ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២៣)

ចំណុចទីដប់បួន៖ ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបណ្ដេញពួកគេចេញ (ផ្នែកទីពីរ)

នៅក្នុងការជួបជុំលើកមុន យើងបានប្រកបគ្នាអំពីទំនួលខុសត្រូវទីដប់បួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ គឺ៖ «ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបណ្ដេញពួកគេចេញ»។ ការប្រកបនេះបានគ្របដណ្ដប់លើទិដ្ឋភាពមួយនៃរឿងនេះគឺ៖ តើអ្វីទៅជាពួកជំនុំ។ បន្ទាប់ពីបានប្រកបគ្នាអំពីនិយមន័យនៃពួកជំនុំរួចហើយ តើអ្នករាល់គ្នាយល់ច្បាស់អំពីទំនាក់ទំនងរវាងរឿងនេះជាមួយនឹងទំនួលខុសត្រូវទីដប់បួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែរឬទេ? (បន្ទាប់ពីព្រះជាម្ចាស់បានប្រកបអំពីនិយមន័យនៃពួកជំនុំរួចហើយ ពួកយើងបានយល់ពីមូលហេតុដែលពួកជំនុំមានវត្តមាន ក៏បានយល់ពីតួនាទីដែលពួកជំនុំត្រូវបំពេញ និងកិច្ចការដែលពួកជំនុំធ្វើផងដែរ។ ដោយផ្អែកលើរឿងនេះ យើងអាចសម្គាល់ថាតើអ្នកណាខ្លះនៅក្នុងពួកជំនុំដែលកំពុងបង្អាក់និងរំខាន ហើយមិនបំពេញតួនាទីជាវិជ្ជមាន រួចហើយជម្រះ ឬបណ្ដេញអ្នកទាំងនោះចេញ។) បន្ទាប់ពីយល់ដឹងថាអ្វីទៅជាពួកជំនុំហើយ នោះអ្នកដឹកនាំ និងអ្នកធ្វើការគួរតែដឹងពីមូលហេតុដែលព្រះជាម្ចាស់បង្កើតពួកជំនុំ ឥទ្ធិពលដែលការកកើតពួកជំនុំមានមកលើមនុស្ស កិច្ចការដែលពួកជំនុំគួរធ្វើ ប្រភេទមនុស្សដែលបង្កើតបានជាពួកជំនុំ ហើយអ្នកណាខ្លះគឺជាបងប្អូនប្រុសស្រីពិតប្រាកដ។ បន្ទាប់ពីបានយល់និងដឹងពីរឿងទាំងនេះហើយ អ្នករាល់គ្នាមានគោលគំនិតនិងនិយមន័យជាមូលដ្ឋាន ក៏ដូចជាមូលដ្ឋានគ្រឹះនៃគោលការណ៍សម្រាប់កិច្ចការដែលមានចែងក្នុងទំនួលខុសត្រូវទីដប់បួន៖ «ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបណ្ដេញពួកគេចេញ»។ នេះគឺជាអ្វីដែលគួរតែយល់និងដឹងឱ្យបានច្បាស់ក្នុងទិដ្ឋភាពផ្នែកទ្រឹស្ដីនិងនិមិត្ត។ បន្ទាប់ពីយល់អំពីរឿងនេះហើយ ការងារដំបូងដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើ គឺត្រូវស្គាល់មនុស្សអាក្រក់គ្រប់ប្រភេទ។ តើអ្វីជាស្ដង់ដានិងគោលការណ៍សម្រាប់ធ្វើរឿងនេះ? ការស្គាល់មនុស្សអាក្រក់គ្រប់ប្រភេទ គួរតែផ្អែកលើនិយមន័យនៃពួកជំនុំ សារៈសំខាន់ និងគុណតម្លៃនៃអត្ថិភាពរបស់ពួកជំនុំ ព្រមទាំងកិច្ចការដែលព្រះជាម្ចាស់បង្កើតពួកជំនុំមកដើម្បីធ្វើ។ ស្ដង់ដានិងមូលដ្ឋានសម្រាប់ការស្គាល់មនុស្សអាក្រក់គ្រប់ប្រភេទ កាលពីលើកមុនត្រូវបានបែងចែកជាបីប្រភេទធំៗ។ តើប្រភេទទាំងបីនេះមានអ្វីខ្លះ? (គោលបំណងនៃការជឿលើព្រះជាម្ចាស់ ភាពជាមនុស្ស និងអាកប្បកិរិយាចំពោះភារកិច្ច។) តើប្រភេទធំៗទាំងបីនេះមានភាពជាក់លាក់ និងគ្រប់ជ្រុងជ្រោយគ្រប់គ្រាន់ដែរឬទេ? មនុស្សខ្លះនិយាយថា៖ «ហេតុអ្វីបានជាការស្គាល់មនុស្សគ្រប់ប្រភេទ មិនផ្អែកលើកម្រិតដែលពួកគេស្រឡាញ់សេចក្ដីពិត និងកម្រិតដែលពួកគេចុះចូលនិងកោតខ្លាចព្រះជាម្ចាស់ ប៉ុន្តែបែរជាផ្អែកលើគោលបំណងនៃការជឿលើព្រះជាម្ចាស់ ភាពជាមនុស្ស និងអាកប្បកិរិយាចំពោះភារកិច្ចនេះទៅវិញ? តើស្ដង់ដានេះមិនទាបពេកទេឬ? និយាយម្យ៉ាងទៀត បើមើលពីខ្លឹមសារជាក់លាក់នៃចំណុចទាំងបីនេះ ហេតុអ្វីបានជាមិនមានការពិភាក្សាឱ្យស៊ីជម្រៅជាងនេះ អំពីអាកប្បកិរិយារបស់មនុស្សចំពោះព្រះជាម្ចាស់ និងចំពោះសេចក្ដីពិត? ហេតុអ្វីបានជាមិនមានការលើកឡើងអំពីរឿងដែលមនុស្សសុខចិត្តទទួលយកការលួសកាត់ ការជំនុំជម្រះ និងការវាយផ្ចាល រឿងដែលពួកគេមានចិត្តចុះចូលនិងកោតខ្លាចព្រះជាម្ចាស់ និងខ្លឹមសារកាន់តែស៊ីជម្រៅផ្សេងទៀតដែលពាក់ព័ន្ធនឹងសេចក្ដីពិត?» តើអ្នករាល់គ្នាធ្លាប់គិតអំពីសំណួរនេះដែរឬទេ? យើងកុំទាន់និយាយអំពីបញ្ហានេះអី។ ចូរយើងមកមើលលក្ខណវិនិច្ឆ័យទាំងបីនេះសិន៖ គោលបំណងរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់ ភាពជាមនុស្ស និងអាកប្បកិរិយាចំពោះភារកិច្ចរបស់ពួកគេ។ បើមើលពីចំណងជើងរបស់វា តើលក្ខណវិនិច្ឆ័យទាំងបីនេះរាក់កំផែលឬអត់? ប្រសិនបើមនុស្សម្នាក់មិនស្របតាមស្ដង់ដានៃលក្ខណវិនិច្ឆ័យមូលដ្ឋានបំផុតទាំងបីនេះទេ តើអាចហៅពួកគេថាជាបងប្អូនប្រុសស្រីបានដែរឬទេ? (មិនបានទេ។) តើពួកគេអាចចាត់ទុកជាសមាជិកពួកជំនុំបានដែរឬទេ? តើពួកគេអាចត្រូវបានព្រះជាម្ចាស់ទទួលស្គាល់ថាជាផ្នែកមួយនៃពួកជំនុំបានដែរឬទេ? (មិនបានទេ។) គឺមិនបានទាំងអស់ហ្នឹង។ ដូច្នេះ ប្រសិនបើនៅក្នុងលក្ខណវិនិច្ឆ័យទាំងបីនេះ មនុស្សម្នាក់នៅខ្វះចន្លោះ ឬមិនស្របតាមស្ដង់ដាទេ នោះគួរតែស្គាល់មនុស្សបែបនេះ។ ពួកគេស្ថិតនៅក្នុងចំណោមមនុស្សអាក្រក់គ្រប់ប្រភេទ ហើយពួកគេគួរតែត្រូវបានបោសម្អាត និងបណ្ដេញចេញ។ ការដែលមនុស្សម្នាក់គឺជាបងប្អូនប្រុសស្រី ត្រូវបានព្រះជាម្ចាស់ទទួលស្គាល់ ឬជាសមាជិកដែលពួកជំនុំគួរទទួលយកឬអត់នោះ យ៉ាងហោចណាស់ក៏ត្រូវមើលថាតើពួកគេស្របតាមស្ដង់ដា និងបំពេញតាមលក្ខណវិនិច្ឆ័យទាំងបីនេះដែរឬទេ។ ប្រសិនបើពួកគេមិនអាចបំពេញតាមលក្ខណវិនិច្ឆ័យទាំងបីនេះផង នោះពួកគេប្រាកដជាមិនមែនជាបងប្អូនប្រុសស្រីឡើយ។ ជាធម្មតា ព្រះជាម្ចាស់មិនទទួលស្គាល់ពួកគេទេ ហើយពួកជំនុំក៏មិនគួរទទួលយកពួកគេដែរ។ ដូច្នេះ តើពួកជំនុំគួរប្រព្រឹត្តចំពោះពួកគេ និងចាត់ការពួកគេដោយរបៀបណា? (បោសសម្អាត និងបណ្ដេញពួកគេចេញ)។ នៅពេលដែលស្គាល់ពួកគេហើយ ត្រូវតែបោសសម្អាត និងបណ្ដេញពួកគេចេញ។ រឿងគឺបែបហ្នឹងឯង។

ស្ដងដា និងមូលដ្ឋានដើម្បីស្គាល់ពីប្រភេទផ្សេងៗនៃមនុស្សអាក្រក់

I. ផ្អែកលើគោលបំណងរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់

ឃ. ដើម្បីពាក់ព័ន្ធនឹងឱកាសនិយម

នៅក្នុងការជួបជុំលើកមុន យើងបានប្រកបគ្នា និងលើកឡើងនូវគោលបំណងបីយ៉ាងនៃការជឿលើព្រះជាម្ចាស់។ ប្រសិនបើយើងលើកឡើងនូវគោលបំណងទាំងនោះជាចំណងជើង ទីមួយគឺដើម្បីបំពេញបំណងប្រាថ្នាចង់ធ្វើជាមន្ត្រី ទីពីរគឺដើម្បីស្វែងរកភេទផ្ទុយគ្នា និងទីបីគឺដើម្បីគេចពីមហន្តរាយ។ យើងបានបញ្ចប់ការប្រកបគ្នាអំពីគោលបំណងទាំងបីនេះរួចហើយ។ បន្ទាប់មក យើងនឹងប្រកបគ្នាអំពីគោលបំណងទីបួន៖ មនុស្សមួយចំនួនជឿលើព្រះជាម្ចាស់ ដោយសារតែឱកាសនិយមសុទ្ធសាធ ដូច្នេះ ចំណងជើងនៃគោលបំណងនេះគឺ «ពាក់ព័ន្ធនឹងឱកាសនិយម»។ មនុស្សមួយចំនួនឃើញថា គ្រប់សាសនានិងនិកាយទាំងអស់នៅក្នុងពិភពសាសនា សុទ្ធតែសោះកក្រោះ និងគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ពោលគឺសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់របស់មនុស្សបានត្រជាក់ទៅៗ ហើយមនុស្សខ្លួនឯងកាន់តែធ្លាក់ចុះដុនដាបទៅៗ និងមើលមិនឃើញសេចក្ដីសង្ឃឹមនៃការសង្រ្គោះឡើយ ហើយថាមនុស្សបានជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែមិនទទួលបានអ្វីសោះ។ ដោយឃើញថាពិភពសាសនាបានប្រែក្លាយទៅជាទីរហោស្ថានទាំងស្រុង ពួកគេក៏ស្វែងរកផ្លូវដើរទៅមុខសម្រាប់ខ្លួនឯង។ ពួកគេរិះគិតថា៖ «ឥឡូវនេះ តើពួកជំនុំមួយណាដែលមានមនុស្សច្រើនជាងគេ កំពុងតែរុងរឿង និងមានឱកាសរីកចម្រើននៅថ្ងៃអនាគត?» ពួកគេឃើញថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលត្រូវបានពិភពសាសនាទាស់ប្រឆាំងនិងថ្កោលទោសនោះ កំពុងតែរុងរឿង មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកំពុងរីកចម្រើនយ៉ាងល្អប្រសើរ ទាំងក្នុង និងក្រៅប្រទេស។ ពួកគេគិតថា៖ «ខ្ញុំឮថា ចំនួនសមាជិករបស់ពួកជំនុំនេះកំពុងកើនឡើង កំពុងរីកចម្រើនយ៉ាងល្អប្រសើរ ហើយមានកម្លាំងមនុស្ស ធនធានសម្ភារ និងធនធានហិរញ្ញវត្ថុយ៉ាងសម្បូរបែប ព្រមទាំងមានឱកាសរីកចម្រើននៅថ្ងៃអនាគតទៀតផង។ ប្រសិនបើខ្ញុំចាប់យកឱកាសដ៏ល្អនេះ ដើម្បីចូលរួមជាមួយពួកជំនុំរបស់ពួកគេ តើខ្ញុំនឹងមិនអាចទទួលបានអត្ថប្រយោជន៍ខ្លះៗទេឬ? តើខ្ញុំនឹងមិនធានាបាននូវអនាគតដ៏ល្អសម្រាប់ខ្លួនឯងទេឬ?» ដោយមានបំណង និងគោលបំណងបែបនេះ រួមទាំងការចង់ចេះចង់ដឹងបន្តិចបន្តួចផង ពួកគេក៏ជ្រៀតចូលក្នុងពួកជំនុំ។ បន្ទាប់ពីមនុស្សទាំងនេះជ្រៀតចូលក្នុងពួកជំនុំហើយ ពួកគេមិនចាប់អារម្មណ៍នឹងសេចក្ដីពិត ការជឿលើព្រះជាម្ចាស់ ឬការផ្លាស់ប្ដូរនិស្ស័យជីវិតរបស់ពួកគេឡើយ។ គោលបំណងរបស់ពួកគេក្នុងការចូលរួមជាមួយពួកជំនុំ គឺគ្រាន់តែដើម្បីស្វែងរកខ្នងបង្អែក ឬកន្លែងស្នាក់អាស្រ័យ និងដើម្បីទទួលបានអនាគតដែលពួកគេចង់បានប៉ុណ្ណោះ។ តាមពិតទៅ នៅក្នុងចិត្តរបស់ពួកគេ ពួកគេគ្មានចំណាប់អារម្មណ៍ក្នុងការជឿលើព្រះជាម្ចាស់ គ្មានចំណាប់អារម្មណ៍លើសេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងចេញ ឬកិច្ចការនៃការសង្រ្គោះដែលព្រះជាម្ចាស់ធ្វើឡើយ ហើយពួកគេមិនចង់ស្ដាប់ ឬស្វែងរកអំពីរឿងទាំងនេះទេ។ ជាពិសេស ពួកគេគ្មានចំណាប់អារម្មណ៍សោះឡើយចំពោះកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងនេះគឺដូចជាមនុស្សឱកាសនិយមនៅក្នុងសង្គមដែរ ដែលមិនថាពួកគេចូលរួមក្នុងវិស័យណាក៏ដោយ គឺធ្វើឡើងដើម្បីតែស្វែងរកឱកាសទទួលបានកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈប៉ុណ្ណោះ ហើយគ្រាន់តែធ្វើការវិនិយោគ និងលះបង់ដើម្បីជាប្រយោជន៍ដល់អនាគត និងជោគវាសនារបស់ខ្លួនឯងតែប៉ុណ្ណោះ។ នៅពេលដែលពួកគេរកឃើញថា បច្ចុប្បន្ននេះគ្មានអនាគតច្បាស់លាស់នៅក្នុងផ្នែក ឬវិស័យដែលពួកគេបានចូលប្រឡូកនោះទេ ឬវិស័យនេះមិនអនុញ្ញាតឱ្យពួកគេបញ្ចេញចំណុចខ្លាំងរបស់ខ្លួន និងលេចត្រដែតឡើងនោះទេ ពួកគេតែងតែគិតគូរនៅក្នុងចិត្តថាតើគួរផ្លាស់ប្ដូរការងារ ឬប្ដូរវិស័យដែរឬទេ។ នៅក្នុងអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ មនុស្សបែបនេះតែងតែរង់ចាំឱកាសដើម្បីរំកិលទៅមុខទៀត។ ពួកគេមានចេតនា និងគោលបំណងក្នុងការចូលរួមជាមួយពួកជំនុំ។ នៅពេលដែលពួកជំនុំកំពុងរុងរឿង នៅពេលដែលពួកជំនុំអាចឈរជើងយ៉ាងរឹងមាំ និងមានឱកាសរីកចម្រើននៅថ្ងៃអនាគតនៅក្នុងសង្គម ឬក្នុងប្រទេសណាមួយ ពួកគេចូលប្រឡូកយ៉ាងសកម្ម និងយ៉ាងខ្នះខ្នែងក្នុងការងាររបស់ពួកជំនុំ។ ប៉ុន្តែ នៅពេលដែលពួកជំនុំរងការគាបសង្កត់ និងរឹតត្បិត ឬមិនអាចបំពេញបំណងប្រាថ្នា និងសេចក្ដីត្រូវការផ្ទាល់ខ្លួនរបស់ពួកគេបាន ពួកគេរិះគិតថាតើគួរចាកចេញពីពួកជំនុំ ហើយស្វែងរកផ្លូវដើរទៅមុខផ្សេងទៀតសម្រាប់ខ្លួនឯងដែរឬទេ។ តាមពិត គោលបំណងពិតប្រាកដរបស់មនុស្សទាំងនេះក្នុងការចូលរួមជាមួយពួកជំនុំ មិនមែនដោយសារតែពួកគេចាប់អារម្មណ៍នឹងសេចក្ដីពិតនោះទេ ពួកគេមិនបានចូលរួមជាមួយពួកជំនុំដោយផ្អែកលើការទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់ និងកិច្ចការថ្មីរបស់ព្រះជាម្ចាស់ក្នុងការសង្រ្គោះមនុស្សឡើយ។ សូម្បីតែនៅពេលដែលពួកគេជ្រើសរើសពួកជំនុំ ក៏ពួកគេជ្រើសយកពួកជំនុំណាដែលល្បីល្បាញ មានទ្រង់ទ្រាយធំ និងមានសមាជិកច្រើន ជាពិសេសពួកជំនុំដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងកម្រិតណាមួយ ទាំងក្នុង និងក្រៅប្រទេស។ សម្រាប់ពួកគេ មានតែពួកជំនុំប្រភេទនេះទេ ទើបស្របតាមស្ដង់ដារបស់ពួកគេ និងស៊ីគ្នាទាំងស្រុងទៅនឹងគោលដៅដែលពួកគេប្រាថ្នាចង់បាន ឬដេញតាម។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនដែលជឿលើសេចក្ដីពិតយ៉ាងពិតប្រាកដឡើយ ហើយពួកគេក៏មិនដែលទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់ ឬកិច្ចការរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដដែរ។ ទោះបីជាមើលទៅហាក់ដូចជា ពេលខ្លះពួកគេធ្វើអ្វីមួយសម្រាប់ពួកជំនុំ ឬចូលប្រឡូកនៅក្នុងផ្នែកខ្លះនៃការងាររបស់ពួកជំនុំ ក៏ដោយ ក៏នៅក្នុងជម្រៅចិត្ត អាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់ នៅតែមិនផ្លាស់ប្ដូរឡើយ។ តើអាកប្បកិរិយារបស់ពួកគេគឺជាអ្វី? អាកប្បកិរិយាឥតប្រែប្រួលរបស់ពួកគេ គឺគ្រាន់តែដើរតាមសិន ដើម្បីមើលថាតើពួកគេអាចទទួលបានអ្វីខ្លះពិតប្រាកដពីពួកជំនុំនេះ ដើម្បីមើលឱ្យច្បាស់ថាតើព្រះបន្ទូលដែលព្រះជាម្ចាស់បានត្រាស់សម្តែង អាចក្លាយជាការពិតបានប៉ុន្មាន និងក្នុងកម្រិតណា ហើយដើម្បីមើលថាតើព្រះពរដែលព្រះជាម្ចាស់បានសន្យាដល់មនុស្ស អាចទទួលបាននៅពេលណា ហើយថាតើព្រះពរទាំងនេះអាចឃើញនឹងភ្នែក និងសម្រេចក្នុងរយៈពេលខ្លីដែរឬទេ។ អាកប្បកិរិយារបស់ពួកគេគឺតែងតែបែបនេះជានិច្ច។ ពួកគេមកកាន់ដំណាក់របស់ព្រះជាម្ចាស់ ដោយការចង់ចេះចង់ដឹង និងបំណងចង់សាកល្បងមើល ព្រមទាំងមានអាកប្បកិរិយាមួយថា ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានបំពេញឲ្យសម្រេច និងក្លាយជាការពិត នោះពួកគេនឹងទទួលបានព្រះពរ ហើយមិនខាតបង់ឡើយ។ មនុស្សបែបនេះមកកាន់ដំណាក់របស់ព្រះជាម្ចាស់ ហើយទោះបីជាពួកគេមើលទៅហាក់ដូចជារាក់ទាក់ជាមួយអ្នកដទៃ គោរពតាមច្បាប់ទម្លាប់ មិនបង្កការបង្អាក់ ឬរំខាន និងមិនប្រព្រឹត្តផ្តេសផ្តាសក៏ដោយ ក៏តាមរយៈអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ និងសេចក្ដីពិត ពួកគេអាចត្រូវបានសម្គាល់ថាជាអ្នកមិនជឿយ៉ាងច្បាស់ក្រឡែត។

តើធ្វើដូចម្តេចទើបយើងអាចស្គាល់អ្នកមិនជឿប្រភេទដែលជឿលើព្រះជាម្ចាស់ គ្រាន់តែដើម្បីឆ្លៀតឱកាសស្វែងរកព្រះពរ ហើយគ្មានបំណងចង់បានសេចក្ដីពិតបានទៅ? មិនថាពួកគេស្ដាប់ការអធិប្បាយច្រើនប៉ុណ្ណា ទេ មិនថាបានប្រកបសេចក្ដីពិតជាមួយពួកគេយ៉ាងណាទេ គំនិត និងទស្សនៈរបស់ពួកគេចំពោះមនុស្ស និងអ្វីៗគ្រប់យ៉ាង ទស្សនៈចំពោះជីវិត និងគុណតម្លៃរបស់ពួកគេ មិនដែលផ្លាស់ប្ដូរឡើយ។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះពួកគេមិនដែលរិះគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានម៉ត់ចត់ឡើយ ហើយពួកគេមិនព្រមទទួលយកសេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងចេញ ឬអ្វីដែលព្រះជាម្ចាស់មានបន្ទូលអំពីបញ្ហាផ្សេងៗទាល់តែសោះ។ ពួកគេគ្រាន់តែប្រកាន់ខ្ជាប់នូវទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ និងទស្សនវិជ្ជារបស់សាតាំងប៉ុណ្ណោះ។ នៅក្នុងចិត្ត ពួកគេនៅតែជឿថា ទស្សនវិជ្ជា និងតក្កវិជ្ជារបស់សាតាំង គឺពិតជាត្រឹមត្រូវ និងសមហេតុផល។ ឧទាហរណ៍៖ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «មន្រ្តីមិនបង្កការលំបាកដល់អ្នកដែលឱ្យអំណោយទេ ហើយអ្នកដែលមិនចេះនិយាយបញ្ជោ ក៏មិនសម្រេចបានអ្វីដែរ» ឬ «មនុស្សល្អ ទើបមានជីវិតសុខសាន្ត»។ ថែមទាំងមានអ្នកខ្លះនិយាយថា៖ «នៅពេលដែលមនុស្សជឿលើព្រះជាម្ចាស់ ពួកគេត្រូវតែធ្វើជាមនុស្សល្អ ដែលមានន័យថា មិនត្រូវសម្លាប់ជីវិតឡើយ។ ការសម្លាប់ជីវិតគឺជាអំពើបាប ហើយព្រះមិនអាចអត់ទោសឱ្យបានឡើយ»។ តើនេះជាទស្សនៈបែបណា? វាគឺជាទស្សនៈបែបព្រះពុទ្ធសាសនា។ ទោះបីជាទស្សនៈបែបព្រះពុទ្ធសាសនា អាចស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សក៏ដោយ ក៏វាគ្មានសេចក្ដីពិតសោះឡើយ។ ជំនឿលើព្រះជាម្ចាស់ត្រូវតែផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបជាសេចក្ដីពិត។ នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ មនុស្សមួយចំនួនថែមទាំងទទួលយកទស្សនៈមិនសមហេតុផលរបស់អ្នកមិនជឿ និងទ្រឹស្ដីភាន់ច្រឡំនៃពិភពសាសនាថាជាសេចក្ដីពិតទៀតផង ពួកគេចាត់ទុករឿងទាំងនេះជារបស់មានតម្លៃ និងប្រកាន់ខ្ជាប់នូវរឿងទាំងនេះ។ តើមនុស្សទាំងនេះជាអ្នកដែលទទួលយកសេចក្ដីពិតដែរឬទេ? ពួកគេមិនអាចបែងចែកឱ្យដាច់រវាងពាក្យសម្ដីរបស់មនុស្ស និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬរវាងពួកអារក្ស និងសាតាំង ជាមួយនឹងព្រះដ៏ពិតតែមួយអង្គ ជាព្រះអាទិករបានឡើយ។ ពួកគេមិនអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ឬស្វែងរកសេចក្ដីពិតឡើយ ហើយពួកគេក៏មិនទទួលយកសេចក្ដីពិតណាមួយដែលព្រះជាម្ចាស់សម្ដែងចេញដែរ។ គំនិត និងទស្សនៈរបស់ពួកគេចំពោះមនុស្ស ពិភពខាងក្រៅ និងបញ្ហាផ្សេងៗទៀត មិនដែលផ្លាស់ប្ដូរឡើយ។ ពួកគេប្រកាន់ខ្ជាប់តែទស្សនៈដែលពួកគេតែងតែប្រកាន់យកប៉ុណ្ណោះ ដែលបានមកពីវប្បធម៌ប្រពៃណី។ មិនថាទស្សនៈទាំងនោះមិនសមហេតុផលយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចកត់សម្គាល់ឃើញដែរ ហើយពួកគេនៅតែប្រកាន់ខ្ជាប់នូវទស្សនៈភាន់ច្រឡំទាំងនោះ និងមិនលះបង់ចោលឡើយ។ នេះគឺជាការបង្ហាញឱ្យឃើញមួយរបស់អ្នកមិនជឿ។ តើមានអ្វីផ្សេងទៀត? នោះគឺភាពឆេះឆួល មនោសញ្ចេតនា និងសេចក្ដីជំនឿរបស់ពួកគេផ្លាស់ប្ដូរ ស្របពេលដែលពួកជំនុំរីកកាន់តែធំ ហើយឋានៈនៅក្នុងសង្គមក៏បន្តកើនឡើងជាលំដាប់។ ឧទាហរណ៍៖ នៅពេលដែលកិច្ចការរបស់ពួកជំនុំបានរីកសាយភាយទៅក្រៅប្រទេស និងបានពង្រីកទ្រង់ទ្រាយកាន់តែធំ ហើយនៅពេលដែលកិច្ចការដំណឹងល្អបានសាយភាយសព្វទិសទីហើយ ពួកគេក៏បានឃើញនូវទិដ្ឋភាពនេះ ហើយមានអារម្មណ៍ថាមានកម្លាំងចិត្តឡើងវិញភ្លាម។ ពួកគេមានអារម្មណ៍ថា ពួកជំនុំកាន់តែមានឥទ្ធិពលខ្លាំងឡើង ហើយនឹងលែងរងការគាបសង្កត់ និងបៀតបៀនពីរដ្ឋាភិបាលទៀតហើយ។ ពួកគេជឿថា មានសេចក្ដីសង្ឃឹមសម្រាប់ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ដែលពួកគេអាចងើបមុខមាត់ឡើងវិញ។ ដូច្នេះ ពួកគេមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់ គឺជាការភ្នាល់ដ៏ត្រឹមត្រូវ ហើយការផ្សងសំណាងរបស់ពួកគេនឹងទទួលបានផលតបស្នងនៅទីបំផុត។ ពួកគេមានអារម្មណ៍ថា ឱកាសទទួលបានព្រះពររបស់ពួកគេកាន់តែច្រើនឡើង ហើយទីបំផុតពួកគេចាប់ផ្ដើមមានទឹកមុខស្រស់បស់ឡើងវិញ។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមុន ពួកគេធ្លាប់មានអារម្មណ៍ធ្លាក់ទឹកចិត្ត ឈឺចាប់ និងពិបាកចិត្ត ដោយសារតែពួកគេតែងតែឃើញការចាប់ខ្លួន និងការគាបសង្កត់របស់នាគក្រហមដ៏ធំទៅលើគ្រីស្ទបរិស័ទ។ ហេតុអ្វីបានជាពួកគេមានអារម្មណ៍ពិបាកចិត្ត? ដោយសារតែពួកជំនុំស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ហើយពួកគេព្រួយបារម្ភថាតើពួកគេបានធ្វើការសម្រេចចិត្តត្រឹមត្រូវដែរឬទេ ក្នុងការជឿលើព្រះជាម្ចាស់។ ហើយលើសពីនេះទៅទៀត ពួកគេមានទុក្ខកង្វល់ និងព្រួយបារម្ភថាតើពួកគេគួរបន្តនៅ ឬចាកចេញពីពួកជំនុំ។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនោះ មិនថាពួកជំនុំប្រឈមនឹងកាលៈទេសៈលំបាកលំបិនបែបណាក៏ដោយ ក៏សុទ្ធតែបានជះឥទ្ធិពលលើអារម្មណ៍របស់ពួកគេដែរ។ មិនថាពួកជំនុំកំពុងធ្វើកិច្ចការអ្វី ឬមិនថាកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកជំនុំនៅក្នុងសង្គមប្រែប្រួលឡើងចុះយ៉ាងណាក៏ដោយ វាតែងប៉ះពាល់ដល់អារម្មណ៍និងមនោសញ្ចេតនារបស់ពួកគេជានិច្ច។ សំណួរថាតើពួកគេគួរបន្តនៅ ឬចាកចេញ តែងតែដិតដាមជាប់ក្នុងចិត្តរបស់ពួកគេជានិច្ច។ មនុស្សបែបនេះគឺជាអ្នកមិនជឿ តើមែនទេ? នៅពេលដែលពួកជំនុំត្រូវបានរដ្ឋាភិបាលជាតិថ្កោលទោស និងបង្ក្រាប ឬនៅពេលដែលអ្នកជឿត្រូវបានចាប់ខ្លួន ឬត្រូវបានពិភពសាសនាវិនិច្ឆ័យ ថ្កោលទោស បង្កាច់បង្ខូច និងបដិសេធចោល ពួកគេមានអារម្មណ៍ថាអាម៉ាស់មុខយ៉ាងខ្លាំង ហើយថែមទាំងមានអារម្មណ៍ថាមានសេចក្ដីអាម៉ាស និងភាពអាប់ឱនយ៉ាងខ្លាំងចំពោះការដែលបានចូលរួមជាមួយពួកជំនុំ។ ចិត្តរបស់ពួកគចាប់ផ្តើមរារែក ហើយពួកគេស្តាយក្រោយដែលបានជឿលើព្រះជាម្ចាស់ និងបានចូលរួមជាមួយពួកជំនុំ។ ពួកគេមិនដែលមានបំណងរួមសុខរួមទុក្ខជាមួយពួកជំនុំ ឬរងទុក្ខលំបាកជាមួយព្រះគ្រីស្ទឡើយ។ ផ្ទុយទៅវិញ នៅពេលដែលពួកជំនុំកំពុងរីកដុះដាល ពួកគេហាក់ដូចជាពោរពេញដោយសេចក្ដីជំនឿ ប៉ុន្តែនៅពេលដែលពួកជំនុំត្រូវបានបៀតបៀន បដិសេធចោល គាបសង្កត់ និងថ្កោលទោស ពួកគេបែរជាចង់រត់គេច និងចង់ចាកចេញទៅវិញ។ នៅពេលដែលពួកគេមើលមិនឃើញសេចក្ដីសង្ឃឹមនៃការទទួលបានព្រះពរ ឬសេចក្ដីសង្ឃឹមនៃការផ្សព្វផ្សាយដំណឹងល្អអំពីនគរព្រះ ពួកគេកាន់តែចង់ចាកចេញទៅទៀត។ នៅពេលដែលពួកគេមិនឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិត ហើយពេលណាភយន្តរាយដ៏ធំសម្បើមនឹងធ្លាក់មក ហើយពេលណាវានឹងបញ្ចប់ ឬពេលណានគររបស់ព្រះគ្រីស្ទនឹងលេចចេញជារូបរាង នោះពួកគេមានចិត្តមិននឹងន ហើយមិនអាចបំពេញភារកិច្ចរបស់ខ្លួនដោយស្ងប់ចិត្តបានឡើយ។ រាល់ពេលដែលរឿងនេះកើតឡើង ពួកគេចង់ចាកចេញពីព្រះជាម្ចាស់ ចាកចេញពីពួកជំនុំ និងស្វែងរកផ្លូវដកខ្លួនចេញ។ មនុស្សបែបនេះគឺជាអ្នកមិនជឿ តើមែនទេ? រាល់ទង្វើរបស់ពួកគេគឺដើម្បីតែផលប្រយោជន៍សាច់ឈាមផ្ទាល់ខ្លួនប៉ុណ្ណោះ។ គំនិត និងទស្សនៈរបស់ពួកគេនឹងមិនផ្លាស់ប្ដូរបន្តិចម្ដងៗ តាមរយៈបទពិសោធរបស់ពួកគេចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ឬតាមរយៈការអានព្រះបន្ទូលរបស់ទ្រង់ ការប្រកបសេចក្ដីពិត និងការរស់នៅក្នុងជីវិតពួកជំនុំឡើយ។ នៅពេលដែលមានរឿងអ្វីកើតឡើងចំពោះពួកគេ ពួកគេមិនដែលស្វែងរកសេចក្ដីពិត ឬស្វែងរកថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រាស់សម្តែងយ៉ាងណាអំពីរឿងនោះ តើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាអ្វី តើព្រះជាម្ចាស់ដឹកនាំមនុស្សដោយរបៀបណា ឬតើទ្រង់តម្រូវអ្វីខ្លះពីមនុស្សឡើយ។ គោលបំណងតែមួយគត់របស់ពួកគេក្នុងការចូលរួមជាមួយពួកជំនុំ គឺដើម្បីរង់ចាំថ្ងៃដែលពួកជំនុំអាច «ងើបមុខមាត់បាន» ដើម្បីឱ្យពួកគេអាចកើបយកអត្ថប្រយោជន៍ដែលពួកគេតែងតែចង់បាន។ ជាការពិតណាស់ ពួកគេបានចូលរួមជាមួយពួកជំនុំ ដោយសារតែពួកគេបានឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតដែរ ប៉ុន្តែពួកគេមិនព្រមទទួលយកសេចក្ដីពិតទាល់តែសោះ ហើយពួកគេមិនជឿថា ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់នឹងត្រូវបានបំពេញឲ្យសម្រេចឡើយ។ ចុះអ្នករាល់គ្នាយល់យ៉ាងណាដែរ តើមនុស្សបែបនេះគឺជាអ្នកមិនជឿមែនឬទេ? (មែនហើយ)។ មិនថាមានរឿងអ្វីកើតឡើងនៅក្នុងពួកជំនុំ ឬនៅក្នុងពិភពខាងក្រៅនោះទេ ពួកគេថ្លឹងថ្លែងថាតើផលប្រយោជន៍របស់ពួកគេនឹងរងផលប៉ះពាល់កម្រិតណា ហើយថាតើវានឹងមានឥទ្ធិពលខ្លាំងប៉ុនណាទៅលើគោលដៅដែលពួកគេដេញតាម។ នៅពេលដែលមានរឿងបន្តិចបន្តួចកើតឡើង ពួកគេនឹងគិតដល់អនាគត និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេភ្លាមៗ ហើយគិតយ៉ាងឆ្លាតវៃបំផុតថាតើពួកគេគួរបន្តនៅ ឬចាកចេញពីពួកជំនុំ។ ថែមទាំងមានមនុស្សដែលសួរមិនឈប់ថា៖ «កាលពីឆ្នាំមុន គេនិយាយថា កិច្ចការរបស់ព្រះនឹងបញ្ចប់ ចុះហេតុអ្វីបានជាវានៅតែបន្តទៀត? តើកិច្ចការរបស់ព្រះនឹងបញ្ចប់នៅឆ្នាំណាឱ្យប្រាកដ? តើខ្ញុំមិនមានសិទ្ធិដឹងទេឬ? ខ្ញុំបានស៊ូទ្រាំយូរហើយ ពេលវេលារបស់ខ្ញុំមានតម្លៃណាស់ យុវវ័យរបស់ខ្ញុំក៏មានតម្លៃដែរ អ្នកច្បាស់ជាមិនអាចទុកឱ្យខ្ញុំនៅរង់ចាំបែបនេះទៀតបានទេ?» ពួកគេឆាប់ដឹងណាស់ ជាពិសេសចំពោះរឿងដែលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានបំពេញឲ្យសម្រេចឬអត់ ស្ថានភាពរបស់ពួកជំនុំ ព្រមទាំងឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកជំនុំ។ ពួកគេមិនខ្វល់ថាតើពួកគេអាចទទួលបានសេចក្ដីពិត ឬអាចត្រូវបានសង្រ្គោះឬអត់នោះទេ ប៉ុន្តែពួកគេឆាប់ដឹងណាស់ចំពោះរឿងថាតើពួកគេនឹងអាចរស់រានមានជីវិត ហើយអាចទទួលបានអត្ថប្រយោជន៍ និងព្រះពរដោយការស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ។ មនុស្សបែបនេះសុទ្ធតែជាអ្នកឱកាសនិយម ក្នុងបំណងប្រាថ្នាចង់ទទួលបានព្រះពរ។ ទោះបីជាពួកគេជឿរហូតដល់ទីបញ្ចប់ក៏ដោយ ក៏ពួកគេនៅតែមិនយល់ពីសេចក្ដីពិត ហើយពួកគេនឹងគ្មានទីបន្ទាល់ចេញពីបទពិសោធដើម្បីលើកមកនិយាយឡើយ។ តើអ្នករាល់គ្នាធ្លាប់ជួបមនុស្សបែបនេះដែរឬទេ? តាមពិតទៅ មនុស្សបែបនេះមាននៅគ្រប់ពួកជំនុំ។ អ្នករាល់គ្នាត្រូវតែយកចិត្តទុកដាក់ស្គាល់ពួកគេ។ បុគ្គលបែបនេះសុទ្ធតែជាអ្នកមិនជឿ ពួកគេគឺជាគ្រោះចង្រៃនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេនឹងនាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរ និងគ្មានអត្ថប្រយោជន៍ដល់ពួកជំនុំឡើយ ហើយត្រូវតែបោសសម្អាតពួកគេចេញពីពួកជំនុំ។

ចូរយើងសង្ខេបអំពីលក្ខណៈរបស់មនុស្សឱកាសនិយម។ លក្ខណៈទីមួយរបស់ពួកគេ គឺពួកគេមិនចាត់ទុកការដែលព្រះជាម្ចាស់មានពិតឬអត់នោះថាជាការសំខាន់នោះទេ។ ប្រសិនបើអ្នកសួរពួកគេថាតើព្រះជាម្ចាស់មានពិតឬអត់ ពួកគេនឹងនិយាយថា៖ «ប្រហែលជាមាន។ ប៉ុន្តែ ទោះបីជាមិនមានក៏មិនអីដែរ។ ខ្ញុំគ្រាន់តែនៅទីនេះ ដើម្បីមើលថាតើទំនាយដែលព្រះបានមានបន្ទូលនឹងក្លាយជាការពិតឬអត់ ហើយថាតើភយន្តរាយដ៏ធំសម្បើមនឹងធ្លាក់មកឬអត់ប៉ុណ្ណោះ»។ នៅក្នុងគំនិតនិងទស្សនៈរបស់ពួកគេ អាកប្បកិរិយារបស់ពួកគេបង្ហាញថា ការដែលព្រះជាម្ចាស់មានឬអត់នោះ វាមិនមែនជាការសំខាន់នោះទេ។ ដូច្នេះ តើការដែលពួកគេជឿលើព្រះជាម្ចាស់ និងចូលរួមជាមួយពួកជំនុំ មិនមែនជារឿងលេងសើចទេឬ? (មែនហើយ។) ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ គឺជាជំនឿសាមញ្ញមួយ វាប្រៀបដូចជាការលេងល្បែង ហើយវាមិនពាក់ព័ន្ធនឹងសេចក្ដីពិត ឬផ្លូវជីវិតរបស់ពួកគេឡើយ។ តាមពិតទៅ ពួកគេមិនខ្វល់ថាតើព្រះជាម្ចាស់មានពិតឬអត់នោះទេ គឺថាបើទ្រង់មានក៏មិនអី ហើយបើទ្រង់មិនមានក៏អីដែរ។ មនុស្សខ្លះជំទាស់នឹងពួកគេ ដោយនិយាយថាព្រះជាម្ចាស់មិនមានពិតទេ ហើយពួកគេក៏មិនពិបាកចិត្ត ហើយក៏មិនស្អប់មនុស្សបែបនេះដែរ។ ប្រសិនបើគេនិយាយថាព្រះជាម្ចាស់មានពិត ពួកគេនិយាយថា៖ «បើទ្រង់មានពិតមែន នោះទ្រង់ពិតជាមានហើយ។ យ៉ាងណាមិញ បើអ្នកជឿ នោះទ្រង់ពិតជាមានមែន តែបើអ្នកមិនជឿ នោះទ្រង់ក៏មិនមានដែរ»។ នេះគឺជាទស្សនៈរបស់ពួកគេ។ តើមនុស្សបែបនេះជាអ្នកជឿពិតប្រាកដដែរឬទេ? ពួកគេគឺជាអ្នកមិនជឿ តើមែនទេ? (មែនហើយ។) ថាតើព្រះជាម្ចាស់មានពិតឬអត់ គឺមិនសំខាន់ចំពោះពួកគេឡើយ ដូច្នេះ តើមានភាពស្មោះត្រង់នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ដែរឬទេ? មិនអាចមានឡើយ។ តើលក្ខណៈទីមួយរបស់មនុស្សឱកាសនិយមគឺជាអ្វី? (ពួកគេមិនសូវខ្វាយខ្វល់ថាតើព្រះជាម្ចាស់មានពិតឬអត់នោះទេ។) នេះគឺជាលក្ខណៈទីមួយ។

តើលក្ខណៈទីពីររបស់មនុស្សឱកាសនិយមគឺជាអ្វី? គឺពួកគេមិនសូវមានចិត្តមោះមុតក្នុងការបែងចែករវាងរឿងវិជ្ជមាននិងអវិជ្ជមានឡើយ។ ពួកគេមិនស្គាល់ថាតើពាក្យសម្ដី មនុស្ស ព្រឹត្តិការណ៍ និងរឿងណាខ្លះដែលវិជ្ជមាន ហើយរឿងណាខ្លះដែលអវិជ្ជមានឡើយ ហើយពួកគេក៏មិនបានចាត់ទុករឿងនេះជាការសំខាន់ដែរ។ សម្រាប់ពួកគេ រឿងល្អអាចធ្វើឱ្យទៅជារឿងអាក្រក់ ហើយរឿងអាក្រក់អាចធ្វើឱ្យទៅជារឿងល្អ ដូចពាក្យរបស់អ្នកមិនជឿពោលថា៖ «ពាក្យកុហកដែលនិយាយមួយពាន់ដង នឹងក្លាយជាសេចក្ដីពិត»។ ពួកគេថាពាក្យនេះគឺត្រឹមត្រូវ។ ប្រសិនបើអ្នកសួរពួកគេថាអ្វីជាសេចក្ដីពិត ពួកគេប្រាកដជានឹងមិននិយាយថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតឡើយ ពីព្រោះពួកគេមិនទទួលស្គាល់រឿងនេះទេ។ តើពួកគេនឹងនិយាយដូចម្តេច? ទស្សនៈពិតរបស់ពួកគេគឺថា ពាក្យកុហកដែលនិយាយមួយពាន់ ឬមួយម៉ឺនដង នឹងក្លាយជាសេចក្ដីពិត មានន័យថា ប្រសិនបើមនុស្សជាច្រើននិយាយអ្វីមួយ ពួកគេនឹងជឿថាវាជាការពិត។ វាដូចជាពាក្យដែលអ្នកមិនជឿនិយាយថា៖ «ពីដំបូងឡើយ គ្មានផ្លូវនៅក្នុងលោកនេះទេ ប៉ុន្តែលុះមានមនុស្សដើរកាន់តែច្រើន ផ្លូវក៏កើតមានឡើង»។ ពួកគេមិនខ្វល់ថាអ្វីខុសឬត្រូវ យុត្តិធម៌ឬទុច្ចរិតឡើយ ពួកគេជឿថា អ្នកណាដែលមានសមត្ថភាពខ្លាំងគឺជាមនុស្សត្រឹមត្រូវ ហើយអ្នកណាដែលគ្មានបានការ និងគ្មានសមត្ថភាព គឺជាមនុស្សអវិជ្ជមាន។ ពួកគេនឹងមិនទទួលស្គាល់ដាច់ខាតថា អ្វីៗដែលព្រះជាម្ចាស់មានបន្ទូលនិងបំពេញកិច្ច សុទ្ធតែជារឿងវិជ្ជមាន ហើយពួកគេក៏នឹងមិនទទួលស្គាល់ថា អ្វីដែលព្រះជាម្ចាស់បង្គាប់ឱ្យមនុស្សរស់នៅ គឺជាតថភាពនៃរឿងវិជ្ជមានដែរ។ មនុស្សទាំងនេះថែមទាំងនិយាយពាក្យបំភ្លៃដូចជា៖ «អ្នកនិយាយថា ព្រះជាសេចក្ដីពិត ហើយព្រះបន្ទូលរបស់ព្រះគឺជាតថភាពនៃរឿងវិជ្ជមានទាំងអស់។ តើនេះមានន័យថា គ្មានរឿងវិជ្ជមាននៅក្នុងពិភពលោកនេះទេឬ? តើគ្មានរឿងវិជ្ជមាន និងសេចក្ដីពិតនៅក្នុងពិភពលោកនេះទេឬ?» តើនេះមិនមែនជារឿងផ្តេសផ្តាសទេឬ? តើនេះមិនមែនជាការបំភ្លៃទេឬ? (មែនហើយ។) មនុស្សទាំងនេះមិនយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាលក្ខណវិនិច្ឆ័យសម្រាប់ពាក្យសម្ដី ឬទង្វើរបស់ពួកគេឡើយ។ ឧទាហរណ៍៖ នៅពេលដែលពួកគេនិយាយបំភ្លៃ ហើយអ្នកជំទាស់នឹងពួកគេ ពួកគេនឹងនិយាយថា៖ «អ្នកគិតថាអ្នកត្រូវ ហើយខ្ញុំគិតថាខ្ញុំត្រូវ ដូច្នេះ យើងយល់ស្របតាមមតិរៀងៗខ្លួនទៅចុះ។ អ្នកណាគិតថាអ្វីល្អ នោះគឺជាការត្រឹមត្រូវហើយ»។ តើនេះជាទស្សនៈបែបណា? តើនេះមិនមែនជាការបិទបាំងទេឬ? (មែនហើយ។) នេះគឺជាទស្សនៈដ៏ល្ងង់ខ្លៅ និងច្របូកច្របល់ មនុស្សទាំងនេះមិនហ្មត់ចត់ក្នុងការបែងចែករវាងរឿងដែលវិជ្ជមាននិងអវិជ្ជមានឡើយ។ តើការមិនហ្មត់ចត់ចំពោះរឿងនេះ មានន័យដូចម្តេច? វាមានន័យថា ពួកគេមិនអាចទទួលស្គាល់ចេញពីចិត្តថា រឿងវិជ្ជមានទាំងអស់ដែលព្រះជាម្ចាស់មានបន្ទូល គឺសុទ្ធតែទាក់ទងនឹងសេចក្ដីពិត ស្របតាមសេចក្ដីពិត និងមកពីព្រះជាម្ចាស់ ហើយរឿងអវិជ្ជមានដែលព្រះជាម្ចាស់មានបន្ទូល គឺសុទ្ធតែផ្ទុយនឹងសេចក្ដីពិត និងមកពីសាតាំងឡើយ។ ពួកគេមិនទទួលយកការពិតនេះទេ ហើយតែងតែចង់ធ្វើឱ្យគំនិតនេះស្រពិចស្រពិល។ ដើម្បីជៀសវាងកុំឱ្យអ្នកដទៃស្គាល់ និងកុំឱ្យគេថ្កោលទោស ពួកគេមិនដែលហ្មត់ចត់ក្នុងការបែងចែករវាងរឿងវិជ្ជមាន និងរឿងអវិជ្ជមានឡើយ ពួកគេមិនដែលបញ្ចេញទស្សនៈពិតរបស់ពួកគេទេ ហើយតែងតែនិយាយមិនច្បាស់លាស់ ដោយមិនដែលទម្លាយឱ្យនរណាម្នាក់ដឹងពីអ្វីដែលពួកគេគិតពិតប្រាកដឡើយ។ ពួកគេនិយាយផ្សេងៗគ្នាទៅតាមមនុស្សដែលពួកគេកំពុងនិយាយជាមួយ ដោយបត់បែនតាមស្ថានការណ៍ទាំងស្រុងតាមការចាំបាច់។ ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ មនុស្សទាំងនេះមិនចាប់អារម្មណ៍នឹងសេចក្ដីពិត ឬអត្ថិភាពរបស់ព្រះជាម្ចាស់ឡើយ។ នេះគឺជាការបង្ហាញឱ្យឃើញទីពីររបស់មនុស្សឱកាសនិយម៖ ពួកគេមិនសូវហ្មត់ចត់ក្នុងការបែងចែករវាងរឿងវិជ្ជមាននិងអវិជ្ជមានឡើយ។

តើមនុស្សឱកាសនិយមទាំងនេះ មានលក្ខណៈផ្សេងទៀតអ្វីខ្លះទៀត? មនុស្សទាំងនេះតែងសម្រេចចិត្តថាត្រូវបន្តស្ថិតនៅ ឬចាកចេញ ទៅតាមការវិវត្តនៃស្ថានការណ៍ ហើយពួកគេពូកែបត់បែនតាមកាលៈទេសៈបំផុត។ នៅពេលពួកគេចូលរួមក្នុងពួកជំនុំ ពួកគេបានត្រៀមខ្លួនយ៉ាងល្អរួចជាស្រេចសម្រាប់ផ្លូវក្រោយ និងអនាគតរបស់ពួកគេ ដោយបានគ្រោងទុកគ្រប់ជំហានទាំងអស់។ នៅក្នុងចិត្ត ពួកគេគិតគូរ និងរៀបចំផែនការថាតើត្រូវធ្វើដូចម្ដេច ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច ហើយត្រូវធ្វើដូចម្ដេច ប្រសិនបើព្រះបន្ទូលមិនបានសម្រេច បន្ទាប់ពីកន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំ។ មនុស្សប្រភេទនេះមិនដែលលះបង់កម្លាំងកាយចិត្តទាំងស្រុងទៅក្នុងកិច្ចការរបស់ពួកជំនុំឡើយ បន្ទាប់ពីបានចូលក្នុងពួកជំនុំរួច។ ផ្ទុយទៅវិញ ពួកគេតែងតែសង្កេតមើលការវិវត្តរបស់ពួកជំនុំ អាកប្បកិរិយារបស់ពួកជំនុំមកលើពួកគេ និងរបៀបដែលពួកជំនុំប្រព្រឹត្តចំពោះពួកគេ ព្រមទាំងកត្តាផ្សេងៗទៀត ដើម្បីសម្រេចចិត្តសម្រាប់ជំហានបន្ទាប់របស់ខ្លួន។ តើគំនិតរបស់មនុស្សទាំងនេះមិនស្មុគស្មាញខ្លាំងទេឬ? (មែនហើយ។) ទោះបីជាពួកគេបានចូលរួមក្នុងពួកជំនុំក៏ដោយ ក៏ពួកគេតែងតែប្រកាន់យកទស្សនៈបណ្ដោះអាសន្ន ដូចជាកម្មករជាប់កិច្ចសន្យាម្នាក់ដែរ ដោយស្ថិតនៅក្នុងស្ថានភាព «ខ្លួននៅ តែចិត្តទៅ» ជានិច្ច ហើយក្នុងចិត្តរវល់តែគិតពីល្បិចកល និងឧបាយកល។ ការសម្រេចចិត្តរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ និងការចូលរួមក្នុងពួកជំនុំ គ្រាន់តែជាការសម្របសម្រួលទាំងទើសទាល់ប៉ុណ្ណោះ មិនមែនជាតម្រូវការខាងវិញ្ញាណ ឬជាបំណងប្រាថ្នាចង់ដើរតាមព្រះជាម្ចាស់ និងដើរលើផ្លូវដ៏ត្រឹមត្រូវនៃជីវិតមនុស្ស ដោយផ្អែកលើការទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់នោះទេ។ ពួកគេខ្វះសេចក្ដីជំនឿសម្រាប់រឿងនេះ។ មនុស្សទាំងនេះជឿលើព្រះជាម្ចាស់ក្នុងអាកប្បកិរិយារង់ចាំមើល ដោយគិតក្នុងចិត្តថា៖ «ប្រសិនបើការជឿលើព្រះជាម្ចាស់ នាំឱ្យខ្ញុំទទួលបានផលមួយរយគុណក្នុងជីវិតនេះ និងជីវិតអស់កល្បជានិច្ចនៅក្នុងលោកខាងមុខ ហើយអាចទទួលបានសេចក្ដីសង្គ្រោះ និងចូលទៅក្នុងនគរស្ថានសួគ៌ នោះខ្ញុំនឹងដើរតាម ហើយជឿ។ ប្រសិនបើខ្ញុំមិនអាចទទួលបានរបស់ទាំងនេះទេ ខ្ញុំនឹងចាកចេញពីពួកជំនុំគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ហើយឈប់ជឿតែម្ដង»។ ពួកគេមកជឿលើព្រះជាម្ចាស់ គឺគ្រាន់តែមានសេចក្តីសង្ឃឹមឆ្លៀតឱកាសទទួលបានពរជ័យតែប៉ុណ្ណោះ។ ប្រសិនបើពួកគេមិនអាចទទួលបានពរជ័យទេ ពួកគេអាចបោះបង់ចោលភារកិច្ចរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ហើយរកផ្លូវផ្សេងសម្រាប់ខ្លួនឯង ពីព្រោះចិត្តរបស់ពួកគេមិនដែលបានចាក់ឫសនៅក្នុងពួកជំនុំឡើយ ហើយពួកគេក៏មិនបានជ្រើសរើសផ្លូវនៃការជឿនិងដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះដែរ។

លក្ខណៈសំខាន់ៗបីយ៉ាងរបស់មនុស្សឱកាសនិយមទាំងនេះគឺ៖ ពួកគេមិនចាត់ទុកអត្ថិភាពរបស់ព្រះជាម្ចាស់ជាការសំខាន់ ពួកគេមិនបែងចែកឱ្យច្បាស់រវាងរឿងវិជ្ជមាននិង អវិជ្ជមាន ហើយពួកគេអាចចាកចេញពីពួកជំនុំគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។ ទោះបីជាបងប្អូនប្រុសស្រីប្រព្រឹត្តចំពោះពួកគេបានល្អយ៉ាងណាក៏ដោយ ឱ្យតែអ្វីៗមិនស្របតាមផលប្រយោជន៍របស់ពួកគេ ឬមិនបំពេញតាមតម្រូវការបច្ចុប្បន្នរបស់ពួកគេ ពួកគេអាចចាកចេញពីពួកជំនុំបាន។ ប៉ុន្តែ នៅពេលដែលពួកគេគ្មានកន្លែងទៅ ពួកគេជ្រើសរើសត្រឡប់មកវិញ។ បន្ទាប់ពីត្រឡប់មកវិញ ពួកគេនៅតែមិនដេញតាមសេចក្ដីពិតដដែល ហើយអាចនឹងចាកចេញពីពួកជំនុំម្ដងទៀតនៅពេលណាក៏បាន។ តើនេះជាមនុស្សគួរឱ្យស្អប់ខ្ពើមបែបណាទៅ? ការចេញចូលរបស់ពួកគេហាក់ដូចជាធម្មតាពេក ពួកគេមិនជឿលើព្រះជាម្ចាស់ដោយចិត្តស្មោះទេ។ នេះគឺជាលក្ខណៈរបស់មនុស្សឱកាសនិយម បើនិយាយពីសារជាតិរបស់ពួកគេវិញ ពួកគេគឺជាអ្នកមិនជឿ។ អ្នកខ្លះអាចបន្តជឿបានបីទៅប្រាំឆ្នាំ អ្នកខ្លះអាចបន្តបានប្រាំបីទៅដប់ឆ្នាំ ប៉ុន្តែគោលបំណងរបស់ពួកគេគឺគ្រាន់តែឆ្លៀតឱកាសស្វែងរកពរជ័យប៉ុណ្ណោះ។ មនុស្សបែបនេះមិនធម្មតាទេ។ ពួកគេថែមទាំងបានស៊ូទ្រាំរហូតមកដល់សព្វថ្ងៃ នៅក្នុងបរិយាកាសធ្វើទុក្ខបុកម្នេញដ៏សាហាវនៅចិនដីគោក តើនេះមិនមែនស្រដៀងនឹងការ «ស៊ូទ្រាំលំបាកវេទនាដើម្បីសម្រេចបំណងរបស់ខ្លួន» ទេឬ? អ្នកខ្លះមិនអាចបន្តបានទៀតទេ បន្ទាប់ពីជឿបានដប់ឆ្នាំ ដូច្នេះពួកគេក៏ត្អូញត្អែរថា៖ «ដប់ឆ្នាំហើយ។ ខ្ញុំបានខ្ជះខ្ជាយយុវវ័យរបស់ខ្ញុំនៅក្នុងពួកជំនុំ។ ប្រសិនបើខ្ញុំបានខិតខំធ្វើការនៅក្នុងពិភពលោកអស់រយៈពេលដប់ឆ្នាំនេះ ម្ល៉េះសមខ្ញុំរកប្រាក់បានច្រើនប៉ុនណាទៅហើយ? ប្រហែលជាខ្ញុំបានក្លាយជាអ្នកចាត់ការ ហើយខ្ញុំប្រហែលជាមានទ្រព្យសម្បត្តិជាច្រើនណាស់ហើយ»។ បន្ទាប់មក ពួកគេក៏នៅមិនសុខ។ ពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលដប់ឆ្នាំ គ្រាន់តែដើម្បីបំពេញការចង់ចេះចង់ដឹងដ៏ស្តួចស្តើង និងបំណងប្រាថ្នាចង់បានពរជ័យរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដែលដេញតាមសេចក្ដីពិតឡើយ។ ជាលទ្ធផល ពួកគេមិនទទួលបានអ្វីសោះ។ ពួកគេស្តាយក្រោយដែលបានជឿលើព្រះជាម្ចាស់ ហើយថែមទាំងជេរស្ដីខ្លួនឯងថា៖ «អាល្ងង់ អាភ្លើ! ឯងមិនដើរតាមផ្លូវធំទូលាយស្រណុកសុខស្រួលទេ បែរជាសុខចិត្តជម្នះដើរតាមផ្លូវដ៏លំបាកនេះទៅវិញ។ គ្មាននរណាម្នាក់បង្ខំឯងទេ វាគឺជាជម្រើសរបស់ឯងខ្លួនឯង!» អ្នកខ្លះអាចចាកចេញ សូម្បីតែបន្ទាប់ពីជឿបានដប់ឆ្នាំហើយក៏ដោយ ដោយចាកចេញភ្លាមគ្មានស្ទាក់ស្ទើរ។ បន្ទាប់បានតស៊ូរស់នៅក្នុងសង្គមបានពីរឬបីឆ្នាំមក ពួកគេយល់ឃើញថា ការរស់នៅក្នុងសង្គមគឺមិនរលូន ឬស្រណុកស្រួលដូចដែលពួកគេបានស្រមៃនោះទេ ហើយពិភពខាងក្រៅដែលមិនជឿក៏មិនស្រស់បំព្រង និងល្អឥតខ្ចោះដូចដែលគេមើលឃើញដែរ វាមិនងាយស្រួលសម្រាប់ពួករស់នៅកន្លែងណាមួយនៅក្នុងពិភពខាងក្រៅឡើយ។ បន្ទាប់ពីគិតចុះគិតឡើង ពួកគេយល់ឃើញថា ពួកជំនុំនៅតែល្អជាង ដូច្នេះពួកគេក៏ត្រឡប់មកវិញទាំងមុខក្រាស់។ នៅពេលពួកគេត្រឡប់មកវិញ ពួកគេនិយាយថា៖ «ការជឿលើព្រះជាម្ចាស់គឺល្អ អ្នកមិនជឿគឺអាក្រក់ តែងតែធ្វើបាបគេ។ មានទុក្ខវេទនាច្រើនណាស់នៅក្នុងពិភពខាងក្រៅ។ ប៉ុន្មានឆ្នាំនេះ ដោយមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនបានរស់នៅក្នុងជីវិតពួកជំនុំ ខ្ញុំបានធ្លាក់ទៅក្នុងសេចក្ដីងងឹត យំសោក និងសង្កៀតធ្មេញជារៀងរាល់ថ្ងៃ។ ខ្ញុំបានរងនូវការញាំញីរហូតដល់ថ្នាក់លែងដូចជាមនុស្សទៅហើយ។ ការជឿលើព្រះជាម្ចាស់គឺប្រសើរជាង!» ពួកគេអះអាងថា ការជឿលើព្រះជាម្ចាស់គឺប្រសើរជាង ប៉ុន្តែតាមពិតទៅ គឺដោយសារតែពួកគេបានឮថា មានគ្រោះមហន្តរាយច្រើនណាស់នៅក្នុងពិភពខាងក្រៅ ហើយមនុស្សជាតិហៀបនឹងត្រូវប្រឈមមុខនឹងភយន្តរាយដ៏ធំសម្បើមមួយក្នុងពេលឆាប់ៗនេះ។ ការមានលុយ មានដី មានឡាន និងមានផ្ទះ គឺគ្មានប្រយោជន៍ទេ មានតែអ្នកដែលមានជំនឿប៉ុណ្ណោះ ទើបអាចត្រូវបានសង្គ្រោះ។ ដូច្នេះ ពួកគេក៏ត្រឡប់មកជឿលើព្រះជាម្ចាស់វិញ។ តើនេះមិនមែនជាមនុស្សឱកាសនិយមទេឬ? (មែនហើយ។) មនុស្សឱកាសនិយម អាចចាកចេញពីពួកជំនុំគ្រប់ពេលវេលា។ ប្រសិនបើពួកគេឃើញថាមានសង្ឃឹមក្នុងការទទួលបានពរជ័យដោយការត្រឡប់មកពួកជំនុំវិញ ពួកគេអាចត្រឡប់មកវិញគ្រប់ពេលវេលាដែរ។ បន្ទាប់ពីត្រឡប់មកវិញ ពួកគេអាចនិយាយពាក្យសោកស្ដាយពីរបីម៉ាត់ និងបង្ហាញថាពួកគេនឹងមិនចាកចេញពីព្រះជាម្ចាស់ទៀតទេ ប៉ុន្តែបន្ទាប់ពីឃើញថា អ្វីៗនៅក្នុងពិភពខាងក្រៅមានភាពស្ងប់ស្ងាត់ ហើយពួកគេនៅតែអាចសោយសុខបានពីរបីថ្ងៃទៀត ពួកគេអាចចាកចេញពីពួកជំនុំម្ដងទៀតគ្រប់ពេលវេលា។ តើពួកគេចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំជាអ្វី? ពួកគេចាត់ទុកវាជាផ្សារ ដោយចេញចូលតាមតែចិត្តរបស់ពួកគេ។ ចូរប្រាប់ខ្ញុំមើល៍ ប្រសិនបើមនុស្សបែបនេះត្រូវបានបោសសម្អាត ឬចាកចេញដោយខ្លួនឯង តើពួកជំនុំគួរតែទទួលពួកគេវិញដែរឬទេ ប្រសិនបើពួកគេចង់ត្រឡប់មកវិញ? (ទេ) ពួកគេមិនគួរត្រូវបានទទួលយកវិញឡើយ។ ការទទួលពួកគេវិញ គឺជាកំហុស និងបំពានគោលការណ៍។ មនុស្សទាំងនេះមិនបំពេញតាមស្ដង់ដាជាសមាជិកពួកជំនុំទេ។ ពួកគេអាចចាកចេញពីពួកជំនុំគ្រប់ពេលវេលា ហើយដើម្បីទទួលបានពរជ័យ ពួកគេអាចជ្រៀតចូលមកក្នុងពួកជំនុំវិញគ្រប់ពេលវេលា ប៉ុន្តែទោះជាយ៉ាងនេះក្ដី ពួកគេមិនដែលទទួលយកសេចក្ដីពិតឡើយ។ នេះបញ្ជាក់ថា ពួកគេមិនមែនជាអ្នកជឿពិតប្រាកដទេ។ មនុស្សបែបនេះនឹងក្លាយជាមុខសញ្ញានៃការបោសសម្អាត និងការបណ្ដេញចេញជារៀងរហូត។ ពួកជំនុំគួរតែបោសសម្អាតពួកគេចោល ហើយប្រាប់ពួកគេថា៖ «កុំសោកស្ដាយអី។ នៅពេលដែលអ្នកចាកចេញទៅហើយ អ្នកមិនអាចត្រឡប់មកវិញបានទេ។ ពួកជំនុំនឹងមិនបើកទ្វារឱ្យអ្នកជាលើកទីពីរឡើយ។ នេះគឺជាគោលការណ៍»។ អ្នកខ្លះនិយាយថា៖ «កាលនោះពួកគេល្ងង់ខ្លៅ ប៉ុន្តែឥឡូវនេះពួកគេប្រព្រឹត្តខ្លួនបានល្អណាស់។ ពួកគេស្តាប់បង្គាប់ដូចកូនចៀម គួរឱ្យអាណិតដូចជាជនអនាថាដែលគ្មានផ្ទះសម្បែង។ នៅពេលណាដែលពួកគេឃើញបងប្អូនប្រុសស្រី ពួកគេបង្ហាញពីការសោកស្ដាយ និងអារម្មណ៍ខុសឆ្គងរបស់ពួកគេ ទាំងយំឡើងក្រហមភ្នែកដោយវិប្បដិសារី។ ពួកគេមើលទៅគួរឱ្យអាណិតណាស់ ហើយអាកប្បកិរិយាសារភាពកំហុសរបស់ពួកគេក៏ល្អណាស់ដែរ។ ឱ្យពួកគេត្រឡប់មកវិញចុះ»។ តើមានប្រយោគណាមួយនៅទីនេះ ដែលស្របតាមគោលការណ៍ដែរឬទេ? (ទេ។) សូម្បីតែបន្ទាប់ពីជឿបានបីឆ្នាំ ឬរហូតដល់ដប់ឆ្នាំក៏ដោយ ក៏ពួកគេនៅតែអាចចាកចេញពីពួកជំនុំយ៉ាងដាច់អហង្ការ និងដោយគ្មានស្ទាក់ស្ទើរដែរ។ តើពួកគេជាមនុស្សគួរឱ្យស្អប់ខ្ពើមបែបណាទៅ? តើពួកគេជាអ្នកជឿពិតប្រាកដដែរឬទេ? (ទេ។) តើពួកគេមានចិត្តស្មោះដែរឬទេ នៅពេលដែលពួកគេជ្រើសរើសដើរតាមព្រះជាម្ចាស់ដំបូងឡើយ? ទេ គ្មានទេ។ ប្រសិនបើពួកគេមានចិត្តស្មោះសូម្បីតែបន្តិច ពួកគេនឹងមិនប្ដេជ្ញាចិត្តចាកចេញពីពួកជំនុំខ្លាំងដល់ម្ល៉េះទេ។ ជាទូទៅ មនុស្សម្នាក់អាចបានត្រឹមតែមានគំនិតបែបនេះ នៅពេលដែលពួកគេទន់ខ្សោយ អស់សង្ឃឹម ឬនៅពេលដែលអ្វីៗមិនសមប្រកបសម្រាប់ពួកគេ ប៉ុន្តែពួកគេនឹងមិនសម្រេចចិត្តដាច់ខាតក្នុងការចាកចេញពីពួកជំនុំដើម្បីស្វែងរកផ្លូវផ្សេងឡើយ បន្ទាប់ពីបានជឿលើព្រះជាម្ចាស់អស់រយៈពេលបីឆ្នាំ ប្រាំឆ្នាំ ឬរហូតដល់ដប់ឆ្នាំហើយនោះ។ ប្រសិនបើពួកគេអាចចាកចេញពីពួកជំនុំតាមតែអំពើចិត្តបាន នោះបញ្ជាក់ថា ពួកគេមិនមានចិត្តស្មោះទេ នៅពេលដែលពួកគេទទួលយកផ្លូវពិត និងចូលរួមក្នុងពួកជំនុំកាលពីដំបូង។ ពួកគេមានបំណងលាក់កំបាំង និងគោលដៅផ្សេង គឺគ្មានអ្វីនិយាយក្រៅពីនេះឡើយ។ ត្រូវតែសម្គាល់មនុស្សបែបនេះឱ្យបានច្បាស់លាស់។ ពួកគេមិនមែនជាអ្នកជឿពិតប្រាកដទេ។ ជំនឿនិងការដើរតាមព្រះជាម្ចាស់ គឺដើម្បីក្តីសង្ឃឹមឆ្លៀតឱកាសទទួលបានពរជ័យប៉ុណ្ណោះ។ មនុស្សបែបនេះត្រូវបានចាត់ទុកថាជាមនុស្សឱកាសនិយម ហើយនៅពេលសម្គាល់ហើយ គួរតែបោសម្អាតពួកគេចេញពីពួកជំនុំ។ ប្រសិនបើពួកគេមិនចាកចេញពីពួកជំនុំ ហើយបន្តកេងចំណេញទទួលបានលាភសក្ការៈផ្ទាល់ខ្លួននៅក្នុងពួកជំនុំទៀត នោះគឺដោយសារតែគ្មាននរណាម្នាក់អាចសម្គាល់ថាពួកគេជាមនុស្សបែបណា។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការប្រកបគ្នានៅថ្ងៃនេះ អំពីការសម្តែងចេញផ្សេងៗរបស់ពួកមនុស្សឱកាសនិយម អ្នកដឹកនាំ និងអ្នកធ្វើការ ព្រមទាំងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងនេះ គួរតែមានការយល់ដឹង និងសម្គាល់មនុស្សបែបនេះឱ្យបានច្បាស់លាស់។ នៅពេលដែលរកឃើញថា ពួកគេមិនដែលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ មិនចាប់អារម្មណ៍នឹងកិច្ចការរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងចេញ មិនចាប់អារម្មណ៍នឹងរឿងវិជ្ជមាន ហើយមិនយកចិត្តទុកដាក់ចំពោះរឿងទាំងនេះទេ នោះគួរតែប្រុងប្រយ័ត្នចំពោះពួកគេឱ្យមែនទែន។ ចាំបាច់ត្រូវពិនិត្យមើលបំណង និងគោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ និងស្វែងយល់ពីអាកប្បកិរិយារបស់ពួកគេចំពោះពួកជំនុំ អាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត និងអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់។ ប្រសិនបើឃើញច្បាស់ថា ពួកគេមិនមានអាកប្បកិរិយាត្រឹមត្រូវ មានភាពព្រងើយកន្តើយជាពិសេសចំពោះការដេញតាមសេចក្ដីពិត និងការបំពេញភារកិច្ច ដោយមិនបង្ហាញការចាប់អារម្មណ៍សោះឡើយ ហើយពួកគេតែងតែមានអាកប្បកិរិយាសង្ស័យចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអាចបញ្ជាក់បានថា មនុស្សទាំងនេះគឺជាមនុស្សឱកាសនិយម និងជាពួកអ្នកមិនជឿហើយ។ ក្នុងករណីនោះ មិនគួរចាត់ទុកពួកគេជាបងប្អូនប្រុសស្រីឡើយ ពួកគេមិនមែនជាចំណែករបស់ពួកជំនុំទេ។ ផ្ទុយទៅវិញ ត្រូវតែបោសសម្អាតពួកគេគួរចេញពីពួកជំនុំ។ ពួកគេបានជឿអស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែនៅតែមិនទទួលយកសេចក្ដីពិតដដែល តើមានប្រយោជន៍អ្វីក្នុងការបន្តប្រកបសេចក្ដីពិតជាមួយពួកគេទៀតនោះ? តើការបន្តរង់ចាំឱ្យពួកគេប្រែចិត្តនោះ សមស្របតាមតថភាពដែរឬទេ? កុំណែនាំមនុស្សបែបនេះទៀត ហើយកុំរង់ចាំឱ្យពួកគេប្រែចិត្តឡើយ។ ប្រសិនបើពួកគេមិនសុខចិត្តបំពេញភារកិច្ចរបស់ខ្លួន ហើយនៅតែចង់អូសបន្លាយពេលមិនព្រមចាកចេញពីពួកជំនុំ នោះអ្នកដឹកនាំពួកជំនុំគួរតែប្រើប្រាជ្ញារកវិធីដាក់ពួកគេឱ្យនៅដាច់ដោយឡែក។ តើការធ្វើបែបនេះសមរម្យដែរឬទេ? (មែនហើយ។) នៅពេលសម្គាល់មនុស្សទាំងនេះជាមនុស្សឱកាសនិយម នោះពួកគេត្រូវបានចាត់បញ្ចូលក្នុងជូរមនុស្សអាក្រក់ផ្សេងៗ និងពួកអ្នកមិនជឿរួចទៅហើយ។ ដោយសារពួកគេជាមនុស្សអាក្រក់ និងជាពួកអ្នកមិនជឿ ពួកគេបំពេញតាមគោលការណ៍និងលក្ខខណ្ឌសម្រាប់ការបោសសម្អាត ឬបណ្ដេញចេញពីពួកជំនុំ។ ការបោសសម្អាតពួកគេចោលឱ្យបានឆាប់ គឺប្រាកដជាប្រសើរជាងការបោសសម្អាតពួកគេចោលយឺត។ ការបោះសម្អាតពួកគេចោលឱ្យបានឆាប់ ជៀសវាងបញ្ហាជាច្រើន ហើយពួកគេមិនចាំបាច់មានអារម្មណ៍អាក់អន់ចិត្តទៀតទេ។ អ្នកគួរតែប្រាប់មនុស្សបែបនេះឱ្យច្បាស់ថា៖ «អ្នកមិនចាំបាច់បន្តគិតគូរនៅក្នុងចិត្តថាត្រូវចាកចេញនៅពេលណា ឬចាកចេញដោយរបៀបណានោះទេ ហើយអ្នកក៏មិនចាំបាច់បន្តគិតគូរថាតើអ្នកត្រូវនៅ ឬត្រូវចាកចេញឡើយ។ ដំណាក់របស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់មិនបង្ខំមនុស្សទេ ប្រសិនបើអ្នកចង់ចាកចេញ ពួកជំនុំនឹងមិនព្យាយាមឃាត់អ្នកឱ្យនៅឡើយ។ ប៉ុន្តែ មានរឿងមួយដែលត្រូវតែនិយាយឱ្យច្បាស់ប្រាប់អ្នក៖ ប្រសិនបើអ្នកប្រាកដថា អ្នកមិនមែនជាមនុស្សរបស់ដំណាក់ព្រះជាម្ចាស់ ហើយអ្នកមិនសុខចិត្តធ្វើជាសមាជិករបស់ពួកជំនុំទេ នោះចូរចាកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន កុំពន្យារពេលអី។ នេះគឺដើម្បីផលល្អសម្រាប់មនុស្សគ្រប់គ្នា។ ប្រសិនបើអ្នកជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ អាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាសេចក្ដីពិត ហើយសុខចិត្តចូលរួមក្នុងពួកជំនុំដោយស្មោះ នោះអ្នកគឺជាសមាជិកពេញសិទ្ធិរបស់ពួកជំនុំហើយ។ ប៉ុន្តែ ឥឡូវនេះ អ្នកមិនមែនទេ។ អ្នកមកដើម្បីតែឆៀតឱកាស ហើយប្រហែលជាអ្នកមិនដឹងខ្លួនឯងផង ប៉ុន្តែយើងបានសម្គាល់ថាអ្នកគឺជាមនុស្សឱកាសនិយម ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីពិត និងគោលការណ៍របស់ពួកជំនុំក្នុងចាត់ចែកមនុស្សគ្រប់ប្រភេទ។ អ្នកនៅតែបន្តគិតគូររកពេលវេលាសមស្របដើម្បីចាកចេញពីពួកជំនុំ នេះពិតជារំខានណាស់។ អ្នកមិនចាំបាច់រកពេលវេលាសមស្របទេ អ្នកអាចចាកចេញឥឡូវនេះបាន។ ប្រសិនបើអ្នកតែងតែមិនច្បាស់លាស់អំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ នោះខ្ញុំប្រាប់អ្នកឱ្យច្បាស់នៅពេលនេះថា៖ អ្នកមិនចាំបាច់ពិចារណា ឬពិនិត្យពិច័យអ្វីទៀតទេ អ្នកមិនចាំបាច់បន្តធ្វើឱ្យខ្លួនឯងពិបាកចិត្តទៀតឡើយ អ្នកអាចចាកចេញពីពួកជំនុំឥឡូវនេះបាន ទ្វារនៃដំណាក់របស់ព្រះជាម្ចាស់បើកចំហ ហើយដំណាក់របស់ព្រះជាម្ចាស់នឹងមិនឃាត់អ្នកទុកទេ គឺមិនបង្ខំមនុស្សឡើយ»។ តើការធ្វើបែបនេះសមរម្យដែរឬទេ? (មែនហើយ។) ផ្តល់ «ផ្លូវចេញ» ដល់ពួកគេ កុំឱ្យពួកគេរងទុក្ខវេទនានៅទីនេះជារៀងរាល់ថ្ងៃ នៅមិនសុខដូចអង្គុយលើភ្លើង ដោយត្រូវរងទុក្ខជានិច្ចដោយសារអារម្មណ៍ សាច់ឈាម អនាគត និងបញ្ហានៃការនៅ ឬការចាកចេញរបស់ពួកគេ។ ទោះបីជាពួកគេរងទុក្ខដោយសាររឿងទាំងនេះខ្លាំងប៉ុនណាក៏ដោយ ក៏វាមិននាំមកនូវលទ្ធផលអ្វីដែរ។ ពួកគេនៅតែពិចារណានៅក្នុងចិត្តថា ត្រូវចាកចេញនៅពេលណា ចាកចេញដោយរបៀបណា តើពួកគេនឹងខាតបង់ និងរងគ្រោះដែរឬទេ ប្រសិនបើពួកគេចាកចេញឆាប់ ហើយតើពួកគេអាចទទួលបានពរជ័យដែរឬទេ ប្រសិនបើពួកគេនៅយូរជាងនេះ។ ចុះប្រសិនបើពួកគេចាកចេញ ហើយបន្ទាប់មកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច? ចុះប្រសិនបើពួកគេមិនចាកចេញ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅតែមិនសម្រេច? មិនចាំបាច់ឱ្យពួកគេបារម្ភ និងខ្វល់ខ្វាយជានិច្ចអំពីរឿងទាំងនេះទេ។ ដោយសារពួកគេមិនជឿលើព្រះជាម្ចាស់ដោយចិត្តស្ម័គ្រពិតប្រាកដ ពួកគេគួរតែចាកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ពួកគេមិនគួរនៅទីនេះ ដោយព្យាយាមនៅបន្លំខ្លួនដើម្បីកេងចំណេញ និងបន្លំធ្វើជាអ្នកជឿឡើយ។ ចូរប្រាប់ខ្ញុំមើល៍ តើល្អទេក្នុងការណែនាំពួកគេបែបនេះ និងដោះស្រាយតាមរបៀបនេះ? (មែនហើយ។) តើហួសហេតុពេកទេក្នុងការចាត់បញ្ចូលមនុស្សឱកាសនិយមទៅក្នុងចំណោមមនុស្សអាក្រក់ផ្សេងៗដែលត្រូវបោសសម្អាត ឬបណ្ដេញចេញនោះ? (ទេ។) មនុស្សខ្លះនិយាយថា៖ «តើមនុស្សបែបនេះអាចចាត់ទុកជាមនុស្សអាក្រក់បានដោយរបៀបណា?» តើមានមនុស្សល្អប៉ុន្មាននាក់ទៅនៅក្នុងចំណោមអ្នកមិនជឿនោះ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ សារជាតិនិស្ស័យរបស់អស់អ្នកមិនជឿលើព្រះជាម្ចាស់ និងទទួលស្គាល់អតិ្ថភាពរបស់ព្រះជាម្ចាស់ ត្រូវបានចាត់ទុកថាអាក្រក់ ចុះទម្រាំតែអ្នកដែលមិនជឿលើព្រះជាម្ចាស់សោះ និងមិនទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់ទៀត។ ដូច្នេះ តើហួសហេតុពេកទេក្នុងការចាត់ថ្នាក់ពួកគេជាមនុស្សអាក្រក់? (ទេ។) ទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ពួកគេនៅតែត្រូវបានហៅថាមនុស្សដដែល គឺមនុស្សអាក្រក់។ វាល្អណាស់ទៅហើយ ដែលពួកគេមិនត្រូវបានចាត់ថ្នាក់ជាពួកអារក្សកំណាច។ ការចាត់ថ្នាក់ពួកគេក្នុងចំណោមមនុស្សអាក្រក់ គឺសមរម្យ និងត្រឹមត្រូវទាំងស្រុង វាមិនហួសហេតុទាល់តែសោះ។ មនុស្សអាក្រក់បែបនេះ ក៏ជាប្រភេទមនុស្សមួយក្នុងចំណោមប្រភេទមនុស្សផ្សេងៗដែលត្រូវបោសសម្អាត ឬបណ្ដេញចេញដោយដំណាក់របស់ព្រះជាម្ចាស់ដែរ។ នេះគឺជាប្រភេទទីបួននៃអ្នកមិនជឿ ដែលគោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ គឺដើម្បីឆ្លៀតឱកាស។

តើលក្ខណៈសំខាន់ៗរបស់មនុស្សឱកាសនិយមគឺជាអ្វី? តាមរយៈការប្រាស្រ័យទាក់ទងរបស់អ្នករាល់គ្នាជាមួយមនុស្សទាំងនេះ និងការសង្កេតមើលនិស្ស័យ ទស្សនៈ អាកប្បកិរិយា ឬភាពជាមនុស្សដែលពួកគេសម្តែងចេញមក តើអ្នករាល់គ្នាបានរកឃើញលក្ខណៈសំខាន់ៗអ្វីខ្លះ? ចូរសង្ខេបមក។ (អ្នកឱកាសនិយម មិនមែនមកជឿលើព្រះជាម្ចាស់ដើម្បីដេញតាមសេចក្ដីពិតតាំងពីដំបូងឡើយ។ ពួកគេឮថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងតែរីកចម្រើនខ្លាំង ដូច្នេះពួកគេមកជឿលើព្រះជាម្ចាស់ ដោយគ្រាន់តែសង្ឃឹមថានឹងទទួលបានអត្ថប្រយោជន៍ និងពរជ័យខ្លះៗពីដំណាក់របស់ព្រះជាម្ចាស់ និងស្វែងរកផលចំណេញប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេមិនទទួលបានរបស់ទាំងនេះទេ បន្ទាប់ពីមួយរយៈក្រោយមក ពួកគេក៏ចង់ចាកចេញ។ មនុស្សទាំងនេះមិនជឿលើព្រះជាម្ចាស់ដោយចិត្តស្មោះទេ ហើយពួកគេមិនចាប់អារម្មណ៍នឹងការជឿលើព្រះជាម្ចាស់ទាល់តែសោះ។) តើបញ្ហាធំបំផុតរបស់មនុស្សឱកាសនិយមគឺជាអ្វី? បញ្ហាចម្បងគឺថា ពួកគេមិនចាប់អារម្មណ៍នឹងសេចក្ដីពិតទេ ប៉ុន្តែចាប់អារម្មណ៍បំផុតនឹងការទទួលបានពរជ័យ ដូច្នេះវាពិបាកបំផុតសម្រាប់ពួកគេក្នុងការទទួលយកសេចក្ដីពិត។ មនុស្សខ្លះនិយាយថា៖ «អ្នកមិនអាចបោសសម្អាត ឬបណ្ដេញពួកគេចេញ ដោយគ្រាន់តែពួកគេមិនចាប់អារម្មណ៍នឹងសេចក្ដីពិតនោះទេ មែនទេ?» ការខ្វះចំណាប់អារម្មណ៍ចំពោះសេចក្ដីពិតរបស់មនុស្សទាំងនេះ ត្រូវបានបង្ហាញឱ្យឃើញជាសំខាន់ត្រង់ថា ពួកគេមិនដែលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬប្រកបសេចក្ដីពិតឡើយ។ ប្រសិនបើពួកគេឮនរណាម្នាក់ប្រកបសេចក្ដីពិត និងនិយាយអំពីការស្គាល់ខ្លួនឯង ឬស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា ពួកគេមានភាពធុញទ្រាន់យ៉ាងខ្លាំងនៅក្នុងចិត្ត ព្រមទាំងមិនចាប់អារម្មណ៍ទាល់តែសោះ ហើយពួកគេចាប់ផ្ដើមងោកងក់តែម្តង។ ពួកគេធុញទ្រាន់នឹងរឿងទាំងនេះខ្លាំងណាស់ ហើយថែមទាំងប្រើការនិយាយរឿងឥតប្រយោជន៍ និយាយអំពីគ្រោះមហន្តរាយ និងជជែកអំពីការសម្ដែងទីសម្គាល់និងភាពអស្ចារ្យរបស់ព្រះជាម្ចាស់ ដើម្បីរំខានអ្នកដទៃមិនឱ្យប្រកបសេចក្ដីពិត។ ជាលទ្ធផល អ្នកខ្លះដែលមិនដេញតាមសេចក្ដីពិត មានចិត្តរំភើបនៅពេលដែលពួកគេឮប្រធានបទទាំងនេះ ហើយចូលរួមក្នុងការពិភាក្សានោះដែរ។ តើនេះមិនមែនជាការរំខានដល់ជីវិតពួកជំនុំយ៉ាងច្បាស់ក្រឡែតទេឬ? ពួកគេកម្រអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ណាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយនៅពេលដែលពួកគេអានម្ដងម្កាល គឺប្រហែលជាដោយសារតែមានអ្វីមួយកំពុងរំខានចិត្តពួកគេ។ ពួកគេមិនចាប់អារម្មណ៍នឹងការជួបជុំ មិនចាប់អារម្មណ៍នឹងការហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការប្រកបព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេខ្វល់ខ្វាយតែពីថា៖ «តើថ្ងៃរបស់ព្រះជាម្ចាស់នឹងមកដល់នៅពេលណា? តើភយន្តរាយដ៏ធំសម្បើមនឹងបញ្ចប់នៅពេលណា? តើយើងអាចសោយសុខនឹងពរជ័យនៃនគរស្ថានសួគ៌នៅពេលណា?» ពួកគេតែងតែឆ្ងល់អំពីរឿងទាំងនេះ។ ប្រសិនបើគ្មាននរណាម្នាក់ពិភាក្សាអំពីប្រធានបទទាំងនេះទេ ពួកគេឆែកមើលតាមអ៊ីនធឺណិត ហើយបន្ទាប់ពីឆែកមើលរួច ពួកគេចាប់ផ្ដើមបញ្ចេញរឿងទាំងនេះនៅក្នុងអំឡុងពេលនៃការជួបជុំ។ ចិត្តរបស់ពួកគេពោរពេញទៅដោយរឿងទាំងនេះ។ ឱ្យតែពួកគេឮអ្នកដទៃប្រកបអំពីប្រធានបទដែលពួកគេចាប់អារម្មណ៍ ពួកគេអាចចូលរួមនិយាយ និងចូលរួមក្នុងការប្រកបបាន។ ប៉ុន្តែ គ្រាន់តែពួកគេឮខ្លឹមសារដែលទាក់ទងនឹងសេចក្ដីពិត ឬព្រះបន្ទូលរបស់ព្រះជាម្ចាស់ភ្លាម ពួកគេមិនចង់ស្ដាប់ទេ។ ពួកគេចាប់ផ្ដើមងោកងក់ ហើយអ្នកខ្លះថែមទាំងដើរចេញទៀតផង ចំណែកអ្នកខ្លះទៀតចាប់ផ្ដើមអង្គុយមិនស្ងៀម គឺពួកគេបញ្ចេញអាកប្បកិរិយាអាក្រក់គ្រប់បែបយ៉ាង។ អ្នកនិយាយថា៖ «តោះ យើងប្រកបព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ ពួកគេនិយាយថា៖ «ខ្ញុំស្រេកទឹក ខ្ញុំត្រូវផឹកទឹកសិន»។ អ្នកនិយាយថា៖ «តោះ យើងប្រកបអំពីការស្គាល់ខ្លួនឯង» ឬ «តោះ យើងប្រកបអំពីចំណុចលម្អិតនៃការបំពេញភារកិច្ច តោះមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងយ៉ាងណាចំពោះរឿងនេះ ហើយថាតើគោលការណ៍សេចក្ដីពិតគឺជាអ្វី»។ ពួកគេនិយាយថា៖ «ខ្ញុំមានការ ខ្ញុំទៅមុនហើយ។ អ្នករាល់គ្នាជជែកគ្នាទៅចុះ»។ ពួកគេរកលេសគ្រប់បែបយ៉ាងដើម្បីច្រានចោល និងបដិសេធការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតឡើយ។ នេះលាតត្រដាងយ៉ាងច្បាស់ពីការពិតដែលថា ពួកគេមិនត្រឹមតែមិនស្រឡាញ់សេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងធុញទ្រាន់យ៉ាងខ្លាំង និងទាស់ទទឹងនឹងសេចក្ដីពិតចេញពីក្នុងជម្រៅចិត្តទៀតផង។ នៅពេលណាដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតត្រូវបានលើកឡើង ពួកគេមិនប្រឆាំង ឬតវ៉ាដោយបើកចំហទេ ប៉ុន្តែរកលេសផ្សេងៗដើម្បីច្រានចោល និងបដិសេធ។ តើអាកប្បកិរិយាទាំងនេះមិនអាចបង្ហាញយ៉ាងច្បាស់ថា ពួកគេជាមនុស្សឱកាសនិយមទេឬ? តើវាមិនបញ្ជាក់យ៉ាងច្បាស់ថា ពួកគេជាអ្នកមិនជឿ ដែលជឿលើព្រះជាម្ចាស់ក្នុងគោលបំណងជាក់លាក់ណាមួយ ដើម្បីឆ្លៀតឱកាសទេឬ? (មែនហើយ។) មនុស្សខ្លះនិយាយថា៖ «អ្នកនិយាយថាពួកគេជាអ្នកមិនជឿ និងមិនដើរតាមព្រះជាម្ចាស់ដោយស្មោះ ដូច្នេះហេតុអ្វីបានជាពួកគេអាចជឿរហូតមកដល់ពេលនេះ ហើយនៅតែខិតខំប្រឹងប្រែង និងស៊ូទ្រាំនឹងការលំបាកសម្រាប់កិច្ចការរបស់ពួកជំនុំ?» តើអាកប្បកិរិយាដែលយើងទើបតែបានលើកឡើង មិនគ្រប់គ្រាន់ដើម្បីឆ្លើយសំណួរនេះទេឬអី? អាកប្បកិរិយាទាំងនេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ការសម្គាល់ និងការកំណត់លក្ខណៈរបស់យើងចំពោះពួកគេ គឺត្រឹមត្រូវ។ ដូច្នេះ ដើម្បីវាស់វែងថាតើគោលបំណងរបស់មនុស្សម្នាក់ក្នុងការជឿលើព្រះជាម្ចាស់ គឺដើម្បីឆ្លៀតឱកាសឬអត់នោះ អ្នកគួរតែវាស់វែង និងសម្គាល់ដោយផ្អែកលើអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ សេចក្ដីពិត និងចំពោះរឿងវិជ្ជមាននិងអវិជ្ជមាន។ នេះគឺជាការវាស់វែងដ៏ត្រឹមត្រូវបំផុត។ វាមិនត្រឹមត្រូវ និងគ្មានសត្យានម័តឡើយ ក្នុងការវាស់វែងដោយផ្អែកលើអាកប្បកិរិយា និងទង្វើខាងក្រៅរបស់ពួកគេ។ មានតែបំណងចិត្តពិតប្រាកដ និងអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ និងសេចក្ដីពិតប៉ុណ្ណោះ ទើបលាតត្រដាងឱ្យឃើញពីបញ្ហា។ មានតែចំណុចទាំងនេះប៉ុណ្ណោះ គឺជាស្ដង់ដាដ៏ត្រឹមត្រូវបំផុតសម្រាប់កំណត់លក្ខណៈថាពួកគេជាមនុស្សប្រភេទណា។ ឥឡូវនេះ តើអ្នករាល់គ្នាបានយល់ច្បាស់ជាមូលដ្ឋានហើយឬនៅ អំពីសារជាតិរបស់អស់អ្នកដែលជឿលើព្រះជាម្ចាស់ក្នុងគោលបំណងឆ្លៀតឱកាសនោះ? តើអ្នករាល់គ្នាធ្លាប់បានជួបមនុស្សបែបនេះខ្លះដែរឬទេ? (មែនហើយ។) មនុស្សបែបគួរតែចាកចេញឱ្យបានឆាប់ ទើបជាការប្រសើរ។ ប្រសិនបើពួកគេសុខចិត្តបម្រើការពិតមែន នោះ យើងអាចទុកឱ្យពួកគេនៅទាំងទើសទាល់ចិត្តបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេមិនបំពេញភារកិច្ចរបស់ខ្លួន ហើយមិនអាចបម្រើការអ្វីបានសោះ ប៉ុន្តែបង្កការរំខាន និងមានឥទ្ធិពលអាក្រក់លើកិច្ចការរបស់ពួកជំនុំ និងជីវិតពួកជំនុំ នោះពួកគេគួរតែត្រូវបានតម្រូវឱ្យចាកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះគឺជាគោលការណ៍សម្រាប់ការបោសសម្អាតអ្នកមិនជឿចោល។ ដំណាក់របស់ព្រះជាម្ចាស់ត្រូវការមនុស្សដែលជឿលើព្រះជាម្ចាស់ដោយស្មោះ និងស្រឡាញ់សេចក្ដីពិត ព្រមទាំងត្រូវការអ្នកបំពេញការបម្រើដ៏ស្មោះត្រង់។ ដំណាក់នេះពិតជាមិនត្រូវការអ្នកមិនជឿ ឬអ្នកដែលនៅស្ទាក់ស្ទើរឃ្លាំមើល ដើម្បីតែមកបង្គ្រប់ចំនួននោះឡើយ។ ពួកជំនុំក៏មិនត្រូវការនរណាម្នាក់មកបង្គ្រប់ចំនួនដែរ។ យើងនឹងបញ្ចប់ការប្រកបរបស់យើងអំពីប្រធានបទនេះនៅត្រឹមនេះចុះ។

ង. ដើម្បីរស់នៅពឹងលើពួកជំនុំ

បន្ទាប់មក យើងនឹងប្រកបអំពីគោលបំណងទីប្រាំ៖ ការជឿលើព្រះជាម្ចាស់ ដើម្បីរស់នៅពឹងលើពួកជំនុំ។ អ្នករាល់គ្នាប្រាកដជាធ្លាប់ស្គាល់ប្រធានបទអំពីការរស់នៅពឹងលើពួកជំនុំនេះហើយមែនទេ? (មែនហើយ។) តើមនុស្សដែលរស់នៅពឹងលើពួកជំនុំ មានការសម្ដែងចេញបែបណាខ្លះ? តើតាមរយៈការសម្ដែងចេញបែបណាខ្លះ ដែលយើងអាចកំណត់បានថា គោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់គឺមិនបរិសុទ្ធ ពួកគេមិនដើរតាមព្រះជាម្ចាស់ដោយស្មោះ ឬមិនព្យាយាមទទួលបានសេចក្ដីសង្គ្រោះ ហើយពួកគេមិនបានមកដើម្បីដេញតាម និងទទួលយកសេចក្ដីពិត និងអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយផ្អែកលើជំនឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ និងការសុខចិត្តទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចសម្រេចបាននូវគោលដៅនៃការទទួលបានសេចក្ដីសង្គ្រោះនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេមកដើម្បីរស់នៅពឹងលើពួកជំនុំ? តើការរស់នៅពឹងលើពួកជំនុំមានន័យដូចម្ដេច? អត្ថន័យត្រង់គឺច្បាស់លាស់ណាស់។ វាមានន័យថាជាការចូលរួមជាមួយនិកាយណាមួយតាមរយៈជំនឿសាសនា ដើម្បីដោះស្រាយបញ្ហទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់ខ្លួន និងបញ្ហានៃការធានាបាននូវស្បៀងអាហារ។ នេះគឺជានិយមន័យខ្លីនិងខ្លឹមបំផុតអំពីការរស់នៅពឹងលើពួកជំនុំ ហើយក៏ជានិយមន័យដ៏ច្បាស់លាស់បំផុតផងដែរ។ ដូច្នេះ តើមនុស្សទាំងនេះបង្ហាញការសម្ដែងចេញអ្វីខ្លះ ដែលបញ្ជាក់ថាពួកគេមិនមែនជាអ្នកជឿពិតប្រាកដ ប៉ុន្តែផ្ទុយទៅវិញ បានមកដើម្បីរស់នៅពឹងលើពួកជំនុំ? អ្នកខ្លះមានភាពប៉ិនប្រសប់ផ្នែកជំនាញជាក់លាក់ និងមានសមត្ថភាពធ្វើការដូចមនុស្សធម្មតាដែរ ប៉ុន្តែពួកគេយល់ឃើញថា សង្គមនេះអយុត្តិធម៌ ហើយមិនងាយស្រួលរកស៊ីចិញ្ចឹមជីវិតនៅក្នុងសង្គមនេះទេ។ ការរកលុយដោយធ្វើការចិញ្ចឹមសមាជិកគ្រួសារទាំងមូល តម្រូវឱ្យក្រោកពីព្រលឹម ចូលដេកយប់ជ្រៅ ស៊ូទ្រាំនឹងការលំបាក និងការសង្កត់សង្កិនជាច្រើន។ មនុស្សម្នាក់ត្រូវតែចេះបត់បែននិងឆ្លាតវៃផងដែរ ប៉ុន្តែក៏ត្រូវតែមានចិត្តដាច់ និងអាក្រក់ឱ្យដល់កម្រិត ហើយត្រូវតែមានល្បិចកល និងសមត្ថភាព ទើបអាចធានាបាននូវជីវភាពរស់នៅដ៏មានស្ថិរភាព និងកសាងជំហររឹងមាំនៅក្នុងសង្គមបាន។ បើមើលទៅអ្នកដែលធ្វើការ មិនថាពួកគេនៅក្នុងវិស័យណា ហើយមិនថាពួកគេស្ថិតក្នុងវណ្ណៈសង្គមខ្ពស់ មធ្យម ឬទាបនោះទេ ការរកស៊ីចិញ្ចឹមជីវិតគឺមិនងាយស្រួលឡើយ។ បុគ្គលិកការិយាល័យទាំងនោះ មានសម្បកក្រៅលក្ខណៈជាមនុស្ស មានរូបរាង ស្រស់ឆើតឆាយ មានតំណែងខ្ពង់ខ្ពស់ មានកម្រិតវប្បធម៌ខ្ពស់ និងមានប្រាក់ខែនិងអត្ថប្រយោជន៍បន្ថែមច្រើនសន្ធឹកសន្ធាប់ ហើយមនុស្សគ្រប់គ្នាច្រណែននឹងពួកគេ ប៉ុន្តែរាល់ឧបសគ្គដែលពួកគេជួបប្រទះនៅកន្លែងធ្វើការ សុទ្ធសឹងតែជាវិញ្ញាសាដ៏លំបាកវេទនា។ ការធ្វើការក្នុងវិស័យណាក៏មិនងាយស្រួលដែរ។ ការធ្វើជាកសិករ និងធ្វើស្រែចម្ការ គឺកាន់តែលំបាកទៅទៀត។ កសិករខិតខំធ្វើការយ៉ាងលំបាកវេទនាបំផុត ប៉ុន្តែពួកគេទទួលបានអាហារត្រឹមតែមួយគ្រាន់ដើម្បីចិញ្ចឹមគ្រួសារប៉ុណ្ណោះ ពួកគេគ្មានលុយទិញសម្លៀកបំពាក់និងរបស់របរចាំបាច់ ឬជួសជុលផ្ទះសម្បែងរបស់ពួកគេឡើយ ហើយនៅពេលដែលពួកគេចង់ចំណាយលុយខ្លះ ពួកគេត្រូវពឹងផ្អែកលើការលក់បន្លែបង្ការ ឬការចិញ្ចឹមសត្វ ដើម្បីបានលុយនោះមក។ ការធ្វើជាកសិករ គឺរឹតតែវេទនាខ្លោចផ្សារជាងនេះទៀត! ដូចអ្នកមិនជឿនិយាយថា៖ «លុយពិបាករកណាស់ កើតមកងាយ តែរស់នៅពិបាក» ការរកស៊ីចិញ្ចឹមជីវិតគឺពិបាកខ្លាំងណាស់។ អ្នកខ្លះគ្មានមធ្យោបាយរកស៊ីចិញ្ចឹមជីវិតទេ ហើយពួកគេយល់ឃើញថា អ្នកមិនជឿជាមនុស្សអាក្រក់ណាស់ ចំណែកអ្នកមានជំនឿសាសនាជាមនុស្សស្លូតត្រង់ ហើយគិតថាការស្វែងរកផ្លូវរស់ក្នុងពួកជំនុំ អាចងាយស្រួលជាងបន្តិច ដូច្នេះពួកគេប្រើឱកាសដែលដំណាក់របស់ព្រះជាម្ចាស់ផ្សាយដំណឹងល្អ ដើម្បីលួចចូលមកជ្រកកោនក្នុងពួកជំនុំ។ ហើយបន្ទាប់ពីឮថាមានផ្ដល់អាហារដល់អ្នកដែលបំពេញភារកិច្ច ពួកគេក៏មកបំពេញភារកិច្ចដែរ។ អ្នកខ្លះដែលចង់បំពេញភារកិច្ច គិតថា៖ «ខ្ញុំគឺជាបង្គោលគ្រួសារ។ ឱ្យតែមាអ្នកធ្វើស្រែចម្ការនៅផ្ទះ ហើយមានការផ្គត់ផ្គង់ការចំណាយលើជីវភាពរស់នៅរបស់គ្រួសារខ្ញុំ នោះខ្ញុំនឹងបំពេញភារកិច្ចរបស់ខ្ញុំ»។ គោលបំណងចម្បងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ច គឺគ្រាន់តែដើម្បីទទួលបានអាហារ និងសម្លៀកបំពាក់កក់ក្ដៅគ្រប់គ្រាន់ដើម្បីធានាដល់ការរស់រានមានជីវិតប៉ុណ្ណោះ ពោលគឺឱ្យតែមានអាហារហូបចុកបីពេលក្នុងមួយថ្ងៃ និងលែងចាំបាច់ហត់នឿយធ្វើការរកលុយចិញ្ចឹមខ្លួនឯងទៀត។ សម្រាប់ពួកគេ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ ឱ្យតែមានជំនួយពីពួកជំនុំ និងបងប្អូនប្រុសស្រី។ ដើម្បីសម្រេចគោលដៅនេះ ពួកគេធ្វើអ្វីៗគ្រប់យ៉ាងដែលពួកជំនុំរៀបចំឱ្យពួកគេធ្វើ។ មានអ្នកខ្លះទៀត បន្ទាប់ពីចូលក្នុងពួកជំនុំហើយ ពួកគេក៏ចាប់ផ្ដើមរៀនធ្វើជាអ្នកដឹកនាំ និងអធិប្បាយព្រះបន្ទូល។ ពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងច្រើន កត់ត្រា និងទន្ទេញព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យចាំស្ទាត់ ហើយបន្ទាប់ពីទន្ទេញចាំហើយ ពួកគេរៀនអធិប្បាយប្រាប់អ្នកដទៃ និងជួយមនុស្សដោះស្រាយបញ្ហា។ ពួកគេព្យាយាមគ្រប់មធ្យោបាយដើម្បីជួយមនុស្សគ្រប់គ្នា ហើយសង្ឃឹមថា អ្នកទាំងនោះនឹងបោះដៃជួយពួកគេវិញ បន្ទាប់ពីទទួលបានជំនួយពីពួកគេ ហើយសង្ឃឹមថា មនុស្សនឹងដឹងគុណពួកគេ បន្ទាប់ពីស្ដាប់ការអធិប្បាយ និងព្រះបន្ទូលព្រះជាម្ចាស់ដែលពួកគេផ្សាយ ហើយក៏ផ្ដល់ជាសប្បុរសធម៌ ឬជំនួយឧបត្ថម្ភដល់ពួកគេវិញ។ ឧទាហរណ៍ ប្រសិនបើពួកគេគ្មានលុយបង់ថ្លៃទឹកនិងភ្លើងនៅផ្ទះ បងប្អូនប្រុសស្រីអាចជួយពួកគេបង់បាន ហើយប្រសិនបើពួកគេគ្មានលុយបង់ថ្លៃសិក្សារបស់កូនៗ ឬចំណាយលើការព្យាបាលសម្រាប់ឪពុកម្ដាយដែលឈឺ ពួកជំនុំ ឬបងប្អូនប្រុសស្រីអាចផ្ដល់ថវិកាទាំងនេះបាន ដោយសារតែពួកគេកំពុងបំពេញភារកិច្ច។ ធ្វើបែបនេះ ពួកគេមានចិត្តកក់ក្តៅក្នុងការជឿលើព្រះជាម្ចាស់ ហើយមានអារម្មណ៍ថាជំនឿរបស់ពួកគេលើព្រះជាម្ចាស់គឺមានតម្លៃ ដោយវាមិនបានបណ្តាលឱ្យពួកគេខាតបង់អ្វីឡើយ ព្រមទាំងបានសម្រេចគោលដៅរបស់ពួកគេទៀតផង។ ពួកគេអរព្រះគុណព្រះជាម្ចាស់នៅក្នុងចិត្តជានិច្ច ដោយនិយាយថា៖ «នេះសុទ្ធតែជាព្រះគុណរបស់ព្រះជាម្ចាស់ ការអនុគ្រោះរបស់ព្រះជាម្ចាស់។ អរព្រះគុណព្រះជាម្ចាស់!» ដើម្បី «តបស្នង» ក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេ «ធ្វើតាម» ការរៀបចំរបស់ពួកជំនុំ ហើយឱ្យតែពួកគេត្រូវបានផ្គត់ផ្គង់អាហារ និងការចំណាយលើជីវភាពរស់នៅ ពួកគេនឹងធ្វើកិច្ចការគ្រប់ប្រភេទ គោលបំណងរបស់ពួកគេគឺគ្រាន់តែដើម្បីធានាបាននូវជីវភាពរស់នៅដ៏មានស្ថិរភាពជាការតបស្នងប៉ុណ្ណោះ។ កាលណាពួកជំនុំមើលរំលងតម្រូវការជីវភាពរស់នៅរបស់ពួកគេ ហើយមិនដោះស្រាយការលំបាករបស់ពួកគេទាន់ពេលវេលាទេនោះ ពួកគេក៏ប្រែជាមិនសប្បាយចិត្ត។ អាកប្បកិរិយារបស់ពួកគេចំពោះកិច្ចការរបស់ពួកជំនុំ និងភារកិច្ចដែលដំណាក់របស់ព្រះជាម្ចាស់ប្រគល់ឱ្យពួកគេ ផ្លាស់ប្ដូរភ្លាមៗ។ ពួកគេនិយាយថា៖ «មិនកើតទេ ខ្ញុំត្រូវចេញទៅរកលុយ។ កាលពីមុន ខ្ញុំមិនមានឱកាសរកលុយទេ ដោយសារតែខ្ញុំកំពុងធ្វើកិច្ចការរបស់ពួកជំនុំ។ ខ្ញុំថែមទាំងប្រថុយនឹងការចាប់ខ្លួនដោយនាគដ៏ធំមានសម្បុរក្រហមជាញឹកញាប់ ដោយការចេញមុខផ្ទាល់ដើម្បីធ្វើកិច្ចការនោះ ហើយមនុស្សនៅគ្រប់ទីកន្លែងសុទ្ធតែស្គាល់ខ្ញុំ។ ឥឡូវនេះ ខ្ញុំមិនសូវស្រួលរកលុយប៉ុន្មានទេ។ តើខ្ញុំគួរធ្វើដូចម្ដេច?» នៅក្នុងស្ថានភាពបែបនេះ ពួកគេនឹងបង្ហាញពីការលំបាក និងការទាមទារ របស់ពួកគេយ៉ាងសកម្មទៅកាន់បងប្អូនប្រុសស្រី រហូតថែមទាំងទាក់ទង និងទាមទារពីដំណាក់របស់ព្រះជាម្ចាស់ទៀតផង។ អ្នកខ្លះគ្មានលុយសម្រាប់ចំណាយលើជីវភាពរស់នៅ ឬសម្រាប់វ័យចាស់របស់ពួកគេទេ ប៉ុន្តែពួកគេមិនដោះស្រាយបញ្ហាទាំងនេះដោយខ្លួនឯងឡើយ។ ផ្ទុយទៅវិញ ពួកគេចង់ពឹងផ្អែកលើការខិតខំប្រឹងប្រែងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដើម្បីរកលុយសម្រាប់ចំណាយលើជីវភាពរស់នៅរបស់ពួកគេ។ អ្នកខ្លះថែមទាំងធ្វើហួសហេតុជាងនេះរទៅទៀត ពួកគេមិនត្រឹមតែសុំឱ្យដំណាក់របស់ព្រះជាម្ចាស់ផ្គត់ផ្គង់ការចំណាយលើជីវភាពរស់នៅរបស់ពួកគេ និងការចំណាយលើការចិញ្ចឹមកូនៗ និងការផ្គត់ផ្គង់ឪពុកម្ដាយរបស់ពួកគេប៉ុណ្ណោះទេ ពួកគេថែមទាំងសុំលុយសម្រាប់ចំណាយលើការព្យាបាលរបស់ពួកគេទៀតផង។ អ្នកខ្លះថែមទាំងសុំលុយពីដំណាក់របស់ព្រះជាម្ចាស់ដើម្បីសងបំណុលរបស់ពួកគេទៀតផង ការទាមទាររបស់ពួកគេកាន់តែហួសហេតុទៅៗ ហើយពួកគេពិតជាមុខក្រាស់ណាស់ដែលហ៊ានសុំរបស់បែបនេះ។ បន្ទាប់ពីអ្នកខ្លះមកជឿលើព្រះជាម្ចាស់ និងចូលរួមក្នុងពួកជំនុំ លុយដែលដំណាក់របស់ព្រះជាម្ចាស់ចំណាយដើម្បីផ្គត់ផ្គង់ការចំណាយរបស់ពួកគេ និងថវិកាបន្ថែមដែលពួកគេទាមទារយ៉ាងសកម្ម គឺលើសពីលុយដែលពួកគេរកបានពីការធ្វើការទៅទៀត។ ផ្អែកលើការបំពេញតាមលក្ខខណ្ឌទាំងនេះ មើលពីសម្បកខាងក្រៅ ពួកគេហាក់ដូចជាបំពេញកិច្ចការដែលដំណាក់របស់ព្រះជាម្ចាស់ប្រគល់ឱ្យពួកគេ ដោយការលះបង់ និងភក្ដីភាពយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអត្ថប្រយោជន៍ទាំងនេះត្រូវបានកាត់បន្ថយ ឬបាត់បង់ អាកប្បកិរិយារបស់ពួកគេក៏ផ្លាស់ប្ដូរដែរ។ អាកប្បកិរិយារបស់ពួកគេចំពោះកិច្ចការដែលពួកជំនុំប្រគល់ឱ្យ ប្រែប្រួលទៅតាមអាកប្បកិរិយារបស់បងប្អូនប្រុសស្រីចំពោះពួកគេ និងទៅតាមចំនួនជំនួយហិរញ្ញវត្ថុដែលដំណាក់របស់ព្រះជាម្ចាស់ផ្ដល់ឱ្យពួកគេ។ នៅពេលដកចេញ ឬបាត់បង់ព្រះគុណដែលពួកគេទទួលបាន ក៏លែងឃើញពួកគេបំពេញភារកិច្ចរបស់ខ្លួនទៀតហើយ។ ចាប់តាំងពីពេលដែលពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់មក មនុស្សទាំងនេះបានរិះរកវិធីដែលពួកគេអាចបោកប្រាស់ដើម្បីទទួលបានកន្លែងមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយក៏ទទួលយកសប្បុរសធម៌និងជំនួយពីបងប្អូនប្រុសស្រី «យ៉ាងត្រឹមត្រូវ» បន្ទាប់ពីមានបង្អែកនៅទីនេះ រួមទាំងជំនួយនិងការផ្គត់ផ្គង់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេពីដំណាក់របស់ព្រះជាម្ចាស់។ ពួកគេពិតជាមិនលះបង់ខ្លួនឯងដើម្បីព្រះជាម្ចាស់ដោយស្មោះទេ ពួកគេពិតជាមិនមកលះបង់ខ្លួនឯងដោយគ្មានលក្ខខណ្ឌឡើយ ផ្ទុយទៅវិញ ពួកគេចូលរួមក្នុងពួកជំនុំដោយមានគោលបំណងតែមួយគត់ គឺដើម្បីរស់នៅពឹងលើពួកជំនុំ និងធានាបាននូវការរស់នៅ។ នៅពេលដែលគោលបំណងនេះមិនអាចសម្រេចបានដូចបំណងប្រាថ្នារបស់ពួកគេ ពួកគេប្រែជាមានចិត្តប្រទូសរ៉ាយយ៉ាងឆាប់រហ័ស ហើយលាតត្រដាងមុខមាត់ពិតរបស់ពួកគេយ៉ាងឆាប់រហ័ស ដែលជាមុខមាត់របស់អ្នកមិនជឿ។ ចាប់តាំងពីពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់មក ពួកគេមិនមកដោយចិត្តស្មោះទេ ពួកគេមិនដើរតាមព្រះជាម្ចាស់ដោយស្មោះ ឬលះបង់អ្វីៗទាំងអស់ និងបូជាខ្លួនឯងដើម្បីព្រះជាម្ចាស់ដោយស្ម័គ្រចិត្ត ដោយមិនសុំរង្វាន់ និងដោយមិនទាមទារអ្វីតបស្នងមកវិញឡើយ។ ផ្ទុយទៅវិញ ពួកគេមកជឿលើព្រះជាម្ចាស់ដោយមានការទាមទារ ចេតនា និងគោលបំណងផ្ទាល់ខ្លួន ពោលគឺមានគោលបំណងចង់រស់នៅពឹងលើពួកជំនុំ និងពឹងផ្អែកលើពួកជំនុំ និងបងប្អូនប្រុសស្រីដើម្បីចិញ្ចឹមជីវិត ដោយយកលេសថាខ្លួនជឿលើព្រះជាម្ចាស់។ នៅពេលមិនអាចសម្រេច ឬបំពេញគោលបំណងនេះបានដូចបំណងប្រាថ្នារបស់ខ្លួន ពួកគេក៏ស្វែងរកមធ្យោបាយផ្សេងទៀត មិនថាជាការចេញទៅធ្វើការ ឬប្រកបរបររកស៊ីនោះទេ។ តើគ្មានមនុស្សបែបនេះទេឬ? (មែនហើយ។) មានមនុស្សប្រភេទនេះមួយចំនួននៅក្នុងពួកជំនុំ។ ដំបូងឡើង នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់ ឬបងប្អូនប្រុសស្រីផ្តល់ជំនួយសប្បុរសធម៌ដល់ពួកគេជាសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ឬលុយកាក់ មើលពីសម្បកក្រៅពួកគេហាក់ដូចជាអៀនខ្មាស ប៉ុន្តែតាមពិតទៅ ក្នុងចិត្តពួកគេវិញ គឺរីករាយឥតឧបមាឡើយ។ ឧទាហរណ៍ ឧបមាថាពួកគេទទួលបងប្អូនប្រុសស្រីម្នាក់ ឬពីរនាក់ឱ្យស្នាក់នៅ ឬបំពេញភារកិច្ចពេញម៉ោង ដូច្នេះដំណាក់របស់ព្រះជាម្ចាស់ ឬបងប្អូនប្រុសស្រីក៏ផ្តល់ជំនួយសប្បុរសធម៌ និងហិរញ្ញវត្ថុខ្លះដល់គ្រួសាររបស់ពួកគេ។ ពួកគេមានអារម្មណ៍សប្បាយចិត្ត និងពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ដោយគិតថា ការជឿលើព្រះជាម្ចាស់គឺមានតម្លៃ និងចំណេញ ហើយថាពួកគេមិនបានខាតបង់ឡើយ។ យូរៗទៅ ចិត្តរបស់ពួកគេកាន់តែលោភលន់ ដៃរបស់ពួកគេលាតសន្ធឹងកាន់តែវែង ហើយពួកគេកាន់តែមុខក្រាស់ មិនថាគេឱ្យប៉ុន្មានទេ ក៏ពួកគេមិនដែលស្កប់ស្កល់ដែរ។ ដំបូងឡើយ ពួកគេមានអារម្មណ៍អៀនខ្មាសក្នុងការទទួលយករបស់របរទាំងនោះ ប៉ុន្តែយូរៗទៅ ពួកគេមានអារម្មណ៍ថាជារឿងត្រឹមត្រូវដែលទទួលបាន ហើយបន្ទាប់មកពួកគេចាប់ផ្ដើមថ្នាំងថ្នាក់ចិត្តថា អ្វីៗទាំងនោះមិនទាន់គ្រប់គ្រាន់សម្រាប់ពួកគេ។ ក្រោយមក ពួកគេទាមទារដោយផ្ទាល់ថា ដំណាក់របស់ព្រះជាម្ចាស់ត្រូវតែផ្ដល់ចំនួនជាក់លាក់ណាមួយ បើមិនដូច្នេះទេ ពួកគេនឹងមិនអាចរស់បានឡើយ ហើយដូច្នេះមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានទេ។ តើភាពលោភលន់របស់ពួកគេមិនកាន់តែធំទៅៗទេឬ? (មែនហើយ។) ទោះបីជាសោយសុខនឹងព្រះគុណច្រើនយ៉ាងនេះក៏ដោយ ក៏ពួកគេមិនត្រឹមតែមិនគិតពីការតបស្នងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាមទារកាន់តែច្រើនពីដំណាក់របស់ព្រះជាម្ចាស់ទៀតផង។ ពួកគេជឿថា គឺដំណាក់របស់ព្រះជាម្ចាស់ទៅវិញទេដែលជំពាក់ពួកគេ ហើយបងប្អូនប្រុសស្រីក៏ជំពាក់ពួកគេដែរ ដូច្នេះវាជារឿងត្រឹមត្រូវបំផុតដែលពួកគេទទួលបានជំនួយសប្បុរសធម៌និងហិរញ្ញវត្ថុ។ ប្រសិនបើគេឱ្យពួកគេតិច ឬប្រសិនបើពួកគេទទួលបានយឺត ពួកគេមិនសប្បាយចិត្តទេ។ ពួកគេទទួលយក មិនថាជាប្រាក់កាសនិងសម្ភារៈអ្វីឡើយ ដែលគេផ្តល់ឱ្យ ដោយយល់ថា វាជារឿងត្រឹមត្រូវបំផុតសម្រាប់ពួកគេ។ នៅពេលដែលពួកគេបន្តបំពេញភារកិច្ចរបស់ខ្លួនក្នុងរយៈពេលយូរទៅ ពួកគេកាន់តែមានអារម្មណ៍ថាមានសិទ្ធិ ហើយចាប់ផ្ដើមទាមទារឱ្យដំណាក់របស់ព្រះជាម្ចាស់ផ្ដល់ទូរសព្ទដៃ និងកុំព្យូទ័រទំនើបៗដល់ពួកគេ។ ពួកគេក៏ទាមទារឱ្យដំណាក់របស់ព្រះជាម្ចាស់ដំឡើងម៉ាស៊ីនត្រជាក់នៅក្នុងផ្ទះរបស់ពួកគេ និងផ្ដល់ឧបករណ៍ប្រើប្រាស់ដូចជាម៉ៃក្រូវេវ និងម៉ាស៊ីនលាងចានជាដើម។ ពួកគេថែមទាំងទាមទារឱ្យដំណាក់របស់ព្រះជាម្ចាស់ទិញផ្ទះ និងផ្ដល់ឡានឱ្យពួកគេទៀតផង ហើយអ្នកខ្លះសុំអ្នកបម្រើទៀត។ ការទាមទាររបស់ពួកគេកាន់តែធំ ហើយភាពលោភលន់របស់ពួកគេកាន់តែកើនឡើង ហើយនៅទីបំផុត ពួកគេទាមទារច្រើនហួសប្រមាណ ហើយហ៊ានសុំអ្វីៗទាំងអស់។ ពួកគេជឿថា៖ «ខ្ញុំបានលះបង់ខ្លួនឯង និងខិតខំប្រឹងប្រែងសម្រាប់ដំណាក់របស់ព្រះជាម្ចាស់នៅក្នុងជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់។ ខ្ញុំគឺជាចំណែកនៃដំណាក់របស់ព្រះជាម្ចាស់។ អ្នករាល់គ្នាថ្វាយតង្វាយជាច្រើនដល់ព្រះជាម្ចាស់ តើមានអ្វីទាស់ខុស បើចែករំលែកចំណែកខ្លះដល់ខ្ញុំនោះ? លើសពីនេះទៅទៀត ប្រសិនបើអ្នកចែករំលែកចំណែកខ្លះដល់ខ្ញុំ វានឹងមិនមែនជាការឥតប្រយោជន៍ទេ ខ្ញុំក៏ខិតខំប្រឹងប្រែងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងហ៊ានប្រថុយគ្រោះថ្នាក់ ខ្ញុំក៏ស៊ូទ្រាំនឹងការលំបាក និងលះបង់យ៉ាងច្រើនដែរ។ តើវាមិនមែនជារឿងត្រឹមត្រូវទេឬអី ដែលខ្ញុំទទួលបានរបស់ទាំងនេះ? ដូច្នេះ ដំណាក់របស់ព្រះជាម្ចាស់ត្រូវតែបំពេញតាមការទាមទាររបស់ខ្ញុំដោយគ្មានលក្ខខណ្ឌ គួរតែផ្ដល់ឱ្យខ្ញុំនូវអ្វីដែលខ្ញុំត្រូវការ ហើយមិនគួរមានចិត្តកំណាញ់ឡើយ»។ ចូរប្រាប់ខ្ញុំមើល៍ តើទាំងនេះមិនមែនជាការសម្ដែងចេញនៃការរស់នៅពឹងលើពួកជំនុំទេឬអី? តើមនុស្សបែបនេះមិនមែនជាពួកអ្នកមិនជឿទេឬ? (មែនហើយ។) ការកំណត់លក្ខណៈដ៏ត្រឹមត្រូវសម្រាប់អាកប្បកិរិយាទាំងនេះ គឺការរស់នៅពឹងលើពួកជំនុំ។ តើការរស់នៅពឹងលើពួកជំនុំមានន័យដូចម្ដេច? វាមានន័យថា ការកេងយកលុយ និងទំនិញពីដំណាក់របស់ព្រះជាម្ចាស់ក្រោមលេសនៃការជឿលើព្រះជាម្ចាស់ និងការទាមទារសំណងពីដំណាក់របស់ព្រះជាម្ចាស់ក្រោមលេសនៃការខិតខំប្រឹងប្រែងសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ និងការបំពេញភារកិច្ច។ នេះគឺជាអត្ថន័យនៃការរស់នៅពឹងលើពួកជំនុំ។ តើមនុស្សបែបនេះអាចដេញតាមសេចក្ដីពិតបានដែរឬទេ? (ទេ។) ហេតុអ្វីបានជាពួកគេលះបង់របស់របរ ខិតខំប្រឹងប្រែង និងស៊ូទ្រាំនឹងការលំបាក? តើវាដើម្បីបំពេញភារកិច្ចមែនទេ? តើពួកគេកំពុងអនុវត្តសេចក្ដីពិតមែនទេ? (ទេ។) ពួកគេខិតខំប្រឹងប្រែង និងស៊ូទ្រាំនឹងការលំបាក មិនមែនក្នុងគោលបំណងបំពេញភារកិច្ចរបស់ខ្លួនសោះឡើយ ប៉ុន្តែដើម្បីធានាបាននូវការរស់នៅទាំងស្រុង ហើយពួកគេមិនអនុញ្ញាតឱ្យនរណាម្នាក់រិះគន់ពួកគេទាល់តែសោះ ពួកគេគ្រាន់តែចង់រស់នៅពឹងលើពួកជំនុំដោយចាត់ទុកថាជារឿងត្រឹមត្រូវប៉ុណ្ណោះ។ ទាំងនេះគឺជាមនុស្សដែលរស់នៅពឹងលើពួកជំនុំ។

អ្នកទាំងឡាយដែលរស់នៅពឹងលើពួកជំនុំ ជឿលើព្រះជាម្ចាស់ដោយគ្មានហេតុផលអ្វី ក្រៅតែពីដើម្បីធានាបាននូវការចិញ្ចឹមជីវិតសម្រាប់ខ្លួនឯង និងទទួលបានរបរចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ តើមានមនុស្សដែលរស់នៅពឹងលើពួកជំនុំនៅជុំវិញអ្នករាល់គ្នាដែរឬទេ? ចូរនិយាយអំពីការសម្ដែងចេញរបស់ពួកគេ។ (ខ្ញុំធ្លាប់បានជួបមនុស្សបែបនេះម្នាក់។ ដំបូងឡើយ គាត់មើលទៅហាក់ដូចជាឆ្លាត និងមានចិត្តក្លៀវក្លាសមគួរ ដូច្នេះពួកជំនុំបានរៀបចំឱ្យគាត់ផ្សាយដំណឹងល្អ។ នៅពេលនោះ ជីវភាពគ្រួសាររបស់គាត់មានការលំបាក ដូច្នេះពួកជំនុំបានផ្ដល់ជំនួយខ្លះដល់គាត់។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកគេបានរកឃើញថា គាត់ចាយលុយដោយគ្មានគោលការណ៍ ដោយចំណាយលើរបស់ដែលគាត់មិនគួរចំណាយ និងមិនសន្សំសំចៃនៅកន្លែងដែលគាត់អាចសន្សំបាន។ នៅពេលដែលបងប្អូនប្រុសស្រីប្រកបគោលការណ៍សេចក្ដីពិតជាមួយគាត់ គាត់មិនសប្បាយចិត្ត និងមានចិត្តទាស់ទទឹងយ៉ាងខ្លាំង។ ដោយសារគាត់បានប្រើប្រាស់លុយរបស់ដំណាក់ព្រះជាម្ចាស់មិនត្រឹមត្រូវ ពួកជំនុំបានធ្វើការកែសម្រួលសមស្រប ទៅតាមការរៀបចំ និងបទប្បញ្ញត្តិរបស់ដំណាក់ព្រះជាម្ចាស់ ដោយកាត់បន្ថយជំនួយហិរញ្ញវត្ថុដែលផ្ដល់ឱ្យគាត់។ ជាលទ្ធផល គាត់បានបាត់បង់ភាពស្វាហាប់ដែលគាត់ធ្លាប់មានពីមុនក្នុងការបំពេញភារកិច្ច ហើយគាត់ក៏ធ្វើការឱ្យតែរួចពីដៃទៅៗ។ ក្រោយមក ពួកជំនុំបានឈប់ជួយគាត់ ហើយចិត្តរបស់គាត់ក៏លែងមានចិត្តចង់បំពេញភារកិច្ចរបស់គាត់ទៀតដែរ។ គាត់ចំណាយពេលទាំងអស់ គិតថាតើត្រូវធ្វើការ និងរកលុយដូចម្តេច។ គាត់ថែមទាំងបានខ្ចីលុយពីបងប្អូនប្រុសស្រី ដោយអះអាងថា គាត់ត្រូវការទិញឡាន និងវិនិយោគដើម្បីបើកក្រុមហ៊ុន ហើយនិយាយថា ការធ្វើបែបនេះនឹងធ្វើឱ្យការផ្សាយដំណឹងល្អកាន់តែងាយស្រួល និងទទួលបានមនុស្សកាន់តែច្រើន។ គាត់ច្បាស់ជាកំពុងបោកប្រាស់ និងបំភាន់មនុស្សដោយពាក្យសម្ដីទាំងនេះ គាត់កំពុងប្រើលេសនៃការផ្សាយដំណឹងល្អ ដើម្បីបោកយកលុយពីបងប្អូនប្រុសស្រី។) តើគេបានចាត់ចែងបុគ្គលម្នាក់នេះដូចម្តេច? (គេបណ្តេញគាត់ចេញដោយផ្ទាល់។) នោះជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ នេះគឺជាការរស់នៅពឹងលើពួកជំនុំ។ នៅពេលមនុស្សដែលរស់នៅពឹងលើពួកជំនុំ មកជឿលើព្រះជាម្ចាស់ដំបូងឡើយ ពួកគេមើលទៅហាក់ដូចជាមានចិត្តក្លៀវក្លាខ្លះ និងលះបង់ខ្លួនឯងខ្លះដែរ ហើយនៅពេលនេះ ការទាមទាររបស់ពួកគេមិនខ្ពស់ទេ ពោលគឺពួកគេគ្រាន់តែចង់បានអាហារហូបចុកតែប៉ុណ្ណោះ។ ប៉ុន្តែយូរៗទៅ ពួកគេលែងស្កប់ស្កល់នឹងអ្វីដែលគេផ្ដល់ឱ្យទៀតហើយ ហើយពួកគេចាប់ផ្ដើមទាមទារកាន់តែខ្ពស់ទៅៗ ហើយប្រសិនបើមិនសម្រេចតាមការទាមទាររបស់ពួកគេទេ ពួកគេចាប់ផ្ដើមធ្វើខ្លួនក្រឡេចក្រឡុច និងមិនសុខចិត្តបំពេញភារកិច្ចឡើយ។ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួនបន្តិចបន្តួច ត្រូវតែមានអ្នកតាមមើលពួកគេទើបបាន បើមិនដូច្នេះទេ ពួកគេធ្វើវាឱ្យតែរួចពីដៃជាមិនខាន។ នៅទីបំផុត នៅពេលដែលគេរកឃើញថា ការបំពេញភារកិច្ចរបស់ពួកគេបង្កផលអាចក្រក់ច្រើនជាងផលល្អ ពួកគេក៏ត្រូវបានជម្រុះចោល។ អ្នកខ្លះនិយាយថា៖ «ហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់មិនបង្ហាញក្ដីស្រឡាញ់ចំពោះពួកគេ?» ក៏មានគោលការណ៍ដែរ នៅពេលនិយាយដល់ការបង្ហាញក្ដីស្រឡាញ់។ មនុស្សទាំងនោះគឺជាពួកអ្នកមិនជឿ ពួកគេមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬទទួលយកសេចក្ដីពិតឡើយ ពួកគេតែងតែធ្វើខ្លួនក្រឡេចក្រឡុច និងធ្វើឱ្យតែរួចពីដៃក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន ហើយពួកគេមិនព្រមស្ដាប់នៅពេលដែលសេចក្ដីពិតត្រូវបានប្រកប ឬទទួលយកការលួសកាត់ណាមួយឡើយ ពោលគឺអាចនិយាយបានថា ពួកគេកែលែងបានហើយ។ ជាលទ្ធផល ពួកគេអាចត្រូវបានចាត់ចែងដោយការបោសសម្អាត និងការជម្រុះចោលតែប៉ុណ្ណោះ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការរកឃើញមនុស្សប្រភេទនេះ ពួកគេគួរតែចាត់ចែងពួកគេភ្លាមៗ ហើយប្រសិនបើបងប្អូនប្រុសស្រីរកឃើញមនុស្សបែបនេះ ពួកគេគួរតែរាយការណ៍ទៅអ្នកដឹកនាំ និងអ្នកធ្វើការភ្លាមៗ។ នេះគឺជាការទទួលខុសត្រូវរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គ្រប់រូប។ ឱ្យតែបានបញ្ជាក់ថា មនុស្សម្នាក់នេះកំពុងរស់នៅពឹងលើពួកជំនុំ គ្រាន់តែចង់បានការចិញ្ចឹមជីវិត និងជាពួកអ្នកមិនជឿ ហើយបានបញ្ជាក់ថា ពួកគេមិនព្រមធ្វើការនៅពេលពួកគេមិនបានលុយ មិនសុខចិត្ត និងមានចិត្តប្រទូសរ៉ាយនៅពេលដែលពួកគេមានអារម្មណ៍ថា ពួកគេមិនទទួលបានប្រាក់ឧបត្ថម្ភគ្រប់គ្រាន់ ហើយធ្វើការបន្តិចបន្តួចតែនៅពេលដែលទទួលបានប្រាក់កម្រៃគ្រប់គ្រាន់នោះ គឺមិនគួរមានការអនុគ្រោះចំពោះពួកគេឡើយ ពោលគឺត្រូវតែបោសសម្អាតពួកគេ! និយាយឱ្យចំទៅ មនុស្សបែបនេះមិនទាំងស័ក្តិសមនឹងបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ផង។ ប្រសិនបើអ្នកមិនបង់លុយឱ្យពួកគេទេ ពួកគេនឹងមិនសុខចិត្តបំពេញភារកិច្ចឡើយ ប៉ុន្តែឱ្យតែអ្នកបង់លុយឱ្យពួកគេ ទោះបីជាពួកគេដឹងថាពួកគេគ្រាន់តែបំពេញភារកិច្ចក៏ដោយ ក៏ពួកគេនៅតែសុខចិត្តធ្វើវាដែរ។ ប៉ុន្តែ តើពួកអ្នកមិនជឿទាំងនេះអាចបម្រើការអ្វីបាន? ពួកគេមិនទាំងអាចបំពេញភារកិច្ចបានល្អផង ហើយការបំពេញភារកិច្ចនោះទៀតសោតក៏មិនស្របតាមស្ដង់ដាដែរ ដូច្នេះពួកគេគួរតែត្រូវបានជម្រុះចោល។ ហេតុដូច្នេះហើយ រឿងដំបូងដែលត្រូវធ្វើនៅពេលសម្គាល់ដឹងថាពួកគេគឺជាប្រភេទមនុស្សដែលរស់នៅពឹងលើពួកជំនុំ គឺត្រូវចាត់ចែងពួកគេ និងបណ្ដេញពួកគេចេញពីពួកជំនុំ ក្នុងនាមជាមនុស្សអាក្រក់។ នេះមិនមែនជារឿងហួសហេតុទាល់តែសោះ វាស្របទាំងស្រុងតាមគោលការណ៍នៃដំណាក់ព្រះជាម្ចាស់ សម្រាប់ការជម្រុះចោល និងការបណ្ដេញមនុស្សចេញ។ តើមនុស្សប្រភេទនេះចាំបាច់ត្រូវផ្តល់ឱកាសដើម្បីប្រែចិត្តដែរឬទេ? តើពួកគេចាំបាច់ត្រូវទុកឱ្យនៅដើម្បីសង្កេតមើលដែរឬទេ? (ទេ។) តើពួកគេអាចប្រែចិត្តដែរឬទេ? (ទេ។) នេះគឺជាធម្មជាតិរបស់ពួកគេតែម្ដង ពួកគេនឹងមិនប្រែចិត្តជារៀងរហូត។ ពួកគេគឺជាពូជពង្សរបស់សាតាំង។ ក្នុងចំណោមពូជពង្សរបស់សាតាំង មានមនុស្សមួយប្រភេទដែលមានធម្មជាតិជាមនុស្សពាលសន្តានអារក្ស ចង់រស់នៅពឹងផ្អែកលើអ្នកដទៃគ្រប់ទីកន្លែងដែលពួកគេនៅ មិនធ្វើកិច្ចការត្រឹមត្រូវគ្រប់ទីកន្លែងដែលពួកគេទៅ ហើយប៉ងក្នុងចិត្តចង់តែបោកប្រាស់ និងៅួភូតភរគេប៉ុណ្ណោះ។ ពួកគេឃើញថា អ្នកជឿលើព្រះជាម្ចាស់មានភាពជាមនុស្ស ហើយសន្មតថាមនុស្សទាំងនេះងាយនឹងចាញ់បោក ដូច្នេះពួកគេមកដំណាក់របស់ព្រះជាម្ចាស់ដើម្បីរស់នៅពឹងលើពួកជំនុំ។ ពួកគេមិនដឹងទេថា ដំណាក់របស់ព្រះជាម្ចាស់បានសម្គាល់ដឹង និងប្រុងប្រយ័ត្នចំពោះពួកគេជាយូរមកហើយ ហើយមានគោលការណ៍សម្រាប់ចាត់ចែងមនុស្សដូចពួកគេ។ នៅពេលការប៉ុនប៉ងរបស់ពួកគេក្នុងការរស់នៅពឹងលើពួកជំនុំបរាជ័យ ពួកគេផ្ទុះកំហឹងទាំងអាម៉ាស់ លាតត្រដាងក្រយៅពិតរបស់ខ្លួនចេញមកតែម្តង។ នៅពេលនោះ អ្នកនឹងដឹងពីមូលហេតុដែលដំណាក់របស់ព្រះជាម្ចាស់មិនផ្ដល់ឱកាសឱ្យមនុស្សបែបនេះប្រែចិត្ត គឺដោយសារតែពួកគេគ្មានភាពជាមនុស្ស និងមិនអាចផ្លាស់ប្ដូរបាន។ ពួកគេគឺជាមនុស្សពាលសន្តានអារក្ស ដូចអ្វីដែលអ្នកមិនជឿតែងនិយាយដល់នោះឯង។ ដូច្នេះ ដំណាក់របស់ព្រះជាម្ចាស់ចាត់ចែងមនុស្សបែបនេះ ដោយការជម្រុះចោល ឬបណ្ដេញពួកគេចេញដោយផ្ទាល់ ហើយមិនទទួលពួកគេចូលក្នុងពួកជំនុំវិញជារៀងរហូត។ តើការចាត់ចែងពួកគេទុកជាមនុស្សអាក្រក់បែបនេះ សមស្របដែរឬទេ? (មែនហើយ។) ការប្រកបរបស់យើងអំពីប្រធានបទនេះ សូមបញ្ចប់ត្រឹមនេះ។

ច. ដើម្បីស្វែងរកទីជម្រក

បន្ទាប់មក យើងនឹងប្រកបអំពីគោលបំណងទីប្រាំមួយ គឺជាពួកអ្នកមិនជឿប្រភេទទីប្រាំមួយ ដែលគួរតែត្រូវបានបោសសម្អាត ឬបណ្ដេញចេញពីពួកជំនុំ៖ គឺអស់អ្នកមានគោលបំណងជឿលើព្រះជាម្ចាស់ដើម្បីតែស្វែងរកទីជម្រកប៉ុណ្ណោះ។ អ្នកខ្លះនិយាយថា៖ «តើការស្វែងរកទីជម្រកមានការសម្ដែងចេញបែបណាខ្លះ? តើមានអ្នកដែលជឿលើព្រះជាម្ចាស់ដើម្បីស្វែងរកទីជម្រកដែរឬទេ? តើមនុស្សបែបនេះពិតជាមានមែនឬ?» តើអ្នករាល់គ្នាធ្លាប់ឮនរណាម្នាក់និយាយថា «ពួកជំនុំគឺជាទីជម្រក មនុស្សជឿលើព្រះជាម្ចាស់ដើម្បីឱ្យពួកគេអាចស្វែងរកទីជម្រកបាន» ដែរឬទេ? មនុស្សជាច្រើននៅក្នុងសាសនានិយាយបែបនេះ។ បើនិយាយពីសារជាតិនៃពាក្យសម្តីនេះ តើមានភាពខុសគ្នាដែរឬទេ រវាងពាក្យសម្តីនេះ និងគោលបំណងដែលយើងនឹងពិនិត្យពិច័យនោះគឺ «ការជឿលើព្រះជាម្ចាស់ដើម្បីស្វែងរកទីជម្រក»? (មាន។) តើភាពខុសគ្នាគឺជាអ្វី? តើពួកគេស្វែងរកទីជម្រកគេចចេញពីអ្វី? (អស់អ្នកដែលជឿលើព្រះជាម្ចាស់ដោយចិត្តស្មោះ ក៏នៅមានភាពមិនបរិសុទ្ធខ្លះដែរ ក្នុងអំឡុងពេលដេញតាមសេចក្ដីពិត ពោលគឺពួកគេក៏សង្ឃឹមថានឹងគេចផុតពីគ្រោះមហន្តរាយ ឬការលំបាក ហើយទទួលបានសេចក្ដីសុខសាន្តខ្លះដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រភេទមនុស្សក្នុងគោលបំណងទីប្រាំមួយនេះ ជឿលើព្រះជាម្ចាស់ដើម្បីតែស្វែងរកទីជម្រកសុទ្ធសាធ ហើយក្នុងខ្លួនពួកគេ គ្មានជំនឿពិតលើព្រះជាម្ចាស់សូម្បីតែបន្តិចសោះឡើយ។ នេះគឺជាភាពខុសគ្នា។) ភាពខុសគ្នានៅទីនេះ គឺការមានភាពមិនបរិសុទ្ធនៅក្នុងគោលបំណងរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់ ធៀបនឹងការជឿលើព្រះជាម្ចាស់ក្នុងគោលបំណងស្វែងរកទីជម្រកតែមួយមុខ។ ក្រៅពីភាពខុសគ្នានេះ ក៏មានភាពខុសគ្នាចំពោះការដែលពួកគេស្វែងរកទីជម្រកគេចចេញពីអ្វីមួយផងដែរ។ អ្នកខ្លះមានភាពមិនបរិសុទ្ធលាយឡំក្នុងគោលបំណងជឿលើព្រះជាម្ចាស់របស់ពួកគេ ពោលគឺពួកគេជឿលើព្រះជាម្ចាស់ ដើម្បីគេចពីគ្រោះមហន្តរាយ គេចឱ្យផុតពីគ្រោះមហន្តរាយ ឬដើម្បីឱ្យព្រះជាម្ចាស់ការពារ និងថែរក្សាពួកគេ ហើយបន្ទាប់មក ពួកគេអាចគេចផុតពីគ្រោះថ្នាក់ និងគ្រោះមហន្តរាយមួយចំនួនបានយ៉ាងជាក់ស្ដែង។ គឺពួកគេមានបំណងចង់គេចចេញពីគ្រោះមហន្តរាយនេះឯង។ ប្រភេទមនុស្សក្នុងគោលបំណងទីប្រាំមួយដែលយើងកំពុងប្រកបគ្នា ពោលគឺអស់អ្នកដែលជឿលើព្រះជាម្ចាស់ក្នុងគោលបំណងស្វែងរកទីជម្រក ពួកគេស្វែងរកទីជម្រកគេចចេញពីអ្វីៗច្រើនយ៉ាងលើសពីនេះ។ សម្រាប់ពួកគេ អ្វីដែលជាក់ស្ដែងបំផុត គឺលើសពីការគេចចេញពីមហាភយន្តរាយដែលមិនទាន់កើតឡើងទៅទៀត។ ដូច្នេះ តើបញ្ហាជាក់ស្ដែងបំផុតសម្រាប់ពួកគេគឺជាអ្វី? រឿងរ៉ាវដូចជា ការជួបសត្រូវដ៏ខ្លាំងក្លានៅក្នុងសង្គម ការជាប់ពាក់ព័ន្ធនឹងរឿងក្តីក្តាំ ការធ្វើឱ្យប៉ះពាល់ដល់មន្ត្រីរដ្ឋាភិបាល ឬអ្នកមានឥទ្ធិពល ការបំពានច្បាប់ សង្គ្រាម ឬគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងនៅក្នុងប្រទេសរបស់ពួកគេ ឬការជួបមនុស្ស ឬព្រឹត្តិការណ៍មួយចំនួនដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬសុវត្ថិភាពគ្រួសាររបស់ពួកគេ ជាដើម។ បន្ទាប់ពីជួបស្ថានភាពទាំងនេះ ពួកគេស្វែងរកពួកជំនុំមួយដែលពួកគេជឿថាអាចទុកចិត្តបាន និងអាចពឹងពាក់បាន ដើម្បីស្វែងរកទីជម្រក។ នេះគឺជាការស្វែងរកទីជម្រកដែលបានលើកឡើងនៅក្នុងគោលបំណងទីប្រាំមួយ។ ពោលគឺ នៅពេលដែលពួកគេជួបការលំបាកមួយចំនួនក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត គ្រួសារ ការងារ អាជីពជាដើម ពួកគេក៏មកពួកជំនុំដើម្បីស្វែងរកទីជម្រក ដោយស្វែងរកជំនួយពីកម្លាំងមនុស្សដ៏ច្រើនកុះករ។ នេះគឺជាការជឿលើព្រះជាម្ចាស់ក្នុងគោលបំណងស្វែងរកទីជម្រក ដូចដែលបានលើកឡើងនៅក្នុងគោលបំណងទីប្រាំមួយ។ តើនេះមិនខុសពីភាពមិនបរិសុទ្ធរបស់អ្នកជឿពិតប្រាកដទេឬ? (មែនហើយ។) គោលបំណងជឿលើព្រះជាម្ចាស់របស់មនុស្សប្រភេទនេះ គឺដើម្បីស្វែងរកទីជម្រក ដើម្បីស្វែងរកជំនួយពីពួកជំនុំ។ ពោលគឺ ពួកគេសង្ឃឹមថា ពួកជំនុំអាចបោះដៃជួយពួកគេ ហើយក្រៅពីជំនួយហិរញ្ញវត្ថុ ពួកគេក៏ទាមទារឱ្យពួកជំនុំផ្ដល់ការការពារ ការគាំទ្រ និងជំនួយដល់ពួកគេផងដែរ។ មនុស្សបែបនេះមួយចំនួន ក៏ចង់ប្រើឥទ្ធិពល ឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកជំនុំនៅក្នុងសង្គម ដើម្បីតតាំងនឹងរបបទុច្ចរិត ឬកម្លាំងដ៏អាក្រក់ដែលគាបសង្កត់ និងធ្វើបាបអ្នកដែលជឿលើព្រះជាម្ចាស់ ដើម្បីការពារអាយុជីវិត ឬជីវភាពរស់នៅរបស់ពួកគេផងដែរ។ នេះគឺជាគោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់។ តើមានមនុស្សបែបនេះដែរឬទេ? ពួកគេជឿថា ពួកជំនុំគឺជាទីជម្រកដ៏ល្អមួយដែលអាចដាច់ឆ្ងាយពីនយោបាយនិងសង្គម ហើយពួកគេគិតថា នៅពេលដែលពួកគេត្រូវការជំនួយ ពួកជំនុំអាចលូកដៃជួយដោយស្មោះ និងដោយសប្បុរស ដើម្បីផ្ដល់ជំនួយហិរញ្ញវត្ថុណាមួយដល់ពួកគេ ចេញមុខតតាំងជំនួសពួកគេ ការពារពួកគេ តំណាងឱ្យពួកគេនៅក្នុងរឿងក្តីក្តាំ និងដើម្បីតស៊ូទាមទារសិទ្ធិ ក៏ដូចជាផលប្រយោជន៍របស់ពួកគេផងដែរ។ នេះគឺជាគោលបំណងរបស់មនុស្សទាំងនេះក្នុងការជឿលើព្រះជាម្ចាស់។ មកទល់សព្វថ្ងៃនេះ តើមានមនុស្សបែបនេះនៅក្នុងពួកជំនុំដែរឬទេ? តើអ្នករាល់គ្នាធ្លាប់ឮថាមានមនុស្សបែបនេះដែរឬទេ? ប្រាកដជាមានមនុស្សបែបនេះនៅក្នុងពួកជំនុំនៅបរទេស។ មនុស្សទាំងនេះជឿលើព្រះជាម្ចាស់ និងចូលរួមក្នុងពួកជំនុំ ក្នុងគោលបំណងស្វែងរកទីជម្រកតែមួយមុខប៉ុណ្ណោះ។ ពួកគេមិនយល់ថាជំនឿគឺជាអ្វីទេ ហើយពួកគេកាន់តែមិនចាប់អារម្មណ៍នឹងសេចក្ដីពិតទៅទៀត។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេជួបការលំបាក ហើយមិនអាចរកជំនួយណាមួយនៅក្នុងសង្គមបាន ពួកគេនឹកឃើញដល់ពួកជំនុំ ហើយជឿថាពួកជំនុំគឺជាកន្លែងដែលពួកគេអាចជ្រកកោនដោយសុវត្ថិភាព ជាច្រកចេញដ៏ល្អបំផុត និងជាកន្លែងដែលមានសុវត្ថិភាពបំផុត ដូច្នេះទើបពួកគេជ្រើសរើសជឿលើព្រះជាម្ចាស់ និងចូលក្នុងពួកជំនុំ ដើម្បីសម្រេចគោលបំណងរបស់ពួកគេក្នុងការគេចពីគ្រោះមហន្តរាយ។

ឥឡូវនេះ ភយន្តរាយកំពុងតែរីកធំឡើងៗ ហើយមនុស្សគ្មានផ្លូវរស់ឡើយ។ មានមនុស្សមួយចំនួនដែលជ្រើសរើសជឿលើព្រះជាម្ចាស់ គឺដើម្បីតែគេចចេញពីភយន្តរាយប៉ុណ្ណោះ។ ពួកគេជឿថាព្រះជាម្ចាស់មានពិត ប៉ុន្តែពួកគេគ្មានចិត្តស្រឡាញ់សេចក្ដីពិតសូម្បីបន្តិចសោះឡើយ។ ប្រសិនបើមនុស្សបែបនេះមកជឿលើព្រះជាម្ចាស់ តើពួកជំនុំគួរទទួលយកពួកគេដែរឬទេ? មនុស្សជាច្រើនមើលមិនឃើញបញ្ហានេះច្បាស់ទេ ហើយគិតថា នរណាក៏ដោយឱ្យតែជឿថាព្រះជាម្ចាស់មានពិត គួរតែត្រូវបានពួកជំនុំទទួលយក។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរ។ ការសម្រេចចិត្តរបស់ពួកជំនុំក្នុងការទទួលយកនរណាម្នាក់ គួរតែផ្អែកនៅត្រង់ថាតើបុគ្គលនោះអាចទទួលយកសេចក្ដីពិតបានដែរឬទេ ហើយថាតើពួកគេគឺជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ដែរឬទេ ពោលគឺមិនមែនផ្អែកត្រឹមតែថាពួកគេមានចិត្តចង់ជឿលើព្រះជាម្ចាស់នោះឡើយ។ មានពួកអារក្សជាច្រើនដែលចង់ទទួលបានព្រះពរ និងស្វែងរកផ្លូវចេញតាមរយៈការជឿលើព្រះជាម្ចាស់ តើពួកជំនុំគួរទទួលយកមនុស្សបែបនេះដែរឬទេ? នេះមិនដូចជាការផ្សាយដំណឹងល្អក្នុងយុគសម័យនៃព្រះគុណ ដែលនរណាក៏ដោយក៏ត្រូវបានទទួលយកដែរ ឱ្យតែពួកគេជឿនោះទេ។ ក្នុងយុគសម័យនៃនគរព្រះ មានគោលការណ៍ និងការដាក់កំហិតនៃបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ ទាក់ទងនឹងអ្នកដែលពួកជំនុំទទួលយក។ មិនថាបុគ្គលនោះជានរណានោះទេ ប្រសិនបើពួកគេមិនស្រឡាញ់ ឬមិនទទួលយកសេចក្ដីពិតទេ គឺមិនអាចទទួលយកពួកគេបានឡើយ។ ហេតុអ្វីបានជាមិនទទួលយកមនុស្សបែបនេះ? មិនអាចទទួលយកមនុស្សបែបនេះបានឡើយ មូលហេតុចម្បងដោយសារតែយើងមិនអាចមើលឃើញច្បាស់ពីប្រវត្តិរបស់ពួកគេ ឬមិនដឹងថាពួកគេជាមនុស្សប្រភេទណានោះទេ។ ប្រសិនបើពួកជំនុំទទួលយកអារក្ស ឬមនុស្សអាក្រក់ទុច្ចរិតយង់ឃ្នងម្នាក់ មនុស្សគ្រប់គ្នាដឹងហើយថានឹងមានផលវិបាកធ្ងន់ធ្ងរអ្វីខ្លះដល់ពួកជំនុំនោះ។ លើសពីនេះទៅទៀត នៅក្នុងការជឿលើព្រះជាម្ចាស់ យើងគួរតែយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ ថាតើទ្រង់សង្គ្រោះនរណា និងជម្រុះនរណាចោល។ តើពួកជំនុំមានសមាសភាពមនុស្សប្រភេទណាខ្លះ? គឺមានសមាសភាពអស់អ្នកដែលទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស អស់អ្នកដែលស្រឡាញ់សេចក្ដីពិត និងអស់អ្នកដែលត្រូវបានព្រះជាម្ចាស់ទទួលយក។ ព្រះជាម្ចាស់មិនសង្គ្រោះអស់អ្នកដែលមិនជឿលើទ្រង់ដោយស្មោះត្រង់ និងមិនទទួលយកសេចក្ដីពិតឡើយ ដ្បិតការមិនទទួលយកសេចក្ដីពិត គឺជាបញ្ហានៃធម្មជាតិរបស់បុគ្គលម្នាក់ ហើយមនុស្សប្រភេទនេះ គឺជារបស់សាតាំង និងមិនផ្លាស់ប្ដូរជារៀងរហូត។ ដូច្នេះ មនុស្សបែបនេះមិនត្រូវអនុញ្ញាតឱ្យចូលក្នុងពួកជំនុំជាដាច់ខាត។ ប្រសិនបើមាននរណាម្នាក់ទទួលយកមនុស្សអាក្រក់ ឬអារក្សឱ្យចូលក្នុងពួកជំនុំ នោះបុគ្គលនោះគឺជាអ្នកបម្រើសាតាំងហើយ។ ពួកគេមកក្នុងគោលបំណងចង់រុះរើ និងបំផ្លាញកិច្ចការរបស់ពួកជំនុំ ហើយពួកគេគឺជាសត្រូវរបស់ព្រះជាម្ចាស់។ ការទទួលយកអារក្ស ឬសត្រូវរបស់ព្រះជាម្ចាស់បែបនេះឱ្យចូលក្នុងពួកជំនុំ គឺជាការប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ និងបំពានលើបញ្ញត្តិរដ្ឋបាលរបស់ទ្រង់ ហើយដំណាក់របស់ព្រះជាម្ចាស់នឹងមិនអត់ឱនចំពោះរឿងនេះជាដាច់ខាត។ មនុស្សអាក្រក់ និងពួកអារក្ស មិនត្រូវអនុញ្ញាតឱ្យចូលក្នុងពួកជំនុំឡើយ នេះគឺជាជំហរ និងសេចក្ដីតម្រូវដ៏ច្បាស់លាស់មួយរបស់ពួកជំនុំ ចំពោះកិច្ចការផ្សាយដំណឹងល្អ។ ពួកជំនុំគ្មានទំនួលខុសត្រូវទាល់តែសោះក្នុងការទទួលយកអស់អ្នកដែលជ្រើសរើសជឿលើព្រះជាម្ចាស់ដើម្បីគេចផុតពីភយន្តរាយ ហើយក៏មិនត្រូវទទួលយកអស់អ្នកដែលមិនទទួលយកសេចក្ដីពិតសូម្បីបន្តិចសោះឡើយ ដ្បិតព្រះជាម្ចាស់មិនសង្គ្រោះមនុស្សបែបនេះទេ។ នរណាក៏ដោយដែលមិនទទួលស្គាល់ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថាជាសេចក្ដីពិត នរណាក៏ដោយដែលទាស់ទទឹងនឹងសេចក្ដីពិត និងមិនពេញចិត្តនឹងសេចក្ដីពិត គឺជាមនុស្សអាក្រក់ ហើយព្រះជាម្ចាស់មិនសង្គ្រោះពួកគេឡើយ។ ចំពោះអស់អ្នកដែលទទួលស្គាល់ព្រះជាម្ចាស់នៅក្នុងចិត្ត ប៉ុន្តែមិនស្រឡាញ់សេចក្ដីពិត ហើយត្រូវបានចាត់ថ្នាក់ជាអ្នកមិនជឿដើម្បីតែបរិភោគនំប៉័ងឱ្យឆ្អែតនោះ ពួកជំនុំមិនត្រូវទទួលយកពួកគេណាម្នាក់ជាដាច់ខាត។ មិនបាច់និយាយដល់មនុស្សទុច្ចរិតនៅក្នុងសង្គម ដែលចង់មកស្វែងរកទីជម្រកនៅក្នុងពួកជំនុំនោះទេ ពួកគេកាន់តែមិនគួរត្រូវបានទទួលយកទៅទៀត។ នេះគឺដោយសារតែពួកជំនុំមិនមែនជាអង្គការសប្បុរសធម៌ឡើយ ផ្ទុយទៅវិញ វាគឺជាកន្លែងដែលព្រះជាម្ចាស់បំពេញកិច្ចការសង្គ្រោះមនុស្ស។ កិច្ចការរបស់ពួកជំនុំ គ្មានពាក់ព័ន្ធអ្វីជាមួយរដ្ឋាភិបាលនៃប្រទេសជាតិនោះទេ។ អង្គការសង្គមណែនាំមនុស្សឱ្យធ្វើអំពើល្អ និងឱ្យដាក់អាវុធចុះ នេះគឺដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ ហើយវាគ្មានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយពួកជំនុំ។ ប្រសិនបើមាននរណាម្នាក់ហ៊ាននាំមនុស្សអាក្រក់ដែលមិនជឿ អារក្ស ឬអ្នកមិនជឿចូលទៅក្នុងពួកជំនុំ នោះបុគ្គលនោះនឹងប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ និងបំពានលើបញ្ញត្តិរដ្ឋបាលរបស់ទ្រង់ហើយ។ នរណាក៏ដោយដែលនាំមនុស្សអាក្រក់ ឬអារក្សចូលទៅក្នុងពួកជំនុំ ត្រូវតែត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញដោយដំណាក់របស់ព្រះជាម្ចាស់។ នេះគឺជាជំហរដ៏ច្បាស់លាស់របស់ពួកជំនុំ ចំពោះកិច្ចការផ្សាយដំណឹងល្អ។ នៅពេលដែលមនុស្សអាក្រក់ និងពួកអារក្សទាំងនេះ ចង់មកស្វែងរកទីជម្រកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គួរតែប្រាប់ពួកគេថា ពួកគេមកខុសទ្វារហើយ ពួកគេបានរើសកន្លែងខុសហើយ។ ពួកជំនុំនឹងមិនទទួលយកពួកគេជាដាច់ខាត។ នេះគឺជាជំហរដ៏ច្បាស់លាស់របស់ពួកជំនុំ ចំពោះអ្នកមិនជឿដែលចង់ស្វែងរកទីជម្រក។ តើចំណុចនេះត្រូវបានបញ្ជាក់ច្បាស់ហើយមែនទេ? (មែនហើយ។) ចុះតើយើងគួរចាត់ចែងមនុស្សបែបនេះដោយរបៀបណា? តើវិធីសមរម្យដើម្បីប្រាប់ពួកគេមានអ្វីខ្លះ? អ្នកនិយាយថា៖ «មិនថាប្រទេសណានោះទេ គឺមានសមាគមកាកបាទក្រហម ស្ថាប័នសង្គមកិច្ច មណ្ឌលស្នាក់នៅ និងវត្តអារាម ព្រមទាំងក្រុមអ្នកស្ម័គ្រចិត្តមួយចំនួននៅក្នុងសង្គម។ ប្រសិនបើអ្នកជួបទុក្ខលំបាក ហើយមានអារម្មណ៍ថាមានរឿងអយុត្តិធម៌ដែលត្រូវដោះស្រាយ អ្នកអាចស្វែងរកជំនួយពីស្ថាប័នទាំងនេះបាន។ លើសពីនេះទៅទៀត អ្នកអាចស្វែងរកសិទ្ធិជ្រកកោននយោបាយ ឬសិទ្ធិជ្រកកោនជាជនភៀសខ្លួនពីរដ្ឋាភិបាល ហើយប្រសិនបើមានលទ្ធភាពហិរញ្ញវត្ថុ អ្នកអាចជួលមេធាវីដើម្បីជួយអ្នកក្នុងរឿងក្ដីរបស់អ្នកបាន។ ប៉ុន្តែ ទីនេះគឺជាពួកជំនុំ ជាកន្លែងដែលព្រះជាម្ចាស់ធ្វើកិច្ចការ ជាកន្លែងដែលព្រះជាម្ចាស់សង្គ្រោះមនុស្ស មិនមែនជាកន្លែងសម្រាប់អ្នកស្វែងរកទីជម្រកឡើយ។ ដូច្នេះ ការដែលអ្នកចូលមកក្នុងពួកជំនុំ គឺមិនសមរម្យទេ ហើយការដែលអ្នកស្នាក់នៅទីនេះ ក៏គ្មានប្រយោជន៍ដែរ។ ព្រះជាម្ចាស់មិនទទួលយកមនុស្សបែបនេះទេ ហើយពួកជំនុំក៏មិនទទួលពួកគេដែរ។ មិនថាអ្នកមិនមានជំនឿមានការលំបាកអ្វីនោះទេ ពួកគេគួរតែស្វែងរកជំនួយពីអង្គការសប្បុរសធម៌ អង្គការសង្គ្រោះ ឬការិយាល័យកិច្ចការស៊ីវិលនៅក្នុងសង្គម អង្គការទាំងនេះយកចិត្តទុកដាក់បម្រើប្រជាជន ការធ្វើសប្បុរសធម៌ និងការជួយអ្នកដទៃ។ មិនថាអ្នកមានបណ្ដឹង ឬការទាមទារអ្វីនោះទេ អ្នកអាចប្រាប់ពួកគេ ឬដាក់ញត្តិទៅរដ្ឋាភិបាលបាន។ កន្លែងទាំងនោះគឺជាកន្លែងដែលសមរម្យបំផុតសម្រាប់អ្នក»។ ពួកជំនុំមិនទទួលពួកអ្នកមិនជឿ និងអ្នកមិនមានជំនឿណាឡើយ។ ប្រសិនបើនរណាម្នាក់មាន «ក្ដីស្រឡាញ់» ខ្លាំងជាពិសេស ទុកឱ្យពួកគេទទួលមនុស្សបែបនេះដោយផ្ទាល់ខ្លួនចុះ ហើយចប់រឿងត្រឹមហ្នឹងទៅ ពួកគេអាចឃ្វាលមនុស្សបែបនេះដោយខ្លួនឯងបាន ហើយដំណាក់របស់ព្រះជាម្ចាស់នឹងមិនលូកដៃក្នុងរឿងនេះទេ។ មនុស្សខ្លះអាចនឹងសួរថា៖ «ចុះហេតុអ្វីបានជាពួកជំនុំផ្សាយដំណឹងល្អ? តើគោលបំណងនៃការផ្សាយដំណឹងល្អគឺជាអ្វី?» ការផ្សាយដំណឹងល្អ គឺជាព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ អ្នកដែលអាចទទួលដំណឹងល្អ គឺជាអស់អ្នកដែលស្វែងរកព្រះជាម្ចាស់ និងស្វែងរកផ្លូវពិត អ្នកដែលទន្ទឹងរង់ចាំការលេចមករបស់ព្រះជាម្ចាស់ អ្នកដែលស្រឡាញ់សេចក្ដីពិត និងអាចទទួលយកសេចក្ដីពិតបាន ហើយនិងអ្នកដែលជឿលើព្រះជាម្ចាស់ដោយចិត្តស្មោះ មានតែមនុស្សទាំងនេះប៉ុណ្ណោះ ដែលយើងអាចផ្សាយដំណឹងល្អជូនបាន។ ចំពោះអស់អ្នកដែលមិនស្វែងរកព្រះជាម្ចាស់ អ្នកដែលមិនមកដើម្បីទទួលយកសេចក្ដីពិត ប៉ុន្តែមកដើម្បីស្វែងរកទីជម្រក យើងមិនផ្សាយដំណឹងល្អជូនពួកគេទេ។ មនុស្សវង្វេងស្មារតីមួយចំនួនមិនអាចមើលធ្លុះរឿងនេះទេ ហើយប្រែជាភាន់ច្រឡំនៅពេលដែលមានរឿងកើតឡើងចំពោះខ្លួន អ្នកទាំងនេះគឺជាមនុស្សវង្វេងស្មារតី ដែលនឹងគ្មានថ្ងៃយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ោឡើយ។

ឆ. ដើម្បីស្វែងរកខ្នងបង្អែក

គោលបំណងទីប្រាំពីរដែលមនុស្សមានក្នុងការជឿលើព្រះជាម្ចាស់ គឺដើម្បីស្វែងរកខ្នងបង្អែក។ តើអ្នករាល់គ្នាធ្លាប់ឃើញមនុស្សបែបនេះទេ? នេះគឺជាស្ថានភាពពិសេសបន្តិចដែរ ទោះបីជាមិនមានច្រើនក្តី ក៏ពួកគេពិតជាមានមែន។ នេះគឺដោយសារតែពួកជំនុំរបស់ព្រះជាម្ចាស់ មិនត្រឹមតែលេចឡើងនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏នៅអាស៊ី អឺរ៉ុប អាមេរិក និងបណ្តាប្រទេសនានានៅអាហ្វ្រិកដែរ ដូច្នេះពួកឱកាសនិយម និងពួកអ្នកមិនជឿទាំងនេះ ក៏នឹងលេចឡើងជាមួយពួកគេដែរ។ ទោះបីជាមនុស្សទាំងនេះអាចមានលទ្ធភាពលេចមុខមកយ៉ាងណាក៏ដោយ កាលណាពួកគេលេចមុខមកហើយ អ្នករាល់គ្នាត្រូវតែប្រឈមមុខនឹងពួកគេ និងសម្គាល់ពួកគេ ហើយកុំបណ្តោយឱ្យពួកអ្នកមិនជឿទាំងនេះទទួលបានឋានៈ និងបង្កការរំខាននៅក្នុងពួកជំនុំឡើយ។ ប្រសិនបើអ្នករាល់គ្នាគិតថាបញ្ហាទាំងនេះមិនមាន ដោយសារតែពួកវាមិនទាន់លេចឡើង ឬអ្នកមិនទាន់ជួបប្រទះពួកវា នេះគឺជាគំនិតដ៏ល្ងង់ខ្លៅ។ នៅពេលបញ្ហាទាំងនេះកើតឡើង ប្រសិនបើអ្នកមិនសម្គាល់ឱ្យបានច្បាស់ និងមិនដឹងពីរបៀបដោះស្រាយវាទេ ពួកវានឹងនាំមកនូវគ្រោះថ្នាក់លាក់មុខដ៏ធំដល់ពួកជំនុំ ដល់ដំណាក់ព្រះជាម្ចាស់ ដល់បងប្អូនប្រុសស្រី និងដល់កិច្ចការរបស់ពួកជំនុំ។ ដូច្នេះ មុនពេលមានរឿងអ្វីកើតឡើង អ្នកចាំបាច់ត្រូវដឹងថាមានបញ្ហាអ្វីខ្លះដែលគួរប្រឈមមុខ ហើយត្រូវដោះស្រាយបញ្ហាទាំងនោះដោយរបៀបណា។ នេះគឺជាវិធីសាស្ត្រដ៏ល្អបំផុត វាដើរតួជារនាំងការពារមើលមិនឃើញសម្រាប់រូបអ្នក។ មនុស្សដែលបានលើកឡើងនៅក្នុងគោលបំណងទីប្រាំពីរនៃការជឿលើព្រះជាម្ចាស់ ពោលគឺអស់អ្នកដែលជឿលើព្រះជាម្ចាស់ដើម្បីស្វែងរកខ្នងបង្អែក គឺមានចំនួនមិនតិចឡើយ។ សង្គមនេះពោរពេញទៅដោយភាពអយុត្តិធម៌ ការរើសអើង និងការគាបសង្កត់នៅគ្រប់ទីកន្លែង។ មនុស្សដែលរស់នៅគ្រប់ជាន់ថ្នាក់ក្នុងសង្គម ពោរពេញទៅដោយការខ្ពើមរអើម និងការស្អប់ចំពោះភាពអយុត្តិធម៌ផ្សេងៗក្នុងសង្គម ហើយក៏ពោរពេញទៅដោយកំហឹងផងដែរ។ ទោះជាយ៉ាងណា ក៏មិនងាយគេចចេញពីភាពអយុត្តិធម៌នៃពិភពមនុស្សនេះដែរ លុះត្រាតែអ្នកបាត់មុខពីពិភពនេះ។ ដរាបណាមនុស្សម្នាក់រស់នៅក្នុងពិភពនេះ និងរស់នៅក្នុងចំណោមមនុស្សទាំងនេះ ពួកគេរមែងរងការធ្វើបាប និងការប្រមាថមើលងាយ ទោះតិចក្តី ច្រើនក្តី ឬក្នុងកម្រិតផ្សេងៗគ្នាក្តី ហើយថែមទាំងអាចរងការតាមយាយី និងការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកមានអំណាចមួយចំនួនទៀតផង។ ភាពអយុត្តិធម៌ និងភាពមិនស្មើគ្នាផ្សេងៗទាំងនេះ បានបង្កឱ្យមានភាពតានតឹងយ៉ាងខ្លាំងលើចិត្តគំនិតរបស់មនុស្ស ដោយនាំមកនូវសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ហើយជាការពិតណាស់ ក៏បានបង្កជាផលលំបាកជាច្រើនដល់ជីវិតរស់នៅធម្មតារបស់មនុស្សផងដែរ។ ជាលទ្ធផល មនុស្សមួយចំនួនជៀសមិនផុតពីយល់ឃើញថា៖ «ដើម្បីឱ្យមនុស្សម្នាក់អាចកសាងខ្លួននៅក្នុងសង្គមបាន ពួកគេត្រូវតែមានកម្លាំងបង្អែកនៅពីក្រោយខ្នង។ នៅពេលពួកគេជួបការលំបាក និងត្រូវការជំនួយ ឬនៅពេលពួកគេស្ថិតក្នុងស្ថានភាពឯកោ និងគ្មានទីពឹង នោះនឹងមានមនុស្សមួយក្រុមនៅចាំជួយជ្រោមជ្រែងពួកគេ និងចាត់ចែងកិច្ចការជំនួសពួកគេ ដើម្បីដោះស្រាយទុក្ខកង្វល់ និងបញ្ហាដែលពួកគេជួបប្រទះ ឬដើម្បីធានាដល់តម្រូវការចាំបាច់ក្នុងជីវភាពរស់នៅរបស់ពួកគេ»។ ហេតុនេះ ពួកគេខិតខំស្វែងរកការគាំទ្របែបនេះ។ ជាការពិតណាស់ មនុស្សទាំងនេះមួយចំនួន ទីបំផុតបានរកឃើញពួកជំនុំ។ ពួកគេជឿថា មនុស្សនៅក្នុងពួកជំនុំមានចិត្តតែមួយ និងធ្វើការឆ្ពោះទៅរកគោលដៅតែមួយ ម្នាក់ៗមានសេចក្ដីជំនឿ មានបំណងល្អ និងប្រព្រឹត្តអំពើសប្បុរសចំពោះអ្នកដទៃ នៅឆ្ងាយពីជម្លោះសង្គម និងជៀសផុតពីនិន្នាការអាក្រក់ទាំងឡាយក្នុងសង្គម។ សម្រាប់អ្នកដែលជឿលើព្រះជាម្ចាស់ ពួកជំនុំគឺជានិមិត្តរូបនៃសេចក្ដីយុត្តិធម៌ដ៏ឧត្តុង្គឧត្តមនៅក្នុងសង្គមនិងពិភពលោកនេះដោយឥតមន្ទិលឡើយ ហើយមនុស្សនៅក្នុងពួកជំនុំ ក៏មានរូបភាពវិជ្ជមាន មានសេចក្តីល្អ និងមានក្តីសប្បុរសនៅក្នុងចិត្តរបស់មនុស្សផងដែរ។ អ្នកខ្លះជ្រើសរើសជឿលើព្រះជាម្ចាស់ ដោយសារតែពួកគេស្ថិតនៅក្នុងស្រទាប់បាតនៃសង្គម គ្មានអំណាចអ្វីសោះនៅក្នុងសង្គម និងគ្មានប្រវត្តិគ្រួសារល្អទាល់តែសោះ។ ពួកគេជួបប្រទះការលំបាកផ្សេងៗក្នុងការទទួលបានការអប់រំ ការរាប់អានមិត្តភក្តិ ការស្វែងរកការងារធ្វើ ឬការបំពេញកិច្ចការផ្សេងៗ ដូច្នេះពួកគេជឿថា ដើម្បីរស់រាន និងកសាងខ្លួននៅក្នុងសង្គមនេះបាន ពួកគេត្រូវតែមានមនុស្សមួយចំនួនជួយពួកគេ។ ឧទាហរណ៍៖ នៅពេលស្វែងរកការងារធ្វើ ប្រសិនបើពួកគេពឹងផ្អែកលើខ្លួនឯង ដោយដើរស្វែងរកឱកាសការងារពីមួយទៅមួយទាំងងងឹតងងល់ ពួកគេអាចនឹងចាយប្រាក់សន្សំស្ទើរតែអស់ពីខ្លួន ទាំងមិនប្រាកដថានឹងអាចរកបានការងារដែលសមរម្យផង។ ប៉ុន្តែប្រសិនបើពួកគេទទួលបានការជ្រោមជ្រែងពីសំណាក់មនុស្សដែលអាចទុកចិត្តបាន និងអាចជួយពួកគេដោយស្មោះនោះ បញ្ហាលំបាកដែលពួកគេត្រូវជួបប្រទះនឹងមានតិចជាងមុនឆ្ងាយណាស់ ហើយពេលវេលាដែលចំណាយក្នុងការស្វែងរកការងារ ក៏កាត់បន្ថយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ហេតុនេះ ពួកគេជឿថា ប្រសិនបើពួកគេអាចរកបានខ្នងបង្អែកបែបនេះ នៅពេលនិយាយដល់អ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវដោះស្រាយនៅក្នុងសង្គម ដូចជាការទទួលបានការអប់រំ ការស្វែងរកការងារធ្វើ រួមទាំងជីវិតប្រចាំថ្ងៃ និងការរស់រានមានជីវិតផងនោះ ពួកគេនឹងមានអ្នកចាំរត់ការខ្សែរយៈ និងជួយជ្រោមជ្រែង ព្រមទាំងមានមនុស្សមួយក្រុមដែលចាំជួយពួកគេយ៉ាងសកម្មនៅពីក្រោយផងដែរ។ ដូច្នេះ នៅពេលពួកគេរកឃើញពួកជំនុំ ពួកគេមានអារម្មណ៍ថាពួកគេបានរកឃើញកន្លែងត្រឹមត្រូវហើយ។ ពួកជំនុំក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ពួកគេ ដើម្បីកសាងខ្លួននៅក្នុងសង្គម និងទទួលបានជីវិតដ៏សុខសាន្ត។ ឧទាហរណ៍៖ មិនថាជាការទៅជួបគ្រូពេទ្យ ការទិញទំនិញ ការទិញធានារ៉ាប់រង ការទិញផ្ទះ ការជួយកូនៗជ្រើសរើសសាលារៀន ឬសូម្បីតែការចាត់ចែងកិច្ចការផ្សេងៗក៏ដោយ ក៏ពួកគេតែងតែអាចរកបានអ្នកមានចិត្តសណ្តោសនៅក្នុងពួកជំនុំ ដែលលូកដៃផ្តល់ជំនួយ និងជួយពួកគេដោះស្រាយបញ្ហាទាំងនេះបានជានិច្ច។ តាមរយៈនេះ ជីវិតរបស់ពួកគេកាន់តែមានភាពធូរស្រាល ពួកគេលែងឯកោនៅក្នុងសង្គមទៀតហើយ ហើយការលំបាកក្នុងការចាត់ចែងកិច្ចការនានា ក៏ត្រូវបានកាត់បន្ថយយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ហេតុនេះ សម្រាប់ពួកគេ ការមកកាន់ពួកជំនុំដើម្បីជឿលើព្រះជាម្ចាស់ ពិតជាផ្ដល់នូវផលប្រយោជន៍ជាក់ស្ដែងមែន។ សូម្បីតែពេលពួកគេទៅជួបគ្រូពេទ្យ ក៏បងប្អូនប្រុសស្រីនឹងជួយរកអ្នកស្គាល់គ្នានៅក្នុងមន្ទីរពេទ្យដើម្បីជួយពួកគេដែរ ពួកគេអាចពឹងពាក់អ្នកទាំងនោះដើម្បីទិញទំនិញក្នុងតម្លៃធូរថ្លៃបំផុត ហើយថែមទាំងអាចទិញផ្ទះក្នុងតម្លៃអនុគ្រោះពិសេសទៀតផង។ ដោយមានជំនួយពីបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំ បញ្ហាទាំងអស់នេះត្រូវបានដោះស្រាយ។ ពួកគេមានអារម្មណ៍ថា៖ «ការជឿលើព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់! ការស្វែងរកការងារធ្វើ ការចាត់ចែកិច្ចការនានា និងការទិញទំនិញ សុទ្ធតែមានភាពងាយស្រួលនៅពេលនេះ! នៅពេលណាដែលខ្ញុំត្រូវការអ្វីមួយ ខ្ញុំគ្រាន់តែហៅទូរសព្ទ ឬផ្ញើសារទៅក្នុងក្រុម នោះមនុស្សគ្រប់គ្នានឹងរួមដៃគ្នាជួយ។ មានមនុស្សចិត្តល្អជាច្រើននៅក្នុងពួកជំនុំ ការចាត់ចែងកិច្ចការនានាពិតជាមានភាពងាយស្រួលណាស់! មិនងាយរកបានខ្នងបង្អែកឡើយ ដូច្នេះខ្ញុមិនចាកចេញពីពួកជំនុំទេ ទោះមានរឿងអ្វីកើតឡើងក៏ដោយ។ ប៉ុន្តែ ការជួបជុំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តែងតែពាក់ព័ន្ធនឹងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រកបគ្នាអំពីសេចក្ដីពិត ដែលធ្វើឱ្យខ្ញុំមិនស្រួល និងទើសទាស់ក្នុងចិត្តណាស់។ ខ្ញុំមិនសូវចង់ហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយខ្ញុំមានអារម្មណ៍ទាស់ចិត្ត រាល់ពេលដែលខ្ញុំឮការប្រកបគ្នាអំពីសេចក្ដីពិត។ ប៉ុន្តែប្រសិនបើខ្ញុំមិនស្ដាប់ វាមិនកើតទេ ខ្ញុំមិនអាចចាកចេញពីពួកគេបានឡើយ។ ពួកគេជួយខ្ញុំច្រើនណាស់។ ប្រសិនបើខ្ញុំបដិសេធមិនស្ដាប់ ខ្ញុំនឹងមានអារម្មណ៍ខ្មាសអៀន ហើយក៏ពិបាកនឹងនិយាយដែរថា ខ្ញុំលែងជឿទៀតហើយ ដូច្នេះខ្ញុំមានតែត្រូវបណ្តោយតាមគេឯង និងនិយាយពាក្យល្អៗប៉ុណ្ណោះ»។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនចង់ជឿទេ ប៉ុន្តែពួកគេគ្រាន់តែអាចលាក់អារម្មណ៍នេះទុកប៉ុណ្ណោះ។ អ្នកខ្លះនិយាយថា៖ «អ្នកគ្រាន់តែឃើញពួកគេពឹងពាក់ឱ្យបងប្អូនប្រុសស្រីជួយចាត់ចែងកិច្ចការនានាជានិច្ច ហើយពួកគេសប្បាយចិត្តណាស់នៅពេលដែលបងប្អូនប្រុសស្រីជួយ តើអ្នកអាចសម្គាល់បានទេថា គោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់គឺដើម្បីស្វែងរកខ្នងបង្អែក ត្រឹមតែងរឿងប៉ុណ្ណឹងនោះ?» ក្រៅពីការសម្ដែងចេញទាំងនេះ ចូរពិនិត្យមើលថាតើពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិតជាធម្មតាដែរឬទេ តើពួកគេអាចបំពេញភារកិច្ចរបស់ខ្លួន និងមានការផ្លាស់ប្ដូរពិតប្រាកដណាមួយដែរឬទេ នោះអ្នកនឹងដឹងថា តើពួកគេជឿលើព្រះជាម្ចាស់ដោយស្មោះឬអត់។ អ្នកដែលស្វែងរកខ្នងបង្អែក ជឿលើព្រះជាម្ចាស់គ្រាន់តែដើម្បីប្រើប្រាស់ពួកជំនុំ និងបងប្អូនប្រុសស្រីឱ្យចាត់ចែងកិច្ចការជំនួសពួកគេ និងដោះស្រាយការលំបាកនៅក្នុងជីវិតរបស់ពួកគេប៉ុណ្ណោះ។ ប៉ុន្តែពួកគេមិនដែលនិយាយអំពីការបំពេញភារកិច្ចឡើយ ហើយពួកគេក៏មិនហូបនិងផឹក ឬប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ គ្រាន់តែឮអំពីវិធីសាស្ត្រវៃឆ្លាតដើម្បីសម្រេចកិច្ចការអ្វីមួយ ពួកគេរំភើបចិត្តយ៉ាងខ្លាំង ពួកគេចាប់ផ្ដើមនិយាយប៉ប៉ាច់ប៉ប៉ោចឥតឈប់ឈរ ហើយរឹតតែមិនអាចនិយាយកាត់សម្តីនោះបានទៀតផង។ ប៉ុន្តែនៅពេលនិយាយដល់ការបំពេញភារកិច្ច ឬការធ្វើជាមនុស្សស្មោះត្រង់ និងមិននិយាយកុហក ឬបោកប្រាស់អ្នកដទៃ ពួកគេស្ងាត់មាត់ឈឹង។ ពួកគេមិនចាប់អារម្មណ៍នឹងរឿងទាំងនេះនៅក្នុងចិត្តឡើយ មិនថាអ្នកនិយាយយ៉ាងក្លៀវក្លាប៉ុនណាក៏ដោយ ក៏ពួកគេមិនឆ្លើយតប និងមិនចូលរួមដែរ។ ពួកគេថែមទាំងព្យាយាមកាត់សម្តីអ្នកជានិច្ច និងបង្វែរប្រធានបទទៅរកអ្វីដែលពួកគេចាប់អារម្មណ៍។ ពួកគេខិតខំប្រើខួរក្បាលដើម្បីរកវិធីឱ្យបងប្អូនប្រុសស្រីធ្វើកិច្ចការ និងខិតខំប្រឹងប្រែងដើម្បីខ្លួនពួកគេ មិនចង់ផ្ដល់ឱកាសឱ្យបងប្អូនប្រុសស្រីលើកឡើងអំពីការបំពេញភារកិច្ច ឬការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ឡើយ។ ប្រសិនបើនរណាម្នាក់ស្នើឱ្យពួកគេបំពេញភារកិច្ចរបស់ខ្លួន និងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ពួកគេប្រញាប់រកបញ្ហាបន្ទាន់ផ្ទាល់ខ្លួនមួយមកដោះដូរ។ ខណៈពេលដែលបងប្អូនប្រុសស្រីចាត់ចែងកិច្ចការជំនួសពួកគេ ពួកគេបញ្ចេញកម្លាំងខ្លះៗទាំងទើសទាល់សម្រាប់ដំណាក់របស់ព្រះជាម្ចាស់ ដោយបំពេញតាមសំណើរបស់បងប្អូនប្រុសស្រីឱ្យតែរួចពីដៃប៉ុណ្ណោះ ហើយនៅពេលដែលរឿងផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានដោះស្រាយ ពួកគេប្រែជាព្រងើយកន្តើយដាក់បងប្អូនប្រុសស្រីវិញ។ ដើម្បីរក្សាទំនាក់ទំនងជាមួយពួកជំនុំ ដើម្បីកុំឱ្យបាត់បង់ខ្នងបង្អែកដែលជាពួកជំនុំ និងអ្នកជួយដែលជាបងប្អូនប្រុសស្រីទាំងនេះ ពួកគេរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមនុស្សគ្រប់គ្នាដែលមានប្រយោជន៍សម្រាប់ពួកគេ ដោយតែងតែសាកសួរសុខទុក្ខពួកគេយ៉ាងយកចិត្តទុកដាក់ និងនិយាយពាក្យគួរសម និងមិនស្មោះត្រង់ដើម្បីរក្សាទំនាក់ទំនង។ ពួកគេនិយាយអំពីកម្រិតនៃជំនឿលើវត្តមានរបស់ព្រះជាម្ចាស់ អំពីព្រះពរ និងព្រះគុណដែលព្រះជាម្ចាស់ប្រទានដល់ពួកគេ ព្រមទាំងរឿងដែលពួកគេតែងតែស្រក់ទឹកភ្នែក ដោយមានអារម្មណ៍ជំពាក់គុណព្រះជាម្ចាស់ និងចង់តបស្នងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់វិញ ដែលទាំងអស់នេះគឺគ្រាន់តែដើម្បីបោកប្រាស់ និងចង់ឱ្យបងប្អូនប្រុសស្រីជួយជ្រោមជ្រែងពួកគេប៉ុណ្ណោះ។ នៅពេលដែលនរណាម្នាក់លែងមានតម្លៃក្នុងការកេងចំណេញ ពួកគេបិទ និងលុបព័ត៌មានទំនាក់ទំនងរបស់មនុស្សនោះភ្លាមៗ។ ពួកគេខិតខំអែបអបយកចិត្ត ផ្គាប់ចិត្ត និងចូលទៅជិតអ្នកដែលផ្តល់ប្រយោជន៍ដល់ពួកគេ អ្នកដែលពួកគេអាចកេញប្រវ័ញ្ចបានច្រើនបំផុត។ ចំណែកអ្នកដែលពួកគេមិនអាចកេញប្រវ័ញ្ចបាន អ្នកដែលគ្មានឥទ្ធិពល ឬឋានៈនៅក្នុងសង្គមដូចជាពួកគេដែរ និងស្ថិតនៅស្រទាប់បាតនៃសង្គមដោយគ្មាននរណាម្នាក់ពឹងពាក់នោះ ពួកគេមិនទាំងមើលមុខផង។ ពួកគេទាក់ទងតែជាមួយអ្នកដែលពួកគេអាចកេងប្រវ័ញ្ចបាន និងអ្នកដែលមានខ្សែរយៈនៅក្នុងសង្គមប៉ុណ្ណោះ ពោលគឺអ្នកដែលពួកគេចាត់ទុកថាមានសមត្ថភាព។ ពួកគេអាចបញ្ចេញកម្លាំង និងស៊ូទ្រាំនឹងការលំបាកសម្រាប់ពួកជំនុំបាន លុះត្រាតែពួកគេត្រូវការអ្វីមួយពីពួកជំនុំ ឬបងប្អូនប្រុសស្រីប៉ុណ្ណោះ។ តាមពិតទៅ ការសម្ដែងចេញជាអ្នកមិនជឿរបស់មនុស្សបែបនេះ គឺច្បាស់ណាស់។ នៅផ្ទះ ពួកគេមិនដែលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ មិនដែលអធិស្ឋានទៅកាន់ព្រះជាម្ចាស់នៅពេលដែលគ្មានការលំបាក ហើយចូលរួមក្នុងជីវិតពួកជំនុំទាំងទើសទាល់បំផុត។ ពួកគេមិនស្នើសុំបំពេញភារកិច្ចទេ ហើយមិនចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការរបស់ពួកជំនុំឡើយ ជាពិសេស ពួកគេមិនដែលចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការដែលមានគ្រោះថ្នាក់ឡើយ។ ទោះបីជាពួកគេយល់ព្រមធ្វើក៏ដោយ ក៏ពួកគេបង្ហាញភាពមិនអត់ធ្មត់យ៉ាងខ្លាំង ហើយទាល់តែគេហៅ ឬអញ្ជើញ ទើបពួកគេបញ្ចេញកម្លាំងបន្តិចបន្តួចទាំងទើសទាល់។ ទាំងនេះគឺជាការសម្ដែងចេញរបស់ពួកអ្នកមិនជឿ។ ពួកគេមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនបំពេញភារកិច្ច ទោះបីជាពួកគេចូលរួមក្នុងជីវិតពួកជំនុំទាំងទើសទាល់ក៏ដោយ គឺក៏គ្រាន់តែដើម្បីជៀសវាងការបាត់បង់ទំនាក់ទំនងជាមួយបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំ ដែលជាខ្នងបង្អែកដ៏ធំសម្រាប់ពួកគេប៉ុណ្ណោះ។ ពួកគេរក្សាទំនាក់ទំនងជាមួយមនុស្សទាំងនេះ គ្រាន់តែដើម្បីធ្វើឱ្យពួកគេមានភាពងាយស្រួលក្នុងការចាត់ចែងកិច្ចការនានានៅពេលអនាគតប៉ុណ្ណោះ។ នៅពេលដែលមនុស្សបែបនេះមានកន្លែងឈរជើងនៅក្នុងសង្គម និងមានកន្លែងតាំងទីលំនៅ និងចាប់ផ្ដើមជីវិតរបស់ពួកគេ ហើយនៅពេលដែលពួកគេជោគជ័យនៅក្នុងលោកីយ៍ ទទួលបានឥទ្ធិពល ព្រមទាំងមានឱកាសឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ ពួកគេនឹងចាកចេញពីពួកជំនុំយ៉ាងឆាប់រហ័សដោយមិនស្ទាក់ស្ទើរ កាត់ផ្ដាច់ចំណងទាក់ទង និងលែងទាក់ទងជាមួយបងប្អូនប្រុសស្រីទៀតហើយ។ ប្រសិនបើមានអនាគតអ្នកទទួលដំណឹងល្អម្នាក់ដែលមានទំនាក់ទំនងល្អជាមួយពួកគេ ហើយអ្នកចង់ទាក់ទងពួកគេដើម្បីផ្សាយដំណឹងល្អដល់បុគ្គលនោះ អ្នកនឹងមិនអាចទាក់ទងពួកគេបានឡើយ។ ពួកគេមិនត្រឹមតែកាត់ផ្ដាច់ទំនាក់ទំនងជាមួយពួកជំនុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចប់មិត្តភាពជាមួយបុគ្គលមួយចំនួនទៀតផង។ តើពួកគេមិនបានបង្ហាញឱ្យឃើញថាជាពួកអ្នកមិនជឿរួចទៅហើយទេឬ? (មែនហើយ។) ដូច្នេះ តើពួកជំនុំគួរចាត់ចែងមនុស្សបែបនេះដោយរបៀបណា? (បោសសម្អាតពួកគេចេញ។) តើយើងគួរផ្ដល់ឱកាសឱ្យពួកគេ បង្ហាញការយោគយល់ចំពោះភាពទន់ខ្សោយរបស់ពួកគេ និងចំពោះការលំបាកនៅក្នុងជីវិតរបស់ពួកគេ ហើយគាំទ្រនិងជួយពួកគេបន្ថែមទៀត ដើម្បីឱ្យពួកគេអាចជឿថាព្រះជាម្ចាស់មានមែន ចាប់អារម្មណ៍នឹងសេចក្ដីពិត និងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះដែរឬទេ? តើចាំបាច់ត្រូវធ្វើកិច្ចការនេះដែរឬទេ? (ទេ)។ ហេតុអ្វីបានជាមិនចាំបាច់? (ពីព្រោះមនុស្សទាំងនេះមិនមែនមកទីនេះដើម្បីជឿលើព្រះជាម្ចាស់ទាល់តែសោះ។) ត្រឹមត្រូវហើយ ពួកគេមិនមែនមកដើម្បីជឿលើព្រះជាម្ចាស់ទេ គោលដៅរបស់ពួកគេគឺច្បាស់ណាស់ ពួកគេមកទីនេះដើម្បីស្វែងរកខ្នងបង្អែក។ ដូច្នេះ តើការប្រកបគ្នាអំពីសេចក្ដីពិតជាមួយមនុស្សបែបនេះ អាចទទួលបានលទ្ធផលអ្វីដែរឬទេ? (ទេ)។ ពួកគេនឹងមិនស្ដាប់ឡើយ ពួកគេមិនឱ្យតម្លៃ មិនត្រូវការ និងមិនចាប់អារម្មណ៍នឹងវាឡើយ។

តើគួរពិពណ៌នាអំពីអ្នកដែលជឿលើព្រះជាម្ចាស់ ដើម្បីគ្រាន់តែស្វែងរកខ្នងបង្អែកដោយរបៀបណា? ពិតជាសក្តិសមណាស់ដែលចាត់ទុកពួកគេថាជាមនុស្ស «គិតផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ»។ ឱ្យតែពួកគេឃើញនរណាម្នាក់មានប្រយោជន៍ដល់ពួកគេ ពួកគេនឹងធ្វើអ្វីៗដែលអ្នកនោះសុំ ពួកគេថែមទាំងធ្វើតាមបញ្ជាគ្រប់យ៉ាងដែលអ្នកនោះដាក់ឱ្យទៀតផង។ ពួកគេគិតផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ ឱ្យតែមានផលប្រយោជន៍ គឺបានហើយ។ ប្រសិនបើអ្នកប្រាប់ពួកគេថា ការជឿលើព្រះជាម្ចាស់នឹងនាំមកនូវពរជ័យ និងផលប្រយោជន៍ ពួកគេប្រាកដជាជឿលើទ្រង់ ហើយធ្វើអ្វីដែលអ្នកសុំឱ្យធ្វើមិនខាន។ ឱ្យតែសមត្ថភាពរបស់អ្នកក្នុងការចាត់ចែងកិច្ចការនានាក្នុងសង្គម អាចបំពេញតម្រូវការរបស់ពួកគេ និងធ្វើឱ្យពួកគេទទួលបានផលប្រយោជន៍ ពួកគេប្រាកដជាទាក់ទងជាមួយអ្នកមិនខាន។ ប៉ុន្តែ ការដែលពួកគេទាក់ទងជាមួយអ្នក មិនមែនមានន័យថាពួកគេអាចជឿលើព្រះជាម្ចាស់ពិតប្រាកដទេ ហើយក៏មិនមែនមានន័យថាពួកគេនឹងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះដូចអ្នកដែរ។ ទោះបីជាពួកគេចុះសម្រុងជាមួយអ្នក ហើយមានទំនាក់ទំនងល្អពិសេសក៏ដោយ ក៏មិនប្រាកដថាអ្នករាល់គ្នាមានភាសាដូចគ្នា ដើរផ្លូវដូចគ្នា ឬមានការដេញតាមដូចគ្នាដែរ។ ដូច្នេះ អ្នកមិនត្រូវចាញ់បោកមនុស្សបែបនេះឡើយ។ មនុស្សទាំងនេះប្រសប់ប្រើល្បិច ហើយមានយុទ្ធវិធីក្នុងការទាក់ទងជាមួយអ្នកដទៃ។ គោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ គឺដើម្បីស្វែងរកខ្នងបង្អែក មិនមែនដើម្បីដេញតាមសេចក្ដីពិត និងទទួលបានការសង្រ្គោះទេ។ នេះបង្ហាញថា ចរិតលក្ខណៈរបស់ពួកគេថោកទាប និងខ្មៅងងឹតប៉ុនណា! ពួកគេមកពួកជំនុំដើម្បីរកមនុស្សដែលពួកគេអាចកេងប្រវ័ញ្ច ដោយប្រើឧបាយកលដើម្បីទទួលបានផលប្រយោជន៍ផ្សេងៗសម្រាប់ខ្លួនឯង។ តើនេះមិនមានន័យថា មនុស្សបែបនេះអាចធ្វើអ្វីៗដោយគ្មានការញញើត និងធ្វើរឿងឥតខ្មាសគ្រប់បែបយ៉ាងទេឬ? (មែនហើយ។) គ្រាន់តែមើលពីគោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ ដើម្បីស្វែងរកខ្នងបង្អែក និងចិញ្ចឹមជីវិតប៉ុណ្ណោះ គឺច្បាស់ណាស់ថា មនុស្សទាំងនេះមិនមែនជាមនុស្សល្អទេ ហើយពួកគេមានចរិតថោកទាប អាត្មានិយម គួរឱ្យស្អប់ខ្ពើម និងស្មោកគ្រោក ដោយរស់នៅក្នុងភាពខ្មៅងងឹត។ ដូច្នេះ គោលការណ៍របស់ពួកជំនុំក្នុងការចាត់ចែងពួកគេ គឺត្រូវសម្គាល់ពួកគេ ហើយបន្ទាប់មកបោសសម្អាតពួកគេចេញ ឬបណ្ដេញពួកគេចេញ។ នៅពេលអ្នកសម្គាល់ដឹងថា ពួកគេមិនមែនជាអ្នកជឿពិតប្រាកដ ពួកគេមកពួកជំនុំដើម្បីរកច្រកចេញ និងកេងចំណេញ ចង់ប្រើប្រាស់បងប្អូនប្រុសស្រីឱ្យចាត់ចែងកិច្ចការ និងបម្រើពួកគេ នោះក្នុងករណីបែបនេះ អ្នកដឹកនាំ និងអ្នកធ្វើការ ព្រមទាំងបងប្អូនប្រុសស្រី គួរតែដោះស្រាយស្ថានការណ៍ឱ្យបានឆាប់ និងច្បាស់លាស់បំផុត។ បើមិនឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ពួកជំនុំ ឬបងប្អូនប្រុសស្រីទេ ត្រូវបោសសម្អាត ឬបណ្ដេញពួកគេចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មិនគួរអនុញ្ញាតឱ្យពួកគេបន្តនៅបន្លំខ្លួនក្នុងចំណោមបងប្អូនប្រុសស្រីឡើយ។ ពួកគេមិនមែនជាកម្មវត្ថុនៃការសង្រ្គោះរបស់ព្រះជាម្ចាស់ទេ។ នៅពេលមនុស្សបែបនេះកំពុងបន្លំខ្លួននៅក្នុងចំណោមអ្នករាល់គ្នា ពួកគេតែងតែឃ្លាំងមើលមនុស្សគ្រប់គ្នាដោយខ្សែភ្នែកលោភលន់ ដើម្បីរកមើលថានរណាសមនឹងកេងចំណេញ។ ពួកគេតែងតែគិតគូរថាតើមានមនុស្សនៅក្នុងពួកជំនុំដែលពួកគេអាចប្រើប្រាស់បានដែរឬទេ ដូចជា នរណាមានសាច់ញាតិធ្វើការនៅមន្ទីរពេទ្យ នរណាចេះព្យាបាលជំងឺ ឬមានថ្នាំបុរាណ នរណាអាចទិញទំនិញក្នុងតម្លៃបោះដុំនៅផ្សារ គ្រួសារបងប្អូនប្រុសណាបើកកន្លែងលក់ឡាន នរណាអាចទិញផ្ទះក្នុងតម្លៃអនុគ្រោះពិសេសជាដើម ពួកគេស៊ើបអង្កេតរឿងទាំងនេះជាពិសេស។ មនុស្សទាំងនេះគិតគូរល្អិតល្អន់ណាស់! សូម្បីតែរឿងតូចតាចក៏ពួកគេគិតគូរដែរ ហើយពួកគេក៏ចង់ប្រើល្បិចដាក់បងប្អូនប្រុសស្រី និងមានគម្រោងកេងចំណេញពីពួកគេដែរ។ ពួកគេស៊ើបអង្កេតប្រវត្តិគ្រួសាររបស់មនុស្សគ្រប់គ្នា ហើយអូសទាញពួកគេឱ្យធ្លាក់នៅក្នុងអន្ទាក់នៃល្បិចកល និងការគប់គិតរបស់ខ្លួន។ តើចិត្តរបស់អ្នករាល់គ្នាអាចមានសេចក្ដីសុខសាន្តដែរឬទេ នៅពេលទាក់ទងជាមួយមនុស្សបែបនេះ? (ទេ)។ តើគួរធ្វើដូចម្តេច ប្រសិនបើគ្មានសេចក្ដីសុខសាន្ត? អ្នកគួរតែប្រុងប្រយ័ត្នចំពោះមនុស្សបែបនេះ។ មនុស្សទាំងនេះជឿលើព្រះជាម្ចាស់ដោយមានបំណងទុច្ចរិត ពួកគេមិនមែនមកទីនេះដើម្បីដេញតាមសេចក្ដីពិត ឬការសង្រ្គោះទេ ប៉ុន្តែដើម្បីស្វែងរកខ្នងបង្អែក ចិញ្ចឹជីវិត និងរកច្រកចេញសម្រាប់ខ្លួនឯង។ មនុស្សបែបនេះគឺអាត្មានិយម គួរឱ្យស្អប់ខ្ពើម និងពិសពុលណាស់។ ពួកគេមិនបំពេញភារកិច្ច ឬលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ឡើយ។ នៅពេលពួកជំនុំត្រូវការពួកគេសម្រាប់កិច្ចការអ្វីមួយ ពួកគេបាត់មុខសូន្យ ប៉ុន្តែពួកគេលេចមុខមកវិញនៅពេលកិច្ចការនោះចប់សព្វគ្រប់។ មនុស្សទាំងនេះចេះតែកេងចំណេញប៉ុណ្ណោះ ហើយគ្មានប្រយោជន៍អ្វីក្នុងការទុកពួកគេនៅក្នុងពួកជំនុំនោះទេ ត្រូវប្រើវិធីសាស្ត្រផ្សេងៗដើម្បីបោសសម្អាតពួកគេចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មនុស្សមួយចំនួននិយាយថា៖ «តើពិតជាត្រូវការវិធីសាស្ត្រផ្សេងៗដើម្បីចាត់ចែងមនុស្សម្នាក់មែនទេ?» ពួកជំនុំមានមនុស្សគ្រប់ប្រភេទ មនុស្សជាច្រើនជឿលើព្រះជាម្ចាស់គ្រាន់តែដើម្បីស្វែងរកខ្នងបង្អែក និងច្រកចេញ ដើម្បីទទួលបានពរជ័យ ឬដើម្បីគេចពីមហន្តរាយប៉ុណ្ណោះ។ គ្រាន់តែថាភាពធ្ងន់ធ្ងរនៃបំណងទាំងនេះមានកម្រិតខុសគ្នាប៉ុណ្ណោះ អ្នកខ្លះបង្ហាញអាកប្បកិរិយាបែបនេះ ចំណែកអ្នកខ្លះទៀតបង្ហាញអាកប្បកិរិយាមួយបែបផ្សេងទៀត។ ដូច្នេះ ត្រូវប្រព្រឹត្តចំពោះមនុស្សផ្សេងគ្នាទៅតាមរបៀបផ្សេងគ្នា ទើបស្របតាមគោលការណ៍។ ចំពោះពួកអ្នកមិនជឿដែលកំពុងស្វែងរកខ្នងបង្អែកទាំងនេះ ត្រូវតែបានបោសសម្អាតពួកគេចេញជាបន្ទាន់។ កុំបណ្ដោយឱ្យពួកគេនៅបន្លំរកឆ្នាំងបាយនៅក្នុងពួកជំនុំ។ ពួកគេសុំឱ្យបងប្អូនប្រុសស្រីចាត់ចែងកិច្ចការជំនួសពួកគេ ដោយសារតែតាមពិតទៅ វាគ្រាន់តែត្រូវការកម្លាំងបន្តិចបន្តួចប៉ុណ្ណោះដើម្បីជួយពួកគេចាត់ចែងកិច្ចការ ហេតុអ្វីបានជាមិនគួរផ្ដល់ជំនួយដ៏តិចតួចនេះដល់ពួកគេ? ចំណុចទីមួយ គឺសំខាន់ណាស់ មនុស្សទាំងនេះមិនមែនជាអ្នកជឿពិតទេ ពួកគេគឺជាពួកអ្នកមិនជឿសុទ្ធសាធ។ ចំណុចទីពីរ គឺមនុស្សទាំងនេះមិនអាចផ្លាស់ប្ដូរពីការមិនជឿ ទៅជាអ្នកជឿពិតបានឡើយ។ ពួកគេមិនមែនជាអ្នកដែលព្រះជាម្ចាស់បានតម្រូវទុក និងរើសតាំងនោះទេ ពួកគេមិនមែនជាកម្មវត្ថុនៃការសង្រ្គោះរបស់ទ្រង់ឡើយ ផ្ទុយទៅវិញ ពួកគេគឺជាពួកអ្នកប្រព្រឹត្តអាក្រក់ដែលបានបន្លំចូលក្នុងពួកជំនុំ។ ចំណុចទីបី គឺមនុស្សទាំងនេះរត់ចុះរត់ឡើងនៅក្នុងពួកជំនុំ ដោយតែងតែស្វែងរកជំនួយពីបងប្អូនប្រុសស្រី មិនថាពួកគេជួបប្រទះបញ្ហាធំប៉ុនណានោះទេ ដែលទង្វើនេះបង្កការរំខានដល់បងប្អូនប្រុសស្រីដោយមិនដឹងខ្លួន ហើយក្នុងពេលជាមួយគ្នានេះ វាក៏បង្កើតឱ្យមានបរិយាកាសអវិជ្ជមានយ៉ាងធ្ងន់ធ្ងរនៅក្នុងពួកជំនុំ ដែលបង្កផលប៉ះពាល់ដល់មនុស្សគ្រប់គ្នា។ ហេតុនេះ យកល្អគួរតែបោសសម្អាតពួកអារក្សទាំងនេះដែលជឿលើព្រះជាម្ចាស់គ្រាន់តែដើម្បីស្វែងរកខ្នងបង្អែក ចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រសិនបើអ្នកមិនទាន់រកឃើញ ឬមើលមិនធ្លុះថាពួកគេជាមនុស្សប្រភេទនេះនៅឡើយទេ អ្នកអាចទុកពួកគេដើម្បីតាមដានសិន។ នៅពេលដែលអ្នកសម្គាល់ និងមើលធ្លុះថា ពួកគេស្ថិតក្នុងចំណោមមនុស្សអាក្រក់ផ្សេងៗដែលដំណាក់របស់ព្រះជាម្ចាស់ត្រូវបោសសម្អាតចេញ កុំស្ទាក់ស្ទើរ ឬបង្ហាញការយោគយល់ចំពោះពួកគេឱ្យសោះ។ បន្ទាប់ពីពិភាក្សាជាមួយមនុស្សគ្រប់គ្នា និងឈានដល់ការឯកភាពគ្នាហើយ អ្នកអាចបោសសម្អាតពួកគេចេញបាន។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការនៅក្នុងពួកជំនុំមិនអើពើនឹងរឿងនេះ ឱ្យតែបងប្អូនប្រុសស្រីភាគច្រើនបញ្ជាក់ថា ពួកគេគឺជាប្រភេទមនុស្សដែលជឿលើព្រះជាម្ចាស់គ្រាន់តែដើម្បីស្វែងរកខ្នងបង្អែក និងច្រកចេញ អ្នកមានសិទ្ធិបោសសម្អាតពួកគេចេញដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់អ្នកដឹកនាំក្លែងក្លាយឡើយ។ ការធ្វើបែបនេះគឺត្រឹមត្រូវ ហើយស្របតាមគោលការណ៍សេចក្ដីពិតទាំងស្រុង។ វាគឺជាសិទ្ធិ ជាកាតព្វកិច្ច និងជាការទទួលខុសត្រូវរបស់អ្នករាល់គ្នា ហើយនិងដើម្បីការពារខ្លួនអ្នករាល់គ្នា។ ជាការពិតណាស់ នៅពេលដែលបងប្អូនប្រុសស្រីដែលជាអ្នកជឿពិតជួបប្រទះការលំបាក យើងមានការទទួលខុសត្រូវ និងកាតព្វកិច្ចត្រូវខិតខំអស់ពីសមត្ថភាពដើម្បីជួយពួកគេ តាមដែលយើងអាចធ្វើបាន មិនថាជាការជួយ និងការគាំទ្រដោយក្ដីស្រឡាញ់ ឬតាមរយៈជំនួយសម្ភារៈឡើយ។ នេះគឺជាសេចក្ដីស្រឡាញ់រវាងបងប្អូនប្រុសស្រី ជាសេចក្ដីស្រឡាញ់របស់អ្នកដែលជឿលើព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ យើងគ្មានការទទួលខុសត្រូវ ឬកាតព្វកិច្ចត្រូវអនុវត្តការជួយពួកអ្នកមិនជឿឡើយ ពីព្រោះពួកគេមិនមែនជាបងប្អូនប្រុសស្រី ហើយមិនសមនឹងទទួលបានព្រះគុណនេះ ឬជំនួយបែបនេះទេ។ នេះគឺជាការប្រព្រឹត្តចំពោះមនុស្សស្របតាមគោលការណ៍។ ការប្រកបគ្នារបស់យើងអំពីគោលបំណងទីប្រាំពីរសម្រាប់ការជឿលើព្រះជាម្ចាស់ សន្មតថាចប់ត្រឹមនេះ។ មិនចាំបាច់លើកឧទាហរណ៍ជាក់លាក់បន្ថែមទៀតអំពីមនុស្សប្រភេទនេះទេ។ សរុបមក នរណាក៏ដោយដែលមានគោលបំណងជឿលើព្រះជាម្ចាស់ដើម្បីស្វែងរកខ្នងបង្អែក គឺជាអ្នកដែលគួរតែត្រូវបានបោះសម្អាត ឬបណ្ដេញចេញពីពួកជំនុំ។ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការ សម្គាល់ថាមានមនុស្សបែបនេះនៅក្នុងពួកជំនុំ ពួកគេគួរតែបោសសម្អាតពួកគេចេញជាបន្ទាន់។ រកឃើញមួយ បោសសម្អាតចេញមួយ កុំទុកសូម្បីតែម្នាក់។ ប្រសិនបើបងប្អូនប្រុសស្រីភាគច្រើនត្រូវបានយាយីរហូតដល់ថ្នាក់អស់ជម្រើស និងទ្រាំលែងបាន ហើយអ្នកដឹកនាំ និងអ្នកធ្វើការនៅតែការពារពួកគេដោយនិយាយថា៖ «ពួកគេមានការលំបាក យើងគួរតែជួយពួកគេ» នោះគួរតែប្រាប់អ្នកដឹកនាំបែបនេះថា៖ «ពួកគេមិនមែនជាអ្នកជឿពិតលើព្រះជាម្ចាស់ទាល់តែសោះ។ ពួកគេមិនអើពើនឹងនរណាម្នាក់ដែលប្រកបព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយពួកគេឡើយ ហើយបដិសេធមិនបំពេញភារកិច្ចរបស់ខ្លួននៅពេលគេប្រាប់។ ពួកគេមិនដែលមានបំណងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់សោះឡើយ ហើយពួកគេគ្រាន់តែចង់ប្រើប្រាស់បងប្អូនប្រុសស្រីឱ្យចាត់ចែងកិច្ចការរបស់ពួកគេប៉ុណ្ណោះ។ យើងគ្មានការទទួលខុសត្រូវ ឬកាតព្វកិច្ចត្រូវជួយពួកអ្នកមិនជឿបែបនេះឡើយ!» ទោះបីជាអ្នកដឹកនាំពួកជំនុំមិនយល់ព្រមក៏ដោយ ក៏អ្នករាល់គ្នាមានសិទ្ធិរួបរួមគ្នាជាមួយមតិភាគច្រើន ដើម្បីបោសសម្អាតពួកគេចេញពីពួកជំនុំដែរ។ ប្រសិនបើអ្នកដឹកនាំពួកជំនុំនៅតែមិនយល់ព្រមនៅត្រង់ចំណុចនេះ នោះត្រូវរាយការណ៍រឿងនេះទៅថ្នាក់លើ ញែកអ្នកដឹកនាំនោះចេញ ហើយឱ្យពួកគេពិចារណាលើខ្លួនឯងឡើងវិញ។ អ្នករាល់គ្នាអាចទទួលយកការដឹកនាំរបស់ពួកគេម្ដងទៀត នៅពេលដែលពួកគេយល់ព្រម។ ប្រសិនបើពួកគេនៅតែបន្តមិនយល់ព្រម អ្នករាល់គ្នាអាចដកពួកគេចេញ ហើយបោះឆ្នោតជ្រើសរើសអ្នកដឹកនាំថ្មី។ នេះគឺជាគោលបំណងទីប្រាំពីរសម្រាប់ការជឿលើព្រះជាម្ចាស់៖ គឺដើម្បីស្វែងរកខ្នងបង្អែក។

ជ. ដើម្បីខំប្រឹងសម្រេចគោលបំណងខាងនយោបាយ

បន្ទាប់មក យើងនឹងប្រកបគ្នាអំពីគោលបំណងទីប្រាំបី៖ ការជឿលើព្រះជាម្ចាស់ដោយមានគោលបំណងខាងនយោបាយ និងគោលដៅខាងនយោបាយ។ លទ្ធភាពដែលបុគ្គលបែបនេះលេចមុខមក គឺមិនសូវខ្ពស់នោះទេ ប៉ុន្តែមិនថាលទ្ធភាពនោះមានកម្រិតណានោះឡើយ ឱ្យតែមានឱកាសដែលមនុស្សទាំងនេះលេចមុខមក យើងគួរតែរាយបញ្ជីឧទាហរណ៍អំពីពួកគេ ហើយលាតត្រដាង ប្រកបគ្នា និងកំណត់លក្ខណៈរបស់ពួកគេ។ យើងត្រូវតែធ្វើបែបនេះ ដើម្បីឱ្យមនុស្សគ្រប់គ្នាមានការសម្គាល់ចំពោះពួកគេ ហើយបន្ទាប់មក ដើម្បីឱ្យយើងអាចបោសសម្អាតពួកគេចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយហេតុនេះ អាចការពារកុំឱ្យមានបញ្ហា និងគ្រោះថ្នាក់ដល់ពួកជំនុំ និងបងប្អូនប្រុសស្រី។ នេះគឺធ្វើឡើងដើម្បីការពារពួកជំនុំ និងបងប្អូនប្រុសស្រី។ ហេតុដូច្នេះហើយ អ្នកដែលជឿលើព្រះជាម្ចាស់ដោយមានគោលបំណងខាងនយោបាយ គឺជាមនុស្សដែលយើងគួរសម្គាល់ និងប្រុងប្រយ័ត្ន ហើយពួកគេក៏ជាមនុស្សអាក្រក់ដែលពួកជំនុំគួរតែបោសសម្អាតចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ។ តើអ្នកដែលមានគោលបំណងខាងនយោបាយ មានការសម្តែងចេញអ្វីខ្លះ? ពួកគេនឹងមិននិយាយពាក្យក្នុងចិត្តទៅកាន់អ្នកឡើយ។ ពួកគេនឹងមិននិយាយចំៗថា៖ «ខ្ញុំគ្រាន់តែចាប់អារម្មណ៍លើរឿងនយោបាយ ខ្ញុំចូលចិត្តចូលរួមក្នុងរឿងនយោបាយ ដូច្នេះខ្ញុំជឿលើព្រះជាម្ចាស់ដោយមានគោលបំណងខាងនយោបាយ និងគោលដៅខាងនយោបាយ ហើយមិនមែនដោយសារហេតុផលអ្វីផ្សេងឡើយ។ អ្នករាល់គ្នាអាចចាត់ការខ្ញុំតាម តែអ្នករាល់គ្នាគួរធ្វើចុះ» នោះទេ។ តើពួកគេនឹងនិយាយបែបនេះដែរឬទេ? (ទេ)។ ដូច្នេះ តើពួកគេមានការសម្តែងចេញអ្វីខ្លះ ដែលធ្វើឱ្យអ្នកសម្គាល់ថា ពួកគេមានគោលបំណងខាងនយោបាយ? ពោលគឺ តើពួកគេនិយាយពាក្យអ្វីខ្លះ ពួកគេធ្វើអ្វីខ្លះ តើការសម្តែងចេញ ក្រសែភ្នែក និងសម្តីសម្តៅអ្វីខ្លះ ដែលគ្រប់គ្រាន់សម្រាប់ឱ្យអ្នកបញ្ជាក់បានថា គោលបំណងនៃការជឿលើព្រះជាម្ចាស់របស់ពួកគេមិនសុទ្ធចិត្ត? មិនថាពួកគេនិយាយ ឬធ្វើអ្វីនោះទេ ពួកគេលាក់បាំងរឿងរ៉ាវនៅក្នុងចិត្ត ហើយគ្មាននរណាម្នាក់អាចស្មានដឹងពីពួកគេបានឡើយ។ ពួកគេមានអត្តសញ្ញាណ និងប្រវត្តិពិសេស។ តាមរយៈពាក្យសម្តី និងអាកប្បកិរិយារបស់ពួកគេ គេអាចមើលឃើញថា ពួកគេមានកលល្បិចនិងឧបាយកល ហើយរបៀបនិយាយនិងធ្វើកិច្ចការរបស់ពួកគេ គឺជាយុទ្ធសាស្ត្រ។ នៅពេលពួកគេនិយាយ មនុស្សទូទៅមិនអាចក្ដាប់បាននូវបំណង ឬគំនិតពិតរបស់ពួកគេឡើយ ហើយមិនដឹងថា ហេតុអ្វីបានជាពួកគេនិយាយរឿងទាំងនោះទេ។ ទោះបីជាមើលពីខាងក្រៅ មនុស្សទាំងនេះមិនបង្ហាញការប្រទូសរ៉ាយ ឬការវិនិច្ឆ័យចំពោះការជឿលើព្រះជាម្ចាស់ ឬការប្រកបគ្នាអំពីសេចក្ដីពិត ហើយថែមទាំងអាចបង្ហាញការពេញចិត្តខ្លះៗចំពោះរឿងទាំងនេះក៏ដោយ ក៏អ្នកគ្រាន់តែមានអារម្មណ៍ថាពួកគេចម្លែក គឺពួកគេខុសប្លែកពីបងប្អូនប្រុសស្រីដទៃទៀត ហើយពិបាកស្មានដល់បន្តិច។ តើជាធម្មតា អ្នកធ្វើដូចម្តេចចំពោះមនុស្សដែលពិបាកស្មានដល់បន្តិចនោះ? តើអ្នកគ្រាន់តែប្រុងប្រយ័ត្នចំពោះពួកគេតាមរបៀបសាមញ្ញតែប៉ុណ្ណោះឬ? ឬមួយអ្នកចាត់វិធានការដើម្បីស៊ើបអង្កេតពួកគេ និងស្វែងយល់ពីធាតុពិតរបស់ពួកគេ? (យើងគួរតែសង្កេតមើលពួកគេ។) មិនថានរណាម្នាក់កំពុងធ្វើអ្វីនោះទេ ជាទូទៅ គោលបំណង និងគោលដៅរបស់ពួកគេ មិនងាយនឹងត្រូវលាតត្រដាងក្នុងរយៈពេលដ៏ខ្លីឡើយ។ ប៉ុន្តែ នៅពេលពេលវេលាកន្លងផុតទៅកាន់តែយូរ លុះត្រាតែពួកគេមិនធ្វើអ្វីសោះតែម្តង បើមិនដូច្នោះទេ នៅពេលពួកគេធ្វើសកម្មភាព ពួកគេប្រាកដជានឹងបង្ហាញឱ្យឃើញពីធាតុពិតមិនខាន។ ចូរសង្កេតមើល និងស្វែងរកតម្រុយពីចំណុចលម្អិតតូចៗ អ្នកអាចរកឃើញព័ត៌មាន និងតម្រុយខ្លះៗពីពាក្យសម្តីនិងអាកប្បកិរិយារបស់ពួកគេ ពីបំណងនិងទិសដៅនៃសកម្មភាពរបស់ពួកគេ និងពីពាក្យពេចន៍ ព្រមទាំងសម្តីសម្តៅដែលពួកគេប្រើនៅពេលនិយាយ។ ការដែលអាចធ្វើបែបនេះបាន គឺអាស្រ័យថាតើអ្នកជាមនុស្សហ្មត់ចត់ឬអត់ ហើយថាតើអ្នកមានកម្រិតប្រាជ្ញា និងគុណសម្បត្តិជាក់លាក់ដែរឬទេ។ មនុស្សល្ងីល្ងើមួយចំនួនមិនអាចមើលឃើញគ្រោះថ្នាក់ និងភាពកាចសាហាវដែលមាននៅក្នុងសង្គមមនុស្សឡើយ។ មិនថាពួកគេជួបនរណានោះទេ ពួកគេតែងតែប្រើវិធីសាស្ត្រតែមួយ ដើម្បីទាក់ទងជាមួយអ្នកទាំងនោះ។ ជាលទ្ធផល នៅពេលពួកគេជួបអ្នកនយោបាយដែលមានល្បិចកលនិងពុតត្បុត ដែលមានគោលបំណងខាងនយោបាយ ពួកគេងាយនឹងក្លាយជាយូដា និងជាឧបករណ៍សម្រាប់ក្បត់ពួកជំនុំ ហើយធ្វើរឿងល្ងីល្ងើដាក់អន្ទាក់ពួកជំនុំដោយមិនដឹងខ្លួន។

តើអ្នកដែលមានគោលបំណងខាងនយោបាយទាំងនេះ មានការសម្តែងចេញបែបណាខ្លះទៅ? មនុស្សទាំងនេះមានប្រវត្តិសង្គមជាក់លាក់ ពួកគេជាបុគ្គលដែលប្រឡូកក្នុងមជ្ឈដ្ឋាននយោបាយ។ មិនថាពួកគេមានឋានៈអ្វីនៅក្នុងមជ្ឈដ្ឋាននយោបាយនោះទេ ទោះបីជាពួកគេជាមន្ត្រី ធ្វើការងារតូចតាច ឬកំពុងត្រៀមខ្លួនទទួលបានកន្លែងឈរជើងនៅក្នុងមជ្ឈដ្ឋាននយោបាយក៏ដោយ សរុបមក មនុស្សទាំងនេះមានប្រវត្តិខាងនយោបាយនៅក្នុងសង្គម។ នេះគឺជាស្ថានភាពដ៏ស្មុគស្មាញ និងពិសេស។ មិនថាពួកគេជឿថាមានព្រះជាម្ចាស់ឬអត់នោះទេ បើវិនិច្ឆ័យតាមការដេញតាមរបស់ពួកគេ ផ្លូវដែលពួកគេដើរ និងសារជាតិធម្មជាតិរបស់ពួកគេ តើមនុស្សទាំងនេះអាចក្លាយជាអ្នកដែលជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់បានដែរឬទេ? តើពួកគេអាចប្រែក្លាយពីពួកអ្នកមិនជឿ ពីអ្នកនយោបាយដែលងប់ងុលនឹងរឿងនយោបាយ ទៅជាអ្នកដែលជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់បានដែរឬទេ? (ទេ)។ តើអ្នកប្រាកដទេ? ឬអាចមានលទ្ធភាពដែរឬទេ? (ដាច់ខាតគឺមិនអាចទេ។) គឺពិតជាមិនអាចទៅរួចទេ។ ការជឿលើព្រះជាម្ចាស់ និងនយោបាយ គឺជាផ្លូវពីរផ្សេងគ្នា។ ផ្លូវទាំងពីរនេះតម្រង់ទៅរកទិសដៅផ្ទុយគ្នា គ្មានចំណុចរួម ហើយដាច់ខាតមិនអាចប្រសព្វគ្នាបានឡើយ។ នេះគឺជាផ្លូវពីរដែលបែកចេញពីគ្នាទាំងស្រុង។ ហេតុដូច្នេះហើយ អ្នកដែលមានគោលបំណងខាងនយោបាយ ឬស្រឡាញ់ និងងប់ងុលនឹងរឿងនយោបាយ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ដោយគ្មានគោលបំណងខាងនយោបាយច្បាស់លាស់ណាមួយក៏ដោយ ក៏ពួកគេនៅតែមានគោលបំណងផ្សេងទៀតដែរ ហើយប្រាកដណាស់ថា គោលបំណងរបស់ពួកគេមិនមែនដើម្បីទទួលបានសេចក្ដីពិត ឬដើម្បីបានសង្គ្រោះឡើយ។ យ៉ាងហោចណាស់ គេអាចកំណត់បានថា ពួកគេមិនជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់ឡើយ។ ពួកគេគ្រាន់តែទទួលស្គាល់រឿងព្រេងដែលដំណាលថាមានព្រះជាម្ចាស់ប៉ុណ្ណោះ ប៉ុន្តែមិនទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់ ឬការពិតដែលព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗសព្វសារពើឡើយ។ ដូច្នេះ មនុស្សទាំងនេះនឹងមិនអាចប្រែក្លាយពីពួកអ្នកមិនជឿដែលងប់ងុលនឹងរឿងនយោបាយ ទៅជាអ្នកជឿពិតដែលជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ អាចទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ និងទទួលយកការជំនុំជម្រះ ព្រមទាំងការវាយផ្ចាលរបស់ព្រះជាម្ចាស់បានឡើយ។

តើពួកអ្នកមិនជឿដែលមានគោលបំណងខាងនយោបាយទាំងនេះ មានគោលបំណងអ្វីឱ្យពិតប្រាកដក្នុងការជឿលើព្រះជាម្ចាស់? រឿងនេះទាក់ទងនឹងការដេញតាមរបស់ពួកគេ និងអាជីពដែលពួកគេប្រកប។ ឧទាហរណ៍ មនុស្សមួយចំនួនតែងតែមានបំណងប្រាថ្នាផ្ទាល់ខ្លួនជាក់លាក់នៅក្នុងមជ្ឈដ្ឋាននយោបាយ ដោយមានគោលដៅ និងសេចក្ដីប្រាថ្នាខាងនយោបាយដ៏ធំធេងជាដើម ដែលមិនថាជារឿងអ្វីនោះទេ គឺសុទ្ធតែទាក់ទងនឹងនយោបាយទាំងអស់។ តើ «នយោបាយ» មានន័យដូចម្តេច? និយាយឱ្យស្រួលស្ដាប់ទៅ វាទាក់ទងនឹងរបប អំណាច និងអភិបាលកិច្ច។ ហេតុដូច្នេះហើយ ការជឿលើព្រះជាម្ចាស់ដោយមានគោលបំណងខាងនយោបាយរបស់ពួកគេ ប្រាកដជាទាក់ទងនឹងការដេញតាមខាងនយោបាយរបស់ពួកគេហើយ។ ដូច្នេះ តើគោលបំណងរបស់ពួកគេគឺជាអ្វី? ហេតុអ្វីបានជាពួកគេចាប់អារម្មណ៍លើមនុស្សនៅក្នុងពួកជំនុំ? ពួកគេចង់ប្រើប្រាស់ស្ថាប័នពួកជំនុំ ចំនួនមនុស្សដ៏ច្រើននៅក្នុងពួកជំនុំ និងឥទ្ធិពលរបស់មនុស្សទាំងនេះនៅក្នុងពួកជំនុំ ដែលមកពីអាជីព និងស្រទាប់សង្គមផ្សេងៗ ដើម្បីសម្រេចគោលដៅរបស់ពួកគេ។ បន្ទាប់ពីបានស្វែងយល់អំពីសេចក្ដីបង្រៀនរបស់ពួកជំនុំ ប្រតិបត្តិការនៃកិច្ចការផ្សេងៗរបស់ពួកជំនុំ របៀបដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់រស់នៅក្នុងជីវិតពួកជំនុំ ការអនុវត្តភារកិច្ចរបស់ពួកគេជាដើម ពួកគេព្យាយាមបញ្ចូលខ្លួនឯងទៅក្នុងពួកជំនុំ។ ពួកគេចងចាំយ៉ាងច្បាស់នូវរឿងដូចជា វាក្យសព្ទខាងវិញ្ញាណ និងការនិយាយស្ដីផ្សេងៗដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់តែងតែប្រើក្នុងការប្រកបគ្នា ដោយសង្ឃឹមថា ថ្ងៃណាមួយ ពួកគេអាចប្រើរឿងទាំងនេះដើម្បីប្រមូលមនុស្សគ្រប់គ្នាឱ្យស្ដាប់ពួកគេ ឱ្យពួកគេប្រើប្រាស់ ដោយហេតុនេះ អាចសម្រេចបាននូវគោលដៅខាងនយោបាយរបស់ពួកគេ។ ដូចអ្វីដែលពួកអ្នកមិនជឿនិយាយអ៊ីចឹង បន្ទាប់ពីបានសម្ងំត្រៀមការមួយរយៈ នៅពេលដែលពួកគេអាចលើកបដា និងកៀរគរមនុស្សឱ្យក្រោកឈរឡើងបះបោរ នោះមនុស្សកាន់តែច្រើននឹងឆ្លើយតបចំពោះការអំពាវនាវរបស់ពួកគេ ហើយដើរតាមពួកគេ ដើម្បីឱ្យពួកគេអាចទទួលបានមនុស្សមួយផ្នែកនៅក្នុងពួកជំនុំឱ្យក្លាយជាកម្លាំងរបស់ពួកគេ ដើម្បីតតាំងជាមួយគូប្រជែងរបស់ពួកគេ។ រឿងបែបនេះធ្លាប់បានកើតឡើងជាច្រើនដងនៅក្នុងប្រវត្តិសាស្ត្រចិនសម័យទំនើប។ ឧទាហរណ៍ ការបះបោររបស់ក្រុមឈូកស និងការបះបោររបស់ក្រុមតៃភីង ក្នុងសម័យរាជវង្សឆេង គឺជាករណីមនុស្សដែលមានគោលបំណងខាងនយោបាយ បានប្រើប្រាស់សាសនាដើម្បីប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល។ សេចក្ដីបង្រៀននៃសាសនារបស់ពួកគេ បានងាកចេញពីផ្លូវពិត ហើយមានទិដ្ឋភាពមិនសមហេតុផល និងគួរឱ្យអស់សំណើចជាច្រើន ដែលមិនស្របតាមសេចក្ដីពិតទាល់តែសោះ។ អ្នកដែលមានគោលបំណងខាងនយោបាយ បានប្រើប្រាស់សេចក្ដីបង្រៀនបែបនេះ ដើម្បីបង្រួបបង្រួមគំនិតរបស់មនុស្ស ចងរឹតគំនិតរបស់ពួកគេ ព្រមទាំងជះឥទ្ធិពល និងបញ្ចូលមនោគមវិជ្ជាក្នុងគំនិតរបស់ពួកគេ។ ចុងក្រោយ ពួកគេបានកេងប្រវ័ញ្ចមនុស្សដែលទទួលបញ្ចូលមនោគមវិជ្ជាទាំងនេះ ដើម្បីសម្រេចគោលដៅខាងនយោបាយរបស់ពួកគេ។ តាំងពីដើមដំបូងមក នៅពេលមនុស្សដែលមានគោលបំណងខាងនយោបាយទាំងនេះមកជឿលើព្រះជាម្ចាស់ គឺឈ្មោះរបស់ពួកជំនុំនេះហើយ ដែលពួកគេចាប់អារម្មណ៍។ ពោលគឺ ពួកគេអាចលាក់បាំងអត្តសញ្ញាណ និងគោលបំណងរបស់ពួកគេ នៅក្រោមឈ្មោះស្ថាប័នពួកជំនុំ នេះគឺជាចំណុចមួយ។ មួយវិញទៀត ពួកគេគិតថា ឱ្យតែពួកគេផ្សព្វផ្សាយទស្សនៈនយោបាយរបស់ពួកគេក្រោមស្លាកនៃការជឿលើព្រះជាម្ចាស់ នោះពិតជាងាយស្រួលបញ្ចូលមនោគមវិជ្ជាទៅលើមនុស្សនៅក្នុងពួកជំនុំ ហើយមនុស្សទាំងនេះទំនងជានឹងគោរពនិងស្ដាប់តាមបុគ្គលល្បីៗ។ ជាលទ្ធផល បុគ្គលដែលមានគោលបំណងខាងនយោបាយទាំងនេះ ទំនងជានឹងចាត់ទុកមនុស្សនៅក្នុងពួកជំនុំថាជាវត្ថុដែលត្រូវប្រើប្រាស់។ ពួកគេជឿថាពិតជាងាយស្រួលប្រែក្លាយពួកជំនុំឱ្យទៅជាកន្លែងដែលពួកគេអាចលាក់បាំងអត្តសញ្ញាណរបស់ពួកគេ ហើយសមាជិកពួកជំនុំគឺជាវត្ថុដែលពួកគេអាចប្រើប្រាស់បានយ៉ាងងាយស្រួល និយាយឱ្យស្រួលស្ដាប់ទៅ នេះជារបៀបដែលពួកគេមើលឃើញរឿងរ៉ាវ។ ហេតុដូច្នេះហើយ គោលបំណងរបស់ពួកគេក្នុងការចូលរួមជាមួយពួកជំនុំ គឺសង្ឃឹមថា ថ្ងៃណាមួយ នៅពេលដែលពួកគេមានអំណាច ពួកគេអាចតតាំងជាមួយគូប្រជែងខាងនយោបាយរបស់ពួកគេ និងទទួលបានអំណាច នេះគឺជាគោលបំណងខាងនយោបាយរបស់ពួកគេ។ ពួកគេចង់ប្រើប្រាស់លេសជានាមនៃការជឿលើព្រះជាម្ចាស់ ដើម្បីអូសទាញមនុស្សដែលគោរពនិងដើរតាមពួកគេ ឱ្យចូលទៅក្នុងដែនឥទ្ធិពលខាងនយោបាយរបស់ពួកគេ។ មនុស្សមួយចំនួននិយាយថា៖ «ពួកគេប្រហែលជាមានគោលបំណងនេះ ប៉ុន្តែប្រសិនបើពួកគេមិនធ្វើសកម្មភាពអ្វីទេ យ៉ាងច្រើនបំផុត យើងគ្រាន់តែអាចមើលឃើញថា ពួកគេជាពួកអ្នកមិនជឿ ឬជាអ្នកជឿក្លែងក្លាយប៉ុណ្ណោះ។ តើយើងអាចមើលឃើញថា ពួកគេមានគោលបំណងខាងនយោបាយច្បាស់លាស់ដោយរបៀបណា?» នេះមិនមែនជារឿងពិបាកទេ។ គ្រាន់តែចំណាយពេលសង្កេតមើលទៅ។ ឱ្យតែពួកគេមានគោលបំណងខាងនយោបាយ ពួកគេប្រាកដជានឹងធ្វើសកម្មភាពមិនខាន។ ប្រសិនបើពួកគេមិនចង់ធ្វើសកម្មភាពទេ ហេតុអ្វីបានជាពួកគេជ្រៀតចូលក្នុងពួកជំនុំ? ប្រសិនបើពួកគេមិនទាន់បានធ្វើសកម្មភាពទេ នោះគឺដោយសារតែពួកគេមិនទាន់រកឃើញឱកាស។ នៅពេលដែលពួកគេមានឱកាស ពួកគេនឹងធ្វើសកម្មភាពទៅតាមនោះ។ ឧទាហរណ៍ ប្រសិនបើរដ្ឋាភិបាលអនុម័តគោលនយោបាយខុស ឬគាបសង្កត់ និងចាប់ខ្លួនរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ បងប្អូនប្រុសស្រីយ៉ាងច្រើនបំផុតនឹងពិភាក្សា និងសម្គាល់រឿងនេះ ហើយរឿងនោះនឹងបញ្ចប់ត្រឹមហ្នឹង។ មិនថាមានរឿងអ្វីកើតឡើងនោះទេ ការជឿលើព្រះជាម្ចាស់ ការបំពេញភារកិច្ចរបស់ពួកគេ និងការធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺជាអ្វីដែលសំខាន់។ ពួកគេនឹងមិនសុខចិត្តធ្វើឱ្យខូចការធំដោយសាររឿងតូចតាចឡើយ ពួកគេនឹងបន្តជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេតាមរបៀបដែលពួកគេគួរធ្វើ ដូចធម្មតា។ ក៏ប៉ុន្តែ មនុស្សដែលមានគោលបំណងខាងនយោបាយគឺខុសគ្នា។ ពួកគេនឹងប្រែក្លាយរឿងនេះឱ្យធំ លាតត្រដាងគ្រប់ទិសទី និងផ្សព្វផ្សាយរឿងនេះយ៉ាងទូលំទូលាយ ហើយប្រាថ្នាយ៉ាងមុតមាំចង់ញុះញង់មនុស្សគ្រប់គ្នា ឱ្យក្រោកឈរឡើងប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីបម្រើគោលបំណងខាងនយោបាយផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេនឹងមិនឈប់ឡើយ លុះត្រាតែពួកគេសម្រេចគោលដៅរបស់ពួកគេ។ ដើម្បីជាប្រយោជន៍ដល់ការចូលរួមក្នុងរឿងនយោបាយ ពួកគេបោះចោលទាំងស្រុងនូវរឿងនៃការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ពួកគេ ហើយមិនអើពើនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេឆ្កួតលីលាដល់កម្រិតនេះហើយ តើមនុស្សនៅតែមិនអាចសម្គាល់ពួកគេបានទៀតឬ? តើបុគ្គលបែបនេះកំពុងដើរតាមព្រះជាម្ចាស់ ឬដើរតាមនយោបាយ? ដោយសារមិនចេះសម្គាល់ មនុស្សមួយចំនួនងាយនឹងត្រូវគេបំភាន់ណាស់។ មនុស្សដែលចូលរួមក្នុងរឿងនយោបាយទាំងនេះ មិនដឹងថាអ្វីជាសេចក្ដីពិតឡើយ ហើយពួកគេកាន់តែមិនយល់ទៅទៀតថា កិច្ចការរបស់ព្រះជាម្ចាស់គឺដើម្បីសម្អាតនិស្ស័យពុករលួយរបស់មនុស្ស និងសង្គ្រោះពួកគេឱ្យរួចផុតពីឥទ្ធិពលរបស់សាតាំង។ ពួកគេស្មានថា ការចូលរួមក្នុងរឿងសិទ្ធិមនុស្ស និងនយោបាយ មានន័យថាជាការមានមនសិការយុត្តិធម៌ និងជាការចុះចូលនឹងព្រះជាម្ចាស់។ តើការចូលរួមក្នុងរឿងនយោបាយនិងសិទ្ធិមនុស្ស បញ្ជាក់ឱ្យឃើញថាមនុស្សម្នាក់មានតថភាពនៃសេចក្ដីពិតដែរឬទេ? តើវាបញ្ជាក់ឱ្យឃើញថា មនុស្សម្នាក់ចុះចូលនឹងព្រះជាម្ចាស់ដែរឬទេ? មិនថាអ្នកដោះស្រាយរឿងសិទ្ធិមនុស្ស និងនយោបាយបានល្អកម្រិតណានោះទេ តើវាបញ្ជាក់ឱ្យឃើញថានិស្ស័យពុករលួយរបស់អ្នកត្រូវបានសម្អាតដែរឬទេ? តើវាបញ្ជាក់ឱ្យឃើញថា មហិច្ឆិតានិងបំណងប្រាថ្នាចង់កាន់អំណាចរបស់អ្នក ត្រូវបានសម្អាតដែរឬទេ? មនុស្សជាច្រើនមិនអាចមើលធ្លុះបញ្ហាទាំងនេះឡើយ។ គេថា ស៊ុន យ៉ាតសេន ក៏ជាគ្រីស្ទបរិស័ទម្នាក់ដែរ។ នៅពេលគាត់មានគ្រោះថ្នាក់ គាត់បានអធិដ្ឋានសុំឱ្យព្រះជាម្ចាស់សង្គ្រោះគាត់។ គាត់បានចំណាយពេលពេញមួយជីវិតរបស់គាត់ចូលរួមក្នុងការធ្វើបដិវត្តន៍ តើគាត់ទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ដែរឬទេ? តើគាត់ជាមនុស្សដែលអនុវត្តសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់ដែរឬទេ? តើគាត់មានទីបន្ទាល់តាមរយៈបទពិសោធនៃការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? គាត់គ្មានចំណុចទាំងនេះសោះឡើយ។ បន្ទាប់ពីប៉ុលត្រូវបានត្រាស់ហៅ គាត់បានផ្សាយដំណឹងល្អឥតឈប់ឈរ និងរងទុក្ខលំបាកជាច្រើន ប៉ុន្តែដោយសារគាត់មិនបានប្រែចិត្តដោយពិតប្រាកដ មិនមានការចូលទៅក្នុងជីវិត ប្រព្រឹត្តអំពើបាបដដែលៗជាច្រើនលើកច្រើនសា ហើយលើកតម្កើងនិងធ្វើបន្ទាល់អំពីខ្លួនឯងនៅគ្រប់ឱកាស ទើបគាត់បានក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទ និងត្រូវបានដាក់ទោស។ ទោះជាយ៉ាងណាក៏ដោយ ការជឿលើព្រះជាម្ចាស់ដោយមិនទទួលយកសេចក្ដីពិត តែងតែដេញតាមកេរ្តិ៍ឈ្មោះនិងឋានៈ ហើយតែងតែចង់ធ្វើជាកំពូលមនុស្ស ឬបុគ្គលអស្ចារ្យ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ អស់អ្នកដែលមានគោលបំណងខាងនយោបាយ សុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ មនុស្សទាំងនេះនឹងមិនងាយបោះបង់ចោលការសម្រេចសេចក្ដីប្រាថ្នាខាងនយោបាយរបស់ពួកគេឡើយ ហើយនឹងតែងតែស្វែងរកឱកាសដើម្បីញុះញង់ និងអូសទាញអ្នកជឿឱ្យធ្វើជាកម្លាំងខាងនយោបាយរបស់ពួកគេ។ ប្រសិនបើថ្ងៃណាមួយពួកគេឃើញថា អ្នកជឿមិនងាយនឹងត្រូវគេកេងប្រវ័ញ្ច អ្នកជឿស្រឡាញ់និងដេញតាមតែសេចក្ដីពិតប៉ុណ្ណោះ ហើយពួកគេដើរតាមតែព្រះគ្រីស្ទ មិនមែនដើរតាមមនុស្ស ពេលនោះហើយទើបពួកគេនឹងបោះបង់ចោលអ្នកជឿទាំងនេះទាំងស្រុង។

ជាឫសគល់ ចិត្តគំនិតរបស់មនុស្សដែលមានគោលបំណងខាងនយោបាយ គឺពោរពេញទៅដោយគំនិតទាក់ទងនឹងនយោបាយទាំងស្រុង ដូចជា អំណាចនិងឥទ្ធិពល អភិបាលកិច្ច ការគប់គិត មធ្យោបាយខាងនយោបាយជាដើម។ ពួកគេមិនយល់ថា ការជឿលើព្រះជាម្ចាស់មានន័យដូចម្តេច អ្វីជាសេចក្ដីជំនឿ អ្វីជាសេចក្ដីពិត ហើយកាន់តែមិនយល់ថាត្រូវចុះចូលនឹងព្រះជាម្ចាស់ដូចម្តេចឡើយ។ ពួកគេក៏មិនយល់ថា អ្វីជាបំណងព្រះហឫទ័យរបស់ស្ថានសួគ៌ដែរ។ គោលការណ៍នៃការរស់រានរបស់ពួកគេគឺ «មនុស្សអាចយកឈ្នះធម្មជាតិបាន» និង «ជោគវាសនារបស់មនុស្សស្ថិតនៅក្នុងដៃរបស់ពួកគេផ្ទាល់»។ ហេតុដូច្នេះហើយ ការព្យាយាមផ្លាស់ប្ដូរមនុស្សបែបនេះ គឺជារឿងមិនអាចទៅរួចទេ ហើយជាគំនិតដ៏ល្ងីល្ងើ។ មនុស្សទាំងនេះតែងតែផ្សព្វផ្សាយទស្សនៈនយោបាយនៅក្នុងចំណោមបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំ ដោយញុះញង់ពួកគេឱ្យចូលរួមក្នុងសកម្មភាពនយោបាយ និងចូលរួមក្នុងរឿងនយោបាយ។ វាច្បាស់ណាស់ថា គោលបំណងនៃការជឿលើព្រះជាម្ចាស់របស់ពួកគេ គឺត្រូវបានជំរុញដោយគោលបំណងខាងនយោបាយ។ សារជាតិនេះអាចត្រូវបានអ្នកដទៃសម្គាល់ដឹងយ៉ាងឆាប់រហ័ស និងយ៉ាងងាយស្រួល។ មនុស្សទាំងនេះគ្មានដឹងអ្វីសោះអំពីសេចក្ដីជំនឿ ការដើរតាមផ្លូវត្រូវ និងការចុះចូលនឹងបំណងព្រះហឫទ័យរបស់ស្ថានសួគ៌។ ពួកគេជឿថា គំនិតនិងផ្លូវរបស់មនុស្សណាម្នាក់ អាចផ្លាស់ប្ដូរបានដោយប្រើល្បិចកលខាងនយោបាយ ហើយជាពិសេស ពួកគេជឿថា ជោគវាសនារបស់មនុស្សអាចផ្លាស់ប្ដូរបានតាមរយៈមធ្យោបាយនិងវិធីសាស្ត្ររបស់មនុស្ស។ ហេតុដូច្នេះហើយ ពួកគេគ្មានដឹងអ្វីសោះអំពីបញ្ហាដ៏ជ្រាលជ្រៅ ប៉ុន្តែជាក់ស្តែងនៃក្រឹត្យវិន័យធម្មជាតិដែលព្រះជាម្ចាស់បានបង្កើត និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើជោគវាសនារបស់មនុស្ស។ ពួកគេជាអ្នកមិនយល់ដឹងសោះ នៅពេលនិយាយដល់បញ្ហាទាំងនេះ ហើយពួកគេពិតជាមើលមិនធ្លុះឡើយ។ តើខ្ញុំនិយាយបែបនេះ មានន័យយ៉ាងណា? ប្រសិនបើអ្នករកឃើញនរណាម្នាក់ដែលគោលបំណងនៃការជឿលើព្រះជាម្ចាស់របស់ពួកគេ ត្រូវបានជំរុញដោយគោលបំណងខាងនយោបាយ អ្នកដាច់ខាតមិនត្រូវព្យាយាមផ្លាស់ប្ដូរ ឬបញ្ចុះបញ្ចូលពួកគេឡើយ ហើយមិនចាំបាច់ប្រកបគ្នាអំពីសេចក្ដីពិតជាច្រើនជាមួយពួកគេទេ។ ក្រៅពីការប្រុងប្រយ័ត្នចំពោះពួកគេ អ្នកគួរតែជូនដំណឹងដល់អ្នកដឹកនាំពួកជំនុំគ្រប់លំដាប់ថ្នាក់ ឬបងប្អូនប្រុសស្រីដែលអាចទុកចិត្តបាន អំពីពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយបន្ទាប់មក រកវិធីបណ្ដេញពួកគេចេញពីពួកជំនុំ។ អ្នកមិនគួរលួចលាក់ប្រុងប្រយ័ត្នចំពោះពួកគេស្ងាត់ៗ ហើយបណ្តោយឱ្យអ្នកដទៃមិនដឹងរឿងអ្វីសោះនោះទេ។ ដូច្នេះ តើមនុស្សប្រភេទណាដែលអាចសម្គាល់ដឹងខ្លះៗអំពីអ្នកដែលចូលចិត្តនិយាយអំពីនយោបាយ និងមានគោលបំណងខាងនយោបាយ? តើជាមនុស្សចាស់ឬក្មេង? តើជាបងប្អូនប្រុស ឬបងប្អូនស្រី? (បងប្អូនប្រុសដែលមានអាយុច្រើន។) ត្រឹមត្រូវហើយ បងប្អូនប្រុសដែលមានអាយុច្រើន ពោលគឺអ្នកដែលមានបទពិសោធសង្គម ធ្លាប់ប្រឡូកក្នុងរឿងនយោបាយ ឬធ្លាប់ត្រូវបានគេធ្វើទុក្ខបុកម្នេញដោយសាររឿងនយោបាយ ជាមនុស្សដែលមានការយល់ដឹងអំពីបញ្ហាទាំងនេះ អាចមើលឃើញបញ្ហានយោបាយបានច្បាស់លាស់គួរសម។ តាមធម្មជាតិ ពួកគេអាចសម្គាល់បានខ្លះចំពោះអ្នកដែលចូលប្រឡូកក្នុងនយោបាយ ហើយជាពិសេស ពួកគេអាចមើលឃើញមហិច្ឆិតានិងបំណងប្រាថ្នារបស់ពួកគេ ព្រមទាំងគំនិត ទស្សនៈ ក្តីសុបិន និងសេចក្ដីប្រាថ្នារបស់ពួកគេបានច្បាស់លាស់គួរសម។ ហេតុដូច្នេះហើយ ពួកគេអាចសម្គាល់មនុស្សទាំងនេះបានលឿនជាងអ្នកដទៃ។ នៅពេលដែលនរណាម្នាក់សម្គាល់ថា មនុស្សទាំងនេះមានគោលបំណងខាងនយោបាយ និងជាពួកអ្នកមិនជឿ ពួកគេគួរតែប្រុងប្រយ័ត្នចំពោះពួកគេ ហើយលាតត្រដាងពួកអ្នកមិនជឿទាំងនេះ។ ក្នុងពេលជាមួយគ្នានេះ ពួកគេក៏ត្រូវតែការពារមនុស្សល្ងីល្ងើ និងល្ងង់ខ្លៅដែលមិនយល់អំពីសេចក្ដីពិតផងដែរ ដោយរារាំងពួកគេមិនឱ្យត្រូវបានគេបំភាន់ និងកេងប្រវ័ញ្ច ហើយមិនឱ្យបែកធ្លាយព័ត៌មានផ្ទៃក្នុងមួយចំនួនរបស់ពួកជំនុំដោយអចេតនា។ ចាំបាច់ត្រូវជូនដំណឹងដល់អ្នកដឹកនាំពួកជំនុំ និងពិភាក្សារឿងនេះជាមួយពួកគេ ហើយជូនដំណឹងដល់មនុស្សចាស់ទុំបន្ថែមទៀត ឬអ្នកដែលយល់សេចក្ដីពិតខ្លះៗ និងមានភាពចាស់ទុំខ្លះៗ ដើម្បីប្រុងប្រយ័ត្នចំពោះមនុស្សដែលមានគោលបំណងខាងនយោបាយទាំងនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ វាសំខាន់ណាស់ក្នុងការជួយអ្នកដទៃឱ្យមើលឃើញច្បាស់ពីសារជាតិរបស់មនុស្សទាំងនេះថាជាពួកអ្នកមិនជឿ ដោយហេតុនេះ អាចការពារបងប្អូនប្រុសស្រីដែលល្ងីល្ងើ និងល្ងង់ខ្លៅ មិនឱ្យត្រូវបានពួកគេកេងប្រវ័ញ្ច។ ប្រសិនបើអ្នកមិនអាចមើលធ្លុះបញ្ហាទាំងនេះ និងមិនចេះសម្គាល់នោះទេ នៅពេលមនុស្សដែលមានចិត្តអាក្រក់ មានពុតត្បុត និងមានកលល្បិចមួយចំនួន និយាយនិងជជែកលេងជាមួយអ្នក អ្នកនឹងស្ម័គ្រចិត្តនិយាយប្រាប់អស់ពីពោះអំពីព័ត៌មានលម្អិតនៃស្ថានភាពពិតរបស់អ្នក និងអ្វីគ្រប់យ៉ាងដែលអ្នកដឹង ទាំងដែលគេមិនទាន់សួរផង ហើយក្លាយជាយូដាដោយអចេតនា។ តើមានមនុស្សបែបនេះដែរឬទេ? (មាន។) នៅពេលអ្នកនិយាយ អ្នកមិនដឹងថាគេមានគោលបំណងអ្វីឡើយ ហើយចាត់ទុកពួកគេជាបងប្អូនប្រុសស្រី ដោយប្រាប់ពួកគេនូវអ្វីៗគ្រប់យ៉ាងនៅក្នុងចិត្តរបស់អ្នកដោយមិនដឹងខ្លួន បន្ទាប់ពីអ្នកនិយាយរួច អ្នកមិនដឹងថានឹងមានផលវិបាកអ្វីកើតឡើងនោះទេ។ ដោយឃើញអ្នកដទៃប្រុងប្រយ័ត្នចំពោះមនុស្សបែបនេះ អ្នកនិយាយថា៖ «អ្នកប្រុងប្រយ័ត្នជ្រុលពេកហើយ។ តើមានអ្វីត្រូវលាក់បាំងរវាងបងប្អូនប្រុសស្រីនឹងគ្នា?» អ្នកមិនដឹងថាហេតុអ្វីបានជាអ្នកដទៃមិននិយាយស្ដីសោះ នេះហើយហៅថាជាមនុស្សល្ងីល្ងើ។

អ្នកដែលមានគោលបំណងខាងនយោបាយ ច្បាស់ជាអ្នកមិនជឿដែរហើយ ពីព្រោះពួកគេមិនស្រឡាញ់សេចក្ដីពិត ហើយនឹងមិនទទួលយកសេចក្ដីពិតឡើយ។ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេស្ថិតក្នុងប្រភេទមនុស្សអាក្រក់ដែលជាពួកទទឹងនឹងព្រះគ្រីស្ទទាំងស្រុង។ ការប្រុងប្រយ័ត្នចំពោះមនុស្សបែបនេះ តាមពិតទៅ គឺជាវិធីសាស្ត្រអកម្មបំផុត។ វិធីសាស្ត្រសកម្មគឺត្រូវស្វែងរកពួកគេឱ្យឃើញតាំងពីដំបូង ហើយចាត់ការ និងបណ្ដេញពួកគេចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចៀសវាងកុំឱ្យមានបញ្ហាដល់ពួកជំនុំ និងបងប្អូនប្រុសស្រី។ ដោយសារមនុស្សទាំងនេះអាចជះឥទ្ធិពលលើអ្នកដទៃគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៅក្នុងពួកជំនុំ ហើយអាចបំផ្លាញសណ្តាប់ធ្នាប់ធម្មតារបស់ពួកជំនុំគ្រប់ពេលវេលា និងគ្រប់ស្ថានភាព ដូច្នេះ កុំបន្តអត់ឱន ឬមានចិត្តអត់ធ្មត់ចំពោះពួកអ្នកមិនជឿបែបនេះឡើយ។ កុំផ្ដល់ឱកាសឱ្យពួកគេប្រែចិត្តម្ដងទៀត កុំល្ងីល្ងើឱ្យសោះ។ នៅពេលរកឃើញពួកគេហើយ យើងគួរតែបណ្ដេញពួកគេចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារកុំឱ្យមានគ្រោះភ័យនៅថ្ងៃក្រោយ។ គោលបំណងនៃការធ្វើបែបនេះ គឺដើម្បីការពារអ្នកដែលមិនដេញតាមសេចក្ដីពិត មិនឱ្យគេបំភាន់និងប្រើប្រាស់ រហូតក្លាយជាអាយ៉ងរបស់សាតាំងនិងអារក្សកំណាច។ ជាការពិតណាស់ អ្វីដែលអ្នកគួរធ្វើបំផុតនៅពេលនេះ គឺរារាំងអ្នកដែលមានគោលបំណងខាងនយោបាយ មិនឱ្យដឹងព័ត៌មានសំខាន់ៗអំពីពួកជំនុំ។ បើអ្នកសម្គាល់ និងបណ្ដេញពួកគេចេញបានកាន់តែលឿន បងប្អូនប្រុសស្រីនឹងមានទំនាក់ទំនងជាមួយពួកគេកាន់តែតិច ហើយក៏រងការ បំភាន់និងឥទ្ធិពលពីពួកគេកាន់តែតិចដែរ។ ហេតុដូច្នេះហើយ បើនិយាយពីពេលវេលាវិញ ការចាត់ការ និងបណ្ដេញមនុស្សបែបនេះចេញឱ្យបានឆាប់ គឺប្រសើរជាងទុកយូរ ពោលគឺកាន់តែឆាប់ កាន់តែល្អ។ ការធ្វើជាអ្នកសកម្ម ប្រសើរជាងធ្វើជាអ្នកអកម្ម។ អ្នកដែលមានគោលបំណងខាងនយោបាយ មានបំណងអាក្រក់ ពួកគេមិនអាចមានចិត្តស្មោះត្រង់ណាមួយក្នុងការធ្វើអ្វីមួយសម្រាប់ពួកជំនុំ និងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើពួកគេមិនអាចបំភាន់ ឬប្រើប្រាស់បងប្អូនប្រុសស្រីបានទេ ពួកគេនឹងអាម៉ាស់មុខទាំងស្រុង ហើយនឹងចាកចេញពីពួកជំនុំដោយស្ម័គ្រចិត្ត ដោយមិនទាំងលាមួយម៉ាត់ផង។ សូមបញ្ចប់ការប្រកបគ្នារបស់យើងអំពីគោលបំណងទីប្រាំបីនៃការជឿលើព្រះជាម្ចាស់៖ ដើម្បីខំប្រឹងសម្រេចគោលបំណងខាងនយោបាយ។

ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១

ខាង​ដើម៖  ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៥)

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

Connect with us on Messenger