ជំពូកទី ៣៖ ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង
ស្ដេចដ៏មានជ័យគង់នៅលើបល្ល័ង្កដ៏ពេញដោយសិរីល្អរបស់ទ្រង់។ ទ្រង់បានសម្រេចនូវការប្រោសលោះ និងបានដឹកនាំប្រជារាស្ត្ររបស់ទ្រង់ទាំងអស់ឱ្យលេចមកនៅក្នុងសិរីល្អ។ ទ្រង់ក្ដោបក្ដាប់អ្វីៗគ្រប់យ៉ាងនៅក្នុងព្រះហស្តរបស់ទ្រង់ ហើយជាមួយព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់ ទ្រង់បានសាងសង់ និងធ្វើឱ្យស៊ីយ៉ូនរឹងមាំ។ ដោយឫទ្ធានុភាពរបស់ទ្រង់ ទ្រង់ធ្វើការជំនុំជម្រះពិភពលោកដែលពោរពេញដោយបាប។ ទ្រង់បានទម្លាក់ការជំនុំជម្រះមកលើប្រជាជាតិនិងមនុស្សដ៏ច្រើនអនេក ផែនដី និងសមុទ្រ ព្រមទាំងគ្រប់ភាវៈមានជីវិតនៅក្នុងនោះ ក៏ដូចជាអស់អ្នកដែលស្រវឹងដោយស្រានៃអំពើផ្លូវភេទបែបអនាចារ ព្រះជាម្ចាស់ច្បាស់ជានឹងជំនុំជម្រះពួកគេ ហើយទ្រង់នឹងក្រោធចំពោះពួកគេយ៉ាងពិតប្រាកដ ហើយនៅទីនោះ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់នឹងត្រូវបើកសម្ដែង ហើយការជំនុំជម្រះរបស់ទ្រង់នឹងត្រូវធ្វើឡើងភ្លាមៗ ដោយគ្មានការពន្យារពេលឡើយ។ ភ្លើងនៃសេចក្ដីក្រោធរបស់ទ្រង់ នឹងដុតបំផ្លាញអំពើបាបដ៏សាហាវរបស់ពួកគេយ៉ាងពិតប្រាកដ ហើយគ្រោះអាសន្ននឹងធ្លាក់មកលើពួកគេពេលណាក៏បាន។ ពួកគេនឹងមិនស្គាល់ផ្លូវបានរួចខ្លួន ហើយគ្មានកន្លែងលាក់ខ្លួនទេ។ ពួកគេនឹងយំ ព្រមទាំងសង្កៀតធ្មេញ ហើយពួកគេនឹងនាំសេចក្តីវិនាសមកដាក់លើខ្លួនឯង។
ពួកកូនប្រុសដ៏មានជ័យ ជាស្ងួនភ្ងារបស់ព្រះជាម្ចាស់ នឹងស្នាក់នៅឯស៊ីយ៉ូនយ៉ាងពិតប្រាកដ ហើយមិនដែលចាកចេញពីស៊ីយ៉ូនឡើយ។ មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នឹងស្ដាប់ព្រះសូរសៀងរបស់ទ្រង់យ៉ាងយកចិត្តទុកដាក់ ពួកគេនឹងយកចិត្តទុកដាក់តាមមើលសកម្មភាពរបស់ទ្រង់ ហើយសំឡេងនៃការសរសើររបស់គេនឹងមិនដែលឈប់សោះឡើយ។ ព្រះដ៏ពិតតែមួយអង្គបានលេចមកហើយ! យើងនឹងស្គាល់ទ្រង់ច្បាស់នៅក្នុងវិញ្ញាណ ហើយដើរតាមទ្រង់យ៉ាងប្រកៀកប្រកិត។ យើងនឹងប្រញាប់ប្រញាល់ធ្វើដំណើរទៅមុខដោយអស់ពីកម្លាំងរបស់យើង និងលែងស្ទាក់ស្ទើរទៀតហើយ។ ចុងបញ្ចប់នៃពិភពលោកកំពុងតែលាតត្រដាងនៅមុខយើង ហើយជីវិតពួកជំនុំដ៏ត្រឹមត្រូវ ក៏ដូចជាមនុស្ស កិច្ចការ និងរឿងរ៉ាវដែលកើតឡើងជុំវិញយើង ក៏កំពុងតែបង្កើនកម្ដៅកាន់តែខ្លាំងដល់ការហ្វឹកហាត់របស់យើងដែរ។ ចូរយើងប្រញាប់យកដួងចិត្តរបស់យើងដែលស្រឡាញ់លោកីយ៍នោះ ត្រឡប់មកវិញ! ចូរយើងប្រញាប់យកនិមិត្តរបស់យើងដែលស្រអាប់ខ្លាំងនោះ ត្រឡប់មកវិញ! ចូរយើងបន្តនៅជាប់នឹងជំហានរបស់យើង ដើម្បីកុំឱ្យយើងដើរហួសព្រំដែន។ ចូរយើងទប់មាត់របស់យើង ដើម្បីឱ្យយើងអាចដើរនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយលែងទាស់ទែងគ្នាអំពីរឿងផលប្រយោជន៍ និងការខាតបង់របស់យើងតទៅទៀត។ ចូរលះបង់ចោលចុះនូវភាពលោភលន់របស់អ្នកចំពោះលោកីយ៍ និងការស្រឡាញ់ទ្រព្យសម្បត្តិ! ចូរឱ្យខ្លួនអ្នកមានសេរីភាពពីចំណងដែលនៅស្អិតជាប់របស់អ្នកចំពោះស្វាមី និងកូនប្រុសស្រីរបស់អ្នក! ចូរបែរខ្នងទៅកាន់ទស្សនៈ និងបុរេវិនិឆ្ឆ័យរបស់អ្នកចុះ! ចូរភ្ញាក់ខ្លួនឡើង ដ្បិតពេលវេលាខ្លីណាស់! ចូរសម្លឹងទៅលើចុះ ចូរសម្លឹងទៅលើដោយចេញពីវិញ្ញាណ ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងចុះ។ មិនថាមានអ្វីៗកើតឡើងឡើយ ចូរកុំធ្វើដូចជាភរិយារបស់ឡុតនោះឡើយ។ វាពិតជាគួរឱ្យអាណិតណាស់ដែលត្រូវគេបោះចោលទៅម្ខាង! វាពិតជាគួរឱ្យអាណិតណាស់! ចូរភ្ញាក់ខ្លួនឡើង!