ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២៤)

ចំណុចទីដប់បួន៖ ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបោសសម្អាត ឬបណ្ដេញពួកគេចេញ (ផ្នែកទីបី)

ស្តង់ដា និងមូលដ្ឋានដើម្បីស្គាល់ពីប្រភេទផ្សេងៗនៃមនុស្សអាក្រក់

I. ផ្អែកលើគោលបំណងរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់

នៅឯការជួបជុំលើកមុន ពួកយើងបានប្រកបគ្នាស្ដីពីទំនួលខុសត្រូវទីដប់បួនរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ៖ «ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបោសសម្អាត ឬបណ្ដេញពួកគេចេញ»។ ដោយផ្អែកលើខ្លឹមសារនៃទំនួលខុសត្រូវនេះ ពួកយើងបានសង្ខេបពីការបង្ហាញចេញប្លែកៗគ្នារបស់មនុស្សផ្សេងៗក្នុងកាលៈទេសៈខុសៗគ្នា ហើយបន្ទាប់មកបានស្គាល់ពីបុគ្គលផ្សេងៗទាំងនេះ ដោយផ្អែកលើការបង្ហាញចេញរបស់ពួកគេ។ តាមរយៈការស្គាល់ពីបុគ្គលទាំងនេះ ពួកយើងមានគោលបំណងកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់នូវអស់អ្នកដែលជាមនុស្សអាក្រក់ ដែលដំណាក់របស់ព្រះជាម្ចាស់ចាំបាច់ត្រូវតែស្គាល់ពីពួកគេ និងបោសសម្អាតពួកគេចេញ ពោលគឺ អស់អ្នកដែលមិនត្រូវបានអនុញ្ញាតឱ្យបន្តនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងជាមុខសញ្ញាសម្រាប់ការបោសសម្អាតចេញ។ កាលពីពីរលើកមុន ពួកយើងបានប្រកបគ្នាអំពីការស្គាល់ពី និងការចាត់ថ្នាក់មនុស្សអាក្រក់គ្រប់ប្រភេទតាមរយៈទិដ្ឋភាពបីយ៉ាង។ ថ្ងៃនេះ ពួកយើងនឹងបន្តប្រកបគ្នាអំពីព័ត៌មានលម្អិតផ្សេងៗស្ដីពីការចាត់ថ្នាក់មនុស្សអាក្រក់គ្រប់ប្រភេទតាមរយៈទិដ្ឋភាពទាំងបីយ៉ាងនេះ។ ជាដំបូង ចូរអានទំនួលខុសត្រូវទីដប់បួន និងចំណាត់ថ្នាក់ជាក់លាក់ទាំងបីដែលបានរាយបញ្ជីនៅក្នុងនោះ។ (ទំនួលខុសត្រូវទីដប់បួនរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ៖ «ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបោសសម្អាត ឬបណ្ដេញពួកគេចេញ»។ ទីមួយ គោលបំណងសម្រាប់ការជឿលើព្រះជាម្ចាស់របស់មនុស្សម្នាក់ៗ។ ទីពីរ ភាពជាមនុស្សរបស់មនុស្សម្នាក់ៗ។ ទីបី អាកប្បកិរិយារបស់មនុស្សម្នាក់ៗចំពោះភារកិច្ចរបស់ខ្លួន។) បន្ទាប់ពីអានរួច តើអ្នករាល់គ្នានឹកចាំខ្លឹមសារមូលដ្ឋានខ្លះៗពីការប្រកបគ្នាពីរលើកមុនដែរឬទេ? (ចាំ។) ជាដំបូង សូមយើងរំឭកឡើងវិញនូវខ្លឹមសារនៃការប្រកបគ្នារបស់យើងកាលពីលើកមុន។ (លើកមុន ព្រះជាម្ចាស់បានប្រកបអំពីគោលបំណងសម្រាប់ ការជឿលើព្រះជាម្ចាស់របស់មនុស្សម្នាក់ៗ ដោយគ្របដណ្ដប់ពីចំណុចទីបួនដល់ទីប្រាំបីនៃប្រធានបទនេះ៖ ទីបួន ការធ្វើជាមនុស្សឱកាសនិយម។ ទីប្រាំ ការរស់នៅពឹងលើពួកជំនុំ។ ទីប្រាំមួយ ការស្វែងរកជម្រក។ ទីប្រាំពីរ ការស្វែងរកខ្នងបង្អែក។ ទីប្រាំបី ការដេញតាមគោលដៅនយោបាយ។) ចំណុចទាំងប្រាំនេះត្រូវបានពិភាក្សានៅក្នុងការប្រកបគ្នាកាលពីលើកមុន។ តាមរយៈការប្រកបគ្នាអំពីការបង្ហាញចេញជាមូលដ្ឋាន និងសារជាតិពុករលួយដែលត្រូវបានបញ្ចេញឱ្យឃើញរបស់មនុស្សទាំងប្រាំប្រភេទនេះ ដោយវិនិច្ឆ័យពីឥរិយាបថរបស់ពួកគេ និងចេតនា រួមទាំងគោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ ព្រមទាំងការទាមទារឥតឈប់ឈររបស់ពួកគេចំពោះព្រះជាម្ចាស់ តើមនុស្សទាំងនេះគួរត្រូវបានចាត់ទុកថាជាបងប្អូនប្រុសស្រី ហើយអនុញ្ញាតឱ្យបន្តនៅក្នុងពួកជំនុំដែរឬទេ? (ទេ មនុស្សបែបនេះគួរតែត្រូវបានជម្រះចេញ ពីព្រោះការជឿលើព្រះជាម្ចាស់របស់ពួកគេ មិនមែនដើម្បីដេញតាមសេចក្ដីពិត ឬដើម្បីដេញតាមសេចក្ដីសង្គ្រោះឡើយ។ ពួកគេសុទ្ធតែមានចេតនា និងផែនការផ្ទាល់ខ្លួន ដោយសង្ឃឹមថានឹងកេងចំណេញសម្រាប់ខ្លួនឯង និងទទួលបានផលប្រយោជន៍នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ពួកគេមិនមែនជាមនុស្សដែលជឿលើព្រះជាម្ចាស់ពិតប្រាកដឡើយ ពួកគេសុទ្ធសឹងតែជាអ្នកមិនជឿ។) ប្រសិនបើអ្នកមិនជឿមិនត្រូវបានបោសសម្អាតចេញពីពួកជំនុំទេ តើពួកគេនឹងបង្កគ្រោះថ្នាក់អ្វីខ្លះដល់កិច្ចការរបស់ពួកជំនុំ និងដល់បងប្អូនប្រុសស្រី? (ពួកគេមិនទាំងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងមិនឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ឡើយ ពួកគេនៅក្នុងពួកជំនុំដោយមិនទទួលយកសេចក្ដីពិត។ លើសពីនេះទៅទៀត ពួកគេអាចបញ្ចេញភាពអវិជ្ជមាន និងសញ្ញាណ ដែលបង្កជាការបង្អាក់ និងការរំខាន ហើយដើរតួនាទីអវិជ្ជមាន។) ការសម្ដែងចេញទាំងនេះ ភាគច្រើនជាអ្វីដែលមនុស្សអាចមើលឃើញ។

ដោយវិនិច្ឆ័យលើការបង្ហាញចេញរបស់មនុស្សទាំងប្រាំប្រភេទដែលត្រូវបានពិភាក្សានៅក្នុងការប្រកបគ្នាកាលពីលើកមុន តើមនុស្សទាំងនេះមានចរិតលក្ខណៈរួមគ្នាដែរឬទេ? (មាន។) តើអ្វីទៅជាចរិតលក្ខណៈរួមរបស់ពួកគេ? (មនុស្សទាំងនេះសុទ្ធតែជាអ្នកមិនជឿ។) (ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ មិនជឿលើសេចក្ដីពិត ហើយក៏មិនចាប់អារម្មណ៍នឹងសេចក្ដីពិតដែរ។) នេះពាក់ព័ន្ធនឹងសារជាតិរបស់ពួកគេ។ ដោយសារពួកគេមិនជឿលើសេចក្ដីពិត ពួកគេនឹងមិនទទួលយកសេចក្ដីពិតឡើយ។ សារជាតិរបស់អស់អ្នកដែលមិនទទួលយកសេចក្ដីពិតទាល់តែសោះ គឺជាសារជាតិរបស់អ្នកមិនជឿ។ តើអ្វីខ្លះជាលក្ខណៈសម្គាល់របស់អ្នកមិនជឿ? ពួកគេជឿលើព្រះជាម្ចាស់ដើម្បីធ្វើជាមនុស្សឱកាសនិយម ដើម្បីរស់នៅពឹងលើពួកជំនុំ ដើម្បីគេចពីភយន្តរាយ ដើម្បីស្វែងរកការគាំទ្រ និងដើម្បីបានឆ្នាំងបាយដ៏នឹងនរមួយ។ ពួកគេខ្លះថែមទាំងដេញតាមគោលដៅនយោបាយ ដោយចង់បង្កើតទំនាក់ទំនងជាមួយរដ្ឋាភិបាលតាមរយៈរឿងជាក់លាក់មួយចំនួនដើម្បីទទួលបានការគាប់ចិត្ត និងទទួលបានការតែងតាំងជាមន្ត្រីទៀតផង។ មនុស្សបែបនេះសុទ្ធតែជាអ្នកមិនជឿ គ្រប់ៗគ្នា។ ការជឿលើព្រះជាម្ចាស់របស់ពួកគេមានបង្កប់នូវហេតុផលជំរុញ និងចេតនាទាំងនេះ ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនជឿជាក់ដោយមានភាពប្រាកដទាំងស្រុងថាមានព្រះជាម្ចាស់ឡើយ។ ទោះបីជាពួកគេទទួលស្គាល់ទ្រង់ក៏ដោយ ក៏ពួកគេធ្វើដូច្នេះដោយការសង្ស័យដែរ ពីព្រោះទស្សនៈដែលពួកគេប្រកាន់ខ្ជាប់គឺបែបអទេវនិយម។ ពួកគេជឿតែលើអ្វីៗដែលពួកគេអាចមើលឃើញនៅក្នុងពិភពរូបធាតុប៉ុណ្ណោះ។ ហេតុអ្វីបានជាយើងនិយាយថា ពួកគេមិនជឿថាមានព្រះជាម្ចាស់? ពីព្រោះពួកគេសុទ្ធតែមិនជឿ ឬមិនទទួលស្គាល់ការពិតដែលថា ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ ហើយថាបន្ទាប់ពីបានបង្កើតមនុស្សជាតិមក ព្រះជាម្ចាស់បាននិងកំពុងដឹកនាំ ព្រមទាំងមានអធិបតេយ្យភាពលើពួកគេឡើយ។ ហេតុដូច្នេះ ពួកគេមិនអាចជឿទាល់តែសោះទៅលើការពិតដែលថា ព្រះជាម្ចាស់អាចយកកំណើតជាមនុស្សបានឡើយ។ ប្រសិនបើពួកគេមិនជឿថា ព្រះជាម្ចាស់អាចយកកំណើតជាមនុស្សទេ តើពួកគេមានសមត្ថភាពជឿ និងទទួលស្គាល់សេចក្ដីពិតទាំងអស់ដែលត្រូវបានសម្តែងចេញដោយព្រះជាម្ចាស់ដែរឬទេ? (ទេ ពួកគេគ្មានសមត្ថភាពឡើយ។) ប្រសិនបើពួកគេមិនជឿលើសេចក្ដីពិតដែលត្រូវបានសម្តែងចេញដោយព្រះជាម្ចាស់ទេ នោះតើពួកគេជឿថាព្រះជាម្ចាស់អាចសង្គ្រោះមនុស្សជាតិ និងជឿលើផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់ការសង្គ្រោះមនុស្សជាតិដែរឬទេ? (ទេ ពួកគេមិនជឿទេ។) ពួកគេមិនជឿលើរឿងទាំងនេះទាល់តែសោះ។ តើអ្វីទៅជាឫសគល់នៃការមិនជឿរបស់ពួកគេ? គឺថាពួកគេមិនជឿថាមានព្រះជាម្ចាស់ឡើយ។ ពួកគេគឺជាអ្នកអទេវនិយម និងរូបធាតុនិយម។ ពួកគេជឿថា មានតែអ្វីៗដែលពួកគេអាចមើលឃើញនៅក្នុងពិភពរូបធាតុប៉ុណ្ណោះទើប ពិត។ ពួកគេជឿថា កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ អាចសម្រេចបានតែតាមរយៈល្បិចកល និងមធ្យោបាយមិនត្រឹមត្រូវប៉ុណ្ណោះ។ ពួកគេជឿថា មធ្យោបាយតែមួយគត់ដើម្បីទទួលបានភាពរុងរឿង និងរស់នៅប្រកបដោយសុភមង្គល គឺត្រូវរស់នៅតាមទស្សនៈវិជ្ជាបែបសាតាំង។ ពួកគេជឿថា វាសនារបស់ពួកគេស្ថិតនៅក្នុងដៃរបស់ពួកគេផ្ទាល់ ហើយថាពួកគេត្រូវតែពឹងផ្អែកលើខ្លួនឯងដើម្បីបង្កើត និងធានាបាននូវជីវិតដ៏មានក្តីសុខមួយ។ ពួកគេមិនជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ឬលើព្រះចេស្តារបស់ទ្រង់ឡើយ។ ពួកគេគិតថា ប្រសិនបើពួកគេពឹងផ្អែកលើព្រះជាម្ចាស់ នោះពួកគេនឹងគ្មានអ្វីទាំងអស់។ ជាទីបំផុត ពួកគេមិនជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចសម្រេចបានគ្រប់យ៉ាងឡើយ ហើយពួកគេក៏មិនជឿលើព្រះចេស្តារបស់ព្រះជាម្ចាស់ដែរ។ ហេតុនេះហើយ ទើបចេតនា និងគោលបំណង ដូចជាការធ្វើជាមនុស្សឱកាសនិយម ការរស់នៅពឹងលើពួកជំនុំ ការស្វែងរកជម្រក ការស្វែងរកខ្នងបង្អែក ការរាប់អានមិត្តភក្ដិជាមួយមនុស្សភេទផ្ទុយ និងការដេញតាមគោលដៅនយោបាយ ពោលគឺការធានាបាននូវតំណែងជាមន្ត្រី និងឆ្នាំងបាយដ៏នឹងនរមួយសម្រាប់ខ្លួនឯង កើតមានឡើងនៅក្នុងការជឿលើព្រះជាម្ចាស់របស់ពួកគេ។ គឺប្រាកដ ណាស់ដោយសារតែមនុស្សទាំងនេះមិនជឿថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់នេះហើយ ទើបពួកគេអាចជ្រៀតចូលក្នុងពួកជំនុំដោយគឃ្លើន និងឥតអៀនខ្មាស ជាមួយនឹងចេតនា និងគោលដៅផ្ទាល់ខ្លួន ដោយសង្ឃឹមថាប្រើប្រាស់ទេពកោសល្យរបស់ពួកគេ ឬសម្រេចបំណងប្រាថ្នារបស់ពួកគេនៅក្នុងពួកជំនុំ។ នេះមានន័យថា ពួកគេកំពុងជ្រៀតចូលក្នុងពួកជំនុំដើម្បីបំពេញចេតនា និងបំណងប្រាថ្នារបស់ពួកគេដើម្បីទទួលបានពរជ័យ។ ពួកគេចង់ទទួលបានកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈនៅក្នុងពួកជំនុំ ហើយតាមរយៈការធ្វើបែបនេះ ពួកគេនឹងទទួលបានឆ្នាំងបាយដ៏នឹងនរ របស់ពួកគេ។ គេអាចមើលឃើញពីឥរិយាបថ ព្រមទាំងសារជាតិធម្មជាតិរបស់ពួកគេថា គោលបំណង ហេតុផលជំរុញ និងចេតនារបស់ពួកគេសម្រាប់ការជឿលើព្រះជាម្ចាស់គឺមិនត្រឹមត្រូវឡើយ ហើយថាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេទទួលយកសេចក្ដីពិត ឬជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់ឡើយ ទោះបីជាពួកគេជ្រៀតចូលក្នុងពួកជំនុំក៏ដោយ ពួកគេគ្រាន់តែមកអង្គុយឱ្យពេញៗកន្លែងប៉ុណ្ណោះ ដោយមិនដើរតួនាទីជាវិជ្ជមានអ្វីទាំងអស់។ ដូច្នេះ ពួកជំនុំមិនគួរទទួលយកមនុស្សបែបនេះឡើយ។ ទោះបីជាមនុស្សទាំងនេះបានជ្រៀតចូលក្នុងពួកជំនុំក៏ដោយ ក៏ពួកគេមិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេត្រូវបាននាំចូលមកដោយសារតែចេតនាល្អរបស់អ្នកដទៃប៉ុណ្ណោះ។ «ពួកគេមិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ» តើឃ្លានេះគួរត្រូវបានបកស្រាយយ៉ាងដូចម្ដេច? វាមានន័យថា ព្រះជាម្ចាស់មិនបានកំណត់ទុកជាមុន និងរើសតាំងពួកគេឡើយ ទ្រង់មិនចាត់ទុកពួកគេជាកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ទេ ហើយទ្រង់ក៏មិនបានកំណត់ទុកជាមុនថាពួកគេជាមនុស្សដែលទ្រង់នឹងសង្គ្រោះដែរ។ នៅពេលដែលមនុស្សទាំងនេះបានជ្រៀតចូលក្នុងពួកជំនុំហើយ តាមធម្មតា យើងមិនអាចចាត់ទុកពួកគេជាបងប្អូនប្រុសស្រីឡើយ ពីព្រោះពួកគេមិនមែនជាអ្នកដែលទទួលយកសេចក្ដីពិតយ៉ាងពិតប្រាកដ ឬចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ អ្នកខ្លះអាចនឹងសួរថា៖ «ដោយសារតែពួកគេមិនមែនជាបងប្អូនប្រុសស្រីដែលពិតជាជឿលើព្រះជាម្ចាស់ ហេតុអ្វីបានជាពួកជំនុំមិនបោសសម្អាតពួកគេចេញ ឬបណ្ដេញពួកគេចេញ?» បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចរៀនពីការស្គាល់ពី មនុស្សទាំងនេះ ដើម្បីមើលធ្លុះពីល្បិចកលរបស់សាតាំង និងបដិសេធសាតាំង។ នៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ចេះស្គាល់ហើយ អ្នកមិនជឿទាំងនេះគួរតែត្រូវបានជម្រះចេញ។ គោលដៅនៃការស្គាល់ គឺដើម្បីលាតត្រដាងអ្នកមិនជឿទាំងនេះ ដែលបានជ្រៀតចូលក្នុងដំណាក់របស់ព្រះជាម្ចាស់ជាមួយនឹងមហិច្ឆិតា និងបំណងប្រាថ្នារបស់ពួកគេ ហើយបោសសម្អាតពួកគេចេញពីពួកជំនុំ ពីព្រោះមនុស្សទាំងនេះមិនមែនជាអ្នកជឿពិតលើព្រះជាម្ចាស់ឡើយ ហើយរឹតតែមិនមែនជាមនុស្សដែលទទួលយក និងដេញតាមសេចក្ដីពិតទៀតផង។ គ្មានរឿងល្អអ្វីកើតឡើងពីការដែលពួកគេបន្តនៅក្នុងពួកជំនុំឡើយ ប៉ុន្តែវានឹងនាំមកនូវគ្រោះថ្នាក់យ៉ាងធំវិញ។ ជាបឋម បន្ទាប់ពីជ្រៀតចូលក្នុងពួកជំនុំហើយ អ្នកមិនជឿទាំងនេះមិនដែលហូប ឬផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិចដែរ។ ពួកគេតែងតែពិភាក្សាពីរឿងផ្សេងក្រៅពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ដែលរំខានដល់ចិត្តរបស់អ្នកដទៃ។ ពួកគេនឹងត្រឹមតែបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំប៉ុណ្ណោះ ដែលធ្វើឱ្យខូចប្រយោជន៍ដល់ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ទីពីរ ប្រសិនបើពួកគេបន្តនៅក្នុងពួកជំនុំ ពួកគេនឹងប្រព្រឹត្តអំពើអាក្រក់តាមតែអំពើចិត្ត ដូចជាអ្នកគ្មានជំនឿអីចឹង ដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយធ្វើឱ្យពួកជំនុំប្រឈមមុខនឹងគ្រោះថ្នាក់លាក់កំបាំងជាច្រើន។ ទីបី ទោះបីជាពួកគេបន្តនៅក្នុងពួកជំនុំក៏ដោយ ក៏ពួកគេមិនស្ម័គ្រចិត្ត ធ្វើជាអ្នកបម្រើការឡើយ ហើយទោះបីជាពួកគេអាចបម្រើការបន្តិចបន្តួចក្ដី ក៏វាគ្រាន់តែដើម្បីទទួលបានពរជ័យប៉ុណ្ណោះ។ ប្រសិនបើថ្ងៃណាមួយមកដល់ ដែលពួកគេដឹងថាពួកគេមិនអាចទទួលបានពរជ័យទេ នោះពួកគេនឹងផ្ទុះកំហឹងយ៉ាងខ្លាំង ដែលបង្កការរំខាន និងធ្វើឱ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំ។ ជាជាងបណ្ដោយឱ្យមានរឿងនេះកើតឡើង ការបោសសម្អាតពួកគេចេញពីពួកជំនុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន គឺជាការប្រសើរជាង។ ទីបួន អ្នកមិនជឿទាំងនេះអាចនឹងបង្កើតបក្សពួក ព្រមទាំងគាំទ្រ និងដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ ដែលបង្កើតបានជាកម្លាំងអាក្រក់នៅក្នុងពួកជំនុំ ដែលបង្កការគំរាមកំហែងយ៉ាងធំដល់កិច្ចការរបស់ពួកជំនុំ។ ដោយពិចារណាលើចំណុចទាំងបួននេះ វាជារឿងចាំបាច់ក្នុងការស្គាល់ពី និងលាតត្រដាងអ្នកមិនជឿទាំងនេះដែលជ្រៀតចូលក្នុងដំណាក់របស់ព្រះជាម្ចាស់ រួចហើយបោសសម្អាតពួកគេចេញ។ នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីរក្សាដំណើរការទៅមុខធម្មតានៅក្នុងកិច្ចការរបស់ពួកជំនុំ និងការពារយ៉ាងមានប្រសិទ្ធភាពដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ឱ្យអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរស់នៅក្នុងជីវិតពួកជំនុំបានជាប្រក្រតី ហើយតាមរយៈនោះ អាចចូលទៅក្នុងគន្លងត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់។ នេះក៏ព្រោះតែការជ្រៀតចូលរបស់អ្នកមិនជឿទាំងនេះទៅក្នុងពួកជំនុំ គឺជាការធ្វើឱ្យខូចប្រយោជន៍យ៉ាងធំដល់ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ មានមនុស្សជាច្រើនដែលមិនអាចស្គាល់ពីពួកគេបានទេ ប៉ុន្តែបែរជាចាត់ទុកពួកគេថាជាបងប្អូនប្រុសស្រីទៅវិញ។ មនុស្សខ្លះ ដោយឃើញថាពួកគេមានអំណោយទាន ឬចំណុចខ្លាំងមួយចំនួន ក៏ជ្រើសរើសពួកគេឱ្យបម្រើការជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ នេះហើយជារបៀបដែលពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទកើតមានឡើងនៅក្នុងពួកជំនុំ។ ដោយសម្លឹងមើលទៅលើសារជាតិរបស់ពួកគេ គេអាចមើលឃើញថា គ្មាននរណាម្នាក់ក្នុងចំណោមពួកគេជឿថាមានព្រះជាម្ចាស់ ឬថាព្រះបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត ឬថាទ្រង់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេគឺជាអ្នកគ្មានជំនឿ។ ទ្រង់មិនយក ហទ័យទុកដាក់នឹងពួកគេឡើយ ហើយព្រះវិញ្ញាណបរិសុទ្ធក៏នឹងមិនធ្វើការលើពួកគេដែរ។ ដូច្នេះ ដោយផ្អែកលើសារជាតិរបស់ពួកគេ ពួកគេមិនមែនជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេប្រាកដជាមិនត្រូវបានកំណត់ទុកជាមុន ឬរើសតាំងដោយទ្រង់នោះទេ។ ព្រះជាម្ចាស់មិនអាចសង្គ្រោះពួកគេបានឡើយ។ មិនថាគេមើលវាតាមរបៀបណាក៏ដោយ ក៏គ្មាននរណាម្នាក់នៃអ្នកមិនជឿទាំងនេះជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេគួរតែត្រូវបានស្គាល់ឱ្យបានឆាប់រហ័ស និងត្រឹមត្រូវ ហើយបន្ទាប់មកត្រូវបោសសម្អាតចេញ។ ពួកគេមិន ត្រូវបានអនុញ្ញាតឱ្យសម្ងំលាក់ខ្លួននៅក្នុងពួកជំនុំដើម្បីរំខានដល់អ្នកដទៃឡើយ។ អ្នកមិនជឿទាំងនេះជ្រៀតចូលក្នុងពួកជំនុំដោយមានគោលបំណង និងហេតុផលជំរុញផ្សេងៗគ្នា ហើយអ្នកប្រហែលជាមិនអាចមើលធ្លុះ ឬស្គាល់ពីពួកគេបានទេនៅគ្រាដំបូង។ ទោះជាយ៉ាងណាក៏ដោយ កាលណាពេលវេលាកន្លងផុតទៅ នៅពេលដែលអ្នកប្រាស្រ័យទាក់ទងជាមួយពួកគេកាន់តែញឹកញាប់ និងមានទំនាក់ទំនងជាមួយពួកគេកាន់តែច្រើន អ្នកនឹងយល់ពីពួកគេកាន់តែច្រើនឡើងៗ ហើយអ្នកនឹងឃើញកាន់តែច្បាស់ពីការបង្ហាញចេញផ្សេងៗ ដែលចង្អុលបញ្ជាក់ថាពួកគេគឺជាអ្នកមិនជឿ។ រួចមក តើវាមិនកាន់តែងាយស្រួលទេឬអី ក្នុងការស្គាល់ពីពួកគេដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់? (មែនហើយ។) ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់គ្នាអាចស្គាល់ពីអ្នកមិនជឿបាន នោះវាដល់ពេលដែលត្រូវបើកសម្តែងពួកគេ និងបោសសម្អាតពួកគេចេញហើយ។ មិនថាពួកគេមានចរិតលក្ខណៈបែបណា មានឋានៈសង្គមបែបណា ឬមានអតីតភាពការងារធំដុំប៉ុនណា នៅក្នុងពួកជំនុំឡើយ ប្រសិនបើបន្ទាប់ពីស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំមក ពួកគេនៅតែមិនអាចទទួលយកសេចក្ដីពិត ហើយពោរពេញទៅដោយសញ្ញាណអំពីព្រះជាម្ចាស់ នោះពួកគេត្រូវបានបើកសម្តែងរួចទៅហើយថាជាអ្នកមិនជឿ។ ដោយពិចារណាលើគោលបំណង និងការបង្ហាញ ចេញរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ ដោយគ្មានការសង្ស័យ ពួកគេគឺជាអ្នកដែលគួរត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញ។ នេះគឺជាកិច្ចការនៃការបោសសម្អាត ដែលពួកជំនុំត្រូវតែធ្វើនៅគ្រប់រយៈពេល។

ប្រធានបទអំពីគោលបំណងនៃការជឿលើព្រះជាម្ចាស់បានគ្របដណ្ដប់លើចំណុចចំនួនប្រាំបី ដែលមានន័យថា មានមនុស្សប្រាំបីប្រភេទដែលការបង្ហាញចេញរបស់ពួកគេគឺគ្រប់គ្រាន់សម្រាប់ពួកយើងក្នុងការស្គាល់ពីមនុស្សអាក្រក់គ្រប់ប្រភេទ ហើយបន្ទាប់មកធ្វើការកំណត់លក្ខណៈឱ្យបានត្រឹមត្រូវ និង ចាត់ចែងពួកគេទៅតាមនោះ។ ជារួម មនុស្សទាំងប្រាំបីប្រភេទនេះមិនអាចបន្តនៅក្នុងពួកជំនុំបានឡើយ។ អ្នកខ្លះអាចនឹងសួរថា៖ «តើមនុស្សម្នាក់ៗ ក្នុងចំណោមមនុស្សទាំងប្រាំបីប្រភេទនេះបង្ហាញ ឥរិយាបថតែមួយប្រភេទប៉ុណ្ណោះឬ?» វាមិនប្រាកដថាដូចហ្នឹងនោះទេ គោលបំណងនៃការជឿលើព្រះជាម្ចាស់របស់មនុស្សខ្លះរួមមានបួន ឬប្រាំចំណុច ពោលគឺ ពួកគេស្វែងរកជម្រក រស់នៅពឹងលើពួកជំនុំ ធ្វើជាមនុស្សឱកាសនិយម ដេញតាមគោលដៅនយោបាយ និងស្វែងរកមនុស្សភេទផ្ទុយដោយព្រាវៗ ដោយជ្រៀតចូលក្នុងពួកជំនុំដើម្បីល្បួងអ្នកដទៃដោយគ្មានរើសមុខ។ គោលបំណងនៃការជឿលើព្រះជាម្ចាស់របស់មនុស្សខ្លះអាចគ្របដណ្ដប់លើចំណុចពីរ ទីមួយគឺស្វែងរកក្នុងការក្លាយជាមន្ត្រីនៅក្នុងពួកជំនុំ ហើយទីពីរគឺស្វែងរកពរជ័យតាមរយៈការធ្វើជាមនុស្សឱកាសនិយម ឬអ្នកខ្លះអាចនឹងស្វែងរកមនុស្សភេទផ្ទុយ ព្រមទាំងរស់នៅពឹងលើពួកជំនុំផងដែរ។ ច្បាស់ណាស់ មនុស្សទាំងនេះមកកាន់ដំណាក់របស់ព្រះជាម្ចាស់ដោយសម្លឹងរកមើលការកេងចំណេញ ដោយមានចេតនាប្រើប្រាស់ដំណាក់របស់ព្រះជាម្ចាស់ ឬបងប្អូនប្រុសស្រីដើម្បីជួយពួកគេឱ្យសម្រេចកិច្ចការនានា ដើម្បីពុះពារធ្វើការធ្ងន់សម្រាប់ពួកគេ។ ដើម្បីសម្រេចគោលបំណង និងបំពេញបំណងប្រាថ្នារបស់ពួកគេ ពួកគេប្រើគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យបងប្អូនប្រុសស្រីបម្រើពួកគេ។ ជារួម គោលបំណងដ៏ច្បាស់លាស់នៃការមកកាន់ដំណាក់របស់ព្រះជាម្ចាស់ របស់អ្នកមិនជឿ និងមនុស្សឱកាសនិយមទាំងនេះ ដែលបានជ្រៀតចូលក្នុងពួកជំនុំ ហើយដែលគួរតែត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញនោះ គឺដើម្បីមកស៊ីទទេ និងកេងចំណេញពីស្ថានការណ៍សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ មិនថានៅក្នុងពាក្យសម្ដី ឬសកម្មភាពរបស់ពួកគេឡើយ គេតែងតែអាចស្គាល់ពីគោលបំណងរបស់ពួកគេបានខ្លះៗជានិច្ច។ មនុស្សទាំងនេះមិនទទួលយកសេចក្ដីពិតទាល់តែសោះ ហើយគ្មានការចាប់អារម្មណ៍នឹងសេចក្ដីពិតឡើយ ជួនកាល ពួកគេថែមទាំងបង្ហាញពីអារម្មណ៍ និងអាកប្បកិរិយាមិនពេញចិត្ត ឬទាស់ទទឹងទៀតផង។ មិនថាពួកជំនុំរៀបចំភារកិច្ចអ្វីសម្រាប់ពួកគេឡើយ ពួកគេគ្រាន់តែសហការទាំងរារែក ប្រសិនបើវាមានផលប្រយោជន៍សម្រាប់ពួកគេប៉ុណ្ណោះ។ ប្រសិនបើគ្មានផលប្រយោជន៍សម្រាប់ពួកគេទេ នោះពួកគេនឹងទាស់ទទឹងនៅក្នុងចិត្ត ហើយបង្ហាញភាពអវិជ្ជមាន និងភាពអកម្ម ព្រមទាំងការមិនពេញចិត្ត ឬការបដិសេធទៀតផង។ ពួកគេចូលរួមធ្វើការងារបន្តិចបន្តួច លុះត្រាតែមានផលប្រយោជន៍ប៉ុណ្ណោះ បើគ្មានទេ ពួកគេនឹងគេចវេះ ឬធ្វើឱ្យតែរួចពីដៃដោយអកម្ម។ នៅពេលវេលាដ៏សំខាន់នៃកិច្ចការ ពួកគេលាក់មុខ បាត់ខ្លួនឈឹង និងព្រងើយកន្តើយចំពោះកិច្ចការរបស់ពួកជំនុំ។ ចេញពីការបង្ហាញ ចេញទាំងនេះ វាច្បាស់ណាស់ថា ការជឿលើព្រះជាម្ចាស់របស់ពួកគេ គឺគ្រាន់តែដើម្បីមកស៊ីទទេប៉ុណ្ណោះ សូម្បីតែការប្រើប្រាស់ពួកគេឱ្យបម្រើការ ក៏នាំមកនូវគ្រោះថ្នាក់ច្រើនជាងផលល្អដែរ។

I. ដើម្បីគ្រប់គ្រងតាមដានពួកជំនុំ

ថ្ងៃនេះ ពួកយើងនឹងប្រកបគ្នាអំពីចំណុចចុងក្រោយស្ដីពីប្រធានបទនៃគោលបំណងសម្រាប់ការជឿលើព្រះជាម្ចាស់របស់មនុស្សម្នាក់ៗ។ ក្រៅពីចំណុចទាំងប្រាំបីដែលបានលើកឡើងខាងលើ នៅមានមនុស្សមួយប្រភេទទៀត ដែលគោលបំណង និងចេតនារបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់គឺមិនត្រឹមត្រូវឡើយ។ តើអ្វីទៅដែលធ្វើឱ្យពួកគេខុសប្លែកពីអ្នកដែលបានរៀបរាប់ខាងលើ ដែលត្រូវបានជំរុញដោយផលប្រយោជន៍ទាំងស្រុងដោយខិតខំអស់ពីសមត្ថភាពដើម្បីដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈនោះ? មនុស្សប្រភេទនេះមិនបានចូលមកក្នុងពួកជំនុំដើម្បីក្លាយ ជាមន្ត្រី ដើម្បីឋានៈ ឬឆ្នាំងបាយដ៏នឹងនរ ឬដើម្បីធ្វើឱ្យជីវិតរបស់ពួកគេកាន់តែមានភាពងាយស្រួល និងអ្វីៗផ្សេងទៀតឡើយ ពួកគេមានគោលបំណងមួយដែលមនុស្សសាមញ្ញពិបាកនឹងកត់សម្គាល់ឃើញ។ តើគោលបំណងនេះជាអ្វី? នោះគឺដើម្បីគ្រប់គ្រងតាមដាននិងគ្រប់គ្រងពួកជំនុំ។ ការគ្រប់គ្រងតាមដានពួកជំនុំ គឺជាចំណុចទីប្រាំបួននៅក្នុងប្រធានបទនៃគោលបំណង សម្រាប់ការជឿលើព្រះជាម្ចាស់របស់មនុស្សម្នាក់ៗ។ មនុស្សទាំងនេះចូលមកក្នុងពួកជំនុំជាមួយនឹងកិច្ចការមួយដើម្បីគ្រប់គ្រងតាមដានពួកជំនុំ ដោយមានបំណងគ្រប់គ្រងដំណើរនៃការអភិវឌ្ឍរបស់ពួកជំនុំ។ អ្នកដែលបញ្ជូនពួកគេមក ដែលជាថ្នាក់លើ ឬជាចៅហ្វាយនាយរបស់ពួកគេ អាចតំណាងឱ្យរដ្ឋាភិបាល ក្រុមសាសនាណាមួយ ឬអង្គការណាមួយនៅក្នុងសង្គម។ ដោយសារតែពួកគេមិនស្គាល់ច្បាស់ពីពួកជំនុំ ពោរពេញដោយការចង់ដឹងចង់ឃើញ ហើយថែមទាំងមិនស្ងប់ចិត្តចំពោះការលេចឡើង ការកកើត និងអត្ថិភាពរបស់ពួកជំនុំ ពួកគេមានចេតនាចង់ស្វែងយល់យ៉ាងស៊ីជម្រៅពីពួកជំនុំ ដើម្បីដឹងអំពីរចនាសម្ព័ន្ធរបស់ពួកជំនុំ កិច្ចការរបស់ពួកជំនុំ និងកាលៈទេសៈផ្សេងៗ។ ហេតុដូច្នេះហើយ មនុស្សមួយចំនួនត្រូវបានបញ្ជូនមកកាន់ពួកជំនុំដើម្បីបំពេញការងារគ្រប់គ្រងតាមដាន។ អស់អ្នកដែលទទួលបន្ទុកការងារគ្រប់គ្រងតាមដានពួកជំនុំ មិនថាពួកគេមកពីរដ្ឋាភិបាល ក្រុមសាសនា ឬអង្គការសង្គមណាមួយឡើយ ពួកគេ មានគោលបំណងក្នុងការជឿលើព្រះជាម្ចាស់ ដែលខុសប្លែកទាំងស្រុងពីគោលបំណងរបស់បងប្អូនប្រុសស្រីពិតប្រាកដ។ ពួកគេមិនមែននៅទីនេះដើម្បីទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ ពួកគេមិនបានមកដើម្បីទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីពិត និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ដោយឈរលើមូលដ្ឋាននៃការជឿ និងការទទួលស្គាល់ព្រះជាម្ចាស់នោះទេ។ ការជឿលើព្រះជាម្ចាស់របស់ពួកគេមានភ្ជាប់មកជាមួយនូវគោលដៅនយោបាយ ឬកិច្ចការដែលផ្ដល់ដោយអង្គការណាមួយ។ ដូច្នេះ ការគ្រប់គ្រងតាមដានពួកជំនុំ គឺជាគោលបំណងរបស់ពួកគេសម្រាប់ ជ្រៀតចូលពួកជំនុំ និងការជឿលើព្រះជាម្ចាស់ផង ហើយក៏ជា កិច្ចការដែលចាត់តាំងដោយថ្នាក់លើរបស់ពួកគេផងដែរ។ វាគឺជាការងារដែលពួកគេធ្វើដើម្បីទទួលបានប្រាក់បៀវត្សរ៍របស់ពួកគេ។

ចំពោះអស់អ្នកដែលជ្រៀតចូលក្នុងពួកជំនុំដើម្បីគ្រប់គ្រងតាមដានពួកជំនុំ តើពួកគេគ្រប់គ្រងតាមដានអ្វីខ្លះ? ពួកគេគ្រប់គ្រងតាមដានទិដ្ឋភាពជាច្រើន ដូចជា សេចក្ដី បង្រៀនរបស់ពួកជំនុំ គោលដៅរបស់ពួកជំនុំ អ្វីដែលពួកជំនុំលើកស្ទួយ កិច្ចការដែលពួកជំនុំធ្វើ និងគំនិត ព្រមទាំងទស្សនៈរបស់សមាជិកពួកជំនុំ ដោយវាយតម្លៃថាតើវាបង្កគ្រោះថ្នាក់ណាមួយដល់រដ្ឋាភិបាល សាសនា ឬសង្គមដែរឬទេ។ បើនិយាយពីពាក្យសម្ដីវិញ ពួកគេពិនិត្យមើលថាតើមានការថ្លែងដែលប្រឆាំងនឹងសង្គម ប្រឆាំងនឹងរដ្ឋាភិបាល ឬប្រឆាំងនឹងរដ្ឋដែរឬទេ។ ចំណែកឯសេចក្ដីបង្រៀនវិញ ពួកគេគ្រប់គ្រងតាមដានថាតើគំនិតដែលពួកជំនុំលើកស្ទួយពិតប្រាកដជាអ្វី។ វាប្រហែលជាមិនងាយស្រួលទេសម្រាប់អ្នក ក្នុងការកត់សម្គាល់ពីបុគ្គលទាំងនេះ នៅពេលដែលពួកគេជ្រៀតចូលក្នុងពួកជំនុំ ពីព្រោះពួកគេអាចនឹងស្ដាប់យ៉ាងយកចិត្តទុកដាក់ និងកត់ត្រាយ៉ាងហ្មត់ចត់ក្នុងអំឡុងពេលនៃការជួបជុំដោយមិនងងុយដេកឡើយ។ ពួកគេថែមទាំងអាចសង្ខេបយ៉ាងយកចិត្តទុកដាក់នូវពាក្យសម្តីរបស់បុគ្គលផ្សេងៗគ្នានៅរាល់ការជួបជុំនីមួយៗ ហើយទីបំផុត ទាញសេចក្ដីសន្និដ្ឋាន និងចាត់ថ្នាក់គំនិត ព្រមទាំងទស្សនៈផ្សេងៗគ្នារបស់មនុស្សផ្សេងៗ ដើម្បីមើលថាតើទស្សនៈមួយណាស្របតាមផលប្រយោជន៍ និងសេចក្ដីតម្រូវរបស់រដ្ឋាភិបាលជាតិ ហើយទស្សនៈមួយណាដែលធ្វើឱ្យខូចខាតដល់ការគ្រប់គ្រងរបស់រដ្ឋ ដែលមិនចុះសម្រុងនឹងរដ្ឋាភិបាល និងបញ្ហាផ្សេងៗទៀតជាដើម។ ពួកគេអាចទាញសេចក្ដីសន្និដ្ឋាន និងចាត់ថ្នាក់យ៉ាងល្អិតល្អន់នូវទស្សនៈដែលចាក់ឫសយ៉ាងជ្រៅទាំងនេះរបស់សមាជិកពួកជំនុំ ដោយរក្សាទុកជាកំណត់ត្រា។ ហេតុអ្វីបានជាពួកគេធ្វើបែបនេះ? ពីព្រោះវាជាការងាររបស់ពួកគេ ជា កិច្ចការរបស់ពួកគេ ពួកគេត្រូវតែរាយការណ៍ប្រាប់ថ្នាក់លើរបស់ពួកគេ។ នេះគឺជាផ្នែកទីមួយនៃការងាររបស់ពួកគេ៖ ក្ដាប់ឱ្យបាននូវសេចក្ដីបង្រៀនរបស់ពួកជំនុំ និងទំនោរខាងមនោគមវិជ្ជារបស់សមាជិកទាំងអស់នៅក្នុងពួកជំនុំ។ នៅពេលដែលពួកគេជឿថា ទំនោរទាំងនេះមានផ្ទុកនូវធាតុដែលធ្វើឱ្យខូចខាតដល់សង្គម ឬរដ្ឋ ឬប្រសិនបើពួកគេជឿថា មានគំនិត និងទស្សនៈជ្រុលនិយមណាមួយលេចឡើង នោះពួកគេនឹងរាយការណ៍ និងប្រាប់រឿងនេះទៅកាន់ថ្នាក់លើរបស់ពួកគេជាបន្ទាន់ ដើម្បីអាចចាត់វិធានការសមស្របបាន។ អ្វីដែលពួកគេមានបំណងចង់យល់ជាមុនសិន គឺសេចក្ដីបង្រៀនរបស់ពួកជំនុំ ដែលនេះគឺជាការងារចម្បងមួយរបស់ពួកគេក្នុងការគ្រប់គ្រងតាមដានពួកជំនុំ បន្ទាប់មកគឺព័ត៌មានអំពីបុគ្គលិករបស់ពួកជំនុំ។ ជាឧទាហរណ៍ ពួកគេប្រមូលព័ត៌មានអំពីថាតើនរណាជាអ្នកដឹកនាំជាន់ខ្ពស់របស់ពួកជំនុំ រួមទាំងអាសយដ្ឋានលំនៅឋាន អាយុ រូបរាង កម្រិតវប្បធម៌ ចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្ត ស្ថានភាពសុខភាព អ្វីដែលពួកគេនិយាយនៅក្នុងជីវិតប្រចាំថ្ងៃ កន្លែងដែលពួកគេទៅ កិច្ចការដែលពួកគេធ្វើ ព្រមទាំងម៉ោងធ្វើការ និងខ្លឹមសារការងារប្រចាំថ្ងៃរបស់ពួកគេផងដែរ។ ពួកគេសង្កេតមើលថាតើអ្នកដឹកនាំទាំងនេះបានធ្វើការថ្លែង ឬធ្វើសកម្មភាពណាមួយដែលប្រឆាំងនឹងរដ្ឋាភិបាល ប្រឆាំងនឹងសាសនា ឬប្រឆាំងនឹងនិន្នាការសង្គមដែរឬទេ ព្រមទាំងប្រតិកម្មរបស់អ្នកដឹកនាំទាំងនេះចំពោះប្រព័ន្ធគ្រប់គ្រងរបស់ជាតិ និងការអភិវឌ្ឍនយោបាយបច្ចុប្បន្ន ព្រមទាំងរឿងផ្សេងៗទៀត។ ទាំងនេះសុទ្ធតែជាទិដ្ឋភាពដែលអស់អ្នកដែលគ្រប់គ្រងតាមដានពួកជំនុំ មានបំណងចង់ក្ដាប់ឱ្យបាន។ លើសពីនេះទៅទៀត ពួកគេក៏បន្តយកចិត្តទុកដាក់ចំពោះរចនាសម្ព័ន្ធរបស់ពួកជំនុំ និងរចនាសម្ព័ន្ធរដ្ឋបាលផងដែរ។ ជាឧទាហរណ៍ ពួកគេតាមដានថាតើនរណាជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនៅក្នុងពួកជំនុំ តើពួកអ្នកដឹកនាំកម្រិតណាដែលត្រូវបានដកហូតតំណែង តើមានការរៀបចំអ្វីខ្លះសម្រាប់ពួកគេបន្ទាប់ពីពួកគេត្រូវបានដកហូតតំណែងរួច តើអ្នកដឹកនាំណាខ្លះដែលត្រូវបានចាប់ខ្លួន ហើយនរណាជាអ្នកទទួលបន្ទុកកិច្ចការរបស់ពួកគេបន្ត។ ពួកគេប្រមូលព័ត៌មានអំពីអាយុ ភេទ របស់អ្នកស្នងតំណែង តើពួកគេជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំហើយ កម្រិតវប្បធម៌របស់ពួកគេ ហើយប្រសិនបើពួកគេជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដែលពោរពេញដោយទេពកោសល្យ ថាតើពួកគេមានផលប៉ះពាល់អវិជ្ជមានណាមួយលើប្រទេសជាតិ ឬសង្គមដែរឬទេ ហើយថាតើពួកគេមានសក្ដានុពលអាចត្រូវបានជ្រើសរើសឱ្យធ្វើការនៅក្នុងមន្ទីររដ្ឋាភិបាលដែរឬទេ ព្រមទាំងព័ត៌មានជាក់លាក់ផ្សេងៗទៀត។ ពួកគេថែមទាំងចង់ស្វែងយល់អំពីពួួកអ្នកដឹកនាំពួកជំនុំជាក់លាក់ណាដែលចូលកាន់តំណែង ឬត្រូវបានដកហូតតំណែងទៀតផង។ ពោលគឺ ស្ថានភាពបុគ្គលិក កិច្ចការរដ្ឋបាលជាក់លាក់ និងរចនាសម្ព័ន្ធរបស់ពួកជំនុំ សុទ្ធតែជាទិដ្ឋភាពដែលពួកគេមានបំណងចង់ស្គាល់ឱ្យបានច្បាស់។ លើសពីនេះ ពួកគេមានបំណងក្ដាប់ឱ្យបានពេញលេញនូវព័ត៌មានអំពីថាតើមានកិច្ចការប៉ុន្មានផ្នែកនៅក្នុងពួកជំនុំ មានប៉ុន្មានក្រុម និងព័ត៌មានលម្អិតអំពីអ្នកមើលការខុសត្រូវរបស់ក្រុមនីមួយៗ ព្រមទាំងរឿងផ្សេងៗទៀត។ ពួកគេដើរសាកសួរ ពិនិត្យអង្កេត និងស្វែងយល់ ដោយបំពេញការងាររបស់ពួកគេយ៉ាងលម្អិតបំផុត។ ការងារដែលត្រូវធ្វើ និងកិច្ចការដែលត្រូវសម្រេចរបស់មនុស្សប្រភេទនេះ ដែលជ្រៀតចូលក្នុងពួកជំនុំ គឺត្រូវក្ដាប់ឱ្យបានទាន់ពេលវេលានូវគ្រប់ទិដ្ឋភាពនៃស្ថានភាពរបស់ពួកជំនុំ និងការអភិវឌ្ឍផ្សេងៗរបស់ពួកជំនុំ ដើម្បីសម្រេចបាននូវគោលបំណងនៃការគ្រប់គ្រងតាមដានពួកជំនុំ។ នេះរួមមាន ជាឧទាហរណ៍ ថាតើពួកជំនុំកំពុងអភិវឌ្ឍនៅក្រៅប្រទេសយ៉ាងដូចម្ដេច ដំណឹងល្អបានផ្សាយទៅដល់ប្រទេសប៉ុន្មានហើយ និងប្រទេសណាខ្លះដែលពួកជំនុំត្រូវបានបង្កើតឡើង ពោលគឺពួកគេចាំបាច់ត្រូវតែក្ដាប់ព័ត៌មានលម្អិតទាំងនេះឱ្យបានទាំងអស់។ ទាំងនេះគឺជាកិច្ចការចម្បងដែលពួកគេអនុវត្តក្នុងការគ្រប់គ្រងតាមដានពួកជំនុំ៖ ទីមួយ ក្ដាប់ឱ្យបាននូវសេចក្ដីបង្រៀនរបស់ពួកជំនុំ ទីពីរ ក្ដាប់ឱ្យបាននូវស្ថានភាពបុគ្គលិករបស់ពួកជំនុំ និងទីបី ក្ដាប់ឱ្យបាននូវស្ថានភាពនៃកិច្ចការរបស់ពួកជំនុំ និងដំណើរវិវឌ្ឍន៍ចម្បងៗនាពេលថ្មីៗនេះរបស់ពួកជំនុំ។ ពួកគេធ្វើសកម្មភាពទាំងស្រុងក្នុងនាមជាអ្នកសមគំនិត និងជាកូនចៅ របស់សាតាំង ដែលជានាគដ៏ធំមានសម្បុរក្រហម ពួកគេគឺជាអ្នកបម្រើសាតាំងយ៉ាងពិតប្រាកដ។

មនុស្សប្រភេទនេះដែលគ្រប់គ្រងតាមដានពួកជំនុំ ជ្រៀតចូលក្នុងពួកជំនុំក្នុងគោលបំណងក្ដាប់ព័ត៌មានដែលទាក់ទងនឹងសេចក្ដីបង្រៀនរបស់ពួកជំនុំ បុគ្គលិក និន្នាការនៃកិច្ចការ ទំហំរបស់ពួកជំនុំ និងទិដ្ឋភាពផ្សេងៗទៀត។ ពួកគេមានបំណងក្ដាប់ទិដ្ឋភាពនីមួយៗទាំងនេះ ហើយបន្ទាប់មករាយការណ៍ប្រាប់ថ្នាក់លើរបស់ពួកគេ ដែលអាចនឹងបង្កើតផែនការគោលនយោបាយ ឬវិធានការទៅតាមនោះ នៅពេលណាមួយ ដើម្បីដោះស្រាយជាមួយពួកជំនុំដោយផ្អែកលើស្ថានភាពជាក់ស្ដែង។ ជារួម គោលបំណងរបស់ពួកគេក្នុងការគ្រប់គ្រងតាមដានពួកជំនុំ គឺ ដាច់ខាតមិនមានចេតនាល្អឡើយ។ បើមិនដូច្នេះទេ ហេតុអ្វីបានជាពួកគេនៅតែគ្រប់គ្រងតាមដានពួកជំនុំ បើវាមិនបាននាំមកនូវទ្រព្យសម្បត្តិ ឬផលប្រយោជន៍ដល់ពួកគេផង? តើវាមិនមែនដោយសារតែពួកគេមិនស្ងប់ចិត្តចំពោះអត្ថិភាពរបស់ពួកជំនុំទេឬអី? ពួកគេមិនជឿថាពួកជំនុំដែលត្រូវបានបង្កើត និងដឹកនាំដោយព្រះជាម្ចាស់ មានសុទ្ធតែមនុស្សដែលជឿលើព្រះជាម្ចាស់យ៉ាងបរិសុទ្ធ ដោយគ្មានទំនាក់ទំនងជាមួយរដ្ឋ សង្គម ឬក្រុម និងអង្គការនយោបាយឡើយ។ ប៉ុន្តែមិនថាពួកគេស៊ើបអង្កេតពួកជំនុំយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនស្ងប់ចិត្តដដែល។ ហេតុអ្វី? ពីព្រោះពួកគេគឺជាអ្នកអទេវនិយម មិនទទួលស្គាល់ព្រះជាម្ចាស់ ហើយថែមទាំងស្អប់សេចក្ដីពិតទៀតផង។ ហេតុដូច្នេះ ពួកគេហ៊ានប្រព្រឹត្តទង្វើដ៏ល្ងង់ខ្លៅ និងខុសទំនង ដូចជាការជិះជាន់ និងការចាប់ខ្លួនអ្នកជឿ ព្រមទាំងការគ្រប់គ្រងតាមដានពួកជំនុំ។ ហេតុអ្វីបានជាពួកគេអនុវត្តវិធានការគ្រប់គ្រងតាមដាន និងទាស់ទទឹងប្រឆាំងនឹងពួកជំនុំ? ពីព្រោះក្ដីបារម្ភដ៏ធំបំផុតរបស់ពួកគេគឺថា ពួកជំនុំដែលរីកចម្រើនធំពេក និងមានសមាជិកច្រើនពេក នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសជាតិ រដ្ឋាភិបាល និងសង្គម ហើយថែមទាំងគំរាមកំហែង និងជះឥទ្ធិពលដល់វប្បធម៌ប្រពៃណី និងក្រុមសាសនាប្រពៃណីទៀតផង។ នេះគឺជាមូលហេតុពិតប្រាកដនៅពីក្រោយការគ្រប់គ្រងតាមដាន និងការទាស់ទទឹងរបស់ពួកគេប្រឆាំងនឹងពួកជំនុំ។ ហេតុដូច្នេះ ពួកគេចាត់ទុកការគ្រប់គ្រងតាមដាន និងការទាស់ទទឹងនឹងពួកជំនុំ ជាកិច្ចការនយោបាយដែលត្រូវអនុវត្ត។

មនុស្សប្រភេទនេះដែលគ្រប់គ្រងតាមដានពួកជំនុំ ប្រហែលជាមិនងាយស្រួលក្នុងការស្គាល់ពីពួកគេនៅក្នុងពួកជំនុំទេ ពីព្រោះពួកគេមានហេតុផលជំរុញលាក់កំបាំង និងលាក់ខ្លួនយ៉ាងជ្រៅ ដើម្បីកុំឱ្យអ្នកដទៃអាចកត់សម្គាល់ពីពួកគេបាន។ ដូច្នេះ ពួកគេអាចនឹងចុះសម្រុងគ្នាជាមួយនឹងមនុស្សភាគច្រើននៅក្នុងពួកជំនុំ ដោយមិនធ្វើអ្វីដែលខុសប្រក្រតីឡើយ មើលទៅហាក់បីដូចជាមាន ឥរិយាបថល្អណាស់ ហើយមិនដែលបញ្ចេញទស្សនៈខ្វែងគំនិតណាមួយអំពីកិច្ចការដែលពួកជំនុំធ្វើឡើយ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលទាំងនេះមានចរិតលក្ខណៈ មួយ៖ ពួកគេព្រងើយចំពោះការជឿលើព្រះជាម្ចាស់ ដោយមិនសូវសកម្មខ្លាំង ហើយក៏មិនអកម្មខ្លាំងដែរ។ ពួកគេអាចបំពេញភារកិច្ចដែលត្រូវបានចាត់តាំងឱ្យពួកគេបានខ្លះៗ ប៉ុន្តែពួកគេមិនដែលបើកឱ្យដឹងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេឡើយ ដូចជាកន្លែងដែលពួកគេធ្វើការ ស្ថានភាពគ្រួសាររបស់ពួកគេ ឬថាតើពួកគេធ្លាប់ជឿលើព្រះជាម្ចាស់ពីមុនមកដែរឬទេ។ ប្រសិនបើនរណាម្នាក់និយាយអំពីការធ្វើការនៅក្នុងមន្ទីររដ្ឋាភិបាល ពួកគេនឹងគេចវេះយ៉ាងខ្លាំង ដោយចៀសវាងការបញ្ចេញមតិយោបល់ណាមួយអំពីរដ្ឋាភិបាល នយោបាយ គោលនយោបាយ ឬសាសនា។ លក្ខណៈនៃឥរិយាបថរបស់ពួកគេត្រូវបានកំណត់លក្ខណៈតាមរយៈការចៀសវាងប្រធានបទរសើបណាមួយ ពោលគឺពួកគេមិនរិះគន់ ឬសរសើររដ្ឋាភិបាលឡើយ ហើយក៏មិនពិភាក្សាអំពីគោលនយោបាយ ឬប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាលដែរ។ នៅពេលនរណាម្នាក់ចង្អុលបង្ហាញថា បុគ្គលណាម្នាក់គឺជាចារជន ពួកគេប្រែជាភ័យព្រួយយ៉ាងខ្លាំង ហើយថែមទាំងអាចក្រោកឈរឡើងយ៉ាងលឿនដើម្បីការពារខ្លួនឯងទៀតផង។ ក្រៅពីការភ័យព្រួយ អ្នកក៏អាចកត់សម្គាល់ឃើញពីក្រសែភ្នែករបស់ពួកគេនូវទំនោរក្នុងការចៀសវាងប្រធានបទរសើបបែបនេះផងដែរ។ ពួកគេនៅឱ្យឆ្ងាយពីនរណាម្នាក់ដែលអាចមើលធ្លុះពីពួកគេ។ បន្ថែមពីនេះ ពួកគេតែងតែទទួលទូរសព្ទពីប្រភពមិនស្គាល់អត្តសញ្ញាណ ឬមានបុគ្គលអាថ៌កំបាំងដែលមិនពាក់ព័ន្ធនឹងពួកជំនុំ មកទាក់ទង និងប្រាស្រ័យទាក់ទងជាមួយពួកគេ ហើយភ្លាមៗនៅពេលដែលពួកគេទទួលទូរសព្ទបែបនេះ ពួកគេនឹងដើរចេញឱ្យឆ្ងាយពីអ្នកដទៃ។ ប្រសិនបើនរណាម្នាក់ចៃដន្យបានឃើញពួកគេនៅក្នុងអំឡុងពេលទាំងនេះ ពួកគេប្រែជាស្លន់ស្លោ មុខក្រហមយ៉ាងច្បាស់ និងមើលទៅហាក់បីដូចជាមិនស្ងប់ចិត្តទាល់តែសោះ ដោយភ័យខ្លាចថាអត្តសញ្ញាណរបស់ពួកគេអាចនឹងត្រូវបានគេរកឃើញ។ ក្រៅពីការប្រមូលព័ត៌មានអំពីពួកជំនុំដោយសម្ងាត់ ពួកគេក៏សាកសួរអំពីស្ថានភាពរបស់បងប្អូនប្រុសស្រីម្ដងម្កាលផងដែរ ដោយសួរសំណួរដូចជា៖ «តើអ្នកជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំហើយ? តើឪពុកម្ដាយរបស់អ្នកជឿដែរឬទេ? តើសមាជិកគ្រួសាររបស់អ្នកនៅដីគោកដែរឬទេ? ក្នុងចំណោមសមាជិកគ្រួសាររបស់អ្នកនៅដីគោក តើនរណាខ្លះជឿលើព្រះជាម្ចាស់ ហើយជឿបានប៉ុន្មានឆ្នាំហើយ? តើពួកគេមានអាយុប៉ុន្មានហើយ? តើមានមនុស្សប៉ុន្មាននាក់នៅក្នុងពួកជំនុំនៅមូលដ្ឋានរបស់អ្នករាល់គ្នា? តើពេលនេះ ពួកគេយ៉ាងម៉េចហើយ?» ម្ដងម្កាល ពួកគេស្វែងរក ព័ត៌មានរសើប និងព័ត៌មានឯកជន ដែលមនុស្សមិនចង់បើកបង្ហាញ។ នៅក្នុងការប្រាស្រ័យទាក់ទងជាទូទៅក្នុងចំណោមបងប្អូនប្រុសស្រី គ្មាននរណាម្នាក់មានចេតនា ឬសកម្មក្នុងការសួរអំពីព័ត៌មានផ្ទាល់ខ្លួនដ៏រសើបឡើយ ប្រសិនបើនរណាម្នាក់មិនចង់ប្រាប់។ ប៉ុន្តែបុគ្គលនេះយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាបែបនេះ ថែមទាំងឈានដល់ការតាមដានចលនារបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួន ឬអ្នកដែលទទួលបន្ទុកកិច្ចការសំខាន់ៗ ដោយព្យាយាមចូលទៅកាន់ទិន្នន័យនៅលើកុំព្យូទ័រ និងទូរសព្ទដៃរបស់មនុស្សទាំងនេះ ឬព័ត៌មានអាសយដ្ឋានរបស់ពួកគេ ដោយទទូចចង់ស៊ើបអង្កេតព័ត៌មានលម្អិតទាំងនេះឱ្យបានហ្មត់ចត់។ ប្រសិនបើពួកគេកត់សម្គាល់ឃើញអ្នកដឹកនាំណាម្នាក់មិនបានចូលរួមការជួបជុំទេ ពួកគេនឹងសួរថា៖ «អ្នកនេះអ្នកនោះមិននៅឯការជួបជុំទេថ្ងៃនេះ។ តើគាត់កំពុងធ្វើអ្វី?» ប្រសិនបើនរណាម្នាក់ប្រាប់ថាគាត់រវល់ ពួកគេនឹងជីកសួរតទៅទៀតថា៖ «រវល់រឿងអី? តើគាត់កំពុងស្រោចស្រពអ្នកជឿថ្មីទាំងនោះទៀតមែនទេ? តើអ្នកជឿថ្មីទាំងនោះជានរណា? តើអ្នកទាំងនោះចាប់ផ្ដើមជឿតាំងពីពេលណា? ហេតុអ្វីក៏ខ្ញុំមិនដឹងអំពីរឿងនេះសោះអីចឹង?» ពួកគេបន្តជីកកកាយកាន់តែជ្រៅ។ បងប្អូនប្រុសស្រីនិយាយថា៖ «ប្រសិនបើយើងមិនគួរដឹងទេ អីចឹងកុំសួរអី។ ហេតុអ្វីនៅតែបន្តសួរ? នេះមិនមែនជារឿងចូលទៅក្នុងជីវិតទេ វាមិនពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ មិនចាំបាច់ត្រូវដឹងនោះទេ»។ អ្នកដែលជ្រៀតចូលនោះឆ្លើយតបទៅវិញថា៖ «ប៉ុន្តែទាំងនេះជាបញ្ហារបស់ដំណាក់របស់ព្រះជាម្ចាស់ ជាកិច្ចការរបស់ពួកជំនុំ តើហេតុអ្វីបានជាពួកយើងមិនអាចដឹងអំពីរឿងហ្នឹង? យើងទាំងអស់គ្នាជឿលើព្រះជាម្ចាស់ ការដឹងបន្តិចបន្តួចមិនខាតបង់អ្វីនោះទេ។ ប្រសិនបើអ្នករាល់គ្នាមិនចង់ដឹងទេ នោះមានន័យថា អ្នករាល់គ្នាមិនខ្វល់ពីកិច្ចការរបស់ពួកជំនុំ ឬពួកអ្នកដឹកនាំពួកជំនុំឡើយ។ តើអ្នកដឹកនាំបានទៅជួបនរណាឱ្យប្រាកដ? តើមានអ្នកជឿថ្មីប៉ុន្មាននាក់? តើពួកគេនៅឯណា? ខ្ញុំក៏ចង់ជួបពួកគេដែរ»។ ពួកគេតែងតែសាកសួរអំពីបញ្ហាទាំងនេះជានិច្ច។

មានកិច្ចការមួយទៀតដែលអ្នកដែលគ្រប់គ្រងតាមដានពួកជំនុំយកចិត្តទុកដាក់បំផុត នោះគឺការក្ដាប់ឱ្យបាននូវស្ថានភាពហិរញ្ញវត្ថុរបស់ពួកជំនុំ។ ក្នុងន័យមួយគឺ ពួកគេចង់យល់ពីប្រភពហិរញ្ញវត្ថុរបស់ពួកជំនុំ។ ពួកគេចង់ដឹងថាតើពួកជំនុំបានបង្កើតរោងចក្រ ឬសហគ្រាស មានរោងចក្រកេងប្រវ័ញ្ចកម្លាំងពលកម្ម ប្រើប្រាស់ពលកម្មកុមារ និងថាតើផ្នែកកិច្ចការផ្សេងៗរបស់ពួកជំនុំពាក់ព័ន្ធនឹងការរកស៊ីដែលទទួលបានប្រាក់ចំណេញដែរឬទេ។ ឧទាហរណ៍ ថាតើការផលិតវីដេអូ ភាពយន្ត ទំនុកបរិសុទ្ធ និងការបោះពុម្ពសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់ពួកជំនុំ ទទួលបានប្រាក់ចំណេញ ឬបង្កើតប្រាក់ចំណេញហួសហេតុដែរឬទេ តើប្រភពហិរញ្ញវត្ថុរបស់ពួកជំនុំមកពីណា ថាតើមានបុគ្គលស្តុកស្តម្ភណាម្នាក់បរិច្ចាគដើម្បីគាំទ្រពួកជំនុំដែរឬទេ ថាតើបុគ្គលទាំងនេះរួមមានឥស្សរជននយោបាយ ឬមហាសេដ្ឋីប្រាក់លានដុល្លារ និងមហាសេដ្ឋីប្រាក់ពាន់លានដុល្លារដែរឬទេពោលគឺទាំងនេះគឺជាព័ត៌មានលម្អិតដែលពួកគេចង់ក្ដាប់ឱ្យបាន។ ក្រៅពីការស្វែងយល់ពីរចនាសម្ព័ន្ធរដ្ឋបាល និងប្រភពហិរញ្ញវត្ថុរបស់ពួកជំនុំ ពួកគេក៏មានបំណងក្ដាប់ឱ្យបាននូវការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកជំនុំផងដែរ ដោយគោលបំណងរបស់ពួកគេគឺដើម្បីតាមដានទិសដៅនៃមូលនិធិទាំងនេះ។ របៀបដែលពួកជំនុំចំណាយប្រាក់របស់ខ្លួន ថាតើពួកជំនុំពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ណាមួយ ថាតើពួកជំនុំរៀបចំ ឥស្សរជនសង្គម ឬសហការជាមួយអង្គការ និងក្រុមសង្គមផ្សេងៗ ដើម្បីរួមគ្នាប្រឆាំងនឹងរដ្ឋាភិបាលផ្តាច់ការ និងលើកស្ទួយសិទ្ធិមនុស្ស និងអ្វីៗផ្សេងទៀតដែលទាំងនេះក៏ជាស្ថានភាពសំខាន់ៗមួយចំនួនដែលពួកគេមានបំណងក្ដាប់ឱ្យបានផងដែរ។ មនុស្សមួយចំនួនសួរថា៖ «តើមានតែប្រទេសនៃនាគដ៏ធំមានសម្បុរក្រហមទេឬ ដែលធ្វើកិច្ចការគ្រប់គ្រងតាមដានពួកជំនុំនេះ?» តើការថ្លែង នេះត្រឹមត្រូវដែរឬទេ? តាមពិតទៅ ពិភពលោកទាំងមូល និងសង្គមមនុស្សទាំងមូលទាស់ទទឹងនឹងព្រះជាម្ចាស់។ វាមិនមែនមានតែប្រទេសដែលស្ថិតក្រោមការគ្រប់គ្រងផ្តាច់ការទេដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ពោលគឺសូម្បីតែនៅក្នុងប្រទេសដែលគេហៅថាជាប្រទេសគ្រីស្ទសាសនាក៏ដោយ ភាគច្រើននៃអ្នកកាន់អំណាចគឺជាអ្នកអទេវនិយម និងជាអ្នកគ្មានជំនឿ ហើយសូម្បីតែក្នុងចំណោមអ្នកកាន់អំណាចដែលមានជំនឿ ឬអ្នកដែលអះអាងថាជឿលើគ្រីស្ទសាសនា ចំនួនអ្នកដែលអាចទទួលយកសេចក្ដីពិតបានគឺមានភាគតិច។ មនុស្សភាគច្រើនមិនទទួលស្គាល់ ហើយរឹតតែមិនទទួលយកសេចក្ដីពិតទៅទៀត។ ដូច្នេះ តើអ្នកទាំងនេះមិនមែនជាមនុស្សដែលជឿលើព្រះជាម្ចាស់ តែទាស់ទទឹងនឹងទ្រង់ទេឬអី? ឧទាហរណ៍ នៅក្នុងសាសនាដូចជា គ្រីស្ទសាសនា សាសនាកាតូលិក និងសាសនាយូដានៅអ៉ីស្រាអែល តើថ្នាក់ដឹកនាំកំពូលៗ ត្រូវបានបង្កើតឡើងពីមនុស្សដែលទទួលយកសេចក្ដីពិតឬ? មិនមែនទាល់តែសោះ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេមកស្វែងយល់ ពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់អាចទទួលយកសេចក្ដីពិតបានទេ។ និយាយឱ្យចំទៅ ពួកគេសុទ្ធតែជាអ្នកមិនជឿ ពួកគេសុទ្ធតែទាស់ទទឹងនឹងព្រះជាម្ចាស់ និងជាពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេរំខាន និងបំផ្លិចបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ហើយបង្ក្រាប និងធ្វើទុក្ខបុកម្នេញយ៉ាងឃោរឃៅដល់អស់អ្នកដែលដើរតាមព្រះជាម្ចាស់ ដែលនេះត្រូវបានបញ្ជាក់ដោយការប្រព្រឹត្តរបស់ពួកគេចំពោះកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ តើនិកាយណាដែលអនុញ្ញាតឱ្យអ្នកជឿរបស់ខ្លួនស្វែងយល់ពីផ្លូវពិតដោយសេរី ស្ដាប់អ្នកអធិប្បាយមកពីខាងក្រៅ ឬទទួលជនប្លែកមុខ? គ្មាននិកាយណាមួយអាចធ្វើបែបនេះបានឡើយ។ តើពូជសាសន៍ ឬប្រទេសណាដែលរាក់ទាក់ចំពោះពួកជំនុំ? (គ្មានទេ។) វាជារឿងគួរឱ្យសរសើរទៅហើយ ប្រសិនបើពួកគេផ្តល់ឱ្យអ្នកនូវសេរីភាពខាងសាសនាបន្តិចបន្តួច និងឱកាសដកដង្ហើមខ្លះៗ។ តើអ្នកនៅតែរំពឹងថាពួកគេនឹងគាំទ្រអ្នកបន្ថែមពីលើនេះទៀតឬ? នៅពេលដែលពួកជំនុំរបស់ព្រះជាម្ចាស់លេចមក ឬនៅពេលដែលពួកជំនុំចាប់ផ្ដើមផ្សាយដំណឹងល្អ មនុស្សទាំងនេះដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ទាល់តែសោះ ហើយដែលមានអារម្មណ៍ស្អប់ខ្ពើម និងខ្ពើមរអើមជាពិសេសចំពោះសេចក្ដីពិតដែលត្រូវបានសម្តែងចេញដោយព្រះជាម្ចាស់ នោះពួកគេក៏អនុវត្តការងារពិសេសមួយ គឺការចាត់តាំងបុគ្គលឱ្យគ្រប់គ្រងតាមដានពួកជំនុំយ៉ាងដិតដល់។ ពាក្យ «គ្រប់គ្រងតាមដាន» នៅទីនេះមានន័យថា ឈ្លប ក្ដាប់ឱ្យបាន និងគ្រប់គ្រង ពោលគឺតាមដាន ក្ដាប់ឱ្យបាន និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវគ្រប់ទិដ្ឋភាពទាំងអស់របស់ពួកជំនុំនៅគ្រប់រយៈកាល។ មនុស្សមួយចំនួននិយាយថា៖ «ពួកគេមិនបានថ្កោលទោស ឬប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ជាសាធារណៈឡើយ ហើយយើងក៏មិនបានរងទុក្ខបុកម្នេញ ឬការយាយីនៅក្នុងជីវិតរស់នៅតាមមូលដ្ឋានរបស់យើងដែរ។ យើងមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់ ការជួបជុំ ការបំពេញភារកិច្ចរបស់យើង និងការផ្សាយដំណឹងល្អនៅក្រៅប្រទេស គឺល្អជាង និងមានសុវត្ថិភាពជាងនៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហមឆ្ងាយណាស់។ យើងមិនបានជួបប្រទះនឹងការជ្រៀតជ្រែកណាមួយឡើយ»។ គ្រាន់តែដោយសារតែគ្មានការជ្រៀតជ្រែក ហើយសេរីភាពខ្លះត្រូវបានផ្តល់ឱ្យអ្នក អ្នកមិនគួរច្រានចោល កិច្ចការគ្រប់គ្រងតាមដានពួកជំនុំរបស់ពួកគេឡើយ។ សេរីភាពខាងសាសនាបន្តិចបន្តួចដែលត្រូវបានផ្តល់ឱ្យអ្នក គឺជាប្រព័ន្ធសង្គមជាមូលដ្ឋាន អ្វីដែលអ្នកកំពុងទទួលបាន គឺគ្រាន់តែជាសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋណាម្នាក់នៅក្នុងប្រទេសដែលអ្នករស់នៅប៉ុណ្ណោះ។ ការទទួលបានសិទ្ធិជាមូលដ្ឋានទាំងនេះ មិនមែនមានន័យថា រដ្ឋាភិបាលជាតិ ក្រុមសង្គម ឬពិភពសាសនាបានទទួលយក និងទទួលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ពួកជំនុំ បានក្លាយជារាក់ទាក់ ឬថាលែងមានភាពប្រទូសរ៉ាយ និងការគ្រប់គ្រងតាមដានទៀតនោះទេ។ តើមិនមែនដូច្នឹងទេឬ? (ដូច្នឹងមែនហើយ។) បញ្ហានេះមិនមែនជារឿងអរូបីទេ មែនទេ? (ទេ មិនមែនទេ។)

តើអាកប្បកិរិយារបស់យើងគួរតែបែបណាចំពោះភាពប្រទូសរ៉ាយ និងការគ្រប់គ្រងតាមដានរបស់របបសាតាំង? តើយើងគួរតែបដិសេធ និងគេចវេះពីវា ឬគ្រាន់តែមិនអើពើនឹងវា? ជាដំបូង សូមគិតអំពីរឿងនេះ៖ តើពួកជំនុំខ្លាចពួកគេគ្រប់គ្រងតាមដានកិច្ចការណាមួយដែលពួកជំនុំធ្វើដែរឬទេ? (ទេ)។ តើយើងមានសកម្មភាពសម្ងាត់ណាមួយដែរឬទេ? តើយើងមានធ្វើសេចក្ដីថ្លែងការណ៍នយោបាយប្រឆាំងនឹងរដ្ឋ ឬប្រឆាំងនឹងរដ្ឋាភិបាលដែរឬទេ? (ទេ)។ រឿងនេះអាចអះអាងបាន។ ការជឿលើព្រះជាម្ចាស់ មិនដែលពាក់ព័ន្ធនឹងការចូលរួមក្នុង នយោបាយឡើយ។ អ្នករាល់គ្នាភាគច្រើនបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាងបីឆ្នាំមកហើយ អ្នកខ្លះថែមទាំងជឿអស់រយៈពេលម្ភៃ ឬសាមសិបឆ្នាំទៀតផង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃការស្ដាប់សេចក្ដីអធិប្បាយនេះ តើមាននរណាម្នាក់ធ្លាប់ឃើញពួកជំនុំធ្វើសេចក្ដីថ្លែងការណ៍ប្រឆាំងនឹងរដ្ឋ ឬប្រឆាំងនឹងសង្គមដែរឬទេ? (ទេ)។ មិនមានសូម្បីតែបន្តិចឡើយ ដំណាក់របស់ព្រះជាម្ចាស់មិនដែលពិភាក្សាពីរឿងនយោបាយទេ។ លើសពីនេះទៅទៀត ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ វាជាការភ្លក់រសជាតិជាមុននៃនគររបស់ព្រះជាម្ចាស់នៅលើផែនដី មិនមែនជាអង្គការដែល ត្រូវបានកកើតឡើងដោយមនុស្សណាម្នាក់ឡើយ ក៏មិនត្រូវបានបង្កើតឡើងដោយបុគ្គលណាដែរ។ ដូច្នេះ តើព្រះជាម្ចាស់បង្កើតពួកជំនុំឡើងដើម្បីធ្វើកិច្ចការអ្វី? វាមិនមែនដើម្បីចូលរួមក្នុងកិច្ចការប្រឆាំងនឹងសង្គម ប្រឆាំងនឹងសាសនា ឬប្រឆាំងនឹងនយោបាយឡើយ។ ចុះតើកិច្ចការរបស់ពួកជំនុំគឺជាអ្វីទៅវិញ? ទីមួយ កិច្ចការចម្បងរបស់ពួកជំនុំ គឺការផ្សាយដំណឹងល្អអំពីព្រះជាម្ចាស់យកកំណើតជាមនុស្សដើម្បីសង្គ្រោះមនុស្សជាតិនៅគ្រាចុងក្រោយ ដោយអនុញ្ញាតឱ្យមនុស្សជាតិទទួលយកសេចក្ដីពិតទាំងអស់ដែលត្រូវបានសម្តែងចេញដោយព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចងាកមករកព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់។ ទីពីរ វាពាក់ព័ន្ធនឹងការនាំយកអស់អ្នកដែល ស្រេកឃ្លានសេចក្ដីពិតមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលយកការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដើម្បីត្រូវបានបន្សុទ្ធ ដោយសម្រេចបានសេចក្ដីសង្គ្រោះនៅទីបំផុត។ នេះគឺជាកិច្ចការដែលត្រូវទទួលរ៉ាប់រងដោយ ពួកជំនុំដូចដែលត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ហើយវាគឺជាអត្ថន័យ និងតម្លៃនៃអត្ថិភាពរបស់ពួកជំនុំ។ រឿងនេះមិនពាក់ព័ន្ធ និងមិនទាក់ទិននឹង នយោបាយ អាជីវកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា ឬវិស័យផ្សេងទៀតនៃសង្គមឡើយ ពោលគឺវាពិតជាមិនទាក់ទងនឹងរឿងទាំងនេះទាល់តែសោះ។ ចុះតើសារជាតិនៃកិច្ចការនៃការសង្គ្រោះរបស់ព្រះជាម្ចាស់នៅក្នុងពួកជំនុំគឺជាអ្វីទៅវិញ? បើនិយាយឱ្យសាមញ្ញ និងចំៗបំផុត វាគឺជាការគ្រប់គ្រងមនុស្សជាតិ។ ខ្លឹមសារជាក់លាក់នៃការគ្រប់គ្រងមនុស្សជាតិ ពាក់ព័ន្ធនឹងការនាំមនុស្សមកចំពោះព្រះជាម្ចាស់ ចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយអនុញ្ញាតឱ្យពួកគេទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ដើម្បីត្រូវបានបន្សុទ្ធ និង សម្រេចបានសេចក្ដីសង្គ្រោះ។ នេះគឺជាកិច្ចការជាក់លាក់នៃការគ្រប់គ្រងមនុស្សជាតិ។ រាល់កិច្ចការដែលពួកជំនុំចូលរួមគឺទាក់ទងនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ផែនការរបស់ព្រះជាម្ចាស់ ហើយជាការពិតណាស់ វាពាក់ព័ន្ធនឹងព្រះបន្ទូលដែលត្រូវបានសម្តែងចេញដោយព្រះជាម្ចាស់ វាគ្មានទំនាក់ទំនងទាល់តែសោះទៅនឹងការងារផ្សេងៗដែលមនុស្សលោកីយ៍ធ្វើ។ ហេតុដូច្នេះហើយ រាល់ព័ត៌មានអំពីពួកជំនុំ មិនថាវាទាក់ទងនឹងសេចក្ដីបង្រៀន បុគ្គលិក រចនាសម្ព័ន្ធរដ្ឋបាល ស្ថានភាពនៃកិច្ចការរបស់ពួកជំនុំ ឬសូម្បីតែស្ថានភាពហិរញ្ញវត្ថុរបស់ពួកជំនុំក្ដី គឺពិតជាគ្មានទំនាក់ទំនងទាល់តែសោះទៅនឹងប្រទេសណាមួយ សង្គមណាមួយ ពូជសាសន៍ណាមួយ សាសនាណាមួយ ឬក្រុមមនុស្សណាមួយឡើយ ពោលគឺគ្មានទំនាក់ទំនងសូម្បីតែបន្តិច។ ដូច្នេះ ដោយចងចាំចំណុចទាំងនេះ មិនថាជាគណបក្សកាន់អំណាច ក្រុមសាសនា ឬក្រុមសង្គមនោះទេ ទង្វើរបស់ពួកគេក្នុងការបញ្ជូន មនុស្សឱ្យមកគ្រប់គ្រងតាមដានពួកជំនុំគឺស្មើនឹងអ្វីទៅឱ្យប្រាកដ? (ជាសកម្មភាពដែលមិនចាំបាច់។) «សកម្មភាពដែលមិនចាំបាច់» គឺជារបៀបនិយាយជាផ្លូវការ។ តើពាក្យសាមញ្ញគេនិយាយថាម៉េច? គឺទំនេរគ្មានការងារធ្វើ មែនទេ? តាមទស្សនៈរបស់ខ្ញុំ គឺពិតជាបែបនេះមែន។ ជីវិតប្រចាំថ្ងៃរបស់ពួកគេពោរពេញដោយភាពសុខស្រួល និងការសោយសុខខ្លាំងពេក ទើបពួកគេបញ្ជូន បុគ្គលទំនេរឥតការធ្វើប៉ុន្មាននាក់នេះឱ្យមកគ្រប់គ្រងតាមដានពួកជំនុំ ថែមទាំងចាត់ទុករឿងនេះជាកិច្ចការនយោបាយ ជាការងារជាដុំកំភួនទៀតផងពោលគឺវាពិតជាគួរឱ្យអស់សំណើចណាស់! យកកម្លាំងនោះទៅបើកស្ថាប័នអប់រំ ឬស្ថាប័នសប្បុរសធម៌គឺមុខជាប្រសើរជាងឆ្ងាយណាស់។ នេះគ្រាន់តែជាករណីនៃការមានភាពសុខស្រួលខាងសាច់ឈាមខ្លាំងពេក ដែលនាំឱ្យមានភាពទំនេរឥតបានការ ដោយមិនផ្ដោតលើកិច្ចការដែលត្រឹមត្រូវប៉ុណ្ណោះ! ប្រសិនបើមនុស្សជាតិទាំងមូលប្រៀបដូចជាពួកជំនុំរបស់ព្រះជាម្ចាស់ ដោយមានព្រះជាម្ចាស់ផ្ទាល់ជាអ្នកគង្វាល និងដឹកនាំ នោះពិភពលោកនេះ មនុស្សជាតិនេះ នឹងសន្សំសំចៃបានយ៉ាងច្រើនលើស្ថាប័ន ការចំណាយដែលមិនចាំបាច់ ហើយកាត់បន្ថយបញ្ហាបានជាច្រើនទៀតផង។ យ៉ាងហោចណាស់ ទីភ្នាក់ងារដូចជាអង្គការចារកម្ម និងនាយកដ្ឋាននគរបាល ដែលជាវិស័យសន្តិសុខទាំងនេះ នឹងគ្មានប្រយោជន៍អ្វីឡើយ ហើយ នឹងត្រូវបានរំលាយចោល ព្រមទាំងត្រូវបានចាត់តាំងឡើងវិញ ឱ្យទៅធ្វើការងារផ្សេង។

បុគ្គលដែលមានកិច្ចការគ្រប់គ្រងតាមដានពួកជំនុំ គឺកំពុងបំពេញបេសកកម្ម។ ភារកិច្ចចម្បងរបស់ពួកគេនៅពេលជ្រៀតចូលក្នុងពួកជំនុំ គឺទិដ្ឋភាពប៉ុន្មានចំណុចនេះដែលយើងបានប្រកបគ្នា។ បន្ទាប់ពីពួកគេក្ដាប់បាននូវស្ថានភាពជាមូលដ្ឋាន និងសំខាន់ៗមួយចំនួននៅក្នុងពួកជំនុំ ពួកគេក៏រាយការណ៍ត្រឡប់ទៅថ្នាក់លើរបស់ពួកគេវិញ។ ទោះបីជាពួកគេមានគំនិត មតិ ឬគោលបំណងអ្វីនៅពីក្រោយកិច្ចការរបស់ពួកគេក៏ដោយ ក៏វត្តមានរបស់អ្នកគ្រប់គ្រងតាមដានទាំងនេះនៅក្នុងពួកជំនុំ គួរតែដាស់តឿនបងប្អូនប្រុសស្រីឱ្យមានការប្រុងប្រយ័ត្ន និង ចាត់ចែងពួកគេដោយប្រាជ្ញាញាណ។ តើវិធីសាស្ត្រនេះត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវហើយ។) ចុះតើមានភាពចាំបាច់ត្រូវភ័យស្លន់ស្លោហួសហេតុដែរឬទេ? (ទេ)។ តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះការលេចមុខរបស់បុគ្គលបែបនេះ? មានគោលការណ៍ពីរយ៉ាង វាសាមញ្ញណាស់។ ប្រសិនបើពួកគេដើរសួរនាំ និងស្វែងរកព័ត៌មាន នេះសម្គាល់យ៉ាងច្បាស់ថាពួកគេគឺជាចារជន ឬជាអ្នកស៊ើបការណ៍។ បុគ្គលបែបនេះមានភាពជាមនុស្សដ៏ថោកទាប និងក្រអឺតក្រទមបំផុត ពួកគេបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ពួកជំនុំ។ ត្រឹមតែវត្តមានរបស់ពួកគេក៏បង្កឱ្យមានភាពចលាចលក្នុងចំណោមមនុស្ស ដែលរារាំងពួកគេមិនឱ្យមកចំពោះព្រះជាម្ចាស់ដែរ។ ការជួបជុំ និងការបំពេញភារកិច្ចក៏រងការរំខាន និងផលប៉ះពាល់ ហើយសុវត្ថិភាពក៏ប្រឈមនឹងហានិភ័យផងដែរ។ តើ បុគ្គលបែបនេះគួរត្រូវបានចាត់ចែងយ៉ាងដូចម្តេច? (បោសសម្អាតពួកគេចេញពីពួកជំនុំ។) ត្រឹមត្រូវហើយ។ ប្រសិនបើពួកគេបង្កការរំខានដល់ជីវិតពួកជំនុំ ឬកិច្ចការរបស់ពួកជំនុំ នោះពួកគេគួរតែត្រូវបានជម្រះចេញដោយផ្ទាល់តែម្ដង។ ចុះតើមានភាពចាំបាច់ត្រូវលាក់ខ្លួនពីពួកគេ ឬខ្លាចពួកគេដែរឬទេ? (ទេ)។ មនុស្សមួយចំនួន នៅពេលជួបប្រទះនឹងចារជននៅក្រៅប្រទេស ពួកគេភ័យស្លន់ស្លោ ហើយលាក់ខ្លួនគ្រប់ទីកន្លែង ហាក់បីដូចជាពួកគេបានឃើញប៉ូលិសនៅឯដីគោកអីចឹង។ នៅពេលបងប្អូនប្រុសស្រីមួយចំនួនចេញទៅក្រៅដើម្បីធ្វើធុរៈ ហើយជួបប្រទះនឹងចារជនដែលសួរនាំពួកគេ ហើយពួកគេឮសម្លេងសួរនាំនោះមានលក្ខណៈគំរាមកំហែង ស្រដៀងនឹងការសួរចម្លើយរបស់ប៉ូលិស ពួកគេក៏ភ័យខ្លាចយ៉ាងខ្លាំង រហូតដល់រត់ចេញដោយមិនទាំងបានបំពេញធុរៈនោះឱ្យរួចរាល់ផង។ ខ្ញុំនិយាយថា៖ «ហេតុអ្វីបានជាអ្នកទន់ជ្រាយម៉្លេះ? ហេតុអ្វីបានជារត់? មានអ្វីត្រូវខ្លាចទៅ? នៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម បងប្អូនប្រុសស្រីជាច្រើនត្រូវបានចាប់ខ្លួន ប៉ុន្តែនៅតែមិនខ្លាចញញើត ពួកគេមិនបានក្លាយជាយូដាសឡើយ ពួកគេបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន។ ចុះហេតុអ្វីបានជា បន្ទាប់ពីមកដល់ក្រៅប្រទេសរួចទៅហើយ អ្នកនៅតែអាចភ័យខ្លាចយ៉ាងនេះ? អ្នកមិនបានបំពានច្បាប់ណាមួយឡើយ តើមានអ្វីត្រូវខ្លាចទៅ?» មនុស្សមួយចំនួននិយាយថា៖ «ពួកគេតែងតែព្យាយាមចូលមកក្បែរខ្ញុំ ហើយពួកគេតែងតែសួរចម្លើយខ្ញុំជានិច្ច»។ តើអ្នកមិនអាចសួរពួកគេត្រឡប់ទៅវិញទេឬ? អ្នកអាចនិយាយថា «តើអ្នកមានសិទ្ធិអ្វីមកសួរចម្លើយខ្ញុំ? តើខ្ញុំស្គាល់អ្នកទេ? តើអ្នកជាមន្ត្រីរបស់នាគដ៏ធំមានសម្បុរក្រហមដែលមកត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណឬ? តើអ្នកតំណាងឱ្យនរណា? បើនៅតែបន្តសួរខ្ញុំទៀត ខ្ញុំនឹងប្ដឹងអ្នកហើយ!» តើមានភាពចាំបាច់ត្រូវខ្លាចពួកគេដែរឬទេ? (ទេ)។ មនុស្សមួយចំនួន នៅពេលជួបប្រទះនឹងចារជនបែបនេះ មិនហ៊ាននិយាយស្ដីឡើយ ហើយក៏ប្រញាប់រត់គេចដោយក្ដីភ័យខ្លាច។ មនុស្សល្ងីល្ងើមួយចំនួនមិនអាចស្គាល់បានទាល់តែសោះ ហើយថែមទាំងព្យាយាមផ្សាយដំណឹងល្អដល់ចារជន និងពួកឆ្កែបម្រើរបស់សាតាំងទាំងនេះទៀតផង។ បន្ទាប់ពីព្យាយាមបានប៉ុន្មានដង ពួកគេក៏ដឹងខ្លួនថា៖ «នេះមិនមែនជាមនុស្សដែលជឿថាមានព្រះជាម្ចាស់ ទេ។ ហេតុអ្វីបានជាពួកគេមើលទៅដូចជាមន្ត្រីរបស់នាគដ៏ធំមានសម្បុរក្រហមអីចឹង?» ដោយមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតី ពួកគេក៏បោះបង់ចោល។ ក្រោយមក ពួកគេក៏រិះគិតថា៖ «ព្រះជាម្ចាស់កំពុងថែរក្សាខ្ញុំ សំណាងហើយដែលខ្ញុំមិនបានទម្លាយព័ត៌មានផ្ទាល់ខ្លួនណាមួយប្រាប់ពួកគេ។ ពិតជាភ័យអត់អំពើមែន!» ពួកគេភ័យខ្លាចយ៉ាងខ្លាំង រហូតដល់លែងហ៊ានផ្សាយដំណឹងល្អព្រាវៗ ដល់អ្នកណាដែលពួកគេជួបទៀតហើយ។ តាមពិតទៅ ពិតជាមានចារជនដែលត្រូវបាននាំចូលមកក្នុងពួកជំនុំតាមរយៈការផ្សាយដំណឹងល្អមែន។ ពួកគេគឺជាអ្នកស៊ើបការណ៍ដែលនាគដ៏ធំមានសម្បុរក្រហមបានបញ្ចូលមកក្នុងពួកជំនុំ គឺសាតាំងបានរៀបចំពួកគេឡើងដោយចេតនា។ ពួកគេប្រៀបដូចជាចចកពាក់ស្បែកចៀម ដែលជ្រៀតចូលក្នុងពួកជំនុំដោយមិនហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬប្រកបគ្នាពីសេចក្ដីពិតឡើយ ដោយតែងតែលួចស៊ើបអង្កេតរកព័ត៌មានអំពីពួកជំនុំ និងជជីកសួរនាំពីព័ត៌មានផ្ទាល់ខ្លួន។ នៅពេលដែលគេរកឃើញថា ឥរិយាបថរបស់ពួកគេមានភាពគួរឱ្យសង្ស័យ ឬពួកគេបានបង្កការរំខាននៅក្នុងពួកជំនុំរួចហើយ នោះពួកគេគួរតែត្រូវបានជម្រះចេញឱ្យបានឆាប់ពោលគឺអ្នកស៊ើបការណ៍របស់នាគដ៏ធំមានសម្បុរក្រហម និងអ្នកបម្រើសាតាំង គឺដាច់ខាតមិនត្រូវអនុញ្ញាតឱ្យមករំខានពួកជំនុំឡើយ។ ត្រូវបោសសម្អាតចេញរាល់បុគ្គលណាដែលអ្នករកឃើញ កុំបង្ហាញភាពមេត្តាករុណាដល់ពួកគេឱ្យសោះ! ប្រសិនបើនរណាម្នាក់ចុះសម្រុងជាមួយចារជន ដោយតែងតែស្ម័គ្រចិត្តប្រព្រឹត្តល្អចំពោះចារជននោះដោយសប្បុរសជាមួយនឹងក្ដីស្រឡាញ់ ឆ្លើយរាល់សំណួរដែលគេសួរ ដោយដើរតួជាឆ្កែបម្រើឱ្យចារជននោះ ជនកាកសំណល់បែបនេះត្រូវតែបណ្ដេញចេញដោយផ្ទាល់តែម្ដង! បុគ្គលដែលគួរឱ្យសង្ស័យគួរតែត្រូវបានឃ្លាំមើល និងសង្កេតមើលយ៉ាងដិតដល់ ព័ត៌មានលម្អិតសូម្បីតែបន្តិចអំពីពួកជំនុំមិនគួរត្រូវបានទម្លាយប្រាប់ពួកគេឡើយ ជាពិសេសមិនត្រូវប្រាប់ថាអ្នកណាជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនោះទេ។ ប្រសិនបើបណ្ដោយឱ្យចារជនទទួលបានព័ត៌មានណាមួយ វានឹងអាចបង្កជាការគំរាមកំហែងលាក់កំបាំង ឬជាភយន្តរាយដល់ពួកជំនុំ និងបងប្អូនប្រុសស្រីនៅពេលណាមួយ។ ហេតុដូច្នេះហើយ នៅពេលដែលគេរកឃើញថានរណាម្នាក់គួរឱ្យសង្ស័យ ដរាបណាពួកគេមិនដែលហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬប្រកបគ្នាពីសេចក្ដីពិតទេ នោះពួកគេច្បាស់ជាអ្នកមិនជឿហើយ ហើយការបោសសម្អាតពួកគេចេញភ្លាមៗគឺជារឿងត្រឹមត្រូវ។ សូម្បីតែបុគ្គលបែបនេះមិនមែនជាចារជនក៏ដោយ ក៏ពួកគេមិនមែនជាមនុស្សល្អដែរ ហើយការបោសសម្អាតពួកគេចេញ គឺមិនមែនជារឿងអយុត្តិធម៌ទាល់តែសោះ។ ប្រសិនបើ នរណាម្នាក់ត្រូវបានរកឃើញថាមានទំនាក់ទំនងជិតស្និទ្ធជាមួយចារជន ហើយមានលទ្ធភាពលក់ពួកជំនុំ នោះពួកគេគួរតែត្រូវបានបោសសម្អាត ចេញភ្លាមៗក្នុងកាលៈទេសៈណាក៏ដោយ។ ជនកាកសំណល់ និងជនពាលបែបនេះអាចត្រឹមតែនាំភយន្តរាយដល់ពួកជំនុំ និងបងប្អូនប្រុសស្រីប៉ុណ្ណោះ។ ពួកគេថែមទាំងអាក្រក់ជាងឆ្កែយាមទៅទៀត សូម្បីតែពួកគេមិនប្រព្រឹត្តអំពើអាក្រក់ក៏ដោយ ក៏ពួកគេនៅតែត្រូវបានបោសសម្អាតចេញដែរ។ ឥឡូវនេះ នាគដ៏ធំមានសម្បុរក្រហមកំពុងស្ថិតជិតនឹងភាពដួលរលំ ប៉ុន្តែពួកគេមិនព្រមទទួលយកការបរាជ័យ និងសេចក្ដីវិនាសរបស់ពួកគេឡើយ។ ពួកគេនៅតែបន្តចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយធ្វើប្រតិបត្តិការចារកម្មដើម្បីជ្រៀតចូលក្នុង ដំណាក់របស់ព្រះជាម្ចាស់។ ការរំខាន និងការបំផ្លិចបំផ្លាញកិច្ចការរបស់ពួកជំនុំពីសំណាក់ពួកគេ មិនដែលបញ្ឈប់ឡើយ។ ឥឡូវនេះ បុគ្គលដែលគួរឱ្យសង្ស័យយ៉ាងច្បាស់ក្រឡែតមួយចំនួនត្រូវបាន លាតត្រដាងហើយ។ ការប៉ុនប៉ងរបស់ពួកគេក្នុងការប្រមូលព័ត៌មាន បានបង្កឱ្យមានភាពឆោឡោ ដែលធ្វើឱ្យអ្នកដទៃងាយស្រួលនឹងមើលធ្លុះពីពួកគេ។ នៅពេលដែលពួកគេបានលាតត្រដាងពីខ្លួនឯង ពួកជំនុំក៏បោសសម្អាតពួកគេចេញ។ ប៉ុន្តែ តើចារជនដ៏មានល្បិចកលទាំងអស់ត្រូវបានលាតត្រដាងហើយឬនៅ? គ្មានផ្លូវទេ។ វាអាចទៅរួចដែលភ្នាក់ងាររបស់នាគដ៏ធំមានសម្បុរក្រហម ជ្រៀតចូលក្នុងពួកជំនុំនៅគ្រប់ទីកន្លែង។ បុគ្គលមួយចំនួន បន្ទាប់ពីត្រូវនាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួន សាតាំងក៏បានបង្ខិតបង្ខំពួកគេតាមរយៈការគំរាមកំហែង ការល្បួង និងមធ្យោបាយផ្សេងៗទៀត ដើម្បីឱ្យធ្វើសកម្មភាពតាងនាមពួកគេ រួចហើយក៏ជ្រៀតចូលក្នុងពួកជំនុំ។ ទាំងនេះគឺជាចារជនលាក់មុខ។ អ្នកស៊ើបការណ៍បែបនេះមានភាពក្បត់ និងមានល្បិចកល ដោយមានភាពប៉ិនប្រសប់ និងបញ្ញាខ្លះៗ។ តាមពាក្យសម្ដីរបស់អ្នកគ្មានជំនឿ គឺពួកគេមានសមត្ថភាពខ្លះៗ។ នៅពេលគ្រប់គ្រងតាមដានពួកជំនុំ ពួកគេធ្វើដូច្នេះដោយមិនឱ្យគេកត់សម្គាល់ឡើយ ដោយធ្វើសកម្មភាពយ៉ាងស្ងៀមស្ងាត់ និងលាក់កំបាំង ហើយមិនដែលបញ្ចេញឱ្យឃើញ ចេតនាពិតរបស់ពួកគេនៅក្នុងការប្រាស្រ័យទាក់ទងឡើយ។ មនុស្សភាគច្រើនមិនមានអារម្មណ៍ដឹងអ្វីឡើយនៅពេលប្រាស្រ័យទាក់ទងជាមួយពួកគេ ពួកគេមិនដឹងថាចារជននោះកំពុងប្រមូលព័ត៌មានទេ ហើយក៏មិនមានអារម្មណ៍ដឹងពីការស្អប់ខ្ពើមរបស់ចារជននោះចំពោះការជឿលើព្រះជាម្ចាស់ដែរ។ ចារជននោះប្រហែលជាបានក្ដាប់ពីស្ថានភាពជាមូលដ្ឋានរបស់ពួកជំនុំរួចទៅហើយ មុនពេលដែលមនុស្សភាគច្រើនដឹងខ្លួនថាពួកគេនៅទីនោះដើម្បី គ្រប់គ្រងតាមដានពួកជំនុំទៅទៀត។ មើលពីសំបកក្រៅ បុគ្គលបែបនេះមិនបង្កការរំខានណាមួយដល់ពួកជំនុំ ឬដល់មនុស្សភាគច្រើនឡើយ ដូច្នេះ តើពួកគេគួរត្រូវបានចាត់ចែងយ៉ាងដូចម្តេច? តើយើងគួរតែចាត់វិធានការ ឬដំណោះស្រាយណាមួយដើម្បីដោះស្រាយការគ្រប់គ្រងតាមដានពួកជំនុំពីសំណាក់ពួកគេដែរឬទេ? ដូចដែលបានលើកឡើងពីមុន តើពួកជំនុំខ្លាចការគ្រប់គ្រងតាមដានរបស់ពួកគេក្នុងទិដ្ឋភាពណាមួយដែរឬទេ? (ទេ)។ អត្ថិភាពនៃពួកជំនុំរបស់យើង និងផ្នែកកិច្ចការផ្សេងៗដែលពួកជំនុំចូលរួម គឺបើកចំហ និងឥតកិច្ចកល ពោលគឺកិច្ចការទាំងនេះគឺជាបុព្វហេតុដ៏យុត្តិធម៌បំផុតក្នុងចំណោមមនុស្សជាតិ។ ប្រសិនបើអង្គការណាមួយចង់យល់ពីទិដ្ឋភាពណាមួយរបស់ពួកជំនុំ ទីបន្ទាល់តាមរយៈបទពិសោធរបស់ពួកជំនុំមានផ្សាយជាសាធារណៈនៅលើអ៉ីនធឺណិតពោលគឺ មនុស្សគ្រប់គ្នាអាចចូលមើលបានតាមចិត្ត។ គ្មានរឿងសម្ងាត់ គ្មានសកម្មភាពខុសច្បាប់ឡើយ ហើយពិតជាគ្មានការបង្អាក់ដល់សណ្តាប់ធ្នាប់សង្គម ឬគ្មានពាក្យសម្ដី និងសកម្មភាពប្រឆាំងណាមួយឡើយ។ ដូច្នេះ ប្រសិនបើពួកគេលួចស៊ើបអង្កេត និង គ្រប់គ្រងតាមដានស្ថានភាពរបស់ពួកជំនុំដោយសម្ងាត់ នោះបណ្ដោយតាមពួកគេទៅ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? បុគ្គលដែលធ្វើការជាភ្នាក់ងារទាំងនេះ មានស្តង់ដាវិជ្ជាជីវៈជាក់លាក់មួយ ហើយមនុស្សសាមញ្ញ មិនអាចកត់សម្គាល់ដឹងថា តើកិច្ចការអ្វីឱ្យប្រាកដដែលពួកគេធ្វើនៅពីក្រោយខ្នងនោះទេ។ ដូច្នេះ ដរាបណាពួកគេមិនបង្កការរំខានទេ នោះមិនចាំបាច់ទៅរវីរវល់នឹងពួកគេឡើយ គ្រាន់តែបណ្ដោយតាមពួកគេទៅ។ លើសពីនេះទៅទៀត អ្នកមិនជឿ អ្នកអទេវនិយម និងបុគ្គលដែលពាក់ព័ន្ធនឹងនយោបាយទាំងនេះ មិនទម្លាប់ ឬចាប់អារម្មណ៍នឹងជីវិតពួកជំនុំឡើយ។ នៅក្នុងពួកជំនុំ ដែលរៀងរាល់ថ្ងៃមនុស្សអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទទួលយកការជំនុំជម្រះ និងការវាយផ្ចាល ហើយពិភាក្សាពីការស្គាល់ខ្លួនឯង ការស្គាល់ព្រះជាម្ចាស់ និងការផ្លាស់ប្ដូរនិស្ស័យ តើពួកគេអាចនឹងមិនមានអារម្មណ៍ដូចអង្គុយលើបន្លា ឬរងទុក្ខទារុណកម្មយ៉ាងដូចម្ដេចទៅ? នៅក្នុងរាល់ការជួបជុំ ពួកគេរសាប់រសល់ដូចស្រមោចវារលើខ្ទះក្ដៅ ពួកគេមានអារម្មណ៍ថាមិនចង់បង្ខំខ្លួនឯងឱ្យនៅក្នុងពួកជំនុំឡើយ។ ពួកគេយល់ច្បាស់នៅក្នុងចិត្តថា ពួកជំនុំគឺគ្រាន់តែជាពួកជំនុំប៉ុណ្ណោះ ហើយដាច់ខាតមិនមែនជាអង្គការដែលពាក់ព័ន្ធនឹងនយោបាយឡើយ។ តាមរយៈការគ្រប់គ្រងតាមដាន និងស្វែងយល់ពីពួកជំនុំ ហើយដឹងច្បាស់ពីអ្វីដែលពួកជំនុំធ្វើ ពួកគេបានរៀនសូត្រពីការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ និងលើជោគវាសនារបស់មនុស្សជាតិ ដែលជួយពង្រីកការយល់ដឹងរបស់ពួកគេ ដើម្បីកុំឱ្យរស់នៅដោយអវិជ្ជា ពេក។ ពួកគេក៏ជាភាវៈដែលព្រះបានបង្កើតដែរ ប៉ុន្តែពួកគេមិនទាំងដឹងថាមនុស្សត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ផង ដែលនេះបង្ហាញឱ្យឃើញថាពួកគេល្ងង់ខ្លៅ និងតូចតាចកម្រិតណា! តើមានហានិភ័យអ្វីទេក្នុងការបណ្ដោយឱ្យពួកគេនៅក្នុងពួកជំនុំ? ប្រសិនបើពួកគេមិនបង្កការគំរាមកំហែង ឬការរំខានដល់ពួកជំនុំ ឬដល់បងប្អូនប្រុសស្រីទេ នោះបណ្ដោយតាមពួកគេទៅ។ នៅពេលដែលពួកគេធ្វើអ្វីមួយដែលបង្កការរំខាន នោះគឺជាពេលដែលពួកគេលាតត្រដាងពីខ្លួនឯងហើយ ហើយនោះក៏ជាពេលវេលាដ៏ស័ក្តិសមដើម្បីចាត់ចែងពួកគេដែរ។ ដោយផ្អែកលើការពិត និងភស្តុតាង ត្រូវស្គាល់ពី និងកំណត់លក្ខណៈពួកគេឱ្យបានឆាប់ពោលគឹបេសកកម្មរបស់ពួកគេឈានដល់ទីបញ្ចប់ ហើយពួកជំនុំច្បាស់ជាបណ្ដេញពួកគេចេញជាមិនខាន។ តើវិធីសាស្ត្រនេះល្អដែរឬទេ? (ល្អ។) មនុស្សមួយចំនួនសួរថា៖ «តើកិច្ចការរបស់ពួកជំនុំមិនមែនបើកចំហ និងឥតកិច្ចកលទេឬ? ហេតុអ្វីបានជារឹតត្បិតការគ្រប់គ្រងតាមដានរបស់មនុស្ស?» នេះគឺសំដៅជាចម្បងទៅលើរបបរបស់នាគដ៏ធំមានសម្បុរក្រហម ដែលជាសាតាំង។ ការគ្រប់គ្រងតាមដានពួកជំនុំពីសំណាក់វា គឺក្នុងគោលបំណងបង្ក្រាប ចាប់ខ្លួន និងធ្វើបាបដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហេតុដូច្នេះហើយ ដំណាក់របស់ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យមានការគ្រប់គ្រងតាមដានរបស់វាឡើយ ដើម្បីការពារកុំឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់រងការធ្វើទុក្ខបុកម្នេញ និងការកាប់សម្លាប់។ ប្រសិនបើបុគ្គលមកពីប្រទេសប្រជាធិបតេយ្យ ឬក្រុមសាសនាមកស្វែងយល់ពីផ្លូវពិត ពួកគេអាចស្វែងរកវានៅលើ អ៉ីនធឺណិត ឬទាក់ទងមកពួកជំនុំបាន។ ពួកជំនុំទទួលស្វាគមន៍អ្នកណាដែលស្វែងរកសេចក្ដីពិតដោយស្មោះត្រង់។ ប៉ុន្តែ ប្រសិនបើភាគីម្ខាងទៀតមានចេតនាអាក្រក់ ហើយព្យាយាមបំភ្លៃខុសនិងត្រូវ ព្រមទាំងមួលបង្កាច់ពួកជំនុំ តើដំណាក់របស់ព្រះជាម្ចាស់អាចអនុញ្ញាតឱ្យពួកគេគ្រប់គ្រងតាមដានយ៉ាងដូចម្ដេចទៅ? តើវាមិនមែនជារឿងល្ងង់ខ្លៅបំផុតទេឬ ដែលអនុញ្ញាតឱ្យពួកគេគ្រប់គ្រងតាមដាននោះ? តើវាមិនមែនជាភាពល្ងង់ខ្លៅ និងអវិជ្ជាទេឬ? (មែនហើយ។) ដំណាក់របស់ព្រះជាម្ចាស់តែងតែស្វាគមន៍អស់អ្នកដែលស្វែងរកសេចក្ដីពិត ហើយទទួលស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ ដែលនេះគឺស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាំងស្រុង។ ប្រសិនបើមនុស្សមិនយល់ពីរឿងនេះទេ នោះគឺដោយសារតែភាពល្ងង់ខ្លៅ និងភាពអវិជ្ជារបស់ពួកគេហើយ។ គោលនយោបាយ ខាងក្រៅរបស់ពួកជំនុំ គឺបើកចំហ និងឥតកិច្ចកល ស្របតាមគោលការណ៍សេចក្ដីពិតទាំងស្រុង ហើយពោរពេញដោយភាពឈ្លាសវៃ និងប្រាជ្ញាញាណ។ ប្រសិនបើនរណាម្នាក់មិនអាចយល់ដឹងពីរឿងរ៉ាវវិជ្ជមានទាំងនេះទេ នោះពួកគេគឺជាមនុស្សដែលមិនសមហេតុផល ជាមនុស្សល្ងីល្ងើហើយ។ មនុស្សមួយចំនួននិយាយថា៖ «ប្រសិនបើអ្នកស៊ើបការណ៍ ឬអ្នកបម្រើសាតាំងមកស្វែងយល់ពីពួកជំនុំ តើយើងគួរធ្វើជាមនុស្សស្មោះត្រង់ ហើយឆ្លើយសំណួររបស់ពួកគេតាមការពិតដែរឬទេ?» ការនិយាយការពិតប្រាប់ពួកអារក្ស និងពួកសាតាំង គឺជារឿងល្ងង់ខ្លៅ ការធ្វើបែបនេះមិនមែនធ្វើឱ្យគេក្លាយជាមនុស្សស្មោះត្រង់ឡើយ ប៉ុន្តែវាប្រែក្លាយគេឱ្យទៅជាឆ្កែបម្រើរបស់សាតាំងវិញ។ នៅពេលដែលបក្ខពួករបស់សាតាំងចង់ស្វែងយល់ និងក្ដាប់ឱ្យបាននូវស្ថានភាពរបស់ពួកជំនុំ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គ្មានទំនួលខុសត្រូវណាមួយត្រូវប្រាប់ពួកគេឡើយ។ ពួកគេមិនអាចទទួលយកសេចក្ដីពិតបានទេ ហើយក៏គ្មានចេតនាល្អដែរ ដូច្នេះយើងគ្មានអ្វីត្រូវនិយាយជាមួយពួកគេឡើយ! ការធ្វើបែបនេះមិនមែនជាការឆាប់ខឹងទេ ប៉ុន្តែជាការមានប្រាជ្ញាញាណ។ មនុស្សមួយចំនួនសួរថា៖ «ប្រសិនបើពួកគេសួរខ្ញុំថា 'តើនរណាដឹកនាំពួកជំនុំរបស់អ្នករាល់គ្នា? តើ គេជឿបានប៉ុន្មានឆ្នាំហើយ?' តើខ្ញុំអាចប្រាប់ពួកគេបានទេ?» អ្នកគួរតែសួរពួកគេវិញថា៖ «តើអ្នកមានគោលបំណងអ្វីក្នុងការចង់ដឹងពីអ្នកដឹកនាំរបស់យើង? ប្រាប់ខ្ញុំសិនមក ចាំខ្ញុំគិតមើលសិន រួចចាំសម្រេចចិត្តថាគួរប្រាប់អ្នកឬអត់»។ តើចម្លើយនេះមានប្រាជ្ញាញាណដែរឬទេ? (មាន។) នេះហៅថាការធ្វើសកម្មភាពស្របតាមគោលការណ៍។ តើអ្នកយល់ទេ? ស្របពេលដែលកិច្ចការផ្សាយដំណឹងល្អរីកសាយភាយ ហើយចំនួនមនុស្សនៅក្នុងពួកជំនុំកើនឡើងជាលំដាប់ អ្នកស៊ើបការណ៍ និងភ្នាក់ងារអាចនឹងលេចមុខនៅក្នុងពួកជំនុំនៅតាមបណ្ដាប្រទេស និងតំបន់ផ្សេងៗពីមួយពេលទៅមួយពេល។ ចំពោះបុគ្គលបែបនេះ គ្រាន់តែជូនដំណឹងដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យចាត់ចែង ពួកគេដោយប្រាជ្ញាញាណ គឺគ្រប់គ្រាន់ហើយ។ ប្រសិនបើរកឃើញថាពួកគេបង្កការរំខាន ឬការបង្អាក់ នោះពួកគេគួរតែត្រូវបានបោសសម្អាតចេញឱ្យបានឆាប់។ មនុស្សភាគច្រើនគួរតែមានការយល់ដឹង និងការដឹងខ្លះៗអំពីរបៀបដែលភ្នាក់ងារទាំងនេះនិយាយ និងធ្វើសកម្មភាព ឬអំពីអត្តចរិតរបស់ពួកគេ ហើយច្បាស់ជានឹងមានការដឹងខ្លួន ឬការញាណដឹងខ្លះៗនៅពេលប្រាស្រ័យទាក់ទងជាមួយពួកគេ។ ប្រសិនបើមានបងប្អូនប្រុសស្រីតែពីរបីនាក់នៅក្នុងពួកជំនុំកត់សម្គាល់ឃើញបុគ្គលបែបនេះ ប៉ុន្តែមិនប្រាកដថាពួកគេជាចារជន ឬជាអ្នកស៊ើបការណ៍ទេ នោះគេគួរតែប្រព្រឹត្តដោយប្រុងប្រយ័ត្នចំពោះពួកគេ និងជាមួយនឹងវិធីសាស្ត្រប្រកបដោយប្រាជ្ញាញាណ។ ប្រសិនបើមនុស្សភាគច្រើនបានកត់សម្គាល់ឃើញ ពួកគេអាចប្រាប់គ្នាទៅវិញទៅមក និងចាត់វិធានការបង្ការទុកជាមុន។ ប្រសិនបើជនសង្ស័យជាចារជនទាំងនោះមិនបង្ហាញភាពរាក់ទាក់ចំពោះពួកជំនុំ ឬបងប្អូនប្រុសស្រីទេ ដោយព្យាយាមដាក់អន្ទាក់បងប្អូនប្រុសស្រី និងរំខានពួកជំនុំឥតឈប់ ហើយតែងតែស្វែងរកភស្តុតាងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះពួកជំនុំ ថែមទាំងហ៊ានថតរូប ឬថតសម្លេងបងប្អូនប្រុសស្រី ឬប្រើការលួងលោម និងការល្បួងដើម្បីទាញយកព័ត៌មានដែលពួកគេចង់ដឹងទៀតនោះ បុគ្គលបែបនេះ នៅពេលដែលត្រូវបានរកឃើញ គឺមិនអាចបណ្ដោយឱ្យពួកគេធ្វើតាមចិត្តបានឡើយពោលគឺពួកគេត្រូវតែបានបោសសម្អាតចេញពីពួកជំនុំឱ្យបានឆាប់។ អ្នករាល់គ្នាប្រហែលជាមិនធ្លាប់ជួបប្រទះស្ថានភាពទាំងនេះពីមុនមកទេ ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាឱ្យដឹងជាមុន។ នេះគឺដើម្បីពង្រីកការយល់ដឹងរបស់អ្នក អំពីការស្គាល់មនុស្សជាតិ សង្គម នយោបាយ និងពិភពលោកពោលគឺវាពិតជាងងឹត និងទុច្ចរិតយ៉ាងហ្នឹងឯង។

ចំពោះគោលបំណងទីប្រាំបួនដែលគេមានសម្រាប់ការជឿលើព្រះជាម្ចាស់ គឺដើម្បីគ្រប់គ្រងតាមដាន ពួកជំនុំ ការប្រកបគ្នាអំពីខ្លឹមសារជាមូលដ្ឋានត្រូវបានបញ្ចប់ត្រឹមនេះ។ តើអ្វីៗគ្រប់យ៉ាងត្រូវបានប្រកបគ្នាយ៉ាងច្បាស់លាស់ហើយឬនៅ? (ច្បាស់ហើយ។) តើមានចំណុចអ្វីខ្លះដែលអស់អ្នកដែលគ្រប់គ្រងតាមដានពួកជំនុំមានបំណងចង់គ្រប់គ្រងតាមដាន? (សេចក្ដីបង្រៀន ស្ថានភាពបុគ្គលិក លក្ខខណ្ឌកិច្ចការ និងស្ថានភាពហិរញ្ញវត្ថុរបស់ពួកជំនុំ។) ជាមូលដ្ឋាន ផ្នែកទាំងបួននេះគឺជាអ្វីដែលធ្វើឱ្យពួកគេព្រួយបារម្ភបំផុត។ តើទិដ្ឋភាពទាំងបួននេះពាក់ព័ន្ធនឹងអ្វីខ្លះ? វាពាក់ព័ន្ធនឹងអ្វីដែលពួកគេព្រួយបារម្ភបំផុត៖ គឺផលប៉ះពាល់នៃវត្តមានរបស់ពួកជំនុំមកលើសង្គម ជាតិ និងពិភពសាសនា។ ពួកគេក៏ព្រួយបារម្ភផងដែរថា ពួកជំនុំអាចនឹងប្រើប្រាស់សាសនាជាការបន្លំខ្លួនដើម្បីចូលរួមក្នុងនយោបាយ និងផ្ដួលរំលំរដ្ឋាភិបាល ដោយចាត់ទុករឿងនេះថាជាគ្រោះថ្នាក់លាក់កំបាំងដ៏ធំបំផុត។ ដូច្នេះ ពួកគេបង្ក្រាប ធ្វើទុក្ខបុកម្នេញ និងហាមឃាត់ពួកជំនុំ ព្រមទាំងចាប់ខ្លួនសមាជិកពួកជំនុំទៀតផង។ ប្រទេសនៃនាគដ៏ធំមានសម្បុរក្រហមហាមឃាត់រាល់ជំនឿសាសនាទាំងអស់ ប្រទេសមួយចំនួនហាមឃាត់ជំនឿជាក់លាក់ណាមួយ ហើយប្រទេសភាគច្រើនខ្លាចសេចក្ដីពិតកាន់អំណាច និងខ្លាចប្រជាជនទទួលយកសេចក្ដីពិត ដែលគំរាមកំហែងដល់ការគ្រប់គ្រងរបស់ពួកគេ។ សរុបមក កន្លែងមួយ ដែលព្រះជាម្ចាស់ធ្វើកិច្ចការ និងសម្ដែងចេញនូវសេចក្ដីពិតកាន់តែច្រើន ហើយពួកជំនុំមួយ ដែលមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែច្រើន នោះពួកគេកាន់តែងាយនឹងត្រូវបានគ្រប់គ្រងតាមដាន និងមើលដោយភាពប្រទូសរ៉ាយពីរដ្ឋាភិបាលផ្សេងៗ។ ហេតុដូច្នេះហើយ រដ្ឋាភិបាជារឿយៗបញ្ជូនភ្នាក់ងារដែលបន្លំខ្លួនជាអ្នកស្វែងយល់ពីផ្លូវពិត ដើម្បីមកស្វែងយល់ និងក្ដាប់ឱ្យបាននូវស្ថានភាពរបស់ពួកជំនុំ ក្នុងគោលបំណងគ្រប់គ្រងតាមដានរាល់ចលនាទាំងអស់របស់ពួកជំនុំ។ លើសពីនេះ ពួកគេព្យាយាមក្ដាប់ឱ្យបាននូវនិន្នាការនៃកិច្ចការរបស់ពួកជំនុំ ដើម្បីមើលថាតើពួកជំនុំមានពាក់ព័ន្ធនឹងនយោបាយដែរឬទេ ថាតើពួកជំនុំកំពុងចូលរួមក្នុងសកម្មភាពនយោបាយមួយចំនួនក្រោមការបន្លំខ្លួននៃការអនុវត្តកិច្ចការពួកជំនុំដែរឬទេ ឬថាតើពួកជំនុំមានទំនាក់ទំនងណាមួយជាមួយកម្លាំងសាសនានៅក្រៅប្រទេសដែរឬទេ ព្រមទាំងក្ដីបារម្ភផ្សេងៗទៀត។ ទាំងនេះគឺជាអ្វីដែលពួកគេចង់ក្ដាប់ឱ្យបាន និងកំពុងព្រួយបារម្ភ។ លើសពីនេះទៅទៀត ស្ថានភាពហិរញ្ញវត្ថុរបស់ពួកជំនុំ ក៏ជារឿងដែលពួកគេចង់ក្ដាប់ឱ្យបានផងដែរ។ ពួកគេរិះគិតថា៖ «ពួកជំនុំនេះមានចំនួនកើនឡើង និងអភិវឌ្ឍយ៉ាងឆាប់រហ័ស តើប្រាក់របស់ពួកគេមកពីណា? តើអង្គការ ឬបុគ្គលស្តុកស្តម្ភណាខ្លះដែលកំពុងបរិច្ចាគឱ្យពួកគេ?» សរុបមក គ្មានអ្វីដែលពួកគេមិនបានគិតគូរដល់នោះទេ សូម្បីតែរឿងដែលយើងប្រហែលជានឹកស្មានមិនដល់ក៏ដោយ។ ហេតុអ្វី? ពីព្រោះពួកគេអាក្រក់ ពួកគេគឺជាមនុស្សអាក្រក់។ ការប៉ុនប៉ងរបស់ពួកគេក្នុងការក្ដាប់ឱ្យបាននូវស្ថានភាពរបស់ពួកជំនុំ គឺកើតចេញពីក្ដីបារម្ភយ៉ាងខ្លាំងរបស់ពួកគេចំពោះអត្ថិភាពរបស់ពួកជំនុំ ដោយខ្លាចថាពួកជំនុំអាចនឹងមានឥទ្ធិពលលើមនុស្សកាន់តែច្រើន ដែលនឹងបង្កជាការគំរាមកំហែងដល់ការគ្រប់គ្រងរបស់ពួកគេ។ នេះហើយគឺជាអ្វីដែលពួកគេព្រួយបារម្ភយ៉ាងពិតប្រាកដទាក់ទងនឹងពួកជំនុំ។ ទោះបីជាកិច្ចការដែលពួកជំនុំអនុវត្តមានភាពយុត្តិធម៌ ឬស្របច្បាប់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនជឿដែរ។ ហេតុអ្វី? ពីព្រោះពួកគេគឺជាអ្នកមិនជឿ ជាអ្នកអទេវនិយម និងជាអ្នករូបធាតុនិយមពោលគឺអ្វីដែលអ្នករូបធាតុនិយម អាចធ្វើបានគឺមានតែប៉ុណ្ណឹងឯង។ ទាំងនេះគឺជាស្ថានភាពទាំងបួនដែលពួកគេព្រួយបារម្ភ។ យើងទើបតែបានប្រកបគ្នាពីគោលការណ៍ពីរទាក់ទងនឹងវិធីសាស្ត្រដ៏ស័ក្តិសមក្នុងការចាត់ចែងបុគ្គលបែបនេះ បន្ទាប់ពីបានយល់ពីហេតុផល និងគោលបំណងនៅពីក្រោយក្ដីបារម្ភរបស់ពួកគេចំពោះស្ថានភាពទាំងបួននេះ។ ចូរសង្ខេបគោលការណ៍ទាំងនេះឱ្យបានសាមញ្ញ ហើយនិយាយពីវាសាកមើល។ (ប្រសិនបើពួកគេបង្កការរំខាននៅក្នុងពួកជំនុំ នោះត្រូវជម្រះពួកគេចេញ ប្រសិនបើពួកគេមិនបង្កការរំខានទេ នោះមិនចាំបាច់ទៅរវីរវល់នឹងពួកគេឡើយ។) ប្រសិនបើពួកគេបង្កការរំខាន ដោយដើរលួចស៊ើបអង្កេតគ្រប់ទីកន្លែង និងបង្កភាពភ័យស្លន់ស្លោ នោះត្រូវជម្រះពួកគេចេញដោយគ្មានក្ដីមេត្តាករុណា។ ប្រសិនបើពួកគេមិនបង្កការរំខានទេ ហើយមនុស្សភាគច្រើនមិនបានកត់សម្គាល់ ឬមិនអាចស្គាល់ពីពួកគេបាន នោះមិនបាច់អើពើនឹងពួកគេឡើយ។ នៅពេលដែលពួកគេឃើញច្បាស់ថា នេះពិតជាកិច្ចការរបស់ពួកជំនុំមែន សុទ្ធតែជាសកម្មភាពសាសនា ហើយមិនពាក់ព័ន្ធនឹងនយោបាយទាល់តែសោះ គ្រាន់តែបញ្ជាក់ពីចំណុចនេះ នឹងធ្វើឱ្យពួកគេចាកចេញដោយខ្លួនឯងហើយ។ នេះគឺជាវិធីសាស្ត្រដែលប្រទេសប្រជាធិបតេយ្យប្រើប្រាស់ដើម្បីស្វែងយល់ពីស្ថានភាពសាសនា។ ពីមុនក៏ធ្លាប់បានលើកឡើងផងដែរថា មនុស្សជាតិមានភាពស្មុគស្មាញណាស់។ តើអ្វីជាមូលហេតុនៃភាពស្មុគស្មាញរបស់មនុស្សជាតិ? តើវាមិនមែនកើតចេញពីសេចក្ដីអាក្រក់របស់មនុស្សជាតិទេឬ? (ដូច្នឹងមែនហើយ។) តើសេចក្ដីអាក្រក់របស់មនុស្សជាតិមានប្រភពមកពីណា? ហេតុអ្វីបានជានិយាយថាមនុស្សជាតិគឺអាក្រក់? គឺដោយសារតែសាតាំងបានធ្វើឱ្យមនុស្សជាតិពុករលួយយ៉ាងជ្រាលជ្រៅពេក។ តើគេនិយាយជាភាសាសាមញ្ញយ៉ាងដូចម្ដេច? គឺថាសាតាំងបានប្រែក្លាយមនុស្សឱ្យទៅជាអារក្ស ពោលគឺមនុស្សជាតិទាំងមូលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកអារក្ស ដោយមានអារក្សធំ និងតូចច្រើនពេក ដូច្នេះ កន្លែងដែលមនុស្សប្រមូលផ្ដុំគ្នា បានក្លាយជាទីក្រុងរបស់ពួកអារក្ស។ នៅពេលដែលមានអារក្សជាច្រើនប្រមូលផ្ដុំគ្នា វាប្រែជាស្មុគស្មាញ ពួកគេមានសមត្ថភាពប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង និងចូលរួមក្នុងសកម្មភាពអសីលធម៌គ្រប់ប្រភេទ។ ដោយសារតែពួកអារក្សទាំងអស់សុទ្ធតែអាក្រក់ ហើយតែងតែមានការទាស់ទែងគ្នាក្នុងចំណោមពួកគេជានិច្ច ព្រមទាំងមិនអាចចុះសម្រុងនឹងគ្នាបានឡើយ នេះហើយដែលធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ។ នៅពេលដែលមនុស្សដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដមកជួបជុំគ្នា អ្វីៗគឺសាមញ្ញជាងឆ្ងាយណាស់ ពួកគេទាំងអស់គ្នាស្ម័គ្រចិត្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរស់នៅក្នុងជីវិតពួកជំនុំ ហើយពួកគេទាំងអស់គ្នារីករាយក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងចូលរួមក្នុងកិច្ចការដែលត្រឹមត្រូវ។ ពួកគេមិនចូលរួមក្នុងសកម្មភាពវៀចវេរ និងអសីលធម៌ឡើយ យ៉ាងច្រើនបំផុត ពួកគេប្រហែលជាបញ្ចេញឱ្យឃើញសេចក្ដីពុករលួយខ្លះៗប៉ុណ្ណោះ។ មានតែមនុស្សបែបនេះទេ ទើបអាចសម្រេចបានសេចក្ដីសង្គ្រោះតាមរយៈការជឿលើព្រះជាម្ចាស់។ ពួកអារក្សមិនអាចត្រូវបានសង្គ្រោះតាមរយៈសេចក្តីជំនឿលើព្រះជាម្ចាស់ឡើយ ពីព្រោះខ្លារខិនមិនអាចផ្លាស់ប្ដូរស្នាមអុចខ្មៅរបស់វាបានឡើយ។ ទោះបីជាពួកអារក្សបានជឿលើព្រះជាម្ចាស់អស់រយៈពេលរាប់ទសវត្សរ៍ ឬរាប់សតវត្សរ៍ក៏ដោយ ក៏ពួកគេនឹងមិនផ្លាស់ប្ដូរដែរ ដែលនេះគឺជាការពិតមួយដែលមនុស្សគ្រប់គ្នាអាចមើលឃើញ។ ឥឡូវនេះ ពួកជំនុំជាច្រើនបានជម្រះចេញនូវអស់អ្នកដែលជាអារក្ស ដែលនេះជារឿងល្អមួយ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាំងស្រុង។ នៅក្នុងពួកជំនុំខ្លះ មានមនុស្សចំនួនពាក់កណ្ដាលគឺជាអារក្ស ចំណែកឯនៅក្នុងពួកជំនុំផ្សេងទៀត មានមនុស្សភាគតិចគឺជាអារក្ស។ តើវាងាយស្រួលក្នុងការអនុវត្តកិច្ចការរបស់ពួកជំនុំនៅក្នុងពួកជំនុំបែបនេះដែរឬទេ? ច្បាស់ណាស់គឺមិនងាយស្រួលទេ។ ប្រសិនបើពួកអារក្សត្រូវបានជម្រះចេញ ដោយបន្សល់ទុកតែមនុស្សជាតិដែលពុករលួយ នោះកិច្ចការពួកជំនុំនឹងកាន់តែងាយស្រួលធ្វើជាងមុនឆ្ងាយណាស់។ ស្ថានភាពដែលគួរឱ្យអាណិតបំផុត គឺនៅពេលដែលពួកអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទកាន់អំណាចនៅក្នុងពួកជំនុំខ្លះ ដោយមានពួកអារក្សដើរតួជាអ្នកដឹកនាំ ពេលនោះ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងពួកជំនុំទាំងនោះ ពិតជារងទុក្ខវេទនាណាស់។ ប្រាប់ខ្ញុំមើល៍ តើពួកអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទដែលកាន់អំណាច អាចនាំមកនូវសេចក្ដីសុខសាន្ត និងអំណរដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរឬទេ? គំនិត និងយោបល់របស់ពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទគឺអាក្រក់ទាំងស្រុង ហើយផ្ទុយនឹងសេចក្ដីពិត។ ប្រសិនបើមានអារក្សរស់ដប់ ឬម្ភៃនាក់គាំទ្រពួកគេ ការរស់នៅក្នុងពួកជំនុំបែបនេះ គឺប្រៀបដូចជារស់នៅក្នុងកន្លែងមួយដែលពួកអារក្សប្រមូលផ្ដុំគ្នា នៅក្នុង រូងអារក្សដែលត្រូវបានគ្រប់គ្រងដោយស្ដេចអារក្សអីចឹង។ វាប្រៀបបាននឹងការរស់នៅក្នុងម៉ាស៊ីនកិនសាច់ ដែលធ្វើឱ្យចិត្ត និងវិញ្ញាណរបស់អ្នកច្របូកច្របល់។ រៀងរាល់ថ្ងៃ អ្វីដែលដក់ជាប់ក្នុងគំនិតរបស់អ្នកគឺរឿងដូចជា ត្រូវតយុទ្ធ ឬតស៊ូជាមួយអ្នកណា ត្រូវរាប់អាន និងចូលទៅជិតអ្នកណា ត្រូវគេចវេះ និងការពារខ្លួនពីអ្នកណា និងរឿងផ្សេងៗទៀត អ្នកមិនទាំងមានបរិយាកាសសុខសាន្តផង ដោយរស់នៅក្នុងភាពភ័យខ្លាច និងការតក់ស្លុតជានិច្ច ដោយគ្មានភាពស្ងប់ស្ងាត់សូម្បីតែបន្តិច។ តើនេះមិនមែនដូចជាការស្ថិតនៅក្នុងម៉ាស៊ីនកិនសាច់ទេឬ? (ដូច្នឹងមែនហើយ។) សង្គមដ៏អាក្រក់នេះ មនុស្សជាតិដ៏អាក្រក់នេះ ប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នា និងគ្រប់ក្រុម ឬអង្គការ តាមរបៀបដូចគ្នា ដោយប្រើប្រាស់មតិ និងទស្សនៈដូចគ្នាទៅលើមនុស្សទាំងអស់។ ស្រដៀងគ្នានេះដែរ ពួកគេ មិនស្រណុកចិត្តសូម្បីតែចំពោះពួកជំនុំ ដែលជាស្ថាប័នមួយដែលមានភាពវិជ្ជមានគួរសម ដោយមិនលើកលែងឱ្យឡើយ។ យ៉ាងណាក្តី របៀបដែលយើងប្រព្រឹត្តចំពោះពួកគេគឺមានគោលការណ៍ មែនទេ?

គោលបំណងទីប្រាំបួននៃការជឿលើព្រះជាម្ចាស់ គឺការគ្រប់គ្រងតាមដានពួកជំនុំ ឥឡូវនេះត្រូវបានប្រកបគ្នាយ៉ាងពេញលេញហើយ ហើយខ្លឹមសារទាំងអស់នៃចំណាត់ថ្នាក់ទីមួយនៃទំនួលខុសត្រូវទីដប់បួនរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ក៏ត្រូវបានប្រកបគ្នាជាមូលដ្ឋានរួចរាល់ហើយដែរ។ ជាសំខាន់ ទាំងនេះគឺជាចំណុចដែលយើងបានលើកឡើងទាក់ទងនឹងគោលបំណងរបស់អ្នកមិនជឿ និងអ្នកអទេវនិយម នៅក្នុងការជឿលើព្រះជាម្ចាស់របស់ពួកគេ។ គោលបំណងចុងក្រោយដែលត្រូវបានប្រកបគ្នានេះមានខ្លឹមសារខុសគ្នាបន្តិចបន្តួចពីគោលបំណងមុនៗ។ នៅពេលដែលពួកអ្នកគ្រប់គ្រងតាមដានពួកជំនុំជ្រៀតចូលក្នុងពួកជំនុំ ពួកគេមិនមែនកំពុងដេញចាប់ឆ្នាំងបាយ ឋានៈ ឬភាពងាយស្រួលក្នុងជីវិត និងការងារឡើយ ប៉ុន្តែពួកគេមកដោយមានគោលបំណងនយោបាយ។ ទោះបីជាពួកគេមានគោលបំណងអ្វីក៏ដោយ នៅពេលដែលយើងមើលធ្លុះ និង ស្គាល់ពីពួកគេបានហើយ យើងគួរតែចាត់វិធានការដ៏សមរម្យឱ្យបានឆាប់ ដោយបោសសម្អាត ឬបណ្ដេញបុគ្គលទាំងនេះចេញ ដោយដាច់ខាតមិនអនុញ្ញាតឱ្យពួកគេសម្ងំលាក់ខ្លួននៅក្នុងពួកជំនុំយូរឡើយ។ នេះគឺជាកិច្ចការដ៏សំខាន់មួយសម្រាប់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ ដោយផ្អែកលើគោលបំណងនៃការជឿលើព្រះជាម្ចាស់របស់ពួកគេ ត្រូវស្គាល់ និងកំណត់ថាតើនរណាជាបងប្អូនប្រុសស្រីពិតប្រាកដ ដែលជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយនរណាជាមនុស្សអាក្រក់ ប្រភេទផ្សេងៗដែលពួកជំនុំគួរតែបោសសម្អាត ឬបណ្ដេញចេញ ពោលគឺត្រូវកំណត់អត្តសញ្ញាណមនុស្សអាក្រក់ទាំងនេះឱ្យបានឆាប់ រួចហើយត្រូវអនុវត្តវិធីសាស្ត្រទៅតាមនោះឱ្យបានឆាប់ ដើម្បីបោសសម្អាត ឬបណ្ដេញពួកគេចេញ។ នេះគឺជាចំណាត់ថ្នាក់ទីមួយនៃការស្គាល់ពី និងការចាត់ថ្នាក់មនុស្សអាក្រក់ប្រភេទផ្សេងៗ៖ គឺគោលបំណងសម្រាប់ការជឿលើព្រះជាម្ចាស់របស់មនុស្សម្នាក់ៗ។ យើងបានបញ្ចប់ការប្រកបគ្នារបស់យើងអំពីរឿងនេះហើយ។

II. ផ្អែកលើភាពជាមនុស្សរបស់មនុស្សណាម្នាក់

ឥឡូវនេះ យើងបន្តទៅប្រភេទទីពីរ ដែលជាភាពជាមនុស្សរបស់ពួកគេ។ តាមរយៈការបង្ហាញចេញនូវភាពជាមនុស្សរបស់បុគ្គលម្នាក់ យើងស្គាល់ពី និងកំណត់ថាតើបុគ្គលនេះពិតជាជឿលើព្រះជាម្ចាស់មែន ឬយ៉ាងណា ហើយថាតើពួកគេស័ក្តិសមនឹងបន្តនៅក្នុងពួកជំនុំដែរឬទេ។ ប្រសិនបើ ផ្អែកលើការបង្ហាញចេញ និងការបញ្ចេញឱ្យឃើញពីភាពជាមនុស្សរបស់ពួកគេ ព្រមទាំងសារជាតិភាពជាមនុស្សរបស់ពួកគេ ពួកគេមិនមែនជាបងប្អូនប្រុសស្រីពិតប្រាកដ មិនស័ក្តិសមនឹង នៅក្នុងពួកជំនុំ វត្តមានរបស់ពួកគេរំខានដល់បងប្អូនប្រុសស្រី ហើយយោងតាមឥរិយាបថរបស់ពួកគេពួកគេស្ថិតក្នុងចំណោមអ្នកដែលគួរតែត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញពីពួកជំនុំ នោះពួកជំនុំគួរតែរៀបចំផែនការសមស្របយ៉ាងឆាប់រហ័សដើម្បីបោសសម្អាតចេញ ឬបណ្ដេញបុគ្គលទាំងនេះចេញ។ ការប្រកបគ្នាអំពីទំនួលខុសត្រូវទីដប់បួនរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគឺស្ដីពីការបោសសម្អាតចេញ ឬការបណ្ដេញចេញនូវមនុស្សអាក្រក់គ្រប់ប្រភេទ។ បើមើលទៅលើភាពជាមនុស្សវិញ ភាពជាមនុស្សរបស់បុគ្គលទាំងនេះគឺប្រាកដជាមិនល្អ និងអាក្រក់។ និយាយឱ្យសាមញ្ញ ពួកគេគឺមិនល្អទាល់តែសោះ។ ដោយផ្អែកលើការបង្ហាញចេញនូវភាពជាមនុស្សរបស់ពួកគេ ពួកគេគួរតែត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញពីពួកជំនុំ ដើម្បីទប់ស្កាត់ពួកគេកុំឱ្យបន្តបង្កការរំខាននៅក្នុងពួកជំនុំ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ប្រក្រតីនៃជីវិតពួកជំនុំរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ព្រមទាំងការបំពេញភារកិច្ចរបស់ពួកគេ។ ដូច្នេះ តើតាមរយៈការបង្ហាញ ចេញណាខ្លះដែលយើងវិនិច្ឆ័យភាពជាមនុស្សរបស់បុគ្គលម្នាក់ថាល្អ ឬអាក្រក់ ហើយដោយហេតុនេះសម្រេចចិត្តថាតើពួកជំនុំគួរតែបោសសម្អាតពួកគេចេញ ឬបណ្ដេញពួកគេចេញ? ប្រភេទទីពីរគឺភាពជាមនុស្ស សរុបមក ក៏មានចំណុចជាច្រើនផងដែរ ប៉ុន្តែ ចូរយើងប្រកបគ្នាអំពីចំណុចទីមួយជាមុនសិន។

ក. ចូលចិត្តបំភ្លៃការពិត និងនិយាយកុហក

ចំណុចទីមួយ គឺអំពីអស់អ្នកដែលចូលចិត្តបំភ្លៃការពិត និងនិយាយកុហក។ អ្នកប្រាកដជាសុទ្ធតែធ្លាប់ឃើញមនុស្សប្រភេទនេះញឹកញាប់ហើយ។ តើការបង្ហាញ ចេញចម្បងនៃការចូលចិត្តបំភ្លៃការពិត និងនិយាយកុហកគឺជាអ្វី? គឺការនិយាយស្ដីដោយគ្មានគោលការណ៍ តែងតែបង្កជម្លោះដោយមានចេតនា និងគោលបំណង ដែលបណ្ដាលឱ្យមានលទ្ធផលអវិជ្ជមាន។ ច្បាស់ណាស់ មនុស្សបែបនេះមានបញ្ហាធ្ងន់ធ្ងរជាមួយនឹងការនិយាយស្ដីរបស់ពួកគេ ដែលមានឫសគល់មកពីនិស្ស័យអាក្រក់ និងការខ្វះភាពជាមនុស្ស ដែលនាំឱ្យពួកគេចូលចិត្តបំភ្លៃការពិត និងនិយាយកុហក។ បើមើលទៅលើអត្ថន័យនៃពាក្យនេះវិញ «ការបំភ្លៃការពិត និងការនិយាយកុហក» មានន័យថា ជារឿយៗអះអាងថាអ្វីដែលជាការពិត គឺជាការកុហក ហើយអ្វីដែលជាការកុហកគឺជាការពិត។ វាគឺអំពីការបំប្លែងសទៅជាខ្មៅ ថែមទាំងបន្ថែមព័ត៌មានមិនពិតទៅលើការពិត ចោទប្រកាន់ដោយគ្មានមូលដ្ឋាន ធ្វើការវិនិច្ឆ័យដោយគ្មានមូលដ្ឋាន និងនិយាយអ្វីតាមតែខ្លួនចង់។ មនុស្សបែបនេះមិនដែលនិយាយរឿងរ៉ាវក្នុងផ្លូវវិជ្ជមានឡើយ អ្វីដែលពួកគេនិយាយមិនជួយស្អាងមនុស្សទេ ហើយក៏គ្មានប្រយោជន៍ ឬជួយដល់មនុស្សទាល់តែសោះ។ ក្នុងអំឡុងពេលប្រាស្រ័យទាក់ទង សេពគប់ និងទំនាក់ទំនងជាមួយពួកគេ ការស្ដាប់ពួកគេនិយាយជារឿយៗធ្វើឱ្យចិត្តរបស់មនុស្សធ្លាក់ទៅក្នុងភាពងងឹត និងភាពល្អក់កករ ថែមទាំងធ្វើឱ្យពួកគេបាត់បង់សេចក្ដីជំនឿក្នុងការជឿរបស់ពួកគេ រហូតដល់ពួកគេគ្មានទំនោរចង់ជឿលើព្រះជាម្ចាស់ ហើយមិនអាចធ្វើឱ្យចិត្តរបស់ពួកគេស្ងប់ក្នុងអំឡុងពេលប្រណិប័តន៍ខាងវិញ្ញាណ និងការជួបជុំឡើយ។ ពួកគេជារឿយៗមានចិត្ត និងវិញ្ញាណមិនស្ងប់ដោយសារការអះអាងអំពីអ្វីដែលត្រូវ និងខុស ព្រមទាំងការនិយាយចេចចូចដែលបុគ្គលបែបនេះផ្សព្វផ្សាយ ហើយចាប់ផ្ដើមមើលឃើញមនុស្សគ្រប់គ្នាក្នុងផ្លូវមិនល្អ និងមើលឃើញតែចំណុចខ្វះខាតរបស់អ្នកដទៃ។ ជារឿយៗ បន្ទាប់ពីបានឮការបំភ្លៃការពិត និងការនិយាយកុហក ការគិតប្រក្រតីរបស់មនុស្សត្រូវបានរំខាន ហើយសូម្បីតែទស្សនៈត្រឹមត្រូវរបស់ពួកគេលើបញ្ហានានាក៏ត្រូវបានរំខានដែរ ដែលធ្វើឱ្យពួកគេពិបាកក្នុងការស្គាល់អ្វីដែលត្រឹមត្រូវ និងអ្វីដែលមិនត្រឹមត្រូវ។ អ្នកដែលខ្វះការស្គាល់ ជារឿយៗត្រូវបានល្បួង និងធ្លាក់ចូលទៅក្នុងការល្បួង ដោយមិនទាំងដឹងខ្លួនផង ដោយសារតែរឿងខ្លះដែលអ្នកបំភ្លៃការពិត និងនិយាយកុហកបាននិយាយ។ ពួកគេគិតថា៖ «មនុស្សទាំងនោះមិនបានធ្វើបាបនរណាម្នាក់ទេ ពួកគេចូលរួមការជួបជុំជាប្រក្រតី ជួនកាលពួកគេថែមទាំងធ្វើទាន និងជួយអ្នកដទៃ ហើយមិនបានធ្វើអ្វីអាក្រក់ឡើយ»។ ទោះជាយ៉ាងណាក៏ដោយ ផលវិបាកនៃការប្រាស្រ័យទាក់ទងរបស់ពួកគេជាមួយបុគ្គលបែបនេះ ជារឿយៗគឺពួកគេជាប់ផុងក្នុងរឿងរ៉ាវខុសត្រូវ និងជាប់ផុងក្នុងការល្បួង ហើយពួកគេជាប់ផុងនៅកណ្ដាលនៃភាពជាប់ជំពាក់ ខាងមនោសញ្ចេតនារវាងមនុស្ស និងទំនាក់ទំនងរវាង បុគ្គលដែលមិនត្រឹមត្រូវ។ មនុស្សដែលបំភ្លៃការពិត និងនិយាយកុហកទាំងនេះ ជំនាញខាងរំខានដល់ទំនាក់ទំនងដ៏សមរម្យក្នុងចំណោមមនុស្ស និងបំផ្លាញការយល់ដឹងដ៏បរិសុទ្ធមួយចំនួននៅក្នុងចិត្តរបស់មនុស្ស។ តាមទស្សនៈរបស់ពួកគេ បុគ្គលណាក៏ដោយដែលមានទំនាក់ទំនងល្អ ហើយអាចគាំទ្រ និងជួយគ្នាទៅវិញទៅមក ក្លាយជាគោលដៅសម្រាប់ការវាយប្រហារ និងការវិនិច្ឆ័យជាសម្ងាត់របស់ពួកគេ។ ដូចគ្នានេះដែរ អ្នកណាដែលបំពេញភារកិច្ចរបស់ខ្លួនដោយមានភាពស្មោះត្រង់ខ្លះ និងលះបង់ខ្លួនខ្លះ ក៏ជាគោលដៅសម្រាប់ការវាយប្រហាររបស់ពួកគេផងដែរ។ មិនថារឿងអ្វីមួយប្រហែលជាល្អ ឬវិជ្ជមានយ៉ាងណានោះទេ ពួកគេរកវិធីដើម្បីបង្ខូចឈ្មោះវា។ ពួកគេធ្វើការរិះគន់បែបលាក់លៀម អំពីរឿងគ្រប់យ៉ាង បញ្ចេញមតិលើគ្រប់បញ្ហា និងប្រកាន់ខ្ជាប់នូវទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេលើគ្រប់បញ្ហាទាំងអស់។ ទស្សនៈទាំងនេះមិនមែនជាទស្សនៈពិតប្រាកដទាល់តែសោះ ផ្ទុយទៅវិញ ពួកគេនិយាយរឿងមិនសមហេតុផល បំភាន់ការពិត និងនិយាយកុហក និងបំប្លែងសទៅជាខ្មៅ។ ដើម្បីសម្រេចបាននូវគោលដៅមួយ ឬសាបព្រោះការបែកបាក់រវាងមនុស្ស ឬបង្កាច់បង្ខូចបុគ្គលមួយចំនួន ពួកគេថែមទាំងឈានដល់ការប្រឌិតរឿងដោយចេតនា និងដោយផ្តេសផ្តាស ដោយបន្ថែមព័ត៌មានមិនពិតទៅលើការពិត និងចោទប្រកាន់ដោយគ្មានមូលដ្ឋាន បង្កើតរឿងពីគ្មានទៅជាមាន។ អ្នកដែលមិនដឹងការពិតស្ដាប់ពួកគេនិយាយ ហើយគិតថាការអះអាងរបស់ពួកគេហាក់ដូចជាសមហេតុផល ហើយមិនអាចជារឿងកុហកឡើយ ដូច្នេះហើយក៏ត្រូវបានបំភាន់។ មនុស្សប្រភេទនេះដែលចូលចិត្តបំភ្លៃការពិត និងនិយាយកុហក ធ្វើការរិះគន់បែបលាក់លៀមចំពោះរឿងវិជ្ជមានណាមួយ។ តើនេះដោយសារតែពួកគេមានស្មារតីយុត្តិធម៌មែនទេ? (ទេ) ពួកគេប្រឆាំង និងមិនគោរពអ្នកដែលសកម្មក្នុងការបំពេញភារកិច្ចរបស់ខ្លួន អ្នកដែលមានភាពស្មោះត្រង់ អ្នកដែលលះបង់ខ្លួនដោយភាពក្លៀវក្លា និងអ្នកដែលមានមនសិការ និងវិចារណញ្ញាណឡើយ។ ដូច្នេះ តើអ្វីជាមូលហេតុនៃការនិយាយផ្ដេសផ្ដាសរបស់បុគ្គលទាំងនេះ? តើឫសគល់ស្ថិតនៅឯណា? ហេតុអ្វីបានជាពួកគេតែងតែចូលចិត្តបំភ្លៃការពិត និងនិយាយកុហក? (ដោយសារតែភាពជាមនុស្សរបស់ពួកគេគឺអាក្រក់។) ត្រឹមត្រូវ វាគឺដោយសារតែភាពជាមនុស្សអាក្រក់។ ប្រសិនបើភាពជាមនុស្សរបស់ពួកគេល្អ ពួកគេនឹងមិនបំភ្លៃការពិត និងនិយាយកុហកឡើយ។ ការនិយាយគួរតែផ្អែកលើមនសិការ និងតម្រិះប្រកបដោយវិចារណញ្ញាណ គេមិនអាចនិយាយទ្រឹស្ដីវៀចវេរ និងសេចក្ដីបង្រៀនខុសឆ្គងគ្រប់ពេលនោះទេ។ ឫសគល់នៃការបំភ្លៃការពិត និងនិយាយកុហក គឺភាពជាមនុស្សអាក្រក់។ អ្វីក៏ដោយដែលមនុស្សបែបនេះនិយាយសុទ្ធតែមានជាតិជូរចត់។ និយាយឱ្យស្រាល ពួកគេកំពុងវិនិច្ឆ័យអ្នកដទៃ ប៉ុន្តែតាមពិត ពាក្យសម្ដីរបស់ពួកគេមានផ្ទុកនូវធាតុផ្សំនៃចេតនាព្យាបាទដើម្បីថ្កោលទោស និងដាក់បណ្ដាសា ព្រមទាំងមានតម្រុយនៃការញុះញង់ ការច្រណែន ការប្រឆាំង សម្អប់ និងថែមទាំងមានលក្ខណៈជាន់ពន្លិចមនុស្សនៅពេលដែលពួកគេកំពុងធ្លាក់ចុះទៀតផង។ សរុបមក ទាំងនេះគឺជាលក្ខណៈចម្បងនៃការបំភ្លៃការពិត និងការនិយាយកុហករបស់ពួកគេ។ ក្រៅពីលក្ខណៈទាំងនេះ បុគ្គលបែបនេះមានលក្ខណៈរួមមួយទៀត៖ ពួកគេមិនចូលចិត្ត អ្នកដែលមានអ្វីដែលពួកគេខ្វះខាត ហើយសើចចំអកឱ្យអ្នកដែលខ្វះខាតអ្វីដែលពួកគេមាន។ តើភាពជាមនុស្សរបស់ពួកគេល្អដែរឬទេ? (ទេ) បុគ្គលប្រភេទនេះ ដែលមិនចូលចិត្តអ្នកដែលមានអ្វីដែលពួកគេខ្វះខាត ហើយសើចចំអកឱ្យអ្នកដែលខ្វះខាតអ្វីដែលពួកគេមាន មានអារម្មណ៍ច្រណែននឹងអ្នកណាដែលល្អជាងពួកគេ ហើយនិយាយអាក្រក់ពីពួកគេនៅពីក្រោយខ្នង ធ្វើការវិនិច្ឆ័យ និងថ្កោលទោសពួកគេ ចំណែកឯប្រសិនបើមាននរណាម្នាក់អន់ជាងពួកគេ ពួកគេសើចចំអកឱ្យអ្នកនោះ ដោយត្រៀមខ្លួនជាស្រេចដើម្បីចំអក ដៀមដាម និងមើលងាយបុគ្គលនោះ។ ពួកគេមិនអាចយល់ដឹងពីរឿងណាមួយបានត្រឹមត្រូវ ឬដោះស្រាយវាដោយផ្អែកលើសីលធម៌មនុស្សជាមូលដ្ឋានបំផុតនោះទេ។ ពួកគេមិនចាំបាច់ជូនពរនរណាម្នាក់ឡើយ ហើយក៏មិនចាំបាច់ជូនពរឱ្យនរណាម្នាក់បានសុខ ឬជូនពរឱ្យអ្វីៗដំណើរការទៅតាមអ្វីដែលពួកគេចង់បាន ឬជូនពរឱ្យពួកគេដើរលើផ្លូវត្រូវនោះដែរ ប៉ុន្តែយ៉ាងហោចណាស់ ពួកគេគួរតែវាយតម្លៃអ្នកដទៃឱ្យបានត្រឹមត្រូវដោយមិនមានគំនិតអាក្រក់ណាមួយឡើយពោលគឺសូម្បីតែរឿងនេះ ក៏ពួកគេធ្វើមិនបានដែរ។ តើអ្វីជាមូលហេតុនៅពីក្រោយការបំភ្លៃការពិត និងការនិយាយកុហករបស់ពួកគេ? ច្បាស់ណាស់ តាមរយៈការនិយាយស្ដីរបស់ពួកគេ និងតាមរយៈអាកប្បកិរិយារបស់ពួកគេចំពោះអ្នកដទៃ ព្រមទាំងតាមរយៈអ្វីដែលពួកគេគិត និងរបៀបដែលពួកគេប្រព្រឹត្តចំពោះអ្នកដទៃនៅក្នុងជម្រៅចិត្តរបស់ពួកគេ វាបង្ហាញយ៉ាងច្បាស់ថា ភាពជាមនុស្សរបស់មនុស្សប្រភេទនេះគឺព្យាបាទ។ ទោះបីជាមនុស្សប្រភេទនេះគ្រាន់តែប្រើមាត់របស់ពួកគេដើម្បីបំភ្លៃការពិត និងនិយាយកុហកក៏ដោយ ក៏នៅពីក្រោយសកម្មភាពទាំងនេះមានសមិទ្ធផល និងគោលដៅដែលពួកគេចង់សម្រេចបាន ព្រមទាំងទស្សនៈ និងអាកប្បកិរិយាពិតប្រាកដរបស់ពួកគេចំពោះមនុស្ស និងរឿងរ៉ាវនានា នៅក្នុងជម្រៅចិត្តរបស់ពួកគេផងដែរ។ ដោយទុកមួយឡែកសិនថាតើអ្នកដែលចូលចិត្តបំភ្លៃការពិត និងនិយាយកុហកយល់ដឹងពីសេចក្ដីពិតបានល្អដែរឬទេ ហើយថាតើពួកគេជាមនុស្សដែលស្រឡាញ់សេចក្ដីពិតដែរឬទេ ដោយផ្អែកលើលក្ខណៈនៃភាពជាមនុស្សរបស់ពួកគេនេះដែលជាការចូលចិត្តបំភ្លៃការពិត និងនិយាយកុហកតើពួកគេអាចមានឥទ្ធិពលល្អ ឬវិជ្ជមានណាមួយលើបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំដែរឬទេ? (ទេ) មិនមានដាច់ខាត!

ចូរយើងមើលឧទាហរណ៍ជាក់លាក់មួយចំនួន ដើម្បីមើលថាតើអ្នកដែលបំភ្លៃការពិត និងនិយាយកុហក មានការបង្ហាញ ចេញអ្វីខ្លះ។ ជាឧទាហរណ៍ ឧបមាថាមានបងស្រីម្នាក់ដែលគ្រួសាររបស់គាត់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភណាស់ ប៉ុន្តែដើម្បីជាប្រយោជន៍ដល់ការផ្សាយដំណឹងល្អ និងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ គាត់បានលះបង់ការសោយសុខខាងសាច់ឈាម ហើយចាកចេញពីផ្ទះដើម្បីបំពេញភារកិច្ចរបស់គាត់។ ចូរប្រាប់ខ្ញុំមើល៍ តើមនុស្សធម្មតានឹងមើលឃើញស្ថានភាពនេះយ៉ាងដូចម្ដេច? តើពួកគេមិនកោតសរសើរ និងច្រណែនគាត់ទេឬអី? យ៉ាងហោចណាស់ ពួកគេនឹងគិតថា បងស្រីនេះគួរឱ្យសរសើរ និងស័ក្តិសមនឹងយកតម្រាប់តាម ដែលអាចលះបង់ការសោយសុខខាងសាច់ឈាមដើម្បីបំពេញភារកិច្ចរបស់គាត់។ ប៉ុន្តែ តើអ្នកដែលចូលចិត្តបំភ្លៃការពិត និងនិយាយកុហក បញ្ចេញមតិលើគាត់យ៉ាងដូចម្ដេច? ពួកគេនិយាយថា៖ «គាត់បោះបង់ជីវិតជាអ្នកមាន ដើម្បីចេញទៅផ្សាយដំណឹងល្អពេញមួយថ្ងៃ។ ប្រសិនបើគាត់នៅតែបន្តបែបនេះ នោះមិនយូរមិនឆាប់ ប្ដីរបស់គាត់នឹងបណ្ដេញគាត់ចេញមិនខាន! តើការជឿលើព្រះ មិនមែនសុទ្ធតែដើម្បីទទួលបានពរជ័យ និងការសោយសុខទេឬអី? មើលគាត់ចុះ មានពរជ័យហើយតែមិនចេះសោយសុខ បែរជាលះបង់គ្រួសារ និងអាជីពរបស់ខ្លួន ដើម្បីបំពេញភារកិច្ចអស់ពីចិត្តទៅវិញ តើនេះមិនមែនជាភាពល្ងង់ខ្លៅទេឬអី? ប្រសិនបើគ្រួសាររបស់ខ្ញុំមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបែបនេះ ខ្ញុំនឹងគ្រាន់តែសម្ងំសោយសុខនៅផ្ទះប៉ុណ្ណោះ»។ ចូរប្រាប់ខ្ញុំមើល៍ តើមានពាក្យមួយម៉ាត់ណាដែលស្របតាមភាពជាមនុស្ស ដែលជួួយស្អាង អ្នកដទៃដែរឬទេ? (ទេ) អ្នកដែលមានការស្គាល់ខ្លះ ពេលឮដូច្នេះ នឹងគិតថា៖ «តើនេះមិនមែនជាការបំភ្លៃការពិតទេឬអី? វាជារឿងវិជ្ជមានពីធម្មជាតិទៅហើយ សម្រាប់អ្នកជឿម្នាក់ក្នុងការលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងមិនដេញតាមការសោយសុខខាងសម្ភារៈ ប៉ុន្តែពួកគេបែរជាថ្កោលទោសរឿងនេះទៅវិញ»។ ប្រសិនបើអ្នកដែលគ្មានការស្គាល់ឮដូច្នេះ ពួកគេនឹងត្រូវបានបំភាន់ និងរំខាន។ ភាពខ្នះខ្នែងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ និងភាពខ្នះខ្នែងរបស់ពួកគេក្នុងការលះបង់អ្វីៗ និងលះបង់ខ្លួនដើម្បីបំពេញភារកិច្ចរបស់ពួកគេ នឹងត្រូវធ្លាក់ចុះយ៉ាងខ្លាំងភ្លាមៗមិនខាន។ ទោះបីជាពាក្យសម្ដីរបស់អ្នកដែលចូលចិត្តបំភ្លៃការពិត និងនិយាយកុហកមានតិចតួចក៏ដោយ ក៏ផលប៉ះពាល់អវិជ្ជមានដែលពាក្យសម្តីទាំងនោះមានលើអ្នកដទៃគឺធំខ្លាំងណាស់ ដែលល្មមនឹងធ្វើឱ្យនរណាម្នាក់មានអារម្មណ៍អវិជ្ជមានមួយរយៈ និងមិនអាចងើបឡើងវិញបាន។ តើមិនដូច្នេះទេឬអី? (ដូច្នេះមែនហើយ) គ្រាន់តែពាក្យសម្ដីដែលហាក់ដូចជាសមទំនងពីរបីម៉ាត់ អាចបំពុលមនុស្សមួយចំនួននៅពេលដែលពួកគេបានឮ។ តើនេះបញ្ជាក់យ៉ាងណាអំពីភាពជាមនុស្សរបស់អ្នកដែលអាចនិយាយពាក្យសម្ដីពិសពុលបែបនេះ? (គឺអាក្រក់។) តើមានពាក្យមួយម៉ាត់ណាក្នុងចំណោមពាក្យសម្ដីរបស់ពួកគេ ដែលអាចបង្កើនសេចក្ដីជំនឿរបស់នរណាម្នាក់ បន្ទាប់ពីបានឮពាក្យទាំងនោះដែរឬទេ? (ទេ) តើពាក្យសម្ដីទាំងនេះជាអ្វីទៅ? និយាយជារួម ទាំងនេះសុទ្ធតែជាពាក្យសម្ដីរបស់អ្នកមិនជឿ។ គ្មានពាក្យមួយម៉ាត់ណាដែលគួរត្រូវបាននិយាយដោយអ្នកដែលដើរតាមព្រះជាម្ចាស់ឡើយ។ និយាយឱ្យកាន់តែជាក់លាក់ គ្មានពាក្យមួយម៉ាត់ណាដែលនិយាយដោយមនុស្សទាំងនេះ ឆ្លុះបញ្ចាំងពីភាពជាមនុស្សណាមួយឡើយ។ តើការខ្វះភាពជាមនុស្សមានន័យដូចម្ដេច? វាមានន័យថាសូម្បីតែសីលធម៌ក៏គ្មានផង។ តើការខ្វះសីលធម៌មានន័យដូចម្ដេច? បងស្រីមានលក្ខខណ្ឌរស់នៅល្អ និងមានគ្រួសារដ៏ស្ដុកស្ដម្ភ តើអាកប្បកិរិយារបស់មនុស្សទាំងនេះយ៉ាងម៉េចដែរ? តើវាគ្រាន់តែជាការចង់បានដូចគាត់ បន្ទាប់មកជូនពរ ហើយក៏ហើយទៅមែនទេ? (ទេ) ដូច្នេះ តើអាកប្បកិរិយារបស់ពួកគេគឺជាអ្វី? គឺការច្រណែន ការក្ដៅក្រហាយ ការអាក់អន់ចិត្ត និងការលាក់ទុកសេចក្ដីរអ៊ូរទាំនៅក្នុងចិត្តរបស់ពួកគេ៖ «តើគាត់ស័ក្តិសមនឹងមានលុយច្រើនយ៉ាងនេះដែរឬទេ? ហេតុអ្វីបានជាខ្ញុំមិនមានលុយច្រើនយ៉ាងនេះ? ហេតុអ្វីបានជាព្រះប្រទានពរដល់គាត់ តែមិនប្រទានពរដល់ខ្ញុំ?» បងស្រីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងរុងរឿង ដូច្នេះពួកគេមានអារម្មណ៍ច្រណែន និងស្អប់ ដោយគ្មានពាក្យកោតសរសើរ ឬការជូនពរដោយស្មោះសូម្បីតែមួយម៉ាត់។ នេះបង្ហាញពីការខ្វះខាតទាំងស្រុង សូម្បីតែសីលធម៌ជាមូលដ្ឋានបំផុត។ បងស្រីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដូច្នេះពួកគេលាក់ទុកគំនុំស្អប់ ស្ទើរតែដល់កម្រិតព្យាយាមប្លន់ ឬបោកប្រាស់យកទ្រព្យសម្បត្តិរបស់គាត់ទៅហើយ។ លើសពីនេះទៅទៀត បងស្រីនេះកំពុងរស់នៅក្នុងគ្រួសារដ៏ស្ដុកស្ដម្ភមួយ ប៉ុន្តែគាត់អាចលះបង់លក្ខខណ្ឌរស់នៅដ៏ល្អ និងភាពសុខស្រួលខាងសម្ភារៈ ដើម្បីចេញទៅបំពេញភារកិច្ចរបស់គាត់។ សម្រាប់អ្នកជឿលើព្រះជាម្ចាស់ម្នាក់ នេះគឺជារឿងដែលស័ក្តិសមនឹងទទួលបានការអបអរសាទរ វាស័ក្តិសមនឹងទទួលបានការកោតសរសើរ និងការចង់បានដូចគាត់។ មនុស្សគួរតែជូនពរគាត់ ហើយព្យាយាមចូលទៅជិតគាត់ និងយកតម្រាប់តាមគាត់។ ប៉ុន្តែ តើមនុស្សដែលចូលចិត្តបំភ្លៃការពិត និងនិយាយកុហកទាំងនេះ មានពាក្យសម្ដីបែបនេះដើម្បីនិយាយដែរឬទេ? (ទេ) តើពួកគេនិយាយយ៉ាងដូចម្ដេច? រាល់ពាក្យសម្ដីនីមួយៗសុទ្ធតែពោរពេញដោយពាក្យទ្រគោះបោះបោក និងបង្កប់នូវសេចក្តីស្អប់។ ហេតុអ្វីបានជាពួកគេអាចនិយាយបែបនេះបាន? គឺដោយសារតែពួកគេមិនស្កប់ស្កល់ និងមិនពេញចិត្តនឹងស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ ដោយលាក់ទុកការអាក់អន់ចិត្ត ហើយដូច្នេះ ពួកគេក៏បញ្ចេញកំហឹងរបស់ពួកគេទៅលើបងស្រីដ៏ស្ដុកស្ដម្ភនេះ។ ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ម្នាក់ គេគួរតែឱ្យតម្លៃ កោតសរសើរ រៀនសូត្រជាពិសេសពី និងយកតម្រាប់តាមអ្នកដែលអាចបំពេញភារកិច្ចរបស់ខ្លួនដោយសកម្ម និងដេញតាមសេចក្ដីពិត។ ជំនួសឱ្យការរៀនសូត្រពីចំណុចខ្លាំងរបស់បងស្រី ដើម្បីប៉ះប៉ូវចំណុចខ្សោយរបស់ខ្លួន មនុស្សទាំងនេះបែរជាចំអកឱ្យគាត់ថាល្ងង់ខ្លៅ ហើយថែមទាំងសង្ឃឹមថាប្ដីរបស់គាត់នឹងលែងលះគាត់ទៀតផង ពួកគេកំពុងរង់ចាំមើលភាពវិនាសអន្តរាយរបស់គាត់។ ប្រសិនបើបងស្រីនោះពិតជាត្រូវបានប្ដីលែងលះមែន តើពួកគេនឹងមិនមានអារម្មណ៍ត្រេកអរទេឬអី? តើបំណងប្រាថ្នារបស់ពួកគេនឹងមិនបានសម្រេចទេឬអី? នេះឆ្លុះបញ្ចាំងពីអារម្មណ៍ពិតរបស់ពួកគេ ព្រមទាំងចេតនា និងគោលបំណងរបស់ពួកគេផងដែរ។ ពួកគេមិនជូនពរអ្នកដទៃឡើយ ការឃើញនរណាម្នាក់ដែលកំពុងមានបាន ឬដែលល្អជាងពួកគេ ធ្វើឱ្យពួកគេពោរពេញដោយការច្រណែន និងការអាក់អន់ចិត្ត។ មិនថាសេចក្ដីជំនឿលើព្រះជាម្ចាស់របស់អ្នកដទៃរឹងមាំប៉ុនណាក៏ដោយ ប្រសិនបើបុគ្គលនោះល្អជាងពួកគេ គឺពួកគេមិនសុខចិត្តឡើយ។ ពួកគេខ្វះភាពជាមនុស្សទាំងស្រុង ហើយមិនអាចនិយាយពាក្យនៃការជូនពរ ឬការជួយស្អាងសូម្បីតែមួយម៉ាត់។ ហេតុអ្វីបានជាពួកគេមិនអាចនិយាយពាក្យបែបនេះបាន? ពីព្រោះភាពជាមនុស្សរបស់ពួកគេគឺអាក្រក់ពេកហើយ! វាមិនមែនថាពួកគេមិនចង់និយាយ ឬថាពួកគេខ្វះពាក្យត្រឹមត្រូវនោះទេ ផ្ទុយទៅវិញ គឺដោយសារតែចិត្តរបស់ពួកគេពោរពេញដោយការច្រណែន ការអាក់អន់ចិត្ត និងការក្ដៅក្រហាយ ដែលធ្វើឱ្យពួកគេមិនអាចនិយាយពាក្យជូនពរបាន។ ដូច្នេះ តើការដែលចិត្តរបស់ពួកគេពោរពេញដោយរឿងពុករលួយបែបនេះ អាចបញ្ជាក់ថាភាពជាមនុស្សរបស់ពួកគេគឺព្យាបាទដែរឬទេ? (មែនហើយ) គឺអាចបញ្ជាក់បាន។ ដោយសារតែពួកគេបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយបែបនេះ វាធ្វើឱ្យអ្នកដទៃងាយស្រួលក្នុងការស្គាល់ ហើយអ្នកដទៃអាចមើលធ្លុះដល់សារជាតិពុករលួយរបស់ពួកគេ។

នេះជាឧទាហរណ៍មួយទៀត។ មានបងស្រីម្នាក់ ដែលមុនពេលជឿលើព្រះជាម្ចាស់ តែងតែមានជម្លោះជាមួយប្រពន្ធរបស់បងប្អូនថ្លៃប្រុសរបស់គាត់។ ក្រោយមក អ្នកទាំងពីរក៏បានចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ហើយតាមរយៈការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏បានយល់ពីសេចក្ដីពិតខ្លះៗ។ ពួកគេបានដឹងពីរបៀបដែលគេគួរប្រព្រឹត្តខ្លួន និងចុះសម្រុងជាមួយអ្នកដទៃ ហើយនៅពេលដែលសេចក្ដីពុករលួយរបស់ពួកគេត្រូវបានបញ្ចេញឱ្យឃើញ ពួកគេអាចបើកចំហចិត្តដាក់គ្នាទៅវិញទៅមក និងព្យាយាមស្គាល់ខ្លួនឯង ដែលធ្វើឱ្យទំនាក់ទំនងរបស់ពួកគេកាន់តែមានភាពចុះសម្រុងនឹងគ្នាឡើង។ មនុស្សមួយចំនួនស្ងើចសរសើរពួកគេ ហើយនិយាយថា៖ «មើលពួកគេចុះ មួយគ្រួសារជឿលើព្រះជាម្ចាស់ទាំងអស់គ្នា ហើយបងប្អូនថ្លៃស្រីទាំងនេះស្រឡាញ់គ្នាដូចជាបងប្អូនបង្កើតអីចឹង។ តើនេះមិនមែនដោយសារតែសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ទេឬអី? គ្រួសាររបស់អ្នកគ្មានជំនឿមិនអាចចុះសម្រុងនឹងគ្នាទាល់តែសោះ តែងតែឈ្លោះប្រកែក និងប្រជែងគ្នាទៅវិញទៅមក សូម្បីតែក្នុងចំណោមបងប្អូនបង្កើតដែលកើតចេញពីម្តាយតែមួយក្ដី។ អ្នកជឿគឺល្អជាងឆ្ងាយណាស់ សូម្បីតែបងប្អូនថ្លៃស្រីមិនមែនជាបងប្អូនបង្កើតក៏ដោយ ដរាបណាពួកគេជឿលើព្រះជាម្ចាស់ ដោយមានគោលដៅរួមដើម្បីដេញតាម ដើរលើផ្លូវតែមួយ និងមានភាសារួមគ្នា ពួកគេចុះសម្រុងគ្នាក្នុងវិញ្ញាណ ដែលជារឿងដ៏អស្ចារ្យណាស់!» នេះបង្ហាញថា អ្នកដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដគឺខុសពីអ្នកគ្មានជំនឿ។ មនុស្សដែលមកពីគ្រួសារផ្សេងៗគ្នាមកជួបជុំគ្នាដោយមានគោលដៅ និងការដេញតាមរួមគ្នា ហើយត្រូវរ៉ូវគ្នានៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងនៅចំពោះព្រះជាម្ចាស់។ គោលបំណងនៃការនិយាយបែបនេះគឺដើម្បីឱ្យមនុស្សដឹងថា នេះគឺជា លទ្ធផលនៃព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ដែលជាព្រះគុណដែលត្រូវបានប្រទានដល់មនុស្សដោយព្រះជាម្ចាស់។ នេះគឺជារឿងដែលអ្នកគ្មានជំនឿមិនមាន និងមិនអាចសោយសុខបានឡើយ។ យ៉ាងហោចណាស់ បន្ទាប់ពីបានឮដូច្នេះ គេនឹងមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់គឺជារឿងល្អ ហើយមានចំណាប់អារម្មណ៍ល្អចំពោះសេចក្ដីជំនឿលើព្រះជាម្ចាស់។ ប៉ុន្តែ សូមស្ដាប់នូវអ្វីដែលអ្នកចូលចិត្តបំភ្លៃការពិត និងនិយាយកុហក និយាយអំពីរឿងនេះចុះ៖ «ហឺ! អ្នកប្រហែលជាឃើញបងប្អូនថ្លៃស្រីទាំងនោះមើលទៅហាក់ដូចជាចុះសម្រុងនឹងគ្នានៅសំបកក្រៅ ហើយចុះសម្រុងគ្នាល្អក្នុងអំឡុងពេលជួបជុំ ប៉ុន្តែ តើពួកគេមិនមានការឈ្លោះប្រកែកគ្នាម្ដងម្កាលទេឬអី? អ្នកមិនដឹងទេ ពីមុនពួកគេធ្លាប់ឈ្លោះគ្នាយ៉ាងខ្លាំង!» អ្នកដទៃនិយាយថា៖ «ជម្លោះ និងការឈ្លោះប្រកែកគ្នារបស់ពួកគេកាលពីមុន គឺដោយសារតែពួកគេមិនជឿលើព្រះជាម្ចាស់ និងមិនយល់ពីសេចក្ដីពិត។ ឥឡូវនេះ ពួកគេចុះសម្រុងនឹងគ្នាយ៉ាងល្អអស្ចារ្យ! នេះគឺដោយសារតែឥឡូវនេះពួកគេទាំងពីរជឿលើព្រះជាម្ចាស់ យល់ពីសេចក្ដីពិតខ្លះៗ ហើយអាចបើកចំហចិត្តដាក់គ្នាទៅវិញទៅមកក្នុងការប្រកបគ្នា និងស្គាល់ពីសេចក្ដីពុករលួយរបស់ពួកគេផ្ទាល់ ព្រមទាំង បំពេញភារកិច្ចរបស់ពួកគេជាមួយគ្នាជារឿយៗ។ ទោះបីជានៅតែមានការថ្នាំងថ្នាក់គ្នាបន្តិចបន្តួចរវាងពួកគេក៏ដោយ ក៏ជាទូទៅពួកគេអាចទទួលស្គាល់កំហុសរបស់ខ្លួនចំពោះគ្នាទៅវិញទៅមក ហើយពិគ្រោះយោបល់គ្នាលើគ្រប់កិច្ចការដែលពួកគេធ្វើ។ នេះគឺជារឿងដែលគ្មានអ្នកគ្មានជំនឿណាម្នាក់អាចសម្រេចបានឡើយ សូម្បីតែជាមួយសាច់ញាតិបង្កើតរបស់ពួកគេក៏ដោយ»។ ប៉ុន្តែ អ្នកដែលបំភ្លៃការពិត និងនិយាយកុហកនិយាយថា៖ «តើគ្រួសារណាដែលមិនមានការឈ្លោះប្រកែកគ្នានោះ? កុំថាឡើយបងប្អូនថ្លៃស្រី សូម្បីតែបងប្អូនស្រីបង្កើតក៏ឈ្លោះគ្នាដែរ មែនទេ? ភាពចុះសម្រុងគ្នាដែលពួកគេមាននៅពេលនេះ គ្រាន់តែជាការសម្ដែងឱ្យអ្នកដទៃមើលប៉ុណ្ណោះ។ នៅពេលដែលឪពុកក្មេករបស់ពួកគេស្លាប់ ខ្ញុំមិនជឿថាពួកគេនឹងមិនដណ្ដើមកេរមរតកគ្នានោះទេ! តើការជឿលើព្រះមិនមែនគ្រាន់តែជាបំណងប្រាថ្នា ដែលជាការធ្វើឱ្យធូរស្បើយខាងវិញ្ញាណមួយប្រភេទទេឬអី? តើពួកគេពិតជាអាចបោះបង់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដោយសារតែរឿងនេះបានមែនឬ? គ្មានផ្លូវទេ!» តើមានពាក្យសម្ដីណាមួយនៅក្នុងពាក្យទាំងនេះ ដែលស្របនឹងការពិតដែរឬទេ? តើមានការជូនពរឱ្យមនុស្សបានសុខ ឬ ពាក្យពោលជូនពរណាមួយដែរឬទេ? (ទេ) តើមានអ្វីដែលសម្តែងចេញនូវមនោសញ្ចេតនាផ្ទាល់ខ្លួនថា ការជឿលើព្រះជាម្ចាស់ពិតជាល្អ បន្ទាប់ពីបានឃើញអ្នកដទៃសោយសុខនឹងព្រះគុណរបស់ព្រះជាម្ចាស់ដូចដែលខ្លួនពួកគេមានដែរឬទេ? (ទេ) តាមទស្សនៈរបស់អ្នកដែលបំភ្លៃការពិត និងនិយាយកុហក ការផ្លាស់ប្ដូរផ្ទាល់ខ្លួនទាំងនេះដែលកើតឡើងក្នុងចំណោមបងប្អូនប្រុសស្រី សុទ្ធតែជាការបោកប្រាស់។ ការទទួលបានសេចក្ដីពិត និងការផ្លាស់ប្ដូរនិស្ស័យដែលកើតចេញពីការជឿលើព្រះជាម្ចាស់ សុទ្ធតែជារឿងក្លែងក្លាយ។ ពួកគេមិនជឿថាព្រះជាម្ចាស់អាចបន្សុទ្ធមនុស្ស ថាព្រះជាម្ចាស់អាចផ្លាស់ប្ដូរមនុស្សបានឡើយ។ តាមរយៈពាក្យសម្ដីរបស់ពួកគេ គេមិនត្រឹមតែអាចមើលឃើញពីការវិនិច្ឆ័យតាមតែចិត្តឯង សេចក្តីស្អប់ និងការដាក់បណ្ដាសាមនុស្សរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការមិនជឿ និងការបដិសេធរបស់ពួកគេចំពោះលទ្ធផលដែលត្រូវបានសម្រេចដោយកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់មកលើមនុស្សទៀតផង។ បងប្អូនថ្លៃស្រីមានទំនាក់ទំនងល្អ ហើយបង្ហាញការអត់ឱន និងការអត់ធ្មត់ចំពោះគ្នាទៅវិញទៅមកនៅពេលពួកគេនៅជាមួយគ្នា គឺដោយសារតែសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ អ្នកដែលចូលចិត្តបំភ្លៃការពិត និងនិយាយកុហកនេះ មានអារម្មណ៍មិនស្រួល និងមិនពេញចិត្តនៅក្នុងចិត្តរបស់ពួកគេ ដូច្នេះពួកគេព្យាយាមគ្រប់មធ្យោបាយដើម្បីសាបព្រោះការបែកបាក់រវាងបងប្អូនស្រីទាំងពីរ ដោយមានអារម្មណ៍សប្បាយចិត្តប្រសិនបើពួកគេអាចធ្វើឱ្យបងប្អូនថ្លៃស្រីទាំងនោះឈ្លោះគ្នា និងឈ្លោះប្រកែកគ្នានៅពេលជួបមុខគ្នា។ តើនេះជាអត្តចរិតប្រភេទណា? តើវាជាផ្នត់គំនិតប្រភេទណា? បើវិនិច្ឆ័យតាមផ្នត់គំនិតរបស់ពួកគេ តើនេះមិនរាងចម្លែកខុសប្រក្រតីបន្តិចទេឬអី? (មែនហើយ) បើនិយាយពីអត្តចរិត របស់ពួកគេវិញ តើវាមិនគួរឱ្យស្អប់ខ្ពើមទេឬអី? (មែនហើយ) ប៉ុន្តែ មនុស្សប្រភេទនេះនៅតែចូលរួមក្នុងជីវិតពួកជំនុំ ហើយក្នុងចំណោមអ្នកដែលបំពេញភារកិច្ចរបស់ខ្លួន ក៏មិនខ្វះមនុស្សដូចពួកគេដែរ។ មនុស្សទាំងនេះជាទូទៅត្រូវបានគេហៅថាមាន «អណ្តាតពិសពុល»។ តាមពិតទៅ វាមិនមែនគ្រាន់តែអណ្តាតរបស់ពួកគេពិសពុលនោះទេ ពិភពខាងក្នុងរបស់ពួកគេគឺងងឹត និងពោរពេញដោយពិសពុលខ្លាំងណាស់! មិនថាបងប្អូនប្រុសស្រីអាចចែករំលែកទីបន្ទាល់តាមរយៈបទពិសោធដ៏ល្អយ៉ាងណានោះទេ នៅក្នុងក្រសែភ្នែករបស់ពួកគេ ទាំងនេះសុទ្ធតែជារឿងប្រឌិត និងការស្រមើស្រមៃ ហើយគ្មានអ្វីពិសេសអំពីវាឡើយ។ មិនថាព្រះជាម្ចាស់ធ្វើកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលលើនរណាម្នាក់ ដែលនាំឱ្យទទួលបានផលប្រយោជន៍យ៉ាងធំធេង រហូតដល់ពួកគេអាចក្រោកឈរឡើង ហើយចែករំលែកបទពិសោធរបស់ពួកគេ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់យ៉ាងណាក៏ដោយគឺនៅក្នុងជម្រៅចិត្ត បុគ្គលទាំងនេះមើលងាយរឿងនេះ ដោយគិតថា៖ «តើមានអ្វីអស្ចារ្យទៅ? បន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយជាច្រើនមក តើនរណាដែលថាមិនមានការយល់ដឹងខ្លះនោះ? អ្នកគ្រាន់តែសរសេរអត្ថបទទីបន្ទាល់តាមរយៈបទពិសោធមួយ ហើយអ្នកក៏ស្កប់ស្កល់ ដោយចាត់ទុកខ្លួនឯងជាអ្នកមានជ័យជម្នះឬ? ខ្ញុំចង់ចាំមើលថាតើអ្នកនៅតែត្អូញត្អែរអំពីព្រះដែរឬទេ នៅពេលដែលរឿងរ៉ាវមិនដំណើរការល្អនៅថ្ងៃអនាគត។ ប្រសិនបើព្រះយកកូនរបស់អ្នកទៅ ខ្ញុំចង់ចាំមើលថាតើអ្នកយំដែរឬទេ ហើយថាតើអ្នកនៅតែអាចជឿលើព្រះបានដែរឬទេនៅពេលនោះ!» តើអ្នករាល់គ្នាគិតថាចិត្តរបស់ពួកគេពោរពេញទៅដោយអ្វីខ្លះ? តើវាមិនមែនជាបំណងប្រាថ្នា ដែលចង់ឱ្យពិភពលោកទាំងមូលមានភាពវឹកវរ និងជាការភ័យខ្លាចក្រែងមនុស្សដើរលើផ្លូវត្រូវទេឬអី? សរុបមក មិនថាមានរឿងអ្វីកើតឡើងនៅក្នុងគ្រួសាររបស់នរណាម្នាក់ឡើយ ពួកគេត្រូវតែបញ្ចេញមតិខ្លះៗអំពីរឿងនោះ ប៉ុន្តែមិនថាពួកគេនិយាយអ្វីនោះទេ មនុស្សទាំងនេះសុទ្ធតែមានលក្ខណៈមួយ គឺពួកគេសង្ឃឹមថាមិនមាននរណាម្នាក់បានសុខឡើយ ពោលគឺពួកគេនិយាយពីមនុស្សគ្រប់គ្នាហាក់ដូចជាអ្នកទាំងនោះគ្មានចំណុចល្អទាល់តែសោះ។ ពួកគេសប្បាយចិត្តក្នុងការនិយាយពីអ្នកដទៃដូចជាសំរាម ហើយពួកគេតែងតែត្រេកអរពេលឃើញគេជួបទុក្ខជានិច្ច។ ប្រសិនបើនរណាម្នាក់មានគ្រួសារដ៏ស្ដុកស្ដម្ភ ពួកគេកើតក្ដីច្រណែន ខឹងសម្បា និងស្អប់ខ្ពើម ដោយរអ៊ូរទាំឥតឈប់នៅក្នុងចិត្តរបស់ពួកគេ ហើយប្រាថ្នាចង់ឱ្យព្រះជាម្ចាស់ដកហូតទ្រព្យសម្បត្តិ និងព្រះគុណដែលបុគ្គលនោះសោយសុខ ហើយប្រទានវាមកឱ្យពួកគេវិញ។ ការរអ៊ូរទាំដែលបុគ្គលទាំងនេះនិយាយនៅពីក្រោយខ្នងមនុស្ស គឺពិបាកនឹងស្ដាប់ណាស់។ តើពួកគេមានលក្ខណៈដូចជាអ្នកជឿលើព្រះជាម្ចាស់ត្រង់ណាខ្លះទៅ? ជាការពិតណាស់ មនុស្សប្រភេទនេះក៏ពូកែខាងបន្លំខ្លួនផងដែរ។ មិនថាចិត្តរបស់ពួកគេមានភាពព្យាបាទ ឬងងឹតយ៉ាងណានោះទេ នៅក្នុងវត្តមានរបស់បងប្អូនប្រុសស្រីក្នុងអំឡុងពេលជួបជុំ ពួកគេក៏នឹងប្រកបគ្នាពីការយល់ដឹង និងការយល់ឃើញរបស់ពួកគេដែរ ដោយនិយាយគោលលទ្ធិធំដុំដើម្បីបន្លំខ្លួន បង្កើតរូបភាពដ៏ «រុងរឿង» និងល្អសម្រាប់ខ្លួនឯង។ ប៉ុន្តែ នៅពីក្រោយខ្នង ពួកគេមិននិយាយ ឬប្រព្រឹត្តដូចជាមនុស្សឡើយ។ មនុស្សភាគច្រើន ប្រសិនបើពួកគេមិនធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុគ្គលទាំងនេះ ហើយមិនដឹងពីការបង្ហាញចេញពិតប្រាកដរបស់ពួកគេ ឬអ្វីដែលស្ថិតនៅក្នុងជម្រៅចិត្តរបស់ពួកគេ ដោយគ្រាន់តែបានឮពួកគេនិយាយបានត្រឹមត្រូវក្នុងអំឡុងពេលជួបជុំ នោះពួកគេនឹងមិនបានរកឃើញថាភាពជាមនុស្សរបស់ពួកគេថោកទាប ឬកាចសាហាវប៉ុនណា ឬចរិតលក្ខណៈរបស់ពួកគេអន់ថយប៉ុនណានោះទេ ប៉ុន្តែថែមទាំងបែរជាគិតល្អពីពួកគេទៀតផង។ លុះត្រាតែចំណាយពេលជាមួយពួកគេកាន់តែច្រើន ហើយយល់ពីសកម្មភាព និងឥរិយាបថ របស់ពួកគេនៅក្នុងជីវិតនៅពីក្រោយខ្នង ទើបមនុស្សចាប់ផ្ដើមមានការស្គាល់ពីពួកគេបន្តិចម្ដងៗ ហើយមានអារម្មណ៍ខ្ពើមរអើម។ ហេតុដូច្នេះហើយ ការស្គាល់ពី នរណាម្នាក់មិនគួរផ្អែកតែលើពាក្យសម្ដីពីរោះៗដែលពួកគេនិយាយក្នុងអំឡុងពេលជួបជុំនោះទេ គេក៏ត្រូវតែសង្កេតមើលសកម្មភាព និងពាក្យសម្ដីរបស់ពួកគេនៅក្នុងជីវិតនៅពីក្រោយខ្នងផងដែរ ដើម្បីមើលធ្លុះដល់សារជាតិ និងមុខមាត់ពិតរបស់ពួកគេ។

ក្រៅពីមិននិយាយស្ដីដូចជាមនុស្ស ប្រភេទមនុស្សដែលចូលចិត្តបំភ្លៃការពិត និងនិយាយកុហក មានលក្ខណៈមួយទៀត៖ ពួកគេចង់បញ្ចេញមតិលើមនុស្សគ្រប់គ្នា និងរឿងគ្រប់យ៉ាង សូម្បីតែអ្នកដែលពួកគេមិនស្គាល់ច្បាស់ ឬមិនធ្លាប់ប្រាស្រ័យទាក់ទងជាមួយក៏ដោយ ហើយមិនលើកលែងសូម្បីតែរឿងតូចតាចបំផុតនៅក្នុងជីវិតរបស់អ្នកដទៃឡើយ។ លទ្ធផលនៃការបញ្ចេញមតិរបស់ពួកគេ គឺថាមិនថារឿងអ្វីមួយមានភាពវិជ្ជមានយ៉ាងណានោះទេ ពាក្យសម្ដីរបស់ពួកគេបំភ្លៃវាឱ្យទៅជារឿងអវិជ្ជមាន។ មិនថារឿងអ្វីមួយត្រឹមត្រូវយ៉ាងណានោះទេ វាត្រូវបានបំភ្លៃទៅជារឿងអវិជ្ជមាននៅពេលដែលវាឆ្លងកាត់បបូរ មាត់ដ៏ថោកទាបរបស់ពួកគេ។ រឿងនេះធ្វើឱ្យពួកគេសប្បាយចិត្ត ធ្វើឱ្យពួកគេហូបបាន និងគេងលក់ស្រួល។ ចូរប្រាប់ខ្ញុំមើល៍ តើនេះជាភាវៈប្រភេទណាទៅ? ជាឧទាហរណ៍ ប្រសិនបើបងប្អូនប្រុសស្រីមួយចំនួនមានចំណូលល្អនៅឆ្នាំនេះ ហើយមានជីវភាពធូរធារជាងមុន ដោយថ្វាយច្រើនជាងមុនបន្តិច លើសពីមួយភាគដប់ ពួកគេកើតក្ដីច្រណែន ហើយនិយាយថា៖ «ហេតុអ្វីបានជាអ្នកថ្វាយច្រើនយ៉ាងនេះនៅឆ្នាំនេះ? ការដែលព្រះ កំណត់ថាតើបុគ្គលម្នាក់ល្អ ឬអាក្រក់ គឺមិនផ្អែកលើចំនួនដែលអ្នកថ្វាយនោះទេ។ តើភាពខ្នះខ្នែងរបស់អ្នកមានប្រយោជន៍អ្វីទៅ? ដំណាក់របស់ព្រះមិនខ្វះលុយឡើយ»។ ពាក្យសម្ដីមិនគាប់ត្រចៀកចេញមកម្ដងទៀតហើយ មែនទេ? មិនថាអ្នកណាធ្វើរឿងត្រឹមត្រូវ ឬរឿងដែលស្របតាមសេចក្ដីពិតនោះទេ ពួកគេយល់ថាវាជារឿងគួរឱ្យជំទាស់ ហើយមានអារម្មណ៍ខ្ពើមរអើមយ៉ាងខ្លាំងនៅក្នុងចិត្ត។ ពួកគេព្យាយាមគ្រប់មធ្យោបាយដើម្បីចាប់កំហុសអ្នក ស្វែងរកលេសដើម្បីវាយប្រហារ ចោទប្រកាន់ និងថ្កោលទោសអ្នក រហូតទាល់តែពួកគេបានវាយបំបាក់អ្នក និងកម្ចាត់ភាពវិជ្ជមានចេញពីអ្នក ដោយទុកឱ្យអ្នកមានភាពច្របូកច្របល់យ៉ាងខ្លាំង ហើយមិនអាចបែងចែក ថាអ្វីដែលត្រឹមត្រូវ និងអ្វីដែលមិនត្រឹមត្រូវ។ បន្ទាប់មក ពួកគេសើចសប្បាយ ដោយចំអកឱ្យអ្នកនៅក្នុងចិត្ត ហើយនិយាយទៅកាន់ខ្លួនឯងថា៖ «អ្នកមានសមត្ថភាពត្រឹមតែប៉ុណ្ណឹងសោះ ហើយអ្នកនៅតែនិយាយអំពីទីបន្ទាល់តាមរយៈបទពិសោធទៀត!» នេះគឺជាអារក្សដែលបង្ហាញពីមុខមាត់ពិតរបស់វា តើមិនអីចឹងទេឬ? តើនេះមិនមែនជាពាក្យសម្ដីរបស់អ្នកបម្រើសាតាំង ជាអាទទឹងនឹងព្រះគ្រីស្ទទេឬអី? (មែនហើយ) ខ្ញុំកាន់តែនិយាយអំពីមនុស្សប្រភេទនេះ ខ្ញុំកាន់តែមានអារម្មណ៍ខឹង និងខ្ពើមរអើមឡើង។ តើអ្នករាល់គ្នាធ្លាប់ជួបប្រទះបុគ្គលបែបនេះដែរឬទេ? មិនថារូបរាង ឬទម្រង់មុខរបស់ពួកគេយ៉ាងណានោះទេ នៅពេលណាដែលពួកគេរៀបនឹងបំភ្លៃការពិត និងនិយាយកុហក ទឹកមុខរបស់ពួកគេប្រែជាចម្លែក៖ បបូរមាត់កោងវៀច ភ្នែកស្រលៀង លែងសម្លឹងមើលអ្នកដទៃចំៗ ហើយទម្រង់មុខរបស់មនុស្សមួយចំនួនថែមទាំងហាក់ដូចជាខុសប្រក្រតីទៀតផង។ នេះគឺជាសញ្ញាមួយដែលត្រូវបានបញ្ជូនមកកាន់អ្នក ដោយប្រាប់អ្នកថាពួកគេរៀបនឹងនិយាយស្ដីមិនដូចជាមនុស្សឡើយ។ ដូច្នេះ តើអ្នកត្រូវធ្វើដូចម្ដេច? តើអ្នកទទួលយកសញ្ញានេះ ឬរារាំងវា? (រារាំងវា។) អ្នកត្រូវតែដកខ្លួនចេញឱ្យឆ្ងាយ ដោយប្រាប់ពួកគេថា៖ «កុំនិយាយអី ខ្ញុំមិនចង់ឮទេ។ អ្នកនិយាយចេចចូចច្រើនពេកហើយ។ ប្រសិនបើអ្នកមិននិយាយស្ដីដូចជាមនុស្សទេ នោះចូរនៅឱ្យឆ្ងាយពីខ្ញុំទៅ។ ខ្ញុំមិនចង់ទទួលរងការរំខានរបស់អ្នកទេ ខ្ញុំមិនចង់ជាប់ផុងក្នុងទំនាក់ទំនងរវាងបុគ្គលដែលមិនត្រឹមត្រូវទាំងនេះឡើយ ខ្ញុំមិនចង់រវីរវល់ជាមួយមនុស្សដូចជាអ្នកទេ»។ ចូរសង្កេត និងមើលថាតើនរណាក្នុងចំណោមអ្នករាល់គ្នាដែលចូលចិត្តបំភ្លៃការពិត និងនិយាយកុហក នរណាដែលមានអត្តចរិតបែបនេះ ហើយបន្ទាប់មកប្រញាប់ដកខ្លួនចេញឱ្យឆ្ងាយពីពួកគេ។ តើអ្វីជាលក្ខណៈនៃភាពជាមនុស្សរបស់បុគ្គលទាំងនេះ? គឺការនិយាយស្ដីពោរពេញដោយពិសពុល ឬនិយាយឱ្យសាមញ្ញទៅ គឺមាន «អណ្តាតពិសពុល»។ តាមរយៈការលាតត្រដាងពាក្យសម្ដីពិសពុលរបស់ពួកគេ អ្នកអាចមើលឃើញពីការលើកឡើងផ្សេងៗដែលពួកគេបញ្ចេញមក។ តាមរយៈការលើកឡើងរបស់ពួកគេ អ្នកអាចមើលឃើញពីពិភពខាងក្នុងរបស់ពួកគេ ហើយកំណត់យ៉ាងច្បាស់ថាតើសារជាតិភាពជាមនុស្សរបស់ពួកគេគឺជាអ្វី ហើយថាតើពួកគេជាមនុស្សអាក្រក់ដែរឬទេ។ មនុស្សប្រភេទនេះដែលចូលចិត្តបំភ្លៃការពិត និងនិយាយកុហក តាមរយៈសញ្ញា និងការលើកឡើងផ្សេងៗដែលពួកគេបញ្ចេញមក ធ្វើឱ្យអ្នកដទៃអាចចាត់ថ្នាក់ពួកគេយ៉ាងច្បាស់ថាជាមនុស្សអាក្រក់។ មនុស្សប្រភេទនេះបំពេញតាមស្ដង់ដាទាំងស្រុងសម្រាប់ការត្រូវបោសសម្អាតចេញ ឬបណ្ដេញចេញ មិនអាចមានភាពមេត្តាករុណាចំពោះពួកគេឡើយ។ គេត្រូវតែបោសសម្អាតពួកគេចេញ ហើយមិនត្រូវបណ្ដោយឱ្យពួកគេបង្កការរំខាននៅក្នុងពួកជំនុំឡើយ។

យើងទើបតែបានប្រកបគ្នាអំពីលក្ខណៈនៃប្រភេទមនុស្សដែលចូលចិត្តបំភ្លៃការពិត និងនិយាយកុហក ហើយវាគួរតែអាចមើលឃើញច្បាស់ចេញពីស្ថានភាពនៃសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ និងពីការបង្ហាញចេញនូវភាពជាមនុស្សរបស់ពួកគេ ថាពួកគេគឺជាប្រភេទមនុស្សដែលស្អប់ខ្ពើមសេចក្ដីពិត ហើយដែលមិនស្រឡាញ់សេចក្ដីពិត។ ភាពជាមនុស្សរបស់ពួកគេគឺអន់ថយដល់កម្រិតមួយដែលពួកគេមិនស្ដាប់ហេតុផល ហើយខ្វះសូម្បីតែសីលធម៌មនុស្សជាមូលដ្ឋានបំផុត។ គ្រាន់តែថាក្នុងករណីជាក់លាក់របស់ពួកគេ លក្ខណៈនៃភាពជាមនុស្សដ៏អន់ថយរបស់ពួកគេ គឺពួកគេចូលចិត្តបំភ្លៃការពិត និងនិយាយកុហកជាពិសេស។ ចេញពីពាក្យសម្ដីដែលពួកគេនិយាយ គេអាចសង្កេតមើលលក្ខណៈនៃភាពជាមនុស្សរបស់ពួកគេ និងសារជាតិភាពជាមនុស្សរបស់ពួកគេ។ ច្បាស់ណាស់ មនុស្សប្រភេទនេះគឺជាបុគ្គលដែលមានភាពជាមនុស្សអន់ថយ។ តើភាពជាមនុស្សរបស់ពួកគេអន់ថយដល់កម្រិតណា? គឺអន់ថយដល់កម្រិតអាក្រក់ ដែលហេតុនេះចាត់ចូលពួកគេទៅក្នុងប្រភេទមនុស្សអាក្រក់។ នេះគឺដោយសារតែពាក្យសម្ដីដែលពួកគេជាធម្មតានិយាយ មិនមែនគ្រាន់តែជាការរអ៊ូរទាំម្ដងម្កាល និងការសម្តែងចេញនូវ ការច្រណែនបន្តិចបន្តួច ឬការបង្ហាញគុណវិបត្តិ របស់មនុស្សម្ដងម្កាលនោះទេ។ ការបង្ហាញ ចេញរបស់ពួកគេមិនមែនជានិស្ស័យពុករលួយធម្មតា និងសាមញ្ញនោះទេ ប៉ុន្តែវាគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ពួកគេអាចត្រូវបានចាត់ថ្នាក់ជាមនុស្សអាក្រក់។ នេះគឺជាប្រភេទមនុស្សទីមួយ៖ អ្នកដែលចូលចិត្តបំភ្លៃការពិត និងនិយាយកុហក។

ខ. ចូលចិត្តកេងចំណេញ

មនុស្សប្រភេទទីពីរ គឺជាអ្នកដែលចូលចិត្តកេងចំណេញ។ មនុស្សមួយចំនួនច្បាស់ជាមានសញ្ញាណ នៅពេលនិយាយដល់ការប្រកបគ្នាអំពីការចូលចិត្តកេងចំណេញ ដោយគិតថា «តើមានមនុស្សពុករលួយណាដែលមិនចូលចិត្តកេងចំណេញនោះ? វាជាធម្មជាតិរបស់មនុស្សទៅហើយ ដរាបណាវាមិនមែនជាការធ្វើអាក្រក់ តើការកេងចំណេញបន្តិចបន្តួចមានរឿងអ្វីធ្ងន់ធ្ងរទៅ?» ការចូលចិត្តកេងចំណេញដែលយើងកំពុងប្រកបគ្នានៅទីនេះ គឺហួសពីវិសាលភាពនៃការចូលចិត្តកេងចំណេញរបស់មនុស្សធម្មតាទៅទៀត គឺវាឈានដល់កម្រិតនៃភាពអាក្រក់។ ប្រហែលជាមានមនុស្សប្រភេទនេះច្រើនគួរសមនៅក្នុងពួកជំនុំ ឬយ៉ាងហោចណាស់ក៏មានមួយផ្នែកដែរ។ ដោយយកលេសថា «យើងសុទ្ធតែជាបងប្អូនប្រុសស្រីនឹងគ្នា» ពួកគេកេងចំណេញនៅគ្រប់ទីកន្លែង កេងចំណេញក្នុងចំណោមបងប្អូនប្រុសស្រី នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងនៅក្នុងពួកជំនុំ។ តើពួកគេកេងចំណេញអ្វីខ្លះ? ឧទាហរណ៍ ប្រសិនបើគ្រួសាររបស់ពួកគេត្រូវការទិញផ្ទះ ប៉ុន្តែពួកគេមិនមានលុយគ្រប់គ្រាន់ ពួកគេមិនទៅរកសាច់ញាតិ ឬមិត្តភក្ដិដើម្បីខ្ចីលុយទេ ហើយពួកគេក៏មិនទៅធនាគារដើម្បីខ្ចីលុយដែរ ពួកគេខ្ចីពីបងប្អូនប្រុសស្រី ដោយមិននិយាយពីការប្រាក់ ឬពេលណាដែលពួកគេនឹងសងប្រាក់នោះឡើយ គឺពួកគេគ្រាន់តែខ្ចីយកៗតែម្ដង។ ការនិយាយថាពួកគេកំពុង «ខ្ចី» គឺជាការនិយាយឱ្យស្ដាប់ទៅពីរោះប៉ុណ្ណោះ តាមពិតទៅ ពួកគេគ្រាន់តែយកវាទទេៗ ពីព្រោះពួកគេមិនដែលមានបំណងសងប្រាក់ ឬបង់ការប្រាក់ឡើយ។ ហេតុអ្វីបានជាពួកគេតម្រង់ទិសដៅទៅលើបងប្អូនប្រុសស្រី? ពួកគេគិតថា ដោយសារតែពួកគេសុទ្ធតែជាបងប្អូនប្រុសស្រីនឹងគ្នា ពួកគេគួរតែជួយគ្នានៅពេលមានការលំបាក ហើយប្រសិនបើនរណាម្នាក់មិនជួយទេ នោះពួកគេមិនមែនជាបងប្អូនប្រុសស្រីឡើយ។ ដូច្នេះ ពួកគេទៅរកបងប្អូនប្រុសស្រីដើម្បីខ្ចីលុយ ដោយរកហេតុផលដើម្បីធ្វើឱ្យបងប្អូនប្រុសស្រីមានអារម្មណ៍ថា វាជារឿងត្រឹមត្រូវ និងសមហេតុផលក្នុងការឱ្យពួកគេខ្ចីលុយ។ មនុស្សមួយចំនួនទៀតឃើញថា គ្រួសាររបស់បងប្អូនប្រុសស្រីមានឡាន ហើយចេះតែនឹកគិតពីឡាននោះ ដោយសុំខ្ចីវាឥតឈប់រៀងរាល់ពីរឬបីថ្ងៃម្ដង។ ពួកគេខ្ចីវា ប៉ុន្តែមិនព្រមយកមកឱ្យវិញទេ ហើយមិនចាក់សាំងបំពេញវិញឡើយ ហើយជួនកាលថែមទាំងធ្វើឱ្យកំពិតតួឡាន ឬបុកឡាននោះទៀតផង។ ពួកគេចង់បាន និងរិះរកមធ្យោបាយយកម្ហូបអាហារឆ្ងាញ់ៗ របស់របរមានប្រយោជន៍ ឬរបស់មានតម្លៃណាមួយដែលពួកគេឃើញនៅក្នុងផ្ទះរបស់អ្នកដទៃ ដោយលោភលន់ចង់បានរបស់ទាំងនោះសម្រាប់ខ្លួនឯង។ មិនថាពួកគេទៅផ្ទះរបស់អ្នកណាក៏ដោយ ភ្នែករបស់ពួកគេភ្លឺផ្លេកដោយសេចក្ដីលោភលន់ដូចចោរ ខណៈដែលពួកគេស្វែងរក និងមើលគ្រប់ទីកន្លែង ដើម្បីរកមើលផលប្រយោជន៍ណាមួយដែលពួកគេអាចទទួលបាន ឬរបស់របរណាមួយដែលពួកគេអាចយកបាន សូម្បីតែរុក្ខជាតិក្នុងផើងតូចមួយក៏ពួកគេមិនលែងឡើយ។ នៅពេលចេញក្រៅ ឬទទួលទានអាហារជាមួយអ្នកដទៃ ពួកគេមិនដែលស្ម័គ្រចិត្តបង់ថ្លៃធ្វើដំណើរ ឬថ្លៃអាហារឡើយ។ រាល់ពេលដែលពួកគេឃើញរបស់ល្អ ពួកគេចង់ទិញវា ប៉ុន្តែនៅពេលដល់ពេលត្រូវបង់លុយ ពួកគេឱ្យអ្នកដទៃចេញលុយជំនួសពួកគេ ហើយបន្ទាប់មក ពួកគេមិនទាំងនិយាយពីការសងលុយវិញផង ពួកគេគ្រាន់តែចង់កេងចំណេញ ទោះបីជាវាគ្រាន់តែទទួលបានមួយកាក់មួយសេនក៏ដោយ។ ប្រសិនបើអ្នកចង់បានរបស់ល្អ អ្នកអាចបង់លុយទិញវាដោយខ្លួនឯងបាន ប្រសិនបើអ្នកមិនចង់បង់ដោយលុយផ្ទាល់ខ្លួនរបស់អ្នកទេ នោះកុំស្វែងរកការកេងចំណេញពីអ្នកដទៃឱ្យសោះ ហើយកុំលោភលន់ពេក អ្នកគួរតែមានសេចក្ដីសុចរិតខ្លះ ដើម្បីទទួលបានការគោរពពីអ្នកដទៃ។ ប៉ុន្តែបុគ្គលប្រភេទនេះខ្វះសេចក្ដីសុចរិត ដោយគ្រាន់តែចង់កេងចំណេញ ហើយមានអារម្មណ៍កាន់តែសប្បាយរីករាយឡើង នៅពេលដែលពួកគេកេងចំណេញបានកាន់តែច្រើន។ តើការលេចឡើងនូវមនុស្សបែបនេះនៅក្នុងពួកជំនុំគឺជាភាពអាម៉ាស់ ឬជាសិរីល្អ? (ជាភាពអាម៉ាស់។) វាគឺជាភាពអាម៉ាស់។ តើអ្នករាល់គ្នានឹងនិយាយថា ការដែលពួកគេកេងចំណេញបែបនេះ គឺជារឿងចាំបាច់ដែរឬទេ? តើមកពីពួកគេគ្មានលុយទិញអាហារ ឬគ្មានលុយទិញម្ហូបអាហារផ្គត់ផ្គង់គ្រួសាររបស់ពួកគេមែនទេ? មិនមែនទាល់តែសោះ។ តាមពិតទៅ ពួកគេមានលុយគ្រប់គ្រាន់សម្រាប់ចាយវាយ និងមានម្ហូបអាហារគ្រប់គ្រាន់សម្រាប់ហូបចុក គ្រាន់តែសេចក្ដីលោភលន់របស់ពួកគេមានទំហំធំខ្លាំង រហូតដល់ថ្នាក់វាធ្វើឱ្យពួកគេបាត់បង់សេចក្ដីសុចរិតរបស់ពួកគេអស់ ហើយរហូតដល់ថ្នាក់វាធ្វើឱ្យអ្នកដទៃស្អប់ខ្ពើម និងខ្ពើមរអើម។ តើមនុស្សបែបនេះល្អដែរឬទេ? (ទេ។) មនុស្សមួយចំនួនតែងតែសម្លឹងរកការកេងចំណេញនៅពេលបំពេញភារកិច្ចរបស់ខ្លួន ដោយមានអារម្មណ៍រងគ្រោះ ប្រសិនបើពួកគេខាតបង់សូម្បីតែបន្តិចបន្តួច ហើយមានអារម្មណ៍ថាចាំបាច់ត្រូវតែនិយាយអំពីរឿងនេះ។ នៅពេលត្រូវបានចាត់តាំងឱ្យធ្វើកិច្ចការណាមួយ ពួកគេតែងតែលើកយកប្រធានបទរឿងលុយកាក់មកនិយាយ៖ «ថ្លៃធ្វើដំណើរសម្រាប់ការធ្វើដំណើរមួយជើង នឹងត្រូវចំណាយអស់ប៉ុណ្ណេះៗ ថ្លៃស្នាក់នៅនឹងត្រូវចំណាយអស់ប៉ុណ្ណេះៗ ថ្លៃអាហារនឹងត្រូវចំណាយអស់ប៉ុណ្ណេះៗ និងអ្វីៗផ្សេងទៀត»។ ពួកគេត្រូវបានគេប្រាប់ថា «កុំបារម្ភរឿងលុយកាក់អី ពួកជំនុំនឹងផ្គត់ផ្គង់ឱ្យ»។ ប៉ុន្តែបន្ទាប់ពីទទួលបានលុយហើយ ពួកគេនៅតែគិតមិនសុខចិត្តពីរឿងនេះ ដោយនិយាយថា៖ «លុយនេះមិនគ្រប់ទេ។ តើខ្ញុំអាចធ្វើអ្វីបាននៅទីនោះ ជាមួយនឹងលុយត្រឹមតែ ២០០ យ័ននោះ? មានពាក្យពោលថា 'នៅផ្ទះត្រូវសន្សំសំចៃ ប៉ុន្តែពេលធ្វើដំណើរត្រូវយកលុយទៅឱ្យបានច្រើន'។ ខ្ញុំត្រូវតែយកលុយបម្រុងទៅបន្ថែមខ្លះទៀត ប្រសិនបើខ្ញុំចាយមិនអស់ទេ ខ្ញុំនឹងប្រគល់លុយដែលនៅសល់ទៅឱ្យពួកជំនុំវិញ»។ នៅពេលពួកគេត្រឡប់មកវិញ ពួកគេមិននិយាយអ្វីសោះអំពីការមានលុយនៅសល់ ហើយពួកគេក៏មិនរាយការណ៍ពីការចំណាយរបស់ពួកគេដែរ។ ពួកគេថែមទាំងហ៊ានកេងចំណេញពីពួកជំនុំទៀតផង តើពួកគេហ៊ានកិបកេងតង្វាយរបស់ព្រះជាម្ចាស់ដែរឬទេ? (ហ៊ាន។) តើពួកគេជាភាវៈប្រភេទណាទៅ? ពួកគេខ្វះសេចក្ដីសុចរិត ព្រមទាំងខ្វះមនសិការ និងវិចារណញ្ញាណ។ តើព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យនឹងមនុស្សបែបនេះដែរឬទេ? មនុស្សមួយចំនួនទៀតថែមទាំងទៅកន្លែងជួបជុំ ឬទីតាំងទទួលភ្ញៀវ ដើម្បីងូតទឹក កក់សក់ និងបោកខោអាវ ដោយប្រើប្រាស់ម៉ាស៊ីនបោកគក់ ម៉ាស៊ីនទឹកក្ដៅ សាប៊ូកក់សក់ សាប៊ូបោកខោអាវរបស់ពួកជំនុំ និងអ្វីៗផ្សេងទៀត។ ពួកគេថែមទាំងកេងចំណេញពីរបស់របរប្រើប្រាស់ទាំងនេះ ដោយប្រើប្រាស់របស់របររបស់ពួកជំនុំ ដើម្បីសន្សំសំចៃរបស់ខ្លួនឯងទៀតផង។ ពួកគេគិតថា ដោយសារតែពួកគេជឿលើព្រះជាម្ចាស់ ពួកគេគឺជាផ្នែកមួយនៃដំណាក់របស់ព្រះជាម្ចាស់ ហើយដូច្នេះ របស់របរណាមួយដែលជារបស់ដំណាក់របស់ព្រះជាម្ចាស់ គឺជារបស់ពួកគេដែលអាចប្រើប្រាស់បានដោយសេរី ដោយគិតថា មុខជាខាតប្រសិនបើមិនប្រើវា ឬមិនយកវា ឬមិនកេងចំណេញពីវា ហើយទោះបីជាពួកគេធ្វើឱ្យវាខូចក៏ដោយ ក៏ពួកគេគ្មានបំណងសងការខូចខាតនោះឡើយ។ នៅពេលនិយាយដល់របស់របរផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេចេះប្រើប្រាស់វាដោយសន្សំសំចៃ និងថែរក្សាវាយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែពួកគេប្រើប្រាស់ឧបករណ៍ និងរបស់របររបស់ដំណាក់របស់ព្រះជាម្ចាស់តាមតែចិត្តចង់ ដោយមិនសងការខូចខាតឡើយ ប្រសិនបើពួកគេធ្វើឱ្យវាខូច។ តើពួកគេជាមនុស្សល្អដែរឬទេ? ពួកគេច្បាស់ណាស់ថាមិនមែនជាមនុស្សល្អអ្វីឡើយ។ ជាពិសេស ក្នុងករណីខ្លះដែលពួកជំនុំត្រូវការទិញរបស់របរមួយចំនួន ពួកគេស្ម័គ្រចិត្តយ៉ាងសកម្ម ដោយសុខចិត្ត ជាពិសេសក្នុងការចាត់ការកិច្ចការបែបនេះ។ ហេតុអ្វីបានជាពួកគេចង់ធ្វើម៉្លេះ? ពួកគេជឿថាមានផលចំណេញដែលអាចទទួលបាន និងមានផលប្រយោជន៍ដែលអាចកេងយកបាន បន្ទាប់ពីទិញរបស់របររួច ពួកគេយកលុយដែលនៅសល់ទុកសម្រាប់ខ្លួនឯង។ ពួកគេចង់កេងចំណេញពីអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដោយគិតថាមុខជាខាតប្រសិនបើមិនធ្វើដូច្នេះ នេះគឺជាតក្កវិជ្ជាដែលពួកគេប្រកាន់ខ្ជាប់។ ប្រសិនបើពួកគេមិនអាចកេងចំណេញបានទេ ពួកគេជេរប្រមាថបងប្អូនប្រុសស្រី និងជេរប្រមាថដំណាក់របស់ព្រះជាម្ចាស់ គឺពួកគេជេរប្រមាថមនុស្សគ្រប់គ្នា ពួកគេគ្រាន់តែជាអារក្សអាក្រក់ ជាអ្នកសុំទានដ៏ស្អុយរលួយ ជាអ្នកសុំទានតោកយ៉ាក ដែលកាន់ចានសុំនៅគ្រប់ទីកន្លែង ដើម្បីប្រើល្បិចយកផលប្រយោជន៍ និងកេងចំណេញប៉ុណ្ណោះ។ មនុស្សនិយាយថា៖ «អ្នកតែងតែសុំនេះសុំនោះ តើអ្នកមិនមែនគ្រាន់តែជាអ្នកសុំទានដ៏ស្អុយរលួយទេឬអី?» ពួកគេឆ្លើយតបថា៖ «មិនអីទេ ហៅខ្ញុំថាម៉េចក៏បានដែរ ហៅថាមនុស្សកំណាញ់ មនុស្សស្វិត អ្នកសុំទានដ៏ស្អុយរលួយ អ្នកសុំទានតោកយ៉ាក មនុស្សទាល់ក្រ ឱ្យតែខ្ញុំអាចទទួលបានផលប្រយោជន៍ គឺមិនអីទេ»។ តើមនុស្សប្រភេទនេះមានសេចក្ដីសុចរិតដែរឬទេ? (ទេ។) តើមនុស្សបែបនេះមិនបង្កការរំខានក្នុងកម្រិតមួយ ដល់បងប្អូនប្រុសស្រីទេឬអី? ជាពិសេសចំពោះគ្រួសារដែលរស់នៅក្នុងស្ថានភាពលំបាក មានហិរញ្ញវត្ថុខ្សត់ខ្សោយ តើពួកគេមិនបង្កការរំខាន និងការធ្វើឱ្យខូចខាតក្នុងកម្រិតមួយទេឬអី? (មែនហើយ បង្ក។) តើពួកគេអាចជះឥទ្ធិពលអវិជ្ជមានដល់អ្នកដែលមានកម្ពស់ខាងវិញ្ញាណនៅក្មេងខ្ចី និងដែលងាយរងគ្រោះជាពិសេសដែរឬទេ? (មែនហើយ អាច។) មនុស្សមានអារម្មណ៍ខ្ពើមរអើមគ្រាន់តែឃើញពួកគេភ្លាម មនុស្សគ្រប់គ្នាដែលឃើញពួកគេមានអារម្មណ៍ធុញថប់ ប៉ុន្តែពួកគេសុទ្ធតែក្រែងចិត្តមិនហ៊ានបដិសេធ ដូច្នេះក៏បណ្ដោយឱ្យខ្លួនឯងត្រូវពួកគេជំរិតទារយ៉ាងចំហបែបនេះទៅ។ មនុស្សគ្រប់គ្នាដឹងថាពួកគេមានភាពជាមនុស្សអាក្រក់ និងមានចរិតលក្ខណៈទាបខ្សោយ ប៉ុន្តែ ដោយពិចារណាថាពួកគេសុទ្ធតែជាបងប្អូនប្រុសស្រីនឹងគ្នា ហើយដោយឃើញថាជួនកាលពួកគេអាចបំពេញភារកិច្ចខ្លះៗបាន និងមានសេចក្ដីជំនឿបន្តិចបន្តួច ហើយម្ដងម្កាលអាចបញ្ចេញកម្លាំងបន្តិចបន្តួចដោយការទទួលភ្ញៀវនៅផ្ទះរបស់ពួកគេ ពោលគឺ ដោយយោគយល់ដល់រឿងទាំងនេះ មនុស្សភាគច្រើនក៏ធ្មេចភ្នែកមើលរំលងចំពោះឥរិយាបថ នៃការកេងចំណេញនៅគ្រប់ទីកន្លែងដែលពួកគេទៅ ហើយមិនចាត់ទុកវាជារឿងធ្ងន់ធ្ងរឡើយ។ ប៉ុន្តែការរំខានដែលពួកគេបង្កឡើងនៅក្នុងពួកជំនុំ កាន់តែមានទំហំធំឡើងៗ ល្មមនឹងធ្វើឱ្យមនុស្សភាគច្រើនមានអារម្មណ៍មិនស្រួល តើនេះមិនមែនជាបញ្ហាទេឬអី? (មែនហើយ ជាបញ្ហា។) បុគ្គលទាំងនេះ ទោះបីជាពួកគេមិនមែនជាឆ្កែឆ្កួតដែលខាំមនុស្សនៅគ្រប់ទីកន្លែង និងអាចខាំមនុស្សឱ្យស្លាប់ក៏ដោយ ក៏ពួកគេប្រៀបដូចជារុយដ៏គួរឱ្យរំខាន ដែលការរំខានរបស់វាធ្វើឱ្យមនុស្សគ្មានពេលសម្រាកឡើយ។ ប្រសិនបើពួកគេមិនត្រូវបានបោសសម្អាតចេញទេ ពួកគេនឹងបង្កការរំខានមិនចេះចប់មិនចេះហើយ។ ការដែលពួកគេនៅបន្តក្នុងពួកជំនុំនឹងនាំឱ្យមានភយន្តរាយឥតឈប់ ដោយធ្វើឱ្យមនុស្សបាត់បង់សេចក្ដីសុខសាន្ត។ បន្ទាប់ពីត្រូវបានរំខាន មនុស្សមានអារម្មណ៍ធុញថប់យ៉ាងខ្លាំង ហើយជារឿយៗមានការស្អប់ខ្ពើមចំពោះបុគ្គលបែបនេះ ប៉ុន្តែដោយគ្មានដំណោះស្រាយ ពួកគេគ្រាន់តែទ្រាំទ្រនឹងវា ម្ដងហើយម្ដងទៀត។ តើពួកគេជាបុគ្គលប្រភេទណាទៅ? មិននឹកស្មានថាមានមនុស្សចោលម្សៀត ដ៏គួរឱ្យស្អប់ខ្ពើមបែបនេះក្នុងចំណោមមនុស្សសោះ ហេតុអ្វីបានជាបុគ្គលបែបនេះជឿលើព្រះជាម្ចាស់ទៅវិញ? ពួកគេពិតជាមិនស័ក្តិសមនឹងរស់នៅឡើយ! កេងចំណេញពីអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន គឺពិតជាគួរឱ្យខ្មាសអៀនណាស់! គ្រាន់តែសោយសុខនឹងរបស់របរខាងសម្ភារៈឱ្យបានច្រើនតាមដែលសមត្ថភាពរបស់អ្នកអាចធ្វើបានទៅ ប្រសិនបើអ្នកខ្វះសមត្ថភាព នោះកុំសោយសុខ ឬកិបកេងរបស់របស់អ្នកដទៃអី។ ប្រសិនបើអ្នកកេងចំណេញតាមរបៀបតូចតាច និងមិនសំខាន់ ដោយសារតែអ្នកដទៃផ្ដល់អ្វីមួយដោយឥតគិតថ្លៃម្ដងម្កាលដោយក្ដីសប្បុរស ឬដោយសារតែអ្នកមានការចូលចិត្តជាពិសេសចំពោះអ្វីមួយ ឬលង់ស្រឡាញ់អ្វីមួយ នោះមនុស្សគ្រប់គ្នាអាចអត់ទោសឱ្យបាន។ ដូចពាក្យពោលថា «ភាពក្រីក្រដាក់កំហិតមហិច្ឆតា» វាមិនមែនជាបញ្ហាធំដុំឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកតែងតែស្វែងរកការកេងចំណេញបែបនេះ រហូតដល់ថ្នាក់ក្លាយជាមនុស្សគ្មានភាពអៀនខ្មាស និងមិនចេះខ្មាសអៀនអំពីរឿងនេះ ហើយប្រែទៅជាអ្នកសុំទានដ៏ស្អុយរលួយ ឬប្រែទៅជាឆ្កែឆ្កួត ឬសត្វរុយនៅក្នុងក្រសែភ្នែករបស់មនុស្សគ្រប់គ្នា នោះអ្នកគួរតែត្រូវបានបោសសម្អាតចេញភ្លាម។ មនុស្សប្រភេទនេះគួរតែត្រូវបានចាត់ចែងឱ្យបានដាច់ស្រេចម្ដងជាស្ថាពរ ដើម្បីបញ្ចប់បញ្ហាទាំងអស់នេះ។

ចំពោះអ្នកដែលចូលចិត្តកេងចំណេញ តើអ្នករាល់គ្នាអាចអត់ឱន នឹងពួកគេបានកម្រិតណា? ប្រសិនបើអ្នករាល់គ្នាពិតជាមិនអាចទ្រាំនឹងពួកគេបាន ហើយមានអារម្មណ៍ដូចជាបានលេបរុយងាប់មួយក្បាល បន្ទាប់ពីត្រូវពួកគេកេងចំណេញ ពោលគឺ ដោយអ្នករាល់គ្នាភាគច្រើនខឹងយ៉ាងខ្លាំងទប់មិនបាន ហើយតែងតែត្អូញត្អែរអំពីពួកគេនៅពេលដែលអ្នករាល់គ្នានៅជុំគ្នា ប្រសិនបើដល់ចំណុចនេះទៅហើយ តើពួកគេមិនគួរត្រូវបានបោសសម្អាតចេញរួចទៅហើយទេឬអី? (មែនហើយ គួរ។) នៅពេលដែលវាក្លាយជារឿងដែលមិនអាចអត់ឱន បាន នៅពេលដែលវាឈានដល់កម្រិតកំណត់ មនុស្សគ្រប់គ្នាគួរតែរួមដៃគ្នាបោសសម្អាតពួកគេចេញ។ នេះគឺជាការកម្ចាត់មេរោគចេញពីដំណាក់របស់ព្រះជាម្ចាស់ វាជារឿងដែលធ្វើឱ្យមនុស្សត្រេកអរយ៉ាងខ្លាំង។ មនុស្សបែបនេះគ្រាន់តែជាមនុស្សថោកទាប ដែលបង្កភាពចលាចលក្នុងចំណោមមនុស្សភាគច្រើនប៉ុណ្ណោះ។ នេះបង្កើតបានជាហេតុការណ៍ដ៏អាក្រក់មួយ ដែលរំខាន និងបង្អាក់ដល់ជីវិតពួកជំនុំ ដោយបង្ខំឱ្យមនុស្សមកជួបជុំគ្នាដើម្បីប្រកបគ្នា និងដោះស្រាយបញ្ហាទាក់ទងនឹងបុគ្គលនេះ។ ការអនុវត្តនេះគឺមានហេតុផលត្រឹមត្រូវ ពីព្រោះការរំខានដែលត្រូវបានបង្កឡើងដោយមនុស្សអាក្រក់ បានធ្វើបាបមនុស្សមួយចំនួនរួចទៅហើយ។ ដើម្បីរារាំងមនុស្សអាក្រក់មិនឱ្យបន្តធ្វើអាក្រក់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំ និងដើម្បីការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់កុំឱ្យរងគ្រោះថ្នាក់តទៅទៀត មនុស្សអាក្រក់គួរតែត្រូវបានចាត់ចែង និងជម្រះចេញឱ្យលឿន។ ប្រសិនបើពួកគេអាចរាយការណ៍ប្ដឹងពួកជំនុំ បន្ទាប់ពីត្រូវបានបោសសម្អាតចេញ នោះគួរតែប្រាប់ពួកគេដោយឈ្លាសវៃថា៖ «អ្នកមិនកំពុងត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញឡើយ។ ចូរត្រឡប់ទៅផ្ទះវិញដើម្បីនៅដាច់ដោយឡែក និងឆ្លុះបញ្ចាំងពីខ្លួនឯងចុះ។ នៅពេលដែលអ្នកបានឆ្លុះបញ្ចាំងត្រឹមត្រូវហើយ ចូរសរសេរលិខិតប្រែចិត្តមួយមក ហើយបន្ទាប់មក យើងអាចស្វាគមន៍អ្នកត្រឡប់មកពួកជំនុំវិញបាន។ សម្រាប់ពេលនេះ អ្នកគួរតែព្យាយាមរកលុយឱ្យបានច្រើន និងរីករាយនឹងជីវិត បន្ថែមពីនេះ ចូររិះគិតឱ្យច្បាស់អំពីរឿងការជឿលើព្រះជាម្ចាស់ចុះ។ តាមរបៀបនេះ អ្នកនឹងមិនធ្វេសប្រហែសផ្នែកណាមួយឡើយ»។ តើស្ដាប់ទៅយ៉ាងម៉េចដែរ? (ល្អ។) យើងនឹងមិននិយាយថាពួកគេកំពុងត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញឡើយ គឺគ្រាន់តែចាប់ពីថ្ងៃនេះតទៅ បុគ្គលនេះនឹងលែងនៅក្នុងពួកជំនុំទៀតហើយ។ ចុះការចាត់ចែង តាមរបៀបនេះវិញយ៉ាងម៉េចដែរ? (ល្អ។) ល្អណាស់! មិនចាំបាច់មានការឈ្លោះប្រកែក ឬទូទាត់គំនុំឡើយ គ្រាន់តែជាដំណោះស្រាយដ៏សាមញ្ញ និងច្បាស់លាស់មួយ ដោយទុកឱ្យពួកគេត្រឡប់ទៅលោកីយ៍វិញ ដើម្បីធ្វើការ រកលុយ និងរស់នៅក្នុងជីវិតរបស់ពួកគេផ្ទាល់។ សរុបមក ភាពជាមនុស្សរបស់អ្នកដែលចូលចិត្តកេងចំណេញ គឺមិនល្អអស្ចារ្យអ្វីនោះទេ។ ទោះបីជាមិនអាចនិយាយបានថាជាភាពអាក្រក់ក៏ដោយ ក៏ចរិតលក្ខណៈនៃការចូលចិត្តកេងចំណេញរបស់ពួកគេ ធ្វើឱ្យពួកគេគួរឱ្យធុញថប់ និងគួរឱ្យស្អប់ខ្ពើមយ៉ាងខ្លាំង។ ពួកគេកេងចំណេញពីរាល់ឱកាសដែលអាចធ្វើទៅបាន! ទោះបីជាមនុស្សបែបនេះមិនពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ឬបទល្មើសព្រហ្មទណ្ឌក៏ដោយ ក៏ការបង្អាក់ និងការរំខានរយៈពេលវែងដែលសកម្មភាព និងឥរិយាបថ របស់ពួកគេនាំមកដល់ជីវិតពួកជំនុំ ពោលគឺ ផលវិបាកទាំងនេះគឺធ្ងន់ធ្ងរជាងអំពើអាក្រក់ណាមួយទៅទៀត។ វាគ្រប់គ្រាន់ក្នុងការកំណត់លក្ខណៈពួកគេថាជាអ្នកមិនជឿ ឬមនុស្សអាក្រក់ដែលត្រូវបោសសម្អាតចេញពីពួកជំនុំ។ ការធ្វើបែបនេះបញ្ឈប់ការរំខានដល់ពួកជំនុំ និងការយាយីដល់បងប្អូនប្រុសស្រីពីសំណាក់អ្នកមិនជឿ បានទាំងស្រុង។

ពីមុន យើងបានប្រកបគ្នាអំពីវិធីពិសេសមួយក្នុងការចាត់ចែង អ្នកដែលចូលចិត្តកេងចំណេញ ដែលជាវិធីសាស្រ្តមួយត្រូវបានបង្កើតឡើងដោយផ្អែកលើកាលៈទេសៈពិសេសនៃការធ្វើទុក្ខបុកម្នេញនៅចិនដីគោក។ នៅក្នុងពួកជំនុំនៅក្រៅប្រទេស ការបោសសម្អាតពួកគេចេញដោយផ្ទាល់ គឺមិនអីទេ។ ទោះជាយ៉ាងណាក៏ដោយ មិនថាវិធីសាស្រ្តចាត់ចែងមួយត្រូវបានសំដៅទៅលើមនុស្សប្រភេទណាក៏ដោយ វាជារឿងចាំបាច់ក្នុងការធានាថា វាប្រកបដោយគោលការណ៍ និងមានភាពឈ្លាសវៃ។ ពួកជំនុំមានបញ្ញត្តិរដ្ឋបាល និងច្បាប់ទម្លាប់ ដែលសុទ្ធតែមានគោលដៅ ការពារជីវិតពួកជំនុំធម្មតាសម្រាប់បងប្អូនប្រុសស្រី និងសណ្ដាប់ធ្នាប់ធម្មតានៃការបំពេញភារកិច្ច។ ប្រសិនបើនរណាម្នាក់រំខានដល់ជីវិតពួកជំនុំរបស់បងប្អូនប្រុសស្រី ឬការបំពេញភារកិច្ចរបស់ពួកគេ នេះគឺមិនត្រូវបានអនុញ្ញាតឡើយ។ បុគ្គលនោះនឹងត្រូវបានស្អប់ខ្ពើមនិងបដិសេធដោយព្រះជាម្ចាស់។ ច្បាស់ណាស់ រាល់ការយាយី ឬការជ្រៀតជ្រែកដល់ជីវិតប្រចាំថ្ងៃរបស់បងប្អូនប្រុសស្រី គឺមិនត្រូវបានអនុញ្ញាតឡើយ។ នេះគឺជាបញ្ហាដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែទទួលខុសត្រូវក្នុងការដោះស្រាយ។ ប្រហែលជាមានបុគ្គលដែលជាសាច់ញាតិ មិត្តភក្ដិ ឬអ្នកស្គាល់គ្នារបស់បងប្អូនប្រុសស្រី ដែលយកលេសថាជា «បងប្អូនប្រុសស្រី» ស្វែងរកការអូសទាញ និងបំភាន់បងប្អូនប្រុសស្រី ដោយរារាំងពួកគេមិនឱ្យបំពេញភារកិច្ចរបស់ខ្លួន។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ឬបងប្អូនប្រុសស្រី មានកាតព្វកិច្ច និងទំនួលខុសត្រូវក្នុងការចាត់ចែងបុគ្គលបែបនេះ។ ឥរិយាបថនិងសកម្មភាពរបស់ពួកគេរារាំងអ្នកដទៃមិនឱ្យបំពេញភារកិច្ចរបស់ខ្លួន និងដើរតាមព្រះជាម្ចាស់ ហើយក៏បង្កការរំខានដល់កិច្ចការរបស់ពួកជំនុំផងដែរ ដូច្នេះ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែចេញមុខមកដោះស្រាយស្ថានភាពនេះ និងដាក់កំហិត។ ច្បាស់ណាស់ យើងមានវិធីសាស្រ្តសមស្របសម្រាប់ដោះស្រាយជាមួយ និងចាត់ចែង បុគ្គលបែបនេះ។ មិនចាំបាច់ប្រើការវាយដំ ឬការស្តីបន្ទោសឡើយ ពោលគឺ យើងគ្រាន់តែបញ្ជាក់ឱ្យពួកគេដឹងច្បាស់ពីសារជាតិនៃបញ្ហារបស់ពួកគេ និងការចោទប្រកាន់ ព្រមទាំងការរៀបរាប់ពីកំហុសពីសំឡេងភាគច្រើននៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប្រឆាំងនឹងពួកគេ ដោយប្រាប់ពួកគេនៅទីបំផុតថា៖ «ការបោសសម្អាតអ្នកចេញ គឺជាសេចក្ដីសម្រេចចិត្តដែលធ្វើឡើង និងចុះហត្ថលេខាយល់ព្រមដោយសំឡេងភាគច្រើន។ មិនថាអ្នកយល់ព្រម ឬអត់នោះទេ ពួកជំនុំមានសិទ្ធិអំណាចក្នុងការធ្វើសេចក្ដីសម្រេចចិត្តនេះ និងចាត់ចែង អ្នកទៅតាមនោះ។ អ្នកគួរតែស្ដាប់បង្គាប់»។ ដូច្នេះ បញ្ហានេះត្រូវបានដោះស្រាយ ហើយការចាត់ចែងបែបនេះគឺ ប្រកបដោយគោលការណ៍ទាំងស្រុង។ ចំពោះអ្នកដែលចូលចិត្តកេងចំណេញ ពួកគេគួរតែត្រូវបានប្រព្រឹត្តចំពោះ និងចាត់ចែង ស្របតាមគោលការណ៍។ ប្រសិនបើពួកគេចង់ខ្ចីអ្វីមួយដើម្បីកេងចំណេញពីអ្នក អ្នកអាចឱ្យពួកគេខ្ចីបាន ប្រសិនបើអ្នកចង់ ឬបដិសេធ ប្រសិនបើអ្នកមិនចង់ ការសម្រេចចិត្តគឺជារបស់អ្នក។ ការឱ្យពួកគេខ្ចី គឺជាទង្វើនៃសេចក្ដីសប្បុរស ការបដិសេធគឺជាសិទ្ធិរបស់អ្នក។ ប្រសិនបើពួកគេនិយាយថា «តើយើងមិនមែនសុទ្ធតែជាបងប្អូនប្រុសស្រីនឹងគ្នាទេឬអី? កំណាញ់ម៉្លេះ សូម្បីតែឱ្យខ្ចីរបស់បន្តិចបន្តួចក៏មិនព្រមផង!» អ្នកអាចឆ្លើយតបថា៖ «នេះគឺជាទ្រព្យសម្បត្តិរបស់ខ្ញុំ ហើយខ្ញុំមានសិទ្ធិមិនឱ្យខ្ចី។ នេះគឺស្របតាមគោលការណ៍។ កុំមកដាក់សម្ពាធខ្ញុំដោយពាក្យថា 'យើងសុទ្ធតែជាបងប្អូនប្រុសស្រីនឹងគ្នា' អី អ្វីដែលអ្នកកំពុងនិយាយមិនមែនជាសេចក្ដីពិតឡើយ។ លុះត្រាតែព្រះជាម្ចាស់មានព្រះបន្ទូលថា 'អ្នកត្រូវតែឱ្យពួកគេខ្ចី' ទើបខ្ញុំឱ្យអ្នកខ្ចី»។ គ្មាននរណាម្នាក់មានសិទ្ធិជំរិតទារ ឬខ្ចីទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដោយយកលេសពួកជំនុំ ឬគំនិតដែលថា «យើងសុទ្ធតែជាអ្នកជឿ និងសុទ្ធតែជាបងប្អូនប្រុសស្រីនឹងគ្នា» ឡើយ។ តើនេះជាសេចក្ដីពិតដែរឬទេ? (មែនហើយ។) នេះគឺជាសេចក្ដីពិត។ មានតែការប្រកាន់ខ្ជាប់នូវសេចក្ដីពិតនេះទេ ទើបអាចធានាបាននូវភាពយុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នា ហើយមនុស្សគ្រប់គ្នាអាចទទួលបានសិទ្ធិពិតប្រាកដរបស់ពួកគេ។ ប៉ុន្តែ ប្រសិនបើនរណាម្នាក់យកលេសថា «តម្រូវការនៃកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់» «តម្រូវការនៃកិច្ចការរបស់ពួកជំនុំ» ឬ «តម្រូវការរបស់បងប្អូនប្រុសស្រី» ដើម្បីជំរិតទារ ឬខ្ចីរបស់របរផ្ទាល់ខ្លួន តើនេះស្របតាមសេចក្ដីពិតដែរឬទេ? (មិនស្របទេ។) តើអ្នកមានសិទ្ធិបដិសេធសំណើដែលមិនស្របតាមសេចក្ដីពិតដែរឬទេ? (មាន។) ហើយប្រសិនបើនរណាម្នាក់ដាក់ស្លាកអ្នកថាជាមនុស្សកំណាញ់ ឬមនុស្សស្វិតដោយសារតែការបដិសេធនោះ តើអ្នកខ្លាចដែរឬទេ? (ទេ។) ប្រសិនបើនរណាម្នាក់ធ្វើឱ្យរឿងនេះក្លាយជារឿងធំដុំ ដោយអះអាងថាអ្នកមិនគាំទ្រកិច្ចការរបស់ពួកជំនុំ ឬថាអ្នកខ្វះសេចក្ដីស្រឡាញ់ចំពោះបងប្អូនប្រុសស្រី ដែលបណ្ដាលឱ្យបងប្អូនប្រុសស្រីបដិសេធ និងដាក់អ្នកឱ្យនៅឯកោ តើអ្នកខ្លាចដែរឬទេ? អ្នកមុខជាដកថយហើយ។ នៅពេលនោះ អ្នកនឹងគិតថា៖ «តើការឱ្យខ្ចីឡានមានរឿងអ្វីធំដុំទៅ? មិនថាពួកជំនុំ ដំណាក់របស់ព្រះជាម្ចាស់ ឬបងប្អូនប្រុសស្រីខ្ចីនោះទេ គឺមិនអីឡើយ។ យកល្អមិនគួរធ្វើឱ្យបងប្អូនប្រុសស្រីទាស់ចិត្តឡើយ។ ការធ្វើឱ្យមនុស្សម្នាក់ទាស់ចិត្តមិនគួរឱ្យខ្លាចទេ ប៉ុន្តែប្រសិនបើបងប្អូនប្រុសស្រីទាំងអស់ទាស់ចិត្ត ហើយចិត្តរបស់ពួកគេដាច់ចិត្តចំពោះខ្ញុំ ដោយទុកឱ្យខ្ញុំនៅឯកោ តើខ្ញុំគួរធ្វើដូចម្ដេចទៅ?» ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ទៅហើយ តើមានអ្វីដែលត្រូវខ្លាចទៅ? ការដែលពួកគេដាក់អ្នកឱ្យនៅឯកោ មិនមែនមានន័យថាពួកគេមានសេចក្ដីពិត ឬថាសកម្មភាពរបស់ពួកគេស្របតាមសេចក្ដីពិតឡើយ។ សេចក្ដីពិតតែងតែជាសេចក្ដីពិតជានិច្ច។ វាគឺជាសេចក្ដីពិត មិនថាមនុស្សភាគតិច ឬភាគច្រើនយល់ស្របនឹងវាក៏ដោយ។ បើគ្មានសេចក្ដីពិតទេ ទោះបីជាភាគតិចចុះចូលនឹងភាគច្រើនក៏ដោយ ក៏វាមិនមែនជាសេចក្ដីពិតដែរ។ នេះគឺជាការពិតដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។ ថាតើនរណាម្នាក់មានតថភាពនៃសេចក្ដីពិតឬអត់នោះ គឺមិនអាស្រ័យលើថាពួកគេនិយាយបានពីរោះយ៉ាងណានោះទេ ប៉ុន្តែអាស្រ័យលើថាតើពួកគេអាចអនុវត្តសេចក្ដីពិត និងប្រព្រឹត្តស្របតាមគោលការណ៍បានដែរឬទេ។ ឧទាហរណ៍ អ្នកបានទិញកុំព្យូទ័រថ្មីមួយសម្រាប់គោលបំណងបំពេញភារកិច្ចរបស់អ្នក ហើយមាននរណាម្នាក់ចង់ខ្ចីវា ដោយអះអាងថាវាសម្រាប់កិច្ចការរបស់ពួកជំនុំ។ អ្នកបដិសេធមិនឱ្យពួកគេខ្ចី ហើយពួកគេនិយាយថា៖ «អ្នកខ្វះសេចក្ដីស្រឡាញ់ អ្នកមិនស្រឡាញ់ព្រះជាម្ចាស់ទេ អ្នកមិនចេះលះបង់ខ្លួនឯងឡើយ។ សូម្បីតែការលះបង់បន្តិចបន្តួចនេះ ក៏អ្នកធ្វើមិនបានដែរ»។ តើពាក្យសម្ដីទាំងនេះត្រឹមត្រូវដែរឬទេ? តើវាស្របតាមសេចក្ដីពិតដែរឬទេ? (ទេ។) អ្នកគួរតែឆ្លើយតបថា៖ «កុំព្យូទ័រនេះគឺសម្រាប់បំពេញភារកិច្ចរបស់ខ្ញុំ។ ពេលនេះ ខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំ ដូច្នេះខ្ញុំមិនអាចអត់កុំព្យូទ័ររបស់ខ្ញុំបានទេ។ ប្រសិនបើអ្នកខ្ចីកុំព្យូទ័ររបស់ខ្ញុំ តើវាមិនប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់ខ្ញុំទេឬអី? តើវាស្របតាមសេចក្ដីពិតដែរឬទេ? តើអ្នកត្រូវការកុំព្យូទ័រនេះដើម្បីធ្វើអ្វីឱ្យប្រាកដ? អ្នកនិយាយថាវាសម្រាប់កិច្ចការពួកជំនុំ ប្រសិនបើដូច្នេះមែន នោះអ្នកត្រូវរកនរណាម្នាក់មកបញ្ជាក់ពីរឿងនេះ។ លើសពីនេះទៅទៀត ទោះបីជាវាសម្រាប់កិច្ចការពួកជំនុំក៏ដោយ ក៏អ្នកមិនគួរមកខ្ចីពីខ្ញុំដែរ។ តើខ្ញុំគួរប្រើអ្វីសម្រាប់បំពេញភារកិច្ចរបស់ខ្ញុំ ប្រសិនបើអ្នកយកកុំព្យូទ័ររបស់ខ្ញុំទៅនោះ? អ្នកពិតជាអាត្មានិយមខ្លាំងណាស់! កុំយកតម្រូវការនៃកិច្ចការរបស់ពួកជំនុំមកធ្វើជាលេសដើម្បីកេងចំណេញឱ្យសោះ ខ្ញុំមិនចាញ់បោកអ្នកទេ។ កុំគិតថាខ្ញុំជាមនុស្សមិនដឹងអីដែលខ្វះការសម្គាល់ឱ្យសោះ អ្នកកំពុងសម្លឹងរកការកេងចំណេញ ប៉ុន្តែវាមិនអាចទៅរួចឡើយ!» វាជារឿងចាំបាច់ក្នុងការនិយាយបែបនេះទៅកាន់មនុស្សបែបនេះ ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់របស់សាតាំង។ តើបញ្ហានេះងាយស្រួលដោះស្រាយដែរឬទេ? នៅពេលដែលអ្នកយល់ពីសេចក្ដីពិត និងប្រព្រឹត្តស្របតាមគោលការណ៍ អ្នកនឹងមិនចាំបាច់ខ្លាចអ្វីដែលនរណាម្នាក់និយាយឡើយ។ កុំទៅរវីរវល់នឹងការដែលពួកគេដាក់ស្លាកមិនពិតមកលើអ្នកអី គោលលទ្ធិបន្តិចបន្តួចដែលពួកគេនិយាយចេញមកនោះ នឹងមិនអាចបញ្ចុះបញ្ចូលនរណាម្នាក់បានទាល់តែសោះ។ ការបង្ហាញ ចេញនូវភាពជាមនុស្សរបស់អ្នកដែលចូលចិត្តកេងចំណេញ និងគោលការណ៍សម្រាប់ចាត់ចែងពួកគេ ត្រូវបានប្រកបគ្នាយ៉ាងសាមញ្ញដូច្នេះឯង។

ចំពោះអ្នកដែលចូលចិត្តកេងចំណេញនៅក្នុងពួកជំនុំ ម្យ៉ាង មនុស្សត្រូវស្គាល់ពីពួកគេឱ្យបានកាន់តែច្បាស់លាស់ និងជាក់ស្ដែង ហើយម្យ៉ាងទៀត មនុស្សត្រូវតែយល់ពីសេចក្ដីពិត ពួកគេត្រូវតែច្បាស់នៅក្នុងចិត្តរបស់ពួកគេអំពីជំហរដែលពួកគេគួរមានចំពោះការជឿលើព្រះជាម្ចាស់ កិច្ចការដែលពួកគេគួរធ្វើ គោលការណ៍ដែលពួកគេគួរប្រកាន់ខ្ជាប់ និងអាកប្បកិរិយាដែលពួកគេគួរមានចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ។ កុំចេះតែធ្វើតាមគេឯង ហើយក៏កុំខ្លាចការធ្វើឱ្យមនុស្សទាស់ចិត្តដែរ ហើយជាពិសេស កុំបោះបង់គោលការណ៍ និងជំហរដែលអ្នកគួរមាន ដើម្បីផ្គាប់ចិត្តបុគ្គលមួយចំនួន ដែលចុងក្រោយបានត្រឹមតែផ្គាប់ចិត្តមនុស្ស ប៉ុន្តែធ្វើឱ្យព្រះជាម្ចាស់ឈឺព្រះហឫទ័យ និងធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមអ្នក។ ប្រសិនបើវាជាសកម្មភាពដែលស្របតាមគោលការណ៍ នោះទោះបីជាការដែលអ្នកធ្វើវា ធ្វើឱ្យមនុស្សទាស់ចិត្ត ឬបណ្ដាលឱ្យអ្នកត្រូវគេរិះគន់នៅពីក្រោយខ្នងក៏ដោយ ក៏វាជាផលវិបាកតិចតួចប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើវាជាសកម្មភាពដែលមិនស្របតាមគោលការណ៍ នោះទោះបីជាតាមរយៈការធ្វើវា អ្នកទទួលបានការយល់ព្រម និងការគាំទ្រពីមនុស្សគ្រប់គ្នា ហើយចុះសម្រុងជាមួយមនុស្សគ្រប់គ្នាក៏ដោយ ប៉ុន្តែមានរឿងមួយគឺថា អ្នកមិនអាចឆ្លើយបំភ្លឺពីរឿងនេះនៅចំពោះព្រះជាម្ចាស់បានឡើយ គឺអ្នកបានទទួលរងការខាតបង់ហើយ។ ប្រសិនបើអ្នករក្សាទំនាក់ទំនងជាមួយមនុស្សភាគច្រើន ដោយធ្វើឱ្យពួកគេសប្បាយចិត្ត និងពេញចិត្ត ព្រមទាំងទទួលបានការកោតសរសើរពីពួកគេ ប៉ុន្តែអ្នកធ្វើឱ្យព្រះជាម្ចាស់ទាស់ព្រះហឫទ័យ ដែលជាព្រះអាទិករ នោះអ្នកគឺជាមនុស្សល្ងង់ខ្លៅបំផុតហើយ។ ហេតុដូច្នេះហើយ មិនថាអ្នកធ្វើអ្វីក៏ដោយ អ្នកត្រូវតែយល់ឱ្យបានច្បាស់ថាតើវាស្របតាមគោលការណ៍ដែរឬទេ តើវាធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យដែរឬទេ តើព្រះជាម្ចាស់មានអាកប្បកិរិយាយ៉ាងណាចំពោះវា តើមនុស្សគួរមានជំហរបែបណា តើមនុស្សគួរប្រកាន់ខ្ជាប់គោលការណ៍អ្វីខ្លះ តើព្រះជាម្ចាស់បានណែនាំយ៉ាងដូចម្ដេច ហើយតើអ្នកគួរធ្វើវាយ៉ាងដូចម្ដេច ពោលគឺ អ្នកគួរតែច្បាស់អំពីរឿងនេះជាមុនសិន។ ការសេពគប់របស់អ្នកជាមួយអ្នកដទៃ និងការដោះដូរខាងសម្ភារៈ ព្រមទាំងការដោះស្រាយរបស់អ្នកជាមួយអ្នកដទៃ តើកិច្ចការទាំងនេះត្រូវបានកសាងឡើងនៅលើមូលដ្ឋានគ្រឹះនៃការស្របតាមគោលការណ៍ដែរឬទេ? តើវាត្រូវបានកសាងឡើងនៅលើមូលដ្ឋានគ្រឹះនៃការធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យដែរឬទេ? ប្រសិនបើមិនមែនទេ នោះអ្វីៗទាំងអស់ដែលអ្នកធ្វើ មិនថាអ្នករក្សាវាបានល្អកម្រិតណា ធ្វើវាបានល្អឥតខ្ចោះកម្រិតណា ឬទទួលបានការកោតសរសើរពីអ្នកដទៃច្រើនកម្រិតណាក៏ដោយ ក៏ព្រះជាម្ចាស់នឹងមិនចងចាំឡើយ។ ដូច្នេះ គោលការណ៍នៃការសេពគប់ និងការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយនរណាម្នាក់ មិនគួរខ្វល់ខ្វាយពីថាតើពួកគេកេងចំណេញពីអ្នក ឬថាតើអ្នកកេងចំណេញពីពួកគេឡើយ គឺវាមិនគួរត្រូវបានកសាងឡើងនៅលើមូលដ្ឋានគ្រឹះនេះទេ។ ផ្ទុយទៅវិញ គោលការណ៍ទាំងនេះគួរតែខ្វល់ខ្វាយពីថាតើអ្វីដែលអ្នករាល់គ្នាធ្វើ ស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ។ មានតែពេលនោះទេ ទើបវាអាចពិតជាត្រូវបានចាត់ទុកថា «ដោយយោងតាមការជឿរបស់យើងលើព្រះជាម្ចាស់» មានតែពេលនោះទេ ទើបអ្នកអាចនិយាយបានថា «យើងសុទ្ធតែជាអ្នកជឿ សុទ្ធតែជាបងប្អូនប្រុសស្រីនឹងគ្នា» មានតែពេលនោះទេ ទើបអ្នកអាចយកចំណុចនេះធ្វើជាពាក្យ សន្យាបាន។ ក្រៅពីបញ្ហាដែលទាក់ទងនឹងការចូលទៅក្នុងជីវិត ភារកិច្ច និងកិច្ចការពួកជំនុំ រាល់ការប្រាស្រ័យទាក់ទងផ្សេងទៀតមិនគួរត្រូវបាន ផ្អែកលើពាក្យសន្យាថាជា «បងប្អូនប្រុសស្រី» ឡើយ។ ប្រសិនបើវាមិនពាក់ព័ន្ធនឹងភារកិច្ច ការចូលទៅក្នុងជីវិត ឬការប្រាស្រ័យទាក់ទងធម្មតារវាងមនុស្សទេ ប៉ុន្តែមាននរណាម្នាក់តែងតែយកលេសថាជា «បងប្អូនប្រុសស្រី» ដើម្បីសម្រេចបាននូវគោលដៅណាមួយ នោះច្បាស់ណាស់ថា ពួកគេកំពុងព្យាយាមប្រើប្រាស់ពាក្យសម្ដី វិធីសាស្រ្ត និងលក្ខខណ្ឌអំណោយផលបែបនេះ ធ្វើជាលេសដើម្បីកេងចំណេញ និងប្រើឧបាយកលសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេហើយ។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែប្រុងប្រយ័ត្នអំពីរឿងនេះ ដោយដោះស្រាយបញ្ហាបែបនេះដោយប្រើប្រាជ្ញាញាណ ដើម្បីជៀសវាងការចាញ់បោកគេ។ នេះគឺដោយសារតែមនុស្សភាគច្រើននៅក្នុងពួកជំនុំមិនយល់ពីសេចក្ដីពិត ហើយមនុស្សមួយចំនួនថែមទាំងជាអ្នកមិនជឿ ដែលប្រព្រឹត្តដោយគ្មានគោលការណ៍ និងប្រព្រឹត្តអំពើអាក្រក់ផ្តេសផ្តាសទៀតផង។ ការដែលពួកគេធ្វើរឿងរ៉ាវដោយយកលេសថាជា «បងប្អូនប្រុសស្រី» គឺជាអ្វីដែលងាយនឹងជះឥទ្ធិពល និងរំខានដល់កិច្ចការរបស់ពួកជំនុំបំផុត។ តើការនិយាយរឿងទាំងអស់នេះនៅថ្ងៃនេះមានគោលបំណងអ្វី? គឺដើម្បីបញ្ជាក់ឱ្យច្បាស់ថា មិនថានៅក្នុងការទំនាក់ទំនង ឬការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃឡើយ មូលដ្ឋានគ្រឹះគួរតែត្រូវបានផ្អែកលើគោលការណ៍សេចក្ដីពិត។ ការធ្វើបែបនេះរារាំងមិនឱ្យមានការទាក់ទងគ្នាមិនត្រឹមត្រូវរវាងមនុស្ស។ ជាការពិតណាស់ វាក៏រារាំងអ្នកដែលចូលចិត្តកេងចំណេញមិនឱ្យរកឃើញចន្លោះប្រហោងដើម្បីកេងប្រវ័ញ្ចផងដែរ ហើយក្នុងពេលដំណាលគ្នានេះ វារារាំងអ្នកដែលខ្វល់ខ្វាយខ្លាំងពេកពីមុខមាត់របស់ខ្លួន ឬមានភាពជាមនុស្សទន់ខ្សោយ មិនឱ្យត្រូវគេកេងចំណេញជានិច្ច ត្រូវគេបោកប្រាស់ជានិច្ច និងទទួលរងការខាតបង់ជានិច្ច។ មនុស្សមួយចំនួន ទោះបីជាស្ថានភាពគ្រួសារផ្ទាល់ខ្លួនរបស់ពួកគេមានការលំបាកយ៉ាងច្បាស់ក្រឡែតក៏ដោយ ក៏ចុងក្រោយ <ត្រូវទ្រាំលេបថ្មលេបគ្រួស> ទាំងខ្លួនឯងខាតបង់ ដោយឱ្យគេខ្ចីលុយដែលខ្លួនរកបានដោយលំបាក ពីព្រោះមានអ្នកចូលចិត្តកេងចំណេញម្នាក់សុំខ្ចីវា ដោយអះអាងថាគេបានជ្រើសរើសមនុស្សទាំងនេះ ពីព្រោះគេវាយតម្លៃពួកគេខ្ពស់។ តើមានអ្វីកើតឡើងបន្ទាប់ពីឱ្យគេខ្ចីលុយរួច? អ្នកខ្ចីក៏រត់បាត់។ បន្ទាប់មក អ្នកឱ្យខ្ចីក៏អំពីត្អូញត្អែរអំពីព្រះជាម្ចាស់ថាមិនបានការពារពួកគេ។ តើនេះមានវិចារណញ្ញាណដែរឬទេ? តើអ្នកគិតថា ការជឿលើព្រះជាម្ចាស់មានន័យថា អ្នកមិនចាំបាច់គិតនៅពេលធ្វើអ្វីមួយ ហើយថាព្រះជាម្ចាស់នឹងចាត់ចែងអ្វីៗគ្រប់យ៉ាងមែនទេ? តើការធ្វើបែបនោះមិនធ្វើឱ្យអ្នកក្លាយជាមនុស្សអត់ប្រយោជន៍ទេឬអី? ព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់ មានភាពឈ្លាសវៃ និងប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិត។ តើអ្នកមិនអាចយល់ពីរឿងនេះទេឬអី? ប្រសិនបើអ្នកមិនប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិតទាំងនេះទេ នោះអ្នកសមតែទទួលរងការខាតបង់ និងចាញ់បោកគេជានិច្ចហើយ។ នៅទីបំផុត នៅពេលដែលគ្មានផ្លូវចេញនៅក្នុងជីវិតរបស់អ្នក តើអ្នកអាចបន្ទោសនរណាបាន? អ្នកធ្វើដាក់ខ្លួនឯងទេ។ សកម្មភាពរបស់អ្នកមិនមែនចេញពីសេចក្ដីស្រឡាញ់ឡើយ គឺវាល្ងង់ខ្លៅណាស់! អ្នកបានឱ្យជនបោកប្រាស់ខ្ចីលុយដើម្បីផ្គាប់ចិត្តពួកគេ ប៉ុន្តែនៅពេលដែលអ្នកត្រូវការលុយ តើអ្នកអាចសុំវាពីដំណាក់របស់ព្រះជាម្ចាស់បានដែរឬទេ? តើដំណាក់របស់ព្រះជាម្ចាស់គួរតែទទួលខុសត្រូវលើរឿងនេះចំពោះ អ្នកដែរឬទេ? តាមរយៈការរំពឹងឱ្យដំណាក់របស់ព្រះជាម្ចាស់រ៉ាប់រងការចំណាយនេះ តើអ្នកមិនមែនកំពុងជំពាក់ព្រះជាម្ចាស់ទេឬអី? បើគ្មានផ្លូវចេញក្នុងជីវិតទេ តើអ្នកអាចបំពេញភារកិច្ចរបស់អ្នកដោយរបៀបណា? ប្រសិនបើអ្នកអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ព្រះជាម្ចាស់ប្រហែលជាមិនបំពេញតាមអ្នកឡើយ នេះគឺជាករណីដែល សាបព្រោះអ្វី ត្រូវច្រូតបានហ្នឹង ហើយវាសមនឹងទទួលបានបែបនេះហើយ។ តើនរណាប្រើឱ្យអ្នកល្ងង់ម៉្លេះ! តើព្រះជាម្ចាស់បានប្រាប់ឱ្យអ្នកទុកចិត្តបុគ្គលនោះដែរឬទេ? តើទ្រង់បានប្រាប់ឱ្យអ្នកឱ្យពួកគេខ្ចីលុយដែរឬទេ? ទ្រង់មិនបានប្រាប់ឡើយ វាគឺជាសកម្មភាពផ្ទាល់ខ្លួនរបស់អ្នក មិនមែនតំណាងឱ្យបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើសកម្មភាពផ្ទាល់ខ្លួនរបស់អ្នកមានកំហុស ហើយនាំឱ្យមានផលវិបាកអាក្រក់ នោះអ្នកអាចត្រឹមតែទទួលខុសត្រូវដោយខ្លួនឯងប៉ុណ្ណោះ។ ហេតុអ្វីបានជាអ្នកត្រូវឱ្យដំណាក់របស់ព្រះជាម្ចាស់ទទួលខុសត្រូវ ឬឱ្យព្រះជាម្ចាស់ទទួលខុសត្រូវចំពោះអ្នក? ហេតុអ្វីបានជា ត្អូញត្អែរអំពីព្រះជាម្ចាស់ថាមិនបានការពារអ្នក? អ្នកគឺជាមនុស្សពេញវ័យម្នាក់ទៅហើយ ហេតុអ្វីបានជាខ្វះការវិនិច្ឆ័យដែលមនុស្សពេញវ័យគួរតែមានដូច្នេះ? តើអ្នកនឹងឱ្យនរណាម្នាក់ខ្ចីលុយ គ្រាន់តែដោយសារគេសុំខ្ចីពីអ្នកនៅក្នុងសង្គមដែរឬទេ? អ្នកមុខជាត្រូវគិតសិនហើយ មែនទេ? ហេតុអ្វីបានជាអ្នកឱ្យនរណាម្នាក់ខ្ចីលុយ គ្រាន់តែដោយសារតែពួកគេបានបន្ថែមការលើកឡើងពីងារជា «បងប្អូនប្រុសស្រី» ទៅក្នុងសំណើរបស់ពួកគេនោះ? តើនេះមិនបង្ហាញថាអ្នកល្ងង់ខ្លៅទេឬអី? អ្នកមិនត្រឹមតែល្ងង់ខ្លៅប៉ុណ្ណោះទេ គឺអ្នកល្ងង់ទាល់តែមែនទែន ល្ងង់កប់ក្ដោងតែម្ដង! តើអ្នកគិតថា បងប្អូនប្រុសស្រីទាំងអស់សុទ្ធតែជឿលើព្រះជាម្ចាស់ដោយពិតប្រាកដ ហើយថាពួកគេទាំងអស់គ្នាយល់ពីសេចក្ដីពិតមែនទេ? យ៉ាងហោចណាស់មួយភាគបីនៃពួកគេមិនស្រឡាញ់សេចក្ដីពិតឡើយ ហើយគឺជាអ្នកមិនជឿ។ តើអ្នកមិនអាចសម្គាល់ រឿងនេះបានទេឬអី? តើអ្នកគិតថា បងប្អូនប្រុសស្រីទាំងអស់គឺជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ដែលពិតជាត្រូវបានជ្រើសរើសដោយព្រះជាម្ចាស់មែនទេ? តើអ្នកមិនដឹងទេឬថា «មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែមានមនុស្សតិចណាស់ដែលត្រូវបានជ្រើសរើស»? តើបងប្អូនប្រុសស្រីតំណាងឱ្យនរណា? ពួកគេតំណាងឱ្យមនុស្សជាតិដែលពុករលួយ! ប្រសិនបើអ្នកទុកចិត្តពួកគេ តើអ្នកមិនមែនកំពុងតែល្ងង់ទេឬអី? មិនថាសកម្មភាពផ្ទាល់ខ្លួនរបស់អ្នកបណ្ដាលឱ្យមានផលវិបាកអាក្រក់យ៉ាងណាក៏ដោយ កុំទៅរកដំណាក់របស់ព្រះជាម្ចាស់ ឬបងប្អូនប្រុសស្រីឱ្យសោះ គ្មាននរណាម្នាក់អាចរ៉ាប់រងជំនួសអ្នកបានឡើយ ហើយក៏គ្មាននរណាម្នាក់មានកាតព្វកិច្ចទទួលខុសត្រូវចំពោះអ្នកដែរ។ អ្នកធ្វើខ្លួនឯង អ្នកទទួលខ្លួនឯង ទំនួលខុសត្រូវគឺស្ថិតនៅលើអ្នក។ ម្យ៉ាងទៀត កុំយករឿងទាំងនេះចូលទៅក្នុងជីវិតពួកជំនុំដើម្បីប្រកបគ្នា និងពិភាក្សាឱ្យសោះ គ្មាននរណាម្នាក់ចង់ស្ដាប់ឡើយ ហើយអ្នកដទៃក៏គ្មានកាតព្វកិច្ចដោះស្រាយរឿងរញ៉េរញ៉ៃរបស់អ្នកដែរ។ ប្រសិនបើនរណាម្នាក់ពិតជាចង់ជួយអ្នក អ្នកទាំងពីរអាចដោះស្រាយវាដោយឡែកបាន។ យល់ទេ?

ការប្រកបគ្នាអំពីរឿងទាំងនេះបម្រើជាការរំលឹកដល់មនុស្ស ពង្រីកចំណេះដឹងរបស់ពួកគេ និងផ្ដល់ជាការដាស់តឿនសម្រាប់ពួកគេ ដោយបញ្ជាក់ឱ្យច្បាស់ថា ក្នុងចំណោមអ្នកដែលជឿលើព្រះជាម្ចាស់ គឺមានមនុស្សគ្រប់ប្រភេទ។ មានចំណុចសំខាន់មួយដែលអ្នករាល់គ្នាត្រូវតែចងចាំ ដែលខ្ញុំធ្លាប់បានលើកឡើងជាច្រើនដងរួចមកហើយ៖ អ្នកដែលជឿលើព្រះជាម្ចាស់ ត្រូវបានជ្រើសរើសចេញពីមនុស្សជាតិដែលពុករលួយ។ តើនេះបង្កប់ន័យដូចម្ដេច? វាបង្កប់ន័យថា បុគ្គលម្នាក់ៗត្រូវបានធ្វើឱ្យពុករលួយដោយសាតាំង មនុស្សគ្រប់រូបមាននិស្ស័យពុករលួយ ហើយមានសមត្ថភាពធ្វើអាក្រក់ក្នុងកម្រិតផ្សេងៗគ្នា ហើយបរិបទសមរម្យមួយ គឺមានសមត្ថភាពធ្វើរឿងដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ការបំភ្លៃការពិត និងការនិយាយកុហក និងការចូលចិត្តកេងចំណេញ ដែលយើងទើបតែបានប្រកបគ្នាអម្បាញ់មិញនេះ គឺត្រូវបានធ្វើឡើងដោយអ្នកជឿ ចំណែកឯអ្នកគ្មានជំនឿគឺមិនពាក់ព័ន្ធនឹងយើងឡើយ ដូច្នេះយើងនឹងមិនលើកយកពួកគេមកនិយាយនៅទីនេះទេ។ ការបង្ហាញចេញនូវភាពជាមនុស្សទាំងនេះដែលយើងបានប្រកបគ្នាគឺច្បាស់ណាស់ជាការបង្ហាញចេញរបស់អ្នកដែលជឿលើព្រះជាម្ចាស់។ ដូច្នេះ កុំចាត់ទុកងារជា «បងប្អូនប្រុសស្រី» ថាជារឿងអស្ចារ្យ ខ្ពង់ខ្ពស់ ឬពិសិដ្ឋ និងមិនអាចរំលោភបំពានបានឱ្យសោះ។ ប្រសិនបើអ្នកគិតបែបនេះ នោះគឺជាភាពល្ងង់ខ្លៅរបស់អ្នកហើយ។ ព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលថា៖ «បងប្អូនប្រុសស្រីមានតម្លៃណាស់។ នៅពេលដែលពួកគេក្លាយជាបងប្អូនប្រុសស្រី ពួកគេត្រូវបានញែកជាបរិសុទ្ធ ពួកគេក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ ដែលគួរឱ្យទុកចិត្តទាំងស្រុង អ្នកអាចទុកចិត្តពួកគេបានទាំងស្រុង ហើយមិនថាពួកគេនិយាយ ឬធ្វើអ្វីនោះទេ គឺជាសេចក្ដីពិត» ឡើយ។ រឿងនេះមិនដែលកើតឡើងឡើយ ទាំងនេះគឺជាសញ្ញាណ និងការស្រមើស្រមៃរបស់អ្នក។ ប្រសិនបើមកទល់ពេលនេះ អ្នកនៅតែមិនអាចមើលឃើញពីអត្ថន័យពិតនៅពីក្រោយងារជា «បងប្អូនប្រុសស្រី» ទេ នោះអ្នកពិតជាល្ងង់មែនទែនហើយ អ្នកបានស្ដាប់សេចក្តីអធិប្បាយ អស់ជាច្រើនឆ្នាំមកនេះដោយឥតប្រយោជន៍ហើយ។ អ្នកមិនទាំងបានដឹងច្បាស់ថាខ្លួនឯងជាមនុស្សប្រភេទណាផង ប៉ុន្តែអ្នកបែរជាទុកចិត្តអ្នកដទៃយ៉ាងខ្លាំង ដោយចាត់ទុកពួកគេ ដែលជាបងប្អូនប្រុសស្រី ថាបរិសុទ្ធ និងអស្ចារ្យយ៉ាងនេះ ដោយចេះតែទន្ទេញថា «បងប្អូនប្រុសស្រីមិនចូលចិត្តរឿងនេះទេ» «បងប្អូនប្រុសស្រីកំពុងតែខឹងហើយ» «បងប្អូនប្រុសស្រីកំពុងតែរងទុក្ខហើយ» «បងប្អូនប្រុសស្រីយ៉ាងនេះយ៉ាងនោះ» ដោយនិយាយពីបងប្អូនប្រុសស្រីដោយក្ដីស្រឡាញ់យ៉ាងខ្លាំង។ តើអ្នកធ្លាប់ឃើញនៅកន្លែងណាមួយក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលចែងថាបងប្អូនប្រុសស្រីមានភាពខ្ពង់ខ្ពស់ និងបរិសុទ្ធ ហើយគួរឱ្យទុកចិត្តយ៉ាងនេះដែរឬទេ? គ្មានសូម្បីតែមួយឃ្លា មែនទេ? ចុះហេតុអ្វីបានជាអ្នកមើលឃើញពួកគេតាមរបៀបនោះទៅវិញ? នោះធ្វើឱ្យអ្នកក្លាយជាមនុស្សល្ងង់ខ្លៅសុទ្ធសាធហើយ។ ហេតុដូច្នេះហើយ មិនថាអ្នកទទួលរងការខូចប្រយោជន៍ ឬការខាតបង់ប៉ុនណាពីសំណាក់បងប្អូនប្រុសស្រីនោះទេ វាគឺជាកំហុសរបស់អ្នកទាំងស្រុង។ នៅទីបំផុត ចូរចាត់ទុកការខាតបង់ និងការខូចប្រយោជន៍ដែលអ្នកទទួលរង ថាជាការបង់ថ្លៃមេរៀនចុះ។ នេះគឺជាមេរៀនមួយសម្រាប់ឱ្យអ្នកចងចាំ។ អ្នករាល់គ្នាត្រូវតែចងចាំជានិច្ចថា៖ បងប្អូនប្រុសស្រីមិនតំណាងឱ្យសេចក្ដីពិតឡើយ ហើយរឹតតែមិនតំណាងឱ្យព្រះជាម្ចាស់ទៅទៀត ពួកគេមិនស្មើនឹងមនុស្សជំនិតរបស់ព្រះជាម្ចាស់ ស្មរបន្ទាល់របស់ព្រះជាម្ចាស់ ឬកូនជាទីស្រឡាញ់របស់ព្រះជាម្ចាស់ឡើយ។ តើបងប្អូនប្រុសស្រីជានរណា? ពួកគេគឺជាមនុស្សពុករលួយ ដូចជាអ្នកដែរ ពួកគេមានសញ្ញាណអំពីព្រះជាម្ចាស់ មិនស្រឡាញ់សេចក្ដីពិត ស្អប់ខ្ពើមសេចក្ដីពិត មាននិស្ស័យក្រអឺតក្រទម មាននិស្ស័យកាចសាហាវ និងទុច្ចរិត មានសមត្ថភាពតាំងខ្លួនជាសត្រូវរបស់ព្រះជាម្ចាស់ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ បំពេញភារកិច្ចរបស់ពួកគេឱ្យតែរួចពីដៃ ហើយថែមទាំងកេងចំណេញពីបងប្អូនប្រុសស្រីដទៃទៀត ដោយយកលេសថាជឿលើព្រះជាម្ចាស់ទៀតផង។ តើការនិយាយរឿងទាំងអស់នេះមានគោលបំណងអ្វី? វាមិនមែនដើម្បីញុះញង់ឱ្យមានការបែកបាក់រវាងអ្នក និងបងប្អូនប្រុសស្រីឡើយ ប៉ុន្តែដើម្បីជួយអ្នកឱ្យមើលឃើញពីធាតុពិតរបស់មនុស្សគ្រប់គ្នាយ៉ាងច្បាស់លាស់ ប្រព្រឹត្តចំពោះងារជា «បងប្អូនប្រុសស្រី» ឱ្យបានត្រឹមត្រូវ ប្រព្រឹត្តចំពោះមនុស្សជុំវិញខ្លួនអ្នកឱ្យបានត្រឹមត្រូវ និងបង្កើតទំនាក់ទំនងរវាងបុគ្គលដ៏ត្រឹមត្រូវជាមួយមនុស្សគ្រប់គ្នា។ កុំព្យាយាមបង្កើត ឬរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ តាមរយៈការជួយយកអាសាផ្ទាល់ខ្លួន ការដោះដូរខាងសម្ភារៈ ការបញ្ជោរ ការយកចិត្ត ការព្រមចុះចាញ់ ឬមធ្យោបាយផ្សេងៗទៀតបែបនេះ ក្នុងគោលបំណងដើម្បីឱ្យបានចូលគ្នាជាមួយបងប្អូនប្រុសស្រីឱ្យសោះ។ នេះគឺជារឿងមិនចាំបាច់ឡើយ ហើយអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើក្នុងរឿងនេះគឺគួរឱ្យស្អប់ខ្ពើម និងគួរឱ្យខ្ពើមរអើមចំពោះព្រះជាម្ចាស់។ ចុះតើអ្វីទៅជាវិធីដ៏ល្អបំផុតក្នុងការរស់នៅ អាកប្បកិរិយា និងគោលការណ៍ដ៏ល្អបំផុតសម្រាប់ការរស់នៅក្នុងចំណោមមនុស្ស? នោះគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងយ៉ាងដូចម្ដេច? ព្រះបន្ទូលចែងថា ត្រូវបង្កើតទំនាក់ទំនងរវាងបុគ្គលដ៏ត្រឹមត្រូវ និងធម្មតា។ តើទំនាក់ទំនងទាំងនេះត្រូវបានបង្កើតឡើងដោយរបៀបណា? គឺត្រូវប្រាស្រ័យទាក់ទង និយាយស្ដី និងសេពគប់ជាមួយអ្នកដទៃ ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ឧទាហរណ៍ ប្រសិនបើនរណាម្នាក់កំពុងរើផ្ទះ ហើយសួរថាអ្នកមានពេលជួយដែរឬទេ ប្រសិនបើអ្នកស្ម័គ្រចិត្ត អ្នកអាចទៅបាន ប្រសិនបើអ្នកមិនស្ម័គ្រចិត្តទេ ដោយសារតែអ្នកខ្លាចថាវាអាចប៉ះពាល់ដល់ភារកិច្ចរបស់អ្នក នោះអ្នកអាចបដិសេធបាន។ នេះគឺជាសិទ្ធិរបស់អ្នក ហើយជាការពិតណាស់ វាក៏ជាគោលការណ៍ដែលអ្នកគួរតែធ្វើតាមផងដែរ។ អ្នកមិនចាំបាច់ព្រមចុះចាញ់ ដោយយល់ព្រមទាំងស្ទាក់ស្ទើរ និងទាំងទើសទាល់ ដោយសារតែខ្លាចធ្វើឱ្យពួកគេទាស់ចិត្ត ឬ បង្អាក់ភាពសុខដុមរមនាក្នុងចំណោមបងប្អូនប្រុសស្រី ហើយបន្ទាប់មកមានអារម្មណ៍មិនសុខចិត្តនៅក្នុងចិត្តនៅពេលក្រោយ ដែលជាលទ្ធផលប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់អ្នកឡើយ។ អ្នកដឹងច្បាស់ហើយថា ការធ្វើបែបនេះគឺផ្ទុយនឹងគោលការណ៍ ប៉ុន្តែអ្នកនៅតែបណ្ដោយឱ្យអ្នកដទៃជំរិតទារអ្នក និងបញ្ជាអ្នកដូចជាទាសករ ដើម្បីតែផ្គាប់ចិត្តពួកគេ និងរក្សាទំនាក់ទំនងល្អដដែល។ ការដែលអ្នកផ្គាប់ចិត្តអ្នកដទៃ មិនមែនជាអំពើល្អឡើយ ហើយនឹងមិនត្រូវបានចងចាំដោយព្រះជាម្ចាស់ដែរ។ អ្វីដែលអ្នកកំពុងធ្វើ គឺគ្រាន់តែដើម្បីរក្សាទំនាក់ទំនងរវាងបុគ្គលប៉ុណ្ណោះ អ្នកមិនកំពុងធ្វើសកម្មភាពដើម្បីប្រយោជន៍កិច្ចការរបស់ពួកជំនុំ ឬដើម្បីបំពេញភារកិច្ចរបស់អ្នកឡើយ ហើយវារឹតតែមិនមែនជាទំនួលខុសត្រូវ ឬកាតព្វកិច្ចរបស់អ្នកទៅទៀត។ ព្រះជាម្ចាស់នឹងមិនចងចាំពីសកម្មភាពបែបនេះឡើយ ហើយទោះបីជាអ្នកធ្វើវាក៏ដោយ ក៏អ្នកធ្វើវាដោយឥតប្រយោជន៍ដែរ។ ដូច្នេះ នៅពេលជួបប្រទះរឿងបែបនេះ តើអ្នកមិនគួរពិចារណាយ៉ាងម៉ត់ចត់ និងដោយប្រុងប្រយ័ត្នអំពីរបៀបជ្រើសរើសទេឬអី? មនុស្សមួយចំនួនត្រូវបានគេសុំឱ្យជួយ ប៉ុន្តែតាមពិត ភារកិច្ចរបស់ពួកគេធ្វើឱ្យពួកគេរវល់ខ្លាំងណាស់ ហើយពួកគេទើបតែអាចរកពេលបានដើម្បីចូលរួមការជួបជុំ ឬធ្វើប្រណិប័តន៍ខាងវិញ្ញាណខ្លះៗប៉ុណ្ណោះ។ ពួកគេច្បាស់ណាស់ថាមិនចង់ទៅទេ ហើយយោងតាមគោលការណ៍ ពួកគេក៏មិនគួរទៅដែរ។ ប៉ុន្តែ ដោយសារតែពួកគេខ្វល់ខ្វាយខ្លាំងពេកពីមុខមាត់ ពួកគេមិនដាច់ចិត្តនិយាយពាក្យបដិសេធឡើយ។ នៅទីបំផុត តើមានអ្វីកើតឡើង? ពួកគេបណ្ដោយឱ្យបុគ្គលថោកទាប ដែលសម្លឹងរកការកេងចំណេញទាំងនោះ កេងប្រវ័ញ្ចពួកគេ ដោយខ្ជះខ្ជាយពេលវេលាដែលគួរតែត្រូវបានលះបង់សម្រាប់ការចូលទៅក្នុងជីវិតរបស់ពួកគេ។ តើនោះមិនមែនជាការខាតបង់ទេឬអី? សមមុខហើយ! ការទទួលរងការខាតបង់បែបនេះ មិនសមនឹងទទួលបានការអាណិតអាសូរ ឬក្ដីមេត្តាពីអ្នកដទៃទាល់តែសោះ។ ហេតុអ្វីបានជានិយាយថាវាជាការខាតបង់ដែលសមនឹងទទួលបាន? តើនរណាប្រើឱ្យអ្នកមិនអើពើនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើនរណាប្រើឱ្យអ្នកខ្លាចការធ្វើឱ្យមនុស្សទាស់ចិត្ត? ប្រសិនបើអ្នកសុខចិត្តមិនធ្វើឱ្យមនុស្សទាស់ចិត្ត ជាជាងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកពិតជាសមនឹងទទួលបានការខាតបង់នេះហើយ! មនុស្សមួយចំនួននិយាយថា «មនុស្សមិនមែនរស់នៅដាច់តែឯងឡើយ ត្រូវតែមានការប្រាស្រ័យទាក់ទងគ្នារវាងមនុស្ស»។ អ្វីដែលសំខាន់គឺថាតើអ្នកប្រាស្រ័យទាក់ទងគ្នាយ៉ាងដូចម្ដេច។ តើមួយណាដែលស្របតាមគោលការណ៍សេចក្ដីពិត ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងផ្ដល់ប្រយោជន៍ដល់ការចូលទៅក្នុងជីវិតរបស់អ្នកច្រើនជាង៖ ការប្រាស្រ័យទាក់ទងដោយផ្អែកលើគោលការណ៍ ឬការប្រាស្រ័យទាក់ទងដោយគ្មានគោលការណ៍ ដោយធ្វើជាមនុស្សផ្គាប់ចិត្តគេ ដែលព្យាយាមសម្របសម្រួលអ្វីៗគ្រប់យ៉ាង? អ្នកដឹងថាត្រូវជ្រើសរើសមួយណាហើយ មែនទេ? ប្រសិនបើអ្នកដឹងពីរបៀបជ្រើសរើស ប៉ុន្តែអ្នកនៅតែជាប់អន្ទាក់ទៀត នោះផលវិបាកចុងក្រោយគឺអ្នកត្រូវទទួលរងតែម្នាក់ឯងប៉ុណ្ណោះ។ តើវាមិនច្បាស់ទេឬអី? (មែនហើយ ច្បាស់។)

នៅមានការស្ដែងចេញជាច្រើនទៀតនៃភាពជាមនុស្សរបស់មនុស្សអាក្រក់ ហើយការប្រកបនៅថ្ងៃនេះមានកម្រិត ដោយផ្ដោតតែលើទិដ្ឋភាពនៃការចូលចិត្តបំភ្លៃការពិត និងពាក្យខុសឆ្គង និងការចូលចិត្តកេងចំណេញពីអ្នកដទៃប៉ុណ្ណោះ។ លុះត្រាតែបានឮអំពីទិដ្ឋភាពទាំងពីរនេះ ទើបមនុស្សភាគច្រើនចាប់ផ្ដើមមានអារម្មណ៍ និងការបែងចែកខ្លះៗ ដោយនិយាយថា «អូ៎ ភាពជាមនុស្សអាក្រក់គឺបែបនេះសោះ!» ប៉ុន្តែមនុស្សបែបនេះពិតជាមាននៅក្នុងពួកជំនុំមែន ដូច្នេះតើគួរធ្វើដូចម្ដេចទៅ? វត្តមានរបស់ពួកគេមិនមែនជាបញ្ហាធំដុំឡើយ ដោយសារពួកជំនុំមានគោលការណ៍ និងបទប្បញ្ញត្តិ ពួកជំនុំអាចអនុម័តវិធានការសមស្របដើម្បីចាត់ការបុគ្គលបែបនេះបាន។ គោលបំណងនៃការប្រកបនៅថ្ងៃនេះអំពីរឿងទាំងនេះ គឺដើម្បីឱ្យមនុស្សភាគច្រើនមានការយល់ដឹង និងការបែងចែកយ៉ាងច្បាស់លាស់អំពីមនុស្សអាក្រក់ទាំងពីរប្រភេទនេះ ហើយបន្ទាប់មករួមដៃគ្នាដើម្បីបោសសម្អាតពួកគេចេញ។

ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១

ខាង​ដើម៖  ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២៣)

បន្ទាប់៖  ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២៨)

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

Connect with us on Messenger