ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៩)
ចំណុចទីដប់ពីរ៖ កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយកែប្រែឱ្យអ្វីៗទៅជាប្រសើរឡើងវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការញែកដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា (ផ្នែកទីប្រាំពីរ)
មនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ
គោលការណ៍ ដើម្បីដោះស្រាយជាមួយមនុស្សដែលពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវ
ចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ យើងបានបែងចែកវាជាដប់មួយចំណុចសរុប។ ពីមុន យើងបានប្រកបគ្នាអំពីចំណុចទីប្រាំមួយគឺ៖ ការពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវ។ តើចំណុចនេះសំដៅលើអ្វីជាសំខាន់? គឺការដើរល្បួងគេផ្ដេសផ្ដាស និងការពាក់ព័ន្ធក្នុងទំនាក់ទំនងនៃតណ្ហាសាច់ឈាម។ តើមានការប្រកបគ្នាអ្វីខ្លះទាក់ទងនឹងទិដ្ឋភាពនេះ? នៅពេលដែលមនុស្សបែបនេះលេចឡើងនៅក្នុងពួកជំនុំ តើគួរដោះស្រាយជាមួយពួកគេដោយរបៀបណា? តើមានដំណោះស្រាយអ្វីខ្លះ? តើយើងគួរធ្វើមិនដឹងមិនឮ ហើយបណ្ដោយឱ្យវាកើតឡើងដោយមិនពិនិត្យមើល ឬតើយើងគួរដោះស្រាយបញ្ហានេះស្របតាមគោលការណ៍សេចក្ដីពិត? តើយើងគួរគេចវេះ ឬប្រើក្ដីស្រឡាញ់ដើម្បីកែប្រែចិត្តគំនិតអ្នកដែលពាក់ព័ន្ធ? តើយើងគួរប្រកបគ្នាអំពីសេចក្ដីពិតទៅកាន់ពួកគេ ឬព្រមានពួកគេ និងបោសសម្អាតពួកគេចេញ? តើវិធីចាត់ចែងមួយណាដែលសមស្របបំផុត? (ព្រមាន និងរឹតត្បិតអ្នកដែលពាក់ព័ន្ធ។ ប្រសិនបើពួកគេមិនអាចរឹតត្បិតបានទេ ត្រូវបោសសម្អាតពួកគេចេញ។) តើពួកគេគួរត្រូវបានរឹតត្បិតដោយរបៀបណា? តើរឿងនេះងាយស្រួលធ្វើដែរឬទេ? នៅពេលដែលរឿងបែបនេះកើតឡើង ជាទូទៅ វាមិនងាយស្រួលទេក្នុងការរឹតត្បិតអ្នកដែលពាក់ព័ន្ធ។ មនុស្សមួយចំនួនកត់សម្គាល់ឃើញស្ថានការណ៍បែបនេះ ហើយមានអារម្មណ៍ថាវាមិនសមរម្យទេ ប៉ុន្តែពួកគេមានអារម្មណ៍អៀនខ្មាសមិនហ៊ាននិយាយ។ មនុស្សមួយចំនួនអាចបង្ហើបរឿងនេះដោយបញ្ឆិតបញ្ឆៀង ប៉ុន្តែអស់អ្នកដែលពាក់ព័ន្ធមិនប្រាកដថាស្ដាប់ឡើយ។ តើភាពជាមនុស្សរបស់អស់អ្នកដែលអាចដើរល្បួងគេផ្ដេសផ្ដាសបែបនេះ មានលក្ខណៈបែបណា? តើពួកគេជាមនុស្សថ្លៃថ្នូរ និងទៀងត្រង់ដែរឬទេ? តើពួកគេជាមនុស្សដែលមានឥរិយាបថជាពួកបរិសុទ្ធដែរឬទេ? តើពួកគេជាមនុស្សដែលមានសេចក្ដីថ្លៃថ្នូរ និងសេចក្ដីខ្មាសអៀនដែរឬទេ? (មិនមែនទេ។) ប្រសិនបើនរណាម្នាក់គ្រាន់តែក្រើនរំលឹកពួកគេដោយពាក្យពេចន៍ ឬប្រកបគ្នាអំពីសេចក្ដីពិតតាមធម្មតាទៅកាន់ពួកគេ តើវាអាចដោះស្រាយបញ្ហានេះបានដែរឬទេ? វាមិនអាចទេ។ នៅពេលដែលរឿងបែបនេះកើតឡើង មានន័យថា តាមពិតទៅ វាបានសម្ងំនៅក្នុងចិត្តរបស់ពួកគេជាយូរមកហើយ។ នៅចំណុចនោះ តើវាងាយស្រួលគ្រប់គ្រងដែរឬទេ? តើការជួយ និងការប៉ុនប៉ងប្រើក្ដីស្រឡាញ់ដើម្បីកែប្រែចិត្តគំនិតពួកគេ អាចដោះស្រាយបញ្ហានេះបានដែរឬទេ? (មិនអាចទេ។) ដូច្នេះ តើអ្វីជាដំណោះស្រាយដ៏ល្អបំផុត? គឺត្រូវបោសសម្អាតមនុស្សបែបនេះចេញ ត្រូវញែកពួកគេចេញពីអស់អ្នកដែលជឿលើព្រះជាម្ចាស់ដោយស្មោះ និងបំពេញភារកិច្ចរបស់ខ្លួន ហើយមិនត្រូវបណ្ដោយឱ្យពួកគេបន្តរំខាន និងធ្វើបាបអ្នកដទៃទៀតឡើយ។
បច្ចុប្បន្ននេះ នៅក្នុងពួកជំនុំមួយចំនួន ហេតុការណ៍ដែលប្រុសស្រីល្បួងគ្នាទៅមក កំពុងកើតឡើងឥតឈប់ឈរ។ មនុស្សទាំងនេះ ឱ្យតែមានឱកាស គឺល្បួងគ្នាទៅវិញទៅមក ដោយប្រព្រឹត្តខ្លួនយ៉ាងព្រហើនកេរ្តិ៍ជាទីបំផុត និងគ្មានសេចក្ដីខ្មាសអៀនសោះឡើយ។ ខ្ញុំបានឮអំពីបុរសម្នាក់ដែលបានល្បួងស្ត្រីជាច្រើននាក់។ គាត់មិនមែនមានទំនាក់ទំនងស្នេហាត្រឹមត្រូវនោះទេ ប៉ុន្តែគ្រាន់តែល្បួងគេផ្ដេសផ្ដាស និងធ្វើឫកពាស្អិតដាក់ស្ត្រីណាដែលគាត់បានជួបប៉ុណ្ណោះ។ មនុស្សមួយចំនួននិយាយថា៖ «គាត់គ្រាន់តែរាប់អានគ្នាធម្មតាប៉ុណ្ណោះ នោះគ្រាន់តែជារបៀបរាប់អានគ្នារបស់គាត់»។ មនុស្សភាគច្រើនយល់ឃើញថា របៀបរាប់អានគ្នាបែបនោះ មិនបានស្អាងចិត្តទេ គួរឱ្យស្អប់ខ្ពើម និងគួរឱ្យខ្ពើមរអើមណាស់។ តើនេះមិនមែនជាបញ្ហាទេឬ? តើរឿងនេះអាចបញ្ជាក់ថា ទំនាក់ទំនងបែបនេះមិនត្រឹមត្រូវដែរឬទេ? ប្រសិនបើមនុស្សពីរនាក់មានទំនាក់ទំនងស្នេហា មិនត្រឹមតែប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់អ្នកដទៃផងដែរនោះ ពួកគេគួរតែត្រូវបានរឹតត្បិត។ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យមានទំនាក់ទំនងស្នេហានៅក្នុងជីវិតពួកជំនុំឡើយ ជាពិសេសនៅក្នុងពួកជំនុំបំពេញភារកិច្ចពេញម៉ោង ពីព្រោះរឿងនេះប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់អ្នកដទៃ និងនាំផលអាក្រក់ដល់កិច្ចការពួកជំនុំ។ នៅពេលដែលពួកគេអាចស្ងប់ចិត្តបំពេញភារកិច្ចរបស់ខ្លួនបាន ពួកគេអាចត្រឡប់មកបំពេញភារកិច្ចនៅក្នុងពួកជំនុំបំពេញភារកិច្ចពេញម៉ោងវិញបាន។ មនុស្សមួយចំនួនមិនមានទំនាក់ទំនងស្នេហាត្រឹមត្រូវនោះទេ ប៉ុន្តែបែរជាល្បួងគេផ្ដេសផ្ដាស និងធ្វើឫកពាស្អិតដាក់អ្នកដទៃ ដោយលេងសើចនឹងចំណង់តណ្ហា រំខានដល់ជីវិតពួកជំនុំ ប៉ះពាល់ដល់អារម្មណ៍របស់មនុស្ស និងរំខានអ្នកដទៃ។ ស្ថានការណ៍នេះចាត់ទុកជាការរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយគួរតែត្រូវបានដោះស្រាយ និងចាត់ចែងស្របតាមគោលការណ៍។ មនុស្សទាំងនេះគួរតែត្រូវបានញែកចេញ និងបោសសម្អាតចេញជាបន្ទាន់។ តើបញ្ហានេះងាយស្រួលចាត់ចែងដែរឬទេ? មិនគួរអនុញ្ញាតឱ្យនរណាម្នាក់រំខាន និងបង្អាក់ជីវិតពួកជំនុំ និងកិច្ចការរបស់ពួកជំនុំឡើយ ហើយបញ្ហាបែបនេះគួរតែត្រូវបានចាត់ចែងស្របតាមគោលការណ៍។ មនុស្សមួយចំនួននិយាយថា៖ «នៅក្នុងស្ថានការណ៍ដែលថា ប្រសិនបើដោះស្រាយជាមួយពួកគេហើយ នឹងគ្មាននរណាម្នាក់មកបំពេញភារកិច្ចជំនួសពួកគេ នោះមិនអាចដោះស្រាយជាមួយពួកគេបានទេ គួរតែអនុញ្ញាតឱ្យពួកគេបន្តធ្វើ និងល្បួងអ្នកដទៃតាមចិត្តចង់ចុះ។ មិនថាពួកគេល្បួងអ្នកដទៃយ៉ាងណាក៏ដោយ ក៏គួរតែត្រូវបានអនុញ្ញាតដែរ»។ តើដំណាក់របស់ព្រះជាម្ចាស់មានច្បាប់បែបនេះដែរឬទេ? តើមានគោលការណ៍បែបនេះដែរឬទេ នៅក្នុងការប្រកបគ្នានៃការជួបជុំលើកមុន អំពីរបៀបដោះស្រាយជាមួយមនុស្សបែបនេះ? (មិនមានទេ។) នៅពេលជួបប្រទះស្ថានការណ៍បែបនេះ អ្នកដឹកនាំពួកជំនុំ និងអ្នកមើលការខុសត្រូវ ក្លាយជាវង្វេងវង្វាន់ ហើយមិនដឹងថាត្រូវចាត់ចែងពួកគេដោយរបៀបណាឡើយ ដោយបណ្ដោយឱ្យមនុស្សទាំងនេះដើរល្បួងអ្នកដទៃផ្ដេសផ្ដាសនៅក្នុងពួកជំនុំ ដែលធ្វើឱ្យមនុស្សភាគច្រើនមានអារម្មណ៍មិនស្រួល និងមិនបានស្អាងចិត្តឡើយ ដោយមានចិត្តស្អប់ខ្ពើម ប៉ុន្តែមិនហ៊ាននិយាយ ហើយត្រូវតែទ្រាំ។ ពួកអ្នកដឹកនាំ និងពួកអ្នកមើលការខុសត្រូវជឿថា កិច្ចការរបស់ពួកជំនុំ និងដំណាក់របស់ព្រះជាម្ចាស់ មិនអាចខ្វះមនុស្សទាំងនេះបានទេ ហើយថាប្រសិនបើពួកអ្នកល្បួងគេផ្ដេសផ្ដាសទាំងនេះត្រូវបានបណ្ដេញចេញ នោះនឹងខ្វះមនុស្សធ្វើកិច្ចការមិនខាន។ តើតក្កវិជ្ជានេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) តើវាមិនត្រឹមត្រូវត្រង់ណា? (មនុស្សទាំងនេះមិនអាចធ្វើកិច្ចការបានទេ ពួកគេគ្មានចិត្តធ្វើកិច្ចការឡើយ។) ពាក្យនេះនិយាយចំចំណុចហើយ។ តើអ្នករាល់គ្នាគិតថា មនុស្សប្រភេទណាដែលអាចល្បួងគេផ្ដេសផ្ដាសបាន? ពួកគេគ្មានការរឹតត្បិតសោះឡើយ ពួកគេគឺជាពួកអ្នកមិនជឿ ជាពួកអ្នកគ្មានជំនឿ។ មិនមែនត្រឹមតែថាពួកគេមិនស្រឡាញ់សេចក្ដីពិត មិនពេញចិត្តនឹងសេចក្ដីពិត មានសេចក្ដីជំនឿតិចតួច នៅក្មេងខ្ចី និងមានគ្រឹះរាក់កំផែលប៉ុណ្ណោះទេ ពោលគឺវាមិនមែនមានតែប៉ុណ្ណឹងឡើយ។ តើពួកអ្នកគ្មានជំនឿដែលមិនជឿលើព្រះជាម្ចាស់ សុទ្ធតែអាចល្បួងអ្នកដទៃផ្ដេសផ្ដាសបានគ្រប់គ្នាឬ? តើពួកគេសុទ្ធតែអាចប្រព្រឹត្តអំពើអាសអាភាសបានឬ? គឺមានតែមួយផ្នែកប៉ុណ្ណោះ ចំណែកឯមួយចំនួនតូចទៀតនៅតែឱ្យតម្លៃលើសេចក្ដីសុចរិត និងសេចក្ដីថ្លៃថ្នូរ គិតគូរពីកេរ្តិ៍ឈ្មោះ និងមានព្រំដែនសម្រាប់ការប្រព្រឹត្តខ្លួនរបស់ពួកគេ។ អ្នកដែលហៅថាជាពួកអ្នកជឿលើព្រះជាម្ចាស់ទាំងនេះ គឺមិនគ្រាន់បើជាងពួកអ្នកគ្មានជំនឿឡើយ ដូច្នេះ តើវាហួសហេតុទេក្នុងការហៅពួកគេថាជាពួកអ្នកគ្មានជំនឿ និងជាពួកអ្នកមិនជឿនោះ? (មិនហួសហេតទេ។) ទោះបីជាមនុស្សទាំងនេះអាចធ្វើការដោយកម្លាំងខ្លះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ បើនិយាយពីធម្មជាតិរបស់ពួកគេវិញ ពួកគេគឺជាពួកអ្នកមិនជឿ និងជាពួកអ្នកគ្មានជំនឿ។ ពួកគេគ្មានគោលការណ៍នៅក្នុងអ្វីគ្រប់យ៉ាងដែលពួកគេធ្វើឡើយ ហើយប្រព្រឹត្តខ្លួនដោយគ្មានព្រំដែន គ្មានសេចក្ដីថ្លៃថ្នូរ និងគ្មានសេចក្ដីខ្មាសអៀនសោះ។ ពួកអ្នកគ្មានជំនឿថែមទាំងប្រកាន់គំនិតថា «មនុស្សរស់ត្រូវការមុខមាត់ ដូចដើមឈើរស់ត្រូវការសំបក» ប៉ុន្តែមនុស្សទាំងនេះមិនទាំងចង់រក្សាមុខមាត់ខ្លួនផង តើពួកគេអាចចង់បានសេចក្ដីពិតបានដែរឬទេ? តើពួកគេអាចលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះបានដែរឬទេ? តើពួកគេអាចប្រព្រឹត្តស្របតាមគោលការណ៍នៅក្នុងភារកិច្ចរបស់ខ្លួនបានដែរឬទេ? ប្រាកដជាមិនបានឡើយ! ពួកគេគ្រាន់តែកំពុងធ្វើការដោយកម្លាំងសុទ្ធសាធ។ មនុស្សដែលធ្វើការដោយកម្លាំង គ្មានសេចក្ដីពិតសោះឡើយ ការធ្វើការដោយកម្លាំងរបស់ពួកគេ បង្អាក់និងរំខាន ហើយមិនបំពេញតាមស្តង់ដានៃការបំពេញភារកិច្ចឡើយ។ ទោះបីជាមើលពីខាងក្រៅ ពួកគេហាក់ដូចជាកំពុងបំពេញភារកិច្ចក៏ដោយ មិនថាអ្នកប្រកបគ្នាអំពីគោលការណ៍ជាមួយពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេមិនស្ដាប់សោះឡើយ។ ពួកគេធ្វើអ្វីៗតាមតែចិត្តចង់ ដោយមិនប្រព្រឹត្តស្របតាមគោលការណ៍ឡើយ។ នៅពេលដែលមនុស្សទាំងនេះស្ដាប់សេចក្ដីអធិប្បាយ ឥរិយាបថ និងការសម្ដែងចេញរបស់ពួកគេ លាតត្រដាងពីសារជាតិជាអ្នកមិនជឿរបស់ខ្លួន។ អ្នកដទៃអង្គុយត្រង់ខ្លួន ស្ដាប់យ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ ប៉ុន្តែតើមនុស្សទាំងនេះស្ដាប់ដោយរបៀបណា? អ្នកខ្លះក្រាបលើតុ ពត់ខ្លួន និងស្ងាបញឹកញាប់ អង្គុយមិនបានត្រឹមត្រូវ មើលទៅគ្មានលក្ខណៈជាមនុស្សសោះ។ តើមនុស្សដែលមើលទៅគ្មានលក្ខណៈជាមនុស្ស គឺជាមនុស្សប្រភេទណា? ពួកគេមិនមែនជាមនុស្សទាល់តែសោះ ពួកគេគ្រាន់តែពាក់ស្បែកជាមនុស្សប៉ុណ្ណោះ។ តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណា នៅពេលឃើញក្រុម «សត្វល្មូន» ទាំងនេះមកស្ដាប់សេចក្ដីអធិប្បាយ? តើវាមិនធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលទេឬ? (ពិតជាមិនស្រួលមែន។) ក្រុមនេះមើលទៅគួរឱ្យខ្ពើមរអើម ហើយការឃើញពួកគេ ធ្វើឱ្យខ្ញុំមិនចង់និយាយឡើយ។ ខ្ញុំនិយាយទៅកាន់មនុស្ស មិនមែននិយាយទៅកាន់ «សត្វល្មូន» នោះទេ។ តើសភាពរបស់មនុស្សដែលស្ដាប់សេចក្ដីអធិប្បាយតាមរបៀបនេះ អាចប្រសើរឡើងនៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួនបានដែរឬទេ? តើសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់អាចកើនឡើង ហើយតើពួកគេអាចយល់សេចក្ដីពិតកាន់តែច្បាស់លាស់ នៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួនកាន់តែច្រើនបានដែរឬទេ? ប្រាកដជាមិនអាចទេ! មិនថាពួកគេបំពេញភារកិច្ចរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏កម្ពស់ និងសេចក្ដីជំនឿរបស់ពួកគេមិនលូតលាស់ដែរ។ ពួកគេធ្វើអ្វីៗគ្រប់យ៉ាងយ៉ាងព្រហើន និងគ្មានការរឹតត្បិត ដោយរស់នៅក្នុងតណ្ហាសាច់ឈាម និងនិស្ស័យពុករលួយ ដោយគ្មានការដឹងខ្លួន គ្មានការបន្ទោសខ្លួនឯង ឬគ្មានការប្រៀនប្រដៅឡើយ ពោលគឺ ពួកគេមិនមែនជាមនុស្សទេ! ចំពោះមនុស្សបែបនេះ ដោយមិនទាំងគិតដល់រឿងអាក្រក់ផ្សេងទៀតដែលពួកគេបានធ្វើ ឬទង្វើរបស់ពួកគេដែលបានបំពានគោលការណ៍ និងប៉ះពាល់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ផង គឺគ្រាន់តែការពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវតែមួយមុខ ក៏គ្រប់គ្រាន់នឹងបោសសម្អាតពួកគេចេញដែរ។ នេះគឺជារឿងដ៏សាមញ្ញបំផុត ប៉ុន្តែអ្នកដឹកនាំពួកជំនុំ និងអ្នកមើលការខុសត្រូវ បែរជាអេះក្បាល ដោយមិនដឹងថាត្រូវចាត់ចែងរឿងនេះដោយរបៀបណាទៅវិញ។ បញ្ហានេះងាយស្រួលចាត់ចែងណាស់ វាត្រូវបានប្រកបគ្នាពីមុនមកហើយ។ វាគួរតែត្រូវបានចាត់ចែងស្របតាមគោលការណ៍ ហើយអស់អ្នកដែលគួរត្រូវបោសសម្អាតចេញ គឺត្រូវតែបោសសម្អាតចេញ។ ចូរកុំគិតច្រើនពេកអី កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់នឹងដំណើរការទៅបានយ៉ាងល្អ បើទោះបីជាគ្មានពួកគេក៏ដោយ។ ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សគួរធ្វើដូចម្តេច ប្រសិនបើពួកគេឃើញលាមកឆ្កែ ឬលាមកនៅកន្លែងណាមួយ? ពួកគេគួរតែសម្អាតវាចេញជាបន្ទាន់ ប្រសិនបើមិនបានសម្អាតវាទាន់ពេលទេ សត្វរុយ និងមូសនឹងមកដល់ភ្លាមៗ ហើយមនុស្សមិនអាចមានសេចក្ដីសុខសាន្តនៅកន្លែងបែបនោះឡើយ។ តើខ្ញុំមានន័យថាម៉េចចំពោះរឿងទាំងអស់នេះ? (ដើម្បីដោះស្រាយបញ្ហានៃការពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវនៅក្នុងពួកជំនុំ ជំហានដំបូងគឺត្រូវជម្រះពួកអ្នកមិនជឿដ៏ថោកទាបទាំងនោះចេញ។) ត្រូវហើយ នោះគឺជាអ្វីដែលខ្ញុំចង់មានន័យ។ ប្រសិនបើមានមនុស្សប្រភេទដូច «លាមកឆ្កែស្អុយ» នៅក្នុងពួកជំនុំ ពួកគេប្រាកដជាទាក់ទាញ «សត្វរុយស្អុយ» មកមិនខាន។ តាមរយៈការជម្រះលាមកឆ្កែស្អុយចេញ សត្វរុយទាំងនេះនឹងបាត់ទៅវិញដោយឯកឯង។ តើនេះមិនមែនជាដំណោះស្រាយទេឬ? តើដំណោះស្រាយនេះសមហេតុផលដែរឬទេ? (សមហេតុផលហើយ។) នៅពេលដោះស្រាយបញ្ហាបែបនេះ អ្នកដឹកនាំពួកជំនុំមួយចំនួនតែងតែមានកង្វល់ ដោយនិយាយថា៖ «ប្រសិនបើយើងជម្រះអស់អ្នកដែលដើរល្បួងគេផ្ដេសផ្ដាសចេញ តើនឹងមិនធ្វើឱ្យខ្វះមនុស្សធ្វើការទេឬ?» តើនេះជាបញ្ហាដែរឬទេ? (មិនមែនទេ។) ហេតុអ្វីបានមិនមែនជាបញ្ហា? តើកង្វល់នេះគួរត្រូវបានដោះស្រាយដោយរបៀបណា? ទោះបីជាកង្វល់របស់ពួកគេសមហេតុផល ដោយគិតថា ប្រសិនបើសេចក្ដីតម្រូវចំពោះមនុស្សតឹងរ៉ឹងពេក ហើយអស់អ្នកដែលអាចធ្វើកិច្ចការបានត្រូវបានជម្រះចេញ នោះនឹងគ្មាននរណាម្នាក់ធ្វើកិច្ចការផ្នែកនេះក៏ដោយ តើវាមិនងាយស្រួលទេឬ ក្នុងការស្វែងរកមនុស្សដែលមានសមត្ថភាពផ្សេងទៀតមកជំនួសពួកគេ? (ងាយស្រួលមែន។) ហើយទោះបីជាមិនអាចរកអ្នកជំនួសបានភ្លាមៗក៏ដោយ ក៏កិច្ចការនោះអាចធ្វើនៅពេលក្រោយបានដែរ នៅពេលដែលរកឃើញមនុស្សស័ក្ដិសម ដោយមិនប៉ះពាល់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ដំណាក់របស់ព្រះជាម្ចាស់មិនចិញ្ចឹមមនុស្សទាំងនេះ ដែលមិនធ្វើកិច្ចការត្រឹមត្រូវឡើយ។ ប្រសិនបើពួកគេអាចប្រែចិត្ត និងយកចិត្តទុកដាក់នឹងកិច្ចការត្រឹមត្រូវ នោះពួកគេអាចបន្តធ្វើកិច្ចការបាន ប៉ុន្តែប្រសិនបើពួកគេមិនប្រែចិត្តទេ នោះពួកគេគួរតែត្រូវបានដកសិទ្ធិពីការបំពេញភារកិច្ចរបស់ខ្លួន។ តើនេះមិនមែនជារឿងត្រឹមត្រូវ និងសមហេតុផលទេឬ? ដំណាក់របស់ព្រះជាម្ចាស់សុខចិត្តចិញ្ចឹមពួកអ្នកធ្វើការដោយកម្លាំង ជាជាងចិញ្ចឹមពួកអ្នកមិនជឿ និងពួកអ្នកគ្មានជំនឿ។ តើគោលការណ៍នេះត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវ។) តើវាត្រឹមត្រូវបែបណា? ទោះបីជាអ្នកធ្វើការដោយកម្លាំងមិនដេញតាមសេចក្ដីពិតក៏ដោយ ក៏ពួកគេនៅតែមានឆន្ទៈធ្វើការដោយកម្លាំងដែរ ហើយពួកគេអាចបញ្ចេញកម្លាំងដោយមានច្បាប់ទម្លាប់ និងដោយស្តាប់បង្គាប់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ទោះបីជាពួកគេគ្រាន់តែបញ្ចេញកម្លាំងក៏ដោយ ក៏ពួកគេមានភាពស្មោះត្រង់ដែរ ហើយយ៉ាងហោចណាស់ ក៏ពួកគេមិនមែនជាមនុស្សអាក្រក់ឡើយ។ ទាំងនេះគឺជាប្រភេទមនុស្សដែលដំណាក់របស់ព្រះជាម្ចាស់រក្សាទុក។ ប្រសិនបើមនុស្សម្នាក់អាក្រក់ និងថោកទាប តែងតែប្រព្រឹត្តតាមផ្លូវវៀចវេរ និងទុច្ចរិត ហើយប្រសិនបើពួកគេមិនទាំងអាចធ្វើការដោយកម្លាំងបានល្អ និងមិនត្រូវតាមស្តង់ដាជាអ្នកធ្វើការដោយកម្លាំងផងនោះ នោះមនុស្សបែបនេះគឺជាពួកអ្នកគ្មានជំនឿ ហើយដំណាក់របស់ព្រះជាម្ចាស់មិនទុកពួកគេឡើយ។ ហេតុនេះ មិនមែនដោយសារតែពួកគេជាអ្នកធ្វើការដោយកម្លាំង ទើបដំណាក់របស់ព្រះជាម្ចាស់មិនទុកពួកគេនោះទេ ប៉ុន្តែដោយសារតែការធ្វើការដោយកម្លាំងរបស់ពួកគេមិនត្រូវតាមស្តង់ដា ព្រោះសូម្បីតែការធ្វើការដោយកម្លាំងរបស់ពួកគេ ក៏មានលក្ខណៈដោះដូរគ្នាដែរ។ គឺដោយសារពួកគេតែងតែចង់ប្រព្រឹត្តអំពើអាក្រក់ និងបង្កការរំខាន តែងតែព្យាយាមប្រព្រឹត្តតាមផ្លូវវៀចវេរ និងទុច្ចរិតនៅក្នុងពួកជំនុំ ដោយធ្វើឱ្យខូចសណ្ដាប់ធ្នាប់នៃកិច្ចការរបស់ពួកជំនុំ និងប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់មនុស្សភាគច្រើន។ ពួកគេធ្វើឱ្យខូចបរិយាកាសរបស់ពួកជំនុំ និងធ្វើឱ្យអាប់ឱនដល់ព្រះនាមរបស់ព្រះជាម្ចាស់ ពោលគឺ គ្មានអ្វីដែលសមរម្យជាងការជម្រះពួកគេចេញឡើយ។ នៅកន្លែងណាដែលមានមនុស្សប្រភេទដូច «លាមកឆ្កែស្អុយ» ពួកគេគួរតែត្រូវបានជម្រះចេញជាបន្ទាន់។ តើយល់ហើយឬនៅ? (យល់ហើយ។)
XI. ការប្រើឧបាយកល និងការរំខានដល់ការបោះឆ្នោត
ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នាអំពីភារកិច្ចទីដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគឺ៖ «ចំណុចទីដប់ពីរ៖ កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយកែប្រែឱ្យអ្វីៗទៅជាប្រសើរឡើងវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការញែកដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា»។ តើបញ្ហាទីដប់មួយនៃភារកិច្ចទីដប់ពីរនេះគឺជាអ្វី? (ការប្រើឧបាយកល និងការរំខានដល់ការបោះឆ្នោត។) យើងធ្លាប់បានប្រកបគ្នាខ្លះៗពីមុនរួចមកហើយ អំពីការប្រើឧបាយកល និងការរំខានដល់ការបោះឆ្នោត នៅពេលប្រកបគ្នា និងបើកសម្ដែងអំពីការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើមែនទេ? (មែនហើយ។) ការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ រួមបញ្ចូលទាំងច្បាប់សម្រាប់ការបោះឆ្នោតជ្រើសរើសនៅក្នុងពួកជំនុំផងដែរ។ ការបោះឆ្នោតអាចធ្វើឡើងមួយឆ្នាំម្ដង ហើយក៏អាចមានការបោះឆ្នោតដែលធ្វើឡើងក្រោមកាលៈទេសៈពិសេសមួយចំនួនផងដែរ។ គ្រប់ពួកជំនុំទាំងអស់ គួរតែជ្រើសរើសពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនៅគ្រប់ជាន់ថ្នាក់ ស្របតាមគោលការណ៍ដែលបានកំណត់ដោយដំណាក់របស់ព្រះជាម្ចាស់។ ច្បាប់សម្រាប់ការបោះឆ្នោត រួមមានគោលការណ៍នៃការបោះឆ្នោត លក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើសមនុស្ស វិធីសាស្ត្រ និងរបៀបនៃការបោះឆ្នោត និងចំណុចដែលត្រូវយកចិត្តទុកដាក់ផ្សេងៗ ដែលបងប្អូនប្រុសស្រីត្រូវដឹងក្នុងអំឡុងពេលបោះឆ្នោត។ ជាការពិតណាស់ មុនពេលបោះឆ្នោតម្ដងៗ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនៅគ្រប់ជាន់ថ្នាក់ គួរតែប្រកបគ្នាអំពីគ្រប់ទិដ្ឋភាពនៃគោលការណ៍បោះឆ្នោត ដើម្បីធានាថា រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់អាចយល់ច្បាស់អំពីរឿងទាំងនេះ។ តាមរបៀបនេះ លទ្ធផលនៃការបោះឆ្នោតនឹងកាន់តែប្រសើរ។ នៅថ្ងៃនេះ យើងនឹងមិនប្រកបគ្នាអំពីសេចក្ដីលម្អិតនៃការបោះឆ្នោតទេ ប្រធានបទសំខាន់នៃការប្រកបគ្នានៅថ្ងៃនេះ គឺការបង្ហាញចេញខ្លះៗនៃការប្រើឧបាយកល និងការរំខានដល់ការបោះឆ្នោត។
ក. ការបង្ហាញចេញនៃការប្រើឧបាយកល និងការរំខានដល់ការបោះឆ្នោត
ការបោះឆ្នោតជ្រើសរើសនៅក្នុងពួកជំនុំ ត្រូវតែអនុវត្តតាមគោលការណ៍បោះឆ្នោតដែលកំណត់ដោយដំណាក់របស់ព្រះជាម្ចាស់យ៉ាងតឹងរ៉ឹង ដើម្បីជ្រើសរើសបេក្ខជនដែលស័ក្តិសមបំផុតធ្វើជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ ប្រសិនបើគោលការណ៍បោះឆ្នោតត្រូវបានបំពាន ហើយប្រើប្រាស់វិធីសាស្ត្របោះឆ្នោតផ្សេងទៀត នេះគឺជាទង្វើរបស់ពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ។ ដំណាក់របស់ព្រះជាម្ចាស់ត្រូវតែហាមឃាត់ការបំពានបែបនេះ ហើយស៊ើបអង្កេត និងដោះស្រាយជាមួយបុគ្គលសំខាន់ៗដែលបានប្រើឧបាយកលលើការបោះឆ្នោត។ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសនៅក្នុងពួកជំនុំ មនុស្សផ្សេងៗនឹងត្រូវបានបើកសម្ដែង ហើយចិត្តគំនិតផ្សេងៗរបស់មនុស្សក៏នឹងត្រូវបានលាតត្រដាងផងដែរ។ មនុស្សមួយចំនួនប្រើល្បិចកលស្មោកគ្រោកជាច្រើននៅពីក្រោយខ្នង ដើម្បីឱ្យខ្លួនឯងជាប់ឆ្នោតជាអ្នកដឹកនាំ ឬដើម្បីឱ្យមនុស្សដែលមានប្រយោជន៍សម្រាប់ពួកគេជាប់ឆ្នោត។ ឧទាហរណ៍៖ មនុស្សមួយចំនួនខ្លាចថា អស់អ្នកដែលដេញតាមសេចក្ដីពិតនឹងជាប់ឆ្នោតជាអ្នកដឹកនាំ ហើយគំរាមកំហែងដល់ឋានៈរបស់ពួកគេ ហេតុដូច្នេះ ពួកគេធ្វើអស់ពីសមត្ថភាពដើម្បីធ្វើការជំនុំជម្រះលើមនុស្សទាំងនេះនៅពីក្រោយខ្នង អំពីភាពទន់ខ្សោយដែលពួកគេបានបង្ហាញ និងកំហុសដែលពួកគេបានប្រព្រឹត្ត ដោយថ្កោលទោសពួកគេថា ក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត មាននិស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទ ជាដើម ដែលទាំងអស់នេះគឺក្នុងប៉ុនប៉ងធ្វើឱ្យពួកគេចាញ់ឆ្នោត។ អ្នកផ្សេងទៀត ដើម្បីឱ្យជាប់ឆ្នោតជាអ្នកដឹកនាំ បានទិញរបស់ល្អៗដើម្បីសូកប៉ាន់មនុស្សក្នុងអំឡុងពេលបោះឆ្នោត ឬធ្វើការសន្យាដោយប្រើពាក្យពេចន៍ពីរោះស្ដាប់ ហើយថែមទាំងប្រើមធ្យោបាយផ្សេងៗដើម្បីញុះញង់ និងអុចអាលអ្នកដទៃថាគួរបោះឆ្នោតឱ្យនរណា ឬមិនបោះឆ្នោតឱ្យនរណា។ មិនថាពួកគេប្រើមធ្យោបាយ និងវិធីសាស្ត្រអ្វីនោះទេ គឺសុទ្ធតែដើម្បីប្រើឧបាយកលលើការបោះឆ្នោត និងបង្វែរលទ្ធផលនៃការបោះឆ្នោត។ ទោះបីជាពួកជំនុំបានប្រកបគ្នាម្ដងហើយម្ដងទៀតអំពីគោលការណ៍នៃការបោះឆ្នោត ដូចជាការជ្រើសរើសអ្នកដែលមានភាពជាមនុស្សល្អ អ្នកដែលដេញតាមសេចក្ដីពិត និងអ្នកដែលអាចដឹកនាំបងប្អូនប្រុសស្រីឱ្យបំពេញភារកិច្ចរបស់ខ្លួនជាធម្មតា អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាធម្មតា ចូលទៅក្នុងតថភាពនៃសេចក្ដីពិត និងគោលការណ៍ផ្សេងទៀតបែបនេះក៏ដោយ ក៏មនុស្សទាំងនេះមិនស្ដាប់ឡើយ ហើយចង់ប្រើល្បិចកលស្មោកគ្រោក។ តើការប្រើល្បិចកលស្មោកគ្រោកមានន័យដូចម្តេច? មានន័យថា ពួកគេតែងតែចង់លួចបន្លំ។ ពួកគេមិនដែលវាយតម្លៃជាចំហថា នរណាល្អ និងនរណាមិនល្អឡើយ ដោយតែងតែចង់ប្រើល្បិចកលស្មោកគ្រោក និងប្រើឧបាយកល ព្រមទាំងល្បិចកលដ៏អាក្រក់នៅពីក្រោយខ្នង។ ពួកគេថែមទាំងឃុបឃិតគ្នានៅពីក្រោយខ្នងថា គួរជ្រើសរើសនរណា និងមិនគួរបោះឆ្នោតរើសនរណា ដោយព្យាយាមឱ្យមនុស្សគ្រប់គ្នាឈានដល់ការឯកភាពមួយ។ តើទាំងនេះមិនមែនជាល្បិចកលស្មោកគ្រោកទេឬ? តើនេះមិនមែនជាការលួចបន្លំទេឬ? (មែនហើយ។) តើនេះជាការការពារការបោះឆ្នោតក្នុងលក្ខណៈបើកចំហ និងស្មោះត្រង់ ស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ? ទេ មិនមែនទេ គឺពួកគេកំពុងប្រើឧបាយកល និងមធ្យោបាយរបស់មនុស្ស ក្នុងការប៉ុនប៉ងយ៉ាងគឃ្លើនដើម្បីប្រើឧបាយកលលើការបោះឆ្នោត។ តើគោលបំណងរបស់ពួកគេក្នុងការប្រើឧបាយកលលើការបោះឆ្នោតគឺជាអ្វី? ពួកគេចង់គ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត និងចង់ឱ្យខ្លួនឯងជាប់ឆ្នោត ហើយបើពួកគេមិនអាចជាប់ឆ្នោតទេ នោះពួកគេចង់កំណត់ថាអ្នកណាត្រូវជាប់ឆ្នោត ដូច្នេះទើបពួកគេប្រើល្បិចកលស្មោកគ្រោកនៅពីក្រោយខ្នង។ ពួកគេមិនបង្ហាញការគិតគូរដល់កិច្ចការពួកជំនុំ ឬការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីឡើយ។ ពួកគេមិនគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ឬផលប្រយោជន៍របស់បងប្អូនប្រុសស្រីឡើយ គឺពួកគេគិតគូរតែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ នៅពេលការបោះឆ្នោតកើតមានឡើង ចេតនា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ គឺជាអាទិភាពចម្បង។ ដូច្នេះ តើហេតុអ្វីបានជាពួកគេចង់ប្រើឧបាយកលលើការបោះឆ្នោត? ប្រសិនបើនរណាម្នាក់ពិតជាចង់នាំបងប្អូនប្រុសស្រីមកចំពោះព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតមែន តើពួកគេនឹងធ្វើបែបនេះដែរឬទេ? តើពួកគេនឹងមានមហិច្ឆតាបែបនេះដែរឬទេ? តើពួកគេនឹងបង្ហាញឥរិយាបថបែបនេះដែរឬទេ? អត់ទេ ពួកគេនឹងមិនធ្វើទេ។ មានតែអស់អ្នកដែលមានបំណងទុច្ចរិត មហិច្ឆតា និងបំណងប្រាថ្នា ដែលចង់ប្រើឧបាយកលលើការបោះឆ្នោតរបស់ពួកជំនុំប៉ុណ្ណោះ ទើបធ្វើបែបនេះ។ នៅក្នុងពួកជំនុំ ពួកគេអូសទាញមនុស្សមួយចំនួនដែលចុះសម្រុងយ៉ាងល្អនឹងពួកគេ ដែលមានទស្សនៈដូចពួកគេ និងមានបំណងព្រមទាំងគោលដៅដូចគ្នា ហើយថែមទាំងអូសទាញមនុស្សមួយចំនួនដែលជាធម្មតាទន់ខ្សោយ មិនសូវដេញតាមសេចក្ដីពិត ហើយវង្វេងវង្វាន់ អវិជ្ជា និងងាយនឹងត្រូវគេបញ្ចុះបញ្ចូល និងបោកប្រាស់ ដើម្បីបង្កើតជាកម្លាំងមួយមករំខានដល់កិច្ចការបោះឆ្នោតរបស់ពួកជំនុំ។ គោលបំណងរបស់ពួកគេក្នុងការប្រឆាំងនឹងពួកជំនុំ គឺចង់ឱ្យខ្លួនជាប់ឆ្នោត ដើម្បីឱ្យពួកគេមានសិទ្ធិសម្រេចចុងក្រោយលើលទ្ធផលនៃការបោះឆ្នោត។ ពួកគេចង់បោះឆ្នោតឱ្យមនុស្សដែលពួកគេបានកំណត់ទុក ជាមនុស្សដែលមានប្រយោជន៍សម្រាប់ពួកគេ។ ប្រសិនបើមនុស្សទាំងនេះជាប់ឆ្នោត នោះមានន័យថា ឧបាយកលរបស់ពួកគេបានសម្រេចហើយ។ តើលទ្ធផលនៃការបោះឆ្នោតបែបនេះ ត្រឹមត្រូវ ឬមិនត្រឹមត្រូវ? (មិនត្រឹមត្រូវទេ។) វាប្រាកដជាមិនត្រឹមត្រូវហើយ។ អស់អ្នកដែលជាប់ឆ្នោតតាមរយៈការបោះឆ្នោតដែលត្រូវបានមនុស្សអាក្រក់ប្រើឧបាយកល ប្រាកដជាមានប្រយោជន៍សម្រាប់មនុស្សអាក្រក់មិនខាន។ ហេតុអ្វីបានជាពួកគេមានប្រយោជន៍សម្រាប់មនុស្សអាក្រក់ទាំងនេះ? ពីព្រោះមនុស្សអាក្រក់អាចប្រព្រឹត្តតាមទំនើងចិត្ត និងយ៉ាងព្រហើន ហើយធ្វើអ្វីតាមអំពើចិត្តនៅក្នុងពួកជំនុំ ដោយគ្មាននរណាម្នាក់ហ៊ានបើកសម្ដែង ឬរឹតត្បិតពួកគេឡើយ។ ពួកគេនឹងមិនត្រូវបានបោសសម្អាតចេញទេ ខណៈដែលអស់អ្នកដែលដេញតាមសេចក្ដីពិត នឹងត្រូវពួកគេដកចេញ និងគាបសង្កត់ ហើយពួកជំនុំនឹងក្លាយជាកន្លែងរបស់ពួកមនុស្សអាក្រក់។ ច្បាស់ណាស់ថា លទ្ធផលចុងក្រោយនៃការបោះឆ្នោតដែលត្រូវបានមនុស្សអាក្រក់ប្រើឧបាយកល គឺប្រាកដជាមិនត្រឹមត្រូវឡើយ វាប្រាកដជាផ្ទុយនឹងមតិភាគច្រើន និងបំពានគោលការណ៍។ អ្នកដឹកនាំពួកជំនុំ និងបងប្អូនប្រុសស្រី គួរតែដឹងខ្លួន និងប្រុងប្រយ័ត្នចំពោះរាល់ឥរិយាបថ និងទង្វើរបស់មនុស្សទាំងនេះក្នុងអំឡុងពេលបោះឆ្នោត។ ពួកគេមិនគួរវង្វេងវង្វាន់ចំពោះរឿងនេះឡើយ។ នៅពេលដែលរកឃើញសញ្ញានៃការប្រើឧបាយកល និងការរំខានដល់ការបោះឆ្នោត ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីរឹតត្បិតអ្នកដែលពាក់ព័ន្ធ ហើយប្រសិនបើមនុស្សទាំងនេះមិនអាចរឹតត្បិតបានទេ ពួកគេគួរតែត្រូវបានញែកចេញ។ មនុស្សទាំងនេះមានភាពគឃ្លើនជាពិសេស គ្មានការរឹតត្បិត និងពិបាកគ្រប់គ្រងណាស់។ ដើម្បីរំខានដល់ការបោះឆ្នោត និងប្រើឧបាយកលលើលទ្ធផល ពួកគេប្រាកដជានឹងប្រើល្បិចកលស្មោកគ្រោកនៅពីក្រោយខ្នងមិនខាន ដោយនិយាយ និងធ្វើរឿងជាច្រើន។ តើគួរធ្វើដូចម្តេចចំពោះរឿងនេះ? រឿងនេះងាយស្រួលចាត់ចែងទេ។ ប្រសិនបើអ្នកដឹកនាំពួកជំនុំរកឃើញបញ្ហានេះ ពួកគេគួរតែលាតត្រដាង និងធ្វើឱ្យរឿងនេះដឹងឭជាសាធារណៈ ដោយឱ្យបងប្អូនប្រុសស្រីប្រកបគ្នាអំពីភាពធ្ងន់ធ្ងរ និងផលវិបាកនៃរឿងនេះ និងអំពីថា តើសារជាតិនៃទង្វើបែបនេះគឺជាអ្វី។ នៅទីបំផុត ពួកគេគួរតែចាត់វិធានការជាក់លាក់។ តើគួរចាត់វិធានការអ្វីខ្លះ? នរណាក៏ដោយដែលតែងតែប្រើល្បិចកលស្មោកគ្រោកនៅពីក្រោយខ្នង និងប៉ុនប៉ងប្រើឧបាយកល និងរំខានដល់ការបោះឆ្នោត គួរតែត្រូវបានដោះស្រាយជាមួយដោយមិនយោគយល់ ហើយត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងការបោះឆ្នោតឡើយ។ តើនេះមានន័យដូចម្តេច? មានន័យថាសន្លឹកឆ្នោតរបស់ពួកគេមិនត្រូវបានរាប់បញ្ចូលទេ។ មិនថាមានមនុស្សប៉ុន្មាននាក់ដែលពាក់ព័ន្ធក្នុងការប្រើឧបាយកល និងការរំខានដល់ការបោះឆ្នោតនោះទេ សន្លឹកឆ្នោតរបស់ពួកគេគួរតែត្រូវបានចាត់ទុកជាមោឃៈទាំងអស់ ហើយពួកគេមិនគួរត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការបោះឆ្នោតឡើយ។ មិនថានរណាដែលត្រូវបានបំភាន់ និងត្រូវបានរំខាននោះទេ ឱ្យតែពួកគេបានធ្វើតាមរបៀបរបស់អ្នកដែលប្រើឧបាយកលលើការបោះឆ្នោត និងបានឃុបឃិតជាមួយមនុស្សអាក្រក់ ដើម្បីបំផ្លាញការបោះឆ្នោតដោយចេតនា រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែក្រោកឈរឡើងដើម្បីបើកសម្ដែងពួកគេ និងដកសិទ្ធិរបស់ពួកគេមិនឱ្យចូលរួមការបោះឆ្នោត។ តើនេះជាវិធីសាស្រ្តល្អដែរឬទេ? (ល្អណាស់។) នេះត្រូវបានធ្វើឡើងដើម្បីការពារកិច្ចការរបស់ពួកជំនុំទាំងស្រុង។ តើអ្នកមិនបដិសេធមិនទទួលយកការរឹតត្បិតទេឬ? តើអ្នកមិនបដិសេធមិនទទួលយកគោលការណ៍បោះឆ្នោតនៃដំណាក់របស់ព្រះជាម្ចាស់ទេឬ? តើអ្នកមិនចង់មានសិទ្ធិសម្រេចចុងក្រោយទេឬ? ប្រសិនបើអ្នកមានសិទ្ធិសម្រេចចុងក្រោយ នោះគឺសាតាំងហើយដែលមានសិទ្ធិសម្រេចចុងក្រោយ។ ដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំ គឺជាកន្លែងដែលសេចក្ដីពិតស្ថិតនៅជាធំ មិនអាចអនុញ្ញាតឱ្យសាតាំងសម្រេចការបានឡើយ។ ដោយសារតែអ្នកចង់ប្រើល្បិចកលស្មោកគ្រោក និងមានចេតនាប្រើឧបាយកល ព្រមទាំងរំខានដល់ការបោះឆ្នោតនេះ គឺងាយស្រួលទេ សន្លឹកឆ្នោតរបស់អ្នកត្រូវបានចាត់ទុកជាមោឃៈ។ មិនថាអ្នកបោះឆ្នោតឱ្យនរណាក៏ដោយ ក៏គ្មានប្រយោជន៍ដែរ គ្មានមតិយោបល់ណាមួយរបស់អ្នកដែលមានសុពលភាពឡើយ ហើយទោះបីជាអ្នកទទូចចង់ឈរឈ្មោះបោះឆ្នោតក៏ដោយ ក៏មិនបានការដែរ។ ដំណាក់របស់ព្រះជាម្ចាស់មានបញ្ញត្តិរដ្ឋបាល និងបទប្បញ្ញត្តិ ហើយសិទ្ធិចូលរួមរបស់អ្នកក្នុងការបោះឆ្នោតនេះ ត្រូវបានដកហូត និងលុបចោលហើយ។ ប្រសិនបើអ្នកនៅតែរំខានដល់ការបោះឆ្នោតលើកក្រោយទៀត នោះសិទ្ធិចូលរួមរបស់អ្នកក្នុងការបោះឆ្នោត នឹងត្រូវបានដកហូតទាំងស្រុង ហើយអ្នកនឹងលែងត្រូវបានអនុញ្ញាតឱ្យចូលរួមទៀតហើយ។ នេះជារបៀបដែលអ្នកដែលតែងតែប្រើល្បិចកលស្មោកគ្រោក ដើម្បីប្រើឧបាយកល និងរំខានដល់ការបោះឆ្នោត គួរតែត្រូវបានចាត់ចែង។
រាល់ពេលដែលមានការបោះឆ្នោតនៅក្នុងពួកជំនុំ តែងតែមានមនុស្សអាក្រក់មួយចំនួនចាប់ផ្ដើមនៅមិនស្ងៀម៖ អ្នកខ្លះប្រើល្បិចកលស្មោកគ្រោកនៅពីក្រោយខ្នង ក្នុងការប៉ុនប៉ងប្រើឧបាយកល និងរំខានដល់ការបោះឆ្នោត ខណៈដែលអ្នកខ្លះប្រញាប់ប្រញាល់ប្រកួតប្រជែងជាចំហជាមួយអ្នកដទៃ ដើម្បីយកតំណែងជាអ្នកដឹកនាំ ដោយជជែកវែកញែករហូតដល់មុខឡើងក្រហម ហើយថែមទាំងឈានដល់ការប្រើកំហឹង ប្រើហិង្សា និងវាយតប់គ្នាទៀតផង ដែលធ្វើឱ្យបងប្អូនប្រុសស្រីមិនដឹងថាត្រូវស្ដាប់នរណា ឬបោះឆ្នោតឱ្យនរណាឡើយ។ ក្នុងអំឡុងពេលបោះឆ្នោត ពួកគេមិនប្រកបគ្នាអំពីសេចក្ដីពិតទេ ហើយពួកគេក៏មិនពិភាក្សាអំពីរបៀបដែលពួកគេនឹងអនុវត្តកិច្ចការរបស់ពួកជំនុំ ថាមានផ្លូវបែបណានៅក្នុងកិច្ចការ ឬថាតើពួកគេនឹងលើកឡើងពីគំនិត និងផែនការកិច្ចការអ្វីខ្លះ ប្រសិនបើជាប់ឆ្នោតជាអ្នកដឹកនាំនោះដែរ។ ផ្ទុយទៅវិញ ពួកគេបែរជាបើកសម្ដែងចំណុចខ្សោយរបស់បេក្ខជនផ្សេងទៀត និងវាយប្រហារពួកគេ ខណៈពេលដែលអូសទាញមនុស្សមួយក្រុមឱ្យបង្កើតការប្រឆាំងនឹងមនុស្សមួយក្រុមទៀត ដោយបង្កើតឱ្យមានស្ថានភាពបែកបាក់នៅក្នុងពួកជំនុំ។ តើការបោះឆ្នោតបែបនេះក្លាយជាអ្វីទៅ? វាក្លាយជាអ្វីមួយដែលបំបែកបំបាក់ពួកជំនុំ។ សូម្បីតែមុនពេលលទ្ធផលនៃការបោះឆ្នោតចេញមកផង ពួកជំនុំត្រូវបានបំបែកបំបាក់រួចទៅហើយ។ តើនេះជារឿងដែលគួរកើតឡើងក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសនៅក្នុងពួកជំនុំដែរឬទេ? តើវាជារឿងធម្មតាដែរឬទេ? ទេ មិនមែនជារឿងធម្មតាទេ។ ប្រសិនបើអ្នកចង់ធ្វើជាអ្នកដឹកនាំ ហើយជឿថាអ្នកមានសមត្ថភាពខ្លះ និងមានស្មារតីទទួលបន្ទុក ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កិច្ចការនេះ នោះអ្នកអាចចូលរួមក្នុងការបោះឆ្នោតស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់។ ជាការពិតណាស់ អ្នកក៏អាចនិយាយអំពីចំណុចខ្លាំង និងគុណសម្បត្តិរបស់អ្នក ហើយប្រកបគ្នាអំពីការយល់ដឹង និងបទពិសោធរបស់អ្នកផងដែរ ដើម្បីឱ្យបងប្អូនប្រុសស្រីអាចជឿជាក់ និងទុកចិត្តប្រគល់កិច្ចការដឹកនាំពួកជំនុំឱ្យអ្នក។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរសម្រេចគោលដៅនៃការជាប់ឆ្នោតរបស់អ្នក ដោយការវាយប្រហារអ្នកដទៃឡើយ ព្រោះរឿងនេះអាចបំភាន់មនុស្សយ៉ាងងាយ និងនាំមកនូវផលវិបាកអវិជ្ជមាន។ បងប្អូនប្រុសស្រីដែលមានកម្ពស់តូចទាប និងគ្មានការញែកដឹង អាចត្រូវបានអ្នកបំភាន់យ៉ាងងាយ ហើយនឹងមិនដឹងថាត្រូវជ្រើសរើសនរណាឡើយ ហើយពួកជំនុំក៏អាចធ្លាក់ទៅក្នុងភាពវឹកវរ និងរងការបែកបាក់ផងដែរ។ តើនោះមិនមែនជាការផ្ដល់ឱកាសឱ្យសាតាំងកេងចំណេញទេឬ? សរុបមក ការចូលរួមក្នុងការបោះឆ្នោតដោយមិនធ្វើតាមគោលការណ៍ ហើយតែងតែមានមហិច្ឆតា និងបំណងប្រាថ្នា ព្រមទាំងប្រើមធ្យោបាយថោកទាបដើម្បីសម្រេចគោលដៅនៃការជាប់ឆ្នោតរបស់ខ្លួន សុទ្ធតែជាធម្មជាតិនៃការប្រើឧបាយកល និងការរំខានដល់ការបោះឆ្នោត ហើយជាឥរិយាបថបោះឆ្នោតមិនត្រឹមត្រូវនោះទេ។ ជាការពិតណាស់ មនុស្សមួយចំនួនមានឥរិយាបថត្រឹមត្រូវ ដែលគួរតែបែងចែកឱ្យដាច់ពីឥរិយាបថនេះ។ ឧទាហរណ៍៖ ប្រសិនបើបេក្ខជនប្រកបគ្នាអំពីរបៀបធ្វើកិច្ចការផ្សេងៗរបស់ពួកជំនុំឱ្យបានល្អ ដូចជាកិច្ចការផ្សាយដំណឹងល្អ ការងារខាងអត្ថបទ និងការងារកិច្ចការទូទៅ ឬរបៀបកែលម្អជីវិតពួកជំនុំ ដោះស្រាយការលំបាកនៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការចូលទៅក្នុងជីវិតរបស់ពួកគេ និងអ្វីៗផ្សេងទៀត នេះសុទ្ធតែជារឿងត្រឹមត្រូវ។ ការសម្ដែងចេញនូវទស្សនៈ និងការយល់ដឹងរបស់ខ្លួនយ៉ាងត្រឹមត្រូវ ការចែករំលែកគំនិត និងផែនការទាក់ទងនឹងកិច្ចការរបស់ពួកជំនុំ និងអ្វីៗផ្សេងទៀត ទាំងនេះសុទ្ធតែជាផ្នែកនៃពាក្យសម្ដី និងឥរិយាបថប្រក្រតី ហើយស្របតាមគោលការណ៍បោះឆ្នោតដែលកំណត់ដោយពួកជំនុំ។ ក្រៅពីនេះ ឥរិយាបថមិនត្រឹមត្រូវណាមួយដែលបានបង្ហាញក្នុងអំឡុងពេលបោះឆ្នោត ដែលច្បាស់ក្រឡែតជាពិសេស គួរតែទាក់ទាញចំណាប់អារម្មណ៍របស់មនុស្ស។ មនុស្សត្រូវតែប្រុងប្រយ័ត្នចំពោះរឿងទាំងនេះ និងញែកវាឱ្យដឹង ចូរកុំធ្វេសប្រហែសឱ្យសោះ។
មនុស្សមួយចំនួនតែងតែលើកឡើងថា រវល់នឹងកិច្ចការ មានបញ្ហាជាច្រើនក្នុងគ្រួសាររបស់ខ្លួន ឬបរិយាកាសមិនសមស្រប ជាលេសដើម្បីមិនបំពេញភារកិច្ចរបស់ខ្លួន និងមិនចូលរួមក្នុងជីវិតពួកជំនុំ។ ទោះជាយ៉ាងណាក៏ដោយ ដល់ពេលបោះឆ្នោតជ្រើសរើសអ្នកដឹកនាំពួកជំនុំ ការលំបាកទាំងនេះស្រាប់តែបាត់អស់រលីង ហើយពួកគេតែងខ្លួនយ៉ាងផ្ចិតផ្ចង់សម្រាប់ឱកាសនេះ ហើយមកចូលរួមការបោះឆ្នោត។ ពួកគេមិនបានបង្ហាញខ្លួនយូរមកហើយ ប៉ុន្តែពេលឮដំណឹងដ៏ល្អអំពីការបោះឆ្នោតក្នុងពួកជំនុំ ពួកគេក៏ប្រញាប់ប្រញាល់មកយ៉ាងអន្ទះសារ។ តើពួកគេមកដើម្បីអ្វី? ពួកគេមកដើម្បីការបោះឆ្នោត ដើម្បីតំណែងជាអ្នកដឹកនាំពួកជំនុំ ដើម្បី «តំណែងជាមន្ត្រី» នេះ។ មនុស្សប្រភេទនេះមានល្បិចកលខ្លាំងណាស់នៅក្នុងសកម្មភាពរបស់ពួកគេ។ ដោយខ្លាចថាអ្នកដទៃនឹងសង្ស័យថាពួកគេចង់ក្លាយជាអ្នកដឹកនាំពួកជំនុំ ពួកគេក៏ជៀសវាងមិននិយាយពីការបោះឆ្នោតទេ ហើយផ្ដោតតែទៅលើការប្រកបគ្នាអំពីការយល់ដឹង និងបទពិសោធរបស់ខ្លួន ដើម្បីទទួលបានការកោតសរសើរពីមនុស្សប៉ុណ្ណោះ។ ពួកគេក៏ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅចំពោះមុខគេឯង ដឹកនាំអ្នករាល់គ្នាឱ្យប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចែករំលែកទីបន្ទាល់តាមរយៈបទពិសោធផ្ទាល់ខ្លួនផងដែរ។ តាមការពិត ជាទូទៅពួកគេកម្រនឹងចូលរួមក្នុងជីវិតពួកជំនុំណាស់ ហើយកម្រនឹងប្រកបគ្នាអំពីសេចក្ដីពិតណាស់ ពួកគេក៏មិនអាចនិយាយអំពីការយល់ដឹងតាមរយៈបទពិសោធណាមួយបានដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលការបោះឆ្នោតកាន់តែខិតចូលមកដល់ ពួកគេប្រែជាខុសប្លែកយ៉ាងខ្លាំង។ ពួកគេចូលរួមយ៉ាងសកម្មក្នុងជីវិតពួកជំនុំ ហើយអន្ទះសារចង់អធិដ្ឋាន អន្ទះសារចង់ច្រៀងទំនុកបរិសុទ្ធ និងអន្ទះសារចង់ប្រកបគ្នា ដោយបង្ហាញខ្លួនថាមានចិត្តខ្នះខ្នែង និងសកម្មជាពិសេស ហើយលេចធ្លោជាងគេ។ ក្រោយពីជួបជុំរួច ពួកគេរកឱកាសជជែកលេងអំពីរឿងគ្រួសារជាមួយបងប្អូនប្រុសស្រី និងបង្កើតខ្សែបណ្ដាញ។ ពេលឃើញអ្នកដឹកនាំពួកជំនុំ ពួកគេនិយាយថា៖ «មួយរយៈនេះ អ្នកមើលទៅមិនសូវស្រួលខ្លួនសោះ។ ផ្ទះខ្ញុំមានផ្លែល្ម៉ើ ចាំខ្ញុំយកមកឱ្យអ្នកខ្លះ»។ ពេលឃើញបងស្រីណាម្នាក់ ពួកគេនិយាយថា៖ «ខ្ញុំឮថាគ្រួសារអ្នកកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ តើអ្នកត្រូវការជំនួយទេ? ខ្ញុំអាចឱ្យខោអាវខ្លះដល់អ្នក»។ ពួកគេសកម្មជាពិសេសនៅរាល់ការជួបជុំ ដែលខុសប្លែកពីមុនយ៉ាងខ្លាំង។ កាលពីមុន ពួកគេគ្រាន់តែមកបង្ហាញខ្លួនម្ដងម្កាលដើម្បីឱ្យគេដឹងថាបានមក ហើយមិនថានរណាហៅពួកគេឱ្យមកកាន់ការជួបជុំទេ ពួកគេតែងតែដោះសាឱ្យខ្លួនឯងថា ពួកគេរវល់។ ប៉ុន្តែ ក្នុងអំឡុងពេលបោះឆ្នោត ស្រាប់តែពួកគេលេចមុខមក ហើយចូលរួមរាល់ការជួបជុំដោយមិនខកខានមួយដងឡើយ។ នៅរាល់ការជួបជុំនីមួយៗ បងប្អូនប្រុសស្រីប្រកបគ្នាអំពីបញ្ហា និងគោលការណ៍ដែលទាក់ទងនឹងការបោះឆ្នោត ហើយជាការពិតណាស់ ពួកគេក៏ចូលរួមដែរ។ ក្នុងអំឡុងពេលនេះ ពួកគេខិតខំអស់ពីសមត្ថភាពដើម្បីកសាងតទំនាក់ទំនងល្អជាមួយបងប្អូនប្រុសស្រី ដោយព្យាយាមអូសទាញមនុស្សមួយចំនួនក្នុងចំណោមនោះ។ ពួកគេថែមទាំងថ្វាយតង្វាយជាច្រើនដងនៅចំពោះមុខបងប្អូនប្រុសស្រីទៀតផង ដែលធ្វើឱ្យមនុស្សភាគច្រើនមានការភ្ញាក់ផ្អើល ដោយគិតថា៖ «ពួកគេបានជឿលើព្រះជាម្ចាស់អស់ពេលយូរមកហើយ ប៉ុន្តែយើងមិនដែលឃើញពួកគេថ្វាយតង្វាយពីមុនមកទេ។ ហេតុអ្វីបានជាលើកនេះពួកគេចិត្តទូលាយម្ល៉េះ? តើពួកគេពិតជាបានផ្លាស់ប្ដូរទៅជាល្អប្រសើរ ហើយបានកែប្រែខ្លួនមែនឬ?» មនុស្សល្ងង់ខ្លៅ និងអវិជ្ជាមួយចំនួន ដែលមិនអាចវាយតម្លៃស្ថានការណ៍ គិតថាបុគ្គលនេះពិតជាបានផ្លាស់ប្ដូរទៅជាល្អប្រសើរមែន ថាពួកគេបានវិនិច្ឆ័យខុសចំពោះបុគ្គលនេះពីមុនមក ហើយពួកគេក៏ចាប់ផ្ដើមមានចំណាប់អារម្មណ៍ល្អចំពោះបុគ្គលនេះនៅក្នុងចិត្តដោយមិនដឹងខ្លួន ដោយគិតថា៖ «គ្រួសាររបស់បុគ្គលនេះមានជីវភាពធូរធារ ពួកគេមានខ្សែបណ្ដាញ និងមានច្រកផ្លូវក្នុងការសម្រេចកិច្ចការផ្សេងៗ។ ប្រសិនបើពួកគេក្លាយជាអ្នកដឹកនាំពួកជំនុំ ពួកគេអាចសម្រេចកិច្ចការជាច្រើនសម្រាប់ពួកជំនុំបាន។ តើនេះមិនមែនជាការផ្ដល់ជំនួយដល់ពួកជំនុំរបស់យើងក្នុងការផ្សាយដំណឹងល្អ និងការទទួលបងប្អូនប្រុសស្រីមួយចំនួនដែលកំពុងត្រូវបានគេតាមចាប់ខ្លួន និងមានការលំបាកទេឬ? ប្រសិនបើពួកគេអាចបន្តសកម្មបែបនេះ វាពិតជាល្អខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនប្រាកដថា តើពួកគេអាចបន្តធ្វើបែបនេះបាន ឬថាតើពួកគេនឹងសុខចិត្តធ្វើជាអ្នកដឹកនាំពួកជំនុំរបស់យើងឬក៏អត់នោះទេ»។ តើមនុស្សមួយចំនួនមិនត្រូវបានបំភាន់ និងបោកបញ្ឆោតទេឬ? អ្វីគ្រប់យ៉ាងដែលបុគ្គលនេះកំពុងធ្វើ គឺចាប់ផ្ដើមទទួលបានផ្លែផ្កាហើយ មែនទេ? អ្វីៗចាប់ផ្ដើមលេចចេញជារូបរាង ហើយលទ្ធផលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ តើនេះមិនមែនជាអ្វីដែលពួកគេចង់បានទេឬ? (មែនហើយ។) លើសពីនេះ ពួកគេឱ្យខោអាវពីរសម្រាប់ទៅមនុស្សម្នាក់ ឱ្យបន្លែមួយកន្ត្រកទៅម្នាក់ទៀត និងឱ្យអាហារបំប៉នខ្លះទៅមនុស្សម្នាក់ផ្សេងទៀត ដោយធានាថាមនុស្សគ្រប់គ្នាត្រូវបានយកចិត្តទុកដាក់។ រឿងនេះធ្វើឱ្យមនុស្សគិតថា៖ «ប្រសិនបើបុគ្គលនេះក្លាយជាអ្នកដឹកនាំពួកជំនុំ តើពួកគេមិនមែនជាអ្នកគង្វាលដ៏ល្អទេឬ? តើពួកគេមិនមែនជាមនុស្សដែលអ្នកភាគច្រើនចង់ពឹងពាក់ទេឬ?» តើពេលនេះមិនមែនជាពេលវេលាដ៏ស័ក្តិសមទេឬ? តើបងប្អូនប្រុសស្រីនឹងមិនងាយស្រួលទេឬក្នុងការជ្រើសរើសមនុស្សបែបនេះ? បុគ្គលនេះមានការអប់រំ ប្រសប់វោហារ និងមានឋានៈជាក់លាក់ក្នុងសង្គម។ ប្រសិនបើពួកជំនុំប្រឈមមុខនឹងការចាប់ខ្លួន ពួកគេអាចការពារបងប្អូនប្រុសស្រីបាន។ ប្រសិនបើគ្រួសាររបស់បងប្អូនប្រុសស្រីណាម្នាក់មានការលំបាក ពួកគេអាចលូកដៃជួយបាន ហើយពួកគេក៏អាចជួយកិច្ចការពួកជំនុំបានដែរ នៅពេលដែលត្រូវការកម្លាំង។ ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយដែលមនុស្សភាគច្រើនមិនច្បាស់ក្នុងចិត្តគឺ៖ «ពួកគេមិនធ្លាប់បានដេញតាមសេចក្ដីពិតទេ ហើយកម្រចូលរួមការជួបជុំអស់ពេលជាយូរមកហើយ។ ប៉ុន្តែឥឡូវនេះ ដល់ពេលបោះឆ្នោត ពួកគេប្រញាប់ប្រញាល់មកចូលរួមការជួបជុំពីរបីដង។ ប្រសិនបើពួកគេជាប់ឆ្នោតជាអ្នកដឹកនាំ តើពួកគេនឹងយល់សេចក្ដីពិតដែរឬទេ? ប្រសិនបើគេមិនយល់សេចក្ដីពិត ហើយអាចត្រឹមតែការពារមនុស្សទាំងនេះ ឬផ្ដល់ផលប្រយោជន៍ខ្លះដល់ពួកគេ តើគេអាចជួយមនុស្សឱ្យយល់សេចក្ដីពិតបានដែរឬទេ? តើគេអាចនាំមនុស្សមកចំពោះព្រះជាម្ចាស់បានដែរឬទេ? រឿងនេះពិបាកថាណាស់»។ មនុស្សមួយចំនួនមានមន្ទិលក្នុងចិត្ត ចំណែកឯអ្នកផ្សេងទៀតបានរងឥទ្ធិពល និងត្រូវបានទិញទឹកចិត្តរួចទៅហើយដោយសារផលប្រយោជន៍របស់បុគ្គលនេះ។ តើស្ថានភាពនេះមិនគ្រោះថ្នាក់ខ្លាំងទេឬ? គ្រាន់តែឆ្នោតមួយសន្លឹក ក៏អាចធ្វើឱ្យពួកគេជាប់ឆ្នោតបានដែរ។ មិនថាលទ្ធផលនៃការបោះឆ្នោតចុងក្រោយទៅជាយ៉ាងណានោះទេ តើទង្វើ និងឥរិយាបថរបស់មនុស្សបែបនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) នៅគ្រាដ៏ស័ក្តិសមបំផុត ពួកគេធ្វើទាន ថ្វាយតង្វាយ និងជួយបងប្អូនប្រុសស្រីក្នុងការដោះស្រាយការលំបាកជាក់ស្ដែងមួយចំនួន។ នៅពេលបងប្អូនប្រុសស្រីខ្លះរើផ្ទះ ពួកគេជួយដល់ការដឹកជញ្ជូន ហើយនៅពេលគ្រួសាររបស់បងប្អូនប្រុសស្រីមួយចំនួនខ្វះខាតលុយកាក់ ពួកគេក៏ឱ្យខ្ចីខ្លះ។ នៅពេលអ្នកខ្លះខ្វះទូរសព្ទ ពួកគេទិញឱ្យមួយគ្រឿង ហើយនៅពេលអ្នកខ្លះគ្មានកុំព្យូទ័រ ពួកគេក៏យករបស់ខ្លួនឯងឱ្យទៅអ្នកទាំងនោះ។ ... ពួកគេធ្វើរឿងទាំងនេះនៅគ្រាដ៏ស័ក្តិសមបំផុត និងនៅដំណាក់កាលដ៏សំខាន់បំផុត។ តើនេះជាឥរិយាបថបែបណាទៅ? តើការធ្វើរឿងទាំងនេះដោយមានបំណងប្រជែងយកតំណែងជាអ្នកដឹកនាំ ដោយមានអាថ៌កំបាំង និងគោលបំណងដែលមិនអាចនិយាយប្រាប់គេបាន មិនមែនជាការប្រើឧបាយកល និងការបង្អាក់ដល់ការបោះឆ្នោតទេឬ? (មែនហើយ។) ពួកគេមិនមកលឿន ឬយឺតជាងនេះទេ ប៉ុន្តែបែរជាបង្ហាញខ្លួនចំពេលបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតែម្ដង។ តើពួកគេមិនមែនកំពុងលាក់អាថ៌កំបាំងដែលមិនអាចនិយាយប្រាប់គេបានទេឬ? រឿងនេះច្បាស់ក្រឡែតហើយ ពួកគេប្រាកដជាកំពុងលាក់អាថ៌កំបាំងដែលមិនអាចនិយាយប្រាប់គេបានមិនខាន។ មិនមែនមកពីពួកគេមានមនសិការភ្ញាក់រលឹកភ្លាមៗ ហើយចង់ធ្វើអំពើល្អខ្លះនោះទេ។ គោលបំណងរបស់ពួកគេគឺដើម្បីឈរឈ្មោះជាអ្នកដឹកនាំពួកជំនុំ ដើម្បីក្លាយជាអ្នកទទួលខុសត្រូវក្នុងពួកជំនុំ ដើម្បីប្រើឧបាយកលលើពួកជំនុំ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ តើពួកគេចង់ប្រើឧបាយកលលើមនុស្សទាំងនេះ ដើម្បីពួកគេអាចធ្វើកិច្ចការសម្រាប់អ្នកទាំងនោះដោយពិតប្រាកដមែនទេ? (មិនមែនទេ។) ចុះតើពួកគេចង់ធ្វើអ្វីទៅ? ពួកគេចង់គ្រប់គ្រងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ គ្រប់គ្រងពួកជំនុំ និងចង់បានតំណែងមួយនៅក្នុងពួកជំនុំ ដែលពួកគេអាចធ្វើជាមន្ត្រី និងសម្រេចអ្វីៗតាមចិត្ត។ តើវិធីសាស្ត្រ និងការអនុវត្តដ៏ខុសប្រក្រតីទាំងនេះ មិនរាប់ថាជាការប្រើឧបាយកល និងការបង្អាក់ដល់ការបោះឆ្នោតទេឬ? (មែនហើយ។)
ក្នុងអំឡុងពេលបោះឆ្នោតក្នុងពួកជំនុំ មនុស្សមួយចំនួនដែលខ្លាចថាខ្លួនមិនទទួលបានសន្លឹកឆ្នោតគ្រប់គ្រាន់ ក៏បោះឆ្នោតឱ្យខ្លួនឯង។ តើរឿងនេះមិនស្ដាប់ទៅគួរឱ្យអស់សំណើច និងចម្លែកទេឬ? តើធម្មជាតិរបស់មនុស្សដែលបោះឆ្នោតឱ្យខ្លួនឯងមានលក្ខណៈបែបណា? តើវាជាការបង្ហាញចេញនៃការខ្វះទំនុកចិត្ត ជាភាពឥតអៀនខ្មាស ឬជាមហិច្ឆតាហួសហេតុ? គឺទាំងអស់ហ្នឹងឯង។ ពួកគេខ្លាចមិនជាប់ឆ្នោត ដូច្នេះពួកគេគ្មានជម្រើសអ្វីក្រៅតែពីបោះឆ្នោតឱ្យខ្លួនឯងឡើយ នេះគឺជាការខ្វះទំនុកចិត្ត។ ពួកគេគ្មានសមត្ថភាពសោះ ប៉ុន្តែនៅតែចង់ធ្វើជាអ្នកដឹកនាំ ដោយខ្លាចអ្នកដទៃមិនបោះឆ្នោតឱ្យខ្លួន ពួកគេក៏បោះឆ្នោតឱ្យខ្លួនឯង។ តើនេះមិនមែនជាភាពឥតអៀនខ្មាសទេឬ? លើសពីនេះ មហិច្ឆតាហួសហេតុរបស់ពួកគេ គ្របដណ្ដប់លើការជំនុំជម្រះរបស់ខ្លួន រហូតដល់ថ្នាក់ពួកគេបោះបង់ចោលមុខមាត់ ហើយក្លាយជាគ្មានសេចក្ដីសុចរិត និងគ្មានសេចក្ដីថ្លៃថ្នូរ៖ «បើអ្នកមិនបោះឆ្នោតឱ្យខ្ញុំទេ នោះខ្ញុំនឹងមិនព្រមឡើយ ខ្ញុំត្រូវតែធ្វើជាអ្នកដឹកនាំពួកជំនុំ។ បើខ្ញុំមិនអាចក្លាយជាអ្នកដឹកនាំទេ ខ្ញុំនឹងឈប់ជឿលើព្រះជាម្ចាស់ទៀតហើយ!» ពួកគេទទូចចង់ធ្វើជាអ្នកដឹកនាំ ចង់ដើរតួជាមន្ត្រី ដោយមានអារម្មណ៍ស្ងប់ចិត្ត និងស្កប់ស្កល់ក្នុងជីវិត លុះត្រាតែនៅពេលដែលពួកគេមានឋានៈប៉ុណ្ណោះ។ តើពួកគេមានមហិច្ឆតា និងបំណងប្រាថ្នាធំខ្លាំងប៉ុនណាទៅ! ពួកគេស្រឡាញ់ឋានៈខ្លាំងពេក ដោយជឿលើព្រះជាម្ចាស់គ្រាន់តែដើម្បីក្លាយជាអ្នកដឹកនាំប៉ុណ្ណោះ។ តើការធ្វើជាអ្នកដឹកនាំមានអ្វីអស្ចារ្យទៅ? ប្រសិនបើអ្នកមិនឱ្យតម្លៃលើផលប្រយោជន៍នៃឋានៈ និងមិនសោយសុខនឹងការអនុគ្រោះពិសេសទាំងអស់ដែលឋានៈនោះនាំមកឱ្យទេ តើអ្នកនឹងនៅតែចង់បានតំណែងនេះទៀតទេ? តើអ្នកនៅតែបោះឆ្នោតឱ្យខ្លួនឯងទៀតទេ? តើមហិច្ឆតា និងបំណងប្រាថ្នារបស់អ្នកនៅតែធំធេងបែបនេះទៀតទេ? តើអ្នកនៅតែស្រឡាញ់ឋានៈខ្លាំងបែបនេះទៀតទេ? អត់ទេ អ្នកនឹងមិនធ្វើបែបនេះឡើយ។ មនុស្សបែបនេះតែងតែចង់លូកដៃ និងខិតខំប្រឹងប្រែងក្នុងការបោះឆ្នោត ដោយប្រើគ្រប់ទង្វើដែលមិនស្មោះត្រង់។ ទោះបីជាពួកគេខ្លួនឯងផ្ទាល់មានអារម្មណ៍ថា ការធ្វើរបៀបនេះជារឿងគួរឱ្យអាម៉ាស់ មិនបើកចំហ ឬមិនត្រឹមត្រូវ និងធ្វើឱ្យអាប់ឱនកិត្តិយសបន្តិចក្ដី ប៉ុន្តែក្រោយពីពិចារណារួច ពួកគេគិតថា៖ «មិនបាច់ខ្វល់ទេ អ្វីដែលសំខាន់គឺត្រូវជាប់ឆ្នោតជាអ្នកដឹកនាំសិន!» នេះគឺជាភាពឥតអៀនខ្មាស។ ពួកគេថែមទាំងចង់ត្រាប់តាមវិធីសាស្ត្រជជែកដេញដោលដែលប្រើក្នុងការបោះឆ្នោតនៃបណ្ដាប្រទេសប្រជាធិបតេយ្យទៀតផង ដែលបេក្ខជននានាលាតត្រដាងចំណុចខ្វះខាតរបស់គ្នាទៅវិញទៅមក ធ្វើការវិនិច្ឆ័យ និងវាយប្រហារគ្នាទៅវិញទៅមក ព្រមទាំងឈ្លោះប្រកែកគ្នា ដោយយកយុទ្ធសាស្ត្រទាំងនេះមកប្រើក្នុងការបោះឆ្នោតរបស់ពួកជំនុំ។ តើនេះមិនមែនជាកំហុសដ៏ធ្ងន់ធ្ងរទេឬ? តើនេះមិនមែនជាវេទិកាខុសសម្រាប់ការប្រើប្រាស់យុទ្ធសាស្ត្របែបនេះទេឬ? ប្រសិនបើអ្នកមកពួកជំនុំដើម្បីធ្វើសកម្មភាពដ៏វៀចវេរ និងដ៏អាក្រក់ទាំងនេះ ហើយព្យាយាមប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោត ខ្ញុំប្រាប់អ្នកចុះ អ្នកបានជ្រើសរើសកន្លែងខុសហើយក្នុងការធ្វើបែបនេះ! ទីនេះគឺជាដំណាក់របស់ព្រះជាម្ចាស់ មិនមែនជាសង្គមឡើយ។ អ្នកគ្រប់គ្នាដែលប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោត នឹងត្រូវថ្កោលទោសគ្រប់ៗគ្នា។ នៅក្នុងពួកជំនុំ មិនថាមូលហេតុ លេស ឬវិធីសាស្ត្រអ្វីត្រូវបានប្រើដើម្បីប៉ុនប៉ងប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោតនោះទេ គឺសុទ្ធតែមិនអាចទទួលយកបានឡើយ ហើយនេះចាត់ទុកជាអំពើអាក្រក់ វាគឺជាអំពើអាក្រក់ជារៀងរហូត! អស់អ្នកណាដែលប៉ុនប៉ងប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោត គឺត្រូវថ្កោលទោស។ មនុស្សបែបនេះមិនត្រូវបានទទួលស្គាល់ថាជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ ឬជាបងប្អូនប្រុសស្រីនោះឡើយ ផ្ទុយទៅវិញ ពួកគេត្រូវបានកំណត់លក្ខណៈថាជាពួកអ្នកបម្រើសាតាំង។ តើពួកអ្នកបម្រើសាតាំងធ្វើរឿងប្រភេទអ្វីខ្លះ? ពួកគេជំនាញខាងធ្វើរឿងគ្រប់បែបយ៉ាងដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្តាប់ធ្នាប់ធម្មតារបស់ពួកជំនុំ។ អស់អ្នកណាដែលប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោត គឺកំពុងដើរតួជាតួអង្គអវិជ្ជមានទាំងនេះ ដោយធ្វើរឿងដែលពួកអ្នកបម្រើសាតាំងធ្វើ។ មិនថាពួកជំនុំធ្វើកិច្ចការអ្វីនោះទេ មនុស្សទាំងនេះក្រោកឡើងដើម្បីបង្អាក់ និងបំផ្លាញកិច្ចការនោះ ដោយមិនខ្វល់ពីការរៀបចំកិច្ចការ និងបទប្បញ្ញត្តិនៃដំណាក់របស់ព្រះជាម្ចាស់ មិនខ្វល់ពីបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀតនោះ គឺមិនខ្វល់ពីព្រះជាម្ចាស់ឡើយ។ ពួកគេប៉ុនប៉ងធ្វើអ្វីៗតាមតែចិត្តចង់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយប្រើឧបាយកលលើកិច្ចការផ្សេងៗរបស់ពួកជំនុំ ហើយលើសពីនេះទៅទៀត គឺប្រើឧបាយកលលើសមាជិកពួកជំនុំ រហូតដល់ថ្នាក់ប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោតរបស់ពួកជំនុំទៀតផង។ តើពួកគេប៉ុនប៉ងប្រើឧបាយកលលើបុគ្គលិករបស់ពួកជំនុំតាមរយៈមធ្យោបាយអ្វី? ពួកគេស្វែងរកឱកាសដើម្បីប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោតរបស់ពួកជំនុំ។ នៅពេលដែលការបោះឆ្នោតត្រូវបានពួកអ្នកបម្រើសាតាំងទាំងនេះប្រើឧបាយកល និងបង្អាក់ នោះការបោះឆ្នោតបានបរាជ័យហើយ។ ប្រសិនបើពួកអ្នកបម្រើសាតាំងទាំងនេះសម្រេចបំណងរបស់ខ្លួន ហើយក្លាយជាអ្នកដឹកនាំពួកជំនុំ តើលទ្ធផលនៃការបោះឆ្នោតនោះត្រឹមត្រូវ ឬក៏មិនត្រឹមត្រូវ? ជាការពិតណាស់ គឺមិនត្រឹមត្រូវទេ។ ការបោះឆ្នោតឡើងវិញគួរតែត្រូវបានធ្វើឡើង តាមរយៈការប្រកបគ្នាអំពីសេចក្ដីពិត និងការសង្ខេបមេរៀនដែលបានរៀន។
ខ. គោលការណ៍ដើម្បីដោះស្រាយជាមួយមនុស្សអាក្រក់ ដែលប្រើឧបាយកលលើការបោះឆ្នោតរបស់ពួកជំនុំ
នៅពេលដែលករណីមនុស្សអាក្រក់ប្រើឧបាយកលលើការបោះឆ្នោតកើតឡើង វាចាំបាច់ក្នុងការរៀបចំការបោះឆ្នោតឡើងវិញ។ តើរឿងនេះគួរអនុវត្តដោយរបៀបណា? (លទ្ធផលនៃការបោះឆ្នោតគួរតែត្រូវបានលុបចោល ហើយការបោះឆ្នោតថ្មីគួរតែត្រូវបានធ្វើឡើង។) នេះគឺជាវិធីមួយ។ ព័ត៌មានផ្ទៃក្នុងអំពីរបៀបដែលការបោះឆ្នោតនេះត្រូវបានមនុស្សអាក្រក់ប្រើឧបាយកល គួរតែត្រូវបានបើកចំហ និងប្រកាសជាសាធារណៈ ដើម្បីឱ្យមនុស្សគ្រប់គ្នាដឹងថា ដំណើរការបោះឆ្នោតមានលក្ខណៈបែបណា ហើយលទ្ធផលកើតចេញមកដោយរបៀបណា។ បន្ទាប់ពីព័ត៌មានផ្ទៃក្នុងនេះត្រូវបានគេដឹងឮហើយ លទ្ធផលនៃការបោះឆ្នោតគួរតែត្រូវបានបដិសេធ ហើយការបោះឆ្នោតឡើងវិញគួរតែត្រូវបានធ្វើឡើង។ ការបោះឆ្នោតបែបនេះដាច់ខាតមិនត្រូវទទួលការយល់ព្រមពីសំណាក់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ភាគច្រើនឡើយ ហើយមិនថានរណាជាប់ឆ្នោតនោះទេ លទ្ធផលមិនអាចទទួលយកបានឡើយ។ ក្នុងកាលៈទេសៈធម្មតា តាមរយៈការប្រកបគ្នាអំពីសេចក្ដីពិត និងការលាតត្រដាងរឿងរ៉ាវផ្ទៃក្នុង លទ្ធផលនៃការបោះឆ្នោតអាចត្រូវបានបដិសេធ ហើយការបោះឆ្នោតឡើងវិញអាចត្រូវបានធ្វើឡើង។ ប៉ុន្តែ ជួនកាល ក្នុងកាលៈទេសៈពិសេសមួយចំនួន ទោះបីជាមនុស្សមួយក្រុមតូចដឹងថា លទ្ធផលនៃការបោះឆ្នោតត្រូវបានពួកអ្នកបម្រើសាតាំងប្រើឧបាយកល ហើយថាបុគ្គលដែលជាប់ឆ្នោតនោះពិតជាមិនអាចធ្វើកិច្ចការបានសោះ និងគ្រាន់តែជាអាយ៉ងក៏ដោយ ក៏ដោយសារតែមនុស្សភាគច្រើននៅក្នុងពួកជំនុំត្រូវបានបំភាន់ដោយមនុស្សអាក្រក់ ហើយនៅតែឈរនៅខាងពួកអ្នកបម្រើសាតាំង ខណៈដែលមានតែមនុស្សមួយក្រុមតូចប៉ុណ្ណោះដែលមានការញែកដឹងខ្លះ និងដឹងពីព័ត៌មានផ្ទៃក្នុង ហើយគ្មាននរណាម្នាក់ជឿមនុស្សមួយក្រុមតូចនេះ ឬស្ដាប់ពួកគេនៅពេលពួកគេនិយាយនោះទេ ពួកគេត្រូវនៅឯកោ និងគ្មានអំណាច ហើយជាមូលដ្ឋាន គឺខ្វះកម្លាំងដើម្បីកែប្រែស្ថានការណ៍នេះ។ ក្នុងកាលៈទេសៈបែបនេះ អ្នកអាចនឹងចង់លាតត្រដាងរឿងរ៉ាវផ្ទៃក្នុងអំពីការប្រើឧបាយកលលើការបោះឆ្នោត ប៉ុន្តែវាមិនងាយស្រួលទេក្នុងការយល់ពីស្ថានភាពឱ្យបានច្បាស់លាស់។ ក្នុងករណីនោះ ក្រៅពីការរាយការណ៍រឿងនេះទៅកាន់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការថ្នាក់លើ តើអ្នករាល់គ្នាអាចធ្វើអ្វីបានទៀត? ប្រសិនបើអ្នកបន្តរស់នៅក្នុងជីវិតពួកជំនុំ អ្នកនឹងត្រូវបានផាត់ចេញ។ ការទៅចូលរួមការជួបជុំនៅឯពួកជំនុំផ្សេងទៀត ហាក់ដូចជាមិនសមរម្យទេ ព្រោះមនុស្សនៅទីនោះមិនអាចចេះតែទទួលអ្នកចម្លែកដោយគ្មានហេតុផលឡើយ។ រឿងនេះពិតជាធ្វើឱ្យអ្នកស្ថិតក្នុងស្ថានភាពទាល់ច្រកហើយ! អ្នកឃើញថា អ្នកដឹកនាំពួកជំនុំដែលជាប់ឆ្នោតនោះមានភាពជាមនុស្សមិនល្អ គឺជាអារក្ស ហើយមិនមែនជាមនុស្សដែលគួរតែជាប់ឆ្នោតនោះទេ ដូច្នេះអ្នកក៏ខឹងដោយគ្រាន់តែឃើញពួកគេ។ ការទៅចូលរួមការជួបជុំធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល ប៉ុន្តែការមិនទៅចូលរួម មិនមែនជាជម្រើសឡើយ។ ប្រសិនបើអ្នកមិនទៅ ហើយកាត់ផ្ដាច់ទំនាក់ទំនងរបស់អ្នកជាមួយពួកជំនុំ អ្នកនឹងបាត់បង់ជីវិតពួកជំនុំរបស់អ្នក ដែលជារឿងដែលអ្នកមិនអាចធ្វើបានឡើយ។ ដូច្នេះ តើមានដំណោះស្រាយល្អចំពោះបញ្ហានេះដែរឬទេ? រឿងនេះតម្រូវឱ្យមានប្រាជ្ញា។ តើនឹងមានផលវិបាកអ្វីខ្លះ ប្រសិនបើអ្នកលាតត្រដាងពួកគេដោយប្រញាប់ប្រញាល់? មនុស្សទាំងនោះអាចនឹងរួមដៃគ្នាដើម្បីគាបសង្កត់អ្នក បណ្ដេញអ្នកចេញ ឬប្រសិនបើរឿងរ៉ាវមិនដំណើរការល្អទេនោះ ពួកគេថែមទាំងអាចនឹងបោសម្អាតអ្នកចេញទៀតផង ដែលធ្វើឱ្យអ្នកក្លាយជាជនរងគ្រោះនៃភាពអយុត្តិធម៌។ នេះគឺជាផលវិបាកដែលអាចកើតមានបំផុត។ ដូច្នេះ តើអ្វីជាដំណោះស្រាយដ៏ល្អបំផុត? (រួមកម្លាំងជាមួយបងប្អូនប្រុសស្រីមួយចំនួនដែលមានការញែកដឹង ហើយប្រមូលភស្តុតាងទាំងអស់នៃអំពើអាក្រក់របស់មនុស្សទាំងនេះ ដែលបានប្រើឧបាយកលលើការបោះឆ្នោតដោយសម្ងាត់។ រាយការណ៍រឿងនេះទៅកាន់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការថ្នាក់លើ ហើយក៏ប្រញាប់ប្រកបគ្នាអំពីសេចក្ដីពិតជាមួយបងប្អូនប្រុសស្រីដែលត្រូវបានបំភាន់ផងដែរ ដើម្បីនាំពួកគេត្រឡប់មកវិញ។) តើនេះចាត់ទុកជាដំណោះស្រាយល្អដែរឬទេ? តើវាត្រឹមត្រូវទេក្នុងការធ្វើរឿងបែបនេះដោយប្រញាប់ប្រញាល់? តើការធ្វើដោយប្រញាប់ប្រញាល់មានផលវិបាកអ្វីខ្លះ? (វាងាយនឹងធ្វើឱ្យសត្រូវដឹងខ្លួនមុន។) នៅពេលអ្នកជួបប្រទះរឿងបែបនេះ តើអ្នករាល់គ្នាខ្លាច ឬភ័យដែរឬទេ? តើអ្នកគួរតែខ្លាច ឬភ័យដែរឬទេ? (អត់ទេ។) តាមទ្រឹស្ដី អ្នកមិនគួរខ្លាចទេ នេះគឺជាអ្វីដែលភាពមានវិចារណញ្ញាណរបស់អ្នកប្រាប់ដល់អ្នក។ ប៉ុន្តែ តើវាមានលក្ខណៈបែបណាចំពោះមនុស្សនៅក្នុងតថភាពជាក់ស្ដែង? អ្វីដែលសំខាន់បំផុតនោះគឺថា តើមនុស្សយល់សេចក្ដីពិតដែរឬទេ។ ប្រសិនបើមនុស្សមិនយល់សេចក្ដីពិត ហើយមានតែការតាំងចិត្តនោះ ពួកគេនឹងនៅតែខ្លាចក្នុងចិត្តដដែល។ នៅពេលអ្នកខ្លាច តើវាងាយស្រួលឬទេក្នុងការទទួលបានលទ្ធផល មិនថាអ្នកធ្វើអ្វី ឬធ្វើដោយរបៀបណាក៏ដោយនោះ? (មិនងាយស្រួលទេ។) នៅពេលដែលអ្នកខ្លាច តើអ្នកស្ថិតក្នុងសភាពបែបណា? អ្នកខ្លាចអំណាចរបស់មនុស្សទាំងនេះ ខ្លាចថាពួកគេនឹងដឹងថាអ្នកបានញែកដឹងពីពួកគេ ហើយប្រយ័ត្នចំពោះពួកគេ និងខ្លាចថាពួកគេនឹងគាបសង្កត់ និងផាត់អ្នកអ្នកចេញ នៅពេលពួកគេឃើញថាអ្នកមិននៅខាងពួកគេ ហើយទីបំផុត បោសសម្អាតអ្នកចេញពីពួកជំនុំ។ អ្នកនឹងមានកង្វល់ទាំងនេះនៅក្នុងចិត្តរបស់អ្នក។ នៅពេលអ្នកមានកង្វល់បែបនេះ តើអ្នកអាចមានប្រាជ្ញា សេចក្ដីក្លាហាន និងមធ្យោបាយដើម្បីទាក់ទងជាមួយមនុស្សទាំងនេះ ដោះស្រាយបញ្ហាដែលពួកគេបានបង្កឡើង ឬលាតត្រដាងអំពើអាក្រក់របស់ពួកគេ ដើម្បីឱ្យបងប្អូនប្រុសស្រីមានការញែកដឹង និងមិនត្រូវបានបំភាន់ដែរឬទេ? តើអ្វីជាវិធីសាស្ត្រដ៏ស័ក្តិសមបំផុតក្នុងការអនុវត្ត? នៅពេលដែលអ្នកខ្លាច តើអ្នកមិនមែនកំពុងស្ថិតក្នុងសភាពទន់ខ្សោយទេឬ? ជាដំបូង អ្នកទន់ខ្សោយ និងអសកម្ម។ រឿងម្យ៉ាងគឺ អ្នកខ្វះសេចក្ដីជំនឿដ៏រឹងមាំលើព្រះជាម្ចាស់ ហើយរឿងម្យ៉ាងទៀតគឺ អ្នកគិតថា៖ «ដូច្នេះ មនុស្សអាក្រក់ទាំងនេះបានជោគជ័យហើយ។ ម្ដេចបានជាមានតែខ្ញុំម្នាក់ឯងដែលញែកដឹងពីរឿងនេះនៅពេលនេះ? តើអ្នកផ្សេងទៀតមានការញែកដឹងដែរឬទេ? ប្រសិនបើខ្ញុំប្រាប់អ្នកផ្សេងទៀតអំពីស្ថានភាពពិត តើពួកគេនឹងជឿខ្ញុំដែរឬទេ? ប្រសិនបើពួកគេមិនជឿខ្ញុំ តើពួកគេនឹងលាតត្រដាងខ្ញុំដែរឬទេ? ប្រសិនបើពួកគេទាំងអស់គ្នារួមដៃគ្នាដើម្បីដោះស្រាយជាមួយខ្ញុំ ហើយខ្ញុំនៅម្នាក់ឯង និងគ្មានអំណាច តើមនុស្សអាក្រក់ទាំងនោះនឹងរកលេសគ្រប់សព្វបែបយ៉ាងដើម្បីបោសសម្អាតខ្ញុំចេញដែរឬទេ?» តើអ្នកនឹងមិនមានកង្វល់បែបនេះទេឬ? នៅពេលអ្នកមានកង្វល់ទាំងនេះ តើអ្នកអាចដោះស្រាយជាមួយមនុស្សទាំងនោះដោយរបៀបណាទៅ? តើអ្នកអាចទាក់ទងជាមួយពួកគេតាមវិធីដ៏ស័ក្តិសមបំផុត និងឆ្លាតវៃបំផុតដោយរបៀបណា? នៅពេលនេះ តើអ្នកមិនមែនគ្មានទិសដៅ ឬផ្លូវដើម្បីដើរតាមទេឬ? និយាយឱ្យចំទៅ នៅពេលដែលអ្នកខ្លាចបំផុត និងទន់ខ្សោយបំផុត អ្នកគ្រាន់តែមិនអាចតតាំងជាមួយពួកគេ ឬមិនអាចទាក់ទងជាមួយពួកគេ និងមិនអាចដោះស្រាយបញ្ហាដែលពួកគេបង្កឡើងបានឡើយ។ ដូច្នេះ តើអ្វីជាវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់អ្នកនៅពេលនេះ? តើត្រូវផ្ដួចផ្ដើមធ្វើសកម្មភាព និងវាយប្រហារមុន ដោយប្រឈមមុខនឹងពួកគេ និងលាតត្រដាងអំពើអាក្រក់របស់ពួកគេដើម្បីការពារខ្លួនឯងមែនទេ? តើវិធីសាស្ត្រនេះស័ក្តិសមដែរឬទេ? (មិនស័ក្តិសមទេ។) ហេតុអ្វីបានជាវាមិនស័ក្តិសម? ពីព្រោះអ្នកមិនទាន់បានគិតឱ្យហ្មត់ចត់អំពីរបៀបអនុវត្តនៅឡើយទេ អ្នកមិនអាចមើលធ្លុះដល់សារជាតិរបស់ពួកគេ ហើយអ្នកមិនដឹងពីរបៀបលាតត្រដាងពួកគេឡើយ កុំថាឡើយដល់ទៅថា តើអស់អ្នកដែលត្រូវបានបំភាន់អាចទទួលយកសេចក្ដីពិត និងត្រឡប់មកវិញបានឬអត់នោះ។ អ្នកមិនដឹងពីរឿងរ៉ាវផ្សេងៗទាំងនេះទេ ហើយអ្នកមិនច្បាស់ថា តើអ្វីជាដំណោះស្រាយដែលមានផលប្រយោជន៍ និងមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកឡើយ។ ទោះបីជាអ្នកមិនទាន់ធ្លាក់ដល់កម្រិតនៃភាពអវិជ្ជមានណាមួយក៏ដោយ យ៉ាងហោចណាស់ សភាពបច្ចុប្បន្នរបស់អ្នកគឺជាសភាពទន់ខ្សោយ និងភ័យខ្លាចមួយ ហើយនៅក្នុងចិត្ត អ្នកមានកង្វល់ជាច្រើន។ មិនថាកង្វល់ទាំងនេះសមហេតុផល ឬបណ្តាលមកពីភាពទន់ខ្សោយ និងភាពភ័យខ្លាចរបស់អ្នកនោះទេ ក៏សរុបមក ទាំងនេះគឺជាការពិត។ នៅពេលដែលការពិតទាំងនេះកើតឡើង ដំណោះស្រាយដ៏ល្អបំផុតគឺត្រូវរៀនរង់ចាំ និងមិនធ្វើអ្វីទាំងអស់។ តើការមិនធ្វើអ្វីទាំងអស់មានន័យដូចម្តេច? វាមានន័យថា មិនប្រញាប់ប្រញាល់លាតត្រដាងស្ថានភាពពិតអំពីការបោះឆ្នោតប្រាប់ដល់អស់អ្នកដែលត្រូវបានបោកបញ្ឆោត ហើយមិនប្រញាប់ប្រញាល់ប្រឆាំងនឹងអ្នកដឹកនាំពួកជំនុំដែលទើបជាប់ឆ្នោត ឬក្រុមមនុស្សដែលបានប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោតនោះទេ។ ចូរកុំលាតត្រដាងពួកគេ នៅពេលនេះ អ្នកត្រូវតែរៀនរង់ចាំ។ មនុស្សមួយចំនួននិយាយថា៖ «ការរង់ចាំគឺអសកម្មណាស់ តើខ្ញុំត្រូវរង់ចាំយូរប៉ុនណាទៅ?» វាមិនតម្រូវឱ្យរង់ចាំយូរពេកនោះទេ។ ខណៈពេលដែលអ្នករង់ចាំ ចូរមកចំពោះព្រះជាម្ចាស់ដើម្បីអធិដ្ឋាន អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្វែងរកសេចក្ដីពិត។ ក្នុងកាលៈទេសៈបែបនេះ នៅពេលដែលអ្នកខ្លាចបំផុត និងទន់ខ្សោយបំផុត ការអធិដ្ឋានរបស់អ្នកគឺពិតប្រាកដ និងស្មោះត្រង់បំផុត។ អ្នកត្រូវការព្រះជាម្ចាស់ដើម្បីណែនាំ និងការពារអ្នក អ្នកត្រូវការការពឹងអាងលើព្រះជាម្ចាស់។ នៅពេលអ្នកអធិដ្ឋាន ភាពភ័យខ្លាចរបស់អ្នកនឹងថយចុះបន្តិចម្ដងៗ រហូតដល់វាបាត់ទៅ។ នៅពេលដែលភាពភ័យខ្លាចរបស់អ្នកបាត់ទៅ តើអ្នកនឹងមិនសូវទន់ខ្សោយដែរទេឬ? (មែនហើយ។) អ្នកក៏នឹងមានកង្វល់កាន់តែតិចទៅៗដែរ។ ភាពភ័យខ្លាច ភាពទន់ខ្សោយ និងកង្វល់ទាំងនេះ មិនមែនសុខៗក៏បាត់ទៅនោះទេ ផ្ទុយទៅវិញ ក្នុងអំឡុងដំណើរការផ្លាស់ប្ដូរនេះ អ្នកនឹងចាប់ផ្ដើមយល់ពីរឿងរ៉ាវមួយចំនួនបន្តិចម្ដងៗ។ តើអ្នកនឹងយល់ពីរឿងអ្វីខ្លះ? រឿងម្យ៉ាងគឺ អ្នកនឹងដឹងពីរបៀបដោះស្រាយជាមួយមនុស្សទាំងនេះ ថាតើត្រូវលាតត្រដាងនរណាមុន និងរបៀបនិយាយ និងអនុវត្តតាមវិធីដែលមានផលប្រយោជន៍ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ លើសពីនេះ អ្នកនឹងស្គាល់ពីធម្មជាតិនៃឥរិយាបថរបស់មនុស្សទាំងនេះ។ ចុះតើអ្នកយល់រឿងទាំងនេះដោយរបៀបណា? គឺតាមរយៈការស្វែងរកសេចក្ដីពិតក្នុងអំឡុងដំណើរការរង់ចាំរបស់អ្នក ទើបអ្នកយល់ពីរឿងទាំងនេះបន្តិចម្ដងៗ។ នៅពេលអ្នកមើលឃើញរឿងនេះច្បាស់ហើយ អ្នកនឹងចេះរិះគិតដោយឯកឯងថា តើអ្នកគួរប្រើប្រាជ្ញាដោយរបៀបណា ថាតើវាស័ក្តិសមក្នុងការនិយាយជាមួយនរណា និងរបៀបនិយាយតាមវិធីដែលធ្វើឱ្យពួកគេរំជួលចិត្ត ដែលឱ្យពួកគេដឹងពីការពិតអំពីមនុស្សអាក្រក់ដែលប្រើឧបាយកលលើការបោះឆ្នោត ហើយអាចឱ្យពួកគេត្រឡប់មកវិញ ឱ្យញែកដឹងពីមុខមាត់ពិតរបស់អស់អ្នកដែលបានប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោត និងឱ្យញែកដឹងថា តើអ្នកដែលគេហៅថាជាអ្នកដឹកនាំជាប់ឆ្នោតនោះ តាមពិតជាមនុស្សប្រភេទណា។ អ្នកនឹងមានប្រាជ្ញាបែបនេះ ហើយសកម្មភាពរបស់អ្នកក៏នឹងមានលក្ខណៈជាប្រព័ន្ធដែរ។ ដូច្នេះ តើផលចំណេញវិជ្ជមានទាំងនេះកើតឡើងដោយរបៀបណា? ផលចំណេញទាំងនេះសុទ្ធតែត្រូវបានព្រះជាម្ចាស់ប្រទានដល់អ្នក ក្នុងអំឡុងដំណើរការរង់ចាំរបស់អ្នក។ ផលចំណេញខ្លះកើតឡើងដោយសារកិច្ចការ និងការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយខ្លះទៀតគឺជាអ្វីដែលព្រះជាម្ចាស់ឱ្យអ្នកឃើញ និងយល់នៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងថា ចូរកុំធ្វើសង្គ្រាមដោយគ្មានការត្រៀមខ្លួន។ តើឃ្លានេះមានន័យដូចម្តេច? វាមានន័យថា មិនថាអ្នកកំពុងប្រយុទ្ធប្រឆាំងនឹងសាតាំង ឬលាតត្រដាងអំពើអាក្រក់របស់ពួកអ្នកបម្រើសាតាំងនោះទេ ទោះបីជាអ្នកធ្វើសង្គ្រាមជាមួយសាតាំងតាមរបៀបណាក៏ដោយ អ្នកត្រូវតែរឹងមាំដោយខ្លួនឯង យល់គោលការណ៍សេចក្ដីពិត និងអាចមើលធ្លុះដល់សារជាតិ និងអំពើអាក្រក់របស់សាតាំង និងមនុស្សអាក្រក់ ហើយបន្ទាប់មកលាតត្រដាងពួកគេ។ មានតែការធ្វើបែបនេះទេ ទើបអ្នកសម្រេចបានលទ្ធផលល្អនៅទីបំផុត។ នៅពេលអ្នកយល់រឿងទាំងនេះហើយ តើភាពភ័យខ្លាច ភាពទន់ខ្សោយ និងកង្វល់របស់អ្នក នឹងមិនសូវខ្លាំងក្លា និងមិនសូវជាក់ស្ដែងឬទេ? អ្នកនឹងលែងមានអារម្មណ៍ភ័យខ្លាចខ្លាំងទៀតហើយ។ អារម្មណ៍របស់អ្នកទាំងនេះនឹងផ្លាស់ប្ដូរបន្តិចម្ដងៗ អ្នកនឹងឃើញថា អ្នកមិនទន់ខ្សោយដូចពេលដែលស្ថានការណ៍ទើបតែកើតឡើងដំបូងនោះទេ។ ផ្ទុយទៅវិញ អ្នកនឹងមានអារម្មណ៍ថារឹងមាំជាងមុន និងជឿជាក់លើខ្លួនឯងជាងមុន ហើយអ្នកនឹងដឹងថាត្រូវធ្វើអ្វី។ នៅពេលនេះ ចូរអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ម្ដងទៀត ហើយទូលសុំឱ្យព្រះអង្គរៀបចំឱកាសដ៏ត្រឹមត្រូវ ហើយបន្ទាប់មកត្រូវធ្វើសកម្មភាព។ ចូររាយការណ៍អំពីស្ថានការណ៍នេះទៅកាន់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការថ្នាក់លើ ខណៈពេលដែលប្រកបគ្នាជាមួយអស់អ្នកដែលមានភាពជាមនុស្សល្អ និងជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់ ប៉ុន្តែត្រូវបានបោកបញ្ឆោត និងបំភាន់ ដោយសារពួកគេមិនបានយល់សេចក្ដីពិត ដោយលាតត្រដាងព័ត៌មានផ្ទៃក្នុងអំពីមនុស្សអាក្រក់ដែលប្រើឧបាយកលលើការបោះឆ្នោតប្រាប់ដល់ពួកគេ។ នៅពេលដែលអ្នកយកឈ្នះចិត្តមនុស្សម្នាក់ ឬពីរនាក់បានហើយ ភាពភ័យខ្លាចរបស់អ្នកនឹងបាត់អស់មិនខាន។ អ្នកនឹងដឹងថា រឿងទាំងអស់នេះមិនអាចធ្វើទៅបានដោយពឹងផ្អែកលើកម្លាំងមនុស្សឡើយ រឹតតែមិនពឹងផ្អែកលើភាពតក់ក្រហល់ទៅទៀត អ្នកមិនអាចពឹងផ្អែកលើការជំរុញចិត្តមួយឆាវ ឬកំហឹង ឬផ្អែកលើអ្វីដែលហៅថាស្មារតីយុត្តិធម៌មួយគ្រានោះទេ រឿងទាំងនេះសុទ្ធតែគ្មានប្រយោជន៍ឡើយ។ ព្រះជាម្ចាស់នឹងរៀបចំពេលវេលាដ៏ត្រឹមត្រូវសម្រាប់អ្នក ហើយនឹងបំភ្លឺអ្នកអំពីអ្វីដែលត្រូវនិយាយ ហើយផ្អែកលើអ្វីដែលអ្នកយល់ ព្រះអង្គនឹងណែនាំអ្នកមួយជំហានម្ដងៗ ដោយផ្ដល់ឱ្យអ្នកនូវផ្លូវដើម្បីដើរតាម។ ចាប់តាំងពីការទន់ខ្សោយ និងភ័យខ្លាចនៅពេលដំបូង រហូតដល់ការស្វែងរក និងការយល់គោលការណ៍ និងផ្លូវដើម្បីដើរតាម ក្នុងអំឡុងពេលនេះ អ្នកនៅតែអាចទាក់ទងជាមួយមនុស្សអាក្រក់ទាំងនេះបានតាមធម្មតា។ ក្នុងអំឡុងពេលនៃការទាក់ទងតាមធម្មតា ចិត្តគំនិតរបស់មនុស្សមិនមែននៅទំនេរទេ ពួកគេមានគំនិតផ្ទាល់ខ្លួន។ ខណៈពេលដែលអ្នកកំពុងស្វែងរក និងអធិដ្ឋាន អ្នកអង្កេតមើលមនុស្សទាំងនេះ។ តើអ្នកអង្កេតឃើញអ្វី? អ្នកគ្រាន់តែក្រឡេកមើលថា តើពួកគេកំពុងដើរតាមផ្លូវបែបណា ហើយថាតើសារជាតិរបស់ពួកគេជាអ្វីឱ្យពិតប្រាកដ។ ប្រសិនបើអ្វីដែលពួកគេនិយាយគឺត្រឹមត្រូវ និងស្របតាមគោលការណ៍នៃកិច្ចការរបស់ពួកជំនុំ អ្នកអាចស្ដាប់ពួកគេបាន។ ប្រសិនបើអ្វីដែលពួកគេនិយាយ បង្អាក់និងរំខានដល់កិច្ចការរបស់ពួកជំនុំ អ្នកអាចរកលេសមិនស្ដាប់ ឬពន្យារពេល ដោយប្រើវិធីដ៏ឆ្លាតវៃក្នុងការទាក់ទងជាមួយពួកគេ «ដោយចុះសម្រុង» ដោយមិនធ្វើឱ្យពួកគេដឹងខ្លួនមុន។ ខណៈពេលដែលទាក់ទងជាមួយពួកគេ «ដោយចុះសម្រុង» អ្នកប្រមូលភស្តុតាងនៃអំពើអាក្រក់របស់ពួកគេ ដោយញែកដឹងពីពួកគេផ្អែកលើសកម្មភាព និងសេចក្ដីខុសទំនងផ្សេងៗរបស់ពួកគេ ដែលបំពានលើគោលការណ៍សេចក្ដីពិត និងបញ្ជាក់បន្ថែមទៀតថា មនុស្សទាំងនេះគឺជាពួកអ្នកបម្រើសាតាំង។ ការអនុវត្តតាមរបៀបនេះ អនុញ្ញាតឱ្យអ្នកមិនត្រូវបានពួកគេរឹតត្បិត ខណៈពេលដែលបំពេញការទទួលខុសត្រូវ និងភារកិច្ចរបស់អ្នកផងដែរ នេះគឺជាអ្វីដែលមនុស្សមានប្រាជ្ញាធ្វើ។ មានតែអស់អ្នកដែលមានភាពជាមនុស្ស មានប្រាជ្ញា និងមានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតប៉ុណ្ណោះ ទើបអាចដើរលើផ្លូវត្រូវបាន។ ចំពោះមនុស្សដែលគ្មានប្រាជ្ញា ដែលធ្វើសកម្មភាពដោយមិនគិតមុខគិតក្រោយ និងគំរោះគំរើយ ដោយតែងតែពឹងផ្អែកលើភាពតក់ក្រហល់ និងការជំរុញចិត្តមួយឆាវ មិនថាពួកគេកំពុងធ្វើអ្វី ឬកំពុងប្រឈមមុខនឹងកាលៈទេសៈបែបណានោះទេ សកម្មភាពរបស់ពួកគេតែងតែនាំឱ្យមានលទ្ធផលមិនល្អ។ មនុស្សបែបនេះមិនត្រឹមតែបង្អាក់ និងរំខានដល់កិច្ចការរបស់កិច្ចជំនុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបញ្ហា និងទុក្ខកង្វល់ដែលមិនចាំបាច់ជាច្រើនដល់ខ្លួនឯងទៀតផង។ ចំណែកឯមនុស្សមានប្រាជ្ញាវិញគឺខុសគ្នា។ មិនថាពួកគេធ្វើអ្វីនោះទេ ពួកគេរង់ចាំ អង្កេត និងស្វែងរក ដោយរង់ចាំពេលវេលាដ៏ត្រឹមត្រូវ រង់ចាំការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់។ ក្នុងអំឡុងពេលរង់ចាំនោះ ពួកគេអាចស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមានគោលដៅ ក្ដាប់បានគោលការណ៍នៃសេចក្ដីពិតកាន់តែសុក្រឹតត្រឹមត្រូវ និងប្រព្រឹត្តស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពួកគេប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ដើម្បីធ្វើសង្គ្រាមដ៏ល្អមួយ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ជាជាងការធ្វើសង្គ្រាមជាមួយមនុស្ស ឬពាក់ព័ន្ធក្នុងការឈ្លោះប្រកែកគ្នាដោយពាក្យសម្ដី ដោយសារភាពតក់ក្រហល់មួយឆាវនោះឡើយ។
នៅពេលនិយាយដល់មនុស្សអាក្រក់ដែលប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោត អ្វីដែលសំខាន់បំផុតនោះ មិនមែនថាតើអ្នកអាចមើលធ្លុះមនុស្សទាំងនេះ ឬថាតើអ្នកមានផែនការលាតត្រដាងពួកគេដោយរបៀបណានោះទេ គឺត្រូវរាយការណ៍ពីស្ថានភាពនេះទៅថ្នាក់លើឱ្យបានទាន់ពេលវេលា។ អ្នកគួរតែប្រើប្រាជ្ញាដើម្បីតតាំងជាមួយពួកគេ រង់ចាំពេលវេលារបស់ព្រះជាម្ចាស់ ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងរកគោលការណ៍សេចក្ដីពិត ខណៈដែលមិនបង្អាក់ភារកិច្ចរបស់ខ្លួនឡើយ។ តើលទ្ធផលចុងក្រោយនៃការធ្វើបែបនេះគឺជាអ្វី? អ្នកបំពេញការទទួលខុសត្រូវ និងភារកិច្ចរបស់អ្នក។ តាមរយៈការរាយការណ៍ពីស្ថានភាពទៅថ្នាក់លើ និងស្វែងរកដំណោះស្រាយ មិនត្រឹមតែបញ្ហាត្រូវបានដោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ទទួលបានការយល់ដឹង បង្កើនការញែកដឹង និងប្រាជ្ញារបស់អ្នក លូតលាស់ខាងកម្ពស់ និងពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ផងដែរ។ មនុស្សទទួលបានយ៉ាងច្រើនពីការឆ្លងកាត់ការតតាំងជាមួយសាតាំង ហើយវាមានផលប្រយោជន៍យ៉ាងធំធេងចំពោះពួកគេ។ ផ្ទុយទៅវិញ ឧបមាថាអ្នកធ្វើតាមអារម្មណ៍តក់ក្រហល់ និងការជំរុញចិត្តមួយឆាវ ដោយឈ្លោះគ្នាយ៉ាងខ្លាំងជាមួយមនុស្សទាំងនេះ និងប្រកែកតវ៉ាជាមួយពួកគេមុខទល់មុខ ដោយនិយាយថា៖ «អ្នករាល់គ្នាកំពុងប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោត។ ទោះបីជាអ្នករាល់គ្នាមានអំណាចធំក៏ដោយ ក៏ខ្ញុំនឹងមិនចុះញ៉មចំពោះអ្នករាល់គ្នាដែរ ហើយខ្ញុំមិនខ្លាចអ្នករាល់គ្នាឡើយ!» លទ្ធផលនៃវិធីសាស្ត្រនេះ គឺត្រូវបណ្ដេញចេញពីពួកជំនុំ ដោយទុកឱ្យអ្នកយំយែក និងរងទុក្ខនៅផ្ទះអស់ជាច្រើនខែ ប៉ុន្តែអ្នកនៅតែមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដដែល៖ «ហេតុអ្វីបានជាខ្ញុំធ្លាក់ក្នុងភាពរញ៉ែរញ៉ៃនេះ? ព្រះជាម្ចាស់អើយ តើទ្រង់មិនត្រូវការទូលបង្គំទេឬ? តើទ្រង់មិនខ្វល់ពីទូលបង្គំទេឬ?» អស់រយៈពេលជាច្រើនខែ អ្នកខកខានមិនបានស្តាប់ការអធិប្បាយ និងទំនុកបរិសុទ្ធថ្មីៗ មិនដឹងថាតើពួកជំនុំកំពុងធ្វើកិច្ចការអ្វីខ្លះ មិនអាចបំពេញភារកិច្ចរបស់អ្នកបាន និងក្លាយជាឯកោទាំងស្រុង ដោយធ្លាក់ចូលទៅក្នុងសេចក្ដីងងឹតទាំងស្រុង។ ជារៀងរាល់ថ្ងៃ ក្រៅពីយំយែក អ្វីដែលអ្នកធ្វើគឺមានតែព្រួយបារម្ភប៉ុណ្ណោះ។ នៅក្នុងបរិយាកាសនេះ អ្នកមិនរៀនអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ឬហូប និងផឹកព្រះបន្ទូលដែលពាក់ព័ន្ធរបស់ទ្រង់ឡើយ រឹតតែមិនរៀនស្វែងរកគោលការណ៍សេចក្ដីពិតនៅក្នុងស្ថានភាពស្មុគស្មាញទៅទៀត ប្រាជ្ញារបស់អ្នកក៏មិនកើនឡើងទាល់តែសោះ។ បន្ទាប់ពីយំយែកអស់រយៈពេលពីរបីខែ ទីបំផុត នៅថ្ងៃមួយ មានមនុស្សម្នាក់នាំអ្នកត្រឡប់មកពួកជំនុំវិញ ហើយសុំឱ្យអ្នកចែករំលែកបទពិសោធរបស់អ្នកក្នុងអំឡុងពេលនេះ ប៉ុន្តែអ្នកគ្រាន់តែត្អូញត្អែរទាំងទឹកភ្នែកថា៖ «ខ្ញុំរងអយុត្តិធម៌ណាស់! ខ្ញុំមិនបានរំខានពួកជំនុំទេ។ ខ្ញុំមិនមែនជាមនុស្សអាក្រក់ទេ ខ្ញុំត្រូវបានមនុស្សអាក្រក់ទម្លាក់កំហុសដាក់ប៉ុណ្ណោះ»។ នៅពេលគេសួរថា៖ «តើអ្នកបានរៀនមេរៀនអ្វីខ្លះក្នុងអំឡុងពេលនេះ? តើអ្នកទទួលបានអ្វីខ្លះទេ?» អ្នកឆ្លើយថា៖ «តើឱ្យខ្ញុំអាចទទួលបានអ្វីទៅ? ពួកគេបានធ្វើឱ្យខ្ញុំឯកោ យកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសៀវភៅទំនុកបរិសុទ្ធចេញទៅបាត់ ហើយខ្ញុំមិនអាចស្ដាប់ការអធិប្បាយណាមួយបានឡើយ។ អ្វីដែលខ្ញុំអាចធ្វើបានគឺគ្រាន់តែនិយាយអំពីសេចក្ដីជំនឿ និងច្រៀងទំនុកបរិសុទ្ធពីរបីបទដែលខ្ញុំនៅចាំ ម្ដងម្កាលប៉ុណ្ណោះ។ ខ្ញុំមិនទទួលបានអ្វីសោះ។ សំណាងហើយ ព្រះជាម្ចាស់បានរៀបចំពេលវេលាដើម្បីនាំខ្ញុំត្រឡប់មកវិញ មិនដូច្នោះទេ ខ្ញុំមានគម្រោងចេញទៅក្រៅ និងរកស៊ីដើម្បីរកលុយបាត់ទៅហើយ ព្រោះទោះយ៉ាងណាក៏គ្មានសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះឡើយ។ ព្រះជាម្ចាស់មិនត្រូវការខ្ញុំទៀតទេ ហើយខ្ញុំក៏មិនអាចបន្តជឿទៀតដែរ។ ចិត្តរបស់ខ្ញុំងងឹតឈឹងតែម្ដង»។ នៅទីបំផុត អ្នកបន្ថែមថា៖ «ចៀមរបស់ព្រះជាម្ចាស់ នឹងមិនត្រូវបានព្រះជាម្ចាស់បោះបង់ចោលឡើយ» ដោយធ្វើសេចក្ដីសន្និដ្ឋានបែបនេះ។ ការឆ្លងកាត់ព្រឹត្តិការណ៍ដ៏សំខាន់ និងពិសេសបែបនេះ ហើយទទួលបានតិចតួចខ្លាំងបែបនេះ តើវាមិនមែនជារឿងគួរឱ្យសង្វេគបន្តិចទេឬ? តើវាមិនមែនជារឿងមិនសមរម្យទេឬ? ពេលប្រឈមមុខនឹងស្ថានភាពដ៏ធំបែបនេះ អ្នកមិនបានរៀនមេរៀនអ្វីសោះ ហើយមិនបានបង្កើនប្រាជ្ញា ឬសេចក្ដីជំនឿរបស់អ្នកឡើយ ទោះបីជាអ្នកនៅតែជឿលើព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នកក៏ដោយ ក៏អ្នកត្រូវបានពួកសាតាំង ពួកអារក្ស និងពួកទទឹងនឹងព្រះគ្រីស្ទ ធ្វើបាបរហូតដល់ថ្នាក់អ្នកស្ទើរតែឈប់ជឿទៅហើយ។ តើអ្នកនៅតែអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានដែរឬទេ? តើអ្នកមិនមែនជាមនុស្សកំសាកដែលគ្មានបានការទេឬ? តើការយំយែកនៅផ្ទះមានប្រយោជន៍អ្វី? ទោះបីជាអ្នកយំរហូតដល់ខ្វាក់ភ្នែកក៏ដោយ តើវាជួយអ្វីបាន? តើវាអាចដោះស្រាយបញ្ហារបស់ពួកទទឹងនឹងព្រះគ្រីស្ទបានដែរឬទេ? មនុស្សអាក្រក់បានទទួលជោគជ័យ ហើយនៅទីបំផុត អ្វីដែលអ្នកមានគឺគ្រាន់តែពាក្យសម្ដីថា៖ «ចៀមរបស់ព្រះជាម្ចាស់ នឹងមិនត្រូវបានព្រះជាម្ចាស់បោះបង់ចោលឡើយ» ដោយមិនទទួលបានអ្វីផ្សេងទៀតសោះ។ អ្នកគ្មានប្រាជ្ញា អ្នកគ្មានវិធីសាស្រ្ត ហើយអ្នកមិនដឹងថាត្រូវស្វែងរកព្រះជាម្ចាស់ស្របតាមផ្លូវដែលព្រះជាម្ចាស់បានប្រទាន ដើម្បីមកចំពោះព្រះជាម្ចាស់ ហើយយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ដើម្បីប្រយុទ្ធប្រឆាំងនឹងសាតាំងឡើយ។ គោលលទ្ធិបន្តិចបន្តួចដែលអ្នកតែងតែនិយាយចេញមកនោះ គ្មានប្រយោជន៍អ្វីដល់អ្នកឡើយ នៅពេលជួបប្រទះរឿងបែបនេះ ក្រៅពីយំ អ្វីទាំងអស់ដែលអ្នកធ្វើគឺមានអារម្មណ៍ថារងអយុត្តិធម៌ និងត្អូញត្អែរតែប៉ុណ្ណោះ នេះហើយគឺជាមនុស្សកំសាកដែលគ្មានបានការ។ ពួកមនុស្សកំសាកដែលគ្មានបានការ តែងតែមានការបង្ហាញចេញជាច្រើនយ៉ាង ដែលក៏ជាការកំណត់លក្ខណៈចម្បងរបស់ពួកគេផងដែរ។ ទីមួយ ពួកគេយំយែក។ ទីពីរ ពួកគេមានអារម្មណ៍ថារងអយុត្តិធម៌។ ទីបី ពួកគេត្អូញត្អែរនៅក្នុងចិត្ត។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេក៏និយាយដែរថា៖ «ព្រះជាម្ចាស់អើយ តើទ្រង់នៅឯណា? ហេតុអ្វីបានជាទ្រង់មិនខ្វល់ពីទូលបង្គំ? ទូលបង្គំត្រូវបានសាតាំងធ្វើបាបយ៉ាងខ្លាំង ទូលបង្គំមិនអាចរស់តទៅទៀតបានទេ។ សូមសង្គ្រោះទូលបង្គំជាប្រញាប់ផង!» ព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នកគឺជាមនុស្សកំសាកដែលគ្មានបានការ ជាសំរាមដែលរុំដោយស្បែកមនុស្ស។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ តើអ្នកខ្លាចអ្វីទៅ? តើមានអ្វីដែលត្រូវខ្លាចសាតាំងនោះ?» មិនថាសាតាំងប្រើការសមគំនិត និងឧបាយកលអ្វីនោះទេនៅពេលវាធ្វើសកម្មភាព យើងមិនខ្លាចឡើយ។ យើងមានព្រះជាម្ចាស់ យើងមានសេចក្ដីពិត។ ព្រះជាម្ចាស់នឹងប្រទានប្រាជ្ញាដល់យើង។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ អ្វីៗទាំងអស់ស្ថិតនៅក្រោមការចាត់ចែងរបស់ព្រះជាម្ចាស់។ តើអ្នកខ្លាចអ្វីទៅ? ការយំគ្រាន់តែបង្ហាញថា អ្នកកំសាក និងគ្មានសមត្ថភាពប៉ុណ្ណោះ អ្នកគឺជាសំរាមមួយដុំ ជាការខាតបង់ខ្យល់ដង្ហើម! ការយំមានន័យថា អ្នកកំពុងសម្របសម្រួលជាមួយសាតាំង និងកំពុងអង្វរសុំសេចក្តីករុណាពីសាតាំង។ តើព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សកំសាកដែលគ្មានបានការបែបនេះដែរឬទេ? (មិនសព្វព្រះហឫទ័យទេ។) ព្រះជាម្ចាស់ទតឃើញអ្នកថាជាមនុស្សកំសាកដែលគ្មានបានការ ជាមនុស្សល្ងង់ខ្លៅ ជាសំរាមមួយដុំ ដែលគ្មានទីបន្ទាល់ និងគ្មានប្រាជ្ញាទាល់តែសោះ។ តើសេចក្ដីពិតដែលអ្នកបានយល់នោះ បាត់ទៅណាអស់ហើយ? តើអ្នកមិនបានឮច្រើនគ្រប់គ្រាន់ហើយទេឬ អំពីការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងសាតាំង ដែលព្រះជាម្ចាស់បានលាតត្រដាងនោះ? តើអ្នកមិនយល់ ឬមើលមិនធ្លុះរឿងទាំងនេះទេឬ? តើអ្នកមិនដឹងថាពួកគេគឺជាពួកសាតាំងទេឬ? ប្រសិនបើអ្នកដឹងថាពួកគេគឺជាពួកសាតាំង តើអ្នកខ្លាចអ្វីទៅ? ហេតុអ្វីបានជាអ្នកមិនកោតខ្លាច និងញញើតដល់ព្រះជាម្ចាស់? តើអ្នកមិនខ្លាចប្រមាថដល់ព្រះជាម្ចាស់ទេឬ ដោយសារតែការខ្លាចសាតាំងនោះ? តើនេះមិនមែនជាទង្វើនៃសេចក្ដីទុច្ចរិតទេឬ? នៅពេលស្ថានភាពបែបនេះកើតឡើង អ្នកភ័យខ្លាច ហើយគ្មានដំណោះស្រាយ គ្មានប្រាជ្ញា ឬវិធានការតបតទាល់តែសោះ។ តើអ្នកទទួលបានអ្វីខ្លះពីការស្តាប់ការអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំមកនេះ? តើវាសុទ្ធតែឥតប្រយោជន៍មែនទេ? តើមនុស្សកំសាកដែលគ្មានបានការបែបនេះ អាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានដែរឬទេ? (មិនអាចទេ។) នៅពេលនិយាយដល់ស្ថានភាពដែលពួកសាតាំង និងមនុស្សអាក្រក់ប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោត មិនថាអ្នកនៅម្នាក់ឯង និងគ្មានអំណាច ឬពិតជាមានបងប្អូនប្រុសស្រីពីរបីនាក់ដែលមានចិត្តគំនិតតែមួយជាមួយអ្នកក៏ដោយ ចូរកុំប្រញាប់ធ្វើសកម្មភាពឡើយ។ ទីមួយ ត្រូវរៀនរង់ចាំ។ ទីពីរ ត្រូវរៀនស្វែងរក។ ក្នុងអំឡុងពេលនៃការរង់ចាំ និងការស្វែងរក ចូរកុំបោះបង់ភារកិច្ចរបស់អ្នកឡើយ។ តើការរង់ចាំមានន័យដូចម្តេច? វាមានន័យថា រង់ចាំឱ្យព្រះជាម្ចាស់រៀបចំពេលវេលា និងឱកាសដ៏ស័ក្តិសម។ ហើយតើអ្នកគួរស្វែងរកអ្វី? ចូរស្វែងរកគោលការណ៍ និងផ្លូវដែលអ្នកគួរអនុវត្តក្នុងការជឿ និងការដើរតាមព្រះជាម្ចាស់ ចូរស្វែងរករបៀបធ្វើសកម្មភាពដើម្បីឱ្យស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងរបៀបធ្វើសកម្មភាពដើម្បីប្រយុទ្ធប្រឆាំងនឹងសាតាំង ព្រមទាំងកម្លាំងនៃពួកទទឹងនឹងព្រះគ្រីស្ទ ដោយយកឈ្នះលើកម្លាំងរបស់សាតាំងនៅទីបំផុត ដើម្បីក្លាយជាអ្នកមានជ័យជម្នះ។ ប្រសិនបើអ្នកនៅម្នាក់ឯង អ្នកត្រូវតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ឱ្យកាន់តែច្រើន រង់ចាំ និងស្វែងរក។ ប្រសិនបើមានមនុស្សពីរ ឬបីនាក់ផ្សេងទៀតដែលមានចិត្តគំនិតតែមួយជាមួយអ្នក អ្នកអាចប្រកបគ្នា អធិដ្ឋាន រង់ចាំ និងស្វែងរកជាមួយគ្នាបាន។ នៅពេលដែលព្រះជាម្ចាស់បានរៀបចំពេលវេលាដ៏ស័ក្តិសម សូមទូលសុំកម្លាំង និងប្រាជ្ញាពីព្រះជាម្ចាស់ ដើម្បីឱ្យអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ និងពាក្យសម្ដីគ្រប់ម៉ាត់ដែលអ្នកនិយាយ គឺមានភាពសមរម្យ។ ក្នុងការធ្វើបែបនេះ រឿងម្យ៉ាងគឺ អ្នកបំពេញភារកិច្ចរបស់អ្នកក្នុងនាមជាភាវៈដែលព្រះបានបង្កើត ហើយម្យ៉ាងទៀតគឺ អ្នកក៏អាចលាតត្រដាងសាតាំងបានយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពផងដែរ ដោយលាតត្រដាង និងធ្វើឱ្យបរាជ័យទាំងស្រុងនូវការសមគំនិតរបស់ពួកអ្នកបម្រើសាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះសមរម្យដែរឬទេ? វិធីសាស្ត្រ របៀប ផ្លូវ និងគោលការណ៍ទាំងនេះ ត្រូវបានប្រាប់ដល់អ្នករាល់គ្នាហើយ ដូច្នេះថាតើអ្នករាល់គ្នាអនុវត្តវាដោយរបៀបណា គឺអាស្រ័យលើអ្នករាល់គ្នាហើយ។ តើផ្លូវនេះច្បាស់លាស់គ្រប់គ្រាន់ហើយឬនៅ? (ច្បាស់លាស់ហើយ។) ដូច្នេះ នៅពេលដែលអ្នករាល់គ្នាជួបប្រទះរឿងបែបនេះ ចូរអនុវត្តតាមគោលការណ៍នេះចុះ។ ការណ៍នេះគឺងាយស្រួលសម្រេចបានណាស់។
នៅក្នុងការបោះឆ្នោតនីមួយៗរបស់ពួកជំនុំ ទាំងពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ព្រមទាំងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ មានការទទួលខុសត្រូវ និងកាតព្វកិច្ចក្នុងការការពារកិច្ចការបោះឆ្នោត។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ត្រូវតែទទួលយកកិច្ចការនៃការប្រកបគ្នាអំពីសេចក្ដីពិត និងគោលការណ៍នៃការបោះឆ្នោត រីឯរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់វិញ គួរតែលើកឡើងនូវបញ្ហាណាមួយដែលពួកគេមាន ហើយបន្ទាប់មក គួរតែប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនេះ។ មានតែតាមរបៀបនេះទេ ទើបអាចធានាបានថា ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។ រឿងម្យ៉ាងគឺ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ គួរតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវគោលការណ៍បោះឆ្នោតនៃដំណាក់របស់ព្រះជាម្ចាស់ និងអនុវត្តកិច្ចការនៃការបោះឆ្នោតនីមួយៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយផ្អែកលើគោលការណ៍ទាំងនេះ។ រឿងម្យ៉ាងទៀតគឺ ពួកគេក៏ត្រូវតែការពារកុំឱ្យមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោតផងដែរ។ បុគ្គលទាំងនេះគឺជាពួកអ្នកបម្រើសាតាំង ពួកគេគឺជាបក្ខពួករបស់សាតាំង។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ត្រូវតែការពារយ៉ាងតឹងរ៉ឹងប្រឆាំងនឹងពួកគេ និងត្រូវមានការប្រយ័ត្នចំពោះពួកគេ ដោយរក្សាការប្រុងប្រយ័ត្នចំពោះការប៉ុនប៉ងរបស់ពួកគេក្នុងអំឡុងពេលបោះឆ្នោត ដើម្បីប្រើឧបាយកលលើកិច្ចការនានានៅពីក្រោយខ្នង និងចូលរួមក្នុងទង្វើទុច្ចរិត និងលួចលាក់មួយចំនួន ដើម្បីប្រើល្បិចកេងបន្លំដំណើរការនេះដោយសម្ងាត់។ ប្រសិនបើការបោះឆ្នោតពិតជាត្រូវបានមនុស្សអាក្រក់ប្រើឧបាយកលមែន ដែលបណ្ដាលឱ្យមានការដកចេញនូវអ្នកដែលត្រូវបានជ្រើសរើសយ៉ាងត្រឹមត្រូវ ហើយមនុស្សភាគច្រើនត្រូវបានបំភាន់ រហូតដល់បុគ្គលខុស ពោលគឺអ្នកដែលមិនស័ក្តិសមនឹងតំណែង ត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ប្រសិនបើស្ថានភាពបែបនេះកើតឡើង នោះក៏នៅតែមានដំណោះស្រាយដែរ។ ស្ថានភាពពិតរបស់បុគ្គលដែលត្រូវបានជ្រើសរើសនោះ គួរតែត្រូវបានលាតត្រដាង។ ប្រសិនបើមនុស្សភាគច្រើនយល់ព្រម នោះការបោះឆ្នោតឡើងវិញអាចធ្វើឡើងបាន។ ការបោះឆ្នោតដែលត្រូវបានសាតាំង និងមនុស្សអាក្រក់ប្រើឧបាយកល មិនមែនជាលទ្ធផលនៃការបោះឆ្នោតដែលត្រូវបានធ្វើឡើងជាធម្មតាដោយពួកជំនុំ ដោយផ្អែកលើគោលការណ៍សេចក្ដីពិតនោះទេ។ នេះមិនមែនជារឿងវិជ្ជមានឡើយ ហើយមិនយូរមិនឆាប់ វានឹងត្រូវបានបើកបង្ហាញ លាតត្រដាង និងទុកជាមោឃៈមិនខាន។ ការជឿលើរឿងនេះ ប្រសិនបើអ្នកជួបប្រទះស្ថានភាពបែបនេះ តើអ្នកគួរធ្វើសកម្មភាពដោយរបៀបណា? អ្នកគួរតែត្រៀមខ្លួនឱ្យរួចគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដើម្បីប្រយុទ្ធប្រឆាំងនឹងសាតាំង មិនមែនឈរមើលដោយមិនធ្វើអ្វីសោះនោះទេ។ ប្រសិនបើអ្នកជាមនុស្សទន់ជ្រាយ ជាមនុស្សល្ងង់ខ្លៅ ឬជាមនុស្សកំសាកដែលគ្មានបានការ អ្នកអាចនឹងសម្របសម្រួលជាមួយពួកគេ និងរួមគំនិតជាមួយពួកគេ ឬត្រូវបានពួកគេវាយផ្ដួល រហូតដល់អ្នកក្លាយជាអវិជ្ជមាន និងមិនអាចងើបឡើងវិញបាន។ មនុស្សមួយចំនួនគ្រាន់តែឈរមើលដោយមិនធ្វើអ្វីសោះ ដោយនិយាយថា៖ «ទោះយ៉ាងណា ក៏ខ្ញុំមិនអាចក្លាយជាអ្នកដឹកនាំពួកជំនុំបានឡើយ។ អ្នកណាបម្រើ ក៏ដូចតែគ្នាហ្នឹង។ អ្នកណាដែលមានសមត្ថភាព អាចទៅបម្រើបាន! ប្រសិនបើបុគ្គលទទឹងនឹងព្រះគ្រីស្ទចង់បម្រើ វាគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេ ហើយឱ្យតែពួកគេមិនដកខ្ញុំចេញ គឺមិនអីឡើយ»។ អស់អ្នកដែលនិយាយបែបនេះ មិនមែនជាមនុស្សល្អទេ។ ពួកគេមិនអាចនឹកស្មានដល់ថា តើនឹងមានផលវិបាកអ្វីខ្លះឡើយ ប្រសិនបើបុគ្គលទទឹងនឹងព្រះគ្រីស្ទបម្រើជាអ្នកដឹកនាំ ឬនឹកស្មានដល់ពីផលប៉ះពាល់ដែលវានឹងមានទៅលើជំនឿរបស់ពួកគេលើព្រះជាម្ចាស់ និងសេចក្ដីសង្គ្រោះរបស់ពួកគេឡើយ។ មានតែមនុស្សដែលយល់សេចក្ដីពិតប៉ុណ្ណោះ ទើបអាចមើលឃើញរឿងនេះតាមការពិតបាន។ ពួកគេនឹងនិយាយថា៖ «ប្រសិនបើបុគ្គលទទឹងនឹងព្រះគ្រីស្ទក្លាយជាអ្នកដឹកនាំពួកជំនុំ នោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នឹងរងទុក្ខមិនខាន។ ជាពិសេស អស់អ្នកដែលដេញតាមសេចក្ដីពិត អស់អ្នកដែលមានស្មារតីយុត្តិធម៌ និងអស់អ្នកដែលបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម នឹងត្រូវគាបសង្កត់ និងផាត់ចេញទាំងអស់។ មានតែមនុស្សល្ងង់ខ្លៅ និងពួកមនុស្សផ្គាប់ចិត្តគេទាំងនោះប៉ុណ្ណោះ ដែលនឹងទទួលបានការពេញចិត្ត ហើយពួកគេនឹងត្រូវជាប់អន្ទាក់ និងនាំយកទៅដាក់នៅក្រោមការគ្រប់គ្រងនៃអំណាចរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ»។ ប៉ុន្តែ អស់អ្នកដែលមិនដេញតាមសេចក្ដីពិត មិនដែលគិតពីរឿងទាំងនេះឡើយ។ ពួកគេគិតថា៖ «មនុស្សជឿលើព្រះជាម្ចាស់ ដើម្បីទទួលបានសេចក្ដីសង្គ្រោះ។ មនុស្សគ្រប់រូបដើរតាមផ្លូវរៀងៗខ្លួន។ ទោះបីជាបុគ្គលទទឹងនឹងព្រះគ្រីស្ទក្លាយជាអ្នកដឹកនាំក៏ដោយ ក៏វានឹងមិនមានផលប៉ះពាល់ដល់ខ្ញុំដែរ។ ឱ្យតែខ្ញុំមិនធ្វើរឿងអាក្រក់ ពួកគេមិនអាចគាបសង្កត់ខ្ញុំ ឬផាត់ខ្ញុំចេញ ឬក៏បោសសម្អាតខ្ញុំចេញពីពួកជំនុំបានឡើយ»។ តើនេះគឺជាទស្សនៈត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ប្រសិនបើគ្មានរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ណាម្នាក់ខ្វល់ខ្វាយអំពីការបោះឆ្នោតរបស់ពួកជំនុំទេនោះ នៅពេលដែលពួកគេអនុញ្ញាតឱ្យបុគ្គលទទឹងនឹងព្រះគ្រីស្ទកាន់អំណាច តើនឹងមានផលវិបាកអ្វីខ្លះ? តើវានឹងពិតជាសាមញ្ញដូចដែលមនុស្សស្រមៃដែរឬទេ? តើជីវិតពួកជំនុំនឹងឆ្លងកាត់ការផ្លាស់ប្ដូរបែបណាខ្លះ? រឿងនេះពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ប្រសិនបើបុគ្គលទទឹងនឹងព្រះគ្រីស្ទកាន់អំណាចនៅក្នុងពួកជំនុំ តើនឹងមានរឿងអ្វីកើតឡើង? សេចក្ដីពិតនឹងលែងមានអំណាចនៅក្នុងពួកជំនុំនោះទៀតហើយ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏លែងមានអំណាចដែរ ផ្ទុយទៅវិញ ពួកអ្នកមិនជឿ និងសាតាំង នឹងកាន់អំណាចនៅទីនោះ។ ទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅតែត្រូវបានអាននៅក្នុងការជួបជុំក៏ដោយ ក៏បុគ្គលទទឹងនឹងព្រះគ្រីស្ទគ្រប់គ្រងសិទ្ធិក្នុងការនិយាយដែរ។ តើបុគ្គលទទឹងនឹងព្រះគ្រីស្ទអាចប្រកបគ្នាអំពីសេចក្ដីពិតបានច្បាស់លាស់ដែរឬទេ? តើបុគ្គលទទឹងនឹងព្រះគ្រីស្ទអាចអនុញ្ញាតឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប្រកបគ្នាអំពីសេចក្ដីពិតដោយសេរី និងគ្មានការដាក់កំហិតបានដែរឬទេ? នោះគឺមិនអាចទៅរួចឡើយ។ នៅពេលដែលបុគ្គលទទឹងនឹងព្រះគ្រីស្ទកាន់អំណាច នោះនឹងមានការបង្អាក់ និងការរំខានកាន់តែច្រើនឡើងៗ លទ្ធផលនៃជីវិតពួកជំនុំនឹងកាន់តែថយចុះ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នឹងមិនទទួលបានអ្វីច្រើនឡើយនៅពេលពួកគេជួបជុំគ្នា ដែលនឹងបង្កការលំបាកដល់ការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ បញ្ហានៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក៏នឹងកើនឡើង និងមិនត្រូវបានដោះស្រាយដែរ ហើយអ្នកខ្លះដែលអាចអនុវត្តសេចក្ដីពិតបាន ក៏នឹងត្រូវបានរំខានផងដែរ។ បរិយាកាសនៃជីវិតពួកជំនុំនឹងត្រូវផ្លាស់ប្ដូរទាំងស្រុង ហាក់ដូចជាពពកខ្មៅបានមកបាំងព្រះអាទិត្យអ៊ីចឹង។ តើនឹងនៅតែមានសេចក្ដីរីករាយនៅក្នុងជីវិតពួកជំនុំទៀតដែរឬទេនៅពេលនោះ? វាប្រាកដជានឹងត្រូវបានប៉ះពាល់មិនតិចឡើយ។ នៅក្នុងពួកជំនុំ អស់អ្នកដែលដេញតាមសេចក្ដីពិត គឺជាភាគតិច។ ប្រសិនបើភាគតិចនេះត្រូវបានគាបសង្កត់ និងផាត់ចេញ នោះអាចនិយាយបានថា នឹងលែងមានជីវិតពួកជំនុំទៀតហើយ។ ប្រសិនបើមនុស្សមិនអាចមើលធ្លុះដល់ផលវិបាកនេះទេ ពួកគេនឹងមិនយកចិត្តទុកដាក់ ឬខ្វល់ខ្វាយអំពីការបោះឆ្នោតឡើយ។ ប្រសិនបើមនុស្សភាគច្រើនមិនចាត់ទុកការបោះឆ្នោតជារឿងយកចិត្តទុកដាក់ខ្លាំង មិនប្រកាន់ខ្ជាប់នូវគោលការណ៍ទេនោះ ប្រព្រឹត្តដោយអវិជ្ជមានខ្លាំងចំពោះការបោះឆ្នោត និងធ្វើតាមគំនិតរបស់ពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ នោះនៅពេលដែលមនុស្សអាក្រក់ ឬអស់អ្នកដែលមិនស្រឡាញ់សេចក្ដីពិតក្លាយជាអ្នកដឹកនាំពួកជំនុំ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ភាគច្រើននឹងរងការខាតបង់ចំពោះការចូលទៅក្នុងជីវិតរបស់ពួកគេ។ ហេតុដូច្នេះហើយ លទ្ធផលនៃការបោះឆ្នោតរបស់ពួកជំនុំ ប៉ះពាល់ដោយផ្ទាល់ដល់ការលូតលាស់នៃជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងអនាគតរបស់ពួកជំនុំ។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែយល់ឃើញរឿងនេះឱ្យបានច្បាស់ ហើយដាច់ខាតមិនត្រូវប្រកាន់យកអាកប្បកិរិយាអវិជ្ជមានឡើយ។ មនុស្សល្ងង់ខ្លៅមួយចំនួនមិនអាចមើលធ្លុះរឿងនេះបានទេ ពួកគេតែងតែពឹងផ្អែកលើការស្រមើស្រមៃរបស់ខ្លួន ដោយគិតថា៖ «មនុស្សគ្រប់គ្នានៅក្នុងពួកជំនុំគឺជាអ្នកជឿដ៏ស្មោះត្រង់ ដូច្នេះអ្នកណាក៏អាចជាប់ឆ្នោតបានដែរ ឱ្យតែពួកគេជាបងប្អូនប្រុសស្រី អ្នកណាក៏អាចធ្វើជាអ្នកដឹកនាំបានដែរ»។ ពួកគេមើលឃើញការបោះឆ្នោតរបស់ពួកជំនុំថាងាយស្រួលខ្លាំងពេក ដែលនាំឱ្យមានគំនិត និងទស្សនៈអវិជ្ជមាន និងខុសឆ្គងជាច្រើន។ ប្រសិនបើពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទពិតជាជាប់ឆ្នោតជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមែន នោះកិច្ចការរបស់ពួកជំនុំនឹងត្រូវខូចខាត ហើយការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ នឹងជៀសមិនផុតពីការរងគ្រោះថ្នាក់ឡើយ។ នៅពេលនោះ មនុស្សនឹងដឹងថា ការរៀបចំការបោះឆ្នោតស្របតាមគោលការណ៍ មានសារៈសំខាន់កម្រិតណាហើយ។
នៅក្នុងពួកជំនុំនីមួយៗ មានមនុស្សផ្គាប់ចិត្តគេមួយចំនួន។ មនុស្សផ្គាប់ចិត្តគេទាំងនេះ គ្មានការញែកដឹងអំពីមនុស្សអាក្រក់ដែលប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោតឡើយ។ ទោះបីជាពួកគេមានការញែកដឹងបន្តិចបន្តួចក៏ដោយ ក៏ពួកគេមិនអើពើនឹងវាដែរ។ អាកប្បកិរិយារបស់ពួកគេចំពោះបញ្ហាណាមួយដែលកើតឡើងនៅក្នុងការបោះឆ្នោតរបស់ពួកជំនុំគឺ៖ «ចូរឱ្យអ្វីៗបានរសាត់ផុតទៅចុះ ប្រសិនបើសេចក្ដីទាំងនោះមិនប៉ះពាល់ដល់បុគ្គលណាម្នាក់ទេនោះ»។ ពួកគេគិតថា មិនសំខាន់ទេថាអ្នកណាក្លាយជាអ្នកដឹកនាំ គឺវាគ្មានអ្វីពាក់ព័ន្ធនឹងពួកគេឡើយ។ ឱ្យតែពួកគេអាចបន្តរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួនដោយសប្បាយរីករាយ គឺមិនអីទេ។ តើអ្នកគិតយ៉ាងណាចំពោះមនុស្សបែបនេះ? តើពួកគេជាមនុស្សដែលស្រឡាញ់សេចក្ដីពិតដែរឬទេ? (មិនមែនទេ។) តើពួកគេជាមនុស្សប្រភេទណា? ទាំងនេះគឺជាពួកមនុស្សផ្គាប់ចិត្តគេ ហើយពួកគេក៏អាចហៅថាជាពួកអ្នកមិនជឿផងដែរ។ មនុស្សទាំងនេះមិនដេញតាមសេចក្ដីពិតទេ ពួកគេគ្រាន់តែស្វែងរកការរស់នៅដែលងាយស្រួល ដោយលោភលន់ចង់បានភាពស្រណុកសុខស្រួលខាងសាច់ឈាមប៉ុណ្ណោះ។ ពួកគេអាត្មានិយមខ្លាំងពេក និងមានល្បិចពេកហើយ។ តើមានមនុស្សបែបនេះច្រើនទេនៅក្នុងសង្គម? មិនថាគណបក្សនយោបាយណាកាន់អំណាច មិនថាអ្នកណាកាន់តំណែង ពួកគេត្រូវបានអ្នកដទៃចូលចិត្ត ពួកគេអាចដោះស្រាយទំនាក់ទំនងសង្គមរបស់ពួកគេបានយ៉ាងជោគជ័យ ហើយពួកគេរស់នៅយ៉ាងសុខស្រួល។ មិនថាចលនានយោបាយអ្វីកើតឡើងទេ ពួកគេមិនជាប់ពាក់ព័ន្ធឡើយ។ តើទាំងនេះជាមនុស្សប្រភេទណា? ទាំងនេះគឺជាមនុស្សបោកបញ្ឆោតបំផុត និងក្រឡេចក្រឡុចបំផុត ដែលគេស្គាល់ថាជា «ពួកមនុស្សក្រឡេចក្រឡុច» និង «សត្វពស់ចាស់»។ ពួកគេរស់នៅតាមទស្សនវិជ្ជាសាតាំង ដោយគ្មានគោលការណ៍សូម្បីបន្តិច។ អ្នកណាកាន់អំណាច ពួកគេផ្គាប់ចិត្តអ្នកនោះ បញ្ជោរអ្នកនោះ និងសរសើរគុណសម្បត្តិរបស់អ្នកនោះ។ ពួកគេមិនធ្វើអ្វីក្រៅពីការពារថ្នាក់លើរបស់ពួកគេ ហើយមិនដែលធ្វើឱ្យថ្នាក់លើទើសចិត្តឡើយ។ ទោះបីជាថ្នាក់លើរបស់ពួកគេធ្វើអាក្រក់កម្រិតណាក៏ដោយ ក៏ពួកគេមិនប្រឆាំង ឬគាំទ្រដែរ ប៉ុន្តែលាក់គំនិតរបស់ពួកគេទុកយ៉ាងជ្រៅនៅក្នុងចិត្ត។ ពួកគេត្រូវបានអ្នកដទៃចូលចិត្ត មិនថាអ្នកណាកាន់អំណាចឡើយ។ សាតាំង និងស្ដេចអារក្ស ចូលចិត្តមនុស្សប្រភេទនេះ។ ហេតុអ្វីបានជាស្ដេចអារក្សចូលចិត្តមនុស្សប្រភេទនេះ? ពីព្រោះពួកគេមិនបំផ្លាញកិច្ចការរបស់ស្ដេចអារក្ស និងមិនបង្កការគំរាមកំហែងណាមួយដល់ពួកវាឡើយ។ មនុស្សប្រភេទនេះគ្មានគោលការណ៍ និងគ្មានមូលដ្ឋានសម្រាប់ការប្រព្រឹត្តខ្លួនឡើយ ហើយខ្វះសេចក្ដីសុចរិត និងសេចក្ដីថ្លៃថ្នូរ ពួកគេគ្រាន់តែដើរតាមនិន្នាការសង្គម និងក្រាបថ្វាយបង្គំនៅចំពោះស្ដេចអារក្ស ដោយសម្របតាមចំណង់ចំណូលចិត្តរបស់ពួកវា។ តើមិនមានមនុស្សបែបនេះដែរទេឬនៅក្នុងពួកជំនុំ? តើមនុស្សបែបនេះអាចជាអ្នកមានជ័យជម្នះបានដែរឬទេ? តើពួកគេជាទាហានដ៏ល្អរបស់ព្រះគ្រីស្ទដែរឬទេ? តើពួកគេជាសាក្សីសម្រាប់ព្រះជាម្ចាស់ដែរឬទេ? នៅពេលដែលមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទងើបក្បាលឡើង និងរំខានកិច្ចការរបស់ពួកជំនុំ តើមនុស្សបែបនេះអាចក្រោកឈរឡើង និងធ្វើសង្គ្រាមប្រឆាំងនឹងពួកគេ ដោយលាតត្រដាង ញែកឱ្យដឹង និងបោះបង់ពួកគេចោល ដោយបញ្ចប់អំពើអាក្រក់របស់ពួកគេ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានដែរឬទេ? ពួកគេប្រាកដជាមិនអាចធ្វើបានឡើយ។ មនុស្សក្រឡេចក្រឡុចទាំងនេះ មិនមែនជាអស់អ្នកដែលព្រះជាម្ចាស់នឹងប្រោសឱ្យគ្រប់លក្ខណ៍ ឬជាអស់អ្នកដែលទ្រង់នឹងសង្គ្រោះឡើយ។ ពួកគេមិនដែលធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ឬការពារផលប្រយោជន៍នៃដំណាក់របស់ទ្រង់ឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សទាំងនេះមិនមែនជាអស់អ្នកដែលដើរតាម ឬចុះចូលនឹងទ្រង់ឡើយ ប៉ុន្តែជាអស់អ្នកដែលបង្កបញ្ហាដោយងងឹតងងល់ ជាសមាជិកនៃបក្ខពួករបស់សាតាំង គឺពួកគេហើយដែលទ្រង់នឹងជម្រុះចោល នៅពេលកិច្ចការរបស់ទ្រង់បញ្ចប់។ ព្រះជាម្ចាស់មិនឱ្យតម្លៃមនុស្សដ៏គួរឱ្យស្អប់ខ្ពើមបែបនេះឡើយ។ ពួកគេគ្មានសេចក្ដីពិត ឬជីវិតឡើយ ពួកគេគឺជាសត្វតិរច្ឆាន និងជាពួកអារក្ស ពួកគេមិនស័ក្តិសមនឹងទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ និងមិនស័ក្តិសមនឹងទទួលបានសេចក្ដីស្រឡាញ់របស់ទ្រង់ឡើយ។ ដូច្នេះ ព្រះជាម្ចាស់បោះបង់ និងជម្រុះមនុស្សបែបនេះចោលយ៉ាងងាយ ហើយពួកជំនុំគួរតែបោសសម្អាតពួកគេចេញជាបន្ទាន់ ដោយចាត់ទុកថាជាពួកអ្នកមិនជឿ។ ពួកគេគ្មានចិត្តពិតប្រាកដចំពោះព្រះជាម្ចាស់ឡើយ ដូច្នេះ តើព្រះជាម្ចាស់នឹងប្រទានការផ្គត់ផ្គង់ពិតប្រាកដដល់ពួកគេដែរឬទេ? តើទ្រង់នឹងបំភ្លឺ និងជួយពួកគេដែរឬទេ? ទ្រង់នឹងមិនធ្វើឡើយ។ នៅពេលដែលមានការជ្រៀតជ្រែក និងការរំខានកើតឡើងក្នុងអំឡុងពេលបោះឆ្នោតរបស់ពួកជំនុំ ហើយលទ្ធផលនៃការបោះឆ្នោតត្រូវបានមនុស្សអាក្រក់គ្រប់គ្រង និងជះឥទ្ធិពល មនុស្សទាំងនេះដាច់ខាតនឹងមិនឈរនៅខាងព្រះជាម្ចាស់ ដើម្បីការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកគេដាច់ខាតនឹងមិនប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិត ដើម្បីប្រយុទ្ធប្រឆាំងនឹងមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ហើយប្រយុទ្ធប្រឆាំងនឹងកម្លាំងរបស់សាតាំងរហូតដល់ទីបញ្ចប់ឡើយ។ ពួកគេដាច់ខាតនឹងមិនធ្វើបែបនេះទេ ពួកគេខ្វះសេចក្ដីក្លាហាន។ ហេតុដូច្នេះហើយ អស់អ្នកដែលអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ គួរតែញែកដឹងពីមនុស្សទាំងនេះ ហើយមិនគួរប្រកបគ្នាអំពីសេចក្ដីពិតដែលពួកគេយល់ ឬការញែកដឹងរបស់ពួកគេអំពីសាតាំង ជាមួយមនុស្សទាំងនេះឡើយ។ ទោះបីជាអ្នកប្រកបគ្នាអំពីរឿងទាំងនេះជាមួយពួកគេក៏ដោយ ក៏វានឹងគ្មានប្រយោជន៍ដែរ ពួកគេនឹងមិនឈរនៅខាងសេចក្ដីពិតឡើយ។ នៅពេលជ្រើសរើសអ្នករួមការងារ និងដៃគូ អ្នកគួរតែផាត់មនុស្សបែបនេះចេញ ហើយមិនត្រូវជ្រើសរើសពួកគេឡើយ។ ហេតុអ្វីបានជាអ្នកមិនគួរជ្រើសរើសពួកគេ? ពីព្រោះពួកគេគឺជាមនុស្សក្រឡេចក្រឡុច ពួកគេនឹងមិនឈរនៅខាងព្រះជាម្ចាស់ នឹងមិនឈរនៅខាងសេចក្ដីពិត ហើយនឹងមិនរួបរួមក្នុងចិត្ត និងគំនិតជាមួយអ្នក ដើម្បីប្រយុទ្ធប្រឆាំងនឹងសាតាំងឡើយ។ ប្រសិនបើអ្នកនិយាយពាក្យចេញពីចិត្តរបស់អ្នកប្រាប់ពួកគេ អ្នកគឺជាមនុស្សល្ងង់ខ្លៅ ហើយនឹងក្លាយជាទីសើចចំអកសម្រាប់សាតាំង។ ចូរកុំប្រកបគ្នាអំពីសេចក្ដីពិត ឬផ្ដល់ការដាស់តឿនដល់មនុស្សបែបនេះឡើយ ហើយកុំដាក់ក្តីសង្ឃឹមណាមួយលើពួកគេអី ពីព្រោះព្រះជាម្ចាស់មិនសង្គ្រោះមនុស្សទាំងនេះទាល់តែសោះ។ ពួកគេមិនមែនជាមនុស្សដែលមានចិត្តគំនិតតែមួយនឹងព្រះជាម្ចាស់ឡើយ ពួកគេគឺជាអ្នកទស្សនាដែលមើលការប្រយុទ្ធដ៏សាហាវពីចម្ងាយ ពួកគេគឺជាមនុស្សក្រឡេចក្រឡុច។ មនុស្សប្រភេទទាំងនេះជ្រៀតចូលក្នុងដំណាក់របស់ព្រះជាម្ចាស់ ដើម្បីគ្រាន់តែមើលភាពអ៊ឹកធឹក និងបង្កបញ្ហាដោយងងឹតងងល់ប៉ុណ្ណោះ។ ពួកគេគ្មានស្មារតីយុត្តិធម៌ និងគ្មានស្មារតីទទួលខុសត្រូវឡើយ ពួកគេមិនទាំងមានចិត្តអាណិតអាសូរដល់មនុស្សល្អដែលត្រូវបានមនុស្សអាក្រក់ធ្វើបាបផង។ ការហៅមនុស្សបែបនេះថាជាពួកអារក្ស និងពួកសាតាំង គឺសមរម្យបំផុត។ ប្រសិនបើនរណាម្នាក់ដែលមានស្មារតីយុត្តិធម៌ លាតត្រដាងមនុស្សអាក្រក់ ពួកគេនឹងមិនទាំងលើកទឹកចិត្ត ឬគាំទ្រអ្នកនោះផង។ ដូច្នេះ ចូរកុំទុកចិត្តមនុស្សទាំងនេះឱ្យសោះ ពួកគេគឺជាមនុស្សក្រឡេចក្រឡុច ជាបង្កួយប្ដូរពណ៌ ជាសត្វពស់ចាស់។ ពួកគេមិនមែនជាអ្នកជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់ទេ ប៉ុន្តែជាពួកអ្នកបម្រើសាតាំង។ មនុស្សទាំងនេះមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយព្រះជាម្ចាស់មិនត្រូវការពួកគេទេ នេះគឺជាបំណងព្រះហឫទ័យដ៏ច្បាស់លាស់របស់ព្រះជាម្ចាស់។ ពួកជំនុំភាគច្រើនប្រហែលជាមានមនុស្សបែបនេះ។ ចូរមើលជុំវិញនៅក្នុងពួកជំនុំរបស់អ្នកដើម្បីមើលថា ពួកគេជានរណា។ នៅពេលមានរឿងកើតឡើង ចូរកុំប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេឱ្យសោះ ហើយកុំឱ្យពួកគេដឹងថាមានរឿងអ្វីកើតឡើងចំពោះអ្នកឱ្យសោះ។ ចូរប្រយ័ត្នចំពោះមនុស្សបែបនេះ ហើយកុំពាក់ព័ន្ធជាមួយពួកគេ។ ចូរស្វែងរកអស់អ្នកដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងមានស្មារតីយុត្តិធម៌ នៅពេលដែលពួកគេឃើញផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ត្រូវបានបំផ្លាញ កិច្ចការរបស់ពួកជំនុំ និងសណ្តាប់ធ្នាប់នៃជីវិតពួកជំនុំត្រូវបានរំខាន ឬរងការប្រើឧបាយកល ពួកគេមានការព្រួយបារម្ភ និងខឹងសម្បា ពួកគេស្អប់យ៉ាងខ្លាំងចំពោះមនុស្សអាក្រក់ទាំងនេះដែលរំខានពួកជំនុំ ពួកគេចង់ក្រោកឈរឡើង និងលាតត្រដាងមនុស្សអាក្រក់ ហើយអន្ទះសារចង់ស្វែងរកមនុស្សដែលយល់ពីសេចក្ដីពិតដើម្បីរួបរួមគ្នា ហើយប្រយុទ្ធប្រឆាំងនឹងពួកអារក្សកំណាច។ ចូរប្រកបគ្នាជាមួយមនុស្សបែបនេះ ហើយរួមដៃគ្នាជាមួយពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងសាតាំង។ មនុស្សទាំងនេះគឺជាអ្នកមានជ័យជម្នះ ជាទាហានដ៏ល្អរបស់ព្រះគ្រីស្ទ មានតែមនុស្សទាំងនេះទេដែលមានចំណែកនៅក្នុងនគររបស់ព្រះគ្រីស្ទ។ ពួកមនុស្សផ្គាប់ចិត្តគេ សត្វពស់ចាស់ បង្កួយប្ដូរពណ៌ និងអស់អស់អ្នកដែលស្ពឹកស្រពន់ និងល្ងង់ខ្លៅទាំងនោះ សុទ្ធតែត្រូវបានបើកសម្ដែង ពួកគេគឺជាវត្ថុដែលត្រូវជម្រុះចោល។ ពួកគេមិនមែនជាបងប្អូនប្រុសស្រី មិនមែនជាមនុស្សនៃដំណាក់របស់ព្រះជាម្ចាស់ទេ ប៉ុន្តែជាពួកអ្នកមិនជឿ និងជាពួកអ្នកឱកាសនិយមដែលមិនស័ក្តិសមនឹងទទួលបានការទុកចិត្តឡើយ។ នេះគឺជាវិធីដោះស្រាយជាមួយមនុស្សទាំងនេះ៖ ប្រសិនបើពួកគេអាចធ្វើអាក្រក់ ចូរជម្រះពួកគេចេញ ប្រសិនបើពួកគេមិនមែនជាមនុស្សអាក្រក់ និងមិនដើរតាមមនុស្សអាក្រក់ដើម្បីរំខានពួកជំនុំទេ ពួកគេអាចស្នាក់នៅក្នុងពួកជំនុំជាបណ្ដោះអាសន្នសិន ខណៈពេលដែលអ្នករង់ចាំការប្រែចិត្តរបស់ពួកគេ។ ម្យ៉ាងគឺ ចូរអង្កេត និងចាប់យល់ពីនិស្ស័យ ភាពជាមនុស្ស និងទស្សនៈ ព្រមទាំងអាកប្បកិរិយារបស់មនុស្សទាំងនេះចំពោះបញ្ហាផ្សេងៗ ហើយអនុវត្តការញែកដឹង ដោយស្វែងយល់ពីសារជាតិនៃមនុស្សបែបនេះ។ ក្នុងពេលជាមួយគ្នានេះ នៅពេលដែលមនុស្សអាក្រក់ប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោត ចូរប្រយ័ត្នចំពោះមនុស្សផ្គាប់ចិត្តគេទាំងនេះដែលឈរនៅខាងមនុស្សអាក្រក់ ដោយធ្វើជាកញ្ជះ និងបក្ខពួករបស់ពួកគេ។ សរុបមក ចំពោះឥរិយាបថមិនត្រឹមត្រូវទាំងអស់របស់មនុស្សអាក្រក់ដែលប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោត វាចាំបាច់ត្រូវអនុវត្តការញែកដឹងឱ្យស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលអ្នកមើលឃើញសារជាតិរបស់ពួកគេច្បាស់លាស់ អ្នកនឹងដឹងពីរបៀបដោះស្រាយជាមួយពួកគេយ៉ាងសមរម្យស្របតាមគោលការណ៍។
អម្បាញ់មិញនេះ យើងបានប្រកបគ្នាអំពីបាតុភូតខ្លះៗនៃការប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោត និងសកម្មភាពរបស់មនុស្សមួយចំនួន។ ទោះបីជាមិនបានគ្របដណ្ដប់គ្រប់ទិដ្ឋភាពក៏ដោយ ក៏គោលការណ៍សម្រាប់ដោះស្រាយបញ្ហាទាំងនេះ ត្រូវបានប្រកបគ្នាជាគោលៗរួចហើយដែរ។ នៅពេលអ្នករាល់គ្នារកឃើញមនុស្សដែលប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោតនៅក្នុងពួកជំនុំ អ្នកគួរតែក្រោកឈរឡើង និងរឹតត្បិតពួកគេ។ ចូរកុំសម្របសម្រួល ឬធ្វើខ្លួនដូចជាមនុស្សផ្គាប់ចិត្តគេឡើយ។ ប្រសិនបើមាននរណាម្នាក់តែងតែព្យាយាមប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោត គ្រាន់តែនិន្នាការនេះលេចឡើងភ្លាម បងប្អូនប្រុសស្រីគួរតែក្រោកឈរឡើងរួមគ្នា ដើម្បីបញ្ឈប់ និងលាតត្រដាងពួកគេ។ ប្រសិនបើពួកគេកំពុងធ្វើវាដោយការភាន់ច្រឡំ ដោយមិនដឹងថាទង្វើនេះរាប់ថាជាការប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោតទេនោះ អ្នករាល់គ្នាអាចពន្យល់ប្រាប់ពួកគេថា៖ «អ្វីដែលអ្នកកំពុងធ្វើ គឺជាការប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោត។ ចូរកុំដើរតួជាអ្នកបម្រើសាតាំងឡើយ។ នេះគឺជាការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំពួកជំនុំ មិនមែនជាការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុង ឬមេឃុំនោះទេ។ ដំណាក់របស់ព្រះជាម្ចាស់មានបទប្បញ្ញត្តិផ្ទាល់ខ្លួន និងមានគោលការណ៍សម្រាប់ធ្វើកិច្ចការនេះ។ បំណងរបស់មនុស្សមិនគួរត្រូវបានលាយឡំឡើយ យើងគួរតែអនុវត្តតាមគោលការណ៍សេចក្ដីពិតយ៉ាងតឹងរ៉ឹងសម្រាប់កិច្ចការនេះ។ ប្រសិនបើគុណសម្បត្តិរបស់អ្នកអន់ ហើយអ្នកមិនអាចយល់គោលការណ៍សេចក្ដីពិត ឬប្រសិនបើអ្នកចាស់ហើយវង្វេង ដោយខ្វះបញ្ញាដែលតម្រូវឱ្យមានដើម្បីចូលរួមក្នុងការបោះឆ្នោត នោះអ្នកអាចដកខ្លួន ហើយគ្រាន់តែរង់ចាំលទ្ធផលបានហើយ ប៉ុន្តែអ្នកដាច់ខាតមិនត្រូវប្រើឧបាយកល ឬបង្អាក់ដល់ការបោះឆ្នោត ឬជ្រៀតជ្រែក និងបង្កការរំខានឡើយ ទាំងនេះគឺជាអំពើអាក្រក់ ហើយព្រះជាម្ចាស់ស្អប់ខ្ពើមវាណាស់។ អំពើអាក្រក់បែបនេះ ត្រូវបានថ្កោលទោសជារៀងរហូត ចូរកុំធ្វើជាមនុស្សបែបនេះ ឬដើរតាមផ្លូវនេះឱ្យសោះ។ ប្រសិនបើអ្នកពិតជាមនុស្ស ចូរកុំចូលរួមក្នុងការប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោតឡើយ ពីព្រោះនៅពេលដែលវាក្លាយជាការពិត អ្នកនឹងត្រូវបានកំណត់លក្ខណៈថាជាអ្នកបម្រើសាតាំង ហើយនឹងត្រូវបានបោសសម្អាតចេញពីពួកជំនុំមិនខាន»។ ប្រសិនបើមនុស្សដែលប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោតត្រូវបានរកឃើញ នោះអស់អ្នកដែលមានគុណសម្បត្តិអន់នៅក្នុងចំណោមពួកគេ ដែលមិនយល់ពីអ្វីដែលបានកើតឡើងពិតប្រាកដ អាចត្រូវបានប្រកបគ្នាដោយក្ដីស្រឡាញ់ គាំទ្រ ផ្គត់ផ្គង់ និងជួយបាន។ ប៉ុន្តែ ចុះចំណែកអស់អ្នកដែលដឹងច្បាស់ពីគោលការណ៍សេចក្ដីពិតហើយ នៅតែប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោតទាំងដឹងខ្លួន ហើយថែមទាំងមិនអើពើនឹងការដាស់តឿនប្រឆាំងនឹងរឿងនេះវិញនោះ? ក៏មានដំណោះស្រាយសម្រាប់ពួកគេដែរគឺ៖ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការបោះឆ្នោតទៀតទេ ត្រូវដកហូតសិទ្ធិបោះឆ្នោតរបស់ពួកគេ។ សរុបមក រាល់ទង្វើនៃការប្រើឧបាយកល និងបង្អាក់ដល់ការបោះឆ្នោត ត្រូវតែញែកឱ្យដឹង បញ្ឈប់ និងរឹតត្បិតទាំងអស់ ដើម្បីកែប្រែស្ថានការណ៍។ ឥរិយាបថ និងសកម្មភាពបែបនេះ ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យមាននៅក្នុងពួកជំនុំឡើយ ដើម្បីការពារកុំឱ្យមានលទ្ធផលបោះឆ្នោតខុស និងការពារកុំឱ្យកិច្ចការរបស់ពួកជំនុំរងការរំខាន និងខូចខាត។
សេចក្តីសង្ខេបអំពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ ដែលបង្កឱ្យមានការបង្អាក់ និងការរំខាន
ទំនួលខុសត្រូវទីដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ពាក់ព័ន្ធនឹងមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗជាច្រើន ដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្តាប់ធ្នាប់ធម្មតារបស់ពួកជំនុំ។ យើងបានបែងចែករឿងទាំងនេះជាដប់មួយចំណុច ដើម្បីប្រកបគ្នា។ បញ្ហា ឬហេតុការណ៍នានានៃការបង្អាក់ និងការរំខាន ដែលបានរាយក្នុងចំណុចនីមួយៗ ពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់មនុស្ស និងសេចក្ដីជំនឿពិតប្រាកដរបស់ពួកគេលើព្រះជាម្ចាស់។ ហេតុអ្វីបានជាបែងចែកយ៉ាងល្អិតល្អន់ម្ល៉េះ? ហេតុអ្វីបានជាខ្ញុំលើកយកចំណុចនីមួយៗមកប្រកបគ្នា និងវែកញែក? បើវិនិច្ឆ័យតាមចំណងជើងនៃចំណុចនីមួយៗ ភាពជាមនុស្សរបស់មនុស្សដែលធ្វើរឿងទាំងនេះ គឺមិនល្អទេ។ លើកលែងតែចំណុចទីមួយ គឺការតែងនិយាយចាកប្រធានជារឿយៗនៅពេលប្រកបគ្នាពីសេចក្ដីពិត ដែលមិនចាត់ទុកថាធ្ងន់ធ្ងរទេ ក្រៅពីនេះ ចំណុចផ្សេងទៀតសុទ្ធតែមានធម្មជាតិធ្ងន់ធ្ងរណាស់។ ការបង្ហាញចេញទាំងនេះ សុទ្ធតែមានធម្មជាតិនៃការបង្កឱ្យមានការបង្អាក់ និងការរំខាន ហើយរឿងទាំងនេះសុទ្ធតែជាការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំ ដែលនេះជាមូលហេតុដែលយើងលើកយកវាមកប្រកបគ្នា និងវែកញែកម្ដងមួយៗ។ នៅពេលដែលបញ្ហាទាំងនេះកើតឡើងនៅក្នុងជីវិតពួកជំនុំ ឬនៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ខ្លួន មនុស្សគួរតែមានការប្រុងប្រយ័ត្នជាពិសេស ហើយញែកឱ្យដឹង និងមើលធ្លុះរឿងទាំងនេះ។ នៅពេលដែលមនុស្សឃើញព្រឹត្តិការណ៍បែបនេះកើតឡើង ដែលបង្កឱ្យមានការបង្អាក់ និងការរំខាន ពួកគេគួរតែក្រោកឈរឡើង ដើម្បីបញ្ឈប់ និងរឹតត្បិតរឿងទាំងនោះ។ ចំពោះចំណុចទីមួយ «ការតែងនិយាយចាកប្រធានជារឿយៗនៅពេលប្រកបគ្នាពីសេចក្ដីពិត» ជួនកាលមនុស្សធ្វើបែបនេះដោយអចេតនា ហើយកាលៈទេសៈដែលពាក់ព័ន្ធ និងធម្មជាតិនៃរឿងនេះ មិនធ្ងន់ធ្ងរពេកទេ ប៉ុន្តែប្រសិនបើពួកគេនិយាយចាកប្រធានជារឿយៗ និងនិយាយមិនដឹងក្បាលមិនដឹងកន្ទុយ ដែលធ្វើឱ្យអ្នកស្ដាប់ធុញទ្រាន់ ហើយហេតុនេះ មិនទទួលបានលទ្ធផលល្អនៅក្នុងជីវិតពួកជំនុំទេនោះ នោះវានាំឱ្យមានផលវិបាកនៃការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំ។ បញ្ហាដែលនៅសេសសល់ មិនទាំងចាំបាច់លើកយកមកនិយាយផង គ្រាន់តែបញ្ហាមួយក្នុងចំណោមបញ្ហាទាំងនោះ ក៏គ្រប់គ្រាន់នឹងចាត់ទុកថាជាការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំ និងសណ្តាប់ធ្នាប់នៃជីវិតពួកជំនុំទៅហើយ។ ហេតុដូច្នេះហើយ ចាំបាច់ត្រូវប្រកបគ្នា វិភាគ និងវែកញែកបញ្ហានីមួយៗទាំងនេះឱ្យបានលម្អិត។ នៅពេលដែលមានហេតុការណ៍បែបព្យាបាទកើតឡើង ប្រសិនបើអ្នកមានការញែកដឹង និងការយល់ដឹងពីអំពើអាក្រក់ដែលរំខានដល់ពួកជំនុំ អ្នកគួរតែក្រោកឈរឡើងដើម្បីបញ្ឈប់ និងរឹតត្បិតអំពើទាំងនោះ។ ក្នុងន័យទូលាយ នេះគឺជាការបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើត ក្នុងន័យចង្អៀត យ៉ាងហោចណាស់ វាគឺជាការបំពេញភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកនៃពួកជំនុំ។ តើនេះមិនមែនជាអ្វីដែលអ្នកគួរតែអាចធ្វើបានទេឬ? (មែនហើយ។) ប្រសិនបើអ្នកមិនអាចធ្វើបែបនេះបានទេ តើមានផលវិបាកអ្វីខ្លះ? តើយើងគួរកំណត់លក្ខណៈដែលអ្នកមិនអាចធ្វើបែបនេះបានដោយរបៀបណា? យ៉ាងហោចណាស់ វាមានន័យថា អ្នកគឺជាមនុស្សល្ងង់ខ្លៅ លើសពីនេះទៅទៀត អ្នកគឺជាមនុស្សកំសាកដែលគ្មានបានការ ដែលខ្លាចសាតាំង។ បន្ថែមពីលើនេះ នៅពេលដែលពួកសាតាំង និងពួកអារក្សលេចមកដើម្បីរំខានកិច្ចការរបស់ព្រះជាម្ចាស់ និងសណ្តាប់ធ្នាប់ធម្មតារបស់ពួកជំនុំ អ្នកនៅតែព្រងើយកន្តើយ និងគ្មានអំណាច ដោយមិនបង្ហាញការឆ្លើយតបឡើយ ហើយខ្វះសេចក្ដីជំនឿ និងសេចក្ដីក្លាហានក្នុងការក្រោកឈរឡើងដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងសាតាំង និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ក្នុងករណីនោះ អ្នកគឺជាមនុស្សគ្មានបានការ ដែលមិនស័ក្តិសមធ្វើជាអ្នកដើរតាមព្រះជាម្ចាស់ឡើយ។
ទំនួលខុសត្រូវទីដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ រាយរាប់អំពីហេតុការណ៍ប្រភេទផ្សេងៗនៅក្នុងពួកជំនុំ ដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់។ ហេតុការណ៍នីមួយៗ ពាក់ព័ន្ធនឹងអាកប្បកិរិយារបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ព្រមទាំងបងប្អូនប្រុសស្រីធម្មតា ចំពោះព្រះជាម្ចាស់។ វាក៏ពាក់ព័ន្ធនឹងអាកប្បកិរិយារបស់មនុស្សម្នាក់ៗចំពោះភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងជំហរ និងទស្សនៈរបស់ពួកគេចំពោះព្រឹត្តិការណ៍ និងរបស់អវិជ្ជមានទាំងនេះ ដែលរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ជាការពិតណាស់ វាក៏ពាក់ព័ន្ធនឹងថាតើមនុស្សម្នាក់ដែលបានជឿលើព្រះជាម្ចាស់ និងបានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំ មានកម្ពស់ និងសេចក្ដីជំនឿគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងសាតាំង និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ នៅពេលដែលព្រឹត្តិការណ៍ និងរបស់អវិជ្ជមានទាំងនេះកើតឡើងដែរឬទេ។ តើរឿងនេះពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗដែរឬទេ? វាពាក់ព័ន្ធនឹងជំហររបស់មនុស្ស និងផ្លូវដែលពួកគេដើរ ព្រមទាំងអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ ចំពោះសេចក្ដីពិត និងចំពោះភារកិច្ចរបស់ពួកគេ។ ហេតុដូច្នេះហើយ បន្ទាប់ពីបានឮព្រះបន្ទូលទាំងនេះ អ្នករាល់គ្នាគួរតែយល់ថា ទាំងនេះគឺជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ចូរកុំចាត់ទុកព្រះបន្ទូលទាំងនេះជាគោលលទ្ធិ ច្បាប់ ឬបទប្បញ្ញត្តិ ដើម្បីប្រតិបត្តិ និងអនុវត្តឡើយ ប៉ុន្តែផ្ទុយទៅវិញ ត្រូវរិះគិតអំពីព្រះបន្ទូលទាំងនេះឱ្យបានច្រើន ដើម្បីឱ្យយល់ពីសេចក្ដីពិត ហើយបន្ទាប់មកអនុវត្ត និងចូលទៅក្នុងព្រះបន្ទូលទាំងនេះ ដោយបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ នៅពេលដែលមនុស្សអាក្រក់បង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ចូរកុំឈរមើលដោយមិនធ្វើអ្វីសោះ ចូរកុំគេចវេះពីការទទួលខុសត្រូវរបស់អ្នកដោយប្រើលេសផ្សេងៗ ដោយនិយាយថា អ្នកបានជឿលើព្រះជាម្ចាស់ត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ មានកម្ពស់តូចទាប ឬនៅក្មេងខ្ចី ជាដើម។ នៅពេលដែលព្រះជាម្ចាស់ពិនិត្យពិច័យកិច្ចការ នៅពេលដែលទ្រង់រៀបចំបរិយាកាសដើម្បីទតមើលអាកប្បកិរិយារបស់អ្នក ទ្រង់មិនទតមើលអាយុរបស់អ្នក ថាតើអ្នកបានជឿលើទ្រង់អស់រយៈពេលប៉ុន្មានឆ្នាំ ឬថាតើអ្នកធ្លាប់បានលះបង់អ្វីខ្លះ និងថាតើអ្នកសម្រេចបានគុណបំណាច់អ្វីខ្លះនោះទេ ព្រះជាម្ចាស់ចង់បានអាកប្បកិរិយារបស់អ្នកនៅពេលនោះ។ ប្រសិនបើជាធម្មតា អ្នកមិនដែលរិះគិត ឬស្វែងរកអំពីរឿងទាំងនេះទេ ហើយអ្នកឆ្លងកាត់រឿងរ៉ាវគ្រប់យ៉ាងក្នុងសភាពវង្វេងវង្វាន់ ដោយមិនចងចាំអ្វីសោះ ដោយមិនស្វែងរកសេចក្ដីពិត ដោយមិនរៀនមេរៀនរបស់អ្នក ឬយកចិត្តទុកដាក់ចំពោះបរិយាកាសផ្សេងៗដែលព្រះជាម្ចាស់បានរៀបចំទេនោះ ប្រសិនបើអ្នករត់គេច នៅពេលអ្នកឃើញមនុស្សអាក្រក់បង្កការរំខាន និងការបង្អាក់ ហើយមិនដែលរាយការណ៍រឿងនេះទៅដំណាក់របស់ព្រះជាម្ចាស់ ឬបង្ហាញអាកប្បកិរិយារបស់អ្នកទេ នោះទោះបីជាអ្នកមិនបានចូលរួមក្នុងការប្រព្រឹត្តអាក្រក់ក៏ដោយ ក៏ឥរិយាបថរបស់អ្នកនៅក្នុងរឿងនេះ បានបើកសម្ដែងពីជំហរ និងទស្សនៈរបស់អ្នករួចទៅហើយ គឺថាអ្នកគឺជាអ្នកឈរមើលពីក្រៅ ដែលឈរការពារសាតាំង។ ព្រះជាម្ចាស់ពិនិត្យពិច័យអ្វីៗគ្រប់យ៉ាង ហើយអ្នកមិនអាចបោកបញ្ឆោតទ្រង់បានឡើយ។ ហេតុដូច្នេះហើយ នៅពេលដែលរឿងរ៉ាវអវិជ្ជមានទាំងនេះកើតឡើង នៅពេលដែលអ្នករកឃើញមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ និងសណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំ នោះវាបើកសម្ដែងយ៉ាងច្បាស់ពីអាកប្បកិរិយារបស់អ្នកចំពោះព្រះជាម្ចាស់។ វាអាចថា អ្នកទើបតែបានជឿលើព្រះជាម្ចាស់ត្រឹមតែមួយរយៈខ្លី អ្នកនៅក្មេងខ្ចី ហើយកម្ពស់របស់អ្នកនៅតូចទាប ប៉ុន្តែប្រសិនបើនៅពេលដែលរឿងទាំងនេះកើតឡើង អ្នកអនុវត្តស្របតាមគោលការណ៍ ហើយអ្នកព្យាយាមបញ្ឈប់ រឹតត្បិត ឬថែមទាំងលាតត្រដាងមនុស្សអាក្រក់ ដោយហ៊ានប្រថុយ និងមិនគិតពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក ដើម្បីក្រោកឈរឡើង និងការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមានចិត្តបែបនេះ នោះអាកប្បកិរិយារបស់អ្នកចំពោះព្រះជាម្ចាស់ ព្រមទាំងការប្ដេជ្ញាចិត្តរបស់អ្នកក្នុងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងប្រយុទ្ធប្រឆាំងនឹងសាតាំង នឹងក្លាយជាទីបន្ទាល់ដែលមើលឃើញដោយមនុស្ស និងព្រះជាម្ចាស់។ អំពើអាក្រក់របស់មនុស្ស ការបោកបញ្ឆោត និងការលាក់បាំងរបស់ពួកគេពីព្រះជាម្ចាស់ ការគេចវេះពីការទទួលខុសត្រូវរបស់ពួកគេ ការចុះញ៉ម និងការសម្របសម្រួលរបស់ពួកគេចំពោះសាតាំង នៅពេលដែលវាធ្វើអាក្រក់ ព្រះជាម្ចាស់នឹងទតឃើញរឿងទាំងនេះ ហើយអំពើអាក្រក់ទាំងនេះ នឹងត្រូវបានទូទាត់ និងទទួលការវិនិច្ឆ័យនៅថ្ងៃណាមួយ។ ប៉ុន្តែដូចគ្នាដែរ នៅពេលដែលមនុស្សក្រោកឈរឡើងប្រឆាំងនឹងការបង្អាក់ និងការរំខានរបស់សាតាំង ដើម្បីនិយាយការពារដំណាក់របស់ព្រះជាម្ចាស់ និងការពារបងប្អូនប្រុសស្រី ហើយប្រយុទ្ធប្រឆាំងនឹងសាតាំង ដើម្បីការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដោយស្វែងរកសេចក្ដីពិត ជាមួយនឹងការតាំងចិត្តក្នុងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ទោះបីជាពេលខ្លះពួកគេមានអារម្មណ៍ថាគ្មានអំណាច និងឯកោ ខ្វះប្រាជ្ញា មានត្រឹមតែការយល់ដឹងរាក់កំផែលអំពីសេចក្ដីពិត ឬចង់ប្រកបគ្នាអំពីសេចក្ដីពិត ប៉ុន្តែមិនអាចសម្ដែងចេញពីគំនិតរបស់ខ្លួនបានច្បាស់លាស់ ដែលនាំឱ្យអ្នកខ្លះចំអក និងមើលងាយពួកគេក៏ដោយ ក៏នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទ្រង់ទតឃើញភាពស្មោះសររបស់ពួកគេ ហើយទ្រង់ចាត់ទុកសកម្មភាព និងឥរិយាបថទាំងនេះថាជាអំពើល្អ។ អំពើអាក្រក់នឹងទទួលការវិនិច្ឆ័យ និងមានលទ្ធផលនៅចំពោះព្រះជាម្ចាស់នៅថ្ងៃណាមួយ ហើយអំពើល្អក៏ដូច្នោះដែរ ប៉ុន្តែលទ្ធផលចុងក្រោយសម្រាប់ឥរិយាបថទាំងពីរប្រភេទនេះ នឹងខុសគ្នាទាំងស្រុង។ អំពើអាក្រក់នឹងទទួលទោសពៃរ៍ដែលស័ក្តិសម ហើយអំពើល្អនឹងត្រូវបានតបស្នងដោយការប្រព្រឹត្តយ៉ាងល្អ។ ព្រះជាម្ចាស់បានកំណត់រឿងនេះសម្រាប់មនុស្សម្នាក់ៗតាំងពីយូរមកហើយ ដោយគ្រាន់តែរង់ចាំការបង្ហាញចេញផ្សេងៗរបស់មនុស្សក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះជាម្ចាស់ ក្លាយជាការពិតជាក់ស្ដែងសិន មុននឹងផ្តល់រង្វាន់ដល់អំពើល្អ និងដាក់ទោសអំពើអាក្រក់។
ទំនួលខុសត្រូវទីដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ រាយរាប់អំពីបញ្ហាទាំងដប់មួយដែលទាក់ទងនឹងមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ ដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ។ តើបញ្ហាទាំងដប់មួយនេះសំខាន់ដែរឬទេ? តើបញ្ហាទាំងនេះបើកសម្ដែងមនុស្សយ៉ាងច្បាស់ដែរឬទេ? នៅពេលដែលអ្នករាល់គ្នាប្រកបគ្នាអំពីបញ្ហានីមួយៗ អ្នកគួរតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីយល់សេចក្ដីពិតឱ្យបានច្បាស់។ រឿងនេះពាក់ព័ន្ធនឹងរបៀបដែលមនុស្សប្រកាន់ខ្ជាប់សេចក្ដីយុត្តិធម៌ និងរឿងវិជ្ជមាន និងរបៀបដែលពួកគេប្រកាន់ខ្ជាប់ទីបន្ទាល់របស់ព្រះជាម្ចាស់។ វាក៏ពាក់ព័ន្ធនឹងរបៀបដែលមនុស្សក្រោកឈរឡើងដើម្បីប្រយុទ្ធនឹងសាតាំង លាតត្រដាង និងបកអាក្រាតមុខមាត់របស់សាតាំង ព្រមទាំងបញ្ឈប់ និងរឹតត្បិតអំពើអាក្រក់របស់សាតាំងផងដែរ ទាំងនេះគឺជាទិដ្ឋភាពទាំងពីរដែលពាក់ព័ន្ធ។ នៅពេលដែលសាតាំងបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ តើអ្នកមានចំណែកដែរឬទេ? តើអ្នកមានចំណែកអ្វីខ្លះ? តើអ្នកបានធ្វើតាមអ្វីដែលព្រះជាម្ចាស់តម្រូវពីអ្នកហើយឬនៅ? តើអ្នកបានបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវ ដែលអ្នកដើរតាមព្រះជាម្ចាស់គួរតែបំពេញហើយឬនៅ? នៅពេលដែលបញ្ហាទាំងនេះកើតឡើង តើអ្នកសម្របសម្រួល សម្រួលស្ថានការណ៍ និងដើរផ្លូវកណ្ដាល ក្នុងនាមជាមនុស្សផ្គាប់ចិត្តគេ ឬមួយក៏អ្នកក្រោកឈរឡើងដើម្បីបញ្ឈប់ និងរឹតត្បិតអំពើអាក្រក់របស់សាតាំង ដោយធ្វើការក្នុងចិត្តតែមួយជាមួយបងប្អូនប្រុសស្រីពិតប្រាកដជាច្រើនទៀត ដើម្បីការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់? តើអ្នកការពារអ្វី? តើអ្នកការពារផលប្រយោជន៍របស់មនុស្សអាក្រក់ ផលប្រយោជន៍របស់សាតាំង ឬមួយក៏អ្នកការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់? ប្រសិនបើមានអ្វីមួយដែលបង្អាក់ ឬរំខានដល់កិច្ចការរបស់ពួកជំនុំកើតឡើង ហើយអ្នកមិនធ្វើអ្វីសោះ ដោយគ្រាន់តែដើរតួជាមនុស្សផ្គាប់ចិត្តគេ និងការពារខ្លួនឯង ដោយធានាថាអ្នកអាចចាត់ចែងទំនាក់ទំនងល្អជាមួយអ្នកដទៃបានយ៉ាងជោគជ័យ និងមិនឱ្យមានបញ្ហាដល់ខ្លួន ដោយមិនដែលមានអារម្មណ៍ខ្វល់ខ្វាយ ឬព្រួយបារម្ភអំពីកិច្ចការរបស់ពួកជំនុំដែលត្រូវបានរំខាន ដោយគ្មានសេចក្ដីស្អប់ ឬកំហឹងចំពោះអំពើអាក្រក់របស់មនុស្សអាក្រក់ ដោយគ្មានបន្ទុកចំពោះផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងបងប្អូនប្រុសស្រីទាំងអស់ ដោយគ្មានអារម្មណ៍ថាជំពាក់គុណព្រះជាម្ចាស់ និងដោយមិនមានអារម្មណ៍បន្ទោសខ្លួនឯងសោះ នោះអ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ ប្រសិនបើនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកគឺជាមនុស្សផ្គាប់ចិត្តគេសុទ្ធសាធ ដោយឈរអោបដៃមើលយ៉ាងអសកម្មនូវអ្វីដែលកើតឡើង និងគេចវេះពីវា ហើយមិនបំពេញការទទួលខុសត្រូវ ឬកាតព្វកិច្ចណាមួយរបស់អ្នកទាល់តែសោះ នោះអ្នកពិតជាស្ថិតក្នុងគ្រោះថ្នាក់ ហើយអាចនឹងត្រូវព្រះជាម្ចាស់ជម្រុះចោលជាមិនខាន។ ប្រសិនបើព្រះជាម្ចាស់មានព្រះតម្រិះមួយ ដែលសូម្បីតែព្រះរាជបំណងចង់ឱ្យអ្នកធ្វើការដោយកម្លាំងក៏គ្មានសល់ ហើយទ្រង់ជិនឆ្អន់នឹងអ្នក នោះនៅពេលនេះ អ្នកត្រូវបានកំណត់ថានឹងត្រូវជម្រុះចោល ដែលជារឿងគ្រោះថ្នាក់បំផុត! នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលថា ទ្រង់មិនចង់ឃើញមនុស្សដូចជាអ្នកទៀតទេ ហើយថាទ្រង់មិនឱ្យតម្លៃមនុស្សដូចជាអ្នកក្នុងការបំពេញភារកិច្ច ឬធ្វើការដោយកម្លាំងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេនោះ នោះអ្នកអាចនឹងត្រូវបានពួកជំនុំជម្រុះចោលនៅថ្ងៃណាមួយ ឬនៅពេលណាមួយក្នុងអនាគតដ៏ខ្លីខាងមុខ ដែលនឹងផ្លាស់ប្ដូរវាសនារបស់អ្នក។ នោះគឺដោយសារតែទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ លែងប្រក្រតីទៀតហើយ ឬអ្នកបានធ្វើឱ្យខ្លួនឯងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងបានក្បត់ទ្រង់ ហើយរឿងនេះបាននាំឱ្យមានលទ្ធផលបែបនេះ។ តើអ្នកអាចមើលឃើញការពិតនេះដែរឬទេ? នៅពេលដែលអ្នកដឹងពីការពិតនេះ មិនថាអ្នកអាចទទួលយកវាបានឬអត់នោះទេ ក្តីសង្ឃឹមដ៏ស្រស់បំព្រងទាំងអស់នៅក្នុងដួងចិត្តរបស់អ្នក នឹងរលាយបាត់ក្នុងមួយប៉ប្រិចភ្នែក។
នៅពេលដែលមនុស្សជឿលើព្រះជាម្ចាស់ដំបូង ពួកគេទាំងអស់សុទ្ធតែមានចិត្តក្លៀវក្លា។ ទោះបីជាពួកគេមិនអាចមើលឃើញគោលដៅទៅថ្ងៃមុខ ឬអនាគតរបស់ខ្លួនក៏ដោយ ក៏ពួកគេតែងតែមានអារម្មណ៍ថាមានទីពឹងអាងលើព្រះជាម្ចាស់ដែរ។ ពួកគេតែងតែប្រាថ្នាចង់បានរឿងល្អៗ និងរឿងវិជ្ជមាន។ តើកម្លាំងនេះបានមកពីណា? មនុស្សមិនដឹងទេ ពួកគេរកនឹកមិនឃើញឡើយថា៖ «មនុស្សគឺសុទ្ធតែដូចគ្នា សុទ្ធតែរស់នៅក្នុងបរិយាកាសតែមួយ និងក្រោមព្រះអាទិត្យតែមួយ។ ចុះហេតុអ្វីបានជាពួកអ្នកគ្មានជំនឿ ខ្វះរបស់ទាំងនេះនៅក្នុងចិត្តរបស់ខ្លួន ចំណែកឯពួកយើងមានរបស់ទាំងនេះទៅវិញ?» តើនេះមិនមែនជាអាថ៌កំបាំងទេឬ? កម្លាំងនេះបានមកពីព្រះជាម្ចាស់។ វាជារបស់ដែលសុទ្ធតែមានតម្លៃខ្លាំងបំផុត វាមិនមែនជារបស់ដែលមនុស្សមានពីកំណើតនោះទេ។ ប្រសិនបើមនុស្សគ្រប់គ្នាមានវាពីកំណើត នោះពួកគេនឹងដូចគ្នា នៅក្នុងចំណោមមនុស្សជាតិនឹងគ្មានការបែងចែកខ្ពស់ឬទាប ថ្លៃថ្នូរឬថោកទាបឡើយ ហើយក៏នឹងគ្មានភាពខុសគ្នារវាងអស់អ្នកដែលជឿលើព្រះជាម្ចាស់ និងអស់អ្នកដែលមិនជឿព្រះជាម្ចាស់ដែរ។ អ្វីដែលពួកគេគ្មាន អ្នកអាចមានបាន អ្នកអាចមានរបស់ដែលមានតម្លៃបំផុតដែលមានក្នុងចំណោមមនុស្សជាតិ។ ហេតុអ្វីបានជាគេហៅវាថាជារបស់ដែលមានតម្លៃបំផុត? ច្បាស់ណាស់គឺដោយសារតែក្តីសង្ឃឹម និងក្ដីរំពឹងទុកនេះហើយ ទើបអ្នកអាចផ្ដោតចិត្តលើការបំពេញភារកិច្ចរបស់អ្នកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បាន។ នេះគឺជាលក្ខខណ្ឌមូលដ្ឋានបំផុតសម្រាប់មនុស្សម្នាក់ ដើម្បីអាចទទួលបានសេចក្ដីសង្គ្រោះ។ ដោយសារតែក្ដីរំពឹងទុកនេះហើយ ទើបអ្នកមានឱកាស និងមានការតាំងចិត្តបន្តិចបន្តួចក្នុងការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ដើម្បីបំពេញភារកិច្ចរបស់អ្នកក្នុងនាមជាភាវៈដែលព្រះបានបង្កើត និងដើម្បីធ្វើជាមនុស្សល្អ ជាមនុស្សដែលត្រូវបានសង្គ្រោះ។ ផលប្រយោជន៍ដែលរឿងនេះនាំមក គឺពិតជាធំធេងណាស់។ ដូច្នេះ តើរបស់នេះបានមកពីណា? វាបានមកពីព្រះជាម្ចាស់ វាត្រូវបានប្រទានឱ្យដោយព្រះជាម្ចាស់។ ក៏ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់មិនចង់បាននរណាម្នាក់ទៀតទេ របស់នេះត្រូវបានដកហូតទៅវិញ។ ពួកគេលែងប្រាថ្នាចង់បាន ឬរំពឹងទុកនូវរឿងល្អៗទៀតហើយ ពួកគេមិនដាក់ក្តីសង្ឃឹមរបស់ពួកគេលើរឿងទាំងនោះទៀតទេ។ ដួងចិត្តរបស់ពួកគេប្រែជាងងឹត ហើយចាប់ផ្ដើមធ្លាក់ចុះ។ ពួកគេបាត់បង់សេចក្ដីក្លៀវក្លាក្នុងការដេញតាមអ្វីដែលល្អ ឬវិជ្ជមាន ព្រមទាំងសេចក្ដីសន្យារបស់ព្រះជាម្ចាស់។ ពួកគេបានក្លាយដូចជាអ្នកគ្មានជំនឿអ៊ីចឹង។ នៅពេលដែលបាត់បង់របស់នេះហើយ តើពួកគេអាចបន្តនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងបន្តជឿលើព្រះជាម្ចាស់ ហើយដើរតាមទ្រង់បានដែរឬទេ? តើផ្លូវនៃសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ មិនបានមកដល់ទីបញ្ចប់ទេឬ? នៅពេលដែលអ្នកបាត់បង់លក្ខខណ្ឌចាំបាច់នៃការមានការតាំងចិត្តក្នុងការដេញតាមនេះ អ្នកប្រែទៅជាសាកសពចេះដើរ។ តើការធ្វើជា «សាកសពចេះដើរ» មានន័យដូចម្តេច? វាមានន័យថា អ្នកលែងអាចយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតហើយ។ នៅពេលដែលអ្នកមានលក្ខខណ្ឌចាំបាច់នេះ អ្នកអាចយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានក្តីសង្ឃឹម សេចក្ដីជំនឿរបស់អ្នកអាចត្រូវបានបំផុសឡើង ហើយលក្ខខណ្ឌចាំបាច់នេះ អាចផ្ដល់កម្លាំងចិត្តដល់អ្នកក្នុងការដេញតាមសេចក្ដីពិត។ ក៏ប៉ុន្តែ នៅពេលដែលអ្នកបាត់បង់លក្ខខណ្ឌចាំបាច់ជាមូលដ្ឋាននេះ កម្លាំងចិត្តនេះក៏រលាយបាត់ទៅ។ អ្នកគ្មានសេចក្ដីក្លៀវក្លា ឬចំណាប់អារម្មណ៍ក្នុងការស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ សេចក្ដីសន្យា និងក្ដីរំពឹងទុក មិនធ្វើឱ្យអ្នកចាប់អារម្មណ៍ ឬមានកម្លាំងចិត្តទៀតទេ។ ចំពោះអ្នក ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានក្លាយជាទ្រឹស្ដីកម្រិតខ្ពស់។ អ្នកមិនខិតខំឆ្ពោះទៅរកព្រះបន្ទូលទាំងនោះទេ ហើយព្រះជាម្ចាស់លែងបំភ្លឺអ្នកទៀតហើយ។ អ្នកមិនអាចទទួលបានសេចក្ដីពិតណាមួយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ តើផ្លូវនៃសេចក្ដីជំនឿលើព្រះជាម្ចាស់នេះ មិនបានមកដល់ទីបញ្ចប់សម្រាប់អ្នកទេឬ? នៅពេលដែលវាឈានមកដល់ចំណុចនេះ ព្រះជាម្ចាស់បានស្អប់ខ្ពើមនិងបដិសេធអ្នករួចទៅហើយ តើអ្នកនៅតែអាចធ្វើឱ្យព្រះជាម្ចាស់ប្ដូរព្រះហឫទ័យរបស់ទ្រង់បានដែរឬទេ? វានឹងមិនងាយស្រួលនោះទេ។ នៅពេលដែលព្រះជាម្ចាស់បានកំណត់ថា ទ្រង់មិនចង់បានមនុស្សណាម្នាក់ទៀតទេ នេះគឺជាអ្វីដែលពួកគេមានអារម្មណ៍នៅខាងក្នុង។ នៅពេលដែលរបស់នេះត្រូវបានដកហូតចេញ អាកប្បកិរិយារបស់អ្នកចំពោះរឿងរ៉ាវផ្សេងៗ ដូចជាការជឿលើព្រះជាម្ចាស់ ការបំពេញភារកិច្ចរបស់អ្នក និងការទទួលបានសេចក្ដីសង្គ្រោះ នឹងខុសគ្នាទាំងស្រុងពីកាលពីមុន។ នៅពេលឆ្លុះបញ្ចាំងពីការដេញតាមយ៉ាងក្លៀវក្លារបស់អ្នកកាលពីមុន អ្នកនឹងយល់ថាវាជារឿងដែលមិនអាចពន្យល់បាន មិនអាចយល់បាន និងមិនអាចជឿបាន។ នៅពេលដែលអ្នកយល់ថាវាជារឿងមិនអាចជឿបាន ដោយប្រៀបធៀបសភាពរបស់អ្នកនៅពេលនេះ ទៅនឹងខ្លួនរបស់អ្នកកាលពីមុន សភាពខាងក្នុងរបស់អ្នកនឹងឆ្លងកាត់ការផ្លាស់ប្ដូរធម្មជាតិដើមទាំងស្រុង អ្នកនឹងក្លាយជាមនុស្សផ្សេងម្នាក់ទៀតទាំងស្រុង អ្នកនឹងមិនមែនជាមនុស្សដដែលដូចកាលពីមុនទៀតឡើយ។ ហេតុអ្វីបានជារឿងនេះនឹងកើតឡើង? វានឹងមិនមែនដោយសារតែបរិយាកាសបានផ្លាស់ប្ដូរនោះទេ វានឹងមិនមែនដោយសារតែអ្នកមានវ័យកាន់តែចាស់ ហើយកាន់តែមានល្បិចកលនោះទេ វានឹងមិនមែនដោយសារតែអ្នកទទួលបានបទពិសោធ និងការយល់ដឹងអំពីជីវិតកាន់តែច្រើន ដែលផ្លាស់ប្ដូរការគិត និងទស្សនៈរបស់អ្នកនោះទេ។ ផ្ទុយទៅវិញ វានឹងដោយសារតែព្រះជាម្ចាស់បានប្ដូរព្រះហឫទ័យរបស់ទ្រង់ ព្រះតម្រិះរបស់ទ្រង់បានផ្លាស់ប្ដូរ ហើយអាកប្បកិរិយា និងក្ដីរំពឹងទុករបស់ទ្រង់ចំពោះអ្នក បានផ្លាស់ប្ដូរ។ ដូច្នេះ អ្នកបានក្លាយជាមនុស្សផ្សេងម្នាក់ទៀត ដោយមិនដឹងខ្លួន។ ពេលមើលទៅឥឡូវនេះ ប្រសិនបើមនុស្សម្នាក់បាត់បង់អ្វីដែលព្រះជាម្ចាស់ប្រទានឱ្យពួកគេ ប៉ុន្តែជាអ្វីដែលពួកគេចាត់ទុកថាជារបស់តូចតាចបំផុត និងគ្មានន័យបំផុតនោះ នៅចំណុចនេះ បុគ្គលនោះនឹងជាប់នៅក្នុងសេចក្ដីរងទុក្ខ ដោយគ្មានសេចក្ដីសុខសោះឡើយ។ ដូច្នេះ ចូរកុំបណ្ដោយឱ្យដល់ចំណុចនោះឱ្យសោះ។ ប្រសិនបើអ្នកទៅដល់ចំណុចនោះ អ្នកអាចនឹងមានអារម្មណ៍ហាក់ដូចជាអម្រែកដ៏ធ្ងន់មួយត្រូវបានដកចេញពីស្មារបស់អ្នក មានសេរីភាព ធូរស្រាល ដល់ថ្នាក់អ្នកមិនចាំបាច់ជឿលើព្រះជាម្ចាស់ ឬបំពេញភារកិច្ចរបស់អ្នកទៀតទេ ហើយថាអ្នកអាចរស់នៅដោយសេរី និងតាមតែអំពើចិត្តដូចជាពួកអ្នកគ្មានជំនឿ ដូចជាបក្សីដែលចេញពីទ្រុង។ ប៉ុន្តែ នោះគ្រាន់តែជាភាពសុខស្រួល សេចក្ដីអំណរ និងការបណ្ដោយខ្លួនជាបណ្ដោះអាសន្នប៉ុណ្ណោះ។ នៅពេលអ្នកបន្តឆ្ពោះទៅមុខ ចូរមើលផ្លូវនៅខាងមុខ តើអ្នកនឹងនៅតែសប្បាយចិត្តបែបនេះទៀតទេ? អត់ទេ អ្នកនឹងមិនសប្បាយចិត្តទេ។ ពេលវេលាដ៏លំបាកកំពុងរង់ចាំអ្នកនៅខាងមុខ! នៅពេលដែលអ្នករស់នៅក្រោមការត្រួតត្រារបស់ព្រះអាទិករ មិនថាព្រះអាទិករចាត់ចែងរឿងរ៉ាវសម្រាប់អ្នកយ៉ាងណា អ្វីដែលទ្រង់ធ្វើចំពោះអ្នក និងរបៀបដែលទ្រង់ធ្វើវា ទ្រង់នាំមកនូវការល្បងល និងទុក្ខវេទនាច្រើនប៉ុនណា អ្នកស៊ូទ្រាំនឹងការរងទុក្ខច្រើនប៉ុនណា ឬសូម្បីតែមានការមិនយល់ ការយល់ច្រឡំ និងរឿងរ៉ាវផ្សេងទៀតកើតឡើងក៏ដោយ យ៉ាងហោចណាស់ អ្នកនឹងមានអារម្មណ៍ថា អ្នកស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់គឺជាទីពឹងអាងរបស់អ្នក ហើយដួងចិត្តរបស់អ្នកមានសេចក្ដីសុខសាន្ត។ ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់មិនចង់បានអ្នកទៀតទេ ហើយអ្នកមិនអាចទទួលដឹងពីរបៀបដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះអ្នកទៀតទេ ហើយអ្នកបាត់បង់ទីពឹងអាងនេះ វាដូចជាពិភពលោកទាំងមូលរលំចុះនៅជុំវិញអ្នកអ៊ីចឹង។ វាដូចជាពេលដែលអ្នកនៅក្មេង ហើយអ្នកគ្រាន់តែគិតថា៖ «ម៉ាក់គឺជាមនុស្សគួរឱ្យស្រឡាញ់បំផុត ម៉ាក់យកចិត្តទុកដាក់ចំពោះខ្ញុំ និងស្រឡាញ់ខ្ញុំបំផុត ម៉ាក់មិនអាចស្លាប់បានទេ»។ អ្នកមិនអាចទ្រាំបានឡើយ នៅពេលដែលអ្នកឮថាម៉ាក់របស់អ្នកឈឺ។ អ្នកគិតថា ប្រសិនបើម៉ាក់របស់អ្នកពិតជាស្លាប់មែន នោះមេឃនឹងរលំ ហើយអ្នកនឹងគ្មានផ្លូវរស់បន្តទៀតទេ។ ហេតុផលដូចគ្នានេះ អនុវត្តចំពោះការជឿលើព្រះជាម្ចាស់។ សេចក្ដីសុខសាន្ត និងសេចក្ដីអំណរដ៏អស្ចារ្យបំផុតនៅក្នុងជំនឿរបស់មនុស្សម្នាក់លើព្រះជាម្ចាស់ បានមកពីការពឹងអាងលើព្រះជាម្ចាស់ ដោយជឿថាវាសនារបស់ខ្លួនស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអាទិករ។ អារម្មណ៍នៃភាពនឹងនររបស់មនុស្សម្នាក់ បានមកពីការមានការទុកចិត្ត និងទីពឹងអាងដ៏ពិតប្រាកដនេះ។ នៅពេលដែលអ្នកមានអារម្មណ៍ថា ការទុកចិត្ត និងទីពឹងអាងនេះបាត់ទៅ ហើយចិត្តរបស់អ្នកមានអារម្មណ៍ថាទទេស្អាត ដូចជារណ្តៅដែលទើបតែជីក តើមេឃរបស់អ្នកមិនបានរលំទេឬ? តើអ្នកមានកម្លាំងដើម្បីរស់បន្តទៀតទេ នៅពេលដែលអ្នកបាត់បង់ទីពឹងអាងរបស់អ្នក? មនុស្សបែបនេះគឺដូចជាសាកសពចេះដើរអ៊ីចឹង ដែលគិតតែពីស៊ីប៉ុណ្ណោះ ខណៈពេលពួកគេរង់ចាំទីបញ្ចប់របស់ខ្លួន។
ឥឡូវនេះ មនុស្សមួយចំនួនតែងតែបង្ហាញឥរិយាបថមិនល្អ ហើយធ្វើអាក្រក់ឥតឈប់ឈរ ព្រមទាំងបង្អាក់ រំខាន និងបំផ្លាញកិច្ចការរបស់ពួកជំនុំ ខណៈពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន រហូតដល់ថ្នាក់បង្កឱ្យមានការខាតបង់យ៉ាងធំធេងដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទៀតផង។ ពួកគេមិនដែលបង្ហាញភាពស្មោះសរ ឬភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ឡើយ កុំថាឡើយដល់ការចុះចូលនោះ។ ហេតុនេះ ព្រះជាម្ចាស់មិនដែលបានទទួលស្គាល់ពួកគេឡើយ។ ពួកគេគឺជាមនុស្សអាក្រក់ដែលបានជ្រៀតចូលក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយមានបំណងចង់ទទួលបានព្រះពរ។ ព្រះជាម្ចាស់អនុញ្ញាតឱ្យពួកគេចូល ដើម្បីឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចរៀនមេរៀន និងរីកចម្រើនក្នុងការចេះញែកដឹង។ ទោះបីជាពួកគេស្ថិតក្នុងចំណោមអ្នកដែលត្រូវបានហៅមកក៏ដោយ ក៏ពួកគេមិនត្រូវបានរើសតាំងឡើយ ដោយសារតែឥរិយាបថដែលពួកគេបង្ហាញជានិច្ចកាល។ តើស្ថានភាពរបស់ពួកគេយ៉ាងម៉េចដែរ? អ្នករាល់គ្នាអាចសាកសួរបាន ជីវិតរបស់ពួកគេគ្មាននរណាម្នាក់ល្អប្រសើរឡើយ។ គុណភាពជីវិតសម្រាប់អស់អ្នកដែលពឹងអាងលើព្រះជាម្ចាស់ និងទទួលបានការផ្គត់ផ្គង់របស់ទ្រង់គ្រប់ពេលវេលា គ្រប់ទីកន្លែង គឺខុសគ្នាទាំងស្រុងពីអស់អ្នកដែលមិនទទួលបានការផ្គត់ផ្គង់ និងជំនួយរបស់ព្រះជាម្ចាស់ ហើយតែងតែធ្លាក់ទៅក្នុងជង្ហុកធំ នៅពេលដែលពួកគេប្រឈមមុខនឹងស្ថានការណ៍នានា។ អស់អ្នកដែលមិនទទួលបានការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ គ្មានសេចក្ដីសុខសាន្ត ឬសេចក្ដីអំណរឡើយ ពេញមួយថ្ងៃពួកគេជួបប្រទះតែភាពភ័យខ្លាច ភាពមិនសុខស្រួល ភាពរសាប់រសល់ និងការព្រួយបារម្ភ។ តើពួកគេចំណាយពេលប្រចាំថ្ងៃបែបណា? តើការចំណាយពេលប្រចាំថ្ងៃនៅក្នុងជង្ហុកធំ ងាយស្រួលដែរឬទេ? អត់ទេ វាមិនងាយស្រួលឡើយ។ មិនបាច់និយាយដល់ជង្ហុកធំនេះផង សូម្បីតែអ្នកចំណាយពេលពីរបីថ្ងៃជាប់ៗគ្នានៅក្នុងភាពអវិជ្ជមាន ក៏អ្នកនឹងរងទុក្ខយ៉ាងខ្លាំងដែរ។ ហេតុដូច្នេះហើយ ចូរឱ្យតម្លៃពេលវេលាបច្ចុប្បន្ន ហើយកុំខកខានឱកាសដ៏អស្ចារ្យនេះឱ្យសោះ។ វាគឺជាកិត្តិយសណាស់ដែលបានបំពេញភារកិច្ចរបស់អ្នក នៅក្នុងកិច្ចការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់។ នេះគឺជាកិត្តិយសសម្រាប់មនុស្សគ្រប់រូប។ វាមិនមែនជារឿងអាម៉ាស់នោះទេ គន្លឹះសំខាន់គឺថាតើអ្នកប្រព្រឹត្ត និងតបស្នងចំពោះកិត្តិយសដែលអ្នកទទួលបានពីព្រះជាម្ចាស់នេះដោយរបៀបណា។ ព្រះជាម្ចាស់បានលើកតម្កើងអ្នក សូមកុំខកខានមិនបានដឹងគុណចំពោះសេចក្ដីសប្បុរសរបស់ទ្រង់ឱ្យសោះ។ អ្នកគួរតែដឹងពីរបៀបតបស្នងព្រះគុណរបស់ព្រះជាម្ចាស់។ តើអ្នកគួរតបស្នងដោយរបៀបណា? ព្រះជាម្ចាស់មិនចង់បានលុយរបស់អ្នក ឬជីវិតរបស់អ្នកទេ ហើយទ្រង់មិនមានព្រះរាជបំណងចង់បានទ្រព្យមរតកណាមួយដែលបន្តពីគ្រួសាររបស់អ្នកឡើយ។ តើព្រះជាម្ចាស់ចង់បានអ្វី? ព្រះជាម្ចាស់មានព្រះរាជបំណងចង់បានភាពស្មោះសរ និងភាពស្មោះត្រង់របស់អ្នក។ តើភាពស្មោះសរ និងភាពស្មោះត្រង់នេះបង្ហាញចេញមកដោយរបៀបណា? របៀបដែលវាបង្ហាញចេញមក គឺមិនថាព្រះជាម្ចាស់មានព្រះបន្ទូលអ្វីនោះទេ អ្នកគួរតែខិតខំឱ្យអស់ពីសមត្ថភាពដើម្បីយកចិត្តស្មោះសរចេញមក ហើយអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាអ្វី? ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ នៅពេលដែលអ្នកទទួលស្គាល់ និងទទួលយកសេចក្ដីពិតហើយ តើអ្នកគួរអនុវត្តវាដោយរបៀបណា? អ្នកគួរតែអនុវត្តស្របតាមគោលការណ៍សេចក្ដីពិត។ ចូរធ្វើតាមអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលឱ្យបានត្រឹមត្រូវ។ កុំគ្រាន់តែនិយាយថាអនុវត្តសេចក្ដីពិតតែមាត់ ហើយបន្ទាប់មកធ្វើតាមអំពើចិត្តរបស់ខ្លួនឯង នៅពេលប្រឈមមុខនឹងស្ថានការណ៍នានា ដោយបង្កើតលេសនៅពេលក្រោយ និងនិយាយពាក្យក្លែងបន្លំ និងបោកបញ្ឆោតឡើយ នេះគឺជាការខ្វះភាពស្មោះសរ និងភាពស្មោះត្រង់ ហើយព្រះជាម្ចាស់មិនចង់ឃើញបែបនេះទេ។ អ្វីដែលមានតម្លៃបំផុតនៅក្នុងខ្លួនមនុស្ស គឺភាពស្មោះសរ។ តើមនុស្សដែលមានភាពស្មោះសរគួរមានឥរិយាបថបែបណា? អ្នកគួរតែធ្វើតាមអ្វីដែលព្រះជាម្ចាស់តម្រូវឱ្យបានត្រឹមត្រូវ ដោយអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងខ្ជាប់ខ្ជួន។ ទោះបីជាអ្នកធ្វើវាហួសហេតុពេក និងធ្វើហាក់ដូចជាអ្នកកំពុងអនុវត្តតាមបទប្បញ្ញត្តិ ដោយអ្នកដទៃចាត់ទុកថាអ្នកល្ងង់ខ្លៅបន្តិច នៅពេលដែលពួកគេឃើញបែបនេះក៏ដោយ ក៏អ្នកនៅតែមិនខ្វល់ឡើយ និងបន្តអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដដែល នេះហើយគឺជាភាពស្មោះសរដែលព្រះជាម្ចាស់ចង់បានពីមនុស្ស។ ប្រសិនបើអ្នកតែងតែមានល្បិចកល និងក្រឡេចក្រឡុច ហើយមិនដែលសុខចិត្តឱ្យគេមើលឃើញថាជាមនុស្សល្ងង់ខ្លៅនៅក្នុងភ្នែកអ្នកដទៃ ឬមិនដែលសុខចិត្តឱ្យខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនសូម្បីតែបន្តិចនោះទេ នោះអ្នកមិនអាចអនុវត្តសេចក្ដីពិតបានឡើយ ពីព្រោះអ្នកខ្វះភាពស្មោះសរ។ មនុស្សដែលខ្វះភាពស្មោះសរ ហើយនៅតែព្យាយាមប្រើល្បិចកលបោកបញ្ឆោត គឺជាមនុស្សដែលឆ្លាតហួសហេតុ ហើយព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងពួកគេឡើយ។ នៅពេលដែលពួកគេអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេរើសយក និងជ្រើសរើស ដោយអនុវត្តតែអ្វីដែលផ្ដល់ផលប្រយោជន៍ដល់ពួកគេ ហើយជៀសវាងអ្វីដែលមិនផ្ដល់ផលប្រយោជន៍។ ជាធម្មតា ពួកគេនិយាយស្តីពីរោះ ដោយពោលតែគំនិតដែលស្តាប់ទៅអស្ចារ្យប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលមានបញ្ហាកើតឡើង ពួកគេពួនសម្ងំ ដោយបាត់ខ្លួនគ្មានដាន ហើយលេចមុខមកវិញតែនៅពេលដែលអ្នកដទៃបានដោះស្រាយបញ្ហារួចរាល់ប៉ុណ្ណោះ។ តើបុគ្គលបែបនេះជាមនុស្សថោកទាបប្រភេទណាទៅ? នៅពេលដែលមានអ្វីមួយផ្ដល់ផលចំណេញដល់ពួកគេ ពួកគេផ្ដួចផ្ដើមមុន និងឈានជើងចេញមក ពួកគេសកម្មជាងនរណាៗទាំងអស់។ ក៏ប៉ុន្តែ នៅពេលដែលផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប្រឈមនឹងហានិភ័យ ពួកគេដកថយ ហើយក្លាយជាអវិជ្ជមាន។ ពួកគេបាត់បង់ពាក្យសម្ដីដ៏ពីរោះ បាត់បង់ជំហរ និងបាត់បង់ទស្សនៈរបស់ពួកគេទាំងអស់។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សប្រភេទនេះទេ។ ទ្រង់សុខចិត្តយកមនុស្សដែលមើលទៅហាក់ដូចជាល្ងង់ខ្លៅនៅក្នុងភ្នែកអ្នកដទៃ ជាជាងមនុស្សដែលមានល្បិចកលបែបនេះ។
XII. ការពិភាក្សារឿងនយោបាយ
យើងបានប្រកបគ្នាចប់សព្វគ្រប់ហើយអំពីបញ្ហាទាំងដប់មួយ ដែលមាននៅក្នុងទំនួលខុសត្រូវទីដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ បន្ថែមលើបញ្ហាទាំងដប់មួយនេះ ចូរយើងបន្ថែមបញ្ហាមួយចំណុចទៀត។ ទោះបីជាជាធម្មតា បញ្ហានេះមិនសូវឃើញមាននៅក្នុងជីវិតពួកជំនុំក៏ដោយ ក៏វាចាំបាច់ត្រូវលើកយកមកនិយាយនៅទីនេះដែរ ដោយធ្វើឱ្យវាក្លាយជាបញ្ហាទីដប់ពីរ គឺការពិភាក្សារឿងនយោបាយ។ តើការពិភាក្សាប្រធានបទនយោបាយ សមរម្យដែរឬទេនៅក្នុងជីវិតពួកជំនុំ? (មិនសមរម្យទេ។) ជីវិតពួកជំនុំ គឺសម្រាប់ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការថ្វាយបង្គំព្រះជាម្ចាស់ និងការចែករំលែកការយល់ដឹងរបស់ខ្លួនអំពីព្រះជាម្ចាស់ និងចំណេះដឹងតាមរយៈបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ នៅក្នុងអំឡុងពេលនេះ មនុស្សមួយចំនួននិយាយវែងអន្លាយអំពីរឿងនយោបាយ ដូចជាស្ថានការណ៍នយោបាយ ឥស្សរជននយោបាយ ទិដ្ឋភាពនយោបាយ ទស្សនៈនយោបាយ និងជំហរនយោបាយ។ តើនេះសមរម្យដែរឬទេ? នៅពេលពិភាក្សាប្រធានបទអំពីការដែលព្រះជាម្ចាស់កាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើ និងមនុស្សជាតិ មនុស្សមួយចំនួនអនុវត្តទាំងងងឹតងងល់នូវគំនិតដែលថា ឥស្សរជននយោបាយក៏ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ ដោយនិយាយថា ឥស្សរជននយោបាយមួយចំនួនក៏ជឿ និងដើរតាមព្រះជាម្ចាស់ដែរ ហើយថែមទាំងសរសេរកំណត់ហេតុខាងវិញ្ញាណ និងអ្វីៗផ្សេងទៀតផង។ តើនេះមិនធ្វើឱ្យអ្នកដទៃភាន់ច្រឡំទេឬ? ថែមទាំងមានមនុស្សមួយចំនួននិយាយថា៖ «យើងជាគ្រីស្ទបរិស័ទ គួរតែគាំទ្រអ្នកនយោបាយរូបនេះ ពីព្រោះគាត់មិនត្រឹមតែជាអ្នកជឿប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារផលប្រយោជន៍របស់យើងជាពួកអ្នកជឿទៀតផង។ គាត់មានគំនិតដូចយើង ហើយយើងគួរតែគាំទ្រ និងបោះឆ្នោតឱ្យគាត់»។ នៅក្នុងជីវិតពួកជំនុំ ពួកគេថែមទាំងផ្សព្វផ្សាយអំពីឥស្សរជននយោបាយរូបនេះយ៉ាងទូលំទូលាយទៀតផង។ តើការធ្វើបែបនេះសមរម្យដែរឬទេ? តើគ្រីស្ទបរិស័ទចូលរួមក្នុងរឿងនយោបាយដែរឬទេ? (មិនចូលរួមទេ។) តើអ្នកអាចធ្វើអ្វីបានដើម្បីជៀសវាងការចូលរួម? ជាដំបូង មិនថាអ្នកគាំទ្រគណបក្សណាមួយ ឬទស្សនៈនយោបាយរបស់អ្នកបែបណានោះទេ ចូរកុំនាំរឿងទាំងនេះចូលមកពិភាក្សានៅក្នុងជីវិតពួកជំនុំឡើយ។ ជាការពិតណាស់ អ្វីដែលកាន់តែសំខាន់នោះគឺថា ការជជែកដេញដោលរវាងមនុស្សដែលមានទស្សនៈនយោបាយខុសគ្នា ក៏មិនគួរមាននៅក្នុងជីវិតពួកជំនុំដែរ។ ឧទាហរណ៍៖ ប្រសិនបើអ្នក និងនរណាម្នាក់ផ្សេងទៀតមានទស្សនៈខុសគ្នា និងគាំទ្រឥស្សរជននយោបាយផ្សេងគ្នា អ្នកប្រហែលជាចង់ពិភាក្សាអំពីរឿងនេះ នៅពេលដែលអ្នករាល់គ្នាជួបមុខគ្នា រឿងនេះអាចអនុញ្ញាតបាន ប៉ុន្តែអ្នកដាច់ខាតមិនត្រូវធ្វើបែបនេះនៅក្នុងការជួបជុំឡើយ។ អ្នកទាំងពីរអាចផ្ញើសារជាឯកជន អ្នកអាចជួបគ្នា និងនិយាយគ្នា ឬអ្នកថែមទាំងអាចឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកក៏បានដែរ ហើយនឹងគ្មាននរណាម្នាក់ជ្រៀតជ្រែកឡើយ នេះគឺជាសិទ្ធិរបស់ពលរដ្ឋនៅក្រោមប្រព័ន្ធប្រជាធិបតេយ្យ។ ប៉ុន្តែ នៅក្នុងអំឡុងពេលជីវិតពួកជំនុំ អ្នកមិនមែនគ្រាន់តែជាពលរដ្ឋនៃប្រទេសមួយប៉ុណ្ណោះទេ សំខាន់ជាងនេះទៅទៀត អ្នកគឺជាសមាជិករបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ នៅក្នុងកាលៈទេសៈនេះ នោះហើយគឺជាអត្តសញ្ញាណរបស់អ្នក។ សូមកុំនាំយកប្រធានបទនយោបាយ ឬប្រធានបទដែលទាក់ទងនឹងឥស្សរជននយោបាយចូលមកក្នុងពួកជំនុំឡើយ។ អ្វីដែលអ្នកពិភាក្សា គ្រាន់តែតំណាងឱ្យជំហរ និងទស្សនៈផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ មិនមែនតំណាងឱ្យពួកជំនុំទេ។ ពួកជំនុំមិនចាប់អារម្មណ៍នឹងរឿងនយោបាយទេ ហើយក៏មិនចាប់អារម្មណ៍នឹងប្រព័ន្ធនយោបាយ ឥស្សរជននយោបាយ អ្នកដឹកនាំ ឬក្រុមនយោបាយណាមួយដែរ ពីព្រោះរឿងទាំងនេះមិនពាក់ព័ន្ធនឹងសេចក្ដីពិត ហើយមិនពាក់ព័ន្ធនឹងការជឿលើព្រះជាម្ចាស់ឡើយ។ ប្រធានបទណាមួយដែលទាក់ទងនឹងនយោបាយ មិនគួរត្រូវបានលើកយកមកនិយាយនៅក្នុងជីវិតពួកជំនុំឡើយ។ អ្នកខ្លះនិយាយថា៖ «ចុះតើអាចធ្វើបានទេ ប្រសិនបើមនុស្សគ្រប់គ្នាជួបគ្នា និងពិភាក្សារឿងនេះនៅខាងក្រៅជីវិតពួកជំនុំ?» យកល្អមិនគួរធ្វើបែបនេះទេ។ ប្រសិនបើអ្នកចង់ចូលរួមការពិភាក្សាក្នុងចំណោមពួកអ្នកគ្មានជំនឿដែលមានទស្សនៈនយោបាយខុសគ្នា នោះស្រេចតែលើអ្នកចុះ នោះគឺជាសេរីភាពរបស់អ្នក ហើយដំណាក់របស់ព្រះជាម្ចាស់នឹងមិនជ្រៀតជ្រែកឡើយ។ ប៉ុន្តែ ដរាបណាសមាជិកពួកជំនុំមកជួបជុំគ្នា ឬក្នុងអំឡុងពេលនៃការជួបជុំផ្លូវការ ចូរកុំលើកយកទស្សនៈនយោបាយ ឬការជជែកដេញដោលទាំងនេះមកធ្វើជាប្រធានបទសំខាន់ឡើយ ហើយកុំធ្វើពុតទាំងក្លែងក្លាយថា ទស្សនៈនយោបាយរបស់អ្នកមានអ្វីពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីពិត ឬអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឱ្យសោះ។ ទស្សនៈនយោបាយរបស់អ្នក គឺមិនពាក់ព័ន្ធនឹងសេចក្ដីពិតទាល់តែសោះ គឺគ្មានការជាប់ពាក់ព័ន្ធគ្នាសូម្បីតែបន្តិច ដូច្នេះ ចូរកុំធ្វើពុតជាមានការពាក់ព័ន្ធឱ្យសោះ!
មនុស្សមួយចំនួនចង់និយាយរឿងនយោបាយ ប៉ុន្តែគ្មាននរណាម្នាក់ពិភាក្សាប្រធានបទនេះជាមួយនៅផ្ទះទេ ដូច្នេះការសន្ទនាមិនអាចកើតឡើងបានឡើយ។ ដោយឃើញថាបងប្អូនប្រុសស្រីសុទ្ធតែជាមនុស្សពេញវ័យ ពួកគេជឿថា ពួកគេបានរកឃើញកន្លែងដើម្បីពិភាក្សារឿងនយោបាយ និងបញ្ចេញទស្សនៈនយោបាយរបស់ខ្លួនហើយ។ ពួកគេរំភើបចិត្តដែលបានរកឃើញឱកាសល្អនេះ ដោយចង់និយាយអំពីទស្សនៈនយោបាយ ព្រឹត្តិការណ៍បច្ចុប្បន្ន និងស្ថានការណ៍អន្តរជាតិ។ នៅពេលពិភាក្សារឿងទាំងនេះ ពួកគេចាប់ផ្ដើមដោយនិយាយថា៖ «រឿងទាំងអស់នេះស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ នយោបាយរបស់មនុស្សជាតិ និងអ្នកនយោបាយទាំងនេះ ក៏ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ។ ពួកគេត្រូវបានព្រះជាម្ចាស់តែងតាំង»។ បន្ទាប់ពីលំនាំចូលសាច់រឿងនេះហើយ ពួកគេចាប់ផ្ដើមពិភាក្សារឿងនយោបាយ និងព្រឹត្តិការណ៍បច្ចុប្បន្នយ៉ាងវែងអន្លាយ ហើយបញ្ចប់ដោយនិយាយថា៖ «នយោបាយមិនអាចគេចផុតពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ អ្វីៗទាំងអស់សុទ្ធតែមានបំណងព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់»។ ប្រសិនបើមនុស្សមិនអាចមើលធ្លុះបញ្ហាទាំងនេះទេ ពួកគេមិនគួរនិយាយផ្ដេសផ្ដាសអំពីរឿងទាំងនេះឡើយ។ ការប្រកបគ្នាអំពីសេចក្ដីពិត គឺជាប្រកបគ្នាអំពីសេចក្ដីពិត ចូរកុំពិភាក្សារឿងនយោបាយ ឬឥស្សរជននយោបាយឡើយ។ ការពិភាក្សារឿងនយោបាយ មិនមែនជាការប្រកបគ្នាអំពីសេចក្ដីពិតទេ វាគឺជាការបំភាន់មនុស្ស។ ប្រសិនបើអ្នកចង់និយាយរឿងនយោបាយ ចូរស្វែងរកក្រុមមនុស្សដែលស្រឡាញ់រឿងនយោបាយ ហើយទៅនិយាយជាមួយពួកគេដោយខ្លួនឯងចុះ អ្នកនឹងអាចនិយាយបានតាមចិត្តចង់។ តើអ្នកកំពុងមានគោលបំណងអ្វី ដោយការតែងតែនិយាយអំពីប្រធានបទទាំងនេះនៅក្នុងពួកជំនុំ? តើអ្នកកំពុងមានចេតនាព្យាយាមធ្វើឱ្យមនុស្សកោតសរសើរអ្នក និងជ្រើសរើសអ្នកជាអ្នកដឹកនាំមែនទេ? នេះគឺជាការមានបំណងលាក់កំបាំង! មនុស្សដែលចូលចិត្តនិយាយរឿងនយោបាយ គឺជាមនុស្សដែលមិនយកចិត្តទុកដាក់នឹងកិច្ចការត្រឹមត្រូវរបស់ខ្លួន ហើយប្រាកដជាមិនដេញតាមសេចក្ដីពិតឡើយ។ ចូរកុំពិភាក្សាប្រធានបទនយោបាយនៅក្នុងការជួបជុំរបស់ពួកជំនុំឱ្យសោះ។ មនុស្សមួយចំនួននិយាយថា៖ «ប្រសិនបើយើងមិនអាចនិយាយអំពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ប្រព័ន្ធនយោបាយ និងគោលនយោបាយនៃប្រទេសសេរីបានទេ ចុះរឿងនយោបាយ និងរឿងអាស្រូវរបស់ពួកមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហមវិញ ដូចជាថាតើមន្ត្រីពុករលួយម្នាក់បានយកមាសប៉ុន្មាន ហើយគាត់មានស្រីកំណាន់ប៉ុន្មាននាក់? តើយើងអាចពិភាក្សារឿងទាំងនេះបានទេ?» តើប្រធានបទទាំងនេះមិនធ្វើឱ្យអ្នកខ្ពើមរអើមទេឬ? ហេតុអ្វីបានជាអ្នកខ្វល់ខ្វាយខ្លាំងម្ល៉េះចំពោះរឿងគួរឱ្យខ្ពើមរអើមទាំងនេះ? ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថា ការខ្វល់ខ្វាយ និងការអានអំពីរឿងទាំងនេះ គឺគួរឱ្យខ្ពើមរអើមទៅវិញ? មនុស្សមួយចំនួនចាប់អារម្មណ៍ជាពិសេសចំពោះរឿងទាំងនេះ ដោយមិនយល់ថាវាគួរឱ្យខ្ពើមរអើមទាល់តែសោះ។ ពួកគេសុខចិត្តអានអំពីរឿងទាំងនេះតាមអ៊ីនធឺណិត ដោយធ្វើបែបនេះនៅពេលណាដែលពួកគេមានពេល។ ចិត្តរបស់ពួកគេមានអារម្មណ៍សុខស្រួល កក់ក្ដៅ និងស្កប់ស្កល់ នៅពេលដែលពួកគេអានអំពីរឿងទាំងនេះ។ ម្ដេចបានជាពួកគេមិនមានអារម្មណ៍ស្កប់ស្កល់បែបនេះ នៅពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើនេះមិនមែនជារឿងថោកទាបបន្តិចទេឬ? តើនេះមិនមែនជាការមិនខ្វល់ខ្វាយនឹងកិច្ចការត្រឹមត្រូវទេឬ? នៅអំឡុងពេលវេលាដ៏ល្អបែបនេះ សូម្បីតែការដើរលេងនៅក្នុងទីធ្លា ការដកដង្ហើមយកខ្យល់បរិសុទ្ធ និងការគយគន់ទេសភាព ក៏នឹងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយដែរ។ ប៉ុន្តែ អ្នកខ្លះបដិសេធមិនធ្វើរឿងទាំងនេះទេ ផ្ទុយទៅវិញ នៅពេលណាដែលពួកគេមានពេលទំនេរ ពួកគេគ្រាន់តែសម្លឹងមើលកុំព្យូទ័រ ដោយឆែកមើលព័ត៌មាន ប្រមូលរឿងនិយាយដើមគេ ថាតើមន្ត្រីពុករលួយណាត្រូវគេរកឃើញថាមានស្រីកំណាន់ប៉ុន្មាននាក់ ទ្រព្យសម្បត្តិចំនួនប៉ុន្មានរបស់មន្ត្រីពុករលួយណាម្នាក់ត្រូវបានរឹបអូសពីផ្ទះរបស់ពួកគេ មន្ត្រីជាន់ខ្ពស់នៃនាគដ៏ធំមានសម្បុរក្រហមរូបណាបានទម្លាក់អ្នកណា ឬអ្នកណាបានធ្វើឃាតអ្នកណា។ ទាំងនេះគឺជារឿងដែលពួកគេតែងតែខ្វល់ខ្វាយ។ ពួកគេមានអារម្មណ៍ថាពោរពេញដោយចំណេះដឹង បន្ទាប់ពីប្រមូលព័ត៌មាននេះ ដែលបន្ទាប់មកពួកគេយកទៅនិយាយប្រាប់មនុស្សគ្រប់គ្នានៅឯការជួបជុំ។ តើនេះមិនមែនជាការសាបព្រោះជាតិពុលទេឬ? តើវាមិនមែនជារឿងធម្មតាពេកទេឬ សម្រាប់ពួកអារក្សកំណាចទាំងនោះក្នុងការប្រព្រឹត្តអំពើខុសឆ្គង? មនុស្សមួយចំនួននិយាយថា៖ «វាជារឿងធម្មតាសម្រាប់ពួកគេក្នុងការប្រព្រឹត្តអំពើខុសឆ្គង ប៉ុន្តែអ្នកមិនអាចសូម្បីតែស្រមៃឃើញរឿងដ៏គួរឱ្យរន្ធត់មួយចំនួនដែលពួកគេធ្វើផង»។ តើការស្រមៃឃើញរឿងទាំងនោះមានប្រយោជន៍អ្វី? តើព្រះជាម្ចាស់ប្រទានខួរក្បាលដល់អ្នក ដើម្បីឱ្យអ្នកស្រមៃឃើញរឿងទុច្ចរិតដែលពួកគេធ្វើមែនទេ? តើនេះមិនមែនជាការមិនខ្វល់ខ្វាយនឹងកិច្ចការត្រឹមត្រូវរបស់ខ្លួនទេឬ? តើអ្នកគិតថា ការដឹងពីសេចក្ដីទុច្ចរិតដែលមិនអាចស្រមៃបានខ្លះ ធ្វើឱ្យអ្នកអស្ចារ្យមែនទេ? តើអ្នកអាចទទួលបានអ្វីពីរឿងនេះ? តើវានឹងមិនគ្រាន់តែធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែគួរឱ្យខ្ពើមរអើមទេឬ? មនុស្សទាំងនេះដែលមិនយកចិត្តទុកដាក់នឹងកិច្ចការត្រឹមត្រូវរបស់ខ្លួនឡើយ តែងតែខ្វល់ខ្វាយអំពីរឿងអាសអាភាស និងថោកទាបនៃឆាកនយោបាយទាំងនេះ។ តើពួកគេមិនមែនមានគំនិតរាក់កំផែលទេឬ? ហេតុអ្វីបានជាតែងតែព្រួយបារម្ភអំពីរឿងរបស់គេ ជំនួសឱ្យការរស់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកទៅវិញ? តើនេះមិនមែនជាភាពល្ងង់ខ្លៅទេឬ? តើនេះមិនមែនទំនេរគ្មានការធ្វើទេឬ? មនុស្សមួយចំនួននិយាយថា៖ «ពួកអ្នកជឿត្រូវបាននាគដ៏ធំមានសម្បុរក្រហមធ្វើទុក្ខបុកម្នេញ។ ពួកគេត្រូវតែស្អប់នាគដ៏ធំមានសម្បុរក្រហម។ ពួកអ្នកជឿប្រាកដជាចាប់អារម្មណ៍នឹងរឿងអាស្រូវ អំពើពុករលួយ ការរំលោភបំពាន និងភាពសាវ៉ារបស់ពួកមន្ត្រីជាន់ខ្ពស់នៃនាគដ៏ធំមានសម្បុរក្រហម ព្រមទាំងរឿងទុច្ចរិតដែលពួកគេធ្វើមិនខាន។ តើពួកអ្នកជឿមិនគួរទះដៃដោយក្តីអំណរទេឬ នៅពេលដែលរឿងអាស្រូវទាំងនេះត្រូវបានលាតត្រដាងនោះ?» តើអ្នកជឿ និងដើរតាមព្រះជាម្ចាស់ ដើម្បីទទួលបានរឿងទាំងនេះមែនទេ? ការនិយាយអំពីរឿងនយោបាយនៅក្នុងពួកជំនុំ ជាពិសេសរឿងអាស្រូវដែលត្រូវបានលាតត្រដាងរបស់ពួកមន្ត្រីជាន់ខ្ពស់នៃនាគដ៏ធំមានសម្បុរក្រហម គឺជារឿងដ៏គួរឱ្យខ្ពើមរអើមបំផុត។ អ្នកដាច់ខាតមិនត្រូវពិភាក្សាអំពីរឿងនេះឡើយ! ហើយក៏កុំនិយាយរឿងនេះប្រាប់ខ្ញុំដែរ វាធ្វើឱ្យខ្ញុំខ្ពើមរអើមណាស់! ខ្ញុំប្រាប់អ្នកថា ចូរកុំនិយាយអំពីរឿងនេះ ហើយកុំសូម្បីតែអានអំពីរឿងនេះ បើមិនដូច្នេះទេ មិនយូរមិនឆាប់ នឹងមានថ្ងៃមួយដែលអ្នកនឹងសោកស្ដាយដែលបានអានរឿងទាំងនោះ។ នៅពេលដែលអ្នកសោកស្ដាយ អ្នកនឹងដឹងថាវាមានអារម្មណ៍យ៉ាងដូចម្ដេច រឿងទាំងនេះគឺគួរឱ្យខ្ពើមរអើមគ្មានទីបញ្ចប់ឡើយ។ ការស្ដាប់ និងការអានអំពីរឿងទាំងនេះច្រើនពេក មិននាំមកនូវផលប្រយោជន៍អ្វីទេ។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាមិននាំមកនូវផលប្រយោជន៍អ្វី? ពីព្រោះនៅពេលដែលចិត្តគំនិតរបស់អ្នកពោរពេញទៅដោយរឿងដ៏គួរឱ្យខ្ពើមរអើមទាំងនេះ វានឹងធ្វើឱ្យអ្នកលែងមានបំណងចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតហើយ។ ទោះបីជាប្រធានបទទាំងនេះពាក់ព័ន្ធនឹងនយោបាយក៏ដោយ ក៏រឿងទាំងនោះកាន់តែគួរឱ្យខ្ពើមរអើមទៅទៀត។ ប្រសិនបើអ្នកចង់និយាយអំពីរឿងទាំងនេះ ចូរទៅនិយាយឱ្យអស់ចិត្តជាមួយពួកអ្នកគ្មានជំនឿមួយចំនួនទៅ និយាយអ្វីដែលអ្នកចង់និយាយទៅកាន់ពួកគេចុះ ប៉ុន្តែមិនថាមានរឿងអ្វីក៏ដោយ ចូរកុំនិយាយអំពីរឿងទាំងនេះនៅក្នុងជីវិតពួកជំនុំ ឬក្នុងចំណោមបងប្អូនប្រុសស្រីឱ្យសោះ។ អ្នកខ្លះនិយាយថា៖ «ការនិយាយអំពីអំពើស្មោកគ្រោក និងអំពើទុច្ចរិតរបស់ពួកមន្ត្រីជាន់ខ្ពស់នៃនាគដ៏ធំមានសម្បុរក្រហម ជួយឱ្យបងប្អូនប្រុសស្រីមានការរីកចម្រើនក្នុងការចេះញែកដឹង និងអនុញ្ញាតឱ្យពួកគេបញ្ចេញកំហឹងរបស់ខ្លួន»។ តើការបញ្ចេញកំហឹងមានប្រយោជន៍អ្វី? តើការបញ្ចេញកំហឹងគឺជាការធ្វើបន្ទាល់មែនទេ? តើវាជាកាតព្វកិច្ច ឬភារកិច្ចរបស់អ្នកមែនទេ? ការនិយាយអំពីរឿងទាំងនោះគឺគ្មានប្រយោជន៍អ្វីទេ គ្មានតម្លៃទាល់តែសោះ។ មិនថាអ្នកលាតត្រដាងអំពើអាក្រក់របស់នាគដ៏ធំមានសម្បុរក្រហមខ្លាំងប៉ុនណានោះទេ ក៏ព្រះជាម្ចាស់នឹងមិនចងចាំឡើយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកនិយាយអំពីរបៀបដែលអ្នកបានឆ្លងកាត់ការធ្វើទុក្ខបុកម្នេញរបស់នាគដ៏ធំមានសម្បុរក្រហម របៀបដែលអ្នកបានរើបម្រះ និងយកឈ្នះលើការបំផិតបំភ័យ និងគំរាមកំហែងរបស់វា និងរបៀបដែលអ្នកបានពឹងអាងលើព្រះជាម្ចាស់ ហើយឈរយ៉ាងរឹងមាំនៅក្នុងទីបន្ទាល់របស់អ្នកនៅក្នុងបរិយាកាសបែបនេះ នោះព្រះជាម្ចាស់ទទួលយក។ ប៉ុន្តែ ការនិយាយរឿងនយោបាយ គ្មានអ្វីពាក់ព័ន្ធនឹងការចូលទៅក្នុងជីវិតឡើយ ហើយព្រះជាម្ចាស់មិនទទួលយកវាទេ។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំលាតត្រដាងអំពើពុករលួយរបស់ពួកមន្ត្រីនៃនាគដ៏ធំមានសម្បុរក្រហម របៀបដែលពួកគេចំណាយប្រាក់រាប់ម៉ឺនយ័នលើអាហារតែមួយពេល ឬចំនួនទឹកប្រាក់ដែលពួកគេចំណាយលើសណ្ឋាគារប្រណីតៗ តើបែបនេះបានដែរឬទេ?» តើរឿងទាំងអស់នោះមានអ្វីពាក់ព័ន្ធនឹងអ្នកទៅ? តើពិភពលោកនេះ និងសង្គមនេះមិនមែនបែបហ្នឹងទេឬ? តើអ្នកកំពុងក្រោកឈរការពារនរណា? នេះមិនមែនជាការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ទេ ហើយមិនមែនជាការលាតត្រដាងសារជាតិរបស់នាគដ៏ធំមានសម្បុរក្រហមឡើយ ក៏មិនមែនជាការបង្ហាញចេញនៃការបះបោរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហមដែរ។ ចូរកុំធ្វើឱ្យមនុស្សភាន់ច្រឡំ ឬធ្វើពុតត្បុតឡើយ គ្មានរឿងណាមួយក្នុងចំណោមរឿងនេះជាការអនុវត្តសេចក្ដីពិតទេ។ អំពើពុករលួយរបស់ពួកមន្ត្រីពុករលួយ និងពួកអ្នកនយោបាយ មិនពាក់ព័ន្ធនឹងយើងទេ ហើយក៏មិនមែនជាអ្វីដែលយើងត្រូវលាតត្រដាងដែរ។ ចូរកុំខ្វល់ខ្វាយនឹងរឿងទាំងនេះឡើយ។ រឿងទាំងនេះមាននៅក្នុងរបបរបស់សាតាំងពេញមួយប្រវត្តិសាស្ត្រ ហើយអ្វីដែលពួកគេធ្វើ គ្មានពាក់ព័ន្ធទាល់តែសោះនឹងការដែលយើងឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ ឬការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ដូច្នេះ មិនថាមានរឿងអ្វីក៏ដោយ ចូរកុំលាយឡំប្រធានបទទាំងនោះចូលទៅក្នុងប្រធានបទនៃ «ការបះបោរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហម និងការលាតត្រដាងវាដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់» ហើយកុំនាំយករឿងចម្លែក រឿងគួរឱ្យខ្ពើមរអើម និងរឿងទុច្ចរិតទាំងនេះ ចូលទៅក្នុងជីវិតពួកជំនុំ ឬក្នុងចំណោមបងប្អូនប្រុសស្រីដើម្បីពិភាក្សាឡើយ។ ប្រសិនបើអ្នកពិតជាចង់ពិភាក្សារឿងនយោបាយមែន ចូរធ្វើបែបនេះជាមួយពួកអ្នកគ្មានជំនឿចុះ។ ទោះបីជាអ្នកចង់ពិភាក្សាវាជាលក្ខណៈឯកជនជាមួយអស់អ្នកដែលមានចំណូលចិត្ត និងចំណាប់អារម្មណ៍បែបនោះយ៉ាងណាក៏ដោយ ក៏មិនអីដែរ។ នោះគឺជាចំណូលចិត្ត និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក វាគឺជាសេរីភាព និងសិទ្ធិរបស់អ្នក ហើយគ្មាននរណាម្នាក់ជ្រៀតជ្រែកឡើយ។ ប៉ុន្តែ នៅក្នុងអំឡុងពេលនៃការជួបជុំ និងនៅចំពោះមុខបងប្អូនប្រុសស្រី ចូរកុំពិភាក្សារឿងទាំងនេះឡើយ។ ទោះបីជាមាននរណាម្នាក់ស្ម័គ្រចិត្តស្ដាប់ក៏ដោយ ចូរកុំនិយាយអំពីរឿងទាំងនោះឱ្យសោះ ព្រោះវាប៉ះពាល់ដល់ជីវិតពួកជំនុំ និងប៉ះពាល់ដល់ការយល់ដឹងអំពីសេចក្ដីពិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។
មិនថាវាទាក់ទងនឹងនយោបាយ ឬរឿងអាស្រូវនៃជីវិតឯកជនរបស់ពួកអ្នកនយោបាយទេ ចូរកុំនាំយកប្រធានបទទាំងនេះចូលទៅពិភាក្សាក្នុងជីវិតពួកជំនុំឡើយ។ ប្រសិនបើមាននរណាម្នាក់មិនចាប់អារម្មណ៍នឹងខ្លឹមសារនៃការជួបជុំនៅក្នុងជីវិតពួកជំនុំ ហើយតែងតែចូលចិត្តពិភាក្សារឿងទាំងនេះ ដោយនិយាយអំពីរឿងទាំងនោះរាល់ពេលជួបជុំ តើបងប្អូនប្រុសស្រីគួរធ្វើដូចម្តេច? ពួកគេគួរតែរឹតត្បិតមនុស្សបែបនេះ ដោយនិយាយថា៖ «នេះគឺជាពេលជួបជុំ ចូរកុំនិយាយអំពីរឿងគ្មានបានការទាំងនោះអី។ ប្រសិនបើអ្នកចង់និយាយអំពីរឿងទាំងនោះ ចូរទៅផ្ទះ ហើយនិយាយនៅទីនោះទៅ!» ចុះប្រសិនបើមិនអាចហាមពួកគេបាន ហើយនៅតែនិយាយអំពីរឿងទាំងនោះទៀត? ចូរបណ្ដេញពួកគេចេញ ហើយប្រាប់ពួកគេឱ្យត្រឡប់មកវិញនៅពេលដែលពួកគេឈប់និយាយអំពីរឿងទាំងនោះ។ ក៏មានវិធីមួយទៀតដែលកាន់តែមានប្រសិទ្ធភាពជាងនេះទៅទៀតគឺ៖ គ្រាន់តែពួកគេហើបមាត់និយាយរឿងនយោបាយភ្លាម បងប្អូនប្រុសស្រីក្រោកឈរ ហើយទៅបន្ទប់ផ្សេង ដោយទុកឱ្យពួកគេនិយាយតែម្នាក់ឯងទៅ។ សរុបសេចក្ដីមក មនុស្សដែលចូលចិត្តនិយាយរឿងនយោបាយ ពិតជាមានមែន។ មនុស្សបែបនេះមិនខ្វល់ខ្វាយនឹងកិច្ចការត្រឹមត្រូវ មិនដេញតាមសេចក្ដីពិត មិនរិះគិតពីរបៀបបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ មិនរិះគិតថាមានការលំបាកអ្វីខ្លះនៅក្នុងកិច្ចការរបស់ពួកជំនុំ ឬការលំបាកដែលបងប្អូនប្រុសស្រីជួបប្រទះ ហើយមិនរិះគិតថាបញ្ហាជាក់ស្ដែងផ្ទាល់ខ្លួនអ្វីខ្លះដែលត្រូវការដោះស្រាយនោះឡើយ ពួកគេមិនរិះគិតអំពីរឿងរ៉ាវដែលគួរធ្វើទាំងនេះទេ។ ផ្ទុយទៅវិញ ពួកគេរិះគិតតែអំពីរឿងថោកទាប និងវៀចវេរទាំងនោះប៉ុណ្ណោះ ហើយមានសេចក្ដីក្លៀវក្លាជាពិសេសចំពោះរឿងទាំងនោះ។ ជាពិសេសនៅពេលឥឡូវនេះ ដោយសារព័ត៌មានត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងអាចចូលមើលបានពីគ្រប់ច្រកល្ហក ការណ៍នេះអនុញ្ញាតឱ្យមនុស្សទាំងនេះបំពេញចំណូលចិត្ត និងចំណាប់អារម្មណ៍របស់ពួកគេ។ យើងមិនជ្រៀតជ្រែកនឹងចំណូលចិត្ត និងចំណាប់អារម្មណ៍របស់ពួកគេទេ ប៉ុន្តែដំណាក់របស់ព្រះជាម្ចាស់មានបទប្បញ្ញត្តិមួយថា ការពិភាក្សាប្រធានបទនយោបាយនៅក្នុងការជួបជុំ ត្រូវបានចាត់ចូលក្នុងបញ្ហានៃការបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ។ ហេតុនេះ ប្រធានបទទាំងនេះត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនៅក្នុងជីវិតពួកជំនុំ និងនៅពេលដែលបងប្អូនប្រុសស្រីមកជួបជុំគ្នា។ មនុស្សមួយចំនួននិយាយថា៖ «ប្រធានបទទាំងនេះត្រូវបានហាមឃាត់ ប៉ុន្តែចុះទស្សនៈនយោបាយផ្សេងៗរបស់យើង ថាតើយើងចូលចិត្ត ឬមិនចូលចិត្តគណបក្សណា យើងបោះឆ្នោត ឬមិនបោះឆ្នោតឱ្យនរណា តើពួកជំនុំជ្រៀតជ្រែករឿងទាំងនេះដែរឬទេ?» ចូរនិយាយឱ្យច្បាស់ថា៖ បោះឆ្នោតឱ្យនរណាដែលអ្នកចង់បោះឱ្យ ចូលចិត្តនរណាដែលអ្នកចង់ចូលចិត្តចុះ ពួកជំនុំមិនជ្រៀតជ្រែករឿងទាំងនេះទេ វាគឺជាសេរីភាពរបស់អ្នក។ តើការមិនជ្រៀតជ្រែកនេះ មិនមែនជាការអនុគ្រោះខ្លាំងពេកហើយទេឬ? អ្នកបានទទួលសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកក្នុងនាមជាពលរដ្ឋយ៉ាងពេញលេញ តើការគោរពប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេឬ? ប៉ុណ្ណឹងគឺល្អគ្រប់គ្រាន់ហើយ ប៉ុន្តែអ្នកនៅតែចង់និយាយដោយសេរី និងតាមចិត្តចង់នៅក្នុងពួកជំនុំទៀតមែនទេ? នោះគឺខុសនឹងបទប្បញ្ញត្តិហើយ។ ប្រសិនបើអ្នកជួបប្រទះមនុស្សបែបនេះ ចូររកវិធីរឹតត្បិតពួកគេ។ ដំបូង ចូរប្រកបគ្នាឱ្យច្បាស់ជាមួយពួកគេ ដោយនិយាយថា៖ «តើអ្នកទើបមានសេចក្ដីជំនឿថ្មីថ្មោងមែនទេ? តើនេះជាលើកទីមួយរបស់អ្នកនៅក្នុងការជួបជុំ ហើយអ្នកមិនដឹងពីបទប្បញ្ញត្តិនៃដំណាក់របស់ព្រះជាម្ចាស់មែនទេ? បើអ៊ីចឹង ខ្ញុំត្រូវតែប្រាប់អ្នកថា៖ កន្លែងនេះគឺជាកន្លែងជួបជុំ ហើយពេលនេះគឺជាពេលសម្រាប់ការជួបជុំ។ មិនថាអ្នកមានទស្សនៈ ឬគំនិតនយោបាយបែបណានោះទេ ក៏អ្នកដាច់ខាតមិនត្រូវផ្សព្វផ្សាយវានៅក្នុងពួកជំនុំឡើយ ហើយកុំពិភាក្សារឿងទាំងនោះនៅក្នុងការជួបជុំឱ្យសោះ។ ពួកយើងមិនចង់ឮពីវាទេ ហើយពួកយើងក៏មិនមានកាតព្វកិច្ចត្រូវស្ដាប់អ្នកនិយាយអំពីរឿងទាំងនេះដែរ។ អ្នករើសកន្លែងខុសហើយ។ បន្ទាប់ពីការជួបជុំ នៅពេលដែលអ្នកចាកចេញពីកន្លែងនេះ អ្នកអាចនិយាយអ្វីដែលអ្នកចង់និយាយចុះ គ្មាននរណាម្នាក់ជ្រៀតជ្រែកឡើយ។ នោះគឺជាសេរីភាពរបស់អ្នក»។ ប្រសិនបើពួកគេយល់ និងចងចាំអ្វីដែលអ្នកបាននិយាយ ហើយមិននិយាយអំពីរឿងនេះនៅពេលក្រោយ នោះមិនអីទេ ហើយពួកគេបង្ហាញថាខ្លួនមានវិចារណញ្ញាណខ្លះដែរ។ ប៉ុន្តែ ប្រសិនបើបន្ទាប់ពីបានប្រកបគ្នារួចហើយ ពួកគេបន្តនិយាយបែបនេះទៀត ដោយតែងតែចែករំលែកទស្សនៈនយោបាយរាល់ពេលជួបជុំ តើពួកគេគួរត្រូវបានរឹតត្បិតមិនឱ្យនិយាយដែរឬទេ? (គួរណាស់។) មិនថាពួកគេពាក់ព័ន្ធនឹងនយោបាយឬអត់នោះទេ ដរាបណាមាននរណាម្នាក់និយាយប្រធានបទនយោបាយ រឿងនេះគួរតែត្រូវបានចាត់ចូលប្រភេទជាមួយគ្នានឹងការបង្កើតបក្សពួក ការដណ្ដើមឋានៈ ការបញ្ចេញភាពអវិជ្ជមាន និងឥរិយាបថផ្សេងទៀតបែបនេះ ថាជាមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ មិនបាច់ក្រែងចិត្តមនុស្សបែបនេះទេ ពួកគេត្រូវតែត្រូវបានបញ្ឈប់ និងរឹតត្បិត។ ជាការពិតណាស់ មនុស្សដែលនិយាយរឿងនយោបាយ មិនប្រាកដថាជាមនុស្សអាក្រក់ ឬល្អនោះទេ ពួកគេអាចនឹងគ្រាន់តែចូលចិត្តបញ្ហា និងប្រធានបទទាំងនេះប៉ុណ្ណោះ។ ប៉ុន្តែយើងអាចប្រាកដថា មនុស្សទាំងនេះពិតជាមិនដេញតាមសេចក្ដីពិតឡើយ។ សរុបសេចក្ដីមក គោលការណ៍សម្រាប់ដោះស្រាយជាមួយមនុស្សទាំងនេះ ត្រូវបានប្រកបគ្នាយ៉ាងច្បាស់រួចរាល់ហើយគឺ៖ ចូរប្រាប់ពួកគេពីបទប្បញ្ញត្តិនៃដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើបន្ទាប់ពីបានពន្យល់ពួកគេច្បាស់លាស់ហើយ ពួកគេបន្តនិយាយប្រធានបទនយោបាយទៀត និងមិនស្ដាប់តាមការព្រមានទេនោះ ចូរដាក់ពួកគេឱ្យនៅដាច់ដោយឡែក។ ពួកគេអាចបន្តរស់នៅក្នុងជីវិតពួកជំនុំបាន លុះត្រាតែពួកគេប្រែចិត្តរួចប៉ុណ្ណោះ។ ប្រសិនបើពួកគេមិនដែលប្រែចិត្តទេ នោះចូរកុំឱ្យពួកគេមកចូលរួមការជួបជុំឡើយ។ ការដោះស្រាយរឿងនេះគួរតែសាមញ្ញបែបនេះឯង។ ចូរកុំធ្វើឱ្យរឿងសាមញ្ញក្លាយជាស្មុគស្មាញ នេះមិនផ្ដល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ។
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១