៤១. ការស្វែងរកផ្លូវដើម្បីដោះស្រាយនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ
ខ្ញុំបានរៀនរបាំនៅវិទ្យាល័យ ហើយមានបទពិសោធខាងរាំខ្លះៗដែរ។ ខ្ញុំក៏ចូលចិត្តរាំខ្លាំងណាស់ដែរ។ នៅពេលពួកជំនុំបានរៀបចំឲ្យខ្ញុំបំពេញភារកិច្ចខាងរាំ ខ្ញុំពិតជាសប្បាយចិត្តណាស់ ខ្ញុំមានអារម្មណ៍ថា ដោយមានមូលដ្ឋានគ្រឹះស្រាប់ ខ្ញុំប្រាកដជារៀនវាបានយ៉ាងងាយ។ ខ្ញុំបានទទួលយកភារកិច្ចនេះដោយមិនស្ទាក់ស្ទើរឡើយ។ ក្នុងអំឡុងពេលហាត់ ខ្ញុំអាចធ្វើក្បាច់ទាំងអស់បានយ៉ាងងាយស្រួល ដូច្នេះ ខ្ញុំគិតថា ខ្ញុំរាំពូកែជាងបងប្អូនប្រុសស្រីរបស់ខ្ញុំទៅទៀត។ ពេលខ្លះ បងប្អូនប្រុសស្រីបានផ្ដល់យោបល់ ដោយនិយាយថា ក្បាច់របស់ខ្ញុំខុសពីពួកគេ ហើយថាក្បាច់រាំរបស់យើងគួរតែឯកភាពគ្នា។ ខ្ញុំទទួលយកតែសំបកក្រៅប៉ុណ្ណោះ។ នៅក្នុងចិត្ត ខ្ញុំមានអារម្មណ៍ថា ក្បាច់របស់ខ្ញុំត្រឹមត្រូវសមរម្យជាងពួកគេ ហើយខ្ញុំមិនចង់ស្ដាប់ពួកគេទេ។ ក្រោយមក ពេលអ្នកមើលការខុសត្រូវពិនិត្យមើលវីដេអូគំរូដែលយើងបានធ្វើ ពួកគេក៏បានលើកឡើងដែរថា ក្បាច់រាំរបស់យើងមិនស៊ីសង្វាក់គ្នាទេ ហើយគួរតែឯកភាពគ្នា។ ទោះយ៉ាងណា ពួកគេក៏បាននិយាយដែរថា ក្បាច់រាំរបស់ខ្ញុំត្រង់វគ្គបន្ទរគឺល្អណាស់ ហើយថា បងប្អូនប្រុសស្រីឯទៀតអាចរៀនពីខ្ញុំបាន។ ពួកគេថែមទាំងឲ្យខ្ញុំបង្រៀនពួកគេ រាំទៀតផង។ ពេលឮបែបនេះ ខ្ញុំត្រេកអរណាស់ ហើយមានអារម្មណ៍កាន់តែខ្លាំងថា ខ្ញុំជាអ្នករាំដែលពូកែជាងគេបំផុតក្នុងចំណោមមនុស្សទាំងនេះ។ ខ្ញុំមានបទពិសោធច្រើន ហើយអាចណែនាំ និងដឹកនាំពួកគេរាំបាន។ ខណៈពេលដែលខ្ញុំកំពុងបង្រៀនក្បាច់រាំដល់ពួកគេ ពួកគេត្រូវហាត់ម្ដងហើយម្ដងទៀត ទើបអាចឈានដល់ស្ដង់ដាររបស់ខ្ញុំ ព្រោះក្បាច់របស់ខ្ញុំធំទូលាយ និងមានកម្លាំងជាង។ ការនេះពិតជាពិបាកសម្រាប់ពួកគេណាស់។ នៅពេលនោះ ខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯង ហើយមិនបានកែសម្រួល ដើម្បីឲ្យផែនការរាំកាន់តែសមរម្យឡើយ។ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែគិតថា ខ្លួនឯងអស្ចារ្យ ហើយក្បាច់រាំរបស់ខ្ញុំពិតជាពិសេស។ ពេលយើងបន្តហាត់នៅថ្ងៃបន្ទាប់ យើងមានមតិខុសគ្នាលើក្បាច់ជើងរបស់យើង។ ខ្ញុំមិនចង់ធ្វើតាមរបៀបដែលពួកគេបានស្នើទេ ព្រោះខ្ញុំគិតថា ក្បាច់របស់ពួកគេមើលទៅមិនស្អាត។ ខ្ញុំនៅតែបន្តបង្រៀនពួកគេឲ្យហាត់តាមគំនិតរបស់ខ្ញុំ។
ក្រោយមក បងស្រី ដាយអាន បាននិយាយថា ក្បាច់ដៃរបស់ខ្ញុំធំទូលាយពេក ហើយមិនសូវបង្ហាញការគោរព ហើយឲ្យខ្ញុំបន្ថយទំហំនៃក្បាច់របស់ខ្ញុំ។ បងប្អូនប្រុសស្រីឯទៀតក៏យល់ស្របជាមួយគាត់ដែរ តែខ្ញុំមិនព្រមទទួលយកទេ។ ខ្ញុំគិតថា ក្បាច់របស់ខ្ញុំត្រឹមត្រូវហើយ។ ទោះយ៉ាងណា ខ្ញុំបារម្ភថា បើខ្ញុំមិនទទួលយកយោបល់ពួកគេ ពួកគេអាចនឹងនិយាយថា ខ្ញុំក្រអឺតក្រទមណាស់។ ទាល់តែពេលនោះ ទើបខ្ញុំព្យាយាមបន្ថយទំហំក្បាច់ដៃរបស់ខ្ញុំ។ ពេលយើងពិនិត្យមើលវីដេអូគំរូនៃការរាំឡើងវិញ ខ្ញុំបានរកឃើញថា ក្បាច់របស់យើងមិនដូចគ្នាទេ។ ទំហំនៃក្បាច់របស់ខ្ញុំនៅតែធំជាងពួកគេច្រើនណាស់។ ខ្ញុំជឿជាក់ថា ខ្ញុំរាំពូកែជាងពួកគេ ហើយក្បាច់របស់ខ្ញុំត្រឹមត្រូវសមរម្យជាង។ កាលពីមុន អ្នកមើលការខុសត្រូវបានសរសើរខ្ញុំថា ក្បាច់ខ្ញុំល្អ ដូច្នេះ បើក្បាច់របស់យើងមិនដូចគ្នា វាប្រាកដជាបញ្ហារបស់ពួកគេហើយ។ ពេលខ្លះ ទោះបីជាខ្ញុំធ្វើតាមរបៀបដែលពួកគេបានស្នើក៏ដោយ ក៏ខ្ញុំមិនគិតថា ក្បាច់របស់ពួកគេស្រស់ស្អាតដែរ។ តាមពិត គ្រប់ពេលដែលខ្ញុំលួចមិនយល់ស្របនឹងយោបល់របស់ពួកគេ ហើយមិនអាចសហការជាមួយពួកគេបានល្អ ចិត្តរបស់ខ្ញុំឈឺចាប់ខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ហត់នឿយខ្លាំង ហើយមិនអាចដឹងពីវត្តមានរបស់ ព្រះជាម្ចាស់ឡើយ។ ខ្ញុំក៏បាត់បង់ចិត្តស្រឡាញ់ចំពោះភារកិច្ចដែរ។ ខ្ញុំចាប់ផ្ដើមសញ្ជឹងគិតថា «ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ឈឺចាប់ក្នុងចិត្ត គ្រប់ពេលដែលខ្ញុំរាំជាមួយពួកគេ? តើការបំពេញភារកិច្ចតាមរបៀបនេះស្របតាមបំណងព្រះហឫទ័យរបស់ ព្រះជាម្ចាស់ឬទេ?» ខ្ញុំមិនចង់បន្តបែបនេះទៀតទេ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយអង្វរទ្រង់ឲ្យបំភ្លឺខ្ញុំ ដើម្បីឲ្យខ្ញុំអាចឆ្លុះបញ្ចាំងពីបញ្ហារបស់ខ្លួន។
ថ្ងៃមួយ ក្នុងអំឡុងពេលនៃការចំណាយពេលខាងវិញ្ញាណរបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលមួយអត្ថបទដែលធ្វើឲ្យខ្ញុំរំភើបចិត្តខ្លាំងណាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចូរកុំតែងតែព្យាយាមអួតសម្ញែង តែងតែនិយាយពាក្យសម្ដីខ្ពង់ខ្ពស់ និងធ្វើរឿងរ៉ាវដោយខ្លួនឯងឱ្យសោះ។ អ្នកគួរតែរៀនពីរបៀបសហការជាមួយអ្នកដទៃ ហើយអ្នកគួរតែយកចិត្តទុកដាក់ស្ដាប់មតិយោបល់របស់អ្នកដទៃឱ្យបានច្រើន និងស្វែងរកចំណុចខ្លាំងរបស់ពួកគេ។ តាមរបៀបនេះ ការសហការយ៉ាងចុះសម្រុង ក្លាយជារឿងងាយស្រួល។ ប្រសិនបើអ្នកតែងតែព្យាយាមអួតសម្ញែង និងចង់ធ្វើជាអ្នកសម្រេចចិត្តចុងក្រោយ នោះអ្នកមិនមែនកំពុងសហការយ៉ាងចុះសម្រុងឡើយ។ តើអ្នកកំពុងធ្វើអ្វី? អ្នកកំពុងបង្កការរំខាន និងលួចបំផ្លាញអ្នកដទៃហើយ។ ការបង្កការរំខាន និងការលួចបំផ្លាញអ្នកដទៃ គឺជាការដើរតួជាសាតាំង វាមិនមែនជាការបំពេញភារកិច្ចឡើយ។ ប្រសិនបើអ្នកតែងតែធ្វើរឿងដែលបង្កការរំខាន និងលួចបំផ្លាញអ្នកដទៃ នោះមិនថាអ្នកចំណាយការខិតខំប្រឹងប្រែង ឬយកចិត្តទុកដាក់ខ្លាំងប៉ុនណាក៏ដោយ ក៏ព្រះជាម្ចាស់នឹងមិននឹកចាំឡើយ។ អ្នកប្រហែលជាមានកម្លាំងតិចតួច ប៉ុន្តែប្រសិនបើអ្នកមានសមត្ថភាពសហការជាមួយអ្នកដទៃ និងអាចទទួលយកមតិយោបល់ដែលសមស្រប ហើយប្រសិនបើអ្នកមានបំណងចិត្តត្រឹមត្រូវ និងអាចការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ នោះអ្នកគឺជាបុគ្គលដែលត្រឹមត្រូវហើយ។ ... ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិតទេ នោះអ្នកត្រូវតែរៀនស្ដាប់បង្គាប់។ ប្រសិនបើមាននរណាម្នាក់ដែលយល់ពីសេចក្ដីពិត ឬនិយាយស្របតាមសេចក្ដីពិត នោះអ្នកត្រូវតែទទួលយកវា ហើយស្ដាប់បង្គាប់។ អ្នកមិនគួរធ្វើរឿងដែលរំខាន ឬលួចបំផ្លាញជាដាច់ខាត ហើយកុំប្រព្រឹត្តតាមអំពើចិត្ត និងឯកតោភាគីឱ្យសោះ។ តាមរបៀបនេះ អ្នកនឹងមិនធ្វើសេចក្ដីអាក្រក់ឡើយ។ អ្នកត្រូវតែចងចាំថា៖ ការបំពេញភារកិច្ចរបស់អ្នក មិនមែនជារឿងនៃការធ្វើកិច្ចការផ្ទាល់ខ្លួន ឬធ្វើរឿងផ្ទាល់ខ្លួនរបស់អ្នកឡើយ។ នេះមិនមែនជាកិច្ចការផ្ទាល់ខ្លួនរបស់អ្នកទេ វាគឺជាកិច្ចការរបស់ពួកជំនុំ ហើយអ្នកគ្រាន់តែចូលរួមចំណែកនូវកម្លាំងដែលអ្នកមានប៉ុណ្ណោះ។ អ្វីដែលអ្នកធ្វើនៅក្នុងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាផ្នែកតូចមួយនៃការសហការរបស់មនុស្សប៉ុណ្ណោះ។ តួនាទីរបស់អ្នក គ្រាន់តែជាតួនាទីតូចតាចនៅជ្រុងណាមួយប៉ុណ្ណោះ។ នោះហើយជាការទទួលខុសត្រូវដែលអ្នករ៉ាប់រង។ អ្នកគួរតែមានវិចារណញ្ញាណនេះ។ ដូច្នេះហើយ មិនថាមានមនុស្សប៉ុន្មាននាក់កំពុងបំពេញភារកិច្ចរបស់ពួកគេជាមួយគ្នាក៏ដោយ ឬទោះបីជាពួកគេប្រឈមមុខនឹងការលំបាកអ្វីក៏ដោយ ក៏រឿងដំបូងដែលមនុស្សគ្រប់គ្នាគួរធ្វើ គឺអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ និងប្រកបគ្នាជាមួយគ្នា ស្វែងរកសេចក្ដីពិត រួចហើយកំណត់ថាតើគោលការណ៍នៃការអនុវត្តគឺជាអ្វីខ្លះ។ នៅពេលពួកគេបំពេញភារកិច្ចរបស់ពួកគេតាមរបៀបនេះ ពួកគេនឹងមានផ្លូវឆ្ពោះទៅមុខ» («ការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវតម្រូវឱ្យមានការសហការចុះសម្រុងគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា បើយើងចង់បំពេញភារកិច្ចបានល្អ យើងត្រូវរៀនពីរបៀបធ្វើការជាមួយគ្នាជាមួយបងប្អូនប្រុសស្រីរបស់យើង រៀនពីចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីបំពេញបន្ថែមចំណុចខ្សោយរបស់យើង។ មានតែតាមរបៀបនេះទេ ទើបយើងស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់។ បើយើងចេះតែចង់ប្រកាន់ខ្ជាប់គំនិតខ្លួនឯង នេះនឹងប៉ះពាល់ដល់ការងារ ហើយធ្វើឲ្យព្រះជាម្ចាស់ស្អប់ខ្ពើម។ ខ្ញុំក៏បានឆ្លុះបញ្ចាំងដែរថា ខ្ញុំមិនបានធ្វើការដោយចុះសម្រុងជាមួយបងប្អូនប្រុសស្រីទេ ព្រោះខ្ញុំមានអារម្មណ៍ថា ខ្ញុំមានបទពិសោធច្រើនជាង ហើយរាំពូកែជាងពួកគេ ដូច្នេះពួកគេគួរតែយកតម្រាប់តាមក្បាច់របស់ខ្ញុំ។ ពេលបងប្អូនប្រុសស្រីផ្ដល់យោបល់ថា ក្បាច់របស់ខ្ញុំធំពេក ខ្ញុំមានអារម្មណ៍ទាស់ទទឹង ហើយមិនចង់ធ្វើតាមយោបល់របស់ពួកគេទេ។ ទោះបីជាខ្ញុំអាចឃើញថា ទំហំនៃក្បាច់របស់ខ្ញុំពិតជាធំពេកក៏ដោយ ក៏ខ្ញុំនៅតែមិនចង់កែដែរ។ ពេលខ្លះ ខ្ញុំបានធ្វើតាមយោបល់របស់ពួកគេ តែក្នុងចិត្តខ្ញុំមិនស្រណុកសោះ។ ខ្ញុំនៅតែជឿថា ក្បាច់របស់ខ្ញុំល្អជាង ហើយប្រកាន់ខ្ជាប់គំនិតខ្លួនឯង។ នេះមានន័យថា ក្បាច់របស់ខ្ញុំ និងក្បាច់របស់ពួកគេមិនស៊ីសង្វាក់គ្នា និងចុះសម្រុងគ្នាទេ។ ខ្ញុំឃើញថា ខ្ញុំពិតជាក្រអឺតក្រទមណាស់ ហើយចេះតែជឿថា ក្បាច់របស់ខ្ញុំត្រឹមត្រូវ។ តាមពិត ក្បាច់របស់ខ្ញុំពិតជាធំពេកមែន ហើយមើលទៅមិនស្អាតសោះ។ លើសពីនេះ ដោយសារក្បាច់របស់ខ្ញុំមិនស៊ីសង្វាក់នឹងអ្នកដទៃ នេះបានប៉ះពាល់ដល់ភាពមានរបៀបរៀបរយនៃក្បាច់រួម និងប៉ះពាល់ដល់លទ្ធផលនៃការរាំ។ នេះបានបង្កជាការរំខាន។ ព្រះជាម្ចាស់បានមានបន្ទូលថា៖ «អ្នកគួរតែរៀនពីរបៀបសហការជាមួយអ្នកដទៃ ហើយអ្នកគួរតែយកចិត្តទុកដាក់ស្ដាប់មតិយោបល់របស់អ្នកដទៃឱ្យបានច្រើន និងស្វែងរកចំណុចខ្លាំងរបស់ពួកគេ។ តាមរបៀបនេះ ការសហការយ៉ាងចុះសម្រុង ក្លាយជារឿងងាយស្រួល»។ តាមពិត បងប្អូនប្រុសស្រីទាំងអស់សុទ្ធតែមានចំណុចខ្លាំង។ ខ្លះមានក្បាច់ក្បាលរលូន និង មើលទៅធម្មជាតិល្អណាស់ ចំណែកឯក្បាច់ក្បាលរបស់ខ្ញុំរឹងដូចមនុស្សយន្ត។ ម្យ៉ាងទៀត ក្បាច់របស់ពួកគេ ទោះបីជាមិនធំក៏ដោយ ក៏មើលទៅសមសួនណាស់។ ខ្ញុំដឹងថា ពេលពួកគេផ្ដល់យោបល់ឲ្យខ្ញុំម្ដងទៀត ខ្ញុំគួរតែទទួលយក ហើយខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើតាមក្បាច់ដែលពួកគេបានស្នើ។ បើខ្ញុំមានមតិផ្សេង ខ្ញុំអាចរៀបរាប់ និងពិភាក្សាជាមួយបងប្អូនប្រុសស្រី ហើយយើងអាចធ្វើការជាមួយគ្នា ដើម្បីធ្វើឲ្យក្បាច់របស់យើងឯកភាពគ្នា និងត្រឹមត្រូវសមរម្យ ហើយរាំឲ្យបានល្អ ដើម្បីសរសើរតម្កើងព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។
ម្ដងនោះ បងប្អូនប្រុសស្រីបាននិយាយថា ស្មា និងក្បាលរបស់ខ្ញុំរេខ្លាំងពេក ហើយត្រូវការកែសម្រួល ហើយថា ក្បាច់ចង្កេះរបស់ខ្ញុំក៏ត្រូវការកែសម្រួលដែរ។ ដំបូងឡើយ ខ្ញុំមិនអាចទទួលយកបានទាំងស្រុងទេ ខ្ញុំគិតថា ក្បាច់របស់ខ្ញុំត្រឹមត្រូវហើយ។ ទោះយ៉ាងណា ពេលខ្ញុំឃើញថា ក្បាច់ក្បាលរបស់ពួកគេទាំងអស់សុទ្ធតែខុសពីខ្ញុំ ខ្ញុំគិតថា ប្រហែលជាពួកគេត្រឹមត្រូវមែនហើយ ហើយខ្ញុំព្យាយាមទទួលយក។ ពេលខ្លះ ខ្ញុំអាចធ្វើតាមបានល្អ តែពេលខ្លះ ខ្ញុំក៏ត្រលប់ទៅរករបៀបចាស់វិញម្ដងទៀត។ ពេលពួកគេកំពុងមើលមកខ្ញុំ ខ្ញុំគិតថា «ហេតុអ្វីបានជាខ្ញុំមានមូលដ្ឋានខាងរាំល្អជាងពួកគេ តែខ្ញុំជាអ្នកដែលត្រូវខិតខំកែប្រែក្បាច់របស់ខ្ញុំទៅវិញ?» ខ្ញុំមានអារម្មណ៍ទន់ខ្សោយ និងអាម៉ាស់ណាស់។ ខ្ញុំនឹកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នកគួរតែរៀនពីរបៀបសហការជាមួយអ្នកដទៃ ហើយអ្នកគួរតែយកចិត្តទុកដាក់ស្ដាប់មតិយោបល់របស់អ្នកដទៃឱ្យបានច្រើន និងស្វែងរកចំណុចខ្លាំងរបស់ពួកគេ។ តាមរបៀបនេះ ការសហការយ៉ាងចុះសម្រុង ក្លាយជារឿងងាយស្រួល។ ប្រសិនបើអ្នកតែងតែព្យាយាមអួតសម្ញែង និងចង់ធ្វើជាអ្នកសម្រេចចិត្តចុងក្រោយ នោះអ្នកមិនមែនកំពុងសហការយ៉ាងចុះសម្រុងឡើយ» («ការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវតម្រូវឱ្យមានការសហការចុះសម្រុងគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំយល់ថា ខ្ញុំគួរតែផ្ដោតបន្ថែមទៀតលើការរៀនសូត្រពីចំណុចល្អរបស់អ្នកដទៃ និងទទួលយកយោបល់របស់ពួកគេ។ ដោយសារពួកគេទាំងអស់គ្នានិយាយថា ក្បាច់របស់ខ្ញុំមិនល្អ ខ្ញុំគួរតែខិតខំឲ្យអស់ពីសមត្ថភាពដើម្បីកែប្រែ។ ទោះបីជាមិនងាយស្រួលក្នុងការធ្វើក្បាច់ទាំងនេះឲ្យបានល្អក៏ដោយ ខ្ញុំត្រូវតែខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យក្បាច់របស់យើងឯកភាពគ្នា។ លើសពីនេះ ការទទួលយកយោបល់របស់អ្នកដទៃ មិនត្រឹមតែជួយឲ្យខ្ញុំរាំបានល្អ ដើម្បីសរសើរតម្កើងព្រះជាម្ចាស់ប៉ុណ្ណោះទេ តែថែមទាំងអាចដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ និងជួយឲ្យខ្ញុំចៀសវាងពីភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិតផងដែរ។ ល្ងាចនោះ ខ្ញុំបន្តហាត់ម្នាក់ឯង ក្រោយពេលការហាត់ជាក្រុមរបស់យើងបានបញ្ចប់។ ពេលយើងហាត់រាំម្ដងទៀតនៅថ្ងៃបន្ទាប់ ពួកគេនិយាយថា ក្បាច់របស់ខ្ញុំល្អជាងមុនបន្តិច។ ទោះបីជាក្បាច់របស់ខ្ញុំនៅតែមិនទាន់ល្អឥតខ្ចោះក៏ដោយ ក៏វាបានបង្ហាញពីភាពប្រសើរឡើងខ្លះដែរ។ ខ្ញុំមិនអាចរាំតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯងបានទេ ខ្ញុំត្រូវពិចារណាថាតើក្បាច់របស់យើងស៊ីសង្វាក់គ្នាឬអត់។ នេះគឺដោយសារតែ ទោះបីជាមានម្នាក់ក្នុងចំណោមពួកយើងរាំបានល្អខ្លាំងក៏ដោយ បើគេរាំខុសពីអ្នកដទៃ នោះក្បាច់រាំរបស់យើងនឹងមើលទៅមិនស្អាត ឬមិនមានរបៀបរៀបរយឡើយ ហើយនឹងមិនទទួលបានលទ្ធផលល្អទេ។ ក្រោយមក អ្នកមើលការខុសត្រូវបានមើលវីដេអូរាំដែលយើងបានធ្វើ ហើយនិយាយថា ក្បាច់របស់យើងបានប្រសើរឡើង។ ខ្ញុំដឹងថា នេះគឺជាការដឹកនាំរបស់ព្រះជាម្ចាស់ ហើយក៏ជាលទ្ធផលដែលសម្រេចបានតាមរយៈការសហការដ៏ចុះសម្រុងរបស់យើងដែរ។
ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួននៅក្នុងការជួបជុំមួយ ដែលផ្ដល់ឲ្យខ្ញុំនូវការយល់ដឹងថ្មីខ្លះៗអំពីនិស្ស័យពុករលួយរបស់ខ្ញុំផ្ទាល់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សជាតិត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ។ នៅក្នុងមនុស្សគ្រប់រូប មានធម្មជាតិបែបសាតាំង និងនិស្ស័យក្រអឺតក្រទម។ សូម្បីតែមនុស្សល្ងង់ខ្លៅ និងមនុស្សភ្លីភ្លើ ក៏ក្រអឺតក្រទមដែរ ហើយគិតថាពួកគេល្អជាងអ្នកដទៃ ព្រមទាំងបដិសេធមិនព្រមស្ដាប់បង្គាប់អ្នកដទៃឡើយ។ គេអាចមើលឃើញយ៉ាងច្បាស់ថា មនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ ហើយថាវាជារឿងពិបាកណាស់សម្រាប់ពួកគេក្នុងការចុះចូលនឹងព្រះជាម្ចាស់។ ដោយសារតែភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិតរបស់ពួកគេ មនុស្សបានបាត់បង់វិចារណញ្ញាណទាំងស្រុង ហើយពួកគេមិនព្រមស្ដាប់បង្គាប់នរណាម្នាក់ឡើយ ទោះបីជាអ្វីដែលអ្នកដទៃនិយាយគឺត្រឹមត្រូវ និងស្របតាមសេចក្ដីពិតក៏ដោយ ក៏ពួកគេមិនព្រមស្ដាប់បង្គាប់អ្នកទាំងនោះដែរ។ គឺដោយសារតែភាពក្រអឺតក្រទមនេះហើយ ទើបមនុស្សហ៊ានវិនិច្ឆ័យព្រះជាម្ចាស់ ថ្កោលទោសព្រះជាម្ចាស់ និងទាស់ទទឹងនឹងព្រះជាម្ចាស់។ ដូច្នេះ តើនិស្ស័យក្រអឺតក្រទមអាចត្រូវបានដោះស្រាយដោយរបៀបណា? តើវាអាចត្រូវបានដោះស្រាយដោយពឹងផ្អែកលើការទប់របស់មនុស្សដែរឬទេ? តើវាអាចត្រូវបានដោះស្រាយដោយគ្រាន់តែទទួលដឹង និងទទួលស្គាល់ពីវាដែរឬទេ? គឺមិនអាចដាច់ខាត។ មានវិធីតែមួយគត់ដើម្បីដោះស្រាយនិស្ស័យក្រអឺតក្រទម នោះគឺការទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ មានតែអស់អ្នកដែលអាចទទួលយកសេចក្ដីពិតប៉ុណ្ណោះ ទើបអាចបោះបង់និស្ស័យក្រអឺតក្រទមរបស់ពួកគេចោលបន្តិចម្ដងៗបាន ចំណែកឯអស់អ្នកដែលមិនទទួលយកសេចក្ដីពិត នឹងមិនអាចដោះស្រាយនិស្ស័យក្រអឺតក្រទមរបស់ពួកគេបានជាដាច់ខាត។ ខ្ញុំឃើញមនុស្សជាច្រើនដែលពោរពេញដោយភាពក្រអឺតក្រទម នៅពេលពួកគេបង្ហាញជំនាញខ្លះៗនៅក្នុងភារកិច្ចរបស់ពួកគេ។ នៅពេលពួកគេបង្ហាញចំណុចខ្លាំងខ្លះៗ ពួកគេគិតថាពួកគេអស្ចារ្យណាស់ រួចហើយពួកគេក៏ស្កប់ស្កល់នឹងជ័យជម្នះរបស់ខ្លួន ហើយមិនប្រឹងប្រែងអភិវឌ្ឍខ្លួនបន្ថែមទៀតឡើយ។ មិនថាពាក្យសម្ដីរបស់អ្នកដទៃត្រឹមត្រូវ ឬស្របតាមសេចក្ដីពិតខ្លាំងប៉ុនណាក៏ដោយ ក៏ពួកគេមិនស្ដាប់ដែរ ដោយគិតថារបស់ដ៏ស្ដួចស្ដើងដែលពួកគេមាននេះ គឺជារបស់ដែលមានតម្លៃបំផុត ជារបស់ដែលគ្មានអ្វីប្រៀបផ្ទឹមបានឡើយ និងអាចជំនួសសេចក្ដីពិតបាន។ តើនេះជានិស្ស័យអ្វីទៅ? នេះជានិស្ស័យក្រអឺតក្រទម។ ពួកគេខ្វះវិចារណញ្ញាណខ្លាំងពេកហើយ។ តើមនុស្សម្នាក់អាចបំពេញភារកិច្ចរបស់ខ្លួនបានល្អដែរឬទេ នៅពេលគេមាននិស្ស័យក្រអឺតក្រទមនោះ? តើគេអាចចុះចូលនឹងព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់បានដែរឬទេ? នេះរឹតតែពិបាកទៅទៀត។ ដើម្បីដោះស្រាយនិស្ស័យក្រអឺតក្រទម អ្នកត្រូវតែរៀនពីរបៀបដកបទពិសោធកិច្ចការរបស់ព្រះជាម្ចាស់ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ក្នុងពេលកំពុងបំពេញភារកិច្ចរបស់អ្នក។ មានតែតាមរបៀបនេះទេ ទើបអ្នកអាចស្គាល់ខ្លួនឯងបានយ៉ាងពិតប្រាកដ។ មានតែតាមរយៈការមើលឃើញសារជាតិពុករលួយរបស់អ្នកឱ្យបានច្បាស់ មើលឃើញឫសគល់នៃភាពក្រអឺតក្រទមរបស់អ្នកឱ្យបានច្បាស់ រួចហើយញែកឱ្យដឹង និងវែកញែកវាប៉ុណ្ណោះ ទើបអ្នកអាចស្គាល់ពីសារជាតិធម្មជាតិរបស់អ្នកបានយ៉ាងពិតប្រាកដ។ តាមរយៈការជីកកកាយរាល់អ្វីៗដែលពុករលួយទាំងអស់ដែលនៅខាងក្នុងខ្លួនអ្នក ហើយយកវាទៅផ្ទៀងផ្ទាត់ និងឈានទៅយល់ពីវាដោយផ្អែកលើសេចក្ដីពិត នោះអ្នកនឹងមើលឃើញយ៉ាងច្បាស់ពីធាតុពិតរបស់អ្នក៖ អ្នកមិនត្រឹមតែពោរពេញទៅដោយនិស្ស័យពុករលួយ ហើយខ្វះវិចារណញ្ញាណ និងការចុះចូលប៉ុណ្ណោះទេ ប៉ុន្តែអ្នកនៅខ្វះខាតច្រើនពេកហើយ ពោលគឺអ្នកមិនមានតថភាពនៃសេចក្ដីពិតសូម្បីតែបន្តិច ហើយពិតជាគួរឱ្យអាណិតណាស់។ ប្រសិនបើអ្នកដឹងពីរឿងនេះ អ្នកនឹងមិនអាចបង្កើតភាពក្រអឺតក្រទមណាមួយបានឡើយ។ ប្រសិនបើអ្នកមិនវែកញែក និងស្គាល់ខ្លួនឯងតាមរបៀបនេះទេ នោះបន្ទាប់ពីបំពេញភារកិច្ចរបស់អ្នកបានមួយរយៈ អ្នកនឹងមានអារម្មណ៍ថាអ្នកមានដើមទុន ហើយអ្នកនឹងមិនប្រមាណខ្លួនឡើយ។ អ្នកនឹងគិតថាអ្នកអស្ចារ្យគ្រប់សព្វបែបយ៉ាង ថាអ្នកដទៃអាក្រក់គ្រប់សព្វបែបយ៉ាង ហើយថាមានតែអ្នកប៉ុណ្ណោះដែលល្អបំផុត។ បន្ទាប់មក អ្នកនឹងអួតសម្ញែងខ្លួនឯងនៅគ្រប់ឱកាស ព្យាយាមធ្វើឱ្យអ្នកដទៃវាយតម្លៃអ្នកខ្ពស់ និងថ្វាយបង្គំអ្នក។ នេះគឺជាការខ្វះការស្គាល់ខ្លួនឯងទាំងស្រុង។ មនុស្សមួយចំនួនតែងតែអួតសម្ញែងខ្លួន។ នៅពេលអ្នកដទៃយល់ថាវាជារឿងគួរឱ្យធុញទ្រាន់ ពួកគេក៏រិះគន់អ្នកទាំងនោះថាជាមនុស្សក្រអឺតក្រទម។ ប៉ុន្តែពួកគេបែរជាប្រឆាំងទាស់ទៅវិញ ពួកគេនៅតែគិតថាពួកគេមានជំនាញ និងសមត្ថភាពដដែល។ តើនេះជានិស្ស័យអ្វីទៅ? ពួកគេក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតខ្លាំងពេកហើយ! តើមនុស្សដែលក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតបែបនេះ អាចស្រេកឃ្លានសេចក្ដីពិតដែរឬទេ? តើពួកគេអាចដេញតាមសេចក្ដីពិតបានដែរឬទេ? ប្រសិនបើពួកគេមិនដែលអាចស្គាល់ខ្លួនឯង ហើយមិនបោះបង់និស្ស័យពុករលួយនេះបានទេនោះ តើពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អដែរឬទេ? ប្រាកដជាមិនបានឡើយ» («ការស្គាល់ពីនិស្ស័យរបស់ខ្លួន គឺជាមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា ដោយសារតែមនុស្សមាននិស្ស័យក្រអឺតក្រទម គេតែងតែជឿថា ខ្លួនឯងត្រូវ ហើយថាខ្លួនឯងខ្ពង់ខ្ពស់ជាងអ្នកដទៃ។ វាពិតជាពិបាកណាស់ក្នុងការចុះចូលនឹងព្រះជាម្ចាស់ និងទទួលយកយោបល់របស់អ្នកដទៃបែបនេះ។ នៅពេលមនុស្សម្នាក់មានអំណោយទាន ឬជំនាញខ្លះៗក្នុងផ្នែកជាក់លាក់ណាមួយ គេនឹងគិតថា គេពូកែជាង និងមានចំណេះដឹងជាងអ្នកដទៃ ធ្វើការតាមគំនិតផ្ទាល់ខ្លួន ហើយពិបាកនឹងសហការជាមួយអ្នកដទៃ។ ទោះបីជាយោបល់ដែលអ្នកដទៃលើកឡើងស្របតាមគោលការណ៍ក៏ដោយ ក៏គេមិនចង់យកមកអនុវត្តដែរ។ ឥរិយាបថរបស់ខ្ញុំគឺបែបហ្នឹងឯង។ ខ្ញុំជឿថា ខ្ញុំមានបទពិសោធខាងរាំ ដូច្នេះអ្នកដទៃគួរតែរៀនពីក្បាច់របស់ខ្ញុំ។ ជាពិសេស ពេលអ្នកមើលការខុសត្រូវនិយាយថា ខ្ញុំរាំបានល្អ ខ្ញុំកាន់តែមានទស្សនៈខ្ពស់ចំពោះខ្លួនឯងថែមទៀត។ ពេលបងប្អូនប្រុសស្រីផ្ដល់យោបល់ឲ្យខ្ញុំ ខ្ញុំមិនបានស្ដាប់ពួកគេដោយយកចិត្តទុកដាក់ទេ ហើយមិនចង់សាកល្បងធ្វើតាមដើម្បីកែលម្អឡើយ។ ទោះបីជាអ្វីដែលបងប្អូនប្រុសស្រីនិយាយគឺត្រឹមត្រូវ ហើយខ្ញុំអាចឃើញយ៉ាងច្បាស់ថា ក្បាច់របស់ខ្ញុំមិនដូចគ្នា និងមិនស៊ីចង្វាក់គ្នាជាមួយអ្នកដទៃក៏ដោយ ក៏ខ្ញុំនៅតែមិនចង់ទទួលយក ហើយមិនចង់កែប្រែខ្លួនឯងដែរ។ ខ្ញុំគិតថា «ហេតុអ្វីខ្ញុំគួរតែស្ដាប់ពួកឯង? ខ្ញុំរាំពូកែជាងពួកឯង។ ខ្ញុំគួរតែជាអ្នកណែនាំពួកឯងវិញតើ»។ ពេលបងប្អូនប្រុសស្រីចង់ឲ្យខ្ញុំហាត់ក្បាច់រាំមួយដដែលៗ ខ្ញុំមិនចង់ទទួលយករឿងនេះទេ ហើយមានអារម្មណ៍ដូចជា ពួកគេកំពុងបង្រៀនខ្ញុំ។ តើឥរិយាបថរបស់ខ្ញុំនេះមិនក្រអឺតក្រទមពេកទេឬអី? វាគឺជាអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ដែលឲ្យយើងរាំជាមួយគ្នា ដើម្បីឲ្យយើងអាចសហការគ្នាបានល្អ និងបំពេញភារកិច្ចបានល្អ។ ទោះយ៉ាងណា ខ្ញុំក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត៖ ខ្ញុំតែងតែរាំតាមរបៀបរបស់ខ្លួនឯង ហើយមិនទទួលយកយោបល់របស់អ្នកដទៃ ដែលបណ្ដាលឲ្យមានការសហការមិនល្អរវាងបងប្អូនប្រុសស្រី ហើយថែមទាំងធ្វើឲ្យយឺតយ៉ាវដល់វឌ្ឍនភាពនៃការរាំទៀតផង។ តាមពិត ក្បាច់រាំដែលខ្ញុំបានរៀននៅក្នុងលោកីយ៍ មិនមែនជាគោលការណ៍ ឬស្ដង់ដារទេ។ ក្បាច់ខ្លះធំពេក ហើយមិនសូវមានចិត្តគោរពទេ៖ វាមិនអាចសម្រេចបាននូវផលនៃការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ឡើយ។ ខ្ញុំគឺជាអ្នកជឿព្រះជាម្ចាស់ ហើយគួរតែបញ្ចេញកាយវិការតាមរបៀបដ៏ថ្លៃថ្នូរ និងសមរម្យ។ ខ្ញុំរាំដើម្បីសរសើរតម្កើងព្រះជាម្ចាស់ និងដើម្បីឲ្យអ្នកទស្សនាមានក្តីរីករាយក្នុងចិត្ត ហើយអាចសរសើរតម្កើងព្រះជាម្ចាស់ជាមួយខ្ញុំ។ ខ្ញុំមិនអាចបន្តក្រអឺតក្រទម និងប្រកាន់ខ្ជាប់គំនិតខ្លួនឯងទៀតទេ។ ខ្ញុំត្រូវតែចុះចូលនឹងតម្រូវការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយបោះបង់ខ្លួនឯង ដោយធ្វើការយ៉ាងចុះសម្រុងជាមួយបងប្អូនប្រុសស្រី។
ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ៖ «ចូរប្រាប់ខ្ញុំមកមើល តើមាននរណាម្នាក់ដែលឥតខ្ចោះដែរឬទេ? ទោះបីជាមនុស្សម្នាក់ពូកែខ្លាំង ហើយគេមានសមត្ថភាព និងមានទេពកោសល្យក៏ដោយ ក៏គេនៅតែមិនឥតខ្ចោះដែរ។ នេះគឺជាការពិត។ មនុស្សត្រូវតែមានការយល់ដឹងនេះ ហើយវាគឺជាអាកប្បកិរិយាដ៏ត្រឹមត្រូវដែលមនុស្សគួរតែមានចំពោះចំណុចខ្លាំង និងគុណសម្បត្តិរបស់ខ្លួន ព្រមទាំងចំណុចខ្សោយរបស់ពួកគេផ្ទាល់ វាគឺជាភាពមានវិចារណញ្ញាណដែលមនុស្សគួរតែមាន។ ប្រសិនបើអ្នកមានភាពមានវិចារណញ្ញាណនេះ អ្នកអាចប្រព្រឹត្តចំពោះចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នកផ្ទាល់បានយ៉ាងត្រឹមត្រូវ ក៏ដូចជាចំពោះចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នកដទៃដែរ ហើយតាមរបៀបនេះ អ្នកនឹងអាចសហការជាមួយអ្នកដទៃយ៉ាងចុះសម្រុងបាន។ ប្រសិនបើអ្នកយល់ពីទិដ្ឋភាពនៃសេចក្ដីពិតនេះ ហើយអាចចូលទៅក្នុងទិដ្ឋភាពនៃតថភាពនៃសេចក្ដីពិតនេះបាន នោះអ្នកអាចចុះសម្រុងគ្នាយ៉ាងល្អជាមួយបងប្អូនប្រុសស្រី ហើយខ្ចីចំណុចខ្លាំងរបស់ពួកគេ ដើម្បីប៉ះប៉ូវចំណុចខ្សោយរបស់អ្នកបាន។ តាមរបៀបនេះ មិនថាអ្នកកំពុងបំពេញភារកិច្ចអ្វី ឬកំពុងធ្វើអ្វីក៏ដោយ ក៏អ្នកនឹងធ្វើវាបានកាន់តែល្អប្រសើរឡើងៗ ហើយអ្នកនឹងទទួលបានព្រះពររបស់ព្រះជាម្ចាស់» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា មិនថាយើងមានជំនាញអ្វី ឬមានបទពិសោធអ្វីនៅក្នុងផ្នែកណាមួយនោះទេ វាមិនមានន័យថា យើងនឹងមិនធ្វើខុសនោះទេ ហើយក៏មិនមានន័យថា យើងល្អឥតខ្ចោះដែរ។ មនុស្សគ្រប់គ្នាតែងធ្វើខុស និងមានចំណុចខ្វះខាត។ នេះតម្រូវឲ្យយើងរៀនពីចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីបំពេញចំណុចខ្សោយរបស់យើង ទើបយើងអាចបំពេញភារកិច្ចបានល្អ។ កាលពីមុន ខ្ញុំមិនបានសហការល្អជាមួយបងប្អូនប្រុសស្រីទេ ពេលយើងកំពុងហាត់។ និស្ស័យរបស់ខ្ញុំគឺក្រអឺតក្រទមណាស់ ហើយខ្ញុំតែងតែគិតថា ខ្ញុំពូកែជាង។ ខ្ញុំមិនបានចាត់ទុកយោបល់របស់ពួកគេថាជាការសំខាន់ទេ ដូច្នេះ ក្បាច់រាំរបស់ខ្ញុំតែងតែមិនស្របគ្នាជាមួយពួកគេ។ ប្រសិនបើគ្មានការលាតត្រដាងរបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការណែនាំរបស់បងប្អូនប្រុសស្រីទេ ខ្ញុំនឹងមិនស្គាល់ខ្លួនឯង ហើយនឹងកាន់តែក្រអឺតក្រទមថែមទៀត។ ខ្ញុំត្រូវតែរៀនពីបងប្អូនប្រុសស្រី។ ខ្ញុំគួរតែរៀនពីចំណុចខ្លាំងរបស់ពួកគេ ដើម្បីបំពេញចំណុចខ្សោយរបស់ខ្ញុំ និងជួយគ្នាទៅវិញទៅមក។ មានតែតាមរបៀបនេះទេ ទើបយើងអាចបំពេញភារកិច្ចបានល្អ។ ក្រោយមក ពេលយើងកំពុងរាំ បងប្អូនប្រុសស្រីបានចង្អុលបង្ហាញបញ្ហាបន្ថែមទៀតដែលខ្ញុំមាន។ ឧទាហរណ៍ ក្បាច់របស់ខ្ញុំលឿនពេក ហើយចង្វាក់របស់ខ្ញុំខុសពីពួកគេ។ ពួកគេបានផ្ដល់យោបល់ឲ្យខ្ញុំបន្ថយល្បឿនបន្តិច ដើម្បីឲ្យខ្ញុំអាចស្របគ្នាជាមួយពួកគេ។ ពេលខ្ញុំឮយោបល់ទាំងនេះ ទោះបីជាខ្ញុំមិនសូវពេញចិត្តក៏ដោយ ខ្ញុំមិនចង់ប្រកាន់ខ្ជាប់គំនិតខ្លួនឯង ដូចកាលពីមុនទៀតទេ។ ខ្ញុំត្រូវតែសហការយ៉ាងចុះសម្រុងជាមួយបងប្អូនប្រុសស្រី និងទទួលយកយោបល់របស់ពួកគេ។ ពេលខ្ញុំអនុវត្តតាមរបៀបនេះ ក្បាច់របស់ខ្ញុំល្អជាងមុន ខ្ញុំអាចរក្សាភាពស៊ីសង្វាក់គ្នាជាមួយពួកគេបាន ហើយការរាំរបស់ខ្ញុំបានប្រសើរឡើង។
តាមរយៈបទពិសោធនេះ ខ្ញុំបានរៀនពីរបៀបសហការយ៉ាងត្រឹមត្រូវជាមួយបងប្អូនប្រុសស្រី ហើយទទួលបានការយល់ដឹងខ្លះៗអំពីនិស្ស័យក្រអឺតក្រទមរបស់ខ្លួនឯង។ ការដែលខ្ញុំអាចយល់បានខ្លះៗ និងមានការផ្លាស់ប្ដូរបន្តិចបន្តួចនេះ គឺជាលទ្ធផលដែលសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់!