៧៨. គ្មានការស្ដាយក្រោយ ចំពោះជម្រើសរបស់ខ្ញុំ

ដោយ ជីនស៊ីន ប្រទេសចិន

ខ្ញុំកើតក្នុងទសវត្សរ៍ឆ្នាំ៩០ ហើយកាលរៀននៅអនុវិទ្យាល័យ ខ្ញុំញៀននឹងរឿងភាគស្នេហា។ រាល់ពេលខ្ញុំឃើញក្ដីស្រឡាញ់ដ៏រឹងមាំ រវាងតួឯកប្រុស និងតួឯកស្រី ជាពិសេសពេលដែលខាងប្រុសមើលថែខាងស្រី ខ្ញុំតែងតែមានអារម្មណ៍ច្រណែន ហើយខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំក៏អាចមានក្ដីស្រឡាញ់បែបនេះដែរ។ ខ្ញុំគិតថា ការស្វែងរកមនុស្សម្នាក់ដែលស្រឡាញ់ខ្ញុំ ហើយរួមរស់ជាមួយគ្នាឆ្លងកាត់ការលំបាក និងសេចក្ដីសុខ គឺជារបៀបរស់នៅដ៏មានន័យ និងរីករាយបំផុតក្នុងជីវិតរបស់ខ្ញុំ។

នៅខែមេសា ឆ្នាំ ២០០៩ មិនយូរប៉ុន្មានបន្ទាប់ពីខ្ញុំបានជឿលើព្រះជាម្ចាស់ ខ្ញុំក៏បានជួប វិនពីន។ គាត់មានអាយុបងខ្ញុំបួនឆ្នាំ ហើយគាត់ជាមនុស្សគ្មានល្បិច ស្មោះត្រង់ ចាស់ទុំ នឹងនរ ហើយគាត់ពិតជាចេះគិតគូរ និងយកចិត្តទុកដាក់ចំពោះខ្ញុំណាស់។ រាល់ពេលដែលខ្ញុំមានអារម្មណ៍មិនល្អដាក់គាត់ គាត់តែងតែអត់ធ្មត់នឹងខ្ញុំជានិច្ច។ ជាទូទៅ ពេលមានរឿងអ្វីកើតឡើង គាត់តែងតែសួរយោបល់ខ្ញុំមុនគេ ហើយគាត់តែងតែយល់ស្របតាមខ្ញុំ និងគោរពជម្រើសរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ស្រួលចិត្តជាមួយគាត់។ សាច់ញាតិ និងមិត្តភក្តិរបស់យើងក៏ច្រណែននឹងខ្ញុំដែរ ហើយពួកគេនិយាយថា វិនពីន តែងតែចេះសម្របតាម ហើយមនុស្សបែបនេះពិបាករកណាស់ក្នុងពេលបច្ចុប្បន្ន។ ខ្ញុំបានលិចលង់ក្នុងភាពផ្អែមល្ហែមនៃសេចក្ដីស្រឡាញ់ ហើយខ្ញុំតែងតែមានអារម្មណ៍ថាសំណាង ដែលមានមិត្តប្រុសចេះគិតគូរបែបនេះ។

ពេលខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន ខ្ញុំបានយល់ដឹងថា កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ តាមរយៈការយកកំណើតជាមនុស្សរបស់ទ្រង់ គឺដើម្បីសង្គ្រោះ និងធ្វើឲ្យមនុស្សជាតិគ្រប់លក្ខណ៍ ដោយនាំអ្នកដែលជឿលើព្រះជាម្ចាស់ដោយស្មោះ ហើយអាចទទួលយកការជំនុំជម្រះរបស់ទ្រង់ និងត្រូវបានបន្សុទ្ធ ចូលទៅក្នុងយុគសម័យបន្ទាប់ ហើយថានេះគឺជាជំហានចុងក្រោយ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ដើម្បីសង្គ្រោះមនុស្សជាតិ។ ឪពុកម្ដាយខ្ញុំក៏ឧស្សាហ៍ប្រកបគ្នាជាមួយខ្ញុំ អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ដែរ ដោយរំលឹកខ្ញុំឲ្យតម្លៃចំពោះឱកាសដ៏កម្រនេះ។ ខ្ញុំចង់ផ្សាយដំណឹងល្អដល់ វិនពីន។ តើវានឹងមានក្ដីអំណរយ៉ាងណាទៅ បើយើងទាំងពីរអាចជឿលើព្រះជាម្ចាស់ ដេញតាមសេចក្ដីពិតជាមួយគ្នា ហើយត្រូវបានសង្គ្រោះ និងចូលទៅក្នុងនគរព្រះជាមួយគ្នានៅទីបញ្ចប់នោះ! ដូច្នេះ ខ្ញុំបានព្យាយាមល្បងស្ទាបស្ទង់មើលអាកប្បកិរិយារបស់គាត់ចំពោះជំនឿ។ គាត់មិនជឿលើព្រះជាម្ចាស់ទេ ហើយគាត់ជឿថា វាសនារបស់មនុស្សម្នាក់ គឺស្ថិតនៅក្នុងដៃរបស់គេផ្ទាល់។ គាត់និយាយថា៖ «យើងនៅក្មេង ហើយអ្វីៗគ្រប់យ៉ាងគួរតែគិតរឿងលុយ»។ គាត់ក៏ប្រាប់ខ្ញុំកុំឲ្យស្ដាប់ឪពុកម្ដាយខ្ញុំ ពេលពួកគាត់និយាយអំពីការជឿលើព្រះជាម្ចាស់ ហើយថាគ្មានព្រះជាម្ចាស់ទេនៅលើលោកនេះ។ ការឮគាត់និយាយរឿងទាំងនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្តដែលមិនអាចរៀបរាប់បាន។ ដើមឡើយ ខ្ញុំគិតថាយើងទាំងពីរអាចជឿលើព្រះជាម្ចាស់ជាមួយគ្នា តែខ្ញុំមិននឹកស្មានថា គាត់ជាមនុស្សមិនជឿថាមានព្រះទាល់តែសោះ។ តើខ្ញុំត្រូវធ្វើដូចម្ដេចទៅ? ខ្ញុំធ្លាប់ឃើញបងប្អូនខ្លះ ដែលគ្រួសារពួកគេមិនជឿលើព្រះជាម្ចាស់ ត្រូវបានពួកគេរារាំង និងបៀតបៀន ដែលវាពិតជាឈឺចាប់ណាស់! ដូចជាបងប្អូនជីដូនមួយខ្ញុំអ៊ីចឹង មុនពេលរៀបការ គាត់សកម្មក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងផ្សាយដំណឹងល្អនៅកន្លែងផ្សេងៗ តែប្ដីគាត់ដែលជាមនុស្សមិនជឿថាមានព្រះ បានបៀតបៀន និងរារាំងជំនឿរបស់គាត់ ក្រោយពេលពួកគេរៀបការរួច ហើយរាល់ថ្ងៃ ពួកគេតែងតែឈ្លោះប្រកែកគ្នា ឬវាយតប់គ្នា។ ក្រោយមក បងប្អូនជីដូនមួយខ្ញុំ ថែមទាំងមិនអាចចូលរួមការជួបជុំបានទៀតផង ហើយចុងក្រោយ គាត់ក៏បង្ខំចិត្តលែងលះ ហើយកូនត្រូវបានប្រគល់ឲ្យទៅខាងឪពុក។ គាត់តែងតែមានអារម្មណ៍សោកសៅជាខ្លាំង រាល់ពេលនឹកដល់កូនរបស់គាត់។ ខ្ញុំមិនចង់ទ្រាំទ្រនឹងអាពាហ៍ពិពាហ៍ ឬការឈឺចាប់បែបនេះទេ។ វិនពីន មិនជឿលើព្រះជាម្ចាស់ទេ ដូច្នេះ ប្រសិនបើគាត់បៀតបៀនខ្ញុំក្រោយពេលយើងរៀបការ តើខ្ញុំអាចឈរយ៉ាងរឹងមាំបានដែរឬទេ? មួយរយៈនោះ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ។ នៅក្នុងការឈឺចាប់ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំមិននឹកស្មានថា វិនពីន ជាមនុស្សមិនជឿថាមានព្រះសោះ។ បន្ទាប់ពីនៅជាមួយគ្នាយូរមក ទូលបង្គំបានដាក់ចិត្តដាក់កាយលើទំនាក់ទំនងនេះជ្រៅពេកហើយ។ ទូលបង្គំមិនដាច់ចិត្តលះបង់ទំនាក់ទំនងនេះទេ។ តែបើទូលបង្គំនៅជាមួយគាត់ ហើយគាត់រារាំងជំនឿរបស់ទូលបង្គំ ព្រោះយើងដើរផ្លូវផ្សេងគ្នា តើទូលបង្គំត្រូវធ្វើដូចម្ដេចទៅ? ព្រះជាម្ចាស់អើយ កម្ពស់របស់ខ្ញុំនៅទាបពេក សូមណែនាំខ្ញុំឲ្យធ្វើការជ្រើសរើសដ៏ត្រឹមត្រូវផង»។ នៅប៉ុន្មានថ្ងៃបន្ទាប់ ខ្ញុំនៅតែបន្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អំពីរបៀបប្រព្រឹត្តចំពោះអាពាហ៍ពិពាហ៍ ហើយខ្ញុំក៏បានយល់ដឹងថា វាមានគោលការណ៍ក្នុងការជ្រើសរើសគូស្រករ។ ការស្វែងរកមនុស្សដែលមានគំនិតដូចគ្នា មានភាពជាមនុស្សល្អ និងមិនរារាំងជំនឿរបស់ខ្ញុំ គឺជារឿងដ៏សំខាន់។ វិនពីន មិនជឿលើព្រះជាម្ចាស់ទេ យើងមិនមានគំនិតដូចគ្នា ឬដើរលើផ្លូវតែមួយឡើយ ហើយមិនយូរមិនឆាប់ យើងនឹងបែកគ្នាជាមិនខាន។ បើខ្ញុំកាន់តែដាក់ចិត្តដាក់កាយ ខ្ញុំនឹងកាន់តែឈឺចាប់នៅពេលក្រោយ។ ក្នុងអំឡុងពេលនោះ រាល់ពេលដែលខ្ញុំគិតពីរឿងនេះ ខ្ញុំឈឺចាប់ក្នុងចិត្តណាស់។ ខ្ញុំមិនដាច់ចិត្តបែកគ្នាទេ តែបើយើងនៅជាមួយគ្នា យើងនឹងដើរផ្លូវផ្សេងគ្នា។ ចិត្តរបស់ខ្ញុំពិតជាពិបាកសម្រេចចិត្តណាស់ ដូច្នេះ ខ្ញុំបានទូលប្រាប់ព្រះជាម្ចាស់ពីការឈឺចាប់ និងការលំបាករបស់ខ្ញុំ ហើយសុំការជួយពីទ្រង់។

ពេលវេលាចេះតែកន្លងផុតទៅ ចូលដល់ខែមីនា ឆ្នាំ ២០១១ ហើយគ្រួសាររបស់ វិនពីន បានប្រាប់ឲ្យយើងភ្ជាប់ពាក្យនឹងគ្នា។ ខ្ញុំត្រូវតែធ្វើការជ្រើសរើស។ ក្នុងចិត្តខ្ញុំ ខ្ញុំដឹងច្បាស់ថា វិនពីន មិនជឿលើព្រះជាម្ចាស់ទេ ហើយថាយើងមិនអាចដើរលើផ្លូវតែមួយរហូតដល់ទីបញ្ចប់ជាមួយគ្នាបានឡើយ តែខ្ញុំនៅតែមានសង្ឃឹមខ្លះ ដោយគិតថា៖ «ខ្ញុំមិនដែលធ្វើបន្ទាល់ប្រាប់គាត់ជាផ្លូវការ អំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ ហើយខ្ញុំក៏មិនច្បាស់ពីអាកប្បកិរិយារបស់គាត់ចំពោះសេចក្ដីពិតដែរ។ បើគាត់មិនជឿលើព្រះជាម្ចាស់ តែមិនរារាំងជំនឿរបស់ខ្ញុំទេ យើងនៅតែអាចនៅជាមួយគ្នាបាន»។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តនិយាយប្រាប់គាត់ពីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ ហើយមើលថាតើគាត់មានប្រតិកម្មយ៉ាងណា។ ខ្ញុំមិននឹកស្មានសោះថា គ្រាន់តែឮថាខ្ញុំជឿលើព្រះជាម្ចាស់ភ្លាម គាត់ក៏ក្ដាប់កណ្ដាប់ដៃទាំងខឹង ហើយវាយទៅលើជញ្ជាំង។ ទង្វើរបស់គាត់ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយដល់ពេលខ្ញុំតាំងស្មារតីបាន ដៃរបស់គាត់ក៏មានឈាមហូរទៅហើយ។ ពេលខ្ញុំឃើញគាត់បម្រុងនឹងបន្តវាយជញ្ជាំងទៀត ខ្ញុំក៏ប្រញាប់ចាប់ដៃគាត់ តែគាត់បានទាញចេញយ៉ាងខ្លាំង។ ពេលខ្ញុំឃើញអាកប្បកិរិយាមិនធម្មតា និងទឹកមុខដ៏សោះកក្រោះរបស់គាត់ ព្រមទាំងការស្អប់នៅក្នុងកែវភ្នែករបស់គាត់ គាត់ប្រៀបដូចជាមនុស្សប្លែកមុខ ហើយខ្ញុំមានអារម្មណ៍ភ័យខ្លាច ដោយគិតថា៖ «តើនេះនៅតែជាមិត្តប្រុស ដែលធ្លាប់តែយល់ស្របតាមខ្ញុំគ្រប់រឿងនោះមែនទេ? ហេតុអ្វីបានជាគាត់មានអាកប្បកិរិយាបែបនេះ ពេលឮថាខ្ញុំជឿលើព្រះជាម្ចាស់? ខ្ញុំគ្រាន់តែជឿព្រះជាម្ចាស់ ហើយខ្ញុំមិនបានធ្វើអ្វីខុសទេ។ ហេតុអ្វីបានជាគាត់មានប្រតិកម្មបែបនេះ?» នៅក្នុងចិត្តខ្ញុំ ខ្ញុំចេះតែអធិស្ឋានថា៖ «ព្រះជាម្ចាស់អើយ បើគាត់ពិតជារារាំងជំនឿរបស់ទូលបង្គំមែន ទូលបង្គំសុខចិត្តបែកពីគាត់។ តែដោយសារកម្ពស់របស់ទូលបង្គំនៅតូចពេក ទូលបង្គំមិនដាច់ចិត្តលះបង់ទំនាក់ទំនងរយៈពេលពីរឆ្នាំរបស់យើងទេ។ សូមប្រទានកម្លាំងដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចធ្វើការជ្រើសរើសដ៏ត្រឹមត្រូវផង»។ ក្រោយពីអធិស្ឋានរួច ខ្ញុំបានចែករំលែកពីបទពិសោធន៍របស់ខ្ញុំ ដែលត្រូវបានព្រះជាម្ចាស់ថែរក្សា ហើយខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់ខ្ញុំ។ គាត់ស្ងាត់មួយសន្ទុះ រួចក៏យល់ព្រមថានឹងមិនរារាំងជំនឿរបស់ខ្ញុំទេ។ យើងបានព្រមព្រៀងគ្នាថា បើគាត់រារាំងជំនឿរបស់ខ្ញុំ យើងនឹងបែកគ្នា។ ដំបូងឡើយ គាត់ស្រឡាំងកាំងពេលឮបែបនេះ តែគាត់នៅតែយល់ព្រម។

បងប្រុស និងបងថ្លៃស្រីរបស់ វិនពីន មានភាពជាមនុស្សល្អ ហើយជឿថាព្រះជាម្ចាស់ពិតជាមានមែន ដូច្នេះ ខ្ញុំក៏បានធ្វើបន្ទាល់ប្រាប់ពួកគាត់ អំពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ពេល វិនពីន ដឹងរឿងនេះ គាត់ក៏ផ្ទុះកំហឹងយ៉ាងខ្លាំង ហើយនៅចំពោះមុខគ្រួសាររបស់គាត់ គាត់បានដេញខ្ញុំចេញ ព្រមទាំងនិយាយថា គាត់មិនចង់ឃើញមុខខ្ញុំម្ដងទៀតទេ។ គាត់បានគប់ទូរស័ព្ទរបស់គាត់យ៉ាងខ្លាំងនៅចំពោះមុខខ្ញុំ។ ខ្ញុំមិនដែលឃើញគាត់ខឹងខ្លាំងបែបនេះពីមុនមកទេ។ គាត់បាននិយាយទាំងការស្អប់ថា៖ «បងមិនរារាំងជំនឿរបស់អូនទេ តែហាមមកផ្សាយដំណឹងល្អដល់គ្រួសារបង!» ដោយឃើញពីការទាស់ទទឹងរបស់គាត់ចំពោះជំនឿរបស់ខ្ញុំ ខ្ញុំក៏ចាប់ផ្ដើមបារម្ភ ដោយគិតថា៖ «គាត់និយាយថាគាត់នឹងមិនរារាំងជំនឿរបស់ខ្ញុំទេ តែនោះដោយសារគាត់មិនដឹងថាខ្ញុំចូលរួមការជួបជុំ និងបំពេញភារកិច្ច។ បើគាត់ដឹង តើគាត់នឹងរារាំងខ្ញុំដែរឬទេ? បើគាត់រារាំងមែន យើងច្បាស់ជាឈ្លោះប្រកែកគ្នាជាមិនខាន ហើយអាពាហ៍ពិពាហ៍របស់យើងអាចនឹងបែកបាក់។ តើខ្ញុំគួរធ្វើដូចម្ដេចទៅ?» ចិត្តរបស់ខ្ញុំពិតជាពិបាកសម្រេចចិត្តណាស់។ បើយើងបែកគ្នា ខ្ញុំប្រហែលជាមិនអាចជួបមនុស្សដែលស្រឡាញ់ខ្ញុំបែបនេះម្ដងទៀតទេ ចុះបើអ៊ីចឹង តើខ្ញុំរស់នៅមានន័យអ្វីទៅ? តែបើយើងមិនបែកគ្នាទេ យើងច្បាស់ជានៅតែឈ្លោះប្រកែកគ្នា ចុះតើមានសុភមង្គលអ្វីទៅ នៅក្នុងជីវិតបែបនោះ? គ្រាន់តែគិតពីរឿងនេះ ធ្វើឲ្យចិត្តខ្ញុំឈឺចាប់យ៉ាងខ្លាំង ហើយខ្ញុំត្រូវជាប់គាំងក្នុងការសម្រេចចិត្ត។ ក្រោយមក ខ្ញុំក៏ដឹងថាយើងមានភាពខុសគ្នាយ៉ាងច្បាស់ ទៅលើទស្សនៈមួយចំនួន។ ឧទាហរណ៍ គាត់និយាយថា ក្រោយពេលរៀបការរួច យើងគួរបើកហាងអាហារមួយ ដើម្បីរកលុយទិញឡាន ទិញផ្ទះ និងអ្វីៗផ្សេងទៀត។ ខ្ញុំបាននិយាយថា៖ «ចំនួនលុយដែលមនុស្សម្នាក់អាចរកបាន គឺត្រូវបានកំណត់ដោយស្ថានសួគ៌រួចទៅហើយ ហើយយើងគ្រាន់តែត្រូវការត្រឹមរស់បានហើយ។ លុយមិនមែនជារឿងសំខាន់បំផុតក្នុងជីវិតទេ។ ការជឿ និងការថ្វាយបង្គំព្រះជាម្ចាស់ ទើបជាផ្លូវត្រូវក្នុងជីវិត»។ គាត់បាននិយាយទាំងមិនសប្បាយចិត្តថា៖ «តើរស់នៅមានន័យអ្វីទៅ បើអូនមិនរកលុយនោះ? គ្មានលុយ តើអូនបានអ្វីហូបចុកទៅ? អូនគ្មានមហិច្ឆិតាសោះ!» ការឈ្លោះប្រកែកគ្នាបែបនេះកើតឡើងញឹកញាប់ណាស់ ហើយខ្ញុំមានអារម្មណ៍ថាហត់នឿយយ៉ាងខ្លាំង។ រាល់ពេលដែលយើងមានការខ្វែងគំនិតគ្នា ដែលបណ្ដាលឲ្យមានការមិនសប្បាយចិត្ត ខ្ញុំតែងតែឆ្ងល់ថា៖ «តើនេះជាសុភមង្គលដែលខ្ញុំចង់បានមែនទេ? ហេតុអ្វីបានជាខ្ញុំមិនអាចមានអារម្មណ៍ថាសប្បាយចិត្តអ៊ីចឹង? តើអ្វីជារឿងដែលមានន័យបំផុតដែលត្រូវដេញតាមក្នុងជីវិតនេះ? តើខ្ញុំគួរធ្វើយ៉ាងណា ដើម្បីកុំឲ្យខ្ជះខ្ជាយជីវិតរបស់ខ្ញុំមួយនេះ?» ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ ដើមឡើយទូលបង្គំគិតថា ការរស់នៅជាមួយ វិនពីន នឹងនាំមកនូវសុភមង្គល ហើយថានេះគឺជាជីវិតដែលទូលបង្គំតែងតែស្រមៃចង់បាន តែអ្វីៗមិនដូចការដែលទូលបង្គំគិតនោះទេ។ យើងដើរផ្លូវផ្សេងគ្នា ហើយគ្មានចំណុចរួមឡើយ ដូច្នេះ ចិត្តរបស់ទូលបង្គំមិនអាចទទួលបានការរំដោះទាល់តែសោះ។ រាល់ថ្ងៃ ទូលបង្គំត្រូវលួចអានព្រះបន្ទូលរបស់ទ្រង់ និងចូលរួមការជួបជុំ ព្រោះទូលបង្គំខ្លាចឈ្លោះប្រកែកគ្នាពីរឿងទាំងនេះ។ ព្រះជាម្ចាស់អើយ ទូលបង្គំឈឺចាប់ខ្លាំងណាស់ ហើយទូលបង្គំចង់រំដោះខ្លួនចេញពីមនោសញ្ចេតនាទាំងនេះ តែនៅក្នុងជម្រៅចិត្ត ទូលបង្គំមិនដាច់ចិត្តលះបង់ទំនាក់ទំនងនេះទេ។ សូមជួយទូលបង្គំផង»។

ក្រោយមក វិនពីន ហាក់ដូចជាបានដឹងរឿងអ្វីម្យ៉ាង។ ជាច្រើនដង ពេលខ្ញុំត្រឡប់មកពីក្រៅវិញ គាត់តែងតែសួរសំណួរនេះសំណួរនោះ។ ដំបូងឡើយ ខ្ញុំមិនសូវចាប់អារម្មណ៍រឿងនេះទេ រហូតដល់ថ្ងៃមួយ ខ្ញុំបានរៀបចំខ្លួនពីព្រលឹម ហើយរៀបនឹងចេញទៅចូលរួមការជួបជុំ។ សម្ដីដ៏ស្រទន់ជាធម្មតារបស់គាត់បានផ្លាស់ប្ដូរ ហើយគាត់មើលទៅម៉ឺងម៉ាត់មែនទែន ដោយនិយាយថា៖ «ប្រាប់បងតាមត្រង់មក តើអូនទៅចូលរួមការជួបជុំទៀតមែនទេ?» ខ្ញុំបាននិយាយថា៖ «មែនហើយ ចុះយ៉ាងម៉េច? តើបងមិនបាននិយាយទេថាបងនឹងមិនរារាំងខ្ញុំពីការជឿព្រះជាម្ចាស់នោះ?» គាត់និយាយថា៖ «កាលនោះ បើបងមិនយល់ព្រម អូនច្បាស់ជាបែកពីបងបាត់ទៅហើយ។ ធ្វើម៉េចនឹងឲ្យបងមិននិយាយបែបនោះទៅ? បងគិតថា យូរៗទៅ ការតាំងចិត្តជឿលើព្រះជាម្ចាស់របស់អូននឹងខ្សោយទៅ ហើយអូននឹងឈប់ជឿ។ បងមិននឹកស្មានសោះថា ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ អូនកាន់តែជឿស៊ប់ខ្លាំងជាងមុនទៅទៀត! បងទ្រាំលែងបានទៀតហើយ។ អូនត្រូវតែធ្វើការជ្រើសរើស រវាងបង និងជំនឿរបស់អូន។ បើអូនជ្រើសរើសបង អូនត្រូវតែបោះបង់ជំនឿរបស់អូនចោល!» ខ្ញុំដឹងថា បើយើងនៅជាមួយគ្នា យើងច្បាស់ជាឈ្លោះប្រកែកគ្នាមិនឈប់ ហើយជម្លោះនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ តែបើយើងពិតជាបែកគ្នាមែន ខ្ញុំនៅតែមានអារម្មណ៍ស្ទាក់ស្ទើរយ៉ាងខ្លាំង ហើយមិនចង់បោះបង់ទំនាក់ទំនងនេះទេ។ តែបើខ្ញុំជ្រើសរើសនៅជាមួយ វិនពីន ខ្ញុំនឹងត្រូវបោះបង់ជំនឿរបស់ខ្ញុំ។ នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់ព្រះជាម្ចាស់ក្នុងការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ ហើយខ្ញុំក៏ជឿយ៉ាងមុតមាំដែរថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត ហើយតាមរយៈការឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ ខ្ញុំបានទទួលបទពិសោធន៍ពីរបៀបដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចសម្អាតមនុស្ស ដោះស្រាយនិស្ស័យពុករលួយរបស់ពួកគេ និងចង្អុលបង្ហាញមនុស្សទៅកាន់ការចង្អុលបង្ហាញ និងផ្លូវដ៏ត្រឹមត្រូវ នៅក្នុងអាកប្បកិរិយា និងការប្រព្រឹត្តខ្លួនរបស់ពួកគេ។ សេចក្ដីពិតដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស គឺពិតជាមានតម្លៃណាស់ ដូច្នេះ បើខ្ញុំរំលងឱកាសនេះ វានឹងក្លាយជាការស្ដាយក្រោយអស់មួយជីវិត! តើខ្ញុំគួរធ្វើការជ្រើសរើសរវាងជំនឿ និងអាពាហ៍ពិពាហ៍របស់ខ្ញុំយ៉ាងដូចម្ដេចទៅ? ខ្ញុំស្ថិតក្នុងភាពរារែកចិត្តយ៉ាងខ្លាំង ហើយខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដោយស្ងៀមស្ងាត់។ ខ្ញុំបានគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលខ្ញុំបានអាននៅក្នុងការជួបជុំមួយ៖ «នៅពីក្រោយជំហាននីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើលើអ្នករាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ ពោលគឺនៅពីក្រោយ គឺជាចម្បាំងមួយ។ ... នៅពេលព្រះជាម្ចាស់ និងសាតាំង ច្បាំងគ្នានៅក្នុងពិភពខាងវិញ្ញាណ តើអ្នកគួរតែបំពេញព្រះហឫទ័យព្រះជាម្ចាស់យ៉ាងដូចម្តេច ហើយតើអ្នកគួរតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីទ្រង់យ៉ាងដូចម្តេច? អ្នកគួរតែដឹងថា អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក គឺជាការល្បងលដ៏ធំ និងជាពេលដែលព្រះជាម្ចាស់ត្រូវការឱ្យអ្នកធ្វើនូវបន្ទាល់» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំយល់ដឹងថា មើលពីសំបកក្រៅ វាហាក់ដូចជា វិនពីន កំពុងរារាំងខ្ញុំមិនឲ្យដើរតាមព្រះជាម្ចាស់ តែតាមការពិត សាតាំងកំពុងតែបង្កការរំខាននៅពីក្រោយខ្នងសោះ។ ទាំងព្រះជាម្ចាស់ និងសាតាំង សុទ្ធតែសម្លឹងមើលពីរបៀបដែលខ្ញុំធ្វើការជ្រើសរើស ហើយខ្ញុំត្រូវតែធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ខ្ញុំបានទប់អារម្មណ៍របស់ខ្ញុំ ហើយនិយាយយ៉ាងស្ងប់ស្ងាត់ថា៖ «ខ្ញុំជ្រើសរើសជឿព្រះជាម្ចាស់!» វិនពីន បានបញ្ជាក់ជំហររបស់គាត់យ៉ាងច្បាស់ថា៖ គាត់សុខចិត្តបែកគ្នា ជាជាងអនុញ្ញាតឲ្យខ្ញុំជឿលើព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ហើយបន្ទាប់មក ខ្ញុំក៏ទ្រាំលែងបាន ហើយក៏យំចេញមក។ ខ្ញុំមិននឹកស្មានថា ឆ្លងកាត់ប៉ុន្មានឆ្នាំនេះ ទំនាក់ទំនងរបស់យើងនឹងឈានមកដល់ចំណុចនេះសោះ។ នៅក្នុងការឈឺចាប់ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយសូមឲ្យទ្រង់ជួយខ្ញុំឲ្យយល់ដឹងពីបំណងព្រះហឫទ័យរបស់ទ្រង់នៅក្នុងរឿងនេះ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយយល់ដឹងពីអ្វីដែលខ្ញុំគួរដេញតាមនៅក្នុងជំនឿរបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែលះបង់ខ្លួនឯងសម្រាប់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយអ្នកត្រូវតែរងទុក្ខវេទនាថែមទៀត សម្រាប់ជាប្រយោជន៍ក្នុងការទទួលបាននូវសេចក្ដីពិតកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ក្នុងការរីករាយនឹងភាពសុខដុមជាមួយក្រុមគ្រួសារឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពពេញមួយជីវិត សម្រាប់តែប្រយោជន៍ដល់ភាពសប្បាយបណ្ដោះអាសន្ននោះដែរ។ អ្នកគួរតែដេញតាមអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនិងល្អ ហើយអ្នកគួរតែដេញតាមផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតកម្រិតទាបបែបនេះ ហើយមិនមានគោលដៅណាមួយក្នុងការដេញតាមទេនោះ តើការនេះមិនធ្វើឱ្យខ្ជះខ្ជាយដល់ជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាម សម្រាប់តែសេចក្តីពិតមួយប៉ុណ្ណោះ។ ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ដឹងថា អាពាហ៍ពិពាហ៍មិនមែនជារឿងសំខាន់បំផុតក្នុងជីវិតទេ ហើយថា ការជឿលើព្រះជាម្ចាស់ ការទទួលបានសេចក្ដីពិត និងការស្គាល់ព្រះជាម្ចាស់ ទើបធ្វើឲ្យជីវិតមានន័យ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានយាងមកក្នុងចំណោមមនុស្សលោក ដើម្បីសម្ដែងចេញនូវសេចក្ដីពិត និងជំនុំជម្រះ ព្រមទាំងសម្អាតមនុស្ស ដើម្បីសង្គ្រោះពួកគេពីអំណាចរបស់សាតាំង និងប្រទានឲ្យពួកគេនូវជីវិតអស់កល្បជានិច្ច។ តែខ្ញុំបែរជាផ្ដោតតែទៅលើការសប្បាយខាងសាច់ឈាមមួយឆាវប៉ុណ្ណោះ។ ខ្ញុំមិនព្រមរងទុក្ខ និងបង់ថ្លៃ ដើម្បីទទួលបានសេចក្ដីពិត និងជីវិតឡើយ។ តើចុងក្រោយ ខ្ញុំអាចទទួលបានអ្វីទៅ ពីការរស់នៅបែបនេះ? ពេលដែលភយន្តរាយដ៏ធំសម្បើមមកដល់ តើនរណាអាចសង្គ្រោះខ្ញុំបានទៅ? ពីមុន ខ្ញុំគិតថា អាពាហ៍ពិពាហ៍គឺជារឿងដ៏ស្រស់បំព្រង ហើយថា ការចំណាយពេលមួយជីវិតជាមួយមនុស្សដែលស្រឡាញ់យើង ធ្វើឲ្យជីវិតមានន័យ តែពេលនេះ ខ្ញុំទើបតែដឹងថា ខ្ញុំក្មេងខ្ចីពេកហើយ។ ខ្ញុំ និង វិនពីន ដើរលើផ្លូវផ្សេងគ្នា។ វិនពីន មិនជឿលើព្រះជាម្ចាស់ទេ គាត់គោរពបូជាវិទ្យាសាស្ត្រ ហើយគាត់ស្វែងរកវិធីរកលុយ ដើម្បីរស់នៅក្នុងជីវិតដ៏ហ៊ឺហា។ ចំណែកខ្ញុំជឿថា គួរស្កប់ចិត្តត្រឹមមានហូបមានស្លៀកពាក់ ហើយថាមនុស្សគួរតែដេញតាមសេចក្ដីពិត និងស្វែងរករស់នៅលក្ខណៈជាមនុស្សពិតប្រាកដក្នុងជីវិត បំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើត និងទទួលបានការសព្វព្រះហឫទ័យពីព្រះអាទិករ។ ទស្សនៈរបស់យើងចំពោះរឿងផ្សេងៗ និងគោលដៅនៃការដេញតាមរបស់យើង គឺខុសគ្នាស្រឡះ ដូច្នេះ យើងគ្មានចំណុចរួមឡើយ។ ទោះបីជាគាត់ចេះគិតគូរ និងយកចិត្តទុកដាក់ចំពោះខ្ញុំខ្លាំងយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានអារម្មណ៍ឈឺចាប់ និងតឹងតែងក្នុងចិត្តដដែល។ ពេលនៅជាមួយគាត់ ខ្ញុំត្រូវលួចចូលរួមការជួបជុំ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រោះខ្លាចគាត់ឈ្លោះប្រកែកជាមួយខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាត្រូវគេរឹតត្បិត និងហត់នឿយក្នុងចិត្តយ៉ាងខ្លាំង។ បើខ្ញុំត្រូវរស់នៅបែបនោះមួយជីវិត វាពិតជាឈឺចាប់ខ្លាំងណាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំយល់ដឹងថា រឿងដែលសំខាន់បំផុតក្នុងជីវិត គឺមនុស្សម្នាក់ត្រូវដេញតាមសេចក្ដីពិត បំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើត និងបញ្ចប់បេសកកម្មដែលព្រះអាទិករបានប្រទានឲ្យ។ មនុស្សបែបនេះ ត្រូវបានចាត់ទុកថាមានតម្លៃនៅក្នុងព្រះនេត្ររបស់ព្រះអាទិករ ហើយរស់នៅក្នុងជីវិតមួយដ៏មានន័យ និងមានតម្លៃ។ ដូចជា ពេត្រុស អ៊ីចឹង គាត់បានចំណាយពេលមួយជីវិត ផ្ដោតលើការដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់គាត់ ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយចុងក្រោយ គាត់ក៏ទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់។ ក្រោយពីយល់ដឹងរឿងនេះហើយ ខ្ញុំកាន់តែច្បាស់ក្នុងចិត្តថា ការជ្រើសរើសដើរលើផ្លូវនៃជំនឿលើព្រះជាម្ចាស់ គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ។ បន្ទាប់មក ខ្ញុំក៏បានលះបង់ខ្លួនចូលរួមយ៉ាងសកម្ម នៅក្នុងជួរអ្នកដែលបំពេញភារកិច្ចរបស់ខ្លួន។

មួយរយៈក្រោយមក វិនពីន និងឪពុកម្ដាយរបស់គាត់ ស្រាប់តែមកផ្ទះរបស់ខ្ញុំ។ វិនពីន បាននិយាយទាំងទឹកភ្នែកហូរស្រក់ចុះមកថា៖ «បងមិនដាច់ចិត្តលះបង់ទំនាក់ទំនងនេះទេ តែបងពិតជាមិនអាចទទួលយកជំនឿរបស់អូនបានឡើយ។ ដើម្បីបង តើអូនអាចបោះបង់ជំនឿរបស់អូនបានទេ? យើងមករស់នៅក្នុងជីវិតដ៏ល្អមួយជាមួយគ្នា»។ ឪពុកម្ដាយរបស់គាត់ក៏បានជំរុញឲ្យខ្ញុំបោះបង់ជំនឿរបស់ខ្ញុំដែរ។ ខ្ញុំដឹងថា នេះគឺជាការជ្រើសរើសមួយទៀត ដែលខ្ញុំត្រូវតែធ្វើ។ ខ្ញុំបានសម្រួលអារម្មណ៍ ហើយគិតថា៖ «បើ វិនពីន ពិតជាស្រឡាញ់ខ្ញុំមែន គាត់គួរតែគាំទ្រជំនឿរបស់ខ្ញុំ។ គាត់ប្រឆាំងនឹងជំនឿរបស់ខ្ញុំខ្លាំងបែបនេះ តើនេះជាក្ដីស្រឡាញ់ពិតមែនទេ? ទេ ខ្ញុំមិនអាចចុះញ៉មបានឡើយ»។ ដូច្នេះ ខ្ញុំក៏បញ្ជាក់ពីជំហររបស់ខ្ញុំយ៉ាងស្ងប់ស្ងាត់ថា៖ «ខ្ញុំជ្រើសរើសជឿលើព្រះជាម្ចាស់ ហើយខ្ញុំនឹងមិនស្ដាយក្រោយចំពោះការជ្រើសរើសរបស់ខ្ញុំទេ»។ មុនពេលចេញទៅ វិនពីន បានសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំមិនជ្រើសរើសគាត់ ហើយគាត់សួរថា តើគាត់ធ្វើល្អដាក់ខ្ញុំមិនទាន់គ្រប់គ្រាន់មែនទេ? ខ្ញុំបាននិយាយថា៖ «ទេ បងធ្វើល្អដាក់អូនហើយ។ ពីមុន អូនធ្លាប់គិតថា អាពាហ៍ពិពាហ៍គឺជារឿងធំក្នុងជីវិត តែក្រោយពីបានជឿលើព្រះជាម្ចាស់ ខ្ញុំយល់ដឹងថា ការរៀបការមិនមែនជារឿងសំខាន់បំផុតក្នុងជីវិតទេ។ បើអូនបោះបង់ជំនឿរបស់អូន ដើម្បីនៅជាមួយបង ទោះបីជាមើលពីសំបកក្រៅ ជីវិតហាក់ដូចជាមានភាពងាយស្រួល និងមានក្ដីសុខ ព្រមទាំងមានការសប្បាយខាងសាច់ឈាមក៏ដោយ តើការរស់នៅបែបនេះ មានន័យអ្វីទៅ? តើអូនមិនប្រៀបដូចជារស់នៅជាសាកសពដើរបានទៅហើយទេឬអី? តើជីវិតមានត្រឹមតែការហូបចុក និងការសប្បាយ ហើយរស់នៅឲ្យតែផុតពីមួយថ្ងៃទៅមួយថ្ងៃ រង់ចាំតែថ្ងៃស្លាប់មែនទេ? តើជីវិតបែបនេះមានតម្លៃអ្វីទៅ? អ្នកដេញតាមការសប្បាយខាងសាច់ឈាម និងជីវិតដ៏ហ៊ឺហា តែនេះមិនមែនជារឿងដែលអូនចង់បានឡើយ។ អូនស្វែងរករស់នៅក្នុងជីវិតដ៏ពិតប្រាកដ រស់នៅលក្ខណៈជាមនុស្សពិតប្រាកដ និងទទួលបានការសព្វព្រះហឫទ័យពីព្រះអាទិករ។ យើងកំពុងដើរលើផ្លូវផ្សេងគ្នា ហើយយើងនឹងគ្មានថ្ងៃទៅដល់គោលដៅតែមួយឡើយ»។ វិនពីន បានស្ងាត់មាត់ឈឹង ក្រោយពេលឮបែបនេះ ហើយទំនាក់ទំនងរបស់យើងក៏បានឈានដល់ទីបញ្ចប់។

ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំងពីមូលហេតុដែលខ្ញុំមានការឈឺចាប់យ៉ាងនេះ ពេលធ្វើការជ្រើសរើសរវាងអាពាហ៍ពិពាហ៍ និងជំនឿ។ ខ្ញុំក៏បានអានប៉ះព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «ឥទ្ធិពលដ៏ពិសពុល និងគំនិតសក្តិភូមិ ដែលបន្សល់ទុកយ៉ាងជ្រៅនៅក្នុងចិត្តមនុស្សអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ តាមរយៈ “ស្មារតីជាតិ” បានចង និងដាក់ច្រវាក់មនុស្ស ដោយធ្វើឱ្យពួកគេគ្មានសេរីភាពសូម្បីបន្តិច គ្មានមហិច្ឆតា ឬការតស៊ូអត់ធ្មត់ និងគ្មានបំណងចង់រីកចម្រើនឡើយ តែបែរជាធ្វើឱ្យពួកគេនៅតែអវិជ្ជមាន និងថយក្រោយ ចាក់ឫសនៅក្នុងចិត្តគំនិតជាទាសករ ជាដើម។ កត្តាជាក់ស្ដែងទាំងនេះ បានបន្សល់ទុកនូវភាពស្មោកគ្រោក និងអាក្រក់ដែលមិនអាចលុបបាន ទៅលើទស្សនៈមនោគមវិជ្ជា បំណងប្រាថ្នា សីលធម៌ និងនិស្ស័យរបស់មនុស្សជាតិ។ មនុស្សហាក់ដូចជាកំពុងរស់នៅក្នុងពិភពលោកដ៏ខ្មៅងងឹតនៃអំពើភេរវកម្ម ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ គិតចង់រើបម្រះឱ្យផុតពីវា ឬគិតចង់ឈានទៅរកពិភពលោកដ៏ឧត្ដមនោះឡើយ ផ្ទុយទៅវិញ ពួកគេចំណាយពេលមួយថ្ងៃៗរបស់ពួកគេ ជាមួយនឹងអារម្មណ៍ស្កប់ស្កល់ចំពោះស្ថានភាពនៃជីវិតរបស់ខ្លួន ដូចជា ការបង្កើតកូន និងចិញ្ចឹមកូន ការខិតខំ ការបង្ហូរញើស ការធ្វើការងាររបស់ពួកគេ និងការស្រមៃចង់បានគ្រួសារដែលមានផាសុកភាព និងមានសុភមង្គល ចង់បានសេចក្ដីស្រឡាញ់រវាងប្ដីប្រពន្ធ ចង់បានកូនកតញ្ញូ ចង់បានសេចក្ដីអំណរក្នុងវ័យជរា និងចង់បានការរស់នៅដោយសន្តិភាពពេញមួយជីវិតរបស់ពួកគេជាដើម... អស់រយៈពេលរាប់សិប រាប់ពាន់ រាប់ម៉ឺនឆ្នាំមកទល់ពេលនេះ មនុស្សបានខ្ជះខ្ជាយពេលវេលារបស់ពួកគេតាមរបៀបនេះ ដោយគ្មាននរណាម្នាក់បង្កើតជីវិតមនុស្សដ៏ត្រចះត្រចង់បំផុតនោះឡើយ គឺមានបំណងតែលើការកាប់សម្លាប់គ្នាទៅវិញទៅមក ការប្រណាំងប្រជែងដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ និងការប្រើល្បិចកលដាក់គ្នាទៅវិញទៅមក នៅក្នុងពិភពលោកដ៏ខ្មៅងងឹតនេះប៉ុណ្ណោះ។ តើមាននរណាធ្លាប់ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរទេ? តើមាននរណាធ្លាប់យកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដែរទេ? គ្រប់ផ្នែកទាំងអស់របស់មនុស្សដែលត្រូវបានកាន់កាប់ដោយឥទ្ធិពលនៃសេចក្ដីងងឹត បានក្លាយជាធម្មជាតិរបស់មនុស្សជាយូរមកហើយ ដូច្នេះ វាពិតជាលំបាកណាស់ក្នុងការអនុវត្តនូវកិច្ចការរបស់ព្រះជាម្ចាស់ ហើយមនុស្សកាន់តែគ្មានចិត្តក្នុងការយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេនៅថ្ងៃនេះទៅទៀត» («កិច្ចការ និងការចូល (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងពីមូលហេតុដែលខ្ញុំមានការលំបាកយ៉ាងនេះ ក្នុងការធ្វើការជ្រើសរើសរវាងអាពាហ៍ពិពាហ៍ និងជំនឿ។ តាំងពីក្មេងមក ខ្ញុំត្រូវបានបណ្ដុះគំនិតដោយរឿងភាគទូរទស្សន៍ ដែលបានបង្រៀនខ្ញុំថា៖ «ជីវិតមានតម្លៃ សេចក្ដីស្រឡាញ់កាន់តែមានតម្លៃ» និង «ស្នេហាគឺខ្ពង់ខ្ពស់បំផុត»។ គំនិតទាំងនេះបានជះឥទ្ធិពល និងបំពុលគំនិតរបស់ខ្ញុំ។ ខ្ញុំគិតថា រឿងដែលសប្បាយចិត្តបំផុតក្នុងជីវិត គឺការស្វែងរកនរណាម្នាក់ដែលស្រឡាញ់អ្នក ហើយអ្នកទាំងពីរចាស់ជរាទៅជាមួយគ្នា ព្រមទាំងគាំទ្រគ្នាទៅវិញទៅមក។ ជាពិសេស ពេលខ្ញុំឃើញតួឯកស្រីត្រូវបានតួឯកប្រុសមើលថែគ្រប់សព្វបែបយ៉ាង ខ្ញុំគិតថា ពួកគេមានក្ដីសុខណាស់ ហើយខ្ញុំបានជឿយ៉ាងខុសទំនងថា ការរកបាននរណាម្នាក់ដែលស្រឡាញ់អ្នក មានន័យថាជីវិតរបស់អ្នកមិនរស់នៅដោយឥតប្រយោជន៍ឡើយ។ ដោយឃើញ វិនពីន ប្រឆាំងនឹងជំនឿរបស់ខ្ញុំយ៉ាងខ្លាំងបែបនេះ ហើយសុំឲ្យខ្ញុំធ្វើការជ្រើសរើសរវាងគាត់ និងជំនឿរបស់ខ្ញុំ ធ្វើឲ្យខ្ញុំពោរពេញដោយអារម្មណ៍ឈឺចាប់ និងការរារែកចិត្ត ហើយខ្ញុំគិតថា បើខ្ញុំមិនអាចចំណាយពេលមួយជីវិតរបស់ខ្ញុំជាមួយមនុស្សដែលស្រឡាញ់ខ្ញុំទេ នោះជីវិតរបស់ខ្ញុំនឹងគ្មានន័យអ្វីឡើយ។ តាមរយៈការហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទីបំផុតខ្ញុំបានយល់ដឹងថា ការមានសេចក្ដីស្រឡាញ់មិនមែនជារឿងដែលធ្វើឲ្យជីវិតមានន័យនោះទេ។ ជាក់ស្ដែង ទោះបីជា វិនពីន តែងតែចេះគិតគូរ និងយកចិត្តទុកដាក់ចំពោះខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែឧស្សាហ៍មានអារម្មណ៍ទទេស្អាត និងអស់សង្ឃឹមដដែល ហើយមានតែការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបចិត្តរបស់ខ្ញុំទទួលបានការលួងលោម។ ខ្ញុំដឹងថា ភាពទទេស្អាតនៅក្នុងចិត្ត មិនអាចបំពេញបានដោយការសប្បាយខាងសម្ភារៈ ឬការមើលថែពីគូស្រករឡើយ។ គំនិតដូចជា៖ «ស្នេហាគឺខ្ពង់ខ្ពស់បំផុត» និង «ជីវិតមានតម្លៃ សេចក្ដីស្រឡាញ់កាន់តែមានតម្លៃ» សុទ្ធតែជាសម្ដីរបស់អារក្សសាតាំង ដើម្បីបោកបញ្ឆោតមនុស្ស ហើយសាតាំងព្យាយាមប្រើរឿងទាំងនេះ ដើម្បីល្បួង និងបោកបញ្ឆោតយើង ដោយធ្វើឲ្យយើងដេញតាមសេចក្ដីស្រឡាញ់ និងអាពាហ៍ពិពាហ៍យ៉ាងងងឹតងងល់ ហើយចាត់ទុករឿងទាំងនេះជារឿងដ៏ត្រឹមត្រូវដែលត្រូវដេញតាម ដែលទីបំផុត ធ្វើឲ្យយើងងាកចេញពីព្រះជាម្ចាស់ ក្បត់ព្រះជាម្ចាស់ និងបាត់បង់ឱកាសទទួលបានសេចក្ដីសង្រ្គោះ។ បើគ្មានការបំភ្លឺ និងការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ខ្ញុំច្បាស់ជាជ្រើសរើសអាពាហ៍ពិពាហ៍ ហើយរំលងឱកាសក្នុងការដេញតាមសេចក្ដីពិត និងការទទួលបានការសង្គ្រោះពីព្រះជាម្ចាស់ជាមិនខាន។ គិតដល់ចំណុចនេះ ការតាំងចិត្តរបស់ខ្ញុំក្នុងការដើរតាម និងជឿព្រះជាម្ចាស់ កាន់តែមុតមាំឡើង។

តាមរយៈការដែល វិនពីន រារាំងជំនឿរបស់ខ្ញុំម្ដងហើយម្ដងទៀត ខ្ញុំក៏បានមើលធ្លុះដល់សារជាតិរបស់គាត់បន្តិចម្ដងៗ។ មើលទៅ វិនពីន ហាក់ដូចជាមនុស្សស្លូតបូត ងាយចុះសម្រុង និងរួសរាយរាក់ទាក់ តែគាត់ជាមនុស្សមិនជឿថាមានព្រះ ហើយរាល់ពេលដែលគាត់ឮអំពីជំនឿរបស់ខ្ញុំ គាត់តែងតែខឹង ហើយភ្នែករបស់គាត់ប្រែជាក្រហម។ ការបញ្ចេញឲ្យឃើញរបស់គាត់ ពោរពេញទៅដោយភាពប្រទូសរ៉ាយ ហើយគាត់មានសារជាតិជាអារក្ស។ ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «មនុស្សគ្រប់គ្នាដែលមិនជឿ ក៏ដូចជាអ្នកដែលមិនអនុវត្តសេចក្ដីពិត គឺសុទ្ធតែជាពួកអារក្ស!» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ មនុស្សធម្មតា ទោះបីជាពួកគេមិនទទួលយកជំនឿក៏ដោយ ក៏ពួកគេមិនប្រទូសរ៉ាយដែរ។ មានតែពួកអារក្សទេដែលស្អប់ព្រះជាម្ចាស់ ហើយ វិនពីន ពិតជាមានសារជាតិជាអារក្សមែន។ បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ហេតុអ្វីបានជាប្ដីស្រឡាញ់ប្រពន្ធ? ហេតុអ្វីបានប្រពន្ធស្រឡាញ់ប្ដី? ហេតុអ្វីបានជាកូនត្រូវកតញ្ញូចំពោះឪពុកម្ដាយរបស់ពួកគេ? ហេតុអ្វីបានជាឪពុកម្ដាយស្រឡាញ់ថែទាំកូនៗរបស់ពួកគេយ៉ាងជ្រាលជ្រៅ? តើបំណងរបស់មនុស្សសុទ្ធតែសំដៅទៅលើអ្វី? តើវាមិនសុទ្ធតែសំដៅទៅលើការបំពេញផែនការ និងបំណងប្រាថ្នាដ៏អាត្មានិយមផ្ទាល់ខ្លួនរបស់ពួកគេទេឬ?» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំគិតអំពីរបៀបដែល វិនពីន ធ្វើល្អដាក់ខ្ញុំ ព្រោះខ្ញុំមិនចាយលុយខ្ជះខ្ជាយដូចក្មេងស្រីដទៃ ហើយខ្ញុំក៏គ្មានទម្លាប់អាក្រក់អ្វីដែរ។ ខ្ញុំក៏ធ្វើល្អដាក់ឪពុកម្ដាយរបស់គាត់ ខ្ញុំប្រឹងប្រែងធ្វើការសម្រាប់គ្រួសារគាត់ ហើយខ្ញុំមិនខ្លាចប្រឡាក់ដៃ ឬហូរញើសឡើយ។ រឿងទាំងនេះផ្ដល់ផលប្រយោជន៍ដល់គាត់។ តែពេលគាត់ដឹងថាខ្ញុំជឿលើព្រះជាម្ចាស់ គាត់បារម្ភថាខ្ញុំនឹងមិនរកលុយជាមួយគាត់ ហើយដោយសាររឿងនេះប៉ះពាល់ដល់ផលប្រយោជន៍របស់គាត់ គាត់ក៏ប្រែជាក្ដៅក្រហាយ និងទាស់ទទឹងយ៉ាងខ្លាំង។ រាល់ពេលដែលខ្ញុំលើកឡើងពីជំនឿ គាត់តែងតែស្ដីបន្ទោស និងមើលងាយខ្ញុំ ដោយមិនខ្វល់ពីអារម្មណ៍របស់ខ្ញុំទាល់តែសោះ។ ខ្ញុំមិនទាន់រៀបការជាមួយគាត់ផង ហើយខ្ញុំក៏មិនទាន់ប៉ះពាល់ដល់ផលប្រយោជន៍របស់គាត់ពិតប្រាកដដែរ តែគាត់បែរជាប្រព្រឹត្តដាក់ខ្ញុំបែបនេះទៅហើយ។ ក្រោយពេលយើងរៀបការរួច ពេលខ្ញុំចាប់ផ្ដើមលះបង់ខ្លួនឯងក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ គាត់ច្បាស់ជារារាំង និងបៀតបៀនខ្ញុំកាន់តែខ្លាំង ហើយថែមទាំងអាចលែងលះជាមួយខ្ញុំទៀតផង។ តើអាចមានសុភមង្គលអ្វីទៅ ជាមួយមនុស្សដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងស្អប់ព្រះជាម្ចាស់នោះ?

ក្រោយពេលបែកពី វិនពីន ខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្តច្រើនណាស់ ហើយខ្ញុំអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំដោយគ្មានការរឹតត្បិត។ ខ្ញុំគិតអំពីការដែលអាចបានឃើញការលេចមករបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយនេះ ការទទួលយកការសម្អាត និងការប្រោសឲ្យគ្រប់លក្ខណ៍ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងការបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើត ពិតជាព្រះពរដ៏ធំធេងមែន ហើយចិត្តរបស់ខ្ញុំមានអារម្មណ៍ពោរពេញដោយភាពផ្អែមល្ហែម និងអំណរ។ ពេលនេះ ខ្ញុំអាចលះបង់ខ្លួនឯងទាំងស្រុងសម្រាប់ជំនឿ និងភារកិច្ចរបស់ខ្ញុំ។ នេះគឺជាក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ ហើយខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ចេញពីក្រអៅបេះដូង!

ខាង​ដើម៖  ៧៥. ជំងឺរបស់ខ្ញុំគឺជាព្រះពររបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ

បន្ទាប់៖  ៨២. ការឆ្លុះបញ្ចាំងអំពីគំនិត «ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក»

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

Connect with us on Messenger