមនុស្សស្មោះត្រង់ ឱ្យអាចប្រឈមមុខនឹងចំណុចខ្វះខាត និងកំហុសឆ្គងរបស់ទូលបង្គំបាន ព្រមទាំងសកម្មក្នុងការស្វែងរកជំនួយពីអ្នកដទៃផង»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបានទូរសព្ទទៅសុំយោបល់ពីបងម៉ៃឃើល។ ធ្វើតាមយោបល់របស់គាត់ ខ្ញុំក៏បានពិនិត្យរកឃើញឫសគល់នៃបញ្ហានោះ និងប្រញាប់ជួសជុលវា។ ការអនុវត្តបែបនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ធូរស្រាល និងស្រណុកចិត្ត។ ម្យ៉ាង ខ្ញុំមិនបានធ្វើឱ្យបងប្អូនប្រុសស្រីយឺតយ៉ាវក្នុងការប្រើប្រាស់ឧបករណ៍សម្រាប់បំពេញភារកិច្ចរបស់ពួកគេ ហើយម្យ៉ាងទៀត ខ្ញុំបានអនុវត្តសេចក្តីពិតខ្លះដោយសតិ ដោយមិនបិទបាំង និងក្លែងបន្លំខ្លួនឯងម្តងទៀតឡើយ។ គឺដោយបានការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះហើយ ដែលធ្វើឱ្យខ្ញុំមានគោលដៅត្រឹមត្រូវដើម្បីស្វែងរក។ ខ្ញុំសុខចិត្តដេញតាម និងអនុវត្តសេចក្តីពិត បំពេញភារកិច្ចរបស់ខ្ញុំដោយស្មោះត្រង់ ហើយធ្វើជាភាវៈដែលព្រះបានបង្កើតដែលស្របតាមស្ដង់ដា។