២៨. អ្វីដែលខ្ញុំទទួលបាន ពីការធ្វើទុក្ខបុកម្នេញពីសំណាក់គ្រួសារ
ខ្ញុំធ្លាប់មានគ្រួសារដ៏ចុះសម្រុង និងមានសុភមង្គលមួយ ប្តីខ្ញុំមើលថែខ្ញុំយ៉ាងល្អ ហើយអ្នកជិតខាង និងមិត្តភក្តិរបស់យើងច្រណែននឹងពួកយើង។ នៅក្នុងឆ្នាំ ១៩៩៤ ខ្ញុំបានទទួលជឿព្រះអម្ចាស់យេស៊ូវជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ហើយខ្ញុំបានចែកចាយដំណឹងល្អរបស់ព្រះអម្ចាស់យេស៊ូវទៅកាន់ឪពុកម្ដាយ ម្ដាយក្មេក បងប្រុស និងបងថ្លៃស្រីរបស់ខ្ញុំ ហើយពួកគាត់ទាំងអស់គ្នាក៏បានទទួលជឿ។ ប្ដីខ្ញុំរវល់នឹងមុខជំនួញពេក ទើបមិនបានចូលរួមការជួបជុំ តែគាត់បានគាំទ្រសេចក្ដីជំនឿរបស់ខ្ញុំយ៉ាងខ្លាំង។ នៅក្នុងខែតុលា ឆ្នាំ ២០០៦ មានគេផ្សាយដំណឹងល្អអំពីនគរព្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដល់ខ្ញុំ។ តាមរយៈការចូលរួមការជួបជុំ និងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលយាងត្រឡប់មកវិញ ហើយថា ទ្រង់បានអនុវត្តកិច្ចការនៃការជំនុំជម្រះ និងការបន្សុទ្ធមួយដំណាក់កាល ដោយផ្អែកលើកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ ដែលអនុញ្ញាតឱ្យមនុស្សរលាស់ខ្លួនចេញពីអំពើបាបទាំងស្រុង និងទទួលបានការសង្គ្រោះពីព្រះជាម្ចាស់ ហើយខ្ញុំបានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្តាដោយក្តីរីករាយ។ បន្ទាប់ពីនោះមក ខ្ញុំចាប់ផ្ដើមហ្វឹកហាត់ក្នុងការផ្សាយដំណឹងល្អ ដោយធ្វើបន្ទាល់អំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ដល់អ្នកដែលជឿព្រះជាម្ចាស់ដោយស្មោះ និងទន្ទឹងរង់ចាំការលេចមករបស់ព្រះអម្ចាស់។ ដំបូងឡើយ ប្ដីខ្ញុំមិនបានប្រឆាំងនឹងសេចក្ដីជំនឿរបស់ខ្ញុំលើព្រះដ៏មានគ្រប់ព្រះចេស្ដាទេ ហើយនៅពេលបងប្អូនប្រុសស្រីមកផ្ទះខ្ញុំ ប្ដីខ្ញុំបានស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ ដោយនិយាយថា ពេលគាត់រកលុយបានច្រើនបន្តិច គាត់នឹងជឿព្រះជាម្ចាស់ជាមួយខ្ញុំ។ ប៉ុន្តែប៉ុន្មានខែក្រោយមក ប្ដីខ្ញុំបានឮពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានរបស់គណបក្សកុម្មុយនីស្តចិន ដែលថ្កោលទោស និងបង្ខូចឈ្មោះពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយពួកអ្នកដឹកនាំសាសនានៅតែបន្តញុះញង់គាត់ ដូច្នេះ គាត់ក៏ចាប់ផ្ដើមរារាំងសេចក្ដីជំនឿរបស់ខ្ញុំ។ រាល់ពេលដែលគាត់ឃើញខ្ញុំចេញទៅចូលរួមការជួបជុំ គាត់នឹងធ្វើទុក្ខបុកម្នេញ និងរារាំងផ្លូវខ្ញុំ។
នៅត្រឹមឆ្នាំ ២០០៧ ខ្ញុំបានទទួលភារកិច្ចជាអ្នកដឹកនាំពួកជំនុំ។ យប់មួយ ពេលខ្ញុំត្រឡប់មកវិញបន្ទាប់ពីបំពេញភារកិច្ចរួច ម៉ោងជាងដប់យប់ទៅហើយ។ គ្រាន់តែខ្ញុំចូលដល់ក្នុងផ្ទះភ្លាម ប្ដីខ្ញុំក៏ស្ទុះមក ហើយចាប់ផ្ដើមសួរដេញដោលខ្ញុំ ដោយនិយាយថា៖ «ប្រាប់ការពិតមក ហេតុអីបានជាឯងត្រឡប់មកវិញយប់ម៉្លេះ? ពួកឯងដែលជឿព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងក្លាយជាគោលដៅនៃការបង្ក្រាបរបស់រដ្ឋ ហើយបើឯងត្រូវគេចាប់បាន ឯងនឹងត្រូវចាត់ទុកជាឧក្រិដ្ឋជននយោបាយ ហើយសូម្បីតែត្រូវគេសម្លាប់ចោល ក៏គ្មានអ្នកណាជួយដែរ។ ឯងត្រូវតែឆ្លាតជាងហ្នឹងបន្តិច!» បន្ទាប់មក គាត់បាននិយាយមកខ្ញុំយ៉ាងកាចសាហាវថា៖ «ស្ដាប់ខ្ញុំឱ្យច្បាស់ ខ្ញុំបានត្រឡប់ទៅស្រុកកំណើតកាលពីម្សិលមិញ ហើយពូរបស់ខ្ញុំបានប្រៀបធៀបការមិនស្តាប់បង្គាប់រដ្ឋាភិបាល គឺដូចជាយកពងមាន់ទៅជល់នឹងថ្មអញ្ចឹង។ ឯងមិនអាចប្រឆាំងនឹងរដ្ឋបានទេ។ កូនៗរបស់ពួកអ្នកជឿនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរៀននៅមហាវិទ្យាល័យឡើយ ហើយបើឯងនៅតែបន្តបែបនេះ ឯងនឹងទាញកូនៗយើងឱ្យធ្លាក់ចូលក្នុងរឿងនេះមិនខាន។ ពូខ្ញុំបានប្រាប់ខ្ញុំ ឱ្យដោះស្រាយរឿងនេះជាមួយឯងឱ្យដាច់ស្រេចតែម្ដង។ បើឯងនៅតែបន្តសេចក្ដីជំនឿរបស់ឯងនេះទៀត យើងនឹងលែងលះគ្នា! បើឯងពិតជាបោះបង់សេចក្ដីជំនឿរបស់ឯងមែន ឯងត្រូវសរសេរកិច្ចសន្យាឱ្យខ្ញុំ ដោយបញ្ជាក់ថា ឯងនឹងមិនជឿព្រះដ៏មានគ្រប់ព្រះចេស្ដាទៀតទេ ត្រូវនៅផ្ទះ និងធ្វើខ្លួនឱ្យបានល្អ ហើយមិនត្រូវទៅណាទេ។ បើខ្ញុំដឹងថា ឯងនៅតែបន្តរឿងនេះទៀត កុំបន្ទោសខ្ញុំថាចិត្តដាច់ឱ្យសោះ»។ បន្ទាប់ពីឮប្ដីខ្ញុំនិយាយបែបនេះ ខ្ញុំខឹងយ៉ាងខ្លាំង ដោយគិតថា៖ «វាជារឿងដែលត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិដែលខ្ញុំជឿលើព្រះជាម្ចាស់ និងផ្សាយដំណឹងល្អ។ ហេតុអ្វីបានជាបងគ្មានការញែកដឹងពីពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និងពាក្យអារក្សពីនាគដ៏ធំមានសម្បុរក្រហមសោះអញ្ចឹង? ហើយបងចង់ឱ្យខ្ញុំសរសេរកិច្ចសន្យាបញ្ជាក់ថា ខ្ញុំនឹងមិនជឿព្រះជាម្ចាស់ទៀត? នេះពិតជាថោកទាបណាស់!» ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតថា៖ «ប្ដីខ្ញុំត្រូវគេលាងខួរក្បាល ជឿស៊ប់បាត់ទៅហើយ។ បើថ្ងៃនេះខ្ញុំមិនស៊ីញ៉េលើកិច្ចសន្យានេះទេ គាត់ប្រាកដជាលែងលះខ្ញុំមិនខាន តើខ្ញុំគួរធ្វើដូចម្ដេចទៅ?» នៅពេលនេះ ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន៖ «អ្នកគួរតែដឹងថា រាល់មជ្ឈដ្ឋាននៅជុំវិញអ្នក គឺខ្ញុំជាអ្នករៀបចំ និងអនុញ្ញាតឱ្យកើតមាន។ ត្រូវយល់ឱ្យច្បាស់អំពីចំណុចនេះ ហើយត្រូវបំពេញតាមព្រះហឫទ័យរបស់ខ្ញុំនៅក្នុងមជ្ឈដ្ឋានដែលខ្ញុំបានប្រទានដល់អ្នក។ ចូរកុំខ្លាចនេះ ខ្លាចនោះឱ្យសោះ ដ្បិតព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះនៃកងទ័ពទាំងឡាយ ច្បាស់ជានឹងគង់នៅជាមួយអ្នកមិនខាន។ ទ្រង់ធ្វើជាខ្នងបង្អែករបស់អ្នករាល់គ្នា និងជាខែលការពាររបស់អ្នករាល់គ្នា» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានសិទ្ធិអំណាច និងព្រះចេស្ដា ហើយបានផ្ដល់សេចក្ដីជំនឿដល់ខ្ញុំ។ សាតាំងកំពុងប្រើគ្រប់ឧបាយកល ដើម្បីព្យាយាមបង្ខំខ្ញុំឱ្យបោះបង់សេចក្ដីជំនឿលើព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមិនអាចចុះញ៉មនឹងសាតាំងឡើយ។ គិតដល់ចំណុចនេះ ខ្ញុំបាននិយាយទៅកាន់ប្ដីខ្ញុំថា៖ «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់នៅពេលនេះ។ វាមិនមែនជាខ្ញុំទេដែលចង់លែងលះបង គឺបងទេដែលចង់លែងលះខ្ញុំ ព្រោះបងជឿលើពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និងពាក្យអារក្សរបស់គណបក្សកុម្មុយនីស្តចិន។ បើបងពិតជាខ្លាចខ្ញុំនាំទុក្ខដល់បងមែន ខ្ញុំយល់ព្រមលែងលះ។ ខ្ញុំមិនបានបំពានច្បាប់ណាមួយ ដោយសារការជឿព្រះជាម្ចាស់ឡើយ ដូច្នេះខ្ញុំមិនចាំបាច់សរសេរកិច្ចសន្យាឱ្យបងទេ។ ខ្ញុំប្ដេជ្ញាចិត្តចំពោះសេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់!» ប្ដីខ្ញុំបានសង្កៀតធ្មេញទាំងខឹង ហើយនិយាយថា៖ «ឥឡូវឯងអស់ផ្លូវសង្គ្រោះហើយ។ បើខ្ញុំដឹងថា ឯងនៅតែបន្តសេចក្ដីជំនឿរបស់ឯងនេះទៀត កុំបន្ទោសខ្ញុំថាចិត្តដាច់ឱ្យសោះ»។
ថ្ងៃមួយនៅចន្លោះខែមិថុនា ឆ្នាំ ២០០៨ នៅតាមផ្លូវត្រឡប់មកផ្ទះវិញ ពេលផ្សាយដំណឹងល្អរួច ខ្ញុំបានឃើញប្ដីខ្ញុំ និងពូរបស់គាត់ជិះម៉ូតូក្រវែលរកខ្ញុំ។ គ្រាន់តែឃើញខ្ញុំភ្លាម ពួកគេក៏ជិះសំដៅមករកខ្ញុំ។ ប្ដីខ្ញុំមានទឹកមុខយ៉ាងកាចសាហាវ បានស្ទុះមករកខ្ញុំ ហើយទះកំផ្លៀងខ្ញុំពីរដៃ។ ខ្ញុំមិនទាន់ទាំងអាចដឹងខ្លួនទាន់ផង គាត់ក៏បានវាយសន្ធាប់មកលើមុខ និងក្បាលរបស់ខ្ញុំយ៉ាងចាស់ដៃ។ ខ្ញុំបានដួលទៅលើដី ហើយពូរបស់គាត់បានត្រឹមតែឈរមើលខ្ញុំត្រូវប្តីវាយបណ្តើរ ស្រែកជេរប្រមាថខ្ញុំបណ្តើរ។ ខ្ញុំខឹងយ៉ាងខ្លាំង ពេលខ្ញុំគិតថា៖ «វាជារឿងដែលត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិដែលខ្ញុំជឿលើព្រះជាម្ចាស់ ប៉ុន្តែបងបែរជាមិនខ្វល់ពីមនោសញ្ចេតនាគ្រួសារ ដើម្បីមករារាំងសេចក្ដីជំនឿរបស់ខ្ញុំទៅវិញ។ តើមានភាពជាមនុស្សនៅត្រង់ណាទៅ?» ភ្លាមៗនោះ ប្ដីខ្ញុំបានទាញខ្ញុំឱ្យក្រោកពីដី ហើយបន្តវាយ និងទាត់ខ្ញុំ ព្រមទាំងជេរប្រទេចខ្ញុំថា៖ «តើឯងនៅតែជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាទៀតទេ?» ខ្ញុំបានស្រែកហៅរកព្រះជាម្ចាស់ទាំងទឹកភ្នែកថា៖ «ឱព្រះជាម្ចាស់អើយ ដោយសារតែត្រូវគ្រួសារធ្វើទុក្ខបុកម្នេញបែបនេះ ទូលបង្គំបារម្ភថា ទូលបង្គំមិនអាចទ្រាំទ្ររួចទេ ព្រោះកម្ពស់របស់ទូលបង្គំនៅតូចទាបពេក។ សូមការពារទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចឈរយ៉ាងរឹងមាំបាន»។ ខ្ញុំបាននិយាយទៅកាន់គាត់ទាំងញ័រមាត់ថា៖ «ខ្ញុំជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា!» ដោយឃើញថាខ្ញុំមិនព្រមថយក្រោយ គាត់ក៏សង្កៀតធ្មេញជេរខ្ញុំថា៖ «ថ្ងៃនេះអញនឹងកម្ចាត់ឯងចោល ចាំមើលថាតើព្រះជាម្ចាស់របស់ឯងអាចសង្គ្រោះឯងបានឬអត់»។ ខ្ញុំបានដួលដេកនៅលើដី មានអារម្មណ៍ថប់ដង្ហើម និងពិបាកដកដង្ហើម។ អារម្មណ៍ឯកោដែលមិនអាចពណ៌នាបាន បានបំពេញក្នុងដួងចិត្តខ្ញុំ ហើយទឹកភ្នែកចេះតែហូរចុះមកលើថ្ពាល់ខ្ញុំ។ ពេលសម្លឹងមើលទឹកមុខដ៏កាចសាហាវរបស់គាត់ ខ្ញុំគិតថា បើខ្ញុំនៅតែបន្តនិយាយថា ខ្ញុំជឿព្រះជាម្ចាស់ទៀត ខ្ញុំប្រហែលជាត្រូវគេវាយរហូតដល់ស្លាប់នៅទីនេះមិនខាន។ ខ្ញុំមានអារម្មណ៍ឈឺចាប់ និងភ័យខ្លាច។ ក្រឡេកមើលទៅពីរឆ្នាំកន្លងមក រាល់ពេលដែលខ្ញុំចេញទៅចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំ ពេលត្រឡប់មកវិញ ខ្ញុំតែងតែត្រូវប្ដីវាយដំ ហើយខ្ញុំឆ្ងល់ថា តើពេលណាទើបថ្ងៃទាំងនេះនឹងបញ្ចប់ទៅ។ នៅពេលនេះ ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «សេចក្ដីជំនឿប្រៀបដូចឈើមួយដើមធ្វើស្ពាន៖ អ្នកណាដែលតោងស្អិតនឹងជីវិត ហើយខ្លាចស្លាប់ មុខជាពិបាកឆ្លងផុតណាស់ ប៉ុន្តែអ្នកណាដែលត្រៀមខ្លួនរួចរាល់ក្នុងការបូជាជីវិតរបស់ខ្លួន អាចឆ្លងកាត់ មានជំហរនឹងនរ និងមិនមានការព្រួយបារម្ភឡើយ។ ប្រសិនបើមនុស្សមានគំនិតភ័យខ្លាច និងកំសាក នោះគឺដោយសារតែសាតាំងបានបំភាន់ពួកគេ វាគឺខ្លាចថាពួកយើងនឹងឆ្លងស្ពាននៃសេចក្ដីជំនឿចូលទៅក្នុងព្រះជាម្ចាស់» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដាស់ខ្ញុំឱ្យភ្ញាក់ឡើង។ ភាពភ័យខ្លាច និងភាពកំសាករបស់ខ្ញុំ មានន័យថា ខ្ញុំបានធ្លាក់ចូលក្នុងឧបាយកលរបស់សាតាំងបាត់ទៅហើយ។ ទោះបីជាប្ដីខ្ញុំមើលទៅកាចសាហាវក៏ដោយ ក៏គាត់ស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ដែរ ហើយបើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ទេ គាត់មិនអាចធ្វើអ្វីខ្ញុំបានឡើយ។ បើខ្ញុំគិតពីសាច់ឈាមរបស់ខ្ញុំ ហើយចុះញ៉មនឹងប្ដីខ្ញុំដោយសារតែខ្លាចស្លាប់ ហើយបដិសេធព្រះនាមរបស់ព្រះជាម្ចាស់ នោះខ្ញុំនឹងក្បត់ព្រះជាម្ចាស់ហើយ។ ខ្ញុំបានគិតដល់យ៉ូប ដែលត្រូវបានគេដកហូតកូនៗ និងទ្រព្យសម្បត្តិ អំឡុងពេលនៃការល្បងលរបស់គាត់។ ប្រពន្ធរបស់គាត់បានចំអកឱ្យគាត់ ដោយជំរុញឱ្យគាត់បោះបង់ព្រះជាម្ចាស់ យ៉ូបបានស៊ូទ្រាំនឹងការរងទុក្ខទាំងផ្លូវវិញ្ញាណ និងសាច់ឈាម ប៉ុន្តែគាត់មិនបានបដិសេធព្រះនាមរបស់ព្រះជាម្ចាស់ឡើយ។ គាត់នៅតែសរសើរតម្កើងព្រះនាមទ្រង់ ហើយប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់គាត់សម្រាប់ព្រះជាម្ចាស់។ ការត្រូវប្ដីវាយដំ គ្រាន់តែជាការឈឺចាប់ខាងផ្លូវកាយប៉ុណ្ណោះ ដែលមិនអាចយកទៅប្រៀបធៀបនឹងការរងទុក្ខរបស់យ៉ូបបានឡើយ។ ខ្ញុំស្ម័គ្រចិត្តផ្ទុកផ្ដាក់ជីវិត និងសេចក្ដីស្លាប់របស់ខ្ញុំថ្វាយព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំប្រហែលជាមិនអាចរស់រានមានជីវិតទេ ប៉ុន្តែទោះបីជាត្រូវស្លាប់ ក៏ទូលបង្គំមិនចុះញ៉មនឹងសាតាំងដែរ ទូលបង្គំនៅតែជ្រើសរើសដើរតាមទ្រង់។ ទូលបង្គំសូមទ្រង់ប្រទានសេចក្ដីជំនឿដល់ទូលបង្គំផង»។ នៅពេលនោះ មានស្ត្រីម្នាក់ដើរកាត់ ហើយនិយាយទៅកាន់ប្ដីខ្ញុំថា៖ «ឈប់វាយនាងទៅ។ បើអ្នកនៅតែបន្តវាយនាង នាងអាចនឹងស្លាប់មិនខាន»។ ទីបំផុត ប្ដីខ្ញុំក៏ឈប់។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់នៅក្នុងចិត្ត។ បើគ្មានការការពារពីព្រះជាម្ចាស់ទេ ខ្ញុំប្រហែលជាត្រូវគាត់វាយរហូតដល់ស្លាប់បាត់ទៅហើយ។
ល្ងាចនោះ ប្ដីខ្ញុំនៅតែគ្មានបំណងចង់លើកលែងឱ្យខ្ញុំទេ ហើយគាត់បាននាំខ្ញុំទៅផ្ទះម្ដាយខ្ញុំ ដើម្បីស្ដីបន្ទោសខ្ញុំ។ ម្ដាយខ្ញុំឃើញខ្ញុំមានស្នាមជាំពេញខ្លួន ក៏ចាប់ផ្ដើមយំទាំងឈឺចាប់ ដោយជេរប្រទេចប្ដីខ្ញុំថាគ្មានភាពជាមនុស្ស។ បន្ទាប់មក ប៉ា បងប្រុស និងបងថ្លៃស្រីរបស់ខ្ញុំបានស្ទុះមករកខ្ញុំ។ បងថ្លៃស្រីរបស់ខ្ញុំបានស្រែកដាក់ខ្ញុំថា៖ «ការរងទុក្ខនេះ គឺមកពីឯងធ្វើខ្លួនឯងទេ។ ខ្ញុំបានប្រាប់ឯងតាំងពីយូរហើយថា គណបក្សកុម្មុយនីស្តចិនចាប់ខ្លួនអ្នកដែលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា។ យើងជឿលើព្រះយេស៊ូវនៅឯពួកជំនុំធម្មតាទៅវាល្អណាស់ហើយ ហើយរដ្ឋាភិបាលក៏មិនចាប់ខ្លួនយើងដែរ។ គ្រាន់តែរស់នៅដោយសុខសាន្តទៅ តើវាមិនល្អជាងទេអី? មើលឯងចុះ នៅតែរឹងរូសជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាទៀត។ តើឯងកំពុងព្យាយាមយកជីវិតទៅចោល ដោយប្រឆាំងនឹងគណបក្សកុម្មុយនីស្តចិនមែនទេ?» ប៉ាខ្ញុំក៏បានស្រែកដាក់ខ្ញុំដែរថា៖ «វាយឯងឱ្យងាប់ ក៏គ្មានអ្នកណាគេស្តាយឯងដែរ។ គ្រួសារយើងជាគ្រួសារធំ ហើយមានកេរ្តិ៍ឈ្មោះល្អ ប៉ុន្តែឥឡូវនេះ គ្រាន់តែដោយសារសេចក្ដីជំនឿរបស់ឯងលើព្រះដ៏មានគ្រប់ព្រះចេស្ដា មានគេកំពុងតែនិយាយដៀមដាមឱ្យអញ។ ឯងបានធ្វើឱ្យគ្រួសារយើងត្រូវខ្មាសគេ។ បើឯងនៅតែបន្តសេចក្ដីជំនឿរបស់ឯងនេះទៀត អញនឹងកាត់កាល់ឯង លែងឱ្យធ្វើជាកូនស្រីអញទៀតហើយ»។ សមាជិកគ្រួសារខាងប្ដីខ្ញុំក៏បានមកដល់ ហើយរិះគន់ខ្ញុំ ដោយនិយាយថា៖ «រដ្ឋាភិបាលកំពុងតាមចាប់ខ្លួនអ្នកដែលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រប់ទីកន្លែង។ បើឯងត្រូវគេចាប់បាន ឯងនឹងត្រូវជាប់គុកមិនខាន។ បើឯងមិនព្រមត្រឡប់ថយក្រោយទេ គ្រួសារនេះនឹងត្រូវបែកបាក់មិនខាន។ ឯងថែមទាំងទាញកូនៗរបស់ឯងឱ្យធ្លាក់ចូលក្នុងរឿងនេះ ដោយសារតែសេចក្ដីជំនឿរបស់ឯងលើព្រះជាម្ចាស់ទៀតផង។ ហេតុអ្វីត្រូវឆ្លងកាត់ការរងទុក្ខទាំងអស់នេះ ទាំងដែលឯងអាចមានជីវិតរស់នៅដ៏ល្អទៅហើយនោះ?» ពួកគេបានជេរប្រទេចខ្ញុំ ហាក់បីដូចជាខ្ញុំជាឧក្រិដ្ឋជនអញ្ចឹង។ ខ្ញុំមានអារម្មណ៍សោកសៅយ៉ាងខ្លាំងនៅក្នុងចិត្ត ដែលមិនអាចពណ៌នាបាន ហើយខ្ញុំក៏ខឹងយ៉ាងខ្លាំងផងដែរ។ ខ្ញុំនឹកស្មានថា គ្រួសារខ្ញុំសុទ្ធតែជាអ្នកជឿព្រះអម្ចាស់ ហើយនឹងយល់ពីខ្ញុំ ប៉ុន្តែពួកគេមិនអាចបែងចែកខុសត្រូវ ហើយជឿលើពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានរបស់គណបក្សកុម្មុយនីស្តចិន ហើយពួកគេពិតជាចិត្តដាច់ខ្លាំងណាស់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ថាតើខ្ញុំរស់ ឬស្លាប់ឡើយ។ ខ្ញុំបាននិយាយទៅកាន់ពួកគេថា៖ «ខ្ញុំបានធ្វើការជ្រើសរើសរួចហើយ។ ខ្ញុំជ្រើសរើសព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយខ្ញុំច្បាស់លាស់នៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ!» ដោយសារតែខ្ញុំបដិសេធមិនព្រមចុះញ៉ម ពួកគេនៅតែមិនព្រមដោះលែងខ្ញុំ រហូតដល់រំលងអាធ្រាត្រ។ ខ្ញុំខ្សោយខ្លាំងណាស់ រហូតដល់មិនអាចទប់ខ្លួនឯងបាន ហើយខ្ញុំចេះតែរអិលពីលើកៅអីធ្លាក់មកលើឥដ្ឋ។ ម៉ាក់ខ្ញុំឃើញថា ខ្ញុំពិតជាមិនអាចទ្រាំបានទៀតទេ ក៏បានជេរប្រទេចមនុស្សទាំងអស់នេះថាជាសត្វតិរច្ឆាន។ គាត់បាននិយាយថា៖ «អ្នកណាហ៊ានធ្វើបាបនាងទៀត ត្រូវឆ្លងកាត់ខ្ញុំសិន»។ ពេលនោះ ទីបំផុតពួកគេក៏បានចាកចេញទៅ។ ខ្ញុំបានឃើញថា នេះសុទ្ធតែជាការការពាររបស់ព្រះជាម្ចាស់។
ថ្ងៃបន្ទាប់ បងស្រី បងថ្លៃប្រុស បងប្រុស និងបងថ្លៃស្រីរបស់ខ្ញុំបានមកទាំងអស់គ្នា។ ពួកគេបានបង្ខំឱ្យខ្ញុំស៊ីញ៉េលើកិច្ចសន្យា ដែលធានាថា ខ្ញុំនឹងលែងជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាទៀតហើយ។ បងប្រុសខ្ញុំបាននិយាយថា៖ «បើឯងស៊ីញ៉េលើលិខិតនេះ បង និងបងថ្លៃស្រីរបស់ឯង នឹងនាំឯងទៅផ្ទះយើង។ បងនឹងឱ្យអ្វីក៏ដោយដែលឯងចង់បាន ហើយបងសន្យាថា បងនឹងមើលថែឯងអស់មួយជីវិត។ ប៉ុន្តែបើថ្ងៃនេះឯងមិនស៊ីញ៉េទេ យើងនឹងកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់»។ ខ្ញុំបានសម្លឹងមើលជុំវិញបន្ទប់ទទួលភ្ញៀវ មានមនុស្សជាងដប់នាក់កំពុងរង់ចាំឱ្យខ្ញុំស៊ីញ៉េលើកិច្ចសន្យានោះ។ ខ្ញុំមានអារម្មណ៍សោកសៅយ៉ាងខ្លាំង។ បើខ្ញុំជ្រើសរើសជឿព្រះជាម្ចាស់ គ្រួសារខ្ញុំនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយខ្ញុំមិនខាន។ តើខ្ញុំនឹងធ្វើដូចម្ដេច ពេលខ្ញុំចាស់ទៅ? តើខ្ញុំនឹងទៅណា? បើខ្ញុំចុះញ៉មនឹងគ្រួសារខ្ញុំ នោះខ្ញុំនឹងក្បត់ព្រះជាម្ចាស់ហើយ។ ខ្ញុំមានភាពតានតឹងក្នុងចិត្តយ៉ាងខ្លាំង ហើយមានអារម្មណ៍ថា ខ្ញុំហៀបនឹងបាក់ទឹកចិត្តទៅហើយ។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដោយស្ងៀមស្ងាត់ ហើយនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «អ្នកត្រូវតែមានភាពក្លាហានរបស់ខ្ញុំនៅក្នុងខ្លួនអ្នក ហើយអ្នកត្រូវតែមានគោលការណ៍ នៅពេលប្រឈមនឹងសាច់ញាតិដែលមិនជឿ។ ទោះយ៉ាងណាក៏ដោយ ដើម្បីជាប្រយោជន៍ដល់ខ្ញុំ អ្នកក៏មិនត្រូវទោរទន់ទៅតាមវិញ្ញាណអាក្រក់នោះដែរ។ ចូរពឹងផ្អែកលើប្រាជ្ញារបស់ខ្ញុំ ដើម្បីដើរតាមផ្លូវដ៏គ្រប់លក្ខណ៍។ មិនត្រូវអនុញ្ញាតឱ្យមានការឃុបឃិតណាមួយរបស់សាតាំងកើតមានឡើយ។ ចូរដាក់ការខិតខំប្រឹងប្រែងទាំងអស់របស់អ្នក ដោយការដាក់ចិត្តរបស់អ្នកនៅចំពោះខ្ញុំ ហើយខ្ញុំនឹងកម្សាន្តចិត្តអ្នក និងផ្ដល់ឱ្យអ្នកនូវសន្តិភាព និងសុភមង្គល» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំក៏បាននឹកឃើញដល់អ្វីដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលផងដែរថា៖ «អ្នកណាដែលបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមនុស្ស ខ្ញុំក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះនៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ» (ម៉ាថាយ ១០:៣៣)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំយល់ថា សាតាំងកំពុងព្យាយាមប្រើប្រាស់ចំណងគ្រួសារ និងអនាគតសាច់ឈាមរបស់ខ្ញុំ ដើម្បីធ្វើឱ្យខ្ញុំឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយក្បត់ទ្រង់។ ខ្ញុំត្រូវតែមើលធ្លុះពីឧបាយកលរបស់ពួកគេ ហើយមិនត្រូវចុះញ៉មនឹងកម្លាំងរបស់សាតាំងឡើយ។ ការត្រូវបានមនុស្សបដិសេធមិនគួរឱ្យខ្លាចនោះទេ ព្រោះមនុស្សអាចរស់នៅដោយគ្មានអ្នកណាក៏បាន ប៉ុន្តែបើខ្ញុំត្រូវបានព្រះជាម្ចាស់បោះបង់ចោល ខ្ញុំនឹងមិនអាចរស់រានមានជីវិតឡើយ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចសង្គ្រោះមនុស្សបាន។ ពួកគេខ្លាចថា បើខ្ញុំត្រូវគេចាប់ខ្លួន វានឹងប៉ះពាល់ដល់អនាគតរបស់ពួកគេ ហើយពួកគេនឹងត្រូវបាក់មុខ ដូច្នេះ ពួកគេមិនខ្វល់ថាតើខ្ញុំរស់ ឬស្លាប់ឡើយ ហើយបានប្រើទាំងយុទ្ធសាស្ត្រទន់ និងរឹង ដើម្បីបង្ខំខ្ញុំឱ្យចាកចេញ និងក្បត់ព្រះជាម្ចាស់។ ខ្ញុំបានឃើញថា សារជាតិរបស់ពួកគេគឺប្រឆាំងនឹងព្រះជាម្ចាស់។ ជាមូលដ្ឋាន យើងមិនមែនជាមនុស្សប្រភេទដូចគ្នាឡើយ។ គិតដល់ចំណុចនេះ ខ្ញុំបាននិយាយទៅកាន់ពួកគេថា៖ «ប៉ា បងប្រុស ហេតុអ្វីបានជាប៉ា និងបងបង្ខំខ្ញុំឱ្យស៊ីញ៉េលើលិខិតនេះ? ព្រះអម្ចាស់យេស៊ូវដែលយើងបានទន្ទឹងរង់ចាំ បានក្លាយជាសាច់ឈាម និងយាងត្រឡប់មកវិញហើយ។ ទ្រង់បានអនុវត្តកិច្ចការនៃការជំនុំជម្រះ និងការបន្សុទ្ធ។ ប៉ា និងបង មិនត្រឹមតែបដិសេធមិនទទួលយកប៉ុណ្ណោះទេ ថែមទាំងកំពុងប្រឆាំង និងថ្កោលទោសទៀតផង ហើយប៉ា និងបងចង់ឱ្យខ្ញុំបដិសេធ និងប្រឆាំងនឹងព្រះជាម្ចាស់ដូចអ្នកទាំងពីរដែរ។ តើនេះមានអ្វីខុសប្លែកពីពួកផារិស៊ីពីសម័យបុរាណទៅ? ខ្ញុំបដិសេធដាច់ខាត មិនស៊ីញ៉េលើលិខិតនេះទេ។ បើខ្ញុំស៊ីញ៉េវា នោះខ្ញុំនឹងក្បត់ព្រះជាម្ចាស់ហើយ»។ ពេលបងប្រុសខ្ញុំឮខ្ញុំនិយាយបែបនេះ គាត់ក៏បានទាញខ្ញុំឱ្យក្រោកពីកៅអីទាំងខឹង ហើយគំរាមខ្ញុំថា៖ «ចាប់ពីពេលនេះតទៅ យើងកាត់ផ្ដាច់ទំនាក់ទំនងហើយ។ ឯងលែងជាសមាជិកគ្រួសារយើងទៀតហើយ!» ឮបែបនេះ ខ្ញុំលែងសូវមានអារម្មណ៍សោកសៅទៀតហើយ ព្រោះការពិតទាំងនេះ បានជួយឱ្យខ្ញុំមើលឃើញពីធម្មជាតិពិតរបស់ពួកគេ ដែលប្រឆាំងនឹងព្រះជាម្ចាស់។ ខ្ញុំបានប្ដេជ្ញាចិត្តថា ទោះបីជាប្ដី និងគ្រួសារខ្ញុំធ្វើទុក្ខបុកម្នេញខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំនឹងបន្តដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ដែរ។
បន្ទាប់ពីអាហារថ្ងៃត្រង់រួច បងប្រុស និងបងថ្លៃស្រីរបស់ខ្ញុំបានប្រាប់ថា ពួកគេនឹងជិះកាត់ផ្ទះខ្ញុំ ដើម្បីជូនខ្ញុំត្រឡប់ទៅវិញ។ គ្រាន់តែយើងជិតដល់មុខទ្វារផ្ទះខ្ញុំភ្លាម បងប្រុស និងបងថ្លៃស្រីរបស់ខ្ញុំបានបង្ខំរុញខ្ញុំចេញពីរថយន្ត។ ខ្ញុំបានមើលទៅក្នុងកញ្ចក់ឃើញថា មុខរបស់ខ្ញុំពោរពេញទៅដោយស្នាមជាំ ហើយភ្នែករបស់ខ្ញុំក៏ហើមរហូតដល់លឹប។ ខ្ញុំបានដើរខ្ញើចៗតាមពីក្រោយពួកគេ ហើយប្ដីខ្ញុំចេះតែរុញខ្ញុំពីក្រោយ ហាក់ដូចជាគាត់កំពុងដេញឧក្រិដ្ឋជនអញ្ចឹង ដោយបង្ខំឱ្យខ្ញុំដើរលឿនៗ។ ម្ចាស់ហាងនៅសងខាងផ្លូវក្នុងទីប្រជុំជន បានឃើញខ្ញុំ ហើយចាប់ផ្ដើមនិយាយខ្សឹបខ្សៀវគ្នា។ អ្នកខ្លះបានសួរខ្ញុំថា៖ «អ្នកណាធ្វើបាបអ្នកដល់ថ្នាក់ហ្នឹង?» ប្ដីខ្ញុំបាននិយាយពាក្យមូលបង្កាច់ជាច្រើនពីខ្ញុំយ៉ាងក្រអឺតក្រទម ហើយបងប្រុសខ្ញុំថែមទាំងបានបញ្ជាក់ប្រាប់ថា៖ «បើបងដឹងថា ឯងនៅតែជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាទៀត បងនឹងប្រគល់ឯងឱ្យគណបក្សកុម្មុយនីស្តចិន ហើយឱ្យគេចាប់ឯងដាក់គុកមិនខាន ដើម្បីកុំឱ្យពួកយើងបាក់មុខ»។ បងថ្លៃស្រីរបស់ខ្ញុំ ដែលឈរនៅក្បែរនោះ ក៏បានធ្វើឱ្យខ្ញុំខ្មាសគេដែរ។ ពេលនោះ ទើបខ្ញុំដឹងថា នេះសុទ្ធតែជាការរៀបចំទុកជាមុនដោយពួកគេទាំងអស់ ហើយការបង្ខំខ្ញុំឱ្យចុះពីរថយន្តមុន គឺដើម្បីឱ្យខ្ញុំដើរតាមផ្លូវឱ្យគ្រប់គ្នាឃើញ ដើម្បីឱ្យគ្រប់គ្នាបដិសេធ និងស្ដីបន្ទោសខ្ញុំ ជាការបង្ខំខ្ញុំឱ្យបោះបង់សេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់។ បន្ទាប់ពីត្រឡប់មកដល់ផ្ទះវិញ ខ្ញុំមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅក្នុងចិត្ត ហើយខ្ញុំមានអារម្មណ៍ថា ផ្លូវនៃការជឿព្រះជាម្ចាស់នេះ ពិតជាពិបាកដើរខ្លាំងណាស់។ ខ្ញុំថែមទាំងបានគិតចង់ចុះញ៉មនឹងគ្រួសារខ្ញុំទៀតផង។ ខ្ញុំបានទម្លាក់ខ្លួនដេកលើគ្រែ ហើយយំ ដោយអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំមានអារម្មណ៍ថា ផ្លូវនេះពិតជាឈឺចាប់ខ្លាំងណាស់ក្នុងការដើរ។ គ្មានអ្នកណាយល់ពីទូលបង្គំទេ ហើយទូលបង្គំមានអារម្មណ៍ថា ទូលបង្គំមិនអាចតស៊ូបានទៀតទេ...»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «រយៈពេលសាមសិបបីឆ្នាំកន្លះរបស់ព្រះជាម្ចាស់នៅលើផែនដីជាសាច់ឈាម គឺពិតជារឿងដ៏គួរឱ្យឈឺចាប់ ហើយគ្មាននរណាម្នាក់អាចយល់ពីព្រះអង្គឡើយ។ ... ការរងទុក្ខភាគច្រើនដែលព្រះអង្គឆ្លងកាត់ គឺជាការរស់នៅជាមួយមនុស្សជាតិដែលពុករលួយដល់ឆ្អឺង ទទួលរងការប្រមាថ ការជេរប្រទេច ការវិនិច្ឆ័យ និងការថ្កោលទោសពីមនុស្សគ្រប់ប្រភេទ ក៏ដូចជាត្រូវពួកអារក្សដេញតាម និងត្រូវពិភពខាងសាសនាបដិសេធនិងប្រឆាំង ដោយបង្កើតជារបួសស្នាមខាងព្រលឹង ដែលគ្មាននរណាអាចប៉ះប៉ូវបានឡើយ។ នេះគឺជារឿងឈឺចាប់ខ្លាំងណាស់។ ព្រះអង្គសង្គ្រោះមនុស្សជាតិដោយមានការអត់ធ្មត់ជាខ្លាំង ព្រះអង្គស្រឡាញ់មនុស្សទោះទ្រង់មានរបួសស្នាមបែបណាក៏ដោយ ហើយនេះ គឺជាកិច្ចការដ៏សែនឈឺចាប់បំផុត។ ការទាស់ទទឹងដ៏ឃោរឃៅ ការថ្កោលទោស និងការមួលបង្កាច់ ការចោទប្រកាន់ទាំងខុស ការបៀតបៀន និងការដេញតាម និងការកាប់សម្លាប់របស់មនុស្សជាតិ បានធ្វើឱ្យសាច់ឈាមរបស់ព្រះជាម្ចាស់បំពេញកិច្ចការដែលមានគ្រោះថ្នាក់ចំពោះអង្គទ្រង់ខ្លាំងបំផុត។ តើនរណាអាចយល់ពីទ្រង់បាន នៅពេលទ្រង់បានរងការឈឺចាប់ទាំងនេះ ហើយតើនរណាអាចលួងលោមទ្រង់បាន?» («សារជាតិរបស់ព្រះគ្រីស្ទ គឺជាសេចក្តីស្រឡាញ់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការគិតអំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ បានប៉ះពាល់ចិត្តខ្ញុំយ៉ាងខ្លាំង។ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមពីរដង ដើម្បីសង្គ្រោះមនុស្សជាតិ ដោយទ្រាំទ្រនឹងការរងទុក្ខ និងការអាម៉ាស់យ៉ាងក្រៃលែង។ ព្រះអម្ចាស់យេស៊ូវ ដើម្បីបំពេញកិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងមូល ត្រូវបានពិភពលោកបដិសេធ ប្រមាថ និងមូលបង្កាច់។ ទ្រង់បានស៊ូទ្រាំនឹងការវាយដំ និងការចំអកពីពួកទាហាន ហើយទ្រង់បានពាក់មកុដបន្លា ហើយទីបំផុត ត្រូវបានគេឆ្កាងនៅលើឈើឆ្កាង ដោយលះបង់ព្រះជន្មរបស់ទ្រង់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត ដើម្បីធ្វើកិច្ចការ និងសង្គ្រោះមនុស្ស នៅក្នុងទឹកដីដែលនាគដ៏ធំមានសម្បុរក្រហមក្រាបនៅ។ ដោយរងការតាមចាប់ និងការថ្កោលទោសពីគណបក្សកុម្មុយនីស្តចិន ព្រមទាំងការបដិសេធ និងការមូលបង្កាច់ពីសហគមន៍សាសនា។ ព្រះជាម្ចាស់ស៊ូទ្រាំនឹងការរងទុក្ខទាំងអស់នេះដោយស្ងៀមស្ងាត់ ដើម្បីសង្គ្រោះមនុស្សជាតិ។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ពិតជាអស្ចារ្យណាស់! ខ្ញុំមានសំណាងណាស់ ដែលបានដើរតាមកិច្ចការថ្មីនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ ការផ្សាយដំណឹងល្អ និងការបំពេញភារកិច្ចរបស់ខ្ញុំ គឺដើម្បីទទួលបានសេចក្ដីពិត និងទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ តើវាមានបញ្ហាអ្វីទៅ បើខ្ញុំរងការធ្វើទុក្ខបុកម្នេញបន្តិចបន្តួចសម្រាប់រឿងនេះ? កាលពីមុន ខ្ញុំឧស្សាហ៍ប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ ដោយនិយាយថា មិនថាយើងជួបប្រទះការធ្វើទុក្ខបុកម្នេញ ឬទុក្ខវេទនាអ្វីនោះទេ យើងត្រូវតែដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ ប៉ុន្តែឥឡូវនេះ ពេលខ្ញុំកំពុងប្រឈមមុខនឹងស្ថានភាពនេះ ហេតុអ្វីបានជាខ្ញុំគ្មានសេចក្ដីជំនឿ ដើម្បីឆ្លងកាត់វាទៅវិញ? កម្ពស់របស់ខ្ញុំពិតជាតូចទាបពេកមែន។ ខ្ញុំបានប្ដេជ្ញាចិត្តយ៉ាងស្ងៀមស្ងាត់ចំពោះព្រះជាម្ចាស់ ដោយសច្ចាថា មិនថាខ្ញុំប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ ការមូលបង្កាច់ ឬការចំអកបែបណានៅថ្ងៃអនាគតទេ ខ្ញុំនឹងឈរយ៉ាងរឹងមាំនៅក្នុងទីបន្ទាល់របស់ខ្ញុំសម្រាប់ព្រះជាម្ចាស់ ហើយខ្ញុំនឹងមិនឱ្យនរណាម្នាក់មករឹតត្បិតខ្ញុំទៀតឡើយ ហើយខ្ញុំនឹងដើរតាមព្រះជាម្ចាស់ជារៀងរហូត។
មិនទាន់ដឹងខ្លួនស្រួលបួលផង ក៏ចូលដល់ខែកញ្ញា ឆ្នាំ ២០០៨ បាត់ទៅហើយ។ ប្ដីខ្ញុំឃើញថា ខ្ញុំនៅតែជឿព្រះជាម្ចាស់ និងផ្សាយដំណឹងល្អ ហើយដោយសារតែគាត់ត្រូវទៅក្វាងចូវ ដើម្បីដឹកអីវ៉ាន់ គាត់ក៏បានបង្ខំអូសខ្ញុំឡើងឡានដឹកទំនិញ ហើយយកលុយដែលខ្ញុំមានជាប់ខ្លួនទាំងអស់។ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយខ្ញុំក៏ប្រញាប់លាក់សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយក្បាល ដោយឱបវាជាប់នឹងខ្លួន ពេលគាត់មិនចាប់អារម្មណ៍។ បន្ទាប់មក គាត់បានឃុំឃាំងខ្ញុំនៅក្នុងសណ្ឋាគារមួយ ហើយឱ្យថៅកែស្រីមើលការខុសត្រូវលើខ្ញុំ។ ខ្ញុំត្រូវបានគេឃុំឃាំងអស់រយៈពេលប្រាំថ្ងៃ ហើយខ្ញុំមានអារម្មណ៍ឈឺចាប់ និងរងការធ្វើបាបយ៉ាងខ្លាំង ដោយគិតក្នុងចិត្តថា៖ «ការត្រូវគេឃុំឃាំងនៅទីនេះ មិនអាចជួបបងប្អូនប្រុសស្រី ឬបំពេញភារកិច្ចខ្ញុំបាន វាមានអារម្មណ៍ថា មួយថ្ងៃហាក់ដូចជាមួយឆ្នាំអញ្ចឹង»។ ខ្ញុំបានគិតអំពីការធ្វើទុក្ខបុកម្នេញរបស់ប្ដីខ្ញុំ ដែលកាន់តែធ្ងន់ធ្ងរឡើងៗក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហើយខ្ញុំឆ្ងល់ថា តើពេលណាទើបថ្ងៃទាំងនេះនឹងបញ្ចប់ទៅ។ គ្រាន់តែគិតពីការប្រឈមមុខនឹងការឈឺចាប់ និងការលំបាកទាំងអស់ ដែលខ្ញុំត្រូវប្រឈមនៅថ្ងៃអនាគត ក៏ធ្វើឱ្យខ្ញុំកាន់តែមានអារម្មណ៍ឯកោ ហើយខ្ញុំគិតថា បើខ្ញុំស្លាប់ទៅប្រហែលជាល្អជាង។ គិតដល់ចំណុចនេះ ខ្ញុំក៏ឆ្លៀតឱកាសពេលប្ដីខ្ញុំកំពុងដេកលក់ លួចចេញពីសណ្ឋាគារយ៉ាងស្ងៀមស្ងាត់ ដោយឱបសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប់នឹងទ្រូង ហើយដើរទៅរោងមួយនៅក្បែរនោះ ដោយរៀបចំខ្លួនលោតចូលទន្លេ ដើម្បីសម្លាប់ខ្លួន។ ប៉ុន្តែខ្ញុំមិនដាច់ចិត្តចាកចេញពីព្រះជាម្ចាស់ទេ។ ខ្ញុំបានឆ្លុះបញ្ចាំងពីរបៀបដែលទីបំផុត ខ្ញុំបានទទួលស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ បន្ទាប់ពីបានជឿលើទ្រង់អស់រយៈពេលជាងដប់ឆ្នាំ តើខ្ញុំពិតជាត្រូវចាកចេញពីព្រះជាម្ចាស់បែបនេះមែនឬ? ប៉ុន្តែខ្ញុំពិតជាមិនអាចជម្នះនឹងការពិតនៃស្ថានភាពរបស់ខ្ញុំបានឡើយ។ ខ្ញុំយំ ទាំងអធិស្ឋានលាព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ពេលនេះទូលបង្គំពិតជាទន់ខ្សោយណាស់ ទូលបង្គំមិនចង់រងការឈឺចាប់នេះទៀតទេ។ មុនពេលទូលបង្គំចាកចេញពីលោកនេះ ទូលបង្គំចង់អានព្រះបន្ទូលរបស់ទ្រង់មួយវគ្គសិន ដើម្បីឱ្យទូលបង្គំអាចមានអារម្មណ៍ស្ងប់សុខ បន្ទាប់ពីទូលបង្គំស្លាប់ទៅ»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបានបើកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រោមពន្លឺភ្លើងស្រអាប់ ហើយខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់វគ្គនេះ៖ «សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនមានចំណេះដឹងនេះឡើយ។ ពួកគេជឿថា ទុក្ខវេទនាគ្មានតម្លៃ ហើយថាលោកីយ៍បដិសេធពួកគេ ជីវិតគ្រួសាររបស់ពួកគេជួបនូវបញ្ហា ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងពួកគេ ហើយអនាគតរបស់ពួកគេងងឹតអាប់អួរ។ មនុស្សមួយចំនួនថែមទាំងចង់ស្លាប់នៅពេលពួកគេរងទុក្ខដល់កម្រិតមួយ។ នេះមិនមែនជាសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះគឺជាមនុស្សកំសាក ពួកគេគ្មានការតស៊ូពុះពារ ពួកគេទន់ជ្រាយ និងអសមត្ថភាព! ព្រះជាម្ចាស់មានព្រះទ័យចង់ឱ្យមនុស្សស្រឡាញ់ទ្រង់ ប៉ុន្តែបើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបទុក្ខវេទនាកាន់តែខ្លាំង ហើយបើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបការល្បងលកាន់តែខ្លាំងដែរ។ ប្រសិនបើអ្នកស្រឡាញ់ទ្រង់ នោះទុក្ខវេទនាសព្វបែបយ៉ាងនឹងធ្លាក់មកលើអ្នក ហើយប្រសិនបើអ្នកមិនស្រឡាញ់ទេ នោះអ្វីៗគ្រប់យ៉ាងនឹងប្រហែលជាដំណើរការយ៉ាងរលូនសម្រាប់អ្នក ហើយគ្រប់យ៉ាងដែលនៅជុំវិញអ្នកនឹងមានសុខសន្ដិភាព។ នៅពេលដែលអ្នកស្រឡាញ់ព្រះជាម្ចាស់ អ្នកនឹងមានអារម្មណ៍ជានិច្ចថា មានរឿងជាច្រើននៅជុំវិញអ្នកដែលអ្នកមិនអាចយកឈ្នះបានឡើយ ហើយដោយសារតែកម្ពស់របស់អ្នកនៅទាបពេក ដូច្នេះ អ្នកនឹងត្រូវតែទទួលការបន្សុទ្ធ។ ជាងនេះទៅទៀត អ្នកនឹងគ្មានសមត្ថភាពបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នកនឹងតែងតែមានអារម្មណ៍ថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មានភាពខ្ពង់ខ្ពស់ពេក ដែលហួសពីការឈោងចាប់របស់មនុស្ស។ ដោយព្រោះតែការទាំងអស់នេះ អ្នកនឹងត្រូវបានបន្សុទ្ធ ដ្បិតមានសេចក្តីកម្សោយយ៉ាងច្រើននៅខាងក្នុងអ្នក និងជាសេចក្តីកម្សោយដែលគ្មានសមត្ថភាពបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ អ្នកនឹងត្រូវបានបន្សុទ្ធនៅផ្នែកខាងក្នុង។ ប៉ុន្តែ អ្នករាល់គ្នាត្រូវតែមើលឃើញឱ្យច្បាស់ថា ការញែកជាបរិសុទ្ធនេះអាចសម្រេចបានតាមរយៈការបន្សុទ្ធតែប៉ុណ្ណោះ។ ដូច្នេះ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ទោះដង្ហើមចុងក្រោយ ក៏អ្នកត្រូវតែស្មោះត្រង់នឹងព្រះជាម្ចាស់ និងដាក់ខ្លួនអ្នករាល់គ្នាឱ្យនៅក្រោមការចាត់ចែងពីទ្រង់ដែរ ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលវគ្គនេះពិតជាល្អណាស់! ខ្ញុំមានអារម្មណ៍ហាក់បីដូចជាព្រះជាម្ចាស់កំពុងមានបន្ទូលមកកាន់ខ្ញុំទល់មុខគ្នាអញ្ចឹង ហើយមានភាពកក់ក្ដៅមួយបានជ្រួតជ្រាបពេញដួងចិត្តខ្ញុំ ទឹកភ្នែកហូរចុះមកលើថ្ពាល់ខ្ញុំ ដូចជាគ្រាប់គុជដែលដាច់ខ្សែអញ្ចឹង។ គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ដែលបានណែនាំខ្ញុំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ទាន់ពេលវេលា ហើយក្នុងពេលជាមួយគ្នានេះ ខ្ញុំមានការស្ដាយក្រោយ ដែលចង់លោតទឹកទន្លេសម្លាប់ខ្លួន ដោយសារតែខ្ញុំមិនអាចទ្រាំទ្រនឹងការធ្វើទុក្ខបុកម្នេញរបស់ប្ដីខ្ញុំបាន។ ខ្ញុំទន់ខ្សោយពេក ហើយគ្មានភាពរឹងមាំទាល់តែសោះ។ ព្រះជាម្ចាស់បានរៀបចំស្ថានភាពបែបនេះ ដើម្បីធ្វើឱ្យសេចក្ដីជំនឿរបស់ខ្ញុំបានគ្រប់លក្ខណ៍ អនុញ្ញាតឱ្យខ្ញុំឈរយ៉ាងរឹងមាំនៅក្នុងទីបន្ទាល់របស់ខ្ញុំ ចំពេលមានសេចក្តីវេទនា និងការរងទុក្ខ ដើម្បីធ្វើឱ្យសាតាំងអាម៉ាស់មុខ។ បើខ្ញុំស្លាប់ តើខ្ញុំមិនក្លាយជាការសើចចំអករបស់សាតាំងទេឬ? គិតដល់ចំណុចនេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! មិនថាទូលបង្គំប្រឈមមុខនឹងការរងទុក្ខ ឬការល្បងលបែបណានៅថ្ងៃអនាគតទេ ទូលបង្គំនឹងពឹងផ្អែកលើទ្រង់ ដើម្បីបន្តដំណើរទៅមុខទៀត។ ទ្រង់បានប្រទានដង្ហើមនេះដល់ទូលបង្គំ ដូច្នេះ ទូលបង្គំនឹងរស់នៅឱ្យបានត្រឹមត្រូវ ហើយធ្វើបន្ទាល់ថ្វាយទ្រង់ ទូលបង្គំនឹងមិនធ្វើឱ្យទ្រង់ព្រះទ័យសោកសៅ ឬខកព្រះទ័យទៀតឡើយ»។ បន្ទាប់ពីបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ ខ្ញុំក៏បានត្រឡប់ទៅសណ្ឋាគារវិញ។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសូមឱ្យទ្រង់បើកផ្លូវសម្រាប់ខ្ញុំ។ នៅពេលថ្ងៃត្រង់បន្ទាប់ ប្ដីខ្ញុំបានត្រឡប់មកសណ្ឋាគារវិញ ហើយប្រាប់ខ្ញុំឱ្យប្រញាប់រៀបចំអីវ៉ាន់ ដើម្បីត្រឡប់ទៅផ្ទះវិញ។ ពេលឮពាក្យសម្ដីរបស់ប្ដីខ្ញុំ ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំង ហើយខ្ញុំបានឃើញថា អ្វីៗទាំងអស់សុទ្ធតែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។
នៅក្នុងខែតុលា ឆ្នាំ ២០១១ ពួកជំនុំត្រូវការពួកអ្នកធ្វើការខាងផ្សាយដំណឹងល្អជាបន្ទាន់ ហើយពួកអ្នកដឹកនាំចង់រៀបចំឱ្យខ្ញុំទៅផ្សាយដំណឹងល្អនៅតំបន់ផ្សេង។ ខ្ញុំស្ម័គ្រចិត្តបំពេញភារកិច្ចរបស់ខ្ញុំ ដើម្បីផ្គាប់ព្រះទ័យព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានគិតថា បើខ្ញុំចាកចេញពីផ្ទះ ខ្ញុំនឹងមិនអាចផ្ដល់ឱ្យកូនៗរបស់ខ្ញុំនូវគ្រួសារដ៏ពេញលេញ និងមានសុភមង្គលមួយបានឡើយ ដូច្នេះ ខ្ញុំក៏បានបដិសេធ ដោយយកលេសថា គ្មានអ្នកណាមើលថែកូនៗ។ ថ្ងៃមួយ ខ្ញុំ និងកូនស្រីខ្ញុំកំពុងតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងបន្ទប់ ពេលប្ដីខ្ញុំឃើញបែបនេះ គាត់ក៏ឆក់យកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីដៃខ្ញុំ ហើយនិយាយមកកាន់ខ្ញុំយ៉ាងកាចសាហាវថា៖ «តាំងតែពីឯងចាប់ផ្ដើមជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាមក អញដឹងរួចទៅហើយថា អាពាហ៍ពិពាហ៍របស់យើងបានដល់ទីបញ្ចប់ហើយ! ឯងចង់ជឿព្រះជាម្ចាស់ ហើយត្រូវបានសង្គ្រោះមែនទេ? កុំសង្ឃឹមឱ្យសោះ! ទោះបីជាអញស្លាប់ ក៏អញទាញឯងឱ្យស្លាប់ទៅជាមួយអញដែរ។ អញបានបញ្ឈប់មុខរបរដឹកជញ្ជូនរបស់អញទាំងអស់ក៏ដោយសារតែឯងដែរ ហើយលើកនេះ អញនឹងនៅផ្ទះយាមឯង។ ចាំមើលមើល៍ តើឯងគិតថា ឯងអាចរត់ទៅណាបាន។ ឥឡូវ អញសួរឯងម្ដងទៀត តើឯងនៅតែចង់ជឿព្រះជាម្ចាស់ទៀតទេ?» ខ្ញុំបានតបថា៖ «គ្មានអ្នកណាអាចដកហូតសិទ្ធិរបស់ខ្ញុំក្នុងការជឿព្រះជាម្ចាស់បានទេ។ ខ្ញុំនឹងជឿព្រះជាម្ចាស់ជារៀងរហូត»។ ឮបែបនេះ ប្ដីខ្ញុំក៏យកសៀវភៅនោះមកវាយមុខខ្ញុំ រួចគាត់ក៏គ្រវាត់វាចោលតាមបង្អួចទៅក្រៅ។ ពេលខ្ញុំឃើញប្ដីខ្ញុំគ្រវាត់សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ចោលទៅក្រៅអញ្ចឹង ខ្ញុំមានអារម្មណ៍ដូចជាបេះដូងរបស់ខ្ញុំកំពុងតែត្រូវគេហែកជាចម្រៀកៗ ហើយខ្ញុំចង់ស្ទុះចេញទៅក្រៅ ដើម្បីរើសយកសៀវភៅនោះមកវិញ។ បន្ទាប់មក គាត់ក៏ដើរមកទាត់ខ្ញុំឱ្យដួលទៅនឹងដីយ៉ាងខ្លាំង រហូតដល់ខ្ញុំមិនអាចក្រោកឈរវិញបាន។ កូនស្រីរបស់ខ្ញុំបានឈានជើងទៅមុខ ដើម្បីសួរដេញដោលគាត់ថា៖ «ប៉ា តើម៉ាក់បានបំពានច្បាប់អ្វី ដោយការជឿលើព្រះជាម្ចាស់ ទើបបានជាប៉ាចេះតែធ្វើទុក្ខបុកម្នេញគាត់បែបនេះ?» ពេលនោះ ប្ដីខ្ញុំក៏ប្រែជាឆ្កួតឡប់ បានចាប់ទាញសក់កូនស្រីខ្ញុំ ហើយវាយមុខនាងមិនឈប់។ មុខកូនស្រីខ្ញុំប្រែជាជាំ និងហើមដោយសារតែការវាយដំនោះ។ កំពុងតែដេកនៅលើដី ខ្ញុំក៏ជេរគាត់ទាំងខឹងថា៖ «អាសត្វតិរច្ឆាន អាអារក្ស!» ដោយឃើញថា ប្ដីខ្ញុំសូម្បីតែកូនស្រីបង្កើតរបស់ខ្លួនក៏គាត់មិនលើកលែងឱ្យដែរនោះ ខ្ញុំកាន់តែស្អប់គាត់ទ្វេដង។ ខ្ញុំបារម្ភថា សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចនឹងត្រូវគេបំផ្លាញនៅពេលណាមួយ ដូច្នេះ ខ្ញុំចេះតែអំពាវនាវដល់ព្រះជាម្ចាស់នៅក្នុងចិត្ត។ ចំពេលនោះ ប្ដីខ្ញុំក៏ស្រាប់តែដើរចូលទៅក្នុងបន្ទប់ទឹក។ ខ្ញុំប្រញាប់ប្រាប់កូនស្រីខ្ញុំឱ្យចុះទៅក្រោម ដើម្បីរកសៀវភៅនោះ ហើយបញ្ជូនវាទៅផ្ទះបងស្រីម្នាក់ដើម្បីរក្សាទុកឱ្យមានសុវត្ថិភាព។
ខ្ញុំបានគិតត្រឡប់ទៅរកការជឿព្រះជាម្ចាស់របស់ខ្ញុំប៉ុន្មានឆ្នាំមកនេះ។ ប្ដីខ្ញុំតែងតែរារាំងខ្ញុំគ្រប់សព្វបែបយ៉ាង ហើយការត្រូវគាត់វាយដំ និងធ្វើឱ្យអាម៉ាស់មុខ ធ្វើឱ្យខ្ញុំមានអារម្មណ៍ឈឺចាប់ និងត្រូវគាបសង្កត់យ៉ាងខ្លាំង។ ខ្ញុំពិតជាចង់ចាកចេញពីផ្ទះ ដើម្បីទៅបំពេញភារកិច្ចរបស់ខ្ញុំណាស់ ប៉ុន្តែពេលដល់ពេលត្រូវចាកចេញ ខ្ញុំមិនដាច់ចិត្តឃ្លាតពីកូនៗខ្ញុំទេ ហើយតែងតែមានអារម្មណ៍ថាជំពាក់ពួកគេ។ ប៉ុន្មានយប់នោះ ខ្ញុំមានការតានតឹងក្នុងចិត្តយ៉ាងខ្លាំង រហូតដេកមិនលក់ ដូច្នេះ ខ្ញុំក៏បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់។ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន៖ «ឥទ្ធិពលដ៏ពិសពុល និងគំនិតសក្តិភូមិ ដែលបន្សល់ទុកយ៉ាងជ្រៅនៅក្នុងចិត្តមនុស្សអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ តាមរយៈ “ស្មារតីជាតិ” បានចង និងដាក់ច្រវាក់មនុស្ស ដោយធ្វើឱ្យពួកគេគ្មានសេរីភាពសូម្បីបន្តិច គ្មានមហិច្ឆតា ឬការតស៊ូអត់ធ្មត់ និងគ្មានបំណងចង់រីកចម្រើនឡើយ តែបែរជាធ្វើឱ្យពួកគេនៅតែអវិជ្ជមាន និងថយក្រោយ ចាក់ឫសនៅក្នុងចិត្តគំនិតជាទាសករ ជាដើម។ កត្តាជាក់ស្ដែងទាំងនេះ បានបន្សល់ទុកនូវភាពស្មោកគ្រោក និងអាក្រក់ដែលមិនអាចលុបបាន ទៅលើទស្សនៈមនោគមវិជ្ជា បំណងប្រាថ្នា សីលធម៌ និងនិស្ស័យរបស់មនុស្សជាតិ។ មនុស្សហាក់ដូចជាកំពុងរស់នៅក្នុងពិភពលោកដ៏ខ្មៅងងឹតនៃអំពើភេរវកម្ម ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ គិតចង់រើបម្រះឱ្យផុតពីវា ឬគិតចង់ឈានទៅរកពិភពលោកដ៏ឧត្ដមនោះឡើយ ផ្ទុយទៅវិញ ពួកគេចំណាយពេលមួយថ្ងៃៗរបស់ពួកគេ ជាមួយនឹងអារម្មណ៍ស្កប់ស្កល់ចំពោះស្ថានភាពនៃជីវិតរបស់ខ្លួន ដូចជា ការបង្កើតកូន និងចិញ្ចឹមកូន ការខិតខំ ការបង្ហូរញើស ការធ្វើការងាររបស់ពួកគេ និងការស្រមៃចង់បានគ្រួសារដែលមានផាសុកភាព និងមានសុភមង្គល ចង់បានសេចក្ដីស្រឡាញ់រវាងប្ដីប្រពន្ធ ចង់បានកូនកតញ្ញូ ចង់បានសេចក្ដីអំណរក្នុងវ័យជរា និងចង់បានការរស់នៅដោយសន្តិភាពពេញមួយជីវិតរបស់ពួកគេជាដើម... អស់រយៈពេលរាប់សិប រាប់ពាន់ រាប់ម៉ឺនឆ្នាំមកទល់ពេលនេះ មនុស្សបានខ្ជះខ្ជាយពេលវេលារបស់ពួកគេតាមរបៀបនេះ ដោយគ្មាននរណាម្នាក់បង្កើតជីវិតមនុស្សដ៏ត្រចះត្រចង់បំផុតនោះឡើយ គឺមានបំណងតែលើការកាប់សម្លាប់គ្នាទៅវិញទៅមក ការប្រណាំងប្រជែងដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ និងការប្រើល្បិចកលដាក់គ្នាទៅវិញទៅមក នៅក្នុងពិភពលោកដ៏ខ្មៅងងឹតនេះប៉ុណ្ណោះ។ តើមាននរណាធ្លាប់ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរទេ? តើមាននរណាធ្លាប់យកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដែរទេ? គ្រប់ផ្នែកទាំងអស់របស់មនុស្សដែលត្រូវបានកាន់កាប់ដោយឥទ្ធិពលនៃសេចក្ដីងងឹត បានក្លាយជាធម្មជាតិរបស់មនុស្សជាយូរមកហើយ ដូច្នេះ វាពិតជាលំបាកណាស់ក្នុងការអនុវត្តនូវកិច្ចការរបស់ព្រះជាម្ចាស់ ហើយមនុស្សកាន់តែគ្មានចិត្តក្នុងការយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេនៅថ្ងៃនេះទៅទៀត» («កិច្ចការ និងការចូល (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ដោយឆ្លុះបញ្ចាំងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា មូលហេតុដែលខ្ញុំមិនអាចកាត់ចិត្តពីគ្រួសារខ្ញុំបាន គឺដោយសារតែខ្ញុំរងឥទ្ធិពលពីគំនិតខុសឆ្គងដែលសាតាំងបានបញ្ចូលមក ដែលប្រាប់ខ្ញុំថា ខ្ញុំត្រូវតែធ្វើជា «ប្រពន្ធល្អ និងជាម្ដាយប្រកបដោយក្ដីស្រឡាញ់» ហើយមាន «គ្រួសារដ៏មានសុភមង្គល» ជាដើម។ ខ្ញុំធ្លាប់បានស្វែងរកការធ្វើជាប្រពន្ធល្អ និងជាម្ដាយប្រកបដោយក្ដីស្រឡាញ់ ហើយដល់ពេលដែលខ្ញុំត្រូវទៅបំពេញភារកិច្ចនៅឆ្ងាយពីផ្ទះ ខ្ញុំតែងតែស្ទាក់ស្ទើរ ព្រោះខ្ញុំខ្លាចថា ការចាកចេញពីផ្ទះដើម្បីទៅបំពេញភារកិច្ច មានន័យថា ខ្ញុំមិនអាចផ្ដល់ឱ្យកូនៗរបស់ខ្ញុំនូវគ្រួសារដ៏ពេញលេញ និងមានសុភមង្គលមួយបានឡើយ។ ទីបំផុត ខ្ញុំបានយល់ថា សាតាំងប្រើប្រាស់គំនិត និងទស្សនៈខុសឆ្គងទាំងនេះ ដើម្បីចង និងរឹតត្បិតមនុស្ស ធ្វើឱ្យពួកគេឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយក្បត់ទ្រង់ ដែលមានន័យថា ទីបំផុតពួកគេបាត់បង់ឱកាសសម្រាប់សេចក្ដីសង្គ្រោះ ដោយសារតែពួកគេគិតគូរពីសាច់ឈាម។ គិតដល់ចំណុចនេះ ខ្ញុំចេះតែបន្តឆ្លុះបញ្ចាំងពីខ្លួនឯងថា៖ «ក្នុងនាមជាភាវៈដែលព្រះបានបង្កើត តើទំនួលខុសត្រូវរបស់ខ្ញុំគ្រាន់តែមើលថែកូនៗឱ្យបានល្អតែប៉ុណ្ណោះទេឬ? ជីវិតរបស់ខ្ញុំត្រូវបានប្រទានឱ្យដោយព្រះជាម្ចាស់ ដូច្នេះ ខ្ញុំគួរតែរស់នៅដើម្បីដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំ ដើម្បីផ្គាប់ព្រះទ័យព្រះជាម្ចាស់»។ បើខ្ញុំបដិសេធមិនបំពេញភារកិច្ចរបស់ខ្ញុំ ដើម្បីតែរក្សាគ្រួសារដ៏មានសុភមង្គលមួយ នោះខ្ញុំនឹងក្បត់ព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរមិនខាន! ខ្ញុំត្រូវតែចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយបំពេញភារកិច្ចរបស់ខ្ញុំ។ នេះទើបទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់។ បន្ទាប់មក ខ្ញុំបានគិតអំពីរបៀបដែលប្ដីខ្ញុំតែងតែជឿលើពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានដែលពង្រីកដោយគណបក្សកុម្មុយនីស្តចិន។ គាត់បានវាយដំ និងប្រមាថខ្ញុំម្ដងហើយម្ដងទៀត ដើម្បីរារាំងខ្ញុំមិនឱ្យជឿព្រះជាម្ចាស់ ថែមទាំងមិនឱ្យខ្ញុំចេញទៅក្រៅទៀតផង។ ក្នុងរយៈពេលពីរបីឆ្នាំដំបូងនៃអាពាហ៍ពិពាហ៍របស់យើង ប្ដីខ្ញុំប្រព្រឹត្តល្អចំពោះខ្ញុំ ព្រោះគ្រួសារខាងម្ដាយខ្ញុំមានឥទ្ធិពល ហើយខ្ញុំអាចធ្វើជំនួញ រកលុយ បង្កើតកូនឱ្យគាត់ និងគ្រប់គ្រងកិច្ចការផ្ទះទាំងអស់។ ប៉ុន្តែនៅពេលដែលខ្ញុំជ្រើសរើសជឿព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំ ប្ដីខ្ញុំខ្លាចថា ខ្ញុំនឹងត្រូវគេចាប់ខ្លួន ហើយវានឹងនាំទុក្ខដល់គាត់ និងប៉ះពាល់ដល់អនាគតកូនៗរបស់យើង ដូច្នេះ គាត់ក៏ចាប់ផ្ដើមធ្វើទុក្ខបុកម្នេញ និងរារាំងខ្ញុំ ដោយចាត់ទុកខ្ញុំដូចជាសត្រូវអញ្ចឹង។ តើគាត់មានមនោសញ្ចេតនាជាប្ដីប្រពន្ធនៅត្រង់ណាទៅ? ដូចដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចែងថា៖ «ហេតុអ្វីបានជាប្ដីស្រឡាញ់ប្រពន្ធ? ហេតុអ្វីបានប្រពន្ធស្រឡាញ់ប្ដី? ហេតុអ្វីបានជាកូនត្រូវកតញ្ញូចំពោះឪពុកម្ដាយរបស់ពួកគេ? ហេតុអ្វីបានជាឪពុកម្ដាយស្រឡាញ់ថែទាំកូនៗរបស់ពួកគេយ៉ាងជ្រាលជ្រៅ? តើបំណងរបស់មនុស្សសុទ្ធតែសំដៅទៅលើអ្វី? តើវាមិនសុទ្ធតែសំដៅទៅលើការបំពេញផែនការ និងបំណងប្រាថ្នាដ៏អាត្មានិយមផ្ទាល់ខ្លួនរបស់ពួកគេទេឬ? តើពួកគេពិតជាចង់ធ្វើការ ដើម្បីជាប្រយោជន៍ដល់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់មែនទេ? តើពួកគេពិតជាកំពុងធ្វើការ ដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ព្រះជាម្ចាស់មែនទេ? តើបំណងរបស់ពួកគេ គឺដើម្បីសម្រេចភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើតមែនទេ?» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា គ្មានសេចក្ដីស្រឡាញ់ពិតរវាងមនុស្សទេ ហើយថាសេចក្ដីស្រឡាញ់រវាងប្ដី និងប្រពន្ធ ក៏ផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួនដែរ។ តាមរយៈការធ្វើទុក្ខបុកម្នេញរបស់ប្ដីខ្ញុំមកលើខ្ញុំ ទីបំផុត ខ្ញុំបានឃើញពីសារជាតិជាអារក្សរបស់គាត់ ដែលស្អប់សេចក្ដីពិត និងស្អប់ព្រះជាម្ចាស់។ ពេលដឹងបែបនេះ ចិត្តរបស់ខ្ញុំក៏ភ្លឺស្វាង ហើយខ្ញុំមានការប្ដេជ្ញាចិត្តក្នុងការចាកចេញពីផ្ទះ ដើម្បីទៅបំពេញភារកិច្ចរបស់ខ្ញុំ។
ក្រោយមក ប្ដីខ្ញុំបានដាក់ពាក្យលែងលះ ហើយការលែងលះនេះនឹងមិនបន្សល់ទុកអ្វីឱ្យខ្ញុំឡើយ។ ខ្ញុំខឹងយ៉ាងខ្លាំង ដោយគិតថា៖ «ទ្រព្យសម្បត្តិទាំងអស់នឹងក្លាយជារបស់គាត់ ហើយខ្ញុំនឹងគ្មានទំនាក់ទំនងអ្វីជាមួយកូនៗទៀតទេ។ ពេលខ្ញុំចាស់ទៅ ខ្ញុំគ្មានសូម្បីតែកន្លែងស្នាក់នៅក៏ផង។ ប៉ុន្តែបើខ្ញុំមិនស៊ីញ៉េលើលិខិតលែងលះទេ ខ្ញុំនឹងនៅតែបន្តត្រូវគាត់ធ្វើទុក្ខបុកម្នេញ និងគ្រប់គ្រង ដោយសារតែការជឿព្រះជាម្ចាស់មិនខាន»។ ខ្ញុំបានធ្លាក់ចូលក្នុងស្ថានភាពទាល់ច្រក ដោយមិនដឹងថាត្រូវជ្រើសរើសមួយណាឡើយ។ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន៖ «អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែលះបង់ខ្លួនឯងសម្រាប់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយអ្នកត្រូវតែរងទុក្ខវេទនាថែមទៀត សម្រាប់ជាប្រយោជន៍ក្នុងការទទួលបាននូវសេចក្ដីពិតកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ក្នុងការរីករាយនឹងភាពសុខដុមជាមួយក្រុមគ្រួសារឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពពេញមួយជីវិត សម្រាប់តែប្រយោជន៍ដល់ភាពសប្បាយបណ្ដោះអាសន្ននោះដែរ។ អ្នកគួរតែដេញតាមអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនិងល្អ ហើយអ្នកគួរតែដេញតាមផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតកម្រិតទាបបែបនេះ ហើយមិនមានគោលដៅណាមួយក្នុងការដេញតាមទេនោះ តើការនេះមិនធ្វើឱ្យខ្ជះខ្ជាយដល់ជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាម សម្រាប់តែសេចក្តីពិតមួយប៉ុណ្ណោះ។ ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលខ្ញុំសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ការស៊ូទ្រាំនឹងការធ្វើទុក្ខបុកម្នេញ និងការធ្វើបាបសម្រាប់ការជឿព្រះជាម្ចាស់នេះ ធ្វើឱ្យការរងទុក្ខទាំងអស់នេះមានតម្លៃ និងមានន័យ។ ខ្ញុំតែងតែបារម្ភថា បើខ្ញុំលែងលះជាមួយប្ដីខ្ញុំ ជីវិតរបស់ខ្ញុំនឹងគ្មានការការពារ ដូច្នេះហើយទើបខ្ញុំស្ទាក់ស្ទើរ។ ឥឡូវនេះ ខ្ញុំដឹងថា មិនថាការរស់នៅសុខស្រួលខាងសាច់ឈាមល្អយ៉ាងណាក៏ដោយ ក៏វាគ្មានន័យដែរ។ មានតែព្រះជាម្ចាស់ទេដែលជាបង្អែករបស់ខ្ញុំ ហើយការមានការថែរក្សា និងការការពារពីព្រះជាម្ចាស់គឺគ្រប់គ្រាន់ហើយ។ ចំពោះអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត ខ្ញុំមិនចាំបាច់បារម្ភ ឬខ្វល់ខ្វាយឡើយ ហើយដរាបណាខ្ញុំនៅមានជីវិត ខ្ញុំគួរតែដេញតាមសេចក្ដីពិតឱ្យបានត្រឹមត្រូវ និងបំពេញភារកិច្ចរបស់ខ្ញុំក្នុងនាមជាភាវៈដែលព្រះបានបង្កើត។ នេះទើបជារបៀបរស់នៅដ៏មានន័យ និងមានតម្លៃបំផុតសម្រាប់ជីវិតខ្ញុំ។ ខ្ញុំបានគិតដល់ពេត្រុស។ ឪពុកម្ដាយគាត់បានធ្វើទុក្ខបុកម្នេញ និងរារាំងគាត់ ដោយសារតែគាត់ជឿលើព្រះជាម្ចាស់ ដូច្នេះ គាត់ក៏បានចាកចេញពីផ្ទះ ហើយធ្វើដំណើរទៅគ្រប់ទីកន្លែងដើម្បីផ្សាយដំណឹងល្អ។ ពេលគាត់បានឮការត្រាស់ហៅរបស់ព្រះអម្ចាស់ គាត់បានលះបង់អ្វីៗទាំងអស់ ដើម្បីដើរតាមព្រះជាម្ចាស់ដោយមិនស្ទាក់ស្ទើរឡើយ ហើយចុងក្រោយ គាត់ត្រូវបានព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍។ គិតដល់ចំណុចនេះ ចិត្តរបស់ខ្ញុំក៏ពោរពេញទៅដោយអារម្មណ៍ធូរស្រាល ហើយខ្ញុំក៏សម្រេចចិត្តចាកចេញពីផ្ទះ ដើម្បីទៅបំពេញភារកិច្ចរបស់ខ្ញុំ។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គទៀត ហើយការព្រួយបារម្ភរបស់ខ្ញុំចំពោះកូនស្រី ក៏បានថយចុះផងដែរ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មិនថាអ្នកមានប្រវត្តិបែបណា ហើយមិនថាដំណើរនៅខាងមុខអ្នកយ៉ាងណានោះទេ ទោះក្នុងករណីណាក៏ដោយ ក៏គ្មាននរណាម្នាក់អាចគេចផុតពីការចាត់ចែង និងការរៀបចំរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងលើវាសនារបស់ខ្លួនបានដែរ ដ្បិតមានតែទ្រង់ដែលមានអធិបតេយ្យភាពលើរបស់សព្វសារពើប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន។ ចាប់តាំងពីថ្ងៃដែលកើតមានមនុស្សជាលើកដំបូងមក ព្រះជាម្ចាស់តែងតែបំពេញកិច្ចការរបស់ទ្រង់បែបនេះជានិច្ច ដោយគ្រប់គ្រងលើចក្រវាលទាំងមូល ដឹកនាំច្បាប់នៃការផ្លាស់ប្ដូរសម្រាប់របស់សព្វសារពើ និងគន្លងចលនានៃរបស់ទាំងអស់នោះ។ មនុស្សកំពុងទទួលបានការចិញ្ចឹមបីបាច់ស្ងាត់ៗ និងមិនដឹងខ្លួន ដោយភាពផ្អែមល្ហែម ទឹកភ្លៀង និងទឹកសន្សើមពីព្រះជាម្ចាស់ ដូចរបស់សព្វសារពើផ្សេងទៀត។ ទាំងមិនដឹងខ្លួន មនុស្សរស់នៅក្រោមការចាត់ចែងនៃព្រះហស្ដរបស់ព្រះជាម្ចាស់ ដូចរបស់សព្វសារពើផ្សេងទៀត។ ដួងចិត្ត និងវិញ្ញាណរបស់មនុស្ស ស្ថិតក្នុងព្រះហស្តរបស់ទ្រង់ ហើយគ្រប់យ៉ាងនៃជីវិតរបស់ពួកគេ ត្រូវបានទតឃើញដោយព្រះនេត្ររបស់ព្រះជាម្ចាស់។ មិនថាអ្នកជឿ ឬក៏មិនជឿលើរឿងទាំងអស់នេះឬអត់នោះទេ របស់សព្វសារពើទាំងអស់ មិនថាមានជីវិត ឬគ្មានជីវិតទេ នឹងផ្លាស់ទី ប្រែប្រួល ផ្លាស់ថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើតាមរបៀបនេះឯង» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានដឹងថា អ្វីដែលកូនស្រីខ្ញុំនឹងប្រឈមមុខនៅថ្ងៃអនាគត និងការរងទុក្ខដែលនាងនឹងត្រូវស៊ូទ្រាំ សុទ្ធតែត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ ថាការចង្អុលបង្ហាញអនាគតរបស់នាង ត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនតាំងពីយូរយារណាស់មកហើយ ហើយរឿងតែមួយគត់ដែលខ្ញុំអាចធ្វើបាន គឺប្រគល់អ្វីៗទាំងអស់ថ្វាយព្រះជាម្ចាស់ ហើយចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ នេះគឺជាវិចារណញ្ញាណដែលខ្ញុំគួរតែមាន។ ដោយគិតបែបនេះ ខ្ញុំក៏បានចាកចេញពីផ្ទះ ហើយបញ្ចប់អាពាហ៍ពិពាហ៍ជាមួយប្ដីខ្ញុំ។ បីឆ្នាំក្រោយមក ខ្ញុំទទួលបានសំបុត្រមួយច្បាប់ពីកូនស្រីខ្ញុំ ដោយនិយាយថា នាងបានចាកចេញពីផ្ទះ ដើម្បីទៅបំពេញភារកិច្ចរបស់នាង ក្រោមការណែនាំរបស់ព្រះជាម្ចាស់បាត់ទៅហើយ។ ពេលដែលខ្ញុំទទួលបានសំបុត្រនោះ ខ្ញុំមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ហើយខ្ញុំបានដឹងថា អ្វីៗទាំងអស់សុទ្ធតែស្ថិតក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ ពេលប្រឈមមុខនឹងសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះដ៏ធំធេងរបស់ព្រះជាម្ចាស់ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់ចេញពីក្រអៅបេះដូងរបស់ខ្ញុំ។
ទោះបីជាខ្ញុំបានរងទុក្ខលំបាកខ្លះៗតាមផ្លូវក៏ដោយ ក៏ការរងទុក្ខនេះពិតជាមានតម្លៃ និងមានន័យណាស់។ តាមរយៈការធ្វើទុក្ខបុកម្នេញពីប្ដី និងគ្រួសាររបស់ខ្ញុំ ខ្ញុំទទួលបានការញែកដឹងពីសារជាតិប្រឆាំងនឹងព្រះជាម្ចាស់ដ៏ទុច្ចរិតរបស់ពួកគេ ហើយខ្ញុំបានដឹងថា គឺព្រះជាម្ចាស់ទេដែលបានយកព្រះទ័យទុកដាក់ និងការពារខ្ញុំយ៉ាងស្ងៀមស្ងាត់ ឆ្លងកាត់ការលំបាកម្ដងហើយម្ដងទៀត ហើយប្រទានសេចក្ដីជំនឿ និងកម្លាំងដែលខ្ញុំត្រូវការ ដើម្បីរើបម្រះខ្លួនពីចំណងគ្រួសារ និងបំពេញភារកិច្ចរបស់ខ្ញុំក្នុងនាមភាវៈដែលព្រះបានបង្កើត។ គឺព្រះជាម្ចាស់ទេ ដែលបានដឹកនាំខ្ញុំឱ្យដើរលើផ្លូវត្រូវក្នុងជីវិត ហើយខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ចេញពីក្រអៅបេះដូងរបស់ខ្ញុំ។