៣៤. តើភាពសប្បុរស តំណាងឲ្យភាពជាមនុស្សល្អដែរឬទេ?
នៅខែសីហា ឆ្នាំ២០២៣ ខ្ញុំទទួលខុសត្រូវលើការងារខាងអត្ថបទនៅក្នុងពួកជំនុំ។ ជាធម្មតា រាល់ពេលដែលបងប្អូនប្រុសស្រីប្រឈមនឹងការលំបាកក្នុងអាជីព ឬការងាររបស់ពួកគេ ខ្ញុំតែងតែណែនាំ និងជួយពួកគេដោយចិត្តអត់ធ្មត់។ ក្រោយពីការប្រកបគ្នារាល់ដង ការបានឃើញស្នាមញញឹមនៅលើផ្ទៃមុខរបស់បងប្អូនគ្រប់គ្នា បានធ្វើឲ្យខ្ញុំសប្បាយចិត្ត និងពេញចិត្តជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថា គ្រប់គ្នាពេញចិត្តនឹងខ្ញុំណាស់។ ក្រោយមកមួយរយៈ ខ្ញុំបានកត់សម្គាល់ឃើញថា បងស្រី វ៉ាង យីង ដែលជាប្រធានក្រុម ខ្វះបន្ទុកនៅក្នុងភារកិច្ចរបស់គាត់ ហើយគាត់ធ្វើការងារដោយធ្វេសប្រហែស។ នៅពេលដែលលទ្ធផលការងារមិនល្អ គាត់មិនបានផ្តួចផ្តើមគំនិតដឹកនាំគ្រប់គ្នាវិភាគពីបញ្ហានោះទេ។ នៅក្នុងភារកិច្ចប្រចាំថ្ងៃរបស់គាត់ គាត់ចេះតែចេញបញ្ជា និងបង្គាប់អ្នកដទៃឲ្យធ្វើការតែប៉ុណ្ណោះ។ ម្យ៉ាងទៀត គាត់មិនបានយកចិត្តទុកដាក់ក្នុងការជ្រើសរើសសេចក្ដីអធិប្បាយទេ ហើយតែងតែមានកំហុសលើបញ្ហាធម្មតាៗ។ នៅពេលដែលបងស្រីដែលធ្វើការជាមួយគាត់បានលើកឡើងពីបញ្ហារបស់គាត់ គាត់និយាយថាទទួលយកឱ្យតែរួចពីមាត់ ប៉ុន្តែក្រោយមក គាត់នៅតែបន្តធ្វើការឲ្យតែរួចពីដៃដដែល។ ដំបូងឡើយ ដោយឃើញថាគាត់នៅក្មេង និងជឿព្រះជាម្ចាស់បានតែមួយរយៈពេលខ្លី ខ្ញុំក៏បានជួយ និងណែនាំគាត់។ ប៉ុន្តែក្រោយមកមួយរយៈ ខ្ញុំបានកត់សម្គាល់ឃើញថា គាត់មិនមានការផ្លាស់ប្ដូរច្រើនទេ។ ខ្ញុំដឹងថា ខ្ញុំត្រូវតែប្រកបគ្នា ហើយលាតត្រដាងពីបញ្ហារបស់គាត់ ដើម្បីឲ្យគាត់ដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហារបស់គាត់។ ប៉ុន្តែនៅពេលដែលត្រូវលាតត្រដាងពីគាត់មែនទែន ខ្ញុំក៏មានការព្រួយបារម្ភ។ ខ្ញុំបានគិតថា «បើខ្ញុំនិយាយចេញមកដោយធ្ងន់ធ្ងរពេក តើគាត់នឹងគិតថាខ្ញុំជាមនុស្សគ្មានចិត្តមេត្តា មិនយោគយល់ពីភាពទន់ខ្សោយរបស់គាត់ទេ? ហើយប្រសិនបើគាត់និយាយពីខ្ញុំបែបនេះប្រាប់បងប្អូនប្រុសស្រីដទៃទៀត តើពួកគេទាំងអស់គ្នានឹងមិនគិតថាខ្ញុំខ្វះសេចក្ដីស្រឡាញ់ ហើយមានភាពជាមនុស្សមិនល្អទេឬ? នោះ នៅថ្ងៃខាងមុខ តើអ្នកណានឹងនៅតែគាំទ្រខ្ញុំទៅ? ប្រហែលជាខ្ញុំមិនគួរលាតត្រដាង និងលួសកាត់គាត់ទេ។ ខ្ញុំគួរតែជួយគាត់ដោយអត់ធ្មត់វិញ។» ដូច្នេះ ខ្ញុំគ្រាន់តែប្រាប់ វ៉ាង យីង ដោយសង្ខេបថា កន្លែងណាដែលការងាររបស់គាត់មានការខ្វះខាត ហើយបានលើកឡើងពីអាកប្បកិរិយាធ្វើការឲ្យតែរួចពីដៃរបស់គាត់ក្នុងការបំពេញភារកិច្ច។ ក្រោយពីបានឮដូច្នេះ វ៉ាង យីង គ្រាន់តែទទួលស្គាល់ថា គាត់គ្មានបន្ទុកទេ ប៉ុន្តែមិនបានបង្ហាញពីការឆ្លុះបញ្ចាំង ឬការយល់ដឹងអំពីការបង្កការខូចខាតដែលបណ្ដាលមកពីការបំពេញភារកិច្ចរបស់គាត់ឲ្យតែរួចពីដៃ។ បន្ទាប់មក គាត់ក៏ចាប់ផ្ដើមនិយាយអំពីប្រធានបទដែលគាត់ចាប់អារម្មណ៍ភ្លាមៗ ហើយរីករាយឡើងវិញ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងនោះទេ។ នៅពេលដែលខ្ញុំឃើញប្រតិកម្មរបស់គាត់ ខ្ញុំដឹងថាការប្រកបគ្នារបស់ខ្ញុំមិនបានសម្រេចដោយប្រសិទ្ធិភាពទេ។ ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតថា «ខ្ញុំបានរំឭកគាត់ហើយ ហើយគាត់ក៏បាននិយាយថា គាត់នឹងផ្លាស់ប្ដូរដែរ ដូច្នេះខ្ញុំនឹងបន្តសង្កេតមើលទៀត។» ក្រោយមក ខ្ញុំបានដឹងថា វ៉ាង យីង នៅតែគ្មានបន្ទុកនៅក្នុងភារកិច្ចរបស់គាត់ដដែល។ ខ្ញុំមានចិត្តអន្ទះសាជាខ្លាំង ដោយគិតថាខ្ញុំត្រូវតែលាតត្រដាងពីបញ្ហារបស់គាត់យ៉ាងតឹងរ៉ឹង បើមិនដូច្នេះទេ វានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការងារ។ មានម្ដងនោះ នៅពេលដែលខ្ញុំណែនាំការងារដល់គាត់ ខ្ញុំបានលួសកាត់គាត់យ៉ាងតឹងរ៉ឹង។ ដោយឃើញគាត់ឱនក្បាល ជ្រួញចិញ្ចើម ហើយហាក់ដូចជាពិបាកចិត្ត ខ្ញុំក៏ឆ្ងល់ថាតើសម្ដីរបស់ខ្ញុំធ្ងន់ធ្ងរពេកឬ។ ខ្ញុំបានគិតថា «តើគាត់នឹងគិតថាខ្ញុំជាមនុស្សគ្មានចិត្តមេត្តាទាំងស្រុង ហើយពាក្យសម្ដីរបស់ខ្ញុំធ្វើឲ្យឈឺចាប់ខ្លាំងពេកទេ? តើនៅថ្ងៃខាងមុខ គាត់នឹងនៅតែមានចំណាប់អារម្មណ៍ល្អចំពោះខ្ញុំដែរឬទេ?» ដូច្នេះ ខ្ញុំក៏ប្រញាប់និយាយពាក្យលួងលោម និងលើកទឹកចិត្តខ្លះៗ ដោយប្រាប់គាត់ថា ការទទួលរងការលួសកាត់គឺជារឿងល្អ ហើយថាគាត់មិនគួរមានភាពអវិជ្ជមានទេ ហើយគួរតែផ្លាស់ប្ដូរនៅពេលអនាគត។ ប៉ុន្តែក្រោយមក គាត់នៅតែគ្មានបន្ទុកនៅក្នុងភារកិច្ចរបស់គាត់ដដែល ដែលធ្វើឲ្យការងារពន្យារពេលយ៉ាងធ្ងន់ធ្ងរ។ នៅទីបំផុត ខ្ញុំគ្មានជម្រើសអ្វីក្រៅពីដកគាត់ចេញពីតំណែងទេ។
បន្ទាប់ពីការដកគាត់ចេញពីតំណែង អ្នកដឹកនាំថ្នាក់លើម្នាក់បានសួរខ្ញុំថា «អ្នកបានកត់សម្គាល់ឃើញបញ្ហារបស់ វ៉ាង យីង តាំងពីមុន។ ហេតុអ្វីបានជាអ្នកមិនលួសកាត់ និងលាតត្រដាងគាត់? បែបនោះ គាត់ប្រហែលជាអាចផ្លាស់ប្ដូរបានឆាប់ជាងនេះ ហើយប្រសិនបើអ្នកបានរកឃើញថាគាត់មិនប្រែចិត្តទេ អ្នកក៏អាចដកគាត់ចេញពីតំណែងបានឆាប់ជាងនេះដែរ។ អាកប្បកិរិយាធ្វើការឲ្យតែរួចពីដៃជាបន្តបន្ទាប់របស់គាត់ បានធ្វើឲ្យការងារពន្យារពេលយ៉ាងធ្ងន់ធ្ងរ!» ក្រោយពីបានឮសម្ដីរបស់អ្នកដឹកនាំ ខ្ញុំក៏ចាប់ផ្ដើមឆ្លុះបញ្ចាំងថា «ខ្ញុំបានកត់សម្គាល់ឃើញបញ្ហារបស់ វ៉ាង យីង ជាយូរមកហើយ ហើយក៏បានរំឭកគាត់ជាច្រើនដងដែរ ប៉ុន្តែខ្ញុំមិនដែលបានវែកញែកស៊ីជម្រៅពីសារជាតិនៃបញ្ហារបស់គាត់ទេ ដោយគ្រាន់តែនិយាយប៉ះសើៗ មិនបាននិយាយឲ្យចំចំណុច។ ខ្ញុំក៏ធ្លាប់មានអាកប្បកិរិយាបែបនេះពីមុនដែរ។ ហេតុអ្វីបានជាខ្ញុំមិនអាចលើកឡើង និងលាតត្រដាងពីបញ្ហារបស់អ្នកដទៃ នៅពេលដែលខ្ញុំរកឃើញបញ្ហានោះ ដោយតែងតែខ្លាចថា តើការធ្វើតឹងរ៉ឹងពេកនឹងធ្វើឲ្យអ្នកដទៃគិតមិនល្អពីខ្ញុំឬ? តើបញ្ហានៅត្រង់ណាឲ្យប្រាកដទៅ?» ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសូមឲ្យទ្រង់បំភ្លឺខ្ញុំ ដើម្បីឲ្យខ្ញុំអាចស្គាល់ពីបញ្ហារបស់ខ្ញុំផ្ទាល់បាន។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «នៅពេលដែលអ្នកដឹកនាំពួកជំនុំខ្លះឃើញបងប្អូនប្រុសស្រីបំពេញភារកិច្ចឱ្យតែរួចពីដៃ ពួកគេមិនស្ដីបន្ទោសអ្នកទាំងនោះទេ ទោះបីជាពួកគេគួរតែស្ដីបន្ទោសក៏ដោយ។ នៅពេលដែលពួកគេឃើញយ៉ាងច្បាស់ថា ប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់កំពុងរងការខូចខាត ពួកគេពុំខ្វាយខ្វល់នឹងបញ្ហានេះ ឬសួរនាំអ្វីឡើយ ហើយពួកគេក៏ពុំធ្វើឱ្យអ្នកដទៃអន់ចិត្តសូម្បីតែបន្តិចដែរ។ តាមពិត ពួកគេពិតជាមិនបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះភាពទន់ខ្សោយរបស់មនុស្សទេ តែផ្ទុយទៅវិញ បំណងនិងគោលដៅរបស់ពួកគេ គឺដើម្បីយកឈ្នះចិត្តមនុស្សទៅវិញទេ។ ពួកគេដឹងយ៉ាងច្បាស់ថា៖ 'ឱ្យតែខ្ញុំធ្វើបែបនេះ ហើយមិនធ្វើឱ្យអ្នកណាម្នាក់អន់ចិត្ត នោះពួកគេមុខជាគិតថា ខ្ញុំគឺជាអ្នកដឹកនាំល្អហើយ។ ពួកគេនឹងមានការយល់ឃើញល្អៗមកលើខ្ញុំ។ ពួកគេនឹងពេញចិត្ត និងចូលចិត្តខ្ញុំមិនខាន'។ ពួកគេពុំខ្វល់ថា ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់រងការខូចខាតប៉ុនណា ឬថាការខាតបង់ធំប៉ុនណាត្រូវបានបង្កឡើងដល់ការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ឬថាជីវិតពួកជំនុំរបស់ពួកគេរងការរំខានខ្លាំងបែបណានោះទេ ពួកគេគ្រាន់តែប្រកាន់ខ្ជាប់តាមទស្សនវិជ្ជាបែបសាតាំងរបស់ខ្លួន ហើយមិនធ្វើឱ្យអ្នកណាម្នាក់អន់ចិត្តប៉ុណ្ណោះ។ នៅក្នុងចិត្តពួកគេ គ្មានការស្ដីបន្ទោសខ្លួនឯងសោះឡើយ។ នៅពេលពួកគេឃើញនរណាម្នាក់បង្កការរំខាន និងការបង្អាក់ យ៉ាងច្រើនណាស់ពួកគេនិយាយត្រឹមពីរបីម៉ាត់ជាមួយពួកនោះ សម្រាលបញ្ហា ហើយបន្ទាប់មកក៏ឈប់ត្រឹមនោះ។ ពួកគេនឹងមិនប្រកបគ្នាអំពីសេចក្ដីពិត ឬបង្ហាញពីសារជាតិនៃបញ្ហាប្រាប់បុគ្គលនោះ រឹតតែមិនវិភាគវែកញែកសភាពរបស់គេឱ្យល្អិតល្អន់ទៅទៀត ហើយក៏មិនដែលប្រកបគ្នាអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាអ្វីនោះដែរ។ ពួកអ្នកដឹកនាំក្លែងក្លាយមិនដែលលាតត្រដាង ឬវែកញែកកំហុសដែលមនុស្សធ្វើជារឿយៗ ឬនិស្ស័យពុករលួយដែលមនុស្សបើកសម្ដែងជាញឹកញាប់នោះឱ្យបានល្អិតល្អន់ឡើយ។ ពួកគេពុំបានដោះស្រាយបញ្ហាជាក់ស្ដែងណាមួយទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេតែងតែបណ្តោយតាមការអនុវត្តមិនត្រឹមត្រូវ និងការបើកសម្ដែងសេចក្ដីពុករលួយរបស់មនុស្ស ហើយមិនថាមនុស្សនោះអវិជ្ជមាន ឬទន់ខ្សោយប៉ុនណាទេ ពួកគេមិនព្រមយកចិត្តទុកដាក់លើបញ្ហានេះឡើយ។ ពួកគេចេះតែអធិប្បាយពាក្យពេចន៍និងគោលលទ្ធិមួយចំនួន និងនិយាយពាក្យដាស់តឿនពីរបីម៉ាត់ប៉ុណ្ណោះ ដើម្បីដោះស្រាយស្ថានការណ៍ឱ្យតែបានៗ ដោយព្យាយាមរក្សាឱ្យបាននូវការចុះសម្រុងគ្នា។ ហេតុនេះហើយទើបរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ពុំដឹងថាត្រូវឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងដោយរបៀបណា ពុំមានដំណោះស្រាយទាល់តែសោះចំពោះនិស្ស័យពុករលួយដែលពួកគេបង្ហាញចេញ ហើយពួកគេរស់នៅតាមពាក្យពេចន៍ និងគោលលទ្ធិ សញ្ញាណ និងការស្រមើស្រមៃ ដោយគ្មានច្រកចូលទៅក្នុងជីវិតឡើយ។ ពួកគេថែមទាំងជឿនៅក្នុងចិត្តទៀតថា៖ 'អ្នកដឹកនាំរបស់យើងមានការយល់ដឹងអំពីភាពទន់ខ្សោយរបស់យើង ច្រើនជាងព្រះជាម្ចាស់ទៅទៀត។ កម្ពស់របស់យើងតូចទាបខ្លាំងណាស់ ដើម្បីរស់នៅតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ យើងគ្រាន់តែបំពេញតាមសេចក្ដីតម្រូវរបស់អ្នកដឹកនាំ គ្រាន់តែចុះចូលនឹងអ្នកដឹកនាំយើង នោះយើងកំពុងចុះចូលនឹងព្រះជាម្ចាស់ហើយ។ ប្រសិនបើនៅថ្ងៃណាមួយខាងលើដកអ្នកដឹកនាំរបស់យើងចេញពីតំណែង យើងនឹងបញ្ចេញយោបល់របស់យើង ហើយដើម្បីរក្សាអ្នកដឹកនាំរបស់យើង និងការពារពួកគេពីការដកចេញពីតំណែង យើងនឹងចរចាជាមួយខាងលើ និងបង្ខំពួកគេឱ្យយល់ស្របតាមការទាមទាររបស់យើង។ នេះជារបៀបដែលយើងនឹងធ្វើការត្រឹមត្រូវសម្រាប់អ្នកដឹកនាំយើង'។ កាលណាមនុស្សមានគំនិតបែបនេះនៅក្នុងចិត្តពួកគេ កាលណាពួកគេបង្កើតទំនាក់ទំនងបែបនេះជាមួយអ្នកដឹកនាំពួកគេ ហើយកាលណាពួកគេមានប្រភេទនៃការពឹងអាង ការកោតសរសើរ និងការថ្វាយបង្គំបែបនេះនៅក្នុងចិត្តចំពោះអ្នកដឹកនាំពួកគេ នោះពួកគេមានសេចក្ដីជំនឿកាន់តែខ្លាំងឡើងចំពោះអ្នកដឹកនាំរបស់ខ្លួន ហើយតែងតែចង់ស្ដាប់ពាក្យសម្ដីរបស់អ្នកដឹកនាំ ជំនួសឲ្យការស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកដឹកនាំបែបនេះស្ទើរតែយកតំណែងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តមនុស្សទៅហើយ។ ប្រសិនបើអ្នកដឹកនាំសុខចិត្តរក្សាទំនាក់ទំនងបែបនេះជាមួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ប្រសិនបើនៅក្នុងចិត្តពួកគេទទួលបានអារម្មណ៍សប្បាយរីករាយចេញពីរឿងនេះ ហើយជឿថា រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គប្បីប្រព្រឹត្តមកលើពួកគេបែបនេះ ដូច្នេះ រវាងអ្នកដឹកនាំបែបនេះ និងប៉ុល គ្មានអ្វីខុសគ្នានោះទេ ពួកគេបានបោះជំហានដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទនេះបំភាន់រួចជាស្រេចទៅហើយ ព្រមទាំងខ្វះនូវការវិនិច្ឆ័យទាំងស្រុងតែម្ដង។ តាមពិតទៅ អ្នកដឹកនាំនោះគ្មានតថភាពនៃសេចក្ដីពិតទេ ហើយពួកគេក៏គ្មានបន្ទុកទាល់តែសោះចំពោះការចូលទៅក្នុងជិវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរ។ ពួកគេចេះត្រឹមតែអធិប្បាយពាក្យពេចន៍ និងគោលលទ្ធិ ហើយនិងថែរក្សាទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដទៃប៉ុណ្ណោះ។ ពួកគេពូកែសម្ញែងខ្លួនដោយប្រើវិធីសាស្រ្តពុតត្បុត សម្ដីនិងទង្វើរបស់ពួកគេស្របតាមសញ្ញាណរបស់មនុស្ស ដូច្នេះហើយ ទើបពួកគេបំភាន់មនុស្ស។ ពួកគេមិនចេះប្រកបគ្នាពីសេចក្ដីពិត ឬមិនស្គាល់ខ្លួនឯង ហើយចំណុចនេះធ្វើឱ្យពួកគេមិនអាចដឹកនាំអ្នកដទៃឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានឡើយ។ ពួកគេធ្វើការដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ ហើយពួកគេនិយាយតែពាក្យពីរោះៗដើម្បីទាក់មនុស្សឱ្យជាប់អន្ទាក់ ដែលជាហេតុធ្វើឱ្យមនុស្សថ្វាយបង្គំ និងលើកតម្កើងពួកគេ ហើយការណ៍នេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងពន្យារដល់កិច្ចការរបស់ពួកជំនុំ និងការចូលទៅក្នុងជិវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ តើមនុស្សបែបនេះមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេឬ?» (ដកស្រង់ពី «ចំណុចទីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់លាតត្រដាងថា អ្នកដឹកនាំក្លែងក្លាយដែលរកឃើញបញ្ហានៅក្នុងភារកិច្ចរបស់បងប្អូនប្រុសស្រី ប៉ុន្តែមិនលាតត្រដាង ឬលួសកាត់ពួកគេ ដោយមិនអើពើថាការងារត្រូវពន្យារពេលប៉ុនណា ឬបញ្ហានោះមានសារជាតិធ្ងន់ធ្ងរប៉ុនណានោះទេ។ ពួកគេនិយាយសើៗតែប៉ុណ្ណោះ ហើយមិនប្រកបគ្នាសេចក្តីពិតដើម្បីដោះស្រាយបញ្ហាឡើយ។ លើសពីនេះទៅទៀត ពួកគេចេះតែបណ្ដោយ និងអត់ឱនជាប់រហូត ធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថា ពួកគេពិតជាមានសេចក្ដីស្រឡាញ់មែន ក្នុងគោលបំណងទិញទឹកចិត្តមនុស្សឲ្យពេញចិត្ត និងគាំទ្រពួកគេ។ ការធ្វើបែបនេះគឺដើម្បីទិញទឹកចិត្តមនុស្ស និងបំភាន់ពួកគេ ហើយវាជាការប្រព្រឹត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តាមពិតទៅ ខ្ញុំក៏បែបនេះដែរ។ នៅពេលដែលខ្ញុំឃើញ វ៉ាង យីង ធ្វើការឲ្យតែរួចពីដៃក្នុងភារកិច្ចរបស់គាត់ ហើយមិនធ្វើការងារជាក់ស្ដែង ខ្ញុំដឹងថាការបំពេញភារកិច្ចរបស់គាត់បែបនេះនឹងធ្វើឲ្យការងារពន្យារពេលយ៉ាងធ្ងន់ធ្ងរ ហើយថាប្រសិនបើគាត់មិនប្រែចិត្តទេ មានតែដកគាត់ចេញពីតំណែងទេ។ ប៉ុន្តែនៅពេលដែលខ្ញុំចង់លើកឡើងពីបញ្ហារបស់គាត់ ខ្ញុំខ្លាចថាគាត់នឹងនិយាយថា ខ្ញុំមិនយោគយល់ពីភាពទន់ខ្សោយរបស់គាត់។ ថាខ្ញុំជាមនុស្សចិត្តដាច់ គ្មានសេចក្ដីស្រឡាញ់ និងគ្មានភាពជាមនុស្សល្អ។ ដើម្បីរក្សារូបភាពល្អនៅក្នុងក្រសែភ្នែករបស់គាត់ ខ្ញុំមិនអាចនិយាយពាក្យលួសកាត់ និងលាតត្រដាងគាត់បានទេ។ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែរំឭកគាត់ពីលើៗឲ្យគាត់ដាក់ចិត្តបន្ថែមទៀតក្នុងភារកិច្ចរបស់គាត់ ដោយមិនបានលាតត្រដាងពីសារជាតិ និងផលវិបាកនៃការប្រព្រឹត្តរបស់គាត់ទេ។ ក្រោយមក នៅពេលដែលខ្ញុំឃើញថា វ៉ាង យីង នៅតែធ្វើការឲ្យតែរួចពីដៃក្នុងភារកិច្ចរបស់គាត់ដដែល ខ្ញុំបាននិយាយពាក្យតឹងរ៉ឹងតែពីរបីម៉ាត់ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលខ្ញុំឃើញគាត់ឱនក្បាល និងមើលទៅពិបាកចិត្ត ខ្ញុំក៏ចាប់ផ្ដើមព្រួយបារម្ភអំពីអ្វីដែលគាត់នឹងគិតពីខ្ញុំ ដូច្នេះ ខ្ញុំក៏ប្រញាប់និយាយពាក្យលួងលោម និងលើកទឹកចិត្តខ្លះៗ។ ជាលទ្ធផល វ៉ាង យីង មិនមានអារម្មណ៍ថាបញ្ហារបស់គាត់ធ្ងន់ធ្ងរទេ ហើយមិនបានប្រែចិត្ត ឬផ្លាស់ប្ដូរអ្វីទាំងអស់ ហើយនៅទីបំផុត គាត់ត្រូវបានដកចេញពីតំណែង។ នៅពេលប្រឈមមុខនឹងបញ្ហារបស់បងប្អូនប្រុសស្រី ខ្ញុំមិនបានគិតពិចារណាអំពីរបៀបប្រកបគ្នាសេចក្តីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះទាល់តែសោះ។ ខ្ញុំផ្ដោតតែលើការរក្សារូបភាពជាមនុស្សចិត្តល្អ និងមានសេចក្ដីស្រឡាញ់នៅក្នុងក្រសែភ្នែករបស់ពួកគេតែប៉ុណ្ណោះ ហើយខ្ញុំចេះតែក្លែងបន្លំខ្លួនឯង។ ឥឡូវនេះ ទីបំផុតខ្ញុំបានឃើញថា អ្វីដែលហៅថាសេចក្ដីស្រឡាញ់នេះគឺក្លែងក្លាយ។ ខ្ញុំគ្រាន់តែព្យាយាមការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ ហើយស្វែងរកការកោតសរសើរពីអ្នកដទៃតែប៉ុណ្ណោះ។ ក្នុងនាមជាអ្នកមើលការខុសត្រូវ ទំនួលខុសត្រូវរបស់ខ្ញុំគឺត្រូវប្រកបគ្នាសេចក្តីពិតដើម្បីដោះស្រាយបញ្ហារបស់បងប្អូនប្រុសស្រី ជួយពួកគេក្នុងការបំពេញភារកិច្ចរបស់ពួកគេឲ្យបានល្អ និងការពារការងាររបស់ពួកជំនុំ។ ប៉ុន្តែអ្វីទាំងអស់ដែលខ្ញុំព្យាយាមការពារគឺគ្រាន់តែជាឋានៈរបស់ខ្ញុំនៅក្នុងចិត្តរបស់ពួកគេតែប៉ុណ្ណោះ ហើយខ្ញុំមិនបានបំពេញទំនួលខុសត្រូវរបស់ខ្ញុំសូម្បីតែបន្តិច ខណៈដែលខ្ញុំចេះតែក្លែងបន្លំខ្លួនឯងថាជាមនុស្សដែលមានសេចក្ដីស្រឡាញ់។ ក្នុងរឿងនេះ ខ្ញុំកំពុងបំភាន់ និងដាក់អន្ទាក់មនុស្ស ហើយខ្ញុំកំពុងដើរនៅលើផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ។ របៀបធ្វើការរបស់ខ្ញុំពិតជាបានធ្វើបាបបងប្អូនប្រុសស្រីមែន។ ក្នុងការធ្វើបែបនេះ ខ្ញុំកំពុងបង្អាក់ការងាររបស់ពួកជំនុំ ហើយកំពុងធ្វើអំពើអាក្រក់! ដោយឆ្លុះបញ្ចាំងពីរឿងនេះ ខ្ញុំមានអារម្មណ៍ពិបាកចិត្ត និងបន្ទោសខ្លួនឯងយ៉ាងខ្លាំង ហើយខ្ញុំសុខចិត្តប្រែចិត្ត។
ក្រោយមក ខ្ញុំបានពិចារណាថា «ខ្ញុំបានគិតថា ការមានភាពជាមនុស្សល្អមានន័យថា ជាមនុស្សចេះយល់ ចេះយោគយល់ និងចេះអត់ឱន ខណៈដែលការលួសកាត់ និងលាតត្រដាងបញ្ហារបស់អ្នកដទៃ គឺជាភាពចិត្តដាច់ និងខ្វះសេចក្ដីស្រឡាញ់ និងភាពជាមនុស្សល្អ។ តើទស្សនៈរបស់ខ្ញុំនេះត្រឹមត្រូវដែរឬទេ? តើអ្វីទៅជាភាពជាមនុស្សល្អពិតប្រាកដ?» ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយចិត្តរបស់ខ្ញុំក៏មានអារម្មណ៍ភ្លឺស្វាងឡើង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដើម្បីមានភាពជាមនុស្សល្អ ត្រូវតែមានបទដ្ឋានមួយ។ វាមិនពាក់ព័ន្ធនឹងការដើរផ្លូវកណ្ដាល ដោយមិនប្រកាន់ខ្ជាប់តាមគោលការណ៍ ការខំប្រឹងមិនធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្ត ការផ្គាប់ផ្គុនចិត្តគេនៅគ្រប់ទីកន្លែងដែលអ្នកទៅ ការប៉ិនប្រសប់ក្នុងការផ្គាប់ចិត្តមនុស្សគ្រប់គ្នាដែលអ្នកជួប និងការធ្វើឱ្យមនុស្សគ្រប់គ្នានិយាយល្អពីអ្នក។ នេះមិនមែនជាបទដ្ឋានឡើយ។ ដូច្នេះ តើអ្វីទៅជាបទដ្ឋាន? បទដ្ឋាននោះគឺ ការអាចចុះចូលចំពោះព្រះជាម្ចាស់ និងសេចក្តីពិតបាន គឺការមានគោលការណ៍ក្នុងរបៀបដែលមនុស្សប្រព្រឹត្តចំពោះភារកិច្ចរបស់ខ្លួន និងគ្រប់ប្រភេទបុគ្គល ព្រឹត្តិការណ៍ និងរបស់ទាំងអស់ ហើយនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន ពោលគឺត្រូវមានការទទួលខុសត្រូវ មិនមានល្បិចកល ឬខ្ជិលច្រអូស ដោយអាចការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងមិនមានគ្រោងការណ៍សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។ ការបង្ហាញឱ្យឃើញបែបនេះគឺច្បាស់ក្រឡែតសម្រាប់ឱ្យមនុស្សគ្រប់គ្នាមើលឃើញ នោះមនុស្សគ្រប់គ្នាក៏យល់ច្បាស់នៅក្នុងដួងចិត្តអំពីចំណុចនេះដែរ។ ជាងនេះទៅទៀត ព្រះជាម្ចាស់ពិនិត្យពិច័យដួងចិត្តរបស់មនុស្ស និងជ្រាបពីស្ថានភាពពិតរបស់ពួកគេម្នាក់ៗគ្រប់គ្នា។ មិនថាពួកគេជានរណានោះទេ គ្មាននរណាអាចបោកបញ្ឆោតព្រះជាម្ចាស់បានឡើយ។ មនុស្សមួយចំនួនតែងតែអួតអាងជានិច្ចថា ពួកគេមានភាពជាមនុស្សល្អ ពោលគឺពួកគេមិនដែលនិយាយអាក្រក់ពីអ្នកដទៃ មិនដែលធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ ហើយក៏មិនដែលលោភលន់ចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃដែរ ថែមទាំងសុខចិត្តខាតបង់ជាជាងកេងចំណេញពីអ្នកដទៃនៅពេលមានទំនាស់ផលប្រយោជន៍ទៀតផង។ ហើយមនុស្សគ្រប់គ្នាគិតថា ពួកគេជាមនុស្សល្អ។ ប៉ុន្តែ នៅពេលបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេមានល្បិចកល និងក្រឡេចក្រឡុច តែងតែរិះរកតែផលប្រយោជន៍ផ្ទាល់ខ្លួនជានិច្ច។ ពួកគេមិនដែលគិតគូរពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ មិនដែលចាត់ទុកភាពបន្ទាន់របស់ព្រះជាម្ចាស់ជារឿងបន្ទាន់របស់ខ្លួន ឬគិតពីអ្វីដែលព្រះជាម្ចាស់ព្រះតម្រិះ ហើយក៏មិនដែលព្រមលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបំពេញភារកិច្ចរបស់ពួកគេដែរ។ ពួកគេមិនដែលលះបង់ប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ សូម្បីតែពេលដែលពួកគេឃើញមនុស្សអាក្រក់កំពុងធ្វើអំពើអាក្រក់ក៏ដោយ ក៏ពួកគេមិនលាតត្រដាងពួកគេដែរ។ ពួកគេគ្មានគោលការណ៍អ្វីទាំងអស់។ តើនេះជាភាពជាមនុស្សបែបណាទៅ? នេះមិនមែនភាពជាមនុស្សល្អឡើយ។ ចូរកុំយកចិត្តទុកដាក់នឹងអ្វីដែលមនុស្សបែបនេះនិយាយឡើយ។ អ្នកត្រូវតែមើលថាពួកគេរស់នៅតាមអ្វី ពួកគេបើកសម្ដែងពីអ្វី ហើយពួកគេមានអាកប្បកិរិយាបែបណា នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ពួកគេ ក៏ដូចជាមើលពីសភាពខាងក្នុងរបស់ពួកគេ និងអ្វីដែលពួកគេស្រឡាញ់ផងដែរ។ ប្រសិនបើសេចក្ដីស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់ពួកគេ ធំជាងភក្ដីភាពរបស់ពួកគេចំពោះព្រះជាម្ចាស់ ប្រសិនបើសេចក្ដីស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់គេ ធំជាងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ឬប្រសិនបើសេចក្ដីស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់ពួកគេ ធំជាងការយកចិត្តទុកដាក់ដែលពួកគេមានចំពោះព្រះជាម្ចាស់ ដូច្នេះ តើមនុស្សបែបនេះមានភាពជាមនុស្សដែរឬទេ? ពួកគេមិនមែនជាមនុស្សដែលមានភាពជាមនុស្សឡើយ» («តាមរយៈការប្រគល់ដួងចិត្តរបស់ខ្លួនថ្វាយទៅព្រះជាម្ចាស់ នោះគេអាចទទួលបានសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ភាពជាមនុស្សល្អមិនមែនត្រូវបានកំណត់ដោយថាតើមនុស្សម្នាក់និយាយដោយចិត្តល្អ និងស្លូតបូត ឬដោយម៉ឺងម៉ាត់ និងត្រង់ៗនោះទេ។ ផ្ទុយទៅវិញ វាផ្អែកលើថាតើមនុស្សម្នាក់ចុះចូលនឹងព្រះជាម្ចាស់ និងសេចក្ដីពិតឬអត់ និងថាតើពួកគេបំពេញភារកិច្ចរបស់ពួកគេដោយការទទួលខុសត្រូវឬអត់។ ដូចជាអ្នកដឹកនាំ និងអ្នកធ្វើការខ្លះ អាចលួសកាត់បងប្អូនប្រុសស្រីចំពោះការមិនទទួលខុសត្រូវនៅក្នុងភារកិច្ចរបស់ពួកគេ ហើយពួកគេអាចលាតត្រដាងពីសារជាតិ និងផលវិបាកនៃការប្រព្រឹត្តរបស់បងប្អូនប្រុសស្រីទាំងនេះ ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទោះបីជាពួកគេអាចមានអារម្មណ៍ពិបាកចិត្តនៅពេលបានឮរឿងទាំងនេះក៏ដោយ អ្នកទាំងឡាយណាដែលស្វែងរកសេចក្ដីពិត អាចប្រើឱកាសនេះដើម្បីឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងបាន ដែលជាប្រយោជន៍ទាំងដល់ការចូលទៅក្នុងជីវិត និងការបំពេញភារកិច្ចរបស់ពួកគេ។ មនុស្សខ្លះអាចមើលទៅដូចជាចិត្តល្អ ប៉ុន្តែនៅពេលដែលពួកគេឃើញបងប្អូនប្រុសស្រីប្រព្រឹត្តប្រឆាំងនឹងគោលការណ៍នានា និងធ្វើឲ្យខូចខាតដល់ការងារ ហើយត្រូវការការប្រកបគ្នា និងការលាតត្រដាងសម្រាប់រឿងនេះ ពួកគេការពារខ្លួនឯង ដោយនិយាយតែពាក្យពីរោះៗដើម្បីដោះស្រាយជាមួយអ្នកដទៃឲ្យតែរួចពីដៃ។ ពួកគេមិនបានគិតពិចារណាពីរបៀបជួយអ្នកដទៃដោយស្មោះ ឬពីរបៀបការពារផលប្រយោជន៍របស់ពួកជំនុំទេ។ ពួកគេពិតជាអាត្មានិយម និងមានល្បិចកលមែន ហើយទាំងនេះមិនមែនជាមនុស្សដែលមានភាពជាមនុស្សល្អទេ។ ខ្ញុំក៏បានប្រព្រឹត្តបែបដូចគ្នា ដោយគិតតែពីការការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំផ្ទាល់ ហើយនៅពេលដែលខ្ញុំឃើញអ្នកដទៃដើរលើផ្លូវខុស ខ្ញុំថែមទាំងមិនបានលូកដៃជួយផង។ ពីមុនខ្ញុំតែងតែគិតថាខ្ញុំមានភាពជាមនុស្សល្អ ប៉ុន្តែតាមរយៈការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបើកសម្ដែងនៃការពិត ខ្ញុំបានឃើញថា ខ្ញុំនៅឆ្ងាយពីការធ្វើជាមនុស្សម្នាក់ដែលមានភាពជាមនុស្សល្អណាស់។ ដោយដឹងពីរឿងនេះ ខ្ញុំមានអារម្មណ៍ពិបាកចិត្ត និងខ្មាសអៀនយ៉ាងខ្លាំង ហើយទឹកភ្នែកក៏ស្រក់ចុះមក។ ខ្ញុំស្អប់ខ្ពើមខ្លួនឯងអស់ពីដួងចិត្ត ហើយមិនចង់បន្តប្រព្រឹត្តបែបនេះទៀតទេ។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយបានរកឃើញផ្លូវមួយសម្រាប់ការអនុវត្ត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលអ្នកប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដំបូង អ្នកត្រូវឱ្យពួកគេញាណដឹងពីដួងចិត្តពិតប្រាកដ និងភាពស្មោះត្រង់របស់អ្នកសិន។ នៅក្នុងការនិយាយស្ដី និងការធ្វើការជាមួយគ្នា និងការទាក់ទងជាមួយអ្នកដទៃ ប្រសិនបើពាក្យសម្ដីរបស់នរណាម្នាក់ជាពាក្យសម្ដីបង្រ្គប់កិច្ច ជាពាក្យសម្ដីតាមតែទម្លាប់ ជាពាក្យសម្ដីផ្អែមល្ហែម ជាពាក្យសម្ដីបញ្ចើចបញ្ចើ ជាពាក្យសម្ដីគ្មានទំនួលខុសត្រូវ និងជាពាក្យសម្ដីស្រមើស្រមៃ ឬប្រសិនបើពួកគេគ្រាន់តែនិយាយដើម្បីផ្គាប់ចិត្តអ្នកដទៃ នោះពាក្យសម្ដីរបស់ពួកគេគ្មានអ្វីដែលពិតប្រាកដសោះឡើយ ហើយពួកគេគ្មានចិត្តស្មោះត្រង់បន្តិចសោះ។ មិនថាអ្នកដទៃទាំងអស់នោះជានរណាក៏ដោយ នេះគឺជាលក្ខណៈនៃការប្រាស្រ័យទាក់ទងរបស់ពួកគេជាមួយអ្នកដទៃ។ មនុស្សបែបនេះ មិនមានដួងចិត្តស្មោះត្រង់ទេ។ នេះមិនមែនជាមនុស្សស្មោះត្រង់ទេ។ ឧបមាថាមាននរណាម្នាក់ស្ថិតក្នុងសភាពអវិជ្ជមាន ហើយពួកគេនិយាយទៅកាន់អ្នកដោយស្មោះត្រង់ថា៖ 'សូមប្រាប់ខ្ញុំមកថាហេតុអ្វីបានជាខ្ញុំអវិជ្ជមានខ្លាំងបែបនេះ។ ខ្ញុំរកគិតវាមិនចេញសោះ!' ហើយតាមពិតទៅ ឧបមាថាអ្នកពិតជាបានដឹងអំពីបញ្ហារបស់ពួកគេនៅក្នុងដួងចិត្តរបស់អ្នក ប៉ុន្តែអ្នកមិនប្រាប់ពួកគេទេ ផ្ទុយទៅវិញបែរជានិយាយថា៖ 'គ្មានអ្វីនោះទេ។ អ្នកមិនបាននិយាយអ្វីក្នុងភាពអវិជ្ជមានទេ ខ្ញុំក៏មានសភាពបែបហ្នឹងដែរ'។ ពាក្យសម្ដីទាំងនេះធ្វើឱ្យបុគ្គលនោះមានការលួងលោមចិត្តយ៉ាងខ្លាំង ប៉ុន្តែអាកប្បកិរិយារបស់អ្នកមិនស្មោះត្រង់ឡើយ។ អ្នកកំពុងដោះស្រាយឱ្យតែរួចពីដៃជាមួយពួកគេដើម្បីឲ្យពួកគេមានអារម្មណ៍ស្រួលចិត្តជាងមុន និងទទួលបានការលួងលោម អ្នកបានជៀសវាងពីការនិយាយដោយស្មោះត្រង់ជាមួយពួកគេ។ អ្នកមិនមែនកំពុងជួយពួកគេដោយស្មោះអស់ពីចិត្ត និងមិនបានដាក់បញ្ហារបស់ពួកគេឱ្យច្បាស់ ដើម្បីឱ្យពួកគេអាចទុកភាពអវិជ្ជមានរបស់ពួកគេចោលនោះទេ។ អ្នកមិនបានធ្វើអ្វីដែលមនុស្សស្មោះត្រង់គួរតែធ្វើឡើយ។ អ្វីគ្រប់យ៉ាងគឺដើម្បីតែការព្យាយាមលួងលោមពួកគេ និងធ្វើឱ្យពួកគេច្បាស់ថា រវាងអ្នករាល់គ្នា គ្មានការឃ្លាតឆ្ងាយគ្នា ឬទំនាស់អ្វីឡើយ អ្នកបានធ្វើជាមួយពួកគេលំៗឱ្យតែរួច ហើយនេះមិនមែនជាការធ្វើជាមនុស្សស្មោះត្រង់នោះទេ។ ដូច្នេះ ដើម្បីក្លាយជាមនុស្សស្មោះត្រង់ម្នាក់ តើអ្នកគប្បីធ្វើអ្វីខ្លះនៅពេលជួបប្រទះនឹងស្ថានភាពបែបនេះ? អ្នកត្រូវប្រាប់ពួកគេពីអ្វីដែលអ្នកបានឃើញ និងបានកត់សម្គាល់៖ 'ខ្ញុំនឹងប្រាប់អ្នកអំពីអ្វីដែលខ្ញុំបានឃើញ និងអ្វីដែលខ្ញុំបានជួបប្រទះ។ អ្នកត្រូវសម្រេចចិត្តថាតើអ្វីដែលខ្ញុំនិយាយនោះត្រូវឬខុស។ ប្រសិនបើវាខុស អ្នកមិនចាំបាច់ទទួលយកវាទេ។ ប្រសិនបើវាត្រូវ ខ្ញុំសង្ឃឹមថាអ្នកនឹងទទួលយកវា។ ប្រសិនបើខ្ញុំនិយាយអ្វីដែលពិបាកឱ្យអ្នកស្ដាប់ចូល និងធ្វើឱ្យអ្នកឈឺចាប់ ខ្ញុំសង្ឃឹមថា អ្នកអាចទទួលយកវាបានអំពីព្រះជាម្ចាស់។ ចេតនា និងគោលបំណងរបស់ខ្ញុំ គឺដើម្បីជួយអ្នក។ ខ្ញុំមើលឃើញពីបញ្ហានេះច្បាស់ណាស់៖ ដោយសារតែអ្នកមានអារម្មណ៍ថាអ្នកត្រូវបានគេធ្វើឱ្យអាម៉ាស់ ហើយគ្មាននរណាម្នាក់ទុកមុខឱ្យអ្នកទេ ហើយអ្នកគិតថា មនុស្សដទៃទៀត មើលងាយអ្នក ថាអ្នកត្រូវបានគេវាយប្រហារ ហើយថាអ្នកមិនធ្លាប់ត្រូវបានគេប្រព្រឹត្តអយុត្តិធម៌ខ្លាំងដល់ថ្នាក់នេះទេ អ្នកមិនអាចទទួលយកបាន ហើយក៏ក្លាយជាអវិជ្ជមានបែបនេះ។ តើអ្នកគិតបែបណា តើនេះពិតជាអ្វីដែលកំពុងកើតឡើងមែនទេ?' ហើយនៅពេលស្ដាប់ឮបែបនេះ ពួកគេមានអារម្មណ៍ថា រឿងគឺបែបនេះមែនហើយ។ នេះគឺជាអ្វីដែលមានពិតប្រាកដនៅក្នុងដួងចិត្តរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកមិនមែនជាមនុស្សស្មោះត្រង់ទេ នោះអ្នកនឹងមិននិយាយវាចេញមកឡើយ។ អ្នកនឹងនិយាយថា៖ 'ខ្ញុំក៏តែងតែមានភាពអវិជ្ជមានដែរ' ហើយនៅពេលដែលមនុស្សដទៃស្ដាប់ឮថាមនុស្សគ្រប់គ្នាមានភាពអវិជ្ជមាន ពួកគេក៏គិតថា វាជារឿងធម្មតាទេ ដែលពួកគេមានភាពអវិជ្ជមាន ហើយចុងក្រោយ ពួកគេមិនអាចលះបង់ភាពអវិជ្ជមានរបស់ពួកគេបានឡើយ។ ប្រសិនបើអ្នកគឺជាមនុស្សស្មោះត្រង់ម្នាក់ ហើយអ្នកជួយពួកគេដោយអាកប្បកិរិយាស្មោះត្រង់ និងដួងចិត្តស្មោះត្រង់ នោះអ្នកអាចជួយពួកគេឱ្យយល់ពីសេចក្ដីពិតបាន និងលះបង់ភាពអវិជ្ជមានរបស់ពួកគេចោល» («មានតែតាមរយៈការធ្វើជាមនុស្សស្មោះត្រង់ទើបអាចបង្ហាញចេញនូវលក្ខណៈជាមនុស្សពិតបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់យើងថា យើងគួរតែប្រព្រឹត្តចំពោះបងប្អូនប្រុសស្រីរបស់យើងដោយចិត្តស្មោះត្រង់ ហើយថានៅពេលដែលយើងរកឃើញបញ្ហាជាមួយពួកគេ យើងគួរតែជួយ និងគាំទ្រពួកគេដោយចិត្តស្មោះ។ ការជួយនេះមិនត្រូវបានចងភ្ជាប់ដោយទម្រង់ ឬច្បាប់នោះទេ។ ប្រសិនបើរឿងដូចជាការប្រកបគ្នា និងការរំឭកអាចមានប្រសិទ្ធិភាព នោះយើងគួរតែប្រើវា ប៉ុន្តែប្រសិនបើសារជាតិនៃបញ្ហារបស់ពួកគេធ្ងន់ធ្ងរ នោះការលួសកាត់ ការលាតត្រដាង និងការវែកញែកស៊ីជម្រៅគឺចាំបាច់។ មធ្យោបាយណាក៏ដោយនៃការប្រកបគ្នាដែលអាចដោះស្រាយបញ្ហា ឬសម្រេចបានលទ្ធផល យើងគួរតែប្រើវាតាមនោះដែរ។ ប្រសិនបើយើងគិតតែពីមុខមាត់ និងរូបភាពរបស់យើងផ្ទាល់ ហើយចៀសវាងការលាតត្រដាងពីសារជាតិនៃបញ្ហា ហើយគ្រាន់តែនិយាយពាក្យសម្ដីស្រាលៗ សើៗ ដើម្បីដោះស្រាយជាមួយមនុស្សឲ្យតែរួចពីដៃ នោះយើងមិនមែនកំពុងជួយមនុស្សទេ ប៉ុន្តែកំពុងបង្កគ្រោះថ្នាក់ដល់ពួកគេវិញ។ ដូចជានៅពេលដែលខ្ញុំបានរកឃើញថា វ៉ាង យីង កំពុងធ្វើការឲ្យតែរួចពីដៃក្នុងភារកិច្ចរបស់គាត់។ ទោះបីជាខ្ញុំបានរំឭក និងព្យាយាមជួយគាត់ក៏ដោយ ក៏គាត់មិនអើពើនឹងសម្ដីរបស់ខ្ញុំសោះ។ ក្នុងករណីនេះ វាចាំបាច់ណាស់ក្នុងការលួសកាត់គាត់ និងវែកញែកស៊ីជម្រៅពីសារជាតិ និងផលវិបាកនៃអាកប្បកិរិយាធ្វើការឲ្យតែរួចពីដៃរបស់គាត់ ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឲ្យគាត់អាចដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហារបស់គាត់។ ការធ្វើបែបនេះនឹងមានប្រយោជន៍សម្រាប់ការចូលទៅក្នុងជីវិតរបស់គាត់។ បន្ទាប់ពីបានយល់ពីរឿងទាំងនេះ ខ្ញុំក៏ទទួលបានផ្លូវមួយសម្រាប់ការអនុវត្តដើម្បីជួយអ្នកដទៃ ហើយខ្ញុំក៏បានចាប់ផ្ដើមអនុវត្តទៅតាមនោះ។
នៅខែតុលា ឆ្នាំ២០២៣ ខ្ញុំបានកត់សម្គាល់ឃើញថា បងស្រី ចូវ ស៊ីន កំពុងមិនទទួលខុសត្រូវនៅក្នុងភារកិច្ចរបស់គាត់។ គាត់បានធ្វើការងារខាងអត្ថបទអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈដែលបងប្អូនប្រុសស្រីដទៃទៀតទើបតែចាប់ផ្ដើម ប៉ុន្តែគាត់ផ្ដោតតែលើកិច្ចការផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ ហើយមិនបានបង្ហាញពីបន្ទុកណាមួយសម្រាប់ការងាររួមទេ។ ខ្ញុំធ្លាប់បានប្រកបគ្នាអំពីបញ្ហានេះជាមួយគាត់ពីមុនមក ប៉ុន្តែគាត់មិនបានចូលទៅក្នុងណាមួយទេ។ ខ្ញុំបានពិចារណាពីការវែកញែកស៊ីជម្រៅពីសារជាតិនៃការប្រព្រឹត្តរបស់គាត់ ដើម្បីឲ្យគាត់អាចផ្លាស់ប្ដូរបាន។ ប៉ុន្តែនៅពេលដែលខ្ញុំគិតអំពីការលើកឡើងពីបញ្ហារបស់គាត់ ខ្ញុំក៏មានការព្រួយបារម្ភខ្លះៗថា «ចូវ ស៊ីន ស្ថិតនៅក្នុងសភាពមិនល្អមួយរយៈកន្លងមកហើយ ដូច្នេះ ប្រសិនបើខ្ញុំលើកឡើង និងលាតត្រដាងពីបញ្ហារបស់គាត់ តើគាត់នឹងគិតថាខ្ញុំជាមនុស្សមិនចេះយោគយល់ និងគ្មានភាពជាមនុស្សល្អទេ? បើរឿងនោះកើតឡើងមែន គាត់ច្បាស់ជាមានចំណាប់អារម្មណ៍មិនល្អចំពោះខ្ញុំជាមិនខាន។» នៅពេលដែលគំនិតទាំងនេះកើតឡើងនៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំក៏មានចិត្តស្ទាក់ស្ទើរ ដោយឆ្ងល់ថាតើខ្ញុំគួរតែមិនធ្វើការលាតត្រដាង និងលួសកាត់គាត់ឬអត់។ នៅពេលដែលខ្ញុំកំពុងគិតរឿងនេះ ខ្ញុំក៏នឹកឃើញភ្លាមៗពីរបៀបដែលខ្ញុំបានបរាជ័យជាមួយ វ៉ាង យីង ពីមុន ហើយខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គដែលខ្ញុំធ្លាប់បានអានពីមុនមក៖ «ប្រសិនបើអ្នកគឺជាមនុស្សស្មោះត្រង់ម្នាក់ ហើយអ្នកជួយពួកគេដោយអាកប្បកិរិយាស្មោះត្រង់ និងដួងចិត្តស្មោះត្រង់ នោះអ្នកអាចជួយពួកគេឱ្យយល់ពីសេចក្ដីពិតបាន និងលះបង់ភាពអវិជ្ជមានរបស់ពួកគេចោល» («មានតែតាមរយៈការធ្វើជាមនុស្សស្មោះត្រង់ទើបអាចបង្ហាញចេញនូវលក្ខណៈជាមនុស្សពិតបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំទ្រាំមិនបានក៏សួរខ្លួនឯងថា «តើខ្ញុំកំពុងតែមិនធ្វើការលាតត្រដាងបញ្ហារបស់ ចូវ ស៊ីន គឺដើម្បីគាត់មែនទេ?» តាមពិតទៅ មិនមែនទេ។ ខ្ញុំខ្លាចថា ចូវ ស៊ីន អាចនឹងគិតថាខ្ញុំតឹងរ៉ឹងពេក ហើយមិនយោគយល់ចំពោះភាពទន់ខ្សោយរបស់គាត់ ដូច្នេះ ការស្ទាក់ស្ទើររបស់ខ្ញុំគឺកើតចេញពីបំណងប្រាថ្នារបស់ខ្ញុំក្នុងការរក្សាចំណាប់អារម្មណ៍ល្អនៅក្នុងក្រសែភ្នែករបស់គាត់។ ខ្ញុំក៏បានគិតដែរថា បងស្រីកំពុងរស់នៅក្នុងនិស្ស័យពុករលួយដែលអាត្មានិយម និងគួរឲ្យស្អប់ខ្ពើម ថាគាត់មិនទទួលខុសត្រូវក្នុងភារកិច្ចរបស់គាត់ ហើយថាគាត់បានធ្វើឲ្យការងារពន្យារពេលរួចទៅហើយ។ មានតែតាមរយៈការលាតត្រដាងពីបញ្ហានេះឲ្យគាត់ដឹង និងធ្វើឲ្យគាត់ដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហារបស់គាត់ប៉ុណ្ណោះ ទើបគាត់នឹងមានឱកាសផ្លាស់ប្ដូរបាន។ ទោះបីជាគាត់អាចមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង ហើយខណៈពេលនោះគាត់ពិបាកនឹងទទួលយកក៏ដោយ ខ្ញុំក៏នៅតែព្យាយាមជួយគាត់ដោយចិត្តស្មោះ ហើយខ្ញុំក៏នឹងមានមនសិការល្អដែរ។ ក្រោយមក នៅក្នុងពេលជួបជុំ ខ្ញុំបានដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីលាតត្រដាងពីសារជាតិ និងផលវិបាកនៃការដែលគាត់ផ្ដោតតែលើការងារផ្ទាល់ខ្លួនរបស់គាត់ និងការព្រងើយកន្តើយនឹងការងាររួមនោះ។ ខ្ញុំឃើញថាគាត់ពិបាកចិត្តណាស់ ប៉ុន្តែក្រោយពីការប្រកបគ្នា គាត់និយាយថាគាត់មានការដឹងខ្លះៗពីបញ្ហារបស់គាត់ដែរ ប៉ុន្តែមិនបានយកចិត្តទុកដាក់នឹងវាយ៉ាងម៉ត់ចត់ទេ។ ហើយថាតាមរយៈការវែកញែកស៊ីជម្រៅនេះ ទីបំផុតគាត់បានឃើញហើយថាបញ្ហារបស់គាត់ធ្ងន់ធ្ងរប៉ុនណា។ គាត់ដឹងថាគាត់មិនបានខ្វល់ខ្វាយអំពីការងារដែលជាប់គាំង ហើយក៏មិនបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាទាំងនេះដែរ ទោះបីជាគាត់ដឹងថាវាមានក៏ដោយ។ គាត់ក៏ដឹងដែរថាគាត់ព្រងើយកន្តើយ និងមិនខ្វល់ខ្វាយ ដែលបានធ្វើឲ្យការងារពន្យារពេល ហើយថាគាត់ពិតជាអាត្មានិយម និងគួរឲ្យស្អប់ខ្ពើមណាស់ ហើយត្រូវការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដ និងធ្វើការផ្លាស់ប្ដូរ។ ខ្ញុំរីករាយណាស់ដែលឃើញបងស្រីនេះមានការយល់ដឹងបែបនេះ ហើយខ្ញុំមានអារម្មណ៍ថាទីបំផុតខ្ញុំបានជួយអ្នកដទៃម្ដង។
តាមរយៈបទពិសោធនេះ ខ្ញុំបានយល់គោលការណ៍មួយចំនួនសម្រាប់ការវាស់ស្ទង់ភាពជាមនុស្សល្អ ហើយខ្ញុំក៏បានឃើញយ៉ាងច្បាស់ដែរថាការមិនបានជួយអ្នកដទៃដោយចិត្តស្មោះរបស់ខ្ញុំ ការស្ទាក់ស្ទើររបស់ខ្ញុំក្នុងការចង្អុលបង្ហាញបញ្ហា និងការដែលខ្ញុំការពារតែខ្លួនឯង ហើយមិនគាំទ្រការងាររបស់ពួកជំនុំ គឺជាការបង្ហាញចេញនៃភាពជាមនុស្សដែលមិនល្អ។ ទន្ទឹមនឹងនោះ ខ្ញុំបានរៀនថាការជួយអ្នកដទៃដោយសេចក្ដីស្រឡាញ់មានន័យយ៉ាងពិតប្រាកដ។ អរព្រះគុណព្រះជាម្ចាស់!