២៨. តើការដេញតាមកិត្តិយស និងផលប្រយោជន៍អាចនាំឲ្យមានជីវិតដ៏រីករាយដែរឬទេ?
នៅឆ្នាំ១៩៩៨ ក្រុមហ៊ុនដែលប្រពន្ធខ្ញុំ និងខ្ញុំធ្វើការបានក្ស័យធន ហើយយើងទាំងពីរនាក់ក៏បានបាត់បង់ការងារ។ នៅពេលនោះ ស្ថានភាពហិរញ្ញវត្ថុគ្រួសារខ្ញុំអាក្រក់ខ្លាំងណាស់។ ម្ដាយរបស់ខ្ញុំឈឺ ហើយត្រូវការចំណាយលើថ្លៃព្យាបាល ហើយយើងក៏ត្រូវបង់ថ្លៃសាលាឲ្យកូនរបស់យើងដែរ។ ខ្ញុំបានព្យាយាមខ្ចីលុយពីមិត្តភក្តិ និងសាច់ញាតិរបស់ខ្ញុំ ប៉ុន្តែគ្មានអ្នកណាអើពើទេ។ ខ្ញុំបានឃើញថាមនុស្សមានភាពព្រងើយកន្តើយចំពោះគ្នាយ៉ាងណា។ ខ្ញុំបានគិតក្នុងចិត្តថា «ខ្ញុំត្រូវតែរកលុយឲ្យបានច្រើន ហើយកសាងមុខមាត់ ដើម្បីកុំឲ្យមានអ្នកណាមើលងាយខ្ញុំទៀត!» បន្ទាប់ពីនោះមក ខ្ញុំបានបើកកសិដ្ឋានចិញ្ចឹមជ្រូក និងបានចាប់ដៃគូជាមួយអ្នកផ្សេងទៀត ដើម្បីបើកក្រុមហ៊ុនមួយ។ ប៉ុន្តែអ្វីៗទាំងអស់បានបរាជ័យ ហើយទីបំផុតខ្ញុំក៏ជំពាក់បំណុលគេច្រើនដែរ។ ក្រោយមក មានម្នាក់បានណែនាំខ្ញុំឲ្យធ្វើការជាគណនេយ្យករនៅក្រុមហ៊ុនដឹកជញ្ជូនមួយ។ ខ្ញុំពិតជាស្រលាញ់ឲ្យតម្លៃការងារនេះណាស់ ព្រោះវាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតក្នុងប្រទេស ហើយខ្ញុំគិតថា ដរាបណាខ្ញុំប្រឹងប្រែងធ្វើការ នោះនឹងមានឱកាសរីកចម្រើនច្រើន។ ដើម្បីកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារខ្ញុំ ខ្ញុំតែងតែធ្វើការថែមម៉ោង។ ចៅហ្វាយបានឲ្យតម្លៃខ្ញុំខ្លាំងណាស់ ហើយបានចាប់ផ្ដើមទុកចិត្តឲ្យខ្ញុំទទួលបន្ទុកលើកិច្ចការហិរញ្ញវត្ថុសំខាន់បំផុតមួយចំនួនរបស់ក្រុមហ៊ុន។ ខ្ញុំបានដោះស្រាយគ្រប់កិច្ចការដោយស្មារតីយកចិត្តទុកដាក់ ហើយខ្ញុំមានភាពឧស្សាហ៍ព្យាយាម និងការទទួលខុសត្រូវចំពោះគ្រប់ការងារដែលបានប្រគល់ឱ្យខ្ញុំ ដោយធ្វើឱ្យចៅហ្វាយខ្ញុំអស់កង្វល់។ ចៅហ្វាយរបស់ខ្ញុំពិតជាពេញចិត្តនឹងខ្ញុំណាស់ ដូច្នេះ បន្តិចម្ដងៗ ខ្ញុំចេះតែបានឡើងតំណែងរហូត ពីតួនាទីជាគណនេយ្យករទៅជាប្រធានផ្នែក ហើយជាមួយគ្នានេះដែរ វិសាលភាពនៃការទទួលខុសត្រូវរបស់ខ្ញុំក៏កាន់តែធំឡើងៗដែរ។ សាច់ញាតិ មិត្តភក្តិ និងមិត្តរួមការងារទាំងនោះដែលធ្លាប់មើលងាយខ្ញុំ បានចាប់ផ្ដើមផ្គាប់ផ្គុនខ្ញុំ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ហើយគិតថាទីបំផុតខ្ញុំមានអ្វីមួយដើម្បីឲ្យខ្ញុំខិតខំប្រឹងប្រែងនៅក្នុងជីវិតរបស់ខ្ញុំហើយ។ ពេលខ្ញុំគិតដល់រឿងនេះ ទោះបីពេលនោះខ្ញុំគ្រាន់តែជាប្រធានផ្នែកក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ថា ប្រសិនបើខ្ញុំអាចឡើងតំណែងបន្ថែមទៀតបាន មិនត្រឹមតែប្រាក់ចំណូលរបស់ខ្ញុំនឹងកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ខ្ញុំក៏នឹងកាន់តែកើនឡើងដែរ ហើយនៅពេលនោះ ខ្ញុំពិតជាមានមុខមាត់ខ្លាំងណាស់ ហើយនឹងទទួលបានទាំងកិត្តិយស និងផលប្រយោជន៍។
មួយរយៈក្រោយមក មានសាច់ញាតិម្នាក់បានផ្សាយដំណឹងល្អអំពីព្រះជាម្ចាស់នៅគ្រាចុងក្រោយដល់ខ្ញុំ។ ក្រោយពីបានទៅចូលរួមការជួបជុំគ្នាមួយរយៈ ខ្ញុំបានយល់ថា សេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងចេញនៅគ្រាចុងក្រោយគឺដើម្បីសង្គ្រោះមនុស្សជាតិ ហើយឱ្យតែមនុស្សម្នាក់ៗដេញតាមសេចក្ដីពិត ហើយនិស្ស័យរបស់ពួកគេផ្លាស់ប្ដូរ នោះពួកគេអាចទទួលបានការការពារពីព្រះជាម្ចាស់ក្នុងពេលមានមហន្តរាយដ៏ធំសម្បើម ហើយចូលទៅក្នុងគោលដៅដ៏ស្រស់បំព្រង។ ចាប់ពីពេលនោះមក ស្របពេលជាមួយគ្នានឹងការងារប្រចាំថ្ងៃរបស់ខ្ញុំ ខ្ញុំបានចូលរួមការជួបជុំគ្នាជាមួយបងប្អូនប្រុសស្រី ហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយច្រៀងទំនុកបរិសុទ្ធសរសើរតម្កើងព្រះជាម្ចាស់។ មិនយូរប៉ុន្មាន ខ្ញុំក៏ចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្ញុំ។ ពីដំបូង ភារកិច្ចរបស់ខ្ញុំមិនសូវប៉ះទង្គិចនឹងការងាររបស់ខ្ញុំប៉ុន្មានទេ។ ប៉ុន្តែយូរៗទៅ ភារកិច្ចរបស់ខ្ញុំកាន់តែមមាញឹក ហើយពេលខ្លះខ្ញុំត្រូវសុំច្បាប់ឈប់សម្រាកច្រើនថ្ងៃជាប់ៗគ្នា។ ខ្ញុំចាប់ផ្ដើមខ្វល់ខ្វាយ ដោយបារម្ភថា ភារកិច្ចរបស់ខ្ញុំនឹងប៉ះពាល់ដល់ការងាររបស់ខ្ញុំ។ ដោយសារការងារផ្នែកហិរញ្ញវត្ថុដែលខ្ញុំទទួលខុសត្រូវគឺពាក់ព័ន្ធនឹងលុយកាក់ កំហុសតូចមួយអាចធ្វើឲ្យខ្ញុំបាត់បង់ការងារបាន ហើយប្រសិនបើចៅហ្វាយខ្ញុំបណ្ដេញខ្ញុំចេញមែននោះ រាល់ក្តីសង្ឃឹមរបស់ខ្ញុំនឹងត្រូវរលាយអស់។ ខ្ញុំបានឆ្ងល់ថា «បើការណ៍នោះកើតឡើងមែន តើសាច់ញាតិ មិត្តភក្តិ និងមិត្តរួមការងាររបស់ខ្ញុំនឹងនៅតែឲ្យតម្លៃខ្ញុំខ្លាំងដូចនេះទៀតដែរឬទេ?» លើសពីនេះទៅទៀត ជីវភាពរស់នៅរបស់គ្រួសារខ្ញុំទើបតែចាប់ផ្ដើមប្រសើរឡើងប៉ុណ្ណោះ ហើយប្រសិនបើខ្ញុំធ្វេសប្រហែស និងបាត់បង់ការងារនេះ យើងនឹងត្រូវត្រឡប់ទៅរស់នៅក្នុងភាពក្រីក្រវិញ។ ក្រោយពីបានគិតគូរយ៉ាងល្អិតល្អន់ ខ្ញុំបានសម្រេចចិត្តសុំច្បាប់ឈប់សម្រាកឲ្យបានតិចជាងមុន ហើយធ្វើការឲ្យបានច្រើនជាងមុន។ បន្ទាប់ពីនោះ ទោះបីខ្ញុំសុំច្បាប់ដើម្បីបំពេញភារកិច្ចក៏ដោយ ក៏ខ្ញុំតែងតែទូរសព្ទតាមដានការងារជំនួយការរបស់ខ្ញុំដែរ ដោយបានដាស់តឿន និងក្រើនរំឭកគាត់ ដើម្បីធានាថាគ្មានអ្វីខុសឆ្គងទេ។ ខ្ញុំបានខិតខំធ្វើការរឹតតែខ្លាំងថែមទៀតក្នុងអំឡុងម៉ោងធ្វើការធម្មតា ហើយខ្ញុំថែមទាំងព្រួយបារម្ភពីការងារក្នុងអំឡុងពេលការប្រកបផ្ទាល់ខ្លួនជាមួយព្រះជាម្ចាស់របស់ខ្ញុំទៀតផង។ សូម្បីតែជិតដល់ម៉ោងចេញពីធ្វើការហើយក៏ដោយ ប្រសិនបើខ្ញុំទទួលបានកិច្ចការអ្វីមួយ នោះខ្ញុំនឹងចាប់ផ្ដើមធ្វើការភ្លាមៗតែម្ដង។ ខណៈដែលអ្នកផ្សេងទៀតត្រឡប់ទៅផ្ទះវិញ ដើម្បីសម្រាកបន្ទាប់ពីចេញពីធ្វើការ ខ្ញុំនៅតែបន្តធ្វើការថែមម៉ោងនៅក្នុងការិយាល័យ។ ពេលខ្លះ ខ្ញុំធ្វើការថែមម៉ោងរហូតដល់យប់ជ្រៅ ហើយខ្ញុំអស់កម្លាំងរហូតដល់ឈឺខ្នង ហើយគ្មានកម្លាំងកំហែងក្នុងខ្លួនសោះ។ ខ្ញុំបានគ្រោងថានឹងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពេលខ្ញុំទៅដល់ផ្ទះ ប៉ុន្តែបន្ទាប់ពីអានបានតែពីរទៅបីបន្ទាត់ ខួរក្បាលរបស់ខ្ញុំដូចជាឈប់ដំណើរការ ហើយខ្ញុំក៏ងងុយគេងខ្លាំងពេករហូតមិនអាចបន្តបាន។ ខ្ញុំថែមទាំងលួងលោមចិត្តខ្លួនឯងដោយនិយាយថា «ខ្ញុំនឹងអាននៅពេលក្រោយ នៅពេលដែលខ្ញុំមានពេលវេលាច្រើនជាងនេះ» រួចខ្ញុំក៏ចូលគេងទៅ។ ពេលខ្លះ ខ្ញុំចង់ធ្វើចិត្តឲ្យស្ងប់ដើម្បីសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយយកចិត្តទុកដាក់ ប៉ុន្តែខ្ញុំគ្មានកម្លាំងសោះទេ។ ពេលដែលទូរសព្ទរបស់ខ្ញុំរោទ៍អំពីរឿងការងារក្រុមហ៊ុនភ្លាម ខ្ញុំក៏បិទសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទៅដោះស្រាយវា។ ទោះបីខ្ញុំនៅតែបំពេញភារកិច្ចរបស់ខ្ញុំក៏ដោយ ក្នុងនាមជាអ្នកជឿម្នាក់ សូម្បីតែការប្រកបផ្ទាល់ខ្លួនជាមួយព្រះជាម្ចាស់ជាទៀងទាត់ ឬមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ ក៏ខ្ញុំមិនអាចរក្សាបានផង។ ខ្ញុំពិតជាមានអារម្មណ៍មិនស្រួលសោះ ហើយគិតថានេះមិនមែនជាជីវិតដែលខ្ញុំចង់បានទេ។ ប៉ុន្តែពេលខ្ញុំគិតដល់កិត្តិយសដែលការងារនេះនាំមកឲ្យខ្ញុំ ខ្ញុំមានអារម្មណ៍ថាគ្មានកម្លាំងចិត្តបោះបង់វាចោលទេ។ វាពិតជាស្ថានភាពដែលពិបាកសម្រេចចិត្តមែនទែន។
បន្ទាប់ពីបានឃើញខ្ញុំមានការប្ដូរផ្ដាច់ និងមានការទទួលខុសត្រូវខ្ពស់ ចៅហ្វាយរបស់ខ្ញុំបានដំឡើងតំណែងខ្ញុំជាប្រធានគ្រប់គ្រងផ្នែកទូទាត់ហិរញ្ញវត្ថុនៅទីស្នាក់ការកណ្តាល ដែលទទួលខុសត្រូវលើការទូទាត់ថ្លៃដឹកជញ្ជូនទូទាំងបណ្ដាញ។ នេះគឺជាផ្នែកស្នូលរបស់ក្រុមហ៊ុន ហើយការទទួលបានតំណែងនេះមានន័យថា ខ្ញុំកាន់តែខិតជិតទៅនឹងគោលដៅរបស់ខ្ញុំក្នុងការមានឡាន និងផ្ទះ នេះមិនទាន់គិតដល់ផលប្រយោជន៍បន្ថែមដែលទទួលបានពីការឡើងតំណែងនេះផង។ ពីក្រុមហ៊ុនរហូតដល់បុគ្គលម្នាក់ៗ គ្រប់គ្នាដែលចង់បានការទូទាត់ប្រាក់មុន និងចំណូលពីការដឹកជញ្ជូនឆាប់ៗ តែងតែរកវិធីផ្គាប់ផ្គុនខ្ញុំ។ លើសពីនេះទៅទៀត ខ្ញុំមានសិទ្ធិផ្ដល់យោបល់លើការតម្លើងប្រាក់ខែ ការចាត់តាំងការងារ និងការផ្លាស់ប្ដូរតំណែងសម្រាប់បុគ្គលិកក្នុងផ្នែក ដូច្នេះ មនុស្សកាន់តែច្រើនឡើងៗបានព្យាយាមអែបអបខ្ញុំ។ ពេលខ្លះ នៅពេលខ្ញុំបង្ហោះសារនៅក្នុងក្រុមការងារ មានមនុស្សជាច្រើនបានឆ្លើយតប ហើយការដែលមានគេឆ្លើយតបព្រមៗគ្នាបែបនេះ គឺជាអ្វីដែលខ្ញុំមិនធ្លាប់ទទួលបានពីមុនមកទេ។ ជាមួយនឹងការដំឡើងតំណែងនេះ ប្រាក់ខែរបស់ខ្ញុំក៏បានកើនឡើងដែរ ហើយខ្ញុំក៏ទទួលបានចំណូលបន្ថែមជាច្រើនទៀត។ ពួកចៅហ្វាយដែលតែងតែស្វែងរកជំនួយពីខ្ញុំ ជួនកាលនាំយកផលិតផលពិសេសៗប្រចាំតំបន់មកឲ្យខ្ញុំដែរ ដូចជាបារី និងស្រាតម្លៃថ្លៃៗ ប័ណ្ណអំណោយ និងរបស់របរផ្សេងៗទៀត ហើយរាល់ថ្ងៃបុណ្យទានគឺប្រៀបដូចជារដូវប្រមូលផលរបស់ខ្ញុំអីចឹង។ ពេលខ្លះខ្ញុំគិតថា ក្នុងនាមជាអ្នកជឿម្នាក់ ខ្ញុំគួរតែជាមនុស្សស្មោះត្រង់ ហើយមិនត្រូវប្រើអំណាចរបស់ខ្ញុំដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនដូចអ្នកមិនជឿនោះទេ ប៉ុន្តែខ្ញុំមិនអាចទប់ទល់នឹងការល្បួងនៃផលចំណេញបានទេ។ ខ្ញុំបានដឹងយ៉ាងច្បាស់ពីសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនអាចអនុវត្តបានទេ។ លើសពីនេះទៅទៀត ដោយសារការប្រើភ្នែកយូរពេក គំហើញរបស់ខ្ញុំក៏ខ្សោយទៅៗបន្តិចម្ដងៗ ហើយការនៅធ្វើការដល់យប់ជ្រៅច្រើនពេកបណ្ដាលឲ្យសម្ពាធឈាមរបស់ខ្ញុំឡើងខ្ពស់ ហើយកំភួនជើងក៏ហើមដែរ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍អស់កម្លាំងទាំងកាយទាំងចិត្តបន្ទាប់ពីធ្វើការពេញមួយថ្ងៃ។ ខ្ញុំដឹងថាការបន្តបែបនេះនឹងប៉ះពាល់ដល់សុខភាពរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនអាចឈប់បានទេ។ បើគ្មានការងារនេះទេ ខ្ញុំនឹងបាត់បង់ផលប្រយោជន៍ខាងសម្ភារៈទាំងអស់នេះ និងការឲ្យតម្លៃពីមនុស្សគ្រប់គ្នា។ ពេលខ្លះ នៅឯការជួបជុំគ្នា បងប្អូនប្រុសស្រីបាននិយាយអំពីរបៀបដែលពួកគេបានឆ្លងកាត់បទពិសោធនូវរឿងរ៉ាវផ្សេងៗ អំពីរបៀបដែលពួកគេបានសម្គាល់ឃើញនូវទិដ្ឋភាពផ្សេងៗនៃសេចក្ដីពុករលួយរបស់ពួកគេ និងអំពីរបៀបដែលពួកគេបានកែប្រែបន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ច្រណែនយ៉ាងខ្លាំង ហើយគិតថា «បងប្អូនប្រុសស្រីទាំងនេះកំពុងតែដេញតាមការផ្លាស់ប្ដូរនិស្ស័យ ប៉ុន្តែខ្ញុំនៅតែតស៊ូរើបម្រះនៅក្នុងភក់ជ្រាំនៃលុយកាក់ កិត្តិយស និងផលប្រយោជន៍ កុំថាឡើយបោះបង់និស្ស័យពុករលួយរបស់ខ្ញុំ សូម្បីតែរស់នៅដោយមានលក្ខណៈជាគ្រីស្ទបរិស័ទក៏ខ្ញុំគ្មានផង។ ខ្ញុំបានក្លាយជាខ្ញុំទាសករដាច់ថ្លៃរបស់លុយ!» ខ្ញុំដឹងថាការងារនេះពិតជាធ្វើឲ្យខ្ញុំយឺតយ៉ាវក្នុងការដេញតាមសេចក្ដីពិត និងជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ ប៉ុន្តែខ្ញុំនៅតែមិនដាច់ចិត្តបោះបង់ចោលកិត្តិយស និងផលប្រយោជន៍ដែលវាបាននាំមកឲ្យខ្ញុំសោះ។ ខ្ញុំដឹងថាពេលដែលខ្ញុំបោះបង់វាចោលភ្លាម គ្រប់ទាំងភាពរុងរឿង និងការសប្បាយខាងសម្ភារៈដែលខ្ញុំទទួលបានពីការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំនឹងត្រូវបាត់បង់អស់។ ខ្ញុំវិលវល់ក្នុងចិត្តយ៉ាងខ្លាំង ហើយមិនដឹងថាត្រូវធ្វើអ្វីទេ។
ថ្ងៃមួយ នៅឯការជួបជុំគ្នា ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គដែលថា៖ «មនុស្សត្រូវតែស្វែងរកការបង្ហាញចេញនូវជីវិតមួយដែលមានខ្លឹមសារ ហើយមិនគួរពេញចិត្តជាមួយស្ថានភាពរបស់គាត់ទេ។ ដើម្បីបង្ហាញចេញនូវលក្ខណៈរបស់ពេត្រុស គាត់ត្រូវតែមានចំណេះដឹង និងបទពិសោធរបស់ពេត្រុស។ មនុស្សត្រូវតែដេញតាមអ្វីដែលខ្ពង់ខ្ពស់ជាង និងស៊ីជម្រៅជាង។ គេត្រូវតែដេញតាមសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធជាង និងស៊ីជម្រៅជាងចំពោះព្រះ និងជីវិតដែលមានតម្លៃ និងខ្លឹមសារ។ នេះទើបជាជីវិត មានតែពេលនោះទេទើបមនុស្សដូចនឹងពេត្រុស។ អ្នកត្រូវតែផ្ដោតលើការចូលយ៉ាងសកម្មទៅក្នុងផ្នែកវិជ្ជមាន ហើយអ្នកមិនត្រូវអសកម្ម និងបណ្ដោយខ្លួនឱ្យថយក្រោយ ដើម្បីតែភាពសុខស្រួលមួយគ្រានោះឡើយ ខណៈពេលដែលមិនអើពើនឹងសេចក្ដីពិតដែលស៊ីជម្រៅជាងនេះ លម្អិតជាងនេះ និងជាក់ស្តែងជាងនេះ។ អ្នកត្រូវតែមានសេចក្តីស្រឡាញ់ជាក់ស្តែង ហើយអ្នកត្រូវតែរកគ្រប់វិធីដើម្បីរំដោះខ្លួនចេញពីជីវិតដ៏ពុករលួយ និងគ្មានខ្វល់ខ្វាយ ដែលមិនខុសពីសត្វនេះ។ អ្នកត្រូវតែបង្ហាញចេញនូវជីវិតមួយដែលមានខ្លឹមសារ ជីវិតដែលមានតម្លៃ ហើយអ្នកមិនត្រូវបោកប្រាស់ខ្លួនឯង ឬចាត់ទុកជីវិតអ្នកដូចជាប្រដាប់ក្មេងលេងសម្រាប់លេងសើចឡើយ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាបានបំភ្លឺខ្ញុំមែន។ ព្រះជាម្ចាស់តម្រូវឲ្យយើងយកតម្រាប់តាមពេត្រុស ដែលមិនជាប់ជំពាក់នឹងរឿងលោកិយ ហើយអាចបោះបង់ចោលកិត្តិយស ផលប្រយោជន៍ ឋានៈ និងការសប្បាយខាងសាច់ឈាម ដើម្បីដេញតាមជីវិតដ៏មានន័យ។ ពេត្រុសរៀនសូត្របានពូកែណាស់ ហើយជាមួយនឹងភាពឆ្លាតវៃ និងប្រាជ្ញារបស់គាត់ គាត់ពិតជាអាចក្លាយជាមន្ត្រីនៅពេលនោះបាន ប៉ុន្តែគាត់មានអារម្មណ៍ថាការដេញតាមកិត្តិយស និងផលប្រយោជន៍ខាងលោកិយតាមរយៈអាជីពជាមន្ត្រីនោះ គ្មានន័យឡើយ ហើយគាត់ចង់ស្វែងរកជីវិតប្រកបដោយអត្ថន័យវិញ។ ក្រោយមក ពេត្រុសត្រូវបានព្រះអម្ចាស់ត្រាស់ហៅឲ្យដើរតាមទ្រង់ ហើយគាត់បានទទួលសេចក្ដីពិតជាច្រើន មានការយល់ដឹងពិតប្រាកដអំពីព្រះជាម្ចាស់ ហើយនៅទីបំផុតបានសម្រេចនូវសេចក្ដីស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះជាម្ចាស់ និងការចុះចូលរហូតដល់ស្លាប់ ហើយបានទទួលការគាប់ព្រះហឫទ័យពីព្រះជាម្ចាស់ផង។ បន្ទាប់មក ខ្ញុំបានពិនិត្យមើលខ្លួនឯងដោយផ្អែកលើព្រះបន្ទូលនេះ។ ដើម្បីរស់នៅក្នុងជីវិតដែលមានគេឲ្យតម្លៃខ្ពស់ និងមានមុខមាត់ជាងគេ ខ្ញុំបានដាក់អស់កម្លាំងកាយចិត្តរបស់ខ្ញុំទៅក្នុងការងារ ប៉ុន្តែ តើខ្ញុំនឹងទទួលបានអ្វីពិតប្រាកដពីការដេញតាមលុយកាក់ ឋានៈ និងការសប្បាយខាងសាច់ឈាមបែបនេះទៅ? ពេលគិតពិចារណាទៅ ទោះបីជាចំណង់ខាងសាច់ឈាមរបស់ខ្ញុំត្រូវបានបំពេញ ហើយខ្ញុំសម្រេចបាននូវគោលដៅរបស់ខ្ញុំក្នុងការមានឡាន ផ្ទះ និងឋានៈក៏ដោយ ប្រសិនបើខ្ញុំមិនបានទទួលសេចក្ដីពិត ទោះបីជាខ្ញុំជឿលើព្រះជាម្ចាស់ក៏ដោយ តើជីវិតបែបនេះនឹងមានន័យអ្វី? តើនេះមិនមែនជាការខ្ជះខ្ជាយជីវិតទេឬ? ការរស់នៅដើម្បីតែបំពេញចំណង់ខាងសាច់ឈាម គឺមិនខុសពីការរស់នៅដូចសត្វធាតុនោះទេ ហើយទោះបីជាការសប្បាយខាងសាច់ឈាមល្អយ៉ាងណាក៏ដោយ ក៏នៅទីបំផុតវានឹងក្លាយទៅជាទទេទាំងអស់។ ទោះបីខ្ញុំនៅមិនទាន់សម្រេចបានការតាំងចិត្តដូចពេត្រុសក៏ដោយ ខ្ញុំត្រូវតែព្យាយាមឲ្យបានដូចគាត់ ហើយផ្ដោតអារម្មណ៍បន្ថែមទៀតលើការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការដេញតាមសេចក្ដីពិត។ ដូច្នេះ ខ្ញុំបានអធិដ្ឋានដល់ព្រះជាម្ចាស់ សូមឲ្យទ្រង់បើកផ្លូវឲ្យខ្ញុំ ថា «ឱព្រះជាម្ចាស់អើយ ទូលបង្គំមិនចង់បន្តបែបនេះទៀតទេ។ ទូលបង្គំចង់ដេញតាមសេចក្ដីពិតដោយចិត្តសង្វាត។ ទោះបីការយល់ដឹងរបស់ទូលបង្គំមានកម្រិតនៅពេលនេះក៏ដោយ ក៏ទូលបង្គំសុខចិត្តបោះបង់លុយកាក់ កិត្តិយស និងផលប្រយោជន៍បន្តិចម្ដងៗដែរ។ សូមទ្រង់ដឹកនាំទូលបង្គំឲ្យរួចផុតពីភក់ជ្រាំនៃលុយកាក់ កិត្តិយស និងផលប្រយោជន៍ផង»។ បន្ទាប់ពីអធិដ្ឋានរួច ខ្ញុំមានអារម្មណ៍ស្ងប់ចិត្តច្រើន។
ថ្ងៃមួយ ចៅហ្វាយរបស់ខ្ញុំបានហៅខ្ញុំទៅនិយាយជាមួយគាត់ភ្លាមៗ។ គាត់បាននិយាយថា ការទូទាត់ថ្លៃដឹកជញ្ជូនតាមផ្លូវគោកបានល្អប្រសើរហើយ ប៉ុន្តែការទូទាត់ថ្លៃដឹកជញ្ជូនតាមផ្លូវអាកាសនៅតែស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ ហើយគាត់ចង់ឲ្យខ្ញុំទទួលបន្ទុកការងារនេះ។ ការទូទាត់ថ្លៃដឹកជញ្ជូនតាមផ្លូវអាកាសមានកិត្យានុភាពតិចជាងការទូទាត់ថ្លៃដឹកជញ្ជូនតាមផ្លូវគោកឆ្ងាយណាស់ ប៉ុន្តែបន្ទុកការងារវិញ តិចជាងឆ្ងាយណាស់ ហើយវាច្បាស់ណាស់សម្រាប់ខ្ញុំថា ព្រះជាម្ចាស់បានស្ដាប់ឮពា្យអធិដ្ឋានរបស់ខ្ញុំ ហើយទ្រង់កំពុងដឹកនាំខ្ញុំមួយជំហានម្តងៗឲ្យរួចផុតពីចំណងនៃលុយកាក់ កិត្តិយស និងផលប្រយោជន៍ ស្របតាមកម្ពស់របស់ខ្ញុំ។ ពួកចៅហ្វាយនៅក្នុងផ្នែកដឹកជញ្ជូនពិតជាមនុស្សដែលរាប់អានតែអ្នកមានអំណាចមែន ហើយនៅពេលពួកគេឮថាខ្ញុំត្រូវបានផ្លាស់ប្ដូរតំណែង ពួកគេទាំងអស់គ្នាបានដកខ្លួនចេញឆ្ងាយពីខ្ញុំ ហើយមិនចង់ពាក់ព័ន្ធជាមួយខ្ញុំទេ។ ពេលខ្លះ នៅពេលពួកគេឃើញខ្ញុំ ពួកគេបានធ្វើពុតជាដកទូរសព្ទចេញ ហើយធ្វើជាកំពុងទទួលទូរសព្ទ។ បើប្រៀបធៀបនឹងកាលពីមុន ដែលមានមនុស្សនៅជុំវិញខ្ញុំគ្រប់ពេលវេលា ខ្ញុំមានអារម្មណ៍ថាវាជាការធ្លាក់ចុះដ៏ធំមួយ ហើយខ្ញុំក៏នឹកឃើញដល់ថ្ងៃដែលមនុស្សកោតសរសើរ និងផ្គាប់ផ្គុនខ្ញុំ។ ថ្ងៃមួយនៅឯការជួបជុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គដែលថា៖ «នៅក្នុងគ្រប់ការតស៊ូទាំងអស់រវាងភាពវិជ្ជមាន និងអវិជ្ជមាន រវាងខ្មៅ និងស រវាងគ្រួសារ និងព្រះជាម្ចាស់ រវាងកូនៗ និងព្រះជាម្ចាស់ រវាងភាពចុះសម្រុង និងការបែកបាក់ រវាងទ្រព្យសម្បត្តិ និងភាពក្រីក្រ រវាងឋានៈ និងភាពសាមញ្ញ រវាងការទទួលបានការគាំទ្រ និងការទទួលបានការបដិសេធ ជាដើមនោះ អ្នករាល់គ្នាច្បាស់ជាដឹងហើយពីជម្រើសដែលអ្នករាល់គ្នាបានជ្រើស! រវាងគ្រួសារដែលចុះសម្រុងគ្នា និងគ្រួសារដែលបែកបាក់ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ ហើយអ្នករាល់គ្នាបានជ្រើសរើសដូច្នេះដោយគ្មានការស្ទាក់ស្ទើរឡើយ។ រវាងទ្រព្យសម្បត្តិ និងភារកិច្ច អ្នករាល់គ្នាបានជ្រើសរើសយកទីមួយម្ដងទៀត ថែមទាំងគ្មានឆន្ទៈក្នុងការត្រឡប់ក្រោយទៀតផង។ រវាងភាពប្រណីត និងភាពក្រីក្រ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ។ នៅពេលជ្រើសរើសរវាងកូនៗ ភរិយា និងស្វាមីរបស់អ្នករាល់គ្នា ឬខ្ញុំ អ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទី១ ហើយរវាងសញ្ញាណ និងសេចក្ដីពិត អ្នករាល់គ្នានៅតែជ្រើសរើសយកទីមួយដដែល។ ពេលប្រឈមមុខនឹងអំពើអាក្រក់គ្រប់បែបយ៉ាងរបស់អ្នករាល់គ្នា ខ្ញុំអស់ជំនឿលើអ្នករាល់គ្នាតែម្ដង ខ្ញុំពិតជាហួសព្រះទ័យណាស់។ ដួងចិត្តរបស់អ្នករាល់គ្នាមិនអាចបន្ទន់បានដោយនឹកស្មានមិនដល់។ កម្លាំងកាយចិត្តដែលខ្ញុំបានលះបង់អស់ជាច្រើនឆ្នាំ បែរជាមិនបានផ្ដល់អ្វីដល់ខ្ញុំ ក្រៅពីការបោះបង់ចោល និងការអស់សង្ឃឹមរបស់អ្នករាល់គ្នាទៅវិញ ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នាកើនឡើងរាល់ថ្ងៃ ព្រោះថ្ងៃរបស់ខ្ញុំត្រូវបានលាតត្រដាងទាំងស្រុងនៅចំពោះមុខមនុស្សគ្រប់គ្នា។ ឥឡូវនេះ អ្នករាល់គ្នានៅតែដេញតាមអ្វីដែលងងឹត និងអាក្រក់ ហើយមិនព្រមទម្លាក់វាចោលទេ។ ដូច្នេះ តើលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើអ្នករាល់គ្នាធ្លាប់បានពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះរឿងនេះទេ? ប្រសិនបើគេឱ្យអ្នករាល់គ្នាជ្រើសរើសម្តងទៀត តើអ្វីជាគោលជំហររបស់អ្នករាល់គ្នា? តើវានៅតែជាជម្រើសទីមួយ ដដែលមែនទេ? តើអ្នករាល់គ្នានៅតែធ្វើឱ្យខ្ញុំខកព្រះទ័យ និងឈឺចាប់សោកសៅបន្តទៀតទេ? តើចិត្តរបស់អ្នករាល់គ្នានៅតែមានភាពកក់ក្ដៅត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះឬ? តើអ្នករាល់គ្នានៅតែមិនដឹងថាគួរធ្វើអ្វីដើម្បីលួងលោមព្រះហឫទ័យរបស់យើងទេឬ?» («តើអ្នកស្មោះត្រង់ចំពោះអ្នកណាឱ្យប្រាកដ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ សំណួរនីមួយៗរបស់ព្រះជាម្ចាស់បានចាក់ដោតចិត្តរបស់ខ្ញុំ។ ទោះបីខ្ញុំជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ខ្ញុំនៅតែមិនអាចមើលធ្លុះលុយកាក់ កិត្តិយស និងផលប្រយោជន៍បានដែរ គឺខ្ញុំបានផ្ដោតកម្លាំងភាគច្រើនរបស់ខ្ញុំទៅលើការងារ និងការរកលុយ សូម្បីតែការប្រកបផ្ទាល់ខ្លួនជាមួយព្រះជាម្ចាស់ជាធម្មតា ឬអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ខ្ញុំមិនអាចរក្សាបានផង។ ជាមួយនឹងការផ្លាស់ប្ដូរតំណែងចុងក្រោយនេះ ទោះបីខ្ញុំអាចទទួលយកវាពីព្រះជាម្ចាស់ក៏ដោយ បន្ទាប់ពីទទួលបន្ទុកការងារទូទាត់ថ្លៃដឹកជញ្ជូនតាមផ្លូវអាកាស ខ្ញុំបានឃើញពួកចៅហ្វាយដែលធ្លាប់ផ្គាប់ផ្គុនខ្ញុំបានផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេភ្លាមៗ ដែលធ្វើឱ្យអារម្មណ៍របស់ខ្ញុំមានការរង្គោះរង្គើជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថាមានអំណាចគឺល្អជាង ហើយបើគ្មានអំណាចទេ គ្មានអ្នកណាគោរពអ្នកទេ។ ដូច្នេះ ខ្ញុំនៅតែនឹកឃើញដល់ថ្ងៃដែលខ្ញុំទទួលបន្ទុកការទូទាត់ថ្លៃដឹកជញ្ជូនតាមផ្លូវគោក។ ខ្ញុំពិតជាប្រភេទមនុស្សដែលព្រះជាម្ចាស់បានលាតត្រដាងមែន ដែលស្មោះត្រង់តែចំពោះលុយកាក់ កិត្តិយស និងផលប្រយោជន៍ប៉ុណ្ណោះ! ការផ្លាស់ប្ដូរតំណែងនេះគឺជាការបើកផ្លូវរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ ហើយដោយសារបន្ទុកការងារនៃការទូទាត់ថ្លៃដឹកជញ្ជូនតាមផ្លូវអាកាសតិចជាងការទូទាត់ថ្លៃដឹកជញ្ជូនតាមផ្លូវគោកឆ្ងាយណាស់ ខ្ញុំអាចមានពេលទំនេរដើម្បីបំពាក់ខ្លួនខ្ញុំបន្ថែមទៀតដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រើពេលទំនេររបស់ខ្ញុំដើម្បីផ្សាយដំណឹងល្អដល់មិត្តរួមការងាររបស់ខ្ញុំ ដែលវាមានប្រយោជន៍សម្រាប់ការដេញតាមសេចក្ដីពិត និងការបំពេញភារកិច្ចរបស់ខ្ញុំ។ ដោយគិតបែបនេះ ខ្ញុំក៏ឈប់នឹកឃើញដល់ការងារចាស់របស់ខ្ញុំទៀត។
នៅខែឧសភា ឆ្នាំ ២០១៣ ចៅហ្វាយរបស់ខ្ញុំបានដាក់ផ្នែកទូទាត់ថ្លៃដឹកជញ្ជូនតាមផ្លូវគោក និងតាមផ្លូវអាកាសបញ្ចូលគ្នា បង្កើតបានជាផ្នែកថ្មីមួយ ហើយប្រគល់ការទទួលខុសត្រូវពេញលេញឲ្យខ្ញុំ។ ឥឡូវនេះ បន្ទុកការងារបានកើនឡើងទ្វេដងបើប្រៀបធៀបនឹងពេលដែលខ្ញុំត្រួតពិនិត្យការងារតែមួយមុខ ហើយទោះបីជាមានជំនួយការជាច្រើននាក់ក៏ដោយបន្ថែមទៀត ក៏នៅតែមានរឿងជាច្រើនដែលត្រូវព្រួយបារម្ភ ហើយបន្តិចម្ដងៗ ពេលវេលារបស់ខ្ញុំត្រូវបានការងារលេបត្របាក់ម្តងទៀត។ ខ្ញុំទ្រាំមិនបានក៏នឹកដល់ពេលដែលខ្ញុំទទួលបន្ទុកការទូទាត់ថ្លៃដឹកជញ្ជូនតាមផ្លូវអាកាស នៅពេលដែលពេលវេលាមិនសូវតឹងតែង ខ្ញុំមិនត្រឹមតែអាចរក្សាការប្រកបផ្ទាល់ខ្លួនជាមួយព្រះជាម្ចាស់ជាទៀងទាត់ប៉ុណ្ណោះទេ គឺថែមទាំងអាចឆ្លៀតពេលផ្សាយដំណឹងល្អដល់មិត្តរួមការងាររបស់ខ្ញុំបានទៀតផង តាមរយៈការនោះ ខ្ញុំបានយល់ពីសេចក្ដីពិតជាច្រើន រកឃើញចំណុចខ្វះខាតរបស់ខ្ញុំ និងបានភ្លក់បទពិសោធនូវបំណងព្រះហឫទ័យដ៏បន្ទាន់របស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សទៀតផង។ ប៉ុន្តែឥឡូវនេះ កម្លាំងរបស់ខ្ញុំបានផ្ដោតទៅលើតែការងារទាំងស្រុង ហើយខ្ញុំបានដឹងថា ការសម្រេចចិត្តរបស់ចៅហ្វាយខ្ញុំដែលដាក់ឲ្យខ្ញុំទទួលបន្ទុកលើផ្នែកដែលទើបតែបញ្ចូលគ្នាថ្មីនេះ គឺជាការល្បួងមួយពីសាតាំង។ ដូច្នេះ ខ្ញុំចង់បោះបង់ការងារនេះចោល។ ប៉ុន្តែនៅពេលខ្ញុំគិតថាការងារនេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ខ្ញុំអស់ជាច្រើនឆ្នាំ ខ្ញុំមានអារម្មណ៍ស្ដាយមិនដាច់ចិត្តក្នុងការបោះបង់វាចោលដោយងាយៗនោះទេ ដូច្នេះ ខ្ញុំបានអធិដ្ឋានដល់ព្រះជាម្ចាស់ថា «ឱព្រះជាម្ចាស់អើយ ទូលបង្គំកំពុងតែតស៊ូក្នុងចិត្តយ៉ាងខ្លាំង។ ប្រសិនបើទូលបង្គំបោះបង់ការងារនេះ ទូលបង្គំនឹងត្រូវរស់នៅក្នុងជីវិតមួយដ៏សាមញ្ញ ហើយរាល់ក្ដីសុបិនពីមុនរបស់ទូលបង្គំនឹងក្លាយជាការស្រមើស្រមៃទទេ ប៉ុន្តែទូលបង្គំដឹងថាការដេញតាមសេចក្ដីពិតមានសារៈសំខាន់ជាង ដូច្នេះ សូមទ្រង់ដឹកនាំទូលបង្គំផង»។ ក្នុងអំឡុងពេលនោះ ខ្ញុំតែងតែអធិដ្ឋានដល់ព្រះជាម្ចាស់ ស្វែងរកការណែនាំ និងការដឹកនាំរបស់ទ្រង់ ហើយខ្ញុំដឹងខ្លួនជានិច្ចថាត្រូវតែស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីអាន។ ថ្ងៃមួយ ខ្ញុំបានឮទំនុកបរិសុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយបទ មានចំណងជើងថា «តើពិភពលោកនេះជាកន្លែងសម្រាកករបស់អ្នកមែនឬ?»៖
១ ... តើពិភពលោកពិតជាកន្លែងសម្រាករបស់អ្នកមែនឬ? តើអ្នកពិតជាអាចទទួលបានស្នាមញញឹមនៃសេចក្ដីពេញចិត្តបន្តិចបន្តួចពីពិភពលោក ដោយការគេចចេញពីការវាយផ្ចាលរបស់ខ្ញុំមែនឬ? តើអ្នកពិតជាអាចប្រើភាពសប្បាយរីករាយមួយភ្លែតរបស់អ្នកដើម្បីបិទបាំងភាពទទេក្នុងចិត្តរបស់អ្នក ជាភាពទទេដែលមិនអាចលាក់បាំងបានឬ?
២ អ្នកប្រហែលជាអាចបោកបញ្ឆោតអ្នកគ្រប់គ្នានៅក្នុងគ្រួសាររបស់អ្នក ប៉ុន្តែ អ្នកមិនអាចបោកបញ្ឆោតខ្ញុំបានឡើយ។ ដោយសារតែជំនឿរបស់អ្នកតិចពេក មកដល់ថ្ងៃនេះ អ្នកនៅតែគ្មានសមត្ថភាពស្វែងរកសេចក្ដីរីករាយណាមួយដែលជីវិតផ្ដល់ឱ្យឡើយ។ ខ្ញុំលើកទឹកចិត្តអ្នក៖ ឱ្យចំណាយពាក់កណ្តាលជីវិតរបស់អ្នកដោយស្មោះ ដើម្បីជាប្រយោជន៍របស់ខ្ញុំ ជាជាងជីវិតទាំងមូលរបស់អ្នកក្នុងភាពធម្មតាៗ និងការងារមមាញឹកសម្រាប់សាច់ឈាម ដោយទ្រាំទ្រនូវទុក្ខវេទនាទាំងអស់ដែលមនុស្សពិបាកនឹងទ្រាំទ្រ។ តើមានប្រយោជន៍អ្វីក្នុងការស្រឡាញ់ខ្លួនឯងខ្លាំងម៉្លេះ ហើយគេចចេញពីការវាយផ្ចាលរបស់ខ្ញុំនោះ? ...
(ដកស្រង់ពី «អ្វីដែលហៅថា ជាមនុស្សពិតប្រាកដម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ខ្ញុំបានគិតអំពីរបៀបដែលខ្ញុំបានធ្វើការឥតឈប់ឈរដូចជាគ្រឿងយន្តជារៀងរាល់ថ្ងៃ ដើម្បីដេញតាមលុយកាក់ ឋានៈ និងជីវិតសម្ភារៈនិយម ហើយនៅទីបំផុតបានធ្វើឲ្យរូបកាយ និងចិត្តគំនិតរបស់ខ្ញុំល្វើយ ហើយបានរងទុក្ខពីជំងឺជាច្រើនផង។ នៅពេលខ្ញុំទទួលបន្ទុកការទូទាត់ថ្លៃដឹកជញ្ជូនតាមផ្លូវអាកាស ទោះបីជាមានចំណូលបន្ថែមតិចក៏ដោយ ក៏ខ្ញុំមានពេលច្រើនជាងមុនដើម្បីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចិត្តរបស់ខ្ញុំក៏កាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់ដែរ ដែលការនេះបានផ្លាស់ប្ដូរទស្សនវិញ្ញាណរបស់ខ្ញុំ។ ដោយសារមហន្តរាយកាន់តែធំទៅៗ ប្រសិនបើខ្ញុំនៅតែតោងជាប់នឹងលុយកាក់ និងឋានៈ នៅពេលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ ប្រសិនបើខ្ញុំមិនបានទទួលសេចក្ដីពិតទេ ហើយត្រូវវិនាសនៅក្នុងមហន្តរាយនោះ វានឹងយឺតពេលសម្រាប់ការសោកស្ដាយ។ ព្រះជាម្ចាស់បានរៀបចំឱកាសដ៏ល្អបែបនេះសម្រាប់ខ្ញុំ ដោយអនុញ្ញាតឲ្យខ្ញុំបានទទួលការចិញ្ចឹមបីបាច់ និងការស្រោចស្រពពីព្រះបន្ទូលទ្រង់ ព្រមទាំងឲ្យបានជួបជុំ និងប្រកបគ្នាលើព្រះបន្ទូលទ្រង់ជាមួយបងប្អូនប្រុសស្រី ផ្ដល់ឲ្យខ្ញុំនូវការផ្គត់ផ្គង់ខាងវិញ្ញាណ។ ប៉ុន្តែខ្ញុំគ្មានចិត្តដឹងគុណសោះឡើយ។ ខ្ញុំមិនបានយល់ពីបំណងព្រះហឫទ័យដ៏បន្ទាន់របស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សទេ ខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំក្នុងនាមជាភាវៈដែលទ្រង់បានបង្កើតបានទេ ហើយខ្ញុំនៅតែរៀបចំផែនការសម្រាប់អនាគត និងការរស់នៅរបស់ខ្ញុំដដែល។ តើការខិតខំប្រឹងប្រែង និងការនឿយហត់ទាំងអស់នេះដើម្បីតែសាច់ឈាមរបស់ខ្ញុំ មិនមែនជាការឥតប្រយោជន៍ទេឬ? ដោយសារតែខ្វល់ខ្វាយតែពីផលប្រយោជន៍តូចតាចនៅចំពោះមុខខ្ញុំ ខ្ញុំបានបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីពិត និងជីវិត។ ខ្ញុំពិតជាមើលឃើញខ្លីណាស់! អ្វីៗក្នុងលោកិយនេះដែលខ្ញុំកំពុងដេញតាមនឹងគ្មានប្រយោជន៍អ្វីឡើយនៅក្នុងមហន្តរាយ ហើយក៏មិនអាចសង្គ្រោះខ្ញុំបានដែរ។ ដោយបានដឹងរឿងនេះ ខ្ញុំបានលុតជង្គង់នៅចំពោះព្រះជាម្ចាស់ ហើយអធិដ្ឋាន «ឱព្រះជាម្ចាស់អើយ ទូលបង្គំពិតជាជំពាក់គុណទ្រង់ណាស់។ ទ្រង់បានសង្គ្រោះទូលបង្គំ ប៉ុន្តែទូលបង្គំមិនបានគិតសងគុណទ្រង់ទេ ហើយនៅតែតោងជាប់នឹងលុយកាក់ និងឋានៈទៀតផង។ របស់ទាំងនេះបាននាំមកនូវការល្បួងយ៉ាងខ្លាំងដល់ទូលបង្គំ។ ឱព្រះជាម្ចាស់អើយ ទូលបង្គំក្មេងខ្ចីខាងវិញ្ញាណពេកហើយ ទូលបង្គំមិនចង់ឲ្យសាតាំងធ្វើឲ្យពុករលួយ និងបោកបញ្ឆោតនៅក្នុងពិភពដ៏កខ្វក់នេះតទៅទៀតទេ។ សូមប្រទានការប្ដេជ្ញាចិត្តឲ្យទូលបង្គំដើម្បីបះបោរនឹងសាច់ឈាម ដើម្បីឲ្យទូលបង្គំអាចបំពេញភារកិច្ចពេញម៉ោង ដើម្បីតបស្នងនឹងសេចក្ដីស្រឡាញ់របស់ទ្រង់ផង»។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយចាប់ផ្ដើមមើលឃើញកាន់តែច្បាស់អំពីផលវិបាកនៃការដេញតាមកិត្តិយស និងផលប្រយោជន៍។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «សាតាំងប្រើកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស ធ្វើឱ្យពួកគេមិនគិតពីអ្វីក្រៅពីរឿងទាំងពីរនេះ ហើយធ្វើឱ្យពួកគេតស៊ូដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ រងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ទ្រាំទ្រការអាម៉ាស់ និងទទួលបន្ទុកធ្ងន់ដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ហើយធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តគ្រប់យ៉ាង ដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍។ តាមរបៀបនេះ សាតាំងដាក់ខ្នោះដែលមើលមិនឃើញមកលើមនុស្ស ហើយនៅពេលមានខ្នោះទាំងនេះជាប់នឹងខ្លួន ពួកគេមិនមានសមត្ថភាព ហើយក៏មិនមានភាពក្លាហានក្នុងការរំដោះខ្លួនដែរ។ ដោយមិនដឹងខ្លួន ពួកគេទ្រាំទ្រនឹងខ្នោះទាំងនេះ នៅពេលពួកគេដើរទៅមុខមួយជំហានម្តងៗដោយការលំបាកយ៉ាងខ្លាំង។ ដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍នេះ មនុស្សជាតិវង្វេងចេញពីព្រះជាម្ចាស់ ហើយក្បត់ទ្រង់ ហើយកាន់តែក្លាយជាទុច្ចរិតទៅៗ។ តាមរបៀបនេះ មួយជំនាន់ហើយមួយជំនាន់ទៀត ត្រូវបានបំផ្លាញនៅក្នុងកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់សាតាំង។ ឥឡូវនេះ ក្រឡេកមើលសកម្មភាពរបស់សាតាំង តើបំណងដ៏ពិសពុលរបស់វា មិនគួរឱ្យស្អប់បំផុតទេឬ? ប្រហែលជាថ្ងៃនេះ អ្នករាល់គ្នានៅតែមិនអាចមើលធ្លុះបំណងដ៏ពិសពុលរបស់សាតាំង ព្រោះអ្នករាល់គ្នាគិតថា ជីវិតនឹងគ្មានខ្លឹមសារ បើគ្មានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ហើយអ្នករាល់គ្នាគិតថា បើមនុស្សបោះបង់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ចោល នោះពួកគេនឹងលែងអាចមើលឃើញផ្លូវទៅមុខទៀតហើយ មិនអាចមើលឃើញគោលដៅរបស់ពួកគេទៀតទេ ហើយអនាគតរបស់ពួកគេនឹងក្លាយទៅជាងងឹត ស្រអាប់ និងអាប់អួរ។ ប៉ុន្តែ បន្តិចម្ដងៗ ថ្ងៃណាមួយ អ្នករាល់គ្នានឹងទទួលស្គាល់ទាំងអស់គ្នា ថា កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍គឺជាខ្នោះដ៏ធំ ដែលសាតាំងដាក់លើមនុស្ស នៅពេលថ្ងៃនោះមកដល់ អ្នកនឹងប្រឆាំងនឹងការគ្រប់គ្រងរបស់សាតាំងទាំងស្រុង ហើយប្រឆាំងយ៉ាងខ្លាំងនឹងខ្នោះដែលសាតាំងបាននាំមកកាន់អ្នក។ នៅពេលដែលពេលវេលាមកដល់ដែលអ្នកចង់ដោះលែងខ្លួនអ្នកពីរឿងទាំងអស់នេះដែលសាតាំងបានបណ្តុះនៅក្នុងអ្នក ពេលនោះ អ្នកនឹងកាត់ផ្ដាច់ពីសាតាំងយ៉ាងដាច់ស្រេច ហើយអ្នកនឹងស្អប់យ៉ាងពិតប្រាកដចំពោះអ្វីៗទាំងអស់ដែលសាតាំងបាននាំមកឱ្យអ្នក។ មានតែពេលនោះទេដែលអ្នកនឹងមានសេចក្ដីស្រឡាញ់ពិតប្រាកដ និងការប្រាថ្នាចង់បានព្រះជាម្ចាស់» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងចំៗ ដោយលាតត្រដាងពីរបៀបដែលសាតាំងប្រើកិត្តិយស និងផលប្រយោជន៍ដើម្បីចង និងគ្រប់គ្រងមនុស្ស។ ខ្ញុំបានរងឥទ្ធិពលពីគំនិតរបស់សាតាំងជាយូរមកហើយ ដូចជា «លុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ តែបើគ្មានលុយ អ្នកមិនអាចធ្វើអ្វីបានឡើយ» «លុយអាចបង្វិលពិភពលោកបាន» «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច» ហើយគំនិតទាំងនេះបានមកគ្រប់គ្រងខ្ញុំ។ អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានធ្វើការថែមម៉ោង ហើយធ្វើឲ្យសុខភាពរបស់ខ្ញុំទ្រុឌទ្រោមយ៉ាងខ្លាំង ក្នុងការដេញតាមលុយកាក់ កិត្តិយស និងផលប្រយោជន៍ ហើយខ្ញុំបានអធិដ្ឋានដល់ព្រះជាម្ចាស់កាន់តែតិចទៅៗ និងអានព្រះបន្ទូលរបស់ទ្រង់កាន់តែតិចទៅៗ ដោយកាន់តែឃ្លាតឆ្ងាយពីទ្រង់ទៅៗ។ ខ្ញុំបានឃើញថា បងប្អូនប្រុសស្រីខ្លះបានចំណាយពេលរបស់ពួកគេក្នុងការដេញតាមសេចក្ដីពិត ហើយពួកគេមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងជីវិតរបស់ពួកគេ ប៉ុន្តែសម្រាប់ខ្ញុំវិញ ក្នុងការដេញតាមលុយកាក់ កិត្តិយស និងផលប្រយោជន៍ ខ្ញុំស្ទើរតែគ្មានការរីកចម្រើនអ្វីសោះនៅក្នុងជីវិតរបស់ខ្ញុំ។ នេះគឺជាការខាតបង់ដ៏ធំមហិមា! ប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានផ្ដោតតែទៅលើការងារ និងស៊ូទ្រាំនឹងការអាម៉ាស់ ហើយនៅទីបំផុត ទោះបីជាក្ដីសុបិនរបស់ខ្ញុំក្លាយជាការពិតក៏ដោយ ខ្ញុំបានក្លាយជាមនុស្សកាន់តែវៀចវេរ និងបោកបញ្ឆោត ដោយចំណាយពេលជារៀងរាល់ថ្ងៃប្រាស្រ័យទាក់ទងជាមួយមនុស្សដោយគ្មានភាពស្មោះត្រង់ គឺប្រកាន់យកនូវឥរិយាបថកេងចំណេញពីគ្នាទៅវិញទៅមក បាត់បង់សេចក្ដីថ្លៃថ្នូរ និងសុចរិតភាពរបស់មនុស្សដើម្បីកិត្តិយស និងផលប្រយោជន៍ ហើយរស់នៅក្នុងជីវិតដែលរងទុក្ខ និងការឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំបាននឹកឃើញដល់សហគ្រិនដ៏ល្បីល្បាញម្នាក់កាលពីមុន ជាបុរសម្នាក់ដែលបានក្លាយជាមហាសេដ្ឋីតាំងពីនៅក្មេង ដែលនៅពេលដែលកិត្តិយស និងទ្រព្យសម្បត្តិរបស់គាត់ឡើងដល់កម្រិតកំពូល គាត់មមាញឹកនឹងការចូលរួមកម្មវិធីជប់លៀងផ្សេងៗជារៀងរាល់ថ្ងៃ។ គាត់មិនព្រមសម្រាកឡើយ ទោះបីជាអស់កម្លាំងខ្លាំងក៏ដោយ ហើយជាលទ្ធផល គាត់បានធ្លាក់ខ្លួនឈឺ រួចស្លាប់មុនអាយុសែសិបឆ្នាំ។ នេះគឺជាលទ្ធផលចុងក្រោយនៃការដែលសាតាំងប្រើកិត្តិយស និងផលប្រយោជន៍ដើម្បីធ្វើទុក្ខបុកម្នេញមនុស្ស។ ព្រះអម្ចាស់យេស៊ូវធ្លាប់មានបន្ទូលថា៖ «តើគាត់នឹងបានផលចំណេញអ្វី ប្រសិនបើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ហើយបាត់បង់ព្រលឹងរបស់ខ្លួននោះ? ឬថាតើមនុស្សត្រូវផ្ដល់អ្វីដើម្បីដោះដូរព្រលឹងវិញ្ញាណរបស់ខ្លួន?» (ម៉ាថាយ ១៦:២៦)។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានប្រទានឲ្យយើងនូវសេចក្ដីពិតទាំងអស់សម្រាប់ការសង្គ្រោះមនុស្សជាតិដោយឥតគិតថ្លៃ។ ប្រសិនបើខ្ញុំនៅតែតោងជាប់នឹងកិត្តិយស និងផលប្រយោជន៍ តំណែងរបស់ខ្ញុំអាចនឹងបន្តឡើងខ្ពស់ ប៉ុន្តែខ្ញុំនឹងបាត់បង់ឱកាសទទួលបានសេចក្ដីពិត និងទទួលសេចក្ដីសង្គ្រោះ។ ខ្ញុំលែងចង់ខំប្រឹងដើម្បីអ្វីដែលគេហៅថា «ឧត្តមគតិរបស់ខ្ញុំ» ទៀតហើយ ក៏បានសម្រេចចិត្តរកឱកាសលាលែងពីការងារ និងលះបង់ខ្លួនពេញម៉ោងដើម្បីព្រះជាម្ចាស់ផង។ ខ្ញុំបានចាប់ផ្ដើមរៀបចំដើម្បីប្រគល់ការងារ ហើយបានទៅជួបអ្នកគ្រប់គ្រងទូទៅរបស់ខ្ញុំ គឺលោក ស៊ូ ដើម្បីពិភាក្សាអំពីការលាលែងពីតំណែងរបស់ខ្ញុំ។ លោក ស៊ូ បាននិយាយថា «ដើម្បីដំណើរការលិខិតលាឈប់របស់អ្នក គឺត្រូវការអ្នកជំនួស ហើយការនេះនឹងចំណាយពេលយូរ ប៉ុន្តែប្រសិនបើអ្នកសុំច្បាប់ឈប់សម្រាករយៈពេលយូរវិញ ខ្ញុំអាចរៀបចំឲ្យមានអ្នកគ្រប់គ្រងម្នាក់ទទួលការងារជំនួសអ្នកបាន ហើយអ្នកអាចប្រគល់ការទទួលខុសត្រូវរបស់អ្នក រួចអាចទៅបាន»។ បន្ទាប់ពីបានពិចារណារួច ខ្ញុំក៏បានយល់ព្រមតាមការណែនាំនេះ ហើយខណៈពេលដែលកំពុងរង់ចាំដំណឹង ខ្ញុំក៏បានចាប់ផ្ដើមរៀបចំដើម្បីប្រគល់ការងារ។
ថ្ងៃមួយនៅដើមខែតុលា ចៅហ្វាយរបស់ខ្ញុំបាននិយាយមកកាន់ខ្ញុំថា «ខ្ញុំឮថាអ្នកត្រូវការសុំច្បាប់ឈប់សម្រាករយៈពេលប្រាំមួយខែដោយសារបញ្ហាគ្រួសារ។ នេះជារឿងដែលមិនធ្លាប់មានពីមុនមកក្នុងចំណោមបុគ្គលិកផ្នែកហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនរបស់យើងទេ ជាពិសេសសម្រាប់តំណែងដ៏សំខាន់ដូចតំណែងរបស់អ្នក ប៉ុន្តែសម្រាប់តែលើកនេះ ខ្ញុំបានយល់ព្រមជាពិសេសសម្រាប់អ្នក ហើយក្នុងអំឡុងពេលឈប់សម្រាកប្រាំមួយខែរបស់អ្នក ប្រាក់ខែរបស់អ្នកនឹងនៅដដែល។ នៅពេលអ្នកត្រឡប់មកវិញ ប្រាក់ខែនោះនឹងបើកឲ្យទាំងអស់តែម្ដង ហើយខ្ញុំនឹងរក្សាតំណែងជាអ្នកគ្រប់គ្រងរបស់អ្នកទុកឲ្យអ្នក»។ បន្ទាប់ពីបានអរគុណចៅហ្វាយខ្ញុំរួច ខ្ញុំក៏បានដើរចេញពីការិយាល័យ។ ពាក្យសម្ដីរបស់ចៅហ្វាយបានធ្វើឲ្យចិត្តខ្ញុំរំជើបរំជួលយ៉ាងខ្លាំង។ ទទួលបានប្រាក់ខែដោយមិនធ្វើការរយៈពេលប្រាំមួយខែ ហើយតំណែងជាអ្នកគ្រប់គ្រងត្រូវបានរក្សាទុកឲ្យខ្ញុំទៀត? មើលទៅក្រុមហ៊ុនពិតជាឲ្យតម្លៃខ្ញុំខ្លាំងណាស់។ ខ្ញុំបានគិតអំពីរបៀបដែលចៅហ្វាយបានគ្រោងទុកឲ្យខ្ញុំទទួលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់ទីស្នាក់ការកណ្ដាល។ ប្រសិនបើរឿងនោះកើតឡើងមែន ខ្ញុំនឹងក្លាយជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុន ហើយវានឹងមានន័យថាមានមនុស្សកាន់តែច្រើនឲ្យតម្លៃខ្ញុំ។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ថាគំនិត និងចេតនារបស់ខ្ញុំគឺខុសហើយ ហើយខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គដែលខ្ញុំបានអាននៅឯការជួបជុំគ្នាពីមុនៗ៖ «គ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការរំខានរបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយគ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយវាទាមទារឱ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះជាម្ចាស់។ សូមយកករណីដែលយ៉ូបត្រូវបានល្បងលមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងបានភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងចំពោះយ៉ូប គឺជាអំពើរបស់មនុស្ស និងការរំខានរបស់មនុស្ស។ នៅពីក្រោយជំហាននីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើលើអ្នករាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ ពោលគឺនៅពីក្រោយ គឺជាចម្បាំងមួយ» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ពេលមនុស្សដកពិសោធរហូតដល់ថ្ងៃ ដែលទស្សនៈរបស់ពួកគេអំពីជីវិត និងអត្ថន័យ និងមូលដ្ឋាននៃអត្ថិភាពរបស់ពួកគេបានផ្លាស់ប្តូរទាំងស្រុង ដែលពួកគេត្រូវបានផ្លាស់ប្ដូរដល់ឆ្អឹង ហើយបានក្លាយជាមនុស្សផ្សេងទៀត តើនេះមិនមែនជារឿងដែលអស្ចារ្យទេឬ? នេះគឺជាការផ្លាស់ប្តូរដ៏អស្ចារ្យ ការផ្លាស់ប្តូរដែលរញ្ជួយផែនដី។ ទាល់តែពេលអ្នកអស់ចិត្តពីកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ ឋានៈ លុយកាក់ ការសប្បាយ អំណាច និងភាពរុងរឿងនៃពិភពលោក ហើយអាចបោះបង់ចោលរបស់ទាំងនោះយ៉ាងងាយស្រួល ទើបអ្នកនឹងមានលក្ខណៈជាមនុស្ស អ្នកដែលនឹងត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានពេញខ្នាតនៅទីបំផុត គឺជាក្រុមមនុស្សបែបនេះហើយ រស់នៅសម្រាប់សេចក្តីពិត រស់នៅសម្រាប់ព្រះជាម្ចាស់ រស់នៅសម្រាប់អ្វីដែលយុត្តិធម៌ នេះគឺជាលក្ខណៈជាមនុស្សពិត» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ទោះបីជាពាក្យសម្ដីរបស់ចៅហ្វាយខ្ញុំហាក់ដូចជាឆ្លើយតបនឹងតម្រូវការខាងសាច់ឈាមរបស់ខ្ញុំក៏ដោយ ក៏មានឧបាយកលរបស់សាតាំងនៅពីក្រោយដែរ។ សាតាំងមានបំណងប្រើលុយកាក់ កិត្តិយស និងផលប្រយោជន៍ដើម្បីល្បួងខ្ញុំ ហើយធ្វើឲ្យខ្ញុំបន្តបម្រើវា ដើម្បីឲ្យនៅទីបំផុតខ្ញុំបាត់បង់ឱកាសបានសង្គ្រោះ។ ព្រះជាម្ចាស់សង្ឃឹមថាខ្ញុំនឹងរស់នៅដើម្បីទទួលបានសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អក្នុងនាមជាភាវៈដែលទ្រង់បានបង្កើត នេះគឺជាគោលដៅដែលខ្ញុំគួរតែដេញតាម។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានពង្រឹងជំនឿរបស់ខ្ញុំ ហើយខ្ញុំបានចាត់ចែងនីតិវិធីប្រគល់ការងារយ៉ាងឆាប់រហ័ស។ ដំណើរការប្រគល់ការងារបានប្រព្រឹត្តទៅយ៉ាងរលូន ហើយខ្ញុំបានដឹងថា អ្វីៗទាំងអស់ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ព្រះជាម្ចាស់ និងត្រូវបានចាត់ចែងដោយព្រះជាម្ចាស់។ មិនដល់មួយខែផងបន្ទាប់ពីលាលែងពីតំណែង ខ្ញុំបានចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំ ហើយខ្ញុំមានពេលវេលាដើម្បីប្រកបផ្ទាល់ខ្លួនជាមួយព្រះជាម្ចាស់ និងរស់នៅក្នុងជីវិតពួកជំនុំជាទៀងទាត់ ខ្ញុំរីករាយនឹងការស្រោចស្រព និងការចិញ្ចឹមបីបាច់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយចិត្តរបស់ខ្ញុំពោរពេញទៅដោយសេចក្ដីសុខសាន្ត និងអំណរ។ នៅពេលខ្ញុំជួបការលំបាកក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំបានអធិដ្ឋានដល់ព្រះជាម្ចាស់ និងពិគ្រោះយោបល់ជាមួយបងប្អូនប្រុសៗដែលសហការជាមួយខ្ញុំ ហើយស្វែងរកជំនួយពីអ្នកដឹកនាំសម្រាប់បញ្ហាដែលខ្ញុំមិនអាចដោះស្រាយបាន។ ពេលខ្លះ បងប្អូនប្រុសស្រីបានចង្អុលបង្ហាញពីចំណុចខ្វះខាតរបស់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយទោះបីជាវាធ្វើឲ្យខ្ញុំខ្មាសគេបន្តិចក៏ដោយ តាមរយៈការអធិដ្ឋាន និងការហូប ហើយផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំអាចចុះចូល និងរកឃើញផ្លូវអនុវត្តពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលវាបានធ្វើឲ្យប្រសិទ្ធភាពនៃភារកិច្ចរបស់ខ្ញុំប្រសើរឡើង។ ទាំងអស់នេះគឺដោយសារតែការដឹកនាំរបស់ព្រះជាម្ចាស់!
តាមរយៈបទពិសោធន៍នេះ ខ្ញុំបានឃើញយ៉ាងច្បាស់ថា លុយកាក់ និងឋានៈនាំមកនូវតែការសប្បាយបណ្ដោះអាសន្នប៉ុណ្ណោះ ហើយថា ទោះបីជាខ្ញុំទទួលបានទ្រព្យសម្បត្តិ កិត្តិយស និងផលប្រយោជន៍លើសពីអ្វីដែលខ្ញុំធ្លាប់ស្រមៃក៏ដោយ វាគ្រាន់តែជាសិរីរុងរឿងមួយឆាវប៉ុណ្ណោះ បន្ទាប់មកគឺទទេ ហើយនៅទីបំផុតខ្ញុំនឹងក្លាយជាយញ្ញបូជារបស់សាតាំង។ សព្វថ្ងៃនេះ ខ្ញុំអាចរួចផុតពីការល្បួងនៃលុយកាក់ និងឋានៈ រួចផុតពីការធ្វើទុក្ខបុកម្នេញរបស់សាតាំង ហើយដើរនៅលើផ្លូវដ៏ត្រឹមត្រូវនៅក្នុងជីវិត។ ទាំងអស់នេះគឺដោយសារតែការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ កិច្ចការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់គឺពិតជាជាក់ស្ដែងណាស់ ហើយខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់យ៉ាងស្មោះអស់ពីចិត្ត!