១៤. ការឆ្លុះបញ្ចាំងបន្ទាប់ពីការលាក់បាំងកំហុស
ខ្ញុំតែងតែបំពេញភារកិច្ចកាត់តវីដេអូនៅក្នុងពួកជំនុំ។ នៅខែឧសភា ឆ្នាំ ២០២២ បន្ទាប់ពីការថតភាពយន្តរួច វាក៏បានចូលដល់ដំណាក់កាលការងារដ៏មមាញឹកក្រោយការផលិត ហើយការងារកែកាត់តត្រូវការបញ្ចប់ជាបន្ទាន់ ដើម្បីដាក់ជូនឱ្យអ្នកដឹកនាំពិនិត្យ។ បន្ទាប់ពីចំណាយពេលអស់យ៉ាងច្រើនលើការកាត់តឈុតនីមួយៗ ខ្ញុំបានច្រឡំចុចប៊ូតុងលុបដោយចៃដន្យ ហើយវីដេអូប្រាំឈុតដំបូងដែលបានកែកាត់តរួច ក៏ត្រូវលុបចោលភ្លាមៗ។ តាមសភាវគតិ ខ្ញុំក៏បានព្យាយាមចុចត្រឡប់ធ្វើឱ្យដូចដើមវិញ ប៉ុន្តែកម្មវិធីសូហ្វវែរ មិនត្រឹមតែមិនអាចស្តារឡើងវិញបានទេ វាបានគាំងទាំងស្រុងតែម្ដង។ ដោយឃើញមុខងារបន្ទាត់ពេលវេលាទទេសូន្យ ខួរក្បាលខ្ញុំក៏ទទេសូន្យដែរ។ ក្រោយភ្ញាក់ស្មារតីមកវិញ ខ្ញុំប្រញាប់ប្រញាល់ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីស្ដារគម្រោងនេះឡើងវិញ ហើយពេលដែលកំពុងស្វែងរកវីដេអូមកវិញ ខ្ញុំក៏បានបន្តគិតក្នុងចិត្តថា «ចប់ហើយ តើខ្ញុំគួរធ្វើយ៉ាងម៉េចទៅពេលនេះ? ប៉ុន្មានថ្ងៃមកនេះ ខ្ញុំមិនបានរក្សាទុកវីដេអូបម្រុងសោះ ពោលគឺគម្រោងនេះប្រាកដជាបាត់អស់ហើយ។ ខ្ញុំកម្រសាងកំហុសណាស់ ក្នុងកិច្ចការរបស់ខ្ញុំពីមុន ហើយអ្នកមើលការខុសត្រូវជឿជាក់លើខ្ញុំណាស់។ ម្ដេចបានជាកំហុសបែបនេះកើតឡើងចំពេលដ៏សំខាន់ មុនពេលដែលត្រូវដាក់ការងារជូនអ្នកដឹកនាំពិនិត្យទៅវិញ? បើគ្រប់គ្នាដឹងថា ខ្ញុំបានសាងកំហុសដ៏សាមញ្ញ ទាំងដែលធ្វើជាអ្នកកាត់តវីដេអូយូរមកហើយនោះ តើគេនឹងគិតបែបណាមកលើខ្ញុំ? សូម្បីតែអ្នកធ្វើការថ្មីថ្មោងក៏គេចេះរក្សាទុកវីដេអូបម្រុងរាល់ថ្ងៃដែរ ដើម្បីជៀសវាងការបាត់បង់ទិន្នន័យដោយចៃដន្យ ប៉ុន្តែខ្ញុំគិតថា ដោយសារតែខ្ញុំមិនដែលធ្វើឱ្យបាត់គម្រោងណាមួយទេ បន្ទាប់ពីធ្វើវាជាច្រើនឆ្នាំមកហើយ ទើបមិនចាំបាច់រក្សាទុកបម្រុងជាប្រចាំ។ ហេតុអ្វីបានជាខ្ញុំទុកចិត្តខ្លួនឯងខ្លាំងម្ល៉េះ?» ពីមុន ពេលបងប្អូនប្រុសស្រីផ្សេងទៀតធ្វើខុសដោយសារកំហុសឆ្គងក្នុងប្រតិបត្តិការ ខ្ញុំតែងនិយាយទាំងអំនួតថា «បញ្ហាបែបនេះអាចជៀសវាងបាន ដោយគ្រាន់តែប្រុងប្រយ័ត្នបន្តិចប៉ុណ្ណោះ»។ ការគិតបែបនេះធ្វើឱ្យខ្ញុំអាម៉ាស់មុខណាស់។ ខ្ញុំបានធ្វើខុសចំពេលដ៏សំខាន់ ហើយធ្វើរឿងដែលគ្មានការទទួលខុសត្រូវទាល់តែសោះ។ គ្រប់គ្នាច្បាស់ជាមើលងាយខ្ញុំ ប្រសិនបើគេដឹងរឿងនេះ។ តើកេរ្តិ៍ឈ្មោះ និងមុខមាត់ដ៏ល្អរបស់ខ្ញុំ នឹងត្រូវបំផ្លាញទាំងស្រុងមែនទេ? ទេ ខ្ញុំមិនអាចឱ្យបងប្អូនប្រុសស្រីដឹងរឿងនេះបានទេ លើកលែងតែចាំបាច់ខានមិនបាន។ ខ្ញុំក្រឡេកមើលគម្រោងដែលបានបម្រុងទុកកាលពីប៉ុន្មានថ្ងៃមុន ហើយទើបដឹងថា មានតែឈុតដែលថតថ្មីៗពីរឈុតប៉ុណ្ណោះដែលត្រូវការជំនួស។ ខ្ញុំអាចធ្វើការពេញមួយយប់ឥតសម្រាក ហើយមុខជាអាចកែប្រែវាបាន បន្ទាប់មក ពេលដែលខ្ញុំកែសម្រួលបានទាំងអស់ហើយ បងប្អូនប្រុសស្រីនឹងមិនដឹងថាខ្ញុំធ្វើឱ្យបាត់គម្រោងនេះទេ ហើយខ្ញុំនឹងអាចរក្សាមុខមាត់ដ៏ល្អរបស់ខ្ញុំបាន។ គិតបែបនោះហើយ ខ្ញុំក៏បានប្រញាប់ប្រញាល់ស្តារគម្រោងឡើងវិញ។ ប៉ុន្តែអំឡុងពេលធ្វើការងារនោះ ខ្ញុំបានកត់សម្គាល់ឃើញថា ការដាក់កម្រិតពណ៌ និងសំឡេងរបស់ភាពយន្តទាំងអស់ ចាំបាច់ត្រូវធ្វើឡើងវិញ។ ដោយការសម្លឹងមើលទៅបន្ទុកការងារដ៏ច្រើននៅពីមុខខ្ញុំ ខ្ញុំដឹងថា វាមិនអាចស្ដារមកវិញក្នុងពេលមួយថ្ងៃមួយយប់បានទេ។ ខ្ញុំពិតជាមានអារម្មណ៍បាក់ទឹកចិត្តណាស់។ វាច្បាស់ណាស់ថា ខ្ញុំមិនអាចបញ្ចប់គម្រោងនេះដោយខ្លួនឯងបានទេ ហើយក៏ច្បាស់ដែរថា ខ្ញុំមានតែអាចស្វែងរកជំនួយពីអ្នកដទៃប៉ុណ្ណោះ។ ខ្ញុំបានគិតក្នុងចិត្តថា «បើពេលនេះខ្ញុំសុំឱ្យគេជួយ នោះគេនឹងមិនដឹងទៅហើយទេឬ ថាខ្ញុំធ្វើឱ្យបាត់គម្រោងនេះ? គ្រប់គ្នានឹងមើលងាយខ្ញុំ ប្រសិនបើគេដឹងរឿងនេះ។ ប៉ុន្តែបើខ្ញុំមិននិយាយអ្វីទេ នោះការងារនឹងត្រូវពន្យារពេលបន្ថែមទៀត។ ម្យ៉ាងទៀត ការពិតតែងតែត្រូវបានលាតត្រដាង»។ ខ្ញុំដឹងថា នេះមិនមែនជារឿងដែលកើតឡើងដោយចៃដន្យទេ ហើយក៏ដឹងថា មានមេរៀនដែលខ្ញុំត្រូវរៀនសូត្រ។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ «ព្រះជាម្ចាស់អើយ ទូលបង្គំមិនបានបម្រុងគម្រោងនេះទុកទេ ហើយទូលបង្គំខ្លាចនឹងប្រឈមមុខនឹងកំហុសដ៏សាមញ្ញនេះណាស់។ ទូលបង្គំភ័យខ្លាចថាអ្នកផ្សេងដឹងរឿងនេះ ដូច្នេះទូលបង្គំបន្តចង់បិទបាំងវា។ ទូលបង្គំមិនមែនជាមនុស្សស្មោះត្រង់ទេ។ ព្រះជាម្ចាស់អើយ សូមទ្រង់ណែនាំទូលបង្គំផង ហើយធ្វើឱ្យទូលបង្គំមានភាពទៀងត្រង់ និងបើកចំហប្រាប់បងប្អូនប្រុសស្រីអំពីបញ្ហានេះ ហើយស្វែងរកជំនួយ»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបានគិតអំពីវគ្គមួយនៃបន្ទូលរបស់ព្រះជាម្ចាស់៖ «នគររបស់ខ្ញុំតម្រូវឱ្យមានមនុស្សដែលទៀងត្រង់ ជាមនុស្សដែលមិនលាក់ពុត ឬបោកបញ្ឆោត» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សស្មោះត្រង់។ ខ្ញុំច្បាស់ណាស់ថាបានប្រព្រឹត្តកំហុស ហើយខ្ញុំគួរតែមានភាពទៀងត្រង់ និងបើកចំហ ទទួលស្គាល់កំហុសរបស់ខ្លួន និងស្វែងរកជំនួយ។ ប៉ុន្តែខ្ញុំនៅតែគិតពីរបៀបបិទបាំងដើម្បីកុំឱ្យអ្នកណាដឹង។ ដួងចិត្តខ្ញុំខ្មៅងងឹតណាស់ និងពេញដោយការបោកបញ្ឆោត! ពិតណាស់ ពេលណាដែលប្រព្រឹត្តកំហុស ខ្ញុំត្រូវសារភាពជាមុនសិន ហើយមិនថាបងប្អូនប្រុសស្រីមើលមកខ្ញុំយ៉ាងម៉េចទេ ឬទោះជាខ្ញុំរងការរិះគន់ ឬត្រូវបានលួសកាត់ក៏ដោយ នោះជាអ្វីដែលខ្ញុំសមនឹងទទួល។ ក្នុងការប្រឈមមុខនឹងកំហុសរបស់ខ្លួន មនុស្សស្មោះត្រង់អាចហ៊ានសារភាព និងមានភាពក្លាហានក្នុងការទទួលខុសត្រូវ។ ហេតុអ្វីខ្ញុំមិនអាចអនុវត្តតាមរបៀបនេះបាន? ទាល់តែក្រោយពីគិតរឿងនេះហើយ ទើបខ្ញុំចាប់ផ្ដើមស្វែងរកជំនួយពីមនុស្សគ្រប់គ្នា។ ខ្ញុំបានផ្ញើសារទៅបងប្អូនប្រុសដែលអាចដឹងពីវិធីដោះស្រាយម្តងមួយៗ។ ខ្ញុំឃើញថា ខ្ញុំបានសួរសឹងតែគ្រប់គ្នា ហើយនៅតែមិនមានវិធីយកវាមកវិញបាន។ ស្រាប់តែក្រោយមក បងប្រុសដែលទទួលបន្ទុកថតសំឡេងបានដើរចូលមក ហើយសួរថា «តើអ្នករកឃើញហើយឬនៅ?» ខ្ញុំឆ្លើយទាំងខកចិត្តថា «អត់ទេ» ក្រោយមកគាត់និយាយថា «ខ្ញុំទើបតែបានបម្រុងទុកគម្រោងកែសម្រួលកាលពីម្សិលមិញ»។ នៅពេលលឺបែបនោះហើយ ខ្ញុំស្ទើរតែស្រក់ទឹកភ្នែក។ តាមពិត បន្ទាប់ពីខ្ញុំបានបញ្ចប់ការងារកាលពីយប់មុននោះ បងប្រុសដែលថតសំឡេង គាត់បានចូលមកក្នុងស្ទូឌីយ៉ូនៅព្រឹកបន្ទាប់ ហើយបានធ្វើការបម្រុងទុក។ វាជាគម្រោងដែលខ្ញុំបានបាត់តែម្ដង។ ខ្ញុំបានមើលគម្រោងដែលបម្រុងទុកនោះនៅចំពោះមុខខ្ញុំ។ ការកាត់ត កម្រិតពណ៌ និងសំឡេង គឺនៅជាប់ទាំងអស់។ ខ្ញុំទ្រាំមិនបានមានតែអរព្រះគុណ និងសរសើរតម្កើងព្រះជាម្ចាស់ក្នុងដួងចិត្តរបស់ខ្ញុំ។ បញ្ហាដែលបាត់គម្រោងនេះក៏បានបញ្ចប់។ បន្ទាប់ពីការធូរចិត្តនេះ ខ្ញុំចាប់ផ្តើមឆ្លុះបញ្ចាំងពីខ្លួនឯងថា «ហេតុអ្វីខ្ញុំតែងតែព្យាយាមលាក់បាំងពេលប្រព្រឹត្តកំហុសក្នុងភារកិច្ចរបស់ខ្ញុំ ហើយមិនចង់ឱ្យអ្នកផ្សេងដឹងបែបនេះ?»
ក្នុងអំឡុងពេលនៃការឆ្លុះបញ្ចាំងរបស់ខ្ញុំ ខ្ញុំបានអានបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «មនុស្សលោកដែលពុករលួយ ពូកែខាងក្លែងបន្លំខ្លួន។ មិនថាពួកគេធ្វើអ្វី ឬពួកគេបញ្ចេញឱ្យឃើញសេចក្ដីពុករលួយអ្វីនោះទេ ពួកគេតែងតែត្រូវក្លែងបន្លំខ្លួនជានិច្ច។ ប្រសិនបើមានអ្វីខុសឆ្គងកើតឡើង ឬពួកគេធ្វើអ្វីមួយខុស ពួកគេចង់ទម្លាក់កំហុសទៅលើអ្នកដទៃ។ ពួកគេចង់បានការទទួលស្គាល់សម្រាប់រឿងល្អៗ ប៉ុន្តែទម្លាក់កំហុសនៃរឿងអាក្រក់ទៅឱ្យអ្នកដទៃ។ តើមិនមានការក្លែងបន្លំខ្លួនបែបនេះច្រើនទេឬនៅក្នុងជីវិតពិត? មានច្រើនណាស់។ ការធ្វើខុស ឬការក្លែងបន្លំខ្លួន៖ តើមួយណាដែលពាក់ព័ន្ធនឹងនិស្ស័យ? ការក្លែងបន្លំខ្លួនគឺជារឿងដែលពាក់ព័ន្ធនឹងនិស្ស័យ វាពាក់ព័ន្ធនឹងនិស្ស័យក្រអឺតក្រទម សេចក្ដីទុច្ចរិត និងសេចក្តីបោកបញ្ឆោត ដែលជាអ្វីដែលព្រះជាម្ចាស់ស្អប់ខ្ពើមជាពិសេស។ តាមពិតទៅ នៅពេលដែលអ្នកក្លែងបន្លំខ្លួន មនុស្សគ្រប់គ្នាយល់ពីអ្វីដែលកំពុងកើតឡើង ប៉ុន្តែអ្នកគិតថាអ្នកដទៃមើលមិនឃើញ ហើយអ្នកខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រកែក និងដោះសារឱ្យខ្លួនឯងដើម្បីការពារមុខមាត់ និងធ្វើឱ្យមនុស្សគ្រប់គ្នាគិតថាអ្នកមិនបានធ្វើអ្វីខុសឡើយ។ តើនេះមិនមែនជារឿងល្ងង់ខ្លៅទេឬ? តើអ្នកដទៃគិតយ៉ាងណាចំពោះរឿងនេះ? តើពួកគេមានអារម្មណ៍យ៉ាងណា? គឺខ្ពើមរអើម និងស្អប់ខ្ពើម។ ប្រសិនបើបានបង្កើតកំហុស អ្នកអាចប្រព្រឹត្តចំពោះកំហុសនោះដោយត្រឹមត្រូវ ហើយអាចអនុញ្ញាតឱ្យអ្នកដទៃនិយាយអំពីកំហុសនោះ ដោយអនុញ្ញាតឱ្យពួកគេបញ្ចេញមតិ និងធ្វើការសម្គាល់ចំពោះកំហុសនោះ ហើយអ្នកអាចបើកចំហអំពីកំហុសនោះ និងវិភាគវែកញែកវាបាន តើមនុស្សគ្រប់គ្នានឹងមានយោបល់យ៉ាងណាចំពោះអ្នក? ពួកគេនឹងនិយាយថា អ្នកគឺជាមនុស្សស្មោះត្រង់ ពីព្រោះដួងចិត្តរបស់អ្នកបើកចំហចំពោះព្រះជាម្ចាស់។ តាមរយៈសកម្មភាព និងអាកប្បកិរិយារបស់អ្នក ពួកគេនឹងអាចមើលឃើញដួងចិត្តរបស់អ្នក។ ប៉ុន្តែ ប្រសិនបើអ្នកព្យាយាមក្លែងបន្លំខ្លួន និងបោកបញ្ឆោតមនុស្សគ្រប់គ្នា នោះមនុស្សនឹងមើលងាយអ្នក ហើយនិយាយថា អ្នកគឺជាមនុស្សល្ងង់ និងមិនមែនជាមនុស្សឈ្លាសវៃឡើយ។ ប្រសិនបើអ្នកមិនព្យាយាមធ្វើពុត ឬដោះសារឱ្យខ្លួនឯងទេ ប្រសិនបើអ្នកអាចទទួលស្គាល់កំហុសរបស់អ្នកបាន នោះមនុស្សគ្រប់គ្នានឹងនិយាយថា អ្នកគឺជាមនុស្សទៀងត្រង់ និងឈ្លាសវៃ។ ហើយតើអ្វីដែលធ្វើឱ្យអ្នកឈ្លាសវៃ? មនុស្សគ្រប់គ្នាធ្វើខុស។ មនុស្សគ្រប់គ្នាសុទ្ធតែមានកំហុសឆ្គង និងចំណុចខ្វះខាត។ ហើយតាមពិតទៅ មនុស្សគ្រប់គ្នាមាននិស្ស័យពុករលួយដូចៗគ្នា។ កុំគិតថាខ្លួនឯងថ្លៃថ្នូរ ល្អឥតខ្ចោះ និងចិត្តល្អជាងអ្នកដទៃឱ្យសោះ នោះគឺមិនសមហេតុផលទាល់តែសោះ។ នៅពេលដែលនិស្ស័យពុករលួយរបស់មនុស្ស និងសារជាតិ ព្រមទាំងមុខមាត់ពិតនៃសេចក្ដីពុករលួយរបស់ពួកគេគឺច្បាស់ក្រឡែតចំពោះអ្នកហើយ នោះអ្នកនឹងមិនព្យាយាមបិទបាំងកំហុសរបស់ខ្លួនឯងឡើយ ហើយអ្នកក៏នឹងមិនចាប់កំហុសរបស់អ្នកដទៃយកទៅប្រឆាំងនឹងពួកគេដែរ អ្នកនឹងអាចប្រឈមមុខនឹងរឿងទាំងពីរនេះបានយ៉ាងត្រឹមត្រូវ។ មានតែពេលនោះទេ ទើបអ្នកនឹងក្លាយជាមនុស្សដែលមានការយល់ដឹងស៊ីជម្រៅ និងមិនធ្វើរឿងល្ងង់ខ្លៅ ដែលនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សឈ្លាសវៃ។ អ្នកដែលមិនឈ្លាសវៃគឺជាមនុស្សល្ងង់ ហើយពួកគេតែងតែខ្វល់ខ្វាយចំពោះកំហុសតូចតាចរបស់ខ្លួន ខណៈពេលដែលលួចលាក់ធ្វើអ្វីនៅពីក្រោយ។ វាគួរឱ្យខ្ពើមណាស់ដែលបានឃើញបែបនេះ។ តាមពិតទៅ អ្វីដែលអ្នកកំពុងធ្វើ គឺច្បាស់ក្រឡែតចំពោះអ្នកដទៃ ប៉ុន្តែអ្នកនៅតែបន្តសម្ដែងដោយឥតអៀនខ្មាសដដែល។ ចំពោះអ្នកដទៃ វាមានទ្រង់ទ្រាយដូចជាការសម្ដែងរបស់ត្លុកមួយ។ តើនេះមិនមែនជារឿងល្ងង់ខ្លៅទេឬ? ពិតជាល្ងង់មែន។ មនុស្សល្ងង់គ្មានប្រាជ្ញាឡើយ។ មិនថាពួកគេស្ដាប់សេចក្ដីអធិប្បាយព្រះបន្ទូលច្រើនប៉ុនណាក៏ដោយ ក៏ពួកគេនៅតែមិនយល់ពីសេចក្ដីពិត ឬមើលឃើញអ្វីៗតាមលក្ខណៈពិតប្រាកដរបស់វាដែរ។ ពួកគេមិនដែលដាក់ខ្លួនឡើយ ដោយគិតថាពួកគេខុសប្លែកពីអ្នកដទៃ និងគួរឱ្យគោរពជាង នេះគឺជាភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត នេះគឺជាភាពល្ងង់ខ្លៅ។ មនុស្សល្ងង់គ្មានការយល់ដឹងខាងវិញ្ញាណទេ មែនទេ? បញ្ហាដែលអ្នកល្ងង់ខ្លៅ និងមិនឈ្លាសវៃ គឺជាបញ្ហាដែលអ្នកគ្មានការយល់ដឹងខាងវិញ្ញាណ ហើយមិនអាចងាយយល់ពីសេចក្ដីពិត។ នេះគឺជាតថភាពនៃបញ្ហានេះ» («គោលការណ៍ដែលគួរណែនាំចំពោះការប្រព្រឹត្តខ្លួនរបស់មនុស្សម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា វាជារឿងជៀសមិនរួចទេដែលមានកំហុស ឬសេចក្ដីវៀចវេរខ្លះកើតឡើងក្នុងភារកិច្ចរបស់យើង ប៉ុន្តែ អ្វីដែលព្រះជាម្ចាស់តម្រូវគឺថា មនុស្សត្រូវប្រឈមមុខនឹងកំហុសរបស់ខ្លួនឱ្យបានត្រឹមត្រូវ ហើយមិនព្យាយាមលាក់បាំង និងបន្លំឡើយ។ ការលាក់បាំង និងការក្លែងបន្លំគឺជានិស្ស័យបែបសាតាំងនៃសេចក្ដីទុច្ចរិត និងការបោកបញ្ឆោត ពោលគឺជាអ្វីដែលព្រះជាម្ចាស់ទ្រង់មានព្រះទ័យខ្ពើមរអើម និងស្អប់បំផុត។ តាមរយៈការសម្ដែងឱ្យយល់នូវបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា នៅពេលខ្ញុំបានប្រព្រឹត្តកំហុសក្នុងកិច្ចការរបស់ខ្ញុំ គំនិតដំបូងបង្អស់របស់ខ្ញុំគឺជាការបិទបាំង ពោល នេះគឺត្រូវជំរុញដោយធម្មជាតិរបស់សាតាំងដ៏ទុច្ចរិត និងបោកបញ្ឆោត។ ដោយគិតថា ខ្ញុំបានបំពេញភារកិច្ចកាត់តវីដេអូមួយរយៈមកហើយ ដោយមានបទពិសោធខ្លះៗដែរ ហើយគ្រប់គ្នាគិតយ៉ាងល្អអំពីខ្ញុំ ខ្ញុំមានអារម្មណ៍ថា ដូចជាខ្ញុំមិនអាចធ្វើឱ្យមានកំហុសបានទេ ជាពិសេសមិនអាចខុសនៅគ្រាដ៏សំខាន់ឡើយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគប្បីតែជាមនុស្សគួរឱ្យជឿជាក់ និងគួរឱ្យទុកចិត្តជាងអ្នកផ្សេងទៀត។ ដូច្នេះពេលមានកំហុសកើតឡើង ខ្ញុំបារម្ភថា ខ្ញុំអាចនឹងបាត់បង់អំនួត និងឋានៈ។ ហើយខ្ញុំនឹងខំប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីលាក់បាំងមិនឱ្យអ្នកណាដឹងឡើយ។ ជាពិសេសនៅពេលដែលវាជាកំហុសដ៏សាមញ្ញបែបនេះ ខ្ញុំកាន់តែខ្លាចថា បើអ្នកផ្សេងដឹង ពួកគេនឹងមើលងាយខ្ញុំ ហើយខ្លាចថា ឋានៈរបស់ខ្ញុំនៅក្នុងក្រសែភ្នែករបស់ពួកគេនឹងធ្លាក់ចុះ។ កាន់តែគិតបែបនេះ ខ្ញុំកាន់តែមិនអាចប្រឈមមុខនឹងកំហុសរបស់ខ្ញុំឱ្យបានសមរម្យ។ ខ្ញុំចង់បន្លំឱ្យខ្លួនឯងដូចជាមនុស្សល្អឥតខ្ចោះ ហើយខ្ញុំមិនហ៊ានសារភាពកំហុស ឬស្វែងរកជំនួយទេ។ ខ្ញុំថែមទាំងចង់កែប្រែវាដោយស្ងៀមស្ងាត់មិនឱ្យអ្នកណាដឹង ដើម្បីឱ្យខ្ញុំរក្សាមុខមាត់។ ការពិតនោះគឺថា កំហុសបានកើតឡើងរួចទៅហើយ ហើយខ្ញុំគួរតែបើកចំហ ហ៊ាននិយាយដោយត្រង់ៗ និងរៀនសូត្រពីវា។ ផ្ទុយទៅវិញ ខ្ញុំបែរជាខំប្រឹងបិទបាំងវា ហើយងាកមកបោកបញ្ឆោតទៅវិញ។ ព្រះជាម្ចាស់ទ្រង់ពិនិត្យពិច័យគ្រប់យ៉ាងទាំងអស់ ពោលគឺ ទោះបីជាខ្ញុំអាចបោកបញ្ឆោតមនុស្សលោកបាន តើខ្ញុំពិតជាអាចបោកបញ្ឆោតព្រះជាម្ចាស់បានមែនទេ? នោះខ្ញុំមិនកំពុងតែកប់ក្បាលខ្លួនឯងនៅក្នុងខ្សាច់ទៅហើយទេឬ? ខ្ញុំពិតជាល្ងង់ខ្លៅមែន! មនុស្សគ្រប់គ្នាតែងតែប្រព្រឹត្តកំហុស ពោល វាគ្មានអ្វីដែលត្រូវខ្មាសអៀនទេ ហើយលើសពីនេះទៅទៀត នេះពិតជាការដាស់តឿនសម្រាប់ខ្ញុំ ធ្វើឱ្យខ្ញុំកាន់តែមានការប្រុងប្រយ័ត្ននៅពេលដែលខ្ញុំបំពេញភារកិច្ចម្តងទៀត។ ប៉ុន្តែពេលដែលខ្ញុំប្រព្រឹត្តកំហុស ខ្ញុំបែរជាខំប្រឹងរិះគិតរកវិធីលាក់បាំង។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ការបិទបាំងដ៏បោកបញ្ឆោតនេះពិតជាធ្ងន់ធ្ងរជាងកំហុសទាំងនោះទៅទៀត។ ខ្ញុំកាន់តែលាក់បាំងកំហុសខ្លួនឯង វាកាន់តែបង្ហាញឱ្យឃើញថា និស្ស័យរបស់ខ្ញុំទុច្ចរិត និងបោកបញ្ឆោតប៉ុនណា។ កាន់តែគិតំពីវា ខ្ញុំកាន់តែមានអារម្មណ៍ថា ខ្ញុំលាក់ពុត ហើយពិតជាគួរឱ្យស្អប់ និងគួរឱ្យខ្ពើមរអើមចំពោះព្រះជាម្ចាស់ណាស់។ ខ្ញុំក៏បានគិតផងដែរថា បើលើកនេះខ្ញុំអាចយកគម្រោងនេះមកវិញបានដោយខ្លួនឯង ខ្ញុំច្បាស់ជាមិនប្រាប់នរណាម្នាក់ ឬស្វែងរកជំនួយពីអ្នកដ៏ទៃឡើយ ហើយដោយសារតែខ្ញុំគ្មានវិធីស្រោចស្រង់ប៉ុណ្ណោះ ទើបខ្ញុំប្រាប់ការពិតទៅកាន់បងប្អូនប្រុសស្រី។ ដូច្នេះ ចំពោះកំហុសសាមញ្ញដែលខ្ញុំអាចលាក់បាំងបាន នោះតើខ្ញុំនឹងមិនកាន់តែបិទបាំងវាថែមទៀតទេឬ? ខ្ញុំនៅតែនឹកឃើញរូបភាពពីពេលដែលខ្ញុំបំពេញភារកិច្ចពីមុន។ ពេលខ្លះ ពេលដែលខ្ញុំកាត់តវីដេអូខ្លីៗ ខ្ញុំតែងផ្តល់អាទិភាពដល់ល្បឿន និងទិន្នផល ដើម្បីទទួលបានការកោតសរសើរ ហើយជាលទ្ធផល បញ្ហាលម្អិតតូចៗតែងនាំឱ្យមានការធ្វើសារជាថ្មី និងការកែប្រែឡើងវិញជាចាំបាច់។ នៅពេលអ្នកដទៃសួរខ្ញុំថា ហេតុអ្វីបានជាមានបញ្ហាទាំងនេះកើតឡើង ខ្ញុំខ្លាចអ្នកដទៃនិយាយថាខ្ញុំមិនប្រយ័ត្នប្រយែង និងគ្មានការយកចិត្តទុកដាក់។ ដូច្នេះហើយ ខ្ញុំតែងបង្កើតហេតុផលពីកត្តាខាងក្រៅដែលថា វាមកពីដំណាក់កាលថតភាពយន្តនោះ ឬខ្ញុំនិយាយថា មកពីប្រព័ន្ធសូហ្វវែររបស់ខ្ញុំមានបញ្ហា គ្រប់យ៉ាងគឺដើម្បីរកលេសឱ្យខ្ញុំរួចខ្លួន រឿងទាំងនេះត្រូវលាតត្រដាងនៅក្នុងខ្លួនខ្ញុំគ្រប់ពេលវេលា។ គិតបែបនេះ ទើបខ្ញុំដឹងថា ខ្ញុំក្លែងបន្លំខ្លួនឯង និងបោកបញ្ឆោតអ្នកដទៃខ្លាំងប៉ុនណា។ ខ្ញុំមិនអាចបន្តរស់នៅក្នុងនិស្ស័យដែលបោកបញ្ឆោតនេះបានទៀតទេ ហើយខ្ញុំត្រូវតែចាប់ផ្តើមអនុវត្ត និងចូលទៅក្នុងស្តង់ដារនៃមនុស្សស្មោះត្រង់។ អ្វីដែលបានកើតឡើងបន្ទាប់ ធ្វើឱ្យខ្ញុំឆ្លុះបញ្ចាំងកាន់តែស៊ីជម្រៅនិងទទួលបានចំណេះដឹងខ្លះអំពីខ្លួនឯង។
មិនយូរប៉ុន្មាន ភាពយន្តនេះត្រូវបានប្រគល់ជូនអ្នកដឹកនាំពិនិត្យ។ ប៉ុន្តែក្រោយមក បងប្រុសម្នាក់បានកត់សម្គាល់ឃើញថា សំឡេងក្នុងឈុតមួយ មិនត្រូវចង្វាក់គ្នាចំនួនដប់បីផ្នែក។ ហើយគាត់មិនមិនច្បាស់ទេថា តើវាត្រូវការកែឡើងវិញឬអត់។ បេះដូងខ្ញុំក៏ចាប់ផ្ដើមលោតញាប់ «ហេតុអីក៏ខ្ញុំចាប់ចំណុចនេះមិនបាន? មើលឱ្យច្បាស់ទៅ វាពិតជាច្បាស់ៗខ្លាំងណាស់ វីដេអូ និងសំឡេងមិនស៊ីសង្វាក់គ្នាកន្លះវិនាទី។ ខ្ញុំថែមទាំងបានសុំឱ្យបងស្រីម្នាក់ពិនិត្យផ្នែកនោះទៀតផង។ ហេតុដូចម្ដេចក៏គាត់ចាប់មិនបានដែរនោះ? ការកែឡើងវិញនឹងចំណាយពេលរាប់ម៉ោង ពោលគឺ វាច្បាស់ជាបង្អាក់គ្រប់យ៉ាងហើយ! ប្រហែលជាខ្ញុំមិនគួរប្រាប់អ្នកណាទេ។ យ៉ាងណាក៏វាមិនមែនជាបញ្ហាធំដុំដែរ។ មនុស្សភាគច្រើនប្រហែលជាមិនកត់សម្គាល់ផង។ ម្យ៉ាងទៀត ប្រសិនបើគ្រប់គ្នាដឹងថាវីដេអូមានបញ្ហាបែបនេះ តើពួកគេគិតយ៉ាងណាចំពោះខ្ញុំ? តើគេនឹងនិយាយថាខ្ញុំមិនគួរទុកចិត្ត ឬមិនទទួលខុសត្រូវទេឬ? ខ្ញុំបានធ្វើកំហុសសាមញ្ញដូច្នេះម្តងហើយម្តងទៀត ក្នុងពេលថ្មីៗនេះ។ ប្រសិនបើខ្ញុំនៅតែបន្តបែបនេះ តើអ្នកណានឹងទុកចិត្តខ្ញុំទៀតទៅ?» ខ្ញុំមានអារម្មណ៍នៅមិនសុខសោះ ហើយខ្ញុំមានអារម្មណ៍ថាមានមនសិការចោទប្រកាន់នៅក្នុងខ្លួន។ ប៉ុន្តែក្រោយពីគិតឱ្យហ្មត់ចត់ម្ដងហើយម្ដងទៀត ខ្ញុំនៅតែសម្រេចចិត្តមិននិយាយអ្វីទាំងអស់ បន្ទាប់ពីខ្ញុំបានសម្រេចចិត្តបែបនោះហើយ ខ្ញុំមានអារម្មណ៍ថា ដូចជាខ្ញុំកំពុងអង្គុយលើម្ជុលដ៏មុតស្រួតនៅមុខកុំព្យូទ័ររបស់ខ្ញុំ បេះដូងរបស់ខ្ញុំពិតជាភ័យញ័រខ្លាំងណាស់ ហើយខ្ញុំពិតជាមានអារម្មណ៍ងងឹតសូន្យនៅខាងក្នុង។ ខ្ញុំបានដឹងថា ខ្ញុំកំពុងតែបិទបាំងកំហុសម្តងទៀតហើយ ដូច្នេះ ខ្ញុំក៏បានអធិស្ឋានដល់ព្រះជាម្ចាស់ក្នុងដួងចិត្តខ្ញុំថា «ព្រះជាម្ចាស់អើយ ពេលនេះទូលបង្គំពិតជាមានអារម្មណ៍ថាពិបាកក្នុងការនិយាយពាក្យពិត និងធ្វើជាមនុស្សស្មោះត្រង់ណាស់។ នៅពេលណាដែលមោទនភាព ឬសេចក្តីឥតប្រយោជន៍របស់ទូលបង្គំកំពុងជួបទុក្ខ ខ្ញុំទ្រាំមិនបានចេះតែចង់ការពារខ្លួនឯង ដោយចង់តែកុហកបោកប្រាស់។ ទូលបង្គំមិនចង់រស់នៅតាមរបៀបនេះទេ។ សូមប្រទានភាពក្លាហាន និងភាពអង់អាចដល់ទូលបង្គំផងចុះ ដើម្បីអនុវត្តសេចក្ដីទៀងត្រង់ តាមបន្ទូលរបស់ព្រះជាម្ចាស់»។ ក្រោយពីអធិស្ឋានរួច ខ្ញុំទទួលបានកម្លាំងខ្លះក្នុងដួងចិត្ត ហើយខ្ញុំក៏ហ៊ាននិយាយបញ្ហានេះប្រាប់បងប្អូនប្រុសស្រីរបស់ខ្ញុំ។ ក្រោយមកទៀត នៅតែមានបញ្ហាផ្សេងទៀតក្នុងវីដេអូនេះ។ ដូច្នេះ ខ្ញុំបានកែវារួចទាំងអស់ក្នុងពេលតែមួយ ពិនិត្យមើលគ្រប់យ៉ាង ហើយបន្ទាប់មកបានផ្ញើវាទៅកាន់អ្នកដឹកនាំវិញ។
បទពិសោធនោះបានធ្វើឱ្យខ្ញុំចាប់ផ្តើមឆ្លុះបញ្ចាំងថា «ហេតុអ្វីបានជាខ្ញុំតែងតែចង់បិទបាំងកំហុស? តើឫសគល់បញ្ហានេះមកពីអ្វីទៅ?» ខ្ញុំបានអានបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គ៖ «ប្រសិនបើឥឡូវនេះ ព្រះជាម្ចាស់ទាមទារឱ្យអ្នកធ្វើជាមនុស្សស្មោះត្រង់ និងនិយាយនូវសេចក្តីពិត ជាអ្វីដែលពាក់ព័ន្ធនឹងការពិត និងអនាគត ព្រមទាំងវាសនារបស់អ្នក ដែលផលវិបាករបស់វាអាចនឹងមិនផ្ដល់ផលល្អដល់អ្នក ដោយអ្នកដទៃលែងឱ្យតម្លៃអ្នកទៀត ហើយអ្នកមានអារម្មណ៍ថា កេរ្តិ៍ឈ្មោះរបស់អ្នកត្រូវបានបំផ្លាញ នៅក្នុងកាលៈទេសៈបែបនេះ តើអ្នកអាចនិយាយត្រង់ និងនិយាយនូវសេចក្តីពិតបានដែរឬទេ? តើអ្នកនៅតែអាចទៀងត្រង់ឬទេ? នេះគឺជារឿងពិបាកធ្វើបំផុត វាពិបាកជាងការលះបង់ជីវិតរបស់អ្នកទៅទៀត។ អ្នកអាចនឹងនិយាយថា៖ 'ឱ្យខ្ញុំនិយាយនូវសេចក្តីពិត គឺមិនបានទេ។ ខ្ញុំសុខចិត្តស្លាប់ដើម្បីព្រះជាម្ចាស់ ជាជាងនិយាយនូវសេចក្តីពិត។ ខ្ញុំមិនចង់ធ្វើជាមនុស្សស្មោះត្រង់ទាល់តែសោះ។ ខ្ញុំសុខចិត្តស្លាប់ ជាជាងឱ្យមនុស្សគ្រប់គ្នាមើលងាយខ្ញុំ ហើយគិតថាខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់'។ តើរឿងនេះបង្ហាញថា មនុស្សស្រឡាញ់អ្វីជាងគេ? អ្វីដែលមនុស្សស្រឡាញ់ជាងគេ គឺឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ ដែលជារបស់ដែលត្រូវបានគ្រប់គ្រងដោយនិស្ស័យបែបសាតាំងរបស់ពួកគេ។ ជីវិតគឺជារឿងបន្ទាប់បន្សំ។ ប្រសិនបើស្ថានភាពបង្ខំពួកគេ ពួកគេមុខជាប្រមូលកម្លាំងដើម្បីលះបង់ជីវិតរបស់ពួកគេ ប៉ុន្តែឋានៈ និងកេរ្តិ៍ឈ្មោះ មិនងាយនឹងលះបង់ឡើយ។ ចំពោះមនុស្សដែលជឿលើព្រះជាម្ចាស់ ការលះបង់ជីវិតរបស់ពួកគេ មិនមែនជារឿងសំខាន់បំផុតនោះទេ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សទទួលយកសេចក្ដីពិត ហើយធ្វើជាមនុស្សស្មោះត្រង់យ៉ាងពិតប្រាកដ ដោយនិយាយអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ ដោយបើកចំហ និងបើកបង្ហាញខ្លួនឯងចំពោះមនុស្សគ្រប់គ្នា។ តើរឿងនេះងាយស្រួលធ្វើដែរឬទេ? (ទេ មិនងាយស្រួលទេ។) តាមពិតទៅ ព្រះជាម្ចាស់មិនទាមទារឱ្យអ្នកលះបង់ជីវិតរបស់អ្នកឡើយ។ តើជីវិតរបស់អ្នកមិនមែនព្រះជាម្ចាស់ជាអ្នកប្រទានឱ្យទេឬ? តើជីវិតរបស់អ្នកមានប្រយោជន៍អ្វីចំពោះព្រះជាម្ចាស់? ព្រះជាម្ចាស់មិនចង់បានជីវិតរបស់អ្នកទេ។ ទ្រង់ចង់ឱ្យអ្នកនិយាយដោយទៀងត្រង់ និយាយថាអ្នកជាមនុស្សបែបណា និងនិយាយពីអ្វីដែលអ្នកគិតនៅក្នុងចិត្តរបស់អ្នក។ តើអ្នកអាចនិយាយរឿងទាំងនេះបានដែរឬទេ? នៅត្រង់ចំណុចនេះ កិច្ចការនេះប្រែជាពិបាក ហើយអ្នកអាចនឹងនិយាយថា៖ 'បើឱ្យខ្ញុំខិតខំធ្វើការ ខ្ញុំមានកម្លាំងនឹងធ្វើវា។ បើឱ្យខ្ញុំលះបង់ទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ ខ្ញុំក៏អាចធ្វើបានដែរ។ ខ្ញុំអាចលះបង់ឪពុកម្ដាយ និងកូនៗ អាពាហ៍ពិពាហ៍ និងការងាររបស់ខ្ញុំបានយ៉ាងងាយ។ ប៉ុន្តែ បើនិយាយអ្វីដែលមាននៅក្នុងចិត្តរបស់ខ្ញុំ និយាយដោយទៀងត្រង់ទៅ នោះគឺជារឿងមួយដែលខ្ញុំមិនអាចធ្វើបានឡើយ'។ តើអ្វីជាហេតុផលដែលអ្នកមិនអាចធ្វើវាបាន? គឺដោយសារតែនៅពេលដែលអ្នកធ្វើដូច្នេះ អ្នកណាដែលស្គាល់អ្នក ឬស្និទ្ធស្នាលនឹងអ្នក នឹងមើលឃើញអ្នកក្នុងផ្លូវផ្សេង។ ពួកគេនឹងលែងកោតសរសើរអ្នកទៀតហើយ។ អ្នកនឹងបាត់បង់មុខមាត់ និងត្រូវអាម៉ាស់យ៉ាងខ្លាំង ហើយសេចក្តីទៀងត្រង់ និងសេចក្ដីថ្លៃថ្នូររបស់អ្នកនឹងលែងមានទៀតហើយ។ ឋានៈដ៏ខ្ពង់ខ្ពស់ និងកិត្យានុភាពរបស់អ្នកនៅក្នុងចិត្តរបស់អ្នកដទៃ នឹងលែងមានទៀតហើយ។ នេះហើយជាមូលហេតុដែលនៅក្នុងកាលៈទេសៈបែបនេះ មិនថាមានរឿងអ្វីក៏ដោយ ក៏អ្នកនឹងមិននិយាយនូវសេចក្តីពិតដែរ។ នៅពេលដែលមនុស្សជួបប្រទះរឿងនេះ មានការតយុទ្ធមួយនៅក្នុងចិត្តរបស់ពួកគេ។ នៅពេលដែលការតយុទ្ធនោះបញ្ចប់ អ្នកខ្លះអាចឆ្លងផុតការលំបាករបស់ពួកគេបាននៅទីបំផុត ខណៈដែលអ្នកផ្សេងទៀតមិនទាន់បានឆ្លងផុតចំណង និងការរឹតត្បិតនៃនិស្ស័យបែបសាតាំងរបស់ពួកគេនៅឡើយទេមកទល់សព្វថ្ងៃនេះ ហើយនៅតែត្រូវបានគ្រប់គ្រងដោយឋានៈ ភាពអំនួត ភាពចង់បានមុខមាត់ និងអ្វីដែលហៅថាសេចក្ដីថ្លៃថ្នូររបស់ខ្លួនដដែល។ តើនេះជាការលំបាកមួយ មែនទេ?» («ការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវតម្រូវឱ្យមានការសហការចុះសម្រុងគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «អ្នកចង់ក្លាយជាមនុស្សស្មោះត្រង់ ប៉ុន្តែអ្នកមិនអាចបោះបង់ភាពអំនួត ភាពចង់បានមុខមាត់ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកបានឡើយ។ ហេតុនេះ អ្នកអាចត្រឹមតែបែរមកប្រើការនិយាយកុហកប៉ុណ្ណោះ ដើម្បីការពាររបស់ទាំងនេះ។ ប្រសិនបើអ្នកគឺជាមនុស្សដែលស្រឡាញ់សេចក្ដីពិត អ្នកនឹងអាចទ្រាំទ្រនឹងការឈឺចាប់គ្រប់បែបយ៉ាង ដើម្បីអនុវត្តសេចក្ដីពិត។ ទោះបីជាវាមានន័យថាត្រូវលះបង់កេរ្តិ៍ឈ្មោះ និងឋានៈ ហើយទ្រាំទ្រនឹងការចំអក និងការធ្វើឱ្យអាម៉ាស់ពីអ្នកដទៃក៏ដោយ ក៏អ្នកមិនខ្វល់ដែរ ឱ្យតែអ្នកអាចអនុវត្តសេចក្ដីពិត និងបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន គឺគ្រប់គ្រាន់ហើយ។ អស់អ្នកណាដែលស្រឡាញ់សេចក្ដីពិត ជ្រើសរើសអនុវត្តសេចក្ដីពិត និងធ្វើជាមនុស្សស្មោះត្រង់។ នេះគឺជាផ្លូវដ៏ត្រឹមត្រូវ ហើយជាផ្លូវដែលទទួលបានការប្រទានពរពីព្រះជាម្ចាស់។ ប្រសិនបើមនុស្សម្នាក់មិនស្រឡាញ់សេចក្ដីពិតទេ តើពួកគេជ្រើសរើសអ្វី? ពួកគេជ្រើសរើសប្រើការកុហក ដើម្បីការពារកេរ្តិ៍ឈ្មោះ ឋានៈ សេចក្ដីថ្លៃថ្នូរ និងសេចក្ដីទៀងត្រង់របស់ពួកគេ។ ពួកគេសុខចិត្តធ្វើជាមនុស្សបោកបញ្ឆោត ហើយឱ្យព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ។ មនុស្សបែបនេះមិនចង់បានសេចក្ដីពិត ឬព្រះជាម្ចាស់ឡើយ។ ពួកគេជ្រើសរើសកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួន ពួកគេចង់ធ្វើជាមនុស្សបោកបញ្ឆោត។ ពួកគេមិនខ្វល់ថាតើព្រះជាម្ចាស់សព្វព្រះហឫទ័យ ឬថាតើទ្រង់នឹងសង្គ្រោះពួកគេឬអត់នោះទេ។ តើមនុស្សបែបនេះនៅតែអាចត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់ដែរឬទេ? ច្បាស់ណាស់ថាមិនអាចទេ ពីព្រោះពួកគេបានជ្រើសរើសផ្លូវខុសហើយ។ ពួកគេអាចត្រឹមតែរស់នៅដោយការនិយាយកុហក និងការបោកប្រាស់ប៉ុណ្ណោះ។ ពួកគេអាចត្រឹមតែរស់នៅក្នុងជីវិតដ៏ឈឺចាប់នៃការនិយាយកុហក និងការបិទបាំងឱ្យខ្លួនឯង ព្រមទាំងខិតខំប្រឹងគិតយ៉ាងខ្លាំងដើម្បីដោះសារឱ្យខ្លួនឯងជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកគិតថា ការកុហកអាចការពារកេរ្តិ៍ឈ្មោះ ឋានៈ ភាពចង់បានមុខមាត់ និងភាពអំនួតដែលអ្នកប្រាថ្នាចង់បាននោះ អ្នកយល់ខុសទាំងស្រុងហើយ។ នៅក្នុងតថភាព តាមរយៈការនិយាយកុហក មិនត្រឹមតែអ្នកបរាជ័យក្នុងការការពារភាពចង់បានមុខមាត់ និងភាពអំនួត និងសេចក្ដីថ្លៃថ្នូរ និងសេចក្ដីទៀងត្រង់របស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺ អ្នកបាត់បង់ឱកាសក្នុងការអនុវត្តសេចក្ដីពិត និងធ្វើជាមនុស្សស្មោះត្រង់។ ទោះបីជាអ្នកអាចការពារកេរ្តិ៍ឈ្មោះ ឋានៈ ភាពចង់បានមុខមាត់ និងភាពអំនួតរបស់អ្នកនៅពេលនោះបានក៏ដោយ ក៏អ្នកបានបោះបង់សេចក្ដីពិត និងបានក្បត់ព្រះជាម្ចាស់ដែរ។ នេះមានន័យថា អ្នកបានបាត់បង់ឱកាសទាំងស្រុងក្នុងការឱ្យទ្រង់សង្គ្រោះ និងប្រោសឱ្យអ្នកគ្រប់លក្ខណ៍ ដែលជាការខាតបង់ដ៏ធំបំផុត និងជាការស្ដាយក្រោយជារៀងរហូត។ មនុស្សដែលបោកបញ្ឆោត នឹងមិនយល់រឿងនេះបានឡើយ» («មានតែតាមរយៈការធ្វើជាមនុស្សស្មោះត្រង់ទើបអាចបង្ហាញចេញនូវលក្ខណៈជាមនុស្សពិតបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ គ្រប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចាក់ទម្លុះដួងចិត្តខ្ញុំ។ ខ្ញុំបានចាត់ទុកឋានៈរបស់ខ្ញុំនៅក្នុងដួងចិត្តមនុស្ស ថាសំខាន់ជាងអ្វីៗផ្សេងទាំងអស់ ហើយដើម្បីការពាររឿងទាំងនេះ ខ្ញុំមិនអាចសូម្បីតែនិយាយពាក្យស្មោះត្រង់ត្រឹមមួយម៉ាត់។ ខ្ញុំរើសយកបោកបញ្ឆោត និងបិទបាំងកំហុសរបស់ខ្លួន ជាជាងធ្វើជាមនុស្សស្មោះត្រង់ ដែលមានភាពទៀងត្រង់ ហើយបើកចំហ និងអនុវត្តសេចក្ដីពិត។ នេះបានបង្ហាញថាខ្ញុំគ្មានក្ដីស្រឡាញ់ចំពោះសេចក្ដីពិតទាល់តែសោះ។ មនុស្សស្មោះត្រង់អាចប្រឈមមុខនឹងចំណុចខ្វះខាត និងបញ្ហារបស់ពួកគេដោយផ្ទាល់ ហើយដើម្បីអនុវត្តសេចក្ដីពិត ពួកគេមានឆន្ទៈស៊ូទ្រាំនឹងភាពអាម៉ាស់ និងការឈឺចាប់គ្រប់បែបយ៉ាងទាំងអស់។ ប៉ុន្តែអ្វីដែលខ្ញុំត្រូវធ្វើគឺមានភាពទៀងត្រង់ ហើយបើកចំហចំពោះកំហុស និងបញ្ហារបស់ខ្ញុំ ហើយទោះបីជាមិនប្រឈមមុខនឹងភាពអាម៉ាស់ ឬការចំអកអ្វីក៏ដោយ ក៏ខ្ញុំនៅតែមិនអាចធ្វើវាបាន។ ពេលមានបញ្ហាកើតឡើង ខ្ញុំតែងតែរកលេសដើម្បីផ្ដល់ភាពត្រឹមត្រូវ និងការពារខ្លួនឯង ដោយព្យាយាមលាក់បាំងបញ្ហារបស់ខ្ញុំ។ ខ្ញុំនឹងបន្ទោសរឿងដូចជាដំណើរការមុនការផលិត បើមិនដូច្នេះទេបន្ទោសឧបករណ៍ ឬប្រព័ន្ធសូហ្វវែរ។ លើកនេះ ពេលមានបញ្ហាជាមួយនឹងភាពយន្ត ខ្ញុំថែមទាំងចង់បង្វែរការស្ដីបន្ទោស ហើយខ្ញុំបានត្អូញត្អែរនៅក្នុងចិត្តអំពីបងស្រីដែលមិនបានឃើញកំហុសឆ្គង។ ខ្ញុំពិតជាខ្វះហេតុផល និងពោរពេញដោយការបោកបញ្ឆោតមែន! ខ្ញុំបានដឹងថា ដើម្បីការពារមោទនភាព និងឋានៈរបស់ខ្ញុំ ខ្ញុំអាចមានលេសដោះសារគ្រប់យ៉ាង។ ខ្ញុំបានដឹងថា ខ្ញុំបានរងសេចក្ដីពុករលួយ និងរងឥទ្ធិពលដោយថ្នាំពុលសាតាំង ដូចជា «មនុស្សត្រូវការមោទនភាព ដូចដែលដើមឈើត្រូវការសំបក» ហើយ «មុខមាត់គឺជាតម្លៃមិនអាចកាត់ថ្លៃបាន»។ ខ្ញុំតែងតែជឿថា មានតែអ្នកផ្សេងឱ្យតម្លៃខ្ពស់ និងកោតសរសើរលើខ្ញុំប៉ុណ្ណោះ ទើបជីវិតរបស់ខ្ញុំមានតម្លៃ ហើយជឿថា បើគ្មានការសរសើរពីអ្នកដទៃទេ នោះជីវិតក៏គ្មានន័យដែរ។ កន្លងរហូត ខ្ញុំបានគិតជាប់ជានិច្ចអំពីអំនួត និងឋានៈរបស់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្លួន ហើយពេលណាដែលមានកំហុសមួយបានលេចឡើង ខ្ញុំភ័យខ្លាចថាអ្នកដទៃបានដឹង។ អាកប្បកិរិយាប្រុងប្រយ័ត្ន និងការរក្សាការពាររបស់ខ្ញុំបានបង្ហាញថា ខ្ញុំឱ្យតម្លៃលើឋានៈ និងកេរ្តិ៍ឈ្មោះលើសពីអ្វីទាំងអស់។ ខ្ញុំបានបោះបង់គ្រួសារ និងអាជីពរបស់ខ្ញុំដើម្បីបំពេញភារកិច្ច ហើយខ្ញុំធ្វើការថែមម៉ោង និងលះបង់ ប៉ុន្តែដល់ពេលដែលត្រូវសារភាពកំហុសរបស់ខ្ញុំ ដល់ពេលត្រូវនិយាយការពិត ហើយបើកចំហ និងលាតត្រដាងនូវអំពើពុករលួយ និងចំណុចខ្វះខាតរបស់ខ្ញុំ ខ្ញុំបែរជាមិនអាចធ្វើវាបាន។ រវាងការរក្សាមោទនភាពនិងឋានៈរបស់ខ្ញុំ ឬធ្វើជាមនុស្សស្មោះត្រង់ ខ្ញុំបានជ្រើសរើសនូវជម្រើសទីមួយ ម្ដងហើយម្តងទៀត។ ខ្ញុំបានឃើញថាតើភាពអំនួតនិងឋានៈបានចងរឹតយ៉ាងណែន និងគ្រប់គ្រងខ្ញុំខ្លាំងប៉ុនណា។ ខ្ញុំប្រហែលជាបានបិទបាំងកំហុសរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានបោកបញ្ឆោតបងប្អូនប្រុសស្រីរបស់ខ្ញុំ និងរស់នៅដោយគ្មានភាពសុច្ចរិត ឬសេចក្តីថ្លៃថ្នូរ ហើយខ្ញុំនៅតែរស់នៅក្រោមអំណាចរបស់សាតាំង។ ខ្ញុំច្បាស់ជាត្រូវសាតាំងធ្វើឱ្យពុករលួយហើយ ពោរពេញដោយនិស្ស័យរបស់សាតាំង និងថ្នាំពុលរបស់សាតាំងគ្រប់ប្រភេទ ហើយផ្ទុយទៅវិញ ខ្ញុំនៅតែព្យាយាមបង្ហាញខ្លួនឯងថាជាពួកបរិសុទ្ធដែលមិនមានកំហុស និងឥតខ្ចោះ។ ខ្ញុំពិតជាក្លែងក្លាយ និងលាក់ពុតណាស់! ទោះបីខ្ញុំអាចលាក់បាំងកំហុសរបស់ខ្ញុំបានមែន តើវាពិតជានឹងអាចសម្រេចអ្វីបានខ្លះទៅ? ម្តងហើយម្តងទៀត ខ្ញុំងាកទៅរកល្បិចកល និងសេចក្ដីបញ្ឆោត ដើម្បីកុំឱ្យបាក់មុខ ធ្វើឱ្យបាត់បង់ឱកាសក្នុងការអនុវត្តសេចក្ដីពិត និងធ្វើជាមនុស្សស្មោះត្រង់។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ឥរិយាបថបែបនេះគឺជាការបោកបញ្ឆោត និងការលាក់ពុត ហើយបើខ្ញុំនៅតែបន្តដោយមិនកាត់ចោលនូវនិស្ស័យពុករលួយនៃសេចក្ដីបញ្ឆោត និងការបន្លំខ្លួននេះទេ ខ្ញុំច្បាស់ជាត្រូវស្អប់ខ្ពើមនិងបដិសេធ ហើយជម្រុះចោលដោយព្រះជាម្ចាស់មិនខាន ហើយនេះនឹងជាការខាតបង់ដ៏ធំសម្បើម! ដោយគិតអំពីរឿងនេះ ខ្ញុំលែងចង់រស់នៅដើម្បីតែជាប្រយោជន៍នៃមោទនភាពទៀតហើយ ហើយខ្ញុំក្លាយជាមានឆន្ទៈស្វះស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយការក្លែងខ្លួននិងការបោកបញ្ឆោតរបស់ខ្ញុំ។
ក្រោយមក ខ្ញុំបានអានបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើនថែមទៀត៖ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មិនថាអ្នកជួបប្រទះបញ្ហាអ្វីនោះទេ អ្នកត្រូវតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះ អ្នកដាច់ខាតមិនត្រូវក្លែងបន្លំខ្លួន ឬបង្ហាញរូបភាពក្លែងក្លាយទៅកាន់អ្នកដទៃឡើយ។ មិនថាវាជាការខ្វះខាតរបស់អ្នក ភាពមិនគ្រប់គ្រាន់របស់អ្នក គុណវិបត្តិរបស់អ្នក ឬនិស្ស័យពុករលួយរបស់អ្នកទេ អ្នកត្រូវតែបើកចំហ និងប្រកបគ្នាអំពីរឿងទាំងនេះ។ កុំលាក់បាំងរឿងទាំងនេះឡើយ។ ការរៀនពីរបៀបបើកចំហខ្លួនឯង គឺជាជំហានដំបូងឆ្ពោះទៅរកការចូលទៅក្នុងជីវិត ហើយវាគឺជាឧបសគ្គទីមួយ ដែលពិបាកនឹងយកឈ្នះបំផុត។ នៅពេលដែលអ្នកបានយកឈ្នះឧបសគ្គនេះហើយ វានឹងងាយស្រួលក្នុងការចូលទៅក្នុងសេចក្ដីពិត។ នៅពេលដែលអ្នកបោះជំហាននេះ តើវានឹងបញ្ជាក់ពីអ្វី? វានឹងបញ្ជាក់ថា អ្នកកំពុងបើកចំហចិត្តរបស់អ្នក ហើយលាតត្រដាង និងបើកចំហអំពីគ្រប់ផ្នែករបស់អ្នក មិនថាល្អ ឬអាក្រក់ វិជ្ជមាន ឬអវិជ្ជមាន ហើយបញ្ចាំងពន្លឺលើវាដើម្បីឱ្យអ្នកដទៃឃើញ និងដើម្បីឱ្យព្រះជាម្ចាស់ទតឃើញ ដោយមិនលាក់បាំង ឬបិទបាំងអ្វីពីព្រះជាម្ចាស់ឡើយ ដោយមិនប្រើការក្លែងបន្លំ សេចក្តីបោកបញ្ឆោត ឬការបោកបំភាន់ចំពោះព្រះជាម្ចាស់ឡើយ ហើយក៏ស្មោះត្រង់ឥតលាក់លៀមចំពោះអ្នកដទៃដូចគ្នាដែរ។ តាមរបៀបនេះ អ្នកនឹងរស់នៅក្នុងពន្លឺ មិនត្រឹមតែព្រះជាម្ចាស់នឹងពិនិត្យពិច័យអ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកដទៃក៏នឹងឃើញថា មានគោលការណ៍ និងតម្លាភាពក្នុងសកម្មភាពរបស់អ្នកដែរ។ អ្នកមិនចាំបាច់ប្រើវិធីសាស្ត្រណាមួយដើម្បីការពារកេរ្តិ៍ឈ្មោះ រូបភាព និងឋានៈរបស់អ្នកឡើយ ហើយអ្នកក៏មិនចាំបាច់ធ្វើការលាក់បាំង ឬបិទបាំងកំហុសរបស់អ្នកដែរ។ អ្នកមិនចាំបាច់ធ្វើការខិតខំប្រឹងប្រែងដ៏ឥតប្រយោជន៍ទាំងនេះទេ។ ប្រសិនបើអ្នកអាចលះបង់រឿងទាំងនេះបាន ជីវិតរបស់អ្នកនឹងក្លាយជាធូរស្រាលយ៉ាងខ្លាំង គ្មានការរឹតត្បិត និងការឈឺចាប់ ហើយអ្នកនឹងរស់នៅក្នុងពន្លឺទាំងស្រុង» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ជំហានដំបូងដើម្បីក្លាយជាមនុស្សស្មោះត្រង់ គឺត្រូវមានភាពទៀងត្រង់ និងបើកចំហ។ មនុស្សត្រូវតែហ៊ានបើកចំហអំពីចំណុចខ្វះខាត និងសេចក្ដីពុករលួយរបស់ពួកគេ។ ជាពិសេសនៅពេលដែលអ្នកបានប្រព្រឹត្តកំហុស ហើយមិនចង់ឱ្យអ្នកដទៃដឹង នោះហើយជាពេលដែលអ្នកត្រូវលាតត្រដាងពីខ្លួនឯង ហើយស្មោះត្រង់ចំពោះការនេះ។ អ្វីដែលព្រះជាម្ចាស់ទ្រង់ឱ្យតម្លៃគឺដួងចិត្តដែលស្រឡាញ់សេចក្ដីពិត ហើយមានឥរិយាបថខំប្រឹងប្រែងដើម្បីភាពស្មោះត្រង់ ទោះបីជាត្រូវបាត់បង់មុខមាត់ក៏ដោយ។ ខ្ញុំឃើញថា ខ្ញុំនៅតែឆ្ងាយពីការដែលធ្វើជាមនុស្សស្មោះត្រង់ណាស់ ប៉ុន្តែខ្ញុំមានឆន្ទៈក្នុងការហ្វឹកហាត់ និងអនុវត្តក្នុងផ្នែកនេះ។ តទៅមុខ បើខ្ញុំប្រព្រឹត្តិកំហុស ឬធ្វើខុសក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំនឹងមានស្មារតីបើកចំហប្រាប់អ្នកដទៃឱ្យបានដឹងអំពីវា ហើយនៅពេលដែលខ្ញុំបានធ្វើបែបនេះ ខ្ញុំមិនត្រូវបានបងប្អូនប្រុសស្រីរបស់ខ្ញុំមើលងាយទេ។ ជំនួសមកវិញ ខ្ញុំបានទទួលជំនួយដ៏ស្មោះពីពួកគេ។ ជាសន្សឹមៗ ខ្ញុំលែងមានអារម្មណ៍ថាធ្វើខុស ភ័យខ្លាច ឬព្យាយាមបិទបាំងពេលខ្ញុំប្រព្រឹត្តកំហុសដូចមុនទៀតហើយ។ ក្រឡេកមកមើលពេលដែលខ្ញុំមិនហ៊ានបើកចំហបន្ទាប់ពីប្រព្រឹត្តកំហុស ខ្ញុំដូចជាកណ្តុរលាក់ខ្លួននៅជ្រុងដ៏ងងឹត ភ័យខ្លាចមិនហ៊ានចូលទីភ្លឺ។ ឥឡូវនេះ បន្ទាប់ពីបានបើកចំហចំពោះប្អូនប្រុសស្រីរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាមានសេរីភាព ដូចជាទម្ងន់ដ៏ធ្ងន់មួយត្រូវបានដកចេញ។ ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំងពីបញ្ហាដូចជា ឯកសារគម្រោងដែលបានបាត់ និងបញ្ហាចង្វាក់សំឡេងវីដេអូ។ ការនេះបានកើតឡើងជាចម្បងដោយសារតែខ្ញុំមានការធ្វេសប្រហែសក្នុងភារកិច្ចរបស់ខ្ញុំ និងពឹងផ្អែកលើបទពិសោធ ហើយដោយសារតែខ្ញុំមានទំនុកចិត្តលើខ្លួនឯងជ្រុលពេក។ ដើម្បីជៀសវាងបញ្ហាទាំងនេះតទៅទៀត ខ្ញុំបានបម្រុងទុកគម្រោងជាប្រចាំ ហើយលែងជឿជាក់លើខ្លួនឯងខ្លាំងពេកទៀតហើយ ហើយជំនួសមកវិញ ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំដោយប្រុងប្រយ័ត្ន។
មានម្ដងនោះ ដោយសារការចាត់ចែងមិនត្រឹមត្រូវ ខ្ញុំបានលុបគម្រោងវីដេអូជាច្រើនដែលបានបង្ហោះរួច។ បងប្អូនប្រុសស្រីបាននិយាយថា នេះជាបញ្ហាធ្ងន់ធ្ងរណាស់ ហើយចាំបាច់ត្រូវរាយការណ៍ទៅអ្នកដឹកនាំ។ ប៉ុន្តែខ្ញុំពិតជាបារម្ភថា អ្នកដឹកនាំនឹងគិតមិនល្អមកលើខ្ញុំពេលដឹងរឿងនេះ ដូច្នេះខ្ញុំចង់កាត់បន្ថយបញ្ហា។ ខ្ញុំបានចំណាយពេលខ្លះដើម្បីស្តារគម្រោងឡើងវិញ ដោយគិតថា ការដោះស្រាយបញ្ហាគឺគ្រប់គ្រាន់ហើយ ដូច្នេះខ្ញុំមិនបានប្រាប់អ្នកដឹកនាំភ្លាមៗទេ។ ប៉ុន្តែក្រោយពីនោះ ខ្ញុំមានអារម្មណ៍ថាខុសខ្លាំងណាស់។ អំឡុងពេលការជួបជុំមួយ ខ្ញុំចង់បើកចំហចំពោះមេដឹកនាំអំពីកំហុសដែលខ្ញុំបានប្រព្រឹត្ត ប៉ុន្តែខ្ញុំនៅតែខ្វល់ខ្វាយខ្លាំងពេកអំពីមោទនភាពរបស់ខ្ញុំ ដែលធ្វើឱ្យខ្ញុំមិនអាចហាមាត់និយាយបាន។ ភ្លាមៗនោះ យើងស្រាប់តែបានអានបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលជំរុញចិត្តខ្ញុំយ៉ាងជ្រាលជ្រៅ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សជាតិដែលពុករលួយមានចំណុចខ្វះខាតមួយទៀត៖ ពួកគេចូលចិត្តពណ៌នាខ្លួនឯងថាជាមនុស្សដ៏ខ្ពង់ខ្ពស់ និងអស្ចារ្យ ជាមនុស្សដែលមានការយល់ដឹងជ្រៅជ្រះ និងមានទ្រព្យធនស្ដុកស្ដម្ភជាពិសេស ហើយជាមនុស្សដែលមានឋានៈ និងប្រវត្តិពិសេស។ ពួកគេមិនដែលនិយាយពីរឿងថោកទាប ឬរឿងល្ងង់ខ្លៅដែលពួកគេបានធ្វើដោយសំងាត់ កំហុសដែលពួកគេបានសាង ឬចំណុចខ្វះខាត និងកំហុសឆ្គងដែលពួកគេមានឡើយ ពួកគេមិននិយាយសូម្បីមួយម៉ាត់ ឬឱ្យបែកធ្លាយសូម្បីបន្តិច ដោយខ្លាចថាអ្នកដទៃនឹងដឹងពីរឿងបែបនេះ ហើយខ្លាចថាអ្នកដទៃនឹងមើលឃើញលក្ខណៈពិតប្រាកដរបស់ពួកគេ។ តើនេះមិនមែនជាការបង្កើតមុខមាត់មិនពិតទេឬអី? តើនេះមិនមែនជាការនិយាយកុហក និងការបោកប្រាស់ទេឬ? (ត្រូវហើយ។)» («របៀបដេញតាមសេចក្ដីពិត (២៥)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៧៖ អំពីការដេញតាមសេចក្តីពិត)។ នៅពេលខ្ញុំជញ្ជឹងគិតពីបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ខ្ញុំបានព្យាយាមបិទបាំងកំហុសរបស់ខ្ញុំម្តងទៀតហើយ ដើម្បីការពារមោទនភាព និងឋានៈរបស់ខ្ញុំ។ ទោះបីជាខ្ញុំបានស្តារគម្រោងទាំងអស់ឡើងវិញ ហើយគ្មានការខូចខាតណាមួយទៅលើកិច្ចការរបស់ពួកជំនុំក៏ដោយ ក៏ខ្ញុំនៅតែបង្ហាញទំនោរក្នុងការបិទបាំងកំហុសរបស់ខ្លួនក្នុងបញ្ហានេះ ហើយខ្ញុំមិនចង់ឱ្យអ្នកដទៃមើលឃើញចំណុចខ្វះខាតរបស់ខ្ញុំទេ។ នេះជានិស្ស័យពុករលួយ ហើយបញ្ហានេះជាបញ្ហាដែលកើតឡើងក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ដូច្នេះ ខ្ញុំចាំបាច់ត្រូវរាយការណ៍សេចក្ដីលម្អិតទាំងអស់ទៅកាន់អ្នកដឹកនាំឱ្យបានច្បាស់លាស់ និងដោយស្មោះត្រង់។ ដូច្នេះ ខ្ញុំបានអធិស្ឋានដោយស្ងៀមស្ងាត់ក្នុងដួងចិត្តខ្ញុំថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំមិនចង់រស់នៅដោយនិស្ស័យពុករលួយដ៏បោកបញ្ឆោតរបស់ទូលបង្គំទេ។ សូមទ្រង់ពិនិត្យពិច័យដួងចិត្តរបស់ទូលបង្គំ។ ទូលបង្គំមានឆន្ទៈក្នុងការមានភាពទៀងត្រង់ បើកចំហ និងធ្វើជាមនុស្សស្មោះត្រង់»។ បន្ទាប់ពីការអធិស្ឋាន ខ្ញុំបានប្រកបគ្នាអំពីសេចក្ដីពុករលួយដែលខ្ញុំបានបញ្ចេញឱ្យឃើញនៅក្នុងនេះ និងការយល់ដឹងដែលខ្ញុំមានចំពោះខ្លួនឯង។ បន្ទាប់ពីខ្ញុំនិយាយចប់ ខ្ញុំមានអារម្មណ៍ថាដូចជាបន្ទុកមួយត្រូវបានដកចេញ។ ទោះបីជានៅពេលនោះ ខ្ញុំខ្មាសអៀនបន្តិចក៏ដោយ ក៏ដួងចិត្តរបស់ខ្ញុំមានអារម្មណ៍កាន់តែធូរស្រាល នៅពេលដែលខ្ញុំបានបើកចំហ និងបានប្រកបគ្នា។ សូមអរព្រះគុណព្រះជាម្ចាស់!